គូឡាឡាំពួរ ៖ប៉ូលិសប្រឆាំងភេរវកម្មម៉ាឡេស៊ីបានចាប់ខ្លួនបុរស៣នាក់ក្រោមបទសង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធ ISIS ក្នុងនោះមានម្នាក់ជាមន្ត្រីសន្តិសុខក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ (Malaysia Airlines)។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ។
ប៉ូលិសបាននិយាយថា ការចាប់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើធ្វើឡើងនៅចន្លោះពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករានៅក្នុងប្រតិបត្តិការវាយឆ្មក់ដាច់ដោយឡែក ពីគ្នានៅឯរដ្ឋ Pahang និងទីក្រុងគូឡាឡាំពួរ។ ក្នុងចំណោមជនសង្ស័យទាំងនេះមានម្នាក់អាយុ៣៧ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី គឺជាមន្ត្រីសន្តិសុខរបស់ក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ដែលត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Kuantan នៃរដ្ឋប៉ាហាំង ខណៈមនុស្សពីរនាក់ផ្សេង ទៀតមានអាយុ៣២ឆ្នាំ និង៣៨ឆ្នាំ សុទ្ធតែជាប់សង្ស័យថា មានទំនាក់ទំនងជាមួយក្រុម ISIS និងកំពុងរៀបចំគំរោងវាយប្រហារបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងគូឡាឡាំពួរ៕
រាជធានីភ្នំពេញ ៖ចាប់ពីថ្ងៃទី២-៤ ខែកុម្ភៈខាងមុខរាជធានី-ខេត្តចំនួន៧អាចនឹងមានភ្លៀងកក់ខែ។ នេះបើយោងតាមការព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍របស់ក្រសួងធនធានទឹក និងឧតុនិយមសម្រាប់ថ្ងៃទី០១-០៧ ខែកុម្ភៈ។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ភ្លៀងកក់ខែអាចកើតមាននៅផ្នែកខ្លះក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល តាកែវ កំពង់ស្ពឺ និងកំពត៕
ខេត្តក្រចេះ ៖យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន៩នាក់ ជួបគ្រោះថ្នាក់ចរាចណ៍បណ្តាលឲ្យស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល៦នាក់ នៅក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម។
លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៧-២៩ ខែមករា ឆ្នាំ២០១៧ បានកើតឡើងចំនួន ៥លើក លើ ២លើក ប្រៀបធៀបឆ្នាំ២០១៦ កើនចំនួន ៣លើក ក្នុងនោះបង្កឡើងដោយខ្លួនឯង ចំនួន ២លើក រថយន្តបុកម៉ូតូ ២លើក និងម៉ូតូបុកម៉ូតូ ១លើក ។
មូលហេតុដែលបង្កឲ្យគ្រោះថ្នាក់កើតឡើង គឺមកពីបើកបរក្នុងល្បឿនលឿនចំនួន ៣លើក ធ្វេសប្រហែស ១លើក និងបើកបរក្នុងស្ថានភាពស្រវឹង ១លើក ។ បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសស្រាលម្នាក់ និងរបួសធ្ងន់៥នាក់ ក្នុងនោះស្រី ២នាក់ និងខូចខាតម៉ូតូ៥គ្រឿង និងរថយន្តតូច៣គ្រឿង ។
លោកឧត្តមសេនីយ៍ទោស្នងការ បានឲ្យដឹងថាបន្ថែមថា ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវ លោក បានប្រជុំស្ដីពីការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងបញ្ជាឲ្យកម្លាំងជំនាញការិយាល័យ និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក ក្រុង ចុះល្បាតរៀបចំសណ្ដាប់ធ្នាប់ នៅគ្រប់រម្មណីយដ្ឋានទេសចរណ៍ទូទាំងខេត្តជាប្រចាំ ។ ជាមួយគ្នានោះ លោកក៏បានធ្វើការអំពាវនាវដល់អ្នកបើកបររថយន្ត ម៉ូតូគ្រប់ប្រភេទ ចូលរួមគោរពច្បាប់ ទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ កុំបើកបរក្នុងស្ថានភាពស្រវឹង កុំវាជែង មុនឆ្លងផ្លូវត្រូវមើលឆ្វេង ស្តាំមុខក្រោយ និងការបត់ត្រឡប់ក្រោយ ។
ដោយឡែក ភ្ញៀវទេសចចូលមកលេងខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ដែលទៅកំសាន្តនៅតាមរម្មណីយដ្ឋានទេសចរនានាទូទាំងខេត្ត មានចំនួនសរុប ១២.៧២៩នាក់ ប្រៀបធៀបឆ្នាំ២០១៦ មានការថយចុះ ៦២៧នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ១២.៤១១នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន ៣១៨នាក់ ៕
ដោយ៖សុវណ្ណវឌ្ឍនៈ
ខេត្តកំពង់ស្ពឺះ មនុស្សប្រុសស្រីចំនួន៦នាក់ដែលជាជនដៃដល់ត្រូវបាននគរបាលឃាត់ខ្លួនជាបន្តក្រោយពីក្រុមជនដៃដល់ខាងលើបានព្រួតគ្នាប្រើអំពើហិង្សាទៅលើជនរងគ្រោះបណ្តាលអោយរបួសដួលសន្លប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបាននិយាយអោយដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺដែលលោកតែងតែគិតគូរពីសុខទុករបស់ប្រជាពលរដ្ឋដែលទទួលរងនូវភាពអយុត្តិធម៌និងជាពិសេសដោយមើលឃើញពីភាពកំសោយ និងភាពអសកម្មរបស់លោកវ៉ាងនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវាលមិនផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនោះលោកអភិបាលខេត្តបានបញ្ជាអោយរូបលោកជាស្នងការខេត្តចាត់អោយមន្ត្រីនគរបាលស្រុកគងពិសីអោយឃាត់ខ្លួនក្រុមជនបង្កទាំង៦នាក់មកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមនីតិវិធី។
គួររំលឹកផងដែលថាកាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧កន្លងទៅក្រុមជនសង្ស័យដៃដល់បានយកដែក និងដំបងគប់មកលើជនរងគ្រោះបណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់បានរងរបួសបែកក្បាលធ្ងន់ធ្ងរ ត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលរហូតដល់រាជធានីភ្នំពេញមិនទាន់ដឹងខ្លួននៅឡើយ គ្រាន់តែរឿងចាក់ធុងបាស់ឮៗក៏ទាស់ពាក្យសម្តីគ្នា ហើយពេលក្រុមគ្រួសារជនរងគ្រោះទៅដាក់ពាក្យប្តឹង នគរបាលធ្វើមិនដឹង។
អ្នកស្រី នូ មុំ អាយុ៤២ឆ្នាំ មុខរបរជាមេផ្ទះរស់នៅក្នុងភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាប្រពន្ធជនរងគ្រោះឈ្មោះ ឃឹម នឿន អាយុ៤៥ឆ្នាំ ដែលរងរបួសសម្រាកនៅមន្ទីរពេទ្យនោះបានរៀបរាប់ថា នៅមុនពេលកើតហេតុនោះគឺក្រុមគ្រួសាររបស់អ្នកស្រីបានបង្កើតកម្មវិធីហូបចុកនៅក្នុងបរិវេណដីឡូត៍ផ្ទះរបស់អ្នកស្រីបានរៀបចំចាក់ធុងបាស់ច្រៀងរាំលេងសប្បាយកំដររដូវបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ដោយការហូបចុកនោះអូសបន្លាយរហូតដល់ពេលព្រលប់ពេលនោះក៏ស្រាប់តែមានការទាស់ពាក្យសម្តីពីសំណាក់ផ្ទះអ្នកជិតខាងដែលគេបានរៀបចំកម្មវិធីបង្កក់កូនដែរ រហូតវាយតប់គ្នាមួយសន្ទុះក៏ស្ងប់ទៅវិញ។
អ្នកស្រីបន្តថា បន្ទាប់ពីទាស់ទែងគ្នាម្តងរួចមកហើយនោះក៏វិលមកហូបចុកធម្មតាវិញរហូតដល់ម៉ោងជាង៩យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ ស្រាប់តែក្រុមជនដៃដល់មានគ្នាជាច្រើនបានសម្រុកយកដែក ដំបង និងដុំថ្មគប់សំដៅចូលមកក្នុងបរិវេណផ្ទះរបស់អ្នកស្រីបណ្តាលឲ្យប្តីរបស់អ្នកស្រីបានរងរបួសបែកក្បាលដួលសន្លប់រហូតដល់មានការភ្ញាក់ផ្អើល ហើយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញនៅមិនទាន់ដឹងខ្លួននៅឡើយទេ។
ក្រោយពេលកើតហេតុនោះអ្នកស្រីបានទៅហៅនគរបាលម្នាក់ឈ្មោះ វ៉ាង ដែលមានតួនាទីនាយរងប៉ុស្តិ៍នគរបាលឃុំវាលមកជួយអន្តរាគមន៍ដែរ ប៉ុន្តែនាយរងប៉ុស្តិ៍រូបនោះធ្វើមិនដឹង ដូចជាមិនមានរឿងអ្វីកើតឡើងឡើយ ដោយនាយរងរូបនោះផឹកស៊ីនៅផ្ទះក្រុមជនដៃដល់នោះ។ ប្រភពបន្តថា ក្រុមជនដៃដល់ដែលបានវាយ និងគប់បណ្តាលឲ្យប្តីរបស់អ្នកស្រីរងរបួសនោះត្រូវបានស្គាល់ឈ្មោះទី១ រតនា ទី២ ណូ ទី៣ រីន ទី៤ ដែត ទី៥ មុយ ទី៦ សិដ្ឋិនិងបក្ខពួកជាច្រើនទៀតមិនបានស្គាល់ឈ្មោះ ក្រោយបង្កហេតុរួចហើយក្រុមជនដៃដល់មិនបានរត់ទៅណានោះទេ ហើយនគរបាលក៏មិនបានចាប់ខ្លួនពួកគេនោះដែរមិនដឹងថាមកពីមូល ហេតុ អ្វីនោះទេ៕
ខេត្តក្រចេះ ៖កម្លាំងអធិការរដ្ឋាននគរបាលស្រុកសំបូរ សម្រេចចាប់ខ្លួនលោកគ្រូពេទ្យ និងជាប្រធានមណ្ឌលសុខភាពអូរគ្រៀង បន្ទាប់ពីមានការផ្ទុះរឿងអាស្រូវជាលើកចុងក្រោយ ជាមួយអឌិតស្រីកំណាន់ រហូតឈាននាងមកប្តឹងនគរបាលថា ការពិតលោកគ្រូពេទ្យរូបនេះ មានលាក់អាវុធវែង-ខ្លីខុសច្បាប់ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បង្កហិង្សាធ្ងន់ធ្ងរទៅលើរូបនាង ដោយបានវាយធ្វើបាប និងដោះយកគ្រឿងអលង្ការពីខ្លួននាង ក្រោយពីបានបើករថយន្តសាមុយពេទ្យបំបុកនាងពេលកំពុងជិះម៉ូតូជាមួយមនុស្សប្រុសម្នាក់ផ្សេងទៀត ដោយសារតែភ្លើងប្រចណ្ឌនោះ ។
អធិការរងនគរបាលស្រុកសំបូរ លោកវរសេនីយ៍ត្រីណយ ស៊ីថាច បានឱ្យដឹងថា ការចាប់ខ្លួនលោកគ្រូពេទ្យឈ្មោះសឹម ចាន់វាសនា ហៅពេទ្យមឿន អាយុ៤៧ឆ្នាំ មានមុខងារជាប្រធានមណ្ឌលសុខភាពអូរគ្រៀង រស់នៅឃុំអូរគ្រៀង ស្រុកសំបូរ គឺបានធ្វើឡើងទៅតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោកធុច បញ្ចៈសន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ហើយនគរបាលក៏បានចុះអនុវត្ត កាលពីរសៀលថ្ងៃទី៣១ មករា នេះ ស្ថិតនៅមណ្ឌលសុខភាព។
គួរបញ្ជាក់ថា ជនជាប់ចោទជាគ្រូពេទ្យ និងជាប្រធានមណ្ឌលសុខភាព ត្រូវបានរងការចោទពីនារីម្នាក់ឈ្មោះម៉ុច ស្រីដា អាយុ២២ឆ្នាំ រស់នៅឃុំអូរគ្រៀង ស្រុកសំបូរ ដែលអះអាងនាង ជាអតីតគួស្នេហ៍កំណាត់ចិត្តរបស់លោកគ្រូពេទ្យរូបនេះ និងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេលជាង៧ឆ្នាំមកហើយ។ នាងក៏បានសុំបែកគ្នាជាមួយនិងលោកគ្រូពេទ្យរូបនេះ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃមុនថ្ងៃកើតហេតុ ដោយហេតុផលថាលោកគ្រូពេទ្យនេះ មានប្រពន្ធកូន ទើបនាងមិនអាចរួមរស់នៅជាមួយគ្នាបានយូរអង្វែង។
បើតាមការសម្រង់បណ្តឹង ក៏ដូចជាការបញ្ជាក់ពីលោកវរសេនីយ៍ឯក កង វណ្ណី នាយ ការិល័យកណ្តាលយុត្តិធម៌បានឲ្យដឹងថា ជនជាប់ចោទ បានខឹងជាមួយនារីរងគ្រោះ ដែលសុំបែកគ្នា និងបានបើកឡានស៊ីរ៉ែនជាឡានសាមុយសម្រាប់សង្គ្រោះរបស់មណ្ឌលសុខភាព បើកបំបុក និងកៀរលើនារីរងគ្រោះ កាលពីយប់ថ្ងៃទី២៥ មករា កន្លងមក នៅលើផ្លូវជាតិមួយកន្លែង ក្នុងឃុំអូរគ្រៀង ស្រុកសំបូរ នៅពេលនាងកំពុងតែជិះម៉ូតូជាមួយនិងមិត្តភក្កិប្រុសម្នាក់។
ក្នុងហេតុការណ៍បើករថយន្តកៀរ និងបំបុកម៉ូតូរបស់នារីរងគ្រោះ ដែលកំពុងតែជិះឌុបគ្នា ជាមួយនិងមិត្តភក្តិប្រុសម្នាក់ បណ្តាលឲ្យដួល និងរងរបួសរួចមក លោកគ្រូពេទ្យជាប់ចោទ ក៏បានចុះពីលើរថយន្តសាមុយ មកទះកំផ្លៀងលើមិត្តភក្តិរបស់នាងជាច្រើនកំផ្លៀង និងបានគំរាមមិនឱបុរសរូបនោះមកទំនាក់ទំនងជាមួយរូបនាងដែលជាសង្សាររបស់គេព្រមទាំងគំរាមមិនឲ្យយករឿងនេះទៅប្រាប់គេឯងឲ្យដឹងនោះទេ ។
ក្រៅពីការទះកំផ្លៀងលើបុរសរូបនោះរួចមក លោកគ្រូពេទ្យរូបនេះ ក៏បានវាយទៅលើរូបនាង និងចាប់អូសនៅនិងលើថ្នល់ ព្រមទាំងបានដោះយកគ្រឿងអលង្ការមានខ្សែ ដៃ និងខ្សែ.ក ពីលើខ្លួនរបស់នាងរួចក៏បានចាប់អូសនាងឡើងរថយន្តសាមុយ និងបានបើកយកនាងមកទម្លាក់ចោលនៅខាងមុខផ្ទះ។
លើសពីនេះទៅទៀត បើតាមបណ្តឹងរបស់នារីរងគ្រោះបានប្តឹងមកនគរបាលថា លោកគ្រូពេទ្យជាប់ចោទរូបនេះ មានលាក់នូវអាវុធខុសច្បាប់ចំនួន២ដើម ក្នុងនោះមានអាវុធខ្លី មួយដើមនិងអាវុធធន់អាការមួយដើមទៀតផងដែរ ។ ដោយសារតែនាងដឹងថា លោក គ្រូពេទ្យជាប់ចោទ មានចរិតកោងកាច និងមានប្រើប្រាស់អាវុធខុសច្បាប់ ដោយបារម្ភពីសុខសុវត្ថិភាពលើរូបនាង ក៏ដូចជាក្រុមគ្រួសាររបស់នាង ទើបនាងមកដាក់ពាក្យបណ្តឹងមកនគរបាល។
ជុំវិញហេតុការណ៍នេះ ប្រធានមន្ទីរសុខាភិបាលខេត្ត លោកឈ្នាង សុវត្ថា ធ្លាប់បានបញ្ជាក់ថា លោកនឹងមានវិធានការតាមនីតិវិធីរបស់ក្រសួង ប្រសិនបើរកឃើញថា មន្ត្រីពេទ្យរូបនេះ បានប្រើអកប្បរិយាមិនគប្បីទៅលើពលរដ្ឋ ពោលគឺយករថយន្តសង្គ្រោះ ពលរដ្ឋទៅបង្ករបួសដល់ពលរដ្ឋទៅវិញនោះ ។
ចំណែកការចោទប្រកាន់ថា គ្រូពេទ្យនេះមានចេតនាប៉ុនប៉ងមនុស្សឃាត ឬក៏លាក់ទុកអាវុធខុសច្បាប់ លោកទុកភារកិច្ចនេះ ឲ្យទៅខាងនគរបាលជាអ្នកស្រាវជ្រាវលើវិធានការ។ បញ្ជាក់ឲ្យដឹងបន្ថែមពីលោកវរសេនីយ៍ឯក កង វណ្ណី នាយការិយល័យកណ្តាលព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយការចាប់ខ្លួនគ្រូពេទ្យជាប់ចោទ ត្រូវបាននាំខ្លួនមកអធិការនគរបាលស្រុក ដើម្បីធ្វើការសាកសួរតាមនីតិវិធី ។ ចំពោះអាវុធវែងខ្លី ដែលចោទថា លោកគ្រូពេទ្យនេះ មានលាក់សម្រាប់ប្រើខុសច្បាប់នោះ គឺនគរបាលកំពុងតែស្រាវជ្រាវរុករក៕
រាជធានីភ្នំពេញ ៖តំណាងរាស្ត្រគណបក្សប្រឆាំងលោក ស៊ុន ឆ័យ បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន កាលពីព្រឹកមិញនេះថា ការធ្វើវិសោធនកម្មមាត្រា៤៨ថ្មី ( បី ) មិនរំខានដល់សកម្មភាពការងាររបស់គណបក្សប្រឆាំងទេ បើទោះជាវិសោធនកម្មនោះបានលុបចោលនូវតួនាទីនិងមិនផ្ដល់ឲ្យនូវកន្លែងធ្វើការ និងមធ្យោបាយធ្វើដំណើរដល់តំណាងរាស្ដ្រមតិភាគតិចក្ដី។
ប្រតិកម្មនោះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា៦៧រូបបានអនុម័តវិសោធនកម្មបទបញ្ជាផ្ទៃក្នុងសភាពីប្រការ៤៨ថ្មី (បី) ឲ្យទៅជាប្រការ៤៨ថ្មី (បួន) ដោយលុបចោលតំណែងប្រធានក្រុមតំណាងរាស្ត្រមតិភាគតិច។
លោក សុន ឆ័យ បានថ្លែងបញ្ជាក់ថា ការធ្វើវិសោធនកម្មដោយផ្អែកលើបញ្ហាបុគ្គល គឺមិនអាចទទួលយកបាននោះឡើយ ។ លោកបន្តថា មូលហេតុដែលអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនចូលរួមប្រជុំសភានៅព្រឹកនេះមិនមែនធ្វើពហិកានោះទេ ប៉ុន្តែពួកលោកមិនចង់ក្លាយជាចំណែកនៃការសម្រេចចិត្តដែលប៉ះពាល់ប្រយោជន៍ពលរដ្ឋ និងជាតិ។
លោក ស៊ុន ឆ័យ បញ្ជាក់បន្ថែមថា ការមិនចូលរួមប្រជុំសភា មិនមែនជាការធ្វើពហិការទេ ព្រោះគណបក្សសង្គ្រោះជាតិបានពន្យល់ហើយបញ្ជាក់ជំហររបស់ខ្លួនច្រើនដងហើយថា តំណាងរាស្ដ្ររបស់យើង ជាតំណាងឲ្យប្រជាពលរដ្ឋ។ ដូច្នេះរាល់កិច្ចប្រជុំរដ្ឋសភា បើយើងយល់ឃើញថាកិច្ចប្រជុំណា ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ផលប្រយោជន៍ជាតិ យើងមិនអាចចូលរួមទេ៕
រាជធានីភ្នំពេញ ៖តុលាការក្រុងភ្នំពេញ បានកោះហៅលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងឲ្យចូលខ្លួនទៅបំភ្លឺនៅតុលាការថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ពាក់ព័ន្ធបណ្តឹងរបស់សម្តេច ហ៊ុន សែន ដែលប្តឹងពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ ហើយទាមទារឲ្យសងជំងឺចិត្ត១លានដុល្លារអាមេរិក។
ទន្ទឹមនោះតុលាការដដែលក៏បានចេញលិខិតអញ្ជើញលោក សំ សុគង់ ជាមេធាវី ចូលមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះផងដែរ៕
ភ្នំពេញ ៖ស្ត្រីម្នាក់មកលេងផ្ទះបងប្អូនថ្ងៃបុណ្យចូលឆ្នាំចិនត្រូវបានក្រុមប្រមឹកវាយបណ្ដាលអោយរងរបួសប៉ោងមុខ ហេតុការបង្ករនេះកើតឡើងកាលពីរវេលាម៉ោង៣នឹង៣០រសៀលថ្ងៃ២៧ខែមករាឆ្នាំ២០១៧ នៅមុខវត្តសាមគ្គីរង្សីតាមបណ្ដោយផ្លូវលំ ឋិតក្នុងភូមិទ្រា២ សង្កាត់សង្ទឹមានជ័យ ខណ្ឌមានជ័យ។
ស្ត្រីរងគ្រោះមានឈ្មោះ ឆ ណូន ភេទស្រីអាយុ៥៥ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅភូមិសែនសុខ សង្កាត់សែនសុខ ខណ្ឌសែនសុខ។ ជនបង្ករមានឈ្មោះ ហេង ឡុង ភេទប្រុសអាយុ៥៥ឆ្នាំ ស្កាក់នៅភូមិកើតហេតុខាងលើ
តាមសម្ដីស្រី្តរងគ្រោះបានអោយដឹងថា នៅថ្ងៃបុណ្យចូលឆ្នាំចិនថ្ងៃទីមួយរួបគាត់បានមកលេងផ្ទះបងប្អូន ហើយពេលនោះក៏មានផ្ទះអ្នកជិតខាងបានចាក់ធុងបាសលឺខ្លាំងៗ ហើយរូបគាត់បានទៅប្រាប់ថាកុំអោយចាក់លឺខ្លាំងពេក តែខាផ្ទះនៅតែមិនស្ដាប់ក៏ទៅប្រាប់ម្ដងទៀត ហើយបានម្ចាស់ផ្ទះចេញមកក៏បានទាក់សម្ដីគ្នាហើយបានវាយទៅលើរូបគាត់បណ្ដសលអោយប៉ោងមុខ ហើយរូបគាត់បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យអោយជួយរកយុត្តិមធ៍ដល់រូបគាត់ផង តែសម្ថតិកិច្ចប៉ុស្តិស្ទឹងមានជ័យអាក់បីដូចគ្មានវិធាកាចំពោះរឿងនេះ គាត់បានទៅដាក់ពាក្យបណ្ដឹងនៅប៉េអឹមក្រុងភ្នំពេញវិងម្ដង ។
លុះថ្ងៃទី៣១ខែមករាឆ្នាំ២០១៧វេលាម៉ោង១០ និង៣០នាទី កម្លាំងប៉េអឹមក្រុងបានដាក់កម្លាំងចុះទៅចាប់ជនបង្ករបានម្នាក់ឈ្មោះហេង ឡ់ង នៅមុខផ្ទះជនបង្ករតែម្ដង ។ច្ចុប្បន្នជនបង្ករត្រូវបានកម្លាំងប៉េអឹមក្រុងភ្នំពេញយកទៅសួរនាំ៕
ដោយ៖បញ្ញា
ភ្នំពេញ ៖បុរសម្នាក់ជាកម្មករលាយបេតុងរបស់ក្រុមហ៊ុន ហាយ លែន ជាអកុសលពេលកំពុងធ្វើការត្រូវបានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ពេលដែលរថយន្តកំពុងបាញ់បេតុងមួយគ្រឿងបានប៉ះជាមួយនឹងខ្សែភ្លើងខណ:ដែលបុរសនោះកំពុងលាយចាក់បេតុងនៅក្នុងការដ្ឋានសំណង់ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១០ នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០៧ នៅតាមបណ្តាយផ្លូវអូដឹមកប់ស្រូវ ស្ថិតនៅភូមិជុងរុង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
សពជនរងគ្រោះដែលបានស្លាប់ឈ្មោះ ហ៊ិន សាវី អាយុ២៤ឆ្នាំ មានមុខរបរជាកម្មកររបស់ក្រុហ៊ុនរថយន្តលាយបេតុង ហាយ លែន រយៈពេល៣ឆ្នាំហើយ មានទីលំនៅក្នុងភូមិទ្រា ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគឹមានរថយន្តលាយបេតុងរបស់ក្រុមហ៊ុន ហាយ លែន បានមកចាក់បេតុងដែលកំពុងសាងសងផ្ទះល្វែងមួយកន្លែងដែលស្ថិតនៅទីតាំងខាងលើដោយឈប់រថយន្តនៅលើចិញ្ចឹមផ្លូវហើយបានតភ្ជាប់ស៊ីយ៉ូបាញ់បេតុងប្រវែងជាង១០ទៅក្នុងការដ្ឋាន ហើយអោយបុរសរងគ្រោះ (សព) ជាអ្នកបាញ់នៅក្នុងការដ្ឋាន និងមានបុរសម្នាក់ទៀតជាអ្នកបញ្ជាម៉ាស៊ីន ពេលនោះដងបង្គោលស៊ីយ៉ូ (ដែក) បាញ់នោះបានប៉ះជាមួយនឹងខ្សែភ្លើងក៏បណ្តោលអោយបុរសរងគ្រោះឆក់ខ្លោចខ្លួនបាត់បង់ស្មារតីនៅនឹងកន្លែងកើតហេតុតែម្តង ទោះស្ថិតក្នុងស្ថានភាពនេះក៏មានប្រជាពលរដ្ឋធ្វើការជួយសង្គ្រោះបឋមដែរ ហើយបានទាក់ទងរថយន្តសាមុយមួយគ្រឿងមក តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
ក្រោយពេលកើតហេតុបានចុះទៅដល់កន្លែងភ្លាមៗដើម្បីពិនិត្យសាកសព រីឯអ្នកបញ្ជាបានរត់គេចខ្លួនបាត់ស្រមោល ចំណែកសាកសពសមត្ថកិច្ចបានធ្វើការទាក់ទងទៅក្រុមគ្រួសារដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
ភ្នំពេញ ៖អនុក្រឹត្យលេខ១០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកម្រិតរបបម៉ោងកំណត់ ម៉ោងបន្ថែម និងប្រាក់ម៉ោងបន្ថែមសម្រាប់ការបង្រៀនក្នុងគ្រឹះស្ថានសិក្សាសាធារណៈ។
រាជធានីភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា វប្បធម៌សន្ទនា នៅតែបន្ត ទោះបីជាគ្មាន ប្រធានក្រុមតំណាងរាស្ត្រ សំឡេងភាគច្រើន-ភាគតិចក្នុងរដ្ឋសភាក៏ដោយ។ សម្តេចថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំសភាកាលពីព្រឹកថ្ងៃអង្គារនេះ ដើម្បីអនុម័តការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងមាត្រា៤៨ថ្មី ដោយពុំមានវត្តមានតំណាងរាស្ត្រ CNRP៕
រាជធានីភ្នំពេញ ៖សភាបានអនុម័តទាំងស្រុងដោយសំឡេង៦៧លើ៦៧សំឡេងនូវបទបញ្ជាផ្ទៃក្នុងរដ្ឋសភាប្រការ៤៨ថ្មី (បី) ដោយសំឡេង៦៧លើ៦៧ ដោយក្លាយទៅជា ប្រការ៤៨ថ្មី (បួន)។ ចំណែកខ្លឹមសារនៃជំពូក១២ ប្រកា៤៨ថ្មី(បួន) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា បានចែងថា សមាជិកសភា១០រូប មានសិទ្ធិបង្កើតជាក្រុមតំណាងរាស្ត្រមួយនៅក្នុងសភា ដោយមានប្រធានម្នាក់ និងអនុប្រធានម្នាក់។ គណបក្សទាំងឡាយណាដែលមានសមាជិកតិចជាង១០នាក់ នៅក្នុងសភាមានសិទ្ធិជ្រើសរើសយកក្រុមណាមួយដើម្បីចូលរួម។
យ៉ាងណាក៏ដោយ តំណាងរាស្ត្រទាំងអស់នៃគណបក្សប្រឆាំងមិនបានចូលរួមក្នុងកិច្ចប្រជុំសភា ដើម្បីធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាខាងលើនេះទេ៕
បាល់ទាត់ ៖លទ្ធផលនៃការចាប់ឆ្នោតពានរង្វាន់ FA Cup បានចេញជាផ្លូវការហើយកាលពីមិញនេះ ដោយ Manchester City ប៉ះ Huddersfield Town ដែលលេងនៅលីគ Championship គ្រាដែល Fulham ត្រូវស្វាគមន៍ Tottenham Hotspur។ រីឯកាំភ្លើងធំ Arsenal នឹងប៉ះក្រុម Sutton United ដែលលេងនៅលីគលំដាប់ទី៥ National League។
ចំណែកក្រុមការពារតំណែងជើងឯក Manchester United នឹងត្រូវធ្វើដំណើរទៅប៉ះកុលាបក្រហម Blackburn Rovers ខណៈដែលក្រុមកំពូលតារាង Premier League តោខៀវ Chelsea ធ្វើដំណើរទៅប៉ះ Wolverhampton Wanderers ដែលទម្លាក់ Liverpool នៅជុំទី៤។
សូមជម្រាបថា ប្រកួតនៅជុំទី៥ដែលមាន១៦ក្រុមនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧-២០ ខែកុម្ភៈខាងមុខ៕
រាជធានីភ្នំពេញ ៖ថ្លែងនៅក្នុងកិច្ចប្រជុំសភានៅព្រឹកថ្ងៃទី៣១ ខែមករានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រាប់ឲ្យលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេសឲ្យត្រៀមលក់ទ្រព្យសម្បត្តិដែលមាននៅកម្ពុជា ដើម្បីយកមកសងជំងឺចិត្តដែលសម្តេចបានប្តឹងទាមទារសំណង១លានដុល្លារពីបទបរិហាកេរ្តិ៍។
សម្តេចបានថ្លែងដូច្នេះ បន្ទាប់ពីលោក សម រង្ស៊ី បាននិយាយជាសារធាណៈថា លោកមិនខ្លាចគេប្តឹងទេ ហើយលោកចង់ឲ្យគេប្តឹងច្រើនជាងនេះទៀត ហើយប្តឹងច្រើនពេលណាវាល្អពេលនោះ។
សម្តេច ហ៊ុន សែន ថ្លែងបញ្ជាក់ថា ករណីបណ្តឹងរបស់សម្តេចប្តឹងលោក សម រង្ស៊ី នោះគឺមិនធ្វើលេងៗ ទេ តែធ្វើមែនទែន ប្តឹងយក១លានដុល្លារឲ្យបាន ហើយលោក សម រង្ស៊ី ត្រៀមលក់ទ្រព្យសម្បត្តិឲ្យហើយទៅ ព្រោះបណ្តឹងរបស់សម្តេចមិនដកថយនោះទេ ។សម្តេចលើកឡើងថា សម្តេចឮថា ទីស្នាក់ការគណបក្សសង្គ្រោះជាតិសព្វថ្ងៃនេះ ដាក់ឈ្មោះលោក សម រង្ស៊ី រួមទាំងដីធ្លីជាច្រើនកន្លែងទៀតក៏មានឈ្មោះ សម រង្ស៊ី ដែរ ដូច្នេះមិនលំបាកទេឲ្យតែសាលក្រមចូលស្ថាពរ គឺអាចរិបអូសបានហើយ។
សម្តេច ហ៊ុន សែន បញ្ជាក់បន្ថែមថា លុយដែលសម្តេចឈ្នះក្តីលើលោក សម រង្ស៊ី ប្រមាណ១លានដុល្លារនោះសម្តេចនិងយកទៅសាងសង់ផ្ទះជូនអតីតយុទ្ធជនទាំងអស់៕
រាជធានីភ្នំពេញ ៖ថ្លែងនៅក្នុងកិច្ចប្រជុំសភានាព្រឹកនេះសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា រឿងដោះលែង ឬមិនដោះលែងទណ្ឌិតដែលជាមន្ត្រីសិទ្ធិមនុស្ស និង គ.ជ.ប រួមទាំងសកម្មជនគាំទ្រ CNRP គឺជាបញ្ហារបស់បក្សប្រឆាំងមិនមែនមកពីគណបក្សប្រជាជន ឬសម្តេចនោះទេ។
សម្តេចនាយកមន្ត្រីបន្ថែមថា សម្តេចបាននិយាយជាមួយលោក កឹម សុខា រួចហើយថា រឿងអ្នកទាំងអស់នោះ គឺត្រូវរង់ចាំសាលក្រមចូលជាស្ថាពរសិន ចាំយើងពិនិត្យមើលថា តើអ្នកណាខ្លះដែលត្រូវស្នើសុំលើកលែងទោស ។ ប៉ុន្តែខាងបក្សប្រឆាំងបានលើកយកបញ្ហានេះមកស្នើក្នុងបៀបវារៈ ក្នុងការជួបពិភាក្សាជាមួយ CPP ( វប្បធម៌សន្ទនា ) ដើម្បីរារាំងឬជាចេតនាទម្លាក់កំហុសមកលើបក្សប្រជាជន ។ ប៉ុន្តែសូមអ្នកទាំងនោះត្រូវដឹងថា តើគណបក្សប្រឆាំងកំពុងធ្វើអ្វី? ។
សម្តេច ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ដោយឡែករឿងអ្នកទោសដែលជាប់ពាក់ព័ន្ធនិងចលនាកុបកម្មរួមទាំងលោក ហុង សុខហួរ និងលោក អ៊ុំ សំអាន មិនអាចលើកលែងបានទេ ព្រោះវាជារឿងធំហើយធ្ងន់ធ្ងរណាស់ ។ សម្តេចបន្តថា បញ្ហានោះបើកុំតែចាប់ខ្លួនអ្នកទាំងពីរនោះទាន់កុំអីរឿងរ៉ាវមិនដឹងជារីកធំដល់ណាទៀតទេ ។ ដូច្នេះមិនអាចលើកលែងឲ្យអ្នកទាំងពីរនោះបានឡើយ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍