ខេត្តកោះកុង ៖នៅព្រឹកនេះសមត្ថកិច្ចបានបញ្ជូនយុវជនម្នាក់ទៅតុលាការទាក់ទងរំលោភប្អូនស្រីបង្កើតរាប់ភ្លេចដងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះភ្លាមសមត្ថកិច្ចបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យកាលពីវេលាម៉ោង ២និង៣០នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ជនសង្ស័យឈ្មោះ ស៊ូ ប៊ុនថង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ចំណែកជនរងគ្រោះ ជាប្អូនស្រី អាយុ១៨ ឆ្នាំ ជាសិស្សសាលា។
បើតាមចម្លើយសារភាព ពីជនសង្ស័យថា ខ្លួននិងប្អូនស្រីបានរួមរ័ក្សគ្នា តាំងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ តែការរួមរ័ក្សរាប់មិនចាំ តែដឹងក្នុង ១ថ្ងៃ ២ឬ៣ដង ។ ហើយមុនបែកការខ្លួន បានហៅប្អូនស្រីមករួមរ័ក្សទៀត តែត្រូវប្អូនប្រកែកធ្វើឲ្យខ្លួនខឹង ក៏យកទូរស័ព្ទប្អូនបោកចោល ធ្វើឲ្យនាងខឹងរត់ មកសមត្ថកិច្ចតែម្តង៕
លីប៊ី ៖សាកសពជនចំណាកស្រុកចំនួន៥នាក់ មកពីប្រទេសអាហ្វ្រិក ត្រូវបានគេប្រទះឃើញនៅកន្លែងមួយចំនួននៅលើឆ្នេរសមុទ្រអាល់ម៉ាយ៉ានៃប្រទេសលីប៊ី ។ នេះបើយោងតាមរបាយការណ៍របស់អង្គការអឌ្ឍចន្ទក្រហម។
មន្ត្រីនាំពាក្យអឌ្ឍចន្ទក្រហមនៅប្រទេសលីប៊ីបាននិយាយថា ពួកគេបានរកឃើញសាកសពចំនួន៥នាក់ ហើយពួកគេសង្ឃឹមទៀតថា នឹងបានរកឃើញសាកសពនៅសល់ចំនួន១០នាក់ទៀតនៅពេលខាងមុខទៀតនេះ។
អង្គការអឌ្ឍចន្ទក្រហមបានរាយការណ៍ពីដើមសប្ដាហ៍នេះនៅក្នុងទីក្រុងទ្រីប៉ូលីនៃប្រទេសលីប៊ីថា ទូកចំនួន២គ្រឿងដែលមួយគ្រឿងដឹកមនុស្សចំនួន១៥០នាក់ និងមួយទៀតដឹកមនុស្សចំនួន២៤០នាក់នោះបានក្រឡាប់លិចជិតឆ្នេរសមុទ្រនៃប្រទេសនេះ។
យោងតាមអង្គការទេសចន្តប្រវេសន៍អន្តរជាតិបានឲ្យដឹងថា រហូតមកដល់ឆ្នាំនេះមនុស្សជាង៣៦០០នាក់បានស្លាប់ឬបាត់ខ្លួនដោយសារគ្រោះថ្នាល់លិចទូកនៅពេលពួកគេកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេទៅកាន់តំបន់អឺរ៉ុប៕
រាជធានីភ្នំពេញ ៖មន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានថ្លែងប្រាប់អ្នកសារព័ត៌មានថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រម នៃសំណុំរឿង លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាមនៃគណបក្សសម រង្ស៊ី នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។ ការថ្លែងបែបនេះធ្វើឡើងបន្ទាប់ពីតុលាការបានបើកសវនាការ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម កូតាមកពីគណបក្សសមរង្ស៊ីនោះ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយ ដែលអះអាងនៅក្នុងលិខិតចំហរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។
ជាមួយគ្នានេះមេឃុំរូបនេះត្រូវបានតុលាការចោទប្រកាន់ពីបទ សូកប៉ាន់សាក្សី ពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា និង កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ៕
រាជធានីភ្នំពេញ ៖គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី១១ ខែ វិច្ឆិកាឆ្នាំ ២០១៦នេះបានរៀបចំ សមាជប្ដូរស្លាកសញ្ញាបក្សថ្មី កែសម្រួលរចនាសម្ព័ន្ធ លក្ខន្តិកៈ និងគោលនយោបាយមួយចំនួនក្រោមអធិបតីភាពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្ស ។
សមាជនេះ គេសង្កេតឃើញមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រគណបក្សមកពីតាមបណ្តាមូលដ្ឋានទូទាំងប្រទេស៕
បាល់ទាត់ ៖យោងតាមយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសបារាំងបានឲ្យដឹងថា ក្រុមមហាសេដ្ឋីរបស់បារាំង Paris Saint-Germain គ្រោងចំណាយកញ្ចប់ទឹកប្រាក់ ១០០ លានអឺរ៉ូក្នុងការចុះហត្ថលេខាទិញយកកីឡាករ Philippe Coutinho និង Firmino របស់ក្រុមហង្សក្រហម Liverpool នាទីផ្សារដោះដូរកីឡាករបើកនៅខែមករាខាងមុខនេះ។
Philippe Coutinho បច្ចុប្បន្នមានការផ្សារភ្ជាប់យ៉ាងខ្លាំងទៅលើការចាកចេញពីទឹកដី Anfield ខណៈដែលមានសេចក្តីរាយការណ៍ថា ក្រុមយក្សលីកកំពូលអេស្ប៉ាញ La Liga ក្រុមអ្នកមានបុណ្យ Barcelona និងអធិរាជស Real Madrid កំពុងនឹងបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្នុងការចុះហត្ថលេខាទិញយករូបគេផងដែរ។
PSG អះអាងថាក្រុមត្រៀមសំណើរួចរាល់សម្រាប់ដាក់ទៅកាន់ក្រុមហង្សក្រហម ដើម្បីនាំយកកីឡាករទាំងពីរនេះ និងគ្រោងចំណាយថវិការហូតដ៏ទៅ១០០ លានអឺរ៉ូ ក្នុងការចុះហត្ថលេខានាំយកកីឡាករដ៏មានឥទ្ធិពលទាំងពីរនេះដើម្បីពង្រឹងក្រុមបន្ថែមទៀត។
គួរបញ្ជាក់ថា តារាបាល់ទាត់អន្តរជាតិប្រេស៊ីលទាំងពីររូប ការបង្ហាញទម្រង់លេងដ៏ល្អរបស់ពួកនៃរដូវកាលថ្មីបានដឹកនាំ Liverpool មកឈរលើកំពូលតារាង អង់ គ្លេស Premier League បណ្តោះអាសន្នជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំកន្លះចុងក្រោយមកនេះចាប់តាំងពីខែឧសភា ឆ្នាំ ២០១៤៕
រាជធានីភ្នំពេញ ៖ខណៈដែលកម្លាំងសមត្ថកិច្ចជាច្រើនបាននិងកំពុងចេញប្រតិបត្តិការស្វែងរកកីឡាករអុំទូក ២នាក់ដែលបានបាត់ខ្លួនទឹកទន្លេ ក្រោយពេលទូក ង របស់ជនរងគ្រោះ បុកជាមួយ ទូកទេសចរណ៍ នៅមុខព្រះបរមរាជវាំង ពេលដែលកំពុងសណ្តោង យកមកអុំប្រណាំងសាកល្បងនៅព្រឹកនេះ។
តាមប្រភពព័ត៌មានពីអាជ្ញាធរនៅកន្លែងកើតហេតុបានបញ្ជាក់ថា ជនរងគ្រោះ២នាក់ ក្នុងចំណោម៩នាក់ ដែលនៅលើទូក នៅមិនទាន់រកឃើញនៅឡើយទេ រហូតមកដល់ពេលនេះ ហើយនៅពេលនេះកម្លាំងប្រតិបត្តិការ បានចេញជួយស្វែងរកជាច្រើន អូប័រ។
គួរបញ្ជាក់ថា ទូក ង មកពីវត្តអម្ពវ័ន្ត ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មានឈ្មោះថា រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ ពេលសណ្តោងមក ប្រណាំងសាកល្បង នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្រាប់តែបុកជាមួយ ទូកទេសចរណ៍ បណ្តាលឲ្យលិច នៅមុខព្រះបរមរាជវាំង៕
រាជធានីភ្នំពេញ ៖សំណុំរឿងលោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៃគណបក្សសម រង្ស៊ី ក្រោមការចោទប្រកាន់ពីបទ សូកប៉ាន់សាក្សី ពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា និង កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា នេះបានបន្តសវនាការ ។
សវនាការនេះដឹកនាំដោយលោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និង លោក សៀង សុខ ជាតំណាងអយ្យការ។
គួរបញ្ជាក់ថា លោក ស៊ាង ចែត ត្រូវបានចោទប្រកាន់ពីបទ សូកប៉ាន់សាក្សីតាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសសូកប៉ាន់សាក្សី កំណត់ការផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ៕
ខេត្តសៀមរាប ៖តុលាការបានសម្រេចឃុំខ្លួនមន្ត្រីអាជ្ញាធរអប្សរា៥នាក់ ដែលពាក់ព័ន្ធនឹងការកាប់ដើមគ្រញូងនៅឧទ្យានជាតិអង្គរខេត្តសៀមរាបកាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះ បន្ទាប់ពីសមត្ថកិច្ចបានចាប់ និងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប។
លោកស្នងការរងនគរបាលខេត្តសៀមរាបដដែលរូបនោះបានបញ្ជាក់ថា តុលាការបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទ៖ «ផ្តើមគំនិតប្រមូលផល អនុផល ព្រៃឈើជាប្រភេទឈើចំណាត់ថ្នាក់ ដែលមិនទាន់អនុញ្ញាតឲ្យប្រមូល»។
មន្ត្រីអាជ្ញាធរអប្សរាទាំង៥នាក់នោះ រួមមានទី១៖ ឈ្មោះ ឈ ថាណាត ជាអគ្គនាយករងអាជ្ជាធអប្សារា ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធ៌មនិងបរិដ្ឋាន, ទី២៖ ឈ្មោះ ចេវ ផល ប្រធានការិយាល័យការពារបរិស្ថាន អាជ្ញាធអប្សារា ដែលត្រូវចាប់ខ្លួននៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា, ទី៣៖ ឈ្មោះ ឡី ជាតិ ជាអ្នកបើកបររថយន្ត អាជ្ញាធរអប្សរា, ទី៤៖ ឈ្មោះ ទូច តេត្រា ជាប្រធានការិយាល័យគ្រប់គ្រងហានិភ័យ ព្រៃឈើអាជ្ញាធរអប្សារា និងទី៥ ឈ្មោះ ខាន ង៉ិក ជាអ្នកបើកបរ រថយន្តអាជ្ញាធរអប្សារា ដែលត្រូវចាប់ខ្លួននៅពេលរសៀល។
ការចាប់ខ្លួនជនពាក់ព័ន្ធទាំងនេះ បានធ្វើឡើងបន្ទាប់ពីមានបញ្ជាដោយផ្ទាល់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្រោយពីកើតហេតុ។
សូមបញ្ជាក់ថា ឈើគ្រញូងមួយដើមយ៉ាងធំនៅក្នុងឧទ្យានជាតិអង្គរ ដែលមានអាយុត្រូវបានគេលួចកាត់ កាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។ ដើមគ្រញូងមាន អង្កត់ផ្ចិត ៨៣០សង់ទីម៉ែត្រ (៨.៣តឹក) ប្រវែងជាង៨ម៉ែត្រ នៅមាត់កសិន្ធអង្គរធំ ខាងកើតវត្តថ្មីដំរីសែនជ័យ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប៕
ខេត្តកំពង់ស្ពឺ ៖នារីវ័យក្មេងក្រមុំម្នាក់ដែលបានលួចលាក់ទៅសហាយស្មន់ជាមួយប្តីគេ ហើយពង្រត់គ្នាតាំងពីភ្នំពេញរហូតទៅដល់ស្រុកបរស៊ែត ទើបប្រពន្ធដើមនាំកូនទៅតាមទាន់កន្លែងដែលកំពុងក្រេបទឹកឃ្មុំជាមួយគ្នានៅក្នុងផ្ទះស្ថិតនៅភូមិសង្គ្រោមបូរ ឃុំបរស៊ែត ស្រុកបរស៊ែត ខេត្តកំពុងស្ពឺ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦។
តាមការរៀបរាប់ពីប្រពន្ធដើមបានអោយដឹងថា នារីវ័យក្មេងដែលលួចលាក់សាហាយស្មន់ជាមួយប្តីរបស់គាត់នោះឈ្មោះ ស្រី ណុច អាយុប្រហែលជា២៣ឆ្នាំ ជានារីកម្មកររោងចក្រ ស្នាក់នៅជិតវត្តអង្គមេត្រី ស្រុកអង្គស្នួល ខេត្តកណ្តាល នាងបានលួចទាក់ទងជាមួយប្តីរបស់គាត់អស់រយ:ពេលជាង៦ខែហើយ ហើយនាងបានលួងលោមប្តីរបស់គាត់លក់របស់របរគ្មានសល់ទើបរូបខ្លួនសង្ស័យក៏តាមដានរហូតដ៏ទីតាំងកើតហេតុខាងលើតែម្តង។
ក្រោយពេលកើតហេតុប្រពន្ធដើមបានហៅអាជ្ញាធរមូលដ្ឋានមកដោះស្រាយដើម្បីចរចាគ្នាថ្ងៃក្រោយ៕
រាជធានីភ្នំពេញ ៖តុលាការកំពូលនឹងបើកសវនាការសំណុំរឿងមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក៤រូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូបនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខនេះ។
សវនាការនេះដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការ ។ កម្មវត្ថុនៃសវនាការនេះគឺ បណ្តឹងសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ។
មន្ត្រីអាដហុក៤រូបនិងមន្ត្រីគជប ជាប់ចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីដល់អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឲ្យអ្នកនាងនិយាយការពិតប្រាប់សមត្ថកិច្ចចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
ជនជាប់ចោទទាំងអស់នេះរួមមាន៖លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក យី សុខសាន្ត អនុប្រធានសមាគមអាដហុក លោក ណៃ រ៉ង់ដា អនុប្រធានសមាគមអាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់សមាគមអាដហុក ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទ សូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ ។
ដោយឡែកលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ ។ ជាមួយគ្នានេះ លោក សឺន សាលី ជាមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីផងដែរ។ បទល្មើសសូកប៉ាន់សាក្សី កំណត់ការផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ៕
រាជធានីភ្នំពេញ ៖មនុស្ស៣នាក់បានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារ នៅក្នុងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម គ្រាដែលស្រីស្នេហ៍របស់ជនដៃដល់ និងជនរងគ្រោះបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
សមត្ថកិច្ចម្នាក់បានលួចបង្ហើបថា មូលហេតុដែលនាំឲ្យមានការបាញ់ប្រហារនេះ ក៏ដោយសារតែ ជនដៃដល់ កាលពីយប់មិញ បានបបួលនារីជាស្រីស្នេហ៍ទៅក្រៅ ប៉ុន្តែនាងមិនទៅ ពីព្រោះជាប់នៅជាមួយជនរងគ្រោះ ដែលជាមន្ត្រីយោធាផ្កាយ២ ទើបឈានទៅដល់ការឈ្លោះគ្នា ហើយបាញ់ប្រហារតែម្តង។ ក្រោយបាញ់ជនរងគ្រោះទាំង២នាក់ហើយ ជនដៃដល់បានបាញ់សម្លាប់ខ្លួនឯងផងដែរ៕
បាល់ទាត់ ៖លោក Albert Botines ទីភា្នក់ងាររបស់កីឡាករ Hector Bellerin បានឲ្យដឹងថា មកដល់ពេលនេះ Bellerin យល់ព្រមចុះហត្ថលេខានៅលើកុងត្រារយៈពេលវែងថ្មីជាមួយក្រុមកាំភ្លើងធំ Arsenal ហើយ។
កីឡាករវ័យ២១ឆ្នាំរូបនេះ បច្ចុប្បន្នមានកំពុងតែមានការចំណាប់អារម្មណ៍ពីសំណាក់ Barcelona និង Manchester City ខណៈ Arsenal គេកំពុងស្ទុះស្ទាក្នុងការទប់ស្កាត់ ប៉ុន្តែឥឡូវនេះ Bellerin យល់ព្រមចុះហត្ថលេខានៅលើកុងត្រារយៈពេលវែងថ្មីជាមួយនឹងក្រុមកាំភ្លើងធំ ។
Bellerin បាននិយាយនៅលើគេហទំព័រផ្លូវការរបស់ Arsenal “ខ្ញុំពិតជារីករាយនៅឯ Arsenal ហើយឋខ្ញុំស្រឡាញ់ក្រុមមួយនេះ ខ្ញុំចង់បន្តអនាគតដល់វែងឆ្ងាយជាមួយនឹងកាំភ្លើងធំ”។រឿងនេះនឹងក្លាយទៅជាលើកទីបួន ដែលគាត់បានចុះហត្ថលេខានៅលើកុងត្រាថ្មីនៅឯក្រុម ហើយវាពិតជាច្បាស់ណាស់ដែលគាត់នឹងបង្កើតឱ្យមានការរីកចម្រើនយ៉ាងល្អ”៕
រាជធានីភ្នំពេញ ៖សេចក្តីរាយការណ៍ជំហានដំបូងឱ្យដឹងថា យ៉ាងហោចណាស់ មនុស្សម្នាក់ស្លាប់នៅនឹងកន្លែង និង២នាក់ទៀតបានរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍ផ្ទុះអាវុធបាញ់ជាច្រើនគ្រាប់ ស្ថិតនៅក្នុងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម បង្កឱ្យភ្ញាក់ផ្អើលនៅវេលាម៉ោង០៩ និង៥០នាទីព្រឹកថ្ងៃទី១០ វិច្ឆិកា នេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៥៤ កែងផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍បន្តថា ក្នុងករណីនេះបណ្តាលឲ្យស្លាប់មន្ត្រីយោធាម្នាក់ ថ្នាក់ឧត្តមសេនីយ៍ទោទៀតផង និងរបួសម្នាក់ ដែលបណ្តាលមកពីរឿង ស្នេហា។
សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា ជនដៃដល់មានឈ្មោះ សែន រដ្ឋា ថ្នាក់អនុសេនីយ៍ បានបាញ់ លោកឧត្តមសេនីយ៍ទោ អ៊ុំ សុធា ប្រធាននាយកដ្ឋានធនធានមនុស្សបណ្តាលឲ្យស្លាប់ និងម្នាក់ទៀត របួសជាស្ត្រីត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយផ្តើមចេញពីរឿង ស្នេហា។
ទោះជាយ៉ាងណាជនដៃដល់ក្នុងករណីនេះត្រូវបានគេរាយការណ៍ថា បានបាញ់សម្លាប់ខ្លួនឯងផងដែរ៕
រាជធានីភ្នំពេញ ៖គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះមានប្រជាពលរដ្ឋខ្មែរចំនួន៦,៩៦៥,៩៣៥នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍