ខេត្តពោធិ៍សាត់ ៖កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ បង្ក្រាបរទេះក្របីកង់រថយន្តដឹកឈើប្រភេទធ្នង់ចំនួន១០រទេះ ក្នុងនោះបានឃាត់អ្នកបរទេះចំនួន៥នាក់ដើម្បីធ្វើការសាកសួរ និងសត្វក្របីចំនួន១០ក្បាល ខណៈពួកគេកំពុងធ្វើសកម្មភាពដឹកជញ្ជូនជាក់ស្ដែង។ ចំណែកអ្នកបរទេះ៥នាក់ទៀត និងសត្វក្របី១០ក្បាលផងនោះបានរត់គេចខ្លួន។
ប្រតិបត្តិការខាងលើនេះ ចាប់ផ្តើមតាំងពីព្រលប់ថ្ងៃទី២៩ រហូតដល់ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចនានាក្នុងព្រៃខាក្រោយភូមិ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
កម្លាំងកងរាជអាវុធហត្ថចុះប្រតិបត្តិការបង្ក្រាបខាងលើ បានឱ្យដឹងថា រទេះក្របីកង់រថយន្តដឹកឈើប្រភេទប្រណិតធ្នង់ មានផលលំបាកខ្លាំងក្នុងការបង្ក្រាប ព្រោះតំបន់នោះក្នុងព្រៃ គ្មានផ្លូវរថយន្ត គឺកម្លាំងថ្មើរជើង ម្យ៉ាងទៀតយប់ងងឹតទើបកម្លាំងអនុវត្តន៍បានមនុស្សតែចំនួន ៥នាក់ និងសត្វក្របីចំនួន ៥នឹម ស្មើនឹង ១០ក្បាល ចំណែករទេះក្របីកង់រថយន្តចំនួន ១០រទេះ ដោយឡែកអ្នកបរទេះ ៥នាក់ និងសត្វក្របីចំនួន ៥នឹម ស្មើនឹង ១០ក្បាលដែរនោះ ត្រូវបានពួកគេនាំគ្នាដឹកគេចបាត់ ។
ប្រភពពីកម្លាំងខាងលើបន្តថា បន្ទាប់ពីកងកម្លាំងបាននាំរទេះរួមទាំងអ្នកបរ ៥នាក់ ក្របី ១០ក្បាល មកដល់កណ្ដាលភូមិក្សេត្របូរី រួចធ្វើការសួរនាំដើម្បីបំពេញនីតិវិធីឃើញថា អ្នកបរទេះទាំង ៥នាក់ ខាងលើ ពួកគេបច្ចុប្បន្នរស់នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ហើយគេបាននាំគ្នាចេញដំណើរទៅដឹកឈើខាងលើតាំងពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចខ្មោចចាម ក្នុងព្រៃភ្នំក្នុងដែនសមត្ថកិច្ចបរិស្ថាន (ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់) ក្នុងគោលបំណងយកមកលក់ឱ្យថៅកែម្នាក់ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ (កន្លែងបង្ក្រាប) ។
ប្រភពខាងលើដដែលនេះបន្តទៀតថា តាមចម្លើយសារភាពពីអ្នកបរទេះទាំង ៥ខាងលើ ក្នុងចំណោម ១០រទេះ មានម្នាក់ស្គាល់ផ្លូវ និងស្គាល់កន្លែងលាក់ឈើ ដែលពួកគេទៅដឹកយកមកដើម្បីលក់ឱ្យឈ្មួញម្នាក់ដូចបានរៀបរាប់ខាងលើ ហើយកន្លងមកពួកគាត់ធ្លាប់ស៊ីឈ្នួលដឹកឈើប្រណិតឱ្យឈ្មោះ ខន នៅឃុំឈើតុំ ក្រោយសួរនាំនិងបំពេញនីតិវិធីចប់សព្វគ្រប់ វត្ថុតាងទាំងឈើទាំងរទេះ ទាំងអ្នកបរទេះ ទាំងសត្វក្របីចំនួន ១០ក្បាល បានប្រគល់ឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបន្តតាមនីតិវិធី ។
ប្រភពព័ត៌មានពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានឱ្យដឹងថា ឈើទាំង ១០រទេះខាងលើនេះ ជាឈើប្រភេទប្រណិតធ្នង់ មានចំនួន ៥១ដុំ ស្មើនឹង ៦.១៣៥ម៉ែត្រគូប និងរទេះកង់រថយន្តចំនួន ១០រទេះ សត្វក្របីចំនួន ៥នឹម ស្មើនឹង ១០ក្បាល ហើយវត្ថុតាងឈើប្រណិតខាងលើនេះ រួមទាំងរទេះកង់រថយន្តចំនួន ១០រទេះ បានយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្ដិ៍រដ្ឋបាលនគរបាលសន្ទ្រែ ចំណែកអ្នកបរទេះទាំង ៥នាក់ រួមទាំងសត្វក្របីយើងបានបំពេញនីតិវិធីលាយល័ក្ខជាអក្សរត្រឹមត្រូវឱ្យគាត់ទៅផ្ទះសម្បែងវិញ រង់ចាំគោលការណ៍ថ្នាក់លើដើម្បីអនុវត្តន៍បន្ត ។
គួររំលឹកផងដែរ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នៅភូមិស្រែពពាយ និងភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ដដែលនេះដែរ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញប្រមូលឈើប្រភេទប្រណិតធ្នង់តាមលំនៅដ្ឋាន ៤កន្លែង ចំនួន ៥៩ដុំ ស្មើនឹង ៦.៨៥៤ម៉ែត្រគូប បានប្រគល់ឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ហើយគេបានយកវត្ថុតាងខាងលើនេះ យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជាបណ្ដោះអាសន្នផងដែរ និងកំពុងកសាងសំណុំរឿងពាក់ព័ន្ធនឹងម្ចាស់លំនៅដ្ឋានដែលគេរកឃើញឈើខាងលើ បញ្ជូនមកមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ចាត់ការបន្ត៕
រាជធានីភ្នំពេញ ៖ព្រឹកនេះរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន នឹងចុះហត្ថលេខាទទួលឥណទានសម្បទានពីកូរ៉េខាងត្បូងជាង៤០០លានដុល្លារនៅទីស្តីការក្រសួងការបរទេស៕
រាជធានីភ្នំពេញ ៖បុរសម្នាក់ដាច់ប្រអប់ជើង និងដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយត្រូវរថយន្តមួយគ្រឿងបុកពេញទំហឹង ខណៈកំពុងជិះម៉ូតូ ដែលគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកូរ៉ូឡា ពណ៌ស្លែ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2H-1637 បើកបរយ៉ាងលឿនដូចហោះតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានបុកម៉ូតូមួយគ្រឿង ដែលបើកបរស្របទិសគ្នាពេញទំហឹង បណ្តាលឲ្យប៉ើងអ្នកបើកម៉ូតូទៅបុកនឹងដើមឈើបាក់ឆ្អឹង ដាច់ប្រអប់ជើង និងបើកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងស្ទួចរថយន្តយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ចំណែកឯសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំពង់ចាម ៖អធិការនគរបាលស្រុលជើងព្រៃបានបញ្ជូនខ្លួនអតីតទណ្ឌិតម្នាក់ ដែលបានដោះលែងឲ្យមានសេរីភាពថ្មីៗ ឲ្យទៅនៅក្នុងពន្ធនាគារ ជាលើកទី២ម្តងទៀត ព្រោះតែទណ្ឌិតម្នាក់នេះមិនកែខ្លួន ដោយបានចាប់រំលោភសេពសន្ថវៈ រហូតបានសំរេច លើនារីមានសតិមិនល្អ។
លោកវរសេនីយ៍ត្រី យ៉ែម សុផល អធិការរងនគរបាលស្រុកជើងព្រៃ បានឲ្យដឹងថា ករណីរំលោភសេពសន្ថវ នេះបានកើតឡើង នៅវេលាម៉ោង១៣ និង០០នាទី ថ្ងៃទី២៨ មករា ២០១៧ នៅក្រោមផ្ទះឈ្មោះ សំ ហន ភេទប្រុស អាយុ៦៣ឆ្នាំ ជាឪពុកនារីរងគ្រោះ មានទីលំនៅភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ជនសង្ស័យត្រូវបានសមត្ថកិច្ច ចាប់ខ្លួនឈ្មោះ ឆុំ ស៊ឺន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេងុខាងលើ ជាអតីតទណ្ឌិត ត្រូវបានដោះលែងចេញពីពន្ធនាគារ កាលពីថ្ងៃទី២១ កក្កដា ឆ្នាំ២០១៦ ពីបទប្រទូស្តកេរ្តិ៍ខ្មាស។ ចំណែកនារីរងគ្រោះឈ្មោះ (ហ.យ) អាយុ៣៤ឆ្នាំ ជាមនុស្សមានសតិមិនល្អ មានផ្ទះក្បែរជនសង្ស័យ ភូមិ-ឃុំកើតហេតុ។
ស្ត្រីរងគ្រោះ បានឲ្យដឹងថា នៅពេលកើតហេតុ នាងនៅក្រោមផ្ទះតែម្នាក់ឯង ពេលនោះស្រាប់តែមានឈ្មោះ ឆុំ ស៊ឺន ភេទប្រុស បានចូលមកដល់ក្រោមផ្ទះ ចាប់នាងផ្តួលទៅលើគ្រែ ហើយរំលោភសេពសន្ថវ រហូតបានសំរេច ខណៈនោះឪពុកនាងបានមកទាន់ចាប់ឈ្មោះ ឆុំ ស៊ឺន ប្រគល់ជូនសមត្ថកិច្ច ។
លោក សំ ហន (ឪពុកនារីរងគ្រោះ) បានឲ្យដឹងថា នៅមុនពេលកើតហេតុ លោកបានយកម៉ូតូទៅលាង ពេលលាងម៉ូតូហើយ ក៍បណ្តើរម៉ូតូមកទុកក្រោមផ្ទះ ក៍បានឃើញឈ្មោះ ឆុំ ស៊ឺន កំពុងរំលោភសេពសន្ថវ កូនស្រីរបស់ខ្លួន ឃើញដូច្នេះ លោកក៍បានចូលទៅចាប់ឈ្មោះ ឆុំ ស៊ឺន ប្រគល់ឲ្យសមត្ថកិច្ច។
ជនសង្ស័យបានសារភាពថា នៅមុនពេលកើតហេតុខ្លួនបាននៅក្រោយផ្ទះផ្លាសខ្សែចំណងគោ ហើយដើរត្រឡប់មកវិញ ស្រាប់តែឈ្មោះ ហ.យ នៅក្បែរផ្ទះស្រែកហៅខ្លួនឲ្យទៅជិត ហើយក៍បបួលខ្លួនរួមភេទ ។ ឆុំ ស៊ឺន (ជនសង្ស័យ) បន្តថា ពេលរួមភេទរួចបានសំរេចហើយ ស្រាប់តែឪពុកនាងមកទាន់ ក៍ចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕
ខេត្តមណ្ឌលគិរី ៖នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ បានចុះទៅត្រួតពិនិត្យជាក់ស្តែងនៅទីតាំងស្តុងឈើក្រុមហ៊ុនដាយថាន់ ខេត្តមណ្ឌលគិរី ដែលត្រូវបានភ្លើងឆេះជាបន្តបន្ទាប់។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ប៉ុន្មានថ្ងៃមុននេះ ភ្លើងបានឆេះជាបន្តបន្ទាប់នៅទីតាំងស្តុកឈើរបស់ក្រុមហ៊ុន ដាយថាន់ មិនដឹងមូលហេតុ ។ តាមរបាយការណ៍គឺមុនដំបូងភ្លើងបានចាប់ផ្តើមឆេះយ៉ាងសន្ធរសន្ធៅ នៅទីតាំងក្រុមហ៊ុនកសិកម្មខ្មែរអង្គរ ប៉ុន្តែត្រូវបានរលត់ទៅវិញដោយមានការអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គិភ័យនគរបាលខេត្តក្រចេះ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា។
បន្ទាប់មកនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ មានភ្លើងឆេះម្តងទៀត នៅទីតាំងស្តុកឈើក្រុមហ៊ុនដាយថាន់ ដោយមានការត្រៀមជាមុននូវរថយន្តពន្លត់អគ្គិភ័យ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅពេលភ្លើងឆេះកម្លាំងពន្លត់អគ្គិសនី បានខិតខំប្រឹងប្រែងពន្លត់ភ្លើងអស់រយៈពេលពេញមួយថ្ងៃ ទើបភ្លើងបានរលត់ទៅវិញ ដោយមានការសហការពីរថយន្តពន្លត់អគ្គិភ័យ របស់នគរបាលខេត្តក្រចេះ និងខេត្តមណ្ឌលគិរីចំនួន៤គ្រឿងទៀត៕
រាជធានីភ្នំពេញ ៖ប្រធានាធិបតីសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោក U Htin Kyaw និងភរិយា នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាចុងសប្តាហ៍នេះរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។
បើយោងតាមសេចក្តីជូនព័ត៌មានផ្លូវការរបស់ក្រសួងការបរទេសខ្មែរបានបញ្ជាក់ឲ្យដឹងថា អំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដែលធ្វើឡើងតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានោះដែរ លោកប្រធានាធិបតី U Htin Kyaw នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ នៅក្នុងព្រះបរមរាជវាំងនិងជួបទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយមុនបិទបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ លោកប្រធានាធិបតី នឹងអញ្ជើញទៅទស្សនាប្រាសាទអង្គរក្នុងខេត្តសៀមរាបផងដែរ៕
ម៉ានីល ៖ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅថ្ងៃចន្ទនេះបាននិយាយថា លោកនឹងពង្រីកសង្គ្រាមគ្រឿងញៀនបង្ហូរឈាមរបស់គាត់រហូតដល់ថ្ងៃចុងក្រោយនៃអាណត្តិរបស់គាត់នៅឆ្នាំ២០២២ប៉ុន្តែបានទទួលស្គាល់ថា កងកម្លាំងប៉ូលិសរបស់គាត់កំពុងពុករលួយ។
មនុស្សរាប់ពាន់នាក់បានស្លាប់នៅក្នុងការបង្ក្រាបដែលចាប់ផ្តើមនៅពេលដែលលោក Duterte ចូលកាន់តំណែងនៅពាក់កណ្តាលឆ្នាំមុនខណៈក្រុមអង្គការសិទ្ធិមនុស្សបានព្រមានថា ប៉ូលិសកំពុងអនុវត្តការសម្លាប់ក្រៅប្រព័ន្ធតុលាការដោយមិនមែនគ្រាន់តែប្រយុទ្ធប្រឆាំងនឹងជនល្មើសប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយដល់សកម្មភាពពុករលួយរបស់ពួកគេដោយផ្ទាល់ផងដែរ។
លោក Duterte បានឈ្នះការបោះឆ្នោតប្រធានាធិបតីដោយសារតែការឃោសនារៀបចំច្បាប់និងសណ្តាប់ធ្នាប់ជាពិសេសការប្តេជ្ញាលុបបំបាត់ពាណិជ្ជកម្មគ្រឿងញៀនខុសច្បាប់ក្នុងរយៈពេលប្រាំមួយខែ។
នៅពេលចូលកាន់តំណែង លោក Duterte បានពង្រីកការកំណត់ពេលរហូតដល់ខែមីនាឆ្នាំនេះប៉ុន្តែនៅថ្ងៃចន្ទលោកបាននិយាយថា នឹងមិនមានទីបញ្ចប់ទេខណៈណាដែលលោកនៅតែកាន់តំណែង។ លោក Duterte បានប្រាប់អ្នកកាសែតថា“ខ្ញុំនឹងពង្រីកវាទៅថ្ងៃចុងក្រោយនៃអាណត្តិរបស់ខ្ញុំ។ ខែមីនាគឺលែងត្រូវបានគេគិតទៀតហើយ”។
នៅប្រទេសហ្វីលីពីន ប្រធានាធិបតីត្រូវបានអនុញ្ញាតឲ្យកាន់តំណែងត្រឹមតែមួយអាណត្តិប៉ុណ្ណោះដែលមួយអាណត្តិមានរយៈពេលប្រាំមួយឆ្នាំ។
លោក Duterte ហាក់ដូចជាមិនប្រែចិត្ដឡើយបើទោះបីជាត្រូវប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងលើសង្គ្រាមគ្រឿងញៀនពីរដ្ឋាភិបាលលោកខាងលិច ទីភ្នាក់ងារអង្គការសហប្រជាជាតិនិងក្រុមសិទ្ធិមនុស្សនានាដោយនិយាយថា គាត់ត្រូវតែចាត់វិធានការខ្លាំងក្លាដើម្បីបញ្ឈប់ហ្វីលីពីនពីការក្លាយជារដ្ឋគ្រឿងញៀនមួយ។
ប៉ូលិសត្រូវបានគេរាយការណ៍ថាបានសម្លាប់មនុស្សជាង២,៥០០នាក់ដែលពួកគេចោទប្រកាន់ថាជាជនសង្ស័យគ្រឿងញៀនខណៈពេលមនុស្សជិត៤,០០០នាក់ផ្សេងទៀតបានស្លាប់ក្នុងកាលៈទេសៈដែលមិនអាចពន្យល់បាននៅក្នុងការបង្ក្រាបនេះ៕
មីយ៉ាន់ម៉ា ៖អ្នកប្រឹក្សាផ្នែកច្បាប់របស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលកំពុងគ្រប់គ្រងអំណាចរបស់ប្រទេសមីយ៉ាន់ម៉ាគឺត្រូវបានគេបាញ់សម្លាប់នៅខាងក្រៅព្រលានយន្តហោះដ៏មមាញឹកបំផុតរបស់ប្រទេសនេះកាលពីថ្ងៃអាទិត្យដែលនេះជាការផ្ទុះឡើងនូវអំពើហិង្សានយោបាយដ៏កម្រនៅក្នុងរដ្ឋធានីពាណិជ្ជកម្មយ៉ាំងហ្គោន។
ប៉ូលិសបានចាប់ខ្លួនខ្មាន់កាំភ្លើងម្នាក់ប៉ុន្តែគេមិនទាន់ដឹងទេអំពីការជម្រុញឲ្យសម្លាប់លោក Ko Ni វ័យ៦៥ឆ្នាំរូបនេះដែលជាសមាជិកជនជាតិភាគតិចមូស្លីមដ៏លេចធ្លោរបស់មីយ៉ាន់ម៉ា។ការធ្វើឃាតនេះបានកើតឡើងចំពេលមានភាពតានតឹងខ្ពស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលភាគច្រើនកាន់ព្រះពុទ្ធសាសនានិងជាកន្លែងមេដឹកនាំ Aung San Suu Kyi ស្ថិតនៅក្រោមសម្ពាធលើប្រតិបត្តិការសន្តិសុខធ្ងន់ដៃនៅក្នុងតំបន់មួយនៅភាគពាយព្យរបស់ប្រទេសនេះដែលមានប្រជាជនភាគច្រើនជាជនមូស្លីម។
ខ្មាន់កាំភ្លើងបានបាញ់សម្លាប់មេធាវីនៅមុខស្ថានីយធំនៃព្រលានយន្តហោះអន្តរជាតិយ៉ាំងហ្គោននៅម៉ោងប្រហែល៥ល្ងាច។ នេះបើយោងតាម San Naing ដែលជាជំនួយការរបស់ Ko Ni ។រូបភាពដែលបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីបុរសម្នាក់ពាក់អាវផ្កាឈូក ខោខ្លីនិងស្បែកជើងសង្រែកភ្ជង់កាំភ្លើងពីក្រោយក្បាលរបស់ Ko Ni ។ សមាជិកគ្រួសារបាននិយាយថា Ko Ni កំពុងពចៅប្រុសរបស់គាត់នៅពេលដែលគាត់ត្រូវបានសម្លាប់។
អ្នកបើកតាក់ស៊ីម្នាក់ដែលព្យាយាមបញ្ឈប់ខ្មាន់កាំភ្លើងក៏ត្រូវបានសម្លាប់ផងដែរ។ នេះបើយោងតាមលោក Zaw Htay ដែលជាអ្នកនាំពាក្យលោកប្រធានាធិបតី Htin Kyaw ។
លោក Zaw Htay បានប្រាប់ Reuters ថា “យើងបានឃាត់ខ្លួននិងកំពុងសាកសួរខ្មាន់កាំភ្លើងដើម្បីរកឲ្យឃើញពីមូលហេតុដែលគាត់បានសម្លាប់លោក Ko Ni និងអ្នកដែលនៅពីក្រោយឬជួលគាត់ឲ្យធ្វើរឿងនេះ”។
មន្ត្រីប៉ូលិសម្នាក់បានប្រាប់ Reuters ថា ជនសង្ស័យនេះគឺជាពលរដ្ឋមីយ៉ាន់ម៉ាមានអាយុ៥៣ឆ្នាំមកពីទីក្រុងភាគកណ្តាល Mandalay ។
គួរបញ្ជាក់ថា លោក Ko Ni ដែលជាអ្នកជំនាញផ្នែកច្បាប់រដ្ឋធម្មនុញ្ញគឺបាននិយាយអំពីតួនាទីអំណាចយោធាដែលបានរក្សានៅក្នុងការគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ាបើទោះបីជាប្រគល់អំណាចទៅឲ្យរដ្ឋបាលស៊ីវិលរបស់លោកស្រី Suu Kyi នៅក្នុងខែមេសាក៏ដោយ៕
ប្រទេសចិន ៖យោងតាមគេហទំព័ររបស់ចិនបានឲ្យដឹងថា កាលពីម្សិលមិញបុរសម្នាក់បានត្រូវសត្វខ្លាខាំហែកស៊ីនៅក្នុងសួនសត្វ Youngor Wildlife ក្នុងទីក្រុង Ningbo ស្ថិតនៅប្រមាណ២០០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងសៀងហៃប្រទេសចិន។
គេហទំព័រដដែលបន្តថា បុរសរងគ្រោះពាក់អាវខ្មៅមិនស្គាល់អត្តសញ្ញាណ បានដើរចូលទៅក្នុងរបងដែលហ៊ុំព័ទ្ឋសួនសត្វខាងលើនេះ ហើយសត្វខ្លាពីរក្បាលបានដើរមកក្បែរ ហើយបុរសនោះបានស្រែកយ៉ាងតក់ស្លុតឲ្យគេជួយ ប៉ុន្តែភ្លាមៗសត្វខ្លាក៏បានហក់មកខាំពាំហែកស៊ីតែម្តង។ គេមិនដឹងថា តើបុរសនោះមានបញ្ហាអ្វីទេបានជាដើរចូលក្នុងរបងហាមឃាត់ ខណៈប្រពន្ឋនិងកូនបុរសរងគ្រោះស្ថិតនៅក្នុងការដើរកម្សន្តក្នុងសួនសត្វនេះដែរ។
គួរបញ្ជាក់ថា គឺជាលើកទី២ហើយ បន្ទាប់ពីករណីដូចគ្នានេះបានកើតឡើងកាលពី៦ខែមុន៕
រាជធានីភ្នំពេញ ៖ក្រុមអង្គការសង្គមស៊ីវិល បានចេញសេចក្ដីថ្លែងការណ៍រួម មួយដោយស្នើឲ្យសាលាឧទ្ធរណ៍បដិសេធការផ្ដន្ទាទោសសកម្មជនបរិស្ថានខេត្តកោះកុង៣រូប ខណៈដែលសាលាឧទ្ធរណ៍គ្រោងបើកសវនាការ នៅថ្ងៃទី៣១ ខែមករានេះ។
យោងតាមសេចក្តី មន្ត្រីបរិស្ថានទាំង៣រូប ដែលត្រូវសាលាដំបូងខេត្តកោះកុងផ្ដន្ទាទោសនោះ គឺជាសកម្មជនការពារបរិស្ថាននៃអង្គការមាតាធម្មជាតិ រួមមាន លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និងលោក ស៊ីម សំណាង។ ថ្លែងការអះអាងថា សកម្មជនបរិស្ថានទាំង ៣នាក់ មិនមែនជាឧក្រិដ្ឋជននោះទេ ពោលគឺពួកគេជាអ្នកការពារបរិស្ថានដ៏ក្លាហាន ដែលបានរួមចំណែកយ៉ាងធំធេង ដើម្បីការពារធនធានធម្មជាតិដ៏មានតម្លៃរបស់ប្រទេសកម្ពុជា សម្រាប់ជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ និងសម្រាប់អ្នកជំនាន់ក្រោយ។
គួរម្លឹកថា សកម្មជនបរិស្ថានទាំង ៣រូបនោះ ត្រូវបានតុលាការខេត្តកោះកុង ផ្ដន្ទាទោសដាក់ពន្ធនាគារ ១៨ខែ និងពិន័យជាប្រាក់ ២លានរៀល ព្រមទាំងបង្គាប់ឲ្យសងសំណងខូចខាត ១០០លានរៀលទៅឲ្យក្រុមហ៊ុនបូមខ្សាច់ដែលប្ដឹងពួកគេពីបទព្រហ្មទណ្ឌ កាលពីដើមខែកក្កដា ឆ្នាំ២០១៦ ។ សកម្មជនទាំង ៣រូប ត្រូវបានឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេល ១០ខែ និង ១៥ថ្ងៃ មុនពេលតុលាការសម្រេចព្យួរទោសដែលនៅសេសសល់។ ប៉ុន្តែខណៈនេះសកម្មជនការពារបរិស្ថានទាំង ៣នាក់ កំពុងភៀសខ្លួនទៅក្រៅប្រទេស។
សកម្មជនបរិស្ថានទាំង ៣រូប ត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះក៏ព្រោះតែពួកគេបានគាំទ្រសហគមន៍ភូមិអណ្ដូងទឹក ស្ថិតក្នុងខេត្តកោះកុង ដើម្បីតវ៉ាប្រឆាំងនឹងការបូមខ្សាច់របស់ក្រុមហ៊ុន កាលពីឆ្នាំ២០១៥។ ប៉ុន្តែចាប់តាំងពីនោះមករាជរដ្ឋាភិបាលក៏បានអះអាងថា បានផ្អាកការបូមខ្សាច់ក្នុងខេត្តកោះកុង ហើយ។ ការផ្អាកនេះ ត្រូវបានអង្គការសង្គមស៊ីវិលមើលឃើញថា កើតចេញពីការខិតខំមួយផ្នែកធំជាបន្តបន្ទាប់របស់អង្គការមាតាធម្មជាតិ៕
កាណាដា ៖ខ្មាន់កាំភ្លើងមួយក្រុមបានបើកការបាញ់ប្រហារក្នុងព្រះវិហារមួយកន្លែង ស្ថិតនៅក្នុងទីក្រុងកេបិច ប្រទេសកាណាដា បណ្តាលឲ្យមនុស្ស០៥នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ។ហេតុការណ៍កើតឡើងកាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ (ម៉ោងនៅទីក្រុងកេបិច)។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
សាក្សីនិយាយថា ខ្មាន់កាំភ្លើងមានគ្នាបីនាក់បានចូលទៅធ្វើការបាញ់រះនៅក្នុងព្រះវិហារអ៊ីស្លាមមួយ ក្នុងទីក្រុងកេបិច ដែលជាមជ្ឈមណ្ឌលវប្បធម៌អ៊ីស្លាមផងដែរ។ បើតាមប៉ុន្តែប៉ូលិសកាណាដាបានឲ្យដឹងថានៅក្នុងព្រះវិហារ មានមនុស្សសរុបខ្ទង់៤០នាក់។
ប៉ូលិសបញ្ជាក់ថា មនុស្ស០៣នាក់ដែលរងការបាញ់ប្រហារបណ្តាលឲ្យស្លាប់នោះគឺជាក្រុមអ្នកប្រតិបត្តិសាសនាអ៊ីស្លាមហើយមនុស្សម្នាជាច្រើនទៀតនៅក្នុងព្រះវិហារក៏បានទទួលរងរបួសផងដែរ៕
រាជធានីភ្នំពេញ ៖ទីតាំងលេងល្បែងជល់មាន់នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខត្រូវបានកម្លាំងនគរបាលខណ្ឌចុះបង្ក្រាបដោយឃាត់ខ្លួនបានជនសង្ស័យ ១៤នាក់ (ស្រី១នាក់) មាន់ជល់៩ក្បាល។
អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ដោយកម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យបានចំនួន១៤នាក់ និងបានដកហូតមាន់ជល់៩ក្បាល, ម៉ូតូ១គ្រឿងម៉ាកហុងដា ពាក់ស្លាកលេខ ភ្នំពេញ 1DF-3266 ប្រាក់រៀលចំនួន ១,១០៥,០០០រៀល ប្រាក់ដុល្លារចំនួន ២,៦០០ដុល្លារ និងវត្ថុតាងជាច្រើនទៀត។ លោកអធិការបញ្ជាក់ថា ប្រតិបត្តិការធ្វើឡើងក្រោមការសម្របសម្រួលពី លោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួនបានហើយ កម្លាំងនគរបាលខណ្ឌបាននាំជនសង្ស័យរួមជាមួយវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕
បាល់ទាត់ ៖ទីបំផុតក្រុមញញួរធំ West Ham United បានយល់ព្រមលក់ខ្សែបម្រើ Dimitri Payet ទៅក្លិប Olympique Marseille វិញហើយ បន្ទាប់ពីសំណើលើកទី៣របស់ក្រុមបារាំងមួយនេះ។
កីឡាករសញ្ជាតិបារាំងរូបនេះបានផ្ទេរពី Marseille មកកាន់ West Ham កាលពីខែមិថុនា ឆ្នាំ២០១៥ ក្នុងតម្លៃ១០លានផោន កាលពីខែកុម្ភៈឆ្នាំ២០១៦ Payet បានបន្តកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ២០២១។
លោក David Sullivan ប្រធានក្លិបញញួរធំបានបញ្ជាក់ថា ក្លិបបានយល់ព្រមលក់ Payet ទៅឲ្យក្នុងតម្លៃ២៥លានផោន លើកិច្ចសន្យា៤ឆ្នាំកន្លះ។
លោកបានបន្តថា លោកមិនចង់បញ្ចេញកីឡាករជម្រើសជាតិបារាំងខាងលើទេ ប៉ុន្តែអ្នកចាត់ការ Slaven Bilic ជាអ្នកយល់លើការផ្ទេរនេះ ដោយលើកហេតុផលថា រូបគេមិនចង់លេងឲ្យក្រុមមានមូលដ្ឋាននៅកីឡដ្ឋាន Olympic Stadium ទៀត។
សូមជម្រាបថា Payet ស៊ុតបញ្ចូលទីបានចំនួយ៣គ្រាប់ប៉ុណ្ណោះនៅរដូវកាលនេះតែរូបគេធ្លាប់ជាបេក្ខជនកីឡាករល្អនៅអង់គ្លេស បន្ទាប់ពីរកបាន១២គ្រាប់ឲ្យ West Ham នៅរដូវកាលមុន៕
ខេត្តកំពង់ស្ពឺ ៖ឪពុកម្តាយរន្ធត់ចិត្តយ៉ាងខ្លាំងរកនិយាយមិនចេញ បន្ទាប់កូនស្រី២នាក់បានលង់ទឹកប្រឡាយស្លាប់បាត់បង់ជីវិត ដែលករណីនេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចប្រឡាយទឹកពាមល្វា ស្ថិតនៅភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ក្មេងស្រីរងគ្រោះមានឈ្មោះទី១-សួរ ស្រីតូច ភេទស្រី អាយុ៥ឆ្នាំ និងទី២ ឈ្មោះ អេម ស្រីនៀត ភេទស្រី អាយុ៥ ឆ្នាំ រស់នៅ ភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយពួកគេបាននាំគ្នាដើរលេងនៅចំណុចខាងលើក៏បានចុះមុជទឹក ក៏បណ្ដាលឲ្យលង់ទឹកស្លាប់តែម្ដង។ ចំពោះមូលហេតុក្មេងស្រីទាំង២ដើរទៅទីនោះរហូតលង់ទឹកស្លាប់រង់ចាំការស្រាវជ្រាវបន្ត ចំណែកសាកសពត្រូវបានប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍