All posts by មេគង្គ ប៉ុស្តិ៍

ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​កូតា​ការងារ​ពី​សាធារណ​កូរ៉េ​ជាង​៤​ពាន់​កន្លែង ឆ្នាំ​២០១៨

​ភ្នំពេញ ៖ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង ថា នៅ​ឆ្នាំ​២០១៨​នេះ សាធារណ​កូរ៉េ នឹង​ផ្តល់​កូតា​ចំនួន​ប្រមាណ​ជាង​៤​ពាន់​កូតា សម្រាប់​ពលករ ខ្មែរ​ទៅធ្វើ​ការ​នៅ​ទីនោះ ដែល​ចំនួន​នេះ​គឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​កន្លងទៅ​ដែរ​។​

​នៅក្រោយ​ជំនួប​ពិភាក្សា​ការងារ កាលពី​ព្រឹក​ថ្ងៃទី​១៦ មីនា ឆ្នាំ​២០១៨​នេះ ជាមួយ​ឯកឧត្តម អ៊ូ​ណាក់ យ៉ុង (OH NAK-YOUNG) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណ កូរ៉េ​ប្រចាំ​កម្ពុជា លោក​បណ្ឌិត អ៊ិត សំហេង បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ទាក់ទង​នឹង​ចំនួន​កូតា​ជាង​៤​ពាន់ នេះ ភាគី​កូរ៉េ បាន​ឲ្យ​ដឹងថា ចំនួន​ប្រទេស​ដែល​ទទួលបាន​ប្រព័ន្ធ អនុគ្រោះ​អ៊ី​ភី​អេស (EPS)​នៅពេលនេះ​បាន​កើនឡើង​មួយ​ប្រទេស​ថែមទៀត ក្នុងនោះ​នឹង​កាត់​កូតា ពី​ក្នុងប្រទេស​ចាស់ៗ ដើម្បី​ថែម​ទៅ​ឲ្យ​ប្រទេស​ថ្មី ប៉ុន្តែ​បញ្ហា​នេះ​ក៏​មិន​ប៉ះពាល់​មកដល់​កម្ពុជា​ដែរ​។

​លោក​រដ្ឋមន្ត្រី​លើកឡើងថា ក្នុងជំនួប​ពិភាក្សាគ្នា​នេះដែរ​កម្ពុជា បានស្នើរ​កូរ៉េ​ទៅលើ ជំនាញ សេវាកម្ម​បន្ថែម​ពីលើ​ជំនាញ​ឧស្សាហកម្ម និង​កសិកម្ម ហើយ​បញ្ហា​នេះ ត្រូវបាន​ភាគី​កូរ៉េ សុំ​ពេល​ពិចារណា ខណៈដែល​នៅ​ប្រទេស​កូរ៉េ មិនទាន់​បានគិត​លើ​ជំនាញ​នេះ​នៅឡើយ​។​
ទាក់ទិន​នឹង​ជំនួប​នៅថ្ងៃនេះ លោក​បណ្ឌិត អ៊ិត សំហេង បាន​បញ្ជាក់ថា គឺ​បាន​ផ្តោត​ទៅ លើ​កិច្ច​សហ​ប្រ​តិ្ត​ប​ត្តិ​កា​រលើ​វិស័យ​ការងារ និង​ការ​ផ្តល់ឱកាស​ឲ្យ​បងប្អូន​ពលករ កម្ពុជា​ទៅធ្វើ​ការ នៅ​កូរ៉េ ដែល​ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​នេះ គឺមាន​ច្រើន​ក្នុងនោះ រួមមាន​ផ្នែក អនាម័យ និង​សុវត្ថិភាព​ការងារ ដែល​ភាគី​កូរ៉េ កន្លងមកនេះ តែង​បាន​ផ្តល់នូវ​ការគាំទ្រ​ខាង​ផ្នែក បច្ចេកទេស មកដល់​ខាង​ពេទ្យ​ការងារ ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​អំពី​ប្រព័ន្ធ​អនាម័យ​សុវត្ថិភាព​ការងារ ការបណ្តុះបណ្តាល​សមត្ថ​ភាព​បច្ចេកទេស និង​ការផ្តល់ ឧបករណ៍​បច្ចេកទេស សម្រាប់​ការពិនិត្យ ស្ថាន ភាព​សុវត្ថិភាព​ការងារ​នៅតាម​សហគ្រាស​ជាដើម ហើយ​ភាគី​ទាំងពីរ សន្យា​នឹង​បន្ត ពង្រីក កិច្ចសហប្រតិបត្តិការ​នេះ ឱ្យបាន​ខ្លាំងក្លារ​ថែមទៀត​នៅ​ឆ្នាំ​បន្ត​បន្ទាប់ទៅនេះ​។​

​សូមបញ្ជាក់ថា គិត​មកទល់ពេលនេះ ពលករ​ខ្មែរ​កំពុង​បំរើកា​រងារ នៅ​សាធារណរដ្ឋ​កូរ៉េ មាន​ចំនួន​ប្រមាណ​ជាង​៥​ពាន់​នាក់​៕
​

ប្រទេស​កាណាដា សន្យា​បញ្ជា​ទិញ​វាយនភ័ណ្ឌ​កាត់ដេរ​ពី​កម្ពុជា​បន្តទៀត

​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមីនា នេះ​ថា ប្រទេស កាណាដា នឹង​បន្ត​បញ្ជា​ទិញ​ទំនិញ​ផ្នែក​វាយ​ន​ភណ្ឌ (​សម្លៀកបំពាក់​) ពី កម្ពុជា​បន្ថែមទៀត ខណៈដែល​ប្រទេស​នេះ បាន​ដក​ការបញ្ជាទិញ​ពី​បណ្តា​ប្រទេស ពាក់ព័ន្ធ​មួយ ចំនួន​។​

មានប្រសាសន៍ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក ជំទាវ ដូ​ណា​កា ប៉ូ​តទី (DONICA POTTIE) ឯកអគ្គរដ្ឋទូត កាណាដា ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ បានបញ្ជាក់​ឱ្យដឹងថា ពេលនេះ កាណាដា បាន​ដក​ការបញ្ជាទិញ​ពី​ប្រទេស​មួយចំនួន ប៉ុន្តែ​ចំពោះ​ប្រទេស​កម្ពុជា កាណាដា នៅតែ​រក្សា​ដដែល មិនមាន​អ្វី​ប្រែប្រួល​ឡើយ​។

​ឯកឧត្តម​បណ្ឌិត​បន្តថា ដោយឡែក​តម្លៃ​នៃ​ការនាំចេញ​ទៅកាន់ ប្រទេស កាណាដា ក៏​ស្ថិត ក្នុងស្ថានភាព​ល្អប្រសើរ ដែល​ភាគី កាណាដា បានផ្តល់​ភាពអនុគ្រោះ​សម្រាប់​ការនាំ​ចូល ដោយ​គិត មកទល់ពេលនេះ មាន​ចំនួន​ជាង ៩០​លាន​ដុល្លារ​អាមេរិក​។

ឯកឧត្តម​រដ្ឋមន្ត្រី​បន្ថែមថា កត្តា​ដែល​ភាគី​កាណាដា នៅតែ​បន្ត​បញ្ជា​ទិញ ដោយសារ រដ្ឋា​ភិ បាល​កម្ពុ​ជាមាន​គោលនយោបាយ​ល្អ ដូចជា​ការដោះស្រាយ​លក្ខ​ខណ្ឌ​ការងារ​ប្រាក់​ឈ្នួល​កើនឡើង និង​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រកួតប្រជែង​មួយចំនួន និង​មាន​ភាពអនុគ្រោះ​ដោយសារ​ថា អ្នកប្រើប្រាស់ ទំនិញ​នៅក្នុង​អរិយ​ប្រទេស មួយចំនួន​ក៏​ពេញចិត្ត នឹង​អ្វី​ដែលជា​លក្ខខណ្ឌ ដែល​បាន​ផ្តល់ជូន ទៅ ដល់ កម្មករនិយោជិត ជាពិសេស​ចុងក្រោយ​នេះ គោលនយោបាយ​គាំពារ​សង្គម របស់​ប្រមុខ រដ្ឋា ភិ​បាល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានផ្តល់​គ្រប់បែបយ៉ាង​ដល់ក​ម្មករ និយោជិត ពិសេស​ស្ត្រី​ដែល​ជំរុញ​ឲ្យ​មានការ​ទាក់ទាញ​កាន់តែខ្លាំង ទាំង​អ្នកប្រើប្រាស់ និង​អ្នកបញ្ជា ទិញ ។ កត្តា​ទាំងនេះ​ធ្វើ​ឲ្យ​អ្នកបញ្ជា​ទិញ​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​ឡើង​ថែម​ទៀតផង​។​

​ដោយឡែក​ទាក់ទិន​និង​កិច្ចពិភាក្សា​នាពេលនេះ​វិញ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង​លើក ឡើង​ថា បាន​ផ្តោតទៅលើ​វិស័យ​ការងារ​ជាសំខាន់ ព្រោះ​កាណាដា ជា​ប្រទេសមួយ​ដែល​ទិញ​ទំនិញ ផ្នែក​វាយនភ័ណ្ឌ​ពី​ប្រទេស​កម្ពុជា​ដ៏​សំខាន់​មួយ​ផងដែរ​។ ដូច្នេះ​ភាគី កាណាដា បាន​ស្វែងយល់ អំពី លក្ខខណ្ឌ​ការងារ​និង​ការអនុវត្តន៍​នូវ​គោលនយោបាយ​ចំពោះ​សិទ្ធិសេរីភាព​នៅក្នុង​វិស័យ​កាត់ដេរ សម្លៀកបំពាក់​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា តាមរយៈ​នេះ​ប្រទេស​ទាំងពីរ​បាន​យល់​គ្នា កាន់តែច្បាស់ ពី​អ្វីដែល​ស្ថានភាព​ដ៏​ល្អប្រសើរ​ជាមួយ​លក្ខខណ្ឌ​ការងារ ហើយ​ភាគី​កាណាដា ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កម្ពុជា​ហើយ​ចាត់ទុក​ប្រទេស​កម្ពុជា ថា​ជា​ប្រទេស​គំរូ​មួយ​នៅ​ក្នុងការ អនុវត្ត​លក្ខខណ្ឌ​ការងារ ល្អ ប្រសើរ​នេះ​៕
​

អគ្គីភ័យ​ឆេះ​ផ្សារ​ច្បារអំពៅ ជាង​៤​ម៉ោង ខូចខាត​អស់​ជាច្រើន​

​ភ្នំពេញ ៖ អគ្គីភ័យ​ដ៏​កាច​សាហាវ​មួយ​បានចាប់ផ្តើម​ឆាបឆេះ​ផ្សារ​ច្បារអំពៅ​យ៉ាង​សន្ធៅរ​សន្ធៅ​ចាប់ពី​ម៉ោងជាង​១១ ថ្ងៃទី​១៥ ឈានចូល​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨ នេះ អស់​រយៈពេល​ជិត​៥​ម៉ោង​នៅ​មិន​រលត់​អស់ទាំង​ស្រុង​នៅឡើយ​ទេ​។​

​សមត្ថកិច្ច បានសម្រេច​វាយ​បំបែក​តូប​ធ្វើ​ពី​បេតុង​ផ្នែក​ខាងត្បូង​ច្លះ​ដើម្បី​បើក​ច្រក​ផ្លូវ​ឲ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​អាច​ចូល​ជ្រៅ​ទៅ​បាញ់​ទឺ​ក​ពន្លត់​នៅ​ផ្នែក​ខាងក្នុង​ផ្សារ​ដែល​ភ្លើង​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​។​

​ទំហំ​នៃ​ការខូចខាត នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ចំណែក​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អគ្គីភ័យ​នេះ ក៏​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ដែរ ប៉ុន្តែ ក្នុង​ហេតុការណ៍​នេះ ក្មាន​នរណាម្នាក់​រងគ្រោះ​ថ្នាក់​នោះទេ​៕

​

កម្ពុជា​ឆ្ពោះទៅកាន់​កិច្ចប្រជុំ​កំពូល ASEAN-Australia 2018 នាទី​ក្រុង​ស៊ីដនី​

​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើដំណើរ​ទៅកាន់​ប្រទេស​អូស្ត្រាលី ដើម្បី​ចូលរួម កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី​។​

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​ដំណើរ​ទៅកាន់​ប្រទេស​អូស្ត្រាលី នា​រសៀល​ថ្ងៃនេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន អូស្ត្រាលី រួម​និង​ការបំពេញ​ទស្សនកិច្ច​មួយចំនួនទៀត​នៅ​ទីនោះ ៖ V.O: តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម ម៉ា​ល់​កុម ធឺ​ន​ប៊ុល (Malcolm Turnbull ) នាយករដ្ឋមន្ត្រី​អូ​ស្រា្ត​លី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​និង​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល នា​រសៀល​ថ្ងៃទី​១៥ ខែមីនា​នេះ បានធ្វើ​ដំណើរ​ចាក​ចេញពី​មាតុប្រទេស ទៅកាន់​ប្រទេស​អូស្ត្រាលី ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ១៦ ដល់​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ស៊ីដនី ។

​តាម​ការបញ្ជាក់​របស់ ឯ​.​ឧ​. ស្រ៊ី ថា​ម​រ៉ុ​ង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី មុនពេល​ចេញដំណើរ​ពី​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ បានអោយដឹងថា កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី ដែល​រៀបចំ​ធ្វើ​នៅ​ឆ្នាំនេះ គឺជា​កិច្ចប្រជុំ​លើក​ទី​២ ដោយ​កិ​ច្ចប​ប្រជុំ​លើក​ទី​១​ត្រូវបាន​រៀបចំ​ធ្វើ​លើ នៅក្នុង​ប្រទេស​ឡាវ កាលពី​ឆ្នាំ​២០១៥​។​

ឯ​.​ឧ​. បាន​លើកឡើងថា កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី ក្នុងឆ្នាំនេះ នឹង​ពង្រឹងពង្រីក​បន្ថែមទៀត​លើ​វិស័យ​វិនិយោគ ពាណិជ្ជកម្ម ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ជាពិសេស​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​អំពើរ​ភេរវកម្ម​តាម​គ្រប់​រូបភាព​ទាំងអស់​។ ចំនុច​សំខាន់ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី គឺ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួម ជាមួយ​ថ្នាក់ដឹកនាំ​អាស៊ាន និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី នឹង​រួមគ្នា​ចេញ​សេចក្តី​ថ្លែង​ការ​ណ៌​អូស្ត្រាលី ជាពិសេស​ការចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​អាស៊ាន និង​អូ​ស្រា្ត​លី ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ​។ ថ្នាក់ដឹកនាំ​ទាំងអស់ ក៏​នឹង​ជួប​ជាមួយ​និស្សិត​អូស្ត្រាលី​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​សមាជិក​អាស៊ាន ក្រោម​ផែនការ​កូឡុមបូ​ថ្មី រួម​និង​និស្សិត​ប្រទេស​សមាជិក​អាស៊ាន ដែល​កំពុង​សិក្សា​នៅ​អូស្ត្រាលី តាមរយៈ​អាហារូបករណ៍​របស់​អូស្ត្រាលី​ផងដែរ​។

​សូមបញ្ជាក់ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​អូស្ត្រាលី​នាពេលនេះ ក្រៅពី​ការចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ ឯកឧត្តម ម៉ា​ល់​កុម ធឺ​ន​ប៊ុល នាយករដ្ឋមន្ត្រី​អូ​ស្រា្ត​លី និង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយចំនួន​ផងដែរ​។ អ្វីដែល សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី មិនអាច​ខកខាន​នោះ គឺ​ការជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី និង​ជួប​ជាមួយ​និស្សិត​កម្ពុជា​ដែល​សិក្សា​នៅ​អូស្ត្រាលី ដើម្បី​ស្វែងយល់​ច្បាស់​ពី​ស្ថានភាព​រស់នៅ និង​ការសិក្សា នៅ​ទីនោះ ៕
​

ចាប់ខ្លួន​ជន​ទី​៣ ពាក់ព័ន្ធ​ប្រើ​ហិង្សា​លើ​លោក ស៊ុយ សារ៉េត ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍

​ភ្នំពេញ​ ៖ បុរស​ខ្មែរ​អ៊ិ​ស្លាម​វ័យ​ជាង​៣០​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចម្រុះ​តាម​ចាប់ខ្លួនបាន​នៅ​ស្រុក​កំពង់ថ្ម ខេត្តកំពង់ធំ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៨​នេះ​។​

​សូមជម្រាបថា ជនសង្ស័យ​ទី​៣ នេះ ឈ្មោះ អាន ផល្លី អាយុ​៣១​ឆ្នាំមាន​លំនៅដ្ឋាន​នៅ សង្កាត់​ច្រាំង​ចំ​រះ ខណ្ឌ​ឬ​ស្សី​កែវ ត្រូវបាន​ឃាត់ខ្លួន នៅ​ខេត្តកំពង់ធំ​បន្ទាប់​ជនសង្ស័យ​២​នាក់ ផ្សេង ទៀត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅពេល​មុននេះ​រយៈពេល​២​ថ្ងៃ រួមមាន​៖​ទី​១ ឈ្មោះ យា​ត ទិ​ត្យា អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​ទី​៧ ភូមិ​ទួលគោក សង្កាត់ ទួល សង្កែ ២ ខណ្ឌ​ឬ​ស្សី​កែវ និង​ទី​២ ឈ្មោះ អាន វិ​នទី អាយុ​២១​ឆ្នាំ មុខរបរ​ជាងមាស រស់នៅ​ផ្ទះ ១០០៥ ផ្លូវ​១៩៤ ក្រុម​៤០ ភូមិ​៩ សង្កាត់​ផ្សា​ដេប៉ូ​១ ខណ្ឌទួលគោក​។ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​ចាប់ ខ្លួន​នៅ​ម្តុំ​ឈូក​ទិ​ព្ទ ខណ្ឌទួលគោក ហើយ​នៅពេលនេះ​កំពុង​សួរនាំ ដើម្បី​ចាត់ការ​បន្តទៀត ។​

នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បាន​ប្រាប់ថា «​ឥឡូវនេះ​យើង​បានកំណត់​មុខសញ្ញា បាន​សាវតា​ជាតិ​គ្រប់គ្រាន់​ចំនួន​៤​នាក់​ហើយ ដែលជា​ជនដៃដល់​ខ្លាំង​បំផុត ប៉ុន្ដែ​ពួកគេ បាន​រត់ចោលស្រុក​អស់ហើយ (​គេច​ចេញពីផ្ទះ​) ដោយ​តែ​បណ្ដាញ​សង្គម​របស់​យើង បាន​ផ្សព្វផ្សាយ​ទាំង​រូបភាព និង​វីដេអូ​ពេញ​ទឹក​ពេញ​ដី ជាពិសេស តាំងពី​ថ្ងៃ​ខ្ញុំ​ដាក់បទបញ្ជា​ឲ្យ​តាម​ចាប់ គឺ​ពួកគេ​បានដឹងខ្លួន ហើយ​រត់គេច​តាំង ពីថ្ងៃ​នោះមក​។ ជាមួយគ្នានេះ ខ្ញុំ​បាននិងកំពុង​សុំ​ដីកា​ពី​តុលាការ ដើម្បី​ចាប់ខ្លួន​ឲ្យ​ទាល់តែ​បាន​»​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ លោក​បណ្ឌិត​សាស្ដ្រាចារ្យ ស៊ុយ សារ៉េត ដែលជា​គ្រូបង្រៀន នៅ​សាកលវិទ្យាល័យ​កម្ពុជា ត្រូវបាន​មនុស្ស​មួយក្រុម ខ្លះ​ប្រដាប់​ដោយ​ដុំថ្ម​ធំៗ ឈើ ព្រួត​វាយ​រងរបួស​យ៉ាងធ្ងន់ធ្ងរ និង​បំផ្លាញ​រថយន្ដ​ខូចខាត​យ៉ាងខ្លាំង ព្រោះតែ​ខឹង​លោក​បើក​រថយន្ដបុក​រះ​នៅតាម​ផ្លូវ​៕

អ្នកដើរ​ចាក់ធុងបាស់​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​មួយក្រុម​តាម​កាប់​របួសធ្ងន់​

​ព្រៃវែង ៖ កម្មករ​ស៊ីឈ្នួល​ដើរ​ចាក់ធុងបាស់​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​មួយក្រុម​ជិះ​ម៉ូតូ​តាម​កាប់​បណ្តាល​ឲ្យ​រងរបួស​មួយកន្លែង​ចំ​កញ្ចឹងក​យ៉ាងធ្ងន់ធ្ងរ​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី​យប់​ថ្ងៃទី​១៤​ខែមីនា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវលំ​ស្ថិត​ក្នុងភូមិ​អញ្ចាញ ឃុំ​ក្របៅ ស្រុក​កំចាយមារ​.​ខេត្តព្រៃវែង ខណៈដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​។ សមត្ថកិច្ច​កង​រាជ​អាវុធ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ចេ​ន ភា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​អ្នក​ចាក់ធុងបាស់ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​កាប់​ចំក​ញ្ចឹ​ង ក មួយកន្លែង​រងរបួស​យ៉ាងធ្ងន់ធ្ងរ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កំចាយមារ​!​ប៉ុន្តែ​ដោយសារ​ស្ថានភាព​មុខរបួស​ធ្ងន់ធ្ងរ​ពេក​ក្រុមគ្រូពេទ្យ​និង​ក្រុមគ្រួសារ​ក៍បាន​បញ្ជូនបន្ត​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ទាំងយប់​។ លោក​វរ​សេនី​យ៏​ត្រីផាត់​.​សុ​ជោ​ត​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែ​មិនា​នេះ​ថាបើ​យោងតាម​ការស្រាវជ្រាវ​លំអិត​របស់​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​កំចាយមារ​គឺ​នៅ​ល្ងាច​ថ្ងៃទី​១៤​មីនា​បុរស​ឈ្មោះ​ចេ​ន​.​ភា​ត្រូវ​ថៅកែ​”​ម្ចាស់​ធុងបាស់​”​ប្រើ​ឲ្យ​ទៅ​ចាក់ធុងបាស់​នៅក្នុង​កម្មវិធី​ថ្ងៃ​ចូល​រោងការ​មួយកន្លែង​ក្នុងភូមិ​អញ្ចាញ​.​ឃុំ​ក្របៅ​ដែលមាន​កូនកំលោះ​ឈ្មោះ​ជួន​.​ជាម​រស់នៅ​ភូមិ​.​ឃុំ​ជាមួយគ្នា​ដែល​ម្ចាស់​ធុងបាស់​បាន​ព្រី​”​អត់​យកលុយ​”​ឲ្យ​អ្នក​ដើមការ​រាំលេង​កម្សាន្ត​ចំនួន​២​ម៉ោង​នៅ​ថ្ងៃ​ចូល​រោងការ​។​ខណៈ​ពេលនោះ​ក៍មាន​ភ្ញៀវ​ទាំង​ខាង​ប្រុស​និង​ខាង​ស្រី​ជួបជុំគ្នា​ផឹក​សុ​ី​ចូល​រាំលេង​កម្សាន្ត​យ៉ាងច្រើន​កុះករ​សប្បាយរីករាយ​ផងដែរ​។​លុះដល់​វេលា​ម៉ោង​ប្រហែល​៨​យប់​ដល់​ម៉ោង​កំណត់​ឈ្មោះ​ចេ​ន​.​ភាក៍​បាន​បិទ​ធុងបាស់​ហើយ​រៀបចំ​ក្រប​អីវ៉ាន់​ឧបករណ៍​ទុក​!​រួច​ជិះ​ម៉ូតូ​ទៅផ្ទះ​បាន​ចម្ងាយ​ពី​រោងការ​ប្រហែល​ជាមួយ​គីឡូ​ក៍​ត្រូវៗ​ក៍​ត្រូវ​ក្រុម​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​តាម​ពីក្រោយ​កាប់​ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​!​ហើយ​ក្រុម​ជនបង្ក​ក៍​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់​មុនពេល​អ្នកភូមិ​និង​សាច់ញាតិ​ក្រុមគ្រួសារ​ជនរងគ្រោះ​ចុះទៅ​ដល់​។

​លោក​វរ​សេនី​យ៏​ត្រីផាត់​.​សុ​ជោ​ត​បញ្ជាក់​បន្ថែមទៀតថា​ប​ន្ទា​ប់​ពី​ទទួលបាន​ព៌​ត​មាន​នេះ​ភ្លាម​ក្រោម​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី​ឈួន​.​គឹម​សាន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌​សហការ​ជាមួយ​កំលាំង​កងរាជអាវុធហត្ថ​ស្រុក​កំចាយមារ​ចុះទៅ​ធ្វើការ​ទៅធ្វើ​ការ​ស្រាវ​ជាវ​ក្នុងករណីនេះ​យ៉ាង​ដុតដៃដុតជើង​!​រហូតមកដល់​ម៉ោង​10​និង​30​នាទី​ព្រឹក​ថ្ងៃទី​១៥​ខែ​មិនា​ឆ្នាំ​២០១៨​ទើប​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​តឿ​.​ខី​ភេទ​ប្រុស​អាយុ​23​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​ភូមិ​តា​អី​.​ឃុំ​ក្របៅ​.​ស្រុក​កំចាយមារ​!​ខណៈពេល​ជនសង្ស័យ​រូបនេះ​កំពុង​បំរុង​រត់គេចខ្លួន​ទៅ​ខេត្តក្រចេះ​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ជនសង្ស័យ​ឈ្មោះ តឿ ខី បាន​ឆ្លើយ​សារភាពថា​ខណៈដែល​រូបគេ​មានទំនាស់​ពាក្យសម្តី​ជាមួយ​ជនរងគ្រោះ​រឿង​ចាក់ធុងបាស់​នៅ​កន្លែង​រាំ​រួច​នៅពេល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​ម្នាក់ឯង​!​រូបគេ​”​ជនសង្ស័យ​”​និង​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ​ស្លេះ​ភេទ​ប្រុស​អាយុ​២០​ឆ្នាំមាន​ទីលំនៅ​ភូមិ​បូស​ឬ​ស្សី​.​ឃុំ​ដូនតី​.​ស្រុក​ពញាក្រែក​.​ខេត្ត​ត្បូងឃ្មុំ​ក៍បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​ដេញតាម​ជនរងគ្រោះ​ដោយ​ឈ្មោះ ស្លេះ ជា​អ្នក​អង្គុយ​ពីក្រោយ​។ ពេល​ចុះ​ដេញតាម​មកដល់​ចំណុច​ខាងលើ​ឈ្មោះ​ស្លេះ​ក៍បាន​ទាញ​ដាវ​ដែល​សៀត​នៅជាប់​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​កាប់​ទៅលើ​ជនរងគ្រោះ​ចំនួន​មួយ​ដាវ​.​រួចហើយ​រូ​ពួកគេ​”​ជនសង្ស័យ​”​ក៏បាន​បើក​ម៉ូតូ​រត់គេច​ទៅមុខ​។​ប៉ុន្តែ​ពេល​បើក​បាន​បន្តិច​ក៏​ស្រាប់តែ​ម៉ូតូ​អស់​សាំង​!​ខណៈពេល​នោះ​ធ្វើ​ឲ្យ​ឈ្មោះ​ស្លេះ​រត់គេច​ចោល​ខ្លួន​បាត់​!​។​ហើយ​រូបគេ​”​តឿ​.​ខី​”​បាន​បើក​រេ​សា​វ័រ​សាំង​ផ្លុំ​ទើប​ធាក់​ម៉ូតូ​ឆេះ​ក៍​ចេញ​យក​ម៉ូតូ​ទៅ​ទុក​ផ្ញើរ​ផ្ទះ​អុំ​ឈ្មោះ​ក្រឹម​នៅ​ភូមិ​.​ឃុំ​ជាមួយ​!​រីឯ​ដាវ​យកទៅ​លាក់ទុក​ក្រោយ​ផ្ទះ​។​ចំណែក​រូបគេ​”​តឿ​.​ខី​ដើរ​ធ្វើ​មិនដឹង​ទៅ​ដេក​ផ្ទះ​របស់ខ្លួន​។​លុះ​ព្រឹក​ឡើង​បំ​រ៉ុង​គេចខ្លួន​ទៅ​ខេត្តក្រចេះ​ក៍​ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​បានតែ​ម្តង​។​

​យោងតាម​ចម្លើយសារភាព​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ត្រូវ​កម្លាំង​ប៉េអឹម​ខេត្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។​ចំពោះ​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ​ស្លេះ​ដែល​រត់​ខ្លួន​អាវុធ​កំពុងតែ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​ឲ្យ​ខាន​តែ​បាន​៕

( រូបជនដៃដល់ ពេលសមត្ថកិច្ចនាំទៅឲ្យចង្អុលបង្ហាញពីកន្លែងកើតហេតុ និងវត្ថុតាង)
​

លោក ដូ​ណា​ល់ ត្រាំ ដក​រដ្ឋមន្ត្រីការបរ​ ទេស​ចេញពី​តំណែង

អាមេរិក ៖ ​តាមរយៈ​សារ​Twitter របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​អង្គារ ទី​១៣ ខែមីនា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ បានប្រកាស​ដក​លោក Rex Tillerson ចេញពី​តំណែង​រដ្ឋមន្ត្រីការបរទេស និង​ដាក់ជំនួស​មកវិញ ដោយ​លោក​Mike Pompeo ប្រធាន​ទីភ្នាក់ងារ​សម្ងាត់ CIA​។

​លោក ដូ​ណា​ល់ ត្រាំ បានសរសេរថា លោក Mike Pompeo ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA នឹង​ចូលមក​ជំនួស​លោក Rex Tillerson ក្នុងពេល​លោកស្រី Gina Haspel ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​របស់​CIA នឹង​ក្លាយជា​ប្រធាន​ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់​អាមេរិក​។ លោក ត្រាំ សរសេរ​បញ្ជាក់ថា លោក​Mike Pompeo នឹង​ក្លាយជា​ប្រមុខ​ការបរទេស​ថ្មី​របស់​អាមេរិក​។ គាត់​នឹង​ធ្វើការ​ដ៏​ល្អ​អស្ចារ្យ​” នេះ ចំណែក លោកស្រី Gina Haspel អនុប្រធាន​របស់ CIA នឹង​ក្លាយជា​ស្ត្រី​អាមេរិកាំង​ទី​១ ដែល​បាន​ចូលកាន់​តំណែង​ជា​ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ រដ្ឋ អាមេរិក​។​

​បើតាម​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងការបរទេស​អាមេរិក លោក Steve Goldstein បាន​និយាយថា លោក រេច ធី​ល័​រ​សុន (Rex Tillerson )​ដែល​ទើប​ត្រលប់​មកពី​ធ្វើ​ទស្សនកិច្ច​នៅ អា ហ្វ្រិ​ក មិនបាន​និយាយ​ជាមួយ​លោក​ដូ​ណា​ល់ ត្រាំ ទេ នៅ​ថ្ងៃ​អង្គារ​ទី​១៣ មីនា នេះ ហើយក៏​មិនបាន​ដឹង​ពី​មូល​ហេតុដែល​រូបលោក​ត្រូវ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដកចេញ​ពីមុខ​តំណែង​នោះ ដែរ​។​

លោក Steve Goldstein បាន​បន្ថែមថា នៅមុន​ឡើង​យន្តហោះ​ទៅ​រដ្ឋ​កាលីហ្វ័​នី នៅ​ថ្ងៃ​អង្គារ នេះ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយប្រាប់​អ្នកកាសែត ថា រូបលោក និង​លោក ធ័​រ​ល័​សុន មិន​យល់​ស្របគ្នា​លើ​សំណុំរឿង​ជាច្រើន ដូចជា​រឿង​កូរ៉េខាងជើង ការ​លូកដៃ​របស់​រុស្ស៊ី ក្នុងការ បោះឆ្នោត​នៅ​អាមេរិក និង​ជាពិសេស​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។​

លោក Steve Goldstein បា​នប​ន្ធែ​ម​ទៀតថា លោក រេច ធី​ល័​រ​សុន ដែលជា​មហាសេដ្ឋី​ប្រេង​មួយរូប ត្រូវបាន​លោក ដូ​ណា​ល់ ត្រាំ ជ្រើសរើស​ជា​ប្រមុខ​ការបរទេស​អាមេរិក តាំងពីដើម អាណត្តិ​។ ប៉ុន្តែ បន្តិច​ម្តងៗ លោក ដូ​ណា​ល់ ត្រាំ បាន​ដក​ទំនុកចិត្ត​ពី​រដ្ឋមន្ត្រីការបរទេស លោក រេច ធី​ល័​រ​សុន ដែល​លោក ត្រាំ យល់ថា មាន​ជំហរ និង​មានគំនិត​មិន​ដូចនឹង​លោក​។

​សូម​រំលឹកថា ព័ត៌មាន​ដក​លោក​រេច ធី​ល័​រ​សុន និង​ដាក់ជំនួស​ដោយ​ប្រធាន​ទីភ្នាក់ងារ​CIA ធ្លាប់​ត្រូវបាន​កាសែត New York Times ចុះផ្សាយ​ម្តង​ហើយ កាលពី​ខែវិច្ឆិកា ឆ្នាំមុន​។ ប៉ុន្តែ កាលណោះ លោក ដូ​ណា​ល់ ត្រាំ បាន​បដិសេធ និង​ចាត់ទុកថា ជាការ​ចុះផ្សាយ​នី​វ​ព័ត៌មាន​មិន​ពិត​៕​

តុលាការ​ដំណើរការ​លើ​បណ្តឹង​ចំពោះ​លោក សម រង្ស៊ី រឿង​សន្យា​កាត់​ដី​ឲ្យ​វៀតណាម​

​ភ្នំពេញ ៖ បណ្តឹង​លោក​ឧត្ដមសេនីយ៍ឯក អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការ​នគរបាល​ជាតិ ប្តឹង​ទណ្ឌិត​សម រង្ស៊ី ពីបទ​”​ក្បត់ជាតិ​”​ពាក់ព័ន្ធ​កិច្ចព្រមព្រៀងសម្ងាត់​កាត់​ទឹកដី​កម្ពុជា​ទៅ​ឲ្យ​ជនជាតិភាគតិច​វៀតណាម​ម៉ុង​តា​ញ៉ា ខាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានទទួល​រួចហើយ​និកំ​ពុង​មាន​ចំណាត់ការ​លើ​បណ្តឹង​នេះ​។​

​ពាក្យបណ្តឹង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​វីដេអូ​អំពី​កិច្ចព្រមព្រៀង​រវាង លោក សម រង្ស៊ី និង​លោក កុក ស មេដឹកនាំ​ជនជាតិភាគតិច​វៀតណាម កាលពី​៥​ឆ្នាំមុន ត្រូវបាន​បណ្តាញ​ទំនាក់ទំនង​ហ្វេ​ស​ប៊ុ​ក ដែលជា​សកម្មជន​អតីត​បក្សប្រឆាំង ទម្លាយ​កាល​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៨​។ នៅក្នុង​វីដេអូ​នោះ​លោក សម រង្ស៊ី បានបញ្ជាក់​យ៉ាងច្បាស់​ថា នៅពេល​បក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា លោក​នឹង​កាត់​ខេត្តរតនគិរី មណ្ឌល​គី​រី ស្ទឹងត្រែង ក្រចេះ ឲ្យ​វៀ​ណា​ម​ជនជាតិភាគតិច Degar ដើម្បីឱ្យ​ពួកគេ​គ្រប់គ្រង​ខេត្ត​ទាំង​បួន​នោះ ដោយ​ស្វ័យភាព​។​

​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្មីៗ​នេះ លោក សម រង្ស៊ី បាន​សារភាព​ថែម​ទៀតថា លោក​ពិតជា​បាន​ចុះហត្ថលេខា​ជាមួយ លោក Kok Ksor កាលពី​ឆ្នាំ​២០១៣ ពិតប្រាកដ​មែន នៅ​សហរដ្ឋអាមេរិក​។​

​តាម​បណ្តឹង​របស់​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​រវាង​ទណ្ឌិត សម រង្ស៊ី និង​ឈ្មោះ កុក ស មេដឹកនាំ​ចលនា​វៀតណាម​ជនជាតិភាគតិច Degar (​ម៉ុង​តា​ញ៉ា​) កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៣ នៅ​ប្រទេស​ហ្វីលីពីន បានបញ្ជាក់​យ៉ាងច្បាស់ ត្រង់​មាត្រា​៣ គឺ​ជនជាតិដើម​ភាគតិច Degar (​ម៉ុង​តា​ញ៉ា​) មាន​សិទ្ធិ​ស្វ័យភាព គឺមាន​សិទ្ធិ​ធ្វើ និង​អនុវត្ត​សេចក្តីសម្រេច​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​កិច្ចការ​ផ្ទៃក្នុង និង​តំបន់​របស់​ពួ​គេ​រស់នៅក្នុង​ប្រទេស​កម្ពុ​ជា និង​មាត្រា​៥ ជនជាតិដើម​ភាគតិច​វៀតណាម​ម៉ុង​តា​ញ៉ា នឹងមាន​សិទ្ធិ​ពេញលេញ ប្រសិនបើ​ពួកគេ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ គឺ​ក្នុងន័យ​ថា បើ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ ម្យ៉ាងទៀត ក្នុង​វិ​ដេ​អូ​របស់​ទណ្ឌិត សម រង្ស៊ី ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​ថា នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ខ្លួន​នឹង​កាត់​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្តក្រចេះ ឱ្យ​ជនជាតិ​វៀតណាម​ភាគតិច​ម៉ុង​តា​ញ៉ា គ្រប់គ្រង​ដោយ​ស្វ័យភាព​។​

​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម បាន​ចាត់ទុកថា វីដេអូ​សកម្មភាព និង​ទង្វើ​ដែល​ចុះហត្ថលេខា ប្រគល់ឱ្យ​រដ្ឋ​បរទេស​នូវ​ដែនដី ដែល​ធ្វើឡើង​ដោយ​ទណ្ឌិត សម រង្ស៊ី គឺជា​អំពើ​ក្បត់ជាតិ​យ៉ាងពិត​ប្រាកដ​។ ជាមួយគ្នានេះ អង្គភាព​មាន​សមត្ថកិច្ច​មួយ​នេះ ក៏បាន​ស្នើឱ្យ​តំណាង​អយ្យការ ទទួល​ចាត់ការ​ចំពោះ អំពើ​ក្បត់ជាតិ ឃុបឃិត​កាត់​ទឹកដី​ឲ្យ​ជនបរទេស​រវាង​ឈ្មោះ សម រង្ស៊ី និង​បរទេស ប៉ះពាល់​ដល់​អធិបតេយ្យ​ភាព​របស់​ប្រទេស​កម្ពុជា ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕
​

ទូត​តួ​ក​គី ចង់​ឲ្យ​ក្រ​កម្ពុជា​បញ្ជូន​ឯកអគ្គរាជទូត​ទៅ​ប្រចាំ​សាធារណរដ្ឋ​តួ​ក​គី​

​ភ្នំពេញ ៖ ក្នុងជំនួប​សវនាការ ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ មុខ​រដ្ឋ​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរ ដ្ឋ​តួ​ក​គី​បានបង្ហាញ ពី​បំណង​ច ង់​ឲ្យ កម្ពុជា​បញ្ជូន ឯកអគ្គរាជទូត​រប​ស់​ខ្លួន ប្រចាំ​នៅ​សាធារណរដ្ឋ​តួ​ក​គី​។​
​លោកជំទាវ Ayda Ünlü ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​តួ​ក​គី​លើកឡើង​ក្នុងជំនួប ជាមួយ​សម្តេច​ប្រមុខរដ្ឋ ស្តីទី ខណៈដែល​លោកស្រី ចូល​ជូន​សារតាំង និង​សម្តែង​ការគួរសម នា​ព្រឹក​ថ្ងៃទី​១៤​មីនាឆ្នាំ​២០១៨ នៅ​វិមាន​ព្រឹទ្ធសភា​។​
​នៅក្នុង​ឱកាស​នោះ លោកជំទាវ Ayda Ünlü បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ប្រមុខរដ្ឋស្តីទី ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​អនុញ្ញាត​ឲ្យ​លោកជំទាវ​បាន​ចូល​ជូន​សារតាំង និង​សម្តែង​ការគួរសម​។

​លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​ជម្រាបជូន​សម្តេច​ប្រមុខរដ្ឋស្តីទី​ថា “​ទោះបីជា​ទីតាំង​ភូមិសាស្ត្រ​ប្រទេស​ទាំងពីរ នៅ​ឆ្ងាយ​ពីគ្នា​ក៏ពិតមែន ប៉ុន្តែ​បេះដូង​នៃ​ប្រទេស​ទាំងពីរ​នៅ​ជិតគ្នា ជាពិសេស​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ជា​យូរលុង​មកហើយ​”​។​

​លោកជំទាវ​មានប្រសាសន៍​ទៀតថា ការបង្កើត​និវេសនដ្ឋាន​តួ​ក​គី​ប្រចាំ​កម្ពុជា មាន​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង ប្រទេស​ទាំងពីរ មានការ​កើនឡើង​។ ក្នុងអំឡុងពេល​បេសកកម្ម​ការទូត​នេះ លោកជំទាវ នឹង​ខិតខំ​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ ។ ប្រទេស​ទាំងពីរ​បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយគ្នា​ជាច្រើន ដែល​នឹង​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច របស់​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​ប្រទេស​ទាំងពីរ​ទៅវិញទៅមក និង​មាន​ការចុះ​កិច្ចព្រមព្រៀង​ថ្មី​បន្ថែមទៀត ព្រមទាំង​កិច្ចសហការ​ប្រតិបត្តិកា​រលើ​គ្រប់​វិស័យ ពិសេស វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និង​វិស័យ​វប្បធម៌​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មាន​សន្ទុះ​កាន់តែខ្លាំង​ឡើង​ថែមទៀត ក្នុង​គោលដៅ​បង្កើន​ឲ្យ​ដល់​៥០០​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០​។ លោកជំទាវ បាន​ស្នើសុំ​ការគាំទ្រ​ពី​កម្ពុជា ចំពោះ​សាធារណរដ្ឋ​តួ​ក​គី ក្នុងការ​ផ្សារភ្ជាប់​ទំនាក់​ទំនង និង​កិច្ចសហប្រតិបត្តិការ ពហុភាគី​ជាមួយនឹង​អាស៊ាន​។​

​ក្នុង​ព្រះបរមនាម ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុងនាម​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​ការស្វាគមន៍​ដ៏​កក់ក្តៅ​ជាទីបំផុត​ចំពោះ​លោកជំទាវ​ឯកអគ្គរដ្ឋទូត និង​មាន​ជំនឿ​ជឿជាក់ថា នឹង​ខិតខំ​បន្ត​រក្សា​ប្រពៃណី​ដ៏​ល្អ​នៃ​ចំណងមិត្តភាព និង​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ​ឲ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ជា​គុណប្រយោជន៍​សម្រាប់​ប្រទេស និង​ប្រជាជន​ទាំងពីរ​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដោយបាន​មើលឃើញថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន និង​ប្រទេស​ទាំងពីរ មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​។ ទំនាក់ទំនង​នេះ ស្តែងឡើង​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ និង​បាន​គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​លើ​ឆាក​អន្តរជាតិ ជាពិសេស​ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី បាន​បញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រៀមខ្លួន​ជានិច្ច ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​ជាមួយនឹង​លោកជំទាវ​ឯកអគ្គរដ្ឋទូត ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ឈាន​ឡើង​កំរិត​ថ្មី​មួយទៀត ដើម្បី​ផលប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​ទៅវិញទៅមក​៕​

ថៃ ជំរុញអោយមាន​ការវិនិយោគ​បន្ថែម​លើ​វិស័យ​គ្រឿងបន្លាស់​រថយន្ត​នៅ​កម្ពុជា​

​ភ្នំពេញ ៖ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ ប្រទេស​ទាំងពីរ បាន​ខិតខំ​ប្រឹងប្រែង​រក​ការវិនិយោគ​នានា​បន្ថែមទៀត ជាក់ស្ដែង​វិស័យ​យានយន្ត​និង​គ្រឿងបន្លាស់​រវាង​ប្រទេស​ទាំងពីរ ក៏​ជា​ផ្នែក​មួយ​ជំរុញ​អោយ​ទំហំ​ពាណិជ្ជកម្ម​ទាំងមូល​សម្រេចបាន​នៅ​ឆ្នាំ ២០២០​ផងដែរ ។

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​រសៀល​ថ្ងៃទី ១៤ មីនា ២០១៨ នៅ​ស្ថានទូត​ថៃ លោក ជី​រ៉ា​វុ​ឍ សុ​វណ្ណា​អាត អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ដើម្បី​ផ្ដលឱកាស​ដល់​ពាណិជ្ជករ រវាង​កម្ពុជា និង​ថៃ ក្នុងការ​វិនិយោគ​និង​ធ្វើ​អាជីវកម្ម​លើ​វិស័យ​យានយន្ត ថៃ​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធុរកិច្ច​មួយ នៅ​ខែមេសា ឆ្នាំ ២០១៨​ខាងមុខនេះ និង​មានការ​អញ្ជើញ​ចូលរួម​ពី​ធុរជន​តាម​បណ្ដា​ប្រទេស​នានា ។

​លោក​បន្តថា​កាលពីមុន​ប្រទេស​ថៃ ជា​ចំណាប់អារម្មណ៍​មួយ​សម្រាប់​វិនិយោគិន​បរទេស ក្នុងការ​បណ្ដាក់ទុន​ដំឡើងរថយន្ត សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​នានា លើ​ពិភពលោក ។ ជាក់ស្ដែង​បច្ចុប្បន្ន ថៃ បាន​ផលិត​រថយន្ត​ជាច្រើន​ម៉ាក​នៅក្នុង​ប្រទេស ដូចនេះហើយ​ទើប​ធ្វើអោយមាន​តម្រូវការ​គ្រឿងបន្លាស់រ​ថយ​ន្ត សម្រាប់​មក​ដំឡើង​នៅក្នុង​បណ្ដា​នានា​ក្នុងប្រទេស​ថៃ ។ លោក​ថា លោក​បាន​សម្លឹង​មើលឃើញ​ពី​សក្ដានុពល​វិនិយោគ លើ​ការផលិត​គ្រឿងបន្លាស់​រថយន្ត​នៅក្នុង​ប្រទេស​កម្ពុជា ក៏ប៉ុន្តែ​ពាក់​ព​ន្ធ័​នឹង​ការវិនិយោគ ទុកអោយ​វិស័យ​ឯកជន​ជា​អ្នក​ជជែក​ស្វែងរក​ការបណ្ដាក់ទុន​ដោយ​ខ្លួនគេ​ចុះ ។

​លោក​បន្ថែមថា កន្លងមក មាន​ក្រុមហ៊ុន​នៅ​ប្រទេស​មួយចំនួន​បាន​ផ្លាស់​ពី​ថៃ មក​ដំឡើង​រោងចក្រ​នៅ​កម្ពុជា ដើម្បី​ផលិត​គ្រឿងបន្លាស់​រថយន្ត​ហើយ​នាំ​ចេញទៅ​ប្រទេស​ថៃ​វិញ ហើយ​សព្វថ្ងៃនេះ ក៏មាន​ក្រុមហ៊ុន​ផ្សេងៗ​ទៀតផង​ដែរ កំពុង​រកមើល​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា លើ​វិស័យ​គ្រឿងបន្លាស់​រថយន្ត​នេះដែរ ព្រោះ​នៅ​កម្ពុជា ក៏មាន​ធនធានមនុស្ស​ដែលមាន​ជំនាញ ហើយ​កម្លាំង​ពលកម្ម​ក៏​នៅមានកម្រិត ដែល​អាចអោយ​ពួកគេ បង្វែរ​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​វិញ ៕​

លោកស្រី រ៉ូ​ណា ស្មី​ត មិនបាន​តម្រូវ​ឲ្យ​មាន​បក្សប្រឆាំង​ដែល​បាន​រំលាយ សម្រាប់​ការបោះឆ្នោត​ទេ​

​ភ្នំពេញ ៖ ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នក​សារ​ព័​ត៍​មាន​ជុំវិញ​សម្តី​របស់​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ក្នុង​សន្និសីទ​សារ​ព័​ត៍​មាន​កាលពី​ម្សិលមិញ​ដើម្បី​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​១០​ថ្ងៃ របស់លោក​ស្រី​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៥ មិនា​នេះ ឯកឧត្តម ឈាង វុន សមាជិក​រដ្ឋសភា​មក ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ការពារ​លោកស្រី រ៉ូ​ណា ស្មី​ត ថា លោកស្រី​ពុំបាន លើកឡើងថា ត្រូវតែមាន​វត្តមាន​គ​ណ​បក្សប្រឆាំង​ដែល​បាន​រំលាយ​ទៅហើយ​សម្រាប់​ការ បោះឆ្នោត​នាពេល​ខាងមុខនេះ​ទេ មានន័យថា​លោកស្រី​ពុំបាន​ទាមទារ​អោយ​គណបក្ស ដែល​បាន​រំលាយ​ទៅហើយនោះ​អោយ​វិល​ត្រឡប់មកវិញ​ទេ តែ​រឿងនេះ​គឺមាន​អ្នកមាន គំនិតអាក្រក់​ចង់យក​រឿង​នឹង​មក​ដាក់​ធ្វើជា​កូនជញ្ជីង​ថ្លឹង​ទៅវិញ​។​

​សូម​ជម្រាបជូន​ថា​៖ ការ​ថ្លែង​របស់​ឯកឧត្តម ឈាង វុន ទៅកាន់​ក្រុម​អ្នក​សារ​ព័​ត៍​មាន​ធ្វើ ឡើង​នៅក្រោយ​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា​នា​ព្រឹក​ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ ២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ពិនិត្យ​ទៅលើ​របៀបវារៈ​ចំនួន​៣​រួមមាន​៖ ១,​ការពិនិត្យ​សំណើសុំ​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ សភា សម្រាប់​នីតិកាល​ទី​៤ ចំនួន ២​រូប ដោយ​រដ្ឋសភា នីតិកាល​ទី​៥ , ២.​ការពិនិត្យ​សំណើ បញ្ចូល​ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ នូវ​សេចក្តីព្រាងច្បាប់​ស្តី ពី​អាជ្ញា​បណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ និង​៣.​ការពិនិត្យ​សេចក្តីព្រាង​របាយការណ៍ ស្តីពី​សកម្មភាព​របស់​រដ្ឋសភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ និង​លើក​ទី​១០ នីតិកាល ទី​៥៕​

កម្ពុជា​យល់ព្រម​បន្ត​អាណត្តិការិយា ល័យ សិទ្ធិមនុស្ស UN នៅ​កម្ពុជា​

​ភ្នំពេញ ៖ នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហ ប្រតិបត្តិការ​អន្តរជាតិ​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមីនា នេះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់​សុខុន រដ្ឋមន្ត្រីក្រសួង​ការ​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានអនុញ្ញាត​ឲ្យ​លោកស្រី​រ៉ូ ណា​ស្មី​ត (Rona Smith) អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​នៃ​អង្គការសហប្រជាជាតិ​។​

​បន្ទាប់ពី​ចប់​ជំនួប​ពិភាក្សា​លោក ជុំ​សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​មាន​ប្រសាសន៍​ឲ្យ​ដឹងថា​ក្នុងជំនួប​នោះ​លោកស្រី រ៉ូ​ណា ស្មី​ត​បានបង្ហាញ​ពី​លទ្ធផល​មួយចំនួន​ដែល​លោកស្រី​បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​តាម​ក្រសួង​ស្ថាប័ន​នានា ប្រកបដោយ​លទ្ធផល​ជា​ផ្លែផ្កា​ល្អ​៕​

នាយករដ្ឋមន្ត្រី​កម្ពុជា បើក​សន្និសីទ​ស្តីពី​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០១៨ មុន​ចេញទៅ​ប្រជុំ​​នៅ​អូស្ត្រាលី​

​ភ្នំពេញ ៖ សន្និសីទ ស្តីពី​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០១៨​នេះ គឺ​ផ្តោតលើ​ភាព​រីកចម្រើន​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ លើ​វិស័យ​ឧស្សាហកម្ម ទន្ទឹមនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ស្នើអោយ វិស័យ​រដ្ឋ និង​ឯកជន ចូលរួម​គិតគូ​ពី ផល​វិជ្ជមាន និង​អវិជ្ជមាន នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​នេះដែរ ជាពិសេស​បញ្ហា​ប្រឈម​នៃ​ការប្រើ​បច្ចេកវិទ្យា ជំនួស​កម្លាំង​ពលកម្ម​របស់​មនុស្ស តែម្តង​។​

​ថ្លែង​នៅក្នុង​សន្និសីទ​លើក​ទី​១២ ស្តីពី​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ « វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា សំរាប់​ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ដែល​រៀបចំ​ធ្វើ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា នា​ព្រឹក​ថ្ងៃទី​១៥ ខែមីនា​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បង្ហាញថា វិស័យ​ឧស្សាហកម្ម ជា​វិស័យ​ដ៏​មាន​សក្តានុពល​សំខាន់ សម្រាប់​ជម្រុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​រយៈពេល​មធ្យម និង​រយៈពេល​វែង ស្របទៅនឹង​ទស្សនវិស័យ​របស់​កម្ពុ​ជា​ក្នុងការ​ប្រែក្លាយ​ពី​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កំ​រត​ទាប​នាពេល​ប​ច្ចប្ប​ន្ន ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កំរិត​ខ្ពស់​នា​ឆ្នាំ​២០៣០ និង​មាន​ចំណូល​កំរិត​ខ្ពស់​នា​ឆ្នាំ​២០៥០​។

​ដើម្បី​សម្រេចបាន​កំណើន​ប្រកបដោយ​ប្រសិទ្ធភាព នៅក្នុង​សម័យ​ឌីជីថល នៃ​បដិវត្ត​ន៌​ឧស្សាហកម្ម​ទី​៤ សម្តេច​តេ​ជោ យល់ឃើញថា កម្ពុ​ចា​ចាំបាច់​ត្រូវ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​អោយ​ខ្លាំងក្លា ដែល​នឹង​ជួយ​ជម្រុញ​ដល់ ផលិតភាព និង កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម ក្នុងសម័យ​សេដ្ឋកិច្ច​ឌីជីថល​។ ទន្ទឹមនឹង​ផល​វិជ្ជមាន​នេះ សម្តេច​តេ​ជោ ក៏បាន​លើកឡើង​ផងដែរ​ថា ការរីកចម្រើន​បច្ចេក​វិទ្យា និង​វិទ្យាសាស្ត្រ ក៏​អាច​នឹង​ប៉ះពាល់​ដល់​វិស័យ​ការងារ ជាពិសេស​ការប្រើប្រាស់​គ្រឿង​ម៉ាស៊ីន គ្រឿងចក្រ​ជាដើម នឹង​ធ្វើអោយ​ការប្រើ​កម្លាំង​មនុស្ស មានការ​កាត់បន្ថយ​។ ម្យ៉ាងវិញទៀត វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ក៏​នឹង​បង្កើត​នូវ​សង្គម​ថ្មី​មួយ ហៅថា សង្គម​ឌីជីថល ដែល​នឹងធ្វើ​អោយមាន​ការផ្លាស់ប្តូ​រ និង​ប្រែប្រួល​ដល់​ប្រពៃណី និង​ទម្លាប់​នៃ​ការរស់នៅ​មួយចំនួន​របស់​ប្រជាជន​។ ជាក់ស្តែង ការប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់​របស់​មនុស្ស មានការ​ធ្លាក់ចុះ​។

​ចំណែក​ប្រព័ន្ធ​ព័ត៌មាន​ដែល​ចែកចាយ​រហ័ស​ដោយ​គ្មាន​ការផ្ទៀងផ្ទាត់​ត្រឹមត្រូវ ក៏​អាច​ប៉ះពាល់​ដល់​បញ្ហា​សន្តិសុខ​ជាតិ​ទៀតផង​។ ដូចនេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានស្នើ​ដល់​ផ្នែក​រដ្ឋ និង​វិស័យ​ឯកជន​គួរ​មានការ​គិតគូរ និង​សិក្សា ទៅលើ​ការប្រើប្រាស់​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ ទាំង​ផល​វិជ្ជមាន និង​អវិជ្ជា​មាន មកលើ​នយោបាយ សេដ្ឋកិច្ច និង​សង្គម អោយបាន​គ្រប់​ជ្រុងជ្រោយ​។

​លោក បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ យល់ឃើញថា ការប្រើប្រាស់​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ ជា​រឿង​ល្អ​សម្រាប់​ការអភិវឌ្ឍ​ក្នុង​ពិភពលោក ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា គួរ​សិក្សា​អោយបាន​ច្បាស់​ពី​ផលប៉ះពាល់​នៃ​ការប្រើ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ កំរិត​ខ្ពស់​មួយចំនួន​។

សូមបញ្ជាក់ថា ប្រទេស​កម្ពុជា បាន​បង្កើត​ក្រុម​ប្រឹក្សាជាតិ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា (NSTC) ចាប់តាំងពី​ក្នុង​ឆ្នាំ​២០១៤​។ នាពេល​បច្ចុប្បន្ន​ក្រុមប្រឹក្សា​ជាតិ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នេះ កំពុង​រៀបចំតាក់តែង​គោលនយោបាយ​សម្រាប់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ឆ្នាំ​២០១៨-២០២៥ ដើម្បី​ពង្រឹង​ចំណងទាក់ទង​រវាង​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ជាមួយនឹង​វិស័យ​ជា​អាទិភាព​នានា​របស់​កម្ពុជា​ផងដែរ​៕​

បច្ចុប្បន្នមាន​ពលករ​ខ្មែរ​ជាង​១​លាន​២​សែន​នាក់​កំពុងធ្វើការ​នៅ​ប្រទេស​ចំនួន​៦

​ភ្នំពេញ ៖ បើ​គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១​លាន ២​សែន​នាក់ កំពុង​ធ្វើ ការងារ ជា​ពលករ​នៅក្រៅ​ប្រទេស តាមរយៈ​ការជួយ​ស្វែងរក​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។ នេះ​បើ​យោងតាម​របាយ​ការ​ណ៌​លទ្ធផល​ការងារ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ របាយការណ៍​នេះ​ក៏បាន​បញ្ជាក់ដែរថា មាន​ប្រទេស​ចំនួន​៦ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចរចារ​ជាមួយ ដើម្បី​ស្នើសុំ​ការផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ ក្នុងនោះ​ប្រទេស​ថៃ​ជា​ប្រទេស​ដែល​កម្ពុ​ជាប​ញ្ចូ​ន​ពលករ​ទៅ​ច្រើនជាងគេ មាន​រហូតដល់​ទៅជា​ង ១​លាន​៥​ម៉ឺន ៦​ពាន់​នាក់​។ បន្ទាប់មក​គឺ​សាធារណៈរដ្ឋ​កូរ៉េ មាន​ពលករ​កម្ពុជា​ចំនួន​ជាង​៤​ម៉ឺន​៤​ពាន់​នាក់​។ ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន​ប្រមាណ​៣​ម៉ឺន​នាក់​។ ប្រទេស​ជប៉ុន មាន​ចំនួន​ជាង​៦​ពាន់​នាក់​។ ប្រទេស​សឹង្ហ​បុរី មាន​ចំនួន​ជិត​៥​រយ​នាក់ ។​ចំណែក​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ដែល​ទើប​ចាប់ផ្ដើម​ទទួលយក​ពល​ការី​នី​ពី​កម្ពុ​ជាមាន​ចំនួន​១៥​នាក់​។
គួរ​កត់សំគាល់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុកថា ថវិកា​ចំណូល​របស់​ពលករ​ក​ម្ពុ​ជា​ដែល​ធ្វើការ​នៅក្រៅ​ប្រទេស គឺជា​ការរួមចំណែក​មួ​យ​យ៉ាងសំខាន់​សម្រាប់​ក្រុមគ្រួសារ និង​ប្រទេសជាតិ ដោយ​ថវិកា​សរុប​ដែល​ពលករ​ទាំង​នោះបាន​ផ្ញើរ​មកកាន់​ស្រុកកំណើត មាន​ប្រមាណ​ជា​២​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ​។
​នាពេល​កន្លងមក ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ជម្រុញ​អោយ​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវធ្វើ​ការ​ព​ន្លឿ​ន​ការងារ ដើម្បីអោយ​ពលករ​ខ្មែរ​ទទួលបាន​ភាពស្រប​ច្បាប់ ដើម្បី​បានធ្វើការ​និង​រស់នៅ​ក្រៅប្រទេស​ដូចជា​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី​ជាដើម​។ បន្ថែម​ពីនេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​បង្ហាញ​ពី​គោលបំណង​ចង់​ស្វែងរក​ទីផ្សារការងារ​ជូន​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​មជ្ឈិមបូព៌ា ជាពិសេស​សម្រាប់​បងប្អូន​ខ្មែរឥស្លាម​ផងដែរ​៕
​

 

 

 

 

 

(​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​គណៈប្រតិភូ នាឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Shim Khuong-Woo ប្រធាន​អង្គភាព​សុខុមាលភាព និង​គ្រោះថ្នាក់​ការងារ នៃ​សាធារណរដ្ឋ​កូរ៉េ (COMWEL) នៅ​សណ្ឋាគារ Skyfarm ប្រទេស​កូរ៉េ​)​

នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ទៅ​ចូលរួម​ប្រជុំ​ពិសេស​អូស្ត្រាលី អាស៊ាន​ នាទីក្រុងស៊ីដនី

​
ភ្នំពេញ ៖ ​នៅសល់​រយៈពេល​តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នឹង​ដឹកនាំ គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី​។ ដំណើរ​ទស្ស​កិច្ច​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ចាប់ផ្តើម​ពីថ្ងៃ​១៦ ដល់​១៨ ខែមីនា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អូស្ត្រាលី អាស៊ាន ។ ក្នុងអំឡុង​ដំណើរ​ទស្ស​កិច្ច​នោះ សម្ដេច​ក៍​គ្រោង​នឹង​ជួប​សំណេះសំណាល​សាកសួរ សុខទុក្ខ ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ និង​និស្សិត​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ផងដែរ​។ ប្រជាពលរដ្ឋ​ខ្មែរ នៅតាម​តំបន់ ជាច្រើន​នៅ​ប្រទេស​អូស្ត្រាលី និង​ញូ​ហ្សេ​ណែន ត្រូវគេ​ឃើញ បាន​ត្រៀម ការ​ស្វា​មគ​មន៍​ដំណើរ​របស់​សម្ដេច និង​សម្ដែង​ក្ដី​រីករាយ ទន្ទឹងរង់ចាំ​ថ្ងៃនោះ មកដល់​ឲ្យ​បាន​ឆាប់​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ថ្លែងថា ពួកគាត់​គាំទ្រ​សម្ដេច​ដោយសារ​ពួកគាត់ បានឃើញ​ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​សម្ដេច​ហ៊ុន សែន ធ្វើ​ឲ្យ​ប្រទេស​មាន​សុខ សន្តិភាព មានការ​អភិវឌ្ឍ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រៀម​នឹង​ចូលរួមបាន​បដិសេធ​ទៅនឹង ក្រុមប្រឆាំង​ដែល​ដែល​ចោទថា ការដែល​ប្រជាពលរដ្ឋ និង​និស្សិត​ខ្មែរ​ទៅ​ទទួល​ស្វា​មគ​មន៍​សម្ដេចនាយករ​ដ្ឋ​មន្ត្រី គឺ​ដោយសារ ការបង្ខិតបង្ខំ និង​ការជួល​ជា​ប្រាក់​។​

​យោងតាម​ក្រសួងការបរទេស ក្នុង​ដំណើរ​ទស្ស​កិច្ច​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​អូស្ត្រាលី ក្រៅពី​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន អូស្ត្រាលី សម្ដេច ក៍​នឹងមាន​គម្រោង​ជួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ម៉ា​ល់​កុម ធឺ​ន ប៊ុល (Malcolm Turnbull) ផងដែរ​។ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​បាន​រំពឹងថា ជំនួប​នោះ​នឹងធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា និង​អូស្ត្រាលី​នឹង​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​។​

​សូមជម្រាបថា កម្ពុជា​និង​អូស្ត្រាលី​មាន​ទំនាក់ទំនង​ការទូត​តាំងពី​ឆ្នាំ​១៩៥២​មក​។ បច្ចុប្បន្ន ប្រទេស​ទាំង​២​បានធ្វើការ​យ៉ាង​ជិត​ស្និ​ទ្ធិ​ទៅលើ​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស ការប្រឆាំង​ទេសចរណ៍​ផ្លូវភេទ​លើ​កុមារ ការប្រយុទ្ធប្រឆាំង​ការជួញដូរ​គ្រឿងញៀន និង​ការប្រឆាំង​ភេរវកម្ម ជាដើម​។ តាម​ទិន្នន័យ​របស់​ក្រសួងការបរទេស​អូស្ត្រាលី ប្រជាជន​កម្ពុជា​រស់នៅ​ប្រទេស​អូស្ត្រាលី​គិត​ត្រឹម​ឆ្នាំ​២០១៦​មាន​ប្រមាណ​៦​ម៉ឺន​នាក់​។ ប្រជាជន​កម្ពុជា​ភាគច្រើន​ដែល​មក​តាំងទី​នៅ​ប្រទេស​អូស្ត្រាលី​ភាគច្រើន​គឺជា​ជនភៀសខ្លួន ក្នុងសម័យ​សង្គ្រាម​ក្នុងប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧៥ រហូតដល់​ទសវត្ស​១៩៨០ ដែល​រហូតដល់​ឆ្នាំ​១៩៩០ ប្រជាជន​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​មាន​ប្រមាណ​២​ម៉ឺន​នាក់​៕
​