រាជធានីភ្នំពេញ៖ក្រុមចោរបានធ្វើសកម្មភាពប្លន់យកម៉ូតូជនរងគ្រោះជាគូសង្សារវ័យក្មេងមួយគូ ខណៈ នាំគ្នាទៅសាសងភាសាស្នេហ៍យ៉ាងផ្អែមល្អែមនៅកន្លែងងងឹត ហើយស្ងាត់ ដែលករណីនេះកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចដីវាលខាងលិចរបងរោងចក្រកាណាឌីយ៉ា ក្រោយរោងទឹកត្នោតជូរ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ឈឿន ឈីន អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើតនៅភូមិពពាយ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ និងនារីជាគូស្នេហ៍មានឈ្មោះ ធួរ លែន អាយុ១៨ឆ្នាំ មុខរបរកម្មររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើតនៅជាមួយគ្នា។
ចំណែកម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ធំ 1I-3080 ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នា៣នាក់ ប្រដាប់ដោយដាវ១ដើម បានរត់គេចខ្លួនក្រោយពេលធ្វើសកម្មភាពប្លន់យកម៉ូតូបានសម្រេច៕


ភ្នំពេញ៖រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមមានករនីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៦០លើកបណ្តាលឲ្យមនុស្ស៣២នាក់បានស្លាប់ និង៩៧នាក់បានរងរបួសធ្ងន់ស្រាល។ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋានគរបាលជាតិ។
របាយការណ៍ដដែលបានបញ្ជាក់ថា រយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២៩ ខែមករា គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន៦០លើក ស្លាប់៣២នាក់ របួសធ្ងន់៦៩នាក់ និងរបួសស្រាល២៨នាក់។ ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នា កាលពីបុណ្យចូលឆ្នាំចិន ឆ្នាំមុនឃើញថា គ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ ដោយកាលពីឆ្នាំមុន កើតឡើង៧២លើក ស្លាប់៣៨នាក់ របួសធ្ងន់៨៥នាក់ និងរបួសស្រាល៤២នាក់។
នាយកដ្ឋាននគរបាលចរាចរណ៍ បានឲ្យដឹងទៀតថា មូលហេតុសំខាន់ដែលបណ្តាលឲ្យកើតគ្រោះថ្នាក់ចរាចរណ៍គឺ ការបើកបរល្មើសល្បឿន និងបើកបរក្នុងស្ថានភាពស្រវឹង ហើយភាគច្រើននៃអ្នកស្លាប់ គឺជាអ្នកបើកបរម៉ូតូ ដោយមិនពាក់មួកសុវត្ថិភាព។ ក្នុងករណីបើកបរក្នុងស្ថានភាពស្រវឹង សមត្ថកិច្ចនឹងធ្វើការឃាត់ និងពិន័យតាមអនុក្រឹត្យលេខ៨៥ ឬបញ្ជូនទៅតុលាការតាមមាត្រា៧៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (ករណីស្រវឹងលើស កម្រិតច្បាប់កំណត់)។
គួរបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមកាលពីឆ្នាំ២០១៦ មានមនុស្សស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ចំនួន៤១នាក់ និងក្នុងចំណោមគ្រោះថ្នាក់៨០ករណី៕

ដោយ៖ប៉ែន សុផល
បាត់ដំបង៖ទីតាំងសង្វៀនជល់មាន់លួចលាក់១កន្លែងត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១ចុះបង្ក្រាប ខណៈកំពុងលួចជល់ក្នុងឱកាសបុណ្យចូលឆ្នាំចិនដកហូតបានមាន់១ក្បាល និងម៉ូតូចំនួន១៣គ្រឿង។
លោក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែបាននិយាយអោយដឹងថា ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបទីតាំងលួចលាក់ប្រជល់មាន់ខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្រុមទី២២ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
លោកបន្តទៀតថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរដោយមានការដឹងខ្លួនជាមុនអ្នកលេងជល់មាន់ទាំងអស់នោះបានរត់គេចខ្លួនបាត់អស់ដោយបន្សល់ទុកវត្ថុតាងរួមមាន៖ មាន់ជល់ចំនួន១ក្បាល សង្វៀនជល់មាន់ចំនួន១វង់ ស៊ុមសំរាប់ក្រុងមាន់ចំនួន៣ស៊ុម និងម៉ូតូចំនួន១៣គ្រឿង។
បច្ចុប្បន្នវត្ថុតាងមធ្យោបាយខាងលើត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែ៕



រាជធានីភ្នំពេញ៖សកម្មជនដ៏សកម្មរបស់គណបក្សសង្គ្រោះជាតិ និងជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្រុងប៉ោយប៉ែត លោក ម៉ង់ ពុធី ហៅ ឌិន ពុទ្ធី ដែលពេលថ្មីៗនេះ មានជម្លោះជាមួយនាយករងប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត បានដាក់ពាក្យសុំចាកចេញពីគណបក្សប្រឆាំងហើយ ហើយអាចនឹងចូលរួមជាមួយបក្សកាន់អំណាចនាពេលខាងមុខ ។ ប៉ុន្តែក្នុងលិខិតសុំលាលែងពីបក្សប្រឆាំងលោក ឌិន ពុទ្ធី ប្រាប់ហេតុផលថា ដោយសារតែលោកគ្មានពេលគ្រប់គ្រាន់ដើម្បីបម្រើបក្សតទៅទៀត ពីព្រោះជាប់រវល់ការងារសមាគមរបស់លោក។
កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅត្រង់ក្បាលស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រវាងថយន្តម៉ាក LEXUS RX300 ពាក់ស្លាក់លេខ ប-ជ 2A 5484 ពណ៌ស្ករ បើកបរដោយ លោក ឌិន ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាមួយ លោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ប៉ោយប៉ែត ដែលចុះរៀបចំសណ្ដាប់ធ្នាប់នៅលើស្ពានមិត្តភាពកម្ពុជា-ថៃ។
សមត្ថកិច្ចបាន ឃាត់ខ្លួន លោក ឌិន ពុទ្ធី អ្នកបើកបររថយន្តបញ្ជូនទៅតុលាការភ្លាមៗផងដែរ ហើយតុលាការខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួន លោក ឌិន ពុទ្ធិ បណ្តោះអាសន្នតែម្តង តែក្រោយមកត្រូវបានសាលាឧទ្ធរណ៍សម្រេចដោះលែងវិញ៕


រាជធានីភ្នំពេញ៖ប្រភពពីមន្ត្រីបក្សប្រឆាំងឲ្យដឹងថា ក្រុមតំណាងរាស្ត្រគណបក្សនេះ គ្រោងនឹងកោះហៅរដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅបំភ្លឺក្នុងរដ្ឋសភា ករណីដំឡើងឋានន្តរស័ក្ដិដល់មន្ត្រីយោធា២រូប ដែលវាយតំណាងរាស្ត្រ CNRP កាលពីប៉ុន្មានឆ្នាំមុន។
លោក ហូ វ៉ាន់ តំណាងរាស្ត្របក្សប្រឆាំងបានថ្លែងថា តំណាងរាស្ត្របក្សប្រឆាំងទាំង ៥៥រូប អាចនឹងកោះហៅរដ្ឋមន្ត្រីក្រសួងការពារជាតិ មកឆ្លើយបំភ្លឺក្នុងរដ្ឋសភា បន្ទាប់ពីមានរាជក្រឹត្យមួយចុះផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងវរសេនីយ៍ឯកពីររូប ឡើងជាឧត្តមសេនីយ៍ត្រី ខណដែលមន្ត្រីយោធាទាំងនោះធ្លាប់បានវាយតំណាងរាស្ត្រនាពេលកន្លងទៅ ។
យ៉ាងណាក៏ដោយ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ធ្លាប់បានថ្លែងថា ការដំឡើងជានន្តរស័កិ្តមន្ត្រីយោធាទាំង២រូបនោះ គឺក្រោយពេលដែលពួកគេបានទទួលទោសតាមច្បាប់រួចរាល់ ហើយរាល់ការតម្លើងស័ក្កដល់មន្ត្រី គឺអាស្រ័យទៅលើស្នាដៃ ឬសកម្មភាពការងាររបស់បុគ្គលម្នាក់ៗ និងជាតួនាទីភារកិច្ចរបស់ក្រសួងការពារជាតិ៕


ខេត្តពោធិ៍សាត់៖ទាហានឈុតខ្មៅថៃចាប់ខ្លួនពលរដ្ឋខ្មែរម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ទៀត បានរត់គេចខ្លួន ខណៈពួកគេលួចឆ្លងដែនចូលកាប់ឈើគ្រញូងក្នុងទឹកទឹកដីថៃ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចច្រកផ្លូវលេខ៥៦ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
មេបញ្ជាការរងវរការពារព្រំដែនគោកលេខ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកវរសេនីយ៍ទោ ជា ជួន បានឲ្យដឹងថា ជនសង្ស័យដែលលួចឆ្លងដែនចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃនោះ មានឈ្មោះ លី ភារៈ ភេទប្រុស អាយុ២៤ឆ្នាំ មានទីកន្លែងកំណើតក្នុងភូមិស្រែវាល ឃុំស្រែវាល ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បច្ចុប្បន្នទៅស្នាក់នៅបណ្តោះអាសន្នជាមួយប្រជាពលរដ្ឋឈ្មោះ អាត ជាប្តី និងឈ្មោះ ចាន់ នី ជាភរិយា ក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកមេបញ្ជាការស្តីទីបានបន្តថា មានទាហានថៃកងរយលេខ៥៣១ ឈរជើងទល់មុខប៉ុស្តិ៍ច្រកផ្លូវ៥៦ បានផ្តល់ព័ត៌មានថា មានពលរដ្ឋខ្មែរម្នាក់ ក្នុងចំណោម៦នាក់ ត្រូវបានចាប់ខ្លួន ខណៈលួចឆ្លងដែនចូលកាប់ឈើគ្រញូងក្នុងទឹកដីរបស់គេ។
លោកបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំងចុះទៅដល់កងរយលេខ៥៣១ ដើម្បីស្រាវ ជ្រាវសួរនាំ និងធានាយកខ្លួនជនសង្ស័យ ដើម្បីមកអនុវត្តន៍ច្បាប់របស់ប្រទេសយើងវិញ។ ប៉ុន្តែខាងភាគីថៃមិនយល់ស្រប ពោលគេយកទៅអនុវត្តច្បាប់របស់ប្រទេសគេសិន។ ដោយឡែកអ្នកដែលរត់រួចនោះ កម្លាំងវរ៨២៥ សហការជាមួយកម្លាំងប៉ុស្តិ៍ថ្មដា និងកម្លាំងប៉ុស្តិ៍ច្រកផ្លូវ៥៦ កំពុងតាមរក ដើម្បីនាំខ្លួនមកអនុត្តន៍តាមនីតិវិធី៕



ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង៖បុរសម្នាក់ទើបត្រឡប់មកពីប្រទេសថៃខឹងប្រពន្ធមិនអោយដេកជាមួយបានសម្រេចចិត្តយកខ្សែអង្រឹងធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯង។ ហេតុការណ៍គួរអោយភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង៦ និង០០នាទីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នៅចំណុចក្រុមទី៨ ភូមិអូរស្លាបប៉ាង ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ កាន់ វណ្ណះ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅចំណុចភូមិឃុំកើតហេតុខាងលើបានធ្វើអត្តឃាតដោយយកខ្សែអង្រឹងមកចងកទៅនឹងរតផ្ទះបាយខាងក្រោយផ្ទះសម្លាប់ខ្លួនឯងដោយខឹងនឹងប្រពន្ធក្រោយពីខ្លួនមកពីរកស៊ីនៅប្រទេសថៃវិញប្រពន្ធមិនឲ្យដេកជាមួយ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



រាជធានីភ្នំពេញ៖ទីបំផុតរដ្ឋសភាបានសម្រេចយក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីប្រជុំ ពិភាក្សានិងអនុម័តសេចក្តីស្នើ វិសោធនកម្មបទបញ្ជា ផ្ទៃក្នុងនៃរដ្ឋសភា ត្រង់ជំពូកទី១២ថ្មី ប្រការ៤៨ថ្មី (បី) ដែលអាចនិយាយថា ដើម្បីសម្រេចដកតំណែងលោក កឹម សុខា ពីតំណែងប្រធានក្រុមតំណាងរាស្ត្រភាគតិចក្នុងរដ្ឋសភា។
សូមបញ្ជាក់ថា ក្រុមតំណាងរាស្ត្រមតិភាគច្រើន ដែលមានសម្តេច ស ខេង ជាប្រធាន និងលោក សម រង្ស៊ី ជាប្រធានក្រុមតំណាងរាស្ត្រ ភាគតិច ត្រូវបានបង្កើតឡើង ក្រោយបញ្ចប់ បញ្ហានយោបាយ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ។ ប៉ុន្តែនៅចុងឆ្នាំ២០១៦ សម្តេច ហ៊ុន សែន បានប្រកាសថា លោក កឹម សុខា វិញទេជាដៃគូសន្ទនា ជាមួយសម្តេច ក្រោយពីតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ បានគាំទ្រឲ្យលោក កឹម សុខា ក្លាយជាប្រធាន ក្រុមតំណាងរាស្ត្រ មតិភាគតិចវិញ ។ ប៉ុន្តែប្រសិនបើរដ្ឋសភាអនុម័តលើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងត្រង់ជំពូកទី១២ថ្មី ប្រការ៤៨ថ្មីនោះ លោក កឹម សុខា នឹងបាត់បង់តំណែងនោះតែម្តង៕


រាជធានីភ្នំពេញ៖នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ Facebook មួយឈ្មោះ «សីហា» បានបង្ហោះទម្លាយរូបភាព និងបកអាក្រាត រឿងអាស្រូវរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដែលងប់ងល់នឹងល្បែងស៊ីសង ស្រីញី អូនបង ហើយសុខចិត្តឱនក្បាលទទួលលុយពីមន្ត្រី CPP ថែមទៀត ។
សូមអានសំណេះរបស់ ម្ចាស់ Account Facebook ឈ្មោះ សីហា ដែលបានបង្ហោះរូបភាព និងសរសេរទម្លាយការពិតរបស់លោក អេង ឆៃអ៊ាង ដូចខាងក្រោម៖
«នាងខ្ញុំសូមលាតត្រដាងការពិត និងបកអាក្រាតមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ ដែលវក់នឹងល្បែងនិងពុករលួយ ! ជូនចំពោះមិត្តភក្ត្រិហ្វេសបុកបានដឹង ដើម្បីជាការពិចារណា។
ពីដំបូងនាងខ្ញុំនៅបក្សសិទ្ធមនុស្ស បន្ទាប់មកក៏រួមគ្នាជាគណបក្សសង្គ្រោះជាតិ ជិត៤ឆ្នាំមកនេះ ខ្ញុំឃើញនៅក្នុងបក្សនេះគឺ រឿងដែលស្មានមិនដល់នោះគឺ បញ្ហាសីលធម៌ស្មោគគ្រោក តាំងពីមន្ត្រីថ្នាក់លើបង្អស់ដល់ក្រោម មានអ្នកខ្លះឆ្កួតនឹងស្រីញី ស្អុយគគ្រុកកេរ្តិ៍ឈ្មោះអសោចផិតក្បត់គ្នាទៅវិញទៅមក ដូចជា យឹម សុវណ្ណ សាហាយស្មន់ជាមួយតំណាងរាស្ត្រគ្នាឯង លី ស្រីវីណា ហើយអ្នកខ្លះទៀត វក់នឹងល្បែងស៊ីសង ពាលាអាវ៉ាសែផង ស្រីញីផងរហូតហ៊ានលក់ អស់គ្មានសល់ទ្រព្យសម្បត្តិ រហូតដល់ថ្នាក់ជំពាក់លុយគេវ័ណ្ឌក ពីព្រោះតែចាញ់ល្បែង។
តួយ៉ាងដូចជា អេង ឆៃអ៊ាង ជាមនុស្សជំនិតមួយរូបរបស់លោក សម រង្ស៊ី គឺជាអ្នកតំណាងរាស្ត្រម្នាក់ដែលលេចមុខនៅតែគ្រប់កាស៊ីណូ លេងល្បែងមិន លោះពេល ញៀននឹងល្បែងដោយមិនខ្វល់ពីការប្រជុំសភា ឬត្រូវចុះជួយដោះស្រាយបញ្ហាជូនពលរដ្ឋនៅមណ្ឌលរបស់ខ្លួនឡើយ។ ជានិច្ចកាលបុគ្គលនេះ ខ្ញុំមិនសូវដែលឃើញមុខនៅមូលដ្ឋានទេ តែបើចង់ដឹងថា លោក អេង ឆៃអ៊ាង នៅកន្លែងណានោះ គេគ្រាន់តែទៅកន្លែងលេងល្បែង នៅកាស៊ីណូណាមួយ នោះនឹងបានឃើញគាត់ភ្លាម។ ជារឿយៗនិងជាទម្លាប់ លោក អេង ឆៃអ៊ាង តែងតែចូលលេងល្បែងនៅក្នុងកាស៊ីណូសិន នៅមុនពេលចូលប្រជុំសភា។
ដោយសារតែវក់នឹងល្បែង លោក អេង ឆៃអ៊ាង សុខចិត្តធ្វើមុខក្រាស់ទទួលលុយពីមន្ត្រីរបស់បក្សកាន់អំណាច ដែលជាអ្នកជំនួញជាប់រហូតមក គឺគាត់សុខចិត្តលក់ឧត្តមគតិខ្លួនឯង ឲ្យតែបានលុយលេងល្បែង និងការសប្បាយស្រីញីអូនបង។ ម្យ៉ាងវីញទៀត ឲ្យតែរដូវបោះឆ្នោតមកដល់គឺលោក អេង ឆៃអ៊ាង ត្រូវប៉ាន់ហើយមានលុយចូលលេងល្បែងកាន់តែញឹកញាប់។
ជាក់ស្តែងបេក្ខជនចង់ឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧នេះ នៅតាមខេត្តជាពិសេសភ្នំពេញ ត្រូវសូកលោក អេង ឆៃអ៊ាង ៥០០០ដុល្លារ រឺ ៣០០០ដុល្លារ បើចង់បានលេខរៀងទី១ រឺ ទី២ ! បើលោក អេង ឆៃអ៊ាង លេងល្បែងលេងទៅហើយតែរឿងមានស្រី ក្រៅផ្ទះរាប់មិនអស់វាយ៉ាងម៉េចដែរ?។ ឆ្គួតស្រី ឆ្គួតស្រា ឆ្គួតល្បែង លោក អេង ឆៃអ៊ាង ឆ្គួត២រួចទៅហើយគឺ ល្បែងនិងស្រី។ ខាងក្រោមនេះជារូបថតស្រីលោក អេង ឆៃអ៊ាង នៅខេត្តសៀមរាប»៕

គុយវ៉ែត៖ព្រះអង្គម្ចាស់នៃខ្សែរាជវង្ស Al-Sabah និងអ្នកទោស៦នាក់ផ្សេងទៀតត្រូវបានតុលាការនៃប្រទេសគុយវ៉ែតកាត់ទោសប្រហារជីវិត ដោយព្យួរ-កនៅឯពន្ធនាគារមួយកន្លែង ស្ថិតនៅភាគកណ្ដាលនៃប្រទេស។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។
សារព័ត៌មានដដែលបញ្ជាក់ថា ព្រះម្ចាស់ Faisal Abdullah Al-Jaber Al-Sabah ត្រូវបានតុលាការផ្ដន្ទាទោសប្រហាជីវិតកាលពីឆ្នាំ២០១០ ពីបទសម្លាប់ក្មួយប្រុស និងព្រះអង្គម្ចាស់ម្នាក់ផ្សេងទៀត។ ហើយដែលនេះគឺជាការកាត់ទោសប្រហារជីវិតលើកដំបូងបំផុតគិតចាប់តាំងពីខែមិថុនា ឆ្នាំ២០១៣មក។ អ្នកទោស០៦នាក់ផ្សេងទៀត ក៏មានស្ត្រីជាជនជាតិគុយវ៉ែតម្នាក់ផងដែរ ហើយសម្រាប់០៥នាក់ទៀតគឺរួមមានបុរស០៣នាក់ និងស្ត្រី០២នាក់មកពីប្រទេសបង់ក្លាដែស អេត្យូពី ហ្វីលីពីន និងអេហ្ស៊ីប ដែលសុទ្ធតែត្រូវបានផ្ដន្ទាទោសប្រហារជីវិតពីបទមនុស្សឃាតដូចគ្នា៕

រាជធានីភ្នំពេញ៖សម្តេចក្រឡាហោមស ខេង ប្រធានគណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសលើផ្ទៃបឹងទន្លេសាប និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចកោះអញ្ជើញអភិបាលខេត្តទាំងពីរ គឺខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ មកភ្នំពេញ ដើម្បីជួបប្រជុំរកដំណោះស្រាយនៅថ្ងៃទី២៨ មករា ទាក់ទងបទល្មើសនេសាទដ៏ធ្ងន់ធ្ងរ ដែលកំពង់កើតមាននៅក្នុងភូមិសាស្ត្រខេត្តទាំងពីរនេះ។ ចំណែកខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ វិញអញ្ជើញត្រឹមអភិបាលរងខេត្តមកចូលរួម។
សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២៥ មករា បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រជាលើកដំបូងត្រួតពិនិត្យបទល្មើសនេសាទនៅលើបឹងទន្លេសាប អមដំណើរដោយលោកឧត្តមសេនីយ៍នេត សាវឿន ,លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីមួយចំនួនទៀត ។ ដំណើរត្រួតពិនិត្យនោះធ្វើឡើងបន្ទាប់ពីការបង្កើតគណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសលើផ្ទៃបឹងទន្លេសាប នៅចុងឆ្នាំ២០១៦។
ការត្រួតពិនិត្យរកឃើញថា នៅខេត្តកំពង់ធំ និងកំពង់ឆ្នាំងបទល្មើសនេសាទកើតមានច្រើន ខណៈនៅបាត់ដំបង សៀមរាប ពោធិ៍សាត់មិនសូវកើតមានទេ ។ ប៉ុន្តែនៅថ្ងៃទី២៤ មករា សមត្ថកិច្ចចម្រុះរបស់ក្រសួងបានបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលប្រើប្រាស់ឧបករណ៍អួនក្រឡាញឹកប្រើប្រាស់ម៉ាស៊ីនអូសទាញ និងឧបករណ៍យ៉ាំងកាវជាច្រើនវង់ និងចាប់ឃាត់ខ្លួនមនុស្ស៤១នាក់៕


រាជធានីភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីការព្យាករណ៍ស្ថានភាពអាកាសធាតុ លើកទី១ ឆ្នាំ២០១៧ ក្នុងរដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០១៧ ដើម្បីឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណៈជន ជាពិសេស បងប្អូនប្រជាកសិករជ្រាបជាព័ត៌មាន៕


រាជធានីភ្នំពេញ៖យើងមិនចាំបាច់បរិយាយបន្ថែមអំពីខ្លឹមសារឬបញ្ចេញទស្សនៈ ទាក់ទងព័ត៌មាននេះទេ, ប៉ុន្តែសូមតាមដានសំណេរដែលបង្ហោះលើ Facebook ទាំងអស់គ្នា ៖
ម្ចាស់ Account Facebook ឈ្មោះ សីហា បានបង្ហោះរូបភាព និងសរសេរទម្លាយការពិតដូច្នេះដូចខាងក្រោម៖
«ការលែងល្បែងស៊ីសង ស្រីញី ប្រុសឈ្មោល សាហាយស្មន់វាជារឿង ធម្មតាទៅហើយក្នុងបក្ស សង្គ្រោះជាតិរបស់យើង។ តែរឿងដែលមិនធម្មតាគឺការ លួចសាហាយគ្នារវាងអ្នកតំណាងរាស្ត្រ២នាក់គឺលោក ចាន់ ចេង និងលោកស្រី ពត ពៅ ដែលសាហាយគ្នាតាំងពីអ្នកទាំងពីររត់ទៅស្រុកបារាំងឆ្នាំ២០១២។
ថានៅស្រុកបារាំងចុះវាបែកពីប្រពន្ធបែកពីប្តីយកគ្នា ដោះស្រាយតណ្ហារបណ្តោះអាសន្នដូចអាចយោគយល់បាន តែពេលមកដល់ស្រុកវិញ ម៉េចនៅលួចសាហាយគ្នាទៀត។ លោកស្រី ពត ពៅ មានទាំងចៅបែរជាបោកកូនឱយនាំចៅទៅដើរលេង២យប់ ដើម្បីឱយ ចាន់ ចេង មកដេកជាមួយ ក្នុងពេលប្តីជាប់យាមឃ្លាំងឱយគេក្នុងពេលយប់។ សំណាងហើយលោក ចាន់ ចេង និងលោកស្រី ពត ពៅ ដែលប្តីមកមិនទាន់ ព្រោះប្តីទូរស័ព្ទមកមុន ថាយប់នេះអត់យាមត្រូវមកផ្ទះវិញ។ លោក ចាន់ ចេង រត់ចោលខោខ្លី ដែលលោកស្រីពត ពៅ ហែកចោលញាត់ក្នុងបង្គន់ទាន់ពេលកុំអី ដូចពស់កេងកងហើយ។
លោកប្រធាន និងអនុប្រធានមិនហ៊ាននិយាយអ្វីទេ ព្រោះមានរឿងដូចគ្នា ប្តីក្បត់ប្រពន្ធ ឯប្រពន្ធក៏ក្បត់ប្តីវិញដែរ។ បក្សយើងប្រៀបដូចសត្វធាតុ ទៅហើយលោកប្រធាន»៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍