ខេត្តកំពង់ស្ពឺ ៖បុរសជនជាតិចិនត្រូវបានកម្លាំងនគរបាលឃាត់បញ្ជូនទៅអធិការនគរបាលក្រុងច្បារមន បន្ទាប់ទាញប៉័ងតោកាប់ប្រពន្ធ ព្រោះខឹងរឿងចាប់បង្ខំរួមរ័ក តែនាងមិនព្រម ដែលហេការណ៍ការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៣ និង៥៥នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅផ្ទះរបស់ប្រពន្ធសមត្ថកិច្ចក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។
បុរសជនជាតិចិនជាប្តីឈ្មោះ តូវ ឈិនហ័ង អាយុ៣៣ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន មានប្រពន្ធខ្មែរឈ្មោះ អ.អ.ម អាយុ២១ឆ្នាំ រស់នៅភូមិកើតហេតុ។
នារីរងគ្រោះជាប្រពន្ធបានឲ្យសមត្ថកិច្ចដឹងថា នៅវេលាទៀបភ្លឺថ្ងៃកើតហេតុប្តីរបស់នាងបានបង្ខំរួមរ័កជាមួយនាង តែនាងមិនព្រម ព្រោះនាងមិនស្រួលខ្លួន ពេលនេះប្តីរបស់នាងខឹងយ៉ាងខ្លាំង ហើយដើរទៅយកប៉័ងតោកាប់នាង៣កាំបិត ចំក្រោមភ្នែក១កាំបិត កដៃស្តាំ១កាំបិត និងស្មាខាងស្តាំ១កាំបិត ។ លុះភ្លឺឡើងនាងក៏ទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
ក្រោយពេលចាប់ខ្លួន ជនសង្ស័យជាប្តីត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងច្បារមន ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ប៉េកាំង ៖រដ្ឋាភិបាលចិនបានសម្រេចបង្កើតផ្លូវអាកាសសម្រាប់អ្នកជិះកង់ដែលមានប្រវែងវែងជាងគេមួយលើពិភពលោកដើម្បីដោះស្រាយបញ្ហាការកើនឡើងឥតឈប់ឈរនៃការប្រើប្រាស់យានយន្តនៅលើដងផ្លូវ។
ផ្លូវនេះត្រូវបានសាងសង់ឡើងក្នុងទីក្រុង Xiamen ខេត្ត Fujian ភាគខាងត្បូងប្រទេសចិន ដែលមានប្រវែង៧,៦ គីឡូម៉ែត្រ និងបានក្លាយជាផ្លូវអាកាសសម្រាប់អ្នកជិះកង់វែងជាងគេបំផុតនៅលើពិភពលោក។
តាមរយៈផ្លូវថ្មីនេះ រដ្ឋាភិបាលចិនសង្ឃឹមយ៉ាងមុតមាំថា វានឹងអាចជួយលើកទឹកចិត្តប្រជានជនចិនឲ្យស្រលាញ់ការជិះកង់ និងឈានទៅរកការកាត់បន្ថយកំណើននៃយានយន្ត និងការកកស្ទះលើដងផ្លូវបានមួយផ្នែកផងដែរ៕
បាងកក ៖រដ្ឋាភិបាលយោធាថៃបានអនុម័តទឹកប្រាក់៣៨០លានដុល្លារដើម្បីទិញគ្រឿងសម្ភារៈយោធាពីប្រទេសចិនបន្ទាប់ពីផ្អាកសំណើទិញកាលពីឆ្នាំមុន។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
មន្ត្រីជាន់ខ្ពស់យោធាថៃបាននិយាយថា សម្ភារៈដែលយោធាថៃនឹងទិញមានរថក្រោះ១០គ្រឿង ព្រមទាំងរថយន្តយោធា បន្ថែមទៅលើរថក្រោះចម្បាំងចំនួន ២៨គ្រឿង ដែលបានបញ្ជាទិញពីប្រទេសចិនកាលពីឆ្នាំមុន។ ទន្ទឹមនេះក៏មានការបញ្ជាទិញនាវាមុជទឹកពីប្រទេសចិនផងដែរបន្ទាប់ពីមានការផ្អាកកាលពីឆ្នាំមុននៅពេលប្រឈមមុខនឹងការរិះគន់ពីសំណាក់មហាជន។ មន្ត្រីកងទ័ពជើងទឹកថៃបានបញ្ជាក់ថា ការចរចាជាមួយរដ្ឋាភិបាលចិន ជិតឈានដល់ចំណុចបញ្ចប់ហើយ ហើយកញ្ចប់ថវិកាត្រូវបានអនុញ្ញាតសម្រាប់ការទូទាត់រយៈពេលជាង ៦ឆ្នាំ
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងថៃ ដែលជាសម្ព័ន្ធចាស់វស្សារបស់អាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានពង្រឹងជាបន្តបន្ទាប់ ជាពិសេសក្រោយពីទំនាក់ទំនងរវាងថៃ និងអាមេរិក ប្រទះភាពរំកាំរកូស ក្រោយរដ្ឋប្រហារយោធាឆ្នាំ២០១៤កន្លងមក៕
សូម៉ាលី ៖មន្ត្រីនគរបាលសូម៉ាលីលោក ម៉ូហាម៉េដ អាម៉េដ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៣នាក់ ក្នុងនោះមានទាំងកងទ័ព និងជនស៊ីវិលផងដែរបានស្លាប់ ខណៈដែលមនុស្សរាប់សិបនាក់ទៀតបានរងរបួសនៅក្នុងការបំផ្ទុះចំនួន២នៅឯសណ្ឋាគារមួយ។
ប៉ូលិសបន្តថា ហេតុការណ៍កើតឡើងកាលពីម្សិលមិញនៅទីក្រុងម៉ូហ្កាឌីស៊ូនៅឯច្រកទ្វារសណ្ឋាគារមួយ ដែលទង្វើរបស់ពួកបះបោរហ្សាបាអាប់ដោយបំផ្ទុះគ្រាប់បែកនៅក្នុងរថយន្តមួយ និងបានសំរុកចូលទៅខាងក្នុងសណ្ឋាគារនោះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ទោះបីយ៉ាងណាមន្ត្រីដដែលបញ្ជាក់ ចំនួនអ្នកស្លាប់អាចនឹងកើនឡើង គ្រាដែលអ្នករងរបួសមួយចំនួនស្ថិតក្នុងសភាពធ្ងន់ធ្ងរ៕
ខេត្តឧត្តរមានជ័យ ៖រសៀលម្សិលមិញអាជ្ញាធរថៃបានដោះលែង និងបញ្ជូនពលរដ្ឋខែ្មរចំនួន២៤នាក់ឲ្យមានសេរីភាពត្រឡប់មកស្រុកវិញតាមច្រកជប់គគី បន្ទាប់ពីជាប់ពន្ធនាគារម្នាក់ៗជាង១០ឆ្នាំពីបទលួចឆ្លងដែនខុសច្បាប់ និងជួញដូរគ្រឿងញៀនឆ្លងដែន ប្រភេទមេតំហ្វេតាមីន WY ជាង២០០គ្រាប់ ខ្លះជាង៥,០០០គ្រាប់។
បើតាមការឲ្យដឹងពីមន្ត្រីច្រកទ្វារជប់គគីឲ្យដឹងថា ក្រោយពីសមត្ថកិច្ចថៃ ដោះលែងសមត្ថកិច្ចកម្ពុជា បានធ្វើការអប់រំពីបញ្ហាគ្រឿងញៀន ហើយត្រូវជៀសឲ្យផុត ព្រោះគ្រឿងញៀនវាបំផ្លាញខ្លួនឯង និងអានាគតបានយ៉ាងឆាប់រហ័ស។
បើតាមការអះអាងពីពលរដ្ឋ ក្នុងចំណោមពលរដ្ឋចំនូន២៤នាក់ បានឲ្យដឹងថា ពួកគាត់ហេតុតែមានជីវភាពខ្វះខាត់យ៉ាងខ្លាំង រហូតបានសម្រេចចិត្តទិញគ្រឿងញៀន ខ្លះត្រូវបានគេជួលកាន់គ្រឿងញៀន ពីប្រទេសកម្ពុជា យកទៅជួញដូរ នៅក្នុងទឹកដីថៃ តែគ្មានសំណាងត្រូវបានសមត្ថកិច្ច អាជ្ញាធរថៃចាប់បានរហូតជាប់ពន្ធនាគារម្នាក់ជាង១០ឆ្នាំឯណោះ។
សូមបញ្ជាក់ថា ពលរដ្ឋទាំង២៤នាក់ខាងលើនេះ រស់នៅខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តបាត់ដំបង៕
កូរ៉េខាងត្បូង ៖គំនូរអាក្រាតកាយរបស់ប្រធានាធិបតីរងការចោទប្រកាន់របស់កូរ៉េខាងត្បូងលោកស្រី Park Geun- Hye បានបង្កឲ្យមានអំពើហិង្សានៅ សភារបស់ប្រទេសនេះ។ រូបភាពនេះគឺជាផ្នែក នៃ ការតាំងពិព័រណ៍មួយនៅឯសភាជាតិដែលក្នុងនោះរួមមានវត្ថុសិល្បៈរបស់វិចិត្រករចំនួន២២នាក់ដែលចំអកដល់លោកស្រី Park និងមិត្តភក្តិជិតស្និទ្ធិរបស់លោកស្រីគឺ Choi Soon-Sil ដែល ជា ចំណុចកណ្តាលនៃរឿងអាស្រូវពុករលួយដែលនាំឲ្យមានការចោទប្រកាន់លោកស្រី Park ។
នៅក្នុងរូបភាពដើមកាលពីសតវត្សរ៍ទី១៩ដែលមានឈ្មោះថា Olympia របស់វិចិត្រករ Edouard Manet ដែលតាំងបង្ហាញនៅ Musee d’Orsay ក្នុងទីក្រុងប៉ារីស ស្ត្រីស្បែកសអាក្រាតកាយម្នាក់ដែលគេកំណត់ថាជាស្រីខូចគឺបានដេកគ្មានសម្លៀកបំពាក់ខណៈអ្នកបម្រើស្បែកខ្មៅម្នាក់បានយកផ្កាឲ្យនាង។ រូបថតរបស់លោកស្រី Park គឺមានកូនឆ្កែពីរក្បាលលោតលើភ្លៅរបស់នាង។
ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៍ថា ក្រុមអ្នកគាំទ្ររបស់លោកស្រី Park ប្រមាណ២០នាក់បានឆេវឆាវនៅក្នុងការតាំងពិព័រណ៍នោះដោយហែករូបភាពនេះ។ ទីភ្នាក់ងារដដែលបានឲ្យដឹងថា សមាជិកក្រុមស្តាំនិយមមួយរូបដែលមានវ័យ៦៣ឆ្នាំត្រូវបានចាប់ខ្លួននិងម្នាក់ទៀតកំពុងត្រូវបានស្វែងរកដោយប៉ូលិស។
លោក Pyo Chang-won តំណាងរាស្ត្រគណបក្សប្រឆាំងដែលបានរៀបចំការតាំងពិព័រណ៍នេះបាននិយាយការពារចំពោះរូបគំនូរនេះដែលបង្កឲ្យមានការចោទប្រកាន់រើសអើងភេទនិងរសជាតិអាក្រក់។ លោកបាននិយាយថា “វាពិតជាមិនសមប៉ុន្តែខ្ញុំជឿថាវាគឺស្ថិតក្នុងព្រំដែននៃសេរីភាពនៃសិល្បៈ”។
លោក Lee Koo-Young ដែលជាអ្នកគូររូបនេះគឺជាវិចិត្រករម្នាក់ក្នុងចំណោមវិចិត្រករជិត១០,០០០នាក់ដែលស្ថិតលើ “បញ្ជីខ្មៅ” របស់រដ្ឋាភិបាលអភិរក្សនិយមសម្រាប់ការរិះគន់លោកស្រី Park។ អ្នកដែលមានឈ្មោះទាំងនោះត្រូវបានគេនិយាយថាបានដកហូតពីការឧបត្ថម្ភធនរបស់រដ្ឋាភិបាលនិងការវិនិយោគឯកជនព្រមទាំងត្រូវបានដាក់នៅក្រោមការឃ្លាំមើលរបស់រដ្ឋផងដែរ៕
ខេត្តបន្ទាយមានជ័យ ៖ស្ត្រីអ្នករកស៊ីប្តូរប្រាក់ និងវេលុយវីងត្រូវបានជនមិនស្គាល់មុខធ្វើសកម្មភាពយកលុយដុល្លារឆេងមេងសែនខ្មោចក្រដាស១០០ដុល្លារចំនួន៧៩សន្លឹកស្មើនិង៧.៩០០ដុល្លារទៅដូរយកប្រាក់ខែ្មរ២០លានរៀល រួចគេចខ្លួនបាត់ដោយសុវត្ថិភាព។ ករណីនេះកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅផ្ទះប្តូរប្រាក់ និងបើកវីងវេរប្រាក់ ស្ថិតក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅបានឲ្យដឹងថាជនរងគ្រោះជាម្ចាស់ប្តូរប្រាក់មានឈ្មោះ ស្រេ មួយទៀង ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មុខរបរប្តូរប្រាក់ និងបើកវីងវេរប្រាក់។ លោកវរសេនីយ៍ត្រី ជា ពិសី បានបញ្ជាក់ឲ្យដឹងទៀតថាមុនពេលកើតហេតុនោះជនសង្ស័យមានគ្នា៦នាក់មានក្មេងម្នាក់ផងបានជិះរថយន្តវីហ្គោមកឈប់នៅមុខផ្ទះជនរងគ្រោះបានប្រើល្បិចយកលុយឆេងមេងសែនខ្មោចក្រកាស១០០ដុល្លា៧៩សន្លឹកស្មើនិង៧.៩០០ដុល្លារយកទៅដូរជាប្រាក់ខ្មែរចំនួន២០លានរៀល។ជនសង្ស័យក្រោយពីនិយាយត្រូវរូវជាមួយម្ចាស់ដូរលុយហើយក៏បាននាំម្ចាស់ដូរលុយទៅចំការដំឡូងខាងត្បូងផ្ទះចម្ងាយប្រហែល៧០០ម៉ែត្រ ពីផ្ទះជនរងគ្រោះក្រោយពីរាប់លុយឲ្យទៅអ្នកប្តូប្រាក់គ្រប់ចំនួនជនសង្ស័យបានទទួលលុយអ្នកប្តូរប្រាក់ចំនួន២០លានរៀលរួចមកក៏នាំគ្នាឡើងជិះរថយន្តវីហ្គោពណ៌ខ្មៅ គ្មានស្លាកលេខ គេចខ្លួនបាត់។មួយសន្ទះក្រោយមកម្ចាស់ប្តូរប្រាក់ពេលយកលុយដុល្លាយកមករាប់ពិនិត្យនៅផ្ទះទើបដឹងថាជាដុល្លាឆេងមេងសែនខ្មោចទៅក៏រត់ទៅប្តឹងអាវុធហត្ថនៅស្រុកអូរជ្រៅជួយធ្វើអន្តរាគមន៍។
លោកវរសេនីយ៍ត្រី ជា ពិសី បានឲ្យដឹងទៀតថាករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យទាំង៦នាក់ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ឲ្យទាល់តែបាន៕
វ៉ាស៊ីនតោន ៖អភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley ត្រូបានព្រឹទ្ធសភាអាមេរិកបោះឆ្នោតអនុម័តដើម្បីទទួលស្គាល់ជាអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។
ស្ត្រីវ័យ៤៥ឆ្នាំរូបនេះត្រូវបានព្រឹទ្ធសមាជិកបោះឆ្នោតក្នុងសំឡេងគាំទ្រ៩៦សំឡេង លើ០៤សំឡេង។ ទន្ទឹមនោះលោកស្រី Nikki បានធ្វើឱ្យសមាជិកព្រឹទ្ធសភាភាគច្រើន មានការចាប់អារម្មណ៍ជាខ្លាំង នៅក្នុងអំឡុងពេលសវនាការមួយក្នុងខែមករានេះ ជាពិសេសនៅពេលដែល បានសន្យាថា នឹងដាក់សម្ពាធលើអង្គការសហប្រជាជាតិឱ្យធ្វើកំណែទម្រង់ ព្រមទាំងតស៊ូប្រយុទ្ធផងដែរដើម្បីសិទ្ធិមនុស្ស និងការគាំទ្រដល់ស្ថាប័នអន្តរជាតិទាំងឡាយ៕
បាល់ទាត់ ៖ខ្សែបម្រើក្រុមហង្សក្រហម Liverpool កីឡាករ Philippe Coutinho ត្រូវបានគេរាយការណ៍ថា ជិតឈានដល់ការបន្តកិច្ចសន្យាថ្មីរយៈពេល៥ឆ្នាំបន្ថែមទៀតជាមួយនិងក្លិបនេះ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានក្លិបធ្វើការចរចាដើម្បីបន្ថែមការស្នាក់នៅ នៅកីឡាដ្ឋាន Anfield បន្តបើទោះបីជា Coutinho នៅសល់កិច្ចរយៈពេល៣ឆ្នាំនៅលើកិច្ចព្រមព្រៀងនាពេលបច្ចុប្បន្នរបស់គាត់ក្នុងគោលបំណងដើម្បីទប់ស្កាត់ការចាប់អារម្មណ៍ពីក្លិប Barcelona ។
តាមវេបសាយរបស់ក្លិបបានបង្ហើប ថាការពិភាក្សាបានដំណើរការយ៉ាងល្អរួចទៅហើយជាមួយ Coutinho។ កីឡាករប្រើស៊ីលរូបនេះក៏មានឆន្ទៈក្នុងការដាក់ប៊ិចចុះហត្ថលេខលើកុងត្រាថ្មី យៈពេល៥ឆ្នាំ ដើម្បីរក្សាគាត់នៅ Anfield រហូតដល់ឆ្នាំ ២០២២ ខណៈដែលមានក្លិបជាច្រើនកំពុងតែចាប់អារម្មណ៍និងផ្តល់ជូនតម្លៃពល ខ្ពស់បំផុតរបស់ក្លិបក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
គួរបញ្ជាក់ថា Philippe Coutinho ស៊ុតបញ្ចូលទីបានចំនួន៦គ្រាប់សម្រាប់ក្រុមហង្សក្រហម Liverpool នៅរដូវកាលនេះនិងការបង្ហាញខ្លួនចំនួន ៣៤ ក្នុងចំណាម១៦៣ប្រកួតចាប់តាំងពីផ្ទេរពីក្លិប Inter Milan ក្នុងខែមករាឆ្នាំ ២០១៣៕
រាជធានីភ្នំពេញ ៖នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះកំពូលសម្រេចបន្តឃុំខ្លួនលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ក្នុងពន្ធនាគារដដែលដោយទុកលទ្ធភាពឲ្យសាលាដំបូងរាជធានីភ្នំពេញបន្តនីតិវិធី។ ការម្រេចនេះធ្វើឡើងដោយលោកស្រី គិម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការ ។
លោកស្រី ទេព វន្នី ត្រូវបានតុលាការចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣។ ទន្ទឹមនេះលោកស្រី ទេព វន្នី នៅមានពីរករណីផ្សេងទៀតនៅស្ថាប័នតុលាការ ដូចជាករណីទី១ បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងករណីទីពីរ បទល្មើសប្រមាថអ្នករាជការសាធារណៈ និងបទប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ជាដើម។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ លោក ពេជ្រ វិជ្ជាធរ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចកែប្រែបទចោទប្រកាន់លើស្ត្រីបឹងកក់ពីរនាក់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជាចលនាបដិវត្តន៍ពណ៌ មកជាបទ «ប្រមាថ» វិញ។ តុលាការសម្រេចផ្ដន្ទាទោសស្ត្រីបឹងកក់ទាំងពីរនាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៦ថ្ងៃ និងពិន័យជាប្រាក់៨ម៉ឺនរៀល ពីបទ «ប្រមាថ» តាមមាត្រា៥០២នៃក្រមព្រហ្មទណ្ឌ។ ក្រោយការសម្រេចនេះ អ្នកស្រី បូវ សោភា ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីយប់ថ្ងៃទី២២ ខែសីហា៕
ប៉េកាំង ៖រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា ចិនចង់ជជែកជាមួយរដ្ឋបាលថ្មីរបស់អាមេរិក និងមានឆន្ទៈបង្កើនទំនុកចិត្តនឹងគ្នា ផ្ដោតលើកិច្ចសហប្រតិបត្តិការ គ្រប់គ្រងជម្លោះ និងជំរុញទំនាក់ទំនងប្រកបដោយសុខមាលភាពរវាងចិន និងអាមេរិក ដើម្បីផ្ដល់ប្រយោជន៍ដល់ពលរដ្ឋទាំងពីរប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងក្នុងពិធីទទួលស្វាគមន៍ឆ្នាំថ្មីសម្រាប់ជនជាតិចិនលោករដ្ឋមន្ត្រីការបរទេស លើកឡើងថា ទិសដៅអនាគតនៃទំនាក់ទំនងចិន-អាមេរិក បានទាក់ទាញ់ចំណាប់អារម្មណ៍។ លោករដ្ឋមន្ត្រីបានបន្តថា ប្រទេសចិនចង់ជជែកជាមួយរដ្ឋបាលថ្មីរបស់អាមេរិក ដើម្បីគ្រប់គ្រងជម្លោះ និងជំរុញទំនាក់ទំនងទ្វេភាគី ប៉ុន្តែត្រូវឈរលើមូលដ្ឋានគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដូចជា គោលការណ៍ “ចិនតែមួយ”។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលទើបតែឡើងកាន់តំណែងកាលពីថ្ងៃសុក្រសប្ដាហ៍មុននោះ បានធ្វើឲ្យក្រុងប៉េកាំងអាក់អន់ស្រពន់ចិត្ត នៅមុនការឡើងកាន់តំណែងជាផ្លូវការ ដោយបានបង្ហាញមន្ទិលសង្ស័យចំពោះការប្រកាន់យកគោលការណ៍ “ចិនតែមួយ” ពីសំណាក់ក្រុងវ៉ាស៊ីងតោន ចំពោះដែនដីកោះតៃវ៉ាន់៕
បាល់ទាត់ ៖យោងតាមកាសែតអេស្ប៉ាញ Don Balon បានផ្សាយថា ក្លឹបធំ២នៅក្របខ័ណ្ឌ Premier League មាន Chelsea និង Manchester United កំពុងប្រជែងគ្នាដណ្ដើមទិញយក Gareth Bale ពី Real Madrid។
Man Utd និង Chelsea មានបំណងយក Bale មកកាន់ Premier League វិញតែត្រូវចំណាយលុយមហាសាល ១៧២លានផោនសម្រាប់ការផ្ទេរ ខណៈខ្សែបម្រើសញ្ជាតិវែល ទើបបន្តកុងត្រា ៥ឆ្នាំកន្លះ ជាមួយ Real កាលពីឆ្នាំមុនដែលធ្វើឲ្យរូបគេទទួលថ្លៃនឿយហត់ប្រមាណ១៥០លានផោន។ នៅរដូវកាលថ្មី Bale បានអវត្តមានភាគច្រើនសម្រាប់ការប្រកួតដោយសារការវះកាត់ខ្មងជើងកាលពីខែវិច្ឆិកា។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៣ Bale បានបំបែកកំណត់ត្រាក្លាយជាកីឡាករថ្លៃបំផុតក្នុងលោកពេលផ្ទេរពី Spurs ទៅ Real តែកំណត់ត្រានេះបានបំបែកដោយ Paul Pogba ដែលផ្ទេរទៅ Old Trafford តម្លៃ៨៩លានផោន៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍