All posts by មេគង្គ ប៉ុស្តិ៍

ទីបំផុត​លោក ត្រាំ ងាក​មក​គាំទ្រ​គោលនយោបាយ​ចិន​តែមួយ​

​អាមេរិក​៖​ប្រធានាធិបតី​អាមេរិក​ដែល​ទើប​ចូលកាន់​តំណែង លោក ដូណ​ល ត្រាំ ថ្លែងប្រាប់​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង ថា រដ្ឋការ​របស់លោក​គោរព​គោលនយោបាយ​ចិន​តែមួយ​។ នេះ​បើ​យោង​សារព័ត៌មាន Financial Times ។​
​ការ​ថ្លែង​បែបនេះ​របស់ ត្រាំ ធ្វើឡើង​ពេល​មេដឹកនាំ​ទាំងពីរ​ជជែក​គ្នា​តាម​ទូរស័ព្ទ​ក្នុងនាម​តំណាង​ឲ្យ​ប្រជាជាតិ​នៃ​ប្រទេស​ទាំងពីរ​។​
​គួរ​បញ្ជាក់ថា លោក ដូណ​ល ត្រាំ ចាប់ផ្តើម​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​កាលពី​ខែ​មុន ហើយ​លោក​ធ្លាប់​ថ្លែង​កាលពី​ខែធ្នូ​ថា សហរដ្ឋអាមេរិក​មិន​យល់ថា មាន​សារសំខាន់​ក្នុង​ការគោរព​គោលនយោបាយ​ចិន​តែមួយ​នោះទេ​។​
​ជាមួយគ្នា​នោះ​ពេលនោះ​លោក ត្រាំ បាន​ហៅ​ទូរ​សព្ទ​ទាក់ទង​មេដឹកនាំ​តៃវ៉ាន់ លោកស្រី សៃ អ៊ឹង​វេន ហាក់ដូចជា ទំនាក់ទំនង​រវាងរ​ដ្ឋ​និង​រដ្ឋ នាំ​ឲ្យ​រដ្ឋអំណាច​នៃ​ទីក្រុង​ប៉េកាំង​ខឹង​យ៉ាងខ្លាំង​។ ពេលនោះ​ចិន​ហៅ លោក ត្រាំ និង​មន្ត្រី​របស់លោក​មិនមាន​ចំណេះដឹង​ពី​កិច្ចការ​ការទូត​៕

1

ចាប់បាន​បក្សពួក​ក្រុម​ចោរប្លន់​អាជីវករ​លក់​មាស​នៅ​ផ្សារ​ធំថ្មី​ក្រុង​កំពង់ចាម​៤​នាក់​

​កំពង់ចាម​៖​ក្រុមចោរប្លន់​ចំនួន​៤​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់ ដែល​បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​អាជីវករ​លក់​មាស នៅក្បែរ​ផ្សារ​ធំថ្មី​ក្រុង​កំពង់ចាម យក​អស់​ជិត​២​ម៉ឺន​ដុល្លារ ត្រូវបាន​កម្លាំង​នគរបាល​តាម​ចាប់បាន​ហើយ នៅ​ថ្ងៃទី​១០ ខែកុម្ភ​: ឆ្នាំ​២០១៧​នេះ នៅក្នុង​ទឹកដី​ខេត្តសៀមរាប​។​
​មន្ត្រីនគរបាល​ខេត្តកំពង់ចាម​បាន​បញ្ជាក់ថា ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​ក្រោម​កិច្ចសហការ​រវាង កម្លាំង​នគរបាល​ខេត្ត កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ខេត្តសៀមរាប និង​កម្លាំង​នគរបាល​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ​។ យ៉ាងណាក៏ដោយ​នៅពេលនេះ​កម្លាំង​នគរបាល​កំពុង​តាម​ចាប់​បក្ខពួក​មួយចំនួន​ទៀត​។​
​សូមបញ្ជាក់ថា ករណី​ប្លន់​អាជីវករ​លក់​មាស នៅជាប់​ផ្សារ​ធំថ្មី ខេត្តកំពង់ចាម យីហោ «​សុខ លក្ខិណា​» ក្រុមចោរ​យក​ទឹកប្រាក់​អស់​សរុប​ជិត​២​ម៉ឺន​ដុល្លារ​។​
​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ឲ្យ​ដឹងថា សម្ភារៈ​ដែល​បាត់បង់​រួច​មាន ទូរស័ព្ទដៃ​៤​គ្រឿង​, លុយ​ខ្មែរ​ប្រហែល​៤​លាន​រៀល​, លុយ​ដុល្លារ ប្រហែល​៣​ពាន់​ដុល្លារ​, លុយ​បាត ប្រហែល​១០​ម៉ឺន​បាត និង​គ្រឿងមាស ផ្លាក​ទីន មានតម្លៃ​ប្រហែល​១​ម៉ឺន​ដុល្លារ​។​
​សូមបញ្ជាក់ថា ចោរ​មួយក្រុម​បានធ្វើ​សកម្មភាព​ចូល​ប្លន់​ទូ​មាស​យីហោ «​សុខ លក្ខិណា​» នៅ​ម៉ោង​៧ និង​២០​នាទី​ព្រឹក ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ខាងលិច​ជាប់​ផ្សារ​ធំថ្មី ស្ថិ​ច​នៅ​ភូមិ​ទី​១២ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​។​
​សេចក្ដីរាយការណ៍​បឋម បាន​ឲ្យ​ដឹងថា ក្រុមចោរ​បាន​ប្រមូល​យកលុយ និង​គ្រឿងអលង្កា​អស់​ប្រហែល​ជាង​១​ម៉ឺន​ដុល្លារ ហើយ​រត់​គេចខ្លួនបាត់​ស្រមោល​។​
​មន្ដ្រីនគរបាល​ខេត្តកំពង់ចាម បាន​បញ្ជាក់ថា ចំពោះ​ករណីនេះ​ពិតជា​កើតមាន​ប្រាកដ​មែន ហើយ​ជនសង្ស័យ​អាចមាន​គ្នា​៤​នាក់ ដោយ​២​នាក់ ចូលធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​អាជីវករ នៅពេល​គាត់​យក​មាស​ទៅ​លក់ និង​២​នាក់​ទៀត​រង់ចាំ​នៅក្រៅ​៕

16683059_1831655907072971_1413837458_n16683463_1831655910406304_1915608021_n 16684804_1831655897072972_180642405_n16650287_1831655900406305_1581962927_n copy

កម្លាំង​អាវុធហត្ថ​ស្រុក​សៀម​បូក​ស្ទាក់ចាប់​រថយន្ត​ដឹកឈើ​ខុសច្បាប់​២​គ្រឿង​

​ខេត្តស្ទឹងត្រែង​៖​រថយន្ត​សាំ​យ៉ុង​ត​ទ្រុង​២​គ្រឿង​ដែល​តែងតែ​ដឹកឈើ​ប្រភេទ​លេខ​២​ជា​រៀងរាល់ថ្ងៃ​ក្នុង​គោលបំណង​យកទៅលក់​នៅ​ទីផ្សារ​នៃ​ខេត្ត​គោលដៅ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សៀម​បូក​បង្ក្រាបបាន ខណៈ​កំពុង​ដឹកជញ្ជូន​ឈើ​លើ​ដង​ផ្លូវដី​ក្រួស​ស​ក្រហម​កាលពី​វេលា​ម៉ោង​១០ និ​១៥​ព្រឹក​ថ្ងៃ​១០​កុម្ភៈ ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​ស្រែ​ក្រសាំង ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។​
​លោក​អនុសេនីយ៍ឯក ហេង ណាន មេបញ្ជាការ​ស្តីទី​ស្រុក​សៀម​បូក​បានអោយដឹងថា រថយន្ត​ខាងលើនេះ​គឺ​តែងតែ​លួច​ដឹកឈើ​ជា​រៀងរាល់ថ្ងៃ ហើយ​បើកបរ​ក្នុង​ល្បឿន​លឿន​មិនដែល​គិត​ខ្លាច​ប៉ះពាល់​ទៅលើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឡើយ​។ លោក​បន្តថា ដោយមាន​បទបញ្ជារ​ពី​លោក​មេ​បញ្ជារ​កងរាជអាវុធហត្ថ​ខេត្ត​ពី​បង្ការ និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ លោក​បាន​ដឹកនាំ​កម្លាំង​ស្រុក​ចុះបង្ក្រាប​បានតែ​ម្តង​។​
​លោក​បញ្ជាក់ថា រថយន្ត​ដឹកឈើ​ដែល​កម្លាំង​លោក​បង្ក្រាបបាន​នោះ​ជា​រថយន្ត​ប្រភេទ​សាំ​យ៉ុង​ត​ទ្រុង​ចំនួន​២​គ្រឿង​។ រថយន្ត​ទី​១​ម៉ាក​សាំ​យ៉ុង​ពណ៌​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ​២D៣៦៩៣​បើក​កបរ​ដោយ​ឈ្មោះ អាត់ សុ​ចាន់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ខ្មែរ មុខរបរ​លក់​ឥ​វ៉ាន់​ចាប់ហួយ​រស់នៅ​ភូមិ​បា​យ៉ាប ឃុំ​ស៊ា​ឃ៊ា​ង ស្រុក​កំចាយមា ខេត្តព្រៃវែង ដឹកឈើ​ក្តារ​កកោះ​១៥​សន្លឹក​ប្រវែង​៦​ម៉ែត្រ និង​ឈើទាល​១៦​ដើម​ស្មើ​០,៦៥៤​ម៉ែត្រ​។ រថយន្ត​ទី​២​ម៉ាក​សាំ​យ៉ុង ពណ៌​ខៀវ​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​២F5075​បើកបរ​ដោយ​ឈ្មោះ សុន សូត្រ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ដើរ​លក់​ឥ​វ៉ាន់​ចាប់ហួយ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ដឹក​ក្តារ​កកោះ​១១​សន្លឹក និង​សរសរ​ផ្ជឹ​ក​១​ដើម​ស្មើ​០,២២០​ម៉ែត្រគូប សរុប​មាន​ចំនួន​០,៨៧៤​ម៉ែត្រគូប​។​
​ក្រោយពី​បង្ក្រាប​រួចមក​កម្លាំង​បាន​នាំយក​រថយន្ត​ដឹកឈើ និង​ជនសង្ស័យ​ប្រគល់​ទៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ស្ដីពី​ព្រៃឈើ​៕

16700070_1831628973742331_1318962965_n16683423_1831628977075664_1346793019_n

ស្វែងយល់​ពី​ប្រវត្តិ​នៃ​ពិធីបុណ្យមាឃបូជា​ក្នុង​ព្រះពុទ្ធសាសនា​

រាជធានី​ភ្នំពេញ​៖នៅថ្ងៃ​សៅរ៍ ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ត្រូវជា​ថ្ងៃ​១៥​កើត ពេញ​បូរ​ណ៌​មី ខែមាឃ ពុទ្ធសករាជ ២៥៦០ គឺជា​ថ្ងៃ «​មាឃបូជា​» ដែលមាន​សារៈសំខាន់ នៅក្នុង​ពុទ្ធសាសនា ប្រហាក់ប្រហែល នឹង​បុណ្យ​ពុទ្ធសាសនា​ដទៃទៀត​ដែរ រួមមាន​៖ ពិសាខបូជា​, អាសាឍ​បូជា និង​បុណ្យ​បវារណា (​ចេញ​វស្សា​) ។​
​បុណ្យមាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ថៃ្ង ដែល​ព្រះសម្មាសម្ពុទ្ធ ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ឡើង ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា កាលពី​៥៨៨​ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង​ទី​១៥​កើត ខែមាឃ ក្រោយពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន​៩​ខែ​គត់​។​
​ការបង្កើត​ព្រះពុទ្ធសាសនា ក្នុងឋានៈ​ជា​អង្គការ​សាសនា​មួយ​នេះ ធ្វើឡើង​នៅក្នុង​ចំណោម ព្រះសង្ឃ​ចំនួន ១,២៥០​អង្គ ជា​សមាជិក​ក្នុង​អង្គ មហាសន្និបាត​មួយ ដែល​បាន​និមន្ត​មកពី​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​។​
​នៅក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បានប្រកាស​នៅ​គោលការណ៍​មួយចំនួន​១១ សម្រាប់​ឲ្យ សមាជិក​មហាសន្និបាត​ទាំងអស់ កាន់​យក​ជា​វិថី​ជីវិត និង​សម្រាប់​យកទៅ​ផ្សព្វផ្សាយ ដល់​ជន​ដទៃទៀត ឲ្យ​បាន​យល់​ពី​ពុទ្ធសាសនា​។​
​គោលការណ៍​ទាំងនេះ មានឈ្មោះ​ជា ភាសាបាលី​ថា «​ឱវាទ​បាដិមោក្ខ​»​។ បាដិមោក្ខ ជា​ឈ្មោះ​បាលី​ពុទ្ធ​ប្បញ្ញត្តិ ដែលជា​សិក្ខាបទ​មួយៗ សម្រាប់​ឲ្យ​ភិក្ខុ​សូត្រ ក្នុង​ទីប្រជុំ​សង្ឃ​រាល់​កន្លះ​ខែ ៖ ឧទាហរណ៍​រៀន​បាដិមោក្ខ​, សម្ដែង​បាតិមោក្ខ​ជាដើម ដែល​ពុទ្ធសាសនិកជន​ម្មាក់ៗ ត្រូវ​យកមក​សិក្សា ឲ្យ​យល់ដឹង និង​អនុវត្ត ។​
​ថ្ងៃ​មាឃបូជា​នេះ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ នៃ​យើង​ទ្រង់​ប្រទាន​ឱវាទ​បាដិមោក្ខ ដល់​មហា​សង្ឃ​សន្និបាត​ក្នុង​វត្ត​វេឡុវ័ន ដែលជា​វត្ត​ដំបូងបង្អស់ ក្នុង​ព្រះពុទ្ធសាសនា​ក្នុង​ថ្ងៃនោះ មាន​ហេតុការណ៍​សំខាន់​៤​យ៉ាង​កើតឡើង​គឺ​៖
១៖ ព្រះសង្ឃ​សមណៈ​ទូត ១,២៥០​អង្គ​ដែល​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់ បញ្ជូន​ទៅកាន់​តំបន់​ផ្សេងៗ​ដើម្បី​ផ្សព្វផ្សាយ គោល​ធម៌​បាន​វិលត្រឡប់ មក​ចូលគាល់ ព្រះអង្គ​វិញ​យ៉ាង ព្រមព្រៀងគ្នា (​ស​ព្វេ ខី​ណា​សវា​)​។​
២៖ ព្រះសង្ឃ​ទាំងអស់​សុទ្ធតែជា​ឯ​ហិ​ភិក្ខុ ដែល​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បំបួស ឲ្យ​ដោយផ្ទាល់​ដែល ហៅថា ឯ​ហិ​ភិក្ខុ​ឧបសម្បទា​(​ស​ព្វេ ឯ​ហិ​ភិក្ខុ​កា​) ។​
៣៖ ព្រះសង្ឃ​ទាំងអស់​សុទ្ធតែជា​ព្រះអរហន្ត​បាន​អភិញ្ញា ៦ គឺ សម្តែងឫទ្ធិ​បាន​,​ត្រចៀក​ទិព្វ​, ភ្នែក​ទិព្វ​, កំណត់​ដឹងចិត្ត​អ្នកដទៃ​, បាន​រលឹកជាតិ​បាន និង​អស់​អាសវៈ​មកជួប​ប្រជុំគ្នា​ក្នុង​វត្ត​វេឡុវ័ន ដោយ​មិនបាន ណាត់​មត់​ទុកជាមុន (​ស​ព្វេ អ​និ​ម​ន្តិ​តា​) ។​
៤៖ ថ្ងៃ​ដែល​ព្រះសង្ឃ​ទាំងអស់​ជួបប្រជុំគ្នា​នោះ ត្រូវ​នឹង​ថ្ងៃពេញបូណ៌មី​ខែមាឃ (​មាឃ​ន​ក្ខ​ត្តេ បុ​ណ្ណ​ច​ន្ទោ​)​។​
​ហេតុការណ៍​ជួបប្រជុំគ្នា​ខាងលើនេះ ហៅ​ម្យ៉ាង​ទៀតថា​ចតុរង្គសន្និបាត​គឺ កិច្ចប្រជុំ​ប្រកបដោយ​អង្គ​៤​។​
​ចតុរង្គសន្និបាត​នេះ​ប្រារព្ធ​ធ្វើ​នៅក្នុង​វត្ត​វេឡុវ័ន ក្នុង​ក្រុង​រាជគ្រឹះ​នៃ​មគធរដ្ឋ​របស់​ព្រះបាទ​ពិម្ពិសារ ក្រោយពី​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ត្រាស់ដឹង អនុត្តរសម្មាសម្ពោធិ​ញាណ​កន្លង​ហើយ​បាន ៩​ខែ គឺ មុន ព​.​ស​.៤៥​ឆ្នាំ​។​
​មូលហេតុ​សំខាន់​ដែល ព្រះសង្ឃ​សមណៈ​ទូត​ទាំងនោះ មកជួប​ប្រជុំគ្នា​ក្នុង​វត្ត​វេឡុវ័ន​នោះ ព្រោះ​ថ្ងៃពេញបូណ៌មី​ខែមាឃ​នោះ ត្រូវ​នឹង​ថ្ងៃ​សិវរាត្រី​របស់​សាសនាព្រាហ្មណ៍ ក្នុង​ថ្ងៃ​សិវរាត្រី​នេះ សាសនិក​ព្រាហ្មណ៍ តែង ប្រារព្ធ​ពិធី​លាងជម្រះ​បាប​បូជា​ព្រះ​សិវៈ ព្រោះហេតុនោះ​ព្រះសង្ឃ​ទាំងនោះ​ទើប​ធ្វើដំណើរ​ទៅ​គាល់​ព្រះ បរម សាស្តា​ដែល​ទ្រង់​ធ្វើ​ពុទ្ធដំណើរ​ចេញ ពី​ល្អាង​សុករ​ខា​តា​មក​គង់ប្រថាប់ នៅក្នុង​វត្ត​វេឡុវ័ន សូម​ជម្រាប ថា ព្រះសង្ឃ​ដែល​ធ្វើដំណើរ​ទៅ​ផ្សព្វផ្សាយ​ពុទ្ធធម៌​នោះ មិនមែន​ធ្វើដំណើរ​ទៅ​ព្រម​គ្នា​ទាំង ១,២៥០ អង្គ នោះទេ ប៉ុន្តែ​ធ្វើដំណើរ​ទៅ​តែមួយ​អង្គឯង​ប៉ុណ្ណោះ មានន័យថា ធ្វើដំណើរ​ទៅ​ដាច់ដោយឡែក​ពីគ្នា ការ ដែល​ព្រះសង្ឃ​អង្គ​នីមួយៗ ធ្វើដំណើរ​ទៅ​វត្ត​វេឡុវ័ន​ដោយ​មិន បាន​ណាត់​ទុកជាមុន​ដូចជា​ណាត់​តាម​ទូរស័ព្ទ ឬ ឥ​ន្ធើ​ណិ​ត​ជាដើម ទើប​ចាត់ជា​ហេតុការណ៍​អស្ចារ្យ ។​
​តើ​ព្រះសង្ឃ​ទាំង ១,២៥០​អង្គ​នោះ​ចេញ​មកពី​ប្រភព​ណាខ្លះ​?
​ប្រភព​នៃ​ព្រះសង្ឃ​ទាំង ១,២៥០​អង្គ​នោះ គឺ ៖
​ក​៖ សិស្សគណ​របស់​ព្រះ​ឧ​រុ​វេ​លក​ស្សបៈ​ចំនួន ៥០០​អង្គ​
​ខ​៖ សិស្សគណ​របស់​ព្រះ​នទី​ក​ស្សបៈ​ចំនួន ៣០០​អង្គ​
​គ​៖ សិស្សគណ​របស់​ព្រះ​គ​យា​ក​ស្សបៈ​ចំនួន ២០០​អង្គ​
​ឃ​៖ សិស្សគណ​របស់​ព្រះ​សារីបុត្រ​និង​ព្រះ​មោគ្គល្លាន​ចំនួន​២៥០​អង្គ​។​
​សរុប​ព្រះសង្ឃ​ទាំងអស់ ១,២៥០​អង្គ​ដោយ​មិន​រាប់បញ្ចូល​ព្រះ​ឧ​រុ​វេ​លក​ស្សបៈ​,​ព្រះ​នទី​ក​ស្សបៈ​, ព្រះ​គ​យា​ក​ស្សបៈ​, ព្រះ​សារីបុត្រ និង ព្រះ​មោគ្គល្លាន​នោះទេ​បើ​រាប់បញ្ចូល ៥​អង្គ​នេះ​ទៀត​បានជា ១,២៥៥ អង្គ​។​
​ព្រោះ​អច្ឆរិយហេតុ​កើតឡើង ដោយ​មិន​នឹកស្មាន​ដល់​បែបនេះ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទើប​ទ្រង់​ឆ្លៀតឱកាស​នោះ សម្តែង​ឱវាទ​បាដិមោក្ខ​ដល់​ព្រះសង្ឃ​ចំនួន ១,២៥០​អង្គ​នោះ​ដោយ​ទ្រង់ កំណត់​គោលនយោបាយ ក្នុងការ​ផ្សព្វផ្សាយ​ព្រះពុទ្ធសាសនា​៥​ចំណុច​គឺ​៖
​ក​៖ ឧ​ត្ត​ម​គតិ​បាន​ដល់ អំណត់​អត់ធ្មត់​ចាត់ជា​ការតស៊ូ​យ៉ាង​សិ្វ​ត​ស្វា​ញ (​អភ័យ​ទាន​ផ្នែក​នយោបាយ​)​។​
​ខ​៖ គោលបំណង​បាន​ដល់ ព្រះ​និព្វាន​ចាត់ជា​គោលបំណង​ខ្ពង់ខ្ពស់​របស់​ព្រះពុទ្ធសាសនា (​សាធារណៈប្រយោជន៍​)​។​
​គ​៖ វិធី​បដិបត្តិ​បាន​ដល់ មិន​រំលោភ​សិទ្ធិមនុស្ស​និង​សត្វ (​សិទ្ធិមនុស្ស​)​។​
​ឃ​៖ គោលការណ៍​មាន ៣​ចំណុច​គឺ​៖
– មិន​ធ្វើអំពើ​អាក្រក់​ទាំងពួង (​សន្តិសុខ​)
– ធ្វើអំពើ​ល្អ​ឲ្យ​ដល់​ព្រម (​ប្រយោជន៍​សង្គម​)
– ធ្វើ​ចិត្ត​របស់ខ្លួន​ឲ្យ​ផូរផង់​(​អត្តា​ភិ​វឌ្ឍន៍​)​។​
​ង​៖ វិធីសាស្ត្រ មាន​៦​ចំណុច​គឺ​៖
– មិន​បរិហារកេរ្តិ៍​បុគ្គល​ណា​(​វចីសុចរិត​=​សណ្ហវាចា​,​សច្ចវាចា​,​អ​បិ​សុណ​វាចា​,​ម​ន្តា​វាចា​;​ឃោសនាការ​)
– មិន​ធ្វើទុក្ខបុកម្នេញ​បុគ្គល​ណា (​អហិង្សា ឬ សន្តិវិធី​)
– គោរព​ក្រមសីលធម៌ (​ចរិយាសាស្ត្រ​)
– ស្គាល់ប្រមាណ​ក្នុង​អាហារ (​សេដ្ឋកិច្ច​)
– ង្គុ​យ​ឬ​សិង​ក្នុង​ទី​ស្ងាត់ (​នគរូបនីយកម្ម​)
– ប្រកប​ព្យាយាម​ក្នុង​អធិចិត្ត (​សិក្សាធិការ​)​។​
​ទាំង​៥​ចំណុច​ខាងលើនេះ ចាត់ជា​គោលនយោបាយ​របស់​ព្រះពុទ្ធសាសនា​។​
​ថ្ងៃ​មាឃបូជា​ចាត់ជា​ថ្ងៃ​ព្រះធម៌​, ថ្ងៃ​វិសាខបូជា​ចាត់ជា​ថ្ងៃ​ព្រះពុទ្ធ​, ថ្ងៃ​អាសា​ឡ្ហ​បូជា​ចាត់ជា​ថ្ងៃ​ព្រះសង្ឃ​។​
​តើ​ប្រារព្ធ​ពិធី​មាឃបូជា​បាន​ប្រយោជន៍​អ្វីខ្លះ​?
​ប្រយោជន៍​នៃ​ថ្ងៃ​មាឃបូជា​គឺ​៖
១៖ ពុទ្ធសាសនិកជន​បាន​យល់ដឹង​យ៉ាង​ត្រឹមត្រូវ ដល់​សារៈសំខាន់​នៃ​ថ្ងៃ​មាឃបូជា​នេះ​។​
២៖ យល់ដឹង​គោល​ធម៌ និង​គោលជំហរ​របស់​ព្រះពុទ្ធសាសនា​។​
៣៖ បណ្តុះ​សទ្ធា​ជ្រះថ្លា​កាន់តែ​ភិយ្យោភាព​ឡើង ក្នុង​គោល​ធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​។​
៤៖ បាន​បដិបត្តិ​តួនាទី​របស់​ពុទ្ធសាសនិក​ជន ក្នុង​ថ្ងៃ​មាឃបូជា​នេះ​។​
៥៖ បាន​ជួយ​ជ្រោមជ្រែង​ព្រះពុទ្ធសាសនា ឲ្យ​ស្ថិតស្ថេរ​ចេរកាល​យូរអង្វែង​។​
​ថ្ងៃ​មាឃបូជា​ចាត់ជា​គ្រឿង​ពិសោធ និង​វាស់វែង​គុណភាព​នៃ​ពុទ្ធសាសនិកជន ឲ្យ​ឃើញថា​បុគ្គល​ណា​ជា​ពុទ្ធសាសនិកជន​សកម្ម ឬ អសកម្ម​នៅថ្ងៃនេះ​ឯង ប្រៀបដូចជា​កញ្ចក់​ឆ្លុះ​បំភ្លឺ​មុខ​ដូច្នោះ​។​ព្រោះហេតុនោះ បើ​បាន​ឋានៈ​ជា​ពុទ្ធសាសនិកជន ហើយ​មិនត្រូវ​វ្ហោះវ្ហើយ​កន្តើយ​នឹង​កាតព្វកិច្ច​របស់ខ្លួន​នោះទេ ត្រូវ​ព្យាយាម​លើកស្ទួយ​ឋានៈ​ពុទ្ធសាសនិកជន​របស់​ខ្លួន​ឲ្យ សកម្ម​ឡើង​ការធ្វើដំណើរ​ទៅកាន់​វត្ត ឬ មណ្ឌល​ពុទ្ធ សាសនា​មិនមែនជា​ការងារ​ធ្ងន់ធ្ងរ​ឡើយ​។ ផ្ទុយទៅវិញ ជាការ​ជួយ​លើកស្ទួយ​គុណភាព​ជីវិត​ផ្នែក​ចិត្ត វិញ្ញាណ​របស់ខ្លួន​ឲ្យ​ប្រសើរឡើង តាម​គោលការណ៍​ចំណុច​ទី​២​ថា ធ្វើអំពើ​ល្អ​ឲ្យ​ដល់​ព្រម ពោលគឺ​បណ្តុះ​ចិត្ត​ឲ្យ​ស្ថិតក្នុង​បុណ្យ​កុសល​នោះឯង​។​
​ស​ង្ឃឺ​ម​ថា យើង​ម្នាក់ៗ​អាច​ទាញយក​ប្រយោជន៍​បាន​ខ្លះ ពី​ថៃ្ង​មាឃបូជា​នេះ​នឹង​អញ្ជើញ​នាំគ្នា​ធ្វើ​បុណ្យទាន រក្សាសីល និង​សមាធិ​សម្អាតចិត្ត​របស់ខ្លួន​ក្នុង​ថៃ្ង​នេះ ដើម្បី​បូជា និង​រំលឹក​ចំពោះ​គុណ ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ បាន​បង្កើត​ព្រះពុទ្ធសាសនា សម្រាប់​ជា​មា​គ៌‌ា​ជីវិត​ដល់​ពួកយើង​ទាំងអស់គ្នា​៕(​អត្ថបទ FN)

fn-2017-02-10-14-17-16-2

ចាប់​ជនដៃដល់​រឹត​ក​សម្លាប់​កូនស្រី​មន្ត្រី​រដ្ឋសភា​ប្លន់​យក​ទ្រព្យសម្បត្តិ​បាន​ហើយ​

រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​តាម​ចាប់​ជនដៃដល់​ដែល​រឹត​ក​សម្លាប់​កូនស្រី​មន្ត្រី​រដ្ឋសភា​ដល់​ក្នុង​បន្ទប់​ប្លន់​យក​ទ្រព្យសម្បត្តិ នៅ​ខណ្ឌ​ច្បារអំពៅ​បាន​ហើយ គឺជា​ពូ​បង្កើត​របស់​ជនរងគ្រោះ​តែម្តង​។​
​អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ លោក ម៉ៅ សឿត បាន​ប្រាប់​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​ករណី​ឃាតក​ម្មរឹតក​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ នាយ​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ជួន សុវណ្ណ បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ សហការគ្នា រហូត​តាម​ចាប់​ជនសង្ស័យ​បាន នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល នា​ថ្ងៃទី​១០ ខែកុម្ភ​: ឆ្នាំ​២០១៧​នេះ​។​
​គួរ​បញ្ជាក់ថា ហេតុការណ៍​នេះ កើតឡើង​នៅផ្ទះ​លេខ​៤៤៣ តាមផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​ព្រែក​ជាង​ព្រហ្ម សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ ពៅ សុភ័ក្ត្រ អាយុ​២២​ឆ្នាំ មុខរបរ​នៅផ្ទះ ត្រូវបាន​ជនដៃដល់​យក​ខ្សែភ្លើង រឹត​ក​បណ្ដាល​សម្លាប់​ក្នុង​បន្ទប់ដេក៕

fn-2017-02-10-10-24-48-1fn-2017-02-10-14-13-33-0 fn-2017-02-10-14-13-33-1

សីតុណ្ហភាព​នឹង​ចុះ​ត្រជាក់​ខ្លាំង​រហូតដល់​១៥​អង្សា​សេ​នៅ​ខេត្ត​មួយចំនួន

​រាជធានី​ភ្នំពេញ​៖​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែកុម្ភៈ ខាងមុខនេះ​សីត​ណ្ហ​ភាព​នឹង​ចុះ​ត្រជាក់​ខ្លាំង​រហូតដល់​១៥​អង្សា​សេ ពិសេស​ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី​។ នេះ​បើ​យោង​ការព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ដែល​ចេញ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៧​។​
​ក្រសួង​ធនធានទឹក​បន្ថែមថា ក្រៅពី​ខេត្ត​ទាំង​២​ខាងលើនេះ ក៏​នៅមាន​ខេត្ត​មួយចំនួនទៀត​ផងដែរ ដែល​ចុះ​ត្រជាក់ រួមមាន​ខេត្ត​ប៉ៃលិន ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ​៕

22

fn-2017-02-10-09-59-50-0

អ្នកនាំពាក្យ ៖ សភា​ទទួលបាន​លិខិត​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ហើយ​

​រាជធានី​ភ្នំពេញ​៖​តាម​ព័ត៌មាន​ទទួលបាន​លិខិតស្នើ​របស់ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៦០​រូប ដែល​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី គណបក្សនយោបាយ បាន​ចូល​មកដល់​រដ្ឋសភា ហើយ ហើយ​សភា​នឹងដាក់​សេចក្តីស្នើច្បាប់​នេះ ចូលក្នុង​របស់​វារៈ​ស​ម័​យ​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​វិសាមញ្ញ​នៅក្នុងពេល​ឆាប់ៗ​នេះ​។​
​ព័ត៌មាន​ខាងលើនេះ គឺ​ទទួលបាន​ពី​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​ដែល​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ព្រឹក​មិញ​នេះ​៕

fn-2017-02-10-14-11-24-0

រកឃើញ​ឈើ​ប្រណីត​លាក់ទុក​ក្បែរ​បន្ទាយ​យោធា​៥០៤

ខេត្ត​ប៉ៃលិន​៖​សមត្ថកិច្ច​១​ក្រុម ដែល​បាន​ចុះ​ល្បាត​តាម​ព្រំដែន កាលពី​ម្សិលមិញ​បាន​ប្រទះឃើញ​ឈើ​ប្រណីត​ជាច្រើន​កំណាត់ ដែល​គេ​លាក់ទុក​នៅក្នុង​ព្រៃ​ក្បែរ​បន្ទាយ​យោធា​មួយកន្លែង ស្ថិតនៅ​ចំណុច​ចន្លោះ​បង្គោល​សី​ម៉ា​លេខ​៦៦ និង​៦៧ ក្នុង​ភូមិប​តាំង​ស៊ូ សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ដែល​គេ​សង្ស័យថា ជា​ឈើ​ដែល​ក្រុម​ឈ្មួញ​បាន​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​សមត្ថកិច្ច​ព្រំដែន​រកស៊ី​មុខរបរ​មួយ​នេះ​។​
​សមត្ថកិច្ច​បញ្ជាក់ថា ក្រោយមក​ឈើ​ទាំងអស់នោះ នោះ​ត្រូវបាន​គេ​យក​ចូលទៅក្នុង​បន្ទាយ​យោធា​ខាងលើ ហើយ​សង្ស័យថា មានការ​ពាក់ព័ន្ធ​ទៅនឹង​មន្ត្រី​យោធា​មួយចំនួន​ផងដែរ​។​
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក អោម វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បានឱ្យដឹងថា ខាង​លោក​បាន​បញ្ជូន​មន្ត្រី​របស់ខ្លួន​ឱ្យទៅ​ទំនាក់ទំនង ជាមួយ​មន្ត្រី​យោធា​កងការពារ​ទី​២ វរៈ​ព្រំដែន​លេខ​៥០៤ ដើម្បី​យក​ឈើ​ទាំង​នោះមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន ហើយ​លោក​ក៏បាន​រាយការណ៍ ពាក់ព័ន្ធ​នឹង​បញ្ហា​ឈើ​នេះ​ទៅ​អភិបាលខេត្ត​រួចរាល់​អស់ហើយ​៕

432

Juventus ប្រជែង​ទិញយក Alexis Sanchez ពី Arsenal

​បាល់ទាត់​៖​ក្រុម Juventus ត្រូវបាន​រាយការណ៍​ថា បាន​ចូលរួម​ក្នុងការ​ប្រកួតប្រជែង ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal កីឡាករ Alexis Sanchez​។​
​យោងតាម​ការចេញផ្សាយ​របស់​កាសែត Mirror បាន​ឲ្យ​ដឹងថា ក្លិប​យក្ស​របស់​អ៊ីតាលី​បានការ​ចាប់អារម្មណ៍​ទៅលើ​ខ្សែប្រយុទ្ធ​រូបនេះ​នៅមុន​ពេល​នៃ​ការដេញថ្លៃ​នៅ​រដូវក្តៅ​នេះ ។​
​របាយការណ៍​ពីមុន​បាន​លើកឡើងថា Paris Saint-Germain ក៏បាន​ចុះ​កុងត្រា​ជាមួយ​កីឡាករ​សញ្ជាតិ​ឈី​លី​ផង​ដែល ប៉ុន្តែ​ក្រុម Juventus អះអាងថា​នឹងមាន​ទំនុកចិត្ត​នៃ​ការប្រកួតប្រជែង​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​និង​ផ្តល់ជូន​តម្លៃ​សមរម្យ​សម្រាប់​កីឡាករ​មាន សក្តានុពល​មួយ​នេះ ។​
​ពាក្យ​ច​ចាម​អារាម​បាន​ឡើង​ថា Sanchez អាច​នឹង​ចាក​ចេញពី ក្រុម​កាំភ្លើង​ធំ Arsenal ខណៈដែល​កិច្ចសន្យា​ថ្មី​និង​តម្លៃ​ផ្តល់ជូន​មិនទាន់​ត្រូវ​គ្នា​នោះ ។​
Sanchez នៅសល់​កិច្ចព្រមព្រៀង​នាពេល​បច្ចុប្បន្ន​រយៈពេល ១៨​ខែ​ប៉ុណ្ណោះ ខណៈដែល​កិច្ចព្រមព្រៀង​ថ្មី​អាច​ផ្តល់ជូន​ច្រើនជាង ២៥០,000​ផោន​ក្នុង​មួយ​សប្តាហ៍​មួយ​៕

3164A63100000578-3457019-image-m-4_1456060895528

ករណី​បាញ់​អ្នកបើក​គោយន្ត​នៅ​ក្រុមហ៊ុន HLH.1 សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់

​ខេត្តកំពង់ស្ពឺ​៖​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នា​ព្រឹក​ព្រលឹម​ថ្ងៃទី​១០ ខែកុម្ភ​: ឆ្នាំ​២០១៧​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ករណី​បាញ់ប្រហារ អ្នកបើក​គោយន្ត​បណ្តាល​ឲ្យ​ស្លាប់ និង​របួស​២​នាក់ នៅក្នុង​ក្រុមហ៊ុន HLH.1 កាលពី​យប់មិញ នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​
​សេចក្តីរាយការណ៍​ដដែល​បន្តថា ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​ឃាត់ខ្លួន ក្នុងនោះ​មាន​ស្រី​ម្នាក់​ផងដែរ ដែលមាន​តួនាទី​ជា​ប្រធាន អនុប្រធាន និង​សន្តិសុខ​ក្រុមហ៊ុន HLH.1 ប៉ុន្តែ​ពួកគេ​ស្ថិតក្រោម​ការសួរនាំ​នៅឡើយ​។​
​ទោះយ៉ាងណា​ក៏ដោយ សមត្ថកិច្ច​មិនទាន់​អាច​បញ្ជាក់​ពី​មូលហេតុ ដែល​នាំ​ឲ្យ​មានការ​បាញ់ប្រហារ​នេះ កើតឡើង​ទេ តែ​ប្រភព​ខ្លះ​និយាយថា ក្រុម​ជនសង្ស័យ​ទារលុយ​មិនបាន​ពី​អ្នកបើក​គោយន្ត​
​គួរ​បញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​៩ ខែកុម្ភ​: ឆ្នាំ​២០១៧ ខ្មាន់កាំភ្លើង​មួយក្រុម បើករថយន្ត​កា​ម៉ា​រី​គូទ​ស្វិត ពាក់​ស្លាក​លេខ ខ​.​ម មក​បាញ់ប្រហារ​អ្នកបើក​គោយន្ត​បណ្តាល​ឲ្យ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ខណ​:​ម្នាក់ទៀត​រងរបួស ស្ថិតនៅក្នុង​បរិវេណ​ក្រុមហ៊ុន HLH.1 ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​៕

fn-2017-02-09-10-39-01-1

តុលាការ​ច្រានចោល​ការ​ស្នើឱ្យ​អនុវត្ត​ឡើងវិញ​បទបញ្ជា​លោក ត្រាំ​

​វ៉ាស៊ីនតោន​៖​ពាក្យបណ្តឹង​ដាក់ឱ្យអនុវត្ត​ឡើងវិញ បទបញ្ជា​ប្រធានាធិបតី​របស់លោក ដូ​ណា​ល់ ត្រាំ ស្ដីពី​ជនអន្តោប្រវេសន៍ និង​ការហាមឃាត់​ប្រជាជន មកពី​បណ្ដា​ប្រទេស​មូស្លីម​ចំនួន​០៧ ចូលក្នុង​សហរដ្ឋអាមេរិក​ត្រូវបាន​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​ក្នុង​ទីក្រុង សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ សម្រេច​ទាត់ចោល​ជា​ឯក​ច្ឆ័​។ នេះ​បើ​យោងតាម​ព័ត៌មាន BBC​។​
​យោងតាម​សេចក្តីសម្រេច​របស់​ចៅក្រម​ទាំងបី​រូប​ដែល​បដិសេធ​បណ្ដឹងឧទ្ធរណ៍​របស់រ​ដ្ឋា​ភិ​បាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​អះអាងថា ការសម្រេចចិត្ត​បែបនេះ​គឺ​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ និង​បានបញ្ជាក់ ថា​៖ «​រដ្ឋាភិបាល​អាមេរិក មិនមាន​ភស្ដុតាង​ជាក់លាក់​ណាមួយ បញ្ជាក់បាន​ថា ជនបរទេស​មកពី​បណ្ដា​ប្រទេស​ដែលមាន​ឈ្មោះ​នៅក្នុង​បទបញ្ជា បាននិងកំពុង​រៀបចំ​ការវាយប្រហារ​ភេរវកម្ម នៅក្នុង​សហរដ្ឋអាមេរិក​នោះទេ​»​។​
​គួរ​បញ្ជាក់ថា ប្រជាជន​មកពី​បណ្ដា​ប្រទេស​មូស្លីម​ជាប់​បម្រាម​ចំនួន​០៧ មានដូចជា អ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ី​រី សូ​ម៉ាលី យេ​មែន ស៊ូដង់ និង​លី​ប៊ី​៕

fn-2017-02-10-08-36-56-0

ចាប់​រថយន្ត​ដឹកឈើ​ប្រណីត​៣​គ្រឿង​នៅ​ក្រុង​ក្រចេះ​

​ដោយ​៖​វិធិ​ន​
​ក្រចេះ​៖​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ចិត្រ​បុរី សហការ​ជាមួយ​អាវុធហត្ថ​ក្រុង និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​សង្កាត់​ថ្ម​ក្រែ ស្ទាក់ចាប់​រថយន្ត​ម៉ាក​សាំ​យ៉ុង​ចំនួន ៣​គ្រឿង ដឹកឈើ​ប្រណីត និង​ឈើ​អារ ដែល​ដឹក​ចេញពី​ខេត្តស្ទឹងត្រែង តម្រង់​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម តាម​ខេត្ត​ត្បូងឃ្មុំ ។​
​មន្ត្រី​អាវុធហត្ថ បានបញ្ជាក់​នៅ​រសៀល​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​ថា រថយន្ត​ទាំង ៣​គ្រឿង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ សហការ​ជាមួយ មន្ត្រីរដ្ឋបាល​ព្រៃឈើ ស្ទាក់​ចាប់បាន​នៅ​គល់ស្ពាន​ពាម​តេ ឋិត​ក្នុង​សង្កាត់រ​ការ​កណ្ដាល ក្រុង​ក្រចេះ ខេត្តក្រចេះ កាលពី​វេលា​ទាបភ្លឺ​តែ​ភ្លាមៗ​នោះ អ្នកបើករថយន្ត​បាន​រត់គេចខ្លួន​អស់ ។​
​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ បាន​ឲ្យ​ដឹងថា រថយន្ត​ទាំង ៣​គ្រឿង​នោះ ២​គ្រឿង មាន​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់ និង​១​គ្រឿង​ទៀត ដឹកឈើ​អារ​ប្រភេទ​លេខ​២ ។​
​បន្ទាប់ពី​បង្ក្រាបបាន រថយន្ត​ទាំង ៣​គ្រឿង​ត្រូវបាន​នាំយកទៅ​រក្សាទុក នៅ​ថ្នាល​បណ្តុះ​កូនឈើ​ខ្សា ដើម្បី​រង់ចាំ​រាប់​ចំនួន និង​ចាត់ការ​តាម​នីតិវិធី ៕

16652681_1831267833778445_1854745586_n16506815_1831267823778446_1727326668_n 16650193_1831267820445113_883708153_n 16650409_1831267817111780_550490266_n 16651672_1831267837111778_1764998923_n

“​ខេ​” រង​សំពាធ​ខ្លាំង ខណៈ​ប៉ះ​ជាមួយ សុខ សោ​ម៉ា​វ​ត្តី លើកដំបូង​

​ភ្នំពេញ​៖​តារា​សម្តែង​ទើបនឹង​រះ លោក ខេ បានលើកឡើង​នៅក្នុង​ពិធី​ក្រុង​ពាលី​រឿង ” ក្រមុំចាស់​ប៉ះ​កំលោះ​ស្ទាវ​” របស់​ផលិតកម្ម​មហាហង្ស​ថា នេះ​ជា​លើក​ទី​១​សម្រាប់​រូបលោក​ដែល​ប៉ះ​ជាមួយ​អ្នកនាង សុខ សោ​ម៉ា​វ​ត្តី​។ នៅក្នុង​រឿងនេះ​ដែរ លោក​មាន​អារម្មណ៍​ថា រង​សំពាធ ព្រោះ​មិនដែល​បាន​សម្ដែង​ជាមួយ​តារា​រៀមច្បង​រូបនេះ​កន្លងមក​នោះទេ​។​
​លោក ខេ បញ្ជាក់ថា ការដែល​លោក​មាន​អារម្មណ៍​ថា រង​សំពាធ​ពេល​សម្ដែង​ជាមួយ​អ្នកនាង សុខ សោ​ម៉ា​វ​ត្តី ព្រោះ​នាង​គឺជា​កំពូល​តារា​សម្ដែង​ស្រី​របស់​កម្ពុជា​។ ចំណែក​លោក​គឺជា​តួ​ថ្មី​ធ្លាប់​សម្ដែង​បានតែ​១​រឿង​គឺ​រឿង “​កំណត់ហេតុ​នាង​នាថ​” តែ​ទោះបីជា​បែប​ក្តី​លោក​ចិញ្ចឹមចិត្ត​ថា​នឹង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​ពេល​ស​ម្ដែ​ង​ជាមួយ សុខ សោ​ម៉ា​វ​ត្តី​។​
​បើតាម​កញ្ញា ម៉ៅ ច័ន្ទ​រស្មី ជំនួយការ​ផ្នែក​ផលិត នៃ​ផលិតកម្ម មហាហង្ស បាន​ថ្លែង​ឲ្យ​ដឹងថា រឿង «​ក្រមុំចាស់ ប៉ះ​ក្មេងស្ទាវ​» ជា​ប្រភេទ​រឿង​ខ្នាត​ធំ ត្រូវបាន​សម្រិតសម្រាំង​ឡើង យ៉ាង​ពិសេស​សម្រាប់​អ្នកទស្សនា ដោយ​ត្រូវ​ចំណាយ​ទុន​ផលិត ប្រហាក់​ប្រហែលជា​៥​ម៉ឺន​ដុល្លារ និង​ធ្វើ​ឲ្យ​គុណភាព មិន​ចាញ់​រឿង «​អ្នកនាង​ម្ចាស់​ឡឺ​កឺ​» ប៉ុន្មាន​ឡើយ​។ រឿង «​ក្រមុំចាស់ ប៉ះ​ក្មេងស្ទាវ​» ជា​រឿង​បែប​កំប្លែង សើច​សប្បាយ និង​មាន​ឈុត​ឆាក​កាច់​កុង ឌឺដង​គ្នា លាយឡំ​ដោយ​មនោសញ្ចេតនា ស្នេហា​ជ្រាលជ្រៅ ដែល​ចូលរួម​សម្ដែង​ជា​តួ​ឯង​ស្រី ដោយ​តារា​សម្ដែង​ក្រ​ម៉ិច​ក្រមើម គឺ​អ្នកនាង សុខ សោ​ម៉ា​វ​ត្តី​។​
​គួរ​បញ្ជាក់ថា ផលិតកម្ម​មហាហង្ស​បានចាប់ផ្ដើម​ចេញ​ថត​ភាពយន្ត​ខ្នាត​ធំ ថ្មី​មួយ​ទៀតហើយ មាន​ចំណងជើង​ថា «​ក្រមុំចាស់ ប៉ះ​ក្មេងស្ទាវ​» ដែលជា​ប្រភេទ​ភាពយន្ត​បែប​កំប្លែង មនោសញ្ចេតនា និង​កាច់​កុង​គ្នា ដោយបាន​ធ្វើ​ពិធី​ក្រុង​ពាលី​ថត​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៧​ស្ថិត​ឯ​ភូមិ​គ្រិះ​របស់លោក អ៉ិ​ន សុ​ភិន ដែលជា​ចាងហ្វាង​ផលិតកម្ម ផ្ទាល់ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ក្នុងនោះ​ក៏មាន​តារា​សម្ដែង​ជាច្រើន​ដួង ចូលរួម​ផងដែរ​៕

fn-2017-02-09-14-56-00-4fn-2017-02-09-14-56-00-3fn-2017-02-09-14-55-59-0

មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​សង្កាត់​កន្ទោក​ចាប់បាន​ហើយ​

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ដកហូត​ថ្នាំញៀន​មួយចំនួន​ខណៈ​ពួកគេ​ពួន​សំងំ​ប្រើប្រាស់​ក្នុងផ្ទះ​មួយកន្លែង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះមួយ​កន្លែង​ភូមិ​គំរាម សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ជនសង្ស័យ​ទី​១​ឈ្មោះ សោម វិ​ដែន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ​។ ទី​២​ឈ្មោះ ម៉ុ​ន ភារ​ម្យ អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ទី​៣​ឈ្មោះ និល សំណាង អាយុ​២៤​ឆ្នាំ មុខរប​មិន​ពិតប្រាកដ​ស្នាកនៅ ភូមិ​គំរាម សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ទី​៤​ឈ្មោះ កើត សំ​អៀង អាយុ​១៦​ឆ្នាំ ស្នាក់នៅ​បែក​ចាន សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
តាម​សមត្ថកិច្ច​បានអោយដឹង​ថា ដោយបាន​ទទួល​និង​បាន​សហការ​ពី​បងប្អូន​ប្រជា​ពល ថា​មាន​ក្រុម​ជនសង្ស័យ​មួយក្រុម​បានធ្វើ​សកម្មភាព​ជូ​ញ​ដូ​គ្រឿងញៀន​ទើប​កម្លាំង​នគរបាល​ចុះ​ប្រតិបត្តិ​ការធ្វើ​ការឆែកឆេ​ដល់ផ្ទះ​ជនសង្ស័យ​រកឃើញ​ថ្នាំញៀន​ចំនួន​៨​កញ្ចប់​ក្នុងនោះ​ធំ​២​កញ្ចប់ និង​សំភារៈប្រើប្រាស់​មួយចំនួន​។
ក្រោយពី​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក​យកទៅ​សាកសួ​រនិង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​អធិការដ្ឋាន​នគរបាល​ខណៈ​ពោធិ៍​សែន​ជ័យ​ចាត់ការ​បន្ត​៕

16652598_1831066230465272_1720728185_n16650128_1831066250465270_583972463_n

ខ្មាន់កាំភ្លើង​បាញ់​អ្នកបើក​គោយន្ត​ស្លាប់​ម្នាក់ របួស​ម្នាក់​

​ខេត្តកំពង់ស្ពឺ​៖​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា ខ្មាន់កាំភ្លើង​មួយក្រុម​បើករថយន្ត​កាមរី​គូទ​ស្វិត ពាក់​ស្លាក​លេខ ខ​.​ម មួយគ្រឿង​បាន​បាញ់ប្រហារ​ទៅលើ​អ្នកបើក​គោយន្ត​២​នាក់​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ខណៈ​ម្នាក់ទៀត​រងរបួស​។ ករណីនេះ​កើតឡើង​នា​យប់​ថ្ងៃទី​៩ ខែកុម្ភ​: ឆ្នាំ​២០១៧​ស្ថិតនៅក្នុង​បរិវេណ​ក្រុមហ៊ុន HLH.1 ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​
​មន្ត្រី​ដដែល​បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ រ៉េត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ថ្ម​គប់ ឃុំ​អម​លាំង ស្រុក​ថ្ពង បាន​ស្លាប់ និង​ម្នាក់​ទ​ទៀត​ឈ្មោះ ធី ចាន់ណា អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​ត្បែង​ប្រជាប់ ឃុំ​ប្រាំបី​ម៉ុម ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​។​
​យ៉ាងណាក៏ដោយ សមត្ថកិច្ច​មិនទាន់​អាច​បញ្ជាក់​ពី​មូលហេតុ ដែល​នាំ​ឲ្យ​មានការ​បាញ់ប្រហារ​នេះ កើតឡើង​ទេ ដោយ​កំពុងធ្វើការ​ស្រាវជ្រាវ​សិន​៕

fn-2017-02-09-10-39-01-0fn-2017-02-09-10-39-01-1 fn-2017-02-09-10-39-02-2