All posts by មេគង្គ ប៉ុស្តិ៍

ជំនន់​ទឹកភ្លៀង​ជន់​លិច​ភូមិ​ជាច្រើន​នៅ​ស្រុក​ភ្នំស្រួច ពលរដ្ឋច្រើន​រយ​នាក់​ត្រូវបាន​ជម្លៀស​

​ភ្នំពេញ ៖ ជំនន់​ទឹកភ្លៀង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​បាន​បណ្តាល​ឲ្យ​ភូមិ​ជាច្រើន​ក្នុងស្រុក​ភ្នំស្រួច​ ​ខេត្តកំពង់ស្ពឺ ទទួលរង​ការ​ជន់​លិច និង​មាន​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ ត្រូវបាន​ជម្លៀស​ទៅ រក​ទីទួល​សុវត្ថិភាព​។

​ក្នុងឱកាស​នៃ​ការអញ្ជើញ​ចុះ​ពិនិត្យមើល​សភាពការណ៍​គ្រោះ​ទឹក​
​ជំនន់ នា​ព្រឹក​ថ្ងៃទី​១៩ កក្កដា​នេះ ទេសរដ្ឋមន្ត្រី អនុប្រធាន​ប្រចាំការ​គណៈកម្មាធិការ ជាតិ​គ្រប់ គ្រង​គ្រោះមហន្តរាយ ឯកឧត្តម​បណ្ឌិត ញឹម វណ្ណដា បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​យកចិត្ត ទុកដាក់​ខ្ពស់បំផុត​ក្នុង​ការផ្តល់​សុវត្ថិភាព​ជូន​ពលរដ្ឋ​។​

បើតាម​អាជ្ញាធរខេត្ត​កំពង់ស្ពឺ​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​១៨ ខែកក្កដា ម្សិលមិញ ជំនន់​ទឹក ភ្លៀង​បាន​ជន់​លិច​ភូមិ​ចំនួន​២៦ ក្នុង​ឃុំ​ចំនួន​៨ នៃ​ស្រុក​ភ្នំស្រួច ហើយ​ប្រជាពលរដ្ឋ​ចំនួន ២៣០ គ្រួសារ ស្មើនឹង ៦៨៩​នាក់ (​ស្រី ៣១៦​នាក់​) ត្រូវបាន​ជម្លៀស​ទៅរក​ទីទួល​សុវត្ថិភាព​។ អាជ្ញាធរ​តំបន់​បាន​បន្ថែមថា គ្រោះធម្មជាតិ​មួយ​នេះ​ក៏បាន​ធ្វើ​ឲ្យ​ប៉ះពាល់ និង​ខូចខាត​ផ្លូវ​ក្រាល កៅស៊ូ​ប្រវែង ៣៥០​ម៉ែត្រ លិចលង់​ស្រូវ ១១៥៧​ហិកតា ដំណាំ​ស្វាយ ២៣២​ហិកតា បាក់​ទំនប់ និង​បាត់​សត្វពាហនៈ​មួយចំនួន​។​

មានការ​បញ្ជាក់​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​មក​ថា​៖ នា​ប៉ុន្មាន​ថ្ងៃ​
​នេះ​ភ្លៀង​បាន​ធ្លាក់​យ៉ាងខ្លាំង​នាំ​ឲ្យ​កើតមាន​ទឹកជំនន់ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ដល់​ខេត្ត​ចំនួន​៥ រួម មាន​៖ ខេត្តកោះកុង ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ស្ពឺ និង​ខេត្តបាត់ដំបង​។ គ្រោះ ធម្មជាតិ​មួយ​នេះ​បាន​បង្ខំ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន ៨៣៧ គ្រួសារ​ទៅរក​ទីទួល​សុវត្ថិភាព​។ ជាមួយគ្នានេះ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត ក្នុង​ខេត្តកំពង់ស្ពឺ ក៏​កំពុង​បង្ក​ជាការ​ព្រួយ​បារ​ម្មណ៍​ថា នឹង​អាច​ប៉ះពាល់​មកលើ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ផងដែរ​៕
​

អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ដុត​កម្ទេច​ទូ​ហ្គេមដែល​រឹបអូសពី​ទីតាំង​​បើក​​លួចលាក់

​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ នា​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ បានរៀបចំ​ពិធី​វាយកំទេច​ទូ​ហ្គេម ចំនួន​១០​ទូ​( ទូ​ហ្គេម​បៀ ទូ​ហ្គេ​សសេះ​) ដែល​បាន​រឹបអូស ពី​ម្ចាស់​ទីតាំង​លួច​បើក​ខុសច្បាប់ ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​។​

​ក្នុងឱកាស​នោះ មាន​វត្តមាន​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​, លោក ម៉ៅ សឿត អធិការ​ស្តីទី​, លោក គិត សុផល មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ និង​លោក​ចៅសង្កាត់​ទាំង​៨ កងកម្លាំងប្រដាប់អាវុធ​សាលា ជា​ច្រើ​រូប​ទៀត​។​

​បើតាម​លោក​អភិបាលខណ្ឌ​ច្បារអំពៅ ដែល​បាន​ដឹកនាំ​កម្លាំង​ក្នុងការ​បង្ក្រាប និង​រឹបអូស​ទូរ​ហ្គេម​ទាំងអស់នេះ​កន្លងមក បាន​ឲ្យ​ដឹងថា កម្លាំង​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ បានធ្វើការ​ចុះបង្ក្រាប និង​រឹបអូស​ទូ​ហ្គេម​ទាំងនេះ ពី​តាម​សង្កាត់​។​

​លោក​អភិបាលខណ្ឌ បាន​បន្តទៀតថា ការបង្ក្រាប​កន្លែង​បើក​ហ្គេម ជាពិសេស​ហ្គេម​បាញ់​ត្រី​នេះ ព្រោះ​វា​ជា​ប្រភព​នៃ​ល្បែងស៊ីសង ដែល​បាន​បង្ក​ផលប៉ះពាល់ ដល់​ការសិក្សា​របស់​សិស្ស ធ្វើ​ឲ្យ​ពួកគេ​គេចវេស ការរៀនសូត្រ ពី​សាលារៀន ហើយ​ល្បែង​ទាំងនេះ ក៏​ជា​ប្រភព​នៃ​បទល្មើស​ផ្សេងៗ ដូចជា​លួច ឆក់ ប្លន់​ផងដែរ​។​

​ដោយឡែក​ចំពោះ​ម្ចាស់​ទីតាំង​វិញ ត្រូវបាន​អភិបាល​រូបនេះ បាន​បញ្ជាក់ថា ខាង​សាលាខណ្ឌ បានធ្វើ​ការអប់រំ និង​ណែនាំ​ដល់​ពួកគាត់ មិន​ឲ្យ​បើក​អាជីវកម្ម​របៀបនេះ​តទៅទៀត​ទេ ព្រោះ​វា​ផ្ទុយ​ទៅ និង​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ស្តីពី​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព ដែល​មិន​ឲ្យ​កើតមាន​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន ហើយ​ម្ចាស់​ទី​តាំ​ទាំងនោះ បានធ្វើ​កិច្ចសន្យា ជាមួយ​អាជ្ញាធរ​ឈប់​ប្រក​បរបរ​នេះ​ទៀតហើយ​។​

​ក្នុងនាម​អាជ្ញាធរ ក៏ដូចជា​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​ទាំងមូល លោក​អភិបាល ចេង មុនី​រ៉ា បាន​សន្យាថា នឹង​បន្តសកម្មភាព​បង្ក្រាប ជា​បន្តបន្ទាប់​ទៅ​ថ្ងៃមុខ​បន្ថែមទៀត ព្រោះ​អាជ្ញាធរ ជា​អ្នកបំរើ​ប្រជារាស្ត្រ បើ​រវល់​គិតតែ​ខ្លាច​អំណាច ឬ​បុណ្យ​សក្តិ​របស់​អស់លោក​ជា​អ្នកធំៗ មួយចំនួន តើ​ប្រជារាស្ត្រ​ផ្ញើ​ក្តី​រំពឹង និង​សេចក្តីទុកចិត្ត ទៅលើ​អ្នកណា​បាន​ទៀត​ទៅ​ថ្ងៃមុខ​៕
​

គ្រឿង​បូជា​ថ្វាយ​ព្រះ មុន​ពិធីបុណ្យ​ចូល​ព្រះវស្សា​ឆ្នាំនេះ លក់ដាច់​ជាង​ឆ្នាំមុនៗ​

​ភ្នំពេញ ៖ អាជីវករ លក់ដូរ សម្ភារៈ​សម្រាប់ បូជា​ថ្វាយ ចំពោះ​ព្រះពុទ្ធសាសនា រួមមាន ទៀន ធូប ទ័យ​ទាយ និង សម្ភារៈ​ផ្សេងៗ មុន​ពិធីបុណ្យ​ចូល​ព្រះវស្សា​មកដល់​ឆ្នាំនេះ លក់ដាច់​ជាង​ឆ្នាំមុនៗ ជាពិសេស​ទៀន​ព្រះវស្សា និង សំពត​សាដក ចាប់ពី​ដើមខែ​កក្កដា​មកនេះ អាច​លក់បាន​ពី​៤០​ទៅ​៥០​គូរ​ក្នុង​១​ថ្ងៃៗ​។​
​ម្ចាស់​ហាង ឧ​ត្ត​ម ឧ​ត្ត​ម លោកពូ ស៊ិន ហាំ ដែល​លក់​នៅតាម​បណ្តោយ​ផ្លូវ​លេខ ១៨២ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា បាន​មានប្រសាសន៍​ប្រាប់ឱ្យដឹង​ថា ចាប់តាំងពី​ចូលដល់​ខែ ទុតិយាសាឍ ឬ ខែកក្កដា​នេះ​មក ការលក់ដូរ​សម្ភារៈ​គ្រឿង​បូជា​ថ្វាយ​ចំពោះ​ព្រះពុទ្ធសាសនា ក្នុងឆ្នាំនេះ លក់ដាច់​ជាង​ឆ្នាំមុនៗ លោកពូ​រំពឹងថា ឆ្នាំនេះ លោក​អាច​លក់​ទៀន​ព្រះវស្សា ឬ សំពត់​សាដក បាន​ពី​៧០០​ទៅ​១០០០​គូរ លើសពី​ឆ្នាំ មុនៗ​។​

​លោកពូ​បញ្ជាក់ថា ភាគច្រើន អ្នកទិញ​ទៀន​ព្រះវស្សា ពួកគាត់​តែងតែ​ទិញ សំពត់​សាដក ភ្ជាប់​ជាមួយ ហើយ​ម្នាក់​ចូលមក​ទិញ មាន​អ្នកខ្លះ​ទិញ​មួយគូរ ហើយក៏​មាន​អ្នក​ខ្លះទៀត ទិញ​ច្រើន​គូរ​ផងដែរ​។ ដែល​ទៀន​មួយគូរៗ មានតម្លៃ​ចាប់ពី​៣០​ដុល្លារ​រហូតដល់​ទៅ​១៥០​ដុល្លារ ទៅតាម​ប្រភេទ និង​ទំហំ​របស់​ទៀន​។ ហើយ​លក់ដាច់​ជាងគេ​គឺ​ទៀន​ដែល​ផលិត​នៅក្នុង​ស្រុក មាន​ទំហំ​ចាប់ពី​៨​តឹក ដល់​១​ម៉ែត្រ​៦០​។

​តាម​ទំនៀម ជា​ប្រពៃណី នៃ​ព្រះពុទ្ធសាសនា ព្រះសង្ឃ គ្រប់​អារាម ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​និមន្ត​ចូលកាន់​ព្រះវស្សា អស់​ថេរវេលា​៣​ខែ ចាប់តាំងពី​ថ្ងៃ ១​រោជ ទុតិយាសាឍ រហូតដល់ ថ្ងៃ ១៥​កើត ខែអស្សុជ ទៅតាម​ព្រះ​បរម​សាស្ត្រា នៃ​យើង ទ្រង់​បាន​បញ្ញត្តិ ឲ្យ​មាន​កិច្ច​ចូល​ព្រះវស្សា​។ ប៉ុន្តែ​សព្វថ្ងៃ នៅ កម្ពុជា ការចូល​ព្រះវស្សា មាន​កណ​ត់​ត្រឹមតែ​៣​ខែ​។ ក្នុង​រយៈវេលា​៣​ខែ​នេះ នៅ​គ្រប់​ព្រះវិហារ នៃ ទី​វត្ត​ទាំងឡាយ គេ​តែង​រក្សា​ភ្លើងទៀន ព្រះវស្សា​ឲ្យ​នៅ​ឆេះ​ជានិច្ច លើកលែងតែ​ស្រុកទេស មាន​គ្រោះមហន្តរាយ ណាមួយ​កើតឡើង​។​

​បើតាម ព្រះ​ញាណ​វិសុទ្ធិ​វង្ស សាត វិបុល ព្រះ​រាជាគណៈ​ថ្នាក់​ចត្វា ព្រឹទ្ធបុរស​រង​ពុទ្ធិក​សាកល​វិទ្យា ល័យ​ព្រះសីហនុ​រាជ ព្រះចៅអធិការ​វត្ត ជេដ្ឋា​ឧ​ត្ត​ម បាន​មាន​ថេរ​ដិ​ការឱ្យដឹងថា បុណ្យ​ចូល​ព្រះវស្សា​ក៏​ជា​បុណ្យ​ដ៏​ធំ​មួយ ដែល​អាច​ចាត់ទុកថា ជា​បុណ្យ​ដែលមាន​សារៈសំខាន់​នៅក្នុង​ចំណោម​បុណ្យ​ផ្សេងៗ នៅក្នុង​ព្រះពុទ្ធសាសនា​។ ជា​រៀងរាល់ឆ្នាំ នៅពេល​ដល់​ថ្ងៃខែ ដែល​ត្រូវ​ប្រារឰ​ពី​ធី​បុណ្យ​ចូល​ព្រះវស្សា ប្រជាពលរដ្ឋ ដែលជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ក៏បាន​នាំគ្នា​ជ្រះថ្លា​រៀបចំ​គ្រឿង​សក្ការៈ និង​គ្រឿង​ឧបភោគបរិភោគ ផ្សេងៗ សម្រាប់​ឧបត្ថម្ភ ដល់​ភិក្ខុសង្ឃ​ឆាន់ និង ប្រើប្រាស់​ក្នុង​រដូវ​កាល​ចូលកាន់​ព្រះវស្សា​។​

​ព្រះ​ញាណ​វិសុទ្ធិ​វង្ស​បន្ថែមថា ចំណែកឯ​ទាយក ទាយិកា ឧបាសក ឧបាសិកា ជា​ពុទ្ធសាសនិក ចំណុះជើងវត្ត​នីមួយៗ ក្រោម​ការដឹកនាំ​របស់​លោក​អាចារ្យវត្ត​ក៏​ប្រារព្ធ ធ្វើបុណ្យ​ចូល​វស្សា ឬ កាន់​វស្សា​នោះ​ផងដែរ ជាពិសេស គឺ​ចាត់ចែង​វ​ស្សិកសា​ដក (​សំពត់ សំរាប់​ងូតទឹក​ភ្លៀង​) ដែល​និយម​ហៅថា សំពត់​សាដក ចំណាំ​វស្សា ព្រមទាំង​ប្រេងកាត ទៀន ធូប និង​ភេសជ្ជៈ​មួយចំនួនទៀត​តាម​លទ្ធភាព​​៕

​

ទឹកភ្លៀង​កំពុងជន់​លិច​ឃុំ​ព្រៃ​រំដួល និង​ឃុំ​តាំង​ខ្យា ស្រុក​ភ្នំស្រួច

​កំពង់ស្ពឺ ៖ ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ស្ថិតនៅ​ឃុំ​ព្រៃ​រំដួល​និង​ឃុំ​តាំង​ខ្យា​ស្រុក​ភ្នំស្រួច​ដែលមាន​កម្ពស់​ទឹក​ជន់​លិច​កើនឡើង​រហូត​កម្ពស់​១​ម៉ែត្រ ។​

​លោក វ៉ី សំណាង បាន​អោយកម្លាំង​មាន​សមត្ថកិច្ច អាជ្ញា​​ស្រុក ត្រូវ​ត្រៀម និង​យកចិត្តទុកដាក់​លើ​មុខសញ្ញា ដែល​ងាយ​រងគ្រោះ​ដូចជា​៖ កុមារ​តូចៗ​, ចាស់ជរា​, ជនពិការ​ជាដើម ក្នុងការ​ត្រៀម​បម្រុង​រក​ទីទួល​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។​

​លោក វ៉ី សំណាង បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា​អាជ្ញាធរខេត្ត អាជ្ញាធរ​ស្រុក ឃុំ សង្កាត់ បាននិងកំពុង​យកចិត្តទុកដាក់​បំផុត​ចំពោះ​សុវត្ថិភាព​របស់​បងប្អូន ហើយ​ក៏បាន​ត្រៀម​វិធានការ​ដោះស្រាយ ទប់ស្កាត់ ចំពោះ​គ្រោះធម្មជាតិ​មួយ​នេះហើយ ដើម្បី​ដោះស្រាយ​អោយបាន​ទាន់ពេលវេលា ។​

​ជាមួយគ្នានេះ​ដែល​ឯកឧត្តម ក៏បាន​ផ្តាំផ្ញើ ដល់​បងប្អូន​ត្រូវ​ប្រុងប្រយ័ត្ន​ពី​បញ្ហា​សុខភាព ដោយ​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ជាពិសេស ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​មនុស្ស​ចាស់ ក្មេង​តូចៗ នៅពេល​មាន​ខ្យល់ ឬ ភ្លៀង ហាម​ជ្រក​ក្រោម​ដើមឈើ និង​ប្រយ័ត្ន​ចំពោះ​ពពួកសត្វ​មាន​ពិស​ជាដើម​។​

​លោក​បាន​បញ្ជាក់ថា​ថ្មីៗ​នេះ​ដោយសារ​តែមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នៅក្នុង​ស្រុក​ភ្នំស្រួច​ទាំងមូល​ដែលជា​ហេតុ​បង្កអោយមាន​ទឹកជំនន់ ក្នុង​ឃុំ​ចំនួន​០៧ ក្នុងស្រុក​ភ្នំស្រួច (​ឃុំ ក្រាំង​ដី​វ៉ា​យ ត្រែងត្រយឹង តាំង​ស្យា តាំង​សំរោង ដំបូក​រូង ព្រៃ​រំដួល​និង ឃុំ​ចំបក់​) ស្មើនឹង​២៣​ភូមិ ក្នុងនោះ​បណ្តាលអោយ​លិច​ដល់ផ្ទះ​របស់​ប្រជាពលរដ្ឋ ចំនួន​០៨ ភូមិ និង​បណ្តាលអោយមាន​ផលប៉ះពាល់​ដូចខាងក្រោម​៖
– លិច​ដំណាំ​ស្រូវ​សរុប​ចំនួន ៤៩០,៥ ហិកតា​
– ចំការ​ស្វាយ​សរុប​ចំនួន ២៥២ ហិច​តា
– ដំណាំ​រួមផ្សំ​សរុប​ចំនួន​១៥​ហិច​តា​
– ច្រោះ​ផ្លូវ​សរុប​ចំនួន ១៤​កន្លែង ស្មើនឹង​១៣៣៥​ម៉ែត្រ​
– ដាច់​ផ្លូវ​ចំនួន​១៣ កន្លែង ស្មើនឹង​៧០ ម៉ែត្រ​
– បាត់​សត្វ​គោ​របស់​ប្រជាពលរដ្ឋ​ចំនួន​០៧ ក្បាល​មិនទាន់​រកឃើញ​នោះទេ​៕
​

ក្រឡាប់​រថយន្ត​ដឹក​កម្មករ​រោងចក្រ​របួសធ្ងន់​ស្រាល​ជាង​៣០​នាក់​

​កំពង់ស្ពឺ ៖ យ៉ាង​ហោ​ស​ណាស់​ក៏មាន​កម្មករ​កម្មការិនី​រោងចក្រ​បាន​រងរបួស​ធ្ងន់​ស្រាល​ជាង​៣០​នាក់​ខណៈដែល​ជិះ​រថយន្ត​ត្រឡប់មកផ្ទះ​ហើយ​តៃកុង​រថយន្ត​បើក​លឿន​វ៉ា​ជែង​គេឯង​បណ្តាលអោយ​ក្រឡាប់​រងរបួសរ​ណូ​ក​រណែល កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​នៅលើ​ផ្លូវលំ​ភូមិ​ពោធិ​ថ្មី ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​តាម​សម្តី​របស់​មន្ត្រីនគរបាល​ស្រុក​ឧដុង្គ​បាន​និយាយ​អោយដឹងថា​​មាន​ករណី​រថយន្ត​ដឹក​កម្មករ​ក្រឡាប់​នៅ​ចំណុច​​ភូមិ​ពោធិ​ថ្មី ឃុំ​ដំណាក់​រាំង មុខ​ខ្លោងទ្វារ​ចូល​បន្ទាយ​​សាលា​ជើងគោក​បណ្តាលអោយ​រង​របួសរ​ណូ​ក​រណែល ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​ទុក​រថយន្ត​ចោល​រត់គេចខ្លួន​បាត់ស្រមោល។

​នគរបាល​បន្តថា​​រថយន្ត​ម៉ាក ម៉ាស​ស្ដា ផលិត​នៅ​ប្រទេស​(​កូរ៉េ​)​ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខគ​7187​ភព​2​បើកបរ​ដោយ​ឈ្មោះ​ដួង គឹម​តុង​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​មុខរបរ​បើកបរ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​រស់នៅ​ក្នុងភូមិ​ពោធិ​ថ្មី ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ នគរបាល​បាន​បន្ថែមថា​បន្ទាប់ពី​តៃកុង​បើកបរ​ក្នុង​ល្បឿន​លឿន​រួចមក​ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវលំ ស្រប​ទិស​គ្នា​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង​
​រថយន្ត​ដឹក​កម្មករ​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​ដល់​ចំណុចកើតហេតុ​បាន​វ៉ា​ជែង រថយន្ត​មួយគ្រឿង​ទៀត​មិន​ផុត​ក៏បាន ប៉ះ​រថយន្ត​មួយគ្រឿង​បណ្ដាលអោយ​ក្រឡាប់​ផ្អៀង​មួយ​ចំហៀង​​រថយន្ត​ប្រភេទ​កូរ៉េ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ខៀវ​លា​យស​គ្មាន​ស្លាក​
​លេខ​អ្នក​បើ​បររថ​យន្ត បាន​រត់​គេចខ្លួនបាត់​ស្រមោល​។​

​នគរបាល​និយាយ​អោយដឹងថា រថយន្ត​ក្រឡាប់​ខាងលើ​មាន​​ដឹក​កម្មករ​ចំនួន​៣៥​នាក់​ក្នុងនោះ ស្រី​ចំនួន​៣០​នាក់ ប្រុស​ចំនួន​០៥​នាក់​។​ក្រោយ​កើតហេតុ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ហៅ​រថយន្ត​សាមុយ​ដឹក​អ្នករងរបួស​យកទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។​

​ចំណែក​រថយន្ត​ដែល​រង​ការខូចខាត​នោះ​ត្រូវបាន​នគរបាល​ជំនាញ​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​នៅពេល​ក្រោយ​។​សូមបញ្ជាក់​អ្នករងរបួស​មិនទាន់​ដឹង​ចំនួន​នៅឡើយ​ទេ និង​មិនទាន់​ស្គាល់ឈ្មោះ​ផងដែរ​៕
​

ការនាំចេញ​វិស័យ​កាត់ដេរ​កម្ពុជា​កើនឡើង ក្នុងស្ថានភាព​ប្រកួតប្រជែង​

​ភ្នំពេញ ៖ ទន្ទឹមនឹង​កំណើន​នៃ​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​ទៅដល់​៤​ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទី​១​ឆ្នាំ​២០១៨ ក៏​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង បន្ត​មាន​បញ្ហា​ប្រឈម​លើ​ការរក្សា​ភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់ ដែលមាន​វៀតណាម បង់​ក្លា​ដែ​ស និង​មី​យ៉ាន់​ម៉ា​។​

​យោងតាម​របាយការណ៍​បញ្ជាក់ថា ការនាំចេញ​ផលិតផល​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០១៨​នេះ មាន​កំណើន​ប្រមាណ​១១,១​ភាគរយ ខ្ពស់ជាង​ឆមាស​ទី​១ ឆ្នាំ​២០១៧ ដែលមាន​ត្រឹមតែ​៧​ភាគរយ​។ នេះ​បើតាម​របាយការណ៍​ឆមាស​ទី​១​របស់​ធនាគារជាតិ​ក​ម្ពុ​ជា​។​
​របាយការណ៍​ដដែល​ប​ង្ហា​ញ​ថា វិស័យ​ឧ​ហ​ស្សា​ហក​ម្ម ជាពិសេស​វិ បើតាម​ធនាគារជាតិ​កម្ពុជា បញ្ហា​ប្រឈម​នោះ ក៏​រួមមាន​ការកើនឡើង យ៉ាង​ឆាប់រហ័ស​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ដែល​បាន​កើនឡើង​ពី​១៥៣​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៧ ដល់​១៧០​ដុល្លារ​ក្នុង​មួយខែ ក្នុង​ឆ្នាំ​២០១៨​នេះ​។​
​
គួរ​ជម្រាបជូន​ថា របាយការណ៍​របស់​ក្រសួង​ការងារ​ឆ្នាំ​២០១៧ បង្ហាញថា កម្ពុជា​បាន​នាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង ទៅកាន់​ទីផ្សារ​អន្ដរជាតិ​ប្រមាណ​៧​ពាន់​៦​រយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុងនោះ សហរដ្ឋអាមេរិក និង​អឺរ៉ុប គឺជា​ទីផ្សារ​នាំចូល​ធំជាងគេ​ពី​ប្រទេស​កម្ពុជា ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​៕

ព្យុះ​ទី ៩ សុន​ទី​ញ បង្កើន​ឥទ្ធិពល​អួរ​អាប់ និង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ទូទាំង​កម្ពុជា​

​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃទី​១៨​ខែកក្កដា​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព និង​ឥទ្ធិពល​របស់​ព្យុះ​ទី ៩ ឈ្មោះ សុន​ទី​ញ (SON-TINH) បាននិងកំពុង​ស្ថិតនៅ​ភាគ​ខាងកើត​កោះ​ហៃណាំ​។ ព្យុះ​នេះ នឹងធ្វើ​ដំណើរ​កាត់​កោះ​ហៃណាំ រួច​ទៅដល់​ឆ្នេរ​តុងកឹង ប្រទេស​វៀតណាម នៅ​យប់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨៕​

បំពាក់ Wifi ប្រើប្រាស់​ដោយ​សេរី​លើ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​រថយន្តក្រុង​ទាំងអស់ បាន​ទៅដល់​គោលដៅ​ដោយ​សុវត្ថិភាព និង​ផាសុខភាព រួមទាំង​ការប្រើប្រាស់​សេវា​អ៊ិន​ធឺ​ណែ​ត (Wifi) ដោយ​ឥតគិតថ្លៃ ដែលមាន​លេខ​សម្ងាត់ “ppcitybus ” ។ នេះ​បើតាម​ការជូនដំណឹងរ​បស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រាជធានី​ភ្នំពេញ​។​

​បើតាម​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ នេះ បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ជាពិសេស​អ្នកជិះ​រថយន្តក្រុង​សាធារណៈ​ឲ្យ​បាន​ជ្រាបថា រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង សហការ​ជាមួយ​ក្រុមហ៊ុន Space Media នឹង​ត​ភ្ជាប់ Wifi នៅលើ​រថយន្តក្រុង​ទាំងអស់ ដោយ​អាច​ប្រើប្រាស់​បាន​ដោយ​សេរី​៕​

អាកាសធាតុ​ប្រែប្រួល តែ​ផល​នេសាទ​សមុទ្រ​មាន​លក់​ធម្មតា​លើ​ទីផ្សារ​

ខេត្ត​ព្រះសីហនុ​៖ សកម្មភាព​លក់ដូរ​ផល​នេសាទ​សមុទ្រ​ជា​មូលដ្ឋាន​នេះ គឺមាន​ដំណើរការ​ជាធម្មតា បើទោះបី​ស្ថានភាព​ធាតុអាកាស​មិនសូវ​អំណោយផល ដោយមាន​ភ្លៀង និង​ខ្យល់ព្យុះ​បោកបក់​ខ្លាំង​បែបណា​ក្តី​។​

​ងាក​មក​អាជីវករ​ផ្សារលើ​បាន​ឲ្យ​ដឹងថា ត្រី ក្តាម មឹក និង​បង្គា​ជាដើម មាន​លក់​ជាធម្មតា​នៅលើ​ទីផ្សារ ខេត្ត​ព្រះសីហនុ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​អ្នកគ្រប់គ្រង​ផ្សារលើ ក្រុងព្រះសីហនុ នៅ​ថ្ងៃ​១៨ ខែកក្កដា ឆ្នាំ​២០១៨​។​

​អ្នកនេសាទ​សមុទ្រ​មួយចំនួន ក៏បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​ដែរ​ថា រាល់ថ្ងៃនេះ ទូក​នេសាទ​បានចេញ​នេសាទ​ជាធម្មតា ព្រោះ​មិនមាន​ខ្យល់​កន្ត្រាក់ ឬ​ខ្យល់ព្យុះ​កើតឡើង​ធំដុំ​ទេ​៕

​យ៉ាងនេះ​ក្តី សេចក្តីជូនដំណឹង របស់​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម បាន​រំលឹក​ដល់​បងប្អូន​ប្រជា​នេសាទ​សមុទ្រ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន ពេលចេញ​ធ្វើ​របរ​នេសាទ​សមុទ្រ ជាពិសេស​ត្រូវមាន​ឧបករណ៍​សង្គ្រោះ​បឋម ដាក់​តាម​ទូក​ជាប្រចាំ ដើម្បី​ការពារ​ខ្លាច​មាន​គ្រោះថ្នាក់​ផ្សេងៗ​កើតឡើង​ជាយថាហេតុ​។​

​ទាក់ទិន​បញ្ហា​អាកាសធាតុ​នេះដែរ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា សប្តាហ៍​កន្លងទៅនេះ មាន​កម្មករ​នេសាទ​ម្នាក់ រស់នៅ​ស្រុក​ស្ទឹងហាវ បាន​ធ្លាក់ទឹក​ស្លាប់​ពេលចេញ​ធ្វើ​នេសាទ និង​មាន​ទូក​នេសាទ​១​គ្រឿង​ទៀត បាន​លិច​នៅក្នុង​លំហ​សមុទ្រ ប៉ុន្តែ​អ្នកនេសាទ​ចំនួន​៣​នាក់ ដែល​នៅលើ​ទូក​នេសាទ​នោះ ត្រូវបាន​ទូក​នេសាទ​ដូចគ្នា​ជួយសង្គ្រោះ​ទាន់ពេលវេលា​៕​

រលក​កំដៅ​គ្របដណ្តប់​ប្រទេស​ជប៉ុន សម្លាប់​មនុស្ស​១៤​នាក់

​ជប៉ុន ៖ ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​រាយការណ៍​ថា រលក​កម្តៅ ខ្លាំង បានសំលាប់​មនុស្ស​យ៉ាងតិច 14 នាក់ ក្នុង​រយៈពេល 3 ថ្ងៃ ចុង​សប្តាហ៍​មុន នៅ​ប្រទេស​ជប៉ុន​។

​សីតុណ្ហភាព​ខ្ពស់ បាន​រារាំង​ដល់​ការ​ស្តារឡើងវិញ​នៅ​តំបន់​ដែល​រងគ្រោះ ដោយ​ទឹកជំនន់ ដែល​សំលាប់​មនុស្ស​ជាង 200 នាក់ កាលពី​សប្ដាហ៍​មុន​។​យោងតាម​របាយការណ៍ របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​រាយការណ៍​ថា យ៉ាងហោចណាស់ មនុស្ស 14 នាក់ បាន​ស្លាប់ ដោយសារ​កំដៅ​កើនឡើង​ខ្លាំង ក្នុងនោះ ស្ត្រី​អាយុ 90 ឆ្នាំ​ម្នាក់ ដែល​ត្រូវបាន​គេ​រកឃើញថា បាន​សន្លប់​នៅ វាលស្រែ ហើយ មនុស្ស រាប់ពាន់នាក់​ផ្សេងទៀត កំពុង​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ សម្រាប់​លក្ខខណ្ឌ​ទាក់ទង​នឹង​កំដៅ​។​

​កំដៅ​ខ្លាំង​បំផុត នៅក្នុង​តំបន់​ជាប់​សមុទ្រ ដូចជា​ខេត្ត ហ្គី​ហ្វូ ដែល​បាន​ឡើងដល់ 39.3 អង្សា​សេ ដែលជា​ចំណុចក្តៅ​បំផុត​នៅក្នុង​ប្រទេស​។ ចំណែក​ទីក្រុង​តូ​ក្យូ ត្រូវបាន​កត់ត្រា​ពី​កម្រិត​កំដៅ​ខ្ពស់ 34 អង្សា​សេ​។

​សីតុណ្ហភាព​នៅក្នុង​ផ្នែក​ខ្លះ នៃ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន ដែល​ត្រូវបាន​វាយប្រហារ ដោយ​ទឹកជំនន់ មាន​កំដៅ​កើន​ឡើងដល់ 34.3 អង្សា​សេ ដោយ​បង្កើតឱ្យមាន​ស្ថានភាព​គ្រោះថ្នាក់​ដល់​បុគ្គលិក​យោធា និង​អ្នកស្ម័គ្រចិត្ត ដែល​សំអាត​ភក់ និង​កម្ទេចកម្ទី​នៅ​ទីនោះ​៕
​

មនុស្ស​៣​នាក់​ស្លាប់​ដោយសារ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ស៊ីវិល ប្រទេស​ថៃ​

ថៃ ៖ ឧទ្ធម្ភាគចក្រ​ស៊ីវិល មួយគ្រឿង បាន​ធ្លា​ក់លើ​វាលស្រែ ដោយបាន​សម្លាប់​មនុស្ស​៣ នាក់​នៅលើ​យន្តហោះ​នៅ​ប៉ែក​ឥសាន​ប្រទេស​ថៃ​នៅ​ថ្ងៃ​ពុធ​នេះ​។ យោងតាម​នាយក​ព្រលានយន្តហោះ​ខុន​កេ​ន បាន​ឲ្យ​ដឹងថា ឧទ្ធម្ភាគចក្រ AS355 បាន ធ្លាក់​មកលើ​ដី​វាលស្រែ ក្នុងស្រុក​ចុន​ណា​បុ​ត នៃ​ខេត្ត​ខុន​កេ​ន មាន​ចម្ងាយ​ប្រមាណ ៤៥០​គីឡូម៉ែត្រ ប៉ែក​ឥសាន​ទីក្រុង​បាងកក ដោយបាន​សម្លាប់​មនុស្ស​៣​នាក់ មិនទាន់ ស្គាល់​អត្តសញ្ញាណ​។ ឧទ្ធម្ភាគចក្រ​ព័រ​ណ៌​ស ជួប​ឧបត្តិហេតុ ត្រូវបាន​ឆាបឆេះ​ភ្លាមៗ បន្ទាប់ពី​ធ្លា​ក់នៅ​វាលស្រែ​។

​នាយក​ព្រលានយន្តហោះ​និយាយថា ក្នុងស្ថានភាព​មើល មិន ឃើញ និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ត្រូវបាន​គេ​ជឿថា ជា​មូលហេតុ នៃ​ការធ្លាក់​ឧទ្ធម្ភាគចក្រ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​។ អាជ្ញាធរ​កំពុងបើក​ប្រតិបត្តិការ​ស៊ើបអង្កេត ពី​មូលហេតុ ច្បាស់លាស់ នៃ​ការធ្លាក់​នេះ​៕
​

ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ចំនួន​២ នៅ​មី​យ៉ាន់​ម៉ា បញ្ឈប់​ប្រតិបត្តិការ​

​មី​យ៉ាន់​ម៉ា ៖ សារព័ត៌មាន​ប្រចាំថ្ងៃ 7Day Daily បាន​រាយ​ការ​ណ៏​ថា ក្រុមហ៊ុន​អាកាសចរ​ណ៏​ក្នុងស្រុក ចំនួន​២ គឺ​ក្រុមហ៊ុន អាកាសចរ​ណ៏ បា​ហ្គា​ន អេ​ផិ​ច បាន​បញ្ឈប់​ប្រតិបត្តិការ​របស់ខ្លួន ដោយ​ប្រគល់​អាជ្ញាប័ណ្ណ​ប្រតិបត្តិ​ករ​អាការ​ចរ​ណ៏ ទៅ​ឲ្យ​អាជ្ញាធរ កាលពីពេល​ថ្មីៗ​នេះ​។

​ដោយមាន​ការខ្វះ​យន្តហោះ និង​ការខាតបង់​ផ្នែក​សេដ្ឋកិច្ច បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អាកាស ចរ​ណ៏​ក្នុង​ស្រុ​ម​ទាំងពីរ​នេះ​បញ្ឈប់​ប្រតិបត្តិការ​របស់​ពួកគេ​។​
ដោយ​អនុលោម​តាម សកម្មភាព​អាកាសចរ​ណ៏ ប្រទេស​មី​យ៉ាន់​ម៉ា ក្រុមហ៊ុន​អាកាស ចរ​ណ៏ ទាំងពីរ និង​ត្រូវបាន​បាន​អុ​ញ្ញាតិ​អនុវត្ត​ន៏​អាជ្ញាប័ណ្ណ​ប្រតិបត្តិ​ករ​វិញ នៅពេល​ក្រុម ហ៊ុន មាន យន្តហោះ​គ្រប់គ្រាន់​ដើម្បី​បន្ត​ជើងហោះហើរ​។

​ក្រុមហ៊ុន​អាកាសចរ​ណ៏ អ៊ែរ​បា​ហ្គា​ន បានចាប់ផ្តើម​សេវាកម្ម​របស់ខ្លួន​ក្នុង​ផ្លូវ​ហោះហើរ​ក្នុងស្រុក​ចំនួន​២០ ក្នុង​ឆ្នាំ ២០១២ ហើយ​ក្រុមហ៊ុន អេ​ផិ​ច​អ៊ែរ​ឡាញ បានចាប់ផ្តើម​ដំណើរការ​ផ្លូវ​ហោះហើរ​ក្នុងស្រុក ចំនួន​៥ ក្នុង​ឆ្នាំ​២០១៥​។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន​អាកាសចរ​ណ៏ FMI Air ជា​ជើង​ហោះ ហើរ​ក្នុងស្រុក​ដែរនោះ ក៏មាន​ផែនការ​បញ្ឈប់​ការលក់​សំបុត្រ​យន្តហោះ ដោយ​មិនដឹង​ពី ហេតុផល ចាប់ពី​ថ្ងៃទី​២០ ខែកក្កដា​នេះ​។

​មាន​ក្រុមហ៊ុន​អាកាសចរ​ណ៏​ក្នុងស្រុក​ចំនួន​១០ ដែលមាន​យន្តហោះ​ចំនួន​ប្រមាណ​៤០ ដំណើរការ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​៕
​

ជំនន់​ទឹកភ្លៀង​កំពុង​គំរាមកំហែង​ខេត្ត​ចំនួន​៥ របស់​កម្ពុជា​

​ភ្នំពេញ ៖ តំបន់​មួយចំនួន​ក្នុង​ខេត្ត​ចំនួន​៥ របស់​ប្រទេស​កម្ពុជា គឺ​ខេត្ត​ព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកោះកុង និង​ខេត្តបាត់ដំបង កំពុង​រង​ការ​គម​រាម​កំហែង​ដោយ​ជំនន់​ទឹកភ្លៀង ហើយ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​គួរ​ឲ្យ​កត់សម្គាល់​។​
​
យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ក្នុង​ចំនួន​ដែល​ប្រឈម​ខ្លាំងជាងគេ គឺ​កោះកុង ស្រុក​ចំនួន​៤ នៃ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ រួមមាន ស្រុក​ថ្មបាំង ស្រុក​កោះកុង ស្រុកស្រែ​អំបិល និង​ស្រុក​មណ្ឌលសីមា ត្រូវ​ជំនន់​ទឹកភ្លៀង​ជន់​លិច ខ្លាំង​អស់​រយៈពេល​ជាង​៣​ថ្ងៃ​មកហើយ​។ ក្នុងនោះ​ប្រជា​ពល​រដ្ឋា​ជាង​៣០០​គ្រួសារ នៅក្នុង​ស្រុក​ទាំងនេះ ត្រូវបាន​ជន្លៀស ទៅកាន់​ទីទួល​សុវត្ថិភាព​។

​លោក កែវ វី នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​បញ្ជាក់ថា ដូចគ្នា​ដែរ នៅ​ខេត្តកំពង់ស្ពឺ នៅ​មិនទាន់មាន​ផលប៉ះពាល់​ខ្លាំង​នៅឡើយ ខណៈ​ខេត្ត​មួយ​នេះ មាន​ទំនប់ និង​ទ្វារ​ទឹកជា​ច្រើន ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក ហើយ​ពេលនេះ​ទើបតែ​បើកទ្វារ​ទឹក​ចំនួន ២​ប៉ុណ្ណោះ​។
​
ទោះយ៉ាងណា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក កែវ វី បញ្ជាក់ថា មកទល់ពេលនេះ នៅ​មិនទាន់មាន​របាយការណ៍​រួម​ជាក់លាក់ ស្តីពី​ទំហំ​នៃ​ការខូចខាត ដែល​បណ្តាលមកពី​ជំនន់​ទឹកភ្លៀង​នៅឡើយ​ទេ​៕

សករាជ​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ ចិន​- អាហ្វ្រិក​

​អាហ្វ្រិក ៖ ប្រទេស​ចិន ជា​ប្រទេស​អភិវឌ្ឍន៍​ខ្លាំង​បំផុត​លើ​ពិភពលោក និង អាហ្វ្រិក ជា​ទ្វិ​ប​មួយ មាន ចំនួន​ប្រទេស​កំពុង​អភិវឌ្ឍ​ន៏ ដែល​ពេលនេះ​មាន​ទំនាក់ទំនង​កាន់តែ​ជិតស្និត ។ កាល ពី​៥​ឆ្នាំមុន បែបផែន​ថ្មី នៃ​ដៃគូ​ជា​យុទ្ធសាស្ត្រ រវាង​ប្រទេស​ចិន និង​អាហ្វ្រិក បាននិងកំពុង ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ ចាប់ពី​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រហូតដល់ ការផ្លាស់ប្តូរ វប្បធម៌ និង​ចាប់ពី​កំរិត​រដ្ឋាភិបាល ដល់​វិស័យ​ឯកជន​។ គំរោង​ជា​បន្តបន្ទាប់ ទាក់ទង​ទៅនឹង សុខមាលភាព និង​ការរស់នៅ​របស់​ប្រជាជន និង​អគារ​វប្បធម៌ បានបង្ហាញ​ពី​ភាព​រីកចំរើន ដែល ធ្វើឡើង​ក្នុង​កិច្ចសហប្រតិបត្តិការ​ជា​មិត្តភាព រវាង​ចិន និង​អាហ្វ្រិក​។

​ប្រធានាធិបតី ចិន លោក ហ្សី​ជីន​ពីង បានធ្វើ​ដម​ណើ​រ​ទស្សនកិច្ច​ចំនួន​៣​លើក ទោ​កាន់​ទ្វិ​ប​អាហ្វ្រិក​កាល ពី​៥​ឆ្នាំ​កន្លងទៅ ក្នុង​កិច្ចប្រឹងប្រែង​ក៏​សាង សហគម​ន៏ នៃ​វាសនា​និង​ផល​ប្រ​យោ​ជ​ន៏ តែមួយ និង​បាន​ជម្រុញ​ទឹកចិត្ត​គ្នា​ក្នុងការ​អភិវឌ្ឍ​ន៏ ទំនាក់ទំនង ចិន អាហ្វ្រិក​។ ក្នុង​ខែកក្កដា​ឆ្នាំ​២០១៨​នេះ ប្រធានាធិបតី​ចិន លោក ហ្សី ជិន​ពីង និង​ធ្វើដំណើរ​មកកាន់ ទឹកដី​នៃ​ទ្វិ​ប​អាហ្វ្រិក​ម្តងទៀត ដែលជា​ការបើក​ទំព័រ​ថ្មី សំរាប់​ការសម្របសម្រួល នៃ​ក្តី សុ​បិ​ន្ត ចិន និង​អាហ្វ្រិក​៕
​

ព្យុះ​ទី​ហ្វុ​ង សុន​ទិញ ធ្វើ​ឲ្យ​បាក់​ដី​នៅ​ខេត្ត​ហេ​ណាន ប្រទេស​ចិន​

​ចិន ៖ យោងតាម​អាជ្ញាធរ​ឧតុនិយម​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា ព្យុះ​ទី​ហ្វុ​ង​ទី​៩ នៅ​ឆ្នាំនេះ ឈ្មោះ សុន​ទិញ បានធ្វើ​ឲ្យ​មានការ​បាក់​ដី នៅ​ថ្ងៃ​ពុធ​នេះ ក្នុង​ក្រុង​វ៉ាន​នី​ង ខេត្ត​ហេ​ណាន ប្រទេស​ចិន​ភាគខាងត្បូង ដោយ​នាំមក​នូវ​សន្ទុះ​ខ្យល់ រហូតដល់ ២៣​ម៉ែត្រ​ក្នុង​មួយ​វិនាទី​។​

ភ្លៀង​ធ្លាក់​ខ្លាំង និង​ព្យុះ​ទី​ហ្វុ​ង បាន​បក់បោក​មកលើ​ក្រុង វ៉ាន​នី​ង ប៉ុន្តែ វា​មិនមែន ស្ថិតក្នុង​ម៉ោង​ដែលមាន​មនុស្ស​ធ្វើដំណើរ​ច្រើន នោះទេ ខណៈ​វា​វាយប្រហា​ខេត្ត​ដី​កោះ មួយ​នេះ​។ ជាមួយគ្នានេះដែរ​ចរាចរ​ណ៏​ក្នុង​តំបន់​ត្រូវបាន​កាត់ផ្តាច់​នៅតាម​ដងផ្លូវ​មួយ ចំនួន​។

​ទោះជា​យ៉ាងណា ការព្រួយបារម្ភ​ពី​សុវត្ថិភាព សេវា​នាវា​ចម្លង​អ្នកដំណើរ រវាង កោះ​ហេ​ណាន​និង​ខេត្ត​ហ្គា​ង​ដុង ត្រូវបាន​ផ្អាក​ចាប់តាំងពី​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ ហើយ​រថភ្លើង​ដឹក​អ្នកដំណើរ នៅ​ជុំវិញ​កោះ ក៏ត្រូវ​បាន​ផ្អាក​ផងដែរ​។

យោងតាម​អាជ្ញាធរ ឧ​ត្តុ​ង​និយម បាន​ឲ្យ​ដឹងថា ព្យុះ​ទី​ហ្វុ​ង សុន ទី​ញ ដែល​កំពុងធ្វើដំណើរ​ឆ្ពោះទៅ ភាគ​ខាង លិច​យ៉ាង​លឿន ទៅកាន់ ឈូង​សមុទ្រ​បេ​ប៊ូ នៅ​ប៉ែក​ពាយព្យ​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ខេត្ត​ឡើយ គ្រាន់តែ​បង្ករ​ឲ្យ​មាន​សីតុណ្ហភាព ធ្លាក់ចុះ ប៉ុណ្ណោះ​៕
​