អាហ្វហ្គានីស្ថាន ៖មនុស្សយ៉ាងហោចណាស់ចំនួន៧៣នាក់បានស្លាប់ និងច្រើននាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍រថយន្តក្រុង និងរថយន្តដឹកប្រេងបុកគ្នាកាលពីថ្ងៃអាទិត្យនៅលើផ្លូវហាយវ៉េមួយខ្សែនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយពីព័ត៌មានចិនស៊ិនហួរ។
មន្ត្រីនាំពាក្យអភិបាលខេត្ត Ghazni នាភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា កាលពីដំបូងឡើយ មនុស្សតែ១៤នាក់ប៉ុណ្ណោះ បានស្លាប់នៅហ្នឹងកន្លែងហេតុ ប៉ុន្តែក្រោយមកទើបអ្នករងរបួសធ្ងន់ បានស្លាប់ជាបន្តបន្ទាប់។ ប្រភពដដែលបញ្ជាក់ថា រថយន្តទាំងពីរគ្រឿងខាងលើនេះបានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ក្រោយពីការបុកគ្នាយ៉ាងពេញទំហឹង។
គួរបញ្ជាក់ថា គ្រោះថ្នាក់រថយន្តធំបុកគ្នានេះបានកើតឡើងនៅលើផ្លូវហាយវ៉េមួយខ្សែដែលបានភ្ជាប់ការធ្វើដំណើរពីទីក្រុងKabul ទៅកាន់ទីក្រុង Dahar ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសនេះ៕
បាល់ទាត់ ៖តាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថា កីឡាករ Bernardo Ribeiro ដែលប្រកបអាជីពនៅក្នុងប្រទេសប្រេស៊ីល បានទទួលមរណភាពដោយសារបញ្ហាបេះដូង។
ប្រភពបានបន្តថា Ribeiro ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរកន្លែងប្រកួត ជាកន្លែងដែលគាត់បានលាចាកលោក។
ទោះជាយ៉ាងនេះក្តី មូលហេតុនៃការស្លាប់នេះមិនទាន់មានប្រភពច្បាស់លាស់ណាមួយបញ្ជាក់នៅឡើយទេ។
គួរបញ្ជាក់ថា កីឡាករ Bernardo Ribeiro វ័យ ២៦ ឆ្នាំ បានធ្លាក់ខ្លួនឈឺអំឡុងការប្រកួតមិត្តភាពឲ្យក្រុម Friburguense របស់ប្រេស៊ីលកាលពីថ្ងៃទី០៧ ខែឧសភានេះ៕
ម៉ានីល ៖ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយក្រុមបានបាញ់ប្រហារលើរថយន្ត Jeep មួយគ្រឿង និង ម៉ូតូពីរគ្រឿងទៀតបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ចំនួន៧នាក់បានស្លាប់ និងរាប់សិបនាក់ទៀត។ នេះបើយោងតាមរសារព័ត៌មានChannel News Asia ផ្សាយមុននេះបន្តិច។
ប៉ូលិសបាននិយាយថា ករណីបាញ់ប្រហារកើតឡើងនៅព្រឹកព្រហាមថ្ងៃចន្ទ ទី០៩ ខែឧសភា នៅតំបន់ Rosario ភាគខាងត្បូង នៃរដ្ឋធានីម៉ានីល តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីធ្វើឡើង។ ប៉ូលិសបញ្ជាក់ថា ការវាយប្រហារនោះ ប៉ូលិសមិនទាន់ដឹងថាជារឿងគំនុំសងសឹក ឬ ក៏ដោយចេតនាអ្វីផ្សេងទៀតនៅឡើយទេ ព្រោះវាកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១៦នេះប្រជាជនហ្វីលពីន ដែលមានឈ្មោះ បោះឆ្នោតប្រមាណ ៥៤លាននាក់ បាននិងកំពុងចូលរួមបោះឆ្នោត ជ្រើសថ្នាក់ដឹកនាំកំពូលរបស់ជាតិ៕
សុខភាព ៖មនុស្សជាច្រើន ពិសេសស្ត្រីនៅពេលមានអារម្មណ៍មិនល្អ តែងងាកមកទទួលទានអាហារដែលមានជាតិខ្លាញ់ខ្ពស់ដូចជា សូកូឡា ការ៉េកី ឬនំឃុកគី។ ពាក់ព័ន្ធនឹងចំណុចនេះ បណ្ឌិត លូកាស វេន អូដេនហូវ មកពីសកលវិទ្យាល័យ (University of Leaven) ក្នុងប្រទេសបែលហ្សិក បានបង្ហើបឲ្យដឹងថា អាស៊ីដខ្លាញ់អាហារទាំងនេះធ្វើតួនាទីកាត់បន្ថយអារម្មណ៍សោកសៅ។
តាមការសាកល្បងជាមួយការប្រើម៉ាស៊ីនស្គេនខួរក្បាល ដោយឲ្យអ្នកស្មោះចិត្ត ១២នាក់ទទួលទឹកអំបិល និងអាស៊ីដខ្លាញ់ដោយចាក់បញ្ចូលទៅក្នុងក្រពះ និងស្តាប់តន្ត្រីអន្លង់អន្លោចប្រៀបធៀបគ្នាឃើញថា អ្នកដែលបានទទួលទានអាស៊ីដខ្លាញ់ (មិនដឹងខ្លួន) នឹងមានអារម្មណ៍សោកសៅតិចជាងអ្នកដែលបានទទួលទានទឹកអំបិល។ ទោះជាយ៉ាងណាការទទួលទានអាហារមានជាតិខ្លាញ់ខ្ពស់ច្រើនពេកអាចនាំឲ្យធាត់បាន៕
រាជធានីភ្នំពេញ៖អ្នកនាំពាក្យ នៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានអះអាងថាករណី ដែលអាជ្ញាធរមានសមត្ថកិច្ច ឃាត់ខ្លួន ក្រុមអ្នកស្លៀកសម្លៀកបំពាក់ ឈុតខ្មៅ២នាក់ ដែលធ្វើយុទ្ធនាការ ស្លៀកពាក់ខ្មៅ ទាមទារឲ្យដោះលែង មន្ត្រីNGOs៤រូប និងអគ្គលេខាធិការរង គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប)១រូប គឺជាដែនសមត្ថកិច្ច របស់អាជ្ញាធរ ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សង្គមជូនពលរដ្ឋ៕
រាជធានីភ្នំពេញ ៖នៅវេលាម៉ោង៩ និង០៣នាទីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ សមត្ថកិច្ចបានឃាត់ខ្លួនសកម្មជនដីធ្លីបឹងកក់ចំនួន៣នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីស្ត្រីទាំង៣នាក់នេះបានព្យាយាមទៅចូលរួមជាមួយក្រុមអង្គការសង្គមស៊ីវិល ដែលប្រមូលផ្តុំគ្នានៅព្រៃ.ស ដើម្បីទាមទាររកយុត្តិធ៌មជូនសង្គមស៊ីវិលដែលត្រូវអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន ។
សេចក្តីរាយការណ៍បានបន្តថា ស្ត្រីទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន៖ ឈ្មោះ ប៉ូវ សុភា , គង់ ចាន់ថា និង កញ្ញា សុងស្រីលាភ។
យ៉ាងណាក៏ដោយអ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនោះគឺស្ត្រីទាំង៣នាក់នោះស្លៀកពាក់ខ្មៅ មួកខ្មៅ ដូចគ្នាបេះបិទទៅនឹងសម្លៀកបំពាក់នៃរបបប៉ុលពត ដែលសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុតនៅកម្ពុជា៕
ព្យុងយ៉ាង ៖សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃនេះថា ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា ខ្លួននឹងធ្វើការពង្រឹង និងពង្រីកការផលិតអាវុធនុយក្លេអ៊ែរ ដើម្បីការពារខ្លួន ឲ្យបានទាំងគុណភាព និងបរិមាណ។
លោក គីម ជុងអ៊ុន បានប្រកាសបែបនេះធ្វើឡើងបន្ទាប់ពីការពិនិត្យរបាយការណ៍ការងារ នៅក្នុងសមាជ កំពូលរបស់គណបក្សពលករកូរ៉េ ដែលមិនធ្លាប់កើតមានរយៈពេល ៣៦ឆ្នាំមកហើយ។ ទោះបីជាយ៉ាងណាមេដឹកនាំវ័យ៣៣ឆ្នាំរូបនេះបានបញ្ជាក់ថា កូរ៉េខាងជើងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីវាយប្រហារប្រទេសណាមួយឡើយ ប៉ុន្តែខ្លួននឹងប្រើប្រាស់វាក្នុងការទប់ទល់នឹងពួកឈ្លានពាន ឬមានចេតនាអាក្រក់មកលើ កូរ៉េខាងជើង៕
រាជធានីភ្នំពេញ ៖បុរសជាជនពិការម្នាក់ បានធ្លាយពោះវៀនចេញមកក្រៅ ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង ដោយសាតែត្រូវរថយន្តស្ទូចបុក។ គ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង០៥ទៀបភ្លឺ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ តាមបណ្តោយផ្លូវជាតិលេខ៥ ខាងជើងស្ពានជ្រោយចង្វា មុខសណ្ឋាគារ រីវើផាឡេស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ៕
ខេត្តព្រះសីហនុ ៖កម្លាំងនគរបាលខេត្តព្រះសីហនុបានឃាត់ខ្លួនជនបរទេស៣នាក់ដែលលួចឆ្លងចូលប្រទេសកម្ពុជាតាមផ្លូវទឹកដោយចេញពីប្រទេសវៀតណាមដោយខុសច្បាប់។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦។
ស្នងការនគរបាលខេត្តព្រះសីហនុលោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានប្រាប់ថា រួមមាន ក្រោយពីពួកគេ ។ នៅ បានបញ្ជាក់ថា កម្លាំងនគរបាលអន្តោប្រវេសន៍ បានឃាត់ខ្លួនជា បណ្តោះអាសន្ននូវជនបរទេស ចំនួន៣នាក់ ពីបទចូលមកខេត្តព្រះសីហនុ តាមផ្លូវទឹក (ប្រើទូកក្តោងមកតាមសមុទ្រពីប្រទេសវៀតណាម ខេត្តញ៉ាចាង) ដោយគ្មានទិដ្ឋាការ។ លោកស្នងការបន្តថា ជនបរទេសដែលឃាត់ខ្លួនរួមមាន៖ជនជាតិរុស្ស៊ី២នាក់ និងជនជាតិកាហ្សាកស្ថានម្នាក់ដោយក្នុងនោះប្រុស២ និងស្រីម្នាក់។ ១- ឈ្មោះ Smolin Mikhail ភេទប្រុស កើតថ្ងៃទី ២១ មិថុនា ១៩៨៧ សញ្ជាតិរុស្សី កាន់លិខិតឆ្លងដែនលេខ ៧២ ៦៣៣៦២៣៩ ផុតសុពលភាពថ្ងៃ ៤ តុលា ២០២៣ ចូលមកព្រះរាជាណាចក្រកម្ពុជាចុងក្រោយនៅថ្ងៃទី២៩ កុម្ភះ ២០១៦ តាមច្រកអន្តរជាតិបាវិត។ ២- ឈ្មោះ Gudimenko Anastasiia ភេទស្រី កើតថ្ងៃទី ១ វិច្ឆិកា ១៩៩៥ សញ្ជាតិរុស្សី កាន់លិខិត ឆ្លងដែនលេខ ៧២ ៤៦២៤៥៩៥ ផុតសុពលភាពថ្ងៃ២៤ ឧសភា ២០២៣ ចូលមកព្រះរាជាណាចក្រកម្ពុជាចុងក្រោយនៅថ្ងៃទី២៩ កុម្ភៈ ២០១៦ តាមច្រកអន្តរជាតិបាវិត។ ៣- ឈ្មោះ Yartsev Vitaliy ភេទប្រុស កើតថ្ងៃទី ៣០ តុលា ១៩៦២ សញ្ជាតិកាហ្សាកស្ថាន កាន់លិខិតឆ្លងដែនលេខ N5571971 ផុតសុពលភាពថ្ងៃ១១ ធ្នូ ២០១៧ ចូលមកព្រះរាជាណាចក្រកម្ពុជាចុងក្រោយនៅថ្ងៃទី៧ កុម្ភះ ២០១៦ តាមច្រកអន្តរជាតិបាវិត។
លោកបញ្ជាក់ថា តាមការសាកសួរជនទាំង៣នាក់ បានឆ្លើយប្រាប់សមត្ថកិច្ចអន្តោប្រវេសន៏ថា ពិតជាបានចូលមកខេត្តព្រះសីហនុ តាំងពីថ្ងៃ៥ ខែឧសភា ឆ្នាំ២០១៦ និងបានស្នាក់នៅក្នុងខេត្តព្រះសីហនុ ដោយគ្មានទិដ្ឋាការពិតប្រាកដមែន។ ជនបរទេសទាំង៣នាក់នោះនឹងត្រូវបញ្ជូនខ្លួនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តទៀតនៅថ្ងៃនេះ៕
រាជធានីភ្នំពេញ ៖យោងតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក ក្នុងនោះយប់៤លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ រងរបួសធ្ងន់១០នាក់ និងរបួសស្រាល៦នាក់។
ប្រភពបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៥គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង, រថយន្តធុនតូច៦គ្រឿង, រថយន្តធុនធំ១គ្រឿង, ថ្មើរជើង១នាក់។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, មិនប្រកាន់ស្តាំ១លើក, ប្រជែងគ្រោះថ្នាក់១លើក, មិនគោរពសិទ្ធិ១លើក, បត់គ្រោះថ្នាក់១លើក, ងងុយដេក១លើក ក្នុងនោះ មិនពាក់មួកពេលគ្រោះថ្នាក់១២នាក់ យប់៥នាក់។
ជាមួយគ្នានេះលទ្ធផលត្រួតពិនិត្យការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស ៣,៧៨៣គ្រឿង, អប់រំ ១,៦៣២គ្រឿង, ពិន័យ ២,១៥១គ្រឿង៕
រាជធានីភ្នំពេញ ៖កាលពីវេលាម៉ោង០៨ និង៤០នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ មានករណីប្រទះឃើញសពអណ្តែតទឹក នៅចំណុចគល់ស្ពានជ្រោយចង្វាត្រើយខាងកើត ស្ថិតនៅភូមិដើមគសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា (មិនស្គាល់អត្តញ្ញាណ) ភិនគាគសពភេទស្រី អាយុ២៩ទៅ៣០ឆ្នាំ ស្លៀកខោខ្មៅជើងវែង ពាក់អាវខៀវដៃស ឆ្នូតពណ៌ក្រហម។ បច្ចុប្បន្នសពសមត្ថកិច្ចកំពុងធ្វើកោសល្យវិច្ច័យ៕
រាជធានីភ្នំពេញ ៖សមត្ថកិច្ចបានយកដីកាកោះហៅ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងលោក តុ វ៉ាន់ចាន់ តំណាងរាស្ត្រមណ្ឌលកណ្តាលគណបក្សសង្គ្រោះជាតិ ទៅបិទដល់មុខផ្ទះរបស់លោកទាំង២តែម្តង នាល្ងាចម្សិលមិញព្រោះតែសាម៉ីខ្លួនមិនព្រមទទួលយក។
សូមជម្រាបថា ផ្ទះលោក កឹម សុខា ដែលសមត្ថកិច្ចយកទៅបិទដល់នោះ គឺស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលលោក កឹម សុខា ត្រូវចូលបំភ្លឺនៅតុលាការ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ក្រោមបទចោទប្រកាន់ពីបទ សញ្ចារកម្ម រីឯផ្ទះលោក តុ វ៉ាន់ចាន់ ស្ថិតនៅផ្ទះលេខ A23 ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដែលត្រូវចូលទៅបំភ្លឺ នៅថ្ងៃទី១៦ ខែឧសភា ដែលត្រូវរងការចោទប្រកាន់ពីបទ អំពើពេស្យាចារ។
សូមបញ្ជាក់ថា នេះជាដីកាកោះលើកទី២ របស់លោក កឹម សុខា ហើយបន្ទាប់ពីព្រះរាជអាជ្ញារង កែវ សុជាតិ កាលពីថ្ងៃទី០៣ ខែឧសភា បានចេញដីកាកោះហៅ លោក កឹម សុខា ឲ្យចូលខ្លួននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា ប្តឹងពីបទបរិហាកេរ្តិ៍។
កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក កឹម សុខា និងគូកន ព្រមទាំងជនពាក់ព័ន្ធដ៏ទៃទៀត ដោយទាមទារសំណងជំងឺចិត្តចំនួន៣០ម៉ឺនដុល្លារ។
នៅក្នុងពាក្យបណ្តឹងរបស់កញ្ញា ស្រីមុំ បានសរសេរប្តឹងលោក កឹម សុខា និងគូកន ព្រមទាំងជនពាក់ព័ន្ធដ៏ទៃទៀតថា៖ «សូមទាមទារសំណងជំងឺចិត្ត ពីលោក កឹម សុខា និងគូកន ពីបទធ្វើឲ្យរូបនាង ខាតបង់ពេលវេលាបាត់ការងារ ខាតបង់សេដ្ឋកិច្ចគ្រួសារ និងការខូចខាតកិត្តិយសសេចក្តីថ្លៃថ្នូរ របស់នាងចំនួន៣០០,០០០ (បីរយពាន់) ដុល្លារអាមេរិក»។ ការដាក់ពាក្យបណ្តឹងរបស់កញ្ញា ស្រីមុំ នេះធ្វើឡើងតាមរយៈ មេធាវី គឹម វាសនា៕
បាល់ទាត់ ៖ក្រុមញញួរធំ West Ham បានដាក់ដេញថ្លៃដើម្បីទិញយកខ្សែប្រយុទ្ធ Michy Batshuayi របស់ក្រុម Marseille ក្នុងតម្លៃប្រហែល ៣១,៥លានផោនដែលជាតម្លៃមួយដ៏ថ្លៃបំផុតរបស់ក្រុម។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត the Guardian។
ញញួរធំ West Ham បានសរសើរចំពោះខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិករូបនេះជាយូរមកហើយនិងមានបំណងចង់ចុះហត្ថលេខានៅក្នុងខែមករាខាងមុខនេះ ដើម្បីជំរុញដល់ការដេញថ្លៃសម្រាប់កីឡាករវ័យ២២ឆ្នាំរូបនេះ។
លោក Slaven Bilic អ្នកចាតការទូរទៅរបស់ក្រុម West Ham បានបញ្ជាក់ថា ក្លិប Juventus កំពុងតែមានការប្រកួតប្រជែងទិញយកកីឡាកររូបនេះដែរ ខណៈពេលដែលក្រុម Roma, Tottenham និង Liverpool កំពុងតាមដានការវិវត្ត៕
រាជធានីភ្នំពេញ ៖ជនជាតិវៀតណាមចំនួន១២នាក់ ស្រី០៤នាក់ត្រូវបាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ធ្វើការបណ្ដេញចេញពីកម្ពុជាតាមច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា នៅវេលាម៉ោង៧ និង១០នាទីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ នេះ នាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិវៀតណាម ចំនួន១២នាក់ (ស្រី០៤នាក់) ចេញពីព្រះរាជាណាចក្រ កម្ពុជា តាមច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ជនជាតិវៀតណាមទាំង១២នាក់ខាងលើត្រូវបានឃាត់ខ្លួនពីបទលួចឆ្លងដែន ធ្វើការនិងស្នាក់នៅដោយ ខុសច្បាប់ (គ្មានលិខិតឆ្លងដែននិងសៀវភៅការងារ) ដែលធ្វើការតាមរោងចក្រ សិប្បកម្មសហគ្រាស និងការដ្ឋាន សំណង់ជាដើម៕
ខេត្តសៀមរាប ៖ក្រុមតំណាងយុវជន និស្សិតរបស់លោក ស្រី ចំរើន បានតាមរំខានលោក កឹម សុខា ដល់ខេត្តសៀមរាបដើម្បីតាមសួរនាំ និងទាមទារឲ្យលោក កឹម សុខា បកស្រាយការពិតជុំវិញរឿងអាស្រូវផ្លូវភេទរបស់ខ្លួននៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ គ្រាដែលប្រធានស្តីទីគណបក្ស សង្គ្រោះជាតិរូបនេះ បានអញ្ជើញក្នុងពិធី ប្រកាសសុពលភាពថ្នាក់ដឹកនាំ គណបក្សប្រចាំខេត្តសៀមរាប។
គួរបញ្ជាក់ថា ពីម្សិលមិញ លោក ស្រី ចំរើន តំណាងឱ្យយុវជន និងនិស្សិតមួយចំនួន បានសម្រេចប្តឹងលោក កឹម សុខា ដោយចោទថា បានឱ្យសកម្មជន និងអង្គរក្សរបស់លោក កឹម សុខា បានប្រើអំពើហិង្សាលើក្រុមនិស្សិត បណ្តាលឱ្យមនុស្ស៥នាក់រងរបួស នៅខាងមុខ វេទិកាសាធារណៈរបស់ CNRP នៅខេត្តកំពង់ធំ គ្រាដែលក្រុមនិស្សិតនិងយុវជន ប្រមាណ៣០នាក់ លើកគ្នាទៅតវ៉ាឱ្យ លោក កឹម សុខា ដែលកំពុងធ្វើវេទិកា និងប្រកាសសុពលភាពថ្នាក់ដឹកនាំខេត្ត បំភ្លឺរឿងអាស្រូវ ជាមួយនឹងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍