ដោយ ៖ ប៉ែន សុផល
បាត់ដំបង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំរៀងបានចុះប្រតិបត្តិការបង្ក្រាបករណីចរាចរណ៍លុយដុល្លារក្លែងក្លាយដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរថៃចំនួន៤នាក់ដកហូតបានក្រដាស់ប្រាក់ដុល្លារក្លែងក្លាយចំនួន៥៥៣០០ដុល្លារផងដែរ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីចរាចរណ៍ប្រាក់ដុល្លារក្លែងក្លាយខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១១ និង២០នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧នៅចំណុច ក្រុមទី៦ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនរួមមាន៖ ទី១.ឈ្មោះ គៀត គិស័ក ភេទប្រុសអាយុ៣៥ឆ្នាំជាជនជាតិថៃ រស់នៅផ្លូវសុវីនថៈវង់ ក្រុងបាងកក ។ ទី២ឈ្មោះ អ៊ុងអាត ស៊ីវាតកន ភេទប្រុសអាយុ២៨ឆ្នាំជាជនជាតិថៃ រស់នៅផ្លូវ១២ ឃុំបានព្រឹក ស្រុកក្រសាំង ខេត្តបុរីរាំ ប្រទេសថៃបុគ្គលិកក្រុមហ៊ុនមិតសូអែរ ។ ទី៣.ឈ្មោះ សំចិត កមភម ភេទប្រុសអាយុ៣៤ឆ្នាំជាជនជាតិថៃ រស់នៅផ្លូវវិថូនដាំលិ ឃុំបានបឹង ស្រុកបានបឹង ខេត្តឈុនបុរី ប្រទេសថៃ មុខរបរ បុគ្គលិកក្រុមហ៊ុន នីវសេន។ ទី៤ឈ្មោះបិត ផាត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ជនជាតិខ្មែរ មុខរបរ កម្មករ។ ដកហូតវត្ថុតាងរួមមានប្រាក់ដុល្លារចំនួន៥៥៣០០ដុល្លារ ប្រភេទក្រដាស់ដុល្លារក្លែងក្លាយ សេរីចាស់ សេរីឆ្នាំ២០០៦។ ចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៤នាក់បានសារភាពថា ប្រាក់ដុល្លារក្លែងក្លាយទាំងនេះជារបស់ឈ្មោះ ឈីត នៅក្រុងបាងកក។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងកសាងសុំណុំរឿងបញ្ជូនបន្តទៅតុលាការ៕



រាជធានីភ្នំពេញ ៖ មន្ត្រីយោធាដែលកំពុងជិះរថយន្តស៊េរីទំទើប១គ្រឿង បានដកកាំភ្លើងខ្លីបាញ់១គ្រាប់ ដើម្បីបំបែកហ្វូងក្រុមក្មេងស្ទាវប្រមាណ៣០ម៉ូតូកំពុងដេញកាប់គ្នាយ៉ាងសាហាវ បណ្តាលឲ្យយុវជន ២នាក់ ភ័យជិះរត់ ហើយបានជ្រុលចង្កូត បុកជញ្ជាំងទ្វារផ្ទះប្រជាពលរដ្ឋ ហើយបានបន្តរត់យករួចខ្លួនទាំង២នាក់ ខណៈដែលក្រុមក្មេងស្ទាងមួយចំនួនទៀតបានរត់ចោលម៉ូតូហុងដាឌ្រីម២០១៧ មួយគ្រឿងទៀតផងដែរ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២៧១ ទល់មុខធនាគារ អេស៊ីលីដា ដែលស្ថិតក្នុងសង្កាតផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ២នាក់ ដែលត្រូវក្រុមក្មេងស្ទាវទាំងនោះ ដេញកាប់ ឈ្មោះ ជុំ តុលា អាយុ១៧ឆ្នាំ មុខរបរអ្នកលើកម្ហូបក្នុងហាង ស្នាក់នៅភូមិអូបែកក្អម សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ជាអ្នកបើកបរម៉ូតូម៉ាក NEX ស្លាកលេខភ្នំពេញ1BZ-1339 រួមដំណើរជាមួយមិត្តភ័ក្រម្នាក់ ឈ្មោះ ឈុំ ហៀង អាយុ១៧ឆ្នាំ របរជាកូនជាងមាស ស្នាក់នៅម្តុំផ្សារ PC សង្កាត់បឹងទំពុន ខណ្ឌមានជ័យ៕

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបន្ដចុះឃាត់ខ្លួនជនជាតិវៀតណាម១១នាក់ ដែលចូលមកធ្វើការ និងស្នាក់នៅដោយខុសច្បាប់ នៅភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រតិបត្តិការនេះធ្វើឡើងក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ លោកបន្តថា ក្នុងប្រតិបត្តិការខាងលើនេះកម្លាំងនគរបាលបានឃាត់ខ្លួនជនជាតិវៀតណាមទាំង១១នាក់នេះដែលលួចឆ្លងដែនចូល-ស្នាក់នៅ និងធ្វើការខុសច្បាប់គ្មានលិខិតឆ្លងដែន និងសៀវភៅការងារ។ ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់អន្ដោប្រវេសន៍៕

រាជធានីភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ដេកសន្លប់ស្តូកស្តឹង ខណៈដែលគាត់ជិះម៉ូតូទៅបុកពីក្រោយរថយន្តរបស់តារាកំប្លែងនាយក្រិន ដែលចតស្ងៀមនៅទល់មុខហាងផឹកស៊ីរបស់ខ្លួន ស្ថិតនៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង០៨និង១៥នាទី យប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ។
សមត្ថកិច្ចអះអាងថា ករណីនេះបង្កឡើងដោយម៉ូតូ១គ្រឿងម៉ាក ស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BL-០៣៦០ បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ។ ចំណែករថយន្តដែលចតស្ងៀមម៉ាក កាមរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២B-៦២៣៣ ជារថយន្តរបស់ឈ្មោះ ទេស សុខជន ហៅនាយក្រិន តារាកំប្លែងនៅក្រុមនាយកុយ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ បុរសម្នាក់ជិះម៉ូតូ ស្មាស់វី តាមផ្លូវ២០០៤ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករថយន្តរបស់នាយក្រិន ដែលចតនៅទុលមុខហាងផឹកស៊ីរបស់នាយក្រិន ចំពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូដួលបាក់ធ្មេញ និងប៉ោងភ្នែក ចំណែកម៉ូតូខ្ទេចផ្នែកខាងមុខទាំងស្រុង ។
ក្រោយកើតហេតុ ជនរងគ្រោះខាងម៉ូតូ ស្មាស់វី ត្រូវរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនមកដឹកយកទៅព្យាបាល តែមិនព្រមឡើងរថយន្តទៅសង្គ្រោះទេ សុខចិត្តឡើងជិះម៉ូតូឌុបទៅពេទ្យដោយខ្លួនឯង៕


អាមេរិក ៖ អាជ្ញាធរសហរដ្ឋអាមេរិកបានឲ្យដឹងថា មនុស្ស០៦នាក់បាត់បង់ជីវិត បន្ទាប់ពីផ្ទុះករណីបាញ់ប្រហារមួយ នៅក្រុមហ៊ុនមួយកន្លែង ក្នុងទីក្រុង Orlando នៃរដ្ឋផ្លូវរីដា ដែលហេតុការណ៍នេះកើតឡើងនាព្រឹកថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។នេះបើតាមការចេញផ្សាយដោយស្ថានីយ៍ទូរទស្សន៍ CNN ។
ប៉ូលិសបាននិយាយថា បុរសវ័យ៤៥ឆ្នាំម្នាក់ ដែលត្រូវបានបញ្ឈប់ពីការងារពីក្រុមហ៊ុនមួយឈ្មោះថា Fiamma នៅសង្កាត់ Orange County ក្នុងទីក្រុង Orlando នៃ Florida កាលពីពីខែមុន បានបង្ហាញខ្លួននៅកន្លែងបំពេញការងារចាស់របស់ខ្លួន ជាមួយនិងកាំភ្លើងខ្លីមួយដើម ហើយបានបាញ់សម្លាប់អតីតអ្នករួមការងារចំនួន០៤នាក់ នៅមុនពេលធ្វើអត្តឃាតខ្លួនឯង ហើយក្រោយមកជនរងគ្រោះម្នាក់ទៀតបានបាត់បង់ជីវិត បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ប៉ូលិសអាមេរិក បានបញ្ជាក់ថា ករណីនេះពុំមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះឡើយ ខណៈមនុស្សចំនួន០៧នាក់ផ្សេងទៀត ដែលមានវត្តមាននៅក្រុមហ៊ុន Fiamman បានរួចផុតជីវិត៕

យ៉េមែន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរបានចេញផ្សាយថា ប្រទេសយ៉េមែន ដែលកំពុងវីវក់នឹងសង្គ្រាមបែកបាក់ផ្ទៃក្នុងនោះក៏បានប្រកាសផ្តាច់ទំនាក់ទំនងការទូត ជាមួយប្រទេសកាតា ដែលជាក្រុមប្រទេសអារ៉ាប់ និងស្ថិតក្នុងបណ្តារដ្ឋឈូងសមុទ្រ (Gulf states) ដូចគ្នានោះ។
ការប្រកាសនេះធ្វើឡើងដោយរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសយ៉េមែន គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រទេសសម្ព័ន្ធមិត្តនានាដូចជា អារ៉ាប៊ីសាអូឌីត, បារ៉ែន, អេហ្ស៊ីប និងអេមីរ៉ាត់អារ៉ាប់រួមបានសម្រេចផ្តាច់ទំនាក់ទំនងទាំងស្រុង គ្រប់ទម្រង់ជាមួយប្រទេសកាតា។ បន្ថែមពីការកាត់ផ្តាច់ចំណងការទូតនេះ ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសមួយចំនួនទៀត ក៏បានកាត់ផ្តាច់ទំនាក់ទំនងរវាងព្រំដែនទឹកដី អាកាស និងសមុទ្រ ជាមួយកាតាថែមទៀត
គួរបញ្ជាក់ថា ការប្រកាសផ្តាច់ទំនាក់ទំនងនេះដោយសារប្រទេសអារ៉ាប៊ីសាអូឌីតបានរកឃើញថា កាតាបានគាំទ្រដល់ពួកភេរវករ និងលួចឧបត្ថម្ភក្រុមជ្រុលនិយមនានា ដែលមានសម្ព័ន្ធនឹងប្រទេសអ៊ីរ៉ង់៕

ខេត្តកណ្តាល ៖ ប្តីប្រពន្ធមួយគូទាស់ពាក្យសម្តីគ្នាតិចតួចឈានដល់ហិង្សាទាញកាំបិតចាក់ប្រពន្ធឲ្យរងរបួសធ្ងន់ ហើយបន្ទាប់មកយកកាំបិតមកចាក់ខ្លួនឯងឲ្យរងរបួសធ្ងន់ ដែលករណីអំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀន ស្វាយខេត្តកណ្តាល។
ជនរងគ្រោះដែលត្រូវជាប្រពន្ធ ឈ្មោះ លឹម សុខអេង អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល, ចំណែកជនល្មើសត្រូវជាប្តី ឈ្មោះ ដន ភារិន អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅកំណើតភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបញ្ជាក់ថា មុននឹងបង្កឲ្យមានហិង្សា ពីរនាក់ប្តីប្រពន្ធមួយគូនេះ បានឈ្លោះប្រកែកគ្នា នៅក្នុងបរិវេណសាលាបឋមសិក្សាកំពង់ស្វាយ បន្ទាប់មកជនល្មើសជាប្តីបានយកកាំបិតសាំងគីម ចាក់ទៅលើជនរងគ្រោះជាប្រពន្ធមួយកាំបិតចំពោះ ហើយក៍បានយកកាំបិតចាក់ទៅលើខ្លួនឯង ចំនួនពីរកាំបិតទៀត បណ្តាលឲ្យរងរបួសទាំងសងខាង បន្ទាប់មកក៍មានបងប្អូនសាច់ញាតិ មកយកអ្នកទាំងពីរទៅព្យាបាលនៅឯមន្ទីរពេទ្យ។
ករណីបង្កហិង្សាដែលបណ្តាលឲ្យរបួសទាំងពីរនាក់ប្តី ប្រពន្ធខាងនេះត្រូវបានកម្លាំងជំនាញ សហការជាមួយប៉ូលីសប៉ុស្តិ៍ និងចុះពិនិត្យដល់កន្លែងកើត ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕


ដោយ ៖ បក្សីចាំក្រុង
ភ្នំពេញ ៖ អតីតអ្នកប្រដាល់ជើងចាស់ម្នាក់ដែលធ្លាប់មានឈ្មោះបោះសម្លេងក្នុងវិស័យកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរអំឡុងឆ្នាំ២០១៣ ក្រោយពេលទទួលបានប្រជាប្រិយភាពនិងការគ្រាំទ្រ ពីអ្នកស្នេ ហាវិស័យកីឡាប្រដាល់ លោកបានចងសម្ព័ន្ធសេ្នហាជាមួយនារីភ្នំពេញម្នាក់ រហូតឈានដល់រៀបមង្គលអពាហ៍ពិពាហ៍រួមរស់ជាមួយគ្នាដោយបានចំណងដៃកូនស្រីម្នាក់ ហើយបានលះបង់អាជីពជាអ្នកប្រដាល់ទៅប្រកបរកចិញ្ចឹមជីវិតយ៉ាងសាមាញ្ញ ក្រោយក្រោយពេលរួមរស់ជាមួយគ្នាអស់រយៈពេល៤ឆ្នាំធ្វើអោយអ្នកទាំង២រស់នៅមិនចុះសម្រុងនឹងគ្នា បែជាបបួលគ្នាមកសាលាសង្កាត់ កាលពីវេលាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ក្នុងហេតុផលរៀងៗខ្លួនម្យ៉ាងចង់លែងលះគ្នា។
បុរសជាប្តីដែលមានឈ្មោះ ថៃ ប៊ុនហាន អាយុ៣៨ឆ្នាំ ជាអតីតអ្នកប្រដាល់ បច្ចុប្បន្នប្រកបរបរ ឆ្លៀតពេលធ្វើការតាមហាង ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ខាងខេត្តកំពង់ស្ពឺ ។ ចំណែកប្រពន្ធមានឈ្មោះ រ៉ាយ សុខនៅ អាយុ២៧ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ គ្រួសារខាងលើមានកូនស្រីម្នាក់ អាយុទើបបាន២ខួប ជាចំណងស្នេហ៍នៃអាពាហ៍ពិពាហ៍ ។
តាមសម្តីរបស់ប្រពន្ធបសនទាំងទឹកភ្នែកថា ពួកគាត់បានរៀបការជាមួយគ្នាអស់រយៈពេលជាង៤ឆ្នាំកន្លងមកហើយ ទោះជាស្ថានភាពជីវភាព ក្រក្សត់ រកប្រាក់ចំណូលបានត្រឹមហូប រកសល់មិនឃើញ ។ ស្ត្រីដែលជាប្រពន្ធបានបន្តទាំងអួលដើម. កទៀតថា ក្រោយពីរៀបការ ក្លាយជាប្តីប្រពន្ធ បាន១ឆ្នាំ មកប្តី របស់ខ្លួនរងគ្រោះបាក់ដៃ ទើបឡើងប្រកួតវិញលែងបានក៏ផ្អាកឈប់ទៅ ហើយបានដើរតែលតោល បែជាទៅចាប់យកអាជីពជាអ្នកផឹកប្រមឹកវិញ ការងាររកស៊ីមិនច្បាស់លាស់ ថ្ងៃណាក៏ផឹក យប់ណាក៏ស្រវឹង បាត់អស់ហើយពាក្យស័ព្ទ ពិរោះពិសារ សុទ្ធសឹងតែគំរោះគំរើយ ផឹកគ្មានថ្ងៃណាស្វាង លុះត្រាណាបិទភ្នែកដេកលក់នោះទើបផ្អាកផឹក។
ការយកស្រាជាត្រីមុខ ជាបញ្ហាមួយប្រឈមជាមួយគ្រួសារ កើតក្លាយជាទំនាស់ទាស់សម្តី មាត់ធ្ងន់មាត់តូចដាក់គ្នាគ្មានលួសថ្ងៃណា ក្លាយទៅជារឿងអមង្គលក្នុងគ្រួសារ ជម្រិញជ្រិញដូចខ្ទឹមជ្រក់ទៅហើយ ការងារអ្វីក៏មិនជួយរកជួយធ្វើដឹងតែបើកភ្នែកឡើងគឺផឹក រហូតដល់ទ្រាំលែងបាន ទោះជាមានកូនស្រីម្នាក់ក៏ដោយ ដាច់ចិត្ត ព្រមដាក់កាយ ឯកភាពគ្នាលែងលះតែម្តង។
តាមសម្តីលោក ថៃ ប៊ុនហាន ដែលត្រូវជាប្តីបានរៀបរាប់ទាំង ក្នុងស្ថានភាពជាក់ស្តែង (ស្រវឹងជោគ) ពេលដែលមកដល់សាលាសង្កាត់ បានឲ្យដឹងថា ខ្លួនប្រហែលជាអស់និស្ស័យជាមួយប្រពន្ធខ្លួនទៀតហើយ ថ្ងៃណាក៏ជេរ ថ្ងៃណាក៏រអ៊ូរ ខ្លួនសុខចិត្តលែងដោយគ្មានអ្នកណាបង្ខំឡើយ តែសុំតែម្យ៉ាង ពេលដែលចុះចេញទៅ គឺសុំយកកូនស្រីទៅជាមួយហើយ ។ តែការលើកឡើង ការស្នើរសុំ របស់លោក ថៃ ប៊ុនហាន នៅចំពោះមុខភរិយា ត្រូវបាន ម្តាយក្មេក បដិសេដ្ឋមិនឲ្យកូនស្រីទៅរស់នៅជាមួយប្តីឡើយ កាលបើស្រវឹងខួបចឹង។
ប្តីប្រពន្ធខាងលើ ថ្វីបើបបួលគ្នាមកសុំធ្វើការលែងលះ ដោយស្ម័គចិត្តក៏ពិតមែន ពុំមាន ទាន់មានដំណោះស្រាយអ្វីនៅឡើយទេ ព្រោះពេលនោះពុំទាន់មានវត្តមាន ចៅសង្កាត់ ឬមន្ត្រីសាលាសង្កាត់ឡើយ ដោយសារជាប់រវល់ រឿងលទ្ធផលបោះឆ្នោត ទើបប្តីប្រពន្ធខាងលើនាំគ្នាចាកចេញទៅវិញ៕


ខេត្តបាត់ដំបង ៖ រថយន្តដឹកដី១គ្រឿងបើកក្នុងល្បឿនលឿនជ្រុលទៅបុកអ្នកជិះម៉ូតូពេញទំហឹង បណ្តាលអោយស្លាប់ម្នាក់កណ្តាល ក្រុងបាត់ដំបង។ កម្លាំងជំនាញរបស់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបានអោយដឹងថា ភាគីបង្ករអ្នកបើកបររថយន្តក្រោយពេលកើតហេតុត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនបាន មានឈ្មោះ ធឿត សម័យ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបរឡានដឹកជញ្ជូនដី មានទីលំនៅក្នុងភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំណែកជនរងគ្រោះស្លាប់ជាបុរសមិនស្គាល់អត្តសញ្ញាណ សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ លើបណ្តោយផ្លូវជាតិលេខ០៥ ត្រង់ចំណុចផ្លូវបំបែកជា៤ ស្ថិតក្នុងភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។
ប្រភពព៌តមានចេញពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលគ្រោះថ្នាក់កើតឡើងគេឃើញរថយន្តបើកបរក្នុងទិសដៅផ្ទុយគ្នាពីត្បួងទៅជើង ដល់ចំណុចគ្រោះថ្នាក់បានជ្រុលចង្កូតបុកនិងជាន់ម៉ូតូ០១គ្រឿងយ៉ាងពេញទំហឹងទាំងកំរោលខូចខាតខ្ទេចខ្ទីទាំងស្រុងបណ្តាលអោយអ្នកបើកបរស្លាប់ភ្លាមៗនៅកន្លែង។
រថយន្តបង្កម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង៣A-១១១៨ បច្ចុប្បន្នទាំងម្ចាស់ និងរថយន្តត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោករក្សាទុកដើម្បីអនុវត្តតាមនីតិវិធី៕


រីយ៉ាដ ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ៤ប្រទេសនៅក្នុងពិភពអារ៉ាប់បានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូត និងរាល់ទំនាក់ទំនងដែនទឹក និងអាកាស ជាមួយប្រទេសកាតា នៅថ្ងៃចន្ទនេះ ដោយចោទប្រទេសកាតាថា ជារដ្ឋគាំទ្រភេរវកម្ម។
សារព័ត៌មានដដែលបញ្ជាក់ថា ប្រទេស៤នោះរួមមាន ៖ អារ៉ាប៊ីសាអូឌីត, អេមីរ៉ាត់អារ៉ាប់រួម, អេហ្ស៊ីប និងបារ៉ែន ដោយទីក្រុងរីយ៉ាដបានអះអាងថា ការធ្វើបែបនេះគឺជារឿងចាំបាច់ ដើម្បីការពារប្រទេសរបស់ខ្លួនពីភេរវកម្ម និងសកម្មភាពជ្រុលនិយម។
តាមការបញ្ជាក់ពីក្រុមមន្ត្រី អារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា ទីក្រុងរីយ៉ាដ បានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងការទូត និងស្ថានកុងស៊ុលជាមួយប្រទេសកាតា ក្រោមហេតុផលនៃការអនុវត្តសិទ្ធិអធិបតេយ្យភាព ដែលធានាដោយច្បាប់អន្តរជាតិ និងការពារសន្តិសុខជាតិពីគ្រោះថ្នាក់បង្កឡើងដោយ ក្រុមភេរវករ និងសកម្មភាពជ្រុលនិយម៕

ខេត្តព្រះវិហារ ៖ ដោយសារតែទំនាស់ពាក្យសម្តីគ្នារវាងជនបង្ក និងជនរងគ្រោះ ធ្វើអោយជនសង្ស័យទ្រាំមិនបានក៏បានទៅយកកាំបិតខ្វាវមកកាប់ជនរងគ្រោះបណ្តាលឲ្យដាច់ស្មាខាងឆ្វេង ស្លាប់នៅនឹងកន្លែងកើតហេតុ។ ករណីនេះកើតឡើងនៅវេលាម៉ោង១៧ និង៤៥នាទីល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិពោធិខឿន ឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយឈ្មោះ ជឹង ម៉ុន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិស្រឡៅទូង ឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ចំណែកជនរងគ្រោះឈ្មោះ យុទ្ធ អូន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឃុំកើតហេតខាងលើ។
ក្រោយកើតហេតុកម្លាំងនគរបាលស្រុកត្បែងមានជ័យបានចុះទៅឃាត់ខ្លួនជនសង្ស័យ ដើម្បីយកមកធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕


ខេត្តបន្ទាយមានជ័យ ៖ អាវុធសម្រាប់ធ្វើសឹកសង្គ្រាម និងគ្រាប់រំសេវ ដែលជាយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ យ៉ាងច្រើនសន្ធឹកសន្ធាប់ ត្រូវបានគេប្រទះឃើញធ្លាក់ចេញពីរថយន្តមួយគ្រឿង ខណៈ ដែលរថយន្តនោះបើកលឿនធ្លាក់ផ្លូវហើយត្រូវក្រឡាប់ចូលក្នុងប្រឡាយទឹក ដែលភ្លាមៗ នោះគេកំពុងសង្ស័យថា អាចមានពាក់ព័ន្ធនឹងរថយន្តរបស់ខ្មែរមួយគ្រឿងទៀតដែលបានបើកបរឆ្លងដែនចូលទៅតាមក្រោយ ។
របាយការណ៍ដែលយើងទទួលបានពីសារព័ត៌មានថៃ បានបញ្ជាក់ថា ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩ និង ៣០ នាទីព្រឹក ថ្ងៃទី ៣ ខែមិថុនាឆ្នាំ២០១៧ ត្រង់ចំណុចអូរសុន ស្ថិតក្នុងឃុំឡែមកាឡាត់ ស្រុកមឿង ខេត្ត្តត្រាតប្រទេសថៃ ។ របាយការណ៍បានបន្តថា នៅមុនពេលកើតហេតុគឺគេបានប្រទះឃើញមានរថយន្តមួយគ្រឿង ម៉ាក អ៊ីស៊ុយៗ ឌីមេក ព៌ណខ្មៅ ពាក់ស្លាកលេខ ១៥១០ ( មានសញ្ញាកងចក្រ )ដែលបើកបរដោយជនជាតិថៃម្នាក់ឯង ។ ស្ថិតក្នុងល្បឿនយ៉ាងលឿននោះ នៅពេលមកដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតធ្លាក់ចេញពីផ្លូវ ក្រឡាប់ចូលក្នុងប្រឡាយទឹកតែម្តង ដោយភ្លាមៗនោះដែរ ក្រុមតម្រួតបានចុះមកដល់ក៏បានប្រទះឃើញមានអាវុធ និងគ្រាប់រំសេវជាច្រើននៅក្នុងរថយន្ត ទើបត្រូវឃាត់ខ្លួនអ្នកបើកបរជាបណ្តោះអាសន្ន ដើម្បីនាំខ្លួន យកទៅសាកសួរ ។
អាវុធដែលសមត្ថកិច្ចធ្វើការដកហូតនោះរួមមាន កាំភ្លើងខ្នាត ៧,៦២ មីល្លីម៉ែត្រ ចំនួន៤ដើម កែវស៊ីបសម្រាប់បំពាក់លើកាំភ្លើងខ្នាត ៧,៦២ មីល្លីម៉ែត្រ ចំនួន១ បង់កាំភ្លើងខ្នាត ៧,៦២មីល្លីម៉ែត្រ ចំនួន៤បង់ កាំភ្លើងធុន អាកា៤៧ ចំនួន២៩ដើម ក្នុងនោះមាន ស្វ័យបត់ ចំនួន១០ដើម បង់កាំភ្លើងអាកា៤៧ ខ្នាត៣០គ្រាប់ ចំនួន៣៦បង់ បង់កាំភ្លើងខ្នាត៥,៥៦ មីល្លីម៉ែត្រ ចំនួន២ គ្រាប់បែកដៃ១គ្រាប់ គ្រាប់ខ្នាត ៩មីល្លីម៉ែត្រ ចំនួន១០ គ្រាប់ គ្រាប់កាំភ្លើងធុន អឹម ៧៩ ចំនួន៥៣គ្រាប់ គ្រាប់កាំភ្លើង អាកា៤៧ ចំនួន ៤ ១៤៧ គ្រាប់ វិទ្យុទាក់ទងភ្ជាប់រថយន្ត និងរីម៉ូត ១ឈុត ។ នៅថ្ងៃដដែលនោះដែរវេលាម៉ោង ១០ ព្រឹក មានរថយន្តកម្ពុជា១គ្រឿង ម៉ាកឡង់រឺវ៊ែរព៌ណស ពាក់ស្លាកលេខ 2AD-5629 បានបើកបរឆ្លងដែន និងឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនរបស់ថៃ កម្ពុជា ត្រង់ចំណុចឃុំហាតលេក ស្រុកខ្លងយ៉ៃ ខេត្តត្រាតដោយមានការសង្ស័យ ខ្លាចមានការពាក់ព័ន្ធទៅនឹងករណីទី១ ទើបសមត្ថកិច្ចថៃ បានឃាត់រថយន្ត និងអ្នកបើកបរយកទៅកាន់ស្ថានីយ៍តម្រួតថៃ ដើម្បីធ្វើការសាកសួរ ដោយរហូតមកទល់នឹងពេលនេះយើងនៅមិនទាន់បានទទួលនូវព័ត៌មានលម្អិត ណាមួយ នៅឡើយទេ ពាក់ព័ន្ធនឹងការនាំអាវុធខុសច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ៕


ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ពលករខ្មែរប្រុសស្រីចំនួន១៦នាក់ ដែលចូលទៅធ្វើការព្រឹកវិលល្ងាច តាមច្រកបឹងត្រកួនទៅក្នុងទឹកដីថៃ ត្រូវបានសមត្ថកិច្ចថៃស្រុកតាប្រាយ៉ាចាប់ខ្លួនកាលពីល្ងាចថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០១៧។
ក្រោយចាប់ខ្លួនពលករខ្មែរទាំង១៦នាក់នោះ សមត្ថកិច្ចស្រុកតាប្រាយ៉ា បានចាត់បញ្ជូនភ្លាមៗទៅកាន់ខេត្តស្រះកែវ ដើម្បីដាក់ឃុំក្នុងពន្ធនាគារ ហើយមានតែក្មេង២នាក់ប៉ុណ្ណោះ ដែលត្រូវបានដោះលែងឲ្យវិលត្រឡប់មកផ្ទះសម្បែងខ្លួនវិញ ដោយលេសថា មិនទាន់គ្រប់អាយុ។
យោងតាមសម្តីសមត្ថកិច្ចប្រចាំនៅច្រកបឹងត្រកួននៃស្រុកថ្មពួកបានឲ្យដឹងថា សមត្ថកិច្ចថៃបានធ្វើការចោទប្រកាន់ទៅលើពលករខ្មែរទាំង១៤នាក់ថា បានធ្វើការខុសច្បាប់ក្នុងទឹកដីខ្លួនហើយកំពុងដាក់សំណុំរឿងឲ្យទៅតុលាការជំនុំជម្រះ។
សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែមិថុនានេះ សមត្ថកិច្ចចម្រុះឈរជើងនៅចំណុចច្រកបឹងត្រកួនរួមទាំងអាជ្ញាធរឃុំគោករមៀតបានធ្វើការទំនាក់ទំនងជាមួយសមត្ថកិច្ចស្រុកតាប្រាយ៉ា ដើម្បីសុំឲ្យមានការដោះលែងពលករខ្មែរទាំងអស់ឲ្យមានសេរីភាពឡើងវិញដោយអនុវត្តទៅតាមកិច្ចព្រមព្រៀងទ្វេភាគីតែភាគីថៃបានលើកឡើងថា សម្រេចលើតុលាការខេត្តស្រះកែវ ព្រោះបានបញ្ជូនដល់ដៃតុលាការហើយ។ដោយការចរចារមិនអាចដោះស្រាយបាន នៅរសៀលថ្ងៃទី៣ ខែមិថុនានេះ មានក្រុមរថយន្តជាច្រើនគ្រឿង ដែលជាបងប្អូនសាច់ញាតិរបស់ពលករជាប់ឃុំបាននាំគ្នាមកឈប់ចតបិទមាត់ច្រកបឹងត្រកួន ដើម្បីមិនឲ្យរថយន្តធំៗរបស់ពលរដ្ឋថៃ ដែលចូលមកទិញ នឹងដឹកដំឡូងក្នុងភូមិសាស្ត្របឹងត្រកួនអាចវិលត្រឡប់ចូលទៅទឹកដីខ្លួនវិញបានទេ។ ការបិទនេះ គឺដើម្បីទាមទារឲ្យមានការដោះលែងបងប្អូនជាពលករទាំងអស់នោះមកវិញ៕

រាជធានីភ្នំពេញ ៖ លទ្ធផលបឋមក្រៅផ្លូវការដែលទទួលបានពីតាមបណ្តាខេត្តនានាៗបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានបន្តឈ្នះដោយ គ្រប់គ្រងឃុំ/សង្កាត់ភាគច្រើន ជាថ្មីម្តងទៀត ក្នុងចំណោមឃុំ/សង្កាត់សរុប ១៦៤៦ឃុំ/សង្កាត់ នៅទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ គឺគណបក្សប្រជាជនកម្ពុជា ឈ្នះបានចំនួន១១៦៣ឃុំសង្កាត់, គណបក្សសង្គ្រោះជាតិ ឈ្នះបាន ៤៨២ឃុំសង្កាត់ និងគណបក្សខ្មែររួបរួមជាតិ ឈ្នះ១ឃុំសង្កាត់៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍