ដោយ៖ប៉ែន សុផល
បាត់ដំបង ៖នៅវេលាម៉ោង១០ និង០០នាទី ថ្ងៃទី២៦ តុលា ឆ្នាំ២០១៦នៅត្រង់ចំណុចបឹងឫស្សីស្ថិតក្នុងភូមិព្រះធាតុឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបងមានករណីឃាតកម្មមួយកើតឡើងបង្កដោយជនសង្ស័យត្រូវជាកូនប្រុសបង្កើតកាបឪពុក៤ពូថៅស្លាប់។
ជនសង្ស័យជាកូនឈ្មោះ បឿន សុខ ហៅ អ៊ិន សុខុម ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរធ្វើស្រែរស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកឪពុកបង្កើតឈ្មោះ ប៉ិច បឿន អាយុ៦៥ឆ្នាំ មុខរបរធធ្វើស្រែរស់នៅភូមិឃុំកើតហេតុខាងលើជនរងគ្រោះពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបានពាក់កណ្ដាលផ្លូវក៏ដាច់ខ្យល់ស្លាប់ភ្លាម។ ជនសង្ស័យធ្វើសកម្មភាពរួចហើយបានរត់គេចខ្លួនបាត់តែម្ដង។
សូមបញ្ជាក់ថាជនសង្ស័យខាងលើនេះធ្លាប់បានជាប់ពន្ធធនាគារម្ដងហើយនៅថ្ងៃទី២២ធ្នូ២០០១ក្នុងករណីមនុស្សឃាតដោយចេតនា(បាញ់សម្លាប់មេខ្លួនឯង)ហើយបានចេញពីពន្ធធនាគារនៅថ្ងៃទី២៦ ធ្នូ ២០១៤ ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យហេតុការណ៍ ខណៈពេលនោះជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលព្រោះពេលកើតហេតុការណ៍គឺគ្មានអ្នកណាបានដឹងឬជួយធ្វើអត្តរាគមន៍នោះឡើយ។
សមត្ថកិច្ចបានដាក់ការស៊ើបអង្កេត និងស្រាវជ្រាវដើម្បីចាប់ជនដៃដល់រូបនេះមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
ភ្នំពេញ ៖ប្រជាការពារភូមិម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងជោគ បានជិះម៉ូតូ១គ្រឿងដឹកកូនប្រុស២នាក់ ទៅប្ដឹងនគរបាល ប៉ុស្ដិ៍នគរបាលចោមចៅ ចោទប្រកាន់ឳពុកក្មេករបស់ខ្លួនថា បានវាយធ្វើបាបកូនប្រុស របស់គាត់ដែលមានអាយុទើបតែ៣ឆ្នាំ។
ខណៈពេលទៅដល់ប៉ុស្ដិ៍នគរបាលបានស្រែកយំឱបកូនប្រុស ទាំងពីរនាក់របស់ខ្លួន ហើយសុំឲ្យនគរបាលចាត់ការឳពុកក្មេក។ ប៉ុន្តែដោយសារគ្មានរបួសស្នាម និងមើលទៅគ្រាន់តែវាយដោយរំពាត់តូចតាចនិងវាយបន្តិចបន្តួច ជាការប្រដៅមិនមែនធ្វើទារុណកម្មក្នុងការ ស្អប់នោះ នគរបាលបានធ្វើការពន្យល់ ទើបបុរសនោះចាកចេញទៅវិញ ឈប់ប្ដឹងផ្ដល់តទៅទៀត។ ហេតុការណ៍នោះកើតឡើង កាលពីវេលាម៉ោង៥ និង៣៥នាទីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នៅក្នុងសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសខាងលើនោះឈ្មោះ ស៊ឹម ចន្នី អាយុ៣១ឆ្នាំ ជាប្រជាកាពារភូមិបល្ល័ង្ក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពុងចាម រហស្សនាមបល្ល័ង្ក១០ និងមានប្រពន្ធឈ្មោះ ទូច សុខឿន អាយុ៣១ឆ្នាំ កម្មការិនីរោងចក្រកាត់ដេរ មានកូនប្រុស២នាក់។ដោយឡែកកូនប្រុសដែលបុរសនោះអះអាងថា ត្រូវឳពុកក្មេកវាយនោះឈ្មោះ ស៊ឹម មាសសុខ សោភា អាយុ៣ឆ្នាំ ចំណែកឪពុកក្មេកដែលរងការចោទប្រកាន់ នោះឈ្មោះ ទូច ម៉េត អាយុជាង៥០ឆ្នាំ មុខរបរចុងភៅ មានទីលំនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បុរសនោះបាននិយាយទាំងយំឱបកូនថា ខ្លួនរស់នៅក្នុងភូមិឯណោះទេហើយក៏ជាប្រធានក្រុមប្រជាការពារភូមិនោះដែរ ប៉ុន្តែបានឈ្លោះគ្នាបន្តិចបន្តួចជាមួយប្រពន្ធកាលពីប៉ុន្មានថ្ងៃមុន។បន្ទាប់មកប្រពន្ធរបស់គាត់បាននាំកូនប្រុសទាំង២នាក់រត់ចេញពីផ្ទះ មកស្នាក់នៅផ្ទះឳពុកម្ដាយក្មេកនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ។ក្រោយមកប្រពន្ធបានចូលធ្វើការរោងចក្រកាត់ដេរ ដោយបានផ្ញើរកូនឲ្យឳពុកម្ដាយក្មេកមើល ចំណែកគាត់ដោយជាប់ការងារមិនបានមកតាមនោះទេ រហូតដល់វេលាល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ដោយនឹករលឹកកូនពេក ក៏បានធ្វើដំណើរពីខេត្តកំពុងចាម មកលេងកូនហើយបានឃើញខ្នងកូនកន្ទួល ស្នាមរំពាត់ហើយពេលគាត់សួរកូនប្រាប់ថាជីតាវាយ។ ពេលនោះគាត់បានសួរនាំ ត្រូវឪពុកក្មេកជំរុញឲ្យប្ដឹងទើបគាត់ទៅប្ដឹងតែម្ដង ប៉ុន្តែដោយនគរបាលពន្យល់ពីបញ្ហាផ្សេងទើបគាត់ឈប់ប្ដឹងវិញ៕
រាជធានីភ្នំពេញ ៖គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ម្សិលមិញនេះមានប្រជាពលរដ្ឋខ្មែរចំនួន៦,៣៩៣,០៣៣នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប៕
ខេត្តបន្ទាយមានជ័យ ៖បន្ទាប់ពីមានការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនដែលសមត្ថកិច្ចខេត្តព្រះវិហាធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ កន្លងមកថ្មីៗនេះដែលមានគ្រឿងញៀនរហូតទៅដល់ជិត១៥ម៉ឺនគ្រាប់និងរថយន្តកាមរីស្លាមមួយគ្រឿងនៅស្រុកត្បែងមានជ័យខេត្តព្រះវិហារ។
បើតាមការបញ្ចាក់របស់ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ មាន ឈ្មោះ គង់ វិច ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិបឹងប្រលិត ឃុំ សន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងដោយជនជាប់ចោតឈ្មោះ គង់ វិច បានសារភាពនិងឆ្លើយដាក់ជនពាក់ព័ន្ធម្នាក់ទៀតជាជនជាតិថៃ ឈ្មោះ ឆ ភិឆិត ភេទប្រុសអាយុ53ឆ្នាំ រស់នៅភូមិ ចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ដោយកំលាំងសមត្ថកិច្ចនៃស្នងការដ្ឋានខេត្តព្រះវិហាសហកាជាមួយកំលាំងសម្ថកិច្ចនៃស្នងការខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ លោកស្នងការង ចាប សុផារិទ្ធ និងមានការសម្របសម្រួល ដោយព្រះរាជអាជ្ញា លោក សុខ កែវ បណ្ឌិត អបសាលាដំបូងខេត្តបន្ទាយមានជ័យ បានដឹងនាំកំលាំងឡោមព័ត្រ ជនសង្ស័យ ឈ្មោះ ឆ ភិឆិត នៅភូមិឃុំខាងលើ ក្នុងការឃាត់ខ្លួនជនសង្ស័យវេលាម៉ោង ០៩ព្រឹក និង ៣០នាទី ថ្ងៃទី២៤ ខៃតុលា ឆ្នាំ ២០១៦ ។
លោក ចាប សុផារិទ្ធ បានបញ្ជាក់ជនសង្ស័យឈ្មោះ ឆ ភិឈិត នេះក្រៅពីដឹកជញ្ជូនថ្នាំញៀនគឺជាមេខ្យល់នាំពលករខ្មែរទៅធ្វើការងារយ៉ាងប្រថុយប្រថានក្នុងប្រទេសថៃផងដែរ។បច្ចុប្បន្នជនសង្ស័យត្រូវសម្ថកិច្ចបញ្ជួនខ្លួនទៅស្នងការដ្ឋាននគបាលខេត្តព្រះវិហា ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕
ដោយ៖ប៉ែន សុផល
បាត់ដំបង ៖សមត្ថកិច្ចកងរាជអាវុធក្នុងមូលដ្ឋានស្រុកឯកភ្នំនៅថ្ងៃទី២៦ ខែតុលានេះបានអោយដឹងថា ហេតុការណ៍ធ្វើអត្តឃាតខ្លួនឯង១ករណីបានកើតឡើងកាលពីរំលងអាធ្រាតថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ដោយសារជនរងគ្រោះមានជម្ងឺរ៉ាំរ៉ៃហើយបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងតែម្តងជាក្រម៉ាចងភ្ជាប់ទៅនិងធ្នឹមផ្ទះ។
ជនរងគ្រោះឈ្មោះហស ឆម ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅក្រុមទី០៨ ភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំខេត្តបាត់ដំបង។
ប្រភពមួយផ្សេងទៀតបានអោយដឹងដែរថា ហេតុការណ៍ដូចគ្នានេះបានកើតឡើងមួយករណីផ្សេងទៀតនៅរសៀលម៉ោង៣ និង៤០នាទីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ជនរងគ្រោះឈ្មោះរ៉េត ឈុនលី ភេទប្រុស អាយុ៣៥ឆ្នាំ នៅផ្ទះលេខ១១៥ ក្រុមទី៩ ភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងនិងខេត្តបាត់ដំបង។
អ្នកស្រី វរ សាវឿត ជាម្តាយជនរងគ្រោះបានបញ្ជាក់ថា កូនរបស់គាត់មុនពេលកើតហេតុមិនមានបញ្ហាក្នុងគ្រួសារទេ អាចបណ្តាលមកពីការគិតមិនបានត្រឹមត្រូវដោយសារតែជម្ងឺសរសៃប្រសាទហើយបានសម្រេចចិត្តចងកសម្លាប់ខ្លួនទៅនិងធ្នឹមជង្រុកស្រូវ។
ក្រោយពីទទួលបានព័ត៌មាន កំលាំងជំនាញយុត្តិធម៌និងផ្នែកពិនិត្យវិភាគបច្ចេកទេសវិទ្យាសាស្ត្របានចុះពិនិត្យនិងសន្និដ្ឋានថា ជនរងគ្រោះបានចងករសម្លាប់ខ្លួនឯង ព្រោះមានជម្ងឺប្រចាំកាយដោយមិនមានការបៀតបៀនពីអ្នកដទៃឡើយ៕
រាជធានីភ្នំពេញ ៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកទោស សោម ឯក ដែលរត់គេចខ្លួន ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នាយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានវិញហើយ និងបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ថា លោក សោម ឯក ត្រូវបានតុលាការសម្រេចផ្តន្ទាទោស៤៤ឆ្នាំ៦ខែ តែអនុវត្តទោសបានតែ ៧ឆ្នាំ ០៨ខែ និង២៥ថ្ងៃពាក់ព័ន្ធ នឹងការដាក់បង្កៃគ្រាប់បែក នៅទីសាធារណៈនារាជធានីភ្នំពេញ៕
ប៉េកាំង ៖យោងតាមរបាយការណ៍ផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំបិទទ្វារមួយរវាងថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តចិននៅក្នុងទីក្រុងប៉េកាំងបានឲ្យដឹងថា រដ្ឋាភិបាលចិនដែលដឹកនាំដោយលោក ស៊ី ជិនពីង បានផ្តន្ទាទោសមន្ត្រីរបស់ខ្លួនជាង១លាននាក់ ដែលប្រព្រឹត្តអំពើពុករលួយក្នុងពេលកាន់តំណែងរបស់ពួកក្នុងរយៈពេល៣ឆ្នាំកន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
កិច្ចប្រជុំបិទទ្វារនោះដឹកនាំដោយលោក ស៊ី ជិនពីង ដែលជាអ្នកប្រយុទ្ធអំពើពុករលួយយ៉ាងសកម្ម១រូប។ តាមរបាយការណ៍របស់ក្រុមអ្នកឃ្លាំមើលអំពើពុករលួយនៃបក្សកុម្មនីស្តចិនបង្ហាញថា តាំងពីឆ្នាំ២០១៣មក មន្ត្រីដែលទទួលទោសដោយសារអំពើពុករលួយមានរហូតដល់ជាង១លាននាក់។
គួរបញ្ជាក់ថា លោក ស៊ី ជិនពីង កាន់តំណែងជាប្រធានាធិបតីចិនកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ហើយក្នុងពេលលោកឡើងកាន់តំណែង ប្រកាសប្តេជ្ញាប្រយុទ្ធយ៉ាងម៉ឺងម៉ាត់ចំពោះអំពោះពុករលួយ៕
បាល់ទាត់ ៖ប្រធានក្រុម Manchester United កីឡាករ Wayne Rooney បានបដិសេធនូវបំណងល្អរបស់អ្នកចាត់ការ Jose Mourinho ឲ្យរូបគេចាកចេញ បើសិនជាចង់ចូលលេងនៅជម្រើសដំបូង បន្ទាប់ពី រូបគេចង់បំបែកកំណត់ត្រារបស់ Sir Bobby Charlton ជាមុនសិនទើបលោកសម្រេចចិត្តចេញពី Man Utd ។
ប្រធានក្រុមវ័យ៣១ឆ្នាំរូបនេះ ចង់សម្រេចក្ដីស្រមៃ សាងកេរ្តិ៍ឈ្មោះដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រក្រុម Man Utd សិន ទើបចាកចេញ។ បច្ចុប្បន្ននេះ Rooney ស៊ុតចូលទីច្រើនជាងគេលំដាប់ទី២របស់ Man Utd ដោយស៊ុតបាន ២៤៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៥៣២ប្រកួត ខណៈដែលវីរបុរសបិសាចក្រហម Sir Bobby ជាអ្នកស៊ុតច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ២៤៩គ្រាប់ ក្នុងការបង្ហាញខ្លួន ៧៥៨ប្រកួត នៅចន្លោះឆ្នាំ១៩៥៦-១៩៧៣។
គួរបញ្ជាក់ថា Rooney ត្រូវការស៊ុតតែ ៤គ្រាប់ទៀតប៉ុណ្ណោះ នឹងអាចបំបែកកំណត់ត្រារយៈពេលជាង ៤០ឆ្នាំរបស់ Sir Bobby បានហើយ៕
វេណេស៊ុយអេឡា ៖ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ត្រូវបានសភាជាតិវេណេស៊ុយអេឡាក្រោមការគ្រប់គ្រងរបស់គណបក្សប្រឆាំងបានអនុម័តបើកផ្លូវលើនិតិវីធីទម្លាក់ចេញពីតំណែងហើយនៅថ្ងៃអង្គារនេះ។ នេះបើតាមការចុះសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦នេះ។
ក្រុមអ្នកតំណារាស្ត្របក្សប្រឆាំងបានបញ្ជាក់ថា ការអនុម័តលើនិតិវិធីប្រឆាំងលោក Maduro ធ្វើឡើងដើម្បីត្រួតពិនិត្យចំពោះការទទួលខុសត្រូវខាងព្រហ្មទណ្ឌនយោបាយ និងការបោះបង់ចោលមុខដំណែងរបស់លោក។ ទោះយ៉ាងបែបនេះក្តីលោក Maduro បានជំទាស់យ៉ាងដាច់អហិង្កាចំពោះនីតិវិធីនេះ ដោយលោកចាត់ទុកថា វាជាការធ្វើរដ្ឋប្រហារសភា។
ជាមួយគ្នានេះលោកបានលើកឡើងថា ក្នុងនាមលោកជាប្រធានាធិបតីវ៉ែណេហ្ស៊ុអេឡា លោកកោះប្រជុំក្រុមប្រឹក្សាការពារជាតិនៅថ្ងៃស្អែកដើម្បីធានាថាអំណាច សាធារណៈអាចទប់ទល់នឹងការធ្វើ រដ្ឋប្រហារសភាជាតិពីសំណាក់បក្សប្រឆាំង៕
ខេត្តកណ្តាល ៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីបាតុភូតខ្យល់កន្ត្រាក់ បានកើតឡើងនៅវេលាម៉ោង១២ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បណ្តាលឲ្យខូចខាតផ្ទះ ប្រជាពលរដ្ឋចំនួន៩ខ្នង៕
រាជធានីភ្នំពេញ ៖អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានអោយដឹងនៅព្រឹកថ្ងៃទី២៦ តុលា ២០១៦នេះថា ទណ្ឌិតប្រមាណជាង៥០០នាក់មកពីពន្ធនាគាររាជធានីខេត្តចំនួន១៩ និងមណ្ឌលអប់រំកែប្រែចំនួន៤ នឹងត្រូវបន្ថូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសបុណ្យអុំទូកខាងមុខនេះ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា នៅរសៀលថ្ងៃនេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គ វង្សវឌ្ឍនា និងជាប្រធានគណៈកម្មាធិការជាតិពិនិត្យបញ្ជីទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ពិនិត្យលើសំណើររបស់គណៈកម្មការក្រសួងមហាផ្ទៃ និងគណៈកម្មការថ្នាក់រាជធានីខេត្ត ដែលបានស្នើសុំការអនុគ្រោះទោស ដល់ទណ្ឌិតប្រមាណជាង៥០០នាក់ ពីពន្ធនាគាររាជធានីខេត្តចំនួន១៩ និងមណ្ឌលអប់រំកែប្រែចំនួន៤។
គួរបញ្ជាក់ថា កម្ពុជានឹងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៣-១៤ និងថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ៕
រាជធានីភ្នំពេញ ៖តុលាការកំពូលសម្រេចនៅព្រឹកថ្ងៃទី២៦ ខែតុលានេះបានសម្រេចបដិសេធចំពោះការស្នើសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងទទួលបន្ទុកផ្នែកព័ត៌មាន។ ការសម្រេចនេះធ្វើឡើងដោយកំបាំងមុខលោក មាជ សុវណ្ណារ៉ា ដោយសារលោកមាជ សុវណ្ណារ៉ា ស្នើសុំមកតុលាការកំពូល មិនចូលរួមការស្តាប់សាលដីកា។
សម្រេចបែបនេះដោយសំអាងថា សំណុំរឿងលោក មាជ សុវណ្ណារ៉ា បានធ្លាក់ដល់រឿងអង្គសេចក្តីរួចហើយ ណាមួយលោក មាជ សុវណ្ណារ៉ា ត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោស២០ឆ្នាំរួចហើយដែរ។ ដូច្នេះការសម្រេចមិនអនុញ្ញាតឲ្យលោក មាជ សុវណ្ណារ៉ា នៅក្រៅឃុំបណ្តោះអាសន្នជារឿងត្រឹមត្រូវ។ នេះបើប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោកស្រី គិម សត្ថាវី បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន។
ដោយឡែកមេធាវីការពារក្ដីលោក មាជ សុវណ្ណារ៉ា លោក ជូង ជូងី ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការសម្រេចរបស់តុលាការកំពូល ជារឿងមិនត្រឹមត្រូវ ព្រោះការសម្រេចមិនអនុញ្ញាតឲ្យលោក មាជ សុវណ្ណារ៉ា ចេញទៅក្រៅប្រទេស មុនពេលតុលាការផ្តន្ទាទោស៕
រាជធានីភ្នំពេញ ៖បុរស២នាក់ត្រូវជនសង្ស័យ២នាក់កៀរចូលខាងរួចដកកូនកាំបិតភ្ជង់ប្លន់យកម៉ូតូទៅបាត់ ខណៈជិះម៉ូតូត្រឡប់មកផ្ទះវិញ ដែលករណីនេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅតាមផ្លូវបេតុងវត្តអង្គត្រគៀត ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ទួន ទូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សេនជ័យ មានស្រុកកំណើតភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ចំណែកម៉ូតូដែលត្រូវចោប្លន់យកទៅបាត់នោះម៉ាកស្កុពី ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E-4092 ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេនិងមិត្តភក្តិម្នាក់ទៀតបានទៅផឹកស៊ីនៅផ្ទះមិត្តភក្តិនៅម្តុំទួលកី លុះមកដល់ម៉ោងកើតហេតុរូបគេទាំង២នាក់បាននាំគ្នាត្រឡប់មកផ្ទះវិញដោយជិះម៉ូតូម៉ូតូស្កុពី១គ្រឿង ខណៈមកដល់ផ្លូវបេតុងចូលវត្តអង្គត្រគៀតស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ មិនចាំស៊េរី បានជិះមកជិតហើយកៀរម៉ូតូគេចូលកៀនផ្លូវ និងយកកាំបិតមកភ្ជង់គំរាមប្លន់ តែរូបគេមិនព្រមឲ្យម៉ូតូទេដោយនៅគិតថាស្តាយ ទើបរូបគេតដៃ ជាមួយជនសង្ស័យបណ្តាលជនសង្ស័យចាក់ត្រូវកដៃខាងឆ្វេងរួចយកម៉ូតូរបស់គេជិះចេញទៅបាត់តែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានដើរទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ តែដោយមិនមែនជាទឹកដីកើតហេតុ សមត្ថកិច្ចបានដឹកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកន្ទោក៕
ដោយ៖ប៉ែន សុផល
បាត់ដំបង ៖យោងតាមរបាយការណ៍ពីលោក ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបងបានអោយដឹងថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យម្នាក់នៅវេលាម៉ោង១ និង០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្រុមទី១៦ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ពាក់ព័ន្ធទៅនឹងករណីហិង្សាដោយចេតនាមានស្ថានទម្លន់ទោស។
លោកបន្តថា ករណីខាងលើ បង្កដោយជនសង្ស័យឈ្មោះ ម៉ុក កោសិល ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្រុមទី១៦ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ចំណែកជនរងគ្រោះឈ្មោះ ម៉ុក សុផល្លា ភេទប្រុស អាយុ៣២ឆ្នាំរស់នៅឃុំ/សង្កាត់ជាមួយគ្នា។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះខាងលើបានទៅផឹកស៊ីស្រវឹង ហើយត្រឡប់ទៅផ្ទះវិញក្រោយមកមានការឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ភ្លាមៗនោះក៏ស្រាប់តែជនសង្ស័យខាងលើដែលត្រូវពូបានកាន់កូនកាំបិតសចុងស្រួច(កាំបិតចិតបន្លែ) សំដៅមកចាក់ជនរងគ្រោះមួយកាំបិតចំពោះបណ្តាលអោយរងរបួសធ្ងន់តែម្តងត្រូវបានក្រុមគ្រួសារបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕
រាជធានីភ្នំពេញ ៖នារីខារ៉ាអូខេម្នាក់បានគាំងបេះដូងស្លាប់នៅក្នុងសណ្ឋាគារមេគង្គហេងមហាផលក្រោយពីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលត្រូវជាគូសង្សាបាននាំនាងមកដេកទៅរួមភេទ នៅក្នុងសណ្ឋាគារហេងមហាផលនេះ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ និង២០នាទីទៀបភ្លឺថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៦ នៅក្នុងសណ្ឋាគារមេគង្គហេងមហាផលផ្លូវកែវចិន្តាភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះមានឈ្មោះ ទុំ គឹមហ៊ី អាយុ២៥ឆ្នាំ បំរើការងារនៅខារ៉ាអូខេ៧២ ផ្លូវ២៧១ សង្កាត់បឹងទំពុនខណ្ឌមានជ័យ។ ចំណែកឯមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបាននាំស្រីខារ៉ាអូខេនាំទៅរួមភេទរហូតដល់ស្លាប់នោះមានឈ្មោះ គង់ រិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ ជាមន្ត្រីPMក្រុងភ្នំពេញ។
ប្រភពបានឲ្យដឹងថា នារីរងគ្រោះនិងបុរសជាមន្ត្រីអាវុធហត្ថខាងលើត្រូវគេដឹងថា មានទំនាក់ទំនងស្នេហានឹងគ្នាមានរយះពេលជាង៥ខែមកហើយ នៅមុនពេលកើតហេតុ ពួកគេទាំង២នាក់ បានមកចូលរួមក្នុងកម្មវិធីផឹកស៊ីជួបជុំមិត្តភក្តិ នៅម្តុំបឹងត្របែក ។ ក្រោយពីផឹកស៊ីរួចអ្នកទាំងពីរបាន ធ្វើដំណើរមកដេករួមរ័កនៅក្នុងសណ្ឋាគារខាងលើ ។
បើយោងតាមប្រភពពត៌មានពីសន្តិសុខដែលយាមនៅក្នុងសណ្ឋាគារបានឲ្យដឹងថា មុនពេលកើតម៉ោងប្រហែលជា១១និង៣០នាទីយប់ ថ្ងៃទី២៤ខែតុលា ឆ្នាំ២០១៦ គេបានឃើញមនុស្សប្រុស-ស្រីពីរនាក់ជិះរថយន្តមួយគ្រឿងមកជួលបន្ទប់លេខ១០៥ ស្នាក់នៅ លុះមកដល់ម៉ោងជិត5ទៀបភ្លឺ ស្រាប់តែគេបានឃើញបុរសម្នាក់បានបីនារីជាសង្សារចុះមកក្រោម ដាក់ចូលក្នុងរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ហើយស្លាប់នៅខណះពេលដឹកដល់មន្ទីពេទ្យតែគេសង្ស័យថា ជនរងគ្រោះត្រូវបានស្លាប់តាំងពីរនៅក្នុងសណ្ឋាគារមកម្លេះ។ក្រោយពីដឹងថាជនរងគ្រោះស្លាប់ ក្រុមគ្រូពេទ្យធ្វើកោសល្យវិច្ច័យ រួចសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយគាំងបេះដូង រួចក៍ប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍