All posts by មេគង្គ ប៉ុស្តិ៍

ក្រុម​ប្រដាប់អាវុធ​លួច​អារ​សសរ​ផ្តួលរំលំ​ផ្ទះ​ពលរដ្ឋ​ក្នុង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​( Video)

​ខេត្តកណ្តាល ៖ ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​រវាង​​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ នៅ​ស្រុក​កណ្តាលស្ទឹង បាន​ឈានដល់​មាន​ជន​មួយក្រុម​លួច​អារ​ជើង​សសរ​ផ្តួលរំលំ​ផ្ទះ ប្រជាពលរដ្ឋ​ទាំងយប់​។​

​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​រវាង​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍​និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ទ​នប់​94​ស្ថិតក្នុង​ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ឥឡូវនេះ​ឈានដល់​មាន​ជន​មួយក្រុម​ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ​និង​ម៉ាស៊ីន​ត្រង់​ទ័​រ​នឺ​អារ​សសរផ្ទះ​ប្រជាពលរដ្ឋ​ផ្តួលរំលំ​ជិត​ពាក់កណ្តាល​អា​ធ្រា​ត្រ​កាលពី​យប់​ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅ សមត្ថកិច្ច​នៅ​មិនទាន់​វែកមុខ​រក​ចាប់​មុខសញ្ញា​ជន​មួយក្រុម​នោះបាន​នៅឡើយ​រហូតមកដល់​ថ្ងៃនេះ ។ នេះ​បើ​យោងតាម​ការរៀបរាប់​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​រងគ្រោះ​រស់នៅ​ភូមិ​ឆ្មា​ពួន នោះ ។

បញ្ហា​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កំពុង​តែមាន​ការបារម្ភ​យ៉ាងខ្លាំង​បន្ទាប់ពី​មាន​ជន​មួយក្រុម​បានធ្វើ​សកម្មភាព​អារ​ផ្តួលរំលំ​ផ្ទះ​ពួកគាត់​ខណៈ​សមត្ថកិច្ច​ហាក់​លឹប ល ស្ទាក់ស្ទើរ​ក្នុងការ​ស្រាវជ្រាវ​រកមុខ​សញ្ញា ដើម្បី​ជួយ​អន្តរាគមន៍​ប្រជាពលរដ្ឋ​ក្នុង​រឿងនេះ​។

​ការបារម្ភ​នេះ​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ស្នើសុំ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍ គ្រា​ដែល​ជម្លោះដីធ្លី​បានកើត​ឡើង​រវាង​ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍ និង​ប្រជាពលរដ្ឋ​ជិត​ម្ភៃ​ឆ្នាំ​មកនេះ គ្មាន​ដំណោះស្រាយ​អាច​បញ្ចប់​បាន​នៅឡើយ​។

​ប្រជាពលរដ្ឋ​ខ្លះ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន ចំណែក​ខ្លះទៀត មាន​ជម្លោះ​ជាមួយ​បុគ្គល​ម្នាក់​ឈ្មោះ ម៉ាណ មន ដែល​ពួកគាត់​អះអាងថា ជា​បុ​គ្ក​លិ​ក​ធ្វើការ​នៅ​ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍​៕

https://youtu.be/F7OyYQjAvOg

គ​.​ជ​.​ប បង្ហាញ​ចំនួន​ការិយាល័យ​បោះឆ្នោតទាំង​២៥​ខេត្ត​-​ក្រុង តាមរយៈ​វេ​ប​សាយ

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ (​គ​.​ជ​.​ប​) បានបង្ហាញ​ការិយាល័យ​បោះឆ្នោត​សរុប​២២,៩៦៧ នៅ​២៥​មណ្ឌល​រាជធានី​-​ខេត្ត នៅ​ទូទាំងប្រទេស និង វេ​ប​សាយ ដើម្បីឱ្យ​ពលរដ្ឋ​ងាយស្រួល​រក​ការិយាល័យ​របស់ខ្លួន ដោយ​ប្រជាពលរដ្ឋ គ្រាន់តែ​ចុច​លើ link នៅតាម​ខេត្ត​តែប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់ គ​.​ជ​.​ប ដែល​បណ្តាញ​ព័ត៌មាន Fresh News ទទួលបាន​នៅថ្ងៃនេះ​។​

​យោងតាម​លទ្ធផល​ផ្លូវការ​នៃ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ សម្រាប់​ការបោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​មាន​ចំនួន ៨.៣៨០.២១៧​នាក់​។​

​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៧ អាច​ទៅ​ពិនិត្យមើល​ឈ្មោះ និង​ទិន្នន័យ​ពាក់ព័ន្ធ​របស់ខ្លួន​លើ​គេហទំព័រ www.voterlist.org.kh ផងដែរ​៕

​ដើម្បី​ភាពងាយស្រួល​ស្វែងរក​ទីតាំង​ការិយាល័យ​បោះឆ្នោត​នៅតាម​មណ្ឌល​នីមួយៗ ពលរដ្ឋ​អាច​ចុច​ចូលក្នុង Link នៅតាម​រាជធានី​-​ខេត្ត ដែល គ​.​ជ​.​ប បានបង្ហាញ​ដូចខាងក្រោម​៖

១៖ ខេត្តបន្ទាយមានជ័យ ១,០៧០www.necelect.org.kh/khmer/pollingstations/BanteayMeanchey
២៖ ខេត្តបាត់ដំបង ១,៦៥៥www.necelect.org.kh/khmer/pollingstations/Battambang
៣៖ ខេត្តកំពង់ចាម ១,៦៥៩www.necelect.org.kh/khmer/pollingstations/KampongCham
៤៖ ខេត្តកំពង់ឆ្នាំង ៧៩០www.necelect.org.kh/khmer/pollingstations/KampongChhnang
៥៖ ខេត្តកំពង់ស្ពឺ ១,៤៨២www.necelect.org.kh/khmer/pollingstations/KampongSpeu
៦៖ ខេត្តកំពង់ធំ ១,១០៤www.necelect.org.kh/khmer/PollingStations/KampongThom
៧៖ ខេត្តកំពត ៩៩៨www.necelect.org.kh/khmer/PollingStations/Kampot
៨៖ ខេត្តកណ្តាល ១,៧៣៤www.necelect.org.kh/khmer/PollingStations/Kandal
៩៖ ខេត្តកោះកុង ១៨២www.necelect.org.kh/khmer/PollingStations/KohKong
១០៖ ខេត្តក្រចេះ ៥៥៥www.necelect.org.kh/khmer/PollingStations/Kratie
១១៖ ខេត្តមណ្ឌលគិរី ១២៧www.necelect.org.kh/khmer/PollingStations/Mondulkiri
១២៖ រាជធានី​ភ្នំពេញ ២,១៣៨www.necelect.org.kh/khmer/PollingStations/PhnomPenh
១៣៖ ខេត្តព្រះវិហារ ៣៣២www.necelect.org.kh/khmer/PollingStations/PreahVihear
១៤៖ ខេត្តព្រៃវែង ១,៨២៧www.necelect.org.kh/khmer/PollingStations/PreyVeng
១៥៖ ខេត្តពោធិ៍សាត់ ៧០៧www.necelect.org.kh/khmer/PollingStations/Pursat
១៦៖ ខេត្តរតនគិរី ២៧៥www.necelect.org.kh/khmer/PollingStations/Ratanakiri
១៧ ខេត្តសៀមរាប ១,៤៧៣www.necelect.org.kh/khmer/PollingStations/SiemReap
១៨ ខេត្ត​ព្រះសីហនុ ២៩៨www.necelect.org.kh/khmer/PollingStations/PreahSihanouk
១៩ ខេត្តស្ទឹងត្រែង ២២៧www.necelect.org.kh/khmer/PollingStations/StungTreng
២០ ខេត្តស្វាយរៀង ៩២៦www.necelect.org.kh/khmer/PollingStations/SvayRieng
២១ ខេត្តតាកែវ ១,៥៤៥ www.necelect.org.kh/khmer/PollingStations/Takeo
២២ ខេត្ត​កែប ៦៧www.necelect.org.kh/khmer/PollingStations/Kep
២៣ ខេត្ត​ប៉ៃលិន ១១៨www.necelect.org.kh/khmer/PollingStations/Pailin
២៤ ខេត្ត​ឧ​ត្ត​រ​មានជ័យ ៣៨៣www.necelect.org.kh/khmer/PollingStations/OddarMeanchey
២៥ ខេត្ត​ត្បូងឃ្មុំ ១,២៩៥www.necelect.org.kh/khmer/PollingStations/TboungKhmum

៥​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុជា​បន្ថយ​ការទិញ​ឋា​ម​ពល​អគ្គិសនី​ពី​ប្រទេសជិតខាង

ភ្នំពេញ ៖ ទីភ្នាក់ងារសារព័ត៌មាន របស់​រដ្ឋ ហៅ​កាត់​ថា AKP បាន​ផ្សាយ​នៅពេល​ថ្មីៗ​នេះ​ថា រយៈពេល​៥​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០១៣ ដល់​២០១៧ កម្ពុ​ជាមាន​ថាមពល​អគ្គិសនី​ដែល​អាច​ផ្គត់ផ្គង់​ការប្រើប្រាស់​ក្នុងស្រុក​សរុប​ប្រមាណ​៨១,៤​ភាគរយ​។ ចំនួន​នេះ បាន​កើន​ពី ៤៣,៧ ភាគរយ នៅ​ឆ្នាំ​២០១៣ និង​៨១,៤​ភាគរយ ក្នុង​ឆ្នាំ​២០១៧​។ កំណើន​នេះ បានធ្វើ​ឲ្យ​បរិមាណ​នាំចូល​ឋា​ម​ពល​អគ្គិ ស​នី នាពេល​បច្ចុប្បន្ន​កាន់តែ​ថយចុះ គឺ​ពី ៥៦,៣​ភាគរយ មក​ត្រឹម​១៨,៦​ភាគរយ នៅ​រយៈពេល​ដូច គ្នា​កាលពី​ឆ្នាំមុន​។

​យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បានបង្ហាញ​ឥ្យ​ដឹងថា ក្រៅពី​ប្រភព​អគ្គិសនី​ដើរ​ដោយ​វា​រី​អគ្គិសនី និង​ធ្យូងថ្ម រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ជំរុញ​ការចូល រួម​អភិវឌ្ឍន៍​ដល់​ប្រភព​អគ្គិសនី​ស្អាត ដូចជា​ប្រភព​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ នៅ​ខេត្ត ស្វាយរៀង មាន​អានុភាព​១០​មេ​ហ្កា​វ៉ា​ត់​។ ក្រៅពីនោះ​កម្ពុជា ក៏មាន​ប្រភព​ថាមពល​កកើតឡើង​វិញ​ដែរ​ដូចជា​ប្រភព​ថាមពលជីវម៉ាស ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ​តាម​ផ្ទះ​នៅ​តំបន់​ជនបទ និង​ប្រព័ន្ធ​ថា​ម ពល ពន្លឺព្រះអាទិត្យ សម្រាប់​សាក​អាគុយ គម្រោង​ចង្ក្រាន​ប្រសិទ្ធភាព ឬ​ចង្ក្រាន​ប្រណីត ជាដើម ។​

​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​កម្ពុជា មាន​គម្រោង​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នៅ​ខេត្តស្ទឹងត្រែង រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ដុត​ធ្យូងថ្ម ២​កន្លែង នៅ​ខេត្ត​ព្រះសីហនុ និង​មួយកន្លែង​ទៀត​នៅ​ខេត្តកណ្តាល​។ ជាមួយគ្នា​ក៏មាន​ទំ​បន់​វា​រី​អគ្គិសនី​៦​កន្លែង ក្នុងនោះ​៤​កន្លែង​នៅ​ខេត្តកោះកុង ,​មួយកន្លែង​នៅ​ខេត្តកំពត និង​មួយកន្លែង​ទៀត​នៅ​ខេត្តពោធិ៍សាត់ ៕

កម្លាំង​សន្តិសុខ​៤.៦២៥​នាក់ ត្រូវបាន​ដាក់ពង្រាយ​ការពារ​មណ្ឌលបោះឆ្នោត​នៅ​ភ្នំពេញ​

​ភ្នំពេញ ៖ អំឡុង​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ដែល​នឹង​ប្រ​ព្រិ​ត្តិ​ទៅ​នៅ​ថ្ងៃ ទី ២៩ ខែកក្កដា នេះ ស្នងការ​នគរ​បាន​រាជធានី​ភ្នំពេញ បាន​ត្រៀមកម្លាំង​សន្តិសុខ ប្រមាណ ៤.៦២៥ នាក់ ដើម្បី​ការពារ​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ក្នុងពេល​ដំណើរ​ការបោះ ឆ្នោត នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​។

​ឯ​.​ឧ​. ជួន សុវណ្ណ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា កម្លាំង​ការពារ​យុទ្ធ នា​ការបោះឆ្នោត​ចំនួន ១.២៥៥​នាក់​។ កម្លាំង​ការពារ​ការិយាល័យ និង​រាប់​សន្លឹកឆ្នោត​ចំនួន ២.១៣៨ ការិយាល័យ លើ​២៦៦​ទីតាំង ប្រើ​កម្លាំង ៤៥០៥​នាក់​។ កម្លាំង​ត្រៀម​អន្តរាគមន៍​ចល័ត​ការពារ​ភូមិសាស្ត្រ​ក្រៅ ៤៨០​នាក់​។ កម្លាំង​ការិយាល័យ​វិទ្យុទាក់ទង ២៦៤​នាក់​។​

​បើតាម​របាយការណ៍​ខាងលើ មណ្ឌល​រាជធានី​ភ្នំពេញ ដែលមាន​ទាំង​១២​ខណ្ឌ រួម​និង​កម្លាំង​អន្តរាគមន៍ ដូចជា ខណ្ឌចំការមន ៤៤១​នាក់​,​ខណ្ឌដូនពេញ ៣២២​នាក់​, ខណ្ឌ​៧​មករា ២២២​នាក់​, ខណ្ឌ​ទួល​កោ​ក ៤៦៦​នាក់​, ខណ្ឌដង្កោរ ៣២៧​នាក់​, ខណ្ឌមានជ័យ​៥០០​នាក់​, ខណ្ឌ​ច្បារអំពៅ ៣៩៣​នាក់​, ខណ្ឌឫស្សីកែវ ៤១៦​នាក់​, ខណ្ឌ​ជ្រោយចង្វារ ១៦៤​នាក់​, ខណ្ឌ​សែន​សុខ ៣១៨​នាក់​, ខណ្ឌ​ព្រែក​ព្នៅ ១៧៤​នាក់​, ខណ្ឌ​ពោ​ធី៍​សែន​ជ័យ ៧៤៦​នាក់​,​កម្លាំង​អន្តរាគមន៍​១២០​នាក់​៕

សហគមន៍​អឺរ៉ុប និង​ព្រឹទ្ធសភា​សហគមន៍​អឺរ៉ុប​ចំនួន​៤៤​រូប នឹងចូលរួម​សង្កេតការណ៍ការបោះឆ្នោត

​ភ្នំពេញ ៖ សហគមន៍​អឺរ៉ុប និង​ព្រឹទ្ធសភា​សហគមន៍​អឺរ៉ុប ចំនួន​៤៤​រូប នឹង​មក សង្កេតការណ៍ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណ​តិ្ត​ទី​៦ ដែល​នឹង​ប្រព្រឹត្ត ទៅ នៅ​ថ្ងៃ​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ នេះ​បើតាម​ការបញ្ជាក់​របស់ ឯ​.​ឧ​. សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។

​តាមរយៈ​បណ្ដាញ ទំនាក់ទំនង​តេ​ឡេ​ក្រាម ឯ​.​ឧ​. សុខ ឥសាន បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី ២៨ ខែកក្កដា នេះ​ថា “​ក្រុមប្រឹក្សា​ទេសចរណ៍ សហគមន៍​អឺរ៉ុប និង ក្រុមប្រឹក្សា​ទំនាក់ទំនង​អន្តរជាតិ ព្រមទាំង​ព្រឹទ្ធសភា​សហគម​ន៏​អឺរ៉ុប សរុប ៤៤​នាក់ នឹង​មក​សង្កេតការណ៍ ការបោះឆ្នោត នៅ​កម្ពុ​ជានា​ថ្ងៃទី​២៩ ខែ កក្កដា​២០១៨ នេះ​”​។​

​ឯ​.​ឧ​. សុខ ឥសាន បាន​បន្ថែមថា “​ដោយឡែក ព្រឹទ្ធសមាជិក​សរ​អាចំ​នួន ៤ រូប​មកពី​រដ្ឋ វ៉ា​ស៊ី​ង​តោន ក៏​នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃ ទី​២៨ ខែកក្កដា​២០១៨ ដើម្បី ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត​នៅ​កម្ពុជា​”​នេះដែរ ៕​ Continue reading

ក្រសួង​បិទ​គេហទំព័រ​ព័ត៌មាន​ចំនួន​១៧ ដើម្បី​រក្សា​ភាពស្ងប់ស្ងាត់​នៅ​ថ្ងៃ​បោះឆ្នោត​

​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន​បាន​បញ្ជា​ឲ្យ​បិទ​គេហទំព័រ​ផ្សព្វផ្សាយ​ព័ត៌មាន​ចំនួន​១៧ ត្រូវបាន​ក្រសួង​ព័ត៌មាន បិទ​ផ្អាក​បណ្តោះអាសន្ន​រយៈពេល​៤៨​ម៉ោង ចាប់ពី​ម៉ោង​១២ យប់​ថ្ងៃទី​២៧ រហូតដល់​ម៉ោង​១២​យប់​ថ្ងៃទី​២៩ កក្កដា ដើម្បី​រក្សា​ភាពស្ងប់ស្ងាត់​ទាំង​នៅ​ថ្ងៃ ស និង​បោះឆ្នោត​។ នេះ​បើតាម​ការបញ្ជាក់​របស់ ឯ​.​ឧ​. ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​២៨ កក្កដា នេះ​។​

​ឯ​.​ឧ ផុស សុវណ្ណ ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​បា​នប​ញ​ញ​ជាក់​ថា ការបិទ​គេហទំព័រ​ទាំងនេះ គឺធ្វើឡើង​ទៅតាម​ការអំពាវនាវ​របស់​គណៈ ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែល​ស្នើ​ឲ្យ​មាន​ភាពស្ងប់ស្ងាត់​នៅ​ថ្ងៃ ស និង​នៅ​ថ្ងៃ​បោះឆ្នោត ពោល គឺ​មិន​ឲ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ណា​ដែល​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​។

​ឯ​.​ឧ​. ផុស សុវណ្ណ បាន​លើកឡើងថា គេហទំព័រ​ដែល​ក្រសួង​ព័ត៌មាន​បញ្ជា​ឲ្យ​បិទ​នេះ គឺ​ដោយសារ​មិនមាន​ម្ចាស់​ច្បាស់លាស់ និង​មិនបាន​ចុះ​ប​ញ្ចី​នៅ​ក្រសួង​ព័ត៌មាន​។ ការណ៍​នេះ ធ្វើ​ឲ្យ​ក្រសួង​ព័ត៌មាន​មិនដឹងថា តើ​ត្រូវ​ផ្ញើ​សេចក្តីជូនដំណឹង​ទៅកាន់​អ្នកណា និង​នៅ​កន្លែង​ណា​នោះទេ​។ លោក​ផុស សុវណ្ណ បាន​គូសបញ្ជាក់ថា ក្រសួង​ព័ត៌មាន គឺជា​អ្នកគ្រប់គ្រង និង​ទទួលខុសត្រូវ​ទៅលើ​ការចុះផ្សាយ​របស់​បណ្តា​វេ​ប​សាយ​ព័ត៌មាន​ទាំងអស់​។ ដូច្នេះហើយ ចង់​ឫ​មិន​ចង់ ក្រសួង​ត្រូវតែ​ចាត់វិធានការ ដើម្បី​ឲ្យ​ស្របទៅនឹង​ច្បាប់​ស្តីពី​ការបោះឆ្នោត​របស់​គ​.​ជ​.​ប​។

​ក្រោយ​ការចាត់វិធានការ​រប​ស់​ក្រសួង​ព័ត៌មាន​នេះ អ្នកគ្រប់គ្រង​លើ​វិទ្យុ​VOD បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដោយ​ការពារ​ពី​ភាពត្រឹមត្រូវ និង​ស្របច្បាប់​នៃ​វេ​ប​សាយ​ព័ត៌មាន​VOD របស់ខ្លួន​ដែរ​។

ក្នុងចំណោមគេហទំព័រ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​១៧​នេះ  ក៏មាន វេ​ប​សាយ​វិទ្យុ​VOD វិទ្យុ​VOA វិទ្យុ​អាស៊ីសេរី និង​វេ​ប​សាយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ដែរ ដែលវេ​ប​សាយ​ទាំងនេះ ត្រូវបាន​បិទ​ដំណើរការ​តាំងពី​ម៉ោង​១២ យប់​ថ្ងៃទី ២៧ កក្កដា មក​ម្ល៉េះ​។

​ទោះជា​យ៉ាងណាក្តី ឯ​.​ឧ ផុស សុវណ្ណ បាន​បញ្ជាក់ថា ការបិទ​វេ​ប​សាយ​បែបនេះ មិនមែនជា​រឿង​ចម្លែក​អ្វី​នោះទេ ដោយហេតុថា កាលពី​អាណត្តិ​មុនៗ ក្រសួង​ព័ត៌មាន​ក៏​ធ្លាប់​បានធ្វើ​ដូច្នេះ​ដែរ ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​គ្មាន​ច្បាប់​៕

ថៃឧបត្ថម្ភជាង១៤ម៉ឺនដុល្លារ ជួយជនរងគ្រោះដោយទឹកជំនន់នៅឡាវ

ថៃ ៖ ប្រទេសថៃបានផ្តល់ជំនួយចំនួន ៥លានបាត ឬ ប្រមាណ 147.000ដុល្លារទៅដល់ប្រទេសឡាវ ដែលកំពុងតែប្រឈមទៅនឹងទឹកជំនន់ធ្ងន់ធ្ងរ ដោយសាតែ ការបាក់ទំនប់វារីអគ្គីសនី នៅខេត្តភាគខាងត្បូងប្រទេស។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានផ្តល់ជំនួយជាទឹកប្រាក់សុទ្ធ ចំនួន 147.000ដុល្លារ តាមរយៈ ឯកអគ្គ រដ្ឋទូតឡាវ ប្រចាំប្រទេសថៃ លោក សេង ស៊ូខាត់ធិវុង នៅវិមានរដ្ឋាភិបាល។

បន្ថែមទៅ លើ ទឹកប្រាក់នេះ រដ្ឋាភិបាលថៃ ក៏កំពុងផ្តល់ទឹកសំរាប់បរិភោគ ស្បៀងអាហារ ថ្នាំពេទ្យ និងតង់ផ្លាស្ទីក សំរាប់ជនរងគ្រោះទឹកជំនន់ នៅក្នុងខេត្តអាតាពើ ប្រទេសឡាវ ភាគខាង ត្បូង។ ប្រជាជនរាប់រយនាក់នៅក្នុងភូមិ នៃខេត្តអាតាពើ ត្រូវបានរាយការណ៍ថា បាត់ខ្លួន រាប់ពាន់នាក់រងការប៉ះពាល់ ដោយទឹកជំនន់ធ្ងន់ធ្ងរ បន្ទាប់ពីទំនប់វារីអគ្គីសនី សេពពៀន សេណាម ណយ បានបាក់រលំ នាំមកនូវទឹកជំនន់ភ្លាមៗ បង្ករឡើងដោយទឹកភ្លៀងខ្លាំង៕

គណៈប្រតិភូ​ក្រសួងការបរទេស​ចិន​ទៅដល់​ទីក្រុង​ព្យុងយ៉ាង​

​ចិន ៖ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង បាន​ឲ្យ​ដឹងថា គណៈប្រតិភូ​ក្រសួង​ការ បរទេស​ចិន ដឹកនាំ​ដោយ អនុរដ្ឋមន្ត្រី លោក គង់​សួន​យូ បានមក​ដល់ទី​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង ។

វីដេអូ​ផ្តល់​ឲ្យ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើង បាន បង្ហាញ​ឲ្យ​ឃើញ​យន្តហោះ​ក្រុមហ៊ុន​អាកាសចរ​ណ៏​ចិន Air China ដែល​ត្រូវបាន​គេ​ជឿថា ដឹកជញ្ជូន គណៈប្រតិភូ​ចិន និង​បន្តដំណើរ​ដោយ​រថយន្ត​ចេញពី​ព្រលានយន្តហោះ អន្តរជាតិ​ក្រុង​ព្យុងយ៉ាង​។ នៅ​ក្នុ​ខ្សែអាត់​វីដេអូ លោក គួ​ង និង​ភាគី​របស់លោក ត្រូវបាន​គេ ឃើញ កំពុង​ត្រូវបាន​ស្វា​គម​ន៏​ដោយ​មន្ត្រី​កូរ៉េខាងជើង និង​មន្ត្រី​ចិន​។ និង​បាន​ថតរូប​រួមគ្នា​។

​ទោះជា​យ៉ាងណា ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង មិនបាន​ផ្តល់ព័ត៌មាន​លំអិត រួមទាំង​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ចិន​ឡើយ​៕

Continue reading

ជនបរទេស​៣៥​នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​ថៃ ក្នុង​ហេតុផល​ខុសគ្នា​

​ថៃ ៖ ជនបរទេស​៣៥​នាក់ ត្រូវបាន​ឃាត់ខ្លួន ពីបទ​ល្មើស​ទិ​ដ្ឋ​ការ និង​ការ​ចូលមក​ដោយ​ខុសច្បាប់ អំលុង​ការ​វាយឆ្មក់​ដែលមាន​ការសម្របសម្រួល នៅ​ទីតាំង​៦២​កន្លែង ទូទាំងប្រទេស​ថៃ ។

ស្នងការរង​នៃ​ការិយាល័យ​ប៉ូលីស​ទេសចរ​ណ៏​បាន​ឲ្យ​ដឹងថា ក្រុម​ប៉ូលីស មកពី អង្គភាព​ជាច្រើន បាន​ឆ្មក់ ចូល​ទីតាំង​គោលដៅ​ចំនួន​៦២​កន្លែង ក្នុង​ក្រុង​បាងកក និង​បណ្តា​ខេត្ត មួយចំនួនទៀត រួមមាន​ទាំង សាលា​ភាសា​ចំនួន​៣​កន្លែង និង​សាលា​អនុវិទ្យាល័យ ចំនួន​១១​កន្លែង ។

៩​នាក់​ក្នុងចំនោម ជនសង្ស័យ ៣៥​នាក់ ៦​នាក់​មកពី​ប្រទេស​ឥណ្ឌា មកពី​ប្រទេស​ចិន​ម្នាក់ កាំ​មឺ​រូ​ន​ម្នាក់ និង​អាល្លឺម៉ង់​ម្នាក់ ដែល​ត្រូវបាន ចោទប្រកាន់​ពីបទ ស្នាក់​នៅលើ​កាលកំណត់​នៃ​ទិ​ដ្ឋ​ការ​របស់​ពួកគេ​។ រីឯ​ជន​ស​ង្ស័​២៥​នាក់​ផ្សេងទៀត មកពី ប្រទេស​ឡាវ មី​យ៉ាន់​ម៉ា ឥណ្ឌា ស៊ី​រី អេ​ហ្សី​ប យ៉េ​មែន និង​អ៊ុយ​ហ្គ​ង់​ដា ត្រូវបាន​ចោទប្រកាន់​ពីបទ ចូល​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។

ការ​ឆ្មក់​ចូល​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ដែល​លើក​នេះ​ជាការ បង្ក្រាប​លើក​ទី​១៨ លើ​ជនបរទេស​ចូលមក​ដោយ​បន្លំ​ជា​ភ្ញៀវ ទេសចរណ៍ ដើម្បី​អនុវត្តន៍​កម្ម​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ សន្តិសុខ និង​ទេសចរណ៍​ជាតិ​៕

ជប៉ុន​រៀបចំ​ធ្វើ​សមយុទ្ធ​ពហុភាគី ហ្វឹកហាត់​ស្ទាក់ចាប់​នាវា​ដឹក​សព្វាវុធ​

​ជប៉ុន ៖ ប្រទេស​ជប៉ុន បានរៀបចំ​ធ្វើ​សមយុទ្ធ​ដែនទឹក​ចំរុះ​ជាតិ​សាសន៍ ដែលមាន​ការចូលរួម​ពី សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ដទៃទៀត ដើម្បី​អនុវត្តន៍​ការស្ទាក់ចាប់​អាវុធ​បំផ្លាញ​ទ្រង់ទ្រាយ​ធំ នៅ​កំពង់ផែ យូ​កូ​ស៊ូ​កា​។

នៅ​ថ្ងៃទី​ពីរ នៃ​ការធ្វើ​សមយុទ្ធ ប៉ាស៊ីហ្វិក​សៀ​ល ១៨ សហរដ្ឋអាមេរិក ប្រទេស​ថៃ និង​ហ្វីលីពីន បាន​អនុវត្តន៍​ការត្រួតពិនិត្យ​លើ​នាវា​សង្ស័យ ដើម្បី​ស្វែងរក​សំភា​រះ​វិទ្យុសកម្ម​។

​ប៉ូលីស គយ ឆ្មាំ​សមុទ្រ និង​បុគ្គលិក​កងកំលាំង​ស្វ័យការពារ​ជប៉ុន បាន​ត្រួតពិនិត្យ​រថយន្ត កុងតឺន័រ ក្នុង​ការធ្វើ​សមយុទ្ធ​មួយ ដើម្បី​ស្វែងរក​អាស៊ីត​ផូស្វ័រ​រិច​គីមី ដែល​ត្រូវបាន​ប្រើ​ដើម្បី​ផលិត សារជាតិ​បំផ្លាញ​សរសៃប្រសាទ ដូចជា សារធាតុ សារី​ន និង វី​អ៊ិ​ច​។

​គំនិត​ផ្តូ​ច​ផ្តើម​សន្តិសុខ​ពហុ​និយម ហៅ​កាត់​ថា PSI ដែលមាន​សមាជិក​ដូចជា​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង បានចាប់ផ្តើម​នៅក្នុង​ឆ្នាំ ២០០៣ ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ទប់ ស្កាត់​ការ​រាលដាល​បច្ចេកវិទ្យា​នុយក្លេអ៊ែរ និង​អាវុធ​បំផ្លាញ​ទ្រង់ទ្រាយ​ធំ​ផ្សេងទៀត​។

អ្នកជំនាញ​ជាច្រើន​បា​នស​សើរ​គំនិត​ផ្តូ​ច​ផ្តើម​នេះ ថា​ជា​ឧបករណ៍​ដើម្បី​ទប់ទល់​នឹង​ម​ហិ​ច្ឆិ​តា អាវុធ​នុយក្លេអ៊ែរ​រប​ស់​កូរ៉េខាងជើង និង ការ​សាយភាយ ព្រមទាំង​អាវុធ​ខុសច្បាប់​ផងដែរ ៕

នគរបាល​ខេត្តក្រចេះ​ត្រៀម​រួចរាល់​បង្ក្រាប​ឧបាយកល​បំផ្លិចបំផ្លាញ​ការបោះឆ្នោត​

​ខេត្តក្រចេះ​៖​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​នាយ​ឧ​ត្ត​ម​សេនីយ៍​គៀត​ច័ន្ទ​ថា​រិ​ទ្ធ​អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ជម្រុញ​ដល់​កងកម្លាំង​ទាំងអស់​នៅក្នុង​ខេត្តក្រចេះ​ត្រូវ​លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ក្នុងការ​ត្រៀម​អន្តរា​គម​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​សកម្មភាព​ក្រុមប្រឆាំង​ខុសច្បាប់​និង​ពួក​អមិត្ត​ដែល​ប៉ុនប៉ង​ឬ​បង្ក​ភាពចលាចល​តាម​គ្រប់រូប​ភាព​ពិសេស​ការកៀងគរ​ប្រមូល​កម្លាំង​ធ្វើបាតុកម្ម​ខុសច្បាប់​ក្នុង​ឧបាយកល​បំផ្លិចបំផ្លាញ​ការបោះឆ្នោត​។​

​ការលើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ធ្វើឡើង​នៅ​ថ្ងៃទី​២៦ កក្កដា ក្នុង​ពី​ធី​ប្រគល់​រថយន្ត​ស៊ី​រ៉ែ​ន​ចំនួន​៦​គ្រឿង ដល់​ស្នងការ​នគរបាល​ខេត្តក្រចេះ សម្រាប់​បែងចែក​ដល់​អធិការ​ស្រុក​,​ក្រុង​ទាំង​៦ ប្រើប្រាស់​ដល់​កិច្ចការងារ​បង្ក្រាប​ទប់​ស្កាត់​បទល្មើស ក៏ដូចជា​ប្រតិ​ប​ត្ត​ការការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​ថ្ងៃ​បោះឆ្នោត​ខាងមុខនេះ​។​

​អគ្គ​ស្នងការរង​នគរបាលជាតិ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ​បាន​បន្តថា​កងកម្លាំង​ទាំងអស់​ត្រូវមាន​វត្តមាន​ប្រចាំការ​នៅក្នុង​អង្គភាព​និង​ការគ្រប់គ្រង​ថែរក្សា​ត្រួតពិនិត្យ​មធ្យោបាយ​យានយន្ត​អាវុធ​គ្រាប់រំសេវ​គ្រឿង​សម្ភារ​បរិក្ខារ​គ្រឿង​បំពាក់​ធានាបាន​គុណភាព​ក្នុង​កិច្ចប្រតិបត្តិការ​។​ក្រោយ​ចប់​ការបោះឆ្នោត​កម្លាំង​ដែល​ការពារ​ការិយាល័យ​បោះឆ្នោត​ត្រូវ​ប្រញាប់ប្រញាល់​វិលត្រឡប់​មកកាន់​អង្គភាព​វិញ​ដើម្បី​ត្រៀម​អន្តរាគមន៍​សភាពការណ៍​រហូតដល់​ការប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​បាន​ចប់សព្វគ្រប់​។​

​បើតាម​របាយការណ៍ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ត្រៀមកម្លាំង​អន្តរា​គម​ចំនួន​២០០​នាក់ និង​មាន​កម្លាំង​ចំនួន​ចំនួន​១២៨៤​នាក់ សម្រាប់​ការពារ​ការិយាល័យ​បោះឆ្នោត​ទាំង​៥៥៥​នៅក្នុង​ខេត្តក្រចេះ​។ ដោយឡែក សម្រាប់​កម្លាំង​ប្រជា​ការពារ ក៏មាន​ការត្រៀម​អន្តរា​គម​នៅតាម​បណ្ដា​ស្រុក​-​ក្រុង និង​ប៉ុស្តិ៍នគរបាល​មាន​ចំនួន ៧៤៤​នាក់ ជាមួយគ្នានេះ កម្លាំង​ទាំងនោះ​ក៏បាន​សិក្សា​អំពី​ច្បាប់ ក្រមសីលធម៌ និង​នីតិវិធី​នៃ​ការបោះឆ្នោត​ផងដែរ​៕x



រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់ទុក​ប្រទេស​ចិន​ជាទី​ផ្សារ​ដ៏​ធំ​សម្រាប់​នាំចេញ​កសិផល​កម្ពុជា​

​សៀមរាប ៖ វិស័យ​កសិកម្ម​មិន​ត្រឹមតែ​ជា​ឆ្អឹងខ្នង នៃ​ខឿន​សេដ្ឋកិច្ចជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ។ ដូច្នេះ​ដើម្បី​ជំរុញ​ឲ្យ​វិស័យនេះ​រីកចម្រើន រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សម្លឹង​ឃើញថា ប្រទេស​ចិន​គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ការនាំចេញ​កសិផល​កម្ពុ​ជា​។​

​លោក វេ​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ដើម្បី​នាំចេញ​នូវ​កសិផល​ទាំងនោះ​កសិករ​កម្ពុជា ត្រូវ​ពង្រឹងសមត្ថភាព​ក្នុងការ​បង្កបង្កើនផល​របស់ខ្លួន ក៏ដូចជា​ការយកចិត្ត​ទុកដាក់​ក្នុងពេល​ខ្ពស់​ចាប់តាំងពី​ការ​តំណាក់កាល​ដាំ​ដុះ​រហូតដល់​ប្រមូល​ផល​។

​មានប្រសាសន៍​នៅក្នុង​ពេលដែល​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិ​ព័រ​ណ៌​ផ្សារណាត់​បន្លែ និង​ផលិតផល​សុវត្ថិភាព ក្នុង​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក វេ​ង សាខុន បន្តថា នៅ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៨​ខាងមុខនេះ ក្រសួងកសិកម្ម នឹង​ចុះហត្ថលេខា​នាំចេញ​ផ្លែ​ចេក ទៅកាន់​ទីផ្សារ​របស់​ប្រទេស​ចិន ។ ឯកឧត្តម​ឲ្យ​ដឹងថា ការនាំចេញ​ផ្លែ​ចេក​នេះ កម្ពុជា​បាន​ចរចារ​ជាមួយ​ប្រទេស​ចិន​អស់​ពេល​ជាង​៤​ឆ្នាំ ទំរាំ​តែ​ផលិតផល​របស់​យើង​ត្រូវ​តាម​ស្តង់ដា​ដែល​គេ​ចង់បាន​។​

​កាលពីពេល​កន្លងទៅ កម្ពុជា​បាន​នាំចេញ​កសិផល​ទៅកាន់​ប្រទេស​ចិន​ទៅលើ មុខទំនិញ​មួយចំនួន​ដូចជា​ដំឡូង​មី ពោត អង្គរ និង​ចុងអង្ករ​បុ​ណ្ណោះ​។ បើតាម​លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​ឲ្យ​ដឹងថា នៅពេល​ខាងមុខ​កម្ពុជា​នឹងធ្វើ​ការចរចារ​ជាមួយ​ប្រទេស​ចិន​សម្រាប់​ការនាំចេញ​នូវ​ផ្លែស្វាយ ផ្លែ​តា​ង៉ែ​ន ផ្លែ​ដូង និង​ទំនិញ​កសិផល​ផ្សេងៗ​ជា​បន្តទៀត​៕

កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​២​ល្បាត​មូលដ្ឋាន​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ឆែកឆេរ​ឃើញ​ថ្នាំ

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​បាល​ប៉ុស្តិ៍​ចោមចៅ​២​ឃាត់ខ្លួន ធ្វើការ​ឆែកឆេរ​រកឃើញ​ថនាំញៀន​មួ​យក​ញ្ច់​ថង់​តូច​កាលពី​វេលា​ម៉ោង​០០៖៣០​នាទី​ថ្ងៃទី​ថ្ងៃទី​២៦ ខែកក្កដា​ឆ្នាំ ២០១៨ នៅ​ផ្លូវ​បេតុង ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​សមត្ថកិច្ច​បានអោយដឹង​ថា នៅពេល​កម្លាំង​នគរបាល​កំពុង​ល្បាត​តាម​មូលដ្ឋាន​ក៏​ប្រទះឃើញ​ជនសង្ស័យ​ខាងលើ​ដើរ​ម្នាក់ឯង​ថ្មើរជើង​នៅ​ចំណុច​ខាងលើ ក៏បាន​សុំ​ធ្វើការ​ឆែកឆេរ​ក៏​បានឃើញ​ថ្នាំញៀន​១​កញ្ចប់​ថង់​តូច​តែម្តង​ទើប​នាំខ្លួន​ទៅកាន់​ប៉ុស្តិ៍នគរបាល​ដើម្បី​ធ្វើការ​សាកសួរ​។

​សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ​មានឈ្មោះ ភា​ច និមល ភេទ​ប្រុស​អាយុ​៣៥ ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន នគរបាល​ប៉ុស្តិ៍ នាំខ្លួន​មក​សួរនាំ​និង​កសាង សំណុំរឿង​បញ្ចូនទៅ​កាន់​ផ្នែក​ជំនាញ នៃ​អធិកា​ដ្ឋា​ន​នគរបាល​ខណ្ឌ​ដើម្បី​ឃុំខ្លួន​ជា​បណ្តោះអាសន្ន និង​បន្ត​តិ​និ​វិធី​ច្បាប់​៕​

ជប៉ុន នឹង​បញ្ជូន​អ្នកសង្កេតការណ៍​មក​ឃ្លាំមើល​ការបោះឆ្នោតជាតិ​នៅ​កម្ពុជា​

​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​សន្និសីទកាសែត​មួយនា​ថ្ងៃ​ពុធ ទី​២៥ កក្កដា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន បាន​គូសបញ្ជាក់ថា ជប៉ុន​នឹងមិន​បញ្ជូន​អ្នកសង្កេតការណ៍ មក​ឃ្លាំមើល​ការបោះឆ្នោតជាតិ​នៅ​កម្ពុ​ជានា​ចុង​សប្ដាហ៍​នេះ​ទេ បើទោះបីជា​ជប៉ុន​គឺជា​ម្ចាស់ជំនួយ​ដ៏​សំខាន់​មួយ​នៅក្នុង​ការបោះឆ្នោត​នេះ​ក៏ដោយ​។

​គួរ​ជម្រាបជូន​ថា ជប៉ុន​គឺជា​ប្រទេស​ម្ចាស់ជំនួយ​ដ៏​ចម្បង​មួយ​សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា​។ ថ្មីៗ​នេះ ប្រទេស​ជប៉ុន​បានផ្ដល់​ជំនួយ​ជា​ហិប​ឆ្នោត​ចំនួន ១១,០០០ ហិប ក៏ដូចជា​រថយន្ត​ប្រភេទ Pick Up ចំនួន​៤០​គ្រឿង សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨​។ គិត​ទាំង​លើក​នេះ​ទៀត ជំនួយ​របស់​ជប៉ុន​ស​ម្រា​ប់​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ជាង​៧​លាន​ដុល្លារ​ហើយ​។​

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ បាន​បញ្ជាក់ថា ទោះបី​មិន​បញ្ជូន​អ្នកសង្កេតការណ៍​មក​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​ក៏ពិតមែន ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជ​ប៉ុន លោក Yoshihide Suga បាន​អះអាងថា ជប៉ុន​បាន​បញ្ជូន​អ្នកជំនាញ​ជាច្រើន​មក​កម្ពុជា ក៏ដូចជា​ផ្ដល់ជំនួយ​បច្ចេកទេស​ដល់​ការបោះឆ្នោត​លើក​នេះ​។ លោក​ថា នេះ​បង្ហាញ​ពី​ការគាំទ្រ​របស់​ជប៉ុន ចំពោះ​កំណែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា​។​

​ការសម្រេច​របស់​ជប៉ុន​នេះ ត្រូវគេ​មើលឃើញថា បានធ្វើ​ឡើង​ស្រប​ពេលដែល​ស្ថានទូត​អាមេរិក បានចេញ​ប្រកាសថា គ្មាន​ភ្ញៀវ ឬ​អ្នកសង្កេតការណ៍​ណា​ម្នាក់ មកពី​រដ្ឋាភិបាល​អាមេរិក នឹងចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា​ដូចគ្នា​។ ការសម្រេច​របស់​អាមេរិក​នាពេលនេះ ធ្វើឡើង​ស្រដៀង​គ្នា​នឹង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​បាន​សម្តែង​កង្វល់​ដដែលៗ ចំពោះ​ការវិវត្តន៍​ផ្នែក​នយោបាយ​នៅ​កម្ពុជា​។

សូមបញ្ជាក់ថា កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោតជាតិ អាណត្តិ​ទី​៦ នៅ​ថ្ងៃទី​២៩ កក្កដា​។ ជាមួយគ្នានេះ គ​.​ជ​.​ប បានប្រកាសថា សម្រាប់​ការបោះឆ្នោត​នេះ មាន​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ ជិត​៨​ម៉ឺន​នាក់ មកពី​១០៧​ស្ថាប័ន​៕

៥​ឆ្នាំនេះ កម្ពុជា​ទទួល​ទុនវិនិយោគ​ថ្មី​ជាង​២៣​ពាន់​លាន​ដុល្លារ​ពី​ក្រុមហ៊ុនចម្រុះ​

​ភ្នំពេញ ៖ ក្នុង​រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ​២០១៣ ដល់ ឆ្នាំ​២០១៧​កន្លងទៅ ប្រទេស​កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគ​ថ្មី​ចំនួន​៩៧០​គម្រោង ទៅអោយ​ទាំង ក្រុមហ៊ុន​ក្នុងស្រុក និង​បរទេស ដែល​ចំនួន​ទុនវិនិយោគ​សរុប​នៃ​គម្រោង​ទាំងអស់នេះ មាន​ប្រមាណ​ជាង​២៣​ពាន់​លាន​ដុល្លារ​អាមេរិក និង ផ្តល់​ការងារ បាន​ជិត​១០​ម៉ឺន​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​ថ្មី​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​។​

​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​បញ្ជាក់ថា ក្នុងចំណោម​គម្រោង​វិនិយោគ​សរុប​ទាំង​៩៧០​គម្រោង ដែល​ស្ថិតនៅក្រោម​ទុនវិនិយោគ​សរុប​ប្រមាណ​២៣​ពាន់​៤៨០​លាន​ដុល្លារ​អាមេរិក​របស់​ក្រុមហ៊ុន​ក្នុងស្រុក និង​បរទេស រយៈពេល​៥​ឆ្នាំកន្លងមក គឺ មាន​៨១១​គម្រោង ផ្តោតលើ​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល ដោយមាន​ទុនវិនិយោគ​ស្មើនឹង​៣១% (​ជាង​៧,៣១៦,៧០​លាន​ដុល្លារ​) នៃ​ទុនវិនិយោគ​សរុប​។

​វិស័យ​កសិកម្ម​និង​កសិឧស្សាហកម្ម​មាន​៧៨​គម្រោង មាន​ទុនវិនិយោគ​ស្មើ​១២% (​ជាង​២៧៥០,៤៧​លាន​ដុល្លារ​) នៃ​ទុនវិនិយោគ​សរុប​។ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ផ្សេងៗ​មាន​៤៤​គម្រោង មាន​ទុនវិនិយោគ ស្មើនឹង​៣៥​ភាគរយ (៨,១៤៧.៩៥​លាន​ដុល្លារ​) នៃ​ទុនវិនិយោគ​សរុប​។ និង​វិស័យ​ទេសចរណ៍​មាន​៣៧​គម្រោង មនា​ទុនវិនិយោគ ស្មើនឹង​២២​ភាគរយ (៥,២៦៤,៨៦​លាន​ដុល្លារ​) នៃ​ទុនវិនិយោគ​សរុប​។

​របាយការណ៍ CDC ក៏បាន​បង្ហាញថា ក្នុង​រយៈពេល​៥​ឆ្នាំ​នេះដែរ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​អាជ្ញាប័ណ្ណ ឱ្យ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​២២​ទីតាំង ដែល​ធ្វើឱ្យ​ចំនួន​តំបន់​សេដ្ឋកិច្ច​ពិសេស​សរុប​បាន​កើន​ដល់​៤៧ ហើយ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​បាន​ដំណើរការ​មាន​១៨ ដែល​ក្នុងនោះ​មាន​រោងចក្រ​៣៣០ កំពុងមាន​សកម្មភាព​ផលិត​ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ជាង ៩​ម៉ឺន​៦​ពាន់​នាក់​៕​