All posts by មេគង្គ ប៉ុស្តិ៍

បក្សនយោបាយ​ទាំង​២០ ទទួលបាន​លេខ​រៀង​របស់ខ្លួន​នៅលើ​សន្លឹកឆ្នោត​ជា​ផ្លូវការ​

​ភ្នំពេញ ៖ ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បានរៀបចំ​ពិធី​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦​។ ការកំណត់​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​នីមួយៗ នៅលើ​សន្លឹកឆ្នោត​នេះ នឹង​ជួយ​បង្កលក្ខណៈ​ងាយស្រួល ដល់​គណបក្សនយោបាយ​ពាក់ព័ន្ធ ក្នុងការ​ឃោសនាបោះឆ្នោត​,​ការបោះឆ្នោត​, និង​ជួយ​ឲ្យ​អ្នកបោះឆ្នោត​អាច​ស្គាល់​បាន ដោយ​ងាយស្រួល​នូវ​គណបក្សនយោបាយ ដែល​ពួកគាត់​ស្រលាញ់​ពេញចិត្ដ​។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា​នេះ បានរៀបចំ​ពិធី​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦​។ ពិធី​នេះ​ធ្វើឡើង ក្រោម​អធិបតីភាព​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប និង​មានការ​និមន្ត​ចូលរួម​ពី​សម្ដេចព្រះសង្ឃរាជ​ទាំង​២​គណៈ ព្រម​ទាំ​តំណាង​គណបក្សនយោបាយ​,​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​,​តំណាង​បណ្ដា​ស្ថានទូត​នានា​ប្រចាំ​កម្ពុជា​,​និង​អ្នកសារព័ត៌មាន​ជាតិ អន្ដរជាតិ​ជាច្រើនរូប​ទៀត​។

​មុន​ពិធី​ចាប់ឆ្នោត​កំណត់​លេខ​រៀង គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប បាន​ថ្លែង ថា លទ្ធផល​នៃ​ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត​មាន​អត្ថន័យ​សំខាន់​ណាស់ សម្រាប់​គណបក្សនយោបាយ​ទាំងអស់ ដែល​ឈ្មោះ​បោះឆ្នោត​។ លោក​បាន​ថ្លែងបន្ត ថា ការកំណត់​លេខ​រៀង​គណបក្សនយោបាយ​នីមួយៗ លើ​សន្លឹកឆ្នោត​នឹង​ជួយ​បង្កលក្ខណៈ​ងាយស្រួល ដល់​គណបក្សនយោបាយ ពាក់ព័ន្ធ​នឹង​ការឃោសនាបោះឆ្នោត​,​ការបោះឆ្នោត​,​និង​ជួយ​ឲ្យ​អ្នកបោះឆ្នោត អាច​ស្គាល់​បាន​ងាយស្រួល​នូវ​គណបក្សនយោបាយ ដែល​ពួកគាត់​ស្រលាញ់​ពេញចិត្ដ​។

​បន្ទាប់ពី​ឯកឧត្ដម​ប្រធាន​គ​.​ជ​.​ប បានបញ្ចប់​ការ​ថ្លែង​សុរ​ន្ទ​កថា​រួចមក ពិធី​ចាប់ឆ្នោត​កំណត់​លេខ​រៀង គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត​បានចាប់ផ្ដើម ក្រោម​ព្រះរាជធិបតី និង​ប្រោស​ព្រះរាជទាន​ចាប់ឆ្នោត ដោយ​សម្ដេចព្រះសង្ឃរាជ​ទាំង​២​គណៈ​។ ជា​លទ្ធផល​បង្ហាញ ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ស្ថិតនៅ​លេខ​រៀង​ទី​១.​លើ​សន្លឹកឆ្នោត​។ ២-​គណបក្ស មាតុភូមិ​យើង​។ ៣-​គណបក្ស​ពន្លឺ​ថ្មី ៤-​គណបក្ស សញ្ជាតិ​កម្ពុជា​។ ៥-​គណបក្ស ខ្មែរ​ក្រោក​។ ៦-​គណបក្ស សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​។ ៧-​គណបក្ស ប្រជាធិបតេយ្យ​មូលដ្ឋាន​។ ៨-​គណបក្ស សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​។ ៩-​គណបក្ស រស្មី​ខេមរា​។ ១០-​គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។ ១១-​គណបក្ស ខ្មែរ​សាធារណៈរដ្ឋ​។ ១២-​គណបក្ស ខ្មែរ​ឈប់​ក្រ​។ ១៣-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ១៤-​គណបក្ស ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។​១៥-​គណបក្ស យុវជន​កម្ពុជា​។​១៦-​គណបក្ស ធម្មាធិបតេយ្យ​។ ១៧-​គណបក្ស ឆន្ទៈ​ខ្មែរ​។ ១៨-​គណបក្ស ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​។​១៩-​គណបក្ស ខ្មែរ​តែមួយ​។ និង​គណបក្ស ប្រជាជន​កម្ពុជា​ស្ថិតនៅ​លេខ​រៀង​ទី​២០ នៅលើ​សន្លឹកឆ្នោត​។

​លោក អ៊​ក គីម​ហាន តំណាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន បន្ទាប់​ពិធី​ចាប់ឆ្នោត​កំណត់​លេខ​រៀង​នេះដែរ ថា គណបក្ស​ប្រជាជន​កម្ពុជា ពេញចិត្ត​ចំពោះ​លេខ​រៀង​គណបក្ស​នៅលើ​សន្លឹកឆ្នោត ដែល​ស្ថិត​លេខ​រៀង​ទី​២០​។ ឯកឧត្ដម​កត់សម្គាល់ ថា ការចាប់​ឆ្នោត​កំណត់​លេខ​រៀង​គណបក្សនយោបាយ​នាពេលនេះ គឺធ្វើឡើង​ដោយ​ត្រឹមត្រូវ យុត្តិធម៌ និង​មាន​តម្លាភាព ក្រោម​ក្រសែភ្នែក​អ្នកសារព័ត៌មាន​ជាតិ​-​អន្ដរជាតិ​,​តំណាង​គណបក្សនយោបាយ​,​និង​តំណាង​អង្គទូត​នានា​ផងដែរ​។​

​ចំ​ណែ​កើ​ផលោក វ៉ាន់ សុផាន់​ណា អគ្គលេខាធិការរង​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏បាន​ថ្លែង​ឲ្យ​ដឹង​ដែរ ថា គណបក្ស​របស់លោក​ចាប់បាន​លេខ​រៀង​ទី​១៣​នៅលើ​សន្លឹកឆ្នោត ហើយ​ក្នុងនាម​លោក​ជា​តំណាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មានការ​ពេញចិត្ដ​ចំពោះ​លេខ​រៀង​នេះ​។ លោក​បាន​ថ្លែងបន្ត ថា នាពេល​ដ៏​ខ្លី​ខាងមុខនេះ មន្ដ្រី​គណបក្ស​នឹង​ជម្រាបជូន​ប្រជាពលរដ្ឋ អំពី​លេខ​រៀង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ស្ថិត​លេខ​រៀង​ទី​១៣​នៅលើ​សន្លឹក​។

​រីឯ​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​បញ្ចប់​ពិធី​នេះ ថា ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦​នេះ បានធ្វើ​ឡើង​តាម​នីតិវិធី​មួយ​ត្រឹមត្រូវ ច្បាស់លាស់ យុត្តិធម៌ និង​តម្លាភាព ដែល​ទទួល​បានការ​សាទរ​ពី​គ្រប់ភាគី​គណបក្សនយោបាយ​។ ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក ស៊ិ​ក ប៊ុន​ហុក បានបញ្ជាក់ ថា អ្នក​ដែល​ឃោសនា ញុះញង់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​នាពេល​ខាងមុខនេះ គឺ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​។​

​សូម​ជម្រាប ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​នាពេល​ឆាប់ៗ​ខាងមុខនេះ នឹង​ផលិត​សន្លឹកឆ្នោត តាម​មណ្ឌល​នីមួយៗ​សម្រាប់​ប្រើប្រាស់ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ដែល​ក្នុង​សន្លឹកឆ្នោត​ទាំងនោះ ត្រូវការ​ជា​ចាំបាច់​នូវ​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត ដែល​នឹងត្រូវ​កំណត់​លេខ​រៀង​នៅលើ​សន្លឹកឆ្នោត​សម្រាប់​មណ្ឌល​ទាំង​២៥​ទូទាំងប្រទេស​៕
​

ចាប់​រថយន្តក្រុង​ក្រុមហ៊ុន សីលា​អង្គរ​ខ្មែរ លួច​ដឹក​សត្វព្រៃច្រើន​ប្រភេទ​ជិត​កន្លះ​តោន

​ភ្នំពេញ ៖ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ ឃាត់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង​របស់​ក្រុមហ៊ុន សីលា​អង្គរ​ខ្មែរ អុ​ិ​ច​ប្រេ​ស្ស លួច​ដឹក​សត្វព្រៃ​ខុសច្បាប់​ឆែកឆេរ​រកឃើញ​កេស​ដឹក​សត្វព្រៃ​ជាច្រើន​ប្រភេទ សរុប​ជិត​កន្លះ​តោន​។​

​ប្រតិបត្តិ​ការបង្ក្រាប​ខាងលើនេះ​ដឹកនាំ​ដោយ​លោក​គាំ សីហា នាយការិយាល័យ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ដោយ​លោក ហុ​ឹ​ង ប៊ុនថន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៥:១០​នាទី​ទាបភ្លឺ ថ្ងៃ​អង្គា​រ៍ ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៧០ ស្ថិតក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​បង្ក្រាបបាន គឺជា​ប្រភេទ​រថយន្តក្រុង ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន សីលា​អង្គរ​ខ្មែរ អុ​ិ​ច​ប្រេ​ស្ស ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-9774 ។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ បាន​យក​រថយន្តក្រុង​ដែលមាន​លួចលាក់​ដឹក​សត្វព្រៃ​មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ នៅ​ខណ្ឌចំការមន រងចាំ​ព្រះរាជអាជ្ញា ចុះមក​ត្រួតពិនិត្យ ដើម្បី​ប្រគល់​ទៅ​ឲ្យ​អង្គការ​សត្វព្រៃ​បន្ត​។​

​បើតាម​សម្តី​លោក​គាំ សីហា នាយការិយាល័យ​រដ្ឋបាល​ព្រៃឈើ រាជធានី​ភ្នំពេញ បាន​ឲ្យ​ប្រាប់​អោយដឹងថា ប្រតិបត្តិការ​គឺ​កម្លាំង​របស់លោក បានធ្វើការ​តាមដាន​ស៉ើ​ប​អង្កេត អស់​រយះពេល​មួយ​សប្តាហ៍​មកហើយ ទើប​នៅ​ព្រឹក​កើតហេតុ​នេះ កម្លាំង​របស់លោក​បាន​ឃើញ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង ដោយមាន​ការសង្ស័យ ក៏បាន​ឃាត់​ឆែកឆេរ និង​រកឃើញ​សត្វព្រៃ​ជាច្រើន​កេស ដែល​លាក់​នៅក្នុង​រថយន្ត​ក្រុង​ខាងលើនេះ​។

​លោក គាំ សីហា បន្តថា សត្វព្រៃ​ដែល​បង្ក្រាបបាន​មាន​ចំនួន​១៧​កេស ក្នុងនោះ​មាន​សត្វ​ចំនួន​៥​ប្រភេទ គឺ​អ​ន្ស​ង កន្ធាយ អណ្តើក ពស់ និង​សត្វ​ប្រ​វឹង សរុប​ទាំងអស់​ស្មើនឹង ៤២១​គីឡូក្រាម​។

​បច្ចុប្បន្ន​បន្ទាប់ពី​ធ្វើ​របាយការណ៍​រួច សត្វព្រៃ​ទាំងអស់នេះ​ត្រូវបាន​លោក​គាំ សីហា នាយការិយាល័យ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ ប្រគល់​ទៅ​ឲ្យ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដែលមាន​ទីតាំង​នៅក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ដើម្បី​យកទៅ​ព្រលែង​នៅតាម​តំបន់​ព្រៃភ្នំ រីឯ​សត្វ​ដែល​ងាប់ គឺ​ក្រុមការងារ​យកទៅ​ដុត​កំទេចចោល​៕
​

រថយន្ត​ដឹក​ប្រេងសាំង​ក្រឡាប់ សង្កត់​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នា​ក់នៅ​ខណ្ឌដង្កោ​

​ភ្នំពេញៈ រថយន្ត​ដឹក​ប្រេងសាំង​ក្រឡាប់​កិន​ម៉ូតូ​បណ្តាលអោយ​បុរស់​ម្នាក​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​ចំនែក​រថយន្ត​បង្ក​បាន​ក្រឡាប់​ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​វេលា​ម៉ោង​១​និង​៣០​នាទី នៅតាម​បណ្តោយ​ផ្លូវ​លេខ​20A ស្ថិតក្នុង​ភូមិ​សេរី​សម្បត្តិ​សង្កាត់​គង​ន​យ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

​តៃកុង​រថយន្ត​មានឈ្មោះ រស់ អៀង​លី ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ មុខរបរ (​បើកបរ​រថយន្ត ) ស្នាក់នៅ​ភូមិ​ឡ​កំបោ សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​
​ចំណែក​សព្វ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​ជិះ​ម៉ូតូ​ម៉ាក​DAELIM(​សង់​កូរ៉េ​)​ពណ៍​ក្រហម​ដឹក​មាន់​ពាក់​ស្លាក​លេខ កណ្តាល 1K-3356
​រថយន្ត​បង្ករ​ម៉ាក​STERLING ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-5866 ជា​ប្រភេទ​រថយន្ត​សណ្តោង​ស៉ី​ទែន​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​កម្ពុជា​តេ​លា ។

​តាម​ប្រភពពី​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បានអោយដឹងថា​មុនពេល​កើតហេតុ​គាត់​ឃើញ​រថយន្ត​និង​ម៉ូតូ​បើកបរ​ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត​លុះ​មកដល់​កន្លែងកើតហេតុ​ដោយ​ខាង​ម៉ូតូ​បាន​រអិលដួល​ព្រោះ​មាន​ភ្លៀងរលឹម​ស្របពេល​រថយន្ត​មកពី​ក្រោយ​ជាន់​ហ្វាំ​ង​បណ្តាលអោយ​រេ​ចង្កូត​ក្រឡាប់​កិន​ទៅលើ​ម្ចាស់​ម៉ូតូ​បណ្តាលអោយ​ស្លាប់បាត់​បង់ជីវិត​នៅ​កន្លែង​តែម្តង ។

​បច្ចុប្បន្ន​ក្រោយ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច សាកសព​សមត្ថកិច្ច​កុំ​ពុង​ធ្វើការ​ស្វែងរក​សាច់ញាតិ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ចំណែក​តៃកុង​និង​រថយន្ត​រួមទាំង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​សណ្តាប់ធ្នាប់​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

​

បុរស​ម្នាក់​អង្គុយ​ស្លាប់​ក្នុង​រថយន្ត នៅ​សង្កាត់​ភ្នំពេញ​ថ្មី​

​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ដឹង​ខ្លួនឯង​មិន​ស្រួលខ្លួន កំពុង​បើកបរ​រថយន្ត ឈប់​អៀ​ប​គៀន​ខាង​ចិញ្ចើមផ្លូវ ហើយ​ដេក បែរជា​ដាច់ខ្យល់​ស្លាប់បាត់ សង្ស័យ​ខ្យល់ គ ។​
​ហេតុការណ៍​នេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​លើផ្លូវ​លេខ​១៩៥៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​សព​ឈ្មោះ ហាន គុណ​ផានិត អាយុ​៤០​ឆ្នាំ​មុខរបរ បុគ្គលិក​ក្រុមហ៊ុន មួយ​។ តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​ម៉ាក ហុ​ី​យ៉ាន់​ដាយ ប្រភេទ​ទេសចរណ៍ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AS-2766 ខាងលើ បើកបរ​ដោយ​បុរសរងគ្រោះ បើក​តាមផ្លូវ​១៩៥៨ ពី​លិចទៅ​កើត លុះដល់​ចំណុច​ខាងលើ បើក​អៀ​ប​ខាង​ចិញ្ចើមផ្លូវ បើក​កញ្ចក់​សងខាង បញ្ឆេះ​ម៉ាស៊ីន អង្គុយ​ឈ្ងោក​មុខ លើ​ដៃចង្កូត តាំងពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក មក​ម្លេះ រហូតដល់​វេលា​ម៉ោង​១០​និង​១០​នាទី​ទៅហើយ នៅតែ​ឃើញ​ដេក​ក្នុង​រថយន្ត មិន​ព្រម​បើក​ចេញ ងឿងឆ្ងល់ ពលរដ្ឋ​ដើរទៅ​អើតមើល ទើប​ដឹងថា ស្លាប់​ទៅវិញ ទើប​ឆោឡោ រាយការណ៍​ប្រាប់​សមត្ថកិច្ច ។​

​ស្រប​ពេលដែល​ពលរដ្ឋ សមត្ថកិច្ច កំពុង​ភ្ញាក់ផ្អើល ស្រាប់តែ​លេចមុខ​បុរស​ម្នាក់ មក​អះ​អា​ថា ជា​រថយន្ត​ខ្លួន បាន​ឲ្យ​បុរសរងគ្រោះ​ខាងលើ បើក​យកទៅ​លាង​សំអាត​ដើម្បី​ដឹក​ប្រពន្ធ​គាត់​ទៅ​ក​Z​ម្ម​វិធី​នៅ​ផ្សារ​អ៊ី​អន​ដោយ​បើក​ចេញពីផ្ទះ​គាត់​តាំងពី​ម៉ោង​៧​និង​៣០​នាទី​ម្លេះ​
​ក្រោយពី​ចេញពីផ្ទះ​សាច់ញាតិ​ហើយ​នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​គាត់​មិនឃើញ​បើក​មកវិញ​ក៍​ទូរស័ព្ទ​រក​មិន​លើក​ក៍បាន​បើករថយន្ត​
ស្វែង​ដើររក ក្រែង​មាន​បញ្ហា អ្វី​ហើយ​ប្រទះឃើញ​រថយន្ត​និង​ឃើញ ជនរងគ្រោះ​ស្លាប់​ទៅវិញ ។​

​ក្រោយ​ប្រទះឃើញ​សមត្ថកិច្ច មូលដ្ឋាន និង​សមត្ថ​កិ​ច្វ​ជំនាញ​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ គ្រាន់តែ​សន្និដ្ឋាន​ជំហាន​ដំបូង ស្លាប់​ដោយសារ​កាំ​ង​បេះដូង​៕
​

ចាស់ ក្មេងជាង១០នាក់ពុល​នំប៉័ង​សម្លការី នៅ​ស្រុក​ទឹកផុស

ជនរងគ្រោះ ១៣​នាក់​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង
​ខេត្តកំពង់ឆ្នាំង យោង​របាយ​ការ​បឋម របស់ អធិការនគរបាល ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បានអោយ ដឹង ថា​មាន​ករណី​ពុល​នំប៉័ង សម្លការី បណ្តាលអោយ​មនុស្ស​ជាង​១០​នាក់ ក្នុងនោះ​ភាគច្រើន​ជា​កុមារ ហើយ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ មណ្ឌល​សុខភាព និង​បន្ត​ដឹក​មក​មន្ទីរ​ពេ​ទ​ខេត្តកំពង់ឆ្នាំង បន្តទៀត ។ ហេតុការណ៍ នេះ​បាន​កើតឡើង​នៅវេលា​ល្ងាច​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ស្រែ​របង ឃុំ​ជៀប ស្រុក​ទឹកផុស​។ .

នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ លោក ខែម វិបុល អធិការនគរបាល ស្រុក​ទឹកផុស បាន​ប្រាប់ថាៈ ពិតជា​មាន​ករណី​ពុល នំប៉័ង សម្លការី​ពិតមែន ដោយ​ប្រជាពលរដ្ឋ នៃ​គ្រួសារ​មួយ​មាន​ប្តី​ឈ្មោះ​ឌឹ​ប ប្រព​ន្ឋ​ឈ្មោះ​នី មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ បាន​រៀប​ធ្វើ​ពិធី ជប់លៀង ពេល​កូនចៅ​ប្រឡង​ជាប់​បានចេញ​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ហើយក៍​បាន​ពុល និង​ដឹក​ទៅ​មណ្ឌល​សុខភាព ក្តុល ប៉ុន្តែ​ដោយ​ស្ថាន​ភាពមិន​ធូរស្បើយ​ក៍​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។​

ដោយឡែក ប្រភពពី​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង វិញ លោក សូ​រិន្ទ ទី​រ៉ា​វុ​ឌ្ឍី ប្រធាន​មន្ទីរពេទ្យ បង្អែក​ខេត្តកំពង់ឆ្នាំង​បានបញ្ជាក់​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា​នេះ​ថាៈ អ្នករងគ្រោះ ដោយសារ​ពុល​យក​ពី​ឃុំ​ជៀប ស្រុក​ទឹកផុស មាន​ចំនួន​កើនឡើង ១៣​នាក់​ហើយ ក្នុងនោះ​មាន​មនុស្ស​ចាស់ 5 នាក់​និង​ក្មេង 8 នាក់​។​

ជុំវិញ​បញ្ហា​នេះ ដែរ​លោក ម៉ម ម៉ាឡៃ​អនុប្រធាន​មន្ទីរ សុខាភិបាល ខេត្ត​បានឱ្យដឹងថា​ក្រោយពេល​កើតហេតុ​លោក​បាន​ចុះ​ស្រាវជ្រាវ​និង​ពិនិត្យ​ដល់​កន្លែងកើតហេតុ បានដាក់​ការសង្ស័យថា គឺ​បណ្ដាលមកពី​ពួកគាត់​ហូប​អាហារ​ផ្អូម ព្រោះ​នៅផ្ទះ​ខាងលើ​មាន​រៀបចំ​ពិធីសូត្រមន្ត​ដោយ​ធ្វើ​ម្ហូប​សម្លការី​ទុក​តាំងពី​ល្ងាច​ថ្ងៃទី 26 លុះ​ស្អែក​ឡើង​ថ្ងៃទី​27 ខែឧសភា ទើប​រៀបចំ​ទទួលទាន​អាហារ​ទាំងនោះ ប៉ុន្តែ​អាហារ​ដែល​សង្ស័យ​ជាងគេ​គឺ​សម្លការី​ដែល​ពួកគាត់​បាន​បន្ត​ហូប​រហូតដល់​ល្ងាច​ថ្ងៃទី 27 លុះ​ទាបភ្លឺ​ថ្ងៃទី ២៨ ខែឧសភា បានចាប់ផ្ដើម​មាន​អាការ ចុក រាក​ក្អួត​និង​ការឡើង​កម្ដៅ​ខ្លាំង​។​លោក​បាន​បញ្ជាក់ថា​សម្ល​ការី​ឬ​សម្ល​ខ្ទិះ​ងាយ​និង​ឆាប់​បំផុត​ជាង​ម្ហូប​ដទៃ​។

នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​លោកគ្រូ​ពេទ្យ​ប្រាប់ថា​មិនមាន​នរណាម្នាក់​បានរ​ង​គ្រោះ​ធ្ងន់ធ្ងរ​នោះទេ​ហើយក៏​មាន​ខ្លះ​បាន​ធូរស្បើយ​ខ្លះ​ដែរ​៕

អង់គ្លេស បន្ត​ផ្តល់ជំនួយ​បោសសម្អាត​មីន និង​ជំរុញ​អ្នកវិនិយោគ​មក​កម្ពុជា​

​ភ្នំពេញ ៖ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ទទួល​ជួប លោក ប៊ៀ​ល ឡុង​ហឺ​ស​(H.E. Bill Longhurst) ឯកអគ្គរាជទូត​អង់គ្លេស ជំរាបលា បន្ទាប់ពី​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា នៅ​ទីស្តីការ​ក្រសួងការបរទេស​និង​សហ ប្រតិបត្តិការ​អន្តរជាតិ នា​ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ​២០១៨ នេះ ។​

​បន្ទាប់ពី​ចប់​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹងថា​៖​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​វាយតម្លៃ​ខ្ពស់​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពី​កម្ពុជា អង់គ្លេស​លើ​គ្រប់ វិស័យ​។​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​អង់គ្លេស​គាំទ្រ​កម្ពុជា​លើ​សកម្មភាព​ដោះមីន និង​ជំនួយ​សាលាក្តី​ខ្មែរក្រហម និង​ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​។​

​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​បានធ្វើ​ឲ្យ​មានការ​កើន ឡើង​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម និង​ការកើនឡើង​ទេសចរណ៍​អង់គ្លេស​មក​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី​បញ្ជាក់ថា គ ជ ប ត្រៀម​រៀបចំ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី​យុត្តិធម៌ តម្លាភាព ដែលមាន ២០ គណបក្ស​ចូលរួម ហើយ​គណបក្ស​ខ្លះ​តាំងខ្លួន​ជា​គណបក្សប្រឆាំង​ដែលជា ការអនុវត្ត​តាម​គោល​ការ​ណ៏​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​គោរព​នីតិរដ្ឋ​នៅ​កម្ពុជា​។​
​លោ ប៊ៀ​ល ឡុង​ហឺ​ស​ឯកអគ្គរដ្ឋទូត​អង់គ្លេស បាន​មើលឃើញ​ការ​រី​ចំរើន​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច ហើយ​សេដ្ឋ កិច្ច​កម្ពុជា​បន្ត​កើនឡើង​នៅក្រោយ​ការ បោះឆ្នោត​សកល ខែកក្កដា ឆ្នាំ​២០១៨ ។​

​លោក ប៊ៀ​ល ឡុង​ហឺ​ស បាន​បញ្ជាក់ថា ជំហរ​របស់​អង់គ្លេស​បន្ត​ផ្តល់ជំនួយ​បោសសំអាត​មីន និង​បន្ត​ជំរុញ​អ្នកវិនិយោគ​អង់គ្លេស​ឲ្យ​កាន់តែច្រើន​មក​កម្ពុជា​។​អង់ គ្លេ​ស​តាមដាន​យ៉ាង​យកចិត្ត​ដាក់​បំផុត​៕

​

CPP ជាប់​លំដាប់​លេខ​រៀង​ទី​២០ ចុងក្រោយ​គេ​លើ​សន្លឹកឆ្នោត គ ជ ប​

​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី ២០​ក្នុង​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ថ្ងៃទី​២៩ កក្កដា ២០១៨​។​

១-​គណបក្ស ខ្មែរ​រួបរួម​ជាតិ​
២-​គណបក្ស មាតុភូមិ​យើង​
៣-​គណបក្ស ពន្លឺ​ថ្មី​
៤-​គណបក្ស សញ្ជាតិ​កម្ពុជា​
៥-​គណបក្ស ខ្មែរ​ក្រោក​
៦-​គណបក្ស សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​
៧-​គណបក្ស ប្រជាធិបតេយ្យ​មូលដ្ឋាន​
៨-​គណបក្ស សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​
៩-​គណបក្ស រស្មី​ខេមរា​
១០-​គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​
១១-​គណបក្ស ខ្មែរ​សាធារណៈរដ្ឋ​
១២-​គណបក្ស ខ្មែរ​ឈប់​ក្រ​
១៣-​គណបក្ស ហ្វ៊ុន ស៊ីន​ប៉ិច​
១៤-​គណបក្ស ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​
១៥-​គណបក្ស យុវជន​កម្ពុជា​
១៦-​គណបក្ស ធម្មាធិបតេយ្យ​
១៧-​គណបក្ស ឆន្ទៈ​ខ្មែរ​
១៨-​គណបក្ស ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​
១៩-​គណបក្ស ខ្មែរ​តែមួយ​
២០-​គណបក្ស ប្រជាជន​កម្ពុជា​
​

រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បញ្ជា​ឲ្យ​បង្ក្រាប​កម្ម​ភាព​ដែល​រារាំង​ដំណើរការ​បោះឆ្នោត​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា​នេះ​សម្ដេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈបញ្ជាការ​សន្ដិសុខ​អចិន្ដ្រៃយ៍​សម្រាប់​ការបោះឆ្នោត បាន​បញ្ជា​កម្លាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវតែ​បង្ក្រាប​រាល់​សកម្មភាព​ទាំងឡាយណា ដែល​រារាំង និង​ចង់​បំផ្លិចបំផ្លាញ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​ការដាក់​បទបញ្ជា​ជាថ្មី​នេះ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​លទ្ធផល​ការងារ និង​ការត្រៀម​លក្ខណៈ​សម្បត្ដិ ដើម្បី​ការពារ​សុវត្ថិភាព​ដំណើរការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​កិច្ចប្រជុំ​នេះ ត្រូវបាន​ប្រ​ព្រឹ​ត្ដិ​ទៅ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ក្រោម​អធិបតីភាព​របស់ សម្ដេច​ក្រឡាហោម​ស ខេង និង​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ ថា​ត្រូវ​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​រាល់​បទល្មើស​គ្រប់​ប្រភេទ ក៏ដូចជា​រាល់​ឧ​ប​បាយ​កល​ពិសពុល ប៉ុនប៉ង​បំផ្លិចបំផ្លាញ ឬ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​រូបភាព សំដៅ​ធានាបាន​នូវ​បរិយាកាស​នយោបាយ​ស្ងប់ស្ងាត់ អ​ព្យា​ក្រឹត្យ ធ្វើ​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តិ​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ តាម​គោលការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ ប្រកបដោយ​សុវត្ថិភាព គ្មាន​ការគំរាមកំហែង ការបំភិតបំភ័យ និង​អំពើហិង្សា​។​

​ក្នុងនាម​ប្រធាន​គណៈបញ្ជាការ​សន្ដិសុខ​អចិន្ដ្រៃយ៍​សម្រាប់​ការបោះឆ្នោត សម្ដេច​ក្រឡាហោម​ស ខេង ក៏បាន​សង្កត់ធ្ងន់ថា គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ធានា​ឲ្យ​បាន​នូវ​សមភាព​ចំពោះមុខ​ច្បាប់ និង​ការ​ផ្ដល់នូវ​សេវា​សន្ដិសុខ ជូន​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត វាគ្មិន តំណាង ឬ​ភ្នាក់ងារ និង​បេក្ខជន​គណបក្សនយោបាយ ដែល​ឈរឈ្មោះ​បោះឆ្នោត និង​អ្នកសង្កេតការណ៍​ជាតិ​-​អន្ដរជាតិ​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ជំរុញ​ឲ្យ​គ្រប់​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​លើកកម្ពស់​ស្មារតី និង​ឆន្ទៈ​ស្នេហា​ជាតិ ត្រូវ​រួមសហការ​គ្នា​សំដៅ និង​ធានា​កិច្ចការពារ​កិច្ចដំណើរការ​រៀបចំ​កា​របោះ​ឆ្នោត​ជ្រើស តាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ប្រកបដោយ​សុវត្ថិភាព និង​ជោគជ័យ​។​

សូមជម្រាបថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​កងកម្លាំង​ប្រមាណ​៨​ម៉ឺន​នាក់ ដើម្បី​ចូលរួម​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅក្នុង​អំឡុងពេល​បោះឆ្នោត​ជាតិ​នា​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខ​៕​

គ​.​ជ​.​ប ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត

​ភ្នំពេញ ៖ ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បានរៀបចំ​ពិធី​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦​។

​ពិធី​នេះ​ធ្វើឡើង ក្រោម​អធិបតីភាព​ឯកឧត្ដម​ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប និង​មានការ​និមន្ត​ចូលរួម​ពី​សម្ដេចព្រះសង្ឃរាជ​ទាំង​២​គណៈ ព្រម​ទាំ​តំណាង​គណបក្សនយោបាយ​,​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​,​តំណាង​បណ្ដា​ស្ថានទូត​នានា​ប្រចាំ​កម្ពុជា​,​និង​អ្នកសារព័ត៌មាន​ជាតិ អន្ដរជាតិ​ជាច្រើនរូប​ទៀត​។​

​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប បាន​ថ្លែង​ក្នុង​ពិធី​នេះ ថា ដំណើរ​ការរៀប​ចំការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី បាន​នឹង​កំពុង​ប្រ​ព្រឹ​ត្ដ​ទៅតាម​ការកំណត់​រប​ស់គ​.​ជ​.​ប ដោយ​កាលពីពេល​ថ្មីៗ​នេះ គ​.​ជ​.​ប​បានបញ្ចប់​ការចុះបញ្ជី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ​។

ប្រធាន គ​.​ជ​.​ប បាន​ថ្លែងបន្ត ថា ការកំណត់​លេខ​រៀង​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត គឺ​រឿង​សំខាន់​មួយ សម្រាប់​គណបក្សនយោបាយ​យកទៅ​ឃោសនាបោះឆ្នោត ក្នុង​យុទ្ធនា​ការឃោសនា​ការបោះ​ឆ្នោត​នាពេលខាងមុខ​។ លោក​ជឿជាក់ ថា ការចាប់​ឆ្នោត​កំណត់​លេខ​រៀង​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត​នាពេលនេះ នឹង​ប្រ​ព្រឹ​ត្ដទៅ​ដោយ​ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព ដល់​គណបក្សនយោបាយ​ទាំងអស់​។

​សូម​ជម្រាប ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បានទទួល​ស្គាល់​ជា​ផ្លូវការ នូវ​ការចុះបញ្ជី​គណបក្សនយោបាយ​ចំនួន​២០ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រ​ព្រឹ​ត្ដទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​៕​

​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​

​វៀតណាម ៖ រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោកស្រី ជូ​លី ប៊ី​សប បានធ្វើ​ដំណើរ​ទស្សនកិច្ច ទៅកាន់ ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដើម្បី​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​ការទូត​អូស្ត្រាលី – វៀតណាម​លើក​ទី 1 ។​

​កិច្ចប្រជុំ​នេះ គឺជា​លទ្ធផល​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ថ្មី រវាង​ប្រទេស​អូស្ត្រាលី និង​វៀតណាម​ដែល​បាន​ចុះហត្ថលេខា ដោយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ម៉ា​ខម ធឺ​ន​ប៊ុល និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក​ង្វៀន ស៊ុន​ភុ​ក នៅមុន​កិច្ចប្រជុំ​កំពូល​អាស៊ាន – អូស្ត្រាលី នៅ​ខែមីនា​ឆ្នាំ 2018 ។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម (VNA) មុន​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី​ប៊ី​សប បាន​និយាយថា កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី នឹង​បង្កើត​មូលដ្ឋាន​សម្រាប់​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ សន្តិភាព សន្តិសុខ និង​ស្ថេរភាព​នៅក្នុង​តំបន់ តាមរយៈ​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​ការពារជាតិ និង​សន្តិសុខ​ច្បាប់ ការពង្រឹង​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ និង​ការអភិវឌ្ឍន៍​។​

​គួរ​បញ្ជាក់ថា ប្រទេស​អូស្ត្រាលី បានផ្តល់​ហិរញ្ញប្បទាន​រួមគ្នា លើ​ការ​រចនា និង​ការសាងសង់​ស្ពាន ខៅ​ឡាញ់ នៅ​តំបន់​ដីសណ្ដ​ទន្លេមេគង្គ ដែល​នឹង​ជួយ​ត​ភ្ជាប់​ប្រជាជន​18 លាន​នាក់ ជាមួយនឹង​ទីផ្សារ​ក្នុង​តំបន់ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​។

​ការវិនិយោគ ទឹកប្រាក់​ចំនួន 160 លាន​ដុល្លារ​អូស្ត្រាលី ស្មើនឹង​ជាង 121 លាន​ដុល្លារ​អាមេរិក ក្នុង​គម្រោង​នេះ គឺជា​សកម្មភាព​ជំនួយ​ធំ​បំផុត​មួយ នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​។

ប្រទេស​អូស្ត្រាលី និង​វៀតណាម បាន​អបអរសាទរ​ខួប​លើក​ទី 45 ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំនេះ​៕
​

កូន​ត្រី និង​ត្រី​មេ​ពូជ ប្រមាណ​១​លាន​ក្បាល នឹង​ព្រលែង​ចូលក្នុង​កសិណ​ប្រាសាទ​អង្គរ​

​សៀមរាប ៖ ត្រី​មេ​ពូជ និង​កូន​ត្រី រួមជាមួយ​ប្រភេទ​សត្វ​ទឹក​កំរ​ដូចជា​កន្ធាយ អណ្តើក ជាដើម នឹងត្រូវ​ព្រលែង​ចូលក្នុង​កសិណ​នៃ​ប្រាសាទអង្គរវត្ត ក្នុង​ទិវា​មច្ឆា​ជាតិ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន​។

​​ថ្លែង​នៅក្នុង​បទ​បង្ហាញ​នៃ​កិច្ចប្រជុំ​ពិភាក្សា​កិច្ចការ​រៀបចំ​ទិវា​មច្ឆា​ជាតិ នា​ថ្ងៃទី​២៨ ខែឧសភា​នេះ​នៅឯ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប តំណាង​រដ្ឋបាល​ជលផល​បាន​លើកឡើងថា កូន​ត្រី និង​ត្រី​មេ​ពូជ​ដែលជា​ប្រភេទ​ត្រី​កម្រ និង​សត្វ​ទឹក​កម្រ​ដទៃទៀត ដូចជា​កន្ធាយ អណ្តើក បង្កង​ជាដើម នឹងត្រូវ​ព្រលែង​នៅក្នុង​ពិធី ប្រារព្ធ​ទិវា​មច្ឆា​ជាតិ​។ តំណាង​ដដែល បាន​ឲ្យ​ដឹងថា ការ​ព្រលែង​កូន​ត្រី​ចូល​កសិណ​ទឹក​អង្គរវត្ត​នេះ វា​បាន​ជួយ​រួមចំណែក​សម្អាត​ទឹក​តាមរយៈ​ត្រី​ស៊ី​ស្លែ​ឬ​សា​រ៉ា​យ ដែល​ដុះ​នៅក្នុង​ផ្ទៃ​ទឹក ធ្វើ​ឲ្យ​ខូច​សោភ័ណភាព​ទឹក​។​

​តាម​គំរោង ក្នុង​ពិធី​ប្រារព្ធ​ទិវា​មច្ឆា​ជាតិ​នៅមុខ​ប្រាង្គ​ប្រាសាទ​អង្គ​វត្ត​នេះ នឹងមាន​អ្នកចូលរួម​ប្រមាណ​ជាមួយ​ម៉ឺន​នាក់​ចូលរួម ប៉ុន្តែ​ដោយសារ​ទីតាំង​នេះ មិនអាច​ទទួលបាន ទើប​គណៈកម្មការ​សម្រេច​រៀបចំ​ឲ្យ​មាន​អ្នកចូលរួម​ត្រឹមតែ​ប្រមាណ ៧​ពាន់​នាក់​ប៉ុណ្ណោះ​។​

​លោក យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​សន្តិសុខ បាន​មានប្រសាសន៍ថា ទីតាំង​ប្រារព្ធ​ពិធី​នេះ គឺមាន​លក្ខណៈ​ល្អប្រសើរ ។ ប៉ុន្តែ​លោក​បាន​ជម្រុញ​ឲ្យ​រដ្ឋបាល​សាលាខេត្ត​សៀមរាប និង​អាជ្ញាធរ​អប្សរា រៀបចំ​ឲ្យ​បាន​ម៉ត់ចត់ ធ្វើយ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍​របស់​ភ្ញៀវ ទេសចរណ៍​។​

​ជាការ​ឆ្លើយតប​លោក​លី សំរិទ្ធ អភិបាលរង​ខេត្តសៀមរាប បាន​លើកឡើងថា រដ្ឋបាល​សាលាខេត្ត ត្រៀមខ្លួន​ជានិច្ច​សម្រាប់​ការរៀបចំ​ពិធី​ទិវា​មច្ឆា​ជាតិ​នេះ ។ លោក​ថា ចំពោះ​កា​រប​ង្វៀង​ចរាចរណ៍​នៅ​ថ្ងៃ​ប្រារព្ធ​ពិធី អាជ្ញាធរ​នឹង​គិតគូរ​ជា​បន្ត​៕

​

រដ្ឋបាល​មី​យ៉ាន់​ម៉ា ទទួល យក​ជនភៀសខ្លួន​ត្រឡប់មកវិញ​លើកដំបូង​ចំនួន​៦២​នាក់​

មី​យ៉ាន់​ម៉ា ៖ យោងតាម​សេចក្តីថ្លែងការណ៍​ពី​ការិយាល័យ​ទីប្រឹក្សា​រដ្ឋ មី​យ៉ាន់​ម៉ា បាន​ឲ្យ​ដឹងថា ប្រទេស​មី​យ៉ាន់​ម៉ា បានទទួល​ជនភៀសខ្លួន​ត្រឡប់មកវិញ​លើកដំបូង​ចំនួន​៦២​នាក់ តាម រយៈ ជំរុំ​ទទួល​ជនភៀសខ្លួន ង៉ា ឃូ​យ៉ា ក្នុង​រដ្ឋ​រ៉ា​ក់​ខា​ញ ជា​អ្នក​ដែល​បាន​ភៀសខ្លួន ចូល ទៅកាន់ ប្រទេស​បង់​ក្លា​ដេ​ស ដោយសារតែ​ជម្លោះ​ក្នុង​រដ្ឋ​រ៉ា​ក់​ខា​ញ​។

​ប្រជាជន​ធ្វើ​មាតុភូមិ និវត្ត​ន៏ រួមមាន ប្រជាជន​៥៨​នាក់ ដែល​ត្រូវបាន​លើកលែងទោស​ដោយ ប្រធានាធិបតី និង​៤​នាក់ លើកលែង​ដោយ​រដ្ឋអាជ្ញារ​។ ពួកគេ​បាន​វិលត្រឡប់​ជា​លើកដំបូង ដោយ​ការ រៀបចំ​ដោយ​ខ្លួនឯង ដែល​ជនភៀសខ្លួន​ទាំងនេះ ត្រូវបាន​ឃាត់ខ្លួន​ដោយ អាជ្ញាធរ​មី​យ៉ាន់ ម៉ា កាលពីពេល​ដំបូង​។ សេចក្តី​ថ្លែង​ការ​ណ៏៍​បាន​ឲ្យ​ដឹងថា អនុលោម​ទៅតាម​កិច្ច​ព្រម ព្រៀង ប្រទេស​មី​យ៉ាន់​ម៉ា និង​បង់​ក្លា ដេ​ស អ្នក​ដែល​វិលត្រឡប់​មកវិញ​ទាំងនេះ និង​ត្រូវ បាន​ផ្ទេរ​ទៅកាន់ ជំរុំ​ផ្លាស់ប្តូរ ឡា​ហ្វូ​ខុង ក្នុង​តំបន់​មួង​តៅ បន្ទាប់ពី​ការពិនិត្យ​ផ្ទៀងផ្ទាត់ ត្រឹមត្រូវ​។ ប្រទេស​មី​យ៉ាន់​ម៉ា និង​ប្រទេស​បង់​ក្លា​ដេ​សបាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ លើ​ការរៀបចំ​ពាក់ព័ន្ធ​ទៅនឹង ការវិល​ត្រឡប់មកវិញ នៃ​ប្រជាជន​ភៀសខ្លួន ពី​រដ្ឋ​រ៉ា​ក់​ខា​ញ កាលពី​ថ្ងៃទី​២៣ ខែ​វិច្ចិកា ឆ្នាំ​កន្លងទៅនេះ​។

​ភាគី​ប្រទេស​មី​យ៉ាន់​ម៉ា បានរៀបចំ​ទទួល ជនភៀសខ្លួន​ត្រឡប់មកវិញ ដោយ​បង្កើត​មជ្ឈមណ្ឌល​ទទួល​ចំនួន​២ ទីមួយ​មជ្ឈមណ្ឌល ង៉ា​ឃូ​យ៉ា និង​មជ្ឈមណ្ឌល​តាំងពី​យ៉ូ​ឡា​ត់​វ៉េ និង​ជំរុំ​ផ្ទេរ ឡា​ហ្វូ​ខួង ក្នុង​តំបន់​មួង​តៅ​។ ក្រុម​ភេរវជន​ជ្រុលនិយម កងទ័ព​អា​រ៉ា​ន​កាន់ រ៉ូ​ហ៊ី​ន​យ៉ា សាល់​វ៉េ​សិន បាន​បើក​ការ​វាយ ប្រហា មកលើ​ប៉ូ​ស្ត៏​ប៉ូលីស​ក្នុង​រដ្ឋ​រ៉ា​ក់​ខា​ញ​កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​កន្លងទៅនេះ ដែល​ធ្វើ​ឲ្យ​ប្រជាជន​ភៀសខ្លួន ចេញពី​តំបន់​ជាច្រើន ក្នុងស្រុក មួង​តៅ​៕
​

ឯកអគ្គរាជទូត​ថៃ​ថ្មី សន្យា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​

​ភ្នំពេញ ៖ ឯកអគ្គរាជទូត​ថ្មី​នៃ​ព្រះរាជាណាចក្រ​ថៃ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ផាន់​យ៉ា​រ៉ា​ក់ ភុល​ថាប់ ព្រឹក​ថ្ងៃទី​២៨ ឧសភា​នេះ​បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ចំពោះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ក្នុង ជំនួប​នេះ​ឯកឧត្តម​ទូត​បាន​សន្យា​បន្ត ពង្រឹង និង​ពង្រីក កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​នៅ លើ​គ្រប់​វិស័យ​ក្នុងនាម​ជា​ប្រទេស​ក្បែរ​ខាង​គ្នា ដែលមាន​សាសនា ប្រពៃណី ទំនៀមទម្លាប់ ដូចគ្នា ឬ​ត្រ​ដៀង​គ្នា​។​

​លោក ផាន់​យ៉ា​រ៉ា​ក់ ភុល​ថាប់ បាន​ជម្រាប​សម្តេច​ប្រធានសភា​កម្ពុជា​ថា កាលពី ៣០ ឆ្នាំមុន ឯកឧត្តម​គឺជា​មន្ត្រី​នៃ​ក្រសួងការបរទេស​ថៃ ដែល​ឯកឧត្តម​បានធ្វើ​កិច្ចការ​ច្រើន​ទាក់ទង ទៅនឹង​ជំនួប​ទ្វេភាគី​រវាង​កម្ពុជា​ថៃ និង​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍ នយោបាយ​របស់​ប្រទេស​កម្ពុជា​ផងដែរ​។​

ជាមួយគ្នា​ឯកឧត្តម​ទូត​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅក្នុង​ប្រទេស​កម្ពុជា ដែលជា ការផ្តល់​ឱកាស​ដ៏​សមស្រប​មួយ​សម្រាប់​កិច្ចការ​អភិវឌ្ឍន៍​ប្រទេស​។ ឯកឧត្តម ផាន់​យ៉ា​រ៉ា​ក់ ភុល​ថាប់ ថា លោក​បាន​សិក្សា​ស្វែងយល់​អំពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​នយោបាយ​ឈ្នះ​ឈ្នះ​នេះ​នាំអោយ​កម្ពុជា​មានការ​ឯកភាព​ទឹកដី មា​នស​និ្ត​ភាព ស្ថិរភាព នយោបាយ និង​ការអភិវឌ្ឍន៍​រហូតមក​ដល់​បច្ចុប្បន្ន​។​

ក្នុងជំនួប​នេះ ឯកអគ្គរាជទូត​ថៃ​ថ្មី​រូបនេះ​ក៏បាន​សន្យា​ជាមួយ​សម្តេច​ប្រធានសភា​កម្ពុជា អំពី​ការខិតខំ​បំពេញការងារ​ការទូត ដើម្បី​ប្តូរ​មកវិញ​នូវ​ការរីកចំរើន​ខាង​ទំនាក់ទំនង និង​កិច្ច សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​ថៃ ជាពិសេស​កិច្ចសហប្រតិបត្តិការ​ខាង​ផ្នែក​សេដ្ឋ កិច្ច និង​ពាណិជ្ជកម្ម​។ ជាមួយគ្នានេះ​ឯកឧត្តម​បាន​ជម្រាបជូន​សម្តេច​ពញា​ច​ក្រី ហេង សំរិន ថា កាលពី​ខែ​មិនា​កន្លងទៅនេះ ប្រទេស​យើង​ទាំងពីរ​បានសម្រេច​បើក​ច្រក​អន្តរជាតិ​ថ្មី​មួយ​បន្ថែម ទៀត​ដើម្បី​ជម្រុញ​លំហូរ​នៃ​ការដោះដូរ​ទំនិញ ហើយ​នៅមាន​ច្រក​អន្តរជាតិ​ចំនួន​៣​បន្ថែមទៀត នឹងត្រូវ​បើក​អោយ​ដំណើរការ​នាពេលខាងមុខ​ស្របតាម​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ ប្រទេស​ទាំងពីរ​។

សម្តេច​ពញា​ចក្រី ហេង សំរិន បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន លោក ផាន់​យ៉ា​រ៉ា​ក់ ភុល​ថាប់ ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជា ណា​ចក្រ​ថៃ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ជូនពរ​អោយ​ការបំពេញ​ការងារ​រប​ស់ ឯកឧត្តម​ទទួលបាន​ជោគជ័យ ដោយ​សម្តេច​បាន​គូសបញ្ជាក់ថា គ្រប់​បណ្តា​ក្រសួង​ស្ថាប័ន របស់​កម្ពុជា​នឹងធ្វើ​កិច្ចសហការ​ជាមួយ​ឯកឧត្តម​ទូត​យ៉ាង​ជិតស្និទ្ធ​បំផុត​៕
​

រាជបណ្ឌិត្យសភាកម្ពុជា រៀបចំ​វេទិកា​តុមូល​ឲ្យ​គណបក្ស​នានា​បង្ហាញ​ពី​គោលនយោបាយ​

​ភ្នំពេញ ៖ រាជបណ្ឌិត្យសភាកម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា នេះ​បានរៀបចំ​ឱ្យមាន​វេទិការ​តុមូល សម្រាប់​អ្នកនយោបាយ ពិភាក្សាគ្នា និង​បង្ហាញ​អំពី កម្មវិធី​នយោបាយ​របស់​គណបក្ស​ដែលមាន​ឈ្មោះ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និតិ​កាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​នៅក្រោយ​កិច្ចពិភាក្សា​នោះ លោក បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា បាន​មានប្រសាសន៍​ឱ្យដឹងថា ការរៀបចំ​ឱ្យមាន​កិច្ចពិភាក្សា របស់​គណបក្សនយោបាយ​នៅថ្ងៃនេះ គឺ​ចង់ឱ្យ​គណបក្សនយោបាយ​ទាំងអស់ បង្ហាញ​នូវ​ទស្សនវិស័យ ដែលជា​គោលនយោបាយ​របស់ខ្លួន បង្ហាញ​ដល់​ម្ចាស់ឆ្នោត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​គាត់​ផ្តល់នូវ​ជំនឿ​ចិត្ត ថា​អាច​នឹង​ដឹកនាំ​ប្រទេស​បាន នៅពេលដែល ជាប់ឆ្នោត​។​

​សូមបញ្ជាក់ថា នៅក្នុង​កិច្ចពិភាក្សា​ពេញ​មួយ​ថ្ងៃនេះ រាជបណ្ឌិតសភា​កម្ពុជា បាន​អញ្ជើញ​គណបក្សនយោបាយ​ចំនួន​២០ ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី គ​.​ជ​.​ប​. ប៉ុន្តែ​មាន​គណបក្សនយោបាយ​ចំនួន​២ ដែល​មិនបាន​ចូលរួម​គឺ គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ​។

សូមជម្រាប់ថា ​ព្រឹកមិញ​នេះ មាន​គណបក្សនយោបាយ​ចំនួន​៩​ចូលរួម និង​ល​ឲ​ពេល​ល្ងាច​ថ្ងៃ​ដដែល​នេះ នឹងមាន​គណបក្សនយោបាយ​ចំនួន​៩​ទៀត​នឹង​ចូលមក​ពិភាក្សា​។ ដោយឡែក​ចាប់ពី​ថ្ងៃស្អែក​ទៅ ក្នុង​១​ថ្ងៃ​នឹងមាន​គណបក្ស ចំនួន​២ នឹង​មក​ពិភាក្សា​ជា​បន្តបន្ទាប់​៕
​

លោក ឌូ​ទឺ​តេ ពិចារណា​ការ​ឈរឈ្មោះ​អភិបាលក្រុង​ជាថ្មី​ម្តងទៀត ក្រោយ​ចប់​អាណត្តិ​ប្រធានាធិបតី​

​ហ្វីលីពីន ៖ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ទ្រី​ហ្គោ​ឌូ​ទឺ​តេ កំពុងមាន​ផែនការ ឈរឈ្មោះ​អភិ បាល ក្រុង ជាថ្មី​ម្តងទៀត​នៅពេល​អណ​ត្តិ​ប្រធានាធិបតី​រយៈពេល​៦​ឆ្នាំ​របស់លោក​បញ្ចប់ ក្នុង​ឆ្នាំ​២០២២​។ លោក​ឌូ​ទឺ​តេ មាន​អាយុ​៧៣​ឆ្នាំ អតីត​ជា​អភិបាលក្រុង​ដា​វ៉ៅ ជា​ស្រុក កំណើត​របស់លោក នៅ​ប្រទេស​ហ្វីលីពីន ភាគខាងត្បូង រយៈពេល​២៣​ឆ្នាំ មុនពេល​ឈរ ឈ្មោះ​ជា ប្រធានាធិបតី ក្នុង​ឆ្នាំ​២០១៦​។ ក្នុង​រយៈពេល​២​ឆ្នាំ​នៃ​ការឡើង​កាន់តំណែង លោក ឌូ​ទឺ​តេ នៅ​មិនទាន់​គិត​អំពើ ការចូលនិវត្តន៍​នៅឡើយ​។ នៅក្នុង​ពិធី​សម្ពោធ​ស្ពាន មួយ​ក្នុង​ទីក្រុង​ដា​វ៉ៅ លោក​បានលើកឡើង ពី​លទ្ធភាព​នៃ​ការបំរើ​ការងារ​ជា​អភិបាល ក្រុង​ក្នុង ស្រុកកំណើត​របស់លោក ដោយ​លោក​បាន​និយាយថា ប្រសិនបើ​លោក មិនមាន ការងារ​ណាមួយ​នោះទេ លោក​និង​ឈរឈ្មោះ​ជា​អភិបាលក្រុង​ជាថ្មី​ម្តងទៀត​។​

លោក បានបញ្ជាក់ ថា លោក​ជិត​មកដល់​ចុងបញ្ចប់​នៃ​ផ្លូវ ដូច្នេះ​លោក ថ្លែងអំណរគុណ​សំរាប់ ការគាំទ្រ​លោក ជួយ​លោក ហើយ​ប្រជាជន​ភាគច្រើន​ចំ​បំផុត​គឺជា​អ្នកគាំទ្រ​របស់លោក​។ លោក​ឌូ​ទឺ​តេ ជា ប្រធានាធិបតី​ដំបូង ដែលមាន​ការ​សាទរ​ពី​កោះ​មីន​ដា​ណាវ នៅ​ប្រទេស ហ្វីលីពីន ភាគខាងត្បូង​។ លោក​ឌូ​ទឺ​តេ បាន​កាន់តំណែង​ជា​អភិបាលក្រុង​ដា​វ៉ៅ​ក្នុង​ឆ្នាំ ១៩៨៨ ហើយ​ត្រូវបាន​ជាប់ឆ្នោត​សាជាថ្មី​៦​លើក បន្ទាប់ពី​មាន​កេ​រ្ត៏​ឈ្មោះ​សំរាប់​ការ​រឹត បន្តឹង លើ​ឧក្រិដ្ឋកម្ម​។ លោក​ឌូ​ទឺ​តេ បានឈ្នះ​តំណែង ប្រធានាធិបតី ក្នុងការ​បោះឆ្នោត​ឆ្នាំ ២០១៦ ហើយ​បច្ចុប្បន្ននេះ កូនស្រី​របស់លោក លោកស្រី សា​រ៉ា​ឌូ​ទឺ​តេ ខា​ពី​យ៉ូ គឺជា​អភិ បាល​ក្រុង​ដា​វ៉ៅ​។ អតីត​ប្រធានាធិបតី លោក គ្លរ​រី​យ៉ា អា​រ៉ូ​យ៉ូ បាន​ឈរឈ្មោះ​នៅក្នុង​សភា តំណាងរាស្ត្រ នៅពេល​អណ​ត្តិ​ប្រធានាធិបតី​របស់លោក បានបញ្ចប់ ក្នុង​ឆ្នាំ​២០១០៕
​