All posts by មេគង្គ ប៉ុស្តិ៍

ថ្ងៃទី​៨ ខែមករា សមត្ថកិច្ច​រកឃើញ​យានយន្ដ​ល្មើសច្បាប់ ៤៩៩​គ្រឿង និង​ពិន័យ ២៩៨​គ្រឿង

​ភ្នំពេញ ៖ ក្នុង​យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ទូទាំងប្រទេស សម្រាប់​ថ្ងៃទី​៨ ខែមករា ឆ្នាំ ២០១៩ នេះ កម្លាំង​នគរបាល​ចរាចរណ៍ បាន​ត្រួតពិនិត្យ​យានយន្ដ​ចំនួន​៣.៧៨២​គ្រឿង រកឃើញ ល្មើសច្បាប់ ៤៩៩​គ្រឿង (​ម៉ូតូ​៧០%) អប់រំ ២០១​គ្រឿង និង​ផាកពិន័យ ២៩៨​គ្រឿង​។​

​តាម​របាយការណ៍​ផ្លូវការ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឲ្យ​ដឹងថា ចំពោះ​ការត្រួតពិនិត្យ​មួកសុវត្ថិភាព និង​កញ្ចក់​នៅ​ថ្ងៃទី​០៨ ខែមករា នេះដែរ ត្រួតពិនិត្យ បាន​ចំនួន ២.៤០៥​គ្រឿង​, អប់រំ ១២២​គ្រឿង និង​ផាកពិន័យ ២២២​គ្រឿង​។​

​របាយការណ៍​បញ្ជាក់ថា រយៈពេល ៨​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៨ ខែមករា នេះ នគរបាល​បាន​ត្រួត ពិនិត្យ​យានយន្ត ចំនួន​៣៨.៩៧៧​គ្រឿង រកឃើញ​យានយន្ត​ល្មើស ៥.៣៨០​គ្រឿង (​ម៉ូតូ​៧៩%) ក្នុងនោះ​អប់រំ ១.៧២១​គ្រឿង និង​ផាកពិន័យ ៣.៦៥៩​គ្រឿង​៕

សម្តេច​តេ​ជោ បន្ត​ជួប​កម្មករ​ជិត​២​ម៉ឺន​នាក់ មកពី​រោងចក្រ​ចំនូ​ន​១២ នៅ​ខេត្តតាកែវ

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមករា ដើមឆ្នាំ​២០១៩ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី និយោជិត​ប្រមាណ ១៨.២៧៣​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​១២ ស្ថិតក្នុង​ស្រុក​ចំនួន​៣ ក្នុង​ខេត្តតាកែវ ដែល​ពិធី​នេះ បាន​រៀប ចំ​ឡើង​នៅក្នុង​ភូមិ​ចម​ពល ឃុំ​ពពេល ស្រុក​ត្រាំកក់​។

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា កម្មករ កម្ម​កា​រិ នី ដែល​មកជួប​សំណេះសំណាល​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាពេលនេះ មកពី​ស្រុក​ចំនួន​៣ គឺ​ស្រុក​សំរោង ស្រុក​បាទី និង​ស្រុក​ត្រាំកក់​។​ដោយឡែក ក្នុង​ខេត្តតាកែវ មាន​សហគ្រាស គ្រឹះស្ថាន ការងារ​សរុប ១៦៤ មាន​កម្មករ និយោជិត ៤៨.១៦៨​នាក់ ទទួលបាន​ប្រាក់​ឈ្នួល​សរុប ក្នុង​មួយឆ្នាំ ប្រមាណ ១៦៣​លាន​ដុល្លារ​៕

គិត​ត្រឹម​ដើមឆ្នាំ​២០១៩ មន្ដ្រី និង​អតីត​មន្ត្រីរាជការជាង ៣១​ម៉ឺន​នាក់ ទទួលបាន​បណ្ណ ប​.​ស​.​ស​.

​ភ្នំពេញ ៖ គិត​ចាប់តាំងពី​ពេល​ដំណើរការ​ដំបូង ក្នុង​ឆ្នាំ​២០០៨ រហូតមកដល់​ដើមឆ្នាំ​២០១៩ នេះ ប​.​ស​.​ស បាន​ចុះបញ្ជី​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន សរុប​ចំនួន​៣១៤.០៧៦​នាក់ និង​មាន​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន ទៅ​ទទួល​សេវា​ថែទាំ​សុខភាព បាន​ចំនួន​២៥៨.៥១១ លើក​។​

​នេះ​បើតាម​លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជានា​យក​បេឡា​ជាតិ របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បាន​ឲ្យ​ដឹង នៅក្នុង​ពិធី​ប្រគល់​-​ទទួល​ប័ណ្ណសមាជិក ប​.​ស​.​ស និង​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ នៃ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម ជូន​ដល់​មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា នៃ​ក្រសួង​កិច្ចការនារី​។​

​លោក អ៊ុក សមវិទ្យា បាន​បន្ថែមថា ប​.​ស​.​ស បានផ្តល់​តាវកាលិក (​អត្ថបទ​ប្រយោជន៍​) ផ្នែក​ហានិភ័យ​ការងារ ដល់​ជនរងគ្រោះ​ជា​កម្មករនិយោជិត បាន​ជាង​២១៦០០០​នាក់ ក្នុង ចំណោម​កម្មករនិយោជិត ជា​សមាជិក​ជាង​១ ៦១០ ០០០​នាក់ នៃ​សហគ្រាស ជាង​១២៦០០​សហគ្រាស​។ សម្រាប់​ផ្នែក​ថែទាំ​សុខភាព បានផ្តល់​សេវា​ដល់​កម្មករនិយោជិត ជាង​១ ៨៥០ ០០០​ដង​។​

​បើតាម​ការបញ្ជាក់​ពី លោក​អ៊ុក សមវិទ្យា បាន​ឲ្យ​ដឹងថា ប័​ណ្ឌ ប​.​ស​.​ស អាច​ប្រើប្រាស់​បាន នៅ​គ្រប់​មន្ទីរពេទ្យ​សាធារណៈ (​ពេទ្យ​រដ្ឋ​) និង​បណ្តា​មន្ទីរពេទ្យ​ឯកជន​មួយចំនួន ដែលមាន​ដាក់​ស្លាក​សញ្ញា ប​.​ស​.​ស​។ ដោយឡែក ក្នុងករណី​សង្គ្រោះបន្ទាន់ អ្នកមាន​ប័ណ្ណ ប​.​ស​.​ស អាច​ចូល​សម្រាក​ព្យាបាល​បាន​គ្រប់​មន្ទីរពេទ្យ ហើយ​យក​វិ​ក័យ​ប​ត្រ​ចំណាយ មក​ជូន​មន្ត្រី ប​.​ស​.​ស ដើម្បី​ទូទាត់​ប្រាក់​ជូន​វិញ​៕

ក្រសួង​វប្បធម៌ រៀបចំ​អភិរក្ស និង​ចុះបញ្ជី​អដ្ឋិធាតុ​អ្នកស្លាប់​ក្នុង​របប​ ប៉ុល ពត

​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន និង​កំពុង​រៀបចំ​ធ្វើការ​អភិរក្ស និង​ចុះបញ្ជី​សាកសព​ជនរងគ្រោះ ដែល​បាន​ស្លាប់​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត នៅតាម​ទីកន្លែង​វាលពិឃាត​នានា ទូទាំងប្រទេស​កម្ពុជា ដើម្បី​ទុកជា​ភស្ដុតាង និង​ទុក​ឯកសារ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​លោក វឿន វុ​ទី្ធ ប្រធាន​នាយកដ្ឋាន​បុរាណវិទ្យា និង​បុ​រេ​ប្រ​វ​តិ្ត​វិទ្យា នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​លោក វឿន វុ​ទី្ធ បាន​បញ្ជាក់ថា គិត​ត្រឹម​ដើមឆ្នាំ​២០១៩ នេះ នាយកដ្ឋាន​បុរាណវិទ្យា និង​បុរេប្រវត្តិ​វិទ្យា នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ផ្ទៀងផ្ទាត់ អភិរក្ស និង​ចុះបញ្ជី​សាកសព ជនរងគ្រោះ (​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​) បាន​ជាង​១០​ម៉ឺន​អ​ដិ្ឋ​ធាតុ និង​ផ្នូរ​សាកសព​រួម នៅតាម​ទីតាំង​វាល ពិឃាត នៅ​ទូទាំងប្រទេស គឺមាន​ជិត ២០០​ផ្នូរ សាកសព​រួម​។​

​សូមបញ្ជាក់ថា គម្រោង​អភិរក្ស​មួយ​នេះ​មាន​លក្ខណៈ​វិទ្យាសាស្ត្រ ដែល​ត្រូវបាន​អនុវត្តន៍​ដោយ​បុរាណ​វិទូ​ខ្មែរ និង​យក​រូបមន្ត​បច្ចេកទេស​ពី​បរទេស ដើម្បី​ថែរក្សា​អដ្ឋិធាតុ​ទាំងនោះ ឱ្យមាន​អាយុកាល​យូរអង្វែង និង​មានតម្លៃ​សម្រាប់​ជា​ប្រវត្តិសាស្ត្រ​កម្ពុជា​តទៅ​អនាគត​៕
​

នាវាចម្បាំង​ចិន​៣​គ្រឿង នឹង​ចូល​ចត​នៅ​កំពង់ផែ​ព្រះ​សីហនុ រយៈពេល​៤​ថ្ងៃ

​ព្រះសីហនុ ៖ នាវាចម្បាំង​កងទ័ព​រំ​ដោះ​ប្រជាជន​ចិន ចំនួន ៣​គ្រឿង នឹង​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ រយៈពេល​៤​ថ្ងៃ ដើម្បី​រឹតចំណង​មិត្តភាពរ​វា​ង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ជាមួយនេះ ក៏​នឹងមាន​ការប្រកួត​កីឡា​ជា​មិត្តភាព​រវាង​ក្រុម​នាវិក​ចិន និង​នាវិក​កម្ពុជា នៅក្នុង​មូលដ្ឋាន​សមុទ្រ ព្រមទាំង​មានការ ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​រួមគ្នា​ផងដែរ​។​

​លោក​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក និង​ជា​មេបញ្ជាការ ទីបញ្ជាការ​ជួរមុខ នៃ​គណៈកម្មាធិការ​ជាតិ សន្តិសុខ​លម្ហ​សមុទ្រ បានបញ្ជាក់​នៅ​រសៀល​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៩ នេះ ថា នាវាចម្បាំង​មហា​យក្ស​ចិន ចំនួន​៣​គ្រឿង នឹង​សុំ​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​៩-១២ ខែមករា ឆ្នាំ​២០១៩ ដើម្បី​រឹតចំណង​មិត្តភាព​ជាមួយ​កងទ័ពជើងទឹក​កម្ពុ​ជា ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​នាវា​កងទ័ព​រំដោះប្រជាជន​ចិន ចំនួន​៣​គ្រឿង ដែល​នឹង​សំចត​នៅ​កំពង់​ផៃ​ស្វយ័ត ខេត្ត​ព្រះសីហនុ នេះ រួមមាន ៖
*​ទី​១៖ ឈ្មោះ PLANS WUHU(FFG.529) មាន​បណ្តោយ​១៣៥​ម៉ែត្រ ទទឹង​១៦​ម៉ែត្រ ជម្រៅ​ទឹក​៦​ម៉ែត្រ ផ្ទុក​ជាង​បួន​ពាន់​តោន​​។
*​ទី​២៖ នាវា​ឈ្មោះ PLANSHANDA (FFG.579) មាន​បណ្តោយ​១៣៥​ម៉ែត្រ ទទឹង​១៦​ម៉ែត្រ ជម្រៅ​ទឹក​៦​ម៉ែត្រ ផ្ទុក​ជាង​បួន​ពាន់​តោន​។
*​ទី​៣៖ ឈ្មោះ PLANS DONG PING LAKE (AOR960) បណ្តោយ​១៧៩​ម៉ែត្រ ទទឹង​២៥​ម៉ែត្រ ជម្រៅ​ទឹក​១០​ម៉ែត្រ ផ្ទុក​ជាង​ពីរម៉ឺន​តោន​៕

ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម នឹង​ទទួលបាន​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​

​ភ្នំពេញ ៖ ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម អាចនឹងទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​សហគ្រាស​ធុន​តូច និង​មធ្យម ដែលជា​ចលករ​មួយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច បង្កើត​ការងារ​បន្ថែម និង​បង្កើន​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី “​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​អាទិភាព​” ដោយបាន​អញ្ជើញ​តំណាង​វិស័យ​ឯកជន សមាគម​នានា​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម តំណាង​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​សរុប​ប្រមាណ ១៨០​នាក់​ឱ្យ​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ​។​

មានប្រសាសន៍​បើក​សិក្ខាសាលា នា​ព្រឹក​ថ្ងៃទី​៨ មករា​នេះ លោក ផាន់ ផល្លា អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បានរៀបចំ​បង្កើត​មូល​និ​
​ធិ​អភិវឌ្ឍន៍​ជំនាញ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព និង​មជ្ឈមណ្ឌល​លើកកម្ពស់​សហគ្រិនភាព​ផងដែរ​។​

​លោក​ថា វិស័យ​អាទិភាព​សម្រាប់​ផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​រួមមាន​៖ (១).​ផលិត ផល​កសិកម្ម ឬ​ក​សិ​-​ឧស្សាហកម្ម​, (២).​ផលិត និង​កែច្នៃ​ម្ហូបអាហារ​, (៣).​កម្មន្តសាល​ដែល​ផលិត​ទំនិញប្រើប្រាស់​ក្នុងស្រុក​, កែច្នៃ​កាកសំណល់​, និង​ផលិត​ទំនិញ​សម្រាប់​វិស័យ​ទេសចរណ៍​, (៤).
​កម្មន្តសាល​ដែល​ផលិត​នូវ​ផលិតផល​សម្រេច ឬ​ផ្នែក ឬ​គ្រឿង​បង្គុំ ដើម្បី​ផ្គត់ផ្គង់​ឱ្យ​កម្មន្ត សាល​ដទៃទៀត (៥).​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ព័ត៌មាន រួមទាំង​ការផ្គត់ផ្គង់​សេវា​គ្រប់គ្រង​តាម​ប្រព័ន្ធ​​បច្ចេកវិទ្យា​ព័ត៌មាន​ដែលមាន​លក្ខណៈ​នវានុវត្តន៍  និង (៦).​សហគ្រាស​ដែល​ស្ថិតក្នុង​តំបន់​ប្រមូលផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សហគ្រាស​ដែល​អភិវឌ្ឍន៍​តំបន់​នេះ​។

​លោក​អនុរដ្ឋលេខាធិការ​បាន​បញ្ជាក់ថា វិស័យ​អាទិភាព​ទាំងនេះ​មិន​រួមបញ្ចូល​វិស័យ​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម សុខភាព និង​បរិស្ថាន​នោះទេ ហើយ​ចំពោះ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​ដូច​បាន​រៀបរាប់​ខាងលើ​អាច​ទទួលបាន​នូវ​ការលើកទឹកចិត្ត​ដូចជា​៖ ទី​១.​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន ៣​ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះបញ្ជី​ថ្មី ឬ​ចាប់​ពីថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​សម្រាប់​សហ​គ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួចហើយ​ចាប់ពី​ពេល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន​។

ទី​២.​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រយៈពេល ៥​ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះបញ្ជី​ថ្មី​ឬ​ចាប់​ពីថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​សម្រាប់​សហ​គ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួចហើយ​ចាប់ពី​ពេល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន​ដែល​បំពេញ​លក្ខខណ្ឌ​ណាមួយ​ដូចតទៅ​នេះ ប្រើ​វត្ថុធាតុដើម​ក្នុងស្រុក​ចាប់ពី ៦០%​ឡើងទៅ ឬ​បង្កើន​ចំនួន​និយោជិត​បន្ថែម​យ៉ាងតិច ២០% ឬ​មាន​ទីតាំង​ក្នុង​តំបន់​ប្រមូលផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម ៣.​លើកលែង​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល និង​ពន្ធ​អប្បរ​មា​ក្នុង​រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល និង​៤.​លើកទឹកចិត្ត​ចំណាយ​ដែល​អាច​កាត់កង​បានជា​ដើម​៕
​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បង្កើត​ក្រុមការងារ​សិក្សា​ការបើក​ច្រកព្រំដែន​តាម​កិច្ចព្រមព្រៀង

​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​បង្កើត​ក្រុមការងារ​ដើម្បី​សិក្សា និង​ពិភាក្សា​ជំរុញ​កិច្ចដំណើរការ បើក​ច្រកទ្វារព្រំដែន ដែល​បាន​ព្រមព្រៀង​រវាង​កម្ពុជា និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន ដែលមាន​សមាសភាព សមាជិក​ចំនួន​១០​នាក់ ។

​យោងតាម​សេចក្តីសម្រេច ចុះ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ក្រុមការងារ​នេះ មាន​ភារកិច្ច​ស្រាវជ្រាវ​លិខិតបទដ្ឋាន​គតិយុត្ត និង​ឯកសារ​ពាក់ព័ន្ធ ស្តីពី​ការសម្រេច​បើក​ច្រកទ្វារព្រំដែន ដែល​បាន​ព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន ។ ក្រុមការងារ​នេះ ត្រូវមាន​ភារកិច្ច​ពិភាក្សា​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អំពី​កិច្ចដំណើរការ​ក្នុង​ការបើក​ច្រកទ្វារព្រំដែន ដែល​បានសម្រេច ផងដែរ​។​

​ក្រុមការងារ​នេះ ក៏ត្រូវ​សម្របសម្រួល​ពិភាក្សា និង​ចរចា​ជាមួយ​ភាគី​បណ្តា​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​កម្ពុជា ដើម្បី​ជំរុញ​កិច្ចដំណើរការ​បើក​ច្រកទ្វារព្រំដែន ដូចដែល​បាន​ព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន ដោយ​ចុះ​ពិនិត្យ និង​សិក្សា​ពី​ស្ថានភាព​ជាក់ស្តែង នៃ​ច្រកទ្វារព្រំដែន​នីមួយៗ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប​៕
​

លោក គង់ គាំ ប្រកាស​ចូល​បំភ្លឺ​ជូន​តុលាការ ពាក់ព័ន្ធ​សំណុំរឿង​លោក កឹម សុខា

​ភ្នំពេញ ​៖ លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ និង​ជាម​នុស្ស​ធ្លាប់​ស្និទ​ស្នាល​បំផុត​ជាមួយ​លោក សម រង្ស៊ី បានប្រកាសថា លោក​នឹង​ចូល​បំភ្លឺ​តាម​ការ កោះហៅ​របស់ តុលាការ​រាជធានី​លើ​សំណុំរឿង​ក្បត់ជាតិ​របស់លោក កឹម សុខា នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩​ខាងមុខនេះ ។​

​លោក គង់ គាំ បាន​ឲ្យ​ដឹងថា លោក​នឹងមិន​រុញ​រា​នោះទេ ក្នុង​ការចូល​បំភ្លឺ ដើម្បី​ផ្តល់​ចម្លើយ ពិត​ក្នុងនាម​ជា​សាក្សី​នៅ​តុលាការ​ទាក់ទង​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ។​

​សូមបញ្ជាក់ថា ក្រុម​មេធាវី​របស់លោក កឹម សុខា កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ កន្លងទៅ បានដាក់​សំណើ​ជាថ្មី​ទៅកាន់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​ទម្លាក់​បទ​ចោទ​ចេញពី​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ តែ​សាលា ដំបូង​រាជធានី​ភ្នំពេញ បាន​បដិសេធ​ពាក្យស្នើសុំ​នេះ​។​

​នៅក្នុង​ដីកា​សម្រេច​ដោយ​បដិសេធ​របស់​តុលាការ បាន​បង្ហាញថា សំណុំរឿង​លោក កឹម សុខា ស្ថិតនៅក្នុង​ដំណាក់កាល​ស៊ើបសួរ​។ ចៅក្រម​ស៊ើបសួរ​ត្រូវ​ចាត់​និតិ​វិធី ដើម្បី​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​ឲ្យ​បាន​ពេញលេញ និង​គ្រប់គ្រាន់​ស្របតាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ជា​ធរមាន ហើយ​ថា សំណុំរឿង​លោក កឹម សុខា កំពុងដំណើរការ​ទៅមុខ​ដើម្បី​ប្រមូល​ភស្តុតាង​បន្ថែម​។​

​ទាក់ទង​សំណុំរឿង​លោក កឹម សុខា នេះដែរ លោក​គង់ គាំ ជា​សាក្សី​ថ្មី​មួយរូប​ទៀត ដែលជា​អតីត​សមាជិក​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទើបនឹង​ត្រូវបាន​តុលាការ​កោះហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី​២៣ មករា ខាងមុខនេះ​។

​គួរ​បញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​បទចោទប្រកាន់​ពីបទ សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​។ បទល្មើស​នេះ លោក​អាច​នឹងត្រូវ​ជាប់ ពន្ធនាគា​រ​ពី ១៥​ឆ្នាំ ដល់​៣០​ឆ្នាំ​។ តែ​មកដល់ពេលនេះ តុលាការ​នៅ​មិនទាន់​ធ្វើការ​ចោទ ប្រកាន់ យ៉ាងណា​នៅឡើយ​ទេ ខណៈ​មជ្ឈដ្ឋាន​នានា រួមទាំង​សហគមន៍​អន្តរជាតិ​ផង បាន​ទទូច​ដល់​អាជ្ញាធរ​កម្ពុជា​ឲ្យ​ទម្លាក់​បទ​ចោទ​ទាំងអស់​លើ​លោក កឹម សុខា​៕

មហាក្សត្រ​ចេញ​ព្រះរាជក្រម ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ថ្មី​ស្តីពី​គណបក្សនយោបាយ​

​ភ្នំពេញ ៖ វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែលជា​ការបើកផ្លូវ​ឲ្យ​អ្នកនយោបាយ​ជាប់​បំរាម អាចធ្វើ​សកម្មភាព​នយោបាយ​រប​ស់​ខ្លួន​ឡើងវិញ​នោះ ត្រូវបាន​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ចេញ​ព្រះរាជក្រម ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​។​

​សូមជម្រាបថា ច្បាប់​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ត្រូវបាន​ចុះហត្ថលេខា ដោយ​តំណាងរាស្ត្រ​ចំនួន​៨៧​រូប ដោយ​ធ្វើ​វិសោធនកម្ម ទៅលើ​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​បន្ថែម​នូវ​វា​ក្ស​ខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​)​។ ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ គឺជា​ការបើកផ្លូវ​ឲ្យ​អ្នកនយោបាយ ដែល​តុលាការ​ហាមឃាត់​សិទ្ធិ ធ្វើ​នយោបាយ​មាន​សិទ្ធិ​ពេញលេញ ក្នុង​ការធ្វើ​នយោបាយ​ឡើងវិញ​៕

​

រដ្ឋបាល​ក្រុងប៉ារីស ប្រកាស​ប្រើ​ធម៌​ក្តៅ​លើ​បាតុកម្ម​ដែល​គ្មាន​ច្បាប់

​ប៉ារីស ៖ លោក អេ​ឌូ​អាត ហ្វី​លី​ព នាយករដ្ឋមន្ត្រី​បារាំង ( Edouard Philippe) បានប្រកាស​ផែនការ​បង្ក្រាប ក៏ដូចជា​ដាក់ទោស​ទណ្ឌ​យ៉ាងធ្ងន់ធ្ងរ ដល់​ក្រុមបាតុករ​ទាំងឡាយណា ដែល​ធ្វើបាតុកម្ម​តវ៉ា​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត បន្ទាប់ពី​ចលនា​តវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​អស់រ​យៈ​ពេល​៧​សប្តាហ៍​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន BBC នៅ​ថ្ងៃ​អង្គារ ទី​០៨ ខែមករា ឆ្នាំ​២០១៩​នេះ​។​

​លោក Edouard Philippe ធ្វើការ​ព្រមាន​បែបនេះ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ស្ថានីយទូរទស្សន៍​បារាំង TF1 នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​។ ថ្លែង​នាឱកាស​នោះ នាយករដ្ឋមន្ត្រី​បារាំង​រូបនេះ​បាន​គូសបញ្ជាក់ថា​សមាជិក​ក​ង​កម្លាំង​សន្តិសុខ​៨​ម៉ឺន​នាក់​នឹងត្រូវ​បានដាក់​ពង្រា​យស​ម្រា​ប់រ​លក​នៃ​ការធ្វើ​បាតុកម្ម​បន្ទាប់​ទៀត​ដែល​គេ​រំពឹង​កើតឡើង​ជាថ្មី​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ បើទោះជា​រដ្ឋាភិបាល​បារាំង​បាន​លុបចោល​គម្រោង​ដំឡើង​ពន្ធ​លើ​ឥន្ធនៈ តាម​ការចង់បាន​រប​ស់​ក្រុមបាតុករ​ក៏ដោយ​។​

​លោក​ថ្លែង​ដូច្នេះ​ថា «​អាជ្ញាធរ​បារាំង​នឹង​ចាត់វិធានការ​ថ្មីៗ​នានា ក្នុងនោះ​រួមមាន​ទាំង​ការដាក់ទោសទណ្ឌ​យ៉ាងធ្ងន់ធ្ងរ និង​ប្រើ​កម្លាំងបាយ​ដើម្បី​បង្ក្រាប​អ្នក​ទាំងឡាយណា​ដែល​ចូលរួម​នៅក្នុង​បាតុកម្ម​ដ៏​ហិង្សា ឬ​គ្មាន​ច្បាប់​អនុញ្ញាត​»​។ ប៉ុន្តែ​ទន្ទឹមគ្នា លោក Philippe ក៏បាន​អះអាង​ដែរ​ថា អាជ្ញាធរ​បារាំង​នឹង​នៅតែ​រក្សា​ការពារ​សេរីភាព​បញ្ចេញមតិ ហើយ​ថា អ្នក​ដែល​ធ្វើការ​តវ៉ា​ដោយ​សន្តិវិធី​នឹងមិន​ត្រូវបាន​ដាក់ទោស​ដោយ​ច្បាប់​ឡើយ​។​
​គួរ​បញ្ជាក់ថា គិត​ចាប់តាំងពី​បាតុកម្ម​ប្រឆាំងនឹង​សាំង​ឡើងថ្លៃ​របស់​ក្រុមបាតុករ​អាវកាក់​ពណ៌​លឿង ផ្ទុះឡើង​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​មក និង​បាន​បណ្តាល​ឲ្យ​មនុស្ស​០៦​នាក់​បាត់​បង់ជីវិត និង​១,៤០០​នាក់​របួស​៕

​

ប្រមុខ​ដឹកនាំ​កម្ពុជា ប្រកាស​មិន​ឲ្យ​មាន​ប្រវត្តិសាស្ត្រ​សាដាន​នៅ​កម្ពុជា​ឡើយ

​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ប្តេ​ជ្តា​ថា នឹងមិន​អនុញ្ញាត​ឲ្យ​មាន​ប្រវត្តិសាស្ត្រ សាដាន កើតឡើង​វិញ​នៅលើ​ទឹកដី​កម្ពុជា ឡើយ ដែល​នោះ​គឺ​ការបែកបាក់​ជាតិ ដែល​កើតចេញពី​មហិច្ឆតា​របស់​អ្នកនយោបាយ​ដែល​យក​ប្រជាជន​ធ្វើជា​ឧបករណ៍ ដើម្បី​សម្រេច​ផលប្រយោជន៍​ផ្ទាល់​របស់ខ្លួន ដោយ​ពុំ​គិតដល់​ជោគវាសនា​របស់​ជាតិ និង​សោក​នា​កម្ម​លើ​ប្រជាពលរដ្ឋ​នោះឡើយ​។

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​បែបនេះ ទៅកាន់​ជនរួមជាតិ​ប្រមាណ​ជាង ៦​ម៉ឺន​នាក់ ដែល​អញ្ជើញ​ចូលរួម​នៅក្នុង​មហា​មី​ទ្ទី​ញ​រំលឹក​ខួប​លើក​ទី​៤០​នៃ​ទិវា​ជ័យជម្នះ ៧​មករា យ៉ាង​មហា​ឡា​រឹ​កនៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ព្រឹក​ថ្ងៃទី ៧ មករា ឆ្នាំ​២០១៩ នេះ​៕

ដំឡូង​មី​នៅ​តំបន់​ជាប់​ព្រំដែន​ថៃ​ធ្លាក់​ថ្លៃ អាស្រ័យ​លើ​ហាងឆេង​ពី​ទីផ្សារ​នៅ​ថៃ​

​ភ្នំពេញ ៖ លោក ជុំ វុ​ឌ្ឍី ប្រធាន​សហគមន៍​កសិក​ម្ម​បួរ​កម្ពុជា​ប្រចាំ​នៅ​ស្រុក​ភ្នំព្រឹក​ភាគ​ពាយ័ព្យ​នៃ​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា រដូវ​នេះ​ជា​រដូវ​ប្រមូល​ផល​ដំឡូង​មី​។ តែ​តម្លៃ​ទីផ្សារ​ដំឡូង​មី​នៅ​តំបន់ភ្នំ​ព្រឹក ម៉ាឡៃ​កំរៀង និង​នៅ​ប៉ៃលិន កំពុង​ធ្លាក់​ថ្លៃ ត្រឹមតែ​៣​បាត (​លុយ​ថៃ​) នឹង​ជាង​៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ដំឡូង​ហាល​ស្ងួត​។​

​លោក ជុំ វុ​ឌ្ឍី បន្ថែមថា បច្ចុប្បន្ននេះ រាល់​តម្លៃ​កសិផល​ស្ទើរតែ​ទាំងអស់ ទាល់តែ​ចេញពី​ទីផ្សារ​ថៃ មកវិញ ទើប​ឈ្មួញ ឬ​ក្រុមហ៊ុន ថៅកែ​រោងចក្រ នៅ​ស្រុក​ខ្មែរ ហ៊ាន​ទិញ​តាម​តម្លៃ​ហាងឆេង​ពី​ផ្សារ របស់​ថៃ ចំណែក​កម្ពុជា ហាក់ដូចជា​រក​ថ្លៃ​ទីផ្សារ​ក្នុងស្រុក​ឲ្យ​ជាក់លាក់​របស់ខ្លួន​មិនឃើញ​ទេ​។ លោក​ថា រដ្ឋាភិបាល​ថៃ បានដាក់​តម្លៃ​កសិផល​ក្នុងស្រុក​ឱ្យ​កសិករ​លក់​ឱ្យទៅ​រដ្ឋ​ក្នុងតម្លៃ​ណាមួយ​ដើម្បីអោយ​កសិករ​ទទួល​បាន​ចំណេញ ហើយ​រដ្ឋាភិបាល​ថៃ ប្រមូល​ទិញ​ផលិតផល​ក្នុងស្រុក​ឲ្យ អស់ ហើយ​បើ​នៅ​ខ្វះខាត​ទៀទ ទើប​គេ​ទិញ​ពី​ខាងក្រៅ​៕

សម្តេច ហ៊ុន សែន ប្រកាស​បើក​កិច្ចសន្ទនា​ជាមួយ​គ្រប់ភាគី​ដើម្បី​អភិវឌ្ឍន៍​ប្រទេស

​ភ្នំពេញ ៖ សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា រដ្ឋាភិបាល​នឹង​បើកទូលាយ​សម្រាប់​កិច្ច សន្ទនា​ដ៏​ស្មោះស ជាមួយ​គណបក្សនយោបាយ សង្គម​ស៊ីវិល និង​មជ្ឈដ្ឋាន​ជឿនលឿន​ទាំងអស់ ដើម្បី​ប្រមែប្រមូល​គំនិត​បញ្ញា និង​ធនធានមនុស្ស​ពី​គ្រប់​ប្រភព ដោយ​គ្មាន​ការបែងចែក​រើសអើង ដើម្បី​បង្កើន​កម្លាំង​សរុប​នៅក្នុង​កិច្ច​ការកសាង និង​អភិវឌ្ឍន៍​ជាតិ​។​

​ថ្លែង​នៅក្នុង​មហា​មិ​ទ្ទិញ​អបអរសាទរ​ទិវា​ខួប​៤០​ឆ្នាំ នៃ​ជ័យជម្នះ​៧ មករា នៅ​ពហុ​គី​ឡ​ដ្ឋា​ន​ជាតិ អូឡាំពិក សម្តេច​បានបង្ហាញ​ពី​ក្តី​សង្ឃឹមថា រាជរដ្ឋាភិបាល នឹង​សម្រេចបាន​នូវ​គោលដៅ​ដ៏​ឧ​ត្តុ​ង្គ ឧ​ត្ត​ម គឺ​ការកសាង​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន ក្លាយទៅជា​ប្រទេស​ជឿនលឿន​មួយ និង​ជា​សង្គម​ប្រកបដោយ​អរិយធម៌ និង​សេចក្តីស្រឡាញ់​ដោយ​គ្មាន​ការកើតឡើង​ជាថ្មី​នូវ​សង្គ្រាម​វិនាសកម្ម អំពើ​ប្រល័យពូជសាសន៍ និង​គ្មាន​ការបែកបាក់​ផ្ទៃក្នុង​ជាតិ​ដូចពេលមុន​ទៀតឡើយ​៕

កម្ពុជា មាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​លំដាប់​ទី​៦ លើ​ពិភពលោក

​ភ្នំពេញ ៖ ខណៈដែល​កម្ពុជា​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជា​មធ្យម​ក្នុង​រង្វង់​៧% កម្ពុជា​នាពេល​បច្ចុប្បន្ន ត្រូវបាន​ទទួលស្គាល់ថា ជា​ប្រទេស មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​លឿន​បំផុត លំដាប់​ទី​៦​នៅលើ​ពិភពលោក​។​

​នេះ​បើតាម​ការ​ថ្លែង​បញ្ជាក់​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រី​នៃ​ប្រ​ទស​កម្ពុជា នៅក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៤០​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ​៧​មករា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ថ្ងៃទី ៧ ខែមករា ឆ្នាំ​២០១៩ នេះ ក្នុងចំណោម​មហាជន​ជាង​៦​ម៉ឺន​នាក់​។​

​បើតាម​ការ​ព្យាករ​របស់​ស្ថាប័នហិរញ្ញវត្ថុ​ធំៗ​របស់​ពិភពលោក ដូចជា ធនាគារពិភពលោក ធនាគារ អភិវឌ្ឍ​អាស៊ី​(ADB)​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ជាដើម ក៏​មើលឃើញ​ដែរ​ថា កម្ពុជា​នៅតែ​បន្ត​កំណើន សេដ្ឋកិច្ច​ដ៏​រឹងមាំ​ក្នុង​រង្វង់​៧​ភាគរយ​នៅ​ឆ្នាំ​ខាងមុខ​ដែរ បើទោះជា​កម្ពុជា​នៅមាន​បញ្ហា ប្រឈម​មួយ ចំនួន​ដែល​ត្រូវ​បន្ត​ដោះស្រាយ​ក្តី​៕

ឆេះ​កាស៊ីណូ​របស់លោក កុក អាន នៅ​ប៉ោយប៉ែត សន្លប់​មនុស្ស​ពីរ​នាក់​(Video)

បន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ​ប្រចាំខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង ១០៖១០​នាទី​នេះ មាន​អគ្គិភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅក្នុង​កាស៊ីណូ ហ្គោល​ឌិន កម្ពស់​១៨​ជាន់ របស់លោក​ឧកញ៉ា កុក អាន ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់ – ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ជិត​មួយ​ម៉ោង​ក្រោយមក ទើប​រលត់ទៅវិញ បន្ទាប់​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​បាញ់​ទឹក​អស់​ជាច្រើន​រថយន្ត​។ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹងថា អគ្គិភ័យ​នេះ ក៏បាន​បង្ក​ផលប៉ះពាល់​ដល់​បុគ្គលិក​ធ្វើការ​នៅ​ទីនោះ​ប្រមាណ​ជាង​១​ពាន់​នាក់ ផងដែរ តែ​គ្មាន​អ្នករងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ​។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ក្រោយ ពេល​ហេតុការណ៍​កើតឡើង កងកម្លាំង​ស្នងការ​នគរបាល​ខេត្ត រួមជាមួយ​រថយន្ត​ពន្លត់អគ្គីភ័យ និង​កងកម្លាំង​កង​រាជ​អា​វុ​ហត្ថ បាន​សហការ​អន្តរាគ​ម៍​ទាន់ពេលវេលា និង​បាន​សង្គ្រោះ​មនុស្ស​ចេញ​ដោយ​សុវត្ថិភាព ដោយមាន​អ្នករងរបួស​សន្លប់​ដោយ​ឈ្លក់ផ្សែង​ចំនួន​២​នាក់ និង​អ្នកមាន​អកា​រៈ​ឈ្លក់ផ្សែង​មួយចំនួនទៀត ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​សង្គ្រោះ នៅឯ​មន្ទីរពេទ្យក្រុង​ប៉ោយប៉ែត និង​គ្លីនិក​នានា បាន​ទាន់ពេលវេលា​ផងដែរ​។ ហើយ​កងកម្លាំង​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​នៅ​ម៉ោង ១១​ជាង​យប់​ថ្ងៃ​ដដែល ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការឆេះ​អាគារ​កាស៊ីណូ ១៨​ជាន់ នៅ​ក្រុង​ប៉ោយប៉ែត ពុំមាន​អ្នកស្លាប់​នោះទេ គឺ​គ្រាន់​តែមាន​អ្នករបួស​ស្រាល និង​ខ្លះទៀត​សន្លប់​ដោយ​ឈ្លក់ផ្សែង ប៉ុណ្ណោះ ព្រោះ​អ្នក​នៅក្នុង​អាគារ​ឆេះ​នេះ​មាន​ចំនួន ២​នាក់​ប៉ុណ្ណោះ​។​

​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ករណីនេះ ទំនងជា​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី តែ​ពិតប្រាកដ​យ៉ាងណា​នោះ សមត្ថកិច្ច​ប្រាប់ថា នឹង​ជូនដំណឹង​ជាថ្មី​នៅ​ថ្ងៃទី​៩ ខែមករា នេះ​៕ ដោយ ៖ ជ​.​ជ​.

​