All posts by មេគង្គ ប៉ុស្តិ៍

ផ្លូវជាតិ​លេខ​៦ជាង​២​៦០គ​.​ម​. ភ្ជាប់​ពី​ខេត្តកំពង់ចាម​ទៅ​ខេត្តសៀមរាប បើក​ឲ្យ​ចរាចរណ៍​

​កំពង់ចាម ៖ ស្របពេល​នៃ​ការសម្ពោធ​បើក​អោយប្រើ​ប្រាស់​ជា​ផ្លូវការ កំណាត់​ផ្លូវជាតិ​លេខ​៦ ដែល​ឆ្លងកាត់​ខេត្តកំពង់ចាម កំពង់ធំ និង ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បានលើកឡើង​ពី​គម្រោង​ស្ថាបនា​ផ្លូវ​ស្ពាន​មួយចំនួនទៀត​ដែលមាន​រដ្ឋាភិបាល​ចិន​ជា​ដៃគូ​! ប៉ុន្តែ​សម្តេច​ក៏បាន​ថ្លែង​សូម​ការ​អា​ធ្យា​ស្រ័យ​ដល់​ប្រជាពលរដ្ឋ និង​ពន្យល់​ពី​មូល​ហេតុដែល​គម្រោង​ស្ថាបនា​ស្ពាន​ឆ្លងកាត់​ទន្លេសាប ពី​ខេត្តកំពង់ឆ្នាំង​មកកាន់​ខេត្តកំពង់ធំ មិនទាន់​អាច​ចាប់ផ្តើម​ធ្វើបាន ព្រោះ​ត្រូវ​សិក្សា​អោយបាន​ច្បាស់លាស់​ជាមុនសិន ពី​ផលប៉ះពាល់​នានា​ក្នុង​តំបន់​ទន្លេសាប ។

​កំណាត់​ផ្លូវជាតិ​លេខ​៦ ប្រវែង​សរុប ២៤៨​ក្បៀស​៥៣​គីឡូម៉ែត្រ ចាប់ពី​ថ្នល់កែង ខេត្តកំពង់ចាម ដល់​អង្គ្រង ខេត្តសៀមរាប ត្រូវបាន​ស្ថាបនា និង​កែលម្អ​ឡើងវិញ​រួចរាល់ នៅក្នុង​ខែកក្កដា ឆ្នាំ​២០១៧ កន្លងមក បន្ទាប់ពី​ចំណាយពេល​ស្ថាបនា ៥០​ខែ ចាប់​តាំង ពី​ខែឧសភា ឆ្នាំ​២០១៣ ដោយ​ចំណាយ​ថវិកា​ជាង ២៥៥​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​នៅ ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨​នេះ កំណាត់​ផ្លូវ​នេះ ត្រូវបាន​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​វត្តមាន​ជា​អធិបតីភាព របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។

​បើតាម​ការបញ្ជា​ក់រប​ស់ លោក​ឧ​ត្ត​ម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា គម្រោង​សាងសង់​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ថ្នល់កែង ខេត្ដ​កំពង់ចាម ដល់​អង្គ្រង ខេត្តសៀមរាប ឆ្លងកាត់​ខេត្ត​ចំនួន​៣ រួមមាន ខេត្តកំពង់ចាម ប្រវែង​ជិត ៤៤​គីឡូម៉ែត្រ​! ខេត្តកំពង់ធំ ប្រវែង ជាង​១៤៤ គីឡូម៉ែត្រ និង​ខេត្តសៀមរាប ប្រវែង​ជាង ៦០​គីឡូម៉ែត្រ​។
​សម្តេច​តេ​ជោ បានចាត់ទុក​កំណាត់​ផ្លូវជាតិ​លេខ​៦​នេះ​ថា គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ជាតិ ជាពិសេស​វិស័យ​ទេសចរណ៍ ដោយសារ​ខ្សែ​ផ្លូវ​នេះ មាន​សក្តានុពល ត​ភ្ជាប់​ទំនាក់ទំនង​រូបវ័ន្ត ស្ថាប័ន និង​ប្រជាជន រវាង​ខេត្តកំពង់ចាម ខេត្តកំពង់ធំ និង​ខេត្តសៀមរាប និង​ជាមួយ​រាជធានី​-​ខេត្ត​ផ្សេងៗ​ទៀត តាមរយៈ​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ប្រទាក់ក្រឡា ត​ភ្ជាប់​ពី​តំបន់​មួយ ទៅ​តំបន់​មួយ​។ បន្ថែម​ពីនេះ តាមរយៈ​ខ្សែ​ផ្លូវ​នេះ ក៏​នឹង​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​ផលិតផល ដំណាំ​កសិផល និង​ក​សិ​-​ឧ​ស្សហកម្ម របស់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ធុរកិច្ច ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ឆាប់រហ័ស និង​ចំណាយ​តិច ផងដែរ​។
​តាមរយៈ​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ដែល​បង្ហាញ​វត្តមាន​ក្នុងប្រទេស​កម្ពុជា សម្តេច​តេ​ជោ បាន​លើកឡើងថា មិត្ត​ចិន​គឺជា​ដៃគូ​យ៉ាងសំខាន់​ដែល​បាន​ជួយ​ត​ភ្ជាប់​ផ្ទៃក្នុង​នៃ​ប្រទេស​កម្ពុជា ដែល​ជម្រុញ​ដល់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង កាត់បន្ថយ​ភាពក្រីក្រ​។

​ទ​ន្ទឺ​ម​នេះ សម្តេច​តេ​ជោ បាន​បង្ហាញថា គម្រោង​ស្ថាបនា​ស្ពាន​ពី​ខេត្តក្រចេះ មកកាន់​ខេត្តកំពង់ធំ គឺជា​គម្រោង​អទិភាព​មួយ​រវាង​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​ចិន រួម​និង​គម្រោង​ផ្លូវ​ពី​ខេត្តកោះកុង ឆ្លងកាត់​ថ្មដារ ទៅ​សំឡូត ខេត្តបាត់ដំបង មានតម្លៃ​ប្រមាណ​២០០​លាន​ដុល្លារ ក៏​នឹងត្រូវ​បញ្ជូន​សំណើរ​ហិរញ្ញប្បទាន​ទៅកាន់​រដ្ឋាភិបាល​ចិន​ផងដែរ​។ ប៉ុន្តែ ចំពោះ​គម្រោង ស្ថាបនា​ស្ពាន​ឆ្លងកាត់​ទន្លេ​ង​សាប ពី​ខេត្តកំពង់ឆ្នាំង មក​ខេត្តកំពង់ធំ ត្រង់ចំនុច​កំពង់ថ្ម គឺ​មិនទាន់​អាច​ចាប់ផ្តើម​ស្ថាបនា​បាន​នោះទេ ដោយសារ​គម្រោង​ដែល​គ្រោង​ចំណាយ​ថវិកា​ជាង​១០០​លាន​ដុល្លារ​នេះ ត្រូវការ​ពេលវេលា​សិក្សា​អោយបាន​ច្បាស់លាស់​ពី​ផលប៉ះពាល់​នានា ដូចជា​ផល​នេសាទ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​តំបន់​ទន្លេសាប​ជាមុនសិន ៖ ខ្ញុំ​ក៏​ធ្លាប់បាន​ប្រកាសថា នឹងមាន​ផ្លូវ​មួយ​ខ្សែ​ទៀត​ពី​កំពង់ឆ្នាំង មក​ខេត្តកំពង់ធំ ត្រង់​កំពង់ថ្ម ដោយ​ចំណាយ​ជាង​១០០​លាន​ដុល្លារ​! តែ​សូម​ប្រជាពលរដ្ឋ​អា​ធ្យា​ស្រ័យ ដែល​មិនទាន់​ចាប់ផ្តើម​សាងសង ដោយសារ​ត្រូវធ្វើ​ឆ្លងកាត់​ទន្លេសាប ដូចនេះ​ត្រូវ​សិក្សា​អោយបាន​ច្បាស់លាស់ ផលប៉ះពាល់​នានា ដូចជា ផល​នេសាទ​ត្រី និង​ការរស់នៅ​របស់​ប្រជាជន​តំបន់​ទន្លេសាប​នេះ​។

សូមបញ្ជាក់ថា គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ ស្ថិតក្នុង​ការប្រើប្រាស់​ហិរញ្ញប្បទាន និង​ជំនួយឥតសំណង របស់​រដ្ឋាភិបាល​ចិន កម្ពុជា​បានសម្រេច​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ចំនួន​២៣​ខ្សែ រួចមកហើយ មាន​ប្រវែង​សរុប ២​ពាន់​៣០១​គីឡូម៉ែត្រ ដែល​ប្រើប្រាស់​ថវិកា​ប្រមាណ ១​ពាន់​៣០០​លាន​ដុល្លារ​អាមេរិក​។ ចំណែក​គម្រោង​ផ្លូវ​កំពុង​សាងសង់ មាន​ចំនួន​៧​ខ្សែ មាន​ប្រវែង ប្រមាណ ៧៣៤​ក្បៀស​៨២ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ ៧០៥​លាន​ដុល្លារ​អាមេរិក​។ ចំណែក គម្រោង​ផ្លូវ​ត្រៀម​សាងសង់​ក្នុង​ឆ្នាំ​២០១៨​នេះ មាន​ចំនួន ១​គម្រោង​ទៀត គឺ​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុងភ្នំពេញ​ទី​៣ ដែលមាន​ប្រវែង​សុ​រប ៥២​ក្បៀស​៩៨​គីឡូម៉ែត្រ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ២៦៧​ក្បៀស​៦៧ លាន​ដុល្លារ​អាមេរិក​។​

​ចំពោះ​ស្ពាន​ធំៗ​ដែល​ត្រូវបាន​សាងសង់​រួចរាល់​ហើយ មាន​ចំនួន ៧​ស្ពាន មាន​ប្រវែង​សរុប ៦​ពាន់​៨២៤​ម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ ២១៦​លាន​ដុល្លារ​អាមេរិក និង​ស្ពាន​កំពុង​សាងសង់​ចំនួន​១​ទៀត គឺ​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ស្ទឹងត្រង់​-​ក្រូចឆ្មា ប្រវែង​១១១៣​ម៉ែត្រ បូករួម​ទាំង​ផ្លូវ​ត​ភ្ជាប់​ស្ពាន ត្រូវ​ចំណាយ​ថវិកា​ជិត​៥៧​លាន​ដុល្លារ​។

​បើ​គិត​ត្រឹម​ក្នុង​ឆ្នាំ​២០១៨​នេះ សរុប​គម្រោង ទាំង​បាន​សាងសង់​រួចរាល់ កំពុង​សាងសង់ និង​ត្រៀម​សាងសង់ ត្រូវបាន​ប្រើប្រាស់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ និង​ជំនួយឥតសំណង​របស់​ចិន​មាន​ទឹកប្រាក់​ប្រមាណ ២​ពាន់​៥៥៣​លាន​ដុល្លារ​អាមេរិក​។ ដោយឡែក ថវិកា​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៦ សរុប​ប្រមាណ ២៥៥ លាន​ដុល្លារ​អាមេរិក គឺជា​ហិរញ្ញប្បទាន​សម្បទាន​របស់​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ប្រមាណ​៥​ភាគរយ សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ ។

​សមិទ្ធផល​កំណាត់ ផ្លូវជាតិ​លេខ​៦ គឺជា​កំណាត់​ផ្លូវ​មួយ​ក្នុងចំណោម​ផ្លូវ និង​សមិទ្ធផល​ជាច្រើន​ទៀត ដែល​សាងសង់ឡើង​ក្រោម​កម្ចី របស់​រដ្ឋាភិបាល​ចិន​៕

ភោជនីយដ្ឋាន​ថ្មីៗ​ជាង​៣០​យីហោ បង្ហាញ​វត្ត​មាននៅ តំបន់​បឹងកក់​

​ភ្នំពេញ ៖ អាជីវករ​ក្នុង​វិស័យ​ម្ហូបអាហារ និង​ភេសជ្ជៈ​កម្ពុជា កំពុង​សម្លឹង​ពី​សក្ដានុពល​វិនិយោគ ក្នុង​តំបន់​បឹងកក់ ដោយសារ​តំបន់​នេះ​កំពុង​តែមាន​ភាព​ទាក់ទាញ និង​ជា​ចំណុចប្រសព្វ​រវាង​ខណ្ឌ​សំខាន់ៗ​ទាំងបី​ក្នុង​រាជធានី​ភ្នំពេញ ។​

ស្របពេល​កំណើន​ប្រាក់ចំណូល​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ បាន​កើន​ឡើងជា​បន្តបន្ទាប់ តម្រូវការ​អាហារ និង​ភេសជ្ជៈ ជាពិសេស​ម៉ាក​ល្បីៗ​ទាំង​ក្នុងស្រុក​និង​ក្រៅ ក៏​ឃើញថា​មាន​កំណើន​ខ្ពស់​ដែរ ដែល​ធ្វើអោយ​អាជីវក​រលើ​វិស័យនេះ បាន​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់ នៅតាម​ផ្សារ​ទំនើប​តូចធំ និង​នៅតាម​តំបន់​សក្ដានុពល​មួយចំនួន​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ។
​ជាការ​កត់សម្គាល់​តំបន់​បឹងកក់​ដែល​ពី មុន​ជា​បឹង​ធំ​មួយ​នៅ​កណ្ដាល​ក្រុង​បាន​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ដ៏​មាន​សក្ដានុពល​មួយ​នៅ​រាជធានី​ភ្នំពេញ​។ ជាក់ស្ដែង​បច្ចុប្បន្ននេះ គេ​សង្កេតឃើញ​មាន​ភោជនីយដ្ឋាន អាហារ និង​ភេសជ្ជៈ​ល្បីៗ​ដែលជា​ម៉ាក​ក្នុង​និង​ក្រៅ​ស្រុក​បាន​សម្រុក​បើក​ជា​បន្តបន្ទាប់​នៅ​តំបន់ បឹងកក់ ហើយ​រហូតដល់​ពេលនេះ មាន​ប្រមាណ​៣០​យីហោ​កំពុង និង​ត្រៀម​ធ្វើ​អាជីវកម្ម​នៅ​តំបន់​នោះ ។

​លោក សែ វិចិត្រ ប្រធាន​ផ្នែក​ការអភិវឌ្ឍន៍​អាជីវកម្ម នៃ​មជ្ឈមណ្ឌល​កម្សាន្ត​អេ​ដិ​ន​ហ្កា​ដិ​ន នៅ​កណ្ដាល​តំបន់​បឹងកក់​បានអោយដឹងថា កត្តា​ដែល​ធ្វើអោយ​ហាង​អាហារ និង​ភេសជ្ជៈ ល្បីៗ​លំដាប់​ពិភពលោក បាន​ចូលមក​កាន់​តំបន់​បឹងកក់ ពីព្រោះ​ទីនោះ​ជា​តំបន់​ចំនុចកណ្ដាល​នៃ​ទីប្រជុំ​រវាង​អ្នកមាន​ចំណូល​ខ្ពស់ និង​អ្នកមាន​ចំណូល​មធ្យម ហើយក៏​ជា​ចំណុចប្រសព្វ​រវាង​ខណ្ឌ​ទាំងបី​គឺ​ខណ្ឌទួលគោក ខណ្ឌដូនពេញ និង ខណ្ឌ ៧​មករា ដែល​សុទ្ធសឹងតែ​ជា​បណ្ដុំ​ដោយ​អ្នកមាន​ជីវភាព​ធូ​ធារ ។ ម្យ៉ាងទៀត នៅ​តំបន់​នោះ ក៏​សំបូរ ទៅដោយ​បណ្ដុំ​ការិយាល័យ​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័នរដ្ឋ​ផងដែរ ។

​លោក​បញ្ជាក់ថា បច្ចុប្បន្ននេះ គេ​មើលឃើញថា តំបន់​នោះ កំពុងអភិវឌ្ឍន៍​ទៅ​កន្លែង​ភោជនីយដ្ឋាន និង​ភេសជ្ជៈ ហើយ​នាពេល​អនាគត​ខាងមុខ​ដ៏​ខ្លី ទីនោះ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​បន្ថែម​ពីលើ កន្លែង​ផ្ដល់​សេវាកម្ម​ភេសជ្ជៈ និង​ម្ហូបអាហារ​។ ជាក់ស្ដែង​នៅ​តំបន់​បឹងកក់​បាននិងកំពុង​ត្រៀម បើក​ជា​ក្លឹប​កម្សាន្ត និង រោងភាពយន្ត សម្រាប់​បម្រើអោយ​សេចក្តីត្រូវការ​របស់​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ និង​ទូទាំងប្រទេស​ដែល​មក​កម្សាន្ត​នៅ​ភ្នំពេញ ផងដែរ​។
​បើតាម​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​វាយតម្លៃ​អចលនទ្រព្យ​ក៏បាន​លើកឡើង​ផងដែរ​ថា បឹងកក់​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​នៅ​រាជធានី​ភ្នំពេញ ។

​លោក ឌឹ​ត ច​ណ្ណា បានអោយដឹងថា នៅ​ថ្ងៃ​អនាគត បឹងកក់​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ដ៏​សំខាន់ ក្នុងនោះ​បណ្ដា​ធនាគារ ការិយាល័យ នឹង​អាច​លេច​វត្ត​មាននៅ​តំបន់​នោះ ។

​លោក​បន្តថា តំបន់​នេះ ជា​ចំណុចកណ្ដាល​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​វា​ក៏​ជាប់​នឹង​ស្ថាប័ន​កំពូល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែរ ដូចជា​ទីស្ដីការគណៈរដ្ឋមន្ត្រី និង សាលា​រាជធានី​ភ្នំពេញ​ជាដើម ។ ម្យ៉ាងទៀត​តំបន់​នោះ ក៏​ជា​កន្លែង​ដែល​មនុស្ស​ជាច្រើន​ឆ្លងកាត់ និង​ស្ថិត​នៅជាប់​មហាវិថី​សំខាន់ៗ​ទៀង​ផង ៕

ផ្សារ​ទំនើប​ចំនួន​១៣​ទៀត នឹង​បង្កើតនៅកម្ពុជា​ក្នុងឆ្នាំនេះ

​ភ្នំពេញ ៖ ស្របទៅនឹង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែល​ចង់​ប្រែក្លាយ​ក្រុងភ្នំពេញ​អោយទៅជា​បណ្តុំ​ទីផ្សារ​ដ៏​ពេញនិយម​មួយ​ក្នុង​តំបន់​នោះ បើតាម​គម្រោង​ក្នុង​ឆ្នាំ​២០១៨​នេះ នឹងមាន​វត្តមាន​ផ្សារ​ទំនើប​ចំនួន​១៣​ទៀត បង្កើតឡើង​ក្នុង​រាជធានី​ភ្នំពេញ​! ដូចនេះ​នឹងធ្វើ​អោយ​ទំហំ​ទីផ្សារ​ទំនើប កើនឡើង​ដល់​ជិត​៣៧​ម៉ឺន​ម៉ែត្រក្រឡា បើ​គិត​ក្រឡា​ផ្ទៃ​សរុប​រួមបញ្ចូល​គ្នា នៃ​ផ្សារ​ទំនើប​ទាំងអស់ ។

កាលពីពេល​ថ្មីៗ​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ថ្លែងថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​បាន​ចេញទៅ​ទិញ​ទំនិញ​នៅក្រៅ​ប្រទេស ដូចជា​នៅ​ទីក្រុង​ហុងកុង និង ប្រទេស​សិង្ហ​បុរី​ជាដើម ដោយសារ នៅ​ទីនោះ​មានឈ្មោះ​ល្បី​ថា​ជា​បណ្តុំ​ទីផ្សារ​ដែលមាន​លក់​ផលិតផល ម៉ាក​ល្បី​របស់​ពិភពលោក ដ៏​សំបូរបែប​។

ខណៈដែល​កំរិតជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​ភាពល្អប្រសើរ និង​ដើម្បី​ទាក់​យក​ចំណូល​បន្ថែមទៀត ពី អ្នកទេសចរ​មកពី​ក្រៅប្រទេស​ផង​នោះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​ចង់អោយ​ទីក្រុង​ភ្នំពេញ ក្លាយជា​បណ្តុំ​ទីផ្សារ​ដ៏​ពេញនិយម​មួយ​ផងដែរ សម្រាប់​ការដើរ​ទិញ​ទំនិញ​ដែល​ផ្តោត​ទាំង​លើ​គុណភាព និង​បរិមាណ ដូចជា​នៅក្នុង​ផ្សារ​ទំនើប​នៃ​អគារ​ចក្ក​វា​ឡ៏​ប្លែក​គេ ដែលមាន​សុទ្ធតែ​ហាង​លក់ទំនិញ​ម៉ាក​ល្បីៗ​របស់​ពិភពលោក ជាដើម ។
​ទន្ទឹមនេះ បើ​យោងតាម​គម្រោង​ក្នុង​ឆ្នាំ​២០១៨​នេះ ចំនួន​ផ្សារ​ទំនើប​ថ្មីៗ​ចំនួន​១៣ ទៀត កំពុង​ត្រៀមខ្លួន​បង្កើត​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​ទំហំ​ផ្ទៃក្រឡា សរុប នៃ​ផ្សារ​ទំនើប​ទាំងនេះ មាន​ជាង ១៤​ម៉ឺន​៧​ពាន់​ម៉ែត្រក្រឡា ខណៈដែល ទំហំ​ផ្សារ​ទំនើប​សរុប​ដែល​កំពុងដំណើរការ និង​បានបញ្ចប់​ការសាងសង់​ហើយ​នោះ មាន​ប្រមាណ​២២​ម៉ឺន​ម៉ែត្រក្រឡា​។ ដូចនេះ​ការវិនិយោគ ផ្សារ​ទំនើប​នៅ​កម្ពុជា នឹង​កើន​ទំហំ​ផ្ទៃក្រឡា​សរុប ដល់​ជិត​៣៧​ម៉ឺន​ម៉ែត្រក្រឡា​។

​តាម​ការចេញផ្សាយ​រប​ស់​គេហទំព័រ Propertyarea.asia បាន​បញ្ជាក់ថា ទីតាំង​ផ្សារ​ទំនើប ដែល​គ្រោង​នឹង​បើក​ដំណើរការ​នៅក្នុង​ឆ្នាំនេះ រួមមាន ដូចជា Midtown Community Mall, The Bridge Commercial, Downtown 93, The Park, Noro Mall, Prince Central Plaza, ជាដើម​។ ចំណែក​គម្រោង​សាងសង់ ទីតាំង​លក់រាយ​ជាច្រើន​ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​សាងសង់ មានដូចជា PH Eco Mall និង Diamond Peng Hourt Mall ជាដើម​។

​តាម​ការសិក្សា​របស់​ក្រុមហ៊ុន CBRE Cambodia បង្ហាញថា បច្ចុប្បន្ននេះ ការវិនិយោគ​ទៅលើ​ទីតាំង លក់រាយ​នៅ​កម្ពុជា បាន​កើន​ឡើងជា​បន្តបន្ទាប់​ដោយ​ក្នុងឆ្នាំនេះ និង​មាន​ទីតាំង​លក់រាយ​ប្រហែល​១១​នឹង​បើក​ដំណើរការ ក្នុងចំណោម​ផ្សារ​ទំនើប​ចំនួន​១៣​ទីតាំង​។

​យោងតាម​របាយការណ៍​របស់ ក្រុមហ៊ុន CBRE Cambodia នេះ ក៏បាន​បង្ហាញ​ដែរ​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំនេះ នៅ​កម្ពុជា​នឹងមាន​ទីតាំង​លក់រាយ​ប្រហែល​២៩ ភាគរយ​ស្ថិតក្នុង​ខណ្ឌ​សែន​សុខ​! ២៦​ភាគរយ ក្នុង​ខណ្ឌចំការមន​! ១៩ ភាគរយ​ក្នុង​ខណ្ឌទួលគោក​! ១៣​ភាគរយ​ក្នុង​ខណ្ឌ​ច្បារអំពៅ​! ៦​ភាគរយ ក្នុង​ខណ្ឌដូនពេញ និង​ខណ្ឌមានជ័យ និង​១​ភាគរយ​ក្នុង​ខណ្ឌ​៧​មករា​៕

លើកគ្នា​ជិត​៤០​នាក់​ទៅប្តឹង​ពី​ករណី​រដ្ឋបាល​រោងចក្រ​ឆបោក​លុយ​ធានា​ឲ្យ​ចូលធ្វើការ

​ភ្នំពេញ ៖ ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​៤០​នាក់ តំណាងអោយ​កម្មករ​២០០​នាក់ បាននាំគ្នា​ធ្វើដំណើរ​មក​សាលាសង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ សុំ​ការអន្តរាគមន៍​កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ បន្ទាប់ពី​បុរស​ម្នាក់​និង​នារី​ម្នាក់ បាន​អះអាងថា ជា​បុគ្គលិក​រដ្ឋបាល​រោងចក្រ​មួយកន្លែង និង​ប្រកាស​ជ្រើសរើស​បុគ្គលិក​ជាច្រើន​នាក់ ដោយ​តម្រូវអោយ​ពួកគាត់​បង់លុយ​ជាមុន​ហើយ​សន្យាថា នាំចូល​ធ្វើការ​។​

​បើតាម​យុវជន​ម្នាក់​ឈ្មោះ ផេង ចាន់​ថូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​ស្ពាន​តោ ឃុំរ​ឡាំង​គ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បានអោយដឹងថា មុនពេល​កើតហេតុ​រូបគាត់​បានឃើញ​ក្រដាស​ដែល​គេ បិទ​តាម​បង្គោល​ភ្លើង​និង​ជញ្ជាំង​តាមផ្លូវ​ថា ត្រូវការ​ជ្រើសរើស​បុគ្គ​លិ​ក​ជាច្រើន​នាក់​និង​មិន​ត្រូវការ​បទពិសោធន​ទេ ទើប​រូបគាត់​ទំនាក់ទំនង​តាម​ទូរស័ព្ទ និង​ណាត់ជួប​បុរស​ម្នាក់​ឈ្មោះ តុលា ។​លុះ​នៅ​ថ្ងៃ​២០ ខែឧសភា ឆ្នាំ​ដដែល​រូបគាត់​ក៏​មកជួប​បុរស​ម្នាក់​ឈ្មោះ តុលា ដែល​អះអាងថា ជា​រដ្ឋបាល​បាន​តម្រូវអោយ​បង់លុយ​មុន​ចំនួន​៥០​ដុល្លារ ដោយ​សន្យាថា នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ នេះ នឹង​នាំចូល​ធ្វើការ​។​

​តាម​ព័ត៌មាន​បន្តទៀតថា​រហូត​មកដល់​ថ្ងៃកើតហេតុ​រូបគាត់​និង​ក្រុមកម្មករ​ជាច្រើន​នាក់​ទៀត​បាននាំគ្នា​មក​ចូលធ្វើការ​តាម​អ្វីដែល​បុរស​រដ្ឋបាល​នោះ​សន្យា​។ តែ​អ្វីដែល​ហួសចិត្ត​នោះ​ខ​ណះ​ដែល​ក្រុមកម្មករ​ជាង​២០០​នាក់​បានមក​ធ្វើការ​បែរជា​កន្លែង​រោងចក្រ​ឆ្លើង​ថា​មិនមាន​រើស​បុគ្គលិក​នោះទេ​ហើយក៏​មិន​ស្គាល់ឈ្មោះ​តុលា ដែល​អះអាងថា​រដ្ឋបាល​ដែរ​ទើប​នាំគ្នា​ភ្ញាក់ខ្លួន​ថា​ចាញ់បោក​គេ​ហើយ​បាននាំគ្នា​ទៅ​សាលាសង្កាត់​ចោមចៅ​៣​សុំ​ការអន្តរាគមន៍​។​

​ជនរងគ្រោះ​បាន​បញ្ជាក់ថា​រោងចក្រ​ដែល​បុរស​ឆបោក​ប្រាប់​យកមក​ធ្វើការ​នោះ​ឈ្មោះ​រោងចក្រ វីន សាន់ ដែល​បាន​ទីតាំង​នៅក្នុង​ដំបន់​សេដ្ឋកិច្ច​ពិសេស ស្ថិតក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ តែ​ពួកគេ​មក​ប្រគល់​លុយ​នៅក្នុង​បុរី ញ៉ូ​ថោ​ន សង្កាត់​ចោមចៅ​៣​។​

​ជនរងគ្រោះ​បាន​បញ្ជាក់ថា​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​ក្រុម​ប្រជាពលរដ្ឋ​ខ្លះ​បង់​រហូត​១០០​ដុល្លារ ឬ​លើសពីនេះទៅទៀត​ក៏មាន​។​យ៉ាងណាក៏ដោយ សមត្ថកិច្ច​នៅ​មិនទាន់​ចាត់ការ​បែបណា ចំពោះ​ការតវ៉ា​នោះ​នៅឡើយ​ទេ​៕​

ផ្ទុះ​កំប៉ុង​ហ្គាស​ពេល​ចម្អិន​អាហារ​របួសធ្ងន់ ២​នាក់​ប្តី​ប្រពន្ធ​

​ភ្នំពេញ​៖ ប្តី និង​ប្រពន្ធ បាន​រងរបួស​ធ្ងន់​ក្នុងករណី​ផ្ទុះ​កំប៉ុង​ហ្គាស​រលាក​ពេញ​ខ្លួន ខណៈដែល​កំពុង​ចំអិន​អាហារ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៣ និង​២៥​នាទី​រសៀល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​មួយកន្លែង នៅ​ជាន់​ផ្ទាល់​ដី ច្រកចូល​ទី​៥ នៃ​អាគារ​បុរី​កីឡា ដែល​ស្ថិតនៅក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

២​នាក់​ប្តី​ប្រពន្ធ​នេះ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ទេ គ្រាន់តែ​ដឹងថា​ជា​អ្នកលក់​មីឆា និង​បបរ​តាម​រ៉ុ​ម៉ក់​រទេះ ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​អ្នក​ទាំងពីរ បាន​ចំអិន​ម្ហូបអាហារ​ដូច​សព្វមួយដង ដោយ​ប្រើ​ប្រភេទ​កំពុង​ហ្គាស​តូចៗ ក៏​ស្រាប់តែ​ផ្ទុះ​លាន់​ដូច​ស្នូរ​កាំភ្លើង និង​មាន​ភ្លើង​ឆាប​បណ្តាល​ប្តី​រងរបួស​ធ្ងន់ ស្ត្រី​ដែលជា​ប្រពន្ធ​ត្រូវបាន​ដឹក​តាម​រ៉ឺម៉ក់​កង់​បី​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​បុរស​ដែលជា​ប្តី នៅ​ដឹង​ស្មារតី​និង​បាន​បញ្ជូនទៅ​មន្ទីរ​តាម​ក្រោយ​។​

​ក្រោយពេល​មាន​ហេតុការណ៍​នេះ​កើតឡើង គេ​មិនឃើញ​មាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ចុះមក​ត្រួតពិនិត្យ​ក្នុង​ហេតុ​ខាង​នោះទេ​៕

កូនប្រុស​បែក​ថ្នាំ កាប់​ម្តាយ​ស្លាប់ និង​ប្អូនបង្កើត​២​នាក៎​របួសធ្ងន់​

​ខេត្ត​ប៉ៃលិន ៖ រឿងរ៉ាវ​ដ៍​រន្ធត់​មួយ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨ ដោយសារតែ​កូនប្រុស​បង្កើត​ម្នាក់ បាន​លើកដៃ​ទាញ​ពូថៅ​សម្លាប់​ម្តាយ​ខ្លូន​ឯង បណ្តាល​ឲ្យ​ស្លាប់ និង​ប្អូនបង្កើត​ប្រុស​ស្រី ចំនួន​ពីរ​នាក់​ទៀត ឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​បឋម​នៅ​ម​ណ្ទ​ល​សុខា​ភាព​ភ្នំ​ព្រាល ព្រោះតែ​រឿងរ៉ាវ​ក្នុង​គ្រួសារ​បន្តិចបន្តួច និង​ការ​បែក​ថ្នាំ​របស់​ជនសង្ស័យ ។​

ហេតុការណ៍​ដ៍​រន្ធត់​ខាងលើ បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ដីស ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​បើតាម​លោក ហុង ហេង នាយ​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​ចំនួន​៣​ថ្ងៃ ជនសង្ស័យ​ជា​កូន បានមក​សុំ​កូន​របស់​ខ្លូន ដែល​ផ្ញើទុក​ឲ្យ​ម្តាយ​(​ជនរងគ្រោះ​) ជា​ចិញ្ចឹម យកទៅ​មើលថែ​ខ្លូន​ឯង​វិញ ប៉ុន្តែ​ត្រូវ​ម្តាយ ដែលជា​ជនរងគ្រោះ​មិន​ឲ្យ ព្រោះតែ​ជនសង្ស័យ​ជា​មនុស្ស​ចិញ្ចឹម​ខ្លូន​ឯង​មិន​រស់ និង​ជាម​នុស្ស​ដែល​ញៀន​ថ្នាំខ្លាំង​ផងដែរ ។ លោកនាយ​ប៉ុ​ស្ត៍ បាន​បន្តថា​៖​លុះ​នៅ​ថ្ងៃកើតហេតុ ប្រហែលជា​ជនសង្ស័យ​មាន​គំនុំ រឿង​កាលពី​ថ្ងៃមុន បានជា​ប្រើ​អំពើហិង្សា​ទៅ​ម្តាយ ដោយ​កាប់​និង​ពូថៅ បណ្តាល​ឲ្យ​ចំក្បាល​ធ្ងន់ធ្ងរ​រហូតដល់​ស្លាប់​និង​កន្លែង ចំណែក​ប្អូនៗ បានឃើញ​ហេតុការណ៍​ក៍​នាំគ្នា​ទៅ​ជួយ ប៉ុន្តែ​ត្រូវបាន​ជនសង្ស័យ​ដេញ​កាប់​ដូចគ្នា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​ម​ណ្ទ​ល​សុខភាព​ផងដែរ ។​

​បើតាម​លោក​អនុសេនីយ៍ទោ រី តា​រ៉ា អធិការរង នៃ​អធិការដ្ឋាន​ស្រុក​សាលា​ក្រៅ ដែល​ដឹកនាំ​កម្លាំង​ចុះ​អន្តរាគមន៍​ករណី​ខាងលើនេះ បាន​ឲ្យ​ដឹងថា​៖ ជនសង្ស័យ​ឈ្មោះ ធុង នាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់​ភូមិ​ឃុំ​កើត​ខាងលើ ចំណែក​ជនរងគ្រោះ​ទីមួយ​ឈ្មោះ សុខ ស្រី​ម ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ត្រូវជា​ម្តាយបង្កើត របស់​ជនសង្ស័យ ដោយ​ស្លាប់​និង​កន្លែង ដែល​ជនសង្ស័យ​ជា​កូន​កាប់​នឹង​ពូថៅ , ទី​ពីរ​ឈ្មោះ ធុង ថូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ត្រូវជា​ប្អូនបង្កើត​ជនសង្ស័យ រងរបួស​ក្បាល​ផ្នែក​ខាងមុខ​ធ្ងន់ធ្ងរ និង​ទី​បី​ឈ្មោះ ធុង សារី ភេទ​ស្រី អាយុ​២០​ឆ្នាំ ត្រូវជា​ប្អូនស្រី​បង្កើត​ជនសង្ស័យ រងរបួស​ក្បាល​ផ្នែក​ខាងក្រោយ​ធ្ងន់ធ្ងរ ។

​លោក បាន​បន្តថា​៖ ករណីនេះ​គឺ​បណ្តាលមកពី​ជនសង្ស័យ ដែល​ត្រូវជា​កូន​បង្កើតបាន​ឈ្លោះទាស់ទែង​គ្នា​ជាមួយ​ម្តាយ​ខ្លួនឯង​កាលពី​បី​ថ្ងៃមុន រួច​មានការ​គុំ​គួ​ន លុះ​រហូតមកដល់​វេលា កើតហេតុ​ខាងលើ ជនសង្ស័យ​បានសម្រេច​ចិត្ត​បង្ករ​ហឹ​ង្សា ដោយ​ចេតនា​លើ​ជនរងគ្រោះ​តែម្តង​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​នៃ​អធិការនគរបាល​ស្រុក​សាលា​ក្រៅ ធ្វើការ​ឃាត់​ខ្លូន និង​រៀបចំ​សំណុំរឿង​បញ្ជូនបន្ត​មក​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត ចំណែក​អ្នករងរបួស ត្រូវបាន​បញ្ជូនមក​ស​ង្គ្រោះ​នៅ​មន្ទីរ​បង្អែក​ខេត្ត​ប៉ៃលិន ដោយ​សព​ជនរងគ្រោះ​ជា​ម្តាយ ត្រូវបាន​សាច់ញាតិ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ ៕

មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​ម្នាក់​ក្រឡាប់​រថយន្ត​ចូល​ទឹក​ប្រឡាយ​ស្លាប់​

​បាត់ដំបង​៖ មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​ដែលមាន​តួនាទី​ជា​អនុប្រធាន​ក្រឡាប់​រថយន្ត​ធ្លាក់ចូល​ក្នុង​ទឹក​ប្រឡាយ​បណ្តាល​អោយស្លាប់​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៨ ត្រង់ចំនុច​ភូមិ​ត្រពាំងដងទឹក ឃុំ​ហប់ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។​

​ជនរងគ្រោះ​មានឈ្មោះ ឯម វិចិត្រ អាយុ​៥៥​ឆ្នាំ ជា​អនុប្រធាន​មន្ទី​បរិស្ថាន​ខេត្តបាត់ដំបង រស់នៅ​ភូមិ​ន​រា​២ ឃុំ​ន​រា ស្រុក​សង្កែ ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ពិត​ដែល​នាំ​ឲ្យ ក្រឡាប់​រថយន្ត​ផ្ងារជើង​នៅឡើយ​ទេ​៕

កំពុង​ឆក់​ត្រី រអិល​ជើង​ធ្លាក់ចូល​ប្រឡាយ​ឆក់​ខ្លួនឯង​ស្លាប់​

ភ្នំពេញ ៖ យុវជន​ជា​ជាងដែក​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ បន្ទាប់ពី​ត ខ្សែភ្លើង សម្រាប់​ឆក់​ត្រី តែ​បាន​រអិល​ជើង​ធ្លាក់ចូល​ប្រឡាយ​ឆក់​ខ្លួនឯង​ស្លាប់​យ៉ាង​អ​ណោ​ច​អធម៌ ។

ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​នឹង ១៥ នាទី ចំណុច ដី​ឡូដ៍​គ្មាន​លេខ ផ្លូវលំ​ក្នុង​បុរី​ខាំ​ខូ​ស៊ី​ធី ក្រុមទី​១ ភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ ។​

​ជនរងគ្រោះ​ឈ្មោះ ហៀ​ង សំ​រ៉ុង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់​នៅក្នុង ការដ្ឋាន​សំណង់ ក្នុង​បុរី​ខាំ​ខូ​សុ​ី​ធី មានស្រុក​បារាយ៍​ខេត្តកំពង់ធំ ។​
សមត្ថកិច្ច​ឱ្យដឹងថា​មុនពេល​កើតហេតុ​ជនរ​រងគ្រោះ​និង​បក្ខពួក​២​នាក់​បាន​លា ខ្សែភ្លើង​ពី កន្លែង ស្នាក់នៅ​ទៅ​កន្លែងកើតហេតុ​(​ប្រហែល​៣០​ម៉ែត្រ​) ដើម្បី​ឆក់​ត្រី​។ ពេល​កំពុង​ដាក់​ឆក់​ត្រី ក៏​រអិល​ជើង​ធ្លាក់​ចូលក្នុង​ប្រឡាយ បណ្តាលអោយ​ឆក់​ខ្លួ​ង​ឯង​ស្លាប់ ហើយ​២​នាក់​ដែល​នៅ​ខាងលើ គោក ក៏បានរ​ត់ទៅ​ដក​ឌុយ​ចេញ​ហើយក៏​មក​លើក​ជនរងគ្រោះ​ដឹក​តាម​ម៉ូតូ​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ (​មន្ទីរពេទ្យ​លោក សង្ឃ​) ដើម្បី​សង្គ្រោះបន្ទាន់​ដែរ តែ​ជា​អកុសល​ជនរងគ្រោះ​បាន​ដាច់ខ្យល់ ស្លាប់ បាត់ទៅហើយ ។​

ចំពោះមុខ​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ បាន ពិន​ត្យ​សាកសព បញ្ជាក់ថា ពិត​បាន​ឆក់​ដោយ​ចរន្ត​អ​គិ្គ​ស​នី​ស្លាប់​ប្រាកដ​មែន រួច​ប្រគល់​សព ទៅ អោយ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​គន្លង​ប្រពៃណី​នៅ​កំណើត ស្ថិតនៅ​ស្រុក​បារាយ៍ ខេត្ត កំពង់ធំ ៕

ភ្លៀង និង​ខ្យល់​កន្ត្រាក់​បោក​រំលំ​ដើមឈើ​និង​ប៉ាណូ​៣​ផ្ទាំង នៅ​ក្រុងភ្នំពេញ

​ភ្នំពេញ ៖ ភ្លៀង​លាយ​លំនឹង​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​បាក់​មែកឈើ​ដ៏​ធំ​សង្កត់​លើ​ម៉ូតូ​អ្នកដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​១​រសៀល ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវ​លេខ ១៦៩ ខាងមុខ​វិទ្យាល័យ​បាក់​ទូក ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

​ប្រភព​ពត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គឺមាន​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉​ង​លក់​ភេសជ្ជៈ​នៅ​ចត​លក់​នៅ​ខាងក្រោម​ដើម​អំពិល​បារាំង​ដ៏​ធំ​មួយ​ដើ​នៅខាងមុខ​វិទ្យាល័យ​បាក់​ទូក ហើយក៏​មាន​អ្នកធ្វើដំណើរ​ជាច្រើន​ផងដែរ ខណៈ​មេឃ​ភ្លៀង​មួយ​មេ​លាយ​លំនឹង​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​មែក​ដើម​អំពិល​បារាំ​ដ៏​ធំ​មួយ​ដើម​នេះ​រលំ​សង្កត់ពីលើ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​លក់​ភេសជ្ជៈ​៣​គ្រឿង និង​ម៉ូតូ​អ្នកធ្វើដំណើរ​មួយគ្រឿង​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ បន្ទាប់ពី​កើតហេតុ​ហើយ​ភ្លៀង​បាន​រាំង សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​កន្លែងកើតហេតុ​ដើម្បី​ជួយ​សម្រួល​ចរាចរ ហើយ​ទាក់ទង​ទៅខាង​មន្ទីរ​សាធារណៈការ​មក​កាត់​យក​មែកឈើ​ចេញ​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរ​នៅ​តំបន់​នេះ និង​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​។

​ជាមួយគ្នា​នោះដែរ នៅ​ខណ្ឌដូនពេញ ក៏មាន​ករណី​បាក់​ប៉ាណូ សង្កត់​លើ​ម៉ូតូ​១​គ្រឿង ម៉ាកស​ងើ​កូរ៉េ​ផង ដែរ​សំណាងល្អ​មិន​បង្កអោយមាន​អ្នករបួស​ឡើយ ហេតុការណ៍​នេះ​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៉ី​សុវត្ថិ​ចំណុច​ក្បែរ​ប៉ុស្តិ៍​ចតុមុខ ខណ្ឌដូនពេញ​។​និង​មួយ​ករណី​ទៀត ប៉ាន់​ណូ​បាន​បាក់​ធ្លាក់​ចុះដី​សង្កាត់​រថយន្ត​១​គ្រឿង នៅ​ចំណុច សកល​វិទ្យាល័យ​ពា​ណិ​ជ្ច​សាស្ត្រ​ជិត​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​ផងដែរ​៕

ប្រយ័ត្ន ! រកឃើញ​គ្រឿងសម្អាង​ក្លែងក្លាយ​ជាង​១​តោន​នៅ​ស្ទឹងមានជ័យ​

​ភ្នំពេញ ៖ គ្រឿងសម្អាង​ជាច្រើន​ប្រភេទ ចំនួន​ជាង​មួយ​តោន ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​រក ឃើញ​នៅ​ទីតាំង​មួយកន្លែង​នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​ត្រូវបាន​សមត្ថកិច្ច តុលាការ​បញ្ជា​ឲ្យ​ដកហូត​ជា​បណ្តោះអាសន្ន ដើម្បី​ទុក​សម្រាប់​ជា​វត្ថុតាង​បន្ត​នីតិវិធី បន្ថែមទៀត​។

​ករណី​ចុះ​ត្រួតពិនិត្យ និង​ដកហូត​ផលិតផល​គ្រឿងសម្អាង​ខាងលើនេះ ត្រូវបាន​ធ្វើឡើង ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ រួមមាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ ជាមួយ មន្ត្រី​សុខាភិបាល សាខា​កាំកុងត្រូល និង​អាជ្ញាធរ​មូលដ្ឋាន បាន​ទៅដល់​ទីតាំង​វេច​ខ្ចប់​និង​ចែកចាយ ផលិតផល​គ្រឿងសម្អាង​គ្មាន​ច្បាប់​អនុញ្ញាត​១​កន្លែង ស្ថិតនៅ​តាមផ្លូវ​វេ​ង​ស្រេង សង្កាត់ ស្ទឹង​មាន ជ័យ​១ ខណ្ឌមានជ័យ ដោយបាន​រកឃើញ​គ្រឿង សម្អាង​ក្លែងក្លាយ​ជាង ១​ពាន់ គីឡូក្រាម​។​

​មន្ត្រីនគរបាល​ក្នុង​ប្រតិបត្តិការ​បានបញ្ជាក់​ថា ការចុះ​ត្រួតពិនិត្យ​រក​បទល្មើស​នេះ ធ្វើឡើង ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ និង​ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​មន្ត្រី​ដដែល​បាន​បន្តថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​ថា ទីតាំង​វេច​ខ្ចប់ និង​ចែកចាយ​ផលិតផល​គ្រឿងសម្អាង​មួយ​នេះ ពុំមាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នោះ ឡើយ ក្នុងនោះ​វត្ថុតាង​គ្រឿងសម្អាង​ចម្រុះ​ដែល​លាយ​រួច សំបក​វេច​ខ្ចប់ វត្ថុ​ធាតុ​ផ្សំ​សម្រាប់​លាយ ចេញ​ជា​គ្រឿងសម្អាង និង​គ្រឿងសម្អាង​ចម្រុះ​ជាច្រើន​ប្រភេទ​សរុប ១,១៤៣​គីឡូក្រាម​។​

​ក្រោយ​ត្រួតពិនិត្យ​ក្នុង​ទីតាំង​ខាងលើ​រួចហើយ លោក​ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បាន​បញ្ជា ឱ្យកម្លាំង​សមត្ថកិច្ច​ដកហូត​វត្ថុតាង​ទាំងអស់​យកទៅ​រក្សាទុក​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​បាន​នាំ​ម្ចាស់​ទីតាំង​ឈ្មោះ គឹម ហ៊​ង ភេទ​ស្រី អាយុ​២៤​ឆ្នាំ មក​សាកសួរ​បំភ្លឺ នៅ នាយកដ្ឋាន​ដើម្បី​បន្ត​នីតិវិធី​។​

​សូមជម្រាបថា ពាក់ព័ន្ធ​នឹង​ករណីនេះ សមត្ថកិច្ច​ជំនាញ តែង​បានធ្វើការ​ផ្សព្វផ្សាយ​ក្រើន រំលឹក​ជា​បន្តបន្ទាប់​ចំពោះ​ប្រជាពលរដ្ឋ ពិសេស​ចំពោះ​បងប្អូន​ស្ត្រី​ដែល​និយម​ប្រើប្រាស់​គ្រឿង សម្អាង​ឲ្យ​មានការ​ប្រុងប្រយ័ត្ន រាល់​ការប្រើប្រាស់​ផលិតផល​គ្រឿងសម្អាង ដែល​គ្មាន​បញ្ជាក់​ពី ប្រភព ច្បាស់លាស់ ដែល​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​៕​

ស្ថានីយ​ផលិត​ទឹក​ពិសា O-We ៥​កន្លែង ក្រោម​ជំនួយ​អាមេរិក សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់

​ពោធិ៍សាត់ ៖ ស្ថានីយ៍​ផលិត​ទឹកស្អាត O-We ៥​កន្លែង ក្នុង​ខេត្តពោធិ៍សាត់​ត្រូវបាន សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ដើម្បី ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ ។​

​ស្ថានីយ៍​ផលិត​ទឹកស្អាត​ទាំង​៥ កន្លែង​នេះ​ជា​គម្រោង (World Fish) ក្រោម​ជំនួយ​ថវិកា​ពី (Feed the future) និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​ហៅ​កាត់​ថា យូ​. អេស​.​អេ​.​អាយ​.​ឌី (USAID) តាមរយៈ​អង្គការ (World Fish) និង​អនុវត្ត​ដោយ​អង្គការ ទឹកស្អាត ១០០១​។​

​ស្ថានីយ៍​ផលិត​ទឹកស្អាត​ទាំង​៥​នោះ​រួមមាន​៖ នៅ​ស្រុក​ក្រគរ​១​កន្លែង ស្រុក​បាកាន​២​កន្លែង និង ស្រុក​ភ្នំក្រវាញ​២​កន្លែង​។ ពិធី​នេះ​ប្រារព្ធ​ឡើង​កាលពី​ម្សិល​ម៉ិ​ញ​នេះ នៅ​បរិវេណ​ដី​វាល ស្ថិត ក្នុងភូមិ​បឹង​ព្រះ​ពន្លៃ ឃុំ ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​

​លោក Frederic នាយក​អង្គការ​ទឹកស្អាត​១០០១, មានប្រសាសន៍ថា​ស្ថានីយ៍​ទឹកស្អាត ទាំង​៥ កន្លែង​នេះ ជា​ផ្នែក​មួយ​នៃ​គម្រោង​ធនធាន​ជលផល​តាម​វាលស្រែ នៃ​កម្មវិធី​សន្តិសុខ​ស្បៀង សម្រាប់​អនាគត​ដំណាក់កាល​ទី​២ ដែល​ផ្តោត​ការយកចិត្តទុកដាក់ លើ​ការបង្កើន​ការផ្គត់ផ្គង់ ត្រី​ល្អប្រសើរ​ជាង​មុន មាន​ជីវៈជាតិ និង​អាហារ​រូប​ត្ថ​ម្ភ ដល់​មនុស្ស​ជាង ៩​ម៉ឺន​នាក់​។

​អង្គការ​ទឹកស្អាត​១០០១ ដែលមាន​ឯកទេស ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត នឹង​គ្រោង​បង្កើត​ស្ថានីយ៍ ទឹកស្អាត​១០​កន្លែង​បន្ថែមទៀត លើ​ខេត្ត​គោលដៅ​ចំនួន​៣ នាពេល​អនាគត​។

​អភិបាលរង​ស្រុក​ភ្នំក្រវាញ​លោក ឈាន វាសនា បាន​ថ្លែងអំណរគុណ​ចំពោះ​ម្ចាស់ជំនួយ និង អង្គការ​ដៃគូ​ទាំងអស់ ដែល​បាន​អនុវត្ត​គម្រោង និង​ផ្តល់ជំនួយ​ជា​សម្ភារៈ វគ្គ​បណ្តុះបណ្តាល ជំនាញ បង្កើត​មុខរបរ​ក្នុង​សហគមន៍ ព្រមទាំង​សំណូមពរ​ឲ្យ​បន្ត​សហការ​ពង្រីក ស្ថានីយ បន្ថែម​នៅ​ឃុំ​ព្រ​ងិ​ល ឃុំ​ស​ន្ទ្រែ ឃុំ​សំរោង និង​ឃុំ​អង្គ្រង ក្នុងស្រុក​ភ្នំក្រវាញ បន្ថែមទៀត​ដើម្បី​ជា ប្រយោជន៍​ដល់​សហគមន៍ ប្រជាពលរដ្ឋ ព្រមទាំង​បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែ រក្សា​សមិទ្ធផល​នេះ ឲ្យ​បាន គង់​វង់​យូរអង្វែង​និង​ចូលរួម​ទប់ស្កាត់​ការបំផ្លាញ​ប្រភពទឹក​ដើម្បី ផលប្រយោជន៍​កូនចៅ​យើង ទាំងអស់គ្នា​ទៅ​ថ្ងៃ​អនាគត​៕​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញ​ត្បាញ​ក្រមា​វែង​ជាងគេលើ​ពិភពលោក​

​ភ្នំពេញ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា អមដោយ​មន្ត្រី​កាកបាទក្រហមកម្ពុជា​ជាច្រើនរូប នៅវេលា​ម៉ោង​៩ ៖ ០០​ព្រឹក ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៨ បាន អញ្ជើញ​ចូលរួម​ត្បាញ​ក្រមា​ក្រឡា​វែង​ជាងគេ​នៅលើ​ក​ពិភពលោក ដែល​រៀបចំ​នៅលើ​សួនច្បារ​ព្រះមេរុ​មុខ​សារៈមន្ទីរ​ជាតិ ជាប់​ព្រះបរមរាជវាំង​។​

សូមជម្រាបថា យុវជន​កម្ពុជា​ដឹកនាំ​ដោយ​សហភាព​សហព័ន្ធ​កម្ពុជា​ក្រោម​ចលនា «GOGO CAMBODIA» បានរួម​គ្នា​បង្កើត​ព្រឹត្តិការណ៍​ត្បាញ​ក្រមា​វែង​ជាងគេ​នៅលើ​ពិភពលោក​ប្រវែង​១០០០​ម៉ែត្រ ក្រោម​ប្រធានបទ​ថា «​ជឿថា​ខ្ញុំ​ធ្វើបាន ជឿថា​យើង​ធ្វើបាន ជឿថា​ខ្មែរ​ធ្វើបាន​»​។ ដើម្បី​ឈានទៅ «​បំបែក​ឯតទក​គ្គក​ម្ម ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​» ត្រូវបាន​បើក​ធ្វើ​ឡើងជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ។​

​នៅ​ព្រឹក​ថ្ងៃ​តី​៩ ខែមិថុនា នេះ គឺជា​លើក​ទី​២ ហើយ ដែល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ចូលរួម​ត្បាញ​ក្រមា​វែង​ជាងគេ​លើក​ពិភពលោក ដែល​កិទ​មកដល់​បច្ចុប្បន្ន នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​ត្បាញ​ក្រមា​ដល់​ក្រឡា​ប្រវែង ១.០១១,៧៨​ម៉ែត្រ ហើយ​។​
​ក្រមា គឺជា​អត្តសញ្ញាណ​ជាតិខ្មែរ ជា​របស់​ប្រើប្រាស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ ឋានៈ សង្គម និង​សាសនា​។ ប្រជាជន​ខ្មែរ​គ្រប់រូប​សុទ្ធតែ​ស្គាល់ និង​ប្រើប្រាស់​ក្រមា​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ហើយ​វា​ជា​រឿងរ៉ាវ​ជីវិត និង​ប្រវត្តិសាស្ត្រ​ប្រជាជន​ខ្មែរ​ដែល​បាន​ចារឹក​ជាប់​នឹង​សរសៃអំបោះ នីមួយៗ​នៃ​ក្រមា​។

​ការបង្កើត​យុទ្ធនាការ​ត្បាញ​ក្រមា​វែង​ជាងគេ​នេះ មាន​គោលបំណង​សំខាន់ៗ​ចំនួន​៣ រួមមាន ៖ លើកកម្ពស់​មោទនភាព​ជាតិ និង​កិត្យានុភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​, បង្កើត​ការចូលរួមចំណែក ពី​ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ដើម្បី​រួមគ្នា​ថែរក្សា និង​លើកស្ទួយ​មត៌ក​វប្បធម៌ ប្រពៃណី ខ្មែរ និង​ជំរុញ​ឲ្យ​មាន​សាមគ្គីភាព និង​ឯកភាព​ជាតិ​តាមរយៈ ការរួម​គ្នា​បង្កើត​ស្នាដៃ​ដ៏​ធំ សម្រាប់​ជាតិ

សូម​រំលឹកថា ព្រឹត្តិការណ៍​ត្បាញ​ក្រមា​វែង​ជាងគេ បានអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ចូលរួម​ត្បាញ​ក្រមា​ដោយ​សេរី​ចាប់ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង​៩​យប់ ដែល​រហូតមក​ដល់ពេលនេះ មាន​ប្រជាពលរដ្ឋ​ចូលរួម​ត្បាញ​រាប់ម៉ឺន​នាក់​ផងដែរ​៕​

ហ្វីលីពីន បើកសម្ពោធ​ព្រលានយន្តហោះ​ថ្មី ក្នុង​ក្រុង​សេ​ប៊ូ​

ហ្វីលីពីន ៖ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ទ្រី​ហ្គោ​ឌូ​ទឺ​តេ បាន​បើកសម្ពោធ​ស្ថានីយ​ព្រលាន យន្តហោះ ថ្មី ក្នុង​ខេត្ត សេ​ប៊ូ ភាគ​កណ្តាល​ប្រទេស​ហ្វីលីពីន​។ លោក​ឌូ​ទឺ​តេ និយាយថា ស្ថា​នី​យ៏​ព្រលានយន្តហោះ អន្តរជាតិ​ម៉ា​តាន សេ​ប៊ូ ២ និង​ផ្តល់​ឲ្យ​ខេត្ត សេ​ប៊ូ នូវ​ការចែក រំលែក​ដ៏​ប្រសើរ នៃ​ទីផ្សារ​ទេស ចរ​ណ៏​ប្រទេស​ហ្វីលីពីន​។ លោក​ឌូ​ទឺ​តេ និយាយថា ចំណត​ថ្មី​នេះ ការ​រចនា​ក្បូ​ក្បាច់ រៀបចំ​ដោយ​វិចិត្រករ​ក្នុងស្រុក ប៉ុន្តែ​ស្នាដៃឯក​នេះ​នឹងមិន ត្រឹមតែ​បន្ថែម​លើ​តម្លៃ​នៃ​សា​ភ័ណ​ភាព​សំណង់​នោះទេ តែ​ថែមទាំង​បង្ហាញ​ដល់​ពិភព លោក​នូវ​អារម្មណ៍​កក់ក្តៅ​និង​ការ​ស្វា​គម​ន៏​របស់​យើង​ក៏ដូចជា​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប របស់​យើង ចំណត​ថ្មី​នេះ​ក៏​នឹង​លើកកម្ពស់​វិស័យ​ទេសចរណ៍​ជំរុញ​ពាណិជ្ជកម្ម និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅក្នុង​តំបន់ Visayas ។

គម្រោង​នេះ​នឹង​ក្លាយជា​កាតាលីករ សម្រាប់​ការអភិវឌ្ឍន៍ នៅក្នុង​តំបន់​ផងដែរ​។ លោក ឌូ​ទឺ​តេ និយាយថា​រដ្ឋបាល​រប​ស់ លោក និង​សាងសង់​ព្រលានយន្តហោះ បន្ថែមទៀត និង​គំរោង​ហេ​ត្ថា​រចនាសម្ព័ន្ធ​ផ្សេងៗ ឆ្លងកាត់​ប្រជុំ​កោះ ជា​ផ្នែក​មួយ​នៃ កម្មវិធី​ក៏​សាង​ដ៏​មាន​ម​ហិ​ច្ឆិ​តា​។ នេះ​គឺ​តំណាង​ឲ្យ ការ​ប្តេ ជ្ញា​ចិត្ត​របស់​យើង ក្នុងការ​លើកកម្ពស់ ភាព​ចល័ត និង​ទំនាក់ទំនង ដូច្នេះ​យើង​អាច​ផ្តល់ ការដឹកជញ្ជូន ដែល​អាច​ទុកចិត្តបាន សមរម្យ និង​សុវត្ថិភាព​សំរាប់​ប្រជាជន និង​ការឆ្លង កាត់ ដ៏​ប្រសើរ នៅតាម​ប្រជុំ​កោះ​។ អ្នកនាំពាក្យ​ប្រធានាធិបតី​លោក Harry Roque បាន និយាយថា​ព្រលានយន្តហោះ​ថ្មី​នេះ​មាន​ទំហំ​ប្រមាណ 65,500 ម៉ែត្រការ៉េ​ត្រូវបាន​រចនា ឡើង​ដើម្បី​កាត់បន្ថយ​ចរាចរណ៍​ផ្លូវអាកាស​នៅ​ខេត្ត​សេ​ប៊ូ​។ ខេត្ត Cebu ដែនដី​កោះ​គឺជា គោលដៅ​ទេសចរណ៍​កំពូល​សម្រាប់​អ្នកទេសចរ​ក្នុង​និង​ក្រៅ​ស្រុក​ដោយសារ​អាកាសធាតុ​ដ៏​ស្រស់ស្អាត ឆ្នេរ​ដ៏​ស្អាត ទឹកថ្លា​គ្រី​ស្តា​ល់ រមណីយដ្ឋាន​ប្រណីត ផ្សារ​ទំនើប កាស៊ីណូ និង​សួនច្បារ​៕

រថយន្ត​រី​វ៉ូ​ ​បើក​បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​ក្រឡាប់​ផ្ងារជើង​

​ភ្នំពេញ ៖ បុរស​ម្នាក់​ទំនង​ស្រវឹងស្រា​របើក​បររថ​យន្ត​មួយគ្រឿង​ក្នុង​ល្បឿន​យ៉ាង​លឿន​រួច​ក៏ ចង្កូត ទៅបុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ បាក់​វាច​អស់​មួយ​កង់ ចំណែកឯ​រថយន្ត​ក្រឡាប់​ផ្ងារជើង ទៅមុខ​លែងរួច​។​

​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨​ត្រង់ចំណុច​ខាងត្បូង​មន្ទីរពេទ្យ​ព្រះកុសុមៈ​ប្រមាណ​១០០​ម៉ែត្រ តាម​បណ្តោយ ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ គេ​ឃើញ​បុរស ម្នាក់ បើកបរ​រថយន្ត​សេរី​ទំនើប​មួយគ្រឿង​ម៉ាក តូ​យូ​តា​រី​វ៉ូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AL-0581 ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្និ​ង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​យ៉ាង​លឿន​។​

​លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​បង្ក​ខាងលើ​ស្រាប់​រេ​ចង្កូត​ទៅខាង​ឆ្វេង​ទៅបុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង​បណ្តាលអោយ​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​វាច​អស់​មួយ​កង់ ចំណែកឯ​រថយន្ត​បង្ក​បាន​ក្រឡាប់​ផ្ងារជើង​ទៅមុខ​លែងរួច​ជាប់​អ្នកបើកបរ​នៅក្នុង​រថយន្ត​។​

​ភ្លាមៗ​នោះ​ក៏មាន​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បាននាំគ្នា​វាយ​បំបែក​កញ្ចក់​រថយន្ត​ដើម្បី​យក​អ្នកបើកបរ​ចេញមក​ខាងក្រៅ បន្ទាប់មក​អ្នកបើករថយន្ត​បង្ក ត្រូវបាន​បក្សពួក​នាំខ្លួន គេច ចេញពី​កន្លែងកើតហេតុ​បាត់​បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​ហើយ​បានធ្វើការ​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះមក​ធ្វើការ​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ដើម្បី​រងចាំ​ម្ចាស់​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕​

ព្រះបរមរាជវាំង បកស្រាយ​រឿង​ដែលថា​ព្រះរាជសារ​ព្រះមហាក្សត្រ​ក្លែងក្លាយ​

​ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង​បញ្ជាក់ថា ព្រះរាជសារ​របស់​ព្រះមហាក្សត្រ មិន​មានការ​ក្លែងក្លាយ និង​មិនមាន​ការគំរាមកំហែង​ឡើយ គឺជា​ព្រះរាជសារ​ពិតប្រាកដ​។​

​សេចក្ដីប្រកាស​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ជន​មួយចំនួន​បាន​ចោទប្រកាន់ថា មានការ​ក្លែង​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ដែល​បាន​ចុះ​កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ការអំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ថ្ងៃទី​២៩ កក្កដា ២០១៨​ខាងមុខ​។​

​ដ្បិត​មិន​សំដៅចំៗ​ទៅកាន់​បុគ្គល​ណា​ក្តី តែ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងព្រះបរមរាជវាំង គឺធ្វើឡើង​ក្រោយពី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដោយ​អះអាងថា ព្រះរាជសារ​របស់​ព្រះមហាក្សត្រ គឺជា​ព្រះរាជសារ​ក្លែងក្លាយ​។ លោក ថែមទាំង​បកស្រាយ​ថា ទោះជា​ព្រះរាជសារ ជាការ​ពិត​ក៏ដោយ ក៏​ធ្វើឡើង​ក្រោម​ការគំរាមកំហែង​ដែរ​៕