អង់គ្លេស៖តំណាងរាស្ត្រអង់គ្លេសបានបោះឆ្នោតអនុម័តអោយរដ្ឋាភិបាលអង់គ្លេសចាប់ផ្តើមដំណើរការនីតិវិធីដកខ្លួនចេញពីសហភាពអឺរ៉ុប ខណៈដែលដែនដីស្កុតលែនបានជំទាស់ទៅនឹងផែនការចាកចេញនេះ ដោយបានប្រកាសពីផែនការបោះឆ្នោតប្រជាមតិដើម្បីឯករាជ្យពីអង់គ្លេសជាថ្មីម្ដងទៀត។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ជាមួយគ្នានោះនាយករដ្ឋមន្ត្រីអង់គ្លេស អ្នកស្រី Theresa May អាចដំណើរការមាត្រា ៥០ នៃសន្ធិសញ្ញាទីក្រុងលីស្បោនរបស់សហភាពអឺរ៉ុប នៅពេលណាមួយក៏បាន ដោយចាប់ផ្ដើមការចរចារយៈពេល ២ឆ្នាំ ដើម្បីធ្វើឲ្យចក្រភពអង់គ្លេសក្លាយជាប្រទេសដំបូងដែលចាកចេញពីប្លុកមួយនេះ។ ទន្ទឹមនោះអ្នកស្រី May នឹងបញ្ជូនសេចក្ដីជូនដំណឹងទៅក្រុមប្រឹក្សាអឺរ៉ុបនៅថ្ងៃស្អែកនេះ នៅពេលសេចក្ដីព្រាងច្បាប់នេះ ត្រូវបានគេរំពឹងថា ទទួលបានការយល់ព្រមពីព្រះមហាក្សត្រីយ៍ Elizabeth ទីពីរ។
គួរបញ្ជាក់ថា ខណៈដែលអង់គ្លេសកំពុងត្រៀមចាកចេញពីអង់គ្លេសនោះ ដែនដីស្កុតលែនឯណោះវិញ បានព្យាយាមបំបែកចេញពីអង់គ្លេស ដោយសារពលរដ្ឋស្កុតលែនភាគច្រើន ជំទាស់នឹងផែនការចាកចេញពីសហភាពអឺរ៉ុប៕

ភ្នំពេញ៖ហាងឃ្លាំងទទួលបញ្ចាំមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង អត់មានស្លាកយ៉ីហោស្ថិតនៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រោយពីផ្ទុះរឿង ទទួលបញ្ចាំម៉ូតូកង់បីអត់មានឯកសារ កើតជារឿងប្តឹងផ្តល់ រួចម្តងមកហើយកាលពីល្ងាចថ្ងៃទី១៣ ខែមិនា ហើយទីតាំងទទួលបញ្ចាំខាងលើសង្ស័យអត់មានច្បាប់ទម្លាប់ រហូតមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី១៤ ខែមិនា។
កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ កម្លាំងមន្ត្រីអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះធ្វើការត្រួតពិនិត្យឃ្លាំងបញ្ចាំខាងលើ តែមិនមានកិច្ចសហការណ៍ពីម្ចាស់ទីតាំង ក្រោយពីជួបតាមរយៈទូរស័ព្ទ ម្តងឲ្យចាំម៉ោងនេះ ម្តងម៉ោងនោះ ទីបំផុតនៅវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃដដែល ទោះមិនមានវត្តមានម្ចាស់ទីតាំងក៏ដោយ សម្រេចបង្កើតគណកម្មការ ចូលរួមពីមន្ត្រីនគរបាល មន្ត្រីអាជ្ញាធរមូលដ្ឋាន សម្របសម្រួលពីលោកព្រះរាជអាជ្ញារង ក្រឡាបញ្ជី សម្រេចកាត់សោរទ្វារឃ្លាំងដើម្បីត្រួតពិនិត្យ សម្ភារៈមាននៅក្នុងឃ្លាំងបញ្ចាំ ។
នគរបាលខណ្ឌពោធិសែនជ័យដឹកនាំកម្លាំងដោយ លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ ក្រោមការសម្របសម្រួលពីលោក កុល បុណ្យ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីមូលដ្ឋានភូមិ សង្កាត់ ចូលធ្វើការត្រួតពិនិត្យ ក្នុងឃ្លាំងហាងទទួលបញ្ចាំមួយកន្លែងគ្មានស្លាកយ៉ីហោ បន្ទាប់ពីមានបាតុភាពមិនប្រក្រតី សង្ស័យគ្មានច្បាប់ទម្លាប់ ឃើញថា នៅក្នុងឃ្លាំងមានរថយន្តចំនួន៤គ្រឿង ម៉ូតូកង់បីចំនួន៦គ្រឿង បន្សល់ទុកទីនោះ ។
លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា ក្រោយពីមិនមានវត្តមាន ម្ចាស់ទីតាំង ចូលរួមសហការណ៍ សម្ភារៈ រថយន្ត និងម៉ូតូកង់បី មិនទាន់ដឹងថា មានឯកសារត្រឹមត្រូវឬយ៉ាងណានោះទេ រងចាំស្រាវជ្រាវ ត្រួតពិនិត្យលម្អិតជាមុនសិន ហើយសម្ភារៈទាំងនោះ ត្រូវបានសមត្ថកិច្ចរក្សាទុកជាបណ្តោះអាសន្ន ក្រោមបង្គាប់របស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
ទីតាំងឃ្លាំង ហាងបញ្ចាំ សង្ស័យអត់ច្បាប់ខាងលើ ត្រូវបានព្រះរាជអាជ្ញាបញ្ជាឲ្យបិទទ្វារ រក្សាសម្ភារៈជាបណ្តោះអាសន្ន រង់ចាំសមត្ថកិច្ច ធ្វើការស្រាវជ្រាវ ត្រួតពិនិត្យ ទៅលើរថយន្ត ម៉ូតូកង់បី រកឯកសារសំគាល់យានយន្តជាមុនសិន៕



ដោយ៖ប៉ែន សុផល
បាត់ដំបង៖កម្លាំងនគរបាលបង្ការបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបង្ក្រាបចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទបៀតបៀនកេរ្តិ៍ខ្មាសតាមភូមិមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
យោងតាមរបាយការណ៍ លោកនាយបង្ការបង្ក្រាប ឈឿង គឹមសុង ឲ្យដឹងថា ថ្ងៃទី១៥មិនាឆ្នាំ២០១៧ ម៉ោង១៥និង០០នាទី នៅចំណុចសាលាUSA ភូមិបែកចានថ្មីសង្កាត់ព្រែកព្រះស្តេច ក្រុងនិងខេត្តបាត់ដំបង កងកម្លាំងផ្នែកបង្ការបង្ក្រាប បានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វណ្ណៈ គឹម ស្រស់ ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិ១០ម៉ឺន សង្កាត់ទួលតាឯក ក្រុងនិងខេត្តបាត់ដំបង មុខរបរ ជាសន្តិសុខសាលាUSA ។
កន្លងមក នៅភូមិតាព្រូច សង្កាត់ក្តុុលតាហែន ក្រុងនិងខេត្តបាត់ដំបង ម្តុំព្រះនរាយដៃប្រាំបី និងនៅចំណុចផ្សារប៉ូប៉ុយ ជនសង្ស័យម្នាក់នេះតែងតែជីះម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១១ ធ្វើសកម្មភាពលួងលោមក្មេងៗប្រុសស្រីដើម្បី បៀតបៀនកេរ្តិ៍ខ្មាស ដោយការលួងលោមអង្អែលលេងប្រដាប់ភេទ បន្ទាប់មកក៏ប្រគល់ប្រាក់១០០០រៀលទៅក្មេងៗនោះ រឿងនេះប្រជាពលរដ្ឋជាច្រើនបានឃើញ និងសង្ស័យថាពួកឧក្រិដ្ឋជនចាប់ក្មេង លួងលោមចាប់ក្មេងទៅលក់ទៀតផង។
បើតាមចំលើយ ជនសង្ស័យ ថាខ្លួនជីះម៉ូតូរបស់ខ្លួន ស្លៀកពាក់បែបនិស្សិតចូលតាមភូមិ កន្លែងនានា ឃើញក្មេងប្រុសស្រី ក៏ដោយ បានហៅក្មេងនោះមកនិយាយលេងបន្ទាប់មកក៏ ប្រើដៃបៀតបៀនកេរ្តិ៍ខ្មាសក្មេងនោះទៅតាមអារម្មណ៍របស់ខ្លួន។
ករណីបៀតបៀនកេរ្តិ៍ខ្មាស ជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីចាត់វិធានការ៕


ប៉េកាំង៖បន្ទាប់ពីជប៉ុនបានបង្ហាញពីគំរោងបញ្ជូន នាវាដ៏ធំមួយគ្រឿងមានទម្ងន់ ២៤,០០០តោន ទៅកាន់តំបន់ជម្លោះដែនទឹក រវាងចិនជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់អាស៊ីគ្នេយ៍បានធ្វើឲ្យភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង បានចាប់ផ្ដើមកក្រើកឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារ ព័ត៌មាន Sputnik។
អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសចិន លោកស្រី Hua Chunying នៅក្នុងសន្និសិទសារព័ត៌មានបានឱ្យដឹងថា ទីក្រុងប៉េកាំងមិនបានទទួលដំណឹងជាមុនពីព័ត៌មានស្ដីពីគំរោងនេះទេ ហើយថាចិននឹងជំទាស់បើសិនជានាវាជប៉ុន មិនមែនធ្វើដំណើរកាត់ដែនទឹកក្នុងគោលបំណងធម្មតា បើធ្វើឡើងក្នុងគោលបំណងផ្សេង នោះវាគឺជាបញ្ហាមួយផ្សេងទៀត។ ព្រមពេលជាមួយគ្នាទីក្រុង ប៉េកាំងក៏បានព្រមាន និងស្នើផងដែរ ឱ្យជប៉ុនបញ្ជាក់ឱ្យបានច្បាប់ពីគោលបំណងពិត នៃគំរោងបញ្ជូននាវានេះ។
គួរបញ្ជាក់ថា ជប៉ុនគ្រោងនឹងបញ្ជូននាវាផ្ទុកឧទ្ធម្ភាគចក្រ Izumo ចូលរួមសមយុទ្ធផ្លូវទឹក នៅឯតំបន់មហាសមុទ្រ ឥណ្ឌាជាមួយ កងនាវាអាមេរិក និងឥណ្ឌា ព្រមទាំងមានគំរោងឆ្លងកាត់តាមតំបន់សមុទ្រចិនខាងត្បូង ឆ្ពោះ ទៅកាន់ប្រទេសស្រីលង្កា ឥណ្ឌនេស៊ី ហ្វីលីពីន និងសិង្ហបុរី មុននឹងត្រឡប់ទៅជប៉ុនវិញ នៅខែសីហា៕

ដោយ៖វិធិន
ក្រចេះ៖សាលាដំបូងខេត្តក្រចេះ បានរៀបចំពិធីប្រកាសតែងតាំង និងចូលកាន់មុខ តំណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាខេត្ត កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅ ក្រម ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងខេត្ត ជាច្រើននាក់ចូលរួមផងដែរ។
ការប្រកាសតែងតាំងចូលកាន់មុខតំណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តក្រចេះនាពេលនោះ លោក កេត សុជាតិ អតីតព្រះរាជអាជ្ញានៃអយ្យាការអមសាលាដំបូង រាជធានីភ្នំពេញ ត្រូវចូលកាន់តំណែងថ្មី ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ ជំនួសលោក ទី សុវណ្ណថាល អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ ត្រូវផ្ទេរភារ កិច្ចទៅកាន់ព្រះរាជអាជ្ញានៃអយ្យាការអមសាលាដំបូងខេត្តព្រះវិហារ ។
លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៍បានមានប្រសាសន៍ថា ការរៀបចំផ្លាស់ប្តូរតួនាទីភារកិច្ចរបស់អាជីពចៅក្រមព្រះរាជអាជ្ញា និងមន្ត្រីរាជការផ្សេងៗ ជាធម្មតាទេនេះដែលជាផ្នែកមួយ កែទម្រង់ក្នុងវិស័យប្រព័ន្ធយុត្តិធម៍ក្នុងការបម្រើសេវាយុត្តិ ធម៍ឲ្យកាន់តែប្រសើឡើងថែមទៀត គឺធ្វើយ៉ាង ណាបង្កើននូវជំនឿទុកចិត្តពីសំណាក់សាធារ ណៈជននិងប្រជាពលរដ្ឋក្នុងវិស័យយុត្តិធម៍នេះ។
លោករដ្ឋមន្ត្រីបានជម្រុញឲ្យព្រះរាជអាជ្ញា ដែលទើបមកកាន់តំណែងថ្មី ត្រូវបង្កើនកិច្ចសហការជា មួយអាជ្ញាធរដែនដី និងមន្ត្រីនគរបាលយុត្តិធម៍ ដើម្បីបង្កើនប្រសិទ្ធភាព នៃ ការគោរពច្បាប់ឲ្យបានតឹងរឹងបំផុតក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលកើតមាន ជាពិសេស បទល្មើសព្រៃឈើ និងបទល្មើសគ្រឿងញៀនទាំងនេះជាអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ត្រីបានសំណូមពរដល់ចៅក្រម និងព្រះរាជអាជ្ញាត្រូវប្រកាន់ភ្ជាប់នូវ សម្បញ្ញៈ មនសិការខ្ពស់ ក្នុងការផ្តល់សេវាយុត្តិធម៌ និងស្វែងរកយុត្តិធម៌ ប្រកបដោយតម្លា ភាព សមភាព និងយុត្តិធម៌ស្របតាមច្បាប់ គឺសំដៅធ្វើយ៉ាងណា ឲ្យមនសិការកាន់តែមាន ឆន្ទានុសិធ និងទទួលនៅជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ត្រូវអនុវត្តក្រមសីលធម៌វិជ្ជាជីវៈរបស់ ខ្លួនយ៉ាងម៉ឹងមាត់ភ្ជាប់ភ្ជូន ព្រោះក្រមសីលធម៌នេះ ជាត្រីវិស័យសម្រាប់ ជួយតម្រង់ផ្លូវឲ្យចៅ ក្រម និងព្រះរាជអាជ្ញា បានក្លាយខ្លួនគោរពច្បាប់ ដែលជាសកម្មភាពខ្ពស់ ក្នុងគោលបំណង ពង្រឹងសេចក្តីថ្លៃថ្នូរ ក្នុងការអនុវត្តភារកិច្ចតុលា។ ត្រូវជម្រុញ លើកកម្ពស់ឯករាជ្យភាពរបស់ តុលា ដើម្បីធ្វើយ៉ាងណាឲ្យខ្លួនក្លាយជាបុគ្គល ដែលមានចរិតយុត្តិធម៌។
ត្រូវរៀបចំរដ្ឋបាល ទុកដាក់បញ្ជីរឿងក្តីឲ្យបាន ត្រឹមត្រូវប្រកបដោយទទួលខុសត្រូវ និងបន្តចាត់ការទាន់ពេល វេលាស្របទៅតាមនិតីវិធី ដែលច្បាប់កំណត់ ជៀសវាងទុកចោលមិនចាត់ការសំណុំរឿង ផ្សេងៗ ដែលធ្វើឲ្យការឃុំខ្លួនជនសង្ស័យ និងជនល្មើស លើស ការកំណត់នៃច្បាប់ដែលធ្វើ ឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិសេរីភាពរបស់បុគ្គល៕


ដោយ៖បក្សីចាំក្រុង
ភ្នំពេញ៖នារីម្នាក់រងគ្រោះម្នាក់ត្រូវក្រុមទំលាក់យោងបោកយកទ្រព្យសម្បត្តិខ្សែករប្លាទីន១ជីកន្លះ កងដៃ២ជីជាង លុយ១ម៉ីនរៀល ទូរស័ព្ទ១គ្រឿង អស់រលីងពីខ្លួន កាលពីវេលាម៉ោង១០ព្រឹកនៅម្តុំសួនកុមារពោធិ៍ចិនតុង ភូមិតាមងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
នារីរងគ្រោះមានឈ្មោះ ទឹម កញ្ញា អយុ២០ឆ្នាំ មុខរបរជួយលក់អីវ៉ាន់ថ្នាំពេទ្យមីង ស្នាក់នៅក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលមានស្រុកកំណើត នៅភូមិកាកុន ឃុំចំបុក ស្រុកក្រចេះ ខេត្តក្រចេះ។
តាមការរៀបរាប់ពីនារីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុនាងបានទៅអង្គុយលេងលើបង់កោអីក្នុងសួនកុមារនោះស្រាប់តែមានបុរសម្នាក់ជ្រុសកាបូបលុយពណ៍ខ្មៅមួយហើយនារីរងគ្រោះបានស្រែកហៅអោយបុរសនោះឈប់ ហើយនារីរងគ្រោះរើសកាបូប តែបុរសនោះបានប្រកែថាកាបូបនោះមិនមែនជារបស់ខ្លួនទេ ភ្លាមនោះក៏ស្រាប់តែលេចមុខ ស្ត្រីម្នាក់ទៀតដើរមកជិតហើយទះស្មានារីរងគ្រោះ៣ដៃធ្វើអោយនារីរងគ្រោះបាត់បង់ស្មារតី ហើយយកស្បោងមួយកញ្ចប់អោយទៅនារីរងគ្រោះ ដោយអោយនារីរងគ្រោះដោះខ្សែ.ក និងកងដៃទាំងអស់អោយទៅស្ត្រីនោះ ចំណែកបុរសនោះបានដឹកនារីរងគ្រោះទៅទំលាក់ចោលនៅផ្សារបឹងឈូកក្បែរកន្លែងកើតហេតុនោះ។ នៅពេលដែលនារីរងគ្រោះគ្រប់គ្រងអាម្មរណ៍ខ្លួនឯងបានហើយក៏ជិះម៉ូតូឌុបមកប៉ុស្តិ៍នគរបាលកាកាបដើម្បីដាក់ពាក្យបណ្តឹង។
ក្រោយពីទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាតាមចាប់ក្រុមទាំងនោះដើម្បីយកមកផ្តោន្ទាទោសតាមច្បាប់ ព្រោះកន្លងមកមានញឹកញឹប់ណាស់ក្នុងករណីនេះ៕



ដោយ៖ប៉ែន សុផល
បាត់ដំបង៖បុរសម្នាក់ផឹកស្រាស្រវឹងជោកជាំដើរមិនប្រយ័ត្នបានធ្លាក់ពីលើស្ពានបាក់កស្លាប់នៅវេលាម៉ោង ០០និង៤៥នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៧ ត្រង់ចំណុចក្រុមទី១៤ ភូមិ កៀនកែស១ ឃុំគោកឃ្មុំ ស្រុក ថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ជនរងគ្រោះមាន ឈ្មោះ ឌឿន ចាន់ណន ភេទប្រុស អាយុ៣៥ ឆ្នាំ រស់នៅក្នុងក្រុមទី១៣ ភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឣោយក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី៕

រាជធានីភ្នំពេញ៖ផ្ទះប្រជាពលរដ្ឋនៅខេត្តប៉ៃលិនចំនួន៧ខ្នង និងផ្ទះប្រជាពលរដ្ឋនៅខេត្តបាត់ដំបងចំនួន២០ខ្នង បានរងផលប៉ះពាល់ពីឥទ្ធិពលភ្លៀងកក់ខែ លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ដោយផ្ទះខ្លះបានប៉ើងដំបូល និងខ្លះទៀតបានរលំ។
ក្រុមអាជ្ញាធរបានឲ្យដឹងថា ភ្លៀងកក់ខែធ្លាក់ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាល ឱ្យប៉ើងដំបូលផ្ទះរបស់ បងប្អូនប្រជាពលរដ្ឋចំនួន ៧ខ្នង នៅក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ដោយឡែក ផ្ទះប្រជាពលរដ្ឋស្ថិតក្នុងភូមិរការបុស្ស ឃុំកំរៀង និងភូមិផ្លូវប្រាំមួយ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃដូចគ្នានេះ មានករណីគ្រោះធម្មជាតិ បង្កឡើងដោយ ខ្យល់កន្ត្រាក់ ធ្វើឲ្យរលំផ្ទះចំនួន ២០ខ្នងផងដែរ៕


រាជធានីភ្នំពេញ៖ជនសង្ស័យ២នាក់ដែលជាមុខសញ្ញាគាស់ផ្ទះត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ ធ្វើការល្បាតឃាត់ខ្លួន កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្លូវបេតុង ក្រុម៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់នោះ ទី១/ឈ្មោះ ងិន សេរិវុធ ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរ មិនពិតប្រាកដ មានទីលំនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ និងម្នាក់ទៀតឈ្មោះ ឈិន សុភា ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបរ មិនពិតប្រាកដ មានទីលំនៅផ្លវរថភ្លើង ក្រុម១០
ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ។
ប្រភពដដែរបន្តថា នៅយប់ថ្ងៃទី១៤ ខែមីនា កម្លាំងសមត្ថកិច្ចយើង សហការជាមួយកម្លាំងប្រជាការពារសង្កាត់ ល្បាតក្នុងមូលដ្ឋាន ខណៈពេលល្បាត មកដល់ចំណុចកើតហេតុខាងលើក៍ ប្រទះឃើញជនសង្ស័យទាំង ២នាក់ ដោយមានការសង្ស័យ ក៏ឃាត់ខ្លួន និងឆែកឆេររកឃើញឧបករណ៍សម្រាប់ធ្វើសកម្មភាពឆ្កឹះសោផ្ទះ និងដែកសំប៉ែតកែច្នៃសម្រាប់កាច់សោរកម៉ូតូមួយចំនួនរួចនាំខ្លួនមកកាន់ប៉ុស្តិ៍នគរបាលឫស្សីកែវ ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕



ប៉ារីស៖បេក្ខនារីប្រធានាធិបតីបារាំងមកពីគណបក្សរណសិរ្សជាតិ (Front national) លោកស្រី Marine Le Pen បាននិយាយថា លោកស្រីនឹងពិភាក្សាគ្នាជាមួយភាគីពាក់ព័ន្ធកម្ទេចសហភាពអឺរ៉ុប តាមរយៈការដកសមាជិកភាពចេញពីប្លុកនយោបាយដ៏ធំមួយនេះ បើលោកស្រីជាប់ឆ្នោតជាប្រធានាធិបតី។
យោងតាមសារព័ត៌មាន Sputnik បញ្ជាក់ថា ក្នុងករណីលោកស្រីជាប់ឆ្នោតលោកស្រីនឹងស្នើសុំកិច្ចសហការពីនាយករដ្ឋមន្ត្រីហុងគ្រី លោក Victor Orban និងប្រធានគណបក្សកាន់អំណាចប៉ូឡូញ លោក Jaroslaw Kaczynski ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធនឹងការកម្ទេចសហភាពអឺរ៉ុបចោល។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានប៉ូឡូញ Rzeczpospolita លោកស្រី Marine Le Pen បានលើកឡើងថា បើសិនជាខ្ញុំជាប់ឆ្នោត ខ្ញុំនឹងធ្វើការងារជាមួយលោក Kaczynski បំផ្លាញសហភាពអឺរ៉ុប ហើយខ្ញុំជឿថាយើងអាចនឹងសហការគ្នាលើចំណុចជាច្រើន។ លើសពីនេះទៅទៀត បើសិនជាខ្ញុំក្លាយជាប្រធានាធិបតីបារាំងនៅថ្ងៃស្អែក ខ្ញុំនឹងជជែកពិភាក្សាជាមួយលោក Orban លើបញ្ហាជាច្រើនដែលយើងហាក់ដូចជាមើលឃើញពីភាពមិនត្រឹមត្រូវនៅក្នុងសហភាពអឺរ៉ុប ដែលយើងមិនអាចទទួលយកបាននៅក្រោមទម្រង់សហភាពអឺរ៉ុប។ វាប្រាកដណាស់ថា យើងនឹងមិនអាចព្រមព្រៀងគ្នាលើរឿងគ្រប់យ៉ាង ក៏ប៉ុន្តែប្រទេសនីមួយៗមានសេរីភាព និងដែនអធិបតេយ្យភាព ក្នុងការការពារផលប្រយោជន៍ជាតិរបស់ពួកគេ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងនឹងត្រូវធ្វើឡើងពីរជុំគឺនៅថ្ងៃទី២៣ ខែមេសា និងនៅថ្ងៃទី០៧ ខែឧសភា ខណៈការស្ទង់មតិលើកចុងក្រោយបង្ហាញថា លោកស្រី Marine Le Pen អាចនឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជុំទីមួយ៕

រាជធានីភ្នំពេញ៖ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សខា នៅថ្ងៃនេះបានប្រកាសប្រាប់អ្នកគាំទ្រថា ឲ្យឈប់និយាយពីអតីតកាលដែលនាំអោយខាតពេលវេលានិងនាំអោយមានជម្លោះ ពិសេសនោះរឿងថ្ងៃ៧មករាដែលបក្សកាន់អំណាចតែងតែប្រារព្ធរាល់ឆ្នាំ។
លោក កឹម សុខា បានថ្លែងដូច្នេះ នៅក្នុងពិធីផ្សព្វផ្សាយស្តីពីគោលនយោបាយអាទិភាព៥ចំណុចដល់ក្រុមប្រឹក្សាឃុំសង្កាត់នៅស្នាក់ការកណ្តាលបក្ស នាព្រឹកថ្ងៃទី១៤ មីនានេះ ។ ទន្ទឹមនោះ លោក កឹម សុខា បញ្ជាក់ថាបក្សសង្គ្រោះជាតិគ្មានពេលនិយាយរឿងអត់ប្រយោជន៍ ពិសេសនោះរឿងជាមួយបក្សនយោបាយតួចៗ ដែលចង់អោយលោកឆ្លើយតប និងនិយាយជាមួយនោះទេ ។ លោកអះអាងថាដៃគូគណបក្សសង្គ្រោះជាតិសម្រាប់ប្រកួតប្រជែងក្នុងឆាកនយោបាយនិងការបោះឆ្នោតនោះ មានតែគណបក្សកាន់អំណាចបច្ចុប្បន្នប៉ុណ្ណោះ៕


រាជធានីភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ បានត្រាស់បង្គាប់តែងតាំង ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យមានគោរមងារជា «សម្តេចវិបុលបញ្ញា សុខ អាន»។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់ថា សម្តេចវិបុលបញ្ញា សុខ អាន ជាអ្នកដឹកនាំបានចូលរួមដឹកនាំប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ កសាងបាននូវសន្តិភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍជាតិ លើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ និងមានស្ថិរភាពសន្តិសុខសង្គមបានល្អប្រសើរ ព្រមទាំងរក្សា និងការពារបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន។
សម្តេចវិបុលបញ្ញា សុខ អាន ក៏ជាអ្នកដឹកនាំមានស្វាមីភក្តិចំពោះរាជបល្ល័ង្គ ការពារ និងគោរពព្រះពុទ្ធសាសនា ការពារយុត្តិធម៌សង្គម ដើម្បីនិរន្តរភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជា៕


ខេត្តសៀមរាប៖បុរសជាបុគ្គលិកអគ្គិសនីត្រូវចរន្តអគ្គិសនីឆក់ស្លាប់នៅលើបង្គោលភ្លើង ខណៈឡើងតភ្ជាប់បណ្តាញដោយខុសបច្ចេកទេស ដែលករណីនេះកើតឡើងកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅម្តុំផ្លូវលំ វត្តជីក្រែង។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ជា សុខ ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិសំរោងធំឃុំ អន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប បានឡើងតចរន្តអគ្គិសនីនៅលើបង្គោលភ្លើង ចំណុចផ្លូវលំ វត្តជីក្រែង ដោយតខុសបច្ចេកទេសក៏បានឆក់ស្លាប់នៅលើបង្គោលភ្លើងតែម្តង។
បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


សុខភាព៖ផ្លែដូង គឺជាប្រភេទផ្លែឈើមានសារប្រយោជន៍ណាស់ ក្នុងជីវភាពរស់នៅរបស់យើងរាល់គ្នា។ ម្យ៉ាងទៀតវាក៏ជា ប្រភេទផ្លែឈើ ដែលគេយកមកធ្វើជាថ្នាំ សម្រាប់ព្យាបាលជំងឺថែមទៀតផងដែរ។ តាមការវិភាគរបស់អ្នកវិទ្យាសាស្ត្រសាច់ដូង និងទឹកដូងរួមផ្សំទៅដោយ ជីវជាតិជាច្រើនមុខមានៈ ជីវជាតិ គ្លុយកូស Fructose Saccharose សារជាតិបំប៉ន ជាតិប្រូតេអ៊ីន ជីវជាតិក្នុងពពួក B ជីវជាតិ C សារជាតិប៉ូតាស្យូម និងម៉ាញ៉េស្យូមជាដើម។
កម្រិតជាប៉ូតាស្យូម និងម៉ាញ៉េស្យូមក្នុង ទឹកដូងមានយ៉ាងច្រើន។ ទឹកដូងអាចប្រើប្រាស់ជាភេសជ្ជៈបំប៉នកម្លាំង អាចព្យាបាលនូវរោគខ្វះជាតិទឹកនិងជួយធ្វើឲ្យមានលំនឹងនូវធាតុ Electrolysis ក្នុងរាងកាយមនុស្ស។ សាច់ដូង ខ្ចីមានសារជាតិបំប៉នយ៉ាងច្រើន ព្រមទាំងជាតិប្រូតេអ៊ីនដែលផ្លែឈើដទៃទៀត មិនអាចយកមកប្រៀបផ្ទឹមបាន។
ជាមួយគ្នានេះដែរ យោងទៅតាមការស្រាវជ្រាវ របស់វេជ្ជសាស្ត្របុរាណចិនបានឲ្យដឹងថា ផ្លែដូងអាចព្យាបាល នូវជំងឺក្អួតឈាម រារាំងនូវការឡើងកំដៅ ថ្នាំប៉ូវ ព្យាបាលរោគពោះធំ ស្បែកលឿងរបស់កូនក្មេង ថ្នាំបញ្ចុះព្រូន រោគស្លេកស្លាំង ជាដើម។
ដោយឡែកយោងទៅ តាមការស្រាវជ្រាវ បច្ចុប្បន្នបានឲ្យដឹងថា ដូងមានរសជាតិឆ្ងាញ់ ជួយរំងាប់មេរោគ។ ម្យ៉ាង វិញទៀត ដូងអាចប្រើសម្រាប់ព្យាបាលជំងឺក្តៅក្នុង ស្រេកទឹក មិនសូវនោម ជំងឺបណ្តាលមកពីពពួក បរាសិតនៅ ក្នុងពោះវៀន រលាកក្រពះ រលាកស្បែក។ មិនត្រឹមតែប៉ុណ្ណោះ ការបរិភោគសាច់ដូង អាចជួយឲ្យស្បែកម៉ដ្ឋល្អ និង រោមចិញ្ចើមដុះ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍