All posts by មេគង្គ ប៉ុស្តិ៍

នៅសល់៥ថ្ងៃទៀត ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងមកដល់

ភ្នំពេញ ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ហើយបើគិតត្រឹមថ្ងៃទី២៤ កក្កដានេះ គឺសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះ។ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ក៏ដូចជាបណ្តាគណបក្សនយោយបាយដែលបាន ចូលរួមការបោះឆ្នោតនេះបានអំពាវដល់ពលរដ្ឋដែលមានឈ្មោះបោះឆ្នោត ទៅបោះឆ្នោតឲ្យ បានគ្រប់ៗគ្នា ដោយការិយាល័យបោះឆ្នោតទាំងអស់នឹងត្រូវបើកទ្វារទទួលអ្នកបោះឆ្នោតចាប់ ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។

សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨នេះ មានគណបក្សនយោបាយចូលរួមប្រកួត
ប្រជែងចំនួន ២០គណបក្ស និងមានអ្នកបោះឆ្នោតជាង ៨លាននាក់ ដើម្បីជ្រើសតាំងសមាជិក រដ្ឋសភានីតិកាលទី៦ ចំនួន ១២៥រូបតំណាងឲ្យរាជធានី ខេត្តទាំង ២៥ ក្រោមការសង្កេត ការណ៍របស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិរាប់ពាន់នាក់។

សូមជម្រាបជូនថា៖ នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មការសម្រប សម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នឹងធ្វើពិធីផ្តល់ព័ត៍មានដល់អ្នកសារព័ត៍មានអំពីការចូលរួម របស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដែលពិធី នេះនឹងត្រូវធ្វើឡើងនៅអគារ អិល នៃមជ្ឈមណ្ឌលកោះពេជ្រ វេលាម៉ោង ៥ និង៣០នាទី ដោយក្រុមអ្នកសារព័ត៍មានទាំងអស់ត្រូវបានអញ្ជើញឲ្យចូលរួម៕

ធនាគារពាណិជ្ជ​ទី​៤០«Chef»​នៅ​កម្ពុជា បើក​ដំណើរការ​ជា​ផ្លូវការ​

​ភ្នំពេញ ៖ ខណៈ​កម្ពុជា មាន​ធនាគារពាណិជ្ជ​ចំនួន​៣៩ កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ផ្នែក​ហិរញ្ញវត្ថុ ធនាគារពាណិជ្ជ​ថ្មី​មួយទៀត​ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​ហុងកុង បានទទួល​អាជ្ញាប័ណ្ណ​ជា​ផ្លូវការ ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ នៅ​កម្ពុជា ដែល​ធ្វើអោយ​កំណើន​ធនាគារពាណិជ្ជ​កើនឡើង​៤០ ។​

​ក្នុងពេល​ប្រទេស​កម្ពុជា​កំពុងតែ​រៀបចំ​ការបោះឆ្នោត​ថ្នាក់ជាតិ ការវិនិយោគ​នានា​ពី​ក្រៅប្រទេស​នៅតែមាន​ជា​ហូរហែរ ដោយសារតែ​ការជឿទុកចិត្ត​លើ​ស្ថិរភាព​នយោបាយ​ក៏ដូចជា​សេដ្ឋកិច្ចកម្ពុជា ជាក់ស្ដែង​ធនាគារជាតិ​នៃ​កម្ពុជា បានផ្ដល់​អាជ្ញាប័ណ្ណ ដល់​ធនាគារ​ក្រៅប្រទេស​មួយទៀត គឺ​ធនាគារ ឈី​ហ្វ ( Chief ) សម្រាប់ធ្វើ​ប្រតិបត្តិការ​ជា​ធនាគារពាណិជ្ជ និង​បាន​ក្លាយជា​ធនាគារពាណិជ្ជ ទី​៤០ ក្នុងប្រទេស​កម្ពុជា ។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ ឈី​ហ្វ របស់​ហុងកុង​ដែល​ទើប​បានទទួល​អាជ្ញាប័ណ្ណ​ពី ធនាគារជាតិ បានអោយដឹងថា ខ្លួន​មានបទពិសោធន៍​ជា​ធនាគារពាណិជ្ជ​នៅ​ហុងកុង​អស់​រយៈពេល​ជាង​៤០​ឆ្នាំ​មកហើយ​។ ចំពោះ​ការបង្ហាញ​វត្តមាន​និង​ទទួលបាន​អាជ្ញាប័ណ្ណ​ជា​ធនាគារពាណិជ្ជ​នៅក្នុង​ប្រទេស​កម្ពុជា ធនាគារ​នេះ​រំពឹងថា​នឹង​បម្រើ​សេចក្តីត្រូវការ​របស់ខ្លួន ទៅ​អតិថិជន​ក្នុងប្រទេស​កម្ពុជា​បាន​យ៉ាង​ល្អ ។

​លោក​បណ្ឌិត សឿង ម៉ូ​រ៉ា​រឹទ្ធ នាយក​ធនាគារពាណិជ្ជ​ឈី​ហ្វ​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា ដោយសារតែ​ការកើនឡើង​នូវ​តម្រូវការ​សេវាកម្ម​ធនាគារ ទើប​ធនាគារ ឈី​ហ្វ ត្រូវបាន​លើកទឹកចិត្ត​អោយ​ពង្រីក​នូវ​សេវាកម្ម​ទាំងនោះ ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​អតិថិជន ។

​លោក​បន្តថា ប្រទេស​កម្ពុជា បានធ្វើ​សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច​របស់ខ្លួន ហើយ​បាន​បើកទ្វារ​យ៉ាង​ទូលំទូលាយ ដល់​ពិភពលោក​បន្ទាប់ពី​ការបោះឆ្នោត​លើកដំបូង ដែល​ស្ថិតក្រោម​ការឧបត្ថម្ភ​ដោយ​អង្គការសហប្រជាជាតិ ។ បច្ចុប្បន្ន​រាល់​សកម្មភាព​វិនិយោគ​ផ្ទា​ល់ពី​បរទេស ក្នុង​វិស័យ​ទាំងអស់​ដោយ​រួមទាំង​វិស័យ​ហិរញ្ញវត្ថុ​ផង​នោះ មាន​កំណើន​យ៉ាងខ្លាំង​ហើយ​នៅតែ​បន្ត​រីកចម្រើន​ទៅមុខ​ឥតឈប់ឈរ ។​
​លោក​បន្ថែមថា ដោយសារតែ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច​រួម​ជាមួយនឹង​សន្តិភាព​យ៉ាង​បរិបូរណ៍ ដែល​ប្រទេស​កម្ពុជា​ទទួលបាន​ចាប់តាំងពី​ចុងឆ្នាំ ១៩៩៨ មក​នោះ បានធ្វើអោយ​ប្រទេស​កម្ពុជា មាន​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​រយៈពេល​វែង​បំផុត នៅក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ ។​

​បើតាម​របាយការណ៍រ​បស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨​នេះ បានអោយដឹងថា​ក្នុង​ឆមាស​ទី​១ ឆ្នាំ ២០១៨​នេះ ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​នៅតែ​បន្ត​រក្សា​កំណើន​ខ្ពស់ ដែលជា​លក្ខខណ្ឌ​អំណោយផល​ដល់​ការរីកចម្រើន និង​ភាពរឹងមាំ​នៃ​ប្រព​ន្ធ័​ធនាគារ​នៅ​កម្ពុជា នាពេល​អនាគត និង​ជា​មូលដ្ឋាន​ដ៏​សំខាន់​ចំពោះ​ការធ្វើ​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ប្រកបដោយ​ប្រសិទ្ធភាព សុវត្ថិភាព និង​បរិ​យា​ប័ន្ន ។

​របាយការណ៍​ដដែល​នេះ​បានបង្ហាញ​ផងដែរ​ថា ក្នុង​ដំណាច់​ឆមាស​ទី​១ ឆ្នាំ ២០១៨ ធនាគារពាណិជ្ជ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ នៅក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន ៣៩​ធនាគារ ក្នុងនោះ​ធនាគារពាណិជ្ជ​មកពី​បរទេស​មាន​ចំនួន ១២ ធនាគារ​ក្នុងស្រុក​១២ និង បុត្រ​សម្ព័ន្ធ​ធនាគារ​ចំនួន ១៥ ។ ក្រៅពី​ធនាគារពាណិជ្ជ​ក៏មាន​ធនាគារ​ឯកទេស​ចំនួន ១៥​ផងដែរ ។ មិនតែប៉ុណ្ណោះ មីក្រូហិរញ្ញវត្ថុ​សរុប​មាន​ចំនួន ៧០​គ្រឹះស្ថាន​ផងដែរ ក្នុងនោះ មាន​៧​អាចមាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ​ពី​អតិថិជន ។

​ចំណែក​ទ្រព្យសកម្ម​ក្នុង​វិស័យ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ក្នុង​ដំណាច់​ឆមាស​ទី​១​នេះដែរ​កើនឡើង​ដល់ ១៤៩​ទ្រី​លាន​រៀល រឺ​ស្មើនឹង​ប្រមាណ​៣៧​ពាន់​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​ប្រាក់​បញ្ញើ​មាន ៨៦,៦​ទ្រី​លាន​រៀល​ឬ ២១​ពាន់​៦​រយ​លាន​ដុល្លារ​អាមេរិក​។ ឥណទាន​មាន​ប្រមាណ​៩០,៨​ទ្រី​លាន​រៀល ឬ​ស្មើនឹង​២២​ពាន់​៧​រយ​លាន​ដុល្លារ​អាមេរិក ៕​

ក្រុមហ៊ុន​ខេ​បូ​ឌា អ៊ែរ​វ៉េ បើក​ការហោះហើរ​អន្តរជាតិ​លើកដំបូង​ទៅ​ក្រុង​ម៉ា​កាវ​

​ភ្នំពេញ ៖ បន្ទាប់ពី​សម្លឹង​ឃើញថា​កំណើន​អ្នកវិនិយោគ​ទន់​និង​ភ្ញៀវ​ទេសចរណ៍​ចិន កំពុងធ្វើដំណើរ​មកកាន់​កម្ពុជា​យ៉ាង​គំហ៊ុក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា អ៊ែរ​វ៉េ​របស់​កម្ពុជា ក៏បាន​សម្រេច​ចាប់ផ្តើម​បើក​ជើងហោះហើរ​អន្តរជាតិ​ដំបូង​របស់ខ្លួន​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទីក្រុង​ម៉ា​កាវ​នៃ​សាធារណៈរដ្ឋ​ប្រជា​ម៉ានិត​ចិន ចំនួន​៤​ដង​ក្នុង​មួយ​សប្តាហ៍​។​

ជើងហោះហើរ​ត្រង់​អន្តរជាតិ​លើកដំបូង​របស់​ក្រុមហ៊ុន​ខេ​ម​បូ​ឌា អ៊ែរ​វ៉េ ដែលជា​ក្រុមហ៊ុន​អាកាសចរណ៍​របស់​កម្ពុ​ជា ត្រូវបាន​បន្ថែម​គោលដៅ​ថ្មី​មួយទៀត គឺ​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ទីក្រុង​ម៉ា​កាវ​នៃ​សាធារណៈរដ្ឋ​ប្រជា​ម៉ានិត​ចិន​។ ដោយ​គោលដៅ​ហោះហើរ​ថ្មី​នេះ ត្រូវបាន​ចាប់ផ្តើម​បើក​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២២ ខែ​កក្ត​ដា ម្សិលមិញ​នេះ​។​

តំណាង​ក្រុមហ៊ុន​ខេ​ម​បូ​ឌា អ៊ែរ​វ៉េ​អោយដឹងថា ក្រុមហ៊ុន នឹង​ផ្តើម​ការហោះហើរ​របស់ខ្លួន​ទៅកាន់​ក្រុង​ម៉ា​កាវ​ចំនួន​៤​ដង​ក្នុង​១​សប្តាហ៍ ពោលគឺ​រៀងរាល់ថ្ងៃ អង្គារ ពុធ សុក្រ និង​ថ្ងៃអាទិត្យ​។ ក្នុងនោះ​ជើងហោះហើរ​អន្តរជាតិ ដំបូង​របស់ ខេ​ម​បូ​ឌា អ៊ែ​វ៉េ លេខ KR511 នៅ​ម៉ោង​១០.៤៥​នាទី គឺ​ហោះ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុង​ម៉ា​កាវ​នៅវេលា​ម៉ោង​១៤.០៥​នាទី​។​ចំណែក​ជើងហោះហើរ​KR512 គឺ​ហោះ​ត្រលប់​មកពី​ទីក្រុង​ម៉ា​កាវ​វិញ នៅវេលា​ម៉ោង​២១.៤០​នាទី​យប់ ហើយ​ចុះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅវេលា​ម៉ោង​២៣.២៥​នាទី​យប់​។​

មូលហេតុ​ដែល ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ែ​វ៉េ សម្រេច​ធ្វើ​ការហោះ​ទៅ​ទីក្រុង​ម៉ា​កាវ ដោយ​ខេ​ម​បូ​ឌា​អ៊ែ​វ៉េ​ក៍មាន​ទីផ្សារ​គាំទ្រ​ពី​ភ្នាក់ងារទេសចរណ៍​ជា​ដៃគូ​ជាមួយនិង​តម្រូវការ​ជាច្រើន​ពី​ទីនោះ​ផងដែរ ។​ភាគច្រើន​ភ្ញៀវ​ទេសចរណ៍ ដែល​មកពី​តាម​បណ្តា​ទីក្រុង​ខេត្ត​ផ្សេង​នៃ​ប្រទេស​ចិន ឆ្លងកាត់​តាម​ទីក្រុង​ម៉ា​កាវ មុននឹង​ពួកគេ​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​។ ដោយហេតុ​នេះហើយ​ទើប ខេ​ម​បូ​ឌា អ៊ែ​វ៉េ សម្រេច​ជ្រើសរើស​ជើងការ​ហោះហើរ​អន្តរជាតិ​លើកដំបូង ទៅកាន់​ទីក្រុង​មួយ​នេះ​។

ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ែ​វ៉េ អះអាង​ទៀតថា ក្រៅពី​បើក​អោយមាន​ដំណើរការ​ទៅ​ទីក្រុង​ម៉ា​កាវ​នេះហើយ​ខេ​ម​បូ​ឌា អ៊ែ​វ៉េ នឹង​ចាប់ផ្តើម​បើក​ការហោះហើរ​ទៅកាន់​ទីក្រុង​ហុងកុង តៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន រួមទាំង​គោលដៅ​ផ្សេងទៀត​នៃ​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មានដូចជា ប្រទេស​ថៃ សង្ហ​បុរី ហ្វីលីពីន ផងដែរ​។ ចំពោះ​គម្រោង​បន្ទាប់ ក្រុមហ៊ុន នឹង​ពង្រីក​ជើងហោះហើរ អោយ​កាន់តែ​ទូលាយ​ទៅកាន់​ប្រទេស​ខាង​ប៉ែក​អឺរ៉ុប និង​ប្រទេស​អូ​ស្រា្ត​លី​។ ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ែ​វ៉េ ស​ង្ឈឹ​ម​ថា ការហោះហើរ​អន្តរជាតិ​លើកដំបូង​នេះ នឹង​ជួយ​ជម្រុញ​ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា មិន​ថា​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អា​នាគ​ត ដ្បិតថា​ប្រទេស​កម្ពុជា​គឺជា​តំបន់​ទេសចរណ៍​ដែលមាន​ភាព​ទាក់ទាញ​ទាំង​ចំពោះ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ និង​មាន​ធនធានធម្មជាតិ​ដ៍​ច្រើន​ស​ប្បូរ​បែប ក៍​ដូ​ជាវ​ប្បធ​ម៍​ជាតិ និង​តំបន់​ប្រវត្តិសាស្ត្រ​គួរអោយ​ចាប់អារម្មណ៍​ជាច្រើន​ផងដែរ​។

យោងតាម​ការបញ្ជាក់​ពី លោក គង់ សុភា​រក្ស ប្រធាន​នាយកដ្ឋាន​ស្ថិតិ​ទេសចរណ៍ នៃ​ក្រសួង​ទេស​ទេសចរណ៍ បានអោយដឹង​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ថា រយ​:​ពេល​៥​ខែ​ដើមឆ្នាំ​២០១៨ ព្រះរាជាណាចក្រ​កម្ពុ​ជាទ​ទួលបាន​ភ្ញៀវ​ចិន​ចំនូ​ន​ជាង​៧៨​ម៉ឺន​៨​ពាន់​នាក់ ដែល​ចំនួន​នេះ​មានការ​កើន​៧៩% ធៀប​នឹង​ឆ្នាំមុន​។ ហើយ​តួលេខ​នេះ​បង្ហាញថា ភ្ញៀវ​ចិន​ឈរ​នៅ​លំដាប់​លេខ​១​ក្នុងចំណោម​ភ្ញៀវ​អន្តរជាតិ​មក​ព្រះរាជណាចក្រ​កម្ពុជា​។​

គួរ​រំលឹក​ដែរ​ថា មុននឹង​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​នេះ​បើក​ការហោះហើរ​អន្តរជាតិ​លើកដំបូង​របស់ខ្លួន​ទៅកាន់​ទីក្រុង​ម៉ា​កាវ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​កម្ពុជា និង​ទីក្រុង​ម៉ា​កាវ ក៍​ធ្លាប់បាន​ជួបពិភាក្សា​គ្នា​កាលពី​ប៉ុន្មាន​ខែ​កន្លងទៅ​អំពី​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ណ៍​ក្នុង​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ទីក្រុង​ម៉ា​កាវ​នៃ​ប្រទេស​ចិន ព្រមទាំង​លើកទឹកចិត្ត​ដល់​វិនិយោគ​លើ​វិស័យ​អាកាសចរណ៍ អោយមាន​ការហោះហើរ​ត្រង់​រវាង​ទីក្រុង​ម៉ា​កាវ និង​ប្រទេស​កម្ពុជា​តែម្តង​៕

មនុស្ស​១៩​នាក់ត្រូវបាន​ដោះលែងបន្ទាប់ពី​បង់លុយ​ឲ្យ​ប៉ូលិស​ស្រុក​សំរោង​ទងម្នាក់ៗ​២០០​ដុល្លារ

​កំពង់ស្ពឺ ៖ ថ្មីៗ​នេះ​នៅក្នុង​ខេត្តកំពង់ស្ពឺ​ទាំងមូល​មានការ​បែកធ្លាយ​រឿង​ប្រជាពលរដ្ឋ​រិះគន់​នគរបាល​ស្រុក​សំរោង​ទង នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​លោកស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ឡើង​ចាស់ដៃ​តែ​ម្តងថា​ចុះបង្ក្រាប​មនុស្ស​លេងល្បែង​ភ្នាល់មាន់​ជល់​តាម​កញ្ចក់​ទូរទស្សន៍​ចំនួន​១៩​នាក់​កាលពីពេល​កន្លងទៅ​ទាំង​អ្នកលេង​និង​ដោយ​ទាំង​អ្នក​មិន​លេង​ផង​ដែល​ដោយ​យកទៅ ឃុំខ្លួន​មួយ​យប់​ហើយ​ជំរិត​យកលុយ​ម្នាក់​ចំនួន​២០០​ដុល្លារ ជា​ថ្នូរ​នឹង​ការដោះលែង​អោយមាន​សេរីភាព​វិញ​ក្រៅ​ប្រព​ន្ធ័​តុលាការ​។​

​បើតាម​ការលើកឡើងរ​ប​ស់លោក កៅ សុខ​ហៀ​ង អាយុ​៤១ ឆ្នាំ​បានចេញ​មុខ​បកស្រាយ​ថា​កាលពី​រសៀល​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅ​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ចុះបង្ក្រាប​ហាង​លក់​កាហ្វេ​មួយកន្លែង​ដោយ​នគរបាល​អះអាងថា​មាន​ភ្នាល់​លុយ​ជល់​មាន់​តាម​ទូរទស្សន៍​ទើប​បង្ក្រាប​បែបនេះ ស្ថិតនៅ​ក្នុងភូមិ​ត្រ​ពាំ​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​លោក​បាន​បន្តទៀតថា​លោក​មិន​ថា​អី​ទេ បើ​សមត្ថកិច្ច​បង្ក្រាប​អ្នកលេង​ល្បែង​នោះ ប៉ុន្តែ​អ្នក​ដែល​មិន​លេង​ផង​អស់លោក​ចាប់​យកទៅ​ឃុំខ្លួន​ក្នុង​បន្ទប់​ងងឹត ធុំក្លិន​ស្អុយ ដូច​អ្នកទោស​ឧក្រិដ្ឋ​ទៅវិញ ហើយ​និយាយ​ពី​មន្ត្រីនគរបាល​ថ្មីៗ​នៅ​ទីនោះ ប្រើ​ពាក្យអសុរស​មកលើ​លោក​និង​មនុស្ស​ចាស់ៗ​ជាច្រើន​អ្នក​ទៀត​ដោយ​ថា (​ចង់​ជាប់គុក​យូរ ឬក៏​ចង់​ជាប់​ឆាប់​) បើ​ឆាប់​យកលុយ​មក​លោះ ហើយ​ទង្វើ​របស់​មន្ត្រីនគរបាល​ស្រុក​សំរោង​ទង​មួយចំនួន​ប្រមាថ​ដល់​មនុស្ស​ចាស់ៗ​ច្រើនណាស់ ដែល​រូបលោក​មិនអាច​ទទួលយកបាន​នោះទេ​។​ហើយ​អ្វីដែល​ធ្វើអោយ​លោក​មានការ​ចាប់អារម្មណ៍​នោះ​ត្រង់​ថា ល្បែង​ជល់​មាន់ កន្ទុយលេខ បៀរ អាប៉ោង ជាច្រើន​កន្លែង​ក្នុងស្រុក​សំរោង​ទង ម្តេចក៏​មិន​ចាប់​បង្ក្រាប បែរជា​មក​ចាប់​អ្នកមើល​មាន់​ជល់​ក្នុង​ទូរទស្សន៍​ទៅវិញ បើ​ចាប់​អ្នកមើល​ជល់​មាន់​តាម​ទូរទស្សន៍ អស់លោក​ម្តេច​មិន​ចាប់​អ្នក​ភ្នាល់​លុយ​ប្រដាល់​តាម​កញ្ចក់​ទូរទស្សន៍​ផងដែរ​ទៅ​។

​រឿង​ហួសចិត្ត​មួយទៀត​រូបលោក​និង​ពូ​ចាស់ៗ ៣​ទៅ​៤​នាក់​ទៀត​គ្រាន់តែ​ទៅ​ហូប​កាហ្វេ​សោះ ក៏​អស់លោក​ចាប់​ដោយ​មកជា​មួយ​ដែរ ជំរិត​ទារលុយ​ចំនួន​២០០​ដុល្លារ ជា​ថ្នូរ​នឹង​ការដោះលែង​អោយមាន​សេរីភាព​វិញ ដែល​ទង្វើ​របស់លោក​ន​គ​របាល​ស្រុក​សំរោង​ទង និង​នគរបាល​ស្នងការ​ខេត្ត ធ្វើ​របៀបនេះ​បានជា​សន្លឹកឆ្នោត​មានការ​ធ្លាក់ចុះ​នោះ​។

​លោក កៅ សុខ​ហៀ​ង បាន​បន្តទៀតថា ដូចជា​អ្នករត់ម៉ូតូឌុប​អី តើ​គាត់​បាន​លុយ​ពី​ណា​មក​ចំនួន​២០០​ដុល្លារ នោះ បើ​គិត​ជា​លុយ​ខ្មែរ​ស្មើរ​នឹង​៨០​ម៉ឺន​រៀល​ទៅហើយនោះ ហើយ​មនុ​ស្សទាំង​១៩​នាក់​នោះ​នគរបាល​មិនអោយ​បាយ​ហូប សូម្បី​ទូរ​សព្ទ័​ទៅ​ជួប​សាច់ញាតិ​ប្រពន្ធ​កូន​ក៏​មិនបាន​ដែរ​ដោយ​លោក​នគរបាល​និយាយថា កន្លែង​នេះ​មិនមែនជា​កន្លែង​និយាយ​ទូរ​សព្ទ័​ទេ​។ លោក​មិន​ថា​អ្វី​ទេ​ប្រសិនបើ​ចាប់​អ្នក​លេងល្បែង​មែន​នោះ កុំ​ចាប់​រើស​កន្លែង​អីចឹង ចុះ​កន្ទុយលេខ និង​ល្បែង​ម៉ាគ​គោក ម៉េច​មិន​ចាប់​ផង​។

​ពាក់​ព​ន្ធ័​នឹង​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើនេះ មិនដឹងថា លោក សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បានដឹង​ដែរ​ឬ​យ៉ាងណាទេ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ស្ងាត់ឈឹង​ទាំង​ទាំង​កូន ត្រជាក់​ល្ហឹម​តែម្តង​៕

ក្រសួងទេសចរណ៍​ប្រកាសឱ្យ​ផ្អាក​ការលក់ដូរ​គ្រឿង​ស្រវឹង​ចំនួន​២​ថ្ងៃ​

​ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានចេញ​សារាចរ​ណែនាំ​មួយ ដល់​ម្ចាស់​អាជីវកម្ម ភោជនីយ ដ្ឋា​ន អាហា​រដ្ឋា​ន ទេសចរណ៍ ខារ៉ាអូខេ ឌី​ស្កូ​តែ​ក រង្គសាល បៀរ​ហ្កា​ឌិន និង​សេវា​កម្សាន្ត​ទេសចរ ណ៍ ទាំងអស់​នៅ​ទូទាំងប្រទេស ត្រូវ​ផ្អាក​ការលក់ដូរ​គ្រឿង​ស្រវឹង​ចំនួន​២​ថ្ងៃ គឺ​នៅ​មួយថ្ងៃ​មុន​ការ បោះឆ្នោត​(​ថ្ងៃ ស ) និង​នៅ​ថ្ងៃ​បោះឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ត្រូវ​នឹង ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨​។​
​តាម​សារ​ចរ​ណែនាំ របស់​ក្រសួងទេសចរណ៍ ដែល​បានចេញ​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ ២០១៨ នេះ បានឱ្យដឹងថា ម្ចាស់ ឬ អ្នកគ្រប់គ្រង​អាជីវកម្ម ខារ៉ាអូខេ ឌី​ស្កូ​តែ​ក រង្គសាល បៀរ ហ្កា​ឌិន និង​សេវា​កម្សាន្ត​ទេសចរណ៍​នានា នៅ​ទូទាំង​រាជធានី​-​ខេត្ត ត្រូវ​ផ្អាក​សកម្មភាព​អាជីវកម្ម រយៈពេល​មួយថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត ចាប់ពី​ថ្ងៃទី​២៨ និង​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ។ ចំណែកឯ អាជីវកម្ម ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន ទេសចរណ៍​នានា នៅ​ទូទាំង​រាជ ធានី​-​ខេត្ត អាច​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​បាន ប៉ុន្តែ​ត្រូវ​ផ្អាក​ការលក់ដូរ​គ្រឿង​ស្រវឹង នៅក្នុង​រយៈ ពេល​ពីរ​ថ្ងៃនេះ​។​

​ក្រសួងទេសចរណ៍​ក៍​បានឱ្យ​មន្ទីរ​ទេសចរណ៍​គ្រប់​រាជធានី​-​ខេត្ត ចុះ​ផ្សព្វផ្សាយ និង​អប់រំ​ណែ នាំ ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់ ឱ្យ​អនុវត្តតាម​សារាចរ​ណែនាំ​នេះ ប្រកបដោយ​ប្រសិទ្ធភាព និង​ការ ទទួលខុសត្រូវ ដើម្បី​ធ្វើឱ្យ​ដំណើរការ​បោះឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​នយោបាយ​ល្អ សេរី ត្រឹម ត្រូវ និង​គ្មាន​អំពើហិង្សា​។​
​ការណែនាំ​នេះ គឺ​អនុលោម​ទៅតាម​ច្បាប់ បទបញ្ជា និង​នីតិវិធី នៃ​ការបោះឆ្នោត​ជ្រើសរើស តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង គ្មាន​ការបំភិតបំភ័យ និង​ចៀសវាង​នូវ​បាតុភាព​នានា ដែល​អាច​កើតមានឡើង ដោយសារ​ការ​ពិសា​គ្រឿង​ស្រវឹង​នោះ​។​

​សូម​រំឭកថា កាលពី​ថ្ងៃទី​០៦ ខែកក្កដា កន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បានចេញ​សេចក្ដី ណែនាំ​មួយ​ដែរ ដោយ​មិន​ឲ្យ​មានការ​លក់ដូរ និង​ពិសា​គ្រឿង​ស្រវឹង នៅ​ថ្ងៃទី​២៨ និង​ទី​២៩ ខែ កក្កដា ឆ្នាំ​២០១៨ នោះឡើយ ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​បញ្ចៀស​អំពើហិង្សា​នានា នៅ ក្នុង​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដោយសារ​កន្លងទៅ រាជ​រដ្ឋា​ភិ បាល បាន​សង្កេតឃើញថា ការ​ពិសា​គ្រឿង​ស្រវឹង​ភាគច្រើន អាច​បង្ក​ឲ្យ​មាន​អំពើហិង្សា គ្រោះថ្នាក់ ចរាចរណ៍ គ្រោះថ្នាក់​សង្គម ការប្រព្រឹត្ត​បទល្មើស​នានា ឬ​ករណីខ្លះ ដែល​អាច​បណ្តាលឱ្យ​បាត់បង់ សណ្តាប់ធ្នាប់​សាធារណៈ​ទៀតផង​៕​

វីដេអូ​បង្ហាញ​ពី​ស្ថានភាព​អាកាសធាតុ​នៅពេល ទូក បាន​លិច​នៅ​រដ្ឋ​មី​ស​សួ​រី​

យ៉ាងហោចណាស់ មនុស្ស​ចំនួន 11 នាក់ រួមទាំង​ក្មេង​តូចៗ​បាន​លង់ទឹក​ស្លាប់​នៅ ពេល ទូក ដឹក​មនុស្ស 31 នាក់ ក្រឡាប់​និង​លិច​ដោយសារ​អាកាសធាតុ​ព្យុះ​នៅលើ​បឹង​មួយ នៅ​រដ្ឋ​មី​ស​សួ​រី សហរដ្ឋអាមេរិក​។ វីដេអូ​ដែល​បង្ហោះ​លើ​អ៊ីនធឺណិត​បង្ហាញ​ពី លក្ខខណ្ឌ អាកាសធាតុ​នៅពេលដែល ទូក ចំនួន ពីរ​គ្រឿង​ស្ថិតនៅលើ​បឹង Table Rock Lake ក្បែរ តំបន់​ប្រេន​សុន Branson រដ្ឋ Missouri ។

លោក រ៉ុ​ន ហ្វុ​ល​សុម បាន​និយាយថា លោក​កំពុង​ថត អាកាសធាតុ​ដ៏​អាក្រក់ នៅពេល ដែល​ទូក​ដំបូង​គេ​បានបង្ហាញ ខ្លួន​នៅក្នុង​វីដេអូ​របស់លោក តែ​មិន​បង្ហាញ​ទូក​មួយ​ផ្សេង ទៀត​ដែល​ក្រឡាប់​នោះទេ​។ មនុស្ស​៧​នាក់​ត្រូវបាន​បញ្ជូន​ទោ​កាន់​មន្ទីរពេទ្យ បន្ទាប់ពី​ឧបត្តិហេតុ ទូក​លិច​។

យ៉ាងហោច ណាស់​មនុស់ ១១​នាក់ បាន​ស្លាប់​នៅក្នុង​ឧបត្តិហេតុ ខណៈ​ក្រុម​អ្នក​មុជទឹក បានបញ្ចប់ កិច្ចប្រឹងប្រែង​ស្វែងរក របស់​ពួកគេ​។ ក្រុម​សង្គ្រោះបន្ទាន់ បាន​ឆ្លើយតប ភ្លាមៗ​ទៅនឹង ឧបត្តិហេតុ បន្ទាប់ពី​មាន​ព្យុះ​រន្ទះ កើតមាន​នៅក្នុង​តំបន់​៕​

អាជ្ញាធរ​ក្រុង​ប៊ែ​កឡាំង រឹបអូស​ទ្រព្យសម្បត្តិ​77កន្លែង​ក្នុងករណី​លាងលុយកខ្វក់​

​រដ្ឋអាជ្ញា​ទីក្រុង​ប៊ែ​រ​ឡាំង​ប្រទេស​អាល្លឺម៉ង់ បាន អោយដឹងថា ទ្រព្យសម្បត្តិ​អចលនទ្រព្យ​ចំនួន 77 កន្លែង ត្រូវបាន​រឹបអូស នៅ​ក្នុងករណី​លាងលុយកខ្វក់ ដែលមាន​សក្តានុពល​យ៉ាងខ្លាំង​។​

​ការ​រឹបអូស​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ការស៊ើបអង្កេត​មួយ នៅក្នុង​ឆ្នាំ 2014 លើ​ការ​ប្លន់​ធនាគារ​មួយ នៅក្នុង​រដ្ឋធានី ប្រទេស​អាល្លឺម៉ង់​។ អចលនទ្រព្យ​ដែលមាន​តម្លៃ​ប្រមាណ 10 លាន​អឺរ៉ូ ស្មើនឹង 11 លាន 6 សែន​ដុល្លារ ត្រូវបាន​រឹបអូស ដោយសារ​ច្បាប់​ដែល​បាន​ដាក់ចេញ​កាលពី​ឆ្នាំមុន អនុញ្ញាត ឱ្យ​អាជ្ញាធរ​រឹបអូស​អចលនទ្រព្យ ដែល​បាន​ទិញ ជាការ​សង្ស័យថា បាន​លាង​លុយ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាឡឺម៉ង់​រាយការណ៍​ថា ជនជាតិ​អារ៉ាប់​ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង ឧក្រិដ្ឋកម្ម​ផ្សេង ៗ​ដូចជា ការ​លួច​គ្រឿងអលង្ការ ត្រូវបាន​គេ​ស៊ើបអង្កេត ក្នុងករណីនេះ​។

​សមាជិក 4 នាក់​នៃ​បណ្តាញ​មួយក្រុម ដែលមាន​អាយុ​ពី 18 ទៅ 20 ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​ឆ្នាំមុន ដោយសារតែ​សង្ស័យថា​បាន​លួច​មាស ដែលមាន​តម្លៃ​ប្រមាណ 4 លាន​ដុល្លារ ពី​សារមន្ទីរ បូដ របស់​ទីក្រុង​ប៊ែ​កឡាំង​៕

ក្រសួងការពារជាតិ​រុស្ស៊ី​បង្ហាញ​ពី​ការធ្វើ​តេស្ត​អាវុធ​ទំនើប​

ប្រទេស​រុស្ស៊ី បានចេញ​ផ្សាយ​វីដេអូ​ជាច្រើន ដែល​បង្ហាញ​ពី​ការធ្វើ​តេស្ត និង​ប្រតិបត្តិការ អាវុធ នុយក្លេអ៊ែរ និង​អាវុធ​ជំនាន់​ថ្មី រយះពេល​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន និង​ប្រធានាធិបតី​អា​មេ​រិច លោក​ដូ​ណា​ល់ ត្រាំ បាន​ពិភាក្សាគ្នា ពី​វិធី​បញ្ចៀស​ការប្រកួតប្រជែង​អាវុធ​។
ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បានប្រកាស​ពី​អាវុធ​នុយក្លេអ៊ែរ​ថ្មី​មួយ កាលពី​ខែមីនា ក្នុង​សុន្ទរ​ក ថា​មួយ ដោយ​និយាយថា អាវុធ​ទាំងនោះ អាច​កំទេច​ស្ទើរតែ​គ្រប់​ចំណុច​ទាំងអស់​នៅលើ​ពិភពលោក និង​គេច​ផុតពី មី​ស៊ី​ល ដែល​ផលិត​ដោយ​សហរដ្ឋអាមេរិក​។​
​ក្រសួងការពារជាតិ​រុស្ស៊ី​បានចេញ​ផ្សាយ វីដេអូ​បែប​ហូលីវូដ​ជាច្រើន នៃ​អាវុធ​ថ្មីៗ ដែល​លោក ពូ​ទីន បានដាក់​បង្ហាញ​កាលពី​ខែមីនា ត្រូវបាន​ធ្វើតេស្ត ឬ​ធ្វើ​សកម្មភាព​។
​ក្រសួង​ក៏បាន​និយាយ​ផងដែរ​ថា ក្រសួង​កំពុង​ត្រៀម​រៀបចំ​ការសាកល្បង មី​ស៊ី​ល​ដើរ​ដោយ ថាមពល នុយក្លេអ៊ែរ​ថ្មី​មួយ ដែលមាន​ឈ្មោះថា ស្ត​ម ពេ​ត្រែ​ល ។ ការលើកឡើង​អំពី​អាវុធ​ថ្មី​នេះ មាន​ភាពមន្ទិលសង្ស័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​ក្រុមមន្ដ្រី​បាន​ចោទ​សួរថា​តើ​ប្រទេស​រុស្ស៊ី បាន​បន្ថែម​សមត្ថភាព​ថ្មី​ណាមួយ ទៅលើ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន លើសពី​អ្វីដែល​គេ​បានដឹង​រួចទៅហើយ សំរាប់​ភ្នាក់ងារ​ស៊ើបការណ៍ និង​យោធា​អាមេរិក​៕​

កាំកុងត្រូល​ខេត្ត​ប៉ៃលិន បន្ត​ត្រួតពិនិត្យ​ទំនិញ​តាម​សាលារៀន

​ខេត្ត​ប៉ៃលិន​៖ ដើម្បី​ចូលរួម​ទប់ស្កាត់ និង​ថែរក្សា​សុខុមាលភាព របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត ប៉ៃលិន សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោក ឈឹម វាសនា ប្រធាន​សាខា កាំកុងត្រូល ខេត្ត សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​បន្ត​យុទ្ធនាការ ចុះ​ពិនិត្យមើល​ទំនិញ និង​ផ្សព្វ ផ្សាយ អំពី​គុណភាព និង​សុវត្ថិភាព​ម្ហូបអាហារ នៅតាម​ផ្ទះ​អាជីវករ​លក់ទំនិញ និង​នៅតាម​សាលារៀន នា​ព្រឹក​ថ្ងៃទី​២០ ខែ​កក្ត​ដា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ អូរ​ច្រា កណ្តាល និង​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទូល ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​លោក ឈឹម វាសនា ប្រធាន​សាខា​កាំកុងត្រូល ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​៖​ក្រោម​ការចង្អុល បង្ហាញ និង​ការយកចិត្តទុកដាក់​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម បាន​ណែនាំ​ឲ្យ មន្ត្រី​ក្រោម​ឪ​វាទ បន្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​របស់​បងប្អូន​អាជីវករ ដែល​ដាក់តាំង​លក់ នៅតាម​គេហដ្ឋាន និង​តាម​សាលារៀន ដើម្បី​ទប់ស្កាត់​ការ​លួច​ដាក់តាំង​លក់ទំនិញ​ខូចគុណភាព​គ្រប់​ប្រភេទ និង​ផ្សព្វ ផ្សាយ​នូវ​អ្វី​ដែលជា​ប្រយោជន៍ របស់​ក្រុមអាជីវករ ឲ្យ​ពួកគាត់​ចូលរួម​គោរព​ច្បាប់ និង​បញ្ឈប់​សកម្មភាព លួច​តាំង​លក់ទំនិញ ដែល​ខូចគុណភាព ទំនិញ​ផុត​កាលបរិច្ឆេទ ,​ការ​វិច​ខ្ចប់ គ្មាន​អនាម័យ ជាដើម ។​លោក​ប្រធាន បាន​បន្តថា​៖​ក្នុងការ​បន្ត​ចុះ​ត្រួតពិនិត្យ​នេះដែរ មន្ត្រី​ចម្រុះ​ក៍បាន​បិទ​ស្លាក​សញ្ញា​ផលិតផល ម្ហូបអាហារ ផ្សព្វផ្សាយ ជូន​ដល់​ក្រុមអាជីវករ និង​សិស្សានុសិស្ស ឲ្យ​បាន​យល់ដឹង​អំពី ទំនិញ​ខូចគុណភាព និង​ទំនិញ​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់ លោក​ក៍​បានធ្វើ​ការពន្យល់​ណែនាំ ដល់​អាជីវករ​ទាំងអស់ កុំ​ឲ្យ​យក​ទំនិញ​ណា ដែល​ខូចគុណភាព ទំនិញ​ដែល​មិនមាន​ច្បាប់​អនុញ្ញាត ឬ​ទំនិញ ដែល​មិនមាន​ស្លាក​សញ្ញា​ត្រឹមត្រូវ មក​ដាក់តាំង​លក់​ឲ្យ​សោះ ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ជាងនេះទៅទៀត ធ្វើ​ឲ្យ​យើង​ខាតបង់​ថវិកា​គ្រូ​សារ និង​ខាតបង់​ពេលវេលា​ផងដែរ​។​

​ឆ្លៀតពេល​នោះដែរ មន្ត្រី​កាំកុងត្រូល ក៍បាន​បន្ត​ចុះ​ពិនិត្យ​តាមដាន​តំលៃ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ​និង​ដេប៉ូ ដែល​តម្លៃ​ទាំង​ត្រឹមត្រូវ​តាម​សេចក្តីជូនដំណឹង របស់​ក្រសួងពាណិជ្ជកម្ម ប៉ុន្តែ​ក៍មាន​ដេប៉ូ​ខ្លះ​លក់​ទាប​ជាង​តំលៃ​សេចក្តីជូនដំណឹង​របស់​ក្រសួង​ផងដែរ​។

ក្នុងឱកាស បន្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​នោះដែរ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន ក៍បាន​ដកហូត​នូវ​ទំនិញ​ខូច​គុណ​មួយចំនួន​មាន​៖​ទឹកក្រូច ជ័រ​៤៨​ដប​,​នំ​ស្រួយ​១០​កញ្ចប់​ធំ​,​ទឹកដោះគោ​ជូ​៦​ប្រអប់​,​ស្ក​គ្រាប់​១៩​កញ្ចប់ និង​ម្ស៉ៅ​ស៊ុប​ខ្នរ​៩០ កញ្ចប់ តូច ហើយ​ទំនិញ​ទាំងនេះ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​សាខា​កាំកុងត្រូល​ខេត្ត រង​ចំ​ថ្ងៃ​ធ្វើ ការកម្ទេច​ចោល​ផងដែរ ៕​

ជំនន់​ទឹកភ្លៀង​កំពុង​បង្ក​មហន្តរាយ​ក្នុងស្រុក ក្រុង​ច្បារមន

​កំពង់ស្ពឺ ៖ នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ ២០១៨ បើតាម​របាយការណ៍រ​បស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​ឲ្យ​ដឹងថា​៖ ខេត្តកំពង់ស្ពឺ មាន​ស្ថានភាព​ទឹកភ្លៀង​ជំនន់​ជន់​លិច ផ្នែក​ខាងលើ ទំនប់​រលាំង​ជ្រៃ ដោយបាន​ជន់​លិច​ខ្លះៗ ចំណែក​ផ្នែក​ខាងក្រោម​ទ្វារ​ទឹក​រលាំង​ជ្រៃ វិញ មិនទាន់​ជន់ លិច​នៅឡើយ​ទេ​។

8មន្ត្រី​ធនធានទឹក បាន​បើកទ្វារ​ទឹក​ចំនួន​៥ បើក​កំពស់​៧​ម៉ែត្រ ក្នុងនោះ នៅ ទំ​បន់ តា​សាល បាន​បើកទ្វារ​ទឹក​ចំនួន​៣ បើក​កម្ពស់​ចាប់​១​ម៉ែត្រ ទៅ​១​ម៉ែត្រ​៥០ និង​២​ទៀត បើក កំពស់​០​ម៉ែត្រ​៦០ ។​ចំណែក កំពស់​ទឹកស្ទឹង​ព្រែក​ត្នោត រហូតដល់​ពេលនេះ​មាន ៧​ម៉ែត្រ​៦០ ទំនប់ ពាម​ឃ្លៃ ទឹក​មាន​កំពស់ ៨​ម៉ែត្រ​៣០ ទំនប់​តា​សាល មាន​កំពស់​ទឹក ១៩​ម៉ែត្រ ៣០​។​8

​បើ​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​ខេត្ត បាន​បង្ហាញថា​៖ ស្រុក​ភ្នំស្រួច ការ​ជន់​លិច បាន​ប៉ះ ពាល់ ឃុំ​ក្រាំ​ដី​វ៉ា​យ ឃុំ​ត្រែងត្រយឹង ឃុំ​តាំង​ស្យា ឃុំ​ដំបូក​រួ​ង ឃុំ​តាំង​សំរោង ឃុំ​ព្រៃ​រំដួល ឃុំ​ចំបក់ ឃុំ​អូរ ស្មើនឹង​២៨​ភូមិ ក្នុងនោះ​ជន់​លិច​ស្រូវ​១.១៥៧​ហិតា កើន​៥៨៦​ហិច​តា​, ដំណាំ​ស្វាយ ២៣២ ហិច​តា ថយចុះ​២៨​ហិតា​, ដំណាំ​រួមផ្សំ​ចំនួន​៣៥​ហិច​តា កើនឡើង​០១​ហិច​តា​, លិច​ផ្លូវ​កៅស៊ូ​ចំនួន ៣៥០​ម៉ែត្រ​, ខូចខាត​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចំនួន​៣៧២០​ម៉ែត្រ​។​

​ក្នុងនោះ​ស្រុក​សំរោង​ទង ប៉ះពាល់​ចំនួន​១​ឃុំ គឺ​ឃុំ​កា​ហែង ស្មើ​៦​ភូមិ ប៉ះពាល់​ដំណាំ​ស្រូវ ចំនួន​៧៥​ហិកតា​, ក្រុង​ច្បារមន ប៉ះពាល់​សង្កាត់​កណ្តោលដុំ និង​សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ស្មើ​៦​ភូមិ ប៉ះពាល់​ស្រូវ​ចំនួន ១៨៣​ហិច​តា ដំណាំ​រួមផ្សំ​ចំនួន​៥​ហិច​តា​។​

រសៀល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ អ្នកយកព័ត៌មាន​យើង​ទទួលបាន​របាយការណ៍​ថា​៖ មាន​កងរាជអាវុធហត្ថ ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កាកបាទក្រហម បាន​ចុះ​នាំយក​ស្បៀង និង សម្ភារៈ​មួយចំនួន​ទៅ​ចែក​ដល់​គ្រួសារ​ដែល​បាន​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​ជន់​លិច​ទាំងអស់នោះ​ហើយ​៕​

អាជ្ញាធរខេត្ត​ព្រះសីហនុ អំពាវនាវ​ឲ្យ​ប្រជា​នេសាទ​សមុទ្រ និង​ទេសចរ​បង្កើន​ការប្រុងប្រយ័ត្ន​

​ខេត្ត​ព្រះសីហនុ​: ថ្នាក់ដឹកនាំ​នៅតាម​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ព្រួយបារម្ភ​អំពី​ខ្យល់ព្យុះ​ភ្លៀង​ដែល​នឹង​បន្ត​បោកបក់​ខ្លាំង​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ នេះ អាជ្ញាធរ​បាន​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​បងប្អូន​ប្រជា​នេសាទ ជាពិសេស​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​សុវត្ថិភាព​ធ្វើដំណើរ​ទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​នានា​នៅក្នុង​ខេត្ត ទេសចរណ៍​មួយ​នេះ​។​

អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​រំលឹក​ដល់​សមត្ថកិច្ច​ស្ថាប័ន​ពាក់​ព័ន្ធមូល ដ្ឋា​ន នេះ ត្រូវ​សហការគ្នា​ត្រៀមលក្ខណៈ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ប្រកប​របរ​លើ​លំហ​សមុទ្រ ពិសេស ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ដែល​និយម​ទៅ​កម្សាន្ត​តាម​កោះ​នានា​។ លោក​បាន​ណែនាំ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចុះ​ណែនាំ​ដល់​ប្រជា​នេសាទ និង​អ្នក​បម្រើការ​សេវា​ទេសចរណ៍​ដឹកជញ្ជូន​តាម​សមុទ្រ ត្រូវ​គិត​អំពី​សុវត្ថិភាព​ភ្ញៀវទេសចរ​ឲ្យ​បាន​ច្រើន​ថែមទៀត​នៅពេល​មាន​ព្យុះភ្លៀង​កំពុង​បោក បក់​ខ្លាំង​។​

លោក យន្ត មីន សង្កត់ធ្ងន់ថា សមត្ថកិច្ច​ត្រូវដាក់​បំរាម​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងនោះ មិន​ឲ្យ​ចេញ​ទូក​ដឹកជញ្ជូន​ភ្ញៀវ​នៅពេល​កំពុងមាន​ព្យុះភ្លៀង​នោះទេ គឺ​ត្រូវ​ស្នើ​ឲ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន ដោយ​រង់ចាំ​សមុទ្រ​ស្ងប់​ព្យុះ ភ្លៀង ទើប​អនុញ្ញាត​ឲ្យ​ដំណើរ​ឡើងវិញ​បាន​។​

ទាក់ទិន​ក្នុង​រឿងនេះ​ដែរ ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ខ្លះ និយាយថា ស្ថានភាព​អាកាសធាតុ​បែប នេះ មិន​អំណោយផល​ល្អ សម្រាប់​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​តាម​ឆ្នេរសមុទ្រ និង​តាម​បណ្ដា​កោះ​នានា​នោះទេ ព្រោះ​មាន​ភ្លៀងរលឹម​ជាប់​មិន​ដាច់​ទាំងយប់​ថ្ងៃ វា​ពុំ​សូវ​មាន​រលក់​ធំៗ​ប៉ុន្មាន​នោះទេ​សម្រាប់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​ចេញ​ទៅតាម​បណ្ដា​កោះ​នានា គឺ​នៅមាន​ដំណើរការ​ជាធម្មតា​ទេ​៕​

ក្លឹប​អ្នកកាសែត​កម្ពុជា​បើក​កិច្ចពិភាក្សា​ស្តីពី ព័ត៌មាន​ក្លែងបន្លំ និង​ការបោះឆ្នោត​

​ភ្នំពេញ ៖ ក្លឹប​អ្នកកាសែត​កម្ពុជា ( ក អ ក ) នឹង​បើក​កិច្ចពិភាក្សា​ពិសេស​មួយ​ស្តីពី «​ព័ត៌មាន​ក្លែងបន្លំ​និង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨ » ខណៈដែល​កិច្ចពិភាក្សា​នេះ​នឹង​រៀបចំ​ធ្វើ ឡើង​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​ចាប់ផ្តើម​ពី​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ដល់​ម៉ោង​១១ និង​០០ នាទី​ថ្ងៃត្រង់ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ II ក្បាល់​ថ្នាល់ ។​

គោលបំណង​នៃ​កិច្ចពិភាក្សា​នេះ​គឺ​ដើម្បី​ផ្តល់ឱកាស​ដល់​អ្នកសារព័ត៌មាន​បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់ រួមទាំង​រិះ រក​វិធាន​ការបន្ថយ​សកម្មភាព​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ​ដែល កំពុង​កើតមាន​គួរ​ឲ្យ​ព្រួយ​បារ​ម្មណ៍​នៅ​កម្ពុជា ។​

ក្លឹប​អ្នកកាសែត​កម្ពុជា ផ្តួចផ្តើម​រៀបចំ​កិច្ចពិភាក្សា​នេះ​ឡើង បន្ទាប់ពី បាន​សង្កេត ឃើញថា ព័ត៌មាន​ក្លែងបន្លំ បាន និង​កំពុង​ត្រូវបាន​គេ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់ ហើយ​កាន់តែច្រើន ឡើង​តាម​បណ្តាញ​ព័ត៌មាន មួយចំនួន ហើយ​ព័ត៌មាន​ទាំងនោះ​ក៏ត្រូវ​បាន​គេ​យកមកចែក​រម្លែក ផ្សព្វផ្សាយ​បន្តទៀត ។​

ដូច​យើង​ដឹង​ទាំងអស់គ្នា​ហើយ​ថា ព័ត៌មាន​ក្លែងបន្លំ​មិន​គ្រាន់តែ​ជៈ​ឥទ្ធិពល​លើ​វិស័យ នយោបាយ​និង សង្គម​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិជ្ជាជីវៈ ក្រមសីលធម៌​សារ ព័ត៌មាន ក្នុង ដំណើរ​ឆ្ពោះទៅ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ រួមទាំង​ដំណើរ ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨ នេះ​ថែមទៀត ។​

កអក បាន​អញ្ជើញ​វាគ្មិន​កិត្តិយស​មកពី​ក្រសួង​ព័ត៌មាន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ បោះឆ្នោត ( គ​.​ជ​.​ប ) រួមទាំង​អ្នកសារព័ត៌មាន​ល្បីៗ ចូលរួម​ក្នុង​កិច្ចពិភាក្សា​ខាងលើនេះ ។ កអក នឹង​បើកទូលាយ​សម្រាប់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចូលរួម​យក​ព័ត៌មាន​និង ពិភាក្សា​ផ្តល់យោបល់ ឬ​លើក​ជា​សំណួរ​ទាក់ទង​នឹង​ប្រធានបទ​នៃ​កិច្ចពិភាក្សា​ដ៏​មាន​សា​រះ​សំខាន់ នេះ​ផងដែរ​៕​

អាចារ្យ​ធំ វ៉ៃ​ធ្ងន់ៗ​លើ​តារាចម្រៀង ដេវីត ក្រោយ​ពេលចេញ​បទ​ជា​ភាសា​ថៃ

​ភ្នំពេញ ៖ ហ្វេ​ស​ប៊ុ​ក របស់​ឌី​ជេ​អាចារ្យ​ធំ នៅពេល​ថ្មីៗ​នេះ បាន​វាយប្រហារ​ធ្ងន់ៗ​ចំពោះ​តារាចម្រៀង ងួន ចាន់​ដេវីត ក្រោយពេល​បទ​ចម្រៀង​ថ្មី​ជា​ភាសា​ថៃ​ថ្មី​មួយ របស់ ងួន ចាន់​ដេវីត ចេញ​ជា​ផ្លូវការ​។

​ឌី​ជេ អាចារ្យ​ធំ ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​អ្នក​ស្នេហា​វប្បធម៌​ខ្មែរ​ដ៏​ជ្រាលជ្រៅ ហើយ​លោក​តែងតែ​ចេញមុខ​រិះគន់​មិន​សំចៃមាត់​ទៅលើ​អ្នកសិល្បៈ​មួយចំនួន ដែល​ធ្វើឱ្យប៉ះពាល់ អាប់ឱន​ដល់​វប្បធម៌​ខ្មែរ ហើយ​នៅពេលនេះ លោក​បាន​ចេញមុខ​រិះគន់​យ៉ាងខ្លាំង​ជាថ្មីទៀត​ទៅលើ ម្ចាស់​បទ «​ញី​កែងជើង​» ខាងលើ ចំពោះ​បទ​ច្រៀង​ភាសា​ថៃ​មួយ​បទ​នេះ​ដូច​បានលើកឡើង​ខាងលើ​។​

​ឌី​ជេ​អាចារ្យ​ធំ បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​កថា​៖ “​ឮ​តែ (​ណង​…​សួយ​ក៏​ឌី​)…??? នេះ​ឬ​អ្នកសិល្បៈ​(​ខ្មែរ​)??? ខ្មាស​ដូនតា​! មិនគួរ​ផែនដី​នៃ​ខឿនវប្បធម៌​ដ៏​អស្ចារ្យ​នេះ មាន​កោសិកា​អវិជ្ជមាន​កើត​បាន ហើយ​ប្រឹង​លូន​ទៅ​លិឍ​បាតជើង​ចោរ​…! ។ (​ខ្មែរ​ប្រឹង​លួច​ថៃ​បច្ចុប្បន្ន​) ឯ (​ថៃ​ប្រឹង​ប្លន់​អតីតកាល​របស់​ខ្មែរ​)​។ លោក​អាច​ប្រកាសប្រាប់​ពិភពលោក​បាន ថា​លោក​បានមក​កើត​ច្រឡំ​ប្រទេស​ទេ លោក​ប្ដូរ​សញ្ជាតិ ប្ដូរ​ឈាម​ចុះ កុំ​ឲ្យ​ឈ្មោះ​ជាតិខ្មែរ​នេះ នាំ​ថោក​ដល់​លោក​ឯង​” ។​

​សួ​ម​ជម្រាប​ថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល ឌី​ជេ​អាចារ្យ​ធំ រិះគន់​ទៅលើ​តារាចម្រៀង ងួន ចាន់​ដេវីត ទាក់ទង​នឹង​ការចេញ​បទ​ចម្រៀង​ដែល​លោក​ចាត់ទុកថា ការផលិត​បទ​ចម្រៀង​របៀបនេះ ធ្វើ​ឲ្យ​អាប់ឱន​ដល់​វប្បធម៌​ខ្មែរ​៕

ជំនន់​ទឹកភ្លៀង​ជន់​លិច​ភូមិ​ជាច្រើន​នៅ​ស្រុក​ភ្នំស្រួច ពលរដ្ឋច្រើន​រយ​នាក់​ត្រូវបាន​ជម្លៀស​

​ភ្នំពេញ ៖ ជំនន់​ទឹកភ្លៀង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​បាន​បណ្តាល​ឲ្យ​ភូមិ​ជាច្រើន​ក្នុងស្រុក​ភ្នំស្រួច​ ​ខេត្តកំពង់ស្ពឺ ទទួលរង​ការ​ជន់​លិច និង​មាន​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ ត្រូវបាន​ជម្លៀស​ទៅ រក​ទីទួល​សុវត្ថិភាព​។

​ក្នុងឱកាស​នៃ​ការអញ្ជើញ​ចុះ​ពិនិត្យមើល​សភាពការណ៍​គ្រោះ​ទឹក​
​ជំនន់ នា​ព្រឹក​ថ្ងៃទី​១៩ កក្កដា​នេះ ទេសរដ្ឋមន្ត្រី អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ ជាតិ​គ្រប់ គ្រង​គ្រោះមហន្តរាយ ឯកឧត្តម​បណ្ឌិត ញឹម វណ្ណដា បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​យកចិត្ត ទុកដាក់​ខ្ពស់បំផុត​ក្នុង​ការផ្តល់​សុវត្ថិភាព​ជូន​ពលរដ្ឋ​។​

បើតាម​អាជ្ញាធរខេត្ត​កំពង់ស្ពឺ​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​១៨ ខែកក្កដា ម្សិលមិញ ជំនន់​ទឹក ភ្លៀង​បាន​ជន់​លិច​ភូមិ​ចំនួន​២៦ ក្នុង​ឃុំ​ចំនួន​៨ នៃ​ស្រុក​ភ្នំស្រួច ហើយ​ប្រជាពលរដ្ឋ​ចំនួន ២៣០ គ្រួសារ ស្មើនឹង ៦៨៩​នាក់ (​ស្រី ៣១៦​នាក់​) ត្រូវបាន​ជម្លៀស​ទៅរក​ទីទួល​សុវត្ថិភាព​។ អាជ្ញាធរ​តំបន់​បាន​បន្ថែមថា គ្រោះធម្មជាតិ​មួយ​នេះ​ក៏បាន​ធ្វើ​ឲ្យ​ប៉ះពាល់ និង​ខូចខាត​ផ្លូវ​ក្រាល កៅស៊ូ​ប្រវែង ៣៥០​ម៉ែត្រ លិចលង់​ស្រូវ ១១៥៧​ហិកតា ដំណាំ​ស្វាយ ២៣២​ហិកតា បាក់​ទំនប់ និង​បាត់​សត្វពាហនៈ​មួយចំនួន​។​

មានការ​បញ្ជាក់​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​មក​ថា​៖ នា​ប៉ុន្មាន​ថ្ងៃ​
​នេះ​ភ្លៀង​បាន​ធ្លាក់​យ៉ាងខ្លាំង​នាំ​ឲ្យ​កើតមាន​ទឹកជំនន់ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ដល់​ខេត្ត​ចំនួន​៥ រួម មាន​៖ ខេត្តកោះកុង ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ស្ពឺ និង​ខេត្តបាត់ដំបង​។ គ្រោះ ធម្មជាតិ​មួយ​នេះ​បាន​បង្ខំ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន ៨៣៧ គ្រួសារ​ទៅរក​ទីទួល​សុវត្ថិភាព​។ ជាមួយគ្នានេះ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត ក្នុង​ខេត្តកំពង់ស្ពឺ ក៏​កំពុង​បង្ក​ជាការ​ព្រួយ​បារ​ម្មណ៍​ថា នឹង​អាច​ប៉ះពាល់​មកលើ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ផងដែរ​៕

អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ដុត​កម្ទេច​ទូ​ហ្គេមដែល​រឹបអូសពី​ទីតាំង​​បើក​​លួចលាក់

​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ នា​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ បានរៀបចំ​ពិធី​វាយកំទេច​ទូ​ហ្គេម ចំនួន​១០​ទូ​( ទូ​ហ្គេម​បៀ ទូ​ហ្គេ​សសេះ​) ដែល​បាន​រឹបអូស ពី​ម្ចាស់​ទីតាំង​លួច​បើក​ខុសច្បាប់ ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​។​

​ក្នុងឱកាស​នោះ មាន​វត្តមាន​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​, លោក ម៉ៅ សឿត អធិការ​ស្តីទី​, លោក គិត សុផល មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ និង​លោក​ចៅសង្កាត់​ទាំង​៨ កងកម្លាំងប្រដាប់អាវុធ​សាលា ជា​ច្រើ​រូប​ទៀត​។​

​បើតាម​លោក​អភិបាលខណ្ឌ​ច្បារអំពៅ ដែល​បាន​ដឹកនាំ​កម្លាំង​ក្នុងការ​បង្ក្រាប និង​រឹបអូស​ទូរ​ហ្គេម​ទាំងអស់នេះ​កន្លងមក បាន​ឲ្យ​ដឹងថា កម្លាំង​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ បានធ្វើការ​ចុះបង្ក្រាប និង​រឹបអូស​ទូ​ហ្គេម​ទាំងនេះ ពី​តាម​សង្កាត់​។​

​លោក​អភិបាលខណ្ឌ បាន​បន្តទៀតថា ការបង្ក្រាប​កន្លែង​បើក​ហ្គេម ជាពិសេស​ហ្គេម​បាញ់​ត្រី​នេះ ព្រោះ​វា​ជា​ប្រភព​នៃ​ល្បែងស៊ីសង ដែល​បាន​បង្ក​ផលប៉ះពាល់ ដល់​ការសិក្សា​របស់​សិស្ស ធ្វើ​ឲ្យ​ពួកគេ​គេចវេស ការរៀនសូត្រ ពី​សាលារៀន ហើយ​ល្បែង​ទាំងនេះ ក៏​ជា​ប្រភព​នៃ​បទល្មើស​ផ្សេងៗ ដូចជា​លួច ឆក់ ប្លន់​ផងដែរ​។​

​ដោយឡែក​ចំពោះ​ម្ចាស់​ទីតាំង​វិញ ត្រូវបាន​អភិបាល​រូបនេះ បាន​បញ្ជាក់ថា ខាង​សាលាខណ្ឌ បានធ្វើ​ការអប់រំ និង​ណែនាំ​ដល់​ពួកគាត់ មិន​ឲ្យ​បើក​អាជីវកម្ម​របៀបនេះ​តទៅទៀត​ទេ ព្រោះ​វា​ផ្ទុយ​ទៅ និង​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ស្តីពី​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព ដែល​មិន​ឲ្យ​កើតមាន​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន ហើយ​ម្ចាស់​ទី​តាំ​ទាំងនោះ បានធ្វើ​កិច្ចសន្យា ជាមួយ​អាជ្ញាធរ​ឈប់​ប្រក​បរបរ​នេះ​ទៀតហើយ​។​

​ក្នុងនាម​អាជ្ញាធរ ក៏ដូចជា​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​ទាំងមូល លោក​អភិបាល ចេង មុនី​រ៉ា បាន​សន្យាថា នឹង​បន្តសកម្មភាព​បង្ក្រាប ជា​បន្តបន្ទាប់​ទៅ​ថ្ងៃមុខ​បន្ថែមទៀត ព្រោះ​អាជ្ញាធរ ជា​អ្នកបំរើ​ប្រជារាស្ត្រ បើ​រវល់​គិតតែ​ខ្លាច​អំណាច ឬ​បុណ្យ​សក្តិ​របស់​អស់លោក​ជា​អ្នកធំៗ មួយចំនួន តើ​ប្រជារាស្ត្រ​ផ្ញើ​ក្តី​រំពឹង និង​សេចក្តីទុកចិត្ត ទៅលើ​អ្នកណា​បាន​ទៀត​ទៅ​ថ្ងៃមុខ​៕