ប៉ាគីស្ថាន៖មនុស្ស១០នាក់បានស្លាប់ និងជាង៤០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការហេតុ ការណ៍ផ្ទុះដ៏ខ្លាំងមួយ ដែលបានវាយប្រហារមកលើក្រុមបាតុកររាប់រយនាក់ កំពុងធ្វើការតវ៉ាមួយ នៅក្នុងទីក្រុងឡាហ័រ ប្រទេសប៉ាគីស្ថានកាលពីម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia។
អាជ្ញាធរប៉ាគីស្ថាននិយាយថា ហេតុការណ៍ផ្ទុះនេះបានកើតឡើង នៅចំពេលបាតុកររាប់រយនាក់ កំពុងនាំគ្នាធ្វើការតវ៉ាប្រឆាំងនឹងច្បាប់ថ្មីមួយប្រកាស ឱ្យប្រើដោយអភិបាលខេត្ត Punjab និងរដ្ឋាភិបាលទីក្រុងឡាហ័រ នៅខាងក្រៅបរិវេណសភា។
ទោះបីយ៉ាងណាភ្លាមៗនោះដែរពុំទាន់មានក្រុមណាមួយចេញមុខទទួល ខុសត្រូវនៅឡើយទេ៕

ប៉ៃលិន៖លោក រ៉ិត គង់ ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិ ប៉ៃ លិន ព្រំ នៃសាខាគយនិងរដ្ឋាករខេត្តប៉ៃលិនបានទទួលមរណភាពហើយកាលពីម៉ោង១១ និង២៥នាទីយប់ថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០១៧ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តរបស់លោក បុកជាមួយរថយន្តដឹកគ្រឿងចក្រកាយដី ហេតុការណ៏គ្រោះថ្នាក់នោះកើតឡើងក្នុងភូមិរថក្រោះឆេះ ខេត្តប៉ៃលិន។
នគរបាលចរាចរណ៏ខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់មុននេះបន្តិចថា មុនពេលកើតហេតុគឺ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ២០១៧ លោក រ៉ិត គង់ ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកព្រំដែនព្រំ បានធ្វើដំណើរចេញពីកន្លែងធ្វើការរបស់គាត់ ត្រឡប់ទៅផ្ទះនៅឯខេត្តបាត់ដំបង លុះដល់កន្លែងកើតហេតុក៏ជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តរបស់លោក រ៉ិត គង់ បុកជាមួយរថយន្តធុនធំដឹកគ្រឿងចក្របណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង ។
លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិនបានបញ្ជាក់លើករណីគ្រោះថ្នាក់ចរាចរណ៏នោះថា គ្រោះថ្នាក់ចរាចរណ៍ពិតជាកើតឡើងនៅចំណុចភូមិរថក្រោះឆេះ សង្កាត់ស្ទឹងកាច់ខណ្ឌសាលាក្រៅ ខេត្តនិងក្រុង ប៉ៃលិន ហើយ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នោះ ដោយសាររថយន្តជនរងគ្រោះបានបើករេចង្កូតទៅខាងឆ្វេងដៃបានប៉ះជាមួយរថយន្តដឹកទំនិញបណ្តាលឲ្យក្រឡាប់ជាច្រើនជុំស្លាប់មន្ត្រីគយនោះតែម្តង។ លោកបន្តថា នៅព្រឹកនេះ កម្លាំងសមត្ថកិច្ច បានចុះស្ទួចរថយន្តទាំងពីរចេញពីកន្លែងកើតហេតុ ដើម្បីយកទៅរក្សានៅស្នងការខេត្តប៉ៃលិនដើម្បីដោះស្រាយតាមយន្តការច្បាប់៕



រាជធានីភ្នំពេញ៖គ.ជ.ប បានបង្ហាញតារាងផ្លូវការនៃការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ហើយតាមបញ្ជីបោះឆ្នោតថ្មីនោះគឺមានពលរដ្ឋប្រមាណ ៧.៨៦៥.០៣៣នាក់ មានសិទ្ធិបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៧ និង២០១៨ ខាងមុខនេះ៕


ខេត្តពោធិ៍សាត់៖សមត្តកិច្ចជាច្រើននាក់ ស្ទើរទង្គិចក្បាលគ្នាចែកមុខព្រួញសម្រុកចូលបឹងទន្លេសាប ដើម្បីបង្ក្រាបបទល្មើសនេសាទ ហើយសកម្មភាពនោះត្រូវបានគេសង្ស័យថា ត្រូវមាត់ថ្នាក់ដឹកនាំ ក្រោយពីឃើញឧទ្ធម្ភាគចក្រហោះហើរកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងមកនេះ។
ប្រតិបត្តិការខាងលើនេះប្រព្រិត្តឡើងនាថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រនានានៃស្រុកចំនួន ០៣ គឺស្រុកក្រគរ.ស្រុកបាកាន និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកំលាំងចុះប្រតិបត្តិការខាងលើបង្ហើបឲ្យដឹងថា កំលាំងជាច្រើនសន្ធឹកសន្ថាប់នេះ ចែកមុខព្រួញគ្នាជាបីតាមបណ្ដាស្រុកខាងលើ ហើយជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការបង្ក្រាបដោយ សរុបទាំង ០៣ស្រុក រួមមាន កំលាំងធ្វើការបង្ក្រាបបានបទល្មើសប្រភេទឧបករណ៍រួមផ្សំ(ប)ចំនួន ៣៨ខ្សែឬកន្លែង ដែលមានប្រវែងចំនួន ១៦១៤០ម៉ែត្រ ក្បាល(ប)ចំនួន ៣១គ្រឿង លូកងចំនួន ០៨មាត់ បង្គោលចំរឹងចំនួន ៥១៨៤ដើម ចាក់លែងត្រីចុះរុះចូលក្នុងទឹកបឹងទន្លេសាបជាបឹងធម្មជាតិវិញចំនួន ៦៧៨គីឡីក្រាម។ យ
ប្រភពព័ត៌មានខាងលើបន្តទៀតថា លទ្ធផលដែលកំលាំងបង្ក្រាបបានជាវត្ថុតាង នៃឧបករណ៍បទល្មើសនេសាទខុសច្បាប់ស្តីពីជលផល បានបំផ្លាញចោលទាំងស្រុងនៅនឹងកន្លែង។
ប្រពភព័ត៌មានផ្សេងៗលើកឡើងថា ទន្ទឹមនិងការដែលកំលាំងចំរុះខេត្តចែកមុខព្រួញគ្នា ដើម្បីធ្វើការចុះបង្ក្រាបបទល្មើសនេសាទតាមបណ្ដាស្រុកនានាទាំងចំនួន ០៣នេះ ដោយសារតែត្រូវមាត់ថ្នាក់ដឹកនាំ និងគំរាមដកគ្រវ័តចោលទៀតផងនោះ ទើបនាំគ្នាចុះធ្វើការបង្ក្រាបបែបនេះ ។
ប្រតិបត្តិការនោះគឺក្រោយពីគេឃើញលោកស្រី Suwanna Gauntlett ស្ថាបនិក និងជានាយកប្រតិបត្តិអង្កការសត្វព្រៃ(Wildlife Allialance) និងក្រុមរួមការងាររបស់លោកស្រី បានអញ្ជើញលោក អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក អភិបាលរងឡើង ឧទ្ធម្ភាគចក្រ ហោះហើរ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ មកនេះ ដើម្បីត្រួតពិនិត្យក្នុងការបង្ក្រាបបន្តកិច្ចប្រតិបត្តិការ ទាំងបទល្មើសព្រៃឈើទាំងបទល្មើសនេសាទ៕


រាជធានីភ្នំពេញ៖គណបក្សសង្គ្រោះជាតិបានសម្រេចប្រគល់សិទ្ធិទៅលោក កឹម សុខា ដឹកនាំជាបណ្ដោះអាសន្នមុននឹងមានការជ្រើសរើសប្រធានថ្មី បន្ទាប់ពីការលាលែងរបស់លោក សម រង្ស៊ី។ ដូច្នេះមានន័យថា បក្សប្រឆាំងមួយនេះ បានរក្សាទុកកៅអីប្រធានបក្សរបស់លោក សម រង្ស៊ី ឲ្យនៅទំនេររហូតដល់ឆ្នាំ២០១៨ខាងមុខ។
សូមជម្រាបថា លោក សម រង្ស៊ី បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃម្សិលមិញនេះ ដោយគ្រាន់តែបញ្ជាក់ប្រាប់ថា ដោយសារតែមូលហេតុផ្ទាល់ខ្លួន។ ការសម្រេចចិត្តបែបនេះរបស់លោក សម រង្ស៊ី បានជំរុញឲ្យមានការកោះប្រជុំសមាជិកគណៈកម្មាធិការនាយករបស់គណបក្សសង្គ្រោះជាតិ កាលពីរសៀលម្សិលមិញ។
ដោយឡែកនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយចេញផ្សាយកាលពីរសៀលម្សិលមិញដែរនោះបញ្ជាក់ថា គណបក្សទទួលយកពាក្យលាលែងពីតំណែងរបស់លោក សម រង្ស៊ី និងសម្រេចប្រគល់សិទ្ធិទៅអនុប្រធានគណបក្ស លោក កឹម សុខា ឲ្យទទួលតួនាទីជាប្រធានស្ដីទី មុននឹងគណបក្សនេះជ្រើសរើសបានប្រធានថ្មី។
យ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយលើកឡើងថា ការសម្រេចចិត្តលាលែងរបស់លោក សម រង្ស៊ី គឺជាល្បិចនយោបាយតែប៉ុណ្ណោះ ព្រោះការបោះឆ្នោតថ្នាក់ជាតិក៏កាន់តែខិតជិតមកដល់ផងដែរ៕

រាជធានីភ្នំពេញ៖នៅព្រឹកនេះ សម្តេច ហ៊ុន សែន បានធ្វើការរិះគន់ ចំពោះអ្នកវិភាគមួយចំនួន ដោយសម្តេចថ្លែងថា អ្នកវិភាគខ្លះបើបានក្បាលមេក្រូហើយ និយាយមិនចេះគិតនោះទេ ។ ទោះបីសម្តេចមិនបានបញ្ចេញឈ្មោះ ប៉ុន្តែគេអាចនឹងគិតថា សម្តេចចង់សំដៅទៅលើអ្នកវិភាគមួយរូប ឈ្មោះ គឹម សុខ ដែលបាននិយាយថា គណបក្សប្រជាជនជាអ្នករៀបចំសម្លាប់លោកបណ្ឌិតកែម ឡីនៅក្នុងវេទិការបស់វិទ្យុអាស៊ីសេរីកាលពីរាត្រីថ្ងៃទី១១ ខែ កុម្ភៈឆ្នាំ២០១៧ កន្លងទៅនេះ។
សម្តេចមានប្រសាសន៍ថា អ្នកវិភាគខ្លះបាន ក្បាលមេក្រូនិយាយនោះនិយាយ។ ឥឡូវកុំរត់ណា ហើយគេមិនធ្វើអីទេ បើមិនទៅចោទគេនោះ តែចេះបង្កើត បញ្ហាកុំខ្លាចការទទួលខុសត្រូវ ។ យ៉ាងណាក៏ដោយសម្តេចសុំឲ្យគោរពគ្នាក្នុងការធ្វើនយោបាយ។ សម្តេចសង្កត់ធ្ងន់ថា រឿងចោទសម្លាប់គេជាការញុះញង់ បង្កើតចលាចល។ រឿងនេះគឺជារឿងនាងមួយរត់បាតហើយ ។
ពាក់ព័ន្ធករណីលោក គឹម សុខ នោះ សម្តេច ក៏បានត្រៀមឲ្យមេធាវីប្តឹងផងដែរ ព្រោះតែលោក គឹម សុខ បាននិយាយប្រាប់វិទ្យុ RFA ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់លោក កឹម ឡី៕

រាជធានីភ្នំពេញ៖នៅព្រឹកមិញនេះ គេសង្កេតឃើញប្រធានគណៈកម្មការទាំង៥រូប នៃរដ្ឋសភា របស់គណបក្សសង្គ្រោះជាតិ បានចូលរួមកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ដើម្បីពិភាក្សាទៅលើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
គម្រោងធ្វើវិសោធនកម្មច្បាប់ខាងលើនេះ ឆ្លើយតបសំណើរបស់អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ចំនួន៦៦រូប ដែលបានស្នើមកសភា ហើយវិសោធនកម្មនោះ ហាមមិនឲ្យទណ្ឌិតឈរឈ្មោះជាប្រធានអនុប្រធានគណបក្សនយោបាយនោះទេ៕


រាជធានីភ្នំពេញ៖សម្តេច ហ៊ុន សែន បានថ្លែងសារព្រមានជាថ្មីទៀត ចំពោះអ្នកដែលចង់បំផ្លាញសន្តិភាព ដែលរកបាកដោយលំបាកនៅកម្ពុជា និងអ្នកចង់ធ្វើបដិវត្តពណ៌ សូមឲ្យត្រៀមក្តារមឈូស ឲ្យហើយទៅ។ សម្តេចបញ្ជាក់ថា ប្រទេសកម្ពុជា បានឆ្លងកាត់សោកនាដកម្មច្រើនពេកហើយ ដូចជា នៅសុខៗ នាំគ្នា ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ បង្កសង្គ្រាមពេញប្រទេស ។ អញ្ចឹងទម្រាំរកបានសន្តិភាព តើស្លាប់អស់មនុស្សប៉ុន្មានហើយ ។
សម្តេចអះអាងថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវរក្សាសន្តិភាពឲ្យបាន ព្រោះសន្តិភាព គឺរកបានដោយលំបាកខ្លាំងណាស់ និងឆ្លងកាត់សោកនាដកម្មជាច្រើនមិនអាចគណនាបាន ៕

បាល់ទាត់៖កាលពីវេលាម៉ោង១០និង៥០នាទីយប់មិញនេះកំពូលខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមជម្រើសជាតិ ចាន់ វឌ្ឍនាកា បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសជប៉ុន ជាទីដែលរូបគេត្រូវចូលរួមលេងឲ្យក្លិប Fujieda MYA នៃក្របខណ្ឌ J-League 3 លើកិច្ចសន្យាខ្ចីជើងមួយឆ្នាំពីក្លិបបឹងកេតអង្គរ។
កូនប្រុសអភិបាលខេត្តរូបនេះបានសសេរនៅលើបណ្តាញសង្គម Facebook ខ្លួនថា លាហើយកម្ពុជាជួបគ្នាពេលក្រោយ ខ្ញុំនឹកអ្នកគ្រប់គ្នា៕

ដោយ៖ផល
ត្បូងឃ្មុំ៖គ្រោះថ្នាក់ចរាចរណ៍រមួយបានកើតឡើងដោយសាររថយន្តកែច្នៃ១ គ្រឿងដឹកអង្ករពេញ បានក្រឡាប់ផ្ងារជើងនៅលើសាឡាង ដែលហេតុការណ៍នេះបានកើតឡើងកាលពីម្សិលមិញ។
បើតាមប្រភពពីលោកវរសេនីយ៍ត្រី អ៊ុក ពៅ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារបានអោយដឹងថា នៅវេលាម៉ោងខាងលើ មានរថយន្តកែច្នៃពណ៌ត្រួយចេកមួយគ្រឿង ពាក់ស្លាកលេខ ព្រៃវែង 6A 0269 ដឹកអង្ករពេញឡាន បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានចុះសាឡាងដើម្បីឆ្លងទៅខាងស្រុកស្ទឹងត្រង់ ហើយស្រាប់តែកំពង់ចុះចំណោត រថយន្តដាច់ហ្វ្រាំង ទៅបុកបង្កាន់ដៃសាឡាងខាងឆ្វេង បណ្តាលអោយក្រឡាប់ ផ្ងារជើងនៅលើសាឡាង ចំណែកអ្នកបើកបររងរបួសធ្ងន់ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ។ រីឯអ្នកដំណើរ និងមធ្យោបាយផ្សេងទៀតពុំមានរងរបួស និងខូចខាតអ្វីនោះទេ ។
បន្ទាប់ពីហេតុកាណ៍នេះកើតឡើងសាឡាងដែលរថយន្តក្រឡាប់នោះបានបើកមកអែបខាងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ហើយទុកអោយសាឡាងមួយផ្សេងទៀតដំណើរការធម្មតា៕


ដោយ៖បញ្ញា
ភ្នំពេញ៖កម្មករកម្មការិនីជាង៤០០នាក់ ដែលបម្រើការងារនៅក្នុងរោងចក្រកាត់ដេរ យីហោ ជុន ចៅ ដែលមានទីតាំងស្ថិតនៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្រមូលផ្ដុំគ្នាធ្វើកូដកម្ម កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពេលដល់ថ្ងៃបើកប្រាក់ឈ្នួល ស្រាប់តែថៅកែវេចបង្វិចរត់ចោលបាត់ស្រមោល ហើយកម្មករទាំងអស់នោះ មានការជ្រួលច្របល់និងហួស ចិត្តគ្រប់ៗគ្នា ទើបនាំគ្នាតវ៉ាដើម្បីទាមទារឲ្យមានការបើកប្រាក់ខែឈ្នួលចុងក្រោយនេះ។
កម្មករបាននិយាយថា រោងចក្រកាត់ដេរខាងលើនោះ បានដំណើរការយូរមកហើយ មិនដែលមានសញ្ញា ណាមួយថានិងត្រូវក្ស័យធននោះឡើយ ឬត្រូវបិទទ្វារនោះឡើយ គឺបានដំណើរការរហូត ហើយចុងក្រោយនេះគឺ ត្រូវបើកប្រាក់ ឈ្នួលនៅក្នុងថ្ងៃសុក្រទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលក្នុងកម្មករម្នាក់ៗ ត្រូវទទួលបានចាប់ពី ២០០រយដុល្លារឡើងទៅ។ ប៉ុន្តែដល់ថ្ងៃកំណត់ត្រូវបើកប្រាក់ខែ ស្រាប់តែបាត់មិនឃើញថៅកែ ហើយបន្ទាប់ មកពួកគេបានទទួលដំណឹងថា ថៅកែបានរត់ចោលកម្មករបាត់អស់ហើយ ទើបកម្មករម្នាក់ៗមានការជ្រួល ច្របល់និងហួសចិត្តយ៉ាងខ្លាំង ដោយមិននឹកស្មានដល់ឡើយ។
កម្មករបាននិយាយថា ក្រោយពេលថៅកែរត់បាត់ ពួកគេមិនអាចរកអ្នកទទួលខុសត្រូវបាននោះឡើយ តែលតោលដូចជាខ្លែងដាច់ខ្សែ ម្យ៉ាងទៀតគ្មានប្រាក់សម្រាប់ទូទាត់ថ្លៃ ជួលផ្ទះស្នាក់នៅ ការចំណាយក្នុងការ ធ្វើដំណើរទៅមក និងការហូបចុកព្រមទាំងចំណាយផ្សេងៗទៀតឡើយ។ដោយសារតែបែបនេះ ទើបពេលនេះ ពួកគេបានប្រមូលផ្ដុំគ្នា ធ្វើកូដកម្មតវ៉ានៅខាងមុខរោងចក្រ ដើម្បីទាមទាររកអ្នកទទួលខុសត្រូវ បើកប្រាក់ខែ ដល់ពួកគេទាំអស់គ្នា ដែលកំពុងជួបការលំបាកនាពេលនេះ៕



ម៉ានីល៖អាជ្ញាធរហ្វីលីពីនបាននិយាយថា គ្រោះរញ្ជួយដីដ៏កក្រីកកម្រិត៦.៧រ៉ិចទ័រដែលជាកម្រិតដ៏ខ្លាំងបំផុត គិតចាប់តាំងពីឆ្នាំ១៨៩៧ បានវាយប្រហារកោះ Mindanao ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសហ្វីលីពីននៅយប់ថ្ងៃសុក្រម្សិលមិញនេះបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និងជាង១០០នាក់ផ្សេងទៀតបានទទួលរងរបួស។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
លោក Rise Recabo ប្រធានក្រុមប្រឹក្សាក្រុង Surigao បាននិយាយថា ចរន្តអគ្គិសនីរួមទាំងប្រព័ន្ធផ្គត់ផ្តង់ទឹកស្អាតជាច្រើនកន្លែងត្រូវបានកាត់ផ្តាច់ ខណៈស្ពានមួយខ្សែ និងសណ្ឋាគារមួយបានដួលរលំ និងលំនៅឋានមួយចំនួនទៀតបានទទួលរងការខូចខាត។ ចំណែកអាកាសយានដ្ឋាន Surigao វិញត្រូវបានបិទទ្វារផ្អាកដំណើរការជាបណ្តោះអាសន្នដោយសារតែស្នាមប្រេះនៅលើផ្លូវហោះហើរ៕


រាជធានីភ្នំពេញ៖ល្ងាចមិញកម្លាំងនគរបាលអគ្គស្នងការនគរបាលជាតិបានចុះបង្ក្រាបកន្លែងម៉ាស្សាកោសជប់ដែលបង្រកប់សេវាផ្លូវភេទមួយកន្លែងនៅចំណុចផ្លូវ៥១៤ ក្រុម៣ ស្ថិតនៅភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដោយបានឃាត់ខ្លួនស្ត្រីមេខ្លោង២នាក់ និងរំដោះនារីរងគ្រោះ៦នាក់ផងដែរ។
អនុនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិ លោក សំបូរ មាណ្ណារិទ្ធ បានប្រាប់ថា កម្លាំងលោកបានចុះប្រតិបត្តិការ ក្រោមការសម្របសម្រួលពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានចុះឃាត់ស្ត្រី២នាក់សង្ស័យយកទៅសាកសួរនាំនិងរំដោះនារីរងគ្រោះ៦នាក់យកទៅសួរនាំដែរ៕


ប៉ារីស៖បេក្ខភាពប្រធានាធិបតីបារាំងដ៏មានប្រជាប្រិយលោក Francoi Fillon ត្រូវបានបង្ខំដកខ្លួនចេញពីការប្រកួត បន្ទាប់ពីផ្ទុះរឿងអាស្រូវមួយពាក់ព័ន្ធនឹងការងារក្លែងក្លាយរបស់ភរិយា ខណៈការបោះឆ្នោត កាន់ខែខិតជិតចូលមកដល់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia។
សារព័ត៌មានដដែលបន្តថា អ្នកបោះឆ្នោតភាគច្រើនមានបំណងចង់ឲ្យបេក្ខភាពប្រធានាធិបតីរូបនេះដកខ្លួនចេញពីការប្រកួត គ្រាដែលរឿងអាស្រូវបាននិងកំពុងជះឥទ្ធិពលអាក្រក់ដល់យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់បេក្ខជនប្រធានាធិបតីរូបនេះផងដែរ។
ទោះបីយ៉ាងណាលោក Francoi Fillon បានចេញមុខសូមអភ័យទោសពីសំណាក់ជនរួមជាតិបារាំង ចំពោះរបៀបដែលថវិការាប់សែនយូរ៉ូរបស់អ្នកបង់ពន្ធប្រាក់ទាំងអស់ ត្រូវបានចំណាយទៅឲ្យភរិយារបស់លោក ប៉ុន្តែលោក Fillon បានបដិសេធចំពោះការចោទប្រកាន់ថា វាបណ្តាលមកពីការងារជាជំនួយការនៅក្នុងសភាជាតិបារាំងរបស់ភរិយាលោក ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ គឺជារឿងមិនពិតឡើយនោះ។
ជាមួយគ្នានេះលោក Francoi Fillon បានប្តេជ្ញាថានឹងនៅតែបន្តយុទ្ធនាការឃោសនារកសំឡេងឆ្នោតតទៅមុខទៀត ទោះបីជារូបលោកបានរបូតពីតំណែងជាបេក្ខភាពដែលមានប្រជាប្រិយភាពជាងគេនោះ និងកំពុងតែប្រឈមមុខនឹងការស៊ើបអង្កេតជាផ្លូវការមួយជុំវិញរឿងអាស្រូវនេះយ៉ាងណាក្តី។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធីបតីបារាំងនឹងប្រព្រឹត្តទៅក្នុងខែមេសា ឆ្នាំ២០១៧ខាងមុខនេះ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍