ភ្នំពេញ៖បុរសជាអ្នករត់ម៉ូតូឌុបម្នាក់រងរបួសស្មាឆ្វេងធ្ងន់ធ្ងរ ដោយលិចកប់មួយកន្ត្រៃ ផ្តើមចេញពីជម្លោះពាក្យសម្តី រវាងអ្នកលក់ផ្លែឈើជាមួយអ្នករត់ម៉ូតូឌុប កាលពីវេលាម៉ោង៧ និង៥០នាទីព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅចំណតរថយន្តផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនបង្កមានឈ្មោះ ទី សុវណ្ណ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលកផ្លែឈើ ស្នាក់នៅផ្ទះជួលភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិព្រៃឃ្លោក ឃុំស្វាយតាយាង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
ចំណែកជនរងគ្រោះមានឈ្មោះ សុះ វណ្ណៈ ហៅពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ រងរបួសស្មាពីក្រោយ កប់លិចមួយកន្ត្រៃ ធ្ងន់ធ្ងរបាញ់ឈាមប្រកាច់ននៀលដី ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូរបស់ខ្លួនម៉ាកហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1K-8882 ទៅឈប់ចត មុខស្ថានីយប្រេងមួយកន្លែងតាមផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ដែលរថយន្តតាកស៊ីច្រើនឈប់ដឹកម៉ូយ ហើយជនរងគ្រោះក៏ឈប់រង់ចាំរកដឹកម៉ូយដូចសព្វដង ស្រាប់តែនៅវេលាម៉ោងខាងលើ ជនបង្កក៏ជិះម៉ូតូកូរ៉េ ម៉ាកស៊ីធី ផ្លើស មួយគ្រឿងពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1E-6423 មានដឹកកញ្ឆេដាក់ផ្លែឈើ សម្រាប់លក់ដូរកន្លែងរថយន្តឈប់។ ប្រភពបន្តទៀតថា ខណៈដែលជនរងគ្រោះ រត់ទៅចាប់ម៉ូយ ហើយក៏ប៉ះនឹងជនបង្ក រួចជនរងគ្រោះ មិនទាន់បានសូមទោសភ្លាម ជាប់ហៅម៉ូយ ស្រាប់តែជនបង្កជេរស្តីរករឿង រហូតឈានដល់តមាត់ក ទីបំផុតជនបង្កប្រដាប់ដោយកន្ត្រៃ ក៏យកទៅចាក់ទៅលើជនរងគ្រោះ លិចកប់មួយកន្ត្រៃ រួចដកបោះចោលវិញ ឃើញក្នុងសភាពរបួសធ្ងន់ បាញ់ឈាម ជនបង្កព្យាយាមរត់គេច បានចំងាយ ជាង២០០ម៉ែត្រ ដល់មុខខ្ទមអ្នកតាក្នុងភូមិព្រៃព្រីងត្បូង ត្រូវបានជនរងគ្រោះស្រែកដេញតាមពីក្រោយផ្អើលប្រជាពលរដ្ឋក្បែរខាង ដេញចាប់ជនបង្កបានភ្លាមៗ រីឯជនរងគ្រោះហូរឈាមខ្លាំងពេកខ្សោះឈាមដួលក្រកាច់ រងរបួសរបួសធ្ងន់ធ្ងរ សន្លប់នៅកន្លែង ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋ ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកជនដៃដល់ត្រូវបាននគរបាលឃាត់ខ្លួនសាកសួរ នៅប៉ុស្តិ៍នគរបាលចោមចៅ កសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានចាត់ការបន្តទៅតាមផ្លូវច្បាប់ ។ ដោយឡែកម៉ូតូ២គ្រឿងត្រូវបាននគរបាលយកទៅរក្សារទុកនៅប៉ុស្តិ៍ចោមចៅ៕


រាជធានីភ្នំពេញ៖មន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មម្នាក់បានលើកកាំភ្លើងបាញ់ជាច្រើនគ្រាប់ នៅបុរីសម្បត្តិមានហេងកាលពីល្ងាចម្សិលមិញ ស្ថិតនៅភូមិកោះនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ, ធ្វើឲ្យផ្អើលកក្រើកក្រុងភ្នំពេញ ព្រោះតែខឹងប្រពន្ធ។ មន្ត្រីនគរបាលនោះ ឈ្មោះ ស្វាយ ពិសិដ្ឋ ជិះរថយន្តម៉ាក Highlander ស្លាកលេខ៖ នគរបាល 2-7768 ។
ជនបង្កដែលហ៊ានលើកកាំភ្លើងបាញ់បោះនោះ ក្រោយធ្វើសកម្មភាពល្មើសច្បាប់នេះហើយ ជនសង្ស័យក៏បានបើករថយន្ត គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ យ៉ាងណាក៏ដោយ គេបានដឹងថា ផ្ទះជនបង្កស្ថិតនៅក្នុងបុរីសម្បត្តិមានហេងតែម្តង មូលហេតុផឹកស្រវឹងខឹងប្រពន្ធ ក៏បានបាញ់តែម្តង។
កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ កំពុងចុះពិនិត្យមើលផ្ទាល់នៅកន្លែងកើតហេតុនៅឡើយ ប៉ុន្តែការផ្ទះអាវុធដ៏គ្រោះថ្នាក់ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស ឬស្លាប់នោះទេ ។
ទោះបីយ៉ាងណារហូតមកដល់ពេលនេះជនបង្កកំពុងតែរត់ការ ដើម្បីកុំឲ្យមានការឃាត់ខ្លួន ឬនាំខ្លួនទៅសួរនាំ ព្រោះខ្លាចនាំឲ្យប៉ះពាល់ដលកិត្តិយសរបស់ខ្លួន៕


រាជធានីភ្នំពេញ៖ស្ត្រីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់បានឲ្យបុរសសហាយស្មន់ដឹកចេញពីរោងចក្រទៅកាន់បន្ទប់ផ្ទះ ជួលមួយកន្លែង ដែលនាងស្នាក់នៅ ខណៈនោះត្រូវបានម្ចាស់ផ្ទះជួលឃើញ ហើយទូរស័ព្ទប្រាប់ប្ដីរបស់នាង មកមើលឃើញនាងកំពុងស្ថិតនៅក្នុងបន្ទប់ ជាមួយបុរសម្នាក់នោះ ក៏បានយកសោចាក់ពីខាងក្រៅជាប់ ហើយទូរស័ព្ទហៅនគរបាលប៉ុស្ដិ៍ចោមចៅ ឲ្យចុះមកឃាត់ខ្លួន យកទៅសាកសួរ ដើម្បីរកខុសត្រូវតាមនីតិវិធី។ ហេតុការណ៍នេះការភ្ញាក់ផ្អើល នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រពន្ធឈ្មោះ វី ធីតា អាយុប្រហែល២៣ឆ្នាំ មុខរបរកម្មការិនី រោងចក្រកាត់ដេរស្នាក់នៅជាមួយប្ដី ក្នុងបន្ទប់ផ្ទះជួលខាងលើ ចំណែកបុរសជាប្ដី ឈ្មោះ ម៉ម សំណាង អាយុ២៤ឆ្នាំ ហើយប្តីប្រពន្ធទាំងពីរនាក់នោះ រៀបការជាមួយគ្នាត្រឹមត្រូវតាមច្បាប់ និងមានកូនម្នាក់នៅក្នុងបន្ទុកគ្រួសារ។ ដោយឡែក ជនសង្ស័យជាប្រុសសហាយស្មន់ឈ្មោះ សិក ធឿន អាយុជាង២០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុង សង្កាត់ភ្លើងឆេះទេះ ខណ្ឌពោធិ៍សែនជ័យ។
បុរសជាប្ដីបាននិយាយថា ប្រពន្ធរបស់ខ្លួន និងជនសង្ស័យធ្វើការនៅក្នុងរោងចក្រកាត់ដេរជាមួយគ្នា ហើយអ្នកទាំងពីរ មានស្នេហាលួចលាក់យូរមកហើយ។ អ្នកធ្វើការនៅក្នុងរោងចក្រ ជាមួយគ្នាតែងនិយាយប្រាប់ខ្លួនថា ប្រពន្ធខ្លួន និងបុរសនោះមាន ភាពស្និទ្ធស្នាលខុសធម្មតា ដោយឃើញជនសង្ស័យតែងតែដឹកប្រពន្ធខ្លួន ចេញពីធ្វើការ និងទៅធ្វើការរៀងរាល់ថ្ងៃថែមទៀតផង ប៉ុន្តែ ពេលនោះខ្លួនមិនបានជឿនោះឡើយ។
លុះដល់ថ្ងៃកើតហេតុខាងលើ ខណៈចេញហូបបាយថ្ងៃត្រង់ ប្រពន្ធរបស់ខ្លួន និងជនសង្ស័យ បានដឹកគ្នាចេញពីរោងចក្រទៅកាន់ផ្ទះជួល ហើយបាននាំគ្នាចូលទៅសម្ងំ នៅក្នុងបន្ទប់ និងបានបិទទ្វារជិត ដោយបានឃើញទង្វើរមិនគប្បី ម្ចាស់ផ្ទះជួលបានខលប្រាប់ ទើបខ្លួនទៅមើលឃើញ ពួកគេកំពុងស្ថិតនៅក្នុងបន្ទប់ជាមួយគ្នា ក៏បានចាក់សោរទ្វារពីខាងក្រៅ រួចប្ដឹងឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ ចុះទៅចាប់ខ្លួនតែម្ដង។
ចំណែកស្ត្រីជាប្រពន្ធបាននិយាយថា ប្ដីបានចោទប្រកាន់នាងទាំងស្រុង តាមពិតនាង និងឈ្មោះ សិក ធឿន គ្រាន់តែជាមិត្តភក្ដិតែប៉ុណ្ណោះ ហើយនៅពេលកើតហេតុ នាងមិនមែននៅក្នុងបន្ទប់២នាក់ទេ គឺនៅក្នុងបន្ទប់នោះមានគ្នាចំនួន៣នាក់ ដែលក្នុងនោះមានរូបនាង បុរសជាប់ចោទ រួមនិងប្អូនស្រីរបស់នាងម្នាក់ទៀត។ ប៉ុន្តែខណៈពេលដែលប្ដីនាង ទៅមើលឃើញតែនាង និងបុរសនោះមិនបានឃើញប្អូនស្រីនាងទេ ព្រោះនាងបានចូលទៅងូតទឹក នៅក្នុងបន្ទប់ទឹកទើបប្ដីនាងមើលមិនឃើញ ហើយថានាងនៅតែ២នាក់ ទើបចោទថាមានសាហាយស្មន់ និងបានយកសោរចាក់ទ្វារពីខាងក្រៅ រួចហៅនគរបាលឲ្យចុះទៅចាប់ខ្លួនពួកនាងតែម្ដង។
ក្រោយពេលកើតហេតុ នគរបាលបានធ្វើកិច្ចសន្យាឲ្យពួកគេបញ្ឈប់ការក្បត់ក្រុមគ្រួសារតទៅទៀត បន្ទាប់មកបានឲ្យពួកគេត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ហើយពួកគេសុទ្ធតែបានប្រកាន់ជំហរថា និងលែងលះគ្នាឈប់យកគ្នាជាប្ដីន្រពន្ធទៀតហើយ៕


ខេត្តកំពងធំ៖ក្មេងប្រុសតូចៗចំនួន៤នាក់ដែលមានអាយុចាប់ពីពី៤ឆ្នាំទៅ៦ឆ្នាំដើរលេងខាងក្រៅផ្ទះស្រាប់តែ ចុះទៅក្នុងទឹកស្រះបណ្តាលឲ្យ លង់ស្លាប់ជាបន្តបន្ទាប់គួរឲ្យអាណោចអាធ័មបំផុតនៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលករណីនេះកើតឡើងនៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។
នាយនគរបាលប៉ុស្តិ៍ឃុំចុងដូង លោក យឹម សារ៉េត បានឲ្យដឹងថា ក្មេងរងគ្រោះទី១ឈ្មោះ វ៉ា រ៉េតអាយុ៤ឆ្នាំ ឪពុកឈ្មោះ គុជ វ៉ា ម្តាយឈ្មោះ ហៀង ថា ទី២ឈ្មោះ មាន ម៉ន អាយុ៤ ឪពុកឈ្មោះ ហ៊ែល ម្តាយឈ្មោះ ម៉ាន់ អាន ទី៣ឈ្មោះ ម៉ាន ជៃ អាយុ៤ឆ្នាំ ឪពុកឈ្មោះ បូរ៉ា ម្តាយឈ្មោះ មាន អន និងទី៤ឈ្មោះ ហ៊ែល រ៉ាវី អាយុ៦ឆ្នាំ ឪពុកឈ្មោះ ប៉ិច ជា ម្តាយឈ្មោះ ស៊ូ រៀម ដែលជនរងគ្រោះទាំង៤នាក់ រស់នៅភូមិឃុំកើតហេតុ។ប្រភពបញ្ជាក់ថា មុនពេលកើតហេតុកុមារាទាំង៤នាក់ បានដើលេងចេញពីផ្ទះតាំងពីម៉ោង៩ទៅម៉ោង១០ព្រឹកមកម្ល៉េះ ដោយបាត់កូនៗយូរពេក ឪពុកម្តាយនាំគ្នាដើរកស្រាប់តែ ប្រទះឃើញកុមារាទាំង៤នាក់ស្លាប់ ឱបគ្នាគួឲ្យរន្ធត់។ ឃើញហេតុការណ៍នេះ ឪពុកម្តាយយំសោកបោកខ្លួន យ៉ាងខ្លាំងហើយយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕


ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឡើងដោយរថយន្តម៉ាកហ៊ីណូ និងម៉ាកធុនដ្រា (Tundra) បុកគ្នា លើផ្លូវជាតិលេខ៦ កាលពីវេលាម៉ោង៦ និង៣០នាទី យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិត្រពាំង ថ្នល់ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
យោងតាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 4A-2309 សណ្តោង ស៊ីម៉ង់ KCement ( ខេ ស៊ី មិន) បានធ្វើដំណើរពីលិចទៅកើត ដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្ត Tundra ពណ៌ស ស៊េរី២០១០ ពាក់ស្លាកលេខភ្នំពេញ 2Z-1918 បើកបរដោយឈ្មោះ លាង គឹមស្រ៊ូ ភេទប្រុស អាយុ៤៩ឆ្នាំ អតីតអ្នកប្រមូលផល អនុផលព្រៃឈើ ពីដីក្រុមហ៊ុនសម្បទានសង្គមកិច្ច រស់នៅភូមិព្រែកតានូង ឃុំព្រៃកតានូង ស្រុកកោះសូទិន ខេត្តកំពង់ចាម (ស្លាប់នៅក្នុងរថយន្ត)៕


សុខភាព៖វាជាការសំខាន់ណាស់សម្រាប់លោកអ្នកលាងសម្អាតសរសៃឈាមដើម្បីបណ្ដេញជាតិពុលនិងជាតិខ្លាញ់ដែលកកើត និងដើម្បីជំរុញសរសៃឈាមរបស់រត់ឱ្យបានស្រួល។ អ្នកគួរតែប្រុងប្រយ័ត្ននិងគួរតែដឹងថា ប្រសិនបើអ្នកមិនព្យាបាលបញ្ហាសុខភាពនេះឱ្យទាន់ពេលវេលានោះទេ វាអាចបង្កគ្រោះថា្នក់សម្រាប់អ្នកនិងសុខភាពរបស់អ្នក។
អ្នកជំនាញផ្នែកវេជ្ជសាស្ត្រនិយាយថា ប្រសិនបើសរសៃឈាមរបស់អ្នកបានកកស្ទះ ៧០ ភាគរយឬច្រើនជាងនេះ លោកអ្នកអាចជួបប្រទះបញ្ហាដូចជាឈឺដើមទ្រូង ដកដង្ហើមខ្លីៗ ញ័រដើមទ្រូង ខ្សោយឬវិលមុខ ចង់ក្អួតឬបែកញើស។ បញ្ហាទាំងនេះអាចនាំទៅជាជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ឬក៏ដាច់សរសៃឈាមផ្សេងៗក្នុងរាងកាយ។
សំណាងល្អគ្រឿងផ្សំទាំងនេះអាចជួយលោកអ្នកបាន។
* គ្រឿងផ្សំ
– ខ្ទឹម ៤ កំពឹស
– ក្រូចភ្លា ៤ គ្រាប់
– ទឹកពុះ ៣ លីត្រ
* របៀបធ្វើ
បកសំបកខ្ទឹមសនិងក្រូចភ្លា បន្ទាប់មកលាងខ្ទឹមសនិងទុកក្នុងចានមួយជាមួយនឹងក្រូចភ្លាដែលបានបកសំបករួច។ បន្ទាប់មកចាក់ទឹកក្ដៅពុះចូលក្រូចនិងខ្ទឹមស។
បន្ទាប់មកទៀត យកវាទៅកិនជាមួយនឹងម៉ាស៊ីនទឹកក្រឡុក ហើយចាក់វាចូលទៅក្នុងកំប៉ុងមួយនិងទុកក្នុងទូទឹកកកចំនួន ៣ ថ្ងៃ។ បន្ទាប់ពី ៣ ថ្ងៃ ត្រូវស្រង់ល្បាយនោះចេញនិងទុកវាក្នុងទូទឹកកកវិញ។ ហើយអ្នកអាចប្រើប្រាស់បានហើយ។
* របៀបប្រើប្រាស់
អ្នកត្រូវទទួលទានទឹកនោះ ១ ទៅ ២ស្លាបព្រាបាយ បីដងក្នុងមួយថ្ងៃមុនពេលបាយ។
ចំណាំ៖ ត្រូវប្រាកដថាអ្នកបានប្រើប្រាស់ការព្យាបាលនេះរយៈពេល ៤០ ថ្ងៃ។ ហើយត្រូវប្រាកដថាអ្នកប្រើប្រាស់ឱសថនេះតែម្តងក្នុងមួយឆ្នាំ ហើយបន្ទាប់ពីការព្យាបាលវិធីសាស្ត្របែបធម្មជាតិ សូមទៅពិនិត្យមើលជាតិកូឡេស្ទើរ៉ូលក្នុងឈាមម្តងទៀត។ មុនប្រើប្រាស់ឱសថធម្មជាតិនេះត្រូវពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតជាមុនសិន ព្រោះវាអាចនឹងប្រឆាំងគ្នាជាមួយនឹងថ្នាំពេទ្យដែលលោកអ្នកកំពុងប្រើប្រាស់។
ចំណាំ៖ ការសិក្សាថ្មីបានបញ្ជាក់ថា ការប្រើប្រាស់ខ្ទឹមអាចជួយកាត់បន្ថយហានិភ័យនៃជំងឺក្រពះ ពោះវៀនធំ បំពង់អាហារ លំពែង មហារីកសុដន់ និងមហារីកពោះវៀន៕

ខេត្តរតនគិរី៖ភ្នាក់ងាររាយការណ៍ថា កាលពីម្សិលមិញមានករណីអ្នកទោសហែកគុករត់រួច២ នាក់កាលពីវេលាម៉ោងប្រមាណ៣៖០០នាទីរសៀលនៅពន្ធនាគារភ្នំស្វាយ។
យោងតាមរបាយការណ៍ពីមន្ត្រីពន្ធនាគាខេត្តបានឲ្យដឹងថា បានជូនដំណឹងដល់ អធិការក្រុង ស្រុក និង ការិយាល័យជំនាញ មានអ្នកទោសហែកគុករត់ចេញចំនួន២នាក់ គឺទី១- ឈ្មោះ រាជ សុភ័ក្រ ពាក់ព័ន្ឋករណីពីបទ លួច និងទី២- ឈ្មោះ ជា ប៊ុនថេង ពាក់ព័ន្ឋករណី គ្រឿងញៀន។
របាយការណ៍បានបន្តថា សូមជួយពិនិត្យនិងតាមដានបើបានឃើញត្រូវឃាត់ខ្លួនជាបន្ទាន់ ហើយរាយការណ៍មកផែនព្រហ្មទណ្ឌភ្លាម។
ជុំវិញបញ្ហាខាងលើនេះ លោក ទិន សុវណ្ណនី ប្រធានពន្ធធនាគាភ្នំស្វាយ មិនទាន់អាចសុំការបំភ្លឺបានទេនៅល្ងាចថ្ងៃទី១៦ ខែមិនានេះដោយចុចទូរស័ព្ទចូលមិនមានអ្នកទទួល៕

រាជធានីភ្នំពេញ៖នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃចំនួន២៣រូប ត្រូវបានព្រះមហាក្សត្រដាក់ឲ្យចូលនិវត្តន៍ ។ នាយនគរបាលដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍មានចាប់ពីថ្នាក់ ឧត្តមសេនីយ៍ត្រីចំនួន១៥រូប, ថ្នាក់ឧត្តមសេនីយ៍ទោចំនួន៤រូប និងថ្នាក់ឧត្តមសេនីយ៍ឯកចំនួន៤រូប៕



បាល់ទាត់៖ក្រុមតោខៀវ Chelsea មានក្តីរំពឹងថា ក្លិបនឹងអាចទាក់ទាញយកខ្សែប្រយុទ្ធ Romelu Lukaku ត្រឡប់មកទឹកដី Stamford Bridge វិញបន្ទាប់ពីបានលក់ទៅឲ្យក្រុម Everton លើកិច្ចសន្យារយៈពេល៣ឆ្នាំនោះ ។
កីឡាករសញ្ជាតិប៊ែលហ្សិករូបនេះ ត្រូវបានគេរំពឹងថានឹង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយរយៈពេល៥ឆ្នាំដែលមានតម្លៃ១៤០.០០០ផោក្នុងមួយសប្តាហ៍ដើម្បីបន្តនៅកីឡដ្ឋាន Goodison Park បន្ទាប់ពីភ្នាក់ងាររបស់ Lukaku លោក Mino Raiola បានអះអាងថា៩៩.៩% កីឡាករវ័យ២៣ឆ្នាំរូបនេះនឹងបន្តកុងត្រាថ្មីជាមួយទូកក្តោង Everton ។
តែយ៉ាងណាមិញរបាយការណ៍កាលពីថ្ងៃអង្គារបានអះអាងថា Lukaku ដែលមានបំណងដាក់ប៊ិចដាក់លើក្រដាសលើកិច្ចព្រមព្រៀងថ្មីមួយ Everton ប៉ុន្តែ នៅពេលនេះគេជឿថា Lukaku មិនចង់ធ្វើដូច្នេះទេ។ នេះគឺជាសម្ពាធមួយសម្រាប់ក្រុម Everton
ប្រភពពី Mirror បានឲ្យដឹងថា របាយការណ៍ចុងក្រោយបំផុតគឺក្រុមតោខៀវ Chelsea បានត្រៀមចំណាយប្រាក់៥៧លានផោន ដើម្បីនាំយក Lukaku មកវិញបន្ទាប់ពីលក់ឲ្យ Everton ក្នុងតម្លៃត្រឹមតែ២៨លានផោនកាលពីបីឆ្នាំមុន៕

រាជធានីភ្នំពេញ៖ចាប់ពីថ្ងៃទី១៧រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៧ភ្លៀងកក់ខែនៅតែបន្តធ្លាក់ សូមឲ្យបងប្អូនប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានឡើង នៅពេលមេឃរកកលភ្លៀង។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម៕


ដោយ៖បក្សីចាំក្រុង
ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះមួយក្រុមនាំគ្នាចាប់ឃាត់ខ្លួនប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីជនសង្ស័យ បានឆបោកទៅលើក្រុមជនរងគ្រោះគ្នា៤នាក់ ក្នុងម្នាក់បោកយកលុយ៧ម៉ឺនរៀល ដោយប្រើល្បិចថាធានា នាំចូលធ្វើការងាររោងចក្រមួយនៅម្តុំផ្លូវវ៉ងស្រេង ភូមិជ្រៃកោងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ដោយជនសង្ស័យឆបោកបានលុយ២៨ម៉ឺនរៀលនិងទូរស័ព្ទដៃមួយគ្រឿង បែរជាគេចខ្លួន បាត់មុខរហូតដល់ថ្ងៃទី១៦នេះប្រទះឃើញមុខព្រួតនាំគ្នាចាប់ចូលប៉ុស្តិ៍ប៉ូលិស។
ជនឆបោក មានឈ្មោះ សាន្ត វេហា ហៅនាយស្វិត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ខ្វាន់ទុង ស្នាក់នោផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិព្រែកតានួង ឃុំព្រែកតានួង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ចំណែកជនរងគ្រោះ មានគ្នា៤នាក់ បងប្អូនអ្នកភូមិឃុំជាមួយគ្នា ទើបមករកការងារធ្វើ ហើយ ជនរងគ្រោះទាំង៤នាក់ ត្រូវជាបងប្អូននឹងគ្នា មានស្រុកកំណើតភូមិថ្លុង ឃុំទីប៉ូ ស្រុកសន្ទុក ខេត្តកំពង់ធំ ចាញ់បោកអស់លុយម្នាក់៧ម៉ឺនរៀល។ ដោយឡែកក្នុងចំណោមបងប្អូនហ្នឹងមានឈ្មោះ មួន ទុន អស់លុយ៧ម៉ឺនរៀលហើយ ថែមទាំងអស់ទូរស័ព្ទអាយហ្វូន មួយគ្រឿងតម្លៃ១៤៥ដុល្លារបន្ថែមទៀត ។
តាមសម្តីជនរងគ្រោះ ជាដើមបណ្តឹង បាបឲ្យដឹងថាពួកខ្លួន ទើបតែមកពីស្រុកកំណើត រកការងារធ្វើ ហើយនៅអស់រយ:ពាក់កណ្តាលឋែហ្នឹងហើយ ពួកខ្លួនទាំង៤នាក់ បានដើរថ្មើរជើង មករកធ្វើតេស្ត ចូលធ្វើការងារ នៅរោងចក្រខ្វាន់ទុង ផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណៈដែលកំពុងឈររងចាំ ស្រាប់តែលេចមុខជនសង្ស័យខាងលើ ដើរចេញមកពីក្នុងរោងចក្រវសួរនាំ ទាក់មាត់ទាក់សម្តី ជុំវិញរកការងារធ្វើ ជនសង្ស័យក៏បានប្រាប់ថា ពួកបងៗ មានសំណាងហើយ បានជួបរូបគេ ព្រោះគេស្គាល់ថៅកែ ស្គាល់រដ្ឋបាល សុំលុយតែក្នុងម្នាក់៧មុឺនរៀល នឹងបានចូលធ្វើការងាររោងចក្រខាងលើបានដោយស្រួល ។
ប្រភពបន្តទៀតថា ទាំង៤នាក់បងប្អូនឮបែបនេះទុកចិត្ត ក៏ប្រគល់លុយក្នុងម្នាក់៧ម៉ឺនរៀល ហើយជនសង្ស័យសុំខ្ចីយកទូរស័ព្ទ អាហ្វូនពីជនរងគ្រោះ ឈ្មោះ មួន ទុន មួយគ្រឿងថាយកទៅបង្ហាញ ខាងរដ្ឋបាល ដើម្បីបញ្ជាក់ថានេះហើយ ទូរស័ព្ទ លេខ របស់អ្នកចង់ចូលធ្វើការពិតប្រាកដមែន ។ គ្រាន់តែបានលុយសរុប២៨ម៉ឺនរៀល និងទូរស័ព្ទដៃមួយគ្រឿងហើយ ជនសង្ស័យ បានដើរចូលទៅបាត់ ទុកឲ្យពួកខ្លួនរងចាំ គេហៅចូលធ្វើការងារ ចាំបាត់ៗ កាន់តែយូរទៅៗ ទើបអស់សង្ឃឹម គិតថាពិតជាចាញ់បោកហើយ លុយម្នាក់៧ម៉ឺនរៀល សូម្បីម៉ូតូឌុបមិនទាំងហ៊ានជិះផង សុខចិត្តដើរថ្មើរជើង មករកការងារធ្វើ ផ្ទុយទៅវិញ ត្រូវបានជនសង្ស័យរូបនេះបោកយកលុយអស់រលីង ។
ជនសង្ស័យហេតុតែជាប់កម្ម អ្វីដែលខ្លួនសាងអំពើល្មើសគេចមិនផុតពីច្បាប់ ស្រាប់តែជនរងគ្រោះបាន ប្រទះឃើញមុខនៅម្តុំផ្ទះជួល ក្នុងភូមិត្រពាំងថ្លឹង ក្រុមជនរងគ្រោះព័ទ្ធចាប់ខ្លួនជនសង្ស័យបានតែម្តង យកមកប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅ ហើយនគរបាលឆែករកឃើញ នៅក្នុងថង់របស់ជនសង្ស័យមាន ក្រដាស់លុយដុល្លាសែនខ្មោច ឧបករណ៍ឆ្កឹះសោ និងសម្ភារៈមួយចំនួនទៀត ។
ជនសង្ស័យនៅប៉ុស្តិ៍នគរបាល បានសារភាពថាខ្លួនពិតជាឆបោកលុយ និងទូរស័ព្ទដៃពីក្រុមជនរងគ្រោះពិតប្រាកដមែន ហើយនគរបាលឃាត់ខ្លួនជនសង្ស័យ សាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាន ចាត់ការបន្តទៅតាមនីតិវិធី៕




រាជធានីភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន បានចេញសេចក្តីសម្រេចប្រគល់ភារកិច្ចឲ្យលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជំនួសលោក សុខ អាន ដែលទើបទទួលមរណភាព៕


ខេត្តរតនគិរី៖យុវជនម្នាក់ស៊ីឈ្មួលដឹកឈើប្រណីតបានដួលខ្លួនឯងរងរបួសធ្ងន់កាលពីវេលាម៉ោង២ រសៀលថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧នៅត្រង់ជ្លូវលំមួយខ្សែចំណុចក្រុមហ៊ុនរ៉ែមាស ស្ថិតនៅភូមពាក់ ឃំុយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរនគិរី។
មន្ត្រីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ន សាំង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូកែច្នៃ អត់ស្លាកលេខ មានស្រុកកំណើតនៅទីរួមខេត្តតាកែវ បច្ចុប្បន្នមកស្នាក់នៅជាមួយបងប្អូននៅភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ មន្ត្រីដដែលបន្តថា មូលហេតុដឹកឈើប្រណីតប្រភេទសុក្រមមួយដុំធំដួលក្រឡាប់ខ្លនឯង ហើយត្រូវឈើសង្កត់ចំក្បាលរងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅមណ្ឌលសុខភាពបរកែវ ដោយសាររបួសធ្ងន់ពេកបានស្លាប់តែម្តង ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកយកវត្ថតាងទៅរក្សាទុកនៅប៉ុស្ថ៍រងចាំសាច់ញាតិមកទទួលម៉ូតូយកទៅវិញ។ ចំណែកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ផងដែរថា ករណីដែលឈ្មួញដឹកឈើតាមម៉ូតូដួលស្លាប់ជាច្រើនដងមកហើយដែរ ដោយសារមានជីវភាពក្រីក្រពួកគាត់រកចិញ្ចឹមជីវិតផ្ទាល់ខ្លួន ខណៈដែលពួកឈ្មួញទៅឈរចាំទទួលទិញយ៉ាងសុខស្រួល ហើយម្នាក់ៗ ក្លាយជាសេដ្ឋីឧកញ៉ាអស់ទៅហើយ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍