All posts by មេគង្គ ប៉ុស្តិ៍

ក្រចៅ​ចិន​ ជា​ប្រភេទ​ដំណាំ​ថ្មី​លើ​ទឹកដី​ត្បូង​ពេជ្រ ​ខេត្ត​ប៉ៃលិន​

​ខេត្ត​ប៉ៃលិន ៖ នេះ​ជា​លើកទីមួយ ដែល​ពលរដ្ឋ​ខ្មែរ​ម្នាក់ បាន​សហការ​ជាមួយ​ជនជាតិ​ចិន ក្នុង​ការដាំ​ដំណាំ​ប្រភេទ​ថ្មី លើ​ទឹកដី​ត្បូង​ពេជ្រ ជា​ប្រភេទ​ដំណាំ​ក្រចៅ​ចិន ដោយ​គេ​យក​គ្រាប់​ពួជ​មកពី​ប្រទេស​ចិន ដែល​ដាំ​លើ​ផ្ទែ​ដី​ជាង​២០​ហិកតា ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ក្នុងភូមិ​ចំនួន​ពីរ​គឺ​ភូមិ​វាល និង​ភូមិ​ភ្នំ​ស្ពង់ ក្នុង​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​បើតាម​បុរស​ម្នាក់​ឈ្មោះ ប៊ុន ទី អាយុ​៣៣​ឆ្នាំ ជា​ពលរដ្ឋ​ខ្មែរ រស់នៅ​ភូមិ​/​ឃុំ​ខាងលើ បាន​រៀបរាប់ថា​៖ នៅ​ដើមឆ្នាំ​២០១៨​នេះ រូបគាត់ បាន​សហការ​ជាមួយ​ជន​ជាតិចិន​មួយក្រុម ដែលមាន​គ្នា​១០​នាក់ នាំគ្នា​ជួល​ដី​ប្រជាពលរដ្ឋ​ចំនួន​ពីរ​កន្លែង សម្រាប់​ធ្វើការ​ដំ​ដុះ ប្រភេទ​ដំណាំ​ថ្មី ដែល​អ្នក​ខេត្ត​ប៉ៃលិន មិន​ធ្លាប់​ឃើញ​គឺ​ដំណាំ​ក្រចៅ​ចិន ដែល​យក​គ្រាប់​ពួជ​មកពី​ប្រទេស​ចិន ហើយ​ដំណាំ​ប្រភេទ​នេះ មិនត្រូវ​ការ​ទឹក​ជោកជាំ​ពេក​ទេ ប៉ុន្តែ​បើ​ផ្ទៃដី​មានការ​ដក់​ទឹក គឺ​ដំណាំ​ប្រភេទ​នេះ ក៍​មិន​ទទួលបាន​ផល​ល្អ​នោះដែរ ។ លោក​បាន​បន្តថា​៖ នេះ​ការដាំ​សាកល្បង​លើកដំបូង ដោយ​យើង​ធ្វើ​ផ្ទៃ​ឲ្យ​បានល្អ មាន​ការជីក​ប្រឡាយទឹក សម្រាប់​នៅពេល មាន​ភ្លៀង​ធ្លាក់​ខ្លាំង អាច​ឲ្យ​ទឹក​ហូរ​ចូល​ប្រឡាយ ការពារ​បាន​នូវ​ការដក់​ជោគជាំ ក្នុង​ចម្ការ ដែលនាំឱ្យ​ខូចខាត​ដល់​ដំណាំ​ក្រចៅ​ចិន​នេះ ។ លោក​បន្តទៀតថា​៖ ការដាំ​ដំណាំ​ក្រចៅ​ចិន​នេះ ក៍​ត្រូវ​ការថែទាំ ដោយ​បោចស្មៅ ដាក់​ជី និង​ស្រោច​ទឹក ពេលដែល​មេឃ​រាំង គ្មាន​ភ្លៀង ហើយ​ម្យ៉ាងវិញទៀត ដំណាំ​ក្រចៅ​មួយ​នេះ មិនត្រូវ​ការ​ទឹក ច្រើន​ប៉ុន្មាន​នោះទេ ត្រូវការ​ដី​ស្រឡះ​ល្អ គ្មាន​ស្មៅ ដើម្បីឱ្យ​ដើម​វា​លូតលាស់​បានល្អ ។ លោក​បាន​បញ្ជាក់ថា​៖ ប្រហែល​រយ​:​ពេល​១​ឆ្នាំ ដំណាំ​ប្រភេទ​នេះ និង​ទទួលផល ដោយ​គេ ធ្វើការ​កាត់​ដើម ថ្លឹង​លក់ ឱ្យ​ឈ្មួញ​ជនជាតិ​ចិន ដឹក​យកទៅលក់​នៅ​ស្រុក​ចិន​ផងដែរ ។​

​តំណាង​ក្រុមហ៊ុន​ជនជាតិ​ចិន​ឈ្មោះ ម៉ៃ​កែ​ល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បាន​រៀបរាប់​ឱ្យដឹងថា​៖ ដំណាំ​ក្រចៅ​ចិន​នេះ គេ​តែងតែ​ដាំ​ដុះ​នៅ​ប្រទេស​ចិន តែដោយសារ​នៅ​ទីនោះ​មាន​ផ្ទៃដី​តូច ហើយ​ចង្អៀត ទើប​ខាង​ក្រុមហ៊ុន មក​ជួល​ដី​ប្រជាពលរដ្ឋ​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ជាង​២០​ហិកតា ដាំ​សាកល្បង​លើ​ដំណាំ​មួយ​នេះ លុះ​ប្រសិនជា​បាន​ជោគជ័យ នៅ​ឆ្នាំក្រោយៗ​ទៀត នឹង​ជួល​ដី រហូតដល់​៧០​ទៅ​៨០​ហិកតា សម្រាប់​ដាក់​ដាំ​ក្រចៅ​ចិន ស្របតាម​តម្រូវការ​ទីផ្សារ​ផងដែរ ។ លោក​បន្តទៀតថា​៖ ការដាំ​ដំណាំ​ក្រចៅ​តែម្តង គឺអាច​ប្រមូល​ផល​បាន រហូតដល់​១៥​ទៅ​២០​ឆ្នាំ ដោយ​គ្រាន់តែ​កាត់​ដើម​ចាស់ រួច​មាន​ដុះ​កូន​ថ្មី ដែល​ចេញពី​គល់ ដោយ​យើង​គ្រាន់តែ​ស្រោច​ទឹក នោះ​វា​និង​ដុះ​សារជាថ្មី​ឡើងវិញ ក្នុង​រយ​:​ពេល​១​ឆ្នាំ គឺអាច​កាត់​លក់បាន ។

​លោក​ក៍​បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​៖ ដំណាំ​ក្រចៅ​ចិន​នេះ មាន​សារៈ​សំខាន់បំផុត គឺ​គេ​យក​ដើម​វា​ទៅ​ផលិត​ជា​សំលៀកបំពាក់ (​ខោអាវ​) និង​របស់របរ​ប្រើប្រាស់​មួយចំនួនទៀត ចំណែក​ការលក់​ដំណាំ​ក្រចៅ​ចិន​នេះ គឺ​គេ​កាត់​យកតែ​ដើម​ថ្លឹង​ប៉ុណ្ណោះ ដើម្បី​លក់​ឱ្យ​ក្រុមហ៊ុន ចំណែក​ស្លឹក និង​ផ្កា​គឺ​មិន​ត្រូវការ​ឡើយ ដោយ​លក់ ក្នុង​១​គីឡូក្រាម អាច​បាន​តម្លៃ​ពី​៤៥០០​រៀល ទៅ​៥០០០​រៀល ហើយ​បច្ចុប្បន្ន​ខាង​ក្រុម ហ៊ុន កំពុងតែ​ឈូសឆាយ​ដីព្រៃ ឱ្យ​រាបស្មើ ,​បង្កើតជា​ប្រឡាយទឹក ដោយ​ត្រូវ​ការជួល​កម្មករ​ក្នុង​១​ថ្ងៃៗ ពី​៣០​នាក់ ទៅ​៤០​នាក់ ដោយ​ឲ្យ​ថ្លៃឈ្នួល​កម្មករ​ម្នាក់​៣​ម៉ឺន​រៀល ផងដែរ​។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើ លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​កក្ត​ដា​នេះ​ថា​៖ ករណី​ពលរដ្ឋ​សហការ​ជាមួយ​ជនជាតិ​ដាំ​ដំណាំ​ប្រភេទ​នេះ គឺ​ខាង​មន្ទីរ​មិនដឹង​នៅឡើយ​ទេ ស្របពេល​ភា្ន​ក់​ងារ​ព័ត៌មាន​សួរនាំ​ទើប​ដឹង ហើយ​លោក​ក៍បាន​ឲ្យ​មន្ត្រី​ស្រុក​ចុះទៅ​មើល គេ​បញ្ជាក់​មក​ថា​ជាដើម​ម៉ន​ទៅវិញ មិន​ដើម​ក្រចៅ​ទេ ដូច្នោះ​ខាង​លោក និង​ចុះទៅ​ពិនិត្យថា​តើ​ដើម​អ្វី​ឲ្យ​ពិតប្រាកដ ៕​

ជិត​ដល់​ការបោះឆ្នោត ការជួញដូរ​ភាគហ៊ុន​ក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា កក្រើក​ជាង​មុន​

​ភ្នំពេញ ៖ បើទោះបីជា​ការបោះឆ្នោតជាតិ​កាន់តែ​ខិតជិត​មកដល់​ក្តី ការជួញដូរ​ភាគហ៊ុន​នៅក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា​នៅតែ​បង្ហាញ​ពី​ភាព​វិជ្ជមាន និង​កាន់​តែមាន​ភាពប្រសើរឡើង ដែល​បង្ហាញ​តាមរយៈ​តារាង​ទិន្នន័យ នៃ​ការបញ្ជា​រទិញ​ភាគហ៊ុន​គិត​ត្រឹម​ខែ​កក្ដ​ដា​នេះ​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា ចេញផ្សាយ​ថ្ងៃទី​២៥ ខែកក្កដា​នេះ បានបង្ហាញ​ពី​ភាព​វិជ្ជមាន​នៃ​ការជួញដូរ​ភាគហ៊ុន ក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា ក្នុង​នោះគេ​សង្កេតឃើញ​បរិមាណ​ភាគហ៊ុន​ដែល​ត្រូវ​ជួញដូរ​ហាក់​មាន​ភាពស៊ីចង្វាក់​គ្នា​រវាង​អ្នកទិញ និង​អ្នកលក់​។

​តាម​តារាង​ទិន្នន័យ​របស់​ក្រុមហ៊ុន​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា បង្ហាញថា​បរិមាណ ភាគហ៊ុន ដែល​បាន​បញ្ជា​រទិញ​ក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា ចាប់ពី​ខែមីនា​ដល់​ខែមិថុនា​ឆ្នាំ​២០១៨ មានការ​កើនឡើង​រហូត​ដល់​ជាង​២១៤​ភាគរយ ជាក់ស្ដែង​ក្នុង​ខែមីនា​ចំនួន​ភាគហ៊ុន​សរុប​ដែល​បាន​បញ្ជា​រទិញ​មាន​ត្រឹមតែ​ជាង​៣២​ម៉ឺន​២​ពាន់​ភាគហ៊ុន បាន​កើន​ឡើងដល់​ជិត​៩៨​ម៉ឺន​៧​ពាន់​ភាគហ៊ុន នៅក្នុង​ខែមិថុនា​។ តាមរយៈ​កំណើន​នេះ ក៏​បង្ហាញ​ពី​ទំនោរ​បន្ត​កើនឡើង​នៃ​ការបញ្ជា​រទិញ​ភាគហ៊ុន​រហូតដល់​ចំនួន​ជាង​៣​លាន​៦​ម៉ឺន​ភាគហ៊ុន គិត​ត្រឹម​រយៈពេល​១៧​ថ្ងៃ ក្នុង​ខែកក្កដា​នេះ​ផងដែរ​។

​តារាង​របស់​ក្រុមហ៊ុន​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ក៏បាន​បង្ហាញ​ទិន្នន័យ​ប្រៀបធៀប​បរិមាណ​បញ្ជា​ទិញ​ភាគហ៊ុន​សរុប​របស់​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នីមួយៗ សម្រាប់​រយៈពេល​២​ខែ​ចុង​ក្រោយនេះ​ផងដែរ ក្នុងនោះ ភាគហ៊ុន​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​(PAS) មាន​បរិមាណ​បញ្ជា​ទិញ​ច្រើនជាងគេ​ក្នុង​ខែកក្កដា ដែលមាន​ប្រមាណ​ជាង​១​លាន​៧​ម៉ឺន​ភាគហ៊ុន​គិត​ត្រឹម​ថ្ងៃទី​២៤ គឺ​កើនឡើង​ជាង​កាលពី​ខែមិថុនា ដែលមាន​ចំនួន ជិត​១២​ម៉ឺន​៥​ពាន់​ភាគហ៊ុន​។ ទន្ទឹមនេះ តម្លៃ​ភាគហ៊ុន​របស់រប​ស់កំ​ពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នេះ ក៏មាន​ការកើនឡើង​ប្រមាណ ២,៣៦% ផងដែរ ពោលគឺ​កើនឡើង​ពី​តម្លៃ​៥០៨០​រៀល​ដល់​៥២០០​រៀល​ក្នុង​មួយ​ភាគហ៊ុន ។ តួលេខ​នេះ​បង្ហាញ​ពី​ការកើនឡើង​នៃ​តម្រូវការ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ចំពោះ​ភាគហ៊ុន​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។

​ក្នុង​រយៈពេល​ដូចគ្នានេះ បរិមាណ​បញ្ជា​ទិញ​ភាគហ៊ុន​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ឯណោះ​វិញ បាន​កើនឡើង​ពី​ចំនួន​ជាង​៤២​ម៉ឺន​៤​ពាន់​ភាគហ៊ុន ដល់​ជាង​១​លាន​១​ម៉ឺន​ភាគហ៊ុន តែ​តម្លៃ​ភាគហ៊ុន​វិញ បាន​ធ្លាក់ចុះ​ពី ៥៦០០​រៀល​មក​៥៤០០​រៀល ក្នុង​មួយ​ភាគហ៊ុន​។ ចំណែក ភាគហ៊ុន​របស់​រដ្ឋាក​រ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​វិញ អត្រាកំណើន​នៃ​បរិមាណ​បញ្ជារ​ទិញ​សរុប​មាន​ចំនួន ១៣៩,៥៩% កើន​ពី​ជាង​៣៤​ម៉ឺន​៧​ពាន់ ភាគហ៊ុន ទៅ​ជាង​៨៣​ម៉ឺន​២​ពាន់​ភាគហ៊ុន​ក្នុង​មួយថ្ងៃ​។ ទន្ទឹមនេះ តម្លៃ​ភាគហ៊ុន ក៏បាន​ធ្លាក់ចុះ​ពី​តម្លៃ​៣៦៥០​រៀល មក​៣២៦០​រៀល​ក្នុង​មួយ​ភាគហ៊ុន​។

គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ ផ្សា​រមូល​ប​ត្រ​កម្ពុជា មាន​ក្រុមហ៊ុន​បោះផ្សាយ​មូល​ប​ត្រ​ចំនួន​៥ រួមមាន រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ,​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ,​ក្រុមហ៊ុន​ហ្គ្រេ​ន​ធ្វី​ន​, ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) និង កំពង់ផែ​ស្វយ័ត​ភ្នំពេញ​។

​ថ្មីៗ​នេះ ក៏មាន​ដំណឹង​ថា​មាន​ក្រុមហ៊ុន​ថ្មី​ចំនួន​ពីរ​ផ្សេងទៀត កំពុង​ស្នើសុំ​ការចុះបញ្ជី​បោះ​ប័ណ្ណ​ភាគហ៊ុន​ពី​ក្រុមហ៊ុន​ទីផ្សារ​មូលប័ត្រ​ក​ម្ពុ​ជា​។ ក្នុងនោះ​មាន ក្រុមហ៊ុន​មួយ​ដែលមាន​ភាគហ៊ុន​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ក៏​គ្រោង​នឹង​បោះផ្សាយ​ភាគហ៊ុន​របស់ខ្លួន​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ឆាប់ៗ​នេះ​ផងដែរ ៕​

ជប៉ុន នឹងមិន​បញ្ជូន​អ្នកសង្កេតការណ៍​មក​ឃ្លាំមើល​ការបោះឆ្នោតជាតិ​នៅ​កម្ពុជា​ទេ​

​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​សន្និសីទកាសែត​មួយនា​ថ្ងៃ​ពុធ ទី​២៥ កក្កដា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន បាន​គូសបញ្ជាក់ថា ជប៉ុន​នឹងមិន​បញ្ជូន​អ្នកសង្កេតការណ៍ មក​ឃ្លាំមើល​ការបោះឆ្នោតជាតិ​នៅ​កម្ពុ​ជានា​ចុង​សប្ដាហ៍​នេះ​ទេ បើទោះបីជា​ជប៉ុន​គឺជា​ម្ចាស់ជំនួយ​ដ៏​សំខាន់​មួយ​នៅក្នុង​ការបោះឆ្នោត​នេះ​ក៏ដោយ​។

​គួរ​ជម្រាបជូន​ថា ជប៉ុន​គឺជា​ប្រទេស​ម្ចាស់ជំនួយ​ដ៏​ចម្បង​មួយ​សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា​។ ថ្មីៗ​នេះ ប្រទេស​ជប៉ុន​បានផ្ដល់​ជំនួយ​ជា​ហិប​ឆ្នោត​ចំនួន ១១,០០០ ហិប ក៏ដូចជា​រថយន្ត​ប្រភេទ Pick Up ចំនួន​៤០​គ្រឿង សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨​។ គិត​ទាំង​លើក​នេះ​ទៀត ជំនួយ​របស់​ជប៉ុន​ស​ម្រា​ប់​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ជាង​៧​លាន​ដុល្លារ​ហើយ​។​

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ បាន​បញ្ជាក់ថា ទោះបី​មិន​បញ្ជូន​អ្នកសង្កេតការណ៍​មក​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​ក៏ពិតមែន ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជ​ប៉ុន លោក Yoshihide Suga បាន​អះអាងថា ជប៉ុន​បាន​បញ្ជូន​អ្នកជំនាញ​ជាច្រើន​មក​កម្ពុជា ក៏ដូចជា​ផ្ដល់ជំនួយ​បច្ចេកទេស​ដល់​ការបោះឆ្នោត​លើក​នេះ​។ លោក​ថា នេះ​បង្ហាញ​ពី​ការគាំទ្រ​របស់​ជប៉ុន ចំពោះ​កំណែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា​។​

​ការសម្រេច​របស់​ជប៉ុន​នេះ ត្រូវគេ​មើលឃើញថា បានធ្វើ​ឡើង​ស្រប​ពេលដែល​ស្ថានទូត​អាមេរិក បានចេញ​ប្រកាសថា គ្មាន​ភ្ញៀវ ឬ​អ្នកសង្កេតការណ៍​ណា​ម្នាក់ មកពី​រដ្ឋាភិបាល​អាមេរិក នឹងចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា​ដូចគ្នា​។ ការសម្រេច​របស់​អាមេរិក​នាពេលនេះ ធ្វើឡើង​ស្រដៀង​គ្នា​នឹង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​បាន​សម្តែង​កង្វល់​ដដែលៗ ចំពោះ​ការវិវត្តន៍​ផ្នែក​នយោបាយ​នៅ​កម្ពុជា​។​

សូមបញ្ជាក់ថា កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោតជាតិ អាណត្តិ​ទី​៦ នៅ​ថ្ងៃទី​២៩ កក្កដា​។ ជាមួយគ្នានេះ គ​.​ជ​.​ប បានប្រកាសថា សម្រាប់​ការបោះឆ្នោត​នេះ មាន​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ ជិត​៨​ម៉ឺន​នាក់ មកពី​១០៧​ស្ថាប័ន​៕

អាជ្ញាធរខេត្ត​ព្រះសីហនុ ផ្តល់​ពូជ​ន៍​ស្រូវស្រាល ជាង​៥​តោន ជូន​កសិករ នៅ​ស្រុក​កំពង់សីលា​

​ខេត្ត​ព្រះសីហនុ ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ​១៣​កើត​ខែ​ទុតិយាសាឍ​ឆ្នាំច ពស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៨ យន្ត មីន អមដំណើរ​ដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រៀ​ន​រូប​ទៀត បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទល់​ដល់ទី​តាំង​ជាក់​ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​នៅ​ភូមិ​ចំនួន​០៣​នៅ​ស្រុក​កំពង់សីលា គឺ​ភូមិ​ថ្មី ភូមិ​វាល និង​ភូមិ​ចាំ​ស្រី​។​

​លោក យន្ត មីន បាន​បញ្ជាក់ថា​ជំនន់​ដើមរដូវ​នេះ​បាន​បណ្តាល អោយ​ខូច ស្រូវ​ប្រជាពលរដ្ឋ​ទាំងបី​ភូមិ​នេះ​អស់​ចំនួន​៥៥​ហិច​តា និង​ខូច​ផ្លូវ​អស់​ជា ច្រើន កន្លែង​ផងដែរ​។​ករណីនេះ លោក បញ្ជាក់​អោយដឹងទៀតថា ខេត្ត​ព្រះសីហនុ​នឹង​ផ្តល់​ស្រូវពូជ​ប្រភេទ​ស្រូវស្រាល​ចំនួន​ជាង​០៥​តោន​ដើម្បីអោយ​ប្រជាពលរដ្ឋ​ដែល​ការខូចខាត​នេះ​យកទៅ​សាប​ជា​សំណាប​រូ​ច​ដក​យកទៅ​ចែកគ្នា​ស្ទូង​ឡើងវិញ​។​

​ចំពោះ​ផ្លូវ​ដែល​ខូចខាត​ទាំងអស់​ទាំង​ក្រុង​និង​ជនបទ នឹងធ្វើ​ការជួសជុល ឡើងវិញ នៅពេល​មេឃ​រាំង​បន្តិច​។​តែ​បញ្ហា​នេះ លោក អភិបាលខេត្ត ស្នើ​សុំអោយ​ពលរដ្ឋ​ទាំងអស់​មានការ​យោគយល់​។​

​ក្នុងឱកាស​នៃ​ការចុះ​មើល​ស្រែ​ប្រជាជន​តាម​ភូមិ​នេះដែរ លោក និង​មន្ត្រី រួម​ដំណើរ​ក៏បាន​ជួយ​ស្ទូង​ប្រជាជន​ដែល​កំពុង​ស្ទូង​ប្រវាសដៃ​គ្នា នៅ​ទីតាំង ផ្សេងគ្នា​ចំនួន​០២​ផងដែរ​ដើម្បី​ជួយ​ដល់​កសិករ​៕

ទឹក​ជន់​លិច​តំបន់​ខ្លះ​ក្នុងស្រុក​សៀម​ប៉ាង -​ កូរ៉េ និង​ថៃ​បញ្ជូន​កម្លាំង​ទៅ​ជួយសង្គ្រោះ​ឡាវ​

​ស្ទឹងត្រែង ៖ គិត​ត្រឹម​ថ្ងៃត្រង់ ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ ទឹកជំនន់​ដែល​ហូរ​ធ្លាក់​ពី​ប្រទេស​ឡាវ បាន​បន្ត​ជន់​លិច​ចូល​ភូមិឋាន​ប្រជាពលរដ្ឋ​យើង​មួយចំនួន​បន្ថែមទៀត ដែល​ស្ថិតនៅ​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។​

​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង​១២៖៣០​នាទី​ថ្ងៃនេះ ទឹកជំនន់​បាន​លិច​ចូល​ភូមិ​សរុប​ចំនួន​១៧​ភូមិ ក្នុង​ឃុំ​ថ្មកែវ ឃុំ​សន្តិភាព ឃុំ​សេកុង និង​ឃុំ​ស្រែ​សំបូរ ខណៈ​ទឹក​ទន្លេសេកុង បាន​បន្ត​កើន​ឡើងដល់​កម្ពស់ ១១.៣៨ ម៉ែត្រ (​កម្រិត​កម្ពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ១១,៥០ ម៉ែត្រ​) ។ អាជ្ញាធរខេត្ត​កំពុង​បន្ត​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ ទៅកាន់​ទីទួល​សុវត្ថិភាព​។​

​សារព័ត៌មាន​The Vientiane Times បាន​រាយការណ៍​ថា សាកសព​មនុស្ស​១៩​នាក់​ត្រូវបាន​រកឃើញ​បន្ទាប់ពី​ការបាក់​ទំនប់ទឹក​វា​រី​អគ្គិសនី​ឡាវ​ធំ​មួយ​នៅ​ជិត​ព្រំដែន​កម្ពុជា នៅពេល​ក្រុមហ៊ុន​កូរ៉េ​២ ដែល​ពាក់ព័ន្ធ​នឹង​គំរោង​នេះ បាន​និយាយថា បាន​រកឃើញ​កំហូច​នៃ​ទំ​បន់​នេះ និង​បាន​រាយការណ៍​ជូន​អាជ្ញាធរ​នៅ​មួយ​ថ្ងៃមុន​ទំនប់​នេះ​បាក់​។​

​ប្រភព​បន្តថា ជញ្ជាំង​ឃាំង​ទឹក​នៃ​ទំនប់​នេះ បាន​បាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​២៣ ខែកក្កដា ក្រោយពី​ផ្នែក​នៃ​ទំនប់ទឹក Xe-Namnoy បាន​បាក់ និង​ជះ​ទឹក​ពន្លិច​ភូមិ​ជាច្រើន​នៅក្រោម​ខ្សែទឹក និង​ធ្វើ​អោយស្លាប់ និង​បាត់​ខ្លួន​មនុស្ស​រាប់រយ​នាក់​។​

​ទឹក​៥​ពាន់​លាន​ម៉ែត្រគូប ដែលមាន​នៅក្នុង​អាង​ស្តុក​ទឹក​នេះ បាន​ធ្លាយ បណ្តាលអោយ​មនុស្ស​ជាង​៦.៦០០​នាក់​បាត់បង់​ផ្ទះសម្បែង ក្នុងនោះ​មាន​មនុស្ស​១៩​នាក់ ត្រូវបាន​រាយការណ៍​ថា​ស្លាប់ និង​ជាង​៣.០០០​នាក់ កំពុង​ត្រូវការ​ជួយសង្គ្រោះ​ជាបន្ទាន់ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ឡាវ​KPL​កាលពី​ថ្ងៃ​ពុធ​ទី​២៥​កក្កដា​។​

​ចូលរួម​សង្គ្រោះ​ហានិភ័យ​ដោយសារ​ការបាក់​ទំនប់​វា​រី​អគ្គស​នី​ដ៏​ធំ​នៅ​ប្រទេស​ឡាវ​នេះ ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ថៃ នៅ​ថ្ងៃទី​២៥ ខែកក្កដា ២០១៨​នេះ បាន​បញ្ជា​ឲ្យ​រៀបចំ​បញ្ជូន​ក្រុម​ជួយសង្គ្រោះ ដើម្បី​ទៅ​ជួយ​ស្វែងរក​អ្នក​បាត់​ខ្លួន និង​ជនរងគ្រោះ​គ្មាន​ទីជម្រក​ក្នុងប្រទេស​ឡាវ ក្រោយ​ការបាក់​ទំនប់​វា​រី​អគ្គិសនី Xepian-Xe Nam Noy ក្នុង​ខេត្ត​អាត់​តា​ពើ​។ ទាំង​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ថៃ សុទ្ធ​តែមាន​ក្រុមហ៊ុន​វិនិយោគ​របស់ខ្លួន សហការ​ជាមួយ​ក្រុមហ៊ុន​ឡាវ សាងសង់​វា​រី​អគ្គិសនី Xepian-Xe Nam Noy​។​

​នៅ​ថ្ងៃទី​២៥ ខែកក្កដា ២០១៨​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រា​វីត វង់​ស៊ូ​វ៉ាន់ រដ្ឋមន្ត្រី​ការពារជាតិ​ថៃ ក៏បាន​បញ្ជា​ឲ្យ​កងទ័ព​ថៃ​រៀបចំខ្លួន​ឲ្យ​បាន​រួចរាល់​សម្រាប់​ធ្វើដំណើរ​ទៅ​ជួយ​ជនរងគ្រោះ​ក្នុងប្រទេស​ឡាវ នៅពេល​អាជ្ញាធរ​ឡាវ​ជូនដំណឹង​ដល់​អាជ្ញាធរ​ថៃ​។

ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ថៃ កំពុង​រៀបចំ​បញ្ជូន​ក្រុម​ជួយសង្គ្រោះ ដើម្បី​ទៅ​ជួយ​ស្វែងរក​អ្នក​បាត់​ខ្លួន និង​ជនរងគ្រោះ​គ្មាន​ទីជម្រក​ក្នុងប្រទេស​ឡាវ ក្រោយ​ការបាក់​ទំនប់​វា​រី​អគ្គិសនី Xepian-Xe Nam Noy ក្នុង​ខេត្ត​អាត់​តា​ពើ​៕​

អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ ជួបគ្នា​ពិភាក្សា​ពី​សុវត្ថិភាព​ឱសថ និង​សុខភាព​

​ភ្នំពេញ ៖ សមាគម​អ្នកលក់​ឱសថ​កម្ពុជា សហការ​បច្ចេកទេស ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដោយមាន​ការគាំទ្រ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង ក្រសួងសុខាភិបាល បានរៀបចំ​ឱ្យមាន​ការបណ្តុះបណ្តាល មូលដ្ឋាន សម្រាប់​អ្នកលក់​ឱសថ តាម​ឱសថស្ថាន ដើម្បី​បង្កើន​នូវ​ចំណេះ ដឹង​ដល់​អ្នកលក់​ឱសថ ក្នុង​ការធានា បាន​នូវ គុណភាព ប្រសិទ្ធភាព និង សុខមាលភាព​ប្រជាពលរដ្ឋ​។​

​លោក ឡី សុភាព ប្រធាន​សមាគម​អ្នកលក់​ឱសថ​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន បានលើកឡើង​នៅក្នុង​ពិធី ប្រគល់​វិញ្ញាបនបត្រ​មូលដ្ឋាន សម្រាប់​អ្នកលក់​ឱសថ តាម​ឱសថដ្ឋាន នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៥​ខែកក្កដា​ន​នេះ​ថា ការផ្តល់ជូន​ការបណ្តុះបណ្តាល​នេះ គឺជា​ការគិតគូរ ពី​សុវត្ថិភាព សុខភាព ប្រជាពលរដ្ឋ និង​ជាការ​បង្ការ​ហានិភ័យ​ជាយថាហេតុ​ដែល​ផ្តើមចេញពី​អ្នកលក់​គ្មាន​វិជ្ជាជីវៈ និង​ការប្រើប្រាស់​ឱសថ​។ លើស​ពិ​នេះ​ក៏​ជាការ​ចូលរួម​អភិវឌ្ឍ​ធនធានមនុស្ស បម្រើឱ្យ​វិស័យ​សុខាភិបាល ក៏ដូចជា​ពង្រឹង​សេវាកម្ម​សុខាភិបាល​ឱ្យ​កាន់តែ​ប្រសើរ​។​

​លើសពីនេះ ក៏​ជាការ​ពង្រឹងសមត្ថភាព ជំនាញ​វិជ្ជាជីវៈ និង​ក្រមសីលធម៌ ដល់​អ្នកលក់​ឱសថ​ទាំងអស់ ទាំង​ចំណេះដឹង ចំណេះធ្វើ កម្រិត​មូលដ្ឋាន ដើម្បីឱ្យ​រាល់​ការលក់​ឱសថ​មានការ​ទទួលខុសត្រូវ និង​គិតពី​សិ​វត្ថិ​ភាព សុខភាព​ប្រជាពលរដ្ឋ​។​

​នាឱកាស​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​កត់សម្គាល់ថា នៅមាន​អ្នកលក់​ឱសថ មួយចំនួន​មិនទាន់មាន​ចំណេះដឹង​គ្រប់គ្រាន់​នៅឡើយ ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់ បង្កើន​ចំណេះដឹង​បន្ថែម​ពី​អ្នកពាក់ព័ន្ធ ព្រោះថា ឱសថ​ជា​អាវុធ​មុខ​ពីរ ប្រើប្រាស់​មិនត្រូវ​វា​នឹង​ធ្វើឱ្យ​មនុស្ស​ស្លាប់​។​

​ឯកឧត្តម អភិបាល​បន្តថា មនុស្ស​តែងតែមាន​ជំងឺ​ជាមិនខាន បើទោះជា​ចំណាយ​ថវិកា​ប៉ុន្មាន​ក៏ដោយ ក៏​ត្រូវតែ​ចាយវាយ​នោះដែរ ដោយ​ជឿជាក់​ទៅលើ​គ្រូពេទ្យ និង​ឱសថការី​ទាំងអស់ ដូច្នេះ ដើម្បី​កុំឱ្យ​ប្រជាជនមាន​ជំនឿ​ទុកចិត្ត គ​ម្បី​ត្រូវមាន​ចំណេះដឹង​គ្រប់គ្រាន់ ក្នុង​ការធ្វើ​អាជីវកម្ម លើ​ផ្នែក​ឱសថ​នេះ ដោយ​ការទទួលខុសត្រូវ​ខ្ពស់ ជៀសវាង​អ្នកជំងឺ​ចាយលុយ​អស់ពី​ខ្លួន​ហើយ អស់ទាំង​អាយុជីវិត​ថែមទៀត នោះ​។

​លោក អភិបាល សុំឱ្យ​អ្នកលក់​ឱសថ​នៅ​កម្ពុជា​ទាំងអស់ យកចិត្តទុកដាក់​ពី​សុខភាព​ប្រជាជន ពិសេស អ្នកជំងឺ ដើម្បីឱ្យ​គាត់​ចំណាយ​ថវិកា ហើយ​ទទួលបាន​នូវ​សុខភាព​ល្អប្រសើរ​ឡើងវិញ​។ ការ​ផ្តល់នូវ​ការបណ្តុះបណ្តាល និង ការប្រគល់​នូវ​វិញ្ញាបនបត្រ​នៅថ្ងៃនេះ ក៏​ជាការ​បញ្ជាក់​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ក្នុងការ​ជម្រុញ និង​បង្កើន​ចំណេះដឹង​លើ​ផ្នែក​ឱសថ ដើម្បី​ធានា​នូវ​គុណភាព សិ​វត្ថិ​ភាព និង​សុខ​មាន​ល​ភាព​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់ថា សិក្ខាកាម​ដែលជា​ឱសថការី បានទទួល​ការបណ្តុះបណ្តាល​កម្រិត​មូលដ្ឋាន នូវ​ចំណេះដឹង​ផ្នែក​ឱសថការី និង​ទទួល​វិញ្ញាបនបត្រ នៅថ្ងៃនេះ​មាន​ចំនួន​៧០៣​នាក់ ក្នុងនោះ​ស្រី​៤៤៣​នាក់ ។ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​១០​ខែ គិត​ចាប់ពី​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នា​២០១៧​រហូតដល់​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០១៨ នៅ​សមាគម​អ្នកលក់​ឱសថ​កម្ពុជា លើ​មុខវិជ្ជា វេជ្ជសាស្ត្រ និង​ឱសថ​សាស្ត្រ ៕​

មន្ត្រី​កាំកុងត្រូល ចុះពិនិត្យ​គុណភាព​ទំនិញ​នៅ​ផ្សារ​គគីរ​

​ខេត្តកណ្តាល​៖​សំដៅ​ពង្រឹង​សុវត្ថិភាព​ម្ហូបចំណី​អាហារ ជូន​ប្រជាពលរដ្ឋ​ដែល​ទិញ​យកទៅ​បរិភោគ​ប្រចាំថ្ងៃ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក អ៊ូ ម៉ាន​រិ​ន ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត រួមជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​គណៈកម្មាការ​ផ្សារ បាន​ចុះ​ពិនិត្យ​គុណភាព​មុខទំនិញ​ដែល​កំពុង​ចរ​រាចរ​ណ៏​នៅក្នុង​ផ្សារ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ក្នុង​ការចុះពិនិត្យ​គុណភាព​ទំនិញ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ មន្ត្រី​កាំកុងត្រូល និង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បានធ្វើការ​ពិនិត្យ​គុណភាព​អាហារ​កំប៉ុង និង ផលិតផល​ផ្សេងៗ​ដែលមាន​សភាព​ខួច​គុណភាព​កំពិទ និង​ហួសការ​បរិ​ច្ជេ​ទ​ដែល​កំពុង​ចរាចរណ៍​នៅលើ​ទីផ្សារ​ក្នុង​គោលបំណង​ធានា បាន​នូវ​សុវត្ថិភាព​ចំណីអាហារ​សំរាប់​ប្រជាពលរដ្ឋ​យកទៅ​ប្រើប្រាស់​ដោយ មិន​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគាត់​។ ក្នុងការ​ត្រួតពិនិត្យ​ក្រុមការងារ​បានធ្វើការ​ពិនិត្យ​ដោយ​រថយន្ត​មន្ទីរ​ពិសោធ​ន៏​ចល័ត​របស់​អគ្គនាយក​ដ្ឋា​ន​កាំ​កុ​ត្រូល ទៅលើ​មុខទំនិញ​រួមមាន​៖ បន្លែ គ្រឿង​សមុទ្រ ជ្រក់ គុយទាវ មី ផ្លែឈើ បង្អែម ស្ករត្នោត​និង​គ្រឿងឧបភោគ បរិភោគ ដែលមាន​ចំនួន​៥៧​គំរូ ជា​លទ្ធផល​ក្រុមការងារ​បាន​រកឃើញ​មាន​វត្តមាន​សារធាតុ​គីមី​ហាមឃាត់ បូរ៉ា​ក់​(Borax) ចំនួន​១​គំរូ​លើ​បង្អែម​លត​ខៀវ​ស្វិត​ហើយ​បានធ្វើ​ការដកហូត​ចំនួន​២​គីឡូក្រាម ណែនាំ​អោយ​ឈប់​លក់​បន្តទៀត និង​បាន​ចែក​ខិតប័ណ្ណ​អប់រំ​ស្តីពី​ចំណីអាហារ ជូន​ដល់​អាជីវករ​ដែល​គាត់​លក់ដូរ​តាម​ផ្ទះ​ជុំវិញ​ផ្សារ និង​ប្រជាពលរដ្ឋ​ផងដែរ​។​

​លោក អ៊ូ ម៉ា​នូ​រិ​ន ប្រធាន​សាខា​កាំកុងត្រូល បាន​ក្រើនរំលឹក​ដល់​អាជីវករ​ទាំងអស់​ត្រូវ​លក់​តែ​ផលិតផល​ដែលមាន​សុវត្ថិភាព​មាន​កាលបរិច្ឆេទ​ត្រឹមត្រូវ ចៀសវាង​ប្រជាជន​ទិញយក​ទៅប្រើ​ប្រាស់​នាំអោយ​ប៉ះពាល់​ដល់​សុខភាព​កើត​ជម្ងឺ​ផ្សេងៗ​ធ្វើអោយ​ប្រជាជន​ត្រូវ​ចំណាយ​ថវិកា​មួយផ្នែកធំ​ដើម្បី​ព្យាបាល​ជម្ងឺ​ដែល​បង្កឡើង​ដោយ​ចំណី​មិនមាន​សុវត្ថិភាព​៕​

គណៈកម្មការ​មួយ​នឹង​ជួយ​សម្រួល​ដល​អ្នកសង្កេតកា​រណ៍​ជាតិ និង​អន្តរជាតិ​ក្នុង​ថ្ងៃ​បោះឆ្នោត​

ភ្នំពេញ ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិលបានឲ្យដឹងថា ក្រោមការសម្របសម្រួលរបស់គណៈកម្មការ សម្របសម្រួលអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានអ្នកសង្កេតការណ៍ជាតិចំនួន ១.០៣៦នាក់ មកពី ៩៣អង្គការ សមាគមនៅទូទាំង ២៥រាជធានី/ខេត្ត និងអ្នកសង្កេតការណ៍អន្តរជាតិចំនួន ២២០នាក់ តំណាងឲ្យអង្គការ ស្ថាប័ន និងតំណាងប្រទេសចំនួន៥២ នៃទ្វីបទាំង៥ នៅលើសកលលោក។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាមជ្ឈមណ្ឌលកោះពេជ្រ កាលពីល្ងាចថ្ងៃទី២៤ កក្កដា ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានគណៈកម្មការសម្រប សម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានគូសបញ្ជាក់ថា គណៈកម្មការ សម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសម្រាប់ការបោះឆ្នោតមានបេសក កម្មចម្បង ក្នុងការសម្របសម្រួលឲ្យមានការចូលរួមយ៉ាងទូលំទូលាយពីអ្នកសង្កេតការណ៍ ជាតិ និងអន្តរជាតិ ក៏ដូចជាអ្នកសារព័ត៍មានដើម្បីធ្វើជាសាក្សីផ្ទាល់សម្រាប់ការបោះឆ្នោតនេះ។

សូមជម្រាបជូនថា តាមការគ្រោងទុកបន្ទាប់ពីបញ្ចប់ការងារសង្កេតការណ៍បោះឆ្នោត ក្រុមអ្នកសង្កេតការណ៍អន្តរជាតិនឹងធ្វើសន្និសីទសារព័ត៍មាន នៅល្ងាចថ្ងៃទី២៩ កក្កដា។

ចំណែកក្រុមអ្នកសង្កេតការណ៍ជាតិនឹងធ្វើសន្និសីទសារព័ត៍មាននៅរសៀលថ្ងៃទី៣០ កក្កដា ដើម្បីបង្ហាញពីការពិតនូវដំណើរការនៃការបោះឆ្នោតក្នុងនាមជាសាក្សី ដែលបានចុះទៅ សង្កេតដោយផ្ទាល់នៅតាមការិយាល័យបោះឆ្នោតនានា ហើយបើតាមការអះអាងរបស់ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ថាសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨នេះគឺមានអ្នកសង្កេតការណ៍ច្រើន ជាងការបោះឆ្នោតលើកមុនៗទៅទៀត៕

ជប៉ុន​រក​វិធី​បន្ថយ​រលក​កម្តៅ​នៅពេល​សីតុណ្ហភាព​ឡើងដល់​កម្រិត​ខ្ពស់បំផុត​

​ជប៉ុន ៖ មនុស្ស​ជាង 200 នាក់​នៅ​សង្កាត់​ទីប្រជុំជន​ឆៃ​ណា​ថោ​ន​នៃ​ក្រុង Yokohama បាន ស្រោច​ទឹក​តាម​ដងផ្លូវ ដោយ​សង្ឃឹមថានឹង​ផ្តល់ជំនួយ​សង្គ្រោះ ខណៈដែល សីតុណ្ហភាព នៅ​ទូទាំងប្រទេស​បាន​កើន​ឡើងដល់​កំរិត​ខ្ពស់ ហើយ​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ដល់ 65 នាក់ កាលពី​សប្តាហ៍​មុន​។

​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូ​ដុ របស់​ជប៉ុន បាន​រាយការណ៍​ថា យ៉ាងហោចណាស់​មនុស្ស 65 នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ហើយ​មនុស្ស​ជាង 20.000 នាក់​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​ចន្លោះ​ថ្ងៃទី 16 និង 22 ខែកក្កដា​។

​យោងទៅតាម​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​និង​អគ្គីភ័យ បាន​ឲ្យ​ដឹងថា​យ៉ាងតិច មនុស្ស 12 នាក់​បាន​ស្លាប់​កាលពី​សប្ដាហ៍​មុន​។​
​ក្រុមមនុស្ស​នៅ​ក្រុង​យ៉ូ​កូ​ហ៊ី​ម៉ា​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជាតិ​ប្រចាំឆ្នាំ នៅ​ទូទាំង ប្រទេស​ដែល​ព្យាយាម​នាំយក​ប្រពៃណី​បុរាណ​មួយ​ដែលមាន​អាយុកាល​រាប់រយឆ្នាំ​ឲ្យ​នៅ​គង់វង្ស​ដែលមាន​ឈ្មោះថា​ព្រឹត្តិការ​ណ៏​អ៊ូ​ជី​មី​ស៊ុ “uchimizu” ដែល​ត្រូវបាន​គេ​ស្គាល់​ថា ធ្វើអោយ​ចុះ​ត្រជាក់​តាម​ដងផ្លូវ​។

ចាប់តាំងពី​ឆ្នាំ 2015 មក ក្រុមហ៊ុន អ៊ី​ន​ហ្វូ​ធឺ​រៀ ខ​ប់​ផ​រ៉េ​សិន Infoteria Corporation ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​តូ​ក្យូ បានអនុញ្ញាត​ឱ្យ បុគ្គលិក របស់ខ្លួន​ធ្វើការ​ទូរគមនាគមន៍​នៅពេល​ថ្ងៃ​នៅ​រដូវក្តៅ​នៅពេល ដែល​កម្តៅ​ឡើង ដល់ 35 អង្សា​សេ ឬ​(95 ហ្វា​រិ​ន​ហៃ​) ដូច​សព្វថ្ងៃ​។ យ៉ាងហោចណាស់ មាន​ក្រុមហ៊ុន​ចំនួន 2,000 បាន​ចុះហត្ថលេខា​នៅ​សប្តាហ៍​នេះ​ដើម្បី​កាត់បន្ថយ​ការកកស្ទះ ចរាចរណ៍​និង​មុន ពេល​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ​ទីក្រុង​តូ​ក្យូ​ដោយ​ការជំរុញ​ការ ងារ​នៅផ្ទះ​។

​សីតុណ្ហភាព​បាន​កើន​ឡើងដល់ 41,1 អង្សា​សេ ឬ​(106 ហ្វា​រិ​ន​ហៃ​) នៅក្នុង​ទីក្រុង គូ​ម៉ា​ហ្គា​យ៉ា​Kumagaya ភាគ​ពាយព្យ​នៃ​ទីក្រុង​តូ​ក្យូ​៕

អ៊ីតាលី បើក​កំពង់ផែ​សំរាប់​ទទួល​ទូក​ជនភៀសខ្លួន

​អ៊ីតាលី ៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីតាលី បាន​សន្យាថា ទីក្រុង​រ៉ូម​នឹង​អនុញ្ញាតឱ្យ​ជនអន្តោប្រវេសន៍​ដែល​ត្រូវបាន​ជួយសង្គ្រោះ នៅ​សមុទ្រ​ដោយ​ប្រតិបត្តិការ​សូ​ហ្វៀ ដើម្បី​ចត​នៅ​កំពង់ផែ​អ៊ីតាលី​។​

​កងទ័ពជើងទឹក សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ របស់​សហភាព​អឺរ៉ុប ត្រូវបាន​គេ​ស្គាល់​ថា ប្រតិបត្តិការ សូ​ហ្វៀ ត្រូវបាន​បង្កើតឡើង នៅ​ឆ្នាំ 2015 ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការរត់ពន្ធ​មនុស្ស នៅ​ភាគខាងត្បូង និង​ភាគ កណ្តាល សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ប៉ុន្តែ​ប្រតិបត្តិការ​នេះ មិនអាច​ចូលក្នុង​ដែនទឹក​ប្រទេស​លី​ប៊ី ដោយ​គ្មាន​ការអញ្ជើញ ពី​រដ្ឋាភិបាល​ឡើយ​។​

​ក្រុម​សមាជិកសភា បាន​និយាយថា ប្រតិបត្តិការ​នេះ​បាន​បរាជ័យ ក្នុងការ​បញ្ឈប់​ជនអន្តោប្រវេសន៍ ពី​ការធ្វើដំណើរ​តាម​សមុទ្រ ទៅកាន់​តំបន់​អឺរ៉ុប ហើយ​មិនគួរ​បន្ត​ប្រតិបត្តិការ​នៅក្នុង​រូបភាព នាពេល​បច្ចុប្បន្ន នោះទេ​។ ប្រទេស​អ៊ីតាលី ដែល​បានចាប់ផ្តើម​វិធានការ​បង្ក្រាប ដើម្បី​បញ្ឈប់​ជន​អន្តោរ​ប្រវេសន៍ ចុះចត​នៅលើ​ឆ្នេរសមុទ្រ ចង់បាន​ការផ្លាស់ប្តូរ​ដែល​ត្រូវបាន​ធ្វើឡើង ចំពោះ​របៀប​ដែល​ប្រតិបត្តិការ ដើម្បី​ការពារ​ជន​អន្តោរ​ប្រវេសន៍​ទាំងអស់ ដែល​ត្រូវបាន​នាំយក ទៅ​កំពង់ផែ ប្រទេស​អ៊ីតាលី​។​
​លោក អ៊ី​ន​ហ្សូ ម៉ូ​វឺ​រ៉ូ បាន​និយាយថា ប្រទេស​អ៊ីតាលី នឹង​បន្ត​បើកចំហរ​កំពង់ផែ​រប​ស់​ខ្លួន សម្រាប់ ប្រតិបត្តិការ​សូ​ហ្វៀ រហូតដល់​ថ្ងៃ​ផុតកំណត់ សម្រាប់​កិច្ចពិភាក្សា​របស់​សហគម​ន៍​អ៊ឺរ៉ុប​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាល្លឺម៉ង់ លោក ហៃ​កូ ម៉ាស បាន​និយាយថា លោក​បាន​គាំទ្រ​សំណើ​របស់​ប្រទេស​អ៊ីតាលី​សម្រាប់​ការផ្លាស់ប្តូរ​នេះ ហើយ​បាន​ស្វាគមន៍​ការសំរេចចិត្ត អនុញ្ញាតឱ្យ​ទូក​សហភាព អឺរ៉ុប ចូល​ចត​៕

​ភ្លើង​ឆេះ​ព្រៃ​ក្នុងប្រទេស​ក្រិ​ក សម្លាប់​មនុស្ស​20​នាក់ និង​ជាង​100​នាក់រងរបួស


​ក្រិ​ក ៖ ភ្លើង​ឆេះ​ព្រៃ​ក្នុងប្រទេស ក្រិច បានសម្លាប់​មនុស្ស​យ៉ាងតិច 20 នាក់ និង​ជាង​100​នាក់​រងរបួស ហើយ​ភ្លើង​ឆេះ​ព្រៃ​ខិត​កាន់តែ​ជិត​ទៅ​ក្បែរ​រដ្ឋធានី អា​តែ​ន បង្ខំ​ឲ្យ​អាជ្ញាធរ​ចេញ​សេចក្ដីប្រកាស​ដល់​ប្រជាជន​ក្នុង​តំបន់​មួយចំនួន​ជាយក្រុង អា​តែ​ន ត្រូវតែ​ជម្លៀស​ខ្លួន​ចេញ​ជា​បណ្ដោះអាសន្ន ។

​ទីប្រជុំជន​មួយ​ចម្ងាយ​ជាង​20 គីឡូម៉ែត្រ​ពី​ទីក្រុង អា​តែ​ន ត្រូវបាន​បំផ្លាញ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ ធ្វើ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​នេះ ក្លាយជា​មហន្តរាយ​ធ្ងន់ធ្ងរ​បំផុត​ជាង​ឆ្នាំ 2007 ហើយ​ស្ថានភាព​នៅ​មិនទាន់​ធូរស្រាល​នៅឡើយ ដោយសារ​ខ្យល់​បោកបក់​ខ្លាំង ។ តំបន់​ទេសចរណ៍​ភាគ​ខាងកើត​ទីក្រុង អា​តែ​ន ត្រូវបាន​បិទ​មិន​ឲ្យ​មនុស្ស​ចូល បន្ទាប់ពី​ភ្លើង​ឆាបឆេះ​យ៉ាងខ្លាំង​សម្លាប់​មនុស្ស 4 នាក់ ក្នុង​តំបន់ ។

​រដ្ឋាភិបាល ចេញ​ការប្រកាសអាសន្ន ដើម្បី​ស្វះ​ស្វែងរក​ជំនួយ​សម្រាប់​ប្រតិបត្តិការ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នេះ បំណង​គ្រប់គ្រង​ស្ថានភាព ដែល​អាច​ឈានទៅ​រកម​ហ​ន្ត​រាយ​កាន់តែ​ធ្ងន់ ។

​រដ្ឋាភិបាល​បញ្ជាក់ថា ពេលនេះ ប្រតិបត្តិការ​ទប់ទល់​នឹង​ការ​រាលដាល​របស់​ភ្លើង​ឆេះ​ព្រៃ ទាមទារ​ឲ្យ​ប្រើប្រាស់​យន្តហោះ និង​គ្រឿងយន្ត​ក្នុង​ចំនួន​ដ៏​ច្រើន ៕

កងទ័ព​ស៊ី​រី បង្កើន​ប្រតិបត្តិការ​យោធា​ខិតចូល​ទៅជិត​ព្រំដែន អ៊ីស្រាអែល​

​ស៊ី​រី ៖ កងទ័ព​រដ្ឋាភិបាល ស៊ី​រី បង្កើន​ប្រតិបត្តិការ​យោធា​ខិតចូល​ទៅជិត​ព្រំដែន អ៊ីស្រាអែល ដោយ​យន្តហោះ​រដ្ឋាភិបាល វាយប្រហារ​យ៉ាងខ្លាំង​ទៅលើ​ទីតាំង​ដែល​រដ្ឋាភិបាល​អះអាងថា​ជា​កន្លែង​លាក់ខ្លួន​របស់​ជីវពល​ក្រុម​រដ្ឋ​ឥស្លាម ។

​ក្នុងចំណោម​គោលដៅ​វាយប្រហារ​ជាច្រើន​មាន​ទីប្រជុំជន ណា​វ៉ា របស់​ប្រទេស ស៊ី​រី ស្ថិតនៅ​ភាគ​ឥសា​ន្ត្រ​ប្រទេស អ៊ីស្រាអែល ។ កាលពី​ថ្ងៃ ច័ន្ទ យន្តហោះ អ៊ីស្រាអែល ក៏​បើក​ការវាយប្រហារ​ផងដែរ​ទៅលើ​ទីតាំង​កងទ័ព​រដ្ឋាភិបាល ស៊ី​រី បន្ទាប់ពី​ទាហាន​ថ្មើរជើង​រដ្ឋាភិបាល ស៊ី​រី ខិត​កាន់តែ​ជិត​ទៅកាន់​ខ្ពស់​រាប Golan Heights ជា​តំបន់​គ្រប់គ្រង​ដោយ អ៊ីស្រាអែល ។

​ប្រទេស អ៊ីស្រាអែល ធ្វើ​អន្តរាគមន៍​កាន់តែច្រើន​ទៅក្នុង​សង្គ្រាមស៊ីវិល​នៅ ស៊ី​រី នៅពេលដែល​កងកម្លាំង អ៊ីរ៉ង់ ចូលរួម​ជួយ​រដ្ឋាភិបាល ស៊ី​រី ជា​អ្វីដែល​ប្រទេស អ៊ីស្រាអែល អះអាងថា បង្ក​ការ​គំរាម​ធ្ងន់ធ្ងរ​ដល់​ប្រទេស អ៊ីស្រាអែល ។ កាលពី​ថ្ងៃ អាទិត្យ ទាហាន អ៊ីស្រាអែល បាន​ចូលទៅ​ក្នុងប្រទេស ស៊ី​រី ជម្លៀស​សមាជិក​អង្គការ​ជួយសង្គ្រោះ​មួយ​ដែល​គេ​ស្គាល់​ថា ក្រុម​មួ​កស និង​បញ្ជូន​ឆ្លងកាត់​ព្រំដែន​ចូលទៅក្នុង​ប្រទេស លី​បង់ នៅពេលដែល​ក្រុម​មួ​កស ជួបនឹង​គ្រោះថ្នាក់​ដោយសារ​ការវាយប្រហា​រ​យ៉ាងខ្លាំង​រវាង​ទាហាន​រដ្ឋាភិបាល ស៊ី​រី និង​ក្រុម​ជីវពល​រដ្ឋ​ឥស្លាម​ក្បែរ​តំបន់ Golan Heights ។

​ក្រុម​មួ​កស ត្រូវបាន​បស្ចិមប្រទេស​សរសើរ ចំពោះ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ជន​ស៊ីវិល​រាប់ពាន់នាក់​ក្នុង​តំបន់​មាន​ជម្លោះ ប៉ុន្តែ​អ្នក​ទាំងនោះ ប្រឈម​នឹង​គ្រោះថ្នាក់ ដោយសារ​តែង​ចូលទៅ​កាន់​តំបន់​ដែល​កំពុងមាន​ការប្រយុទ្ធ​គ្នា ។ សមាជិក​ក្រុម​មួ​កស ត្រូវបាន​គេ​អះអាងថា នឹង​ត្រូវបាន​បញ្ជូនទៅ​កាន់​ប្រទេស អង់គ្លេស អាល្លឺម៉ង់ និង កាណាដា ដែលជា​គម្រោង​តាំងទី​លំនៅ​ថ្មី​៕

អ​តី​តៈ​ប្រធានាធិបតី​ហ្វីលីពីន ជាប់ឆ្នោត​ជា​ប្រធានសភា​តំណាងរាស្ត្រ​

​ហ្វីលីពីន ៖ អ​តី​តៈ​ប្រធានាធិបតី ហ្វីលីពីន លោកស្រី Gloria Macapagal Arroyo ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានសភា​តំណាងរាស្ត្រ ជំនួស​លោក ប៉ាន​តា​ឡេ​អន អាល់​វ៉ា​រ៉ែ​ស ជា​អ្វីដែល​មនុស្ស​ទាំងឡាយ​មើលឃើញថា បំណង​បង្កើន​អំណាច​របស់លោក​ប្រធានាធិបតី រ៉ូ​ទ្រី​ហ្គោ ឌូ​តឺ​តេ ។

តំណាង​ជា​ប្រធានសភា​របស់​សម្ព័ន្ធមិត្ត​លោក ឌូ​តឺ​តេ មាន​សារសំខាន់​សម្រាប់​លោក​ប្រធានាធិបតី ក្នុង​ការធានា​មាគ៌ា​នយោបាយ​សំខាន់ៗ ដូចជា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជាដើម ។ លោកស្រី Gloria Macapagal Arroyo អាយុ 71 ឆ្នាំ ជា​អ្នក​ធ្លាប់​កាន់ដំណែង​ជា​ប្រធានាធិបតី​ពី​ឆ្នាំ 2001 ដល់​ឆ្នាំ 2010 ជា​ពេលដែល​លោកស្រី​ត្រូវបាន​ឃុំឃាំង​អស់​រយៈពេល 5 ឆ្នាំ​ក្រោម​បទ​ពុករលួយ បាន​ស្បថ​ចូលកាន់​ដំណែង​ជា​ប្រធានសភា ក្រោយ​ការបោះឆ្នោត​ដោយ​សំឡេងគាំទ្រ 184 ទល់នឹង 48 សំឡេង​ជំទាស់ និង​12​សំឡេង​អនុប្បវាទ ។​

លោកស្រី Gloria Macapagal Arroyo បាន​ត្រឡប់​ទៅកាន់​តួនាទី​មាន​ឥទ្ធិពល​បំផុត​ទី​4​ក្នុងប្រទេស ហ្វីលីពីន ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ឲ្យ​អំណាច​របស់លោក​ប្រធានាធិបតី​កាន់តែ​កើនឡើង​ដោយសារតែ​ឥទ្ធិពល​នយោបាយ​របស់​លោកស្រី និង​ជា​អ្នកមាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​សំខាន់ៗ​ដែល​រិះគន់​លោក ឌូ​តឺ​តេ ពិសេស​អាចារ្យ​សាសនា​គ្រិស្ត​ដ៏​មាន​ឥទ្ធិពល​ក្នុងប្រទេស​នេះ ។

អ្នកវិភាគ​នយោបាយ​មួយចំនួន​ជឿថា លោកស្រី Gloria Macapagal Arroyo ជា​មនុស្ស​មានបទពិសោធន៍​ច្រើន និង​មាន​ឥទ្ធិពល​ក្នុង​បរិយាកាស​នយោបាយ ដែល​អាច​ដល់​ការផ្លាស់ប្ដូរ​ណាមួយ​ដែល​លោក ឌូ​តឺ​តេ ចង់បាន ហើយ​នៅ​ទីបំផុត អាច​ស្វះ​ស្វែងរក​តំណែង​ជា​ប្រធានាធិបតី នៅពេលដែល​លោក ឌូ​តឺ​តេ បញ្ចប់​អាណត្តិ ។

លោកស្រី Gloria Macapagal Arroyo ដែលជា​ប្រធានសភា​ស្ត្រី​លើកដំបូង​សម្រាប់​ប្រទេស ហ្វីលីពីន បានចេញ​សេចក្ដីថ្លែងការណ៍​លើកដំបូង​ដោយ​បញ្ជាក់​ពី​ការប្ដេជ្ញា​អនុវត្ត​តួនាទី និង​គោរព​ចំពោះ​ការគាំទ្រ​ពី​សំណាក់​សមាជិកសភា​បាន​បោះឆ្នោត​ផ្ដល់​តួនាទី​នេះ ។

​បច្ចុប្បន្ន មាន​និ​ន្ន​ការកែប្រែ​រដ្ឋធម្មនុញ្ញ ដែល​អនុញ្ញាត​ឲ្យ​ប្រទេស ហ្វីលីពីន មាន​នាយករដ្ឋមន្ត្រី ហើយ​ប្រសិនបើ​វិសោធនកម្ម​ជោគជ័យ លោកស្រី Gloria Macapagal Arroyo នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី មុនពេល​បោះឆ្នោត​ប្រធានាធិបតី ៕

ជប៉ុន ផ្អាក​ការសាងសង់​កីឡដ្ឋាន​២​កន្លែង សម្រាប់​ទទួល​កីឡា​អូឡាំពិក​ឆ្នាំ​2020

​ជប៉ុន ៖ ប្រទេស ជប៉ុន ផ្អាក​ដំណើរ​ការសាងសង់​កីឡាដ្ឋាន​ពីរ​កន្លែង សម្រាប់​ការទទួល​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងារ​ឆ្នាំ 2020 គឺ​មជ្ឈមណ្ឌល​ប្រកួត​ហែល​ទឹក និង​មជ្ឈមណ្ឌល​ប្រណាំងទូក កា​នូ ប៉ុន្តែ​គណកម្មការ​រៀបចំ​អូ​ឡាំ​ពិ​ច ជប៉ុន អះអាងថា ទីកន្លែង​ទទួល​កីឡា នឹង​រួចរាល់​យឺត​ជាង​ពេល​កំណ់​ត​តែ​ពីរ​ខែ​ប៉ុណ្ណោះ ។ គណកម្មការ​អូ​ឡាំ​ពិ​ច ជប៉ុន បញ្ជាក់ថា ការសាងសង់​កីឡដ្ឋាន​ពីរ​កន្លែង នឹង​បញ្ចប់​តាម​ផែនការ​នៅ​ខែ កុម្ភៈ ឆ្នាំ 2019 ឡើយ ប៉ុន្តែ​នឹង​បន្ត​រហូតដល់​ដើមឆ្នាំ 2020 មុនពេល​អូ​ឡាំ​ពិ​ច​ចាប់ផ្ដើម​នៅ​ខែ កក្កដា ។​

​មន្ត្រី​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ច​រដូវក្ដៅ​របស់​ប្រទេស ជប៉ុន បាន​ជួបពិភាក្សា​ជាមួយ​អភិបាលក្រុង តូ​ក្យូ ទាក់ទង​នឹង​ការព្រួយបារម្ភ​អំពី​សីតុណ្ហភាព​ក្ដៅ​ខ្លាំង មុនពេល​ប្រទេស ជប៉ុន ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​រដូវក្ដៅ​ឆ្នាំ 2020 ក្នុង​ខែ កក្កដា ដល់​ខែ សីហា ជា​ពេលដែល​ប្រទេស ជប៉ុន មាន​អាកាសធាតុ​ក្ដៅ​ខ្លាំង​បំផុត ។ ទោះយ៉ាងណា ប្រទេស ជប៉ុន ចាត់ទុកថា ខែ កក្កដា គឺជា​ពេលវេលា​ល្អ​បំផុត ដោយសារ​ជាទូទៅ សីតុណ្ហភាព​មាន​កម្រិត 35 អង្សា​សេ ។ ប្រទេស ជប៉ុន ធ្លាប់​ទទួល​ជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​រដូវក្ដៅ​លើកដំបូង​ក្នុង​ឆ្នាំ 1964 ដោយ​រៀបចំ​ធ្វើ​នៅ​ខែ តុលា ដែលជា​ចុងរដូវ​ក្ដៅ ។ ទោះយ៉ាងណា គម្រោង​សាងសង់​កីឡដ្ឋាន​សម្រាប់​អូ​ឡាំ​ពិ​ច​មានតម្លៃ​មួយ​ពាន់​300​លាន​ដុល្លារ នៅតែ​បន្ត​ដើម្បី​បញ្ចប់​ការសាងសង់​ទាំងស្រុង​សម្រាប់​អូ​ឡាំ​ពិ​ច 2020 ជា​កីឡដ្ឋាន​ទំនើប ដែល​អាចធ្វើ​ឲ្យ​បរិយាកាស​ត្រជាក់ ដោយ​ប្រើប្រាស់​ម៉ាស៊ីន​បញ្ចេញ​ចំហាយ​ទឹក ដោយ​មិនចាំបាច់​បំពាក់​ម៉ាស៊ីនត្រជាក់ ។

​កាលពី​ថ្ងៃ ច័ន្ទ ប្រទេស ជប៉ុន ជួបនឹង​រលក​កម្ដៅ​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ នៅពេលដែល​សីតុណ្ហភាព​ឡើងដល់ 41.1 អង្សា​សេ និង​ជាការ​ប្រឈម​ថ្មី​មួយទៀត បន្ទាប់ពី​ប្រទេស​នេះ រងគ្រោះ​ដោយសារ​ទឹកជំនន់ និង​ការបាក់​ដី សម្លាប់​មនុស្ស​ជាង 200 នាក់ ៕

មន្ទីរពេទ្យ​ជោ​រី និង​ក្រុមហ៊ុន​ឱសថ​ឯកជន បើក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ឥតគិតថ្លៃ​

​ភ្នំពេញ ៖ មន្ទីរពេទ្យ​ជោ​រី ភ្នំពេញ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឱសថ DHG Pharma ( ឌី​អេ​ច​ជី ហ្វា​ម៉ា ) ប្រចាំ​កម្ពុជា ពិនិត្យ​និង​ព្យាបាល​ជំងឺ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​១​ពាន់​នាក់ ។ កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដល់​ពលរដ្ឋ​កម្ពុជា បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី ២៤ កក្កដា ឆ្នាំ ២០១៨ នៅ​មន្ទីរពេទ្យ​ជោ​រី​រាជធានី​ភ្នំពេញ ដោយមាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ចូលរួម​មក​ពិនិត្យ​ជា​បន្តបន្ទាប់ ។

​លោក សៀក កែ​វរិ​ន តំណាង​ក្រុមហ៊ុន​ឱសថ DHG Pharma បាន​មានប្រសាសន៍ថា ក្នុង​កិច្ចសហការ​នៅពេលនេះ មិនមែនជា​លើក​ទី​១​សម្រាប់​ក្រុមហ៊ុន​ឱសថ​នេះ​នោះទេ ។ ក្រុមហ៊ុន​ខ្លួន​បានរៀបចំ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​រយ​ពាន់​នាក់ នៅតាម​បណ្ដា​ខេត្ត​នានា ក្នុងប្រទេស​កម្ពុជា ។

​លោក​បន្តថា សកម្មភាព​មនុស្សធម៌​ដោយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា នៅក្នុង​ពេលនេះ​គឺ​ដោយសារតែ​ភាគី​ទាំងពីរ គឺ ក្រុមហ៊ុន​ឱសថ DHG Pharma និង​មន្ទីរពេទ្យ​ជោ​រី​ភ្នំពេញ មាន​ចក្ខុវិស័យ​ដូចគ្នា ដើម្បី​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ។

​លោក​វេជ្ជបណ្ឌិត ត្រាន់ ថា​ញ់​ទុង ប្រធាន​ចាត់ការ​ទូទៅ​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ បាន​ឲ្យ​ដឹងថា កិច្ចសហការ​គ្នា​នេះ នឹង​ជួយ​ដល់​ប្រជាជន​ក្រីក្រ ឱ្យទទួល​បាន​សេវា​ពិនិត្យ និង​ព្យាបាល ជាមួយនឹង​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស ព្រមទាំង​ទទួលបាន​ឱសថ ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់ ដោយ​ឥតគិតថ្លៃ ដែល​កម្មវិធី​សប្បុរសធម៌​នេះ នឹងត្រូវ​បែងចែក​រៀបចំ​ធ្វើឡើង ចំនួន​១២​លើក ក្នុង​ឆ្នាំ​២០១៨ ។​

​លោក​បន្តថា កន្លងមក​មន្ទីរពេទ្យ​ជោ​រី ភ្នំពេញ តែងតែ​ផ្ដល់នូវ​កម្មវិធី​សប្បុរសធម៌​បែបនេះ ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ពុំមាន​លទ្ធភាព ពិនិត្យ​និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ដែលមាន​ឧបករណ៍​ទំនើប​ដូច​មន្ទីរពេទ្យ​ជោ​រី ដើម្បី​បាន​សេវាកម្ម​បែបនេះ ។​លោក​ថា នេះ​ជា​គឺជា​ទំនួល​ខុសត្រូវ​មួយ​របស់​មន្ទីរពេទ្យ​ជោ​រី បង្កើតឡើង​ក្នុងប្រទេស​កម្ពុជា ដើម្បី​ជួយ​ប្រជាជន​កម្ពុជា ៕