All posts by មេគង្គ ប៉ុស្តិ៍

ព្រៃឈើ​ដែល​សេសសល់​អាច​នឹង​ផុត​ពូជ គ្រា​ដែល​ធ្យូង​កំពុង​ត្រូវប៉ាន់​នៅ​ថៃ(Video)​

បន្ទាយមានជ័យ ៖ បច្ចុប្បន្ននេះ​ ថៃ​កំពុង​ប្រមូល​ទិញ​ធ្យូង​ពី​ស្រុក​ខ្មែរ ដែល​ធ្វើអោយ​ធ្យូង​មានហាងឆេង និង​កំពុង​សម្រុក​នាំចេញ​ទាំង​ឡានៗ តាម​ច្រករបៀង​ព្រំដែន និង​ច្រក​តំបន់​។ក្នុងនោះ ច្រក​តំបន់​បឹង​ត្រកួន នៃ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ក៏​ត្រូវគេ​មើលឃើញថា ជា​ច្រក​ដ៏​សំខាន់​សម្រាប់​នាំចេញ​ធ្យូង​ធំជាងគេ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ថៃ​។

ប្រភព​ដែល​អាច​ជឿទុកចិត្ត បាន​និយាយថា មាន​ជា​ជីវ​ករ​ប្រមាណ​ពីរ​ទៅ​បីនាក់ ដែល​រស់នៅ​ក្បែរ ច្រក​បឹង​ត្រកួន ងាក់​មក​ប្រមូល​ទិញ​ធ្យូង​ជំនួស​ដំឡូង​វិញ ស្រប​ពេលដែល​ទីផ្សារ​ធ្យូង​នៅក្នុង​ប្រទេស​ថៃ ត្រូវបាន​គេ​មើលឃើញថា កំពុងមាន​ហាងឆេង​កប់​ពពក​។

ដោយ​ហាងឆេង​ល្អ​នេះហើយ ទើប​ធ្វើអោយ​ឈ្មួញ​ខាងលើ​បង្ខំចិត្ត​សម្រុក​នាំចេញ​ធ្យូង​ក្នុង​មួយថ្ងៃ​តាមរ​រយៈ​រថយន្ត​តូចធំ​រាប់សិប​គ្រឿង ទោះបីជា​ត្រូវ​បង់​សមត្ថកិច្ច​ទាំងអស់ និង​មេ​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន អស់​ច្រើន​ប៉ុណ្ណា​ក៏ដោយ​។​

ទាក់ទង​នឹង​ការរត់​ការបង់ថ្លៃ​នាំចេញ​នេះដែរ​ប្រភព​ដដែល ក៏បាន​និយាយថា ដើម្បី​នាំចេញ​ធ្យូង​អោយបាន​ចេញទៅ​លក់​នៅ​ប្រទេស​ថៃ អ្នករត់​ការ​បាន​ចំណាយលុយ​អស់​ប្រមាណ ៧៥០០​បាត ទៅ​៨០០០​បាត ក្នុង​រថយន្ត​ធ្យូង​មួយគ្រឿង អោយទៅ​ក្រុម​សមត្ថកិច្ច​ដែលមាន​តួនាទី​ឈរជើង​នៅ​មាត់ច្រក និង​ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រក ដើម្បី​ជាថ្នូរ​នឹង​ការបើក​ភ្លើង​ខៀវ​។

ចំពោះ​អ្នករត់​ការបង់​លុយ​ទៅ​សមត្ថកិច្ច​ត្រូវបាន​គេ​ប្រាប់ថា មាន​សមាសភាព​បុគ្គល​ពីរ​នាក់ ទី១ ឈ្មោះ ចេ​ត សោម ជា​មន្ត្រី​អាវុធហត្ថ​មាន​តួនាទី​ជា​អនុ​ស្នាក់ការ​ប្រចាំ​ច្រក​បឹង​ត្រកួន និង​ម្នាក់ទៀត​ឈ្មោះ ចែ ស៊ីនួន អតីត​ថៅកែ​សៃ​ឡូ​តិ៍​ដ៏​ល្បី​ប្រចាំ​ច្រក​នេះ​ផងដែរ​។ អ្នក​ទាំងពីរ​នេះ តាម​ប្រភព​បាន​បញ្ជាក់ថា កំពុងតែ​មានការ​ប្រេះឆា ជ្រេ​ម៉ូយ​គ្នា ដើម្បី​រត់ការ​ដោយ​ឈ្មោះ ចេ​ត សោម យក​តម្លៃ​រត់ការ​សម្រាប់​បង់​សមត្ថកិច្ច​ក្នុង​មួយ​ឡាន ៨០០០​បាត រីឯ​ចែ ស៊ីនួន យក​ត្រឹមតែ ៧៥០០​បាត​។​

ជួប​ជាមួយ​អ្នកយកព័ត៌មាន មេគង្គ​ប៉ុស្តិ៍ តាម​ទូរ​សព្ទ័​នា​ល្ងាច​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៩ នេះ លោក វ៉ាន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន បាន​និយាយថា លោក អត់​បានដឹង​ទេ​ជុំវិញ​ការបើក​អោយមាន​ការនាំចេញ​ធ្យូង​យ៉ាងគំហុគ​នេះ ព្រោះ​លោក​ជាប់រវល់​នៅ​ភ្នំពេញ​។​

ទោះជា​មានការ​ឆ្លើយ​យករួចខ្លួន​ពី​សំណាក់​ប្រធាន​ច្រក​យ៉ាងនេះ​ក្តី ក៏​ប្រភព​ជាច្រើន​អះអាងថា បើ​មិនមាន​ការបើក​ភ្លើង​ខៀវ​ពី​មេ​ច្រក និង​ស្ថាប័ន​ពាក់​ព​ន្ធ័​ទេ​រថយន្ត​ដឹក​ធ្យូង​ទាំងអស់​មិនអាច​នាំចេញ​បាន​ដោយ​រលូន​ដែរ​៕
​

កក្រើក​ទៀតហើយ សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​នៅ​ស្រុក​ថា​ឡា​បរិ​វាត់

​ស្ទឹងត្រែង ៖ សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​នៅ​ស្រុក​ថា​ឡា​បរិ​វាត់ ដែល​គេ​ដឹងថា គ្មាន​ច្បាប់​អនុញ្ញាត បាន និង​កំពុង​រីក​ដូច​ផ្សិត​ឡើងវិញ​នៅ​ចំណុច​ភូមិ​ស្រឡៅ ភូមិ​វាល​ដិញ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។​

​តាម​ប្រភព​បានបញ្ជាក់​ឱ្យដឹងថា ការធ្វើ​សិប្បកម្ម​ទាំងនោះ ពុំមាន​ច្បាប់​អនុញ្ញាត​អ្វី​នោះទេ គឺ​ធ្វើ​តៗ​គ្នា​ជំនាញ​នៅ​ទីនោះ​ពុំមាន​ការបង្ក្រាប ឬក៏​ទប់ស្កាត់​ម្ដងណា​ឡើយ សង្ស័យ​មន្ត្រី​ជំនាញ និង​ងា​ជ្ញា​ធរ​ដែនដី បានទទួល​សំណែន​ពី​ក្រុម​ឈ្មួញ​ធ្វើ​សិប្បកម្ម​កែច្នៃ​ទាំងនោះ​ហើយ​មើលទៅ បានជា​បណ្តែតបណ្តោយ​ឲ្យ​ធ្វើ​សិប្បកម្ម​យ៉ាង​អនាធិបតេយ្យ​បែបនេះ​។​

តាម​ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ក្រុម​ដែល​ធ្វើ​សិប្បកម្ម​យ៉ាង​អនាធិបតេយ្យ​ទាំងនោះ សុទ្ធសឹងតែ​អ្នក​មកពី​ចម្ងាយ​ពុំមែន​អ្នក​នៅ​ភូមិ​ស្រុក​នៅ​កន្លែង​នឹង​ទេ គឺ​បាននាំគ្នា​មក​ធ្វើ​យ៉ាង​កក្រើក ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត​ពី​ខេត្ត ឬ​ចេញពី​ក្រសួង​ជំនាញ​នោះឡើយ ចុះ​ហេតុអ្វី​ពួកគេ​ហ៊ាន​ប្រព្រឹត្ត​ជា​រៀងរាល់ថ្ងៃ​ដោយ​ពុំ​ខ្លាច​ការបង្ក្រាប​ទប់ស្កាត់​បន្តិច​សោះ​បែបនេះ​? តើ​ឯកឧត្ដម​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង​តើ​លោក​មាន​បានដឹង​ដែរឬទេ​ថា កូនចៅ​ក្រោម​ឱវាទ​របស់លោក​កំពុងតែ​នាំគ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​រលូន​។

​ប្រភព​បាន​ប្រាប់​បន្តទៀតថា ជាធម្មតា សិប្បកម្ម​ទាំងនោះ លួច​ទិញ​ឈើ​ខុសច្បាប់​ពី​ក្រុម​ពួក​គោយន្ត​នៅពេល​យប់ ដែល​លួច​កាប់​អារ​ពី​ព្រៃ​អភិរក្ស​យកមក​លក់​ចែកចាយ​តាម​បណ្ដារ​សិប្បកម្ម​នៅ​ម្ដុំ ភូមិ​ស្រឡៅ នៅ​ភូមិ​វាល​ដេញ ។​

​ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​ទៅលើ​មន្ត្រី​ជំនាញ​ព្រៃឈើ និង​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​នៅ​ភូមិ​ស្រឡៅ និង​ភូមិ​វាល​ដិញ ថា បាន​សំណែន​សែន​ពី​ក្រុម​សិប្បកម្ម​ខុសច្បាប់ ជា​ថ្នូរ​នឹង​ករ​មិន​ចាត់ វិធានការ​បង្ក្រាប​៕
​

ករណី​ឧកញ៉ា​ថៃ វាយ​នារី​បំរើ​ខា​រា​អូ​ខេ​នៅ​ក្រុង​កំពង់ចាម បានបញ្ចប់​ត្រឹម​ពាក្យ​សុំទោស​(Video)

​ខេត្តកំពង់ចាម ៖ លោក​ឧកញ៉ា វ៉ន ប៊ុន​ថៃ នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩ នេះ ត្រូវបាន​ប៉ូលិស​ក្រុង កំពង់ចាម ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ក្នុងករណី​ដែល​លោក​បាន​ប្រើ​អាកប្បកិរិយា​អសីលធម៌ និង​វាយ​លើ​នារី​ខារ៉ាអូខេ​យីហោ​«​វីឡា​» ខណៈ​លោក​ចូល​កម្សាន្ត​នៅ​ទីនោះ​។​

​មន្ត្រី​មូលដ្ឋាន បាន​ប្រាប់​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​២០ ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩ គេ​ឃើញ​លោក ឧ​ញ៉ា និង​អ្នក​ហែហម​មួយចំនួន បាន​ចូល​ច្រៀង​កម្សាន្ត​ក្នុង​ក្លឹប​យីហោ​«​វីឡា​» ស្ថិតនៅក្នុង​សង្កាត់ វាលវង់ ក្រុង​កំពង់ចាម យ៉ាង​សប្បាយរីករាយ​។​

​នារី​បម្រើ​ក្នុង​ក្លឹប​ខារ៉ាអូខេ បាន​លើកឡើងថា មួយសន្ទុះ​ក្រោយមក​ឥទ្ធិពល​ដុល្លារ និង​អំណាច​ស្រា​ថ្លៃ ៗ បានធ្វើអោយ​ដៃ​ឧកញ៉ា​ម្នាក់​រស់​រវើក​ដូច​ដៃ​មឹក ចាប់ផ្តើម​លូកលាន់ បេះបោច បង្ក​ភាព​ខ្លោចផ្សា និង​អាម៉ាស់​ដល់​នារីៗ​បំរើ​នៅផ្ទះ​សំណាក់ និង​ក្នុង​បន្ទប់​ច្រៀង​ខា​រា​អូ​ខេ ធ្វើ​ឲ្យ​នារី​មួយចំនួន នាំគ្នា រត់ចេញ​ក្រៅ​អស់ ។​
​ឧកញ៉ា​ដែល​បង្ក​ភាពចលាចល​ខាងលើ មានឈ្មោះ វ៉ន ប៊ុន​ន​ថៃ ហៅ ឧកញ៉ា ថៃ ជា​អតីត​អ្នករកស៊ី​ជួញដូរ​ឈើ​ដ៏​ធំ​នៅ​ភូមិភាគ​បូព៌ា មាន​លំនៅដ្ឋាន​នៅ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ ច .​ហ​. ជា​នារី​បំរើ​ខា​រា​អូ​ខេ​ក្នុង​បន្ទប់​លេខ ៦៦៦៦ ផ្ទះសំណាក់​វីឡា ក្រុង​កំពង់ចាម​។ ប្រភព​ពត៌មាន​នៅ​កន្លែងកើតហេតុ បានអោយដឹងថា មុនពេល​កើតហេតុ លោក​ឧកញ៉ា វ៉ន ប៊ុន​ថៃ បាន​ចូល​កំសាន្ត​ច្រៀង​ខា​រា​អូ​ខេ ផ្ទះសំណាក់ វីឡា ក្នុង​បន្ទប់​លេខ ៦៦៦៦​។

​ប្រភព​ដដែល​នេះ​បាន​បន្តថា ក្រោយពី​សុរា​ប្តូរ​និ​ស្ស​យ័​ចូលក្នុង​ពោះ​ជាច្រើន​រួចមក បាន​ប្តូរ​និ​ស្ស​យ័​លោក​ឧកញ៉ា ​ដោយ​ដៃ​ដ៏​សុភាព​របស់​ឧកញ៉ាថៃ ​ប្រែក្លាយជា​រស់​រវើកប្រៀបដូចជា​ដៃ​មឹក រួច​ក៏​លូកលាន់​បេះបោច ច្របាច់​ខ្ញាំ​បង្ក​ឲ្យ​មានការ​ភាពឈឺចាប់​ដល់​នារី​រងគ្រោះ ធ្វើអោយ​នាង​ទ្រាំ​មិនបាន​រត់ចេញ​ពី​បន្ទប់​ខា​រា​អូ​ខេ លែង​ចង់បាន​លុយ​ធីប តទៅទៀត​។ បន្ទាប់មក ឧកញ៉ា​ថៃ បាន​ហៅ​នារី​ម្នាក់ទៀត​ឲ្យ​មក​បម្រើ រួច​ក៏​ខោក​ក្បាល​លេង​ជា​ល្បែ​ក ធ្វើអោយ​នារី​រងគ្រោះ ទី​២​ទ្រាំ​មិនបាន​បង្ហូរទឹកភ្នែករ​ត់​មក​ខាងក្រៅ​។

ក្រោយពី​មាន​ភាពចលាចល លើ​នារី​ខា​រា​អូ​ខេ​មិនបាន​ប៉ុន្មាន​នាទី​ផង គេ​ឃើញ​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម បាន​ទៅដល់​កន្លែងកើតហេតុ ហើយ​នាំខ្លួន​លោក​ឧកញ៉ា ថៃ មក​ស្នងការដ្ឋាន​នគ​របាល​ខេត្តកំពង់ចាម ដើម្បី​ធ្វើការ​សាកសួរ និង​បំពេញ​សំណុំបែបបទ​តាម​នីតិវិធី​។

មន្ត្រីប៉ូលិស​បានអោយដឹង​ថា នៅ​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញកា​រិ​យា​ល​យ័​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល​ខេត្តកំពង់ចាម បាន​អញ្ជើញ​ម្ចាស់ផ្ទះ​សំណាក់​«​វីឡា​»​មក​បំភ្លឺ និង​ភាគី​សងខាង​មក​សាកសួរ​។ មន្ត្រីប៉ូលិស​ដដែល​បានអោយដឹងថា ដំណោះស្រាយ​ចុងក្រោយ​គឺ​ភាគី​រងគ្រោះ​មិន​ធ្វើការ​ប្តឹងផ្តល់​អ្វី​ឡើយ គឺ​ភាគី​នារី​រងគ្រោះ​អោយឧកញ៉ា​ ប៊ុន​ថៃ សុំទោស ហើយ​សមត្ថកិច្ច​ក៏បាន​ដោះលែង​លោក​ឧកញ៉ា​ថៃ មាន​សេរីភាព​ អោយ​ត្រឡប់​ទៅ​គេហដ្ឋាន​របស់លោក​វិញ​។

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ដែល​ដឹង​ហេតុការណ៍​ដ៏​អាក្រក់​នេះ បាន​ផ្ទុះ​កំហឹង​ស្ទើរ​គ្រប់គ្នា​ចំពោះ​ទង្វើ​អសីលធម៌ របស់​ឧកញ៉ា ថៃ ដែល​មើលងាយ​ជាន់ឈ្លី​លើ​កិ​ត្ត​យស​របស់​នារី​ដែលនៅទីនោះ នាងមាននាទីត្រឹមជាអ្នក បម្រើឲ្យបុរសៗចូលច្រៀងកម្សាន្តប៉ុណ្ណោះ។

​ភាគី​ខាង​លោក​ឧកញ៉ា វ៉ន ប៊ុន​ថៃ នៅ​ព្រឹក​ថ្ងៃទី​៧ ខែមករា នេះ មេគង្គ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​សុំ​ការពន្យល់​បានឡើយ​។​

​យ៉ាងណាក៏ដោយ ការ​ពន្លត់​ហេតុការណ៍​អសីលធម៌​របស់​អ្នកមាន​គោរមងារ​ជា​ឧ​ញ៉ា លើ​នារី​ភេទ​ក្នុង​បន្ទប់​ខារ៉ាអូខេ ត្រឹម​ពាក្យ​«​សុំទោស​» ដូចជា​មិន​សម​ទំនង​សោះ អាចមាន​អ្វី​នៅ​ពី​ក្រោយខ្នង​ក្នុង​រឿងនេះ​ទេ​ដឹង ? ព្រោះ​ពាក្យចាស់​ពោលថា ពងមាន់​ទៅ​ជល់​ដុំថ្ម​មិនអាច​ទៅរួច​ទេ ឬក៏​អាចមាន​សម្ពាធ​ណាមួយ​ដែល​ធ្វើ​នារី​រងគ្រោះ ខាំមាត់សង្កត់ចិត្ត​សំងំស្ងៀម ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​ថ្ងៃក្រោយ​? ៕

​

មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ ចែក​សម្ភារ​កសិកម្ម​ជូ​ន​កសិករ​គំរូ​ដោយ​ឥតគិតថ្លៃ និង​ថវិកា​ម្នាក់​៤០​ម៉ឺន​រៀល

​ព្រះវិហារ ៖ សម្ភារ​កសិកម្ម​ជាច្រើន​ប្រភេទ ត្រូវបាន​ចែកជូន​ប្រជាកសិករ​ចំនួន​១០៥​គ្រួសារ នៅ​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ នៅ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៩​នេះ ក្រោម​វត្តមាន​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ លោក រស់ ហេង អភិបាលស្រុក​សង្គម​ថ្មី ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​លោក ពឹង ទ្រី​ដា បាន​ថ្លែងថា ក្នុងទិសដៅ​លើកកម្ពស់​ជីវភាព ប្រជាកសិករ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ស្របតាម​ទិសដៅ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក៏ដូចជា​ការណែនាំ​រប​ស់លោក​រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក​អភិបាលខេត្ត​ព្រះវិហារ មន្ទីរ​កសិកម្ម​ខេត្ត តែង​យកចិត្តទុកដាក់​ជានិច្ច ចំពោះ​បងប្អូន​ប្រជាកសិករ ក្នុងនោះ យើង​បាន​ចាត់​មន្ត្រី បច្ចេកទេស​ចុះ​ជាប់ និង​ប្រជាកសិករ ក៏ដូចជា​បង្កើត​កម្មវិធី​ចែក​សម្ភារ​កសិកម្ម​ផ្សេងៗ លើកទឹកចិត្ត​ប្រជាកសិករ​ទៀតផង​។​

​លោក​បន្តថា ជាក់ស្តែង​ថ្ងៃនេះ មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ បាន​សហការ​ជាមួយ​លោក​អភិបាលស្រុក​សង្គម​ថ្មី ដោយមាន​ការគាំទ្រ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់ និង​ការប្រែប្រួល​អាកាសធាតុ ASPIRE បានធ្វើ​ការចែក​សម្ភារ​កសិកម្ម​ជាច្រើន​ប្រភេទ ជូន​កសិករ​ចំនួន​១០៥​គ្រួសារ ដោយ​ឥតគិតថ្លៃ ក្នុងនោះ​មាន​កសិករ​ចិញ្ចឹម​មាន់ ជ្រូក និង​កសិករ​ដាំ​បន្លែ​។

​ជាមួយគ្នា​នោះ ក្រុម​កសិករ​គំរូ​ចិញ្ចឹម​មាន់​ក្នុង​មួយ​គ្រួសារ ទទួលបាន​សំណាញ់​អួន​បាំង​សុវត្ថិភាព ទ្រុង​បំបែក​ផ្សាំ​កូន​មាន់ ម្សៅ​ប្រេ​មិច និង​ថ្នាំ​ទំលាក់​ព្រូន​។ ក្រុម​កសិករ​ចិញ្ចឹម​ជ្រូក ទទួលបាន​ក្នុង​មួយ​គ្រួសារ ធុង​ស្ពេ​ត្រូ ក្បាល​បឺត ទុយោ​និង​ស្នូក​ចំណី​។ ចំណែក​ក្រុម​កសិករ​ដាំ​បន្លែ​គំរូ ក្នុង​១​គ្រួសារ ទទួលបាន​សំណាញ់​សួន​បន្លែ ធុង​ស្រោច​ទឹក និង​ពូជ​បន្លែ​៤​មុខ រួមមាន​៖ ត្រ​គួ​ន សណ្តែក​គួ ម្ទេស និង​ត្រសក់​។​

​លោក ពឹង ទ្រី​ដា បានបញ្ជាក់​ទៀតថា បន្ថែម​លើសពីនេះ កសិករ​គំរូ​២១​គ្រួសារ ទទួលបាន​ថវិការ​លើកទឹកចិត្ត ក្នុង​មួយ​គ្រួសារ​៤០​ម៉ឺន​រៀល​ផងដែរ​។ ជាមួយគ្នានេះ លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បានធ្វើ​ការជំរុញ​ឲ្យ​កសិករ​យើង ត្រូវខិតខំ​ផលិត​ការដាំ​ដំណាំ ការចិញ្ចឹម​សត្វ ផ្គត់ផ្គង់​ទីផ្សារ​ឲ្យ​កាន់តែ​ទ្វេរ​ឡើង ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​៕​ ស.ស
​

កម្ពុជា​-​ថៃ ឯកភាពគ្នា​នាំ​ទំនិញ​មួយចំនួន​ចេញចូល​តាម​ច្រក​អានសេះ ឡើងវិញ​

​ព្រះវិហារ ៖ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩ អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ និង​អាជ្ញាធរ​ស្រុក​ណាំ​យឺន ខេត្ត​អ៊ូ​ប៊ុន ប្រទេស​ថៃ​ក្នុង​កិច្ចប្រជុំ​មួយ​បាន​ឯកភាពគ្នា​នៅ​ច្រក​អានសេះ ។​បន្ទាប់ពី​មានការ​ប្រតិកម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ភាគី​ថៃ បាន​បិទ​មិន​ឲ្យ​ទំនិញ​២៣​មុខ របស់​កម្ពុជា ចូលទៅ​លក់​ក្នុង​ផ្សារ​ថៃ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។​

​លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​តំណាង​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​និង​មានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​និង​សមត្ថកិច្ច​ពាក់​ពន្ធ​ជាច្រើនរូប​ទៀត​។ ចំណែក​ភាគី​ថៃ ដឹកនាំ​ដោយ​លោក វរសេនីយ៍​វិ​ឆី​ត​ម៉ាត់​កា​រុន​មេបញ្ជាការ​ទិស​ទី​១​និង​មានការ​ចូលរួម​ពី​លោក​ស៊ុម​ឆៃ​បូ​រណៈ​អភិបាលស្រុក​ណាំ​យឺន ព្រមទាំង​មន្ត្រី និង​កងកម្លាំង​ជាច្រើនរូប​ទៀត​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ​ភាគី​ថៃ​បានអនុញ្ញាត​ឲ្យ​អាជីវករ​ខ្មែរ​នាំ​មើម​ខ្ទឹមស​និង​ខ្ទឹមក្រហម​ចូលទៅ​លក់​ក្នុង​ផ្សារ​ថៃ​ក្នុង​ម្នាក់ៗ​៣​គីឡូក្រាម​, ផ្លែ​ល្ពៅ​អាច​យកទៅលក់​ក្នុង​ម្នាក់ៗ​១០​គីឡូក្រាម​។ ដោយឡែក ទំនិញ​ដែលមាន​តម្លៃ​ចាប់ពី​៥​ម៉ឺន​បាត​ត្រូវសុំ​ច្បាប់​គយ​ឲ្យ​បាន​ត្រឹមត្រូវ​។​

​លើសពីនេះ​ភាគី​ថៃ​បានអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​ជំងឺ​ត្រូវ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ថៃ​អាចធ្វើ​ការទំនាក់ទំនង​ជាមួយ​មន្ត្រី​ប្រចាំការ នៅ​មាត់ច្រក​។ គេ​អាច​ជូនទៅ​២៤​ម៉ោង រីឯ​អ្នក​ដែលមាន​លិខិត​ណាត់ជួប​ជាមួយ​ពេទ្យ ត្រូវដាក់​ឯកសារ​នៅ​មាត់ច្រក​ឲ្យ​បាន​មួយអាទិត្យ​មុន​។​ស្រប​ជាមួយនិង​ការកំណត់​ក្នុង​ការនាំ​ទំនិញ​ចូល​ប្រទេស​ថៃ​នោះ​ភាគី​កម្ពុជា​ក៏បាន​ធ្វើការ​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​អាច​នាំ​សត្វ​មាន់​រស់ក្នុង​ម្នាក់​១០​គីឡូក្រាម​ចូលមក​កម្ពុជា​និង​ផ្លែ​ដូង​ក្នុង​ម្នា​ក់មួយ​ធ្លាយ​ផងដែរ​។​

លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​បានឱ្យដឹងថា​ច្រក​អានសេះ​ជា​ច្រក​តំបន់​មួយ​ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​នៅជាប់​ព្រំដែន​ទាំងពីរ​អាចធ្វើ​ការដោះដូ​រ​ទំនិញ​គ្នា​ទៅវិញទៅមក​ដើម្បី​លើកស្ទួយ​ជីវភាព​គ្រួសារ​។​កន្លងមក​ភាគី​កម្ពុជា​តែងតែមាន​ការយោគយល់​ចំពោះ​ប្រជាពលរដ្ឋ​នៅជាប់​ព្រំដែន​ប្រទេស​ទាំងពីរ​ដោយ​មិន​យក​បញ្ហា​ច្បាប់​មក​អនុវត្តន៍​អ្វី​ឲ្យ​ហួសហេតុ​ទេ​។​ករណីនេះ​លោក​ក៏បាន​ស្នើ​ឲ្យ​ភាគី​ថៃ ត្រូវមាន​ការយោគយល់​ដែរ ទើប​ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​នេះ​មាន​ភាព​សុខដុម និង​គ្នា​។​

​ដោយឡែក​បងប្អូន​ជា​ជីវ​ករ​នៅ​ផ្សារ​អានសេះ​បាន​សំដែង​នូវ​ការសប្បាយរីករាយ​ចំពោះ​អាជ្ញាធរខេត្ត​ព្រះវិហារ​ក៏ដូចជា​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត​ដែល​បាន​ខិតខំ​រក​ដំណោះស្រាយ​ជូន​ពួកគាត់​៕
​

ស្តេច​ប្រដាល់ Pacquiao នឹង​ឡើង​សង្វៀន​ម្ដងទៀត​នៅ​ថ្ងៃទី​១៩ មករា នេះ​

​កីឡា ៖ កីឡាករ Manny Pacquiao ស្តេច​ប្រដាល់សកល​ហ្វីលីពីន វ័យ ៣៩​ឆ្នាំ នឹង​ឡើង​ប្រកួត​ការពារ​ខ្សែក្រវាត់​ទម្ងន់​មធ្យម WBA របស់ខ្លួន​ជាមួយ​កីឡាករ Adrien Broner នៅ​ទី​រដ្ឋ Las Vegas នា​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ ខាងមុខ​។​

​គួរ​បញ្ជាក់ថា Pacquiao ប្រកួត​ឈ្នះ​៦០ ចាញ់​៧ និង​ស្មើ ២ វាយ​គូប្រកួត​ឲ្យ​សន្លប់ ៣៩​លើក ខណៈ Broner អ្នក​ប្រដាល់​ជនជាតិ​អាមេរិក ប្រកួត​ឈ្នះ​៣៣ ចាញ់​៣ និង​ស្មើ​១ វាយ​គូប្រកួត​ឲ្យ​សន្លប់​ចំនួន ២៤​លើក​។​

Pacquiao បាន​និយាយថា​: “​ខ្ញុំ​បាន​ខកខាន​ការប្រកួត Las Vegas រយៈពេល​២​ឆ្នាំ​ហើយ​។ ការវិលត្រឡប់​មកកាន់​សង្វៀន MGM Grand Garden Arena របស់ខ្ញុំ​ដើម្បី​ការពារ​ខ្សែក្រវ៉ាត់ ពិភពលោក​របស់ខ្ញុំ​ពេល​តតាំង​ជាមួយ Adrien Broner ហើយ​វា​គឺជា វិធី​ដ៏​គួរឱ្យ​រំភើប​មួយ​សម្រាប់​ការវិលត្រឡប់​របស់ខ្ញុំ​៕
​

​គ្រោះថ្នាក់​ទៀតហើយ រថយន្ត​៥​គ្រឿង​បុក​បន្តកន្ទុយ​គ្នា នៅ​ផ្លូវ​ចំណោទ​លោកយាយ​ម៉ៅ​

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ចំនួន​៥​គ្រឿង បើក​បុក​បន្តកន្ទុយ​គ្នា បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​រងរបួស ក្នុងនោះ​របួសធ្ងន់​៤​នាក់ បន្ទាប់ពី​រថយន្ត​ធន់​ធំ​ដឹក​ឥដ្ឋ​បុក​ចុះ​ចំណោទ លឿន​ជ្រុល​បុក​រះ​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង ២​និង​១០​នាទី រសៀល ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩ នៅតាម​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១០៦-១០៧ ចំណុច​ស្ពាន​អូរ​គគីរ ស្ថិតក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាប់​ព្រំប្រទល់​ជាមួយ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ។​

​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​លើក​នេះ ផ្តើមចេញពី​រថយន្ត​ធុន​ធំ​ដឹក​ឥដ្ឋ​មួយគ្រឿង បើក​ចុះ​ចំណោទ លឿន​ជ្រុល​ទៅបុក​រះ​រថយន្ត​ផ្សេងទៀត​ជា​បន្តបន្ទាប់​ចំនួន​៥​គ្រឿង បណ្តាល​ឲ្យ​មនុស្ស ៥​នាក់​រងរបួស​។​

​នេះ​ជា​លើក​ទី​ពីរ​ហើយ នៅ​ក្នុ​សប្តាហ៍​ទីមួយ នៃ​ខែមករា ដើមឆ្នាំ​២០១៩ ខណៈដែល គ្រោះថ្នាក់​លើកទីមួយ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​៣ ខែមករា បណ្តាល​រថយន្ត​ចំនួន ១៧​គ្រឿង បុក​រះ​បន្ត​គ្នា​៕
​

ប៉ូលិស​សេដ្ឋកិច្ច​ខេត្តក្រចេះ ចាប់​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ​៣​គ្រឿង ប្រគល់ជូន​រដ្ឋបាល​ព្រៃឈើ​

​ខេត្តក្រចេះ​៖ ចាប់​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ​ចំនួន​៣​គ្រឿង ដែល​ប៉ុនប៉ង​ដឹកចេញទៅ​ប្រទេស​វៀតណាម ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តក្រចេះ ចាប់​ប្រគល់​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​ករណី​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​នេះ ធ្វើឡើង​នៅ​យប់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ ដោយ​រថយន្ដ​ចំនួន​២​គ្រឿង ឃាត់​នៅ​ចំណុច ឃុំ​បុស​លាវ និង​១​គ្រឿង​ទៀត ឃាត់​នៅ​ឃុំ​ដា ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត បាន​ឲ្យ​ដឹងថា រថយន្ដ​២​គ្រឿង​នគរបាល​សេដ្ឋកិច្ច​ជា​អ្នក​ឃាត់​ប្រគល់ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​១​គ្រឿង​ទៀត​នគរបាល​សេដ្ឋកិច្ច​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បង្ក្រាបបាន​។ រថយន្ដ​ទាំងនោះ ដឹក​ទ្វារ​បង្អួច ដឹកឈើ​កកោះ ឈើ​ធ្នង់​ជាច្រើន​សន្លឹក និង​១​គ្រឿង​ទៀត​ដឹកឈើ​ឈ្លីក​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​រូបនោះ​បន្ដទៀតថា បច្ចុប្បន្ន​រថយន្ដ​ទាំង​៣​គ្រឿង​នោះ ត្រូវបាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​នាំយកទៅ​រក្សាទុក​នៅ​ស្ថានីយ​បណ្ដុះ​កូនឈើ​ខ្សា ដើម្បី​ចាត់ការ​តាមច្បាប់​របស់​រដ្ឋបាល​ព្រៃឈើ​៕


​

ឈ្មួញ​រិះគន់​លោក សាំង ណន មេ​គយ​ចល័ត​ក្រុង​ប៉ោយប៉ែត យ៉ាង​ចាស់ដៃ​

​ប៉ោយប៉ែត ៖ លោក សាំង ណន កំពុង​រង​កា​រិះគន់ថា បាន​យក​តួនាទី​ជា​មេគ​មេ​គយ​ចល័ត​ឈរជើង​នៅ​ចំណុច​ផ្លូវ​៥០​ភូមិ​កូនដំរី​ស សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ​ ឃុ​ប​ឃិ​គ្នា​ជាមួយ​ក្រុម​ឈ្មួញ​ធំៗ ដោយ​មិន​ចាត់វិធានការ​បង្ក្រាប​នោះឡើយ ខណៈ ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​តាម​រថយន្ត​តូច ធំ ជា​ថ្នូរ​នឹង​ប្រាក់​សំណូក​។ នេះ​បើតាម​ការបញ្ជាក់ ពី​មន្ត្រី​ព្រំដែន​មួយរូប​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​។​

​ប្រភពព័ត៌មាន​នេះ បាន​ឲ្យ​ដឹងថា នៅពេល​ឈ្មួញ​តូចតាច​នាំចូល​ទំនិញគេចពន្ធ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​បន្តិចបន្តួច គឺ​ត្រូវ​លោក សាំង ណន ប្រើ​អំណាច​គាប​យកលុយ​យ៉ាង​ចាស់ដៃ​មិន​លើកលែង​ឡើយ​។​សួ​ម្បី​តែ​ក្រុម​ឈ្មួញ​ដឹក​ត្រី​ក្លាសេ​តាម​រថយន្ត​ពី​ប្រ​ទេ​ថៃ​ចូលមក​កម្ពុជា​យកទៅ​ធ្វើ​ម្ហូប​ឬ​ឲ្យ​ក្រពើរ​ស៊ី​ក៏​ក្រុម​គយ​ចល័ត​របស់លោក​សាំង​ណន​សក​ទាក់​ចាប់​បង់ប្រាក់​ដែរ បច្ចុប្បន្ន​លោក សាំង ណន កំពុង​ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​វិក្កយបត្រ ឬ​គល់បញ្ជី​សំរាប់​បញ្ជាក់​ពី​ចំណូល​ចូល​រដ្ឋ​នោះទេ​។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ទោះបីជា​ឈ្មួញ និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ដែល​បង់ពន្ធ​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុតពី​ត្រូវ​បង់ប្រាក់​ក្រោម​តុ ដែល​ក្រុម​លោក​គយ​ហៅថា លុយ​ថ្លៃ​បាយ​ថ្លៃ​ទឹក សម្រាប់​ទុក​ជូន​លោក សាំង ណន ដែរ បើ​មិន​ដូច្នេះ​ទេ គឺ​មិនអាច​ដឹក​ឆ្លង​កាត់មុខ​លោក​បាន​ដោយ​ងាយ​នោះឡើយ​។

​ព័ត៌មាន​ដែល​ទទួលបាន​ពី​ភ្នាក់ងារ​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ថ្នាក់លើ​កំពុង​ពិនិត្យ ករណី​លោក សាំង ណន ដែល​ល្បីល្បាញ​ថា កំពុង​បង្កើន​សកម្មភាព​គាប​យកលុយ​ពី​ឈ្មួញ​យ៉ាង​ចាស់ដៃ​តាម​រូបភាព​ផ្សេងៗ ហើយ​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ បើកដៃ​ឲ្យ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ពី​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​បញ្ជូន​ទៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ ដោយ​ពុំមាន​វិក្កយបត្រ ឬ​បិទ​តែម​កំណត់សំគាល់​ការបង់ពន្ធ​ជូន​រដ្ឋ​នោះឡើយ ហើយ​បើទោះជា​មានការ​បង់ពន្ធ ក៏​ទំហំ​ទឹកប្រាក់​មិន​ត្រឹមត្រូវ​តាម​ចំនួន​មុខទំនិញ​នោះដែរ គឺ​គេ​ហៅថា បន្លំ​តម្លៃ​ពន្ធ​តែម្តង​។​

​ប្រភព​នេះ​បន្ថែមថា ក្រុមមន្ត្រី​គយ​ក្រោម​ឱវាទ​របស់លោក សាំង ណន កំពុង​បង្កើន​ភាពអនាធិបតេយ្យ ខណ​:​ក្រុម​ឈ្មួញ​ដឹកទំនិញ​ឆ្លងកាត់​កុងត្រូល​ដោយ​ខកខាន​មិនបាន​ចូល​បង់ប្រាក់ គឺ​លោក សាំង ណន បាន​បញ្ជា​ឲ្យ​កូនចៅ​បើករថយន្ត​ប្រដេញ​ដូច​ដេញ​ចាប់ចោរ​ប្រសេចប្រសាច មិន​ថា​យប់ មិន​ថា​ថ្ងៃ​ទេ ធ្វើ​ប្រជាពលរដ្ឋ និង​ក្រុម​ឈ្មួញ រិះគន់​តិះដៀល​ពេញមាត់ៗ​ថា លោក​គយ សាំង ណន ដ៏​មហិមា សកម្ម​នឹង​ការងារ​ខ្លាំងណាស់ តែ​មិនមែន​យកលុយ​ចូល​រដ្ឋ​ទេ គឺ​ចូល​ហោប៉ៅ​។​

​ប្រភពព័ត៌មាន​បន្តថា ករណីខ្លះ លោក សាំង ណន បាន​បញ្ជា​ឲ្យ​កូនចៅ រាប់​ក្បាល​ឡានក្រុង​ដែល​ដឹក​ផ្លែឈើ​ចេញពី​ក្រុង​ប៉ោយប៉ែត ឆ្លងកាត់​ស្នាក់ការ​គយ​ចល័ត ក្នុង​មួយ​រថយន្ត​ត្រូវ​បង់​ចំនួន ២០​ម៉ឺន​រៀល​។ ចំណែក​រថយន្ត​ប្រភេទ សាំ​យ៉ុង ចំនួន​១០​ម៉ឺន​រៀល រីឯ​រថយន្ត​ម៉ាក​កាមរី ពីរ​៥​ម៉ឺន​រៀល ឡើងទៅ​។

​ប្រភព​ដដែល​បន្តថា បច្ចុប្បន្ននេះ នៅ​ក្រុង​ប៉ោយប៉ែត មាន​កុងត្រូល​តាម​ដងផ្លូវ​ជាតិ​ជាច្រើន​កន្លែង​មាន ដូចជា គយ​ចល័ត នគរបាល​សេដ្ឋកិច្ច​ខេត្ត និង​ថ្នាក់​ក្រសួង ដែល​លប​ដាក់​ក្នុង​ពេលយប់ ហើយ​បង្ខំ​ទារប្រាក់​ក្រៅច្បាប់​ពី​ក្បាល​ឡាន​ដឹកទំនិញ និង​ផ្លែឈើ​យ៉ាង​ចាស់ដៃ គ្មាន​ស្តាប់​ការ​អង្វរក​របស់​អាជីវក​រ​ឡើយ ហើយ​បើទោះបីជា បាន​បង់ពន្ធ​រួចហើយ​ក្តី ក៏​ចៀស​មិន​ផុត​លោក​គយ​តម្រូវ​ឲ្យ​បង់លុយ​ក្រោម​តុ ជា​ថ្លៃ​បាយ ថ្លៃ​ទឺ​ក​តែ សម្រាប់​ជូន​ក្រុម​គយ​លោក សាំង ណន ដែរ​។​

នៅ​រសៀល​ថ្ងៃទី​៥ ខែមករា នេះ មេគង្គ​ប៉ុស្តិ៍ មិនអាច​សុំ​ការពន្យល់​ពី​លោក សាំង ណន បានទេ ពាក់ព័ន្ធ​នឹង​ការរិះគន់​ខាងលើនេះ ។ យ៉ាងណាក៏ដោយ មេគង្គ​ប៉ុស្តិ៍ រង់ចាំ​ការឆ្លើយតប​ជា​វិជ្ជមាន​នៅ​រៀងរាល់​ម៉ោង​ធ្វើការ​៕
​

ប៉េអឹមចាប់​រថយន្ត​ដឹកឈើ​ពីរ​គ្រឿង និងមនុស្ស​៤​នាក់​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​មេព្រៃ​ក្រវ៉ា​ញ​

​ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​ចំនួន​០៤​នាក់ ព្រមទាំង​រថយន្ត​ចំនួន​២​គ្រឿង ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាន់ សុខឿន ស្នងការរង ស្នងការដ្ឋាន​បច្ចេក ទេស​សន្តិសុខ​កងរាជអាវុធហត្ថ ចុះបង្ក្រាប​បន្ទាប់ពី​រក​ឃើញថា ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​គ្មាន​លិខិតអនុញ្ញាត​។​

​សូម​ជំរាប​ដែរ​ថា ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៧ ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ​នៅ​ចំណុច​ភូមិ​ក្សេត្រ​បុរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍ សាត់​ដោយ​ឃាត់​បាន​រថយន្ត​ម៉ាក​រ៉េវ​ចំនួន​០២​គ្រឿង ដឹកឈើ​ប្រភេទ​(​រាជ​កុល​)​ចំនួន​១១​កំណាត់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​ផងដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ រួម​និង​និង​វត្ថុតាង ត្រូវបាន​ប្រគល់​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ភ្នំក្រវាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕
​

​ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​រំលោភ​សេ​ពស​ន្ថវៈ​លើ​ក្មេងស្រី​អាយុ​៧​ឆ្នាំ​នៅ​ស្រុក​ស្នួល​

ខេត្តក្រចេះ ៖ សមត្ថកិច្ច​ស្រុក​ស្នួល​បាន​ឃាត់ខ្លួន​បុរស​ល្មោភកាម​ម្នាក់​ពាក់ ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អាយុ​ទើបតែ​៧​ឆ្នាំ​នៅ​ចំណុច​ភូមិ​តា​ពុំ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ​កាលពី​ពី​ល្ងាច​ថ្ងៃទី​០៤​ខែមករា ឆ្នាំ​២០១៩​នេះ​។​

​សមត្ថកិច្ច​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​ញឹម​វណ្ណដា (​ហៅ​ញោម​)​ភេទ​ប្រុស​អាយុ ៥៦​ឆ្នាំ​រស់នៅ​ក្នុងភូមិ​តា​ពុំ ឃុំ​ស្វាយ​ជ្រះ​ស្រុក​ស្នួល​ខេត្តក្រចេះ​បានធ្វើ​សកម្មភាព​រំលោភ​កុមារី​រងគ្រោះ​ឈ្មោះ ខ ន អាយុ ៧ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​ជនសង្ស័យ​ខាងលើ​រហូត​បានសម្រេច ១​លើក ខ​ណះ​ពេលដែល​ក្មេងស្រី​រងគ្រោះ​ដើរទៅ​ងូតទឹក​ខាងក្រោយ​ផ្ទះ ហើយ​ត្រូវបាន​ជនសង្ស័យ​ខាងលើ​ធ្វើ​សកម្មភាព​រំលោភ​ទៅលើ​ក្មេងស្រី​រងគ្រោះ​រហូត​បាន​សម្រេច​តែម្តង​។​

​សមត្ថកិច្ច​រូប​នោះបាន​បន្តទៀតថា ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ពី​លោក​មេភូមិ​ភ្លាម កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​ជ្រះ​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​តែម្តង​។

​ក្រោយ​កម្លាំង​នគរបាល​បាន​សាកសួរ​ជនសង្ស័យ​រួច​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​រំលោភ​សេពសន្ថវៈ​ទៅលើ​ក្មេងស្រី​រងគ្រោះ​នោះ​ប្រាកដ​មែន​។​

​ក្រោយពី​កេ​ី​ត​ហេតុ ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ឪពុកម្ដាយ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល​ភ្លាមៗ ។​

​បច្ចុប្បន្ននេះ​បុរស​ល្មោភកាម​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ប៉ុ​ស្ត​៌​នរគ​បាល​ឃុំ​ស្វាយ​ជ្រះ​ដេ​ី​ម្បី​កសាង​សំណុំរឿង​ទៅ​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ដ​៕
​

តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួន​ថៅកែ​ហាង​កែ​សម្ផស្ស «​ឌែ​ម៉ូ​គ្លីនិក​» និង​គ្រូពេទ្យ​វះកាត់​ម្នាក់

​ភ្នំពេញ ៖ អ្នកស្រី ហូ​វ ដា​ណេ ថៅកែ​ហាង​កែ​សម្ផស្ស «​ឌែ​ម៉ូ​គ្លីនិក​» និង​ស្ត្រី​ម្នាក់ទៀត ដែលជា​គ្រូពេទ្យ​ផ្នែក​​វះកាត់​កែសម្ភស្ស ​ប្រចាំ​គ្លីនិក​ដែលមាន​ទីតាំង​ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវបាន​ចៅក្រម​ស៊ើបសួរសាលាដំបូង​រាជធានី ភ្នំពេញ លោក ម៉ុង មុនី​សោភា ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​អ្នក​ទាំង​២ ដាក់ពន្ធនាគារ​ជា​បណ្តោះ អាសន្ន នា​រសៀល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩ ​នេះ​។  នេះ​បើតាម​បញ្ជាក់​ឲ្យ​ដឹង​ពី លោក តាំង ស៊ុន​ឡាយ ប្រធាន​សាលា ដំបូង​រាជធានី​ភ្នំពេញ ។

​បើតាម​មន្ដ្រីជាន់ខ្ពស់​ប្រចាំ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ថៅកែ​ហាង​កែ​សម្ផស្ស «​ឌែ​ម៉ូ​គ្លីនិក​» និង​គ្រូពេទ្យ​ខាងលើនេះ ត្រូវ​បញ្ជូនទៅ​ពន្ធនាគារ PJ នា​រសៀល​ថ្ងៃទី​៥ ខែមករា ឆ្នាំ ២០១៩ នេះ​តែម្ដង​។​
​សូមជម្រាបថា ស្ត្រី​ថៅកែ​ហាង​កែ​សម្ផស្ស​«​ឌែ​ម៉ូ​គ្លីនិក​»​អ្នកស្រី ហូ​វ ដា​ណេ និង​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ ពៅ ស៊ី​ណាត ដែលជា​គ្រូពេទ្យ​ផ្នែក​វះកាត់​ប្រដាប់ភេទ ប្រចាំ​គ្លីនិក នៅ​រសៀល​ថ្ងៃទី​៤ ខែមករា ឆ្នាំ ២០១៩ ត្រូវ បាន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សឿន មុនី​រ័ត្ន សម្រេច ចោទប្រកាន់​ពីបទ «​គំរាមកំហែង​ហែកកេរ្តិ៍ បទ​កំហែង​យក និង​បទ​ប៉ះពាល់​សិទ្ធិ​ខាង​រូបភាព នៃ បុគ្គល​» រួច​បញ្ជូន សំណុំ​រឿងនេះ ទៅ​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​បើតាម​របាយការណ៍ បាន​ឲ្យ​ដឹងថា ថៅកែ​ហាង​កែ​សម្ផស្ស «​ឌែ​ម៉ូ​គ្លីនិក​» ឈ្មោះ ហូ​វ ដា​ណេ ជា ស្ត្រី​មេម៉ាយ​កូន​២ ទើបតែ​ចូល​រោងការ​ជាថ្មី ជាមួយ​សេដ្ឋី​ថៃ វ័យក្មេង​ម្នាក់​ឈ្មោះ Thammarat Thurathong នៅក្នុង​វីឡា​ដ៍​ស្កឹមស្កៃ​មួយ ស្ថិតនៅក្នុង​បុរី វិមាន​ភ្នំពេញ កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨​។

​គួររំលឹកថា កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​រសៀល​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៩ បាន ចុះ​ឃាត់ខ្លួន​កូនប្រសារ​សេដ្ឋី​ថៃ ម្ចាស់​ហាង​កែ​សម្ផស្ស «​ឌែ​ម៉ូ​គ្លីនិក​» ដែល​ទើប​រៀបការ​បាន​ពីរ​ថ្ងៃ ពោល​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ក្រោយ​មាន​បណ្ដឹង​រឿង​ជំរិត​ទារប្រាក់​ពី​អតិថិជន ដែល​បាន ចូលទៅ​ទទួល​សេវា​កែ​សម្ផស្ស​។ ការដាក់​ពាក្យបណ្ដឹង​នេះ​បន្ទាប់ពី​ជនរងគ្រោះ បាន​ចូលទៅ​កែ សម្ផស្ស​នៅក្នុង​គ្លីនិក​ខាងលើ ហើយ​ត្រូវបាន​ម្ចាស់​គ្លីនិក​រៀបចំ​បង្កប់​កាមេរ៉ា ថត​សកម្មភាព​កែ សម្ផស្ស ដែល​ក្នុងនោះ​រួមមាន ទាំង​ការកែរ​កេរ​ភេទ​ផងដែរ​៕

អាជ្ញាធរ ណែនាំ​ឲ្យ​ពង្វាង​ចរាចរណ៍​ក្នុង​ទិវា​បុណ្យ​៧​មករា ជុំវិញ​ពហុ​កីលដ្ឋាន​អូឡាំពិក​

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ បាន​សេចក្ដី​សេចក្ដី​ជូន ដំណឹង ស្ដីពី​ការបញ្ចៀស​ចរាចរណ៍​ក្នុងអំឡុងពេល​ប្រារព្ធ បុណ្យខួប​លើក​ទី​៤០ នៃ​ទិវា​ជ័យជម្នះ ៧​មករា ឆ្នាំ​២០១៩ ស្ថិតនៅ​តំបន់​ជុំវិញ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩​។​

​សេចក្ដីជូនដំណឹង​ដដែល​ឲ្យ​ដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការបញ្ចៀស​ចរាច​រណ៍ ជុំវិញ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ចាប់ពី​ម៉ោង ៦​ព្រឹក រហូតដល់​កម្មវិធី​នៃ​ទិវា​នេះ ត្រូវបាន​បញ្ចប់​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​ទាំងអស់ យោគយល់​អធ្យាស្រ័យ និង​ចូលរួម​អនុវត្តតាម​ការជូនដំណឹង​ខាងលើ ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព ពិសេស​បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាចរណ៍​។​

​សូមជម្រាបថា បុណ្យខួប​លើក​ទី​៤០ នៃ​ទិវា​ជ័យជម្នះ​៧​មករា ឆ្នាំ​២០១៩ នឹងមាន​អ្នកចូលរួម​ប្រមាណ ៤​ម៉ឺន​នាក់ មកពី​អ្នកពាក់ព័ន្ធ​គ្រប់​ស្ថាប័ន និង​ប្រជាពលរដ្ឋ​គ្រប់ទិសទី​៕

រដ្ឋមន្ត្រីក្រសួង​ដែនដី ជំរុញ​ការគ្រប់គ្រង​ប្រព័ន្ធ​សម្រោះ​ទឹកស្អុយ​

​ភ្នំពេញ ៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ចាប់ផ្តើម​គ្រប់គ្រង​សំណង់​ទាំងអស់​ឲ្យ​មាន​ប្រព័ន្ធ​ចម្រោះ​ទឹកស្អុយ ហើយ​ណែនាំ​ឲ្យ​មន្ត្រីក្រោមឱវាទ មុននឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​សាងសង់ ត្រូវ​ភ្ជាប់​ជាមួយ​ឯកសារ​សំខាន់​១ គឺ​ប្លង់​គំរូ​ប្រព័ន្ធ​លូ​សម្រាប់ធ្វើ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ជាមុនសិន ទើប​ក្រសួង​អនុញ្ញាត​ចេញ​ច្បាប់​សាងសង់​។

ការធ្វើ​ដូច្នេះ គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​ទឹក​កខ្វក់ ហូរ​ចូល​ដោយផ្ទាល់​ទៅក្នុង​ទន្លេ ស្ទឹង បឹងបួរ និង​សមុទ្រ នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ នឹង​ភ្ញៀវទេសចរ​ដែល​បាន​ទៅ​ងូតទឹក​លេង​កម្សាន្ត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី​៣ មករា ឆ្នាំ​២០១៩​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​អះអាងថា ប្រសិនបើ​ប្រធាន​មន្ទីរ ឬ​មន្ត្រីក្រោមឱវាទ​រូប​ណា ហ៊ាន​ចុះហត្ថលេខា​ដោយ​ពុំបាន​សិក្សា​ពី​បច្ចេកទេស​នៃ​ប្រព័ន្ធ​ចម្រោះ​ទឹកស្អុយ​នេះ នឹងត្រូវ​ប្រឈម​ការទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​៕

រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ហាម​មិន​ឲ្យ​យក​រថយន្ត​ស្លាក​លេខ​រដ្ឋ​ចូល​ក្លឹប​កម្សាន្ត​

​ភ្នំពេញ ៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​ក្រសួង មិនត្រូវ​ប្រើប្រាស់​ទោចក្រយានយន្ត និង​យានយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​របស់​ក្រសួង ក្រៅពី​ម៉ោង​ដែល​ខ្លួន​បំពេញការងារ​ឡើយ ជាពិសេស​កន្លែង​សប្បាយ​គ្រប់​ប្រភេទ រួមមាន​ក្លឹប​កម្សាន្ត កន្លែង​ខារ៉ាអូខេ និង​កន្លែង​ម៉ាស្សា​ជាដើម​។

​ក្នុង​សេចក្តីណែនាំ​មួយ​ចុះហត្ថលេខា​ដោយ​លោក អ៊ុក រ៉ាប៊ុន កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨
​បាន​ឲ្យ​ដឹងថា មិនត្រូវ​អនុញ្ញាតឱ្យ​អ្នកដទៃ​ប្រើប្រាស់​ទោចក្រយានយន្ត និង​យានយន្ត ដែលមាន​ស្លាក​លេខ​រដ្ឋ ក្នុង​គោលបំណង​ផ្សេង​ដែល​មិន​ពាក់ព័ន្ធ​ទៅនឹង​ការបំពេញភារកិច្ច​រប​ស់​ខ្លួន​ឡើយ​៕