បាល់ទាត់ ៖ខ្សែបម្រើរបស់ក្រុមមេឃខៀវ Manchester City គឺកីឡាករ Fernandinho ត្រូវបានគេរាយការណ៍ថា នឹងត្រូវបានផ្ដល់នូវកិច្ចសន្យាថ្មីដោយក្រុម Man City បន្ទាប់ពីមានការស្ងើចសរសើរពីសំណាក់លោកគ្រូបង្វឹក Pep Guardiola អំឡុងពេលការដឹកនាំរបស់លោកក្នុងរយៈពេលពីរបីខែកន្លងមកនេះ ។
កីឡាករសញ្ជាតិប្រេស៊ីល វ័យ២៥ឆ្នាំដែលផ្លាស់មកកាន់ពហុកីឡដ្ឋាន Etihad Stadium របស់ក្លិបមេឃខៀវ Manchester City ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំដែលចាកចេញពីក្លិប Shakhtar Donetsk កាលពីឆ្នាំ២០១៣ និងបានបង្ហាញខ្លួនចូលលេងឲ្យក្លិបនៅប្រទេសអង់គ្លេសមួយនេះចំនួន ១០៥លើក ហើយក៏ជាសមាជិកមួយរូបដែលធ្លាប់ជួយឲ្យក្លិបមេឃខៀវ Manchester City ឈ្នះជើងឯក Premier League មួយលើក និងជើងឯក League Cup ចំនួនពីរលើកផងដែរ ។
យោងតាមការចុះផ្សាយរបស់គេហទំព័រ The Mirror បានឲ្យដឹងថា លោកគ្រូបង្វឹក Pep Guardiola គឺជាអ្នកគាំទ្រដ៏ខ្លាំងក្លានៃការផ្ដល់កិច្ចសន្យាថ្មីទៅឲ្យ Fernandinho បន្ទាប់ពីទម្រង់របស់កីឡាកររូបនេះនៅដើមរដូវកាលពិតជាសាកសមជាខ្សែបម្រើដែលអ្នកចាត់ការសញ្ជាតិអេស្ប៉ាញត្រូវការ ហើយក៏កំពុងរក្សាចំណងទំនាក់ទំនងជាមួយ Fernandinho ក្នុងការចុះកិច្ចសន្យាថ្មីនាពេលខាងមុខនេះ ។
គួរបញ្ជាក់ថា ខ្សែបម្រើ Fernandinho នឹងផុតកិច្ចសន្យារបស់ខ្លួននៅចុងបញ្ចប់រដូវកាលនេះដែលមានន័យថា កីឡាកររូបនេះនឹងមិនមានតម្លៃខ្លួនសម្រាប់ការផ្ទេរទៅកាន់ក្លិបបរទេសផ្សេងទៀតនៅខែមករាខាងមុខ ៕
ហៃទី ៖មនុស្ស២៩៩នាក់បានស្លាប់បាត់បង់ជីវិតដោសារតែព្យុះ Matthew វាយប្រហារភាគខាងត្បូងប្រទេសហៃទី ដែលបង្កជាទឹកជំនន់ ។ នេះបើតាមការចុះផ្សាយលើគេហទំព័រBBC។
តាមសេចក្ដីរាយការណ៍ អ្នកស្លាប់ប្រមាណ៥០នាក់ស្លាប់នៅទីក្រុងភាគខាងត្បូងប្រទេសហៃទី។ ព្យុះMatthew បានបង្កជាទឹកជំនន់ បង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ កាត់ផ្ដាច់ស្ពាន រលំដើមឈើ កាត់ផ្ដាច់ចរន្ដអគ្គិសនី ប្រព័ន្ធទឹកផងដែរ។
ជាមួយគ្នានេះប្រជាជនជាច្រើនម៉ឺននាក់បានជម្លៀសខ្លួនទៅកន្លែងមានសុវត្ថិភាព។ មិនត្រឹមវាយប្រហារនៅហៃទី ព្យុះនេះបានបោកបក់ទៅគុយបា ទៅBahamas និងឆ្ពោះទៅរដ្ឋFloridaសហរដ្ឋអាមេរិកផងដែរ៕
រាជធានីភ្នំពេញ ៖កម្លាំងនគរបាលខណ្ឌសែនសុខបានឃាត់ខ្លួនយុវជនពីរនាក់ និងមន្ត្រីយោធាម្នាក់យកទៅសួរនាំ បន្ទាប់ពីរកឃើញថ្នាំញៀន ហើយមន្ត្រីយោធានោះមកស្រែកឡូឡា ពេលកម្លាំងកំពុងធ្វើការ នៅម៉ោង១០ និង៤០នាទីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅប្លុកភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលចាប់ខ្លួនកម្លាំងល្បាតរបស់ខណ្ឌសែនសុខបានប្រទះឃើញយុវជនសង្ស័យពីរនាក់ នៅក៏ហៅឈប់ដើម្បីឆែកឆេរពេលឆែក ក៏បានប្រទះឃើញមានថ្នាំញៀន១កញ្ចប់ ក៏វាយខ្នោះយុវជនពីរនាក់នោះ ក៏ស្រាប់លេចមុខយោធាស័ក្តិ៤ម្នាក់ មកស្រែកឡូឡា ពេលកំលាំងធ្វើការក៏ឃាត់យកទៅសួរទាំងអស់តែម្តង៕
រាជធានីភ្នំពេញ ៖រដ្ឋសភា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានារដ្ឋសភា ដោយមានការពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៨ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ។
ទោះជាយ៉ាណាក្នុងកិច្ចប្រជុំនេះគេសង្កេតឃើញថា មានតែតំណាងរាស្ត្រគណបក្ស ប្រជាជនកម្ពុជាប៉ុណ្ណោះ (វត្តមានចំនួន៦៧រូប) ដោយឡែកក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង មិនមានវត្តមាននៅក្នុងកិច្ចប្រជុំនោះទេ។ របៀបវារៈដែលនឹងពិភាក្សា និងអនុម័តនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ សម្រាប់នីតិកាលទី៥នេះរួមមាន៖ទី១៖ ព្រះរាជសារព្រះមហាក្សត្រ ជូនសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៥។ ទី២៖ របាយការណ៍ស្តីពីសកម្មភាព របស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភា លើក ទី៦ និងលើកទី៧ នីតិកាលទី៥។ ទី៣៖ ការបោះឆ្នោតទុកចិត្តអគ្គសវនករ និងអគ្គសវនការង ចំនួន៣ រូប នៃអាជ្ញាធរ សវនកម្មជាតិ សម្រាប់អាណត្តិ៥ឆ្នាំ។ ទី៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជិវៈ វិស័យសុខាភិបាល ។ទី៥៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៧ ស្តីពីប្រព័ន្ធឆ្លងកាត់គយ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ច សម្រូលការដឹកជញ្ជូនឆ្លងកាត់ទំនិញ។ ទី៦៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធី សារដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្តេជ្ញារបើកចំហសេវាហិរញញ្ញវត្ថុ នៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានស្តីពីសេវា។ ទី៧៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយប់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន បូក៣។ ទី៨៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖ កិច្ចព្រមព្រៀង ស្តីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយ អាស៊ាន, ពិធី សារស្តីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន និងពិធីសារស្តីពីក្របខ័ណ្ឌ ច្បាប់សម្រាប់អនុវត្តបញ្ជរតែមួយ អាស៊ានជាដើម៕
ដោយ៖ប៉ែន សុផល
បាត់ដំបង ៖កម្លាំងបង្ការបង្ក្រាបនៃស្នងការនគរបាលខេត្តបាត់ដំបង ចុះបង្ក្រាបទីតាំងប្រជល់មាន់លួចលាក់១កន្លែងឃាត់ខ្លួនអ្នកពាក់ពន្ធ័ចំនួន៥នាក់ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ។
លោក ឈឿង គឹមសុង ប្រធានក្រុមបង្ការបង្ក្រាបនៃស្នងការនគរបាលខេត្តបាត់ដំបងដែលដឹកនាំការបង្ក្រាបបានអោយដឹងថា ករណីបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាច្រើនដែលរងការប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារជាបន្ដរបន្ទាប់ដោយសារតែប្ដីរបស់គាត់ហានយកស្រូវ គ្រឿងអលង្ការ ទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនទៀតយកទៅលក់ដើម្បីភ្នាល់មាន់ជលរហូតដល់ហានឈ្លោះប្រកែកនិងការប្រើអំពើហិង្សាលើប្រពន្ធកូនជារឿយៗផងដែរ។
កម្លាំងនគរបាលជំនាញបានបន្ដថា ករណីបង្ក្រាបទីតាំងល្បែងប្រជល់មាន់ខាងលើធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ក្នុងភូមិសាស្ដ្រដីឡូចំការល្មុត១កន្លែង ឋិតក្នុងក្រុមទី១១ ភូមិដំបូកបុណ្យ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលទីតាំងនេះតែងតែលួចលាក់ប្រព្រឹត្តជាយូរមកហើយ។ ករណីបង្ក្រាបនេះដែរឃាត់ខ្លួនបានមនុស្សចំនួន៥នាក់ ឈ្មោះ វ៉ាត វ័រ ភេទប្រុស អាយុ៥៤ឆ្នាំ ឈ្មោះ សី ឡាញ់ ភេទប្រុស អាយុ៤៥ឆ្នាំ ឈ្មោះ ទី តិក ភេទប្រុស អាយុ៤២និងឈ្មោះលី យិនអ៊ន ភេទប្រុស អាយុ៣៣ឆ្នាំ រីឯម្ចាស់ផ្ទះឈ្មោះតារួម ក្នុងហេតុការណ៍បានគេចខ្លួនបាត់ទាំងអស់គ្នារស់នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតរួមទាំងសង្វៀនធ្វើពីឫស្សី និងកៅស៊ូបាំងត្រូវសមត្ថកិច្ចកម្ទេចចោលតែម្ដង។
ប្រធានក្រុមបង្ការបង្ក្រាប លោក ឈឿង គឹមសុងបានបញ្ជាក់ថា ក្រោមបទបញ្ជារបស់លោកស្នងការបានណែនាំអោយអប់រំនិងតម្រូវអោយកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តិបន្ដទៅទៀតរួចអោយដែលជនពាក់ពន្ធ័ទាំង៥នាក់ខាងលើនេះត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញទុកជាការប្រមាន៕
ខេត្តពោធិ៍សាត់ ៖បុរសម្នាក់កំពុងបណ្តើរឆ្កែចូលព្រៃ ដើម្បីបេះផ្កាព្រៃមកលក់ ក៏ជាន់មីនបណ្តាលឲ្យដាច់ប្រអប់ជើងខាងស្តាំ ភា្លមៗនោះក៏បាន បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តត្រាត ប្រទេសថៃឡង់ដ៏។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៩ និង១០នាទីព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចច១ (ជិតកែងអូរសួស្តី បំបែកទៅវាលក្តួច) ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកអធិការបានឲ្យដឹងថា ជនរងគ្រោះ ដែលជាន់មីនដាច់ប្រអប់ជើងខាងស្តាំនោះ មានឈ្មោះ ឌិន សុភ័ក្រ ភេទប្រុស អាយុ ២៧ឆ្នាំ មានមុខរបរជាកសិករ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។
លោកអធិការបាននិយាយមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ បណ្តើរឆ្កែចូលព្រៃនៅចំណុចគ្រោះថ្នាក់ (ច១) ដើម្បីរុករក និងបេះផ្កាព្រៃមកលក់ដោះដូរជីវភាពគ្រួសារ ស្រាប់តែដល់ចំណុចកើតហេតុខាងលើ បានជាន់មីនបណ្តាលឲ្យផ្ទុះដាច់ប្រអប់ជើងខាងស្តាំតែម្តង។ លោកអធិការបានបញ្ជាក់ផងដែរថា ប្រភេទមីនដែលបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋខាងលើនេះ ជាប្រភេទមីន ដែលបន្សល់ទុកកប់ក្នុងដី តាំងពីសម័យសង្គ្រាមមកម្ល៉េះ។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តត្រាត ប្រទេសថៃ តាមច្រក៥៦ ឃុំថ្មដា៕
រាជធានីភ្នំពេញ ៖គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ម្សិលមិញនេះមានប្រជាពលរដ្ឋខ្មែរចំនួន៤,៥៩២,៦៧៩នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕
ខេត្តប៉ៃលិន ៖យុវជនម្នាក់បានសម្រេចចិត្តផឹកថ្នាំបាញ់សម្លាប់ខ្លួន ព្រោះខឹងបងប្អូនស្តីបន្ទោស ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី០៥ ខែតុលា វេលាម៉ោង១៤ និង៣០នាទីនៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងខេត្តប៉ៃលិន ខេត្តប៉ៃលិន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា យុវជនដែលស្លាប់ឈ្មោះ អ៊ុំ វណ្ណេត អាយុ១៨ឆ្នាំ មុខរបរធ្វើចំការ រស់ ភូមិ-សង្កាត់ខាងលើ។ ប្រភពបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងដោយសារជនរងគ្រោះខឹងនឹងការស្តីបន្ទោសពីសំណាក់បងប្អូន ទើបសម្រេចចិត្តផឹកថ្នាំបាញ់ស្មៅ (ទឹកខៀវ) បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ប៉ែន សុផល
បាត់ដំបង ៖យុវជនម្នាក់បានប្រើប្រាស់ម៉ូទ័រកាត់ដែកដាក់ផ្លែខុសបច្ចេកទេសដាច់ខ្ទាតមកចំកណ្ដាលដើមទ្រូងបណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែង។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលខាងលើនេះកើតឡើងកាលពីវេលាម៉ោង១២-០០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្រុមទី២៤ ស្ថិតក្នុងភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់អោយដឹងថា ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ គី ភឿក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើនេះបានប្រើប្រាស់ម៉ូទ័រកាត់ដែកដោយប្តូរផ្លែខុសបច្ចេកទេសដែលមិនមែនជាផ្លែរបស់ម៉ូទ័រយកទៅកាត់ដែកក៍បានបាក់ផ្លែខ្ទាតចំកណ្តាលដើមទ្រូងបណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងតែម្តងទៅ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
រាជធានីភ្នំពេញ ៖យោងតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខែកញ្ញា ឆ្នាំ២០១៦ បានកើតឡើងចំនួន ២៧៥លើក បណ្តាលឲ្យស្លាប់ចំនួន ១៣៣នាក់ និងរបួស ៤៣៥នាក់ ភាគច្រើនកើតឡើងនៅ រាជធានីភ្នំពេញ ចំនួន ២៨លើក ខេត្តកំពត ចំនួន ២៤លើក និងខេត្តព្រះសីហនុ ចំនួន ២០លើក។ ចំនួនជនរងគ្រោះជាមធ្យមក្នុងថ្ងៃស្លាប់ចំនួន ៤,៤៣នាក់ និងរបួសចំនួន ១៤,៥នាក់។
មូលហេតុការបើកបរលើសល្បឿនកំណត់ ៤២% មិនប្រកាន់ស្តាំ ១៤% មិនគោរពសិទ្ធអាទិភាព ១១% វ៉ាជែង ១១% បត់ ៨% កត្តាយានយន្ត ៣% កត្តាផ្លូវ ១% និងងងុយ ១%។ ប្រៀបធៀបនឹងខែកញ្ញា (ឆ្នាំមុន) ឆ្នាំ២០១៥ គ្រោះថ្នាក់ថយចំនួន ១៩លើក ស្មើ ៧% ស្លាប់ថយចំនួន ១៨នាក់ ស្មើ ១៣% និងអ្នករបួសថយចំនួន ៩១នាក់ ស្មើ ២១%។
ប្រៀបធៀបនឹងខែសីហា (ឆ្នាំមុន) ឆ្នាំ២០១៦ គ្រោះថ្នាក់ថយចុះចំនួន ១៥លើក ស្មើ ៥% ស្លាប់កើនចំនួន ៣នាក់ ស្មើ ២% និងអ្នករបួសថយចំនួន ៦០នាក់ ស្មើ ១៤%។ ដោយឡែកគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៥ថ្ងៃ (ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា) ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៥ មានចំនួន ៧៥លើក ថយចំនួន ៣៤លើក ស្មើ ៤៥% ស្លាប់ចំនួន ២៨នាក់ ថយចំនួន ១៧នាក់ ស្មើ ៦០% និងរបួសចំនួន ១៤៩នាក់ ថយចំនួន ៦៩នាក់ ស្មើ ៤៦%៕
ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង ៖កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍ជ្រៃសីមា ឃាត់ខ្លួនបុរស២នាក់ ករណីកាន់កាប់រក្សាទុកនូវសារធាតុញៀននិងដកហូត ថ្នាំញៀនយ៉ាម៉ា១៦គ្រាប់ កាលពីម៉ោ២៣និង៤០នាទីយប់ថ្ងៃទី៥ខែតុលាឆ្នាំ២០១៦នៅចំណុចក្រុមទី០៧ ភូមអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន។
ឃាត់ខ្លួនជនសង្ស័យ២នាក់ ១-ឈ្មោះ សែន ទិតភេទប្រុសអាយុ ២៨ ឆ្នាំ និង២/ឈ្មោះ នាងសីហា ភេទប្រុសអាយុ ២៤ឆ្នាំ អ្នកទាំង២នាក់មានទីលំនៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ដកហូតវត្ថុតាងថ្នាំគ្រាប់សង្ស័យមានសារធាតុញៀន៧១៦ គ្រាប់ ម៉ូតូ១ គ្រឿង។
ជនសង្ស័យនិងវត្ថុតាងថ្នាំញៀនសមត្ថកិច្ចនគរបាលស្រុកសំពៅលូនកំពុងរៀបកំកសាងសំណុំរឿងបន្តទៅស្នងការដ្ឋាននគរបាលខេត្តបាតើដំបងចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ប៉ែន សុផល
បាត់ដំបង ៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនឃាត់ខ្លួនកាលពីវេលាម៉ោង១០ និង០០នាទីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងពីបទរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំបានរហូត១៦លើក និងធ្វើការបញ្ជូនបន្តទៅតុលាការនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦។
លោក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូនបានបញ្ជាក់ប្រាប់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនមានឈ្មោះ ឃុន រ៉ាឌី ភេទប្រុស អាយុ២៨ឆ្នាំ ជាកសិករស្នាក់នៅភូមិ ត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។
លោកបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះយោងទៅតាមពាក្យបណ្តឹងរបស់ឈ្មោះ ង៉ែង យ៉ាត់ ភេទស្រី អាយុ៥០ឆ្នាំជាម្តាយជនរងគ្រោះ និងតាមដីកាលេខ១៣៦ចុះទី០៤ ខែតុលា ឆ្នាំ២០១៦របស់សាលាដំបូងខេត្តតាកែវពីបទឃាតកម្មគឹតទុកជាមុនដែលប្រព្រឹត្តកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ នៅចំណុចភូមិរលួស ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំបាន១៦លើកពិតប្រាកដមែន និងបានកាប់សំលាប់ទៅលើឈ្មោះ ស៊ុក នៅ ខេត្តតាកែវផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ដោយភ្ជាប់ទៅជាមួយ និងដីកាបង្គាប់អោយចាប់ខ្លួន៕
រាជធានីភ្នំពេញ ៖ក្រសួងធនធានទឹកបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន នៅបណ្តាខេត្តមួយចំនួនដូចជា រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ស្ពឺ បន្ទាយមានជ័យ សៀមរាបនិងបាត់ដំបង អាចនឹងមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា និងបង្ករឲ្យមានជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍