All posts by មេគង្គ ប៉ុស្តិ៍

​កូរ៉េខាងជើង​ប្រកាស​ប្រហារជីវិត​មន្ត្រី​ពីរ​នាក់​ជា​សាធារណៈ​

​កូរ៉េខាងជើង​៖​កាសែត​មួយ​របស់​កូរ៉េខាងត្បូង​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គា​រថា ប្រទេស​កូរ៉េខាងជើង​បាន​ប្រហារជីវិត​មន្ត្រី​ពីរ​នាក់​ជា​សាធារណៈ​នៅ​ដើមខែ​សីហា​នេះ​សម្រាប់​ការមិន​គោរព​មេដឹកនាំ​លោក​គីម​ជុង​អ៊ុន​។ បើសិនជា​ព័ត៌មាន​នេះ​ត្រូវបាន​បញ្ជាក់​មែន​នោះ វា​នឹង​ក្លាយ​ជាការ​បោសសម្អាត​ចុងក្រោយ​បំផុត​ក្រោម​ការគ្រប់គ្រង​របស់​មេ​ដឹកនាំ​វ័យក្មេង​រូបនេះ​។​
​កាសែត​ចេញ​ប្រចាំថ្ងៃ JoongAng Ilbo បាន​និយាយថា អតីតរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម Hwang Min និង​លោក Ri Yong Jin ដែលជា​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​អប់រំ​ត្រូវបាន​ប្រហារជីវិត​។​
​លោក​គីម​បាន​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ​២០១១​បន្ទាប់ពី​ការស្លាប់​នៃ​ឪពុក​របស់លោក​គឺ​លោក​គីម​ជុងអ៊ីល​ហើយ​ការពង្រឹង​អំណាច​របស់លោក​គឺ​រួមបញ្ចូល​ការធ្វើ​វិសុទ្ធកម្ម​និង​ការប្រហារជីវិត​នៃ​ក្រុមមន្ត្រី​កំពូលៗ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ក្រុមមន្ត្រី​កូរ៉េខាងត្បូង​។​
ទោះបីជា​យ៉ាងណាក៏ដោយ របាយការណ៍​នេះ​មិនអាច​ត្រូវបាន​ផ្ទៀងផ្ទាត់​បានទេ​ហើយ​ក្រសួង​បង្រួបបង្រួម​របស់​កូរ៉េខាងត្បូង​ដែល​គ្រប់គ្រង​បញ្ហា​ទាក់ទង​នឹង​ប្រទេស​កូរ៉េខាងជើង​ក៏​មិនមាន​ការអត្ថាធិប្បាយ​ជាបន្ទាន់​ណាមួយ​ដែរ​។​
​កាសែត JoongAng Ilbo បាន​និយាយថា​បុរស​ទាំងពីរ​នាក់​នេះ​ត្រូវបាន​ប្រហារជីវិត​ដោយ​កាំភ្លើង​បាញ់​យន្តហោះ​នៅក្នុង​បណ្ឌិតសភាយោធា​ក្នុង​ទីក្រុង​ព្យុងយ៉ាង​។​
​របាយការណ៍​នៃ​ការប្រហារជីវិត​នេះ​បានធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់ពី​កូរ៉េខាងត្បូង​និយាយថា ឯកអគ្គរដ្ឋទូត​រង​របស់​កូរ៉េខាងជើង​ក្នុង​ទីក្រុង​ឡុង​ដ៍​បាន​ចុះចូល​ហើយ​មកដល់​ក្នុងប្រទេស​កូរ៉េខាងត្បូង​ជាមួយ​ក្រុមគ្រួសារ​របស់​គាត់​ដែល​នេះ​ជា​រឿង​ដ៏​អាម៉ាស់​មួយ​សម្រាប់​របប​របស់​លោក គីម​។​
​គួរ​បញ្ជាក់ថា អតីតរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ម្នាក់​ក៏ត្រូវ​បាន​គេ​ជឿ​រថា ត្រូវ​ប្រហារជីវិត​ផងដែរ​កាលពី​ឆ្នាំមុន​សម្រាប់​អំពើ​ក្បត់ជាតិ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ទីភ្នាក់ងារ​ចារកម្ម​របស់​កូរ៉េខាងត្បូង​៕

North-Korean-leader-Kim-Jong-un

​

ស្អែក​! ព្រឹទ្ធសភា​ពិនិត្យ​សេចក្តីស្នើសុំ​លើក​អភ័យឯកសិទ្ធិ​លោកស្រី ថាក់ ឡា​នី

រាជធានី​ភ្នំពេញ​៖​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​លើ​សេចក្តីស្នើសុំ​លើក​អភ័យឯកសិទ្ធិសភា របស់លោក​ស្រី ថាក់ ឡា​នី សមាជិក​ព្រឹទ្ធសភា មណ្ឌល​ភូមិភាគ​ទី​២ មកពី​គណបក្ស​សម រង្ស៊ី ។​
សូមជម្រាបថា លោកស្រី ថាក់ ឡា​នី រង​នូវ​បណ្តឹង​ពី​គណបក្សកាន់អំណាច ខណៈដែល​លោកស្រី​បាន​និយាយ​ជា​សាធារណៈ​ថា សម្តេច ហ៊ុន សែន ជា​អ្នកបាញ់​សម្លាប់​លោក កែម ឡី​៕

Hong-0632

​

ឃាត់ខ្លួន​បុរស​ម្នាក់ពីបទ​ប៉ុនប៉ង​ចាប់រំលោភ​

ខេត្តកំពត​៖​នគរបាល​ក្រុង​កំពត​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ ក្រោយពី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​នារី​រងគ្រោះ នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៦ ក្នុង​បន្ទប់​ជួល ចំណុច​ក្រោយ​ហាង​ខារ៉ាអូខេ «​ខូ​ល​» ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​។​
​ជនសង្ស័យ​ឈ្មោះ ជីវ សុខ​លាង អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត រីឯ​នារី​រងគ្រោះ ឈ្មោះ ផ ស ន អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​។​
​តាម​ប្រភពព័ត៌មាន​ពី​មន្ដ្រីនគរបាល​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនសង្ស័យ​ខាងលើ និង​សង្សារ របស់​នារី​រងគ្រោះ ឈ្មោះ ណូ លី​ណា​រិ​ទ្ធ បាន​ជក់​ថ្នាំញៀន នៅ​បន្ទប់​ជួល​ខាងក្រោយ​ខារ៉ាអូខេ «​ខូ​ល​» ហើយ​ជនសង្ស័យ​បាន​ស្នាក់​នៅក្នុង​បន្ទប់​ហ្នឹង​ដែរ​ក្រោយ​ជក់​ថ្នាំញៀន​។ ប្រភព​ដដែល​បញ្ជាក់ថា លុះ​ពេលដែល​នារី​រងគ្រោះ ដេកលក់​បាន​សើយសំពត់ ពេលនោះ​ជនរងគ្រោះ​បាន​ភ្ញាក់ រួច​បាន​ច្រាន​ជនសង្ស័យ​ចេញ​។
​ក្រោយពេល​កើតហេតុ នារី​រងគ្រោះ បាន​ប្តឹង​កម្លាំង​នគរបាល មកដល់​ឃាត់ខ្លួន​នាំយក ទៅ​សាក​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល ក្រុង​កំពត ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Untitled-1

​

Rooney នៅតែ​ជា​ប្រធាន​ក្រុម​របស់​តោ​កំណាច​អង់​គ្លេ​ល​ដដែល​

​បាល់ទាត់​៖​លោក Sam Allardyce បានប្រកាសថា​ខ្សែប្រយុទ្ធ​ខ្សែប្រយុទ្ធ Wayne Rooney របស់​ក្រុម​បិសាច​ក្រហម Manchester United នៅតែ​ជា​ប្រធាន​ក្រុម​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ដ​ដែល​។​
​គ្រួ​បង្វឹក​វ័យ​៦១​ឆ្នាំ​រូបនេះ បាន​ក្លាយជា​គ្រួ​បង្វឹក​ថ្មី​របស់​តោ​កំណាច​អង់គ្លេស​កាលពី​ដើមខែ​មុន ហើយ ការជ្រើសរើស​ប្រធាន​ក្រុម​ថ្មី​សម្រាប់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ត្រូវបាន​លោក​ពន្យារពេល រហូតដល់​ការប្រកួត​លើកដំបូង​ក្រោម​ការដឹកនាំ​របស់លោក​នៅ​សប្តាហ៍​នេះ ជាមួយ​ក្រុម​ជម្រើសជាតិ​ស្លូ​វ៉ា​គី​។​
​ពាក្យ​ចចាមអារ៉ាម​ថា​លោក Allardyce នឹង​ចាប់ផ្តើម​យុគសម័យ​ថ្មី​សម្រាប់ ប្រធាន​ក្រុម​ថ្មី​ប៉ុន្តែ​អតីត​គ្រួ​បង្វឹក​ក្រុម​ឆ្មា​ខ្មៅ Sunderland បាន​រក្សាទុក​ជំនឿ​លើ​កីឡាករ Rooney ដែល​លោក​ជឿជាក់ថា​គឺជា​បុរស​ល្អ​បំផុត​សម្រាប់​តំណែង​នេះ​ក្នុង​ដំណើរ​ចូល​រូ​ម​ការប្រកួត​វគ្គ​ជម្រុះ World Cup 2018 ។​
​លោក Allardyce បាន​ប្រាប់​គេហទំព័រ​ផ្លូវការ​សមាគម​កីឡាបាល់ទាត់​អង់គ្លេស​ថា “​ខ្សែប្រយុទ្ធ Wayne Rooney នៅតែ​ជា​ប្រធាន​ក្រុម​អង់គ្លេស​ពីព្រោះ​ឋ​គាត់​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុងការ​បំពេញ​តួនាទី​នេះ »​។​គាត់​គឺជា​សមាជិក​ជាន់ខ្ពស់​បំផុត​របស់​ក្រុម​នេះហើយ​គាត់​ត្រូវបាន​គោរព​យ៉ាងខ្លាំង​ដោយ​មិត្តភក្តិ​របស់គាត់​។ »​។​
​គួរ​បញ្ជាក់ថា Rooney បានទទួល​តំណែង​ជា​ប្រធាន​ក្រុម​បន្ទាប់ពី​កីឡាករ Steven Gerrard ក្រោយ​ការប្រកួត World Cup 2014 ហើយ Rooney បានបង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ចំនួន ១១៦​ប្រកួត ហើយ​នៅ​ថ្លៃ​អាទិត្យ​នេះ នឹង​ជួប​ប្រកួត​ជាមួយ ស្លូ​វ៉ា​គី នៅ Trnava ៕

34E2AFE700000578-0-image-m-23_1465123984434

​

យេ​មែន​បាញ់​គ្រាប់​រ៉ុក្កែត​លើ​ទីក្រុង​នៅ​ព្រំដែន​អារ៉ាប៊ីសាអ៊ូឌីត​

​យេ​មែន​៖​កងកម្លាំង Houthi យេ​មែន​បាន​បាញ់​គ្រាប់​រ៉ុក្កែត​ថ្មី​ទៀត​ដាក់​ជ្រុង​ភាគខាងត្បូង​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដោយបាន​បញ្ចប់​ភាពស្ងប់ស្ងាត់​ជាច្រើន​សប្តាហ៍​និង​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ស្មុគស្មាញ​ដើម្បី​ស្រោចស្រង់​កិច្ចពិភាក្សា​ឡើងវិញ​លើ​ការបញ្ចប់​សង្គ្រាមស៊ីវិល​១៨​ខែ​របស់​យេ​មែន​។​
​ការដួលរលំ​នៃ​កិច្ចចរចា​ស្តីពី​ជម្លោះ​យេ​មែន​នៅ​ខែ​នេះ​កំពុងតែ​បង្ក​ផលប៉ះពាល់​ក្នុង​ទីក្រុង Najran របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បើទោះបីជា​វា​មាន​ទំហំ​តូច​ជាង​នៅក្នុង​ប្រទេស​យេ​មែន​ក៏ដោយ​។​
​កាលពី​សប្តាហ៍​មុន រ៉ុក្កែត​មួយគ្រា​ប់​ដែល​បាញ់​ដោយ​ចលនា Houthi សម្ព័ន្ធមិត្ត​អ៊ីរ៉ង់​ចេញពី​ភាគ​ខាងជើង​ប្រទេស​យេ​មែន​បាន​ធ្លា​ក់នៅ​ទីក្រុង Najran ដែល​ស្ថិតនៅ​ចម្ងាយ​៣០​គីឡូម៉ែត្រ ពី​ព្រំដែន​។ វា​បាន​វាយប្រហារ​កន្លែង​ដាក់​រថយន្ត​អេតចាយ​មួយ​ដោយ​សម្លាប់​ពលរដ្ឋ​អារ៉ាប៊ីសាអ៊ូឌីត​ចំនួន​ប្រាំ​នាក់​និង​យេ​មែន​ពីរ​នាក់​នៅពេលដែល​ពួកគេ​កំពុង​បើកបរ​ឆ្លងកាត់​។​
​រ៉ុក្កែត​មួយទៀត​បាន​វាយប្រហារ​ស្ថានីយ៍​ថាមពល Electricity Company (SEC) របស់​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​ទីក្រុង Najran កាលពី​ថ្ងៃ​សុក្រ​ដោយ​ធ្វើ​ឲ្យ​ហូរ​ប្រេងម៉ាស៊ូត​ចេញពី​ធុង​ធ្លុះ​ចូលទៅក្នុង​បឹង​។​
​អារ៉ាប៊ីសាអ៊ូឌីត​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​បានចាត់ទុក​ពួក​មូស្លីម​និកាយ​ស៊ុន​នី Houthi ថា​ជា​តំណាង​របស់​ប្រទេស​អ៊ីរ៉ង់​។ ទោះជា​យ៉ាងណាក៏ដោយ ពួក Houthi បាន​បដិសេធ​ចំពោះ​ការអះអាង​នេះ​ដោយ​និយាយថា រដ្ឋាភិបាល​និរទេស​ខ្លួន​របស់​យេ​មែន និង​អារ៉ាប៊ីសាអ៊ូឌីត​គឺជា​កូនអុក​របស់​ប្រទេស​លោកខាងលិច​ដែល​កំពុង​ព្យាយាម​គ្របដណ្តប់​យេ​មែន​និង​ដក​ពួកគេ​ចេញពី​មហាអំណាច​។​
​អាជ្ញាធរ​អារ៉ាប៊ីសាអ៊ូឌីត​បាន​និយាយថា រលក​ថ្មី​បំផុត​នៃ​ការបាញ់​ផ្លោង​បានសម្លាប់​ជន​ស៊ីវិល​២៩​នាក់​និង​រងរបួស​ជាង​៣០០​នាក់​នៅ​ទីក្រុង Najran ដែលជា​ទីក្រុង​មួយ​ហ៊ុមព័ទ្ធ​ដោយ​ភ្នំ​ដែល​បែង​ចែង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​និង​យេ​មែន​។​
​តួលេខ​ទាំងនោះ​គឺមាន​ចំនួន​តិចជាង​ចំនួន​ជន​ស៊ីវិល​ដែល​ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​នៅក្នុង​ការគាំទ្រ​រដ្ឋាភិបាល​ទទួលស្គាល់​ជា​អន្តរជាតិ​ដែល​យោធា​អារ៉ាប៊ីសាអ៊ូឌីត​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​អន្តរជាតិ​៕

download15

​

មន្ត្រី​អាដហុកពាក់ព័ន្ធក្នុងសំណុំ​រឿង​លោក កឹម សុខា ម្នាក់ដួលសន្លប់​ក្នុង​បន្ទប់​សវនាការ​

​រាជធានី​ភ្នំពេញ​៖​លោក ណៃ វ៉ង់​ដា មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ដែល​ជាប់ចោទ​ពីបទ​សូកប៉ាន់​សាក្សី លើ​សំណុំរឿង​អាស្រូវ​លោក កឹម សុខា បាន​ដួលសន្លប់ ខណៈ​លោក​កំពុងស្ថិត​ក្នុង​សវនាការ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃទី​៣០ សីហា​នេះ ។ ភ្លាមៗ នោះ​លោក ណៃ វ៉ង់​ដា ត្រូវបាន​បញ្ជូន​មកកាន់​បន្ទប់​ដាច់ដោយឡែក​មួ​យ ដើម្បី​ជួយសង្គ្រោះ ។​
​គួរ​បញ្ជាក់ថា សវនាការ​នាពេលនេះ មេធាវី​ការពារ​ឲ្យ​មន្ត្រី​អាដហុក​ទាំង​៤​រូប ស្នើ​មកកាន់​សាលាឧទ្ធរណ៍ ដើម្បី​មោឃភាព​នីតិវិធី​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​មេធាវី​ហៅ​ការឃុំខ្លួន​អ្នក​ទាំង​៤​នេះ ជា​ការខុស​នីតិវិធី​ច្បាប់​។​
​មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ទាំង​៤​រូប គឺ​លោក ណៃ វ៉ង់​ដា អ្នកស្រី លឹម មុន្នី លោក នី សុខា និង​លោក យី សុខសាន្ត ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពីបទ​សូកប៉ាន់​សាក្សី លើ​សំណុំរឿង​អាស្រូវ​ផ្លូវភេទ​របស់លោក កឹម សុខា និង​កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ៕

eaf437be-3542-48d9-a12e-1205d55f4996

​

រថយន្ត​ឈ្នួ​ញ​បើ​កជែងគ្នា​ជ្រុល​កិន​តា​អាយុ​៧២​ឆ្នាំ​បែក​ល្បា​ល​ស្លាប់​

​រាជធានី​ភ្ន្នំ​ពេញ​៖​តា​អាយុ​៧២​ឆ្នាំ​ម្នាក់​ត្រូវ​រថយន្តឈ្នួល​ជែង​គ្នា​ជ្រុល​បុក និង​កិន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​នៅនឹងកន្លែង​យ៉ាង​អាណោចអាធ័ម ខណៈ​កំពុង​ជិះ​កង់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​នៅវេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣០ ខែសីហា​ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ខាងមុខ​កា​រ៉ា​ស់​សាំង​តេ​លា ស្ថិតនៅ​ក្នុងភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។​
​ជនរងគ្រោះ​មានឈ្មោះ គុជ លន់ ភេទ​ប្រុស អាយុ​៧២​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា​។​
​ករណីនេះ​បង្កឡើង​រវាង​រថយន្ត​រត់​ឈ្នួល​ម៉ាក​សាំ​យ៉ុង​ពណ៌​ស​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2L-9454 បើកប​ដោយ​យុវជន​ម្នាក់​ឈ្មោះ ឆន រ៉ាវុធ អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ដីក្រហម ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បើក​មកពី​ក្រោយ ហើយ​ជែង​រថយន្ត​មួយគ្រឿង​ទៀត​ធ្វើដំណើរ​ស្រប​ទិស​គ្នា ក៏​ជ្រុល​ចង្កូត​ទៅបុក​កិន​បែកក្បាល​បណ្តាល​ឲ្យ​ស្លាប់​តែម្តង​។ ចំណែក​រថយន្ត​បង្ក​បាន​ព្យាយាម បើក​រត់គេច​តែ​ត្រូវបាន​សមត្ថកិច្ច​ដេញតាម​ចាប់បាន​ទាំង​រថយន្ត និង​តៃកុង​រួច​ប្រគល់​ឲ្យ​កម្លាំង​ការិយាល័យ​ក្រុង​ចាត់ការ​បន្ត​។​
​ក្រោយ​កើតហេតុ​រថយន្ត​បង្ក កង់​របស់​ជនរងគ្រោះ និង​តៃកុង​រថយន្ត​ត្រូវបាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

image13

​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ជំរុញ​ឲ្យ​បក្សនយោបាយ​តាមដាន​ការចុះឈ្មោះ និង​ការបោះឆ្នោត

​រាជធានី​ភ្នំពេញ​៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ជំរុញ​ឲ្យ​គ្រប់​គណបក្សនយោបាយ​តាមដាន​ការចុះឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​ទាំងអស់គ្នា ចៀសវៀង​ការប្រកាស​លទ្ធផល​បោះឆ្នោត​មានការ​តវ៉ា​កើតឡើង ។​ លោក​ថ្លែងបែបនេះ​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​នីតិវិធី និង​ច្បាប់បោះឆ្នោត​នៅ​កម្ពុជា នា​ទីស្ដីការក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍​នេះ។
​សូមជម្រាបថា សិក្ខាសាលា​នេះ ធ្វើឡើង​ដោយមាន​ចូលរួម​ពី​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​, គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​មន្ត្រីរាជការ​ពាក់ព័ន្ធ​ជាច្រើន​នាក់​៕

fn-2016-08-30-09-06-34-0fn-2016-08-30-09-06-34-2

​

ភរិយា ​និង​កូន លោក កែម ឡី ចាក​ចេញពី​កម្ពុជា​ស្ងាត់ៗ​

​រាជធានី​ភ្នំពេញ​៖​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ បាន​អះអាង​តាមរយៈ​វិទ្យុ​បរទេស​និយាយ​ភាសា​ខ្មែរ​មួយ កាលពី​យប់​ថ្ងៃទី​២៩ សីហា នេះ ដោយ​ព្រះអង្គ​បញ្ជាក់ថា ភរិយា និង​កូនៗ លោក កែម ឡី បាន​ចាក​ចេញពី​កម្ពុជា​ហើយ កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៦​នេះ ។ ប៉ុន្តែ​ព្រះអង្គ​មិនបាន​ប្រាប់​ទេ​ថា តើ​ភរិយា​និង​កូនៗ លោក កែម ឡី នឹង​ទៅកាន់​ប្រទេស​ណា​នោះ ។​
​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ បាន​បន្ថែមថា ពិធីបុណ្យ​១០០​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី នឹង​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៦ តុលា ២០១៦ ហើយ​លោកស្រី​ភរិយា​លោក​កែម ឡី បានប្រគល់​សិទ្ឋិ​ប្រគេន​ព្រះ​តេជគុណ​ជា​អ្នករៀបចំ​ចាត់ចែង​ពិធីបុណ្យ​១០០​ថ្ងៃនេះ ផងដែរ៕

13619850_10153969662958800_6778826237309125552_n

​

មេបញ្ជាការរង​កងពល​តូច​ដឹកជញ្ជូន​លេខ​៩០​ម្នាក់​ស្លាប់​នៅ​ទីបញ្ជាការដ្ឋាន​

ខេត្តកណ្ដាល​៖​មេបញ្ជាការរង​កងពល​តូច​ដឹកជញ្ជូន​លេខ​៩០​ម្នាក់​បាន​ស្លាប់​នៅ​ទីបញ្ជាការដ្ឋាន ស្ថិតក្នុង​ស្រុក​អង្គ​ស្នួល ខេត្តកណ្ដាល កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​ទៀបភ្លឺ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៦ នេះ​។​
​មន្ត្រី​យោធា​ម្នាក់​បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ម្សិលមិញ លោក​ឧ​ត្ត​សេម​នី​យ៍​ត្រី ឡុង សាវុធ មេបញ្ជាការរង​កងពល​តូច​ដឹកជញ្ជូន​លេខ​៩០ បាន​អង្គុយ​នៅ​សា​ឡុង​មុខ​ទីបញ្ជាការដ្ឋាន ហើយ​និយាយថា «​ឈឺ​គ្រាប់ភ្នែក​» មិនបាន​ទៅ​ហូបបាយ​ទេ រួច​ក៏​ចូលទៅ​សម្រាក​ក្នុង​បន្ទប់​លុះដល់​ម៉ោង​ខាងលើ គាត់​ក៏បាន​ក្រោក​មក​បន្ទប់ទឹក ស្រាប់តែ​ប្រទះឃើញ​គាត់​ស្លាប់​នៅលើ​សួនច្បារ ខាងមុខ​ទីបញ្ជាការ​បាត់ទៅហើយ ។​
​យ៉ាងណាក៏ដោយ លោក ឡុង សុផាន់​ណា ត្រូវជា​កូនបង្កើត​របស់​ជនរ​ង​គ្រោះ បាន​បញ្ជាក់ថា ឪពុក​មាន​ជំងឺលើសឈាម​ជា​យូរ​ឆ្នាំ​មកហើយ ហើយ​ការស្លាប់​នោះ​អាចមកពី​ជំងឺ​ប្រចាំកាយ​របស់គាត់​៕

5e773b35-24db-4f61-9a6d-8547e4e2a296

​

កំពូល​កោះហៅ​លោក កឹម សុខា ចូល​សាវ​នា​ការ​នៅ​ថ្ងៃទី​២ ខែកញ្ញា​

រាជធានី​ភ្នំពេញ​៖​អគ្គ​ព្រះរាជអាជ្ញារង នៃ​មហាអយ្យការ​អម​តុលាការ​កំពូល​លោក អ៊ុក គីម​សិទ្ធិ បានចេញ​ដីកា​កោះហៅ​លោក កឹម សុខា ចូល​សវនាការ​នៅ​ថ្ងៃទី​០២ ខែកញ្ញា​ខាងមុខនេះ​ក្នុងនាម​ម្ចាស់​បណ្តឹងសាទុក្ខ​។
​យោងតាម​ដីកា​របស់​មហាអយ្យការ​អម​តុលាការ​កំពូល​បាន​ឲ្យ​ដឹងថា អគ្គ​ព្រះរាជអាជ្ញារង សម្រេច​បង្គាប់​ឲ្យ​លោក កឹម សុខា (​ម្ចាស់​បណ្តឹងសាទុក្ខ​) ចូលមក​តុលាការ​កំពូល​នៅ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​ព្រឹក​។​
​នៅក្នុង​ដីកា​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ក្រោយពី​បាន​ពិនិត្យ​សុំ​ណ​រឿង​ព្រហ្មទណ្ឌ​៤៦ ចុះ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦ ដែលមាន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជាតិខ្មែរ​(​ម្ចាស់​បណ្ដឹងសាទុក្ខ​), ត្រូវដាក់​ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ បដិសេធ​ក្នុងការ​ចូលខ្លួន (​ពាក្យស្នើសុំ​បំពេញ​កិច្ច​) ប្រព្រឹត្តទៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស តាម​ញ្ញត្តិ​មាត្រា ៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ​៕

fn-2016-08-30-08-57-44-1

​

បង្ក្រាប​ក្រុមចោរ​សាំ​ម៉ូ​រ៉ៃ​​៤​នាក់ ​ដកហូត​រថយន្ត​ឡង់​គ្រី​ស័​រ​មួយគ្រឿង

រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ក្រុមចោរប្លន់​ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ដកហូត​បាន​រថយន្ត​ឡង់​គ្រី​ស័​រ​មួយគ្រឿង ដាវ​៤​ដើម កាំបិតផ្គាក់​១ កាំបិត​បុ័ងតោ​១ ញញួ​១ និង​ម៉ូតូ​១​គ្រឿង​ផងដែរ​។​
​​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បាន​បញ្ជាក់ថា ប្រ​ត្តិ​ប​ត្តិ​ការ​ធ្វើឡើង​តាំងពី​ម៉ោង​១០​យប់​រហូតដល់​ម៉ោង​៤ និង​៣០​ទៀបភ្លឺ ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៦​នេះ​។ លោក​ឧ​ត្ត​ម​សេនីយ៍​បន្តថា ក្រុមចោរប្លន់​ទាំងនេះ តែងតែ​ធ្វើ​សកម្មភាព នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ មិនមែន​តែ​ទឹកដី​ខណ្ឌឫស្សីកែវ​នោះទេ តែ​នៅពេលនេះ​កម្លាំង​នគរបាល​របស់លោក បាននិងកំពុង​បន្ត​សួរនាំ​ពី​សកម្មភាព​របស់​ពួកវា​។​
​ជាមួយគ្នានេះ​កម្លាំង​នគរបាល ក៏​បាននិងកំពុង​ធ្វើកា​រ​ស្រាវជ្រាវ ដើម្បី​តាម​បង្ក្រាប​បក្ខពួក​ដែល នៅ​សេសសល់​ផងដែរ​៕

fn-2016-08-30-06-51-19-0fn-2016-08-30-06-51-20-4

​fn-2016-08-30-06-51-20-3fn-2016-08-30-06-51-19-2fn-2016-08-30-06-51-19-1

រថយន្ត​ដឹក​ដី​ប្រ​លះ​រថយន្ត​ដឹក​អ្នកដំណើរ​ស្លាប់​៩​នាក់ របួស​៤​នាក់​

ដោយ​៖​ប៉ែន សុផល​
​បាត​ដំបង​៖​យោងតាម​សេចក្តីរាយការណ៍ បឋម​របស់​មន្ត្រី​ចរាចរណ៍ អោយដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស​៩​នាក់​បាន​ស្លាប់​នៅ​និង​កន្លែងកើតហេតុ និង​៤​នាក់​ទៀត​រងរបួស​ធ្ងន់ នៅក្នុង​ឧប្បត្តិហេតុ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ រវាង​រថយន្ត​ដឹក​ដី និង​រថយន្ត​ដឹក​អ្នកដំណើរ ដែល​បាន​បុក​គ្នា កាល​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ត្រូវ​និង​ថ្ងៃទី​២៩ ខែសីហា​ឆ្នាំ​២០១៦ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥ ចំណុច​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី​។​
​នៃ​កា​រិ​ល័យ​ចរាចរណ៍​ខេត្ត លោក​ម៉ែន​បូរី បានអោយដឹងថា ការគ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បង្កឡើង​ដោយ​រថយន្ត​ដឹក​ដី ដែល​ធ្វើអោយ រថយន្ត​ដឹក​អ្នកដំណើរ មកពី​ទិសខាងកើត មក​ខាងលិច ហើយ​បាន​ព្យាយាម បើក​ឡើង​ជែង​រថយន្ត​មួយគ្រឿង​ទៀត ដែល​បើក​ស្រប​ទិស​គ្នា ក៏បាន​ជ្រុល​ទៅបុក​រថយន្ត​ដឹក​អ្នកដំណើរ ដែល​បាន​បើក​បញ្ច្រាសទិស បុក​ពេញទំហឹង​តែម្តង​។​
​លោក​ម៉ែន​បូរី បានបញ្ជាក់​ប្រាប់ថា រថយន្ត​ដឹក​អ្នកដំណើរ​ទាំងអស់នោះរ​បស់​ក្រុមហ៊ុន​(​មេគង្គ​អ៊ិ​ច​ប្រេ​ស​)​ប្រភេទ​១៤​កៅអី ដឹក​អ្នកដំណើរ ចេញពី​ខេត្តបាត់ដំបង ទៅ​ភ្នំពេញ​។​
​លោក​ម៉ែន​បូរី បញ្ជាក់ថា ករណីនេះ​ធ្វើអោយ​អ្នកដំណើរ​ស្លាប់​៩​នាក់​ក្នុងនោះ​ស្រី​៥​នាក់ នៅ​និង​កន្លែងកើតហេតុ រីឯ​៤​នាក់​ទៀត​រងរបួស​ធ្ងន់ លោក​ម៉ែន​បូរី​នាយផ្នែក​ដំណោះស្រាយ​ចរាចរណ៍​ខេត្ត បានធ្វើការ​សន្តិ​ដ្ឋា​ន បើតាម​ការ​ព​និត្យ នៅលើ​កន្លែងកើតហេតុ គឺ​កំហុស​ភាគច្រើន​បង្កឡើង​មកពី​រថយន្ត​ដឹក​ដី​។​
​លោក​បាន​បញ្ជាក់ថា អ្នកបើកបរ​រថយន្ត​ស្លាប់​ទាំងសងខាង និង​អ្នករបួស​បាន​ដឹកជញ្ជូន​យកទៅ​សង្គ្រោះ នៅ​មន្ទី​ពេទ្យ​ខេត្តបាត់ដំបង រីឯ​សាកសព លោក​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​បងប្អូន និង​សាច់ញាតិ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

unnamed (4)unnamed (1)

unnamed (3)
unnamed (2)unnamed (5)

unnamed
unnamed (6)

​

បើក​យុទ្ធនា​ការបិទ និង​ចែក​ស្ទីក​ឃើ​ចំណាំងផ្លាត​ជូន​ពលរដ្ឋ​

ដោយ​៖​ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ​៖នៅ​ព្រឹក​ថ្ងៃ​តី​២៩ ខែសីហា​នេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តក្រចេះ ដឹកនាំ​ដោយ​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​ខេត្ត ក្រោម​វត្តមាន​លោក វ៉ា ថន អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ និង​មានការ​ចូលរួម​ពី​មន្ត្រីនគរបាល​ចរាចរ​ផ្លូវគោក និង​អាជ្ញាធរ​ទាំង​៥​ស្រុក​-​ក្រុង​១ បាន​បើក​យុទ្ធនា​ការចែក ស្ទីក​ឃើ ចំណាំងផ្លាត​នៅពេល​យប់ ចំនួន ៣៥,៧៨២​សន្លឹក ជូន​ប្រជាពលរដ្ឋ និង​មាន​ការបិត​ផ្ទាល់​លើ​គោយន្ត ជិត ៩០​គ្រឿង និង​ម៉ូតូ ប្រមាណ​ជាង ១០០​គ្រឿង ដែល​គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ​នៅពេល​យប់​ផងដែរ ។​
​លោក វ៉ា ថន អភិបាលរង​ខេត្ត បាន​ប្រសាសន៍ថា សព្វថ្ងៃនេះ បងប្អូន​ប្រជាកសិករ ភាគច្រើន​បាន​ប្រើប្រាស់​គោយន្ត​កន្ត្រៃ ឬ​តា​ឡេ​ថង ដើម្បី​ធ្វើស្រែ​ចំការ និង​បើកបរ​លើផ្លូវ​សាធារណៈ ជាពិសេស​លើផ្លូវ​ជាតិ​តែម្តង ។ ដូច្នេះ បងប្អូន​ប្រជាពលរដ្ឋ ត្រូវយក​ស្ទីក​ឃើ ឬ​សន្លឹក​ចំណាំងផ្លាត​នៅពេល​យប់​នេះ ទៅ​បិទ​លើ​គោយន្ត ឬ​ទោចក្រយានយន្ត​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ជៀសវាង​បងប្អូន​ធ្វើដំណើរ​ពេលយប់​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​
​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត បាន​បញ្ជាក់ថា ដោយ​ទទួល​ស្ទីក​ឃើ ចំណាំងផ្លាត ពី​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លើ​ការគិតគូរ​ពី​សុវត្ថិភាព​ចរាចរ លោក បាន​សហការ​ជាមួយ​លោក​អភិបាលខេត្ត អាជ្ញាធរ​ក្រុង ស្រុក ឃុំ​/​សង្កាត់ ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មក​ទទួល នៅពេលដែល​ក្រុ​មារ​ងារ​ចុះ​ចែក​ស្ទីក​ឃើ ឬ​សន្លឹក​ផ្ទាំង​ចំណាំងផ្លាត​សុវត្ថិភាព​សម្រាប់​មធ្យោបាយ កង់ ម៉ូតូ គោយន្ត​កន្ត្រៃ និង​រថយន្ត​កែ​ច​ច្នៃ​គ្រប់​ប្រភេទ ក្នុង​គោលបំណង់​កាត់បន្ថយ​គ្រោះថ្នាក់​ចរាច​កើតឡើង​ជាយថាហេតុ​នៅពេល​យប់ ។​
​ដោយ​លោក បាន​លើកឡើងថា សព្វថ្ងៃនេះ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង គឺមាន​រថយន្ត​កែច្នៃ និង​ទោចក្រយានយន្ត​មួយចំនួនធំ ដែល​គ្មាន​ចំណាំងផ្លាត​ពីក្រោយ ។ ដូច្នេះហើយ ទើប​សម្ដេច​តេ​ជោ ហ៊ុន សែន លោក​យល់ឃើញថា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាច​នេះ គឺ​ត្រូវតែ​ផ្ដល់ជូន​ស្ទីក​ឃើ ឬ​សន្លឹក​ផ្ទាំង​ចំណាំងផ្លាត​សុវត្ថិភាព​នេះ ដល់​ម្ចាស់​យានយន្ត​នានា ដែល​ខ្វះ ដោយ​ឥតគិតថ្លៃ ។ យុទ្ធនាការ​នេះ មិនមែន​ធ្វើឡើង​តែ​ថ្ងៃនេះ ឬ​នៅ​កន្លែង​នេះ តែ​ប៉ុណ្ណ​នោះទេ គឺធ្វើឡើង​ជា​រៀងរាល់ថ្ងៃ នឹង​នៅ​គ្រប់​បណ្ដា​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ ដែលមាន​ស្រុក​៥ និង​ក្រុង​១ ក្នុង​ខេត្តក្រចេះ​ទាំងមូល ។
​លោក បន្ដថា នៅពេលដែល​បងប្អូន​ទទួលបាន​ស្ទីក​ឃើ នេះហើយ ត្រូវ​ចេះ​ថែរក្សា ហើយ​បើ​មាន​ករណី​រហែក ឬ​របក ត្រូវសុំ​ពី​អាជ្ញាធរ​យក​បិត​បន្ថែម​ទៀត ។​
​លោក ស្រេង ស្រស់ ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ សូមកុំ​បក​ស្ទីក​ឃើ​សុវត្ថិភាព ឬ​ចំណាំងផ្លាត​ពី​បង្គោល​សុវត្ថិភាព ដែល​ខាង​ក្រសួង និង​មន្ទីរ​បាន​បោះបង្គោល​នៅតាម​ដងផ្លូវ​នានា​តាម​បណ្ដាខេត្ត ដូចជា ខេត្តក្រចេះ ក៏ដូចជា​នៅ​ទូទាំងប្រទេស​កម្ពុជា​ផងដែរ ៕

unnamed (1)

​unnamedunnamed (2)unnamed (3)

អង្គការ​មូលនិធិ​កុមារ​ពិការ មាន​ចក្ខុវិស័យ​កែប្រែ​អនាគត​កុមារ​

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖​ប្រធាន​អង្គការ​មូលនិធិ​កុមារ​ពិការ បាន​ថ្លែងថា អង្គការ​នេះ ដែល​បាន​បង្កើតឡើង​អំឡុង ឆ្នាំ​២០០៧ មាន​គោលបំណង​លើកស្ទួយ​កុមារ​ឲ្យ​មាន​អនាគត​។​
​អង្គការ​មូលនិធិ​កុមារ​ពិការ សហការ​ជាមួយ​សាលា​អន្តរជាតិ ហ្គោល​ឌិន ថា​ម កាលពី​ថ្ងៃទី​២៨ ខែសីហា ម្សិល​ម៉ិ​ញ បានរៀបចំ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មាតា បិតា និង អាណាព្យាបាល​សិស្ស​ក្នុង​ខេត្តក្រចេះ ដើម្បី​ចែករំលែក​បទពិសោធន៍ និង វិធីសាស្ដ្រ​ក្នុងការ​អប់រំ​កូន​ឲ្យ​ក្លាយជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង បុគ្គល​ឆ្នើម​នៅពេល​អនាគត ។​
​លោក គង់ វិ​ចិ​ត្រា ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ អង្គការ​មូលនិធិ​កុមារ​ពិការ បាន​បញ្ជាក់ថា អង្គការ​មូលនិធិ​កុមារ​ពិការ បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៧ ដោយមាន​គោលបំណង​សំខាន់ គឺ​ជួយ​គាំទ្រ ផ្ដល់​សិទ្ធិ និង លើកទឹកចិត្ត ផ្តល់​សុខុមាលភាព​ដល់​កុមារ និង​យុវជន​ពិការ​កម្រិត​ម​ធ្យ​ម និង ធ្ងន់ធ្ងរ​នៅ​កម្ពុជា ។​
​លោក បាន​បន្តថា បច្ចុប្បន្ននេះ អង្គការ​កំពុង​ធ្វើ​ប្រតិបត្តិការ​របស់ខ្លួន​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តកំពត និង ខេត្តក្រចេះ ក្នុង​គោលដៅ​ពង្រីក​សេវាកម្ម ដើម្បី​ជួយ​គាំទ្រ​ដល់​កុមារ និង យុវជន​ពិការ​នៅ​កម្ពុជា​តែម្ដង ។ ដោយ​លោក​សង្កេតឃើញថា សេវាកម្ម​សម្រាប់​កុមារ និង យុវជន​ពិការ​កម្រិត​មធ្យម និង ធ្ងន់ធ្ងរ នៅមាន​កង្វះខាត​នៅឡើយ បើសិនជា​ប្រៀប ធៀប​ទៅនឹង​សេវាកម្ម​ជួយ​គាំទ្រ​ជនពិការ​ទូទៅ ។ ដូច្នេះ អង្គការ​មូលនិធិ​កុមារ​ពិការ នឹង​បន្ត​ការពង្រីក​សេវា​នេះ​ឲ្យ​បាន​ទូទាំងប្រទេស ដោយមាន​ការគាំទ្រ​ពី​ម្ចាស់ជំនួយ ដូចជា អង្គការ​UNICEF ម្ចាស់ជំនួយ​នៅ​ប្រទេស​អាល្លឺម៉ង់ ហ្វាំ​ង​ឡង់ និង ប្រទេស​ស្វី​ស ។​
​លោក បាន​បន្តថា តាមរយៈ​តួលេខ​របស់​រាជរដ្ឋាភិបាល ជនពិការ មាន​ចំនួន​ពីរលាន​នាក់ នៅ​ទូទាំងប្រទេស នុង​នោះ​ប្រមាណ​៨​ម៉ឺន​នាក់ ស្នើ​នឹង​២០​ភាគរយ ជា​កុមារ និង យុវជន​ពិការ ឋិត​ក្រោម​អាយុ​២០​ឆ្នាំ ហើយ​សព្វថ្ងៃនេះ អង្គការ​បាន​ជួយ​គាំទ្រ​ដល់​កុមារ និង​យុវជន​ពិការ ជាង​បី​រយ​នាក់ នៅក្នុង​តំបន់​គោលដៅ​ទាំងបី ។​
​លោក សេង វណ្ណា​រិ​ទ្ធ អគ្គនាយក​សាលា​អន្តរជាតិ ហ្គោល​ឌិន ថា​ម បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​កន្លងមក លោក​តែងតែ​បានធ្វើ និង ចូលរួម​ក្នុង​ការងារ​សង្គម​ជាច្រើន ហើយ​លោក​នឹង​បន្តសកម្មភាព​នេះ​ជា​បន្ត ដោយ​ភាព​ស្រឡាញ់​កុមារ៕

unnamed (1)unnamed (2)unnamed

​