រាជធានីភ្នំពេញ ៖កម្លាំងសមត្ថកិច្ចនគរបាលកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ បានបង្ក្រាបបទល្មើសគ្រឿងញៀន និងបានឃាត់ខ្លួនជនសង្ស័យស្រី-ប្រុសចំនួន២៥នាក់។ ការឃាត់ខ្លួននោះគឺនៅ៨ទីតាំងផ្សេងគ្នានៅតាមបណញតាខេត្តក្នុងប្រទេសកម្ពុជា។
យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សមត្ថកិច្ចបានបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ ៨ករណី ឃាត់ មនុស្ស ២៥នាក់ (ស្រី៦នាក់)មុខសញ្ញាជួញដូរ ១២នាក់ មុខសញ្ញាប្រើប្រាស់ ១៣នាក់ និងវត្ថុតាង រួមមាន គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន(ice) ១,៨៣ក្រាម, ៥កញ្ចប់ និង ២កញ្ចប់តូច កេតាមីន (ketamine)៤,៨៣ក្រាម អ៊ិស្ដាស៊ី(ecstasy) ២,៤៧ក្រាម។
ទីតាំងបង្ក្រាបរួមមាន ទី១.កណ្ដាល បង្រា្កប ២ករណី ឃាត់ខ្លួន ៥នាក់(ប្រុស) មេតំហ្វេតាមីន(ice) ៥កញ្ចប់ និង២កញ្ចប់តូច, ទី២. កំពង់ឆ្នាំង បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន(ice) ០,៧១ក្រាម, ទី៣. ស្ទឹងត្រែង បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ស្រី១នាក់) មេតំហ្វេតាមីន(ice) ០,៤ក្រាម, ទី៤. សៀមរាប បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ស្រី១នាក់) មេតំហ្វេតាមីន(ice)០,២ក្រាម, ទី៥. បាត់ដំបង បង្រា្កប ១ករណី ឃាត់ខ្លួន ១២នាក់(ស្រី៤នាក់) (ketamine) ៤,៨៣ក្រាម អ៊ិស្ដាស៊ី (ecstasy) ២,៤៧ក្រាម, ទី៦. កំពត បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន(ice) ០,៥២ក្រាម, ទី៧. កំពង់ស្ពឺ បង្រា្កប ១ករណី (ដីការ) ឃាត់ខ្លួន ១នាក់ (ប្រុស) និងទី៨. កំពង់ចាម បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) ដុតបំផ្លាញកញ្ឆាចំនួន ៣៥១ដើម៕
ខេត្តកណ្តាល ៖នគរបាលស្រុកស្អាងបានឃាត់ខ្លួនស្ត្រីម្នាក់និងរឹបអូសលុយដុល្លារក្លែងក្លាយ(លុយសែន) ចំនួន៥០ម៉ឺនដុល្លារដែលជនសង្ស័យប្រើល្បិចយកទៅឲ្យជនរងគ្រោះជាថ្នូរនឹងការសុំសាហ៊ុយ៤០០០ ដុល្លារត្រឡប់វិញ។ ហេតុការណ៍ឃាត់ខ្លួននេះកើតឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នៅចំណុច ភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទូច ផាន់ ភេទប្រុស អាយុ ៥៥ឆ្នាំ មានមុខរបរ ជាងជួសជុលទូរទស្សន៍ រស់នៅ ភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ ស៊ុន ណារី ភេទស្រី អាយុ៣៨ឆ្នាំ មានមុខរបរ កម្មការិនីរោងចក្រកាត់ដេរ រស់នៅភូមិត្រពាំងរាំង ឃុំស្នោរ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ។
ជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុជនរងគ្រោះ បានមកប្តឹងនគរបាល ឲ្យជួយពិនិត្យ ខណដែលជនសង្ស័យ យកហិបលុយមកជាមួយ ពេលនោះនគរបាល បានធ្វើការត្រួតពិនិត្យ ជាមួយជនសង្ស័យ ដោយមានការឯកភាព ពីលោកព្រះរាជអាជ្ញា និងលោកស្នងការរង ផងដែរ ហើយបានរកឃើញលុយចំនួន ៥០ម៉ឺនដុល្លារ ជាលុយក្លែងក្លាយ (លុយសែន) រួចក៏ឃាត់តែម្តង ។
បើយោងចំលើយសារភាពរបស់ជនសង្ស័យនោះ បានសារភាពថា នៅថ្ងៃទី១៤ ខែមីនា ២០១៦ ម៉ោង៩ព្រឹកឈ្មោះ ផល ភេទប្រុស អាយុប្រហែល៤០ឆ្នាំ បានទូរស័ព្ទមកខ្លួន អោយយកលុយ អោយជនរងគ្រោះ ចំនួន៥០ម៉ឺនដុល្លារ។ ពេលនោះក៏បាន ណាត់ជួបគ្នា ទទួលឡាំង ដាក់ក្នុងស្បោងស ពីមនុស្សប្រុសម្នាក់ នៅមុខធនាគារ ANZ ក្រុងតាខ្មៅ ហើយបានប្រាប់ខ្លួនថា យកទៅឲ្យតាមឿន ពេលឲ្យរួចត្រូវ យកលុយពីគាត់ ចំនួន៤០០០ដុល្លារ មកផងបងផលផ្ដាំចឹង រួចក៍ជួលរថយន្តជិះ យកលុយមកកន្លែង ណាត់តែម្ដង។ ជនសង្ស័យបានបន្តថា កន្លងមក ខ្លួនធ្លាប់ទទួលលុយ ពីជនរងគ្រោះ សរុបចំនួន១០៥០០ដុល្លារយកទៅអោយឈ្មោះផល និងឈ្មោះសារឿន ដើម្បីរកស៊ីដោយសន្យាបានចំណេញច្រើនចែកគ្នា៕
រាជធានីភ្នំពេញ ៖សេចក្តីជូនដំណឹងស្តីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ដល់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៕ សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖
ដោយ៖សុភ័ណ្ឌ
ខេត្តត្បូងឃ្មុំះ បុរសម្នាក់បានចាប់លើកកូនបង្កើតរបស់ខ្លួនពីក្នុងអង្រឹងបោកផ្ទប់នឹងដីបណ្តាលឲ្យត្រដរខ្យល់ស្លាប់ភ្លាមៗ ក្រោយពេលបុរសរូបនេះផឹកស្រាស្រវឹងហើយចាត់ទុកកុមាររងគ្រោះថាមិនមែនជាកូនរបស់ខ្លួន គឺជាកូនដែលប្រពន្ធលួចមានសាហាយស្មន់ជាមួយប្រុសផ្សេង។
យោងតាមរបាយការណ៍របស់នគរបាលស្រុកមេមត់ បានឲ្យដឹងថា
ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១៩ និង៣០នាទីយប់ មានករណីមនុស្សធ្វើមនុស្សឃាដដោយចេតនាមួយបានកើតឡើងនៅចំណុចមុខផ្ទះឈ្មោះ អោក រុំ ភេទប្រុសអាយុ៦២ឆ្នាំ(ជីតារបស់កុមារារងគ្រោះ) ស្ថិតនៅភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
របាយការណ៍បញ្ជាក់ថា មានករណីមនុស្សឃាដដោយចេតនាកើតឡើងបង្កដោយជនសង្ស័យឈ្មោះ អោក ចាន់ណា ភេទប្រុស អាយុ២០ឆ្នាំ ខ្មែរនៅភូមិឃុំកើតហេតុខាងលើបានចាប់លើកកូនប្រុសបង្កើតរបស់ខ្លួនឈ្មោះ រុំ ចាន់នីត អាយុ២ខែ ពីក្នុងអង្រឹងបោកទៅផ្ទប់នឹងដីបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ មូលហេតុដោយសារជនដៃដល់ស្រវឹងស្រាហើយចោទលើប្រពន្ធខ្លួនឈ្មោះ ចាន់ ណារី ភេទស្រី អាយុ១៨ឆ្នាំ ថាបានលួចផិតក្បត់មានសាហាយ និងចោទថាកូនដែលខ្លួនបោកស្លាប់នោះមិនមែនជាកូនរបស់ខ្លួនទេ គឺជាកូនដែលប្រពន្ធរបស់ខ្លួនលួចមានសាហាយស្មន់ជាមួយប្រុស ផ្សេង។
ក្រោយពេលសមត្ថកិច្ចប៉ុស្តិ៍រំចេកបានទទួលព័ត៌ភ្លាម ក៏បានចុះបង្ក្រាបចាប់ជនសង្ស័យនាំយកមកប៉ុស្តិ៍រដ្ឋបាលដើម្បីសាកសួរហើយរៀបបញ្ជូនខ្លួនទៅអធិការដ្ឋានស្រុកដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
រាជធានីភ្នំពេញ ៖គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ បានកើតឡើងចំនួន ៥លើក បណ្ដាលឲ្យមាន មនុស្សស្លាប់បាត់បង់ជីវិត ១នាក់ រងរបួសធ្ងន់៧នាក់ និងស្រាល ១នាក់។ នេះបើយោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ។
ប្រភពដដែលបន្តថា គ្រោះថ្នាក់ចរាចរណ៍ ទាំង៥លើកនោះ បានបណ្ដាលឲ្យខូចខាតម៉ូតូ ៣គ្រឿង, រថយន្តតូច ៤គ្រឿង និងរថយន្តធំ ១គ្រឿង។ មូលហេតុបណ្ដាលមកពី បើកបរលឿន ២លើក, មិនគោរពសិទ្ធិ ២លើក និងបត់គ្រោះថ្នាក់ ១លើក។
លទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក មានមធ្យោបាយ ចូលគោលដៅ ៤២.៩០០គ្រឿង (ម៉ូតូ ៦២ភាគរយ), មធ្យោបាយល្មើស ៨.៩៤៦គ្រឿង (ម៉ូតូ ៦៩ភាករយ), អប់រំ ៤.៨០៦គ្រឿង ស្មើនឹង ៥៤ភាគរយ, ពិន័យ ៤.១៤០គ្រឿង (បង់ប្រាក់ ៨៨ភាគរយ) និងអប់រំឲ្យ ពាក់មួកសុវត្ថិភាព ១.៧០៨នាក់៕
ខេត្តកំពត ៖យុវជន២នាក់ត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ គ្រាដែលឡើងស្វានពិដានខាងលើក្នុងផ្ទះជួល ហើយបានជាន់លើរន្ទាដែកដែលមានខ្សែភ្លើងដាច់ឆ្លង។ ហេតុការណ៍នេះកើតឡើងនៅម៉ោង២រសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ក្នុងបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
តាមប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងថា យុវជនរងគ្រោះទាំង២ ទី១ ឈ្មោះ ជិន សុខមាន អាយុ២០ឆ្នាំ ជាម្ចាស់ផ្ទះជួលខាងលើ និងឈ្មោះ សូត សាន់ អាយុ២២ឆ្នាំ ជាមិត្តភក្តិនឹងគ្នា។ ទាំង២នាក់នេះ រស់នៅក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុង និងខេត្តកំពត។ ប្រភពបញ្ជាក់ថា ជនរងគ្រោះ បានឡើងស្វានពិដានខាងលើ ក្នុងផ្ទះជួល ហើយបានជាន់លើរន្ទាដែកដែលមានខ្សែភ្លើងដាច់ឆ្លងប្រទា ក៏បណ្តាលឲ្យឆក់ស្លាប់ទាំង២នាក់តែម្តង៕
រាជធានីភ្នំពេញ ៖កម្លាំងនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលមូលដ្ឋាន ក្រោមការសម្របសម្រួលពីតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាមជាង១០០នាក់។ ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងចំណោមជនជាតិវៀតណាមទាំងជាង១០០នាក់នោះ មាន ស្រី១១នាក់ ដែលកំពុងបម្រើការងារនៅការដ្ឋានសំណង់ធនាគារវៀតណាម ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ប្រភពបញ្ជាក់ថា ជនជាតិវៀតណាមទាំងនេះត្រូវបានយកទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសួរនាំនិងពិនិត្យមើលឯកសាររស់នៅ និងធ្វើការរបស់ពួកគេ៕
រុស្ស៊ី ៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានបញ្ជាឲ្យដកទ័ពចេញពីប្រទេសស៊ីរីជាបន្ទាន់ដើម្បីសម្រួលឲ្យមានដំណើរការស្វែងរកសន្តិភាពដ៏ពិតប្រាកដមួយនៅក្នុងប្រទេសដែលហែកហួដោយសង្គ្រាមមួយនេះ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានចិនស៊ិនហួរនៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០១៦នេះ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានបញ្ជាឲ្យមានការដកជាដំបូងដោយត្រូវឲ្យកងកម្លាំងទ័ពអាកាសទ្រង់ទ្រាយធំត្រឡប់មកកាន់រុស្ស៊ីវិញ។ ការដកទ័ពនេះ ត្រូវបានគេមើលឃើញថា អាចជាការដាក់សម្ពាធមួយបន្ថែមទៀត ទៅលើរដ្ឋាភិបាលរបស់លោក បាហ្សា អាល់អាហ្សាដ ឲ្យមកចូលរួមចរចាស្វែងរកសន្តិភាពជាមួយក្រុមប្រឆាំងដែលពាក់ព័ន្ធតបតាមដំណោះស្រាយរបស់អន្តរជាតិ។
គួរបញ្ជាក់ថា ការដកទ័ពរបស់រុស្ស៊ីធ្វើឡើងក្រោយពីបានពិភាក្សគ្នាជាមួយនឹងប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា តែប៉ុន្មានម៉ោងប៉ុណ្ណោះ៕
រាជធានីភ្នំពេញ ៖យុវជនជាប់ចោទ គង់ រ៉ៃយ៉ា ដែលប្រកាសធ្វើបដិវត្តន៍ពណ៌តាមរយៈហ្វេសបុកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នេះសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ រយៈពេល ១៨ខែ ពីបទញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋ ជាអាទិ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕
មីយ៉ាន់ម៉ា ៖មនុស្សជំនិតរបស់លោកស្រី អ៊ុងសាន ស៊ូជី មកពីគណបក្សឈ្នះឆ្នោតគឺគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) លោក U HTIN KYAW បានក្លាយជាប្រធានាធិបតីស្របច្បាប់លើកដំបូងរបស់មីយ៉ាន់ម៉ា បន្ទាប់ទទួលបានសំឡេងគាំទ្រលើសគេក្នុងសភា។ នេះបើតាមការផ្សាយរបស់សារព័ត៌មានស៊ិនហួរ។
ចំណែកបេក្ខជន២រូបទៀតដែលមិនបានឈ្នះឆ្នោតនឹងទទួលបាន តំណែងជាអនុប្រធានរដ្ឋសភានោះ គឺ លោក U Henry Van Htee Yu មកពីគណបក្ស NLD, និងលោក U Myint Swe មកពីគណបក្សសហភាពសាមគ្គីភាពនិងការអភិវឌ្ឍ (USDP) របស់អតីតរដ្ឋាភិបាលលោក យូ ធេន សេន (ត្រូវបានបញ្ជូនមក ដោយស្វ័យប្រវត្តិពីយោធា)។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃអង្គារ សភាមីយ៉ាន់ម៉ាបានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលបេក្ខជនបីរូបឈរឈ្មោះ ក្នុងនោះពីររូបមកពីគណបក្ស NLD និងមួយរូបទៀតតែងតាំងដោយយោធា៕
បាល់ទាត់ ៖ការប្រកួតបាល់ទាត់ពាន FA Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានចាប់ឆ្នោតហើយកាលពីយប់មិញ បើទោះក្រុមមួយទៀតនៅមិនទាន់រកឃើញ ដោយរង់ចាំការប្រកួតម្តងទៀតរវាង Man Utd និង West Ham បន្ទាប់ពីបញ្ចាប់បានត្រឹមស្មើ។
តាមលទ្ធផលចាប់ឆ្នោតកាលពីយប់មិញបង្ហាញ ក្រុម Everton ដែលឈ្នះ Chelsea ២-០ កាលយប់ថ្ងៃសៅរ៍ នឹងត្រូវប៉ះក្រុមបិសាចក្រហម Manchester United ឬក្រុមញញួរយក្ស West Ham ខណៈដែល Watford ដែលទម្លាក់ក្រុមជើងឯកចាស់ Arsenal កាលយប់ថ្ងៃអាទិត្យនឹងត្រូវប៉ះ Crystal Palace។
Man Utd ដែលបញ្ចប់លទ្ធផលត្រឹមស្មើ ១-១ ទល់នឹង West Ham នៅ Old Traford នោះ នឹងត្រូវប្រកួតម្ដងទៀតនៅកីឡដ្ឋាន Upton Park។ រីឯថ្ងៃប្រកួត នឹងត្រូវប្រកាស បន្ទាប់ពីពួកគេប្រកួត UEFA Europa League វគ្គ១៦ក្រុម ជើងទី២ ទល់នឹង Liverpool នៅថ្ងៃព្រហស្បតិ៍ចប់សិន។
គួរបញ្ជាក់ថា ការប្រកួត FA Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ និង២៤ ខែមេសាខាងមុខ នាកីឡដ្ឋានជាតិអង់គ្លេស Wembley ទាំងអស់តែម្ដង៕
រាជធានីភ្នំពេញ ៖ប្រជាពលរដ្ឋមានទំនាស់ប្រមាណ៥០នាក់តំណាងអោយប្រជាពលរដ្ឋ១០៤គ្រួសារនៅភូមិប្រឡាយទ្រៀក ឃុំដំរីផុងស្រុកឆ្លូង ខេត្តក្រចេះ បានលើកគ្នាមកតវ៉ាមុខវិមានរដ្ឋសភាដើម្បីសុំអន្តរាគមន៍ពីប្រធានរដ្ឋសភា ដោះស្រាយរឿងជម្លោះដីធ្លី។ ការប្រមូលផ្តុំគ្នានេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅមុខវិមានរដ្ឋសភាជាតិ។
ប្រជាពលរដ្ឋម្នាក់ដែលតំណាងឲ្យក្រុមប្រជាពលរដ្ឋដែលតវ៉ានៅមុខសភាបាននិយាយថា ពួកគាត់មកតវ៉ានៅមុខរដ្ឋសភានេះគឺដើម្បីសុំអន្តរាគមន៍ពីសម្តេចប្រធានរដ្ឋាជួយដោះស្រាយជម្លោះដីធ្លីដែលត្រូវ លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ រំលោភឈូសឆាយបំផ្លិចបំផ្លាញផលដំណាំ ផ្ទះសម្បែង ដើម្បីរឹបអូសយកដីប្រជាពលរដ្ឋទៅអោយអ្នកផ្សេង។ លើសពីនេះប្រជាពលរដ្ឋក៏ទាមទារឲ្យដោះលែងប្រជាពលរដ្ឋ៤នាក់ដែលត្រូវចាប់ខ្លួន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២១០៦ កន្លងមកនេះ៕
រាជធានីភ្នំពេញ ៖បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នឹងកើតមាននៅតំបន់ទំនាបកណ្តាលភាគពាយ័ព្យរួមមាន៖ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន នឹងមានភ្លៀងកក់ខែ។ នេះបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមចេញនៅថ្ងៃទី១៥ និងទី១៦ ខែមីនា ឆ្នាំ២០១៦នេះ។
ដោយឡែកតំបន់មាត់សមុទ្ររួមមាន៖ ខេត្តកោះកុង កែប កំពត ព្រះសីហនុ បន្តមានភ្លៀងកក់ខែធ្លាក់ជាបន្តបន្ទាប់។ សូមឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅពេលមេឃរកកលភ្លៀង នៅថ្ងៃនេះ និងថ្ងៃស្អែកនៅថ្ងៃនេះ៕ សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកខាងក្រោម៖
បរទេស ៖លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានបង្ហាញគោលជំហរដូចគ្នាក្នុងការដកកងទ័ពចេញពីប្រទេសស៊ីរី ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានចិនស៊ិនហួ។
ការបង្ហាញជំហរក្នុងដកទ័ពចេញពីស៊ិរីនេះដើម្បីអនុវត្តឲ្យបានពេញលេញនូវបទឈប់បាញ់ក្នុងប្រទេសស៊ីរី ដែលត្រូវបានដាក់ឲ្យដំណើរការកាលពីខែមុន ស្របតាមដំណោះស្រាយលេខ២២៦៨ របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។
ប្រភពដដែលបន្តថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាតាមទូរស័ព្ទ នៅព្រឹកថ្ងៃអង្គារនេះដោយក្នុងនោះលោក ពូទីន បានលើកឡើងថា ការដកទ័ពចេញដោយគ្មានលក្ខខណ្ឌ នឹងជាសញ្ញាល្អប្រសើរមួយ ចំពោះគ្រប់ភាគីជម្លោះទាំងអស់ នៅក្នុងប្រទេសស៊ីរី ព្រមទាំងជាការបង្កើតបរិយាកាសល្អ សម្រាប់ដំណើរការ ស្វែងរកសន្តិភាពពិតប្រាកដផងដែរ។ ចំណែកលោក អូបាម៉ា ក៏បានបង្ហាញចំណាប់អារម្មណ៍ថា ការកាត់បន្ថយអំពើ ហិង្សាឲ្យមកនៅទាបបំផុត គឺស្របតាមគោលការណ៍របស់អន្តរជាតិ ហើយមានតែការធ្វើអន្តរកម្មនយោបាយ នោះទេទើបអាចបញ្ឈប់អំពើហិង្សា នៅស៊ីរីបាន៕
ម៉ាល់ឌីវ ៖រដ្ឋាភិបាលប្រទេសម៉ាល់ឌីវ បានសម្តែងក្តីព្រួយបារម្ភជាខ្លាំង គ្រាដែលកំពុងប្រឈមមុខនឹងកំណើនចំនួនប្រជាជនរបស់ខ្លួនដែលបានរត់ទៅចូលរួមប្រយុទ្ធនៅក្នុងអង្គការរដ្ឋអ៊ីស្លាមជីហាត។
រដ្ឋលេខាធិការក្រសួងការបរទេសម៉ាល់ឌីវ លោក Ali Nasser Mohamed បានថ្លែងនៅនាឱកាសសន្និសីទសារព័ត៌មានមួយនៅទីក្រុងញូវដែលីថា ប្រជាជនម៉ាល់ដីវ ប្រមាណជា៤០នាក់ បានរត់ទៅចូលរួមជាមួយក្រុមអង្គការរដ្ឋអ៊ីស្លាមជីហាត។ លោកបញ្ជាក់ថា រដ្ឋាភិបាលម៉ាល់ឌីវ មានក្តីព្រួយបារម្ភមែនទែនពីបញ្ហាសន្តិសុខនៅក្នុងប្រទេសពីព្រោះ ពលរដ្ឋម៉ាល់់ឌីវចំនួន៤០នាក់ហើយ បានរត់ទៅកាន់តំបន់ដើមបូព៌ាដើម្បីចូលរួមក្នុងសង្គ្រាមដ៏អាស្រូវ មួយ។
ចំណែក អតីតប្រធានាធិបតីម៉ាល់ឌីវ លោក Mohamed Nasheed ធ្លាប់បានព្រមានប្រាប់ឲ្យដឹងដែរថា មានពលរដ្ឋម៉ាល់ឌីវជិត២០០នាក់ ប្រហែលជាបានរត់ទៅចូលរួមប្រយុទ្ធជាមួយក្រុមអ៊ីស្លាមជីហាតនៅប្រទេស អ៊ីរ៉ាក់និងស៊ីរី។
គួរបញ្ជាក់ថា ម៉ាល់ឌីវជាកោះតូចមួយមានប្រជាជនរស់នៅចំនួនតែ៣៥ម៉ឺននាក់ប៉ុណ្ណោះ ហើយប្រជាជនភាគច្រើនគឺជាអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ុយនីត៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍