អឺរ៉ុប៖យោងតាមទីភ្នាក់ងារប៉ូលិសអឺរ៉ុប Europol និយាយថា កុមារជនស្វែងសិទ្ធិជ្រកកោនដែលមិនមានចាស់ទុំនៅជាមួយជាង១ម៉ឺននាក់បានបាត់ខ្លួនដោយគេសង្ស័យថា ពួកគេជាច្រើនត្រូវគេឆក់យកទៅបម្រើនៅក្នុងឧស្សាហកម្មផ្លូវភេទ ឬក៏ពាណិជ្ជកម្មទាសករ។
លោក Brian Donald នាយកខុទ្ទកាល័យនៃទីភ្នាក់ងារប៉ូលិសអឺរ៉ុបបន្តថា កុមារទាំងនោះបានបាត់ខ្លួនពីប្រព័ន្ធរបស់គេក្រោយពីបានចុះឈ្មោះជាមួយអាជ្ញាធររដ្ឋនីមួយៗបន្ទាប់ពីបានធ្វើដំណើរទៅដល់អឺរ៉ុប។លោកបញ្ជាក់ថា គេមានភស្ដុតាងអំពីរចនាសម្ព័ន្ធឧក្រិដ្ឋជនដែលគេបានបង្កើតឡើង ក្នុងពេល១៨ខែមុននេះដើម្បីកេងប្រវ័ញ្ចលើបញ្ហាលំហូរចូលនៃជន ស្វែងសិទ្ធិជ្រកកោនទៅអឺរ៉ុប។
បើយោងតាមកាសែតអង់គ្លេសមួយបានរាយការណ៍ថា ប៉ូលិសអឺរ៉ុបបានរកឃើញទំនាក់ទំនងរវាងក្រុមរត់ពន្ធមនុស្ស និងក្រុមជួញដូរមនុស្សដោយកេងប្រវ័ញ្ចពួកគេយកទៅធ្វើការនៅឧស្សាហកម្មផ្លូវភេទ និងទាសភាព។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥កន្លងមានជនភៀសខ្លួន និងជនអន្ដោប្រវេសន៍ជាង១លាននាក់បានចាកចេញពីសង្គ្រាមនៅក្នុងស៊ីរី ដោយធ្វើដំណើរចូលទៅអឺរ៉ុប ក្នុងនោះប៉ូលិសអឺរ៉ុបប៉ាន់ប្រមាណថាមាន២៧%ជាកុមារ៕

ប៉េកាំង៖រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសថ្កោលទោសចំពោះអាមេរិកបន្ទាប់ការបញ្ជូននាវាចម្បាំងចូលមកក្នុងសមុទ្រចិនខាងត្បូងដែលមានចំងាយជាង១៩គីឡូម៉ែត្រពីដែនកោះដែលកំពុងមានជម្លោះ។
តាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang បាននិយាយក្នុងសន្និសីទកាសែត កាលពីម្សិលមិញថា ប្រទេសចិននៅតែអះអាងថា សមុទ្រចិនខាងត្បូងភាគច្រើនជាកម្មសិទ្ធិរបស់ខ្លួន។ លោកបញ្ជាក់ថា ពាណិជ្ជកម្មប្រមាណ៥ពាន់លានដុល្លារអាមេរិក បាននាំចេញជារៀងរាល់ឆ្នាំ ឆ្លងកាត់តាមសមុទ្រខាងត្បូងនេះ។លោកLu Kang បានសង្កត់ធ្ងន់ថា នាវាចម្បាំងរបស់សហរដ្ឋអាមេរិកដែលធ្វើនាវាចរនៅសមុទ្រចិនខាងត្បូង គឺផ្ទុយពីច្បាប់អន្តរជាតិទាំងស្រុង។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលចិនប្រកាសថ្កោលទោស ចំពោះការធ្វើនាវាចររបស់អាមេរិកនៅក្នុងសមុទ្រចិនខាងត្បូង៕

បាល់ទាត់៖យោងតាមគេហទំព័រGoal បានចេញផ្សាយថា ក្លិប Watford បានចុះកិច្ចសន្យារយៈពេល ៤ ឆ្នាំកន្លះក្នុងការនាំយកខ្សែបម្រើសញ្ជាតិអេស្ប៉ាញគឺកីឡាករ Mario Suarez ពីក្លិប Fiorentina។
ជាមួយនឹងការបង្ហាញខ្លួនបីលើកឲ្យអេស្ប៉ាញ អតីតកីឡាកររបស់ Atl. Madrid វ័យ ២៨ ឆ្នាំរូបនេះ បានផ្ទេរក្នុងតម្លៃខ្លួនមួយដែលត្រូវបានគេជឿថាមានចំនួន៥,៧លានដុល្លារអាមេរិក៕

ដោយ៖ស សាម
ភ្នំពេញ៖សិស្សវិទ្យាលយ័ទួលអំពិលប្រមាណជាង២០០នាក់បានប្រមូលផ្តុំគ្នាមកតវ៉ាសុំមិនអោយដូរនាយករង និងលោកគ្រូពីនាក់។ ហេតុការណ៍ កើតឡើងកាលពីវេលាម៉ោង១០ និង២០នាទី ថ្ងៃទី១ខែកុម្ភះ ឆ្នាំ២០១៦ នៅមុខវិទ្យាល័យទួលអំពិលតាមបណ្តោយផ្លូវ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោខណ្ខដង្កោ រាជធានីភ្នំពេញ។
តាមសម្តីសិស្សវិទ្យាល័យទួលអំពិលទាំងអស់សុំសំណូមពរមិនអោយដូរលោកគ្រូពីរនាក់ និងនាយករងម្នាក់ចេញពីសាលានោះទេដោយគាត់ជាគ្រូដែលបង្រៀនពួកគេបានល្អ។
លោក កែវ តេង នាយកវិទ្យាលយ័ទួលអំពិលដែលមានឈ្មោះ បានប្រាប់អោយដឹងថា ក្នុងកាផ្លាស់ប្តូរនេះ លោកមិនមានសិទ្ធិសម្រេចនោះទេគឺមានលិខិត ចេញពីមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញដោយបញ្ជាក់ពីការផ្លាស់ប្តូរលោកគ្រូអ្នកគ្រូមួយចំនួននៅក្នុងរាធានីភ្នំពេញ។
លោកបន្តទៀតថា នៅក្នុងវិទ្យាលយ័របស់គាត់ក៏មានការផ្លាស់ប្តូរលោកគ្រូពីរនាក់ និងនាយករងម្នាក់ផងដែរដោយមិនមានការដកចេញពីមុខតំណែងដូចដែលការចោទរបសសិស្សនោះទេ។
ខណះមានការតវ៉ា គេឃើញមានការចុះអន្តរាគម៍ពីសំណាក់លោកអភិបាលរងខណ្ខដង្កោ លោកចៅសង្កាត់ និងលោកអធិការងដើម្បីកុំអោយសិស្សទាំងនោះប្រើអំពើហិង្សា ។
ទោះជាយ៉ាងណា ការតវ៉ាស្នើមិនឲ្យមានការផ្លាស់នេះ នៅមិនទាន់មានការឆ្លើយតបបែបណាពីថ្នាក់មន្ទីរ ឬក្រសួងអប់រំនៅឡើយទេ៕

ភ្នំពេញ៖ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះតទៅ តម្លៃធ្វើស្លាកលេខម៉ូតូតាមរយៈ ច្រកចេញចូលតែមួយត្រូវបានបញ្ចុះតម្លៃមកនៅត្រឹម ៤ម៉ឺនរៀល។នេះបើតាមការ ប្រកាសសាលារាជធានីភ្នំពេញ។
អាជ្ញាធរខណ្ឌទួលគោក តាមរយៈការិយាល័យច្រកចេញចូលតែមួយ បានប្រកាសថា “សូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ចាប់ពីថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០១៦ នេះតទៅ តម្លៃធើ្វស្លាកម៉ូតូតាមច្រកចេញចូលតែមួយ ត្រូវបានបញ្ចុះតម្លៃពី៧៨.០០០ រៀល មកនៅត្រឹមតែ៤០.០០០រៀលប៉ុណ្ណោះ៕
ដោយ៖ខេមរា
ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងក្នុងពេលជួបជាមួយប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា កាលពីថ្ងៃទី៣១ ខែមករា ថា អ្នកដែលប្រើប្រាស់ប្រព័ន្ធតុលាការធ្វើបាបរូបលោកគឺជា “ ជនកំសាក បើខ្លួនឯងគ្រាន់បើរឿងអីខ្លាចសម រង្ស៊ី ” ។
ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសនៅក្រៅប្រទេសគេចពីការចាប់ខ្លួនរូបនេះបានថ្លែងថា “ មិនខ្លាចនឹងការសម្លុត ការទិញនិងការព្យាយាមបំបែកនោះទេ លោកត្រូវគេប្រើប្រព័ន្ធតុលាការជាបន្តបន្ទាប់ ព្យាយាមដាក់សម្ពាធលើរូបលោក តែមិនបានសម្រេច “ ។ លោកបន្តថា ” បើគ្រាន់បើយកមនុស្សធំដូចគ្នាវ៉ៃគ្នា មើលបានល្អមើល នេះអត់ទេរករឿង សម រង្ស៊ី យកប៉ូលិស យកទាហាន យកតុលាការកុំឲ្យ សម រង្ស៊ី ចូល។ អញ្ចឹងខ្លួនឯកកំសាក បើខ្លួនឯងគ្រាន់បើរឿងអីខ្លាច សម រង្ស៊ី “ ។
បើទោះបីជាការថ្លែងរបស់លោក សម រង្ស៊ី មិនបញ្ជាក់ឲ្យចំលើនរណាក៏ដោយ ក៏គេអាចដឹងបានថា សំដៅលើប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែរ។
ទាក់ទិននឹងការថ្លែងរបស់លោក សម រង្សី បែបនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ” សួរថាអ្នកណាទៅរំខានគាត់ទៅព្យាបាទគាត់ ខ្លួនគាត់ទេជាអ្នកព្យាបាទខ្លួនឯង។ បើគាត់កុំប្រព្រឹត្តល្មើសច្បាប់ទៅតើមានដីកាតុលាការឯណាទៅតាមចាប់គាត់? ហើយថាអ្នកចេញដីកាអ្នកតាមចាប់គឺជាជនកំសាក ខ្លួនគាត់ទេដែលជាជនកំសាកនោះដែលមិនហ៊ានទទួលខុស ត្រូវចំពោះមុខច្បាប់ ហើយអួតថាខ្លួនឯងហ្នឹងថាជាអ្នកស្នេហាជាតិ នេះជាបញ្ហាសំខាន់ដែលគេមើលឃើញគ្រប់គ្នា “ ។
គួររំឭកថា កាលពីថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស ថា៖ “ ខ្ញុំសូមផ្តាំត្រឡប់ទៅវិញ បើខ្ញុំចុះហត្ថលេខាលើកលែងទោស ខ្ញុំនឹងកាត់ដៃខ្លួនឯងចោល។…អញ្ចឹងខ្ញុំសូមផ្តាំទៅវិញ បើលើកទីបី ខ្ញុំនឹងកាត់ដៃខ្លួនឯងក្រវាត់ចោល ”។
ទោះជាយ៉ាងណាក្តី មេដឹកនាំបក្សប្រឆាំងរូបនេះបានលើកឡើងនូវទ្រឹស្តីដែលលោកធ្លាប់ប្រើកាលពីអំឡុងមុនពេលបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ២០១៣ ថា ការបោះឆ្នោតនៅកម្ពុជាអាចទទួលយកបាន ទាល់តែមានវត្តមានរបស់ប្រធានគណបក្សប្រឆាំង៕

ដោយ៖ប សុផល
បាត់ដំបង៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលអោយខូចខាត រថយន្ត៣គ្រឿង ម៉តូ៣គ្រឿង និងបាក់របងកាស៊ីណូ ត្រាកន២កន្លែងប្រវែង២ម៉ែត្រ ដោយសារអ្នកបើកបរដែលជាមន្ត្រីគយច្រកទ្វារសំពៅលូនម្នាក់ ព្យាយាមបើកបរក្នុងស្ថានភាពស្រវឹង។
នៅវេលាម៉ោង១៨:២០នាទី៣១/០១/២០១៦ ចំណុចTV២៣១៨៩,៤៨១៦៩ ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍ ១កើតឡើង បង្កដោយរថយន្តឡុចស៊ីស៤៧០ ពណ៌ ស្កពាក់ស្លាកលេខ ភ្នំពេញ2A1771 បើកបរដោយឈ្មោះ សៀក ចាន់ ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រី គយ និងរដ្ឋាករ នៅច្រកសំពៅលូន ខេត្តបាត់ដំបង។
អ្នកបើកបរ បានបើករថយន្តខាងលើចេញពីផ្សារតាវ៉ាន់ចំណុចខាងលើ ជ្រុលទៅបុករបងកាស៊ីណូបាត់១កន្លែងប្រវែង២ម៉ែត្រ បន្ទាប់មក បានថយរថយន្តមកក្រោយក្នុងល្បឿនយ៉ាងលឿន បណ្តាលអោយបុករថយន្ត២គ្រឿង និងម៉ូតូ៣គ្រឿងទៀតដែលម្ចាស់ចតទុកតាមចិញ្ចើមផ្លូវ ហើយរថយន្តនោះបន្តទៅបុករបងកាស៊ីណូ១កន្លែងផ្សេងទៀតបាក់អស់២ម៉ែត្រ និងទើបជាប់រថយន្តនៅទីនោះ ហើយម្ចាស់រថយន្តក៍បានគេចខ្លួនបាត់។ មូលហេតុនៃការបុកដោយអ្នកបើករថយន្តឡុចស៊ិសស្រវឹងស្រា ក្រោយពេលចេញពីកម្មវិធីផឹកស៊ីមួយជិតកន្លែងកើតហេតុ។
រថយន្តនិងម៉ូតូរងការខូចខាតមានដូចខាងក្រោម៖១-រថយន្តបង្កម៉ាកឡុចស៊ីសពណ៌ស្ក ស្លាកលេខ ភព.2A1771 ខូចខាតផ្នែកខាងមុខជ្រុះកាងបាត់និងខូចខាតកាងខាងក្រោយបែកស្តុបទាំងពីរ។២-រថយន្តម៉ាក តូយូតាកាមរីឆ្នាំ៩៣ស្តាំពណ៌ស ពាក់ស្លាកលេខ ភ/ព 2G.2480 ម្ចាស់ឈ្មោះ ប៉ុន ផល្លា ភេទប្រុសមុខរបររត់ឡានតាក់ស៊ី រស់នៅភូមិ+ឃុំ អូរដា ស្រុកកំរៀង ខូចទ្វារខាងស្តាំទាំង២ និងបែកយ៉ាន់មុខខាងឆ្វេងខ្ទេច។ ៣-រថយន្តម៉ាកតូយូតា កាមរី
ឆ្នាំ៩៣ស្តាំ ពណ៌្លស្លាបក្អែកម្ចាស់ឈ្មោះ សំ សារ៉ាយ ភេទ ប្រុស អាយុ៣១ឆ្នាំ មុខរបររត់ឡានតាក់ស៊ី រស់នៅភូមិ+ឃុំ ចំការសំរោងក្រុង+ខេត្ត បាត់ដំបងខូចខាតស្តុបក្រោយខាងឆ្វេង និងកាងក្រោយ។ ៤-ម៉ូតូហុងដា សេ១២៥ខ្មៅ ស្លាកលេខ បប.1K1347ម្ចាស់ឈ្មោះ ឈឿង ឩត្តម ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអូរក្រូច ឃុំបឹងរាំងស្រុកកំរៀង។៥-ម៉ូតូម៉ាកហុងដា សេ១២៥ពណ៏ខ្មៅ ស្លាកលេខ ប/ជ1A4886 ម្ចាស់ឈ្មោះ នួម រ៉ែមភេទប្រុស អាយុ២៨ឆ្នាំ រស់នៅ ភូមិព្រះពុទ្ធ ឃុំបឹងរាំងស្រុកកំរៀង។៦-ម៉ូតូម៉ាកហុងដាគុប សេ៥០ពណ៌សំបកឪឡឹក ស្លាលេខភ/ព1AF0966 ម្ចាស់ឈ្មោះខា ស្រីលី ភេទស្រី អាយុ៣១ឆ្នាំ រស់នៅ ភូមិ+ឃុំ បឹងរាំងស្រុកកំរៀង។
បច្ចុប្បន្នរថយន្តបង្ក និងរថយន្តរងគ្រោះ ព្រមទាំងម៉ូតូដែលរងការខូចខាតត្រូវបានយកមករក្សាទុកនៅអធិការស្រុកកំរៀងរងចាំការដោះស្រាយជាក្រោយ៕

ដោយ ៖ ង៉ោក សារិន
តាកែវ៖ ព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ និងជាប្រធានក្រុមជំនាញសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធរួមទាំងលោក ឡាយ វណ្ណះ អភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ នាយទាហាន ពលទាហាននៅទីចាត់ការតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ។
ក្រោយពីបានស្តាប់របាយការណ៍របស់លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តរួចមកឧកឧត្តមគណះអធិបតីបានមានប្រសាសន៍ថា ការជួបសំណេះសំណាលលេីកនេះគឺដើម្បី ស្វែងយល់ពីការអនុវត្តភារកិច្ចរបស់បងប្អូនក្នុងនាមជាកងទព័បានធ្វើអ្វីខ្លះ ហើយមានផលលំបាកអ្វីខ្លះ និងមានសំណូមពរអ្វីខ្លះដើម្បីថ្នាក់ដឹកនាំបានដឹងនិងដោះស្រាយជូនបងប្អូន។
ឧកឧត្តមបានផ្តាំផ្ញើបន្ថែមថាក្នុងនាមជាកងទ័ពដាច់ខាតត្រូវតែរក្សាឱបាននូវសាមគ្គីភាពផ្ទៃក្នុង។ការពារបូរណភាពទឹកដីនិងកាពាររាជរដ្ឋាភិបាលស្របច្បាប់។
នៅក្នុងឱកាស់នោះដែរ ឧកឧត្តមគណះអធិបតីក៏បានបញ្ជាក់ពីគម្រោងបើង្កើតមូលនិធិ សម្រាប់កងកម្លាំងប្រដាប់អាវុធដើម្បីជួយសម្រួលនិងដោះស្រាយនូវបញ្ហាបន្ទាន់និងចាំបាច់មួយចំនួនសម្រាប់បងប្អូនកងកម្លាំងប្រដាប់អាវុធផងដែរ៕



ការទទួលទានទឹកក្រូចឆ្មារជាមួយទឹកក្តៅឧណ្ហៗជារៀងរាល់ព្រឹកនឹងជួយជំរុញដំណើរការកន្ត្រាក់របស់ប្រព័ន្ធរំលាយអាហារកាត់បន្ថយជាតិអាស៊ីត និងសម្រួលដំណើរការបន្ទោរបង់លាមក និងជួយសម្អាតសារជាតិពុលនៅក្នុងថ្លើមផងដែរ។
យោងតាមការសិក្សាបានបង្ហាញថា នៅក្នុងផ្លែ ក្រូចឆ្មារសម្បូរវីតាមីន C (អាស៊ីត អាស្កូបីក) យ៉ាងច្រើនដែលវីតាមីនមួយ ប្រភេទនេះពិតជាមានសារៈសំខាន់យ៉ាង ខ្លាំង ព្រោះវីតាមីន C អាចប្រឆាំង និងព្យាបាលជំងឺផ្តាសាយជាប្រភេទសារជាតិប្រឆាំងជាតិពុលក្នុងខ្លួររបស់មនុស្ស និងជាឱសថធម្មជាតិក្នុងការថែរក្សាសុខភាពស្បែកប្រឆាំងនឹងភាពចាស់មុនអាយុបានយ៉ាងប្រសើរព្រមទាំងជួយឲ្យដំណើរការខួរក្បាលស្រស់ថ្លានៅក្នុងពេលព្រឹកផងដែរ។
ប្រសិនបើជាតិអាស៊ីតនៅក្នុងសព៌ាង្គកាយរបស់មនុស្សមិនមានតុល្យភាព ឬច្រើនលើសកម្រិតនោះវានឹងងាយបង្កឲ្យមានបញ្ហាណាមួយកើតឡើងមិនខាន ជា ពិសេសបញ្ហាដែលបានបង្កឡើងនៅលើប្រដាប់រំលាយអាហារ បង្កឡើងដោយកត្តា ចំណីអាហារ និងស្រាជាដើមនោះគឺទឹកក្រូចឆ្មារនឹងជួយសម្រួលបរិមាណសារជាតិ អាស៊ីតដែលលើសនៅក្នុងសពាង្គកាយឲ្យត្រឡប់មករកភាពប្រក្រតីវិញ៕

បាល់ទាត់៖ក្រុមជម្រើសជាតិជប៉ុន U23 បានក្លាយជាជើងឯក AFC U-23 Championship បន្ទាប់វាយបកយកឈ្នះលើក្រុមជម្រើសជាតិកូរ៉េខាងត្បូង U23 ដោយលទ្ធផល ៣-២ វគ្គផ្ដាច់ព្រ័ត្រ ក្នុងទីក្រុងដូហា ប្រទេសកាតារនាកីឡដ្ឋាន Abdullah bin Khalifa។
ត្រឹមនាទីទី២០ កូរ៉េខាងត្បូងបាននាំមុខជប៉ុនមុន ១គ្រាប់ ស៊ុតដោយកីឡាករ Kwon Chang-Hoon ធ្វើឲ្យកូរ៉េខាងត្បូងនាំមុខជប៉ុនបណ្ដោះអាសន្នក្នុងតង់ទីមួយ ដោយលទ្ធផល ១ទល់នឹង០។ ចូលដល់តង់ទីពីរ នាទីទី ៤៧ កីឡាករ Jin Seong-Uk បានស៊ុត១គ្រាប់ទៀត ជួយឲ្យកូរ៉េខាងត្បូងនាំមុខជប៉ុន ២-០ មុន។ យ៉ាងណាក្ដី ជប៉ុនបានតាមស្មើវិញ ដោយស៊ុតបញ្ចូលទីកូរ៉េខាងត្បូង ២គ្រាប់ផ្ទួនៗ នៅនាទីទី ៦៧ ដោយកីឡាករ Takuma Asano និងនាទីទី ៦៨ ដោយកីឡាករ Shinya Yajima ។
រហូតដល់នាទី ទី៨១ ជប៉ុនបានស៊ុតបំប៉ោងសំណាញ់ទីកូរ៉េខាងត្បូងមួយគ្រាប់ទៀត ដោយកីឡាករ Takuma Asano។ ចប់ការប្រកួតU23 ជប៉ុន យកឈ្នះ U23 កូរ៉េខាងត្បូង ៣ ទល់នឹង ២ ក្លាយជាជើងឯកពានរង្វាន់ AFC U-23 Championship ឆ្នាំ២០១៦៕


ស៊ីរី៖យោងតាមសារព័ត៌មាន Channel News Asia បានផ្សាយមនុស្សជាង៧០នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅជិតព្រះហារស៊ីអ៊ីតមួយកន្លែងខាងក្រៅក្រុងដាម៉ាក្នុងប្រទេសស៊ីរីកាលពីម្សិលមិញ។
អ្នកស៊ើបអង្កេតបញ្ហាសិទ្ធិមនុស្សនៅស៊ីរីបានបញ្ជាក់ថា មនុស្ស៧១នាក់បានស្លាប់ នៅក្នុងការបំផ្ទុះពីរលើក ដោយការបំផ្ទុះលើកទីមួយគឺនៅក្នុងរថយន្ដ ហើយការបំផ្ទុះគ្រាប់បែកលើកទីពីរគឺអ្នកបំផ្ទុះគ្រាប់បែកអត្ដឃាត បានពាក់ខ្សែក្រវ៉ាត់គ្រាប់បែក រួចចូលទៅបំផ្ទុះនៅកន្លែងមានមនុស្សប្រមូលផ្ដុំ។
ពាក់ព័ន្ធករណីនេះផងដែរត្រូវក្រុមរដ្ឋអ៊ីស្លាមចេញមុខ ទទួលខុសត្រូវ បានសម្លាប់មនុស្សជាង៧០នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រខាងលើ។
គួរបញ្ជាក់ថា ការបំផ្ទុះនេះផងដែរ កើតឡើងស្របពេលដែលបេសកជនពិសេសអង្គការសហប្រជាជាតិបានចាប់ផ្ដើម កិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធ និយាយពីបញ្ហាសន្ដិភាពក្នុងប្រទេសស៊ីរី៕

ដោយ៖ខេមរា
ភ្នំពេញ៖តាមរយៈហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅម៉ោងជាង៦ល្ងាច ថ្ងៃអាទិត្យ ទី ៣១ មករា នេះ បានបង្ហោះរូបភាពរបស់លោកក្នុងចំណោមប្រជាពលរដ្ឋដែលកំពុងតែហាត់ប្រាណ ខណៈលោកបានចុះពិនិត្យសួនច្បារសាធារណៈនៅមាត់ទន្លេ និងមុខព្រះបរមរាជវាំង ។
សំណេរក្នុងហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ “នៅម៉ោងនេះ ខ្ញុំកំពុងចូលរួមហាត់កីឡាជាមួយបងប្អូនប្រជាពលរដ្ឋនៅមុខព្រះបរមរាជវាំងមាត់ទន្លេ។ ខ្ញុំបានបំពេញបំណងរបស់ខ្លួនខ្ញុំដែលចង់ចូលរួមហាត់ប្រាណជាមួយប្រជាពលរដ្ឋយូរមកហើយនិងបានបំពេញសំណូមពរពលរដ្ឋដែលបានសុំខ្ញុំអោយចូលរួមហាត់កីឡាជាមួយប្រជាពលរដ្ឋ”។ លោកបន្ថែមថា៖ “ពិតជាសប្បាយដោយប្រទេសមានសន្តិភាព សូមចូលរួមជាមួយខ្ញុំការពារសន្តិភាព ទើបមានឱកាសហាត់ប្រាណតទៅទៀត”។
គេនៅចាំបានថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ លោក ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធស្ពានអាកាសតិចណូថា៖ “ហ៊ុន សែន បើមិនលេងគឺមិនលេងទេ បើបានតែជ្រុលលេង គឺថាមានអ្ហែងមទាំងពីកប៉ាល់ហោះថតពីលើ។ …អាហ្នឹងឲ្យដឹងថាម៉េចទៅហ៊ុន សែន ហ្នឹង។ មិនលេង អញមិនខ្ចីលេង”។ លោកបញ្ជាក់បន្ថែមថា “បច្ចេកវិទ្យាទៅដល់ណា យើងទៅដល់ហ្នឹង។ អាហ្នឹងនិយាយតាមមួយបែបអញ្ចឹងហ្មង។ កុំឲ្យអ្នកខ្លះឆ្លៀតប្រើ ធ្វើអត្ថាធិប្បាយ តាំងពីយកអាទិន្នន័យហ្វេសប៊ុកយកមកធ្វើអត្ថាធិប្បាយ ឥឡូវសូមលេងម្តងហើយ។ ចាំដល់ពេលដំណាក់កាលមួយ សូមឲ្យពួកអ្នកធ្វើវិភាគ ចេញមកវិភាគឡើងវិញ ដើម្បីថាតើវាយ៉ាងម៉េចអារឿងហ្វេសប៊ុកហ្នឹង”។
សូមរំឭកថា ថ្មីៗនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកលេងតាមសួនច្បារនៅមុខផ្ទះរបស់លោកនិងបានថតរូបជាមួយអ្នកធាក់ស៊ីក្លូ និងបានផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកធាក់ស៊ីក្លូម្នាក់ៗចំនួន៤០ម៉ឺនរៀលទៀតផង។
ការផ្លាស់ប្តូររបស់នាយករដ្ឋមន្ត្រីដែលធ្លាប់តែបង្ហាញពីភាពម៉ត់ចត់តាមកញ្ចក់ទូរទស្សន៍ មកជាភាពសាមញ្ញក្នុងស្រទាប់ប្រជាពលរដ្ឋនាពេលនេះ នាំឲ្យមានការវិភាគថា ទីមួយគឺបង្ហាញពីភាពស្និទ្ធិស្នាលដ៏សាមញ្ញរបស់លោកជាមួយប្រជាពលរដ្ឋ ទីពីរបង្ហាញពីសន្តិសុខនិងសន្តិភាពក្នុងប្រទេស ដែលគេគិតថា ទំនងជាមានប្រសិទ្ធភាពខ្លាំងសម្រាប់ទទួលប្រជាប្រិយភាព ៕



រូបពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង ៖ អាគារមួយខ្នងនៃសាលារៀនក្តីសង្ឃឹមអាស៊ី នៅក្រុងបាត់ដំបង ដែលបញ្ចប់ការសាងសង់ក្រោមជំនួយរបស់សប្បុរសជននៅសហរដ្ឋអាមេរិកក្នុងរង្វង់ទឹកប្រាក់ប្រមាណ១៧៥ ០០០ដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅចុងខែមករា នេះ។
លោក ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និង លោក គឹម វណ្ណៈ អភិបាលស្រុកសង្កែ នៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមជាគណៈអធិបតីភាព ក្នុងពិធីសម្ពោធសាលារៀនក្ដីសង្ឃឹមអាស៊ី ស្ថិតនៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួម ពីជនបរទេសមកពីសហរដ្ឋអាមេរិក និងកុមារ ចំនួន ៦មណ្ឌល ផងដែរ ។
សាលារៀនក្ដីសង្ឃឹមអាស៊ី ខេត្តបាត់ដំបង ចាប់ផ្ដើមសាងសង់ពី ខែសីហាឆ្នាំ២០១៥ និងបញ្ចប់ជាស្ថាពរ នៅក្នុងខែមករា ឆ្នាំ២០១៦ នេះ។ក្នុងនោះមានសាលា ១ខ្នង មានចំនួន ១២បន្ទប់ ចំណាយថវិកាសាងសង់ចំនួន ១៧៥ ០០០$ (មួយរយចិតសិបប្រាំពាន់ដុល្លារ) ក្រោមជំនួយពីសប្បុរសជន នៅសហរដ្ឋអាមេរិក តាមរយ: អង្គការក្ដីសង្ឃឹមអាស៊ី អន្តរជាតិ ។
បន្ទាប់មកលោក ច័ន្ទ សុផល បានកាត់ខ្សែរបូរ និងប្រកាសដាក់អោយប្រើប្រាស់ ជាផ្លូវការ ប្រកបដោយបរិយាកាសរីករាយក្រៃលែង ៕






ដោយ៖គ បញ្ញា
ភ្នំពេញ៖ការិយាលយ័ប្រឆាំងគ្រឿងញៀនរាជនីភ្នំពេញចុះបង្ក្រាបទីតាំងចែកចាយនិងប្រើប្រាស់គ្រឿងញៀនមួយកន្លែងស្ថិតនៅមុខពេទ្យកុសមះ ហៅពេទ្យលោកសង្ឃ ក្នុងក្រុមទី១១ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង ១១ និង១៥នាទី ព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០១៦។
ប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្សយ័ចែកចាយម្នាក់ និងអ្នកប្រើប្រាស់ចំនួន១៩នាក់រួមទាំងវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកក ៣កញ្ចប់ធំ និង៥កញ្ចប់តូច រួមនិងម៉ូតូចំនួន១០គ្រឿង។
បច្ចុប្ប្នន្នជនសង្សយ័ទាំង១៩នាក់រួមទាំងវត្ថុតាំងត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃជាប់ៗគ្នានេះទាំងប៉ូលីស និង ប៉េអឹម បានចុះបង្ក្រាបជាច្រើនលើកមកហើយដែរ ប៉ុន្តែនៅតែមានជនឆ្លៀតឪកាសមួយចំនួនលួវប្រព្រឹត្តិដដែល៕



ដោយ៖ហូ សុខណាត
ខេត្តមណ្ឌលគីរី៖កំលាំងជំនាញរដ្ឋបាលព្រៃឈើសង្កាត់អូររាំងបានចាប់ឈើជាច្រើនកំណាត់ដែលក្រុមឈ្មួញលាក់ទុកនៅក្រោយផ្ទះប្រជាពលរដ្ឋកាលពីរសៀលថ្ងៃទី២៨ខែមករាឆ្នាំ២០១៦វេលាម៉ោង២នឹង២០នាទីនៅចំណុចភូមិ ពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ក្រុងសែមនោរម្យ ខេត្ត មណ្ឌលគីរី។
លោក សួន សុភាព នាយរងសង្កាត់រដ្ឋបាលព្រៃឈើអូររាំងបានឲ្យដឹងថាក្រោយពីរកំលាំងជំនាញទទូលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា នៅចំណុចខាងលើនេះមានលាក់ទុកឈើប្រណីតជាច្រើននោះលោកក៏បានសហកាជាមួយកំលាំងអធិការស្រុក និងកំលាំង កងរាជអាវុធហត្ថស្រុកឈានទៅចាប់រឹបអូស និងបានដឹកជញ្ជួនយកមករក្សាទតុកនៅខណ្ខរដ្ឋបាលព្រៃឈើខេត្ត។
លោកបន្តថាឈើទាំងអស់នោះសុទ្ធតែជាឈើប្រណីត ប្រភេទធ្នង់ មានចំនួនជាង៧០ដុំ ប៉ុន្តែមិនទាន់ដឹងស្មើប៉ុន្មានម៉ែត្រគូបនោះទេ បច្ចប្បន្នយកមករក្សាទុកនៅខណ្ខរដ្ឋបាលរង់ចាំចាត់ការបន្តតាមនីតិវិធី៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍