All posts by មេគង្គ ប៉ុស្តិ៍

ខេត្តកំពតផ្តើមសាង​សង់​ស្ពាន​បេតុង ឆ្លងព្រែកក្បាលរមាសក្នុង​ឃុំ​កំ​ពង់​សំរោង​ ស្រុក​ទឹក​ឈូ

 

ដោយ៖ អ វឹង

កំពត៖ នៅព្រឹកថ្ងៃទី០៣​ ខែកុម្ភៈ​ ឆ្នាំ២០១៦​ លោក​ស្រី អ៊ុន​ សុគន្ធា​ អ្នក​តំណាង​រាស្ត្រ​​មណ្ឌល​​កំពត​ លោក​ ខូយ ឃុនហ៊ួរ​ អភិបាលនៃ​គណៈ​អភិ​បាល​ខេត្ត​ បាន​អញ្ជើញ​ជាអ​ធិ​បតី​ ក្នុង​ពិធី​បើក​ការ​ដ្ឋានសាងសង់​ស្ពា​ន​បេតុង​មួយ​កនែ្លង​​ស្ថិត​នៅភូមិ​កំពង់​សំរោង​ខាងត្បូង ​​ឃុំ​កំពង់សំរោង​ ស្រុកទឹកឈូ​ ខេត្តកំពត​។

លោក ជាវ នាង​ មេឃុំ​កំពង់សំរោងបានអោយដឹងថា​ ​ផ្អែក​លើ​សំណូម​ពរជាក់​ស្តែង​ចាំ​បាច់​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​មូល​ដ្ឋាន​ ស្ពាន​ដែលត្រូវ​សាង​សង់​នា​ពេល​នេះ​ គឺឆ្លង​កាត់​ដៃ​ព្រែក​ក្បាល​រមាស​ ស្ថិត​ក្នុង​ភូមិ​កំពង់សំរោង​ខាងត្បូង​ ឃុំសំរោង ស្រុក​ទឹកឈូ​ ខេត្តកំពត​ មាន​ប្រវែង​ ២៣ម៉ែត្រ​ ទទឹង៥ម៉ែត្រ​ កំពស់៤;៦០ម៉ែត្រ​​ ត្រូ​វចំ​ណាយ​​អស់ថវិកាជាង​១៦៣​លាន​រៀល​ ជាថវិកា​របស់រាជ​រដ្ឋាភិបាល​​ផ្តល់​តាម​រយៈមូល​និធិឃុំ​ និងមាន​ការគាំទ្រពី​រដ្ឋបាលខេត្តព្រមទាំងមានការចូលរួម​បដិភាគថវិកា​ពីប្រជាពលរដ្ឋក្នុ​ង​មូលដ្ឋាន​ចំនួន​២លានរៀល​ផងដែរ។

តាមកិច្ចសន្យាស្ពាននេះត្រូវចាប់ដំណើរ​ការសាង​សង់​នៅថ្ងៃ​ទី០១​ ខែកុម្ភៈ ឆ្នាំ២០១៦​ និងបញ្ចប់ការ​សាង​សង់​នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦​ ដែល​ទទួល​ការ​សាង​សង់​ដោយ​ក្រុមហ៊ុន​ សយ​-សុធារីអភិវឌ្ឍន៍។​

មានប្រសាសន៍សំណេះសំណាលលោក ខូយ ឃុនហ៊ួរ ​​អភិបាល​ខេត្ត​​បានថ្លែង​ការ​កោតសរសើរចំពោះ​​ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់មន្ទីរជំនាញ​ពាក់ព័ន្ធ ​​និង ប្រជាពលរដ្ឋដែលបាន​សហការគ្នា​ល្អ ​និង​ឈានដល់​ដំ​ណើរកា​រ​សាង​សង់ស្ពាន​នា​ពេលនេះ​ ក្នុង​គោល​បំណង​ដើម្បី​បំរើប្រយោជន៍​ប្រជាពល​រដ្ឋ​ទូ​ទៅ​ ពិសេសជួយ​សម្រួលការលំបាករបស់​ប្រជាពល​រដ្ឋក្នុង​មូលដ្ឋាននេះបានធ្វើដំ​ណើរឆ្លង​កាត់អោយ​បានកាន់តែមានលក្ខណៈ​ល្អ​ប្រសើរស្របតាមប្រសាសន៍​របស់សម្តេចតេជោ​ ហ៊ុន សែន​ ប្រមុខនៃរា​ជរដ្ឋា​ភិបាល​​តែ​ងបានលើក​ឡើងថា​ មាន​ស្ពាន​ មានផ្លូវ ​មាន​ក្តី​សង្ឃឹម​ក្នុងការអភិវឌ្ឍសេដ្ឋ​កិច្ចជាតិ​ និងគ្រួសារ​ប្រជា​ពលរដ្ឋ។​

លោក​អភិបាល​ខេត្ត​ ក៏​បានផ្តាំផ្ញើ​ ដល់ប្រជាពលរដ្ឋ​អោយ​មានកិច្ច​សហ​ការ​បន្ត​ទៀត​ ជាមួយអាជ្ញាធរ​ មន្ត្រីជំនាញ​ពាក់ព័ន្ធ​នឹងក្រុមហ៊ុនទទួល​ការសាង​សង់​ដើម្បី​អោយ​ដំណើរ​ការសាង​សង់​ទទួល​បានជោគ​ជ័យ។​

ជាមួយគ្នាក្នុងឱកាសនោះ​ លោកអភិបាល​ខេត្ត​  ក៏​បាន​ក្រើនរំលឹក​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ និងប្រជាពល​រដ្ឋ​ផងដែរ​ត្រូវត្រៀមលក្ខណៈ​ប្រុងប្រយ័ត្ន​បញ្ហាការផ្គត់ផ្គង់ទឹកប្រើប្រាស់ អោយបាន​ល្អនៅ​ក្នុងមូល​ដ្ឋានស្រប​តាម​ការណែ​នាំ​ពីរាជ​រដ្ឋាភិបាល​ ព្រោះឆ្នាំ​នេះតាម​ការ​ព្យាករណ៍របស់​ក្រសួង​ធនធាន​ទឹក​និងឧតុនិយម​ ភ្លៀងមាន​ការ​អូស​បន្លាយយូរ។​

លោកអភិបាល​ខេត្តក៏បាន ផ្តាំផ្ញើ​បន្ថែមទៀត​អោយប្រជាពលរ​ដ្ឋត្រូវបង្កើនការចូលរួម​ អនុវត្តនូវគោល​នយោបាយ​ភូមិឃុំមាន​សុវត្ថិភាពទាំង​ ៩​ចំណុច​របស់រាជរដ្ឋាភិបាល​  ពិសេសផងដែរនោះគឺការចូល​រួម​អនុវត្តគោរពច្បាប់​ចរាចរណ៍​ផ្លូវគោក​អោយ​បាន​ល្អគ្រប់ៗគ្នា ព្រោះការ​គោរពច្បាប់គឺផ្តើមចេញពីប្រជា​ពលរដ្ឋទូទៅ​ទាំង​អស់​ទើប​ប្រទេស​ជាតិ​ក្លាយជានីតិរដ្ឋពេញលេញ និង​មាន​កិត្តិយសថ្លៃថ្នូរ៕

IMG-20160205-WA0015 IMG-20160205-WA0017 IMG-20160205-WA0018
IMG-20160205-WA0022
IMG-20160205-WA0026 IMG-20160205-WA0027

ឆែកឆេរ​ឃ្លាំង​ពីរ​​នៅ​ក្រុង​ប៉ោយប៉ែត​រកឃើញ​ទំនិញគេចពន្ធ​ច្រើន​ប្រភេទ​

​ដោ​យ៖​​សហការី​
​បន្ទាយមានជ័យ​៖​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​៧​និង​៣០​យប់ ថ្ងៃទី​០២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ បាន​ចុះ​ត្រួតពិនិត្យ ឃ្លាំង​ស្តុក​ទំនិញ​២​កន្លែង​នៅក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​មន្ត្រីនគរបាល​បានអោយដឹងថា ប្រតិបត្តិ​ការចុះពិនិត្យ​ទីតាំង​ឃ្លាំង​ស្តុក​ទំនិញ​នេះ ដឹកនាំ​ដោយ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច លោក ឆេង សុវត្ថិ ។​

​ប្រភព​ដដែល​បន្តថា យោងតាម​សេចក្តីរាយការណ៍​ថា​ឃ្លាំង​ទាំងពីរ​នេះ​មាន​ផ្ទុកទំនិញ​គេចពន្ធ​មកពី​ប្រទេស​ថៃ សម​ត្ថ​កិច្ច​ចំរុះ​សហការ​ដោយ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ឆែកឆេរ​និង​ត្រួតពិនិត្យ និង​បាន​រកឃើញ​នូវ​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​។​

​ប្រភព​បន្តថា ទំនិញ​ទាំងអស់នោះ​ក្រោយពេល​ធ្វើការ​ត្រួ​តិ​និត្យ សមត្ថកិច្ច​មិនបាន​ដកហូត​ទេ ដោយ​គ្រាន់តែ​រាប់​ចំនួន​ចុះបញ្ជី​គ្រប់​មុខទំនិញ​ប៉ុណ្ណោះ ហើយ​រៀបចំ​គណ​:​កម្ម​ការចូលរួម​ធ្វើលិខិត​ចាក់សោរ​បិទទ្វារ​ឃ្លាំង​ជា​បណ្តោះអាសន្ន​រង់ចាំ​ជំនាញ​ចាត់​ការបន្ត​។ សម្ភារ​ក្នុង​ឃ្លាំង​ខាងលើនេះ​រួមមាន សារុង សំបក​ម៉ូតូ មី មីសួរ នំ ទឹកដោះគោ​ក្រហម និង​ទំនិញ​ផ្សេងៗ​ជាច្រើន​មុខ​ទៀត ។​

​សូមជម្រាបថា ម្ចាស់​ឃ្លាំង​ទាំងពីរ​កន្លែង​ខាងលើ ត្រូវបាន​គេ​ស្គាល់​ថា ១​ឈ្មោះ មុំ សុខុម ហៅ​យាយ​ម៉ាប់ អាយុ​៥៨​ឆ្នាំ និង​ទី​២​ឈ្មោះ ជា ទី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ។​ម្ចាស់​ឃ្លាំង​ទាំងពីរ​មិន​ព្រម​ប្រគល់​សោរ​ឃ្លាំង និង​មិន​សហការ​ជាមួយ​សមត្ថកិច្ច​ទេ មាន​ទីតាំង​ជាប់​គ្នា -​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕138971763254210976&

​

ឃាត់ខ្លួន​បុរស​ស្រវឹង​ជោក​ម្នាក់​ដែល​ចូល​អុកឡុក​សមត្ថកិច្ច​ត្រួតពិនិត្យ​ជាតិ​អាកុល​

 

​ដោយ​៖ ស សាម​
​ភ្នំពេញ​៖​បុរស​ម្នា​ក់វ័យ​៣៥​ឆ្នាំ ត្រូវបាន​នគរ​បាលច​រាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​បន្ទាប់ពី​បុរស​រូបនេះ​បាន​អុកឡុក និង​ស្រែក​ឡូឡា​នៅ​គោលដៅ​ដែល​កម្លាំង​សមត្ថកិច្ច​ចំរុះ​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី ហើយ​បាន​រកឃើញ​ជាតិ​អាកុល​១.២០​ក៏​ឃាត់ខ្លួន​តែម្តង​។​
​
ព័ត៌មាន​នៅ​កន្លែង​ត្រួតពិនិត្យបាន​ឲ្យ​ដឹងថា មុនពេល​ឃាត់ខ្លួន​បុរស​រូបនេះ សមត្ថកិច្ច​ចំរុះ​បានដាក់​គោលដៅ​ឆែកឆេរ​អាវុធជាតិផ្ទុះ​និង​វាស់​ជាតិ​អាកុល នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​អង្គ​ជុំ តាម​បណ្តោយ​ផ្លូវ លេខ​១០១៩ វេលា ម៉ោង​១​រំលង​អា​ត្រាធ​ឈានចូល​ថ្ងៃទី​៣ ខែកុម្ភៈ​ឆ្នាំ​២០១៦​ស្រាប់តែ​បុរស​ខាងលើ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ពី​ជើង​ទៅ​ត្បូង​មក​ឈប់​អែប​កន្លែង​សមត្ថកិច្ច​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ក្នុង​សភាព​ស្រវឹង​ជោក​។​

​មន្ត្រីនគរបាល​ចរាច​រ​ជើងគោក​បាន​ឲ្យ​ដឹងថា បុរស​ដែល​ត្រូវបាន​ការឃាត់ខ្លួន​នេះ ឈ្មោះ មិន សុ​ទ្ធី ជា​អ្នកកាសែត តួនាទី​ជា​អ្នកយកព័ត៌មាន​ក្នុង​អង្គភាព​កាសែត​ក្នុងស្រុក​មួយ​ស្នាក់​នៅផ្ទះ​លេខ ០៧​ផ្លូវ ១៣៨ ភូមិ​០៧ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។​ក្រោយពេល​សមត្ថកិច្ច​យក​ឧបករណ៍​វា​ជាតិ អាកុល​ឲ្យ​បុរស​រូបនេះ​ផ្លុំ​ហើយ​បាន​រកឃើញ​មាន កម្រិត​អាកុល​ជាតិ​ក្នុង​ខ្លួន​ប្រមាណ​១.២០​។​
​
មកទល់​វេលា​រសៀល​ថ្ងៃទី ៣ ខែ​កុ​ម្ភះ នេះ មិន​ទសន់​ដឹងថា​សមត្ថកិច្ច​នឹង​ចាត់វិធានការ​លើ​បុរស​រូបនេះ​យ៉ាងដូចម្តេច​នោះទេ បន្ទាប់ពី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ម្សិលមិញ​៕187521as124sdew

​

ពលរដ្ឋ​ច្រើន​គ្រួសារ​ផ្ទុះ​កំហឹង​ករណី​ក្រុមហ៊ុន​បុរី​សូ​នី​ចាក់ដី​បិទផ្លូវ​ទឹកប​ង្ក​ឲ្យជន់លិច​រលំ​ផ្ទះ​

​ដោយ៖គ​ បញ្ញា

ភ្នំពេញ៖​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ និង​មានផ្ទះ​៦​ខ្នងបាន​បាក់​រលំ​ទាំងស្រុង ស្ថិតនៅ​ភូមិ​ន្ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ បង្កឡើង​ដោយ​ក្រុមហ៊ុន បុរី​សូ​នី បាន​បូម​ខ្សាច់​ចាក់​លុប​បិទផ្លូវ​ទឹក ។​

​ក្រោយពី​ការចាក់ដី​បង្ក​ឲ្យ​បាក់​រលំ​ផ្ទះ​របស់​ប្រជា​ពលរ​ដ្ឌ​ខាងលើ​នោះ​រួចមក គ្រួសារ​និ​មួយៗ​បានទាមទារ​ប្រាក់​សំណង​ពី​ក្រុមហ៊ុន​បុរី​សូ​នី​ក្នុង​គ្រសារ​៨០០០​ដុល្លារ តែ​ខាង​ក្រុមហ៊ុន​ព្រម​អោយតែ​៤៥០០​ដុល្លារ​ប៉ុណ្ណោះ​។​ប្រាក់​សំណង​ដែល​ក្រុមហ៊ុន​កំណត់ ត្រូវបាន​គ្រួសារ​ខ្លះ​ព្រម​ទទួលយក តែ​ក៏​នៅមាន​គ្រួសារ​ខ្លះ​បន្តរ​ធ្វើការ​ទាមទារ​ចំនួន​៨០០០​ដុល្លារ​ដដែល​ទើប​ពួកគាត់​យល់ព្រម​ដើម្បី​បញ្ចប់រឿង​។​

សូមជម្រាបថា កាលពី​សប្តាហ៍​មុន ម្ចាស់​ក្រុមហ៊ុន បុរី​សូ​នី បាន​ឲ្យ​គ្រឿងចក្រ​ដឹក​ដី​ចាក់​ក្នុង​ទីតាំង​កម្មសិទ្ធិ​របស់ខ្លួន ប៉ុន្តែ​បាន​បិទផ្លូវ​បង្ហូរទឹក​កាកសំណល់​ដែល​ហូរ​ចេញពី​តំបន់​នោះ​ឆ្ពោះទៅ​តំបន់​ចំការ​ដូង ធ្វើ​ឲ្យ​ទឹកស្អុយ​បាន​ច្រាល​ឡើងលើ​បណ្តាល​ឲ្យ​លិច​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ និង​បានធ្វើ​ឲ្យ​ផ្ទះ​៦​ខ្នង​បាន​បាក់​រលំ​ខូចខាត​ទាំងស្រុង​។​
​កន្លងមក​ប្រជាពលរដ្ឋ​បាន រាយការណ៍​ជូន​អាជ្ញាធរ​ភូមី ឃុំ ដែរ ប៉ុន្តែ​គ្មាន​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នោះទេ លុះ​ដល់ពេល​មានផ្ទះ​បាក់​រលំ​ទើប​ធ្វើជា​ស្ទុះស្ទារ​ជួយ​រក​វិធី​ដោះស្រាយ​។​

​ប្រជាពលរដ្ឋ​បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការចាក់ដី​លុប​លូ និង​ផ្លូវទឹក​ដែល​ធ្លាប់តែ​ហូរ​បណ្តាល​ឲ្យ​ទឹកស្អុយ​ហូរ​ចូល​ផ្ទះ​និង​អាច​បន្ត​បាក់​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​ជ​ស​វ្រើ​ន​ផ្សេងទៀត​ជាមិនខាន​ឡើយ​៕

cakdey

 

1736194513254
​

ភ្នំពេញ​ផ្អាក​ចរន្តអគ្គិសនី​ពីថ្ងៃ​ទី ៤ ដល់ទី ៦ កុ​ម្ភៈ តាម​ខណ្ឌ​មួយចំនួន​

 

​ដោយ៖រដ្ឋា

ភ្នំ​ពេ​ញ៖ អគ្គិសនី​កម្ពុជា នៅ​ថ្ងៃទី ២ ខែ​កុ​ម្ភៈ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការផ្អាក​ចរន្តអគ្គិសនី​នៅ​តំបន់​ជាច្រើន​តាម​បណ្តា​ខណ្ឌ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី ៤ ដល់​ថ្ងៃទី ៦ ខែ​កុ​ម្ភៈ  ឆ្នាំ​២០១៦​ខាងមុខនេះ​។​

​សេចក្តីជូនដំណឹង​មាន​ខ្លឹមសារ​ទាំងស្រុង​ដូច​ខាង​ក្រោ​នេះ ៖​
​18634

ការបំផ្លាញ​ភ្នំ និង​ការជីក​រណ្តៅ​ដី​ជ្រៅៗ​នៅ​ខេត្តបាត់ដំបង​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ពុករលួយ​

​
ដោ​យះ៖សហការី​

​បាត់ដំបង​៖ អាជ្ញាធរខេត្ត​បាត់ដំបង​ហាក់​មិន​អើពើ​ចំពោះ​ករណី​កម្ទេច​ភ្នំ ការជីក​យក​អាចម៍ដី​លក់ និង​ការរុករក​រ៉ែ​មាស​នោះទេ ខណៈ​ប្រជាពលរដ្ឋ​បាន និង​កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ហើយ​ចោទប្រកាន់ថា ទីតាំង​ខាងលើនេះ​ជា​ឆ្នាំងបាយ​របស់​មន្ត្រី​ខិលខូច​។​

​មន្ត្រីរាជការ​មួយចំនួន​នៅ​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា សកម្មភាព​កាយ​ដីភ្នំ​មួយកន្លែង​នៅ ភូមិ​កក់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ស្ទើរ​រលាយបាត់​រូបរាង​នោះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តបាត់ដំបង ព្រមទាំង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។ ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​អាជ្ញាធរខេត្ត​ទេនោះ គឺ​ឈ្មួញ​មិនអាច​កាយ​ភ្នំ​យក​អាចម៍ដី​លក់ និង​យក​ថ្ម​លក់​ស្រេច​អំពើ​ចិត្ត​បានឡើយ​។​
​
ប្រភព​បាន​អំពាវនាវ​ស្នើ​ដល់​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល គួរពិនិត្យមើល​បញ្ហា​នេះ​ជាបន្ទាន់​ផង ព្រោះ​ភ្នំ​ជាច្រើន​កន្លែង​នៅ​ស្រុក​បាណន់ ត្រូវគេ​ធ្វើ​អាជីវកម្ម​ថ្មកែវ ថ្ម​ក្រហម និង​កាយ​អាចម៍ដី​លក់​ស្ទើរ​រលាយ​សាបសូន្យ​អស់​ទៅហើយ​។​
​
ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​តា​គ្រាម ស្រុក​បាណន់ បាន​ឲ្យ​ដឹងថា មេឃុំ និង​អភិបាលស្រុក តែងតែ​គេចវេះ​ពី​សំណួរ​របស់​អ្នកកាសែត ហើយ​ឆ្លើយ​ដោះសា​យករួចខ្លួន​ដោយ​គ្មាន​ការទទួលខុសត្រូវ ក្នុងករណី​កម្ទេច​ភ្នំ និង​ជីក​យក​អាចម៍ដី យ៉ាង​អនាធិបតេយ្យ​នោះទេ ។​

​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ដែល​កំពុងមាន​ប្រជា​ប្រី​យ៍​ភាព ក៏​មិនដែល​គិតគូរ​ចាត់វិធានការ​ទប់ស្កាត់​អាជីវកម្ម​ថ្មកែវ ថ្ម​ក្រហម និង​សកម្មភាព​កាយ​ដីភ្នំ​លក់​នៅ​ស្រុក​បាណន់ ខេត្តបាត់ដំបង​នោះដែរ ។​ដោយសារ​ការមិន​អើពើ​ចំពោះ​ទង្វើ​បែប​អនាធិបតេយ្យ​ខាងលើនេះ ត្រូវគេ​ដាក់​ការចោទប្រកាន់ថា ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ផ្ទាល់​ខ្លូន ទុក​ឲ្យ​ក្រុម​ឈ្មួញ​នៅតែ​អាច​បន្តសកម្មភាព​ធ្វើ​អាជីវកម្ម​ថ្មកែវ ថ្ម​ក្រហម និង​កាយ​ដីភ្នំ​ក្នុង​ឃុំ​តា​គ្រាម ស្រុក​បាណន់ តាម​អំពើ​ចិត្ត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​។​

​មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ​រ៉ែ និង​ថាមពល​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹងថា លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​នេះ គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​ករណី​ឈ្មួញ​ធ្វើ​អាជីវកម្ម​ថ្មកែវ ថ្ម​ក្រហម និង​កាយ​ដីភ្នំ​នៅ​ស្រុក​បាណន់​នោះ គឺជា​ប្រភព​ចំណូល​របស់លោក អ៊ា​ន មាឃ​។​ប្រភព​បន្តថា ជាងនេះទៅទៀត​លោក អ៊ា​ន មាឃ តែងតែ​ព្យាយាម​គេចវេះ​ពី​អ្នកសារព័ត៌មាន​មិន​ទទួលខុសត្រូវ​ចំពោះ​អាជីវកម្ម​ថ្មកែវ ថ្ម​ក្រហម និង​កាយ​ដីភ្នំ​យ៉ាង​អ​នា​ធិ​តេ​យ្យ​នៅ​ស្រុក​បាណន់​នោះឡើយ​។ បច្ចុប្បន្ន​មិនមែន​តែ​ថ្មកែវ និង​ថ្ម​ក្រហម ក្នុងស្រុក​បាណន់​ទេ ដែល​ត្រូវ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ គឺ​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក ក៏​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ដែរ​។​

​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង មិនអាច​ទាក់ទង​សុំ​ការពន្យល់​បានទេ​កាល រសៀល​ម្សិលមិញ​នេះ ៕

​64532batombang55batombang11

នៅពេល​ឈឺក្បាល​ប្រកាំង គួរ​ទទួលទាន​អ្វីខ្លះ​?

ការឈឺ​ក្បាល​ប្រកាំង គឺមាន​ទាក់ទង​នឹង​ការ​ញ៉ាំ​អាហារ​,​ជាតិពុល​ក្នុង​ខ្លួន និង​មាន​បញ្ហា​នឹង​វដ្ត​រដូវ​ដែរ​។ ភាគច្រើន ការឈឺ​ក្បាល​ប្រកាំង​ឃើញ​មាន​ជាប់ទាក់ទង​នឹង​ការ​ញ៉ាំ​អាហារ ឬក៏​មាន​វត្តមាន​បាក់តេរី​Helicobacter Pylori ដែរ​។
​លើសពីនេះ វា​ក៏​ជា​សញ្ញា​មួយ​នៃ​ការស្ទះ​ក្នុង​ថ្លើម ដូច្នេះ​អ្នក​ត្រូវតែ​កាត់បន្ថយ​ការ​ញ៉ាំ​ស្រា​, កាហ្វេ​អ៊ី​ន និង​ជាតិ​ខ្លាញ់ ព្រមទាំង​ញ៉ាំ​អាហារ​ដើម្បី​សម្អាត​វា​។ ម្យ៉ាងវិញទៀត ការប្រែប្រួល​នៃ​អាកាសធាតុ​, ជំងឺស្ត្រេស ឬ​ការ​គេង​មិន​គ្រប់គ្រាន់ ក៏​ជា​មូលហេតុ​នៃ​ការឈឺ​ក្បាល​ប្រកាំង​បានដែរ​។ ពេល​អ្នក​ឈឺក្បាល អាហារ​គួរ​ទទួលទាន​មានដូចជា​៖
– ទទួលទាន​ផ្លែឈើ និង​បន្លែ​អោយបាន​ច្រើន​។​
– ទទួលទាន​ផ្លែ​ម្នាស់​ស្រស់ៗ ដើម្បី​បន្ថែម​ការរំលាយ​អាហារ និង​ជួយ​ប្រឆាំងនឹង​ការ​រលាក​។​
– គ្រាប់​ផ្កាឈូករ័ត្ន​, និង​គ្រាប់​ល្ពៅ ជួយ​អោយ​បត់ជើង​បាន​ទៀងទាត់​។​
– ប្រើ​ប្រេង​ផ្កាឈូករ័ត្ន និង​ប្រេង​អូ​លីវ ក្នុងពេល​ចម្អិន​អាហារ​។​
– ត្រូវ​ទទួលទាន​អង្ករសម្រូប​អោយបាន​ច្រើន​។​
– ញ៉ាំ Verain ដើម្បី​ជួយ​កាត់បន្ថយ​នូវ​ការឈឺ​ក្បាល​។​
– ទ​ទូល​ទាន​ទឹក​អោយបាន​ច្រើន​។
– ទ​ទូល​ទាន​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​។​
– ត្រី​មាន​ខ្លាញ់​សម្បូរ​ជាតិ​អូ​មេ​ហ្គា​បី ដែលជា​ភ្នាក់ងារ​ជួយ​រំលាយ​កំណក​ឈាម និង​បន្ថយ​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​ប្រកាំង​៕

Male Executive With Severe Headache - Isolated

Male Executive With Severe Headache – Isolated

​

កូរ៉េ​ខា​ងជើងគ្រោង​បាញ់​បង្ហោះ​ផ្កាយ រណប​អង្កេត​មើល​ផែនដី​

ព្យុងយ៉ាង​៖​យោងតាម​សារព័ត៌មាន​ស៊ិន​ហួ​បាន​ផ្សាយ​ថា កូរ៉េខាងជើង​មាន​គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប​មួយ ដើម្បី​អង្កេត​មើល​ភពផែនដី តាមរយៈ​ការបាញ់​គ្រាប់​រ៉ូ​កែ​ត នៅក្នុង​ខែកុម្ភៈ​នេះ​។​
​បើ​សម្តី​មន្ត្រី​មួយរូប​នៅ​ស្ថាប័ន​ស៊ើបអង្កេត​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​បាន​ថ្លែង វា​នឹង​អាច​បណ្តាល​ឲ្យ​មានការ​ខឹងសម្បា​ពី​សំណាក់​អន្តរជាតិ តាមរយៈ​ការបាញ់​សាកល្បង​នេះ ដោយ​អង្គការសហប្រជាជាតិ និង​ការរិះគន់​ដទៃទៀត ដូចជា​ការបាញ់​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​, ការ​បំផ្ទុះ​គ្រាប់បែក​អ៊ីដ្រូសែន និង​កម្មវិធី​នុយក្លេអ៊ែ​ផងដែរ របស់​កូរ៉េខាងជើង​។​
​មន្ត្រី​មួយរូប​នៅ​អង្គការ​ជើង​ទឹក​អន្តរជាតិ បាន​ឲ្យ​ដឹងថា ការបាញ់​បង្ហោះ​ផ្កាយរណប​អង្កេត​ភពផែនដី អាច​នឹងត្រូវ​ធ្វើឡើង នៅ​ចន្លោះ​ថ្ងៃទី​៨ ដល់​ថ្ងៃទី​២៥ ខែកុម្ភៈ​នេះ នា​ចន្លោះ​ម៉ោង​៧​ព្រឹក និង​ពេល​រសៀល (​ម៉ោង​ក្នុង​តំបន់​)​។​
​គួរ​បញ្ជាក់ថា កូរ៉េខាងជើង​បានចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​តាំងពី​ឆ្នាំ​១៩៨០-១៩៩០ ប៉ុន្តែ​ការសាកល្បង​ត្រូវបាន​ធ្វើឡើង នៅ​ឆ្នាំ​២០០៦, ២០០៩, ២០១៣ និង​ជា​ចុងក្រោយ​គឺ​នៅ​ចុងឆ្នាំ​២០១៦៕

WireAP_b39792b3e85b42419c2d38ee45d078c1_16x9_1600

​

នាងប្រិមប្រិយ​ បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​ស្នេហ៍​ថ្មី​លើដី​អាមេរិក​

 

​ដោយ​៖ រតនា​
​ភ្នំពេញ​៖ តារា​កំប្លែង​ស្រី​ល្បីឈ្មោះ​បង្គួរ​នាង ម៉ក់ សុគន្ធ​ស្រី​និ​ច ហៅ​នាង​ប្រិមប្រិយ​បានបង្ហាញ​ពី​រូបភាព​កៀក​កិត​ជិត​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​អ្នកចម្រៀង​រស់នៅ​សហរដ្ឋអាមេរិក​។ បុរស​នោះ​ត្រូវបាន​គេ​បញ្ជាក់ថា​គឺជា​គូស្នេហ៍​ថ្មី​ចុងក្រោយ​របស់​នាង​ក្រោយពី​ជួប​រឿងរ៉ាវ​ស្នេហា​ប្រះ​ឆា​ជាមួយ​បុរស​ជា​គូស្នេហ៍​ជា​ថៅកែ​ហាង​ផឹកស៊ី​នៅក្នុង​ស្រុក​ជាច្រើន​ខែ​រួចមក​។

​អស់​រយៈពេល​ជាង​៤​ខែ ហើយ​តារា​កំប្លែង​ស្រី​ប្រចាំ​ក្រុម​នាយ​កុយ គឺ​នាង ប្រិ​ម​ប្រី​យ​និង​នាយ​ក្រិន​បាន​ស្វែងរក​ការចាប់អារម្មណ៍​ខ្ពស់​ពី​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​។ ក្រោយ​សម្រាក​ពី​ការងារ​ច្រៀង​រាំ ប្រិ​ម​ប្រី​យ និង​នាយ​ក្រិន​ដែល​រួម​ដំណើរ​ជាមួយ​បានធ្វើ​ដំណើរ​កម្សាន្ត​នៅ​តំបន់​ផ្សេងៗ​ហើយ អ្វីដែល​គែ​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺ​រូបថត​កៀកកើយ​ផ្អែមល្ហែម​ជាច្រើន​សន្លឹក​ជាមួយ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​តារាចម្រៀង​មាន​សញ្ញា​តិ​អាមេរិក​។

​ប្រិមប្រិយ​បាន​ឆ្លើង​ឆ្លងតាម​សារ​អេ​ឡិច​ត្រូ​និ​ច​ពី​អាមេរិក​មក​ថា បុរស​នោះ​ពិតជា​ល្អជា​មួយ​នាង​ច្រើន​ហើយ​បានធ្វើ​ឲ្យ​នាង​សប្បាយចិត្ត​នឹងមាន​អារម្មណ៍​លែង​ឯកា​គ្រា​ដែល​នាង​បាន​ចាក​ចេញទៅ​ឆ្ងាយ​ពី​មាតុភូមិ​ក្នុងពេល​ជាប់​បេសកម្ម​សម្តែង​អស់​ជាច្រើន​ខែ​មកហើយ​នោះ​។​ទោះជា​យ៉ាងណា​នាង​មិនបាន​និយាយ​ចំ​ទេ​ថា បុរស​នោះ​គឺជា​គូស្នេហ៍​ថ្មី​របស់​នាង​ទេ​គឺ​ទុក​ឲ្យ​មហាជន​ជា​អ្នកវាយតម្លៃ​ទៅ​ចុះ​។​នាង​ថ្លែង​ទៀតថា​បុរស​ដែល​នាង​ហ៊ាន​ចូលមក​កៀក​កិត​នេះ​នាង​ពិតជា​រំពឹងថា​គាត់​នឹង​ផ្តល់​កិត្តិយស​ជូន​នាង​សមជា​នារី​ខ្មែរ​ម្នាក់​ប្រសិនបើ​ឆ្លង​ដល់​តំណាក់កាល​អ្វី​លើសពីនេះ​ទៀត​។

​នាង​ស្នើ​មិន​បញ្ជាក់​លម្អិត​អំពី​អត្តសញ្ញាណ​បុរស​ក្នុង​រូបនេះ​ថត​នោះទេ ប៉ុន្តែ​បុរស​ដែលមាន​ឱកាស​ឆក់យក​បេះដូង​ប្រិមប្រិយ​បាន​គឺមាន​ឈ្មោះ សៅ រ៉ា​និ​ត ជា​តារាចម្រៀង​រស់នៅ​សហរដ្ឋ​រដ្ឋ​អាមេរិក​។ តារាចម្រៀង​ប្រុស​រូបនេះ​ថែមទាំង​បាន​បង្ហោះ​រូបភាព និង​សារ​ផ្អែមល្ហែម​ជាមួយ​តារា​កំប្លែង​ស្រី​ខាងលើ​ផងដែរ​។ លោក សៅ រ៉ា​និ​ត បាន​អរគុណ​ចំពោះ​នាង​ប្រិមប្រិយ​ដែល​បើក​បេះដូង​ទទួលយក​លោក​។

​លោក​ក៏បាន​ថ្លែង​អំពី​ទឹកចិត្ត​ស្រលាញ់​នាង​ស្មោះ​ដោយ​មិន​បានគិត​អំពី​អតីត​កាលដែល​តារា​កំប្លែង​រូបនេះ​បាន​ឆ្លងកាត់​ផងដែរ​។ លោក​បញ្ជាក់ថា​លោក​មិនដែល​ខ្វល់​ពី​ប្រវត្តិ​របស់​អូន​ពីមុន​យ៉ាងណា​ឡើយ​ទោះ​ល្អ​ឬ​អាក្រក់​សំខាន់​ពួកយើង​រស់នៅ​បច្ចុប្បន្នកាល​ហើយ​ស្រលាញ់គ្នា​ចេះ​យល់​ពីគ្នា​នោះ​ទើប​ពួកយើង​អាច​សំរេច​កិច្ចការ​ទាំងឡាយ​បាន​។​

​មនុស្ស​ឯណា​មិនដែល​ធ្លាប់មាន​កំហុស​ហើយ​មាន​ប្រវត្តិ​មិនល្អ​នោះ ? សម្បី​តែ​លោក​ផ្ទាល់​ក៏មាន​ប្រវត្តិ​មិនល្អ​ដូចគ្នា​ប៉ុន្តែ​បាន​ព្រះ​នាង​តូច​ចេះ​ជួយ​ដាស់តឿន​ឲ្យ​ភ្ញាក់ស្មារតី​ទើប​ពួកយើង​មាន​ថ្ងៃនេះ ៕

( រូបថតពីហ្វេសប៊ុកនាងប្រិមប្រិយ )2543

​5462853265321

រកឃើញ​អ្នក​ឆ្លង​វីរុស Zika នៅ​ប្រទេស​ថៃ

​បាងកក​៖​យោងតាម​សារព័ត៌មាន Bangkok Post បាន​ផ្សាយ​ថា មន្ទីរពេទ្យ Bhumibol Adulyadej របស់​ប្រទេស​ថៃ​បាន​អះអាង​កាលពី​ម្សិលមិញ​ថា បាន​ព្យាបាល​បុរស​អ្នកជំងឺ​ម្នាក់​ដែល​បាន​ឆ្លង​វីរុស Zika​។
​ប្រធាន​មន្ទីរពេទ្យ Bhumibol Adulyadej លោក Santi Srisermphok បាន​ឲ្យ​ដឹងថា អ្នកជំងឺ​ឆ្លង​វីរុស Zika មាន​វ័យ​២០​ឆ្នាំ​ដោយបាន​ចូលមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងលើ​កាលពី​ថ្ងៃ​២៤ មករា កន្លងទៅ​។​លោក​បញ្ជាក់ថា បុរស​នោះបាន​កើតរោគ​សញ្ញា​ជារួម នៃ​ការឆ្លង​មេរោគ Zika ដូចជា គ្រុនក្ដៅ អន្ទះអន្ទែង ភ្នែក​ក្រហម និង​ឈឺ​សាច់ដុំ​។ លោក​បន្ថែម​ក្រោយ​ពិនិត្យ​ធ្វើតេស្ត​ឈាម​រួចមក​លទ្ធផល​បង្ហាញថា បុរស​នោះ​មាន​វីរុស Zika មែន ទោះបី​បដិសេធថា​មិនបាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កំពុង​មានការ​រាតត្បាត​ពី​វីរុស​នោះ​ក៏ដោយ​។​
ទោះជា​យ៉ាងណា​បន្ទាប់ពី​ព្យាបាល​បុរស​អ្នកជំងឺ​ខាងលើ ខាង​មន្ទីរពេទ្យ​មិន​គិតថ្លៃ​សេវា​លើ​ការព្យាបាល​នោះទេ និង​បន្ត​តាមដាន​ពិនិត្យ​លើ​បុរស​នោះ​៕

c1_849300_160203041143_620x413

​

គ្រួសារ​ស្នើ​យកសព​មេចោរ​ប្លន់​ដែល​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​ទៅ​ធ្វើបុណ្យ​

​ដោយ៖ស សាម

ភ្នំពេញ៖​សព​មេខ្លោង​ក្រុមចោរប្លន់​រហស្សនាម គូ​ល័​រ ដែលមាន​ឈ្មោះ​ដើមកំណើត ខេង ពិសិដ្ឋ ហៅ ផាត អាយុ​២៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែកក្តី ឃុំ​រកា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោងជាង​២​រសៀល ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៥ ត្រូវបាន​ប្អូនស្រី និង​សាច់ញាតិ​បានមក​ស្នើសុំ​ពី​សមត្ថកិច្ច ដើម្បី​យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត ក្រោយពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិ​ច្ច័​យ​ក្រុងភ្នំពេញ​ពិនិត្យ​រួចរាល់​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ឈឹម ប៊ុន​រ័ត្ន អធិការរង​នគរបាល​ខណ្ឌដង្កោ​។​

​លោក​អធិការរង ឈឹម ប៊ុន​រ័ត្ន បន្ថែមថា ជនសង្ស័យ​ដែលជា​មេខ្លោង​ក្រុមចោរប្លន់​ប្រដាប់អាវុធ​នេះ​គឺ មាន​ដីកាចាប់ខ្លួន​ផងដែរ ។​ក្រុម​នេះ​គឺជា​ក្រុម​ប្លន់​ប្រដាប់អាវុធ​យ៉ាងសកម្ម​ក្នុង​រាជធានី គឺជា​ក្រុម​ដែលមាន​រហស្សនាម​ថា (​ក្រុម​កាំភ្លើង​ស​)​។ លោក​អធិការរង​នគរបាល​បន្តថា នៅ​រសៀល ថ្ងៃទី​២​មករា​នោះ​ផងដែរ កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក្រុង​ក៏បាន​ទៅ​នាំខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ពាក់ព័ន្ធ​នឹង​ទទួល​ទិញ​ផល​ចោរកម្ម​ពី​ក្រុម​ខាងលើ​ដែរ​។​
​
គួររំលឹកថា ជនសង្ស័យ​ជា​ក្រុមចោរប្លន់​ប្រដាប់អាវុធ​មាន​គ្នា​៣​នាក់ ហើយ​ជនសង្ស័យ ម្នាក់​ឈ្មោះ ខេង ពិសិដ្ឋ រហស្សនាម គូ​ល័​រ ហៅ​ផាត ដែលជា​មេខ្លោង​បាន​ស្លាប់​នៅ​កណ្តាល​វាលស្រែ​ដោយសារ​ត្រូវ​គ្រាប់កាំភ្លើង​ចំនួន ៨ គ្រាប់ ខ​ណះ​ជននេះ​បាន​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច ស្ថិតក្នុង​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦​។​
​
នៅវេលា​ម៉ោងជាង​២​រសៀល ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦​នេះ ត្រូវបាន​ប្អូនស្រី និង​សាច់ញាតិ​បានមក​ស្នើសុំ​សាកសព ខេង ពិសិដ្ឋ ពី​សមត្ថកិច្ច​ដើម្បី​យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​៕159873254

​

អ្នកកាសែត​ប្រចាំខេត្ត​បាត់ដំបង​ម្នាក់​ស្លាប់ ម្នាក់​រងរបួសធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

ដោយ៖ប៉ែន សុផល

​ខេត្តបាត់ដំបង ៖ អ្នកសារព័ត៌មាន​ក្នុង​ខេត្តបាត់ដំបង​ចំនួន​២​នាក់ បាន​រងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ខ​ណះ​កំពុងធ្វើដំណើរ​ត្រឡប់​មកពី​យក​ព័ត៌មាន នៅ​ស្រុក​កំរៀង ដោយសារ​ជិះ​ម៉ូតូ​គេច​ពី​រថយន្ត ត្រង់ចំណុច​ផ្លូវ​កោង រួច​ជ្រុល​ទៅបុក​បង្កា​ន់​ស្ពាន​ពង្រ បណ្តាល​ឲ្យ​ស្លាប់ និង​របួសធ្ងន់ នៅនឹងកន្លែង ។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ជាង​២​រសៀល ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៦ ក្នុងភូមិ​សាស្ត្រ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។​

​ជនរងគ្រោះ ដែល​ស្លាប់បាត់​បង់ជីវិត មានឈ្មោះ សុខ ចាន់ថន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​អ្នកសារព័ត៌មាន «​កម្ពុជា​អភិវឌ្ឍន៍​» រស់នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង រីឯ​អ្នករួមដំណើរ​ម្នាក់ទៀត ឈ្មោះ មាស​.​ប៊ុនធឿន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​អ្នកសារព័ត៌មាន «​គតិ​ជាតិខ្មែរ​» រស់នៅ​ភូមិ​ព្រែក​ព្រះស្ដេច បាន​រងរបួស​ធ្ងន់ ត្រូវគេ​ដឹកបញ្ជូន ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់ ។​

​ប្រភព​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក Wave ស៊េរី​ឆ្នាំ​២០០២ ពាក់​ស្លាក​លេខ បាត់ដំបង ១C-៨៦៧៤ គោលបំណង​ទៅយក​ព័ត៌មាន នៅ​ស្រុក​កំរៀង លុះ​ត្រឡប់មកវិញ ជនរងគ្រោះ បាន​បើក​ម៉ូតូ​វ៉ា​រថយន្ត​មួយគ្រឿង​ដែល​បើក​ស្រប​ទិស​គ្នា ស្រាប់តែ​វ៉ា​ក់​អើ​នឹង​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​ដែល​បើក​បញ្ច្រាស់​មកពី​មុខ​។ ភ្លាមៗ​នោះ ជនរងគ្រោះ បាន​បត់​ចង្កូត​គេច​ពី​រថយន្ត ហើយក៏​ជ្រុល​ទៅបុក​បង្កា​ន់​ស្ពាន​ពង្រ បណ្តាល​ឲ្យ​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់​តែម្ដង ។​

​បច្ចុប្បន្ន សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍ នៅឯ​គេហដ្ឋាន ៕1177@18@@3546

​

ខេត្តកំពត​បដិសេធ​​​ករណី​ក្រុមហ៊ុន ជី​ង​គ័​រ ចាក់ដីលុប​តំបន់ឆ្នេរ​សហគមន៍​នេសាទ​ឃុំ​ព្រែក​ត្នោត

ដោយ៖អ វឹង

​ខេត្ត​កំ​ព​ត៖
សាលាខេត្ត​កំពត នៅ​ថ្ងៃទី ២ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៦ នេះ បានចេញ​សេចក្តីប្រកាស​បដិសេធ​មិន​ទទួលស្គាល់​សកម្មភាព​វិនិយោគ​របស់​ក្រុមហ៊ុន ជី​ង​គ័​រ ករណី​ដែល​ក្រុមហ៊ុន​នេះ​ចាក់ដី​លុប​តំបន់ឆ្នេរ​នៃ​សហគមន៍​នេសាទ​ក្នុង​ឃុំ ព្រែក​ត្នោត ស្រុក​ទឹកឈូ​។​

​សេចក្តីប្រកាស​នេះ ក៏បាន​រំឭក​ផងដែរ ដល់​អង្គភាព​ព័ត៌មាន​ទាំងអស់ និង​ប្រជាពលរដ្ឋ សូមកុំ​ឲ្យ​យល់ច្រឡំ​ចំពោះ​សកម្មភាព​ចាក់ដី​លុប​តំបន់ឆ្នេរ​សហគមន៍​នេសាទ​នៅ​ចំណុច​ដូចខាងលើ​ថា មានការ​អនុញ្ញាត​ដោយ​សាលា​ខេត្តកំពត​។

​សេចក្តីប្រកាស​ដដែល​នេះ បាន​លើកឡើងថា សាលាខេត្ត​កំពត​មិនដែល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ជី​ង​គ័​រ ធ្វើការ​វិ​និ​យោគ ឬ​ចាក់​បំពេញ​ដី និ​ង​ធ្វើ​សកម្មភាព​ទាំងឡាយ​ដទៃទៀត​ផ្ទុយ​ពី​សិទ្ធិ​និង​តួនាទី​របស់ខ្លួន​ឡើយ​។​ក្នុងនោះ​សិទ្ធិ និង​ភារកិច្ច​នៃ​ការអនុញ្ញាត​គឺជា​ស្ថាប័ន​ថ្នាក់ជាតិ​។​

​សូម​អាន​នូវ​សេចក្តីប្រកាស​ព័ត៌មាន​ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​នេះ ៖​

aszdew
​

​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្លាយជា​តារា​នយោបាយ​ឈានមុខ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​

 

​ដោ​យ៖​ខេមរា​
​ភ្នំ​ពេ​ញ៖​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នាយក​រដ្ឋម​ន្ត្រី ហ៊ុន សែន មាន​អ្នក​ចូលចិត្ត​(Likes)​ទៅ ដល់​២​លាន​៩​ម៉ឺន​២​ពាន់​នាក់ លើស​លោក សម រង្ស៊ី ជាង​១​ពាន់​នាក់ គិត​រហូតមកដល់​យ​ប់​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ​។​

​ថ្ងៃនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្លាយជា​តារា​នយោបាយ​ឈានមុខ​នៅ​កម្ពុជា​ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាង​លោក សម រង្ស៊ី ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។​នេះ​បើតាម​តួលេខ​ដែល​បង្ហាញ​ពី​ចំនួន​អ្នក Likes , shere  និង​ចូល​អាន នៅក្នុង​គ​ណី​ហ្វេ​ស​ប៊ុ​ករ​បស់​តារា​នយោបាយ​ទាំងពីរ​ដួង គិត​មក​ត្រឹម​ថ្ងៃទី ១ ខែមករា ឆ្នាំ​២០១៦ នេះ​។​

​គួររំឭកថា លោកនាយក​រដ្ឋមន្ត្រី​ធ្លាប់បាន​ប្រកាសថា លោក​មាន​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៥ ហើយ​កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​អាកាស​តិច​ណូ​ថា  “​ហ៊ុន សែន បើ​មិន​លេង​គឺ​មិន​លេង​ទេ បើ​បានតែ​ជ្រុល​លេង គឺថា​មាន​អ្ហែង​ម​ទាំងពី​កប៉ាល់​ហោះ​ថត​ពីលើ​។ …​អាហ្នឹង​ឲ្យ​ដឹងថា​ម៉េច​ទៅ​ហ៊ុន សែន ហ្នឹង​។ មិន​លេង អញ​មិន​ខ្ចី​លេង​”​។ លោក​បញ្ជាក់​បន្ថែមថា​៖ “​បច្ចេកវិទ្យា​ទៅដល់ ណា យើង​ទៅដល់​ហ្នឹង​។ អាហ្នឹង​និយាយ​តាម​មួយបែប​អញ្ចឹង​ហ្មង​។ កុំ​ឲ្យ​អ្នកខ្លះ​ឆ្លៀត​ប្រើ ធ្វើ​អត្ថាធិប្បាយ តាំងពី​យក​អា​ទិន្នន័យ​ហ្វេ​ស​ប៊ុ​ក​យកមក​ធ្វើ​អត្ថាធិប្បាយ ឥឡូវ​សូម​លេង​ម្តង​ហើយ​។ ចាំ​ដល់ពេល​ដំណាក់កាល​មួយ សូម​ឲ្យ​ពួក​អ្នកធ្វើ​វិភាគ ចេញមក​វិភាគ​ឡើងវិញ ដើម្បី​ថា​តើ​វា​យ៉ាងម៉េច​អា​រឿង​ហ្វេ​ស​ប៊ុ​ក​ហ្នឹង​” ៕23648754

​

មេបញ្ជាការ​ទ័ពជើងទឹក​អាមេរិក​ដើម កំណើត​ខ្មែរ​សារភាព​កំហុស​ពុករលួយ​

អាមេរិក​៖​លោក​មេបញ្ជាការ​ទ័ពជើងទឹក​អាមេរិក​ដើមកំណើត​ខ្មែរ​ម្នាក់​ឈ្មោះ Michael Misiewicz ដែលមាន​ឈ្មោះ​ខ្មែរ​ថា ខែម វណ្ណៈ បាន​សារភាព​ទទួលកំហុស​ចំពោះ​បទចោទប្រកាន់​ពុករលួយ​មួយចំនួន របស់​រដ្ឋាភិបាល​សហ​ព័ន្ធ​អាមេរិក​។​
​កាសែត Reuters រាយការណ៍​ថា​លោក Micheal Misiewicz បានទទួល​កំហុស​ថា បានផ្ដល់​ព័ត៌មាន​សម្ងាត់​ដែលមាន​ទឹកប្រាក់​រាប់​លា​ន​ដុល្លារ​ទៅ​ឲ្យ​ពាណិជ្ជករ​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ឈ្មោះ Leonard Francis​។​
​ប្រភព​បន្តថា លោក Michael Misiewicz បាន​ឡើង​តុលាការ​នៅ​ក្រុង San Diego ដើម្បី​ឆ្លើយបំភ្លឺ​បទចោទប្រកាន់​មួយចំនួន​ទាក់ទង​នឹង​ការ​សមគំនិត​, បទ​ពុករលួយ ដែល​បាន​ផុសចេញ​ឡើង​តាមរយៈ​ការពាក់ព័ន្ធ​របស់លោក​នៅក្នុង​រឿងអាស្រូវ មួយ​ជាមួយនឹង​អ្នក​កុងត្រា​ការងារ​ដែល​ជួសជុល​នាវា​របស់​កង​នាវាចរណ៍ អាមេរិក​នៅ​ប៉ាស៊ីហ្វិក​។​
​គួរ​បញ្ជាក់ថា លោក Michael Misiewicz ដែលមាន​ឈ្មោះ​ខ្មែរ​ថា ខែម វណ្ណៈ បានកើត​នៅ​កម្ពុជា ហើយ​ត្រូវ​ជនជាតិ​អាមេរិក​យកទៅ​ចិញ្ចឹម​ក្នុងអំឡុង​សម័យ​សង្គ្រាម​វៀតណាម​។ លោក​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាងខ្លាំង ព្រោះ​ជា​ជនជាតិខ្មែរ​ហើយ​បានក្លាយ​ទៅជា​មេបញ្ជាការ​នាវា​ពិឃាត​របស់​អាមេរិក​៕

Cambodian born Michael Vannak Khem Misiewicz US Navy commander 7th fleet from his public FB page small

​