រាជធានីភ្នំពេញ ៖ គ្រូបរទេសដែលបង្រៀននៅសាលាអន្តរជាតិ GOLDEN BRIDGE ឈ្មោះ Mark Andrew Smith ត្រូវបានព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ កាលពីរសៀលម្សីលមិញសម្រេចចោទប្រកាន់ពីបទ «ប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោស» តាមមាត្រា២៤៦ និងមាត្រា២៤៨នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី»។
សូមរម្លឹកថា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ បានចុះទៅឃាត់ខ្លួនបុរសជនជាតិបរទេសម្នាក់ដែលបង្រៀននៅសាលាអន្ដរជាតិ GOLDEN BRIDGE International School ស្ថិតនៅសាខាខណ្ឌទួលគោក បន្ទាប់ពីបែកធ្លាយរឿងអាស្រូវជនបរទេសរូបនេះ បាននាំក្មេងស្រីជាសិស្ស សាលាអាយុទើប៥ឆ្នាំ នាំទៅរួមភេទដល់ផ្ទះ។
គួរបញ្ជាក់ថា បទល្មើសប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ៕

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះសាលាឧទ្ធរណ៍បានបើកសវនាការរឿងក្ដីលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ពាក់ព័ន្ធបទល្មើស «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»។
សវនាការសាលាឧទ្ធរណ៍នេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ផ្តន្ទាទោសលោកស្រី ទេព វន្នី ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៣ តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប្រើអំពើហិង្សាលើសន្តិសុខសាលាខណ្ឌដូនពេញពីរនាក់ បណ្តាលឲ្យរងរបួសធ្ងន់៕


ខេត្តក្រចេះ ៖ ក្មេងស្រីអាយុ៣ឆ្នាំ ដែលគេនាំគ្នាផ្អើលពេញផ្សារក្រចេះថា មានគេចាប់កាលពីព្រឹកមិញនេះ ឥឡូវត្រូវបានរកឃើញហើយ ហើយពុំមានករណីចាប់ជំរិតនោះទេ គឺក្មេងស្រីវង្វេងដោយខ្លួនឯង។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ មានករណីបាត់ក្មេងមួយបានកើតឡើង បណ្ដាលឲ្យមានការភ្ញាក់ផ្អើលពេញ ផ្សារក្រចេះ ទីរួមខេត្តក្រចេះ បន្ទាប់ពីមានស្ដ្រីម្នាក់បានស្រែទ្រហោយំ ក្រោយបាត់កូនស្រីរបស់ខ្លួន អាយុទើបតែ៣ឆ្នាំ ខណៈបានដើរចូលផ្សារ ហើយឲ្យកូនស្រីនៅចាំម៉ូតូនៅខាងក្រៅផ្សារតែម្នាក់ឯង។ ក្មេងស្រីនោះឈ្មោះ អ៊ិន ព្រហ្មដាលីស អាយុ៣ឆ្នាំ អ្នកទាំងពីររស់នៅ ភូមិស្រែស្ដៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ៕


ខេត្តរតនគិរី ៖ កម្លាំងគណៈកម្មការថ្នាក់ជាតិ ព័ទ្ធចាប់រថយន្តបាឡែន ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2l -3608 កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ នៅតាមបណ្ដោយផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ពីស្រុកវ៉ើនសៃ ចូលមកក្រុងបានលុង ស្ថិតក្នុងភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី ។
លោក ច័ន្ទ សារឿន ក្រុមការងារថ្នាក់ជាតិ ចុះបង្ក្រាបធនធានធម្មជាតិ ខេត្តរតនគីរី បានឲ្យដឹងថា ក្រុមការងាររបស់លោក ទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ថា មានរថយន្ដបាឡែន ១គ្រឿង ដឹកឈើប្រណិតប្រភេទធ្នុងពេញចេញពីស្រុកវ៉ើនសៃឆ្ពោះ ចូលមកកាន់ស្រុកអូរជុំ នឹងបន្តទៅប្រទេសវៀតណាម ដូច្នេះហើយកម្លាំងរបស់លោកក៏ចេញទៅឃ្លាំមើល រហូតដល់វេលាម៉ោង៨និង៥០នាទី ទើបប្រទះឃើញរថយន្ដនេះមកដល់ ហើយក៍ធ្វើការតាមចាប់តែម្ដង នៅពេលសមត្ថកិច្ចព័ទ្ធចាប់នោះតៃកុងរថយន្ដបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែរថយន្ដនិងឈើប្រណិតពេញតែប៉ុណ្ណោះ។
ហើយលោកក៏បាននាំយករថយន្ដ ព្រមទាំងឈើប្រណិតមកទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តទាំងយប់តែម្ដង លុះព្រឹកឡើងទើបប្រគល់ទៅឲ្យជំនាញ និងរើរាប់ចំនួនឈើរដែលនៅក្នុងរថយន្ដនោះ ក្រោយពីកម្លាំងជំនាញរដ្ឋបាលព្រៃឈើ រើទៅឃើញ ឈើដែលនៅក្នុងរថយន្ដមានចំនួន៥៧ សន្លឹក ស្មើរនិងជាង ១ម៉ែត្រគូប ។
ប្រភពពីសមត្ថកិច្ច សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា រថយន្ដដែលសមត្ថកិច្ចចាប់នេះមានម្ចាស់រថយន្ដឈ្មោះ អូន ស៊ីឈ្នួលដឹកឈើឲ្យថៅកែ វៀតណាម ដែលទិញឈើនៅស្រុកវ៉ើនសៃ នឹងបន្តដឹកទៅប្រទេសវៀតណាមជារៀងរាល់ថ្ងៃ មិនលុះថ្ងៃណាឡើយ។
ជុំវិញការរកស៊ីដឹកជញ្ជូនឈើប្រណិតល្មើសច្បាប់នេះដែរ គេសង្កេតឃើញថា លោក នូវ ដារ៉ា នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត មិនដែលធ្វើការទប់ស្កាត់នឹងបង្ក្រាបឡើយ រថយន្តណាមិនបានបង់លុយឲ្យទេនោះ គេនឹងធ្វើការបង្ក្រាបភ្លាមៗតែម្តង ៕


ខេត្តព្រះវិហារ ៖ អាជ្ញាធរបានឲ្យដឹងថា ខណៈនេះស្រុកជាំក្សាន្តខេត្តព្រះវិហារកំពុងប្រឈមទឹកជំនន់ធ្ងន់ធ្ងរ បន្ទាប់ពីភ្លៀងនៅតែបន្តធ្លាក់ជាប់គ្នាជាច្រើនថ្ងៃមកនេះ ។
លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត និងជាប្រធានក្រុមគ្រប់គ្រងគ្រោះមហន្តរាយស្រុកជាំក្សាន្ត បានអោយដឹងថា គ្រោះមហន្តរាយបង្កដោយទឹកជំនន់ បានប៉ះពាល់ដល់ឃុំចំនួន៨ ស្មើនឹង៤៩ភូមិ។ ក្នុងនោះប៉ះពាល់លើដំណាំស្រូវចំនួន២៩៧៤ហិកតា និងដំណាំរួមផ្សំចំនួន៦ហិកតា លិចផ្លូវ៩៨៨៥ម៉ែត្រ ខូចស្ពានឈើ២កន្លែង លិចផ្ទះ៣២០ខ្នង និងមនុស្ស២នាក់ លង់ទឹកស្លាប់។
ប្រឈមមុខនឹងស្ថានភាពបែបនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានបញ្ជាអោយយកគ្រឿងចក្រក្រសួងសាធារណការ កាយផ្តាច់ផ្លូវដើម្បីបញ្ជៀសមុខទឹកកុំអោយប៉ះពាល់លើផ្លូវលំដែលជាផ្លូវមេមួយតភ្ជាប់ពីផ្សារស្រះក្តុលកាត់តាមទំនប់អូរស្វាយ ស្ថិតក្នុងភូមិធម្មជាតិ និងជួយកាត់បន្ថយការលំបាកនានារបស់ប្រជាពលរដ្ឋ៕

រាជធានីភ្នំពេញ ៖ សម្តេច ហ៊ុន សែន បានសរសេរលើ Facebook របស់សម្តេចនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះថា ភ្លៀងដែលបង្អុរធ្លាក់មកមិនដាច់ស្ទើររាល់ថ្ងៃ ដែលយើងបានឃើញ នៅក្នុងទីក្រុងភ្នំពេញតិចមែន តែនៅតាមបណ្តាខេត្តមួយចំនួន គឺកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ ដោយសារកំរិតទឹកទឹកភ្លៀងនៅបន្តធ្លាក់ ហើយកម្ពស់ទឹកទន្លេ ក៏មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមានដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពត និងខេត្តមួយចំនួនទៀត។
សម្តេច ហ៊ុន សែន បានបន្តថា តាមការប្រកាសរបស់ក្រសួងធនធានទឹក បានឲ្យដឹងថា ក្នុងរដូវវស្សាឆ្នាំនេះ កម្ពុជាអាចនឹងទទួលរងនូវឥទ្ធិពល ENSO Neutral Condition ដែលបង្កឲ្យមានភ្លៀងធ្លាក់ ពីកម្រិតមធ្យមទៅច្រើន ដែលធ្វើឲ្យទឹកក្នុងអាងទន្លេមេគង្គ និងទាំងនៅក្នុងប្រទេសកម្ពុជា ទាំងមូលមានការកើនឡើង ។ សម្តេចក៏បានអំពាវនាវចំពោះបងប្អូន ដែលចុះទូកនៅតាមទន្លេ សមុទ្រ គឺសូមប្រុងប្រយ័ត្ន ពាក់អាវពោងការពារ និងមានសំភារៈការពារអាយុជីវិត ពេលជួបប្រទះបញ្ហាដោយយថា ហេតុណាមួយកើតឡើង។ សូមកុំបណ្តោយកូនចៅ ទៅលេងទឹកនៅខាងក្រៅតាមស្រះ តាមវាលស្រែ ក្រោមស្ពាន ឬតាមប្រឡាយ ទឹកដែលអាចងាយមានគ្រោះថ្នាក់។
ទាក់ទិនបញ្ហាប្រឈមគ្រោះទឹកជំនន់នោះសម្តេចនាយករដ្ឋមន្ត្រីក៏ បានជំរុញដល់មន្ត្រីរាជរដ្ឋាភិបាល យ៉ាងដូច្នេះថា «សូមអំពាវនាវដល់មន្ត្រី អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ដែនដីត្រូវឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ជាពិសេស ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាខេត្ត ដែលកំពុងប្រឈម នឹងបញ្ហាទឹកជំនន់ និងតាមតំបន់ជាប់នឹង ដងស្ទឹង និង សមុទ្រជាដើម។ សូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់បំផុត»៕

ភ្នំពេញ ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធិអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានបណ្តេញជនជាតិចិនចំនួន៣១នាក់ស្រី៨នាក់នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះតាមច្រកអាកាដយានដ្ឋានក្រុងព្រះសីហនុ និងច្រកអាកាសយានដ្ឋានខេត្តសៀមរាបចេញពីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធិមុខព្រលានយន្តហោះអន្តរជាតិពោធិចិនតុង។
គួររំលឹកផងដែរថា ជនជាតិចិនទាំ៣១នាក់ខាងលើត្រូវបានកម្លាំងនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍ និតិវិធិដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនិតិវិធិ
ដោយជនជាតិចិនទាំង៣១នាក់នេះត្រូវបានឃាត់ខ្លួន៣ទីតាំងផ្សេងគ្នាកាលពីថ្ងៃទី១៧ ខែកក្កដានៅខណ្ឌចំការមន ខណ្ឌ៧មករានិងខណ្ឌជ្រោយចង្វាដោយចោទប្រកាន់ពីបទគំរាមកំហែងទារប្រាក់តាមប្រព័ន្ធអ៊ិនធ័រណែតហៅកាត់ថា VOIP៕


ដោយ ៖ ប៉ែន សុផល
ខេត្តបាត់ដំបង ៖ ព័ត៌មានដែលទទួលបានពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹកបានអោយដឹង ថា កំលាំងជំនាញ ចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់លើករណីជួញដូរខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅវេលាម៉ោង១១ និង០០ននាទីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ឡើងនៅភូមិអូរថ្មី ឃុំពេជ្រចិន្តាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ជនសង្ស័យឈ្មោះ អ៊ុំ វី ភេទប្រុសអាយុ៤២ឆ្នាំរស់នៅភូមិ ឃុំកើតហេតុខាងលើ។ ក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទគ្រាប់រាងមូលសំប៉ែតអក្សរWYចំនួន៣៣៩គ្រាប់។
ជនសង្ស័យខាងលើបច្ចុប្បន្នកំពុងឃាត់ខ្លួននៅអាវុធហត្ថស្រុកភ្នំព្រឹកដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាកាតាមនីតិវិធី៕

ខេត្តព្រះសីហនុ ៖ ជំនន់ទឹកភ្លៀងបណ្តាលឲ្យកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៥៣-១៥៤ ជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់កាលពីយប់មិញ។ ផ្តើមពីនោះអាជ្ញាធរបានស្នើដល់រថយន្តធុនធំៗទាំងអស់ សូមផ្អាកជាបណ្តោះអាសន្នក្នុងការធ្វើចរាចរណ៍តាមកំណាត់ផ្លូវជាតិលេខ៤ ជាបណ្តោះអាសន្តសិនដោយរង់ចាំទឹកស្រកស្ថានភាពវិលមករកប្រក្រតីវិញ៕


ស្រីលង្កា ៖ មន្ត្រីសុខាភិបាលប្រទេសបានថ្លែងថា មនុស្សជិត ៣០០នាក់ហើយបានស្លាប់នៅក្នុងឆ្នាំនេះដោយសារការផ្ទុះឡើងនៃជំងឺគ្រុនឈាម ខណៈដែលមន្ត្រីទាំងនោះបន្ទោសទៅលើបញ្ហាទឹកជំនន់ និងភ្លៀងធ្លាក់នៅរដូវវស្សា ដែលបង្កឲ្យមានប្រភពទឹកដកច្រើនសម្រាប់សត្វមូសបង្កកំណើត និងចម្លងវីរុស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ។
ទីភ្នាក់ងារផ្ដល់ជំនួយកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ កំពុងតែបង្កើនការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ទៅដល់ប្រទេសស្រីលង្កាតាមរយៈកាកបាទក្រហមប្រទេសនេះ ដើម្បីជួយទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានក្រសួងសុខាភិបាលស្រីលង្កាបានបញ្ជាក់ថា អ្នកជំងឺគ្រុនឈាម កំពុងត្រូវបាននាំទៅព្យាបាលនៅតាមមន្ទីរពេទ្យនានាពេញប្រៀបទៅដោយអ្នកជំងឺ ដែលលើសពីទំហំរបស់មន្ទីរពេទ្យទៅទៀត ជាពីសេសនៅខេត្តភាគខាងលិចប្រទេសនេះ ដែលរងជំងឺគ្រុនឈាមខ្លាំងក្លាជាងគេ។ ជាមួយគ្នានេះក្រសួងសុខាភិបាលស្រីលង្កាបាននិយាយថា ចំនួនអ្នកឆ្លងជំងឺគ្រុនឈាមបានហក់ឡើងលើសពី១សែននាក់ ចាប់តាំងពីដើមឆ្នាំ២០១៧នេះ ដោយបានសម្លាប់មនុស្សដល់ទៅ ២៩៦នាក់៕

ហ្សាការតា ៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីបាននិយាយថា ទូកដឹកអ្នកដំណើរមួយគ្រឿង បានលិចនៅប៉ែកខាងជើងកោះ Borneo ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ីកាលពីម្សិលមិញដោយបណ្តាលឲ្យមនុស្សយ៉ាងតិច១០នាក់បានបាត់បង់ជីវិត ខណៈ៣៦នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ដោយក្នុងចំណោមនោះមាន០៥នាក់រងរបួសធ្ងន់។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ។
យោងតាមអាជ្ញាធរឥណ្ឌូណេស៊ីបានឲ្យដឹងថា មនុស្សសរុបចំនួន៣៦នាក់ ត្រូវបានជួយសង្គ្រោះដោយសុត្ថិភាព ក្រោយហេតុការណ៍លិចទូកខាងលើ ខណៈទិន្នន័យចុងក្រោយបំផុតបានបង្ហាញថា មនុស្សយ៉ាងចំនួន១០នាក់បានស្លាប់។ ដោយឡែកមនុស្សជាច្រើននាក់ ក៏បានទទួលរងរបួសផងដែរ ក៏ប៉ុន្តែ០៥នាក់ក្នុងចំណោមនោះ កំពុងបន្តទទួលការសម្រាកព្យាបាលនៅឯមន្ទីរពេទ្យនៅឡើយ ដោយសារតែរបួសធ្ងន់ធ្ងររបស់ពួកគេ៕

ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស(ប្រើម្រាមដៃលូកប្រដាប់ភេទ)ទៅលើក្មេងស្រីអាយុ៤ឆ្នាំ និងក្មេងស្រីអាយុ៦ឆ្នាំ ហេតុការណ៍នេះកើតឡើងវេលាម៉ោង០៨ និង ០០នាទីកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចរោងកម្មករសំណង់បូរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ប៉ុន រុំ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកម្មករសំណង ស្នាក់នៅរោងកម្មករសំណង់បូរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ និងមានស្រុកកំណើត នៅភូមិច្រកស្វាយឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ ប្រពន្ធរបស់ជនសង្ស័យ និងជាម្តាយក្មេងរងគ្រោះឈ្មោះ ជា សុខលី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកើហេតុខាងលើ និងមានស្រុកកំណើតនៅភូមិច្រួល ឃុំកន្សោអក ស្រុកកំពង់ត្របែង ខេត្តព្រៃវែង។ ចំណែកក្មេងស្រីរងគ្រោះទាំងពីរនាក់មានឈ្មោះទី១ឈ្មោះ ម៉ាត់ សុខា ភេទស្រី អាយុ០៦ឆ្នាំ មុខរបរនៅផ្ទះ ។ ទី២ឈ្មោះ ម៉ាត់ ស្រីណុច ភេទស្រី អាយុ០៤ឆ្នាំ មុខរបរនៅផ្ទះ ក្មេងស្រីរងគ្រោះទាំងពីរស្នាក់នៅជាមួយម្ដាយនៅភូមិកើតហេតុខាងលើ។
បើតាមការរៀបរាប់ពីអ៊ុំស្រីរបស់ក្មេងរងគ្រោះទាំងពីរដែលមានឈ្មោះ ជា សំអាន ភេទស្រី ភេទស្រីអាយុ៣២ មុខរបរនៅផ្ទះ បានអោយដឹងថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង០៨ និង០០នាទី ជនសង្ស័យឈ្មោះ ប៉ុន រុំ ដែលជាឪពុកចុង បានធ្វើសកម្មភាពយកចង្អុលម្រាមដៃខាងស្តាំលូកចូលប្រដាប់ភេទក្មេងស្រីរងគ្រោះ ត្រូវជាកូនចុងចំនួន២នាក់ ណ្តាលអោយក្មេងស្រីរងគ្រោះទាំងពីរនាក់មានការឈឺចាប់ ពេលនោះឈ្មោះ ជា សុខលី ត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះទាំងពីរនាក់) បានឃើញក៏ជេរ និង ស្តីបន្ទោសអោយជនសង្ស័យ ថាបើឯងមិនស្រឡាញ់ខ្ញុំកុំធ្វើបាបកូនរបស់ខ្ញុំ រួចក៏មានការឈ្លោះប្រកែកគ្នា(ម្តាយក្មេងស្រីរងគ្រោះ និង ជនសង្ស័យ)។ លុះដល់វេលាម៉ោង២០ និង ០០នាទីយប់ថ្ងៃខែឆ្នាំដដែល រូបគាត់ត្រូវជាអ៊ុំបង្កើតរបស់ក្មេងស្រីរងគ្រោះទាំងពីនាក់) បានជិះម៉ូតូ០១គ្រឿងម៉ាកស្កុបពីពណ៌ស ពាក់ស្លាក់លេខភ្នំពេញ1CX-3357 ចេញពីផ្ទះ មកយកក្មេងស្រីរងគ្រោះទាំងពីរនាក់ ទៅលេងផ្ទះរបស់គាត់ ពេលទៅដល់ផ្ទះឈ្មោះ ជា សំអាត ក៏បានយកក្មេងស្រីរងគ្រោះទាំង០២នាក់ទៅងូតទឹកអោយ ហើយមានការសង្ស័យ ក៏សួរទៅក្មេងស្រីរងគ្រោះទាំង០២នាក់ ថាមាននរណាលេងប្រដាប់ភេទរបស់ឯងទេ រួចក្មេងស្រីរងគ្រោះទាំង២នាក់ក៏បានឆ្លើយប្រាប់ឈ្មោះ ជា សំអាន អោយដឹងថា នៅពេលប៉ារុំ (ជនសង្ស័យ) ពេលដែលផឹកស្រាស្រវឹងបានយកម្រាមដៃលូកលេងក្នុងប្រដាប់ភេទពួកគេទាំងពីរនាក់រាល់លើក ។ ហើយនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង០៨ និង ០០នាទី ប៉ារុំ ក៏បានយកម្រាមដៃលូកចូលក្នុងប្រដាប់ភេទរបស់ពួកគេទាំង០២នាក់ ដែលបណ្តាលអោយមានការឈឺចាប់។
រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ឈ្មោះ ជា សំអាន ក៏បាននាំក្មេងស្រីរងគ្រោះទៅពិនិត្យកោសល្យវិច្ច័យ នៅពេទ្យបង្អែករាជធានីភ្នំពេញ ហើយលោកគ្រួពេទ្យបានប្រាប់ថាក្មេងស្រីទាំងពីរនាក់ខាងលើមានស្នាមដាច់រហែកនៅប្រដាប់ភេទ រួចទូរសព្ទ័ប្រាប់ទៅអង្គការ CPU (ស៊ីភីយូ) ដែលជាអង្គភាពគាំពារកុរា អោយជួយអន្តារាគមន៍ ហើយនៅពេលនោះអង្គការCPU(ស៊ីភីយូ) ក៏បាននាំឈ្មោះ ជា សំអាន ត្រូវជាអ៊ុំបង្កើតរបស់ក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើ បានធ្វើជាតំណាងអោយក្មេងស្រីរគ្រោះ មកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។
បន្ទាប់ពីរបានទទួលបានពាក្យបណ្ដឹងសមត្ថកិច្ចខណ្ឌដង្កោក៏បាននាំក្មេងស្រីរងគ្រោះទាំង០២នាក់ និងឈ្មោះ ជា សំអាន ទៅចង្អុលជនសង្ស័យដល់កន្លែងកើតហេតុ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរនាំនៅអធិការខណ្ឌដង្កោ ។
បច្ចុប្បន្នជនសង្សយ័ខាងលើត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍