រាជធានីភ្នំពេញ ៖ គណបក្ស សម រង្ស៊ី នៅវេលាម៉ោង៩ និង០០ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ នឹងបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីផ្លាស់ប្តូរឈ្មោះគណបក្សជាថ្មី ដើម្បីឲ្យស្របតាមច្បាប់ គណបក្សនយោបាយថ្មី ខណដែលកិច្ចប្រជុំនោះធ្វើឡើងនៅស្នាក់ការ៥៧៦ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
អាចនិយាយថា នេះជាការចេញដំណើរមុនគេរបស់គណបក្ស សម រង្ស៊ី ក្នុងការអនុវត្តច្បាប់ស្តីពីគណបក្សនយោបាយ ខណៈពេលរសៀលនេះគណបក្សសង្គ្រោះជាតិ ក៏នឹងប្រជុំថ្នាក់កំពូល ដើម្បីកំណត់អំពីការផ្លាស់ប្តូរស្លាកគណបក្សនយោបាយ ដែលមានរូប លោក សម រង្ស៊ី និង លោក កឹម សុខា ផងដែរ៕

ម៉ានីល ៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងថា សង្គ្រាមប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀន នឹងនៅតែបន្តប្រព្រឹត្តទៅយ៉ាងសកម្មជាទីបំផុត ដោយគ្មានការបន្ធូរបន្ថយដៃជាដាច់ខាត ទោះបីជាមានការរិះគន់ខ្លាំងៗពីសំណាក់មេដឹកនាំពិភពលោកមួយចំនួន និងក្រុមអង្គការសិទ្ធិមនុស្សក៏ដោយ។ លោកថ្លែងបែបនេះនៅចំពោះមុខសភា ក្នុងឱកាសនៃការថ្លែងសារជាតិប្រចាំឆ្នាំជាលើកទីពីរ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។
មេដឹកនាំហ្វីលីពីនវ័យ៧២ឆ្នាំរូបនេះបានថ្លែងថា «ជនជួញដូរឬប្រើប្រាស់គ្រឿង គឺជាឬសគល់នៃអំពើដ៏អាក្រក់ៗនិងការរងទុកវេទនាជាច្រើន ដែលបានធ្វើឲ្យសង្គមហ្វីលីពីនមានភាពចុះខ្សោយ ហើយបានបណ្តាលឲ្យវិនិយោគិនបរទេស មិនហ៊ានមកបណ្តាក់ទុននៅក្នុងប្រទេសមួយនេះ។ ដូច្នេះហើយសង្គ្រាមគ្រឿងញៀន នឹងមិនអាចបញ្ចប់នោះឡើយ រហូតទាល់តែជនទាំងឡាយ ដែលពាក់ព័ន្ធ ក្នុងបទឧក្រិដ្ឋនេះ យល់ច្បាស់ថាពួកគេត្រូវតែបន្ថយ និងបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ ព្រោះថាបើមិនដូច្នោះទេ គឺមានតែគុកច្រវ៉ាក់ ឬឋាននរកតែប៉ុណ្ណោះរង់ចាំពួកគេ»។
សូមជម្រាបថា ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនដ៏បង្ហូរឈាម ដែលបើតាមរបាយការណ៍មួយចំនួនបានឲ្យដឹងថា បានផ្តាច់យកជីវិតជនសង្ស័យអស់រាប់ពាន់នាក់៕

ខេត្តព្រះសីហនុ ៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា រថភ្លើង២ខ្សែ ដោយ១ខ្សែដឹងកុងតឺន័រ និង១ខ្សែទៀតដឹកប្រេងបានបុកគ្នា ដែលករណីនេះកើតឡើងនៅវេលាម៉ោង១២ និង០៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកក្កដានេះ នៅចំណុចភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា គ្រោះថ្នាក់រថភ្លើងបុកគ្នានេះ បណ្តាលឲ្យក្បាលរថភ្លើងទាំងពីរធ្លាក់ចេញពីផ្លូវ ខូចខាតធុងទឹកចំណុះ២,៥០០លីត្រ និងផ្ទះបាយប្រជាពលរដ្ឋ២គ្រួសារ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាពលរដ្ឋឡើយ៕


រាជធានីភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិបានព្រមាននឹងចាត់វិធានការរាល់អ្នកលេង Facebook ដែលបង្ហោះខ្លឹមសារផ្ទុយពីច្បាប់ នាំឲ្យមានភាពចលាចលក្នុងសង្គម និងប៉ះពាល់ដល់សណ្ដាប់ធា្នប់សាធារណៈ សន្ដិសុខជាតិ ព្រមទាំងកិត្តិយសថ្នាក់ដឹកនាំ ។
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានព្រមានដូច្នេះបន្ទាប់ពីមួយរយៈចុងក្រោយនេះនៅតាមបណ្ដាញទំនាក់ទំនងសង្គម Facebook មួយចំនួនតែងតែបង្ហោះនូវព័ត៌មានដែលមិនមែនជាការពិត ហើយខ្លះទៀតរហូតដល់ការប្រមាថអាយុជីវិតថ្នាក់ដឹកនាំកំពូលថែមទៀត។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការសន្ដិសុខការងារសណ្តាប់ធ្នាប់ សង្គមប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបញ្ជាក់ថា ភារកិច្ចរបស់នគរបាល ត្រូវតែធ្វើម៉ិចរក្សា សន្ដិសុខសង្គម មានន័យថាកុំឲ្យគេប្រើអាហ្នឹង (Facebook) ប្រព្រឹត្តបទល្មើសកុំឲ្យគេប្រើអាហ្នឹងទៅបំពុលបរិយាកាស ដែលបង្កឡើងនូវអសន្ដិសុខ ឬក៏ធ្វើបាបប្រជាពលរដ្ឋ ចឹងសំខាន់បំផុតនគរបាលជាអ្នកអនុវត្តន៍ច្បាប់ ចឹងនគរបាលមើលអ្វីៗទាំងអស់ហ្នឹង ហើយផ្ទៀងផ្ទាត់ជាមួយច្បាប់បើការបង្ហោះហ្នឹង ការប្រើប្រាស់ហ្នឹងវាសមស្របមានផលប្រយោជន៍ដល់សង្គម វាមិនបញ្ហាប៉ុន្ដែបើការ បង្ហោះហ្នឹងវាប៉ះពាល់ និយាយរួមគឺបំពានច្បាប់ ឲ្យតែបំពានច្បាប់នគរបាលនឹងចាត់ចែងអនុវត្តហើយ»។
លោក គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងដែរថា សព្វថ្ងៃនេះដើម្បីទប់ស្កាត់បញ្ហាទាំងអស់នោះ អគ្គស្នងការនគរបាលជាតិ បានបង្កើតនូវ នាយកដ្ឋានមួយ គឺនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ថ្វីត្បិតតែនាយកដ្ឋាននេះទើបបង្កើតឡើង ក៏ប៉ុន្ដែមានសមត្ថភាព គ្រប់គ្រាន់លើការស្រាវជ្រាវ និងតាមដានការងារទាំងអស់នោះ ៕

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចបានចាប់វ៉ៃខ្នោះជនដៃដល់៤នាក់ ខណៈដែល៣នាក់ទៀតកំពុងរត់គេចខ្លួន បន្ទាប់ពីពួកគេបានរៀបចំគម្រោង សម្លាប់ប្ដីរហូតបានសម្រេច ព្រោះតែស្រឡាញ់ប្រពន្ធរបស់គេ ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងបញ្ជាក់ថា មេខ្លោង និងបក្ខពួកចំនួន៤នាក់ ក្នុងចំណោម៧នាក់ ដែលបានរៀបចំផែនការសម្លាប់ជនរងគ្រោះ នៅចំណុចផ្លូវទៅចំការត្របែក ក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ នោះត្រូវបានបង្ក្រាបហើយ បន្ទាប់ពីធ្វើសកម្មភាពបាន២ម៉ោង ខណៈដែលបក្ខពួក៣នាក់ទៀត កំពុងរត់គេចខ្លួន។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មេក្លោងដែលជាអ្នករៀបចំផែនការ នៃការសម្លាប់ជនរងគ្រោះនេះ គឺបានទាក់ទងប្រពន្ធជនរងគ្រោះហើយបែកគំនិត ឈានទៅដល់ការសម្លាប់ ដោយចោទជនរងគ្រោះជាអ្នកញៀនថ្នាំ រហូតហៅបក្ខពួកមកវាយសម្លាប់តែម្ដង។
លោកបានបន្ដថា មុនសម្លាប់ជនរងគ្រោះឈ្មោះ ជា រ័ត្នថុល គឺជនសង្ស័យបានរៀបចំផែនការ រហូតទៅប្រាប់អាចារ្យនៅវត្តពង្រ ដើម្បីឲ្យរៀបចំដុតជនរងគ្រោះដោយប្រាប់ថា ជាបងប្អូនរបស់ខ្លួនកើតជំងឺថ្លើម ប៉ុន្ដែមិនទាន់បានដុតផងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្ដង។
ចំណែកប្រពន្ធជនរងគ្រោះ ក្រោយការសួរនាំពីសមត្ថកិច្ចគឺមិនមានការពាក់ព័ន្ធនោះឡើយ ហើយគម្រោងសម្លាប់ជនរងគ្រោះនេះ គឺជាផែនការរបស់ក្រុមសង្ស័យតែប៉ុណ្ណោះ ៕


រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ គណបក្សសង្គ្រោះជាតិ រួមទាំងគណបក្ស សម រង្ស៊ី នឹងបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីការកែប្រែ ឈ្មោះ និងស្លាកគណបក្សឱ្យស្របតាមច្បាប់ស្តីពីគណបក្សនយោបាយថ្មី ។ តាមព័ត៌មានទទួលបានស្លាកគណបក្សសង្គ្រោះជាតិថ្មីនេះ នឹងត្រូវដករូប លោក សម រង្ស៊ី ចាប់ដៃជាមួយ លោក កឹម សុខា ចេញ ខណៈដែលគណបក្ស សម រង្ស៊ី គេមិនទាន់ដឹងថា តើគេគ្រោងនឹងដាក់ឈ្មោះ និងរូបសញ្ញាយ៉ាងម៉េចនោះឡើយ ៕

ដោយ ៖ ប៉ែន សុផល
ខេត្តបាត់ដំបង ៖ មានការភ្ញាក់ផ្អើលបានមួយកើតឡើងតាំងពីវេលាម៉ោង៦ និង៣០នាទីថ្ងៃទី២៤ ខែកក្កដានេះក្នុងចំណុចក្បែរស្ពានថ្មចាស់មុខសាសាខេត្តបាត់ដំបង មកដល់ម៉ោងនេះសមត្ថកិច្ចបានបញ្ជក់ថាសាកសពនៅមិនទាន់ស្គាល់ពីអត្តសញ្ញាណនៅឡើយ។ សាកសពមានសណ្ឋានស្លៀកខោខ្លីខ្មៅ គ្មានអាវ ភេទប្រុស អាយុប្រមាណជាង៣០ឆ្នាំ ។
ប្រភពប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានបញ្ជាក់ថា ជនរងគ្រោះត្រូវបានអ្នកភូមិឃើញដើរចុះទៅងូតទឹកម្នាក់ឯងកាលពីល្ងាចថ្ងៃទី២២ ខែកក្តដាមួយសន្ទុះក្រោយមកអ្នកនេសាទត្រីបានឃើញជនរងគ្រោះលង់ទឹកដោយស្រវេស្រវាអណ្តែតតាមខ្សែទឹកដែលកំពុងឡើងខ្លាំងហើយក៍ទឹកគួចលិចបាត់តែម្តង បង្កការភ្ញាក់ផ្អើលម្តងរួចមកហើយ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅក្នុងវត្តក្បែរនោះរង់ចាំក្រុមគ្រួសារមកទទួល៕


ដោយ ៖ ប្រុញ វិធិន
ខេត្តក្រចេះ ៖ នគរបាលស្រុកស្នួល បញ្ជូនខ្លួនបុរសម្នាក់ទៅកាន់សាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែកក្កដានេះ ក្រោយពេលដែលជនសង្ស័យរូបនោះ បានបង្កហិង្សាក្នុងគ្រួសារ និងបំផ្លេចបំផ្លាញទ្រព្យសម្បត្តិ៍អ្នកដទៃ និងព្យាយាមរត់គេចខ្លួននោះ។
លោកវរសេនីយ៍ឯក ចាន់ សុគីម អធិការស្រុកស្នួល បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ មានករណីហឹង្សាមួយបានកើតឡើងនៅចំណុចភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។ បង្កឡើងដោយបុរសជាប្តីឈ្មោះ គង់ សំអឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មកលើប្រពន្ធឈ្មោះ អឿន សំរស់ ហៅ ស្រីនាង ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ តែមិនបានសម្រេចក៏បញ្ចេញកំហឹងដាក់ម៉ូតូរបស់ឈ្មោះ ជិន ស៊ីគួន ភេទប្រុស អាយុ៣៦ឆ្នាំ ដែលជាអ្នកជិតខាងរស់នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួលជាមួយគ្នា បណ្តាលឲ្យខូចខាតទាំងស្រុង ។
លោកអធិកាស្រុកស្នួល បញ្ជាក់បន្ថែមថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងអធិការរដ្ឋាននគរបាលស្រុកស្នួល បញ្ជូនខ្លួនទៅស្ថាប័នអយ្យាការអមសាលាដំបូងរួចរាល់ហើយកាលពីថ្ងៃម្សិលមិញនេះ ដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់ ។
បើយោងតាមសម្តីរបស់ស្ត្រីរងគ្រោះ ត្រូវជាប្រពន្ធ ឈ្មោះ អឿន សំរស់ បានឲ្យដឹងថា នៅថ្ងៃកើតហេតុនោះ គាត់បានខ្ចីម៉ូតូមួយគ្រឿងពីឈ្មោះជិន ស៊ីគួន ម៉ាកហុងដាវេវ អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ដើម្បីជិះត្រឡប់ទៅផ្ទះជាមួយកូនតូចៗ០២នាក់។ លុះត្រឡប់មកដល់ផ្ទះវិញ គាត់ក៏បានឃើញប្តីរបស់ខ្លួនឈ្មោះ គង់ សំអឿន កំពុងផឹកស្រាសតែម្នាក់ឯងអស់០២លីត្រ ពេលនោះប្តីរបស់គាត់ បានមករករឿង ។ ឃើញដូច្នេះស្ត្រីរងគ្រោះក៏បានជិះម៉ូតូត្រឡប់មកជៀរជ័រកៅស៊ូវិញដូចធម្មតា ស្រាប់តែមួយសន្ទុះក្រោយមកប្តីរបស់គាត់ក៏បានជិះម៉ូតូដេញតាមពីក្រោយដោយមានកាន់កាំបិតផ្គាក់ ហើយបានដេញកាប់ទៅលើរូបគាត់ ប៉ុន្តែគាត់ដឹងខ្លួនមុនក៏រត់គេចបានទាន់ពេល ។ ពេលនោះជនសង្ស័យជាប្តី បានយកកាំបិតផ្គាក់កាប់ទៅលើម៉ូតូដែលប្រពន្ធជិះនោះ ធ្វើអោយខូតខាតទាំងស្រុង ដែលជាម៉ូតូខ្ចីពីឈ្មោះ ជិន ស៊ីគួន ហើយនៅក្រោយពេលបង្កហេតុរួច ជនសង្ស័យបានព្យាយាមរត់គេចខ្លួន ប៉ុន្តែគេចមិនផុតត្រូវសមត្ថកិច្ចតាមចាប់បានយកមកផ្តន្ទាទោសតាមច្បាប់។
ប្រភពដដែល បានបញ្ជាក់ថា កន្លងមកប្តីរបស់គាត់តែងតែផឹកស៊ីរករឿង និងបានប្រើអំពើហិង្សាទៅលើរូបគាត់ជាញឹកញាប់ផងដែរ ៕


រាជធានីភ្នំពេញ ៖ សម្ដេច ហ៊ុន សែន បានអះអាងជាថ្មីនៅថ្ងៃនេះថា មន្ទីរពេទ្យគន្ធបុប្ផានៅតែបន្តដំណើរការជានិច្ច ទោះបីមូលនិធិត្រូវកាត់ផ្ដាច់ និងអវត្តមានលោក វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ បិតាស្ថាបនិកមន្ទីរពេទ្យនេះក៏ដោយ ។
ការថ្លែងអះអាងបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេច ហ៊ុន សែន អញ្ជើញចូលរួមពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ « ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារ សង្គម២០១៦-២០១៧ កាលពី ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ៕

ខេត្តកំពង់ឆ្នាំង ៖ បុរសតិរិច្ឆានជាប្តីបានប្រើកាំបិតផ្គាក់កាប់ទៅលើប្រពន្ធរហូតស្លាប់ ដោយគ្រាន់តែមានជម្លោះក្នុងគ្រួសារបន្តិចបន្តួច ហើយរត់គេចខ្លួនបាត់ស្រមោល ដែលហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិជ្រងកៃស្នោ ឃុំឈូកស ស្រុកកំពង់ត្រឡាច។
បុរសជាប្ដីឈ្មោះ ទាំ សឹម ជាជនជាតិខ្មែរឥស្លាម ដែលមានស្រុកកំណើតភូមិដូងជ្រុះ ឃុំបឹងកក់កណ្តាល ស្រុកបាកាន ខេត្តពោធិ៍សាត់។ ចំណែកប្រពន្ធដែលជាជនរងគ្រោះឈ្មោះ ហឹម សំ រស់នៅភូមិជ្រងកៃស្នា ឃុំឈូកស ស្រុកកំពង់ត្រឡា ចខេត្តកំពង់ឆ្នាំង មានកូនប្រុស២នាក់ ទី១ឈ្មោះ ស៊ឹម សាហ្វី កូននិងទី២ឈ្មោះ សឹម សព្ទយ៉ាន អាយុ៣ខែប៉ុណ្ណោះ។ ប្តីដែលបានកាប់ប្រពន្ធនោះបានរត់គេចខ្លួន ហើយបានលីកាំបិតផ្គាក់ ដែលបានកាប់សម្លាប់ប្រពន្ធ រួចយកទៅតាមជាប់នឹងខ្លួនថែមទៀត៕

រាជធានីភ្នំពេញ ៖ សេចក្តីជូនដំណឹងមួយ របស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលព្យុះទី៨ឈ្មោះ សុនកា ( SONCA ) ដែលនឹងបង្កឲ្យមានភ្លៀងធ្លាក់ច្រើន ផ្ទៃសមុទ្រមានរលកខ្ពស់ៗ ហើយទឹកទន្លេក៏នឹងហក់ឡើងវិញជាថ្មី ។ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជានេសាទ និងប្រជាពលរដ្ឋធ្វើដំណើរតាមមាត់សមុទ្រ បង្កើនការប្រុងប្រយ័ត្ន ចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ដោយឥទ្ធិពលព្យុះ SONCA ៕


ខេត្តបន្ទាយមានជ័យ ៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចបានស្រាវជ្រាវ និងចាប់ខ្លួនឃាតករដែលរំលោភសម្លាប់នារីវ័យក្មេងម្នាក់ ទុកសពចោលកណ្តាលវាលស្រែ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបានហើយនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ។
សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងក្រុងសេរីសោភណ្ឌ បន្ទាប់ពីរូបគេធ្វើដំណើរមកពីស្រុកអូរជ្រៅ ហើយនៅពេលនេះ សមត្ថកិច្ចកំពុងនាំខ្លួនយកទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំនីតិវិធីចាត់ការតាមច្បាប់។
គួរបញ្ជាក់ថា នារីវ័យក្មេងអាយុ១៨ឆ្នាំម្នាក់ ត្រូវបានជនល្មើសរំលោភរួចសម្លាប់ចោល កណ្តាលវាលស្រែ នៅក្នុងភូមិលង្គ័ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧៕



រាជធានីភ្នំពេញ ៖ តុលាការបានសម្រេចឃុំខ្លួនឧកញ៉ា សុខ ហេង ពាក់ព័ន្ធក្លែងឯកសារ យកដីពីប្រជាពលរដ្ឋ និងចោទពីបទប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត”តាមមាត្រា២៥៣នៃច្បាប់ភូមិបាល ។ ដោយឡែកកូនចៅពីរនាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញហើយ ។
សូមជម្រាបថា ឧកញ៉ា សុខ ហេង និងបក្ខពួកប្រមាណ៦នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាពបោះបង្គោល រំលោភដីរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។ ប៉ុន្តែអំឡុងពេលនោះក៏ស្រាប់តែមានការលេចមុខមេភូមិ និងអនុភូមិជិត១០នាក់ មកដាក់ពាក្យបណ្ដឹងនៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចុះឃាត់ខ្លួនតែម្តង ៕

ខេត្តក្រចេះ ៖ កងកម្លាំងអាវុធហត្ថស្រុកស្នួល ចុះបង្ក្រាបបានករណីជួញដូរគ្រឿងញៀននិងឃាត់ខ្លួនបានជនសង្ស័យ ចំនួន៤នាក់ហើយដកហូតម៉ូតូ ចំនួន៣គ្រឿងនិងវត្ថុតាងមួយចំនួនធំ។ ប្រតិបត្តិការនេះ ធ្វើឡើងពីរថ្ងៃជាប់គ្នា នៅឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី២២-២៣ ខែកក្កដា ឆ្នាំ២០១៧នេះ។
ប្រភពព័ត៌មានពីលោក អ៊ុល ឆាយ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្នួល បានឲ្យដឹងថា ការចុះបង្ក្រាប ការជួញដូរនឹងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់នេះ កម្លាំងរបស់លោកឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងដកហូតបានវត្ថុតាងមួយចំនួនធំ។ ជនសង្ស័យទី១៖ឈ្មោះចន សុខចាន់ ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ក្បាលស្នួលឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ទី២៖ឈ្មោះអ៊ន ពិទួ ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល។ ទី៣៖ឈ្មោះសុខ កក្កដា ភេទ ប្រុស អាយុ១៧ឆ្នាំរស់នៅភូមិ ក្បាលស្នួល ឃុំស្នួលស្រុកស្នូល និងទី៤៖ឈ្មោះ ម៉ឹង ដាឡែនភេទប្រុស អាយុ២៥ឆ្នាំរស់នៅ ភូមិ ក្ដុល ឃុំ ទន្លួង ស្រុក មេមត់ ខេត្តត្បូងឃ្មុំ។ និងដកហូតវត្ថុតាងបានរួមមាន៖ ម៉ូតូ ចំនួន៣គ្រឿង ម្សៅក្រាមពណ៌ស ប្រភេទម៉ាទឹកកក ចំនួន១៦កញ្ចប់ទូរស័ព្ទចំនួន៧គ្រឿង ដាវសាំម៉ូរ៉ៃចំនួន៣ដើម ចិញ្ចៀន លោកហះធាតុ ពណ៌លឿង១វង្ស កងដៃលោកហះធាតុ ពណ៌លឿង ១វង្ស និងឧបករណ៍ប្រើប្រាស់គ្រឿង ញៀនមួយចំនួន។
លោកបានបន្តទៀតថា បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនទៅកងរាជអាវុធហត្ថខេត្តក្រចេះដើម្បីចាត់វិធានការតាមផ្លូវច្បាប់បន្ដ៕


ដោយ ៖ ប៉ែន សុផល
បាត់ដំបង ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីហិង្សាមួយកើតឡើងរវាងមន្ត្រីយោធា និងមន្ត្រីគយប្រចាំច្រកព្រំដែនអូររំដួល ដូចគ្នា នៅក្ខុងបន្ទប់ កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ខារ៉ាអូខេ យីហោ «ជីវ៉េល» ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ដោយយោងប្រភពពីសមត្ថកិច្ចស្រុកកំរៀង បានឱ្យដឹងទៀតថា ជនបង្កខាងលើឈ្មោះ ផាន យុទ្ធឋាន ជាមន្ត្រីយោធាមានឋានន្តរសក្តិវរសេនីយ៍ឯក ជាប្រធានការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកអូររំដួល ស្រុកភ្នំព្រឹក ។ រីឯបុរសរងគ្រោះឈ្មោះ ឈួន ឃីសាក់ អាយុ៤៧ឆ្នាំ ជាមន្ត្រីគយប្រចាំច្រកអូររំដួល ស្រុកភ្នំព្រឹក (រងរបួសចំចិញ្ចើមភ្នែកម្ខាង )។
ប្រភពឱ្យដឹងទៀតថា នៅមុនពេលកើតហេតុវេលាម៉ោងខាងលើជនបង្កដែលជាមន្ត្រីយោធានោះបានដើរចូលទៅក្នុងបន្ទប់ខារ៉ាអូខេរបស់ជនរងគ្រោះ ដោយ ខឹងសម្បារយ៉ាងខ្លាំងក៏ដើរទៅសួរអ្នកដែលកំពុងច្រៀងនោះថា តើអ្នកណាជិះឡានពណ៌ ស មកទីនេះ។ស្រាប់តែ លោក យ៉ែម ហែមរ៉ាត ជាប្រធានគយរដ្ឋាករច្រកអូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបង បានតបមកវិញថា ខ្ញុំអ្នកបើកយកមកទេ។ នៅពេលនោះមន្ត្រីយោធា បន្ថែមថា ចាប់ឡានគេហើយ យកជិះដើរលេង ច្រៀងខារ៉ាអូខេទៀត នេះឫមន្ដ្រីគយស្អាតស្អំ។
នៅពេលនោះ លោក ឈួន គីសាក់ បានស្ទុះងើបឡើង ហើយប្រហែលជាភាគីម្ខាងទៀតស្មានតែមកវាយលើមន្ត្រីយោធា និងឃើញសភាពស្រវឹងផងនោះ មន្ត្រីយោធាក៏ក្រវៀសដៃចំចិញ្ចើមលោក ឈួន គីសាក់ រួចក៏បង្កឲ្យទៅជាឆាកប្រយុទ្ធគ្នាតែម្តង។ភ្លាមៗនោះ មានការផ្ញាក់ផ្អើលខ្លាំង ហើយ គ្នីគ្នាទាំងសងខាងចូលទៅជួយឃាត់និងទាញចេញមកក្រៅវិញ ហើយ ក៏ឡើងជិះរថយន្តចេញទៅបាត់រៀងៗខ្លួន។
ប្រភពបន្តថា បន្ទាប់មក ភាគីខាង មន្ត្រីគយដែលអះអាងថាជាអ្នករងគ្រោះ បានទៅដាក់ពាក្សប្តឹងនៅមូលដ្ឋានស្រុកកំរៀងទាំងយប់។
ចំពោះព័ត៌មាននេះសូមបងប្អូនប្រិយមិត្តយើងតាមដានទាំងអស់គ្នានៅរឿងរាវរបស់មន្ត្រីទាំងពីរនាក់នៅច្រកអូររំដួលដូចគ្នា តើតទៅមុខទៀតត្រូវបញ្ចប់នៅពេលណានោះទេ។
សូមជម្រាបថា កន្លងមក ច្រកព្រំដែនអូររំដួល ក្នុងខេត្តបាត់ដំបង បានរង ការរិះគន់យ៉ាងខ្លាំងពីអំពើពុករលួយដោយការឃុបឃិតគ្នាបើកឲ្យមានការនាំចូលទំនិញ និងរថយន្ត គេចពន្ធជាដើម៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍