បាល់ទាត់៖ខ្សែបម្រើសញ្ជាតិហូឡង់កីឡាករ Georginio Wijnaldum ត្រូវបានគេរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀង និងចូលមកពិនិត្យសុខភាពជាមួយក្លិបហង្សក្រហម Liverpool នៅថ្ងៃនេះ។
យោងតាមគេហទំព័រជាផ្លូវការរបស់ហង្សក្រហម Liverpool បានសរសេរថា ខ្សែបម្រើវ័យ២៥ឆ្នាំរបស់ក្លិប សារិ កាព្រៃ Newcastle United បានព្រមព្រៀងជាមួយក្លិប Liverpool ក្នុងតម្លៃពលកម្ម២៥លានផោន ក្នុងការផ្ទេរកីឡដ្ឋាន Anfield នៅពេលទីផ្សារកីឡាបើកនារដូវក្តៅខាងមុខនេះ។
Wijnaldum បច្ចុប្បន្ននេះនៅជាប់កុងត្រានៅកីឡាដ្ឋាន St James’ Park ៤ឆ្នាំទៀត និងបានស៊ុតបញ្ចូលទីបាន១១គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៨លើក នៅ Premier League ឲ្យក្លិបសារិកាព្រៃ Newcastle ។
គួរបញ្ជាក់ថា Wijnaldum បានត្រូវ ក្លិបសារិកាព្រៃ Newcastle ទិញមកពីក្លឹប PSV កាលពីឆ្នាំ២០១៥ ក្នុងតម្លៃ១៤លានផោនកន្លះ៕

បារាំង៖ជនសង្ស័យ៥នាក់រួមមានប្រុសបួននាក់ និងស្រីម្នាក់ត្រូវបានសមត្ថកិច្ចបារាំងឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយបើករថយន្តបុកចូលហ្វូងមនុស្សនៅទីក្រុងនីស កាលពីជាងមួយសប្តាហ៍កន្លងទៅនេះ។
បើតាមការឲ្យដឹងពីព្រះរាជអាជ្ញាបារាំងបាននិយាយថា ជនសង្ស័យទាំង៥នាក់ ដែលឃាត់ខ្លួនមានអាយុចន្លោះពី២២ឆ្នាំដល់៤៤ឆ្នាំ ពួកគេត្រូវចោទថា បានជួយនៅក្នុងការរៀបចំឲ្យមានការបើករថយន្ត ទៅបំបុកហ្វូងមនុស្ស ដែលកំពុងចូលរួមប្រារព្ធពិធីបុណ្យជាតិបារាំងកាលពីយប់ថ្ងៃទី១៤កក្កដា។ ព្រះរាជអាជ្ញាបញ្ជាក់ថា ការវាយប្រហារភេរវកម្ម ត្រូវបានគេរៀបចំអស់រយៈពេលជាច្រើនខែ ហើយនៅពេលនេះជនសង្ស័យទាំង៥នាក់ ត្រូវគេបញ្ជូនទៅឃុំខ្លួន។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ មានករណីវាយប្រហារមួយនៅទីក្រុងនីសបណ្តាលឲ្យមនុស្ស៨៤នាក់ស្លាប់ ខណៈដែលមនុស្សម្នាទាំងនោះកំពុងចូលរួមប្រារព្ធពិធីបុណ្យជាតិបារាំង ៕

ខេត្តពោធិ៍សាត់៖ពលរដ្ឋខ្មែរម្នាក់ក្នុងចំណោមខបក្សពួក៧នាក់ ត្រូវទាហានឈុតខ្មៅថៃបាញ់សម្លាប់ ខណៈពេលពួកគេឆ្លងដែន ចូលទៅកាប់ឈើខុសច្បាប់នៅក្នុងទឹកដីថៃ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅលើទឹកដីថៃ ខេត្តត្រាត ទល់មុខចំណុចភ្លុកដំរី ក្នុងនិយាមការ TU(50159, 43790)។
ប្រភពព័ត៌មានពីសមត្ថកិច្ចព្រំដែន បានឲ្យដឹងថា ជនរងគ្រោះខ្មែរមានឈ្មោះ តេង សល្យ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់ភូមិភ្នំ៧ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវទាហានឈុតខ្មៅថៃ បាញ់២គ្រាប់ចំជើង១គ្រាប់ និងចំកន្លែងបោះដៃ១គ្រាប់ទៀត ចំណែកឯបុរស៦នាក់ផ្សេងទៀត បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុកម្លាំងខ្មែរ បានទំនាក់ទំនងទៅសមត្ថកិច្ចថៃ ហើយបានចុះទៅពិនិត្យ និងទទួលសាកសពនៅទឹកដីថៃមកទឹកដីខ្មែរវិញ៕


ដោយ៖ប៉ែនសុផល
បាត់ដំបង៖កម្លាំងការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៃអធិការនគរបាលស្រុកបានសហការជាមួយនគរបាលប៉ុស្តិ៍បានចុះធ្វើកិច្ចប្រតិបត្តិការបង្ក្រាប១ករណី បន្ទាប់ពីបានទទួលព័ត៌មានពីភ្នាក់ងារសម្ងាត់ និងបានឆ្លងយោបល់ពីលោកអធិការ និងលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់នៅវេលាម៉ោង១១ និង៤៥នាទីព្រឹកក្នុងថ្ងៃទី២១ កក្កដា ២០១៦ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះ ហ៊ុន កែវ ភេទប្រុសអាយុ៤២ឆ្នាំ បច្ចុប្បន្នមានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញនគរបាលយុត្តិធម៌ការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនស្រុកកំរៀងបាននាំយកទៅការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនដើម្បីសាកសួរចម្លើយ និងស្តាប់ការសារភាពរបស់ជនល្មើសចំពោះមុខសមត្ថកិច្ច និងដកហូតវត្ថុតាងបានរួមមានគ្រឿងញៀនប្រភេទយ៉ាមាគ្រាប់រាងសំប៉ែតមានពណ៌ផ្កាឈូកមានអក្សរ wy ចំនួន១៦០គ្រាប់ និងម៉ូតូម៉ាក រីបែល (ឆ្កែ) ១គ្រឿងពណ៌ខ្មៅគ្មានស្លាកលេខ និងសម្ភារៈពាក់ព័ន្ធផ្សេងៗនិងគ្រឿងញៀន ១ចំនួនផ្សេងទៀត ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវសមត្ថកិច្ចរៀបចំសំណុំឯកសារដើម្បីបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕



រាជធានីភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការកំណត់ថ្លៃលក់រាយប្រេឥន្ធនៈ នៅតាមស្ថានីយ ដោយតម្លៃសាំងធម្មតាថ្លៃ ៣,២០០រៀលក្នុងមួយលីត្រ សាំងស៊ុបពែរថ្លៃ ៣,៣០០រៀលក្នុងមួយលីត្រ និងសាំងម៉ាស៊ូតថ្លៃ៣,០៥០រៀលក្នុងមួយលីត្រដែលតម្លៃនេះនឹងចាប់ផ្ដើមអនុវត្តន៍ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦៕

ប្រេស៊ីល៖ប៉ូលិសសហរដ្ឋព័ន្ធរបស់ប្រេស៊ីលបានចាប់ខ្លួនជនសង្ស័យសមាជិករបស់ក្រុមភេរវកម្ម១០នាក់ដែលកំពុងរៀបចំផែនការវាយប្រហារ អំឡុងថ្ងៃប្រកួតកីឡាអូឡាំពិក ទីក្រុងរីយ៉ូ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC។
អាជ្ញាធរប្រេស៊ីលបាននិយាយថា ពួកគេបានសារភាពថា មិនមែនជាបណ្តាញក្រុម ISIS នោះទេ ប៉ុន្តែពួកគេក៏ធ្លាប់ធ្វើការទាក់ទងទៅកាន់ក្រុម ISIS ផងដែរ។ ការចាប់ខ្លួនជនសង្ស័យជាភេរវករខាងលើនេះ បានធ្វើឡើងនៅរដ្ឋ Parana ភាគខាងត្បូងប្រទេសប្រេស៊ីល ដែលមានរយៈពេលតែ ពីរសប្តាហ៍ប៉ុណ្ណោះ មុនពេលប្រកួតកីឡាអូឡាំពិកទីក្រុងរីយ៉ូ នឹងចូលមកដល់៕

ខេត្តត្បូងឃ្មុំ៖នៅវេលាម៉ោង១០ និង០០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២១០៦ មានប្រជាពលរដ្ឋ ឈ្មោះ ឡន គឹមលាង ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិទន្លេបិទក្រោមឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បានប្តឹងពីប្រពន្ធរបស់ខ្លួន ឈ្មោះ ស្រេង ស៊ាងលី អាយុ៣២ឆ្នាំ នៅភូមិឃុំជាមួយ ពីបទផិតក្បត់នាំប្រុសកំណាន់ ឈ្មោះ ជឿន វ៉ាន់រិន អាយុ២៨ឆ្នាំ នៅភូមិមៀន ឃុំមៀន ស្រុកព្រៃឈរ មកដេកនៅក្នុងផ្ទះរបស់ខ្លួន ជាក់ស្តែង ហើយត្រូវក្រុមគ្រួសារចាប់បានទាំងពីរនាក់កាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២១០៦ វេលាម៉ោង១២ និង០០នាទីអធ្រាត្រ បញ្ជូនមកនគរបាលប៉ុស្តិ៍ទន្លេបិទ។
បច្ចុប្បន្នជនសង្ស័យទាំងពីរ សមត្ថកិច្ចជំនាញនគរបាលស្រុកបានធ្វើការឃាត់ខ្លួនសាកសួរកសាងសំណុំរឿងបញ្ជូនទៅតុលាការវិនិច្ឆ័យតាមច្បាប់។ តាមចម្លើយសារភាពឈ្មោះ ជឿន វ៉ារិន ថាខ្លួនបានរួមភេទបន្តបន្ទាប់ ក្នុងផ្ទះនោះតែ៥លើកទេ៕

ខេត្តត្បូងឃ្មុំ៖មន្ត្រីប៉ុស្តិ៍រដ្ឋបាលក្រែកបានប្រាប់ឲ្យដឹងថា មានបាតុភូតធម្មជាតិរន្ទះបាញ់ចំស្ត្រីម្នាក់ដែលកំពុងងូតទឹក និងបោកសម្លៀកបំពាក់បណ្តាលឲ្យស្លាប់ភ្លាមៗនៅសំយាបផ្ទះ។ ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក។
មន្ត្រីដដែលបន្តថា ស្ត្រីរងគ្រោះឈ្មោះ ហូវ សុខហេង អាយុ៣០ឆ្នាំ រស់នៅភូមិកើតហេតុ។ ខណៈមេឃកំពុងតែបង្អុរភ្លៀង ស្ត្រីរងគ្រោះបានចេញមកងូតទឹក និងបោកសម្លៀកបំពាក់នៅខាងក្រៅផ្ទះនៅខាងក្រោមទរបង្ហូរពីលើដំបូល ស្របពេលនោះស្រាប់តែរន្ទះបានបាញ់មកចំស្ត្រីរងគ្រោះជាហេតុបណ្តាលឲ្យដួលដេកទៅលើដីស្លាប់ភ្លាមៗមួយរំពេចតែម្តង ។
មន្ត្រីប៉ុស្តិ៍រដ្ឋបាលក្រែក បានប្រាប់ឲ្យដឹងថា បន្ទាប់មកបុរសជាប្តីបានរត់ចេញមកក្រៅមើលឃើញពីហេតុការណ៍ប្រពន្ធស្លាប់ក៏បានទ្រហោរយំ ហើយបានភ្ញាក់ផ្អើលដល់សមត្ថកិច្ច។ ក្នុងពេលនោះសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលក្រែក បានចុះទៅពិនិត្យសពឃើញមានស្នាមខ្មៅរោលត្រង់ក និងខ្លួនប្រាណ ដោយសារតែត្រូវរន្ទះបាញ់ ចំណែកខ្សែកដែលពាក់នៅនឹងកត្រូវបានជ្រុះដាច់ជាកំណាត់ៗ ៕

រាជធានីភ្នំពេញ៖ព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹកជំនន់ ប្រចាំថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមានស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល និងស្ថានីយទន្លេសាប-ព្រែកក្តាម ដោយស្ថានភាពទឹកមានការស្រកចុះ៕ សូមអានព្រឹត្តិបត្រព័ត៌មានរបស់ក្រសួងធនធានទឹកទាំងស្រុង៖

រាជធានីភ្នំពេញ៖នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះកម្លាំងនគរបាលជាតិបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៨ករណី ឃាត់មនុស្ស១៨នាក់ ក្នុងនោះមុខសញ្ញាជួញដូរ១៧នាក់ និងមុខសញ្ញាប្រើប្រាស់ម្នាក់ រឹបអូសថ្នាំមេតំហ្វេតាមីន(ice) ៣.៧៦ក្រាម,៥កញ្ចប់ធំនិង៧២កញ្ចប់តូច។
យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួន ដោយនគរបាលភ្នំពេញ បង្ក្រាប១ករណី ឃាត់ខ្លួន៤នាក់, ខេត្តកណ្ដាល បង្ក្រាប៣ករណីឃាត់ខ្លួន៦នាក់, ខេត្តសៀមរាបបង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់, ខេត្តកំពង់ចាម បង្ក្រាប២ករណី ឃាត់ខ្លួន៣នាក់ និងខេត្តត្បូងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់៕

រាជធានីភ្នំពេញ៖បុរសម្នាក់ស្រវឹងធ្លាក់ភ្នែកបើករថយន្តសេរីទំនើបមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុកបង្គោលភ្លើងបណ្តាលឲ្យរថយន្តរងការខូចខាតខ្ទេចមុខ សំណាងល្អមិនបណ្តាលឲ្យរងបរួស រួចរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងត្រង់ផ្លូវសីហនុកែង និងផ្លូវត្រសក់ផ្អែម នាម៉ោង១ និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
ប្រភពព័ត៌មានឲ្យដឹងថា មុនកើតហេតុគេបានឃើញ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Honda City ពណ៌ស ស្លាកលេខភ្នំពេញ 2AG-1117 តាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែក ទៅផ្លូវត្រសក់ផ្អែម បុរសជាអ្នកបើកបរមិនបង្អង់ល្បឿនទេ គឺបត់ឆ្វេងដៃឆ្ពោះទៅផ្លូវត្រសក់ផ្អែម យ៉ាងលឿន ហើយបួងចង្កូតមិនទាន់ ធ្វើឲ្យរថយន្តជ្រុលទៅបុកជាមួយបង្គោលភ្លើងចំនួន២ដើម បណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ តែមិនបណ្តាលឲ្យបុរសជាអ្នកបើកបររងរបួសនោះទេ ហើយបានបើកទ្វាររថយន្ត រួចគេចខ្លួនចេញពកន្លែងកើតហេតុ បាត់ស្រមោល ដោយបន្សល់ទុកតែរថយន្ត ដែលរងការខូចខាត នៅកន្លែងបុកតែប៉ុណ្ណោះ ។
ក្រោយកើតហេតុរថយន្ត ត្រូវបានខាងជំនាញចុះមកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយនៅពេលក្រោយ៕



រាជធានីភ្នំពេញ៖នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់៧នាក់ រងរបួសធ្ងន់៨នាក់ និងរបួសស្រាល៤នាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៨គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង រថយន្តធុនតូចចំនួន៧គ្រឿង រថយន្តធុនធំចំនួន១គ្រឿង។ ប្រភពបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, មិនគោរពសិទ្ធិ៣លើក, បត់គ្រោះថ្នាក់៣លើក, ស្រវឹង១លើក និងកត្តាយានយន្ត។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១១នាក់។
ជាមួយគ្នានោះម្សិលមិញលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន ២,៧៨៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,១១៦គ្រឿង និងពិន័យសរុប ចំនួន១,៦៧០គ្រឿង៕

ខេត្តព្រះសីហនុ៖សាកសពបុរសកំបុតក្បាលម្នាក់ដែលហើមស្អុយរលេះរលួយត្រូវបានអ្នកស្រុកប្រទះឃើញអណ្តែតក្នុងទឹកស្រះខណៈក្បាលសាកសពគេបានឃើញមានខ្សែនីឡុងពណ៌សចងព្យួរនឹងមែកដើមឈើអាកាស្យាមានកម្ពស់ប្រហែល៥ម៉ែត្រនៅពីលើកន្លែងប្រទះឃើញដងខ្លួនសាកសព។
តាមការសន្និដ្ឋានសាកសពជនរងគ្រោះបានស្លាប់ដោយចងកធ្វើអត្តឃាតដោយខ្លួនឯងជាច្រើនថ្ងៃមកហើយរហូតដល់ហើមរលួយដាច់ត្រឹមកធ្លាក់ខ្លួនមកក្នុងទឹកស្រះតែម្តង។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលពេញភូមិនិងដឹងដល់ក្រុមសមត្ថកិច្ចមូលដ្ឋាននេះបានកើតមានឡើងនៅវេលាម៉ោងប្រមាណ៤ និង៣០នាទីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះនៅចំណុចព្រៃក្រោយផ្ទះរបស់ជនរងគ្រោះប្រហែល២០០ម៉ែត្រស្ថិតក្នុងក្រុមទី៤ភូមិបែកក្រង់ឃុំ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថាសាកសពជនរងគ្រោះមានឈ្មោះកែវ សុខ ភេទប្រុសអាយុ៣១ឆ្នាំ បើយោងតាមការបំភ្លឺរបស់អាណាព្យាបាលសពបានប្រាប់ថាកូនរបស់គាត់មានជំងឺសរសៃប្រសាទហើយបានបាត់ពីផ្ទះតាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦មកម្ល៉េះ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថាជនរងគ្រោះបានចងកសម្លាប់ខ្លួនមានរយៈពេលជាច្រើនថ្ងៃមកហើយ ហើយសាកសពឡើងស្អុយរលួយរឡេះបានដាច់ត្រឹមក ធ្លាក់ដងខ្លួនចូលក្នុងទឹកបែបនេះ។ បច្ចុប្បន្នសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


ដោយ៖ប៉ែន សុផល
បាត់ដំបង៖នៅព្រឹកថ្ងៃទី២១ កក្កដា ២០១៦ ស្ថិតក្នុងបវេណវត្តស្លាកែត សង្កាតស្លាកែត ក្រុងបាត់ដំបង
មានរៀបចំប្រារព្វពិធីសម្ភោធសមិទ្ធផលពង្រីកប្រព័ន្ធផ្តត់ផ្គង់ទឹកស្អាតនៅខេត្តបាត់ដំបង និខេត្តកំពង់ចាម ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាល ជប៉ុនដល់កម្ពុជា ដើម្បីប្រជាជនកម្ពុជាគ្រប់រូបត្រូវទទួលបានទឹកស្អាតដែលមានគុណភាពល្អថ្លៃសមរម្យ និងមានចីរភាពនៅត្រឹមឆ្នាំ ២០២៥ ។ ការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនបានកើនឡើង។
គួរឲ្យកត់សម្គាល់ ជាពិសេសក្នុងអណត្តិទី ៥នៃរាជរដ្ឋាភិបាល ក្នុងអត្រាគ្របដណ្តប់នៃការផ្គត់ផ្គង់ទឹកស្អាតតាមប្រព័ន្ធបណ្តាញ ក្នុងតំបន់ទីប្រជុំជនបានកើនឡើងដល់ទៅ ៦៨.៥៖ ក្នុងឆ្នាំ២០១២ – ២០១៥ គឹតជាចំនួនគ្រួសាអ្នកទទួលទឹកស្អាតប្រើប្រាស់បានដល់ទៅ ៤០០.១៨១ គ្រួសា ទៅ៥៥០.០០០ គ្រួសា ។ចំពោះស្ថានីបូមទឹកឆៅសម្រាប់តម្រូវការក្នុង១ថ្ងៃ ២៤.២០០ម៉ែត្រគូប /ថ្ងៃ និងបំពង់មេនាំទឹកឆៅមានប្រវែង៤.៣ kms និងរោងចក្រផលិតទឹកស្អាតបានក្នុង១ថ្ងៃចំនួន២២.០០០ម៉ែត្រគូប/ថ្ងៃ និងបណ្តាញចែកចាយទឹកស្អាតមានចំង៉ាយប្រមាណ ៦៤.៨kms ដែលនិងចំណាយទឹកប្រាក់អស់ជា៣៣.៥៥លានដុល្លារ និងរយៈពេលកសាងប្រមាណ២៤ខែ ដោយចាប់ផ្តើមកសាក្នុងខែ មិថុនា ឆ្នាំ២០១៤ ដល់ខែមិថុនា ឆ្នាំ២០១៦ សមិទ្ធផលនៃការអនុវត្តគម្រោងនេះមានការបង្កើនអត្រាគ្របដណ្តប់ សេវាទឹកស្អាតពី ៤៥៖ នៅឆ្នាំ ២០១៦ ដល់ទៅ ៨៥៖ នៅឆ្នាំ២០១៩ ។
ពិធីសម្ពោធប្រព័ន្ធទឹកស្អាត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូអមដំណើជាច្រើនរូបនិងព្រះសង្ឃកងកម្លាំងប្រដាប់អាវុធគ្រប់កងឯកភាព និងស្ថាប័នផ្សេងៗជាច្រើនថែមទៀតក្នុងឱកាសនោះ៕



ខេត្តក្រចេះ៖នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ គ្រួសារពលអាវុធហត្ថក្រីក្រ ជួបការលំបាក ពលី មរណៈ និងចូលនិវដ្តន៍ចំនួន ៤៤គ្រួសារ ទទួលបានអំណោយគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួន ក្នុងឱកាសអបអរសាទរខួបលើកទី២៣ នៃទិវាបង្កើតកងរាជអាវុធហត្ថ ។
ពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកវរៈសេនីយ៍ឯក សួស ចំរើន មេបញ្ជាការងកងរាជអាវុធហត្ថខេត្តក្រចេះស្ដីទី និងដោយមានការចូលរួមពីអស់លោក លោកស្រី មេបញ្ជាការ មេបញ្ជាការរង និងនាយ នាយរង ពលអាវុធហត្ថ ព្រមទាំងក្រុមគ្រួសារអាវុធហត្ថជាច្រើនរូបទៀត នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ។
អំណោយទាំងនោះរួមមាន អង្ករ មី ប៊ីចេង ទឹកត្រី និងថវិកា ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២២.៨០គីឡូក្រាម មី ១កេស ទឹកត្រី ១យូរ ប៊ីចេង ១កញ្ចប់ និងថវិកាចំនួន ៥ម៉ឺនរៀល ។
មានមតិសំណេះសំណាលជាមួយក្រុមគ្រួសារអាវុធហត្ថនាពេលនោះ លោកវរៈសេនីយ៍ឯក សួស ចំរើន មេបញ្ជាការរងស្តីទី បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អតីតយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត បូជាឈាមស្រស់ សាច់ស្រស់ ដើម្បីបុព្វហេតុជាតិ ធ្វើការតស៊ូរំដោះទឹកដី មាតុភូមិ ឲ្យរួចផុតពីសម័យប្រល័យពូជសាសន ប៉ុល ពត ដ៏សែនឃោឃៅព្រៃផ្សៃយ៉ង់ខ្នង មកលើប្រជាជនខ្មែរស្លូតត្រង់ ។
លោកវរសេនីយ៍ឯក សួស ចំរើន បានរំលឹកឡើងវិញកាលពីសម័យរបប ប៉ុល ពត ថា នៅក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រជាជនទូទាំងប្រទេសកម្ពុជា គឺបានបាត់បង់នូវគ្រប់អ្វីៗទាំងអស់ ។ ជាពិសេស សិទ្ធិសេរីភាព ដោយម្នាក់រស់នៅក្នុងភាពងងឹត ភាពភ័យខ្លាចគ្រប់ពេលវេលា គ្មានចំណីអាហារគ្រប់គ្រាន់ សម្រាប់ហូបចុក ដែលប្រៀបបានទៅនឹងការរស់នៅក្នុងឋានរកទាំងរស់ ។
លោកវរៈសេនីយ៍ឯក សួស ចំរើន បានបន្តឲ្យដឹងថា បច្ចុប្បន្ន ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ មានសន្តិភាព ស្ថេរភាព សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ។
លោកវរៈសេនីយ៍ឯក សួស ចំរើន មេបញ្ជាការរងស្តីទី បានជំរុញដល់មន្ត្រី និងពលអាវុធហត្ថទាំងអស់ ត្រូវអនុវត្តតាមគោការណ៍សំខាន់ៗ ៥ចំណុច ទី១ អាវុធហត្ថគ្រប់រូប ត្រូវលើកកម្ពស់ស្មារតីស្នេហាជាតិ និងស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា, ទី២ ត្រូវបន្តកសាងកងរាជអាវុធហត្ថឲ្យល្អស្អាតស្អំ គោរពវិន័យ ក្រមសីលធម៌ និងអនុវត្តន៍ច្បាប់, ទី៣ បន្តរៀបចំអត្តចរិក និងសេចក្ដីថ្លៃថ្នូរឲ្យមានការទំនាក់ទំនងល្អជាមួយបណ្ដាស្ថាប័ន និងប្រជាពលរដ្ឋ ដើម្បីទទួលការឆ្លើយតប និងមានការគាំទ្រ, ទី៤ ត្រូវបន្តលើកកម្ពស់ចំណេះ សមត្ថភាព ជំនាញ វិជ្ជាជីវគ្រប់ផ្នែកតាមរយៈការហ្វឹកហ្វឺននិងការសិក្សារៀនសូត្រ, ទី៥ ត្រូវបន្តកសាងមនៈសិកាឆន្ទៈអង់អាចក្លាហាន ហ៊ានទទួលខុសត្រូវចំពោះភារកិច្ចបែងចែកច្បាស់លាស់ ចំពោះទង្វើល្អ និងទង្វើមិនល្អ ជាពិសេសចំពោះទង្វើដែលមិនល្អគម្បីត្រូវជៀសវៀង ដូចជា ការស្រែគំរាមកំហែងប្រជាពលរដ្ឋ ការប្រើប្រាស់និងជួញដូរគ្រឿងញៀន ការដឹកជញ្ជូន និងប្រើប្រាស់អាវុធខុសច្បាប់ ការកាប់ទនទ្រានយកដីព្រៃជាដើម។
លោកវរសេនីយ៍ឯក បានបញ្ជាក់ថា តាមរយៈគោលការណ៍សំខាន់ទាំង៥ខាងលើនេះ លោកសង្ឃឹមជឿជាក់យ៉ាងម៉ុតម៉ាំថា ពលអាវុធហត្ថគ្រប់រូប និងខិតខំអនុវត្តន៍ឲ្យបានគ្រប់ៗគ្នា ដើម្បីបម្រើការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងការពារបូរណៈភាពទឹកដីជូនមាតុភូមិកម្ពុជា៕




មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍