All posts by មេគង្គ ប៉ុស្តិ៍

បាញ់រះ​សម្លាប់់​មន្ត្រី​៣​រូប បន្ទាប់ពី​មានការ​បង្ក្រាប​ឈើ​ល្មើសច្បាប់​នៅ​ស្រុក​អូររាំង​

​មណ្ឌលគិរី ៖ នៅ​ចន្លោះ​ម៉ោង​ប្រហែល​៤-៥​ល្ងាច ថ្ងៃទី​៣០ មករា ២០១៨ មាន​ករណី​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​បានកើត​ឡើង​បណ្ដាល​ឲ្យ មនុស្ស​៣​នាក់​បាន​ស្លាប់ មាន​មន្ត្រី​កងរាជអាវុធហត្ថ​១​នាក់ មន្ត្រី​បរិស្ថាន​១​នាក់ និង​មន្ត្រី​អង្គការ​១​នាក់ ហើយ​ការផ្ទុះ​នេះ​គេ​នៅ​មិនទាន់​ដឹងថា នរណា​ជា​ជនល្មើស​នោះទេ ព្រោះ​ខ្មាន់កាំភ្លើង​លប​បាញ់​ពីក្រោយ ។

ហេតុការណ៍ នេះ គឺ​បាន​កើតឡើង​នៅ​ចំណុច​ចម្ងាយ​ប្រមាណ​២៥​គីឡូម៉ែត្រ​ពី​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​អូ​ររ​លែ តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ស្ថិតក្នុង​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ។​

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិ​សា្ថ​ន​ខេត្តមណ្ឌលគិរី បាន​ថ្លែង​នៅ​យប់​ថ្ងៃទី​៣០ មករា នេះ ថា មុន​ឈានដល់​មាន ការផ្ទុះអាវុធ​ធ្វើ​ឲ្យ​មន្ត្រី​របស់លោក​បាន​ស្លាប់ គឺ​ក្រុមមន្ត្រី​ជំនាញ​របស់លោក​បាន​ល្បាត​ព្រៃ និង​ឈានដល់​ការបង្ក្រាប បទល្មើស​ព្រៃឈើ​១​ករណី ឃាត់ខ្លួន​បាន​មនុស្ស​មួយចំនួន និង​វត្ថុតាង​ម៉ូតូ​ដឹកឈើ រួម​និង​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ នៅក្បែរ​ចំណុចកើតហេតុ ។ ក្រោយពេល​បង្ក្រាប​រួចរាល់ មនុស្ស​ទាំងនោះ​គឺ​មន្ត្រី​ជំនាញ​បានប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​នៅ ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​អូ​ររ​លែ ដែល​មន្ត្រី​មូលដ្ឋាន​ជា​អ្នក​បន្ត​នីតិវីធី ហើយ​មន្ត្រី​ជំនាញ​របស់លោក​រឹបអូស យកតែ​វត្ថុតាង​ម៉ូតូ រួម​និង​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ប៉ុណ្ណោះ​។​ប៉ុន្តែ​ក្នុងពេល​ក្រុមមន្ត្រី​ជំនាញ​ត្រលប់​មកវិញ​ពី​ចំណុច​បង្ក្រាប បាន​ប្រហែល​តែ​២​គីឡូម៉ែត្រ ក៏មាន​ស្នូរ​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​មកពី​ក្រោយ​សំដៅ​មក​ក្រុមមន្ត្រី​ល្បាត បណ្ដាល​ឲ្យ​មាន​អ្នក ស្លាប់​យ៉ាង​អាណោចអាធ័ម​តែម្ដង និង​ពុំបាន​ដឹងថា នរណា​ជា​ជនល្មើស​នោះទេ ។​

ជនរងគ្រោះ​ទាំង​៣​នាក់​រួមមាន​៖ ទី​១៖ ឈ្មោះ សេក វ​ឌ្ឍ​នា ជា​មន្ត្រី​អាវុធហត្ថ​ផ្ទៃ​ប្រទេស (​ស្លាប់​), ទី​២៖ ឈ្មោះ តើន សុខ​ណៃ ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន (​ស្លាប់​) និង​ទី​៣៖ បុគ្គលិក​របស់​អង្គការក្រៅរដ្ឋាភិបាល ជា​អ្នក​នាំ​ផ្លូវ ឈ្មោះ ថុល ខ្នា បាន​ស្លាប់​ពេល​បញ្ជូនមក​មន្ទីរពេទ្យ ។​

អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ាង បាន​ថ្លែងថា ជុំវិញ​ករណីនេះ​លោក​បាន និង​កំពុង​បញ្ជា​ឲ្យ​កម្លាំង​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជនល្មើស​ជាបន្ទាន់​ហើយ ដើម្បី​ឱ្យដឹងពី​មូលហេតុ​ពិត និង​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់​៕

​

ឃើញ​ប្តីបង្ហោះ​រូបភ្ជាប់​ពាក្យជាមួយ​ស្រី​ថ្មី លាយថ្នាំ​ពុលក្នុង​បាយ​ហូបធ្វើអត្តឃាត​បីនាក់​ម៉ែកូន​

​ខេត្តកំពត ៖ ខណៈ​ការ​លះលែង​នៅ​មិនទាន់​ដាច់ស្រេច ហើយ​ឃើញ​ប្ដី​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ពី​ពិធី​ភ្ជាប់ពាក្យ​ជាមួយ​ស្រី​ថ្មី ក៏​យក​ថ្នាំបុរាណ​លាយ​ជាមួយ​បាយ​ហូប​បំណង​ធ្វើអត្តឃាត​ជាមួយ​កូនប្រុស​២​នាក់ តែ​ស្លាប់​តែ​កូន​ពីរ​នាក់ ចំណែក​ស្ត្រី​ជា​ម្តាយ​មិន​ស្លាប់​។​ហេតុការណ៍​គួរអោយ​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩៖៣០​នាទី​ព្រឹក​ថ្ងៃទី​៥០ ខែមករា នៅផ្ទះ​សំណាក់​សុខ​មនោរ​ម្យ ក្នុងភូមិ​ត្រពាំង​ខ្វា ឃុំ​ភ្នំ​កុង ស្រុក​អង្គ​ជ័យ ខេត្តកំពត​។​

​បើ​យោងតាម​ការ​អោយដឹងពី​នគរបាល​ខេត្ត បាន​ប្រាប់​អោយដឹងថា ស្ត្រី​ដែល​ប៉ង​ធ្វើអត្តឃាត​ដោយ​លាយថ្នាំ​ដាក់​ជាមួយ​បាយ​អោយ​កូន​ស៊ី​រួមជាមួយ​ខ្លួន​តែ​ពុល​ស្លាប់​កូន​ពីរ​នាក់​បងប្អូន​នេះ​ឈ្មោះ ប៉ាក់ សុ​ហេង អាយុ​២៧​ឆ្នាំ​នៅ​ភូមិ​សិង្ហ ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ និង​កូនប្រុស​២​នាក់​ដែល​បាន​ស្លាប់​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​លេខ​២១៦​នោះ​ម្នាក់​ឈ្មោះ ហ៊ា​ល សុវណ្ណ អាយុ​៨​ឆ្នាំ និង​កូនប្រុស​ម្នាក់ទៀត​ឈ្មោះ ហ៊ា​ល ក្ដាន់ អាយុ​៣​ឆ្នាំ​។​
​នគរបាល​ខេត្ត​បាន​ប្រាប់ថា ស្ត្រី​ជា​ម្ដាយ​មិន​ស្លាប់​ទេ​ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តតាកែវ ហើយ​សព​កូន​ទាំងពីរ​នាក់​នោះ​ត្រូវបាន​គេ​ដឹក​ទៅធ្វើ​បុណ្យ​នៅ​ស្រុក​ទ្រាំង​។​

​នគរបាល​និយាយថា ស្ត្រី​ដាច់ចិត្ត​លាយថ្នាំ​ជាមួយ​បាយ​បណ្ដាលអោយ​ពុល​ស្លាប់​កូន​នេះ​បាន​ជិះ​ម៉ូតូឌុប​កូនប្រុស​២​នាក់មក​ស្នាក់នៅ​ផ្ទះសំណាក់​សុខ​មនោ​រម្យ នេះ​រយៈពេល​២​ថ្ងៃ​ហើយ ព្រោះ​គេ​ជា​អ្នកលក់​ថ្នាំ​បូរាណ​។​

​តា​មកា​អះអាង​ពី​នគរបាល​និយាយថា ម្ដាយ​ឪពុក​ក្មេងប្រុស​២​នាក់​នេះ​បាន​លែងលះគ្នា​ជិត​១​ឆ្នាំ​ហើយ តែ​មិនទាន់​ដាច់​ស្រ​ច​ទេ លុះ​ពេល​ឃើញ​បុរស​ជា​ប្ដី​ភ្ជាប់ពាក្យ​ជាមួយ​ស្រី​ផ្សេង ហើយ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ទើប​មាន​រឿងរ៉ាវ​គួរអោយ​អាណោចអាធ័ម​នេះ​កើតមាន​។​
​លោក គង់ កុសល អនុប្រធាន​កា​រិ​ល័យ​នគរបាល​បច្ចេកទេស​ខេត្ត បាន​ចុះមក​ពិនិត្យ​បន្ទប់​កើតហេតុ​និយាយថា កូនប្រុស​២​នាក់​នេះ​ស្លាប់​ដោយ​ម្ដាយ​របស់គេ​លាយថ្នាំ​ពូ​ល​ជាមួយ​បាយ​អោយ​កូន​ស៊ី​។​នាយរង​នគរបាល​រូបនេះ​និយាយថា មាន​ថ្នាំបុរាណ​ជាច្រើន​ប្រភេទ​ត្រូវបាន​ស្ត្រី​រូបនោះ​ជិះ​ម៉ូតូ​ដើរ​លក់ ហើយ​យក​ថ្នាំ​មួយ​ប្រភេទ​មក​លាយ​ជាមួយ​បាយ​អោយ​កូន​ស៊ី​ពុល តែ​លោ​កថា ថ្នាំ​នោះ​ក៍​មិនទាន់​ដឹង​ជា​ថ្នាំ​អ្វី​ដែរ ។​ស្ត្រី​មាន​ចេតនា​សម្លាប់​កូន​មិនទាន់​ដឹងថា ខឹង​ពី​រឿង​អ្វី​អោយ​ច្បាស់លាស់​នោះទេ ព្រោះ​ស្ត្រី​មានគំនិត​គិត​ខ្លី​នេះ​កំពុង​សម្រាក​ព្យាបាល​។​

ទោះបីជា​បែបណា​ម្ចាស់ផ្ទះ​សំណាក់ រួមទាំង​សមត្ថកិច្ច​ហាក់ដូចជា​មានការ​លាក់​បាំង​ព័ត៌មាន​មិនអោយ​បែកធ្លាយ ពី​ករណីនេះ​៕


​

អាជីវករ​ជាង​៤០​នាក់​ប្តឹង​ម្ចាស់​តូប​២​កន្លែង​ដែល​សង់​លយ​លើផ្លូវ​ផ្សារ​កំពង់អំពិល ស្រុក​ពារាំង

​ព្រៃវែង ៖ តូប​លក់ដូរ​អីវ៉ាន់​ចាប់​ហ៊ួ​យ​របស់​អាជីវករ​នៅក្នុង​ផ្សារ​កំពង់អំពិល ស្ថិត​ក្នុងភូមិ​កំពង់អំពិល ឃុំ​កំពង់អំពិល​ស្រុក​ពា​រាង ខេត្តព្រៃវែង ដែល​បាន​សាងសង់​លយ​ចូលមក​ប៉ះពាល់​លើផ្លូវ​សាធារណៈ​ត្រូវបាន​អាជ្ញាធរ​ស្រុក​តម្រូវ​ឲ្យ​រុះ​រើចេញ បន្ទាប់ពី​មាន​អាជីវករ​ក្នុង​ផ្សារ​ប្រមាណ​ជាង​៤០​នាក់​បាននាំគ្នា​ផ្តិតមេដៃ​លើ​ពាក្យបណ្ដឹង​មក​សាលាស្រុក​កាលពី​ពាក់កណ្ដាល​ខែមករា ឆ្នាំ​២០១៨ នេះ​។​

អាជ្ញាធរ​បានបញ្ជាក់​ថា ក្នុង​បណ្ដឹង​នោះ​គឺ​ក្រុមអាជីវករ​ប្រមាណ​ជាង​៤០​នាក់​បានស្នើ​សុំ​ឲ្យ​លោក​អភិបាលស្រុក​ជួយ​បើកផ្លូវ​ចាស់​ឡើងវិញ ក្រោយពី​មាន​អាជីវករ​២​នាក់​ទី​១​ឈ្មោះ ថាច ភេទ​ប្រុស អាយុ​ប្រហែល​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ ដែល​បាន​សង់​ពង្រីក​តូប​រំលោភ​ចូលមក​លើដី​ចំណីផ្លូវ​សាធារណៈ​ឈាង​ខាងកើត​ផ្សារ​បិទ​ជិត​ផ្លូវ​តែម្តង​.​និង​ទី​២​ឈ្មោះ ចែ​.​ពួយ ក៍បាន​សាងសង់​ពង្រីក​តូប​លយ​ចូលមក​លើផ្លូវ​ឈាង​ខាងលិច​ជិត​ដែរ​។​

​តាម​ពាក្យបណ្តឹង​បញ្ជាក់ថា ផ្លូវ​នេះ​គឺជា​ផ្លូវ​សាធារណៈ​កើតមាន​តាំងពី​ដូនតា​ម្ល៉េះ​ដែលមាន​ទំហំ​ទទឹង​ប្រហែល​ជាង​១​ម៉ែត្រ​សម្រាប់​ប្រជា​ពលរ​ដ្ធ ឬ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ធ្វើដំណើរ​ដោយ​ថ្មើរជើង ឬ​កង់​ម៉ូតូ​ទៅមក​ចូល​ផ្សា​រទិញ​ម្ហូបអាហារ​ទំនិញ​អីវ៉ាន់​ផ្សេងៗ​ប្រចាំថ្ងៃ​។​តែ​ត្រូវបាន​អាជីវក​រទាំង​២​នាក់​នោះ​គាត់​សង់​របង​ជញ្ជាំង​ដែក និង​ថ្ម​បិទ​ជិត​ផ្លូវ​រយៈពេល​២​ទៅ​៣​ឆ្នាំ ហើយ​បង្ក​ការលំបាក​ដល់​អ្នកធ្វើដំណើ​រ​គ្មាន​ផ្លូវ​ដើរ​ដែល​ត្រូវ​វាង​ដើរទៅ​តាមផ្លូវ​វាង​ផ្សេង​គឺ​វា​ឆ្ងាយ​។​ព្រោះតែ​បែបនេះ​ទើប​ពលរដ្ឋ និង​អាជីវករ​ប្រមាណ​ជាង​៤០​នាក់ នាំគ្នា​ប្រតិកម្ម​ផ្ដិតមេដៃ​ប្ដឹង​មក​សាលាស្រុក​ពារាំង សូម​ឲ្យ​អាជ្ញាធរ​ជួយ​រក​យុត្តិធម៌​បើកផ្លូវ​នេះ​ឡើងវិញ ព្រោះ​កន្លងមក

មុនពេល​ដាក់ពាក្យ​ប្តឹង​ពួកគាត់​ក៍​ធ្លាប់បាន​ប្រាប់​ទៅ​ឈ្មោះ​ថាច ថា​កុំ​ឲ្យ​ធ្វើ​តូប​ពង្រីក​បិទផ្លូវ​អញ្ចឹង តែ​លោក ថាច នេះ​មិន​ព្រមស្ដាប់​ឡើយ​គឺ​នៅតែ​បន្តធ្វើ​។​ដោយ​លើក​ហេតុផល​ថា បើ​នៅមាន​ផ្លូវ​គេ​ដើរ​តាម​នឹង​ខ្លាច​បាត់​របស់របរ​ទំនិញ​របស់ខ្លួន​។​ដោយឡែក​ចែ ពួយ ក៍បាន​ប្រាប់​ពលរដ្ឋ​ថា បើ​លោក ថាច​ព្រម​កាត់​រនាំង​ដែក​ចេញ​គាត់​ក៏​ព្រម​រុះរើ​តាម​ដែរ​។​

ឆ្លើយតប​នឹង​បញ្ហា​នេះ លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង បាន​ប្រាប់​តាម​ទូរ​ស័​ទ្ទ​ថា ចំពោះ​រឿងនេះ​លោក​បាន​ចាត់​ឲ្យ​លោក​មេឃុំ​កំពង់​ពពិល និង​ក្រុម​ព្រឹក្សា​ចាត់ចែង​ចុះទៅ​ពន្យល់​ណែនាំ​ឲ្យ​អាជីវក​រទាំង​២​នាក់​នោះ​រុះរើ​រនាំង​ដែក​និង​សំណង់​រឹង​ចេញ​តាម​សំណើ​របស់​ពលរដ្ឋ និង​អាជីវករ​ក្នុង​ផ្សា​រហើយ​។​ប៉ុន្តែ​ភាគី​អ្នក​បិទផ្លូវ​ខាងលើ​សុំ​លើក​ពេល​ដល់​ថ្ងៃទី​៣១​ខែមករា ឆ្នាំ​២០១៨ ថ្ងៃនេះ​។ លោក​បន្តថា​ប្រសិនជា​ដល់​ថ្ងៃ​កំណត់​ហើយ​បែរជា​មិន​ព្រម​កាត់​នោះ​យើង​នឹងមាន​វិធានការ​បន្តទៀត ព្រោះនេះ​ជា​ផ្លូវ​សាធារណៈ​សម្រាប់​ធ្វើដំណើ​រ​មិនអាច​ឲ្យ​បុគ្គល​ណា​ម្នាក់​មក​សាងសង់​រំលោភបំពាន​ធ្វើ​ប្រយោជន៍​បុគ្គល​បានឡើយ​។ ចំណែក​លោក អ៊ុច សយ មេឃុំ​កំពង់អំពិល បាន​ប្រាប់​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​ដែរ​ថា លោក​បាន​ចុះទៅ​ណែនាំ​ឲ្យ​គាត់​កាត់​រំកិល​ថយ​ដើម្បី​បើកផ្លូវ​ឲ្យ​ពលរ​ដ្ធ​ដើរ​ដូចដើម​វិញ​៕
​

ផ្ទុះ​ការតវ៉ា​រឿង​ថៅកែ​មិន​បើក​ប្រាក់ខែ​ឱ្យ​កម្មករសំណង់​ជិត​៤០០​នាក់​

​ព្រះសីហនុ ៖ កម្មករសំណង់​៨០​នាក់​តំណាង​កម្មករ​ជិត​៤០០​នាក់​របស់​ក្រុមហ៊ុន​អេ​ម៉ា​រី​អូ (EMARIO) ខេត្ត​ព្រះសីហនុ ផ្ទះ​ការតវ៉ា​ខណៈពេល​ថៅកែ​មិន​បើកប្រាក់​ខែ​អោយ​ពួកគាត់​ចំនួន​៣​ខែ​។​

​កម្មករសំណង់ របស់​ក្រុមហ៊ុន​អេ​ម៉ា​រី​អូ (EMARIO) ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​៣០ ខែមករា ឆ្នាំ​២០១៨​នេំះ បាននាំគ្នា​តវ៉ា​លើក​បដា ទាមទារ​បើកប្រាក់​ការងារ ៣​ខែ ដែល​ថៅកែ មិន​ព្រម​បើក​ជូន​ចំនួន ៣​ខែ​កន្លងមក​។​

​ការដ្ឋាន​នេះ​មាន​ទីតាំង ស្ថិតនៅ​ក្រុម​៣០ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែលមាន​៨០​នាក់ ដំណាងអោយ កម្មករ​ប្រហែល ៤០០​នាក់​។​

​ក្រុមកម្មករ ទាំងនោះ បាន​សំណូមពរ​ដល់ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង លោក យ៉ូ​វ ខេមរា ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​ព្រះសីហនុ ជាពិសេស សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច ប៊ុនរ៉ានី​ជួយ​អន្តរា​គម​ន៌​បើក​ប្រាក់ខែ ដែល​កម្មករសំណង់​ជិត ៤០០​នាក់ ត្រូវ​ថៅកែ​ក្រុមហ៊ុន​អេ​ម៉ា​រី​អូ មិនទាន់​បើក​ជូន​ចំនួន ៣​ខែ​កន្លងទៅ​។​
​
ក្រុមកម្មករ អោយដឹងថា គិត​មកដល់​ម៉ោង ១០​ព្រឹក ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨​នេះ ឃើញ​មាន​វត្តមាន លោក យ៉ូ​វ ខេមរា ប្រធាន​មន្ទីរ​ការងារ ខេត្ត​ព្រះសីហនុ បាន​ចុះ​មកជួប​ក្រុមកម្មករ​សំណង់ ដើម្បី​រក​ដំណោះស្រាយ​៕
​

ស្ពាន​ឆ្លងទន្លេ​មេគង្គ​ពី​ស្រុក​ក្រូចឆ្មារ ទៅ​ស្រុក​ស្ទឹងត្រង់ ដំណើរការ​សាងសង់​

ភ្នំពេញ ៖ ស្ពាន​ថ្មី​មួយ​បានចាប់ផ្តើមដំណើរការសាងសង់ ដែល​ត​ភ្ជាប់​ពី​ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្ពោះទៅកាន់ស្រុកក្រូចឆ្មារ ​ខេត្ត​ត្បូងឃ្មុំ ដោយ​ឆ្លងកាត់​ទន្លេមេគង្គ​។ នេះ​បើ​យោងតាម​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​។

សូមបញ្ជាក់ថា ស្ពាន​នេះ​មាន​ប្រវែងសរុប​៥​គីឡូម៉ែត្រ ដែល​តួ​ស្ពាន​ប្រវែង ១.១៣១​ម៉ែត្រ ទទឹង​១៣,៥​ម៉ែត្រ និង​ផ្លូវ​ត​ភ្ជាប់ ប្រវែង​៣.៨៦៩​​ម៉ែត្រ ដែលសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន នឹង​អញ្ជើញបើក​ការសាងសង់​ជាផ្លូវការ នៅថ្ងៃទី៩ កម្ភៈ ​ខាងមុខនេះ​។​

​គួររំលឹកថា នេះ​ជា​ស្ពាន​ទី​២​ហើយ បន្ទាប់ពី​ស្ពាន​គី​ហ្ស៊ុ​ណា ដែល​ឆ្លងកាត់​ទន្លេមេគង្គ ត​ភ្ជាប់​ខេត្ត​ត្បូងឃ្មុំ​-​កំពង់ចាម ដើម្បី​សម្រួលការ​ធ្វើដំណើរ របស់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​ទាំង​២ ក៏ដូចជា បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដែល​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​ទាំង​២​នេះ ដោយ​ពីមុន​ត្រូវ​ឆ្លង​ដោយសា​ឡង់ ប៉ុន្តែ​នាពេល​ខ្លី​ខាងមុខនេះ បងប្អូន​អ្នកដំណើរ​ទាំងអស់ នឹង​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ ទៅមក​ចំណេញ​ទាំង​ថវិកា ពេលវេលា ក៏ដូចជា​សុវត្ថិភាព​។​

​នៅពេល​សាងសង់រួច ការ​ឆ្លងទន្លេ​ទៅមក​ស្រុក​ទាំង​២ នៃ​ខេត្ត​ទាំង​២ ពិសេស​ឆ្លង​ពី​កំពង់ចាម​ទៅ​ត្បូងឃ្មុំ និងបន្តដំណើរ​ទៅកាន់​ខេត្តក្រចេះ ស្ទឹងត្រែង កាន់តែ​ងាយស្រួល និង​រហ័ស​ជាង​មុន ដែល​នេះ​ស្ថិតក្រោម​ការគិតគូរ និង​យកចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ ត្រួសត្រាយ​ប្រទេស​ពី​បាត​ដៃទទេ រហូត​សម្រេចបាន​នូវ​សមិទ្ធផល​ជា​បន្តបន្ទាប់ ជាពិសេស​វិស័យ​សាធារណៈការ និង​ដឹកជញ្ជូន​នេះ ដែល​សម្តេច​តែង​គិតគូរ យកចិត្តទុកដាក់​ដោយ​លើកឡើងថា «​មាន​ផ្លូវ មាន​ស្ពាន គឺមាន​ក្តីសង្ឃឹម​»៕
​

​

ប្រតិភូ​រដ្ឋសភា​កម្ពុជា​នឹងធ្វើ​ទស្សនកិច្ច​៣​ថ្ងៃ នៅ​ព្រះរាជាណាចក្រ​ថៃ​

​ភ្នំពេញ ៖ តប​តាម​ការអញ្ជើញ​របស់ លោក​សាស្ត្រាចារ្យ ផន​ពេជ្រ វិ​ចិត​ឆុ​ល​ឆ័យ ប្រធានសភា​នីតិប្បញ្ញត្តិ នៃ​ព្រះរាជាណាចក្រ​ថៃ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​ព្រះរាជាណាចក្រ​ថៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​។​

សេចក្តីជូនដំណឹង​នេះ​បានអោយដឹងថា នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង មិត្តភាព​នេះ គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ចូលជួប​សម្តែង​ការ គួរសម​ជាមួយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ នៃ​ព្រះរាជាណាចក្រ​ថៃ ដែល​រួមមាន ចូលជួប​សម្តែង​ការគួរសម​ជាមួយ លោក​សាស្ត្រាចារ្យ ផន​ពេជ្រ វិ​ចិត​ឆុ​ល​ឆ័យ ប្រធានសភា​នីតិប្បញ្ញត្តិ នៃ​ព្រះរាជាណាចក្រ​ថៃ​,​ចូលជួប​សម្តែង​ការ គួរសម​ជាមួយ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា ចក្រ​ថៃ​ផងដែរ ហើយ​ក្រៅពីនេះ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា នឹង​អញ្ជើញ​ដាក់​កម្រង ផ្កា​ថ្វាយព្រះប​រម​រូប ស្តេច​រ៉ា​ម៉ា​ទី​៧ និង​អញ្ជើញ​ទស្សនា​ព្រះបរមរាជវាំង និង​ព្រះវិហារ​ព្រះ​កែវ មរកត​ផងដែរ​៕
​

បុរស​ម្នាក់​ត្រូវបាន​រន្ទះបាញ់​ស្លាប់​នៅលើ​ទូក ខណ​:​ចេញទៅ​នេសាទ​សមុទ្រ​

​កោះកុង ៖ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង ១២.២០ ថ្ងៃត្រង់ ថ្ងៃទី ២៩-០១-២០១៨ ។

​ករណី​រន្ទះបាញ់​នេះ​បណ្តាល មនុស្ស​ស្លាប់ នៅលើ​ទូក នៅ​ចំណុច​ព្រែក​ពយ​ពេ​ច ស្ថិតក្នុង​ភូមិ​កំពង់​ស្តាំ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល​។

​ជនរងគ្រោះ​ឈ្មោះ សិង្ហ ហឿន ភេទ​ប្រុស​អាយុ ៤៩​ឆ្នាំ មុខរបរ នេសាទ និង​ជា​អនុប្រធាន​ប្រជា​ការពារ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ត្រូវបាន​រន្ទះបាញ់​ស្លាប់ នៅលើ​ទូក ខណៈពេល​បើកទូក ទៅលើ​កលប​ក្តាម ជាមួយ​កូន​ចំនួន​ពីរ​នាក់ ពេល​មេឃ​កំពុង​ភ្លៀង​៕
​

នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើ​សារ​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​

​ភ្នំពេញ ៖ ខ្វះ​តែ​១​ថ្ងៃ​ទៀត​ដាច់​ខែមករា ហើយ​ចូលឆ្នាំ​ចិន​ក៏​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ បន្ទាប់ពី​ចូលឆ្នាំ​សកល​កន្លងទៅនេះ​។ ពិតណាស់ កម្ពុជា​យើង​ចូលឆ្នាំ​៣​ដង​ក្នុង​១​ឆ្នាំ ទាំង​សកល​, ឆ្នាំ​ចិន និង​ឆ្នាំ​ខ្មែរ​។ ពីមុន​យើង​មិនសូវ​ឃើញ​មាន​បងប្អូន​សែន​ចិន​ច្រើន​ទេ ប៉ុន្តែ​សព្វថ្ងៃនេះ​គឺមាន​កាន់តែ​ច្រើនឡើងៗ​។ ប្រទេសជាតិ​មាន​សុខសន្តិភាព គឺ​ពលរដ្ឋ​មាន​សិទ្ឋិ​សេរីភាព​ពេញលេញ​ក្នុងការ​ជ្រើសរើស​ជំនឿ​សាសនា ក៏ដូចជា​ការអបអរ​ប្រារព្វ​បុណ្យទាន​ទៅតាម​ប្រពៃណី​ទំនៀមទម្លាប់​ពី​ដូនតា​ដោយ​គ្មាន​ការបង្ខិតបង្ខំ​អ្វី​ឡើយ​។​

​ខ្ញុំ​សូម​ជូន​រូបថត​អនុស្សាវរីយ៍​មួយ​សន្លឹក​ថត​ក្នុង​ទសវត្ស​ឆ្នាំ ១៩៩១ ដែល​ពេលនោះ​ខ្ញុំ​និង​ភរិយា​បាន​ទៅ​ទស្សនកិច្ច​នៅ​មហាកំពែង​ប្រទេស​ចិន ក្នុងពេល​ដឹកនាំ​គណប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់ (Supreme National Council-SNC) មុននឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១​។

​សន្តិភាព​ដែល​យើង​បាន​ខិតខំ​រកបាន​ដោយ​លំបាក​បំផុត គឺ​យើង​ត្រូវ​រួមគ្នា​ថែរក្សា​អោយបាន​គង់វង្ស​ទាំងអស់គ្នា​។ ការចូលរួមចំណែករ​បស់​ជនរួមជាតិ គឺ​បានធ្វើអោយ​ប្រទេសជាតិ​យើង​មាន​មាន​សេចក្តីសុខ និង​កាន់តែ​រីកចម្រើន​មកទល់​សព្វថ្ងៃ​។​

​សូម​ជូនពរ​ជនរួមជាតិ​មាន​សុខ​សុភមង្គល​ក្នុង​ក្រុមគ្រួសារ សំណាងល្អ និង​មាន​សុខ​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​ជិត​ឆ្ងាយ​ទាំង​ក្នុង និង​ក្រៅប្រទេស​កុំបី​ខាន​៕
​

ខ្លោងទ្វារ​ប្រាសាទ​កំពូល​៣​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​រើចេញ​ពី​ទីតាំង​ចាស់​ទៅ​ទីតាំង​ថ្មី​

​ប៉ោយប៉ែត ៖ ប្រាសាទ​កំពូល​បី និង​ត្រូវយក​ចេញពី​ទីតាំង​ចាស់​ដែល​នៅ​ចំណុច​ជិត​គល់ស្ពាន​ច្រកទ្វារព្រំដែន​អន្តជាតិ​ប៉ោយប៉ែត ដែល​ឈម​និង​ផ្សារ​រោង​ក្លឿ​ប្រទេស​ថៃ នឹង​មក​ទីតាំង​ថ្មី​ត្រង់ចំណុចរ​ង្វ​ង​មូល​ច្រកទ្វារ​ព្រម​ដែន​អន្តជាតិ មាន​ចំងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ​ពី​ទីតាំង​ចាស់់​។​

នេះ​តាម​ការ​មាន​ប្រសា​ស​ន៏​លោក​សាន ស៊ានហូ​អភិបាលក្រុង​ប៉ោយប៉ែត​កាលពី​រសៀល​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៨​ក្នុង​ពិធី​បើកសម្ពោធ​បុក​គ្រិះ​ផ្ទះល្វែង​ល្អ​ប្រណីត​សុខា​រ៉េ​ស៊ី​ដិ​ន​ក្រោម អធិបតី​ឧ​ត្ត​ម​សេនី​យ៏​ឯក តែម ម៉ឺន ប្រធាន​សហ​ព​ន្ធ័​កីឡាប្រដាល់​គុណ​ខ្មែរ​និង​មន្ត្រី​ក្រោម​ឧ​វាទ​ជាច្រើន​នាក់​ឋិត​ក្នុងភូមិ​គីឡូ​ត៏​ម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

ក្នុងនោះ​លោក​មាន​ប្រសា​ស​ន៏​ថា ផ្ទះល្វែង​សុខា​រ៉េ​ស៊ី​ដិ​ន​គី​ជា​ផ្ទះល្វែង​មួយ​ដែលមាន​ភាពរហាសរហួន​ក្នុងកា​អភិវឌ្ឍ​ដើម្បី​ឧ្យ​ក្រុង​ប៉ោយប៉ែត​រីកចំរើន​បន្ថែ​ម​ក្រៅពី​បណ្ដា​ក្រុមហ៊ុន​ដទៃទៀត​។ ទាំងអស់នេះ​ដោយសារតែ​មានកា​យកចិត្ត​ទុកដាក់​របស់​រាជរ​ដ្ឋ​ភិ​បាល​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ក​សន្តិភាព​ជូន​ពលរដ្ឋ ហើយ​បើ​ប្រទេស​គ្មាន​សុខសន្តិភាព​ទេ​ក៏​គ្មាន​ការអភិវឌ្ឍ​ដែរ​។​ប្រទេស​យើង​ប​ច្ច​ប្បន​កំពុងតែ​អភិវឌ្ឍ​និង​មាន​បណ្ដា​ក្រុមហ៊ុន​ជាច្រើន​កំពុងតែ​បណ្ដាក់ទុន​ជាពិសេស​ក្រុមហ៊ុន​ជប៉ុន​/​ក្រុមហ៊ុន​ចិន​/​ក្រុមហ៊ុន​ថៃ​រួម​វិស័យ​ជាច្រើន​ដែល​គេ​មក​បណ្ដាក​ទុក​រកស៊ី​ក្នុងប្រទេស​កម្ពុ​ជា​ក៏ដូចជា​ក្រុង​ប៉ោយប៉ែត​ជាដើម​។​

​លោក​បញ្ជាក់​បន្ថែមថា ក្នុងនោះ​លោក​បានស្នើ​ទៅ​ក្រសួង​សាធារណៈការ​រួចហើយ​ពាក់​ពន្ធ​ដាក់​ទ្រូងផ្លូវ​/​ដាក់​ភ្លើងស្តុប​/​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ​/​ដាក់​កាំ​មេ​រ៉ា​សុ​វត្តិភាព​ដើម្បី​កាត់បន្ថយ​និង​បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរណ៍​ហើយក៏​បាន​ឯកភាព​និង​រៀបចំ​ស្រី​ឌី​នៅតាម​ផ្លូវជាតិ​លេខ​៥​ពីរ​ង្វ​ង​មូល​ផងដែរ​។​លោក​នឹង​ខិតខំ​បន្ថែមទៀត​ដែល​នៅ​សេសសល់​ដូចជា​បញ្ហា​អនាម័យ​បរិស្ថាន​ហើយ​លោក​ក៏បាន​ដាក់​ចេញទៅ​ឧ្យ​ក្រុមហ៊ុន​អនាម័យ​ធ្វើយ៉ាងណា​ឧ្យ​ស្អាត​ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ​ហាក់បីដូច​មិន​ដំណើរការ​ទៅមុខ​តែ​លោក​បាន​ទាក់ទង​ក្រុមហ៊ុន​មួយទៀត​ដែល​ក្រុមហ៊ុន​នៅ​ប្រទេស​ថៃ​ហើយក៏​ក្រុមហ៊ុន​មួយ​នេះ​ចុះមក​សឹ​ក្សា​ទីតាំង​រួមទាំង​ទីលាន​ចាក់សំរាម​ហើយ​យើង​បានធ្វើ​សិក្ខាសាលា​រួមគ្នា​ជា ក្រុមហ៊ុន​មួយ​នេះ​គេ​បាន​យក​អនាម័យ​ជា​សំរាម​នេះ​បំ​លែង ជា​អ​គីស​នី​ក្រុម​នេះ​មួយ​នេះ​ក៏មាន​រថយន្ត​ច្រើន​ដើម្បី​ដឹកជញ្ជូន​សំរាម ធ្វើយ៉ាងណា​ដើម្បី​ឧ្យ​បាន​លឿន​និង​ល្អ តែ​នៅក្នុង​ស​ប្ដា​ហ៏​ក្រោយ​លោក​និង​ជម្រុញ​ឧ្យ​កាន់តែ​លឿន​និង​ប្រសិទ្ធ​ភាពល្អ​ជូន​ពលរដ្ឋ បើសិន​តែ​សំរាម​នេះ ធ្វើ​មិនបាន​អ្វីដែល​កំណត់​នោះទេ​លោក​នឹង​ចុះ​ចេញពី​តំណែង​អភិបាលក្រុង​ហើយ​លោក​នឹង​ដេញ​ក្រុមហ៊ុន​ចាស់​ចោល លោក​ដាក់​ក្រុមហ៊ុន​ថ្មី​ជំនួស​វិញ ។​លោក​បញ្ជាក់បន្ថែម ថ្មីៗ​នេះ ដោយសារតែ​ប្រទេស​យើង​ជាប់​និង​ប្រទេស​ថៃ​រាជរដ្ឋាភិបាល​បានរៀបចំ​ធ្វើ​ប៉ុ​ស្ដ៏​ច្រកទ្វា​ព្រំដែន​អន្តជាតិ​ថ្មី​ដែលមាន​រចនាបទ​ខ្មែរ​ល្អ​ប្រណិត​។​

​ចំពោះ​ប្រសាទ​កំពូល​បី​ដែល​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ក៏ដូចជា​ភ្ញៀវ​ជាតិ​អន្តជាតិ​តែងតែ​គោរព​លោក​ត្រូវ​ជួល​វិស្វករ​ចំណួន​៣​តែ​វិស្វករ​ចំនួន​២​មិន​ហ៊ាន​យក​ប្រសាទ​ឡើយ​។​
​ដោយ​បារមី​របស់​ប្រសាទ​មក​គំរាមកំហែង​មិន​ឧ្យ​យក​ចេញពី​ទីតាំង​ចាស់​ផ្លាស់​ទីតាំង​ថ្មី ទោះយ៉ាងណា​មាន​វិស្វករ​មួយទៀត​បាន​ឡើង​ទៅលើ​និង​ខួង​ដែក​ពិនិត្យ​គុណភាព​តែ​វិស្វករ​ក៏ត្រូវ​បារមី​ប្រាសាទ​គំរាម​មិន​ឧ្យ​យក​ដែរ ដោយសារ​តែមាន​ភាព​អន្វ​រក​របស់​ជម្នាញ​ក៏​បារមី​ព្រម​ឧ្យ​យក​ពី​ទីតាំង​ចាស់​មកពី​តាំង​ថ្មី​ខាងលើ ក្នុងនោះ​ប្រាសាទ​កំពូល​បី​ត្រូវ​កាត់​ស្ទួ​ច​នៅពេល​ខាងមុខ​យកមក​ដាក​ទីតាំងរ​ង្វ​ង​មូល​ទុក​គោរព​ជាទី​ស្ក​កា​រៈ និង​ត្រូវ​ចំណាយ​អស់​ទឹកប្រាក់​ជាង​៣០​ម៉ី​ន​ដុល្លា​ដើម្បី​រៀបចំ​កែលំអរ ចរ​នា​របៀប​ប្រាសាទបន្ទាយស្រី​បន្ថែម​ហើយ​និង​ដាំ​ដើមត្នោត​ធ្វើ​ឧ្យ​ភ្ញៀវទេសចរ​ន៏​ធ្វើដំណើរ​ចូលមក​កម្ពុជា​នៅ​ច្រកទ្វារព្រំដែន​មាន​ប្រាសាទអង្គរវត្ត​៕
​

សិស្ស​កម្ពុជា​-​ចិន រួមគ្នា​គូរគំនូរ​មនោសញ្ចេតនា​រវាង​ប្រទេស​ទាំងពីរ​

​ព្រះសីហនុ ៖ នៅ​សាលាខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៨ ក្រសួង​អប់រំ​យុវជន និង​កីឡា បានរៀបចំ​សម្ពោធ បើក​កម្ម​វិធីចែក​រង្វាន់​គូ​គំនូរ មនោសញ្ចេតនា​ចិន កម្ពុជា​។

សិស្ស​ចិន និង​សិស្ស​កម្ពុជា ចាប់ដៃ​ជាមួយគ្នា​ក្រោម​ប្រធានបទ “​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ ” ក្រោម​អធិបតីភាព​លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុង រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា លោក ឈិន សេង​ងួន អភិបាលរង​ខេត្ត​ព្រះសីហនុ និង​លោក Xu Yixuan Executive President of China Charity federation ។

តាម​របាយការណ៍​ការ​ជ្រើសរើស​ផ្ទាំងគំនូរ​ក្រោម​ប្រធានបទ “​ការស្រមើស្រមៃ​នៃ​ប្រទេស​កម្ពុជា ចិន ផ្ដោតលើ​មិត្ត​ល្អ ” នៅតាម​សាលាបឋមសិក្សា​ក្នុង​ខេត្ត​ព្រះសីហនុ ចំនួន​២០ ទាំង​សាលា​រដ្ឋ និង​ឯកជន មាន​សិស្ស​សរុប ១,០០០​នាក់​។

ហើយ​នៅ​ថ្ងៃទី​២៧ ខែមករា ២០១៨ គណៈកម្មការ​បាន​វាយតម្លៃ​កំណត់​លក្ខណៈវិនិច្ឆ័យ​លើ​ខ្លឹមសារ​ក្នុងនោះ អត្ថន័យ ៥០​ពិន្ទុ បច្ចេកទេស ៣០​ពិន្ទុ ការសម្អាត​រូបភាព ២០​ពិន្ទុ តាម​ដំណាក់កាល​នីមួយៗ​ចាប់ពី​ដំណាក់កាល​ទី​១ រហូតដល់​ដំណាក់កាល​ទី​៤ នៃ​ការបញ្ចប់​យើង​ជ្រើសរើស​បាន​ជ័យលាភី​លេខ​១ ដល់​លេខ​៣ និង​ផ្ទាំងគំនូរ​រង្វាន់​លួង​ចិត្ត​ចំនួន ៨៤ ផ្ទាំង​ទៀត ។

លោក ឈិន សេង​ងួន អភិបាលរង​ខេត្ដ​ព្រះសីហនុ​បាន​មានប្រសាសន៍​ស្វាគមន៍​ថា វិស័យ​អប់រំ​បាន​ឆ្លុះបញ្ចាំង ស្របតាម​កំណែទម្រង់​វិស័យ​អប់រំ​មាន​ទិសដៅ​លើកកម្ពស់​តម្លៃ​គ្រូបង្រៀន លើក កម្ពស់​គុណភាព​អប់រំ ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ស្របតាម​តម្រូវការ​ទីផ្សារ​ក្នុង​សមាហរណកម្ម​កម្ពុជា ក្នុង​សមាគម​អាស៊ាន និង​ពិភពលោក ។ វិស័យ​អប់រំ​មានការ​រីកចម្រើន​ទាំង​បរិមាណ និង​គុណភាព នេះ​ជា​មោទនភាព អាស្រ័យ​ដោយ​ប្រទេសជាតិ​មាន​សុខសន្តិភាព ។​

​ដូច្នេះ​សូម​លោកគ្រូ អ្នកគ្រូ បំពេញ​តួនាទី​ស្របតាម​មនសិការ​វិជ្ជាជីវៈ ផ្ទេរ​ចំណេះដឹង​ដល់​ក្មួយៗ​សិស្សានុសិស្ស ឲ្យ​មាន​សមត្ថភាព​ទាំង​ចំណេះដឹង​ចំណេះធ្វើ​ប្រកបដោយ​គុណភាព សមត្ថភាព ទេពកោសល្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​និង​សហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​ក្របខណ្ឌ ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ ដើម្បី​កម្ពុជា​ទាញយក​ប្រយោជន៍​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន ។​

លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុង រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា មានប្រសាសន៍​សម្ភោ​ធ​ចែក​រង្វាន់​ជ័យលាភី​គូរគំនូ កម្មវិធី​មនោសញ្ចេតនា​ចិន កម្ពុជា សិស្ស​ចិន និង​សិស្ស​កម្ពុជា ចាប់ដៃ​ជាមួយគ្នា​ក្រោម​ប្រធានបទ​” ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ ការតភ្ជាប់​ដួងចិត្ត​ប្រជាជន ” ដែល​ក្រសួង​យុវជន​អប់រំ និង​កីឡា​បាន​សហការ​ជាមួយ​ភាគី​ចិន និង​សប្បុរសធម៌​ចិន​បាន​ឧបត្ថម្ភ​គាំទ្រ​ឲ្យ​មាន​កម្មវិធី​នេះ​ឡើង លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ចូលរួម​អបអរសាទរ​ក្មួយៗ​ជ័យលាភី ពិសេស​គណៈ​គ្រប់គ្រង​សាលា​លោកគ្រូ អ្នកគ្រូ មាតាបិតា និង​អាណាព្យាបាល​សិស្ស​ទទួល​ជ័យលាភី​ពី លេខ​១ ដល់​លេខ​៣ ជាការ​ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​២០១៤ -២០១៨ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បង្កើត​សកម្មភាព​អប់រំ​ផ្នែក​សិល្បៈ គឺ​មានន័យ​ចូលរួម​លើកកម្ពស់​គុណភាព​អប់រំ​របស់​សិស្សានុសិស្ស​នៅ​កម្រិត​បឋមសិក្សា​តាម រយៈ​ការបណ្ដុះបណ្ដាល​ឲ្យ​មានគំនិត​ស្រមើស្រមៃ​របស់​ពួកគេ ក្នុងការ​គូរ​រូបភាព​ពាក់ព័ន្ធ​នឹង​ចំណងមិត្តភាព រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ចិន ដើម្បី​ពង្រឹង​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និង​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​រវាង​កុមារ​កម្ពុជា និង​កុមារ ចិន ដែល​កុមារ​ទាំងនេះ​អាចមាន​សក្កា​នុព​ល​ក្នុងការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​ទាំងពីរ​នា​ថ្ងៃក្រោយ តាម​តួនាទី និង​ប្រភេទ​ការងារ​ផ្សេងៗ​។​

​ក្រៅពី​ពង្រឹង​ចំណងមិត្តភាព និង​មានការ​ស្វែងយល់​ពី​វប្បធម៌ និង​ការអប់រំ​ផងដែរ ។
​កត្តា​នេះ​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ឱកាស​មួយ​សម្រាប់​ចូលរួម​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​២០១៥ -២០២៥ ។

​សូម​ស្វាគមន៍​ភាគី​ចិន កំពុង​រៀបចំ​ឲ្យ​មាន​ទស្សនៈកិច្ច​សិក្សា​ក្នុងពេល​ខាងមុខនេះ សម្រាប់​អ្នកទទួលបាន​ជ័យលាភី​លេខ​១ ដល់​លេខ​៣ ក្នុង​កម្មវិធី​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ ២០១៧​កន្លងមក ទស្សនកិច្ច​សិក្សា​នឹង​ផ្ដល់​ជា​ទស្សនទាន​ដល់​សិស្សានុសិស្ស​ក្នុងការ​ស្វែងយល់​ពីគ្នារ​វាង​កម្ពុជា ចិន ដើម្បី​ជា​ទុន​អភិវឌ្ឍ​សមត្ថភាព​បុគ្គល​និង​ចូលរួម​កសាង​ប្រទេសជាតិ​តាម​លទ្ធភាព​ជាក់ស្ដែង ។

​ក្នុងឱកាស​នោះ​លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុង ក៏បាន​ចែក​រង្វាន់​ជ័យលាភី​គំនូរ​ចំណាត់ថ្នាក់​លេខ​១ ចំនួន​១​នាក់ ទទួលបាន​ពានរង្វាន់​១ លិខិតបញ្ជាក់​១ កេះ​ដាក់​សម្ភា​រះ​១ និង​ទឹកប្រាក់ ១.២០០.០០០​រៀល ។​

ចំណាត់ថ្នាក់​លេខ​២ ចំនួន ៥​នាក់ ម្នាក់ៗ​ទទួលបាន​ពានរង្វាន់​១ លិខិតបញ្ជាក់​១ កេះ​ដាក់​សម្ភារៈ​១ និង​ទឹកប្រាក់ ៦០០.០០០​រៀល ។ និង​ចំណាត់ថ្នាក់​លេខ​៣ ចំនួន ១០​នាក់ ក្នុង​ម្នាក់​ទទួលបាន​ពានរង្វាន់​១ លិខិតបញ្ជាក់​១ កេះ​ដាក់​សម្ភារៈ​១ និង​ថវិកា ៣០០.០០០​រៀល ដោយឡែក​សិស្សានុសិស្ស ៨៤​នាក់ ទទួលបាន​រង្វាន់​លួង​ចិត្ត មាន​លិខិតបញ្ជាក់​១ កេះ​ដាក់​សម្ភារៈ​១ និង​ថវិកា ៦០.០០០​រៀល​ផងដែរ​៕
​

អាជ្ញាធរខេត្ត​ព្រះសីហនុ​ដឹកនាំការ​ដាំ​កូនឈើ​ដែលជា​អំណោយ​ព្រះមហា ក្សត្រ​

​ព្រះសីហនុ​៖ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រីរាជការ​ទាំង​ស្ថាប័ន​ស៊ីវិល ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នៅតាម​សាលា​មួយចំនួន ធ្វើ​ពិធី​ដាំ​កូនឈើ​ប្រណីត នៅក្នុង​បរិវេណ​សាលាខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃ ទី​២៩ ខែមករា ឆ្នាំ​២០១៨​។​

​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ពិធី​ដាំ​កូនឈើ​នាឱកាស​នេះ គឺជា​ព្រះ​រាជអំណោយ របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទាន​ជូន រដ្ឋបាលខេត្ត ដើម្បី​ដាំ​ជា​និមិត្តរូប នៃ​ការ​បំផុស​ចលនា ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ចូលរួម​ដាំ​ដើមឈើ ឲ្យ​បាន​ទាំងអស់គ្នា​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​ទន្ទឹមគ្នា​បាន​ចលនា​ឲ្យ មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​ក្រុមយុវជន ចូលរួម​ដាំ​កូនឈើ ផ្តើម​ដោយ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​ពេលនេះ គេ​សង្កេតឃើញថា ដី​គម្រប​ព្រៃឈើ​បៃតង​ឆ្នាំ​២០០២ ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បម្រុង​ទុក​និង​បាន​ដាក់ជូន​ឲ្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ ថែរ​រក្សា​កន្លងមក បច្ចុប្បន្ននេះ ត្រូវបាន​កាប់បំផ្លាញ​រាន​ដី​ធ្វើ​កម្មសិទ្ធិឯកជន​ស្ទើរ​ទាំងស្រុង​អស់​ទៅហើយ​។​

​ជាក់ស្តែង​បរិវេណ​ដី​គម្រប​ព្រៃឈើ​បៃតង មាន​ទីតាំងនៅ​តំបន់​ពយ​ម៉ា​ចូ​វ ស្ថិតក្នុង​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង និង​ឃុំ​មួយចំនួនទៀត នៃ​ស្រុក​ព្រៃនប់ ត្រូវបាន​គេ​ឃុបឃិត​គ្នា​កាប់បំផ្លាញ​ទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​ស្ទើរ​ទាំងស្រុង​ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយនេះ​។​
​ស្រដៀង​គ្នា​នេះដែរ ព្រៃឈើ​ធម្មជាតិ ដែលមាន​ដើម​ធំៗ​ដុះ​
​ប់​ទន្ទ្រាន​ព្រៃឈើ​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ ឯកជន នា​ខេត្ត​ព្រះសីហនុ មាន​លក្ខណៈ​ជា​ប្រព័ន្ធ គឺមាន​ទាំង​មន្ត្រី​ជា​ថ្នាក់ដឹកនាំ​នៅតាម​ស្ថាប័ន​ជំនាញ កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​ខ្លះ កំពុង​បំរើកា​រងារ​នៅក្នុង​រដ្ឋបាលខេត្ត​ព្រះសីហនុ ពិសេស​មន្ត្រី​មាន​ឋាន់​ខ្ពស់​នៅតាម​ក្រសួង និង​ស្ថាប័នរដ្ឋ​កំពូលៗ​មួយចំនួន ក៏មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ឬ​ភាពអនាធិបតេយ្យ នៃ​ការបំផ្លាញ​ព្រៃឈើ ដែល​មាននៅ​សេសសល់ នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​នេះដែរ​៕

​

បទល្មើស​នេសាទ​កំពុង​រាតត្បាត​បំផ្លាញ​តំបន់​អភិរក្ស​ឡូត៍​លេខ​២ ក្នុងស្រុក​ឯក​ភ្នំ​

​បាត់ដំបង ៖ បទល្មើស​នេសាទ​បាន និង​កំពុង​កើតឡើង​យ៉ាង​គគ្រឹក​គ​គ្រែង​នៅ​តំបន់​អភិរក្ស​ឡូត៍​លេខ​២ ដោយ​បំផ្លិចបំផ្លាញ​ធនធាន​មច្ជ​ជាតិ​យ៉ាងធ្ងន់ធ្ងរ​នៅ​រដូវ​ទឹក​ស្រក​ខណៈ​មេ​ពូជ​ត្រី​កម្រ​មួយចំនួន​បានមក​ប្រមូលផ្ដុំ​ក្នុង​តប​ន់ទី​ទំនាប​ដែល​នៅមាន​ទឹក​។

​តាម​ប្រភព​ច្បាស​ការណ៍​មួយ​បានអោយដឹងថា​បទល្មើស​នេសាទ​(​បរ​ណ​រ៉ាវ​)​កំពុង​កើត​យ៉ាង​ពេញបន្ទុក​នៅ​តប​ន់​អភិរក្ស​ឡូត៍​លេខ​២ ដែលជា​ឡូត៍​នេសាទ​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ផ្ទៃដី​ប្រមាណ​៥​ម៉ឺន​៣​ពាន់​ហិកតា ស្ថិតនៅក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​ដោយ​មិនមាន​ការបង្ក្រាប​អោយបាន​ស៊ី​ជំរៅ​ដើម្បី​រក្សាបាន​នូវ​ធនធាន​មច្ជ​ជាតិ​នៅ​ទឿ​យ​ទេ ដោយ​គ្រាន់តែ​ការចុះទៅ​បង្ក្រាប​របស់​មន្ដ្រី​ជំនាញ​រដ្ន​បាល​ជុល​ផល នឹង​អាជ្ញាធរខេត្ត​បាត់ដំបង​មួយរយៈ​ពេលកន្លងមក​នោះ ដោយ​គ្រាន់តែ​ជា​សំដែង​ល្ខោន​ដើម្បី​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​តែប៉ុណ្ណោះ​ធាតុពិត​ការបង្ក្រាប​បទល្មើស​នេសាទ​ទាំងនោះ​គ្រាន់​លើ​ស្នា​កម្លា​ក្អែក​។​

​ប្រភព​ខាងលើ​បាន​បន្ដទៀតថា សព្វថ្ងៃនេះ​ក្នុង​រដូវ​ទឺ​ក​ស្រក​នេះ​ជា​រដូវ​មេ​ពូជ​ត្រី​មក​ប្រមូលផ្ដុំ​នៅ​តំបន់​អភិរក្ស​នៅ​ចំនុច​ខាងលើនេះ​បទល្មើស​នេសាទ​(​បរ​ណ​រ៉ាវ​)​កំពុង​វាយលុក​ទីតាំង​តំបន់​ត្រី​ពង​កូន​រាប់សិប​កន្លែង​ដោយ​មួយកន្លែងៗ​ដាក់ពង្រាយ​ដី​រាប់គីឡូម៉ែត្រ ដើម្បី​ស្ទាក់​ចាប់យក​ធនធាន​មច្ជ​ជាតិ​យ៉ាងធ្ងន់ធ្ងរ​បន្ទាប់ពី​មាន​គ្រប់​ស្ថាប័ន​ជំនាញ​មិន​ខ្វះ​២០​អង្គភាព​ឈរជើង​នៅក្នុង​ឃុំ​កោះ​ជី​វាំង​នោះ បាន​ប្រព្រឹត្ត​អំពើរ​ពុករលួយ​លាក់បាំង​បទល្មើស មិនមាន​ការបង្ក្រាប​រួចមក​ធនធាន​មច្ជ​ជាតិ​ជា​មេ​ពូជ​ត្រី​រាប់សិប​តោន​ក្នុង​មួយថ្ងៃ​ត្រូវ​ប្រមូល​ដឹកចេញទៅ​រក​ទីផ្សារ​នៅ​ខេត្តសៀមរាប បាន​យ៉ាង​ត្រជាក់ចិត្ត​មិន​កោតញញើត នឹង​ច្បាប់​អ្វី​បន្តិច​សោះ​។​

​ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា នៅ​រដូវ​ទឺ​ក​ស្រក​នេះ​ក្រៅពី​បទល្មើស​នេសាទ​(​បរ​ណ​រ៉ាវ​)​មាន​បទល្មើស​អូស​ម៉ាញ់ នៅពេល​យប់​របស់​ឈ្មោះ រ៉ើ​ន ជា​មេ​ឈ្នួ​ញ​ប្រ​ព្រឺ​ត្ត​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ ដែល​អ្នកស្រុក​នៅ​ពោធិសាត់​មួយចំនួនធំ​បានដឹងថា ឈ្មោះ រ៉ើ​ន នេះ បានគេច​ខ្លួន​មកពី​ខេត្តពោធិសាត់ មក​លាក់ខ្លួន​ពួន​អាត្មា​បង្ក​សកម្មភាព​អូស​ម៉ាញ់​នៅក្នុង​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ រហូត​មានកា​រណូត​ធំ​៤​គ្រឿង អូស​បាន​ម៉ា​សេរី​ខណៈ​ផ្នែក​ជំនាញ​កំពុង​ត្រូវ​ថ្នាំ​សណ្ដំ ជាពិសេស​បទល្មើស​ឆក់​កំពុង​ចងក្រង​ជា​ក្រុម​ប្រមូល​លុយ​បង់​អោយ​អស់លោក​សមត្ថ​កិច្ច​ទាំងនោះ ដើម្បី​បានចេញ​ធ្វើ​សកម្មភាព​បទល្មើសរ​សាទ​។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​នោះ បាន​លើកឡើងថា បើ​គ្មាន​វិធានការ​ទប់ស្កាត់​អោយបាន​ទាន់ពេលវេលា​នោះទេ មេ​ពូជ​ត្រី​សំរុក​ចូលមក​ព្រែល​លុង​អុង ជា​តំបន់​ត្រី​មេ​ពង​កូន​នៅ​ចំនុច​ភូមិ​ឃុំ​ខាងលើ​ច្បាស់​ជា​វិនាស​ហិនហោច​អស់​ជាមិនខាន​ទឿ​យ ជាការ​សំណូមពរ​របស់​ប្រជា​ពល​រដ្ន​រស់នៅ​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​ដែល​អាស្រ័យ​ផល​ត្រី​ជា​លក្ខណៈ​គ្រួ​សារបាន​សំណូមពរ​ដល់​សម្ដេច​តេ​ជោ ប្រមុខ​រាជ​រដ្នា​ភិ​បាល​កម្ពុជា និង​សម្ដេច​ក្រឡាហោម ស ខេង មេត្តា​ពិនិត្យ​ករណីនេះ​ផង ៕ ដោយ ៖ សុផល​

​

ឆ្មាំ​ឃ្លាំង​ស្តុក​ឈើ​របស់​ឧកញ៉ា តុ​ប វី​រ៉ា​ដា នៅ​ស្រុក​កោះ​ញែក បាញ់​គំរាម​អ្នក កាសែត​៧​គ្រាប់​

មណ្ឌលគិរី ៖ អ្នកកាសែត​មកពី​បណ្ដា​អង្គភាព​ផ្សេងៗ​គ្នា ជាង​២០​នាក់ ដែល​អះអាងថា​បាន​រង​ការបាញ់​គំរាម​ពី​ក្រុមកម្មករ​យាមឃ្លាំង​ស្តុក​ឈើ​របស់លោក​ឧកញ៉ា តុ​ប វី​រ៉ា​ដា ដែលមាន​ទីតាំង​ស្ថិតក្នុង​ស្រុក​កោះ​ញែក ខេ​ត្ក​មណ្ឌលគិរី កាលពី​ថ្ងៃអាទិត្យ​ទី ២៨ ខែមករា ឆ្នាំ​២០១៨​នេះ បាននាំគ្នា​ដាក់ពាក្យ​ប្តឹង​ទៅកាន់​សមត្ថកិច្ច​ដើម្បី​ជួយ​អន្តរាគមន៍ និង​រក​យុត្តិធម៌ ។

​សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី ថ្ងៃអាទិត្យ​ទី​២៨ នេះ មាន​អ្នកកាសែត​មួយក្រុម​ប្រមាណ​20​នាក់​បាន​ចុះទៅ​ដល់ទី​តាំង​ឃ្លាំង​ស្តុក​ឈើ​របស់លោក តុ​ប វី​រ៉ា​ដា ដែលមាន​ទីតាំង​ខាងលើ​។ បន្ទាប់មក​ក៏មាន​ករណី​លាន់លឺ​សម្លេង​ផ្ទុះអាវុធ​ចំនួន​៧​គ្រាប់​ចេញពី​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​ធ្វើអោយ​ក្រុមអ្នកកាសែត​ទាំងនោះ មានការ​ភិតភ័យ​រត់​ចែកផ្លូវ​គ្នា​។ ក្រោយមក​ក្រុមកម្មករ​អ្នកយាម​ឃ្លាំង​បាន​ដិ​សេធ​ថា ពុំមាន​ការផ្ទុះអាវុធ​ទេ គឺជា​សម្លេង​ដុត​ផាវ​ទៅវិញ​។ ពាក់ព័ន្ធ​ករណីនេះ​ដែរ​មេការ​ក្រុម​ក្រុមហ៊ុន​ឈ្មោះ តុ​ប សុផាន់​ណា មិនអាច​សុំ​ការបំភ្លឺ​បានទេ ព្រោះ​ទូរស័ព្ទ​របស់លោក​ត្រូវបាន​អ្នកផ្សេង​ទទួល​។

ដោយឡែក​លោក តុ​ប វី​រ៉ា​ដា ក៏​មិនអាច​សុំ​ការបំភ្លឺ​បានដែរ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ នេះ​ព្រោះ​ទូរស័ព្ទ​របស់លោក​ខ​ល​ចូល​តែ​ត្រូវបាន​អ្នកផ្សេង​លើក​។ អធិការនគរបាល​ស្រុក​កោះ​ញ៉ែ​កលោក ឃ្លោក សុភា បាន​ប្រាប់ថា ករណីនេះ​លោក​បានទទួល​ព័ត៌មាន​ខ្លះ​ដែរ ដោយ អះអាង​បន្ទរ​តាម​ក្រុមឆ្មាំឃ្លាំង​ឈើនោះ​ថា គឺជា​ការដុត​ផាវ​ក្នុង​កំប៉ុង​លេង​។ លោក​អធិការ​បញ្ជាក់​បន្តទៀត​ថា​លោក​មិនទាន់​បានទទួល​ពាក្យបណ្តឹង​ពិ​ករណីនេះ​នៅឡើយ​ទេ តែ​ករណីនេះ​ត្រូវបាន​ប្តឹងទៅ​កាន់​ខាង​ប៉េអឹម​ស្រុក​ហើយ​។

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កោះ​ញ៉ែ​កលោក រស់ ប​ញ៉ា មិនអាច​ធ្វើការ​ទំនាក់ទំនង​សុំ​ការ​ពន្យល់បាន​ទេពី​បញ្ហា​នេះ​ព្រោះ​លេខ​ទូរស័ព្ទ​របស់លោក​ដែល​អ្នកព័ត៌មាន​ធ្លាប់​ស្គាល់​មិនអាច​ទទួល​ការហៅ​ចូល​បាន​។

​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​លោក ប៉ែន បូ​ណា បាន​សម្តែង​ការសោកស្តាយ​ជាខ្លាំង​បើសិន​ជាមាន​ករណី​ផ្ទុះអាវុធ​នេះ​មែន ព្រោះ​វា​ខុសឆ្គង​យ៉ាងធ្ងន់ធ្ងរ​ទៅនឹង​ផ្លូវច្បាប់​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក​ប្រ​ធាប​ក្លឹប​អ្នកកាសែត​ក៏បាន អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គួ​តែមាន​ការស៊ើបអង្កេត​អោយបាន​ច្បាស់លាស់​ផងដែរ​។

​គួរ​បញ្ជាក់ថា​ ​លោក​ឧកញ៉ា តុ​ប វី​រ៉ា​ដា ដែលមាន​ថា​នន្តរ​ស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​យោធា​ពាក់​ផ្កាយ​ពីរ​មេបញ្ជាការរង​យោធភូមិភាគ​ទី​១ ត្រូវគេ​ដឹងថា ជា​ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្លែ​យ៉ាង​ល្បីឈ្មោះ ដែល​មិន​ធ្លាប់​ត្រូវ​រង​ការបង្ក្រាប​ម្តងណា​ឡើយ​៕

( រូបទី១ ៖ ទិដ្ឋភាពក្រុមអ្នកកាសែតរត់គេច ពេលឮផ្ទុះអាវុធពីក្នុងឃ្លាំងឈើរបស់លោក តុប វីរ៉ាដា)

«​គណបក្ស​សិទ្ធិមនុស្ស​»​អតីត​របស់ លោក កឹម សុខា ប្រកាស​រំលាយជា ផ្លូវការ

​ភ្នំពេញ ៖ គណបក្ស​សិទ្ធិមនុស្ស ត្រូវបាន​ប្រកាស​រំលា​យោ​យ​បា​ជូនដំណឹង​ទ​ទៅ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៨​។​

​ការសម្រេច​រំលាយ​បក្ស​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​។ នេះ​បើតាម​លិខិត​ជូនដំណឹង​របស់លោក សឺ​ន ស៊ូ​បែ​រ្តិ៍ ជម្រាប​ទៅ​ក្រសួងមហាផ្ទៃ​។​

​សូម​រំលឹកថា គណបក្ស​សិទ្ធិមនុស្ស ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០០៧ ក្រោម​ការដឹកនាំ​របស់​លោក កឹម សុខា​។ គណបក្ស​នេះ ធ្លាប់បាន​ចូលរួម​ការបោះឆ្នោត​សកល​ឆ្នាំ​២០០៨ ដោយ​ទទួលបាន​អាសនៈ​ចំនួន​៣ ក្នុង​រដ្ឋសភា​ផងដែរ​។ នៅ​ឆ្នាំ​២០១២ គណបក្ស​សិទ្ធិមនុស្ស បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស សម រង្ស៊ី បង្កើត​ទៅជា​គណបក្ស​ស​ង្គ្រោះ​ជាតិ ដើម្បី​ចូលរួម​ប្រជែង​បោះឆ្នោត​សកល​ឆ្នាំ​២០១៣ ហើយ​គណបក្ស​សិទ្ធិមនុស្ស បាន​ជ្រើសតាំង​លោក សឺ​ន ស៊ូ​បែ​រ្តិ៍ ជា​ប្រធាន​៕
​

ក្រសួង​ការងារ ៖ ការស្នើសុំ​ពលករ​កម្ពុជា​ចេញទៅ​ធ្វើការ​នៅ​បរទេស គឺជា​រឿង​ល្អ

​ភ្នំពេញ ៖ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មានប្រសាសន៍ថា ការស្នើរ​សុំ ក៏ដូចជា​មាន​កិច្ចព្រមព្រៀង រវាង​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​ដៃគូរ​ដទៃ​ផ្សេងទៀត អំពី ការនាំយក​ពលករ​ពី​ក្នុងស្រុក ទៅធ្វើ​ការ​នៅ​បរទេស​គឺជា​រឿង​ល្អ ដែលជា​ជា​ឱកាស​ការងារ​ថ្មី​មួយ ជាមួយនឹង​ប្រាក់​ឈ្នួល​ខ្ពស់ និង​មានឱកាស ដើម្បី​ឆាប់​ចាប់យក​មុខជំនាញ​ថ្មីៗ នឹង​ចំណេះដឹង​បន្ថែមទៀត នៅពេល​ត្រឡប់មក​ប្រទេស​វិញ​។

មានប្រសាសន៍ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន នៅក្រោយ​ជំនួប​ពិភាក្សា​ការងារ ជាមួយ ក្រុមការងារ​ទំនាក់ ទំនង របស់​សាធារណរដ្ឋ​លី​បង់ នៅ​ព្រឹក​ថ្ងៃ​២៩ មករា ឆ្នាំ​២០១៨​នេះ នៅ​ទីស្តីការក្រសួង ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង បាន​លើកឡើងថា នេះ​ជា​យុទ្ធសាស្ត្រ​មួយ ក្នុងការ​ដោះស្រាយ​ការងារ ទន្ទឹមនឹង​បង្កើត​ការងារ​នៅក្នុង​ប្រទេស​។​លោក​បន្តថា ការបើកឱកាស​ការងា​រ​ថ្មី ជូន​ដល់​បងប្អូន​ពលករ​ខ្មែរ ក្រោយ​ត្រឡប់មកវិញ បងប្អូន​ពលករ អាច​ក្លាយជា​ធនធានមនុស្ស សម្រាប់​បម្រើ​ឲ្យ​សំណូមពរ នៃ​ទីផ្សារ ការងារ ឬ មួយ​បង្កើត​មុខរបរ​ការងារ​ថ្មី នៅក្នុង​ប្រទេស ជំរុញ​ការអភិវឌ្ឍន៍ ដើម្បី​ឈានទៅ​គោលដៅ​កម្ពុជា ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ ដែល​នេះ​ជា​យុទ្ធសាស្ត្រ​មួយ​ក្នុងការ​ដោះ ស្រាយ​ទៅលើ​បញ្ហា​មុខរបរ​និង​ការងារ ជូន​ដល់​ប្រជាពលរដ្ឋ​។​

​ ​ទាក់ទង​នឹង​ជំនួប​រវាង កម្ពុជា និង លី​បង់ នាពេលនោះ​វិញ ឯកឧត្តម បណ្ឌិត​រដ្ឋមន្ត្រី មានប្រសាសន៍ថា នេះ​ជា​ឱកាស​មួយ​ដ៏​ល្អ បើសិន​ជាមាន​កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា និង​លី​បង់ ព្រោះថា លី​បង់​ជា​ប្រទេសមួយ មានការ​អភិវឌ្ឍន៍ ហើយ​ទន្ទឹមនឹងនេះ​ក៏​អាច​ពង្រីក​ទៅ​ប្រទេសជិតខាង​នៅក្បែរនោះ​ស្ថិតនៅ​ជាប់ អឺរ៉ុប​ថែមទៀត​។

លោក​ថា នេះ​ជាការ​ជំរុញ​បង្កើត​នូវ​ឱកាស ក៏ដូចជា​បើកទូលាយ​ទីផ្សារការងារ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស យុវជន​ដែលមាន​ចំណាប់អារម្មណ៍​។ កន្លងមក​យើង​មាន​កិច្ចព្រមព្រៀង ជាមួយ កាតា និង អារ៉ាប់​សា​អូឌីត ហើយ​ប្រសិនបើ​កម្ពុជា បង្កើតបាន​ឱកាស​ជាមួយ លី​បង់ ថែមទៀត​នោះ​ក៏​ជា​ឱកាស​ដ៏​ល្អ សម្រាប់​ប្រជាពលរដ្ឋ ទៅធ្វើ​ការ​នៅ​ទីនោះ​ផងដែរ​។​
​ ​
​សូមបញ្ជាក់ថា សាធារណរដ្ឋ​លី​បង់ មកទល់​បច្ចុប្បន្ន កំពុង​ទទួល​ពលករ​មកពី​ប្រទេស​ចំនួន​៩ រួមមាន​៖ ម៉ា​ដា​ហ្គាស​កា អេ​ត្យូ​ពី បង់​ក្លា​ដេ​ស នេ​ប៉ាល់​ហ្វីលីពីន សេរី​លង្កា វៀតណាម ឥណ្ឌូណេស៊ី និង​ប្រទេស​ឥណ្ឌា ដែលមាន​ប្រភេទ​ការងារ​ដូចជា ការងារ​ក្នុង​សណ្ឋាគារ ការងារ​ផ្ទះ អ្នកលក់​ក្នុង​ហាង​ទំនិញ ភោជនីយដ្ឋាន​ហាង​សាឡ​ន​សំអាង និង​ហាង​កាត់សក់​ជាដើម​៕

​