All posts by មេគង្គ ប៉ុស្តិ៍

ប្រតិភូ​ក្រសួង​ការពារ​ចិន ទស្សនកិច្ច​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​

ភ្នំពេញ ៖ បន្ទាប់ពី​បាន​បើកសម្ពោធ​ពិ​ព័ណ៌​កិច្ចសហប្រតិបត្តិការ​យោធា កម្ពុជា​.​ចិន រួចមក ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វៃ ហ្វេ​ង​ហឺ (WEI FENG HE) សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អមដំណើរ​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ​ក​ម្ពុ​ជា បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា នា​ព្រឹក​ថ្ងៃ​ដដែល​នោះ ។

ក្នុងឱកាស​អញ្ជើញ​ទៅដល់​គណៈប្រតិភូ​បាន​អញ្ជើញ​ទស្សនា​នូវ​សមិទ្ធិផល​មួយចំនួន​នៅក្នុង​មន្ទីរ​ពេទ្យ ដែល​បានផ្ដល់​ដោយ​កងទ័ព​រំដោះប្រជាជន​ចិន ជួន​ដល់​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​កន្លងមក សំរាប់ជួយ​ព្យាបាល​ដល់​កងទ័ព​ដែលមាន​ជំងឺ និង​របួស ទូទាំង ខ​.​ភ​.​ម ។

​ក្នុង​ជំនួយ​ទាំងនោះ​មាន​ជា​អាគារសំភារៈ​បច្ចេកទេស​ព្យាបាល​ដ៏​ទំនើប សំរាប់​ព្យាបាល​គ្រប់​ប្រភេទ​ជំងឺ ព្រមទាំង​បានផ្តល់​វេជ្ជ​ប​ណ្ឌឹ​ត​បច្ចេកទេស​ក្នុងការ​ព្យាបាល និង​ជួយបណ្តុះបណ្តាល​ដល់​គ្រូពេទ្យ​កងទ័ព​កម្ពុជា​បានជា​ច្រើន​នាក់​ថែម​ទៀតផង ។

គណៈប្រតិភូ​បាន​ក៏បាន​អញ្ជើញ​ទស្សនាការ​ព្យាបាល​ជំងឺ​ជូន​កងទ័ព​និង​ប្រជាជន របស់​ក្រុម​គ្រូ ពេទ្យ មន្ទីរពេទ្យ​ព្រះ​កេតុមាលា​កម្ពុជា និង​ក្រុម​អ្នកឯកទេស វេជ្ជបណ្ឌិត មកពី​សកល វិទ្យាល័យ វេជ្ជសាស្ត្រ កងទ័ពជើងទឹក សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលមាន​ក្រុម​ជំនាញ​ឯកទេស​ពិគ្រោះ​ពិនិត្យ និង​ព្យាបាល​ជម្ងឺ ដោយ​ឥតគិតថ្លៃ​ផងដែរ​។​ការពិគ្រោះ​ពិនិត្យ​ព្យាបាល​របស់​ក្រុមគ្រូពេទ្យ​ជំនាញ​ទាំងនេះ មាន​រយៈពេល​ចំនួន ៤ ថ្ងៃ​មកហើយ​គឺ ចាប់ពី​ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០ ១៨ ដល់​ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨ នេះ​លើ​មុខ​ជំងឺ​មានដូចជា​៖​ចុះ​ពិគ្រោះ​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ ចំនួន ២២​ឯកទេស រួមមាន​ដូចជា ផ្នែក​បេះដូង និង​សរសៃឈាម​, ផ្នែក​សួត​, ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ​, ផ្នែក​វះកាត់​ទូទៅ​, ផ្នែក​វះកាត់​ដើម ទ្រូង​-​ផ្នែក​វះកាត់​ឆ្អឹងខ្នង​, ផ្នែក​ប្រព័ន្ធ​ប្រសាទ​, ផ្នែក​តម្រងនោម​, ផ្នែក​ភ្នែក ត្រចៀក ច្រមុះ​និង​បំពង់ក​, ផ្នែក​មាត់​ធ្មេញ​, ផ្នែក​រោគ​ស្ត្រី​, ផ្នែក​រលាក​, ផ្នែក​ជម្ងឺ​កុមារ​, ផ្នែក​សើរ​ស្បែក​, ផ្នែក​ពេទ្យ​បុរាណ​, ផ្នែក​ថ្នាំ សណ្តំ​, ផ្នែក​សង្គ្រោះបន្ទាន់​, ផ្នែក​ជម្ងឺឆ្លង​, ផ្នែក​អេកូ​សាស្ត្រ និង​ផ្នែក​រូបភាព វេជ្ជសាស្ត្រ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ វៃ ហ្វេ​ង​ហឺ (WEI FENG HE) សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រី ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ដែល​បាន​ពុះពារ​ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច ពិសេស​ការព្យាបាល​ជំងឺ​ជូន​ដល់​នាយទាហាន ពលទាហាន ព្រមទាំង​ការកសាង អភិវឌ្ឍន៍​មន្ទីរពេទ្យ របស់​ឲ្យ​មានការ​រីកចម្រើន ។ លោក បាន​ថ្លែងថា បច្ចុប្បន្ន​ចិន​និង​កម្ពុជា មាន​ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ នៅលើ​គ្រប់​វិស័យ រួមទាំង​វិស័យសេដ្ឋកិច្ច នយោបាយ និង​វិស័យ​ការពារជាតិ​ផងដែរ ។​

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​គូសបញ្ជាក់ថា ចិន​នៅតែ​បន្ត​ការគាំទ្រ​ជា​បន្តទៅ ទៀត​ដល់ ប្រទេស​កម្ពុជា និង ខ​.​ភ​.​ម ក្នុងនោះ​បន្ត​ផ្តល់ជំនួយ​សម្ភារៈ និង​ការហ្វឹកហ្វឺន​ដល់​មន្ទីរពេទ្យ ដើម្បី​មាន សមត្ថភាព​និង​លទ្ធ​គ្រប់គ្រាន់​ក្នុង​កិច្ចការ​ព្យាបាល​កងទ័ព និង​ប្រជាជន​កម្ពុជា ៕​

សភា​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​២៧ វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក​

ភ្នំពេញ ៖ សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​២៧ វេទិកាសភា​អាស៊ី​ប៉ា​ស៊ី ហ្វិ​កនៅ​ខេត្តសៀមរាប ទឹកដី​អង្គរ ពីថ្ងៃ​ទី​១៣ ដល់ទី​១៧ ខែមករា ឆ្នាំ​២០១៩ ក្រោម​ប្រធាន​ប​ទៈ ពង្រឹង ភាពជា​ដៃគូ​សភា ដើម្បី​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​នេះ ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២ រដ្ឋសភា និង​ជា​ប្រធាន គណៈកម្មការ​រៀបចំ​សម្រាប់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ នៃ​សភា​អា​សុ​ី ប៉ា​សុ​ី​ហ្វិ​ក រសៀល​ថ្ងៃទី​១៩ មិថុនា​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង និង​ផ្នែក​ពាក់ព័ន្ធ​នានា ដោយ​ក្នុង​កិច្ចប្រជុំ​នេះ​ឯកឧត្តម​បណ្ឌិត បាន​ជម្រុញអោយមាន​កិច្ចសហការ​ខ្ពស់​ពី​បណ្តា​ក្រសួង និង​ផ្នែក​ពាក់ព័ន្ធ​នានា ដើម្បី​ធ្វើយ៉ាងណា​អោយ ការប្រជុំ​ដ៏​មាន​សារសំខាន់​ខាងលើ​ទទួលបាន​ជោគជ័យ ដើម្បី​មុខមាត់​របស់​កម្ពុជា​ដែលជា​ម្ចាស់ផ្ទះ​រៀបចំ កិច្ចប្រជុំ​។​

​សូម​ជម្រាបជូន​ថា​៖ វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក ត្រូវបាន​បង្កើតឡើង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស ជប៉ុន ក្នុង​ឆ្នាំ​១៩៩៣ ហើយ​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលរួម​ជា​សមាជិក​ពេញសិទ្ធិ​នៃ​វេទិកា សភា​នេះ​កាលពី​ឆ្នាំ​១៩៩៥​។​

បច្ចុប្បន្ន វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក​នេះ​តែងមាន​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ជា​ទៀង ទាត់ ដោយ​ប្រទេស​ជា​សមាជិក​ផ្លាស់ប្តូរ​វេណ​គ្នា​ធ្វើជា​ប្រធាន​។ កាលពី​ឆ្នាំ​២០១៧ ប្រទេស​វៀតណាម​ធ្វើ ជា​ប្រធាន​នៃ​វេទិកា​លើក​ទី​២៦៕

(រូបភាពពីគេហទំព័រ រដ្ឋសភាជាតិ)

ចៅក្រម​ចេញ​ដីកាឃុំខ្លួន​អ្នកបើករថយន្ត​តាក់ស៊ី​បើក​បុក​រថយន្ត​សម្តេចក្រុមព្រះ

​ខេត្ត​ព្រះសីហនុ​៖ ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក ប្លុង វិសាល បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន បុរស​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ម្នាក់ ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​អ្នក​ម្នាង អ៊ុក ផល្លា ស្លាប់ និង សម្ដេចក្រុមព្រះ នរោត្តម រណ្ណ​ប្ញ​ទ្ធិ ព្រមទាំង​មនុស្ស​ច្រើន​នាក់​ទៀត​របួសធ្ងន់ ដាក់ពន្ធនាគារ កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨​។​

​គ្រោះថ្នាក់​ច​រា​រណ៍​នេះ​កើតឡើង កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ នៅតាម​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
​បុរស​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​មាន ឈ្មោះ ម៉ិ​ល សារ៉េត អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​២ សង្កាត់​១​ក្រុងព្រះសីហនុ​។​

​ភ្លាមៗ​បន្ទាប់ពី​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក ប្លុង វិសាល បានចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ អ្នកបើកបរ​រូប​ខាងលើ ក៏​ត្រូវបាន​មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ នាំខ្លួន​ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ក្រោម​ការគ្រប់គ្រង​រប​ស់ម​ន្ត្រី​ពន្ធនាគារ ព្រោះ​ជនបង្ក​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ក៏មាន​របួសធ្ងន់​ដែរ​៕​

ឪពុកម្តាយ​យំ​ស្រែក​រក​យុត្តិធម៌ រឿង​គេ​សម្លាប់​កូន ឯ​ជនល្មើស​៥​នាក់​គ្មាន​ទោស

​កណ្តាល ៖ ឪពុកម្តាយ​ជនរងគ្រោះ​ម្នាក់ បាន​អង្គុយ​រៀប​រាប់ទាំង​ទឹកភ្នែក​ស្រែក​រក​យុត្តិធម៌​ជូន​កូន​របស់គាត់​ដែល​ត្រូវ​ក្រុម​ជនល្មើស​៥​នាក់ កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ​តែ​ទីបំផុត​ជនល្មើស​៥​នាក់ ដែល​ពាក់ព័ន្ធ កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​យ៉ាង​មាន​សេរីភាព ។

​ការដែល​ពួកគាត់​យំ​ស្រែក​យុត្តិធម៌​បែបនេះ គឺ​បន្ទាប់ពី​សាលាដំបូង​ខេត្តកណ្ដាល នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ នេះ សម្រេច​លើក​ពេល​សវនាការ​ជា​លើក​ទី​៣ ដែល​ធ្វើឱ្យ​ប្តី​ប្រពន្ធ ជាដើម​បណ្តឹង សម្តែង​ការមិន​ពេញចិត្ត​ជាខ្លាំង ។​ពួកគេ​ទាំងពីរ​នាក់​ក្នុងនាម​ដើមបណ្ដឹង ស្នើ​ដល់​សម្តេច​តេ​ជោ ជួយ​រក​យុត្តិធម៌ និង សូមឱ្យ​តុលាការ​ខេត្តកណ្ដាល ព​ន្លឿ​ន​នីតិវិធី​ឱ្យបាន​ឆាប់រហ័ស ។​

​បើតាម​ឯកសារ​ដែល​អ្នកព័ត៌មាន​យើង​ទទួលបាន​ពី​ដើមបណ្តឹង​បាន​បង្ហាញថា អំពើ​ហឹ​ង្សា​មាន​ស្ថាន​ទំងន់​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ខាងលើ គឺ​ស្ថិតក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១២០៥ អ​.​ក ចុះ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ មាន​ជនជាប់ចោទ​៥​នាក់ ៖​ទី​១​ឈ្មោះ​ផេង ណា​រ័ត្ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ (​ក្រៅ​ឃុំ​),​ទី​២​ឈ្មោះ​យ៊ិ​ន វាសនា ហៅ កែម វាសនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​គេចខ្លួន​), ទី​ទី​៣​ឈ្មោះ​ថាំង ម៉េង​ហួយ ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​ក្រៅ​ឃុំ​),​ទី​៤​ឈ្មោះ​ឈុន រតនៈ ហៅ មឿ​ន ណាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​ក្រៅ​ឃុំ​) និង​ទី​ទី​៥​ឈ្មោះ​ច​ន ភស្ត្រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​គេចខ្លួន​) ។

ជនជាប់ចោទ​ទាំង​៥​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ “​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរ​ណ​ភាព​នៃ​ជនរងគ្រោះ​”​តាម​មាត្រា​២២៤​នៃ​ក្រមព្រហ្មទណ្ឌ ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ក្រង​ស្វាយ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្ដាល កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៧ ។ ចំណែក​ជនរងគ្រោះ​ក្នុង​សំណុំ​រឿងនេះ​ឈ្មោះ មឿ​ន រ៉ូ​ហ្សា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ។​

​លោក​សុខ វណ្ណ​នី និង​ប្រពន្ធ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ថា កូនប្រុស​ត្រូវបាន​ក្រុម​ជនល្មើស​កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ តែ​រហូត​មកទល់ពេលនេះ គ្មាន​ជនល្មើស​ណាមួយ​ត្រូវបាន​ចាប់ខ្លួន​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​ទេ ។​ក្នុងនាម​ដើមបណ្ដឹង ពួកគេ​ចង់​បានតែ​យុត្តិធម៌​ប៉ុណ្ណោះ ។

ប៉ុន្ដែ​នីតិវិធី​របស់​សាលាដំបូង​ខេត្តកណ្ដាល ហាក់​យឺតយ៉ាវ​ជាទីបំផុត ដែល​សវនាការ​បាន​លើក​ពេល​៣​ដង​មកហើយ ។​ពួកគេ​សង្ឃឹមថា សម្តេច​តេ​ជោ នឹង​ជួយ​រក​យុត្តិធម៌​ផង ។ ពួកគេ​ពិតជា​ឈឺចាប់​ណាស់ ដែល​កូនប្រុស​ត្រូវគេ​កាប់សម្លាប់​ហើយ តែ​ក្រុម​ជនល្មើស​បែរជា​កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​យ៉ាង​មាន​សេរីភាព​បែបនេះ ៕​

សេវាកម្ម​រថយន្តក្រុង​សាធារណៈ អាច​ទូទាត់​ប្រាក់​តាមរយៈ​កាត អេ​ឡិ​ក​ត្រូ​និ​ច​

​ភ្នំពេញ ៖ ដើម្បី​បង្ករ​ភាពងាយស្រួល​ដល់​អ្នកធ្វើ​ដំណើរ​ជាតិ និង​អន្តរជាតិ​តាម​សេវាកម្ម​ដឹកជញ្ជូន​តាម​រថយន្តក្រុង​ក្នុង​រាជធានី​ភ្នំពេញ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កាត​អេ​ឡិ​ក​ត្រូ​និ​ច​ដើម្បី​ទូទាត់​សាច់ប្រាក់​នៅពេល​ធ្វើដំណើរ​ម្តងៗ ដោយ​មិនបាច់​ប្រើ​សាច់ប្រាក់​ដោយផ្ទាល់​ក៏បាន​។​

​ក្នុង​ពិធី​ប្រកាស​ដាក់អោយ​ដំណើរការ កាត​ទូទាត់​សាច់ប្រាក់ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅលើ​រថយន្តក្រុង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០១៨​នៅ​ចំណត​រថយន្តក្រុង​ទីលាន​ប្រជាធិបតេយ្យ ខណ្ឌ​ឬ​ស្សី​កែវ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា សេវាកម្ម​ប្រើប្រាស់​កាត​អេឡិចត្រូនិក សំរាប់​ទូទាត់​សាច់ប្រាក់ នៅពេល​ធ្វើដំណើរ​តាម​រថយន្តក្រុង​ម្តង គឺ​វា​បង្ករ​ភាពងាយស្រួល​ដល់​អ្នកដំណើ​រ​គ្រប់​ប្រភេទ ទាំង​ជាតិ និង​អន្តរជាតិ ហើយក៏​បញ្ជាក់​អោយ​បានឃើញ​កាន់តែច្បាស់​ពី​ការរីកចំរើន​ផ្នែក​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា របស់​កម្ពុជា ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ​ក៏ដូចជា​នៅ​ទូទាំងប្រទេស​ផងដែរ​។​

​លោក អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​បញ្ជាក់ទៀតថា ការប្រើប្រាស់​កាត​អេឡិចត្រូនិក​ទូទាត់​សាច់ប្រាក់​នៅលើ​សេវាកម្ម​រថយន្តក្រុង​នេះ គឺ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង បាន​សហការ​ជាមួយ​ក្រុមហ៊ុន​វី​ង ជា​អ្នកលក់​កាត​អេឡិចត្រូនិក​ជូន​អតិថិជន​ដើម្បី​បង្ករ​ភាពងាយស្រួល ព្រោះថា​បច្ចុប្បន្ននេះ មាន​អ្នកដំណើរ​តាម​រថយន្តក្រុង​រាជធានី​ភ្នំពេញ​បាន​កើនឡើង​ដល់​ជាង​២​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃ​។​

​លោក អភិបាល​បញ្ជាក់ទៀតថា ការប្រើប្រាស់​រថយន្តក្រុង ក្រៅពី​ជួយ​សម្រួលការ​ធ្វើដំណើរ ក្នុង​រាជធានី និង​ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ ស្របតាម​គោ​នយោបាយ​របស់​រាជ រដ្ឋាភិបាល​កម្ពុជា ពិសេស​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ការគ្រោះថ្នាក់​ចរាចរណ៍ និង​ការបំពុល​បរិស្ថាន​ផងដែរ​។​

​លោក អ៊ា​ន សុ​ឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​បាន​ថ្លែងថា ប្រព័ន្ធ​ទូទាត់​តាម​កាត​អេឡិចត្រូនិក សំរាប់​អ្នកដំណើរ​តាម​រថយន្តក្រុង គឺមាន​ចំនួន​១៤៥៩ ដែល​ពួកគាត់​បាន​ប្រើប្រាស់​រថយន្តក្រុង​ចំនួន​ជាង​៥​ម៉ឺន​២​ពាន់​ដង​។ ការដែល​ប្រើប្រាស់​កាត​អេ​ឡិច​ត្រូ​និ​ចនេះ គឺ​វា​មាន​ភាពងាយស្រួល​សំរាប់​ការគ្រប់គ្រង​ចំណូល​និង​ទិន្ន័យ​អតិថិជន​។​

​លោក អ៊ា​ន សុ​ឃីម បញ្ជាក់ថា សំរាប់​កាត​អ្នកជិះរថយន្ត​ក្រុងមាន​ពីរ​ប្រភេទ ប្រភេទ​ពណ៌​ខៀវ គឺ​សំរាប់ សិស្ស មនុស្ស​ចាស់ ព្រះសង្ឃ កម្មករ​-​កម្មការិនី ជនពិការ កីឡាករ កីឡាការិនី និង​កុមារ​ដែលមាន​កំពស់​ក្រោម​១​ម៉ែត្រ ដែល​អាច​ជិះ​រថយន្តក្រុង​ចំនួន​១៨០​ដងដោយ​ឥតគិតថ្លៃ ហើយ​កាត​នេះ លក់​ក្នុងតម្លៃ​៤​ពាន់​រៀល​។ ចំពោះ​កាត​ពណ៌​បៃតង មានតម្លៃ​៦​ពាន់​រៀល និង​១​ម៉ឺន​រៀល សំរាប់​អ្នកដំណើរ​ទូទៅ អតិថិជន​អា​ចប​ញ្ជូ​ល​ទឹកប្រាក់​ទៅក្នុង​កាត បាន​នៅ​គ្រប់​ភ្នាក់ងារ​វី​គ្រប់​ទីកន្លែង​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​មាន​រថយន្តក្រុង​ចំនួន​១៥៥​គ្រឿង ដែល​កំពុង​រត់​លើផ្លូវ​សំខាន់ៗ​ចំនួន​៨​ខ្សែ ក្នុង​រាជធានី​ភ្នំពេញ ហើយ​មាន​អ្នកជិះ​ជា​មធ្យម​ចន្លោះ​ពី​២០០០០​នាក់ ទៅ​២១០០០​នាក់ ដែល​ធ្វើដំណើរ​ប្រចាំថ្ងៃ តាម​រថយន្តក្រុង​សាធារណៈ​ទាំង​៨​ខ្សែ​នេះ​៕​

ស្លាប់​ម្នាក់ និង​៤​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍


​ប៉ោយប៉ែត ៖ មនុស្ស​៤​នាក់​រងរបួស​ធ្ងន់ ស្រាល ចំណែក​មនុស្សម្នា​ក់បាន​ស្លាប់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៤​និង ៤០​នាទី លើផ្លូវ​ជាតិ​លេខ​៥ ត្រង់ចំណុច​ខាងមុខ​ក្លោងទ្វារ​ផ្លូវ​ចូល​វត្ត​កូប​តូច ស្ថិត​ក្នុងភូមិ​និមិត្ត​៤ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​សមត្ថកិច្ច​បញ្ជាក់ថា មុន​កើតហេតុ​មាន​រថយន្ត​ធុន​ធំ​១​គ្រឿង​ម៉ាក​ហ្វុ​យ​សូ ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ 3A-2149 បើកបរ​ដោយ​ឈ្មោះ ជី កូរ៉េ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ បើកបរ​រថយន្ត រស់នៅក្នុង​ភូមិ​ជំទាវ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បើកបរ​គោលដៅ​ពី​កើ​តទៅ​ទិស​ខាងលិច​ដែល​គេ​សង្ស័យថា ស្រវឹង​។ លុះ​បើក​បរដល់​ចំណុចកើតហេតុ​បាន​ឡើង​ជែង​គោយន្ត​កន្ត្រៃ​សណ្តោង​រ៉ឺម៉ក​០១​គ្រឿង​មាន​ដឹក​គ្រែ​(​ក្នុងទិសដៅ​ស្របគ្នា​) លុះ​ជែង​បាន​បន្តិច​បាន​ជ្រុល​ចង្កូត​ទៅបុក​រះ​ម៉ូតូ​កង់​បី​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង​ផ្សេងទៀត និង​តូប​លក់​ឥ​វ៉ាន់ នៅលើ​ជាយ​ផ្លូវ​ខាងត្បូង​ផ្លូវជាតិ ហើយ​រថយន្ត​នោះ​រេ​ចង្កូត ទៅបុក គោយន្ត​កន្ត្រៃ​ដឹក​គ្រឿង​សង្ហា​រឹម​កំពុងបើក​លើផ្លូវ​ជាតិ បណ្តាលអោយ​គ្រោះថ្នាក់​តែម្តង ។​

​សមត្ថកិច្ច​បន្ថែមថា​ក​រ​ណី​នេះ​បណ្តាល​អោយៈឈ្មោះ លឹម គារ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ក្នុងភូមិ​និមិត្ត​២ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (​រងរបួស​ធ្ងន់​) ឈ្មោះ គាត លី​ឃឹ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ លក់​គ្រែ រស់នៅក្នុង​ភូមិ​គូរ ឃុំ​ចុង​ដូង ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ (​រងរបួស​ស្រាល​)​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​។​ឈ្មោះ ឈឹម ស្រីមុំ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ លក់​គ្រែ រស់នៅក្នុង​ភូមិ​គូរ ឃុំ​ចុង​ដូង ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ (​រងរបួស​ស្រាល​)​អ្នករួមដំណើរ​លើ​។​ឈ្មោះ តោ ឡាយ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ សិស្ស រស់នៅ​ក្នុងភូមិ​និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (​រងរបួស​ស្រាល​)​ម្ចាស់​ម៉ូតូ​ហុងដា​ទ្រី​ម ។​ឈ្មោះ ថន រតនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (​រងរបួស​ស្រាល​)​រួម​ដំណើរ​លើ​ម៉ូតូ​ហុងដា​ទ្រី​ម ។​

​សមត្ថកិច្ច​បញ្ជាក់បន្ថែម​ឈ្មោះ លឹម គារ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ក្នុងភូមិ​និមិត្ត​២ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (​រងរបួស​ធ្ងន់​) បាន​ដឹក​ដោយ​រថយន្ត​ពេទ្យ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ដី​ថ្មី ជា​ម្ចាស់​ម៉ូតូ​កង់​បី​បាន​បាត់បង់​ជី​វិត្ត​បន្ទាប់ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ ។​

​ចំណែក​អ្នកបើកបរ​រថយន្ត​ក្រោយ​បង្ករ​ហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​និង​បញ្ជូនទៅ​ជម្នាញ​ស្នងការ​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​រីឯ​ម៉ូតូ​,​ម៉ូតូ​កង់​បី​,​គោយន្ត​កន្ត្រៃ និង​រថយន្ត​ធុន​ធំ (​ខូចខាត​ធ្ងន់​)​ស្ទួ​ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​និមិត្ត​ដើម្បី​ដោះស្រាយ​បន្ត​តាម​នីតិវិធី​៕

រដ្ឋបាល​រាជធានី ប្រគល់​បណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ ២៥៩​គ្រួសារ នៅ​បុរី​ឧទ្យាន​តា​ង៉ូ​វ

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន ២៥៩​គ្រួសារ​ក្រោយពី​ពួកគាត់​រស់នៅ​មិនមាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ជាង​៧​ឆ្នាំកន្លងមក​នៅ​តំបន់​សំណង់​មិន​រាបរយ​ក្នុង​បុរី​ឧទ្យាន​តា​ង៉ូ​វ​ស្ថិតក្នុង​សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​និង​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បង់​ព័ន្ធ​ប្រថាប់ត្រា​កុំអោយ​លើស​ថ្ងៃទី​៣១​ធ្នូ​២០១៨​នេះ​។​
​ពិធី​នេះ​ធ្វើឡើង ក្រោម​វត្តមាន លោក ឃួ​ង​ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​មានការ​ចូលរួម​ពី​អភិបាលរង​រាជធានី មន្ទីរ​ពាក់ព័ន្ធ និង អភិបាលខណ្ឌ​ច្បារអំពៅ រួមទាំង​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​រយ​នាក់​ផងដែរ​។​

​លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​សំណង់​និង​រិ​យោ​ដី​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​បានទទួល​ប័ណ្ណកម្មសិទ្ធិ​នេះ​មាន​ចំនួន​២៥៩​គ្រួសារ​ឬ ខ្នង​ផ្ទះ ដោយ​ប្រជាពលរដ្ឋ​ត្រូវ​បង់​ត្រឹមតែ​៨​ម៉ឺន​រៀល​ប៉ុណ្ណោះ ទទួលបាន​ប័ណ្ណ ពេល​បងប្អូន​បាន​ប័ណ្ណ​នេះហើយ បងប្អូន​អាច​យកទៅ​ផ្ទេរកម្មសិទ្ធិ​បានតែ​ម្តង ហើយ​តម្លៃ​នៃ​ការផ្ទេរ​នេះ​ត្រឹមតែ​៦០​ម៉ឺន​រៀល រត់ការ​ដោយ​ខ្លួនឯង​ផ្ទាល់​។​

​នាឱកាស​នោះ លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ការចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នេះ មាន​ផលប្រយោជន៍​២​យ៉ាង​ពោលគឺ​បងប្អូន​ប្រជាពលរដ្ឋ​ទទួលបាន​ផលប្រយោជន៍​ច្រើន មាន​លំនឹង​ពិតប្រាកដ​ដោយមាន​ផ្ទះ​នៅ​ស្របច្បាប់ អាច​យកទៅដាក់​ធនាគា​រ​យកលុយ​មកប្រើប្រាស់​បាន​។​ចំណែក​រដ្ឋ​វិញ​បានទទួល​ប្រាក់​ពី​ការបង់ពន្ធ​អចលនទ្រព្យ​នេះ​ផងដែរ ។​

​អភិបាល​បញ្ជាក់ថា កន្លងមក​មាន​ប្រជាពលរដ្ឋ​មួយចំនួន​មិនបាន​ផ្ទេរកម្មសិទ្ធិ​ស្របតាម​ច្បាប់​ទេ គឺ​ផ្ទេរ​ពី​ម្ចាស់​មួយ​ទៅ​ម្ចាស់​មួយទៀត​ដោយ​មិនបាន​បង់​ព័ន្ធ​ប្រថាប់ត្រា​មាន​បងប្អូន​ខ្លះ​ផ្ទេរ​បន្ត​គ្នា​ពីមួយ​ទៅ​មួយទៀត​រហូតដល់​៤​ទៅ​៥​នាក់​ជាប់​គ្នា​។ បើតាម​ច្បាប់​គឺ​បងប្អូន​ត្រូវ​ទៅ​បង់​ព័ន្ធ​ប្រថាប់ត្រា​នេះ​តាម​ចំនួន​ដង​នេះ​។ ប៉ុន្តែ​ដោយ​មើលឃើញ​ពី​ការលំបាក​នេះ ទើប​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានសម្រេច សម្រួល​អោយ​បងប្អូន​ប្រជាពលរដ្ឋ​មក​បង់ពន្ធ​ត្រឹមតែ​ម្តង​លើកចុងក្រោយ ។

​គួររំលឹកថា​ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​និង​ការខ្វះខាត​របស់​ពលរ​ដ្ឋ​ទើប​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បានសម្រេច​កាត់ចោល​ការ​បង់ពន្ធ​ច្រើន​ដំណរ​មក​បង់​ត្រឹម​ម្តង​សម្រាប់​ម្ចាស់​កម្មសិទ្ធិ​ចុងក្រោយ​ក៏ប៉ុន្តែ​ការអនុគ្រោះ​បង់ពន្ធ​ប្រថាប់ត្រា​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ត្រឹម​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​តែប៉ុណ្ណោះ​។​ហេតុនេះ​សម្រាប់​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​ឬ​ចលនទ្រព្យ​ដែល​យល់ថា​ខ្លួន​បាន​ផ្ទេរកម្មសិទ្ធិ​កាន់កាប់​ពី​ម្ចាស់​កម្មសិទ្ធិ​មុនៗ​ដោយ​មិនទាន់​បង់ពន្ធ​ជូន​រដ្ឋ​អាចធ្វើ​ការបង់ពន្ធ​ចាប់ពីពេលនេះ​តទៅ​៕​

រថយន្ត​ដឹក​កម្មករសំណង់​ដាច់​ហ្វ្រាំង​ធ្លាក់ចូល​ឆ្នេរសមុទ្រ​កន្ទុយ​នាគ​

ខេត្ត​ព្រះសីហនុ ៖ រថយន្ត​ដឹក​កម្មករ​១​គ្រឿង​បាន​ដាច់​ហ្វ្រាំង​ធ្លាក់ចូល​សមុទ្រ​ទាំង​ព្រឹក​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​២០​នាក់​រងរបួស​ធ្ងន់​ស្រាល​។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង កាលពី​ម៉ោង​ជិត​៧ ព្រឹក ថ្ងៃ​ពុធ ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​។​

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​ប្រាប់​អោយដឹងថាៈ នគរបាល​ប្រាប់ថា រថយន្ត​មួយគ្រឿង ដែល​បើកបរ​ដឹក​កម្ម​ករ​សំណង់​ទៅធ្វើ​ការ​នៅ​បុរី​គុជ​អាស៊ី​ក្នុង​ព្រះសីហនុ បាន​ក្រឡាប់​ធ្លាក់ ចេញពី​ផ្លូវ ចូល​ទៅលើ​ឆ្នេរ​ខ្សាច់​កន្ទុយ​នាគ ស្ថិតនៅ​សង្កាត់​លេខ ៤ ក្រុង​/​ខេត្ត​ព្រះសីហនុ បណ្តាលអោយ​កម្មករ និង​អ្នកជិះ​ក្នុង​រថយន្ត​នេះ​ជាង​២០​នាក់​រងរបួស​ធ្ងន់​.​ស្រាល បច្ចុប្បន្នកំពុង​ស្ថិតនៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស​។

ហេតុការណ៍​នេះ​បើតាម​នគរបាល​ចរាច​រណ៍​អោយដឹង​ជាបឋម​ថា រថយន្ត​នេះ​ទំនងជា​បើក​លឿន​ចំណុច​ផ្លូវ​កោង ហើយ​ចុះ​ចំណោត រួច​ហ្វ្រាំង​មិន​ស៊ី ទើប​យក​ចង្កូត​មិនបាន​បណ្តាលអោយ​ក្រឡាប់​បែបនេះ និង​ថា​សំណាង​ដែរ ដែល​រថយន្ត​ក្រឡាប់​ធ្លាក់​ទៅលើ​ឆ្នេរ​ខ្សាច់ ដែល​អាចជួយ​កាត់បន្ថយ​ការប៉ះទង្គិច​ដល់​អ្នកជិះ​ក្នុង​រថយន្ត​ធ្ងន់ធ្ងរ​។
​ករណីនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​និង​អ្នកបើកបរ​ដើម្បី​បន្ត​និតិ​វិធី​តាមផ្លូវ​ច្បាប់​៕

គ្រោះថ្នាក់​ចរាចរណ៍​នេះ យ៉ាងហោច​ក៏មាន​បុគ្គលិក​កម្មករសំណង់​ប្រមាណ​ជាង​២០​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល និង​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​
​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​១៩ មិថុនា​ឆ្នាំ​២០១៨ នៅ​ចំណុច​ឆ្នេរ​កន្ទុយ​នាគ ជាប់​សណ្ឋាគារ​សុខា មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤​បណ្តាលមកពី​រថយន្ត​ដាច់​ហ្វ្រាំង នៅពេល​កំពុង​បើកបរ​លើផ្លូវ​ចុះ​ចំណោទ​ឆ្នេរ​កន្ទុយ​នាគ ដើម្បី​ទៅធ្វើ​ការ​សំណង់​នៅក្នុង​បរិវេណ​សណ្ឋាគារ​សុខា​។ ប៉ុន្តែ​សមត្ថកិច្ច​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ពុំមាន​មនុស្ស​ស្លាប់​ទេ​៕​

រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្រកាស​ពី​វិធានការ​សម្រាប់​តម្លៃ​ប្រេងឥន្ធនៈ​នៅ​ចុងខែ​នេះ

​ភ្នំពេញ ៖ តម្លៃ​ប្រេងសាំង​បាន​ឡើងថ្លៃ​ជា​បន្តបន្ទាប់​នៅ​ប្រទេស​កម្ពុជា ខណៈ​តម្លៃ​ប្រេង​ឆៅ​ក្នុង​ទីផ្សារ​ពិភពលោក បាន​កើនឡើង​ខ្ពស់បំផុត​ក្នុង រយៈពេល​ប្រមាណ​៣​ឆ្នាំ​មកនេះ​។ កត្តា​ដែល​ធ្វើអោយ​តម្លៃ​ប្រេង​កើនឡើង​ខ្ពស់​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក មើលឃើញ​ដូចគ្នា​ថា ដោយសារ ការកាត់បន្ថយ​ការផលិត​ប្រេង​ដែល​កំណត់ដោយ​អង្គការ OPEC! ដើម្បី​ដោះស្រាយ​បញ្ហា​នេះ នៅ​ថ្ងៃទី​២៨ មិថុនា ខាងមុខនេះ រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្រកាស​គោលការណ៍​ថ្មី​សម្រាប់​កំណត់​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​។

​នា​ថ្ងៃទី​២៨ ខែមិថុនា ខាងមុខនេះ រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្រកាស​គោលការណ៍​ថ្មី ស្តីពី​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា ដើម្បី​កាត់បន្ថយ​នូវ​ផលប៉ះពាល់​ពី​ការ​តម្លើងថ្លៃ​ប្រេង​ក្នុង​ទីផ្សារ​ពិភពលោក​។

​នេះ​បើតាម​ការ​ថ្លែង​បញ្ជាក់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា​នេះ ក្នុង​ពិធី​ប្រកាស​គោរមងារ​វិទ្យាសាស្ត្រ និង​កិត្តិយស​ជូន​ដល់​មន្ត្រីជាន់ខ្ពស់​នៃ​រាជបណ្ឌិតសភា​កម្ពុជា​។ សម្តេច​តេ​ជោ បាន​ឡើ​ក​ឡើង​ថា ការ​តម្លើងថ្លៃ​ប្រេង​ក្នុង​ទីផ្សារ​សកល គឺ​ដោយសារ អង្គការ​នៃ​ប្រទេស​នាំ​ប្រេង​ចេញ ហៅ​កាត់​ថា OPEC បាន​កាត់បន្ថយ​ការផលិត​ប្រេង​ឆៅ ដែល​ការ​តម្លើងថ្លៃ​ប្រេង​ឆៅ​អន្តរជាតិ​នេះ ក៏​កំពុងមាន​ផលប៉ះពាល់​ដល់​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​ដែរ​។

​ទន្ទឹមនេះ សម្តេច​តេ​ជោ ចាត់ទុកថា សង្គ្រាម​ពាណិជ្ជកម្ម និង​គោលនយោបាយ​តម្លើង​ពន្ធ គឺជា​សង្គ្រាម​ចាញ់​មួយ​សម្រាប់​ពិភពលោក ហើយ​អ្នករងគ្រោះ​មុនគេ គឺជា​អ្នកប្រើប្រាស់​តែម្តង​។ ដូចនេះ​ទើប​រាជរដ្ឋាភិបាល​កម្ពុ​ជា​ត្រូវ​ត្រៀម​គោល​ការ​ណ៌​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ជាពិសេស សម្តេច​តេ​ជោ បាន​បង្ហើប​ថា កម្ពុជា​ក៏​កំពុង​រៀបចំ​គោលនយោបាយ​សេដ្ឋកិច្ច​មួយចំនួនទៀត សម្រាប់​អនុវត្តន៍​នៅ​អាណត្តិ​ថ្មី​ដែរ ៖៖

​គួរ​បញ្ជាក់ថា អន្តរក្រសួង​ចំនួន​បី គឺ​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច​និង​ហិ​រញ្ញា​វត្ថុ និង​ក្រសួង​ធនធាន​រ៉ែ​និង​ថាមពល បាន​អនុវត្ត រូបមន្ត​កំណត់​តម្លៃ​លក់​ប្រេងឥន្ធនៈ ជា​រៀងរាល់ ១០​ថ្ងៃ​ម្តង ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៧​មក​។ ប៉ុន្តែ​ដោយសារ​បច្ចុប្បន្ន កម្ពុជា ត្រូវ​នាំចូល​ប្រេងសាំង​ពី​ប្រទេស​ក្នុង​តំបន់ ដូចជា​ប្រទេស​សិង្ហ​បុរី ជាដើម ដែល​ធ្វើ​ឲ្យ​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​ពិបាក​ក្នុងការ​គ្រប់គ្រង​តម្លៃ​ប្រេង​ក្នុងស្រុក​។ ដោយឡែក ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ កាល​ពីស​ប្តា​ហ៌​មុន បាន​ចោទប្រកាន់​អង្គការ OPEC ថា បាន​ជំរុញ​ឲ្យ​តម្លៃ​ប្រេង​កើនឡើង​នៅក្នុង​ទីផ្សារ​អន្តរជាតិ ដោយ​លោក​បាន​រិះគន់ ទៅលើ​កិច្ចព្រមព្រៀង​របស់​បណ្តា​ប្រទេស​ជា​សមាជិក​អង្គការ​នេះ ក្នុង​ការដាក់​កម្រិត​លើ​ការផលិត​ប្រេង​។

​តម្លៃ​ប្រេង​ឆៅ​ប្រភេទ Brent បាន​កើនឡើង​ខ្ពស់បំផុត ដល់​តម្លៃ ៨០​ដុល្លារ ក្នុង​មួយ​បារ៉ែល កាលពី​ចុងខែ​ឧសភា ខណៈដែល​ប្រេង​ប្រភេទ West Texas Intermediate បាន​កើន​ដល់​ជាង ៧២​ដុល្លារ​ក្នុង​មួយ​បារ៉ែល និង​បាន​ធ្លាក់ចុះ​បន្តិច​ក្នុង​ខែមិថុនា​នេះ​។ គួររំលឹកថា ប្រទេស​អ្នក​ផលិត​ប្រេង​ដែលជា​សមាជិក និង​មិនមែនជា​សមាជិក​របស់​អង្គការ OPEC បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​កាលពី​ឆ្នាំ​២០១៦ ដើម្បី​កាត់បន្ថយ​ផលិតកម្ម​ប្រេង​ចំនួន ១​លាន​៨​សែន​បារ៉ែល​ក្នុង​មួយថ្ងៃ​ដើម្បី​កាត់បន្ថយ​ការផ្គត់ផ្គង់​ប្រេង​សាកល ដោយសារ​នៅពេលនោះ តម្លៃ​ប្រេង​ឆៅ ទាប​ជាង ៣០ ដុល្លារ​ក្នុង​មួយ​បារ៉ែល​។ កិច្ចព្រមព្រៀង​នេះ នឹង​ផុត​សុពលភាព​នៅ​ចុងឆ្នាំ ២០១៨ ប៉ុន្តែ​ក្រុម​ពាណិជ្ជករ​កំពុង​រង់ចាំ​មើល​លទ្ធផល​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​ប្រេង​មកពី​ប្រទេស​ជា​សមាជិក​របស់​អង្គការ OPEC ដែល​នឹង​រៀបចំ ធ្វើ ឡើង​នៅ​ថ្ងៃទី ២២ ខែមិថុនា នៅ​ទីក្រុង​វី​យែ​ន ប្រទេស​អូទ្រីស​៕​

ឥណ្ឌូនេស៊ី នឹង​បញ្ជូន​ឥស្សរជន​២​ក្រុម មក​ពិនិត្យ​ការបោះឆ្នោត​នៅ​កម្ពុជា​

​ភ្នំពេញ ៖ នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នា​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានទទួល​ជួប​លោក ស៊ូ ឌី​រ៉ា​ម៉ាន់ ហាស់​សេន (SUDIRMAN Haseng ) ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី ចូលជួប​សម្តែង​ការគួរសម​។​

​បន្ទាប់ពី​ចប់​ជំនួប​ពិភាក្សា លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​មាន​ប្រសាសន៍​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នេះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន ស្វាគមន៍​ការចូល​កាន់ការ ងារ​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី និង​អបអរសាទរ​ឥណ្ឌូនេស៊ី ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​មិន​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ឆ្នាំ​២០១៩-២០២០​។​

​លោក​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី ក៏បាន​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ឥណ្ឌូនេស៊ី ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​មិន​អចិន្ត្រៃយ៍​អង្គការសហប្រជាជាតិ​។​

​ក្នុងជំនួប​នា​ព្រឹក​មិញ​នេះ ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី ក៏បាន​បញ្ជាក់ថា ឥណ្ឌូនេស៊ី នឹង​បញ្ជូន​អ្នកសង្កេតការណ៍​២​ក្រុម​មក​ចូលរួម​សង្កេត​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ។ អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​នោះ គឺ​សុទ្ធតែជា​ឥស្សរៈជន​សំខាន់ៗ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី ហើយនឹង​ខិតខំ​ជំរុញ​បន្ថែមទៀត ទាំង​ផ្នែក​ទេសចរណ៍​មក​ទស្សនា​កម្ពុជា​ឲ្យ​កាន់តែច្រើន​។ ក្រុមហ៊ុន​ទេសចរណ៍​ឥណ្ឌូនេស៊ី មាន​គម្រោង​ហោះហើរ​ត្រង់​មក​កម្ពុជា ភាគី​កម្ពុជា​ស្វា​គម៍​គម្រោង​ហោះហើរ​ត្រង់នោះ​។ កាលពី​ឆ្នាំ​២០១៦​ឥណ្ឌូនេស៊ី បានផ្តល់​អាហា​រូប​ករ​ណ៏​ដល់​និ​ស្សុ​ត​កម្ពុជា ចំនួន​ជាង​២០០​កន្លែង​។ ភាគី​ទាំងពីរ​ជំរុញ​បង្កើន​កិច្ចសហការ​ផ្នែក​អប់រំ​នេះ​ផងដែរ​។​

​ឯ​ឧ​ត្ត​ម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បញ្ជាក់ថា ឯកឧត្តម​នឹងចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​។ ឥណ្ឌូនេស៊ី បានផ្តល់​ការហ្វឹកហាត់​ដល់​កងក​ម្លាំ​ង​កម្ពុជា នាពេល​កន្លងមក​។ កម្ពុជា និង​ឥណ្ឌូនេស៊ី មាន​កិច្ច​សហការគ្នា​បានល្អ​លើ​ឆាក​អន្តរជាតិ​។​
​លោក​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ជំហរ​កម្ពុជា​គាំទ្រ​បេក្ខភាព​ឥណ្ឌូនេស៊ី លើ​ឆាក​អន្តរជាតិ ហើយ​ឥណ្ឌូនេស៊ី បាន​គោរព​អធិបតេយ្យភាព និង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​៕


(​ លោក SUDIRMAN Haseng  ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី )

ខ្លោងទ្វារ​ថ្មី​នៃ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​កម្ពុជា ថៃ នឹង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​ក្រោយ​

​ប៉ោយប៉ែត ៖ ច្រក​ខ្លោងទ្វារ​អន្តរជាតិ និង​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត នឹង​ស្ថាបនា​ហើយ​រួចរាល់​នៅ​ចុងឆ្នាំ​២០១៩ ខាងមុខ នេះ ដើម្បី​ផ្លាស់ប្តូរ​សោ​ភ័​ណ្ឌ​ភាព ច្រកព្រំដែន​ផ្នែក​ខាង​ភាគី​កម្ពុជា ឲ្យ​កាន់តែ​ស្រស់ត្រកាល និង​ជាការ​លើកកម្ពស់​កិត្តិយស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។ នេះ​បើតាម​លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​។​

​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ចេញចូល​កម្ពុជា ថៃ ដោយ​កាត់​យក​កំពូល​ប្រាសាទបី នៃ​ខ្លោងទ្វារ​ចាស់​នៅ​ថ្ងៃទី​១៨​ខែមិថុនា នេះ ត្រូវបាន​អាជ្ញាធរ​ចាប់ផ្ដើម​រុះរើ ដើម្បី​យកទៅ​បន្តុប​លើ​រង្វង់​មូល​ឋានសួគ៌​ក្រុង​ប៉ោយប៉ែត ដែល​កំពុង​សាងសង់​វិញ​ហើយ​។

​សូមជម្រាបថា ប្រាសាទ​កំពូល​បី​នៃ​ខ្លោងទ្វារ​ច្រកព្រំដែន​នេះ ត្រូវបាន​សាងសង់​តាំងពី​ឆ្នាំ​១៩៨០ និង​បាន​ក្លាយជា​និមិត្តរូប​មួយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​អ្នករស់នៅ និង​ប្រកប​អាជីវកម្ម​ក៏ដូចជា​ភ្ញៀវ​បរទេស ដែល​ធ្លាប់​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ​ញឹកញាប់​។

​មន្ត្រី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ថ្មី និង​រង្វង់​មូល​ឋានសួគ៌​ក្រុង​ប៉ោយប៉ែត គ្រោង​នឹង​សាងសង់​បញ្ចប់​រួចរាល់​នៅ​ចុងឆ្នាំ​២០១៩ ខាងមុខនេះ​៕​

ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​ពីថ្ងៃ​ទី​១៨-២៤ ខែមិថុនា ពិសេស​តំបន់​មាត់សមុទ្រ​

​ខេត្ត​ព្រះសីហនុ ៖ ក្រសួង​ធនធាន​ទឹកបាន ចេញ​សេចក្តីប្រកាស​នៅថ្ងៃនេះ​អោយដឹងថា​ព្យុះភ្លៀង និង​រលក​សមុទ្រ​ធំៗ កំពុង​បោកបក់​ខ្លាំង​នាទី​ប្រជុំជន​ក្រុងព្រះសីហនុ និង​នៅលើ​លំហ​សមុទ្រ​។​

​ទន្ទឹមគ្នានេះ កប៉ាល់ ឬ​ទូក​ដឹក​ភ្ញៀវទេសចរ​ចេញទៅ​កម្សាន្ត​តាម​បណ្តា​កោះ​មួយចំនួន ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​មេឃ​ស្រឡះ ឲ្យ​អាកាសធាតុ​មក​សភា​ពធ​ម្ម​តា​វិញ​ទើប​ចេញដំណើរ​។​

​ទាក់ទិន​បញ្ហា​អាកាសធាតុ​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ ទឹកភ្លៀង​នឹង​ធ្លាក់​ខ្លាំង​ជា​បន្ដបន្ទាប់​នៅ​តំបន់​សមុទ្រ និង​មាន​ខ្យល់​បោកបក់​ខ្លាំង ព្រមទាំង​មាន​រលក​ធំៗ​។​

​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក ចុះ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​បង្ហាញថា ខ្យល់មូសុង​និរតី​ខ្លាំង កំពុង​បង្កើន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា និង​បណ្ដាល​ឲ្យ​រាជធានី​-​ខេត្ត​ផ្សេង មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ជា​បន្ដបន្ទាប់ ចាប់ពី​មធ្យម​ទៅ​បង្គួរ និង​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ មាន​ភ្លៀង​ធ្លាក់​ច្រើន​។ ហើយ​ផ្ទៃសមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង និង​មាន​រលក​ខ្ពស់ៗ​។​

​ផ្តើម​ពី​បញ្ហា​នេះ ក្រសួង​ធនធានទឹក ស្នើ​ដល់​អ្នកធ្វើដំណើរ​តាម​សមុទ្រ និង​អ្នកនេសាទ​តាម​សមុទ្រ គួរ​ផ្អាក​សកម្មភាព របស់ខ្លួន​ជា​បណ្ដោះអាសន្ន ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​នឹង​កើតមានឡើង​ជាយថាហេតុ​៕​

មិនទាន់​ទូល​សម្តេចក្រុមព្រះ​ពី​មរណ ភាព ​អ្នក​ម្នាង អ៊ុក ផល្លា ខណៈ​ពិធី​បូជាសព​ធ្វើ​នៅ​ថ្ងៃទី​២០ មិថុនា


​ភ្នំពេញ ៖ សព​របស់​អ្នក​ម្នាង អ៊ុក ផល្លា នឹងត្រូវ​បូជា​នៅ​ថ្ងៃ​ពុធ ទី​២០ ខែមិថុនា ខាងមុខ និង​ដោយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ព្រះរាជវាំង ពិធី​គោរព​វិញ្ញាណក្ខន្ធ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៩ ស្អែក​នេះ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​ពី​លោក យូ ហុកគ្រី​។

​គណៈកម្មការ​បុណ្យ បាន​ឲ្យ​ដឹងថា បើទោះជា​ការបូជា​សព ត្រូវបាន​កំណត់​រួច​យ៉ាងណាក្ដី តែ​គណៈកម្មការ​រៀបចំ​បុណ្យសព​របស់​អ្នក​ម្នាង ក៏ដូចជា​សមាជិក​ជាន់​ខ្ពស់​គណបក្ស​ហ្វុនស៊ិនប៉ិច នៅ​មិនទាន់​សម្រេច ថា និង​ទូល​ដំណឹង​មរណភាព​នេះ ទៅ​សម្ដេចក្រុមព្រះ មុនពេល​បូជា ឬ​យ៉ាងណា​នោះឡើយ​។​

​សូមជម្រាបថា សព​របស់​អ្នក​ម្នាង អ៊ុក ផល្លា ដែល​កំពុង​តម្កល់​នៅ​វត្ត​បទុម​វ​ត្តី នឹងត្រូវ​បូជា​តាម​ទំនៀម​ទំលាប់​នៅ​ថ្ងៃទី​២០ ខែមិថុនា នៅ​សួន​មុខ​វត្ត​នេះ​តែម្ដង​។ រីឯ​ពិធី​បូជាសព មិនទាន់​ដឹង​ឲ្យ​ប្រាកដថា នឹងមាន​ឥស្សរជន​ណា នឹង​មក​ថ្វាយ​ព្រះ​ភ្លើង​នោះឡើយ ហើយ​សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏​នៅ​មិនទាន់​សម្រេចចិត្តថា នឹង​ទូល​ពី​ដំណឹង​នៃ​មរណភាព​របស់​អ្នក​ម្នាង​ឲ្យ​បាន​មុនពេល​បូជា​ឬ​យ៉ាងណា​នៅឡើយ​ទេ រង់ចាំ​ការពិភាក្សា​ជាថ្មីទៀត​ព្រោះថា បារម្ភ​ពី​ព្រះរាជសុខភាព​របស់​ទ្រង់ ចំពោះ​ដំណឹង​ដ៏​សែន​រន្ធត់​នេះ​។ បើតាម​ការបញ្ជាក់​ពី​លោក យូ ហុកគ្រី អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​៕

មាន​អ្នក​ចាញ់បោក​យក​មាស​៧​ជី ដូរ​យក​គ្រាប់កង់​ទៀតហើយ​

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ស្រែកយំ​បណ្តើរ រត់​បណ្តើរ​ទៅរក​ប៉ូលីស​សុំ​ឲ្យ​ជួយ​អន្តរាគមន៍ បន្ទាប់ពី​ដឹងខ្លួន​ថា ចាញ់ល្បិច​ក្រុម​ទម្លាក់យោង ល្បួង​បញ្ឆោត​យក​គ្រឿងអលង្កា អស់​មាស​៧​ជី ខ្សែដៃ​ប្លា​ទី​ទម្ងន់​៤​ជី និង​លុយ​អស់​ជាង​៧០០​ដុល្លារ ហើយ​ក្រុម​ជនសង្ស័យ​នាំគ្នា​គេចខ្លួន​បាត់អស់​។​
​រឿងនេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៩ និង​១៥ នាទី​ព្រឹក ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​តាមផ្លូវ​បេតុង​ច្រកចូល​រោងចក្រ​ក្រដាស់ កែង​ផ្លូវ​មុខ​ផ្សារ​ព្រៃទា ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ យ៉ែម ស្រី​ពៅ អាយុ​៣៥​ឆ្នាំ មុខរបរ កម្មការិនី​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ច្រនាង​ថ្មី ឃុំ ពោធិ៍​អង្គ្រង ស្រុក​ប​សេធ ខេត្ត កំពង់ស្ពឺ ។ សម្ភារៈ​បាត់បង់ គ្រឿង​អ​ល័​ង្កា ចិញ្ចៀន ខ្សែក ក្រវិល សរុប​ទម្ងន់​៧​ជី​មាស ខ្សៃ​ដៃ​ប្លា​ទីន​ទម្ងន់​៤​ជី លុយ​ដុល្លា​ជាង​៧០០​ដុល្លា និង​អត្តសញ្ញាណប័ណ​ផ្ទាល់ខ្លួន កាត​ការងារ និង​ឯកសារ​មួយចំនួនទៀត​ក្នុង​កាបូប ដោយឡែក​សម្ភារៈ​ដែល​បានមក​វិញ គឺ​គ្រាប់កង់​មួយកញ្ចប់ ដាក់​ក្នុង​កាបូប​តូច​មួយ​ទុក​ឲ្យ​ជនរងគ្រោះ​។​

​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គាត់​ដើរ​ចេញពី​បន្ទប់​ជួល បាន​ជួប​ស្ត្រីជន​សង្ស័យ​ម្នាក់ មាឌ​ធាត់​ខ្មៅ​ស្រ​អៀម មក​សួរ មាន​ឃើញ​កាបូប​គេ​ជ្រុះ​បាត់​មុននេះ​ដែរ​អត់ ក្នុងនោះ​មាន​មាស​លុយ​ជាច្រើន គ្រាន់តែ​ឆ្លើយថា​អត់​ដឹងផង មិនទាន់​ផុតពី​មាត់​ផង ក៏​លេចមុខ​ស្ត្រី​សង្ស័យ​ម្នាក់ទៀត សម្បុរ​ស ស្គម ចំណាស់ ជិះ​ម៉ូតូ ឌុប​ដោយ​បុ​រ​ម្នាក់​មក​ប្រាប់ថា កុំ​មាត់ ពួកគេ​រើស​បាន យើង​ទុក​ចែកគ្នា ហើយ​បាន​បើក​មាត់​កាបូប​ឲ្យ​មើល ឃើញ​សុទ្ធតែ​ក្រដាស់​ដុល្លា និង​លោហៈ​ក្រហមច្រាល ក៏​បបួល គាត់​ជា​ជនរងគ្រោះ ឡើង​ជិះ​ម៉ូតូ​២​គ្រឿង ចេញ​ពីមុខ​រោងចក្រ ៣​ជាន់ ផ្លូវ​QMI ទៅដល់​ខាងមុខ​ច្រកចូល​រោងចក្រ​ក្រដាស់ ទល់មុខ​ផ្សារ​ព្រៃទា ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ឈប់​ម៉ូតូ លាត​មាត់​កាបូប​ឲ្យ​ម់ល​ម្តងទៀត ប្រាប់ថា រងចាំ​ទៅ​ដូរ​ចែកគ្នា តែ​ហាម​មាត់​និយាយប្រាប់​គេ ថា​ហើយ ក៏​ហុច​កាបូប​មួយ​ឲ្យ​ជនរងគ្រោះ​កាន់ រួច​ក្រុម​ជនសង្ស័យ ចាប់​ដោះយក​គ្រឿង​អ​ល័​ង្កា​ពី​ជនរងគ្រោះ និង​ឆក់យក​កាបូប​របស់​ជនរងគ្រោះ ប្រាប់​ឲ្យ​នៅចាំ ហើយ​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ជិះ​ម៉ូតូ​ចាក​ចេញទៅ​បាត់ ដោយ​ប្រាប់ថា​ទៅ​ដូរ​លុយ ។ ប្រភព​បន្តទៀតថា ចាំ​មួ​យស​ន្ធុះ​មិនឃើញ​មកវិញ ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ទៀត ប្រាប់ថា​ទុក​ឲ្យ​ពួកគេ​ជិះ​ទៅតាម កុំ​ឲ្យ​ស៊ីដាច់ ថា​ហើយ​ចេញទៅ​បាត់ បន្សល់ទុក​តែ​ជនរងគ្រោះ​ឈរ​ចាំ​ម្នាក់ឯង ចេះតែ​ងឿងឆ្ងល់ ចុះទៅ​ដូរ​លុយ មាស យូរ​ម្លេះ លួច​បង្ហើប​កាបូប​មើល ពុទ្ធោ ! នៅក្នុង​កាបូប សុទ្ធតែ​គ្រាប់កង់ ទើប​ស្រែក​ទ្រហោយំ ដឹងថា​ចាញ់ល្បិច​ក្រុម​នោះ​ហើយ ជិះ​ម៉ូតូឌុប ទៅប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣ ដែល​នៅក្បែរ​ផ្ទះ​ស្នាក់នៅ​ស្រាប់ ។​

​សមត្ថកិច្ច បាន​បញ្ជក់​ថា បើតាម​ព័ត៌មាន​ពី​ស្ត្រី​រងគ្រោះ គឺ​ក្រុម​ជនសង្ស័យ​ទាំងនោះ ជា​មនុស្ស​ដដែលៗ ដែល​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន ព្រោះ​កន្លងមក មាន​ជនរងគ្រោះ​ច្រើន​នាក់​មកហើយ​ដែល​ត្រូវ​ពួក​ទាំងនោះ​គៀបស៊ី​។ ជាមួយនេះ សមត្ថកិច្ច ក៏បាន​អំពាវនាវ​ផងដែរ ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​កុំ​ចង់បាន​របស់គេ ហើយ​បើសិនជា​គេ​រើស​បាន​របស់​មានតម្លៃ​ពិតមែន​នោះ គឺ​គ្មាន​អ្នកណា​ចិត្តល្អ​មក​បបួល​យើង​ដែល​មិនដឹង​រឿងនេះ​សោះ ទៅ​ចែកគ្នា​នោះទេ​៕

ឃាតកម្ម​លើ​ជនបរទេស​ម្នាក់​ក្នុង​បន្ទប់ទឹក​នៅ​ផ្សារ​រាត្រី​ក្រុង​បាវិត​

​ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​បន្ទាប់​ប្រទះឃើញ​សាកសព​នៅ​បន្ទប់ទឹក​ភោ​ជនី​ដ្ឋា​ន​ស៊ី​ឡាយ ក្រុង​បាវិត បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ និង​ប្រជាពលរដ្ឋ​បន្ទាប់ពី​មាន​អ្នករាយការណ៍​ថា​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ដូ​ល​ពោរពេញ​ទៅ​ឈាម​ហូរ​ពេញ​កំរាល​អិត​។​

​ហេតុការណ៍​ប្រទះឃើញ​សព ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ២៖៣២​នាទី​ទៀបភ្លឺ​នៅត្រង់ចំណុច​បន្ទប់ទឹក​ផ្សារ​រាត្រី ជាប់​ភោ​ជនី​ដ្ឋា​ន​ស៊ី​ឡាយ ស្ថិតនៅ​ក្នុងភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង មាន​
​បើតាម​សម្ថ​កិច្ច​បានអោយដឹង​ថាករ​ណី ឃាតកម្មរ​មួយ​កើតឡើង​បង្កដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព​វាយ​ក្បាល​ទៅលើ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​តាម​ការពិនិត្យ​អត្តសញ្ញាណ​សាកសព​មាន ឈ្មោះ ខា​សេន ស៊ិន​គា​សេង​(CARSEN TION KAI SENG) ភេទ​ប្រុស អាយុ​៦៣ ឆ្នាំ ជនជាតិ​ម៉ាឡេស៊ី មុខរបរ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខ K-36579669 ស្រុកកំណើត​ក្រុង​សា​រ៉ា​វ៉ក ត​ប្រទេស​ម៉ាឡេស៊ី​។
សមត្ថកិច្ច​កិច្ច​បន្តថា ក្រោយពី​ទទួលបាន​ពត៍​មាន​ភ្លាម​សមត្ថកិច្ច​ជំនាញ​និង​គ្រូពេទ្យ​បាន​មកដល់​កន្លែងកើតហេតុ​ពិនិត្យ​លើ​ខ្លួន​សា​សព​ឃេ​ី​ញ​ថា​មាន​ដាច់​ក្បាល​ខាងក្រោយ​១០x៦ CM និង​ភ្នែក​ខាងឆ្វេង​ជាំ ៦x៣CM ក្រោយពី​ពិនិត្យ​លើ​ខ្លួន​សាកសព​រួច​សមត្ថកិច្ច និង​គ្រួ​ពេទ្យ​បាន​សន្និដ្ឋានថា​ករណីនេះ​ពិតជា​ករណី​ឃាតកម្ម​ពិត​ប្រា​ដក​មែន​។​

​ពាក់​ពន្ធ​ករណី​ខាង​លោក វរសេនីយឯក កែវ គង់ អធិការនគរបាល​ក្រុង​បាវិត បានអោយដឹងថា ករណី​ខាងលើ​សម្ថ​កិច្ច​ជំនាញ​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​សើ​ប​អង្កេត ករណីនេះ​ដោយ​យកចិត្តទុកដាក់​ព្រោះ នៅ​ភោជនីយដ្ឋាន​ស៊ី​ឡាយ បាន​បំពាក់​កាំ​មេ​រ៉ា​សុវត្ថិភាព ហើយ​សមត្ថកិច្ច​ជំនាញ​កំពុងតែ​ពិនិត្យ​កាមេរ៉ា សុវត្ថិភាព​ប៉ុន្តែ​រហូតដល់​ម៉ោង​11​ថ្ងៃ មិនទាន់​ទ​ទូល​បាន​លទ្ធផល​នោះទេ​។​

​បើតាម​មតិ​មហាជន​រស់នៅ​ក្រុង​បាវិត​បាន​និយាយ​តៗ​គ្នា​ថា​បន្ទាប់​មាន​ឃាតកម្ម​ទៅ​នារី​កាស៊ីណូ មកហើយ ត្រូវបាន​ស​មិ​ត្ថ​កិច្ច​ស្រាវជ្រាវ​ចាប់បាន​ឃាតករ​រួចមក ត្រូវបាន​ស្ងាត់​មួយរយៈ​ប៉ុន្តែ​ពេលនេះ​ចាប់ផ្តើម​កក្រើក​មាន​ករ​ណី​ឃាតកម្ម​កើតឡើង​ថ្មី​ទៀត ធ្វើអោយ​ពួកគាត់​មានការ​ភ័យខ្លាច​ឡើងវិញ​។​ព្រោះ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មុននេះ មាន​ករណី​ឃាតកម្ម​មានការ​កើតឡើង​ជា​ញឹកញាប់​យក​សាកសព​ទៅ​ចោល​ក្នុងព្រៃ និង​ទឹកទន្លេ​ជាដើម​។​

​ចំពោះ​សាកសព​ត្រូវ​សមត្ថកិច្ច​យកទៅ​តម្កល់ទុក​នៅ​វត្ត​ពោធិ​ថ្មី​(​ហៅ​វត្ត​បាវិត​)​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​យ៍​។​
​រីឯ​ជនល្មើស​សមត្ថកិច្ច​យើង​កំពុង​ធ្វើ​ស្រាវជ្រាវ​រក​ចាប់​មុខសញា​យកមក​ផ្ដន្ទាទោស​តាមច្បាប់​៕