រាជធានីភ្នំពេញ៖ស្ត្រីម្នាក់ដែលគេសង្ស័យពាក់ពន្ធ័ទៅនឹងករណីឃាតកម្មស្លាប់ទារិកាអាយុ៥ខែ ក្រោយពីបែកធ្លាយដឹងរឿងនេះ ដល់មហាជនកាលពីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ ហើយសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងឃាត់ខ្លួន ស្ត្រីដែលត្រូវជាម្តាយរបស់ទារិកានេះ នៅ យប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ស្ថិតនៅ ត្រង់ចំណុចផ្ទះជួល(ខុនដូរ)ផ្លូវបេតុងក្រុម១៣ភូមិទួលសង្កែសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវរួចនាំ មកកាន់ប៉ុស្តិ៍ទួលសង្កែ ដើម្បីសួរនាំ ដោយសង្ស័យទៅលើស្ត្រីដែលត្រូវជាម្តាយរបស់សាកសពទារិកាអាយុ៥ខែ ហើយសពទារិកានោះពួកគេនាំយកទៅទុកនៅវត្តញាណរង្សីបម្រុងទៅបូជា ។
សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីម្នាក់ដែលត្រូវឃាត់ខ្លួននោះ ឈ្មោះ ចាន់ រតនា អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះជួល(ខុនដូរ)ផ្លូវបេតុងក្រុម១៣ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិទួលសង្កែដើម្បីសួរនាំ៕

ឥណ្ឌូនេស៊ី៖អ្នកនាំពាក្យប៉ូលិសឥណ្ឌូនេស៊ីបានឲ្យថា ផែនការវាយប្រហារលើលើប៉ុស្តិ៍ប៉ូលិសនៅល្ងាចថ្ងៃឆ្លងឆ្នាំថ្មី ត្រូវសមត្ថកិច្ចបំបែកបាន បន្ទាប់ពីប៉ូលិសចាប់ខ្លួនជនប្រុងវាយប្រហារ២នាក់ដែលបាននាំប៉ូលិសទៅដល់កន្លែងលាក់ខ្លួនរបស់ពួកគេផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកនាំពាក្យរូបនេះនិយាយថា ផែនការវាយប្រហារនេះធ្វើឡើងដោយពួកបះបោរឥណ្ឌូនេស៊ីគាំទ្រក្រុមរដ្ឋអ៊ីស្លាម ដោយប្រើកាំបិត និងផ្កាក់។ លោកបន្តថា កន្លែងលាក់ខ្លួនរបស់ពួកគេ ជាទីដែលប៉ូលិសបានបាញ់សម្លាប់មនុស្ស២នាក់ទៀត ដែលជាជនសមគំនិតក្នុងផែនការវាយប្រហារនេះ ដោយប៉ូលិសនិយាយថា ជនសមគំនិតទាំងនោះព្យាយាមវាយកាប់ប្រហារទៅលើមន្ត្រីសមត្ថកិច្ច កាលពីថ្ងៃកន្លងមកនេះ។
ដោយឡែកប៉ូលិសបាននិយាយកាលពីសប្ដាហ៍មុនថា យ៉ាងហោចណាស់មនុស្ស១៤នាក់ ត្រូវបានគេសួរចម្លើយជុំវិញផែនការដាក់គ្រាប់បែកអត្តឃាតនៅវិមានប្រធានាធិបតី ក្នុងទីក្រុងហ្សាកាតា និងនៅតាមទីតាំងដទៃទៀត
គួរបញ្ជាក់ថា ការឆ្មក់ចូលបង្ក្រាបកាលពីថ្ងៃអាទិត្យកន្លងមក គឺជាការបង្ក្រាបថ្មីបំផុតនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដែលប៉ូលិសនិយាយថា បានកាត់ផ្ដាច់ផែនការវាយប្រហារ ប៉ុន្តែ បានជំរុញឲ្យមានក្ដីបារម្ភអំពីកំណើនជនបះបោរនៅក្នុងប្រទេសនេះ ដែលមានជនមូស្លីមច្រើនជាងបំផុតនៅលើពិភពលោក៕

ប៉េកាំង៖មន្ត្រីនាំពាក្យការបរទេសប្រទេសចិនលោកស្រី ហួ ឈុនយីង បាននិយាយពីថ្ងៃអង្គារថា ប្រទេសជប៉ុនមិនគួរព្យាយាមបំបិទប្រវត្តិសាស្ត្រតាមរយៈការធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពភើលហាប៊ើនៅសហរដ្ឋអាមេរិកនេះទេ និងថា រដ្ឋាភិបាលក្រុងតូក្យូមិនអាចប្រែក្លាយទំព័រនេះជាប្រវត្តិសាស្ត្រដោយគ្មានការផ្សះផ្សារជាមួយក្រុងប៉េកាំងនៃប្រទេសចិនបានទេ។
ដោយឡែករដ្ឋាភិបាលជប៉ុនបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក អាបេ ជាមួយលោក អូបាម៉ា ទៅកាន់មូលដ្ឋានទ័ពនេះគឺជាភស្តុតាងដ៏សំខាន់មួយបង្ហាញថា អតីតប្រទេសសត្រូវនឹងគ្នាទាំង២នេះបានធ្វើឲ្យទំនាក់ទំនងនៃភាគីទាំង២នេះកាន់តែមានកម្លាំងឡើងក្រោយពីបញ្ចប់សង្គ្រាមនោះហើយ។
នៅក្នុងព្រឹត្តិការណ៍នេះដែរលោក អូបាម៉ា ប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិកបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក អាបេ ពេលនេះធ្វើឲ្យភាគីទាំង២នឹកឃើញដល់អ្វីដែលអាចមានរវាងប្រទេសនិងប្រជាពលរដ្ឋទាំង២ភាគីនេះ។ លោក អូបាម៉ា បានបន្ថែមទៀតថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងជប៉ុននៅពេលនេះគឺជានិមិត្តរូបនៃសន្តិភាពនៅក្នុងពិភពលោក ហើយថា សម្ពន្ធភាពបែបនេះមិនធ្លាប់មានពីមុនមកទេ។
ដោយទុកចោលការសោកស្ដាយរយៈពេល៧៥ឆ្នាំដោយឡែកនោះ មេដឹកនាំរបស់សហរដ្ឋអាមេរិកនិងប្រទេសជប៉ុនកំពុងជួបគ្នានៅមូលដ្ឋានទ័ពភើលហាប៊ើជាទីដែលមានការបង្ហូរឈាមដាក់គ្នាយ៉ាងខ្លាំងរវាងកងទ័ពអាមេរិកនិងជប៉ុនដោយធ្វើឲ្យអាមេរិកធ្លាក់ចូលក្នុងសង្គ្រាមលោកលើកទី២នៅពេលនោះ៕

កូរ៉េខាងជើង៖អតីតឯកអគ្គរដ្ឋទូតរងនៃស្ថានទូតប្រទេសកូរ៉េខាងជើងប្រចាំក្នុងទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេសដែលបានផ្ដាច់ខ្លួនចូលជាមួយថ្នាក់ដឹកនាំរបស់ប្រទេសកូរ៉េខាងត្បូងកាលពីខែសីហាលោក ថែ យ៉ុងហូ បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងមិនបោះបង់ចោលកម្មវិធីនុយក្លែអ៊ែររបស់ខ្លួននោះទេ។
អតីតឯកអគ្គរដ្ឋទូតរងរូបនេះបាននិយាយក្នុងសន្និសីទព័ត៌មានក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងថា ប្រទេសកូរ៉េខាងជើងកំពុងរង់ចាំមើលរដ្ឋបាលថ្មីរបស់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនៅឆ្នាំ២០១៧ខាងមុខនេះដោយជឿថា ថ្នាក់ដឹកនាំទាំង២នេះនឹងបង្កើតគោលនយោបាយថ្មីចំពោះទីក្រុងព្យុងយ៉ាងនៃប្រទេសកូរ៉េខាងជើង។ ទន្ទឹមនោះលោក យ៉ុងហូ បានអះអាងថា ប្រទេសកូរ៉េខាងជើងកំពុងមានបំណងបញ្ចប់ដំណើរការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរដើម្បីឲ្យខ្លួនអាចចាប់ផ្ដើមជជែកជាមួយប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកក្នុងឋានៈជារដ្ឋមានអាវុធនុយក្លេអ៊ែរមួយ។
ក្នុងពិធីប្រកាសចូលខ្លួនជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីខែសីហា រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយថា លោក យ៉ុងហូ បានគេចខ្លួនជាមួយគ្រួសាររបស់លោកដោយសារស្អប់រដ្ឋាភិបាលកូរ៉េខាងជើងក្រោមការដឹកនាំដោយលោក ជុងអ៊ុន និងដោយសារព្រួយបារម្ភពីអនាគតកូនៗរបស់លោក៕

រាជធានីភ្នំពេញ៖បុរសម្នាក់បានយកកាំបិតចិតបន្លែចាក់ស្ត្រីម្នាក់ដែលត្រូវជាកូដណ្តឹងរបស់ខ្លួនបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់មកបុរសនោះក៏បានអារ-កខ្លួនឯងតាមក្រោយតែម្តង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៥ និង៥០នាទីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះមួយកន្លែងនៅផ្លូវលេខ១៩ កែងសុរាម្រិត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នារីរងគ្រោះមានឈ្មោះ ខាន់ រចនា អាយុ២៦ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ ចំណែកឯជនបង្កជាគូដណ្តឹងមានឈ្មោះ សយ ញក់ អាយុ២៤ឆ្នាំ រស់នៅខេត្តសៀមរាប។
តាមការរៀបរាប់ពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើង ដោយសារតែខាងប្រុសខឹងនឹងខាងស្រីជាគូដណ្តឹងសុំផ្តាច់ពាក្យ ទើបផ្ទុះកំហឹងឈានដល់ការប្រព្រឹត្តអំពើហិង្សាបែបនេះតែម្តង។ បច្ចុប្បន្នពួកគាត់ទាំង២កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕


រាជធានីភ្នំពេញ៖មន្ត្រីអ្នកនាំពាក្យ CPP បានថ្លែងចំអកទៅលោក សម រង្ស៊ី ថាជាមនុស្ស កំសាកបំផុតដោយ មិនហ៊ានចូលស្រុកមិនហ៊ានប្រឈមមុខផ្លូវច្បាប់ ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនថ្លែងថា យើងមិនបាច់ឆ្ងល់នោះទេ វាមិនមានរឿងអ្វីចម្លែកនោះទេ ពីព្រោះសម រង្ស៊ី និយាយដោយសារតែតុលាការ កាត់សេចក្តីដាក់ទោសគាត់ អីចឹងគាត់ម៉េច ស្រឡាញ់តុលាការ ។ គាត់និយាយនៅក្នុងអារម្មណ៍ របស់គាត់ដោយស្អប់តុលាការ ! ព្រោះតុលាការកាត់ក្តីគាត់ ហើយថ្ងៃនេះតុលាការកាត់ក្តី គាត់ឲ្យជាប់គុកប្រាំឆ្នាំទៀត វាសមនឹងសមទម្រង់ទោសគាត់ ដែលបានឃុំឃិតគ្នាជាមួយ ហុង សុខហួរ ដោយមិនធ្វើខ្លួនឯងទេ បែរជាឲ្យផេករបស់ខ្លួននៅលោក ហុង សុខហួរ បង្ហោះដើម្បីមួលបង្កាច់ គណបក្សប្រជាជនកម្ពុជា ថាចុះហត្ថលេខាលុបខ្សែ បន្ទាត់វៀតណាម-កម្ពុជា ។ អានេះហើយជាចំណុច ខុសឆ្គងដែលមិនអាច អត់ឱនឲ្យបាននោះទេ»។
ការថ្លែងចំអកបែបនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានហៅតុលាការក្រុងភ្នំពេញថា ជាអាយ៉ងរបស់អ្នកនយោបាយដែលកំពុងកាន់អំណាចបច្ចុប្បន្ន ។
លោក សុខ ឥសាន ក៏បានឲ្យអ្នកសារព័ត៌មាន ឈប់ហៅឯកឧត្តម សម រង្ស៊ី ថា« ឯកឧត្តម» បន្តទៀត ព្រោះ សម រង្ស៊ីពេលនេះ មិនបានស្មើនឹងប្រជាជនធម្មតានោះទេ ព្រោះអស់សិទ្ធិឈរឈ្មោះបោះឆ្នោត អស់សិទ្ធិបោះឆ្នោត អស់សិទ្ធិចុះឈ្មោះបោះឆ្នោត ដែលអាចនិយាយជាអនុប្រជាជន គឺអន់ជាងប្រជាជនសាមញ្ញទៀត ៕

រាជធានីភ្នំពេញ៖បង្ហោះសារនៅលើ ហ្វេសប៊ុក របស់ខ្លួនកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦នេះ លោក សម រង្ស៊ី បានលើកតម្កើងខ្លួនឯងស្មើនឹងសម្តេចព្រះ ន.សីហនុ រួមទាំងអ្នកនយោបាយ២នាក់ផ្សេងទៀត គឺលោក សឺង ង៉ុកថាន់ និងលោក ប៉ែន សុវណ្ណ។
លោក សម រង្ស៊ី បានសរសេរថា អ្នកនយោបាយដែលត្រូវបានគេនិរទេសក្នុងប្រវត្តិសាស្ត្រ មានចំនួន៤រូប រួមមាន៖ លោក សឺង ង៉ុកថាន់ លោក ប៉ែន សុវណ្ណ សម្តេចព្រះន.សីហនុ និងលោក សម រង្ស៊ី ។ លោកថា ការនិរទេសនោះគឺជាវិធានការនយោបាយតាមរបៀបផ្តាច់ការដែលរដ្ឋអំណាចណាមួយអនុវត្ត ចំពោះតួ អង្គនយោបាយណាម្នាក់ដែលគេចង់បញ្ឈប់សកម្មភាពនយោបាយ ដោយបំបាត់វត្តមានគឺបណ្តេញចេញពីប្រទេសកំណើត ។
លោកបញ្ជាក់ថា ក្នុងប្រវត្តិសាស្ត្រកម្ពុជាមានអ្នកនយោបាយយ៉ាងតិច៤នាក់ ដែលត្រូវគេបណ្តេញចេញឬនិរទេសមិនឲ្យមានវត្តមានលើទឹកដីប្រទេសកម្ពុជា ដោយសារតែរដ្ឋអំណាចនោះមានការភ័យខ្លាច ចំពោះប្រជាប្រិយភាពរបស់ឥស្សរជនប្រឆាំងគេនោះដែលអាចផ្តួលរំលំរបបគេ ។
លោក សម រង្ស៊ី រៀបរាប់ថា អ្នកនយោបាយទាំង៤នោះ គឺលោក សឺង ង៉ុកថាន់ ដែលត្រូវរបបអាណានិគមនិយមបារាំងបណ្តេញចេញពីប្រទេស ។ លោក ប៉ែន សុវណ្ណ ដែលត្រូវអាជ្ញាធរអាណានិគមវៀតណាម និរទេសចេញពីប្រទេស រួមទាំងសម្តេច សីហនុ ដែលត្រូវរបបលោក លន់ នល់ និរទេសចេញពីប្រទេស ហើយក្រោយមកត្រូវរបប ហេង សំរិន , ជា ស៊ីម , ហ៊ុន សែន ក្រោមអាណានិគមនិយមវៀតណាម និរទេសព្រះអង្គបន្តទៀត ។
តាមសារដែលលោក សម រង្ស៊ី បានសរសេរត្រូវបានគេមើលឃើញថា លោកបានប្រដូចខ្លួនឯងទៅនឹងឥស្សរជននយោបាយទាំង៣ សំខាន់ សម្តេចព្រះន.សីហនុ ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសគោរពបូជាទុកជាទីសក្ការៈ ក្នុងពេលព្រះអង្គសោយទីវង្គត ។ ការប្រៀបធៀបខ្លួនឯងទៅនឹងសម្តេចព្រះនសីហនុ របស់លោក សម រង្ស៊ី ត្រូវបានអ្នកវិភាគនយោបាយចំអកយ៉ាងខ្លាំង ព្រោះថា រវាងលោក សម រង្ស៊ី និងសម្តេច ព្រះន.សីហនុ មិនអាចដូចគ្នា ហើយខុសគ្នាឆ្ងាយដូចមេឃនិងដីឯណោះ ។
អ្នកវិភាគនយោបាយបញ្ជាក់ថា ការនិរទេសរបស់សម្តេច ព្រះ ន.សីហនុ ពិតជាផ្តើមចេញពីការភ័យខ្លាចនៃការបាត់បង់អំណាចរបស់អ្នកកាន់អំណាចនាជំនាន់នោះប្រាកដមែន ព្រោះព្រះអង្គជាអ្នកនយោបាយ ឬជាឥស្សរជនដែលមានប្រជាប្រិយភាពលើសលុបគ្មានគូរប្រៀប ។
ចំណែកលោក សម រង្ស៊ី និរទេសខ្លួនឯងដោយសារតែការភ័យខ្លាចនឹងចំណាត់ការរបស់តុលាការ ខណដែលលោកបានធ្វើឲ្យមានកំហុសខាងផ្លូវច្បាប់ ។ ទន្ទឹមនោះប្រជាប្រិយភាពលោក សម រង្ស៊ី នៅតិចតួចណាស់ បើប្រៀបធៀបសម្តេច ព្រះន.សីហនុ ៕

រាជធានីភ្នំពេញ៖នៅក្នុងឆ្នាំ២០១៦មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣.៣៣៨លើកបណ្តាលអោយមនុស្សស្លាប់ចំនួន១.៥៧៦នាក់ និងរបួស ៥.៩៦២នាក់ ក្នុងនោះអ្នករបួសមានរបួសធ្ងន់៥៩%។ នេះបើយោងតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
របាយការណ៍នេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ ដែលបានធ្វើឡើងនារសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងមហាផ្ទៃ។
របាយការណ៍ដដែលបញ្ជាក់ថា ភូមិសាស្ត្រដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងគេ គឺនៅរាជធានីភ្នំពេញចំនួន ៣៤៨លើក ខេត្តកណ្តាលចំនួន ៣០៣លើក និងខេត្តតាកែវចំនួន២៨៨លើក។ មូលហេតុដែលបណ្តាលអោយមានគ្រោះថ្នាក់គឺបើកបរលើសល្បឿនកំណត់ ៤១% មិនប្រកាន់ស្តាំ ១២% ស្រវឹង ១០% មិនគោរពសិទ្ធ ១២% វ៉ាជែង ១១% បត់១០% កត្តាយានយន្ត៣% និងងងុយដេក១%។
បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ គ្រោះថ្នាក់ថយចំនួន ៤៥១ លើក ស្មើ ១២% អ្នកស្លាប់ថយចំនួន ២៥៩នាក់ ស្មើ១៤% និងអ្នករបួសថយចំនួន ៥៩៦នាក់ ស្មើ៩%៕

រាជធានីភ្នំពេញ៖បុរសជាសន្តិសុខផ្សារអូឡាំពិកម្នាក់បានប្រើកាំភ្លើងអាកា៤៧បាញ់ខ្លួនឯងនៅជាន់ទី៣នៃផ្សារអូឡាំពិក ស្ថិតក្នុងភូមិ២ សង្កាត់អូឡាំពិក ខណ្ឌចំការមន កាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមប្រភពពីសន្តិសុខផ្សារអូឡាំពិកបានអោយដឹងថា ជនរងគ្រោះឈ្មោះ ស្រុង ឈិនឡុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខផ្សារអូឡាំពិក ស្នាក់នៅកន្លែងកើតហេតុ បានបាញ់ខ្លួនឯង១គ្រាប់ ចំបំពង់.ក ខាងឆ្វេងធ្លាយទៅក្រោយ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យរុស្ស៊ី ។
ប្រភពដដែលបន្តថា ក្រោយកើតហេតុកម្លាំងសន្តិសុខផ្សារបានរកឃើញសំបុត្រមួយចំនួនរបស់ជនរងគ្រោះ នៅលើតុកន្លែងស្នាក់នៅកើតហេតុ ន័យក្នុងសំបុត្រទាំងនោះ បញ្ជាក់ថា ហាក់ដូចជាមានវិបត្តិស្នេហ៍អ្វីមួយ ជាមួយនឹងនារីម្នាក់ឈ្មោះថា អានី នៅស្រុកកោះធំ។
ទោះជាយ៉ាងណា ភ្លាមៗសមត្ថកិច្ចមូលដ្នាននៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ ខណៈជនរងគ្រោះកំពុងសង្គ្រោះនៅមន្ទីរពេទ្យផងដែរ៕


ខេត្តកំពង់ធំ៖កាលពីវេលាម៉ោង០៦ និង៣០នាទីយប់ថ្ងៃទី២៦ ធ្នូ ស្ថិតនៅចំណុចអូរខាងកើតភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ចម្ងាយពីផ្លូវជាតិលេខ៦២ប្រហែល១គីឡូម៉ែត្រ កើតមានករណីបុរស៣នាក់ចាប់រំលោភស្ត្រីអាយុ៣២ឆ្នាំម្នាក់ ពេលដែលនាងបានចេញទៅតាមប្តីនៅចាំចម្ការ ។
ក្រោយកើតហេតុ ជនសង្ស័យ២នាក់ត្រូវសមត្តកិច្ចចាប់ខ្លួន ម្នាក់ឈ្មោះយ៉ន សុភ័ក្ត អាយុ២៦ឆ្នាំ និងម្នាក់ឈ្មោះថៃ នួន អាយុ២៥ឆ្នាំ ចំណែកម្នាក់ទៀតឈ្មោះ សុខ ជា អាយុ២៧ឆ្នាំ កំពុងគេចខ្លួនបាត់ ។
មុនកើតហេតុ ស្ត្រីរងគ្រោះបានចេញពីផ្ទះទៅតាមប្តីនៅចំការ លុះដើរដល់ចំណុចស្ពានឆ្លងអូរ ក៏ជួបប្រុសៗមួយក្រុមកំពុងផឹកស៊ី ពេលនោះ ស្រាប់តែរត់មកចាប់គាត់អូសចុះក្រោមស្ពាន ហើយសម្រាតខោអាវរំលោភម្នាក់ម្តងៗបានសម្រេច ។ នៅថ្ងៃទី២៧ ធ្នូ នេះ សមត្តកិច្ចបន្តចាប់ខ្លួនជនសង្ស័យម្នាក់កំពុងគេចខ្លួន៕


បាល់ទាត់៖ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីលរបស់ Liverpool អាចលេងការប្រកួតទល់នឹង Stoke City យប់នេះបានហើយរូបគេក៏បានត្រឡប់ទៅហ្វឹកហាត់ជាមួយកីឡាករដទៃទៀតក្នុងក្រុមលោក Jurgen Klopp វិញហើយដែរ បើទោះបីជាត្រូវបានចោទប្រកាន់ពីបទបើកបរក្នុងអាការៈស្រវឹងក៏ដោយនោះ។
Roberto Firmino ត្រូវបានប៉ូលិសក្នុងតំបន់ Merseyside ឃាត់ខ្លួននៅយប់ឈានចូលថ្ងៃបុណ្យណូអែល បន្ទាប់ពីប៉ូលិសពិនិត្យឃើញថាកិឡាកររូបនេះ បើកបរក្នុងអាការៈស្រវឹង ។
យ៉ាងណាមិញជុំវិញករណីខាងលើនេះ ក្លប មិនទាន់បានបកស្រាយយ៉ាងណាទេគឺទុកពេលឲ្យប៉ូលិសធ្វើការតាមផ្លូវច្បាប់ ហើយ Firmino នឹងត្រូវចូលខ្លួននៅតុលាការ ថ្ងៃទី៣១ខែមករា ឆ្នាំក្រោយ ចំថ្ងៃដែល Liverpool ត្រូវស្វាគមន៍ ក្រុមកំពូលតារាង Chelsea នៅទឹកដី Anfield៕

ខេត្តបន្ទាយមានជ័យ៖ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ឌិន ពុទ្ធិ ត្រូវបានតុលាការចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ដែលត្រូវឃុំខ្លួនបណ្តោះអាសន្ន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។ លោក ឌិន ធារិទ្ធ អគ្គលេខាធិការសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំក្រុងប៉ោយប៉ែតបានប្រាប់ថា សមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធមានស្នាក់ការនៅក្រុងប៉ោយប៉ែតមានក្រុមការងារចំនួន៣០នាក់ ដែលលោក ឌិន ពុទ្ធិ ជាប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោកបានបញ្ជាក់ថា ទិសដៅសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំក្រុងប៉ោយប៉ែត មានតួនាទីសម្រាប់បម្រើប្រជាពលរដ្ឋមានដូចជា ទី១.ការរំលោភបំពានប្រជាពលរដ្ឋស្លូតត្រង់ពីសំណាក់អ្នកមានអំណាច ទី២.ការរំលោភសិទ្ធិប្រពលរដ្ឋមានដូចជាអំពើហិង្សា ទី៣.ជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋមានអាជីវករ.អ្នករត់តាក់ស៊ី.ម៉ូតូឌុប.កម្មករអូសរទេះ.កម្មការករ កម្មការិនី បុគ្គលិកកាស៊ីណូ។
លោកបានបញ្ជាក់ថា លោក ឌិន ពុទ្ធិ ជាប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រពន្ធឈ្មោះ ហ៊ុំ ច្រៀន មានកូនចំនួន៣នាក់ ប្រុស២នាក់ ស្រីម្នាក់ កូនប្រុសច្បងមានអាយុ១៥ឆ្នាំ កូនប្រុសទី២ មានអាយុ៤ឆ្នាំ កូនស្រីទី៣ មានអាយុ១ខួបកន្លះ ដែលស្នាក់នៅភូមិសាមគ្គីមានជ័យសង្កាត់/ក្រុងប៉ោយប៉ែត។
លោក ឌិន ធារិទ្ធ បានបន្តថា នៅពេលដែលកម្លាំងនគរបាលអន្តោប្រវេសន៍ឃាត់ខ្លួនលោក ឌិន ពុទ្ធិ ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធគឺវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្បាលស្ពានច្រកទ្វាអន្តរជាតិប៉ោយប៉ែត។ មានអ្នកម៉ូតូម្នាក់ឈ្មោះ អ៊ីង ខ្វៀង ដែលរត់ម៉ូតូឌុបចិញ្ចឹមគ្រួសារដែលមានផ្ទៃពោះជិតគ្រប់ខែ នៅពេលទៅរត់ឌុបច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានលោក ឈាន ពិសិទ្ធិ មានឋានន្តរសក្តិវរៈសេនីយ៍ត្រី តួនាទីជាអនុប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមន្ត្រីក្រោមឱវាទឃាត់ម៉ូតូ១គ្រឿង ហើយគោលបំណងឃាត់ម្ចាស់ម៉ូតូទៀតទើបលោក ឌិន ពុទ្ធិ ជិះរថយន្តទៅជួយអន្តរាគមន៍ត្រូវបានឃាត់ចោទប្រកាន់ថា បុកឈ្មោះ ឈាន ពិសិទ្ធិ ហើយត្រូវបានឃាត់ខ្លួនតែម្តង។
លោក ឌិន ធារិទ្ធ បានបញ្ជាក់ថា មូលហេតុដែលកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឃាត់ម៉ូតូកើតឡើងជាច្រើនលើកមកហើយ ចំពោះអ្នករត់ម៉ូតូឌុបដែលរត់នៅច្រកទ្វារប៉ោយប៉ែតមិនបានបង់ខែឲ្យគឺចាប់យកម៉ូតូទុក៣ទៅ៤ថ្ងៃព្រមានទើបលែង។ មានម៉ូតូប្រមាណជិត១០០គ្រឿងដែលរត់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានគឺបង់លុយឲ្យ១ខែ៣០០បាត ទើបមានសិទ្ធិរត់បាននៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បើម៉ូតូមិនបង់លុយខែឲ្យទេចូលច្រកទ្វារគឺចាប់បែបហ្នឹង។
លោក ជុំ ឃាង ជំនួយការមេធាវីបានប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ថា ចំពោះលោក ឌិន ពុទ្ធិ ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធមានស្នាក់ការនៅក្រុងប៉ោយប៉ែត ដែលត្រូវបានកម្លាំងនគបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់ខ្លួនប្រគល់ឲ្យកម្លាំងនគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ។ ដែលត្រូវបានឃាត់ចោទប្រកាន់ពីបទថា បើករថយន្តបុកឈ្មោះ ឈាន ពិសិទ្ធិ មានឋានន្តរសក្តិវរសេនីយ៍ត្រី តួនាទីជាអនុប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
លោកបានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនត្រូវបញ្ជូនខ្លួនលោក ឌិន ពុទ្ធិ បន្តទៅស្នងការនគរបាលខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ត្រូវតុលាការឃុំខ្លួនបណ្តោះអាសន្ន ដែលចោទប្រកាន់បីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា រហូតពេលនេះលោកមិនទាន់បានជួបកូនក្តីនៅឡើយទេ។
លោក សេន មករា មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់តាមទូរស័ព្ទថាចំពោះលោក ឌិន ពុទ្ធិ ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលត្រូវបានឃាត់ខ្លួននៅពេលបើករថយន្តបុក ឈាន ពិសិទ្ធិ មានឋានន្តរសក្តិវរសេនីយ៍ត្រី តួនាទីជាអនុប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ដែលបណ្តាលឲ្យសន្លប់ និងរបួសធ្ងន់មានស្នាមភ្លៅខាងស្តាំ និងដងខ្លួនហើយត្រូវបានសង្គ្រោះបន្ទាន់ទៅគ្លីនិកឯកជនក្រុងប៉ោយប៉ែត ដោយមានសភាពធ្ងន់ធ្ងរបញ្ជូនទៅមន្ទីពេទ្យស្រុកអារញ្ញខេត្តស្រះកែវប្រទេសថៃ។
លោក សេម មករា បានបន្តថា មូលហេតុដែលឈ្មោះ ឌិន ពុទ្ធិ បើករថយន្តបុកលោក ឈាន ពិសិទ្ធ នៅពេលឃាត់រថយន្តព្យាយាមមកយកអ្នកម៉ូតូឌុបដែលធ្វើប៉ះពាល់សណ្តាប់ធ្នាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ហើយឈ្មោះ ឌិន ពុទ្ធិ នេះធ្លាប់បង្កអសន្តិសុខ និងសណ្តាប់ធ្នាប់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាច្រើនលើកច្រើនសារមកហើយ និងញុះញង់អ្នករត់តាក់ស៊ីម៉ូតូឌុប កម្មករអូសរទេះ អាជីវករធ្វើការតវ៉ា បាតុកម្មនៅក្នុងក្រុងប៉ោយប៉ែតកន្លងមក។ ទាក់ទិនការឃាត់ខ្លួនលោក ឌិន ពុទ្ធិ ប្រធានសាមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធដែលត្រូវឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យ។ អ្នកយកព័ត៌មានបានព្យាយាមទំនាក់ទំនងទៅលោក មាស ច័ន្ទពិសិទ្ធ ព្រះរាអាជ្ញាអោមសាលាដំបូងខេត្តបន្ទាយមានជ័យ តែមិនអាចធ្វើការទំនាក់ទំនងបានឡើយ៕


រាជធានីភ្នំពេញ៖តុលាការរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និង ផ្តន្ទាទោសជំនួយការពីរនាក់ ឈ្មោះ អឹង ជុងលាង និងឈ្មោះ សត្យា សម្បត្តិ ដាក់ពន្ធនាគារ៥ឆ្នាំ សាលក្រមប្រកាសដោយកំបាំងមុខជនជាប់ចោទនិងមេធាវី តែចាត់ទុកជាចំពោះមុខ បើកផ្លូវប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
លោក សម រង្ស៊ី លោក អ៊ឹង ជុងលាង ហៅ ម៉ាប់ ហៅ កូនជ្រូក និង ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ត្រូវបានតុលាការចោទប្រកាន់ ពីបទ សមគំនិតក្នុងអំពើក្លែងបន្លំ ឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប៉ុន្តែបច្ចុប្បន្នជនជាប់ចោទទាំង៣នាក់ កំពុងរត់គេចខ្លួននៅបរទេស ៕

ខេត្តបន្ទាយមានជ័យ៖លោកស្រី ណាត ស៊ីវឡាយ នាយិកាវិទ្យាល័យសិរីសោភ័ណត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យសម្រេចអោយផ្អាកភារកិច្ចហើយបន្ទាប់ពីមានការតវ៉ារបស់លោកគ្រូអ្នកគ្រូនៃវិទ្យាល័យនេះអោយមានការផ្លាស់ប្តូរនឹងរកឃើញថាបានប្រព្រឹត្តអំពើពុករលួយច្រើនករណី។
លោកស្រី ណាត ស៊ីវឡាយ បានកាន់តំណែងជានាយិកាវិទ្យាល័យសិរីសោភ័ណ អស់រយះពេលជិត១០ឆ្នាំ។ ក្រោយមានរឿងអាស្រូវ ក៏ត្រូវលោកគ្រូអ្នកគ្រូប្រមាណជាង៦០នាក់ប្តឹងតវ៉ាអោយបញ្ឈប់នឹងដកនាយិកានេះចេញដោយអះអាងថា ដឹកនាំផ្តាច់ការ ខ្វះសីលធម៌ សុជីវធម៌ ពុករលួយ ។
អាជ្ញាធរខេត្តរួមជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្តបានបង្កើតគណះកម្មាការដើម្បីត្រួតពិនិត្យលើភាពមិនប្រក្រតីនេះ។លោក ស្តើង តុងហឹង ប្រធានមន្ទីរអប់រំបាននិយាយថា បន្ទាប់ពីគណះកម្មាការធ្វើការស៊ើបអង្កេត រកឃើញថាលោកស្រី ណាត ស៊ីវឡាយ ពិតជាមានកំហុសទើបនៅថ្ងៃទី២៦ខែធ្នូនេះ អាជ្ញាធរខេត្ត លោក សួន បវរ បានសម្រេចផ្អាកភារកិច្ចលោកស្រី ណាត ស៊ីវឡាយ ពីនាយិកានៃវិទ្យាល័យនេះដោយរងចាំប្រកាសនាយិកាថ្មីនៅពេលក្រោយ៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍