រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអតីតសិក្ខាកាម FBI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី២០ រយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
សេចក្តីជូនដំណឹងខាងលើបញ្ជាក់ថា សន្និសីទនេះ នឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅខេត្តសៀមរាប៕


យូអិន ៖ ភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ បានរាយការណ៍ថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ UNSC បានសម្រេចបន្ថែមទណ្ឌកម្មទៀត ទៅលើប្រទេសកូរ៉េខាងជើង ដើម្បីឆ្លើយតបទៅនឹងការបន្តធ្វើតេស្តបាញ់គ្រាប់មីស៊ីលជាច្រើនលើកច្រើនសារបស់ប្រទេសកុម្មុយនិស្តមួយនេះ ដោយមិនខ្វាយខ្វល់ពីច្បាប់អន្តរជាតិ។
នៅក្នុងដំណោះស្រាយ ដែលទទួលបានការព្រមព្រៀងគ្នាជាឯកច្ឆន្ទ ដោយសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ប្រទេស បានសម្រេចធ្វើការហាមឃាត់ការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិបុគ្គលសំខាន់ៗចំនួន១៤រូបនៅកូរ៉េខាងជើង និងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនកូរ៉េខាងជើងចំនួនពីរថែមទៀត ព្រមជាមួយនឹងធនាគារមួយ ដែលត្រូវបានគេដឹងថា កំពុងជួយគាំទ្រកងកម្លាំងយុទ្ធសាស្ត្ររ៉ុក្កែត របស់កងទ័ពកូរ៉េខាងជើង។
ជាមួយគ្នានោះក្រុមប្រឹក្សាសន្តិសុខរបស់ UN ក៏បានថ្កោលទោសផងដែរ នៅក្នុងក្របខណ្ឌដ៏យូរអង្វែង ចំពោះសកម្មភាពនៃការអភិវឌ្ឍគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលបានបង្ហាញនូវសញ្ញាគ្រោះថ្នាក់ខ្លាំងបំផុត ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦មក។ ទន្ទឹមនោះ UNSC ក៏បានអំពាវនាវឲ្យទីក្រុងព្យុងយ៉ាង បោះបង់ចោលកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងសកម្មភាពពាក់ព័ន្ធដទៃៗទៀត ហើយងាកមករកកិច្ចសហការ ដោះស្រាយបញ្ហាជាមួយនឹងសហគមន៍អន្តរជាតិវិញ៕

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហាញថា នៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ មានភ្នាក់ងារគណបក្សនយោបាយទាំង១២ បានដាក់ពាក្យចូលរួមសង្កេតមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ រហូតដល់ជាង១០ម៉ឺននាក់ឯណោះ៕


ដោយ ៖ ប៉ែន សុផល
បាត់ដំបង ៖ នៅពេលចូលរួមដង្ហែក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជននៅស្រុកគាស់ក្រឡប្រជាពលរដ្ឋបានមានអាការះពុលបាយប្រអប់រហូតទៅដល់៣៨នាក់។ ហេតុការណ៍បង្ករការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៧ និង៥០នាទី ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ក្រោយពីហូបបាយរួចនៅចំណុចភូមិជើងទិញ និងភូមិឆាយបាលង្ហ័ ស្ថិតក្នុងឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោក ឆាង វ៉ាន់ឆៃ អធិការនគរបាលស្រុកគាស់ក្រឡ បានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី៣ មិថុនា នេះថា ជនរងគ្រោះទាំងអស់ដែលសង្ស័យថាបានពុលបាយប្រអប់មានអាការៈធ្ងន់និងស្រាលទាំង៣៨នាក់នេះ ក្នុងនោះមានស្រីចំនូន៤នាក់ និងកុមារអាយុ ចាប់ពី២ឆ្នាំដល់៥ឆ្នាំចំនួន១០នាក់ផងដែរ។
លោកបន្តថា នៅមុនពេលកើតហតុ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ដែលជាថ្ងៃចុងក្រោយក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រទៅដល់គណបក្សប្រជាជនក្នុងស្រុកគាស់ក្រឡ ហើយបានជួបជុំគ្នាដើម្បីចេញដង្ហែក្បួន ដោយឡែក បាយ ម្ហូបសាច់ជ្រូក ធ្វើ ច្រកប្រអប់នៅផ្ទះលោក ជាល វៃ មេភូមិជើងទិញ យកមកចែកគ្នាហូបក្នុងម្នាក់ៗ១ប្រអប់ ដោយអ្នកខ្លះបាន២ប្រអប់។
លោកបន្តទៀតថា ក្រោយពីហូបបាយប្រអប់នៅពេលព្រឹកពុំមានអាការៈអ្វីកើតឡើងនោះទេ លុះនៅពេលហែរឃោសនាចប់នៅវេលាម៉ោង ១៧ និង៥០នាទីថ្ងៃដដែលក៍នាំគ្នាហូបបាយប្រអប់ដែលនៅសល់ពីព្រឹក ក៏ស្រាប់តែមានអាការះ ក្អួត ចង្អោរ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរតែម្តង ដោយក្រុមគ្រូពេទ្យបានសន្និដ្ឋានជាជំហានដំបូងថាការពុលនេះអាចនិងពុលដោយសារប្រអប់ស្នោ។
បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សីចំនួន៣១នាក់និងនៅផ្ទះ៧នាក់ហើយមានអាការៈធូរស្បើយឡើងវិញហើយ៕


ម៉ានីល ៖ ក្រុមសកម្មប្រយុទ្ធ ISIS បានចេញមុខអះអាងថា ខ្លួនគឺជាអ្នកនៅពីក្រោយខ្នងនៃការវាយប្រហារ នៅសណ្ឋាគារ-កាស៊ីណូលំដាប់អន្តរជាតិមួយកន្លែងក្នុងរដ្ឋធានីម៉ានីល ខណៈដែលប៉ូលិសហ្វីលីពីននៅតែបន្តអះអាងជាដដែលៗថា ករណីនេះមិនមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះឡើយ។ នេះបើយោងតាមការផ្សាយពីទូរទស្សន៍ CNN។
នៅថ្ងៃសុក្រម្សិលមិញនេះ ខ្មាន់កាំភ្លើងម្នាក់បានសម្រុកចូលទៅក្នុងសណ្ឋាគារ-កាស៊ីណូ Resorts World Manila ហើយបានធ្វើការបាញ់បោះយ៉ាងកម្រោលដោយកាំភ្លើងស្វ័យប្រវត្តិមួយដើម ប៉ុន្តែពុំបានត្រូវចំមនុស្សណាម្នាក់ឡើយ ហើយជនរូបនេះក៏បានចាក់សាំងដុតសម្ភារៈកាស៊ីណូ បណ្តាលឲ្យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ និងបន្តទៅប្រមែប្រមូលយកកាក់កាស៊ីណូយ៉ាងច្រើនសន្ធឹកសន្ធាប់ រួចគេចខ្លួនបាត់ស្រមោលទៅក្នុងភាពវឹកវរ។
ក្រោយកើតហេតុកម្លាំងប៉ូលិសក៏បានរកឃើញសាកសពមនុស្សយ៉ាងតិច៣៧នាក់ រួមទាំងខ្មាន់កាំភ្លើងផងដែរ និង៥៤នាក់ផ្សេងទៀតរបួស ហើយពួកគេភាគច្រើន ត្រូវជឿជាក់ថាបានបាត់បង់ជីវិត ដោយសារថប់ដង្ហើម ព្រោះតែផ្សែងអគ្គីភ័យក្នុងកាស៊ីណូ។
ទោះបីយ៉ាងណាមេប៉ូលិសជាតិហ្វីលីពីនបានចេញមុខលើកឡើងថា «ពួក ISIS តែងតែអាចចេញមុខអះអាងថានេះថានោះ តាមតែចិត្តពួកគេចង់ ព្រោះពួកគេមានភាពល្បីល្បាញដោយសារតែការធ្វើដូច្នោះ នៅរាល់ពេលមានអំពើវាយប្រហារដ៏ខ្មៅងងឹតកើតឡើងជុំវិញពិភពលោក។ ក៏ប៉ុន្តែករណីនាថ្ងៃសុក្រនេះ ពុំមានភស្តុតាងឬធាតុពិតជាក់ស្តែងណាមួយ បញ្ជាក់ថា វាគឺជាសកម្មភាពភេរវកម្មឡើយ»៕

រាជធានីភ្នំពេញ ៖ ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញមកទាត់ចោលទាំងស្រុងនូវសម្តីរបស់លោក គង់ គាំ ទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលបានថ្លែងថា នឹងរក្សាទុកតំណែងឧបនាយករដ្ឋមន្ត្រី ជូនសម្តេច ស ខេង នៅពេលគណបក្សប្រឆាំងនេះឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល។ ខុទ្ទកាល័យសម្តេច ស ខេង បានចាត់ទុកការលើកឡើងរបស់ លោក គង់ គាំ គឺជាប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សម្តេចក្រឡាហោម ស ខេង។
ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះលោក គង់ គាំ បានថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា បើគណបក្សសង្គ្រោះជាតិឈ្នះឆ្នាំ២០១៨ ដឹកនាំរាជរដ្ឋាភិបាលធ្វើនាយករដ្ឋមន្ត្រី ទុកសម្តេចក្រឡាហោម ធ្វើឧបនាយករដ្ឋមន្ត្រីដដែល តែសង្គ្រោះជាតិធ្វើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕


ខេត្តបាត់ដំបង ៖ ពលករខ្មែរចំនួន២នាក់ ដែលធ្វើការក្នុងប្រទេសថៃគ្រាជិះរថយន្តឆ្លងកាត់ផ្លូវដែកត្រូវរថភ្លើងបុកបណ្តាលអោយស្ត្រីម្នាក់ស្លាប់និងរបួសធ្ងន់ម្នាក់ទៀតជាបុរស ។ កាសែតថៃរ៉ាត់បានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧កន្លងមកនេះនៅលើកំណាត់ផ្លូវលេខ៣៣១២ ស្ថិតក្នុងភូមិ២ ឃុំណងបួរ ស្រុកបានពោធិ៍ ខេត្តឆៈឈើងសៅ ប្រទេសថៃ។
សាក្សីនៅក្នុងទីតាំងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុជនរងគ្រោះបានជិះរថយន្តមួយគ្រឿងម៉ាកតូយូតាវីហ្គូ ព៌ណស ពាក់ស្លាកលេខស្រះកែវ៩២២៤ មួយគ្រឿងបើកបរដោយជនជាតិថៃ មកដល់ចំណុចប្រសព្វរវាងផ្លូវថ្នល់និងផ្លូវរថភ្លើងស្រាប់តែរថយន្តបានធ្លាក់ជង្ហុកជាប់ទៅមុខមិនរួច ចៃដន្យពេលនោះរថភ្លើងបានមកដល់ល្មមក៍បុករថយន្តរុញខ្ទប់ទៅជាប់នឹងបង្គោលស្លាកសញ្ញារថភ្លើងតែម្តង។
ក្រោយពីសមត្ថកិច្ចបានគាស់និងកាត់រថយន្តដើម្បីសង្គ្រោះជនរងគ្រោះគេឃើញជនរងគ្រោះម្នាក់បានស្លាប់បាត់ទៅហើយជាស្ត្រីពលករខ្មែរ ចំណែកបុរសម្នាក់ទៀតឈ្មោះណឺត ស្រូយ អាយុ៣៩ឆ្នាំជាពលករខ្មែរដែរត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសថៃ។
បច្ចុប្បន្នកំលាំងជំនាញកំពុងរាយការណ៍ទៅកាន់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃដើម្បីស្រាវជ្រាវរកសាច់ញាតិនិងអាលបញ្ជូនមកប្រគល់អោយក្រុមគ្រួសារនៅឯស្រុកកំណើត៕

ដោយ ៖ ប៉ែន សុផល
បាត់ដំបង ៖ ជិះម៉ូតូដឹកគ្នាត្រូវបានរថយន្តរ៉េចង្កូតទៅបុកពីមុខពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗនៅហ្នឹងកន្លែង។
នគរបាលស្រុកថ្មគោលបានប្រាប់អោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧នៅបណ្តោយផ្លូវជាតិលេខ៥ ចំណុចក្រុមទី៥៦ ស្ថិតក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ រថយន្តបង្កម៉ាក ស្តារិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Y2809 អ្នកបើកបររត់បាត់ បានបុកម៉ូតូ១គ្រឿងម៉ាកឌ្រីមC125ពណ៌ខ្មៅស៊េរីឆ្នាំ២០១៧អ្នកបើកបរ១-ឈ្មោះ ជា វាយោ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិប៉ោសំរោង ឃុំតាពូង ស្រុកថ្មគោល(ស្លាប់)។ ២-ឈ្មោះ លី ដាវ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល(ស្លាប់)។ ៣-ឈ្មោះ ប្រា ថ្នា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល( ស្លាប់)។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា៖នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កខាងលើបើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើក៍ស្រាប់តែរថយន្តបានរ៉េចង្កូតទៅបុកម៉ូតូ១គ្រឿងជិះគ្នា៣នាក់ក្នុងទិសដៅច្រាស់គ្នាបណ្តាលអោយមនុស្សប៉ើងបោកក្បាលស្លាប់ទាំងបីនាក់តែម្តង។
ក្រោយពេលកើតហេតុនគរបាលចរាចរណ៍បានចុះទៅដល់ធ្វើការវាស់វែងរួចប្រគល់សាកសពអោយទៅក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី ។ ចំណែកមធ្យោបាយធ្វើដំណើរទាំងពីរត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តរងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕



អន្តរជាតិ ៖ យានអវកាសរបស់អង្គការ NASA គ្រោងនឹងត្រង់ទៅកាន់ព្រះអាទិត្យនៅឆ្នាំក្រោយហើយដាក់ឈ្មោះអ្នកវិទ្យាសាស្ត្រអវកាសម្នាក់ដែលបានសិក្សាអំពីចរន្តខ្យល់ក្នុងគន្លងព្រះអាទិត្យកាលពីជិត៦០ឆ្នាំមុន។
ទីភ្នាក់ងារអវកាសមួយនេះបានប្រកាសកាលពីថ្ងៃពុធថា បេសកកម្មមួយនេះនឹងត្រូវបានដាក់ឈ្មោះតាមលោក Eugene Parker ដែលជាសាស្ត្រាចារ្យនៅឯសាកលវិទ្យាល័យឈីកាហ្គោ។ ប្រធានបេសកកម្មវិទ្យាសាស្ត្ររបស់ទីភ្នាក់ងារនេះគឺលោក Thomas Zurbuchen បានកត់សម្គាល់ថា វាជាយានអវកាសរបស់អង្គការ NASA ដំបូងគេដែលត្រូវបានដាក់ឈ្មោះតាមអ្នកស្រាវជ្រាវម្នាក់ដែលនៅមានជីវិត។
ដោយគ្រោងនឹងបាញ់បង្ហោះនៅរដូវក្តៅក្រោយចេញពីទីតាំង Cape Canaveral យាន Parker Solar Probe នឹងហោះហើរក្នុងរយៈចម្ងាយ៤លានម៉ាយល៍នៃផ្ទៃព្រះអាទិត្យចូលទៅក្នុងបរិយាកាសព្រះអាទិត្យ។ នោះនឹងត្រូវបានគេកត់សម្គាល់ថាមានចម្ងាយជិតជាងយានអវកាសណាមួយផ្សេងទៀត។
គោលបំណងគឺដើម្បីសិក្សាអំពីបរិយាកាសខាងក្រៅរបស់ព្រះអាទិត្យនិងយល់កាន់តែច្បាស់អំពីថាតើផ្កាយធ្វើការដោយរបៀបណា។ ក្រុមអ្នកវិទ្យាសាស្ត្រមានសង្ឃឹមថា ទិន្នន័យរបស់វានឹងធ្វើឲ្យប្រសើរឡើងដល់ការព្យាករនៃព្យុះព្រះអាទិត្យនិងព្រឹត្តិការណ៍អាកាសធាតុអវកាសដែលប៉ះពាល់ដល់ជីវិតនៅលើផែនដី ផ្កាយរណបនិងអ្នកអវកាសនៅក្នុងលំហរអាកាស។
Nicola Fox ដែលជាអ្នកវិទ្យាសាស្ត្រនៃគំរោងបេសកកម្មមួយនេះមកពីសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា យានអវកាស Parker Solar Probe ដែលកាលពីមុនត្រូវបានគេស្គាល់ថា Solar Probe Plus នឹងធ្វើដំណើរផ្សងព្រេងជិតជាងយានអវកាសផ្សេងៗកាលពីលើកមុនរហូតដល់ទៅប្រាំពីរដងឯណោះ។
គួរបញ្ជាក់ថា សេចក្តីប្រកាសនេះបានធ្វើឡើងក្នុងអំឡុងពិធីមួយនៅសាកលវិទ្យាល័យឈីកាហ្គោដើម្បីលើកកិត្ដិយដល់លោក Parker ដែលនឹងឈានដល់អាយុ៩០ឆ្នាំនៅថ្ងៃទី១០ខែមិថុនា៕

ដោយ ៖ ប៉ែន សុផល
បាត់ដំបង ៖ ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ដើរឆ្លងថ្នល់មិនប្រយ័ត្នត្រូវបានរថយន្តបុកពេញទំហឹងបណ្តាលអោយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
លោក ម៉ៅ ហ៊ួត មន្ត្រីកងរាជអាវុធហត្ថស្រុកមោងឬស្សីបានប្រាប់អោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៥ និង១៥នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧តាមបណ្ដោយផ្លូវក្រាលកៅស៊ូ១ខ្សែចូលទៅស្រុករុក្ខគីរី ត្រង់ចំណុចអាងចាយវ៉ាយ ស្ថិតក្នុងភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
រថយន្តបង្ករម៉ាកហ៊ីយិនដាយស្តារិចពណ៌សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2N.4165បើកបរដោយឈ្មោះយិន ពិចិត្ត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នកបើកបរ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានបុកជនរងគ្រោះឈ្មោះប៉ាន សោភា ភេទស្រី អាយុ៨ឆ្នាំមុខរបរសិស្សសាលារស់នៅភូមិកើតហេតុខាងលើបណ្ដាលអោយរងរបួសធ្ងន់(ស្លាប់)ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា៖នៅមុនពេលកើតហេតុគេឃើញក្មេងស្រីរងគ្រោះខាងលើបានជិះគោយន្តមកពីសាលារៀន លុះមកដល់ចំណុចកើតហេតុ ក្មេងស្រីរងគ្រោះបានចុះពីលើគោយន្តដើរឆ្លងថ្នល់ទៅផ្ទះក៍តែមានរថយន្ត១គ្រឿងខាងលើបានបើកបរយ៉ាងលឿនជ្រុលទៅបុកក្មេងដើរឆ្លងថ្នល់ចំពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់(ស្លាប់)ពេលបញ្ជូនដល់មន្ទីរពេទ្យតែម្តង។
បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ចំណែកតៃកុងនិងរថយន្តត្រូវបានសមត្ថកិច្ចឃាត់ទុកនៅអធិការដ្ឋាននគបាលស្រុកមោងឫស្សីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕


ភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីទំនេរបានឆ្លៀតរាយខ្សែភ្លើងយកទៅឆក់ត្រីក្នុងស្រែ ក្បែរផ្ទះ តែជាអកុសល ភ្លាត់ស្នៀត ត្រូវបានឆក់ខ្លួនឯងស្លាប់ទៅវិញបបង្កឲ្យភ្ញាក់ផ្អើលប្រជាពលរដ្ឋក្នុងភូមិ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅ វាលស្រែក្បែរផ្ទះរបស់ជនរងគ្រោះ ភូមិស្វាយ សង្កាត់ស្នោ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ចុក វី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ជាងក្រឡឹង មានប្រពន្ធ ឈ្មោះ ចែម មករា អាយុ៣៥ឆ្នាំ មុខរបរ មេផ្ទះ មានកូនប្រុស២នាក់ ក្ន៧ងបន្ទុកគ្រួសារ រស់នៅក្នុងភូមិកើតហេតុខាងលើជាង១ឆ្នាំមកហើយ មានស្រុកកំណើតភូមិ ភូមិព្រែកជីក ឃុំព្រែកជីក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
តាមប្រជាពលរដ្ឋក្នុងភូមិបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះគេឃើញ តរាយខ្សែភ្លើងយកមកឆក់ត្រី២ថ្ងៃមកហើយ លុះមកដល់ព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះបានតរាយខ្សែភ្លើង ឆក់ត្រីសារជាថ្មីម្តងទៀត តែម្នាក់ឯង ស្រាប់តែនៅវេលាម៉ោងខាងលើ ដោយសារការធ្វេសប្រហែស ភ្លាត់ស្នៀតត្រូវបានឆក់ស្លាប់ខ្លួនឯងទីវិញ ដួលប្រកាច់ស្លាប់ក្នុងទឹកស្រែតែម្តង។
ឃើញដូច្នោះ បងប្អូនប្រជាពលរដ្ឋក្នុងភូមិឃើញផ្អើល ឆោឡោ រត់ទៅបិទផ្តាច់ចរន្តភ្លើង ជួយស្រង់ តែហួសពេលទៅហើយ៕


ដោយ ៖ ប៉ែន សុផល
បាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបងបានចុះប្រតិបត្តការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងករណីជួញដូរថ្នាំញៀនចំនួន២កញ្ចប់ធំនៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។
លោក សំ វិឡុង មេបញ្ជាការកងរាជអាវុធហត្ថក្រុងបាត់ដំបង បានប្រាប់សារព័ត៍មានមេគង្គប៉ុស្តិ៍អោយដឹងថា៖ជនសង្ស័យត្រូវបានឃាត់ខ្លួនរួមមាន ៖ ទី១-ឈ្មោះ វុទ្ធី ឈុនថៃ ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ផ្ទះលេខ១២A ផ្លូវ២៦ ភូមិត្នោត១ សង្កាត់បឹងតាពុន ខណ្ឌមានជយ័ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ អ៊ុយ ប៊ុនធា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ (ផ្ទះជួល) ភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។ ទី៣ឈ្មោះ គ្រួក គឹមឈៀន ហៅ តួ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង។
វត្ថុតាងដកហូតរួមមាន ៖ ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សរឹងថ្លា (ទឹកកក) ចំនួន ២ កញ្ចប់ ទម្ងន់ ៥១.១៨ ក្រាម ទូរស័ព្ទដៃ ចំនួន៣ គ្រឿង និងសម្ភារៈវិចខ្ចប់សំរាប់ជក់ថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងកំពុងធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕

ខេត្តរតនគិរី ៖ អ្នកទោសដែលសមត្ថកិច្ចចាប់ខ្លួនបានមកវិញថ្មីនេះ ក្នុងចំណោមអ្នកទោសទាំង៤នាក់ ដែលបានរត់គេចខ្លួនចេញពីពន្ធនាគារ កាលពីវេលាម៉ោង២.១០នាទី រំលងអាធ្រាត ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ។ អ្នកទោសដែលចាប់ខ្លួនបានត្រឡប់មកវិញម្នាក់នេះ មានឈ្មោះ សូម ហាក់ ជាប់ទោសពីបទផ្ដល់មធ្យោបាយឲ្យអ្នកទោសលួចរត់ចេញពីពន្ធនាគារ ដោយទៅសួរសុខទុក្ខបងប្អូនក្នុងពន្ធនាគារ លួចបង្កប់ផ្លែរណាអាដែកក្នុងស្បែកជើងផ្ទាត់ កាលពីថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៧។
តាមការឲ្យដឹងពីលោក ទីន សុវណ្ណនី ប្រធានពន្ធនាគារ ខេត្តរតនគិរី នៅរសៀលថ្ងៃទី៣១ ខែឧសភា នេះថា បន្ទាប់ពីលោកបានដឹកនាំកម្លាំងតាមស្រាវជ្រាវ រយៈពេល៤ថ្ងៃកន្លងមកនេះ ទើបឈានដល់ការកំណត់ទីតាំងលាក់ខ្លួនបាន លោកក៏ដឹកនាំកម្លាំងសហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកវើនសៃ ចាប់បាននៅវេលាម៉ោង១២ និង០០នាទី ថ្ងៃត្រង់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិវ៉ង ឃុំកាជូន ស្រុកវើនសៃ ខេត្តរតនគិរី ត្រង់ចំណុច ក្រុមហ៊ុនម៉ាងយ៉ាងខេ។ បច្ចុប្បន្នអ្នកទោសរូបនេះ ត្រូវបញ្ជូនខ្លួនចូលពន្ធនាគារវិញហើយ៕

អង់ការ៉ា ៖ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅមុននេះបន្តិចថា ឧទ្ធម្ភាគចក្រដឹកកងយោធាតួកគីមួយគ្រឿងបានហោះទាក់ខ្សែភ្លើងដែលមានតង់ស្យុងខ្ពស់ ធ្លាក់នៅភាគអាគ្នេយ៍ប្រទេស បណ្តាលឲ្យស្លាប់១៣នាក់។
អាជ្ញាធរតួកគីបាននិយាយថា ករណីនេះកើតឡើងកាលពីម្សិលមិញ ដោយឧទ្ធម្ភាគចក្រខាងលើនេះមានលេខសម្គាល់ AS532 Cougar បានធ្លាក់បន្ទាប់ពីទើបហោះចេញពីមូលដ្ឋានយោធានៃស្រុក Sirnak ជាប់ព្រំដែនរវាងតួកគី និងអ៊ីរ៉ាក់ ដោយក្នុងនោះនាយទាហានទាំងអស់១៣នាក់បានបាត់បង់ជីវិតគ្មានសល់ម្នាក់នោះទេ។
ការសន្និដ្ឋានតំណាក់កាលដំបូង ការធ្លាក់របស់ឧទ្ធម្ភាគចក្រនោះ គឺជាឧប្បទ្ទវហេតុ ហើយយោធាកំពុងតែបន្តការស៊ើបអង្កេតលើរឿងនេះទៀត៕

កូឡុំបូ ៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ បានរាយការណ៍ថា គិតត្រឹមព្រឹកម្សិលមិញចំនួនមនុស្សស្លាប់ ដោយសារតែគ្រោះធម្មជាតិទឹកជំនន់ និងការបាក់ដីដ៏អាក្រក់នៅប្រទេសស្រីលង្កា បានកើនឡើងដល់ ២០២នាក់ហើយ ខណៈមនុស្ស៩៦នាក់បន្តបាត់ខ្លួន និងមនុស្សប្រមាណជា ៦០០,០០០នាក់ កំពុងរងផលប៉ះពាល់ជាទូទៅតែម្តងនៅទូទាំងប្រទេស។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយស្រីលង្កា បានបញ្ជាក់ថា មនុស្ស៦៣នាក់ បានរងរបួស រីឯ៨៣,២០០នាក់ ផ្សេងទៀត កំពុង ស្នាក់នៅជម្រកបណ្ដោះអាសន្ន។ ក្រសួងបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិស្រីលង្កា ទន្លេចំនួន០៥ខ្សែបានជន់លិច ដោយសារតែការបន្តធ្លាក់ភ្លៀងយ៉ាងជោគជាំ នៅតាមតំបន់មួយចំនួននៃប្រទេស ដែលជាហេតុបានបណ្តាលឲ្យមនុស្សជាង ៦០០,០០០នាក់ បានទទួលរងផលប៉ះពាល់ ខណៈផ្ទះប្រជាជន ៤៨,០០០ខ្នងរងការបំផ្លិចបំផ្លាញ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍