រាជធានីភ្នំពេញ ៖អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់អ្នកសារព័ត៌មានក្រោយចូលបំភ្លឺនៅតុលាការ កាលពីព្រឹកមិញថា ពាក្យសំដីរបស់លោក អ៊ូ វីរៈ ប្រធានអង្គការ វេទិកាអនាគត និងជាអ្នកវិភាគនយោបាយ ដែលបានលើកឡើងនៅក្នុងវិទ្យុអាស៊ីសេរីនោះ មិនមែនជាការ បញ្ចេញមតិនោះទេ គឺហួសព្រំដែនហើយ។ លោក អ៊ូ វីរៈ លើកឡើងរបស់គាត់មិនមែនជាការបញ្ចេញមតិនោះទេ វាហួសព្រំដែននៃ សិទ្ធិប ញ្ចេញ មតិ ដែលមានចែងនៅក្នុង រដ្ឋធម្មនុញ្ញមាត្រា៤១ជំពូកទី៣ ។ លោកបន្តថា ជាចេតនាដែលគាត់ជាបញ្ញវ័ន្ត មិនយល់ពីអ្វីទៅ ដែល ជាសិទ្ធិ បញ្ចេញមតិ ហើយនិងអ្វីទៅជាការបរិហាកេរ្តិ៍”។
សូមជម្រាបថា លោក អ៊ូ វីរៈ បានលើកឡើងក្នុងវិទ្យុអាស៊ីសេរី កាលពីពេលថ្មីនេះថា “យុទ្ធសាស្ត្រ របស់គណបក្ស កាន់អំណាច នៅពេលនេះ គឺព្យាយាមគាបសង្កត់ លោក កឹម សុខា និងហិរញ្ញវត្ថុ របស់លោក។ ការដែល គណបក្សប្រជាជនកម្ពុជា រវល់គិតគូរបំបាក់ គូប្រកួតប្រជែង នយោបាយ តាមរបៀបនេះ នឹងកាន់តែធ្វើឲ្យ បាត់បង់ ប្រជាប្រិយភាពខ្លាំង ហើយមន្ត្រីនៅក្នុងបក្សនេះ មួយចំនួន ក៏មិនពេញចិត្ត ចំពោះយន្តការនេះដែរ៕
ខេត្តឧត្តរមានជ័យ ៖ក្រុមក្មេងឃ្វាលគោមួយក្រុម មានគ្នា៣នាក់ បានដើរឃ្វាលគោ នៅចំណុចវាលស្រែក៏ប្រទះឃើញគ្រាប់ មិនស្គាល់ម៉ាក សល់ពីសម័យសង្គ្រាម យកមកបោកលេង បណ្តាលឱ្យផ្ទុះស្លាប់ មនុស្ស២នាក់ និងរបួសធ្ងន់ម្នាក់។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃត្រង់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចវាលស្រែខាងកើត ភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង។
ស្នងការខេត្តឧត្តរមានជ័យលោកឧត្តមសេនីយ៍ទោ ម៉ែន លី បានប្រាប់ថា ក្មេងឃ្វាលគោទី១-ឈ្មោះ សៀង លី ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិកណ្តែក សង្កាត់-ក្រុងសំរោង (ស្លាប់នៅកន្លែងកើតហេតុ), ទី២-ឈ្មោះ ចាន់ សាន់ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិកណ្តែក សង្កាត់-ក្រុងសំរោង (ស្លាប់នៅកន្លែងកើតហេតុ) និងទី៣ ឈ្មោះ ទុយ ចំរើន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកណ្តែក សង្កាត់-ក្រុងសំរោង (របួសធ្ងន់បញ្ជូនទៅ សង្គ្រោះនៅមន្ទីពេទ្យ)។
លោកស្នងការបញ្ជាក់ថា ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅកន្លែងកើត និងសង្គ្រោះដល់ក្មេងរងគ្រោះ ទៅកាន់មន្ទីរពេទ្យ។ រីឯក្មេងស្លាប់បាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
រាជធានីភ្នំពេញ ៖អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាមួយទៀតកោះហៅ លោក កឹម សុខា ពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម ដោយឲ្យចូលខ្លួនមកកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា នេះជាដីកាកោះលោក កឹម សុខា លើកទី២ បន្ទាប់ពីព្រះរាជអាជ្ញារង កែវ សុជាតិ កាលពីថ្ងៃទី០៣ ខែឧសភាបានចេញដីកាកោះហៅ លោក កឹម សុខា ឲ្យចូលខ្លួននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា ប្តឹងពីបទបរិហាកេរ្តិ៍៕
រាជធានីភ្នំពេញ ៖លោក សុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះបានដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនរបស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនស្ត្រីឆ្លងទន្លេចំនួន ០២នាក់ និងស្ត្រីមានជំងឺឈឺធ្ងន់ ០១នាក់ សរុបចំនួន ០៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខណ្ឌព្រែកព្នៅ ។
អំណោយរួមមានដែលចែកជូននាពេលនោះរួមមាន ក្នុងម្នាក់ទទួលបានអង្ករ១បាវ ស្មើ៣០គីឡូក្រាម ត្រីខរកំប៉ុង១យួរ មី១កេស ឃីដ១កញ្ចប់ (មុង១,ភួយ១,ក្រមា១,សារុង១) និងថវិកា១០០.០០០រៀល៕
រាជធានីភ្នំពេញ ៖យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានឲ្យដងឹថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក ក្នុងនោះយប់៥លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ (ស្រី២នាក់) រងរបួសធ្ងន់៦នាក់ (ស្រី២នាក់) និងរបួសស្រាល៣នាក់ (ប្រុស)។
របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៥ គ្រឿង រួមមានម៉ូតូចំនួន ៧គ្រឿង រថយន្តធុនតូច ចំនួន៥គ្រឿង និងរថយន្តធុនធំ ចំនួន៣គ្រឿង។ របាយការណ៍បញ្ជាក់ថា មូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក (ស្លាប់៣នាក់ ), បត់គ្រោះថ្នាក់១លើក មិនគោរពសិទ្ធិ១លើក និងមិនប្រកាន់ស្តាំ ២លើក (ស្លាប់២នាក់) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៧នាក់ (យប់៣នាក់)។
ជាមួយគ្នានោះម្សិលមិញនេះលទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន៥០៨៣គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២៤៣៨គ្រឿង និងពិន័យសរុប ២៦៤៥គ្រឿង ៕
រាជធានីភ្នំពេញ ៖យុវជនម្នាក់ត្រូវជនសង្ស័យប្រដាប់អាវុធ២នាក់ជិះម៉ូតូ SL មួយគ្រឿងធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូឌ្រីម សេ១២៥ មួយគ្រឿងទៅបាត់ទាំងកណ្តាលថ្ងៃចែស។ ករណីនេះកើតឡើងនាវេលាម៉ោងជិត១០ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចវត្តទួលអស់លោក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជួប សារ៉ាត់ អាយុ២៥ឆ្នាំ ធ្វើការនៅសហគ្រិនឥណទានគ្រួសារ។ ដោយឡែកជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ SL កាំភ្លើងខ្លី២ដើមបានធ្វើសកម្មភាពភ្ជង់ប្លន់បានសម្រេចជិះគេចខ្លួនបាត់ ខណៈដែលជនរងគ្រោះកំពុងម៉ូតូទៅធ្វើការ។ ប្រភពបញ្ជាក់ថា ម៉ូតូដែលចោរប្លន់យកទៅបាត់នោះម៉ាកឌ្រីមសេ១២៥ស៊េរី ២០១៦ ពណ៌ខ្មៅពាក្យស្លាកលេខភ្នំពេញ 1DB-0551៕
បាល់ទាត់ ៖Marouane Fellaini ខ្សែបម្រើរបស់ក្រុម Man Utd និង ខ្សែការពារ Robert Huth ខ្សែការពារ របស់ក្រុម Leicester City ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេសពិន័យមិនឲ្យចូលលេងអស់បីប្រកួត ពីបទទាក់ទងការប្រើអំពើហិង្សានៅលើទីលាន។
កីឡាករទាំងពីនាក់ បានបញ្ចេញកាយវិការមិនសមរម្យដាក់គ្នា កាលក្រុមរបស់ពួកគេទាំពីជួបគ្នានៅ Old Trafford គឺFellaini បានប្រើកែងវាយទៅលើ Huth ហើយខ្សែការពារកណ្ដាលសញ្ជាតិអាល្លឺម៉ង់ ក៏បានទាញសក់របស់ខ្សែបម្រើជម្រើសជាតិបែលហ្សិកទៅវិញទៅមក។
FA ពិន័យពួកគេទាំងពីរគឺដោយសារបានឃើញវិដេអូជាក់ស្តែង ថាកីឡាករ Huth ពិតបានចាប់សក់ Fellaini បន្ទាប់មក ខ្សែបម្រើ Man Utd ក៏ប្រតិកម្មវិញដោយដាក់មួយកែវចំកណ្តាលមុខខ្សែការពារ Leicester ។
គួរបញ្ជាក់ថា Fellaini នឹងខកខានការប្រកួតដូច Huth ដែរ ប៉ុន្តែគាត់នឹងវិលត្រឡប់មកជួយក្រុមបិសាចក្រហមនៅក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup ដែលនឹងត្រូវប៉ះក្រុម Crystal Palace៕
សុខភាព ៖ក្រុមអ្នកវិទ្យាសាស្ត្រអះអាងថាកំរិតជាតិដែក ខ្ពស់នៅក្នុងសាច់នៅឆៅដែលមិនត្រូវបានចម្អិនឆ្អិនល្អអាចជាមូលហេតុដែលបង្កឲ្យកើតជំងឺមហារីក ពោះវៀន។ កំរិតជាតិដែកខ្ពស់នេះអាចជំរុញឲ្យមានដំណើរវិវត្តន៍ ជំងឺមហារីកកាន់តែលឿនដោយសារតែហ្សែន(gene)មិនដំណើរការនៅក្នុងពោះវៀន។
អ្នកវិទ្យាសាស្ត្រអង់គ្លេសដែលសិក្សាលើ ការស្រាវជ្រាវជំងឺមហារីក បាននិយាយថា “ លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់យើងបង្ហាញថា ជាតិដែកនៅក្នុងសាច់នៅឆៅអាចបង្កើនការប្រឈមខ្លាំងដល់ការកើត ជំងឺមហារីកពោះវៀន ដោយវាបង្កើនចំនួនកោសិកាកាន់តែច្រើនឡើងក្នុងពោះវៀន ដោយសារតែហ្សែនមិនដំណើរការនោះ៕
ខេត្តមណ្ឌលគិរី ៖ខ្យល់កន្ត្រាក់នៅតែបន្តបោកបក់ផ្ទះប្រជាពលរដ្ឋ ទោះជាមានភ្លៀងកក់ខែបួនទៅប្រាំមេក៍ដោយ។ ជាក់ស្តែងនៅរសៀលម៉ោងប្រមាណ៥ និង០០នាទីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦មានករណីខ្យល់កន្ត្រាក់បោកបក់ផ្ទះប្រជាពលចំនួន៥ខ្នង ក្នុងភូមិថ្មី ឃុំពូជ្រៃ ស្រុកពេជ្រាដា និង១៥ខ្នងទៀតនៅក្នុងភូមិអូរ អាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។
ប្រជាពលរដ្ឋសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអភូតហេតុខ្យល់កន្ត្រាក់ដែលនៅតែបន្តកើតឡើង ខណដែលអាជ្ញាធរមូលដ្ឋានក៏កំពុងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋផងដែរ ៕
រាជធានីភ្នំពេញ ៖លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានចោទប្រកាន់គណបក្សកាន់អំណាច ( CPP ) ថា មានបំណងបង្អាក់ការបោះឆ្នោតនៅពេលខាងមុខ ដូច្នេះគេបង្កើតបញ្ហាដូចជា ការចាប់ខ្លួនបក្សប្រឆាំងនិងសង្គមស៊ីវិលជាដើម។
ផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីយប់ ថ្ងៃព្រហស្បតិ៍ លោក សម រង្ស៊ី មានប្រសាសន៍ថា៖ ដូច្នេះការបោះឆ្នោតខាងមុខ មានគ.ជ.បថ្មី គឺគណបក្សប្រជាជនកម្ពុជាត្រូវតែចាញ់ឆ្នោតដាច់ខាត អញ្ចឹង បានជាគេព្រួយបារម្ភណាស់ គេស្លន់ស្លោរ គេត្រូវបង្កើតរឿង បង្កើតឧប្បត្តិហេតុ ធ្វើម៉េចកុំឲ្យការបោះឆ្នោតហ្នឹងទៅរួច ឬមួយការបោះឆ្នោតនាំឲ្យវារអាក់រអួល ឲ្យវាជ្រួលច្របល់ ឲ្យមានអំពើហិង្សា ឲ្យសម្លុត គេសម្លុតឯងតាមចិត្ត កុំឲ្យប្រជារាស្ត្រខ្មែរហ៊ានសម្តែងមតិជាទូទៅ មតិយោបល់ ឆន្ទៈពិតប្រាកដ បើឆន្ទៈពិតប្រាកដគេនឹងចាញ់ អញ្ចឹងហើយសូមយល់ឲ្យច្បាស់ បានគេបង្កើតរឿងមកទល់នឹងសព្វថ្ងៃ”។
លោក សម រង្ស៊ី អះអាងទៀតថា គណបក្សសង្គ្រោះជាតិចង់ឲ្យមានការបោះឆ្នោត “ដោយសន្តិវិធី ដោយការគោរពច្បាប់ រលូននិងពលរដ្ឋកុំឲ្យភ័យខ្លាច ។ លោកបន្ថែមថា បក្សសង្គ្រោះជាតិ បានប្រើយុទ្ធសាស្ត្រមួយ៖ “គេវាយយើង យើងសុទ្ធចិត្តឱន….មិនឈ្លោះ មិនឆ្លើយ មិនឆ្លង ចំពោះរឿងឥតប្រយោជន៍”។
យ៉ាងណាក៏ដោយ ការលើកឡើងរបស់លោក សម រង្ស៊ី ត្រូវបានមន្ត្រីជាន់ខ្ពស់ CPP ឆ្លើយតបថា ជាសំដីរបស់ទណ្ឌិតម្នាក់ដែលមិនអាចយកជាការបាននោះទេ។ ប៉ុន្តែបើលោក សម រង្ស៊ី ពូកែឬក្លាហាន សូមចូលមកនិយាយគ្នាក្នុងស្រុកខ្មែរទៅ ហើយកុំស្រែកពាក្យអត់បានការនៅក្រៅស្រុក និងមិនសមជាអ្នកនយោបាយ ឬមេបក្សមួយនោះទេ៕
ខេត្តបាត់ដំបង ៖ស្ត្រីម្នាក់ដាច់ចឹត្តគិតខ្លីចងកសម្លាប់ខ្លួនដោយសារខឹងម្តាយស្តីបន្ទោសឲ្យបន្តិចបន្តួច កាលពីវេលាម៉ោង៥ និង៣៧នាទីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចក្រុមទី១២ភូមិអណ្តូងចេញសង្កាត់អូរចា ក្រុង/ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា សពជនរងគ្រោះមានឈ្មោះ សុ ជាតិតា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ បន្ទាប់ពីហេតុការណ៍បានកើតឡើងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុបានធ្វើការត្រួតពិនិត្យនិងធ្វើកោសលវិច្ច័យឃើញថាសាកសពស្ត្រីជនរងគ្រោះខាងលើសមត្ថកិច្ចបានដាក់ការសន្តិដ្ឋានលើហេតុការថាមនុស្សមានបញ្ហាផ្លូវចិត្ត ពិតជាបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងប្រាកដមែន។
បន្ទាប់ពីសមត្ថកិច្ចបានត្រួតពិនិត្យនិងធ្វើកោសលវិច្ច័យរួចមក សាកសពត្រូវបានប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ប៉ែន សុផល
កូរ៉េខាងជើង ៖យោងតាមសារព័ត៌មាន Channel News Asia ផ្សាយនៅមុននេះបន្តិចបានឲ្យដឹងថា កូរ៉េខាងជើងនៅថ្ងៃសុក្រនេះបានចាប់ផ្តើមបើកកិច្ចប្រជុំជាន់ខ្ពស់របស់មន្ត្រីដឹកនាំនៅក្នុងបក្សដែលមិនធ្លាប់មាននៅក្នុងរយៈពេលប្រមាណ៤០ឆ្នាំមកនេះ។
តាមសារព័ត៌មានដដែលបន្តថា ក្នុងកិច្ចប្រជុំនាថ្ងៃនេះគឺដើម្បីជជែកពីស្ថានភាពអាវុធនុយក្លេអ៊ែរបស់ខ្លួន និងបង្ហាញពីភាពរឹងមាំក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន រួមទាំងលទ្ធភាពនៃការសាកល្បងអាវុធនុយក្លេអ៊ែជាថ្មីទៀត ខណៈអន្តរជាតិកំពុងព្រួយបារម្ភផងដែរ។
គួរបញ្ជាក់ថា ការប្រជុំនេះជាសមាជលើកដំបូងរបស់គណបក្សដែលកំពុងដឹកនាំនៅកូរ៉េខាងជើងជាង៤០ឆ្នាំមកនេះ ហើយបានកោះហៅគណៈប្រតិភូរាប់ពាន់នាក់មកពីតំបន់ផ្សេងៗនៅក្នុងប្រទេសឲ្យទៅប្រជុំនៅទីក្រុងព្យុងយាង៕
ម៉ាឡេស៊ី ៖ប្រធាននាយកដ្ឋានអាកាសចរណ៍ស៊ីវិលលោក Azharuddin Abdul Rahman បានថ្លែងថា ឧទ្ធម្ភាគចក្រមួយគ្រឿងដឹកមនុស្សចំនួន៦នាក់រួមមានអនុរដ្ឋមន្ត្រីម៉ាឡេស៊ី និងសមាជិករដ្ឋសភាម្នាក់ផង បានបាត់ខ្លួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅលើកោះBorneo រដ្ឋ Sarawak។ នេះបើយោងតាមសារព័ត៌មាន The Star។
លោក Azharuddin Abdul Rahman បញ្ជាក់ថា ឧទ្ធម្ភាគចក្របានបាត់ទំនាក់ទំនងនៅវេលាម៉ោង ៥ល្ងាញមិញ អំឡុងពេលហោះចម្ងាយជាង ៣០នាទី ពីទីក្រុង Betong ទៅកាន់ទីក្រុង Kuching។ ជាមួយគ្នានេះអាជ្ញាធរបានចេញប្រតិបត្តិការតាមស្វែងរក និងជួយសង្គ្រោះប្រមាណជាង១០០នាក់ តាមផ្លូវដ៏ពិបាក ក្នុងរដ្ឋមិនសូវមានប្រជាជនរស់នៅនេះ។
តាមប្រភពសារព័ត៌មានដដែលបញ្ជាក់ថា ក្នុងឧទ្ធម្ភាគចក្រនោះមានអនុរដ្ឋមន្ត្រីខាងដំណាំ និងទំនិញឧស្សាហកម្មលោកស្រី Noriah Kasnon រួមជាមួយស្វាមី, ប្រធានក្រុមប្រឹក្សាប្រេងដូងម៉ាឡេស៊ីលោក Wan Mohammad Khairil និងសមាជិកសភាលោក Wan Mohammad Khairil Anuar Wan Ahmad ត្រូវគេគិតថា ជាមនុស្សស្ថិតក្នុងចំណោមទាំង ៦នាក់៕
បាល់ទាត់ ៖យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឲ្យដឹងថា លោក Pep Guardiola ចង់បានខ្សែបម្រើ Mikel Arteta របស់ក្រុមកាំភ្លើងធំ Arsenal ពេលដែលគាត់មកដឹកនាំក្រុមមេឃខៀវ Manchester City នៅរដូវកាលក្រោយ។
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញវ័យ៣៤ឆ្នាំរូបនេះ កិច្ចសន្យាជាមួយក្រុមកាំភ្លើងធំ Arsenal ត្រៀមផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះហើយគាត់ត្រូវបានគេរំពឹងថានឹងចាកចេញពីទឹកដី Emirates បន្ទាប់ពីមិនសូវជាប់ជម្រើសដំបូងហើយលិចលឺថា ក្រុមអាចនឹងលក់រូបគេនៅពេលទីផ្សារកីឡាករបើកនារដូវក្តៅខាងមុខនេះ។
គួរបញ្ជាក់ថា Arteta បានជួបជាមួយលោក Guardiola ដើម្បីពិភាក្សាអំពីការងាបើទោះបីជាក្រុមកាំភ្លើងធំ Arsenal មិនទាន់មានគ្រោងនឹងផ្តល់កិច្ចសន្យាថ្មីជូនលោកនៅលើតុក៏ដោយ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍