ខេត្តកណ្តាល៖មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យភ្ញាក់ផ្អើល រវាងរថយន្តប្រភេទសណ្ដោងសឺមី រឺម៉ក កុងតឺន័ររបូតកង់បុកលើម៉ូតូមួយគ្រឿបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ និងស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ និង០០នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅចន្លោះគីឡូម៉ែត្រ១៨-១៩ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
យោងតាមផេករបស់អគ្គស្នងការរដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់មានឈ្មោះ ញ៉ែម សារ៉ុម ភេទប្រុស អាយុ៥៥ឆ្នាំ(ខ្មែរ) មានទីលំនៅភូមិ ស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្កណ្ដាល។ប្រពន្ធឈ្មោះម៉ម សុផល អាយុ៥៣ឆ្នាំ(ខ្មែរ)មុខរបរលក់ដូរ។ចំណែកអ្នកបើកបររថយន្តមានឈ្មោះ និន សារ៉ាត់ ភេទប្រុស អាយុ៣៥ឆ្នាំ(ខ្មែរ)មានទីលំនៅ ភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង មុខរបរបើកបរ (ក្រុមហ៊ុន តឹចស្រុន) មានទីលំនៅបច្ចុប្បន្ននៅសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ ក្រុងភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើកហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកុងទ័រន័មួយគ្រឿង (STERLING) ពណ៌ក្រហមពាក់ ស្លាកលេខ ភ្នំពេញ3C-7020 របស់ ក្រុមហ៊ុនផែស្ងួតតិចស្រ៊ុន បើកបរ ក្នុងទិសដៅភ្នំពេញ អ្នកលឿង លុះមកដល់ចំណុចកើតហេតុ ខាងលើស្រាប់តែរថយន្តបានរបូតកង់ក្រោយផ្នែកខាងឆ្វេង (សឺមីរឺម៉ក) បណ្ដាលឲ្យបុកម៉ូតូ សង់សេរី២០០៤ ពណ៌ខ្មៅពាក់ស្លាលេខ កណ្ដាល 1J 9486 បណ្តាលឲ្យឈ្មោះ ញ៉ែម សារ៉ុម រងរបស់ធ្ងន់ បាក់ជើង រីឯងប្រពន្ធ របួសស្រាល។
បច្ចុប្បន្នជនរងគ្រោះទាំង០២នាក់ប្ដីប្រពន្ធត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។ ចំណែកមធ្យោបាយរួមទាំងអ្នកបើកបរមកកាន់អធិការដ្ឋានដើម្បីបន្តអនុវត្តនីតិវិធី៕




អូស្រា្តលី៖ទីភ្នាក់ងារ Reuters ចេញផ្សាយនៅមុននេះបន្តិចបានឲ្យដឹងថា រថយន្តមួយគ្រឿង បានបើកបុកចូលទៅក្នុងក្រុមមនុស្សម្នា ដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវនៃទីក្រុងមែលប៊ន ដែលធំបំផុតលំដាប់ទីពីរនៅប្រទេសអូស្ត្រាលី។
អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង២០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល។ ទោះជាយ៉ាងណារហូតមកដល់ពេលនេះនៅមិនទាន់មានការបញ្ជាក់ណាមួយថា វាជាអំពើភេរវកម្មនោះឡើយ៕


រីយ៉ូ៖យន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់ទៅក្នុងសមុទ្រក្បែរទីក្រុងរីយ៉ូនៃប្រទេសប្រេស៊ីលបណ្តាលឲ្យមនុស្ស៣នាក់បានបាត់បង់ជីវិតភ្លាមៗ ដោយនៅក្នុងចំណោមនោះមានទាំងប្រធានតុលាការកំពូលលោក Teori Zavascki ផងដែរ។
យន្តហោះធុនតូចខាងលើជាកម្មសិទ្ធិរបស់បុគ្គលឈ្មោះ Carlos Alberto Filgueiras ដែលជាម្ចាស់សណ្ឋាគារ Emiliano ក្នុងទីក្រុង Sao Paulo បានហោះចាកចេញពីទីក្រុងនេះ ឆ្ពោះទៅកាន់ទីក្រុង Paraty ។ ប៉ុន្តែនៅអំឡុងពេលធ្វើដំណើរក៏បានធ្លាក់នាវេលាម៉ោងប្រហែល ០១ និង៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ (ម៉ោងក្នុងទីក្រុងរីយ៉ូ)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧នេះ។
ក្រោយមកមានសេចក្តីរាយការណ៍ថា ក្រុមពន្លត់អគ្គិភ័យប្រចាំតំបន់បានរកឃើញយន្តហោះដែលបានធ្លាក់នោះ ជាមួយនិងសាកសពមនុស្សបីនាក់រួមទាំងលោក Teori Zavascki ក៏ដូចជាអ្នកនៅរស់រានមានជីវិតម្នាក់ផងដែរ៕

ប៉េកាំង៖ប្រទេសចិនបានដាក់បង្ហាញយន្ដហោះគ្មានមនុស្សបើកប្រភេទថ្មីមួយ ដែលអាចផ្ទុកគ្រាប់បែកទម្ងន់២តោន ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Aviation Industry Corporation of China របស់ប្រទេសចិន។
យន្តហោះគ្មានមនុស្សបើកនេះត្រូវបានដាក់បង្ហាញដល់មហាជននៅក្នុងទីក្រុង Zhuhai ប្រទេសចិន និងទទួលបានការចាប់អារម្មណ៍ជាច្រើន។ ទន្ទឹមនោះប្រទេសចិនគ្រោងនឹងដាក់អោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើកប្រទេនេះនៅក្នុងអំឡុងឆ្នាំ ២០១៩-២០២០ខាងមុខនេះ។
យន្តហោះចំបាំងនេះអាចហោះបានរយៈចម្ងាយ១៥០០០ម៉ាយ និងមានសមត្ថភាពខ្លាំងក្នុងការវាយប្រហារទីតាំងមូលដ្ឋានរបស់សត្រូវ។ ជាមួយគ្នានេះយន្តហោះនេះត្រូវបានបំពាក់ទៅដោយប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ និងប្រព័ន្ធរ៉ាដាជំនាន់ថ្មីអាចកំណត់ដឹងច្បាស់លាស់ពីទីតាំងសត្រូវ៕


ខេត្តកំពត៖កម្លាំងនគរបាលស្រុកកំពង់ត្រាចបានចាប់ខ្លួនប្ដីអប្រិយផឹកស្រាស្រវឹងរាល់ថ្ងៃ បង្កជាភ្លើងប្រច័ណ្ឌ វាយធ្វើទារុណកម្មប្រពន្ធកូនយ៉ាងឃោរឃៅ ដែលអំពើហិង្សានេះកើតឡើងនៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ នៅភូមិកោះត្រាច ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធឈ្មោះ ពេជ គិ អាយុ៣៣ឆ្នាំ (ធ្លាប់មានប្តីម្តង និងមានកូន២នាក់) រងរបួសពេញផ្ទៃមុខ និងស្នាមខ្សែរឹតក ស្នាមខ្សែរឹតកដៃ ទាំងសងខាង។ ដោយឡែកជនបង្កជាប្ដី ឈ្មោះ អួន យន អាយុ៣១ឆ្នាំ។
នគរបាលបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានអំពើហិង្សានេះ បណ្ដាលមកពី ប្ដីមកពីផឹកស៊ីស្រវឹង ហើយប្រពន្ធមិននៅផ្ទះ ទើបបង្កជាភ្លើងប្រច័ណ្ឌ ប៉ុន្ដែប្រពន្ធមិននៅផ្ទះ ព្រោះជាប់រវល់ទៅមើលកូនឈឺ។
ក្រោយបង្កហេតុ ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លូន បញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕



ឥណ្ឌា៖ភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរបានចេញផ្សាយថា ក្មេងៗសិស្សសាលាយ៉ាងហោចណាស់២៤នាក់ដែលអាយុចន្លោះពី៣-១២ឆ្នាំបានស្លាប់ ខណៈច្រើននាក់ទៀតបានរងរបួសបន្ទាប់ពីរថយន្ដក្រុងរបស់ពួកគេ បានបុកគ្នាពេញមួយទំហឹងជាមួយរថយន្ដដឹកទំនិញមួយគ្រឿង នៅឯរដ្ឋ Uttar Pradesh ស្ថិតនៅភាគខាងជើង ប្រទេសឥណ្ឌា។
យោងតាមមេបញ្ជាការប៉ូលិសនៃរដ្ឋ Uttar Pradesh លោក Javed Ahmad គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់ Aliganji នៃស្រុក Etah ស្ថិតនៅចំងាយប្រហែល ២៣៤គីឡូម៉ែត្រពីទីក្រុង Lucknow ដែលជារដ្ឋធានីនៃរដ្ឋ Uttar Pradesh។ លោក Javed Ahmad បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានបណ្ដាលឱ្យសិស្សសាលា ២៥នាក់បាត់បង់ជីវិត ខណៈសិស្សសាលាជាច្រើននាក់ទៀត ដែលបានរងរបួសត្រូវបានប្រជាជន និងក្រុមអ្នកជួយសង្គ្រោះទាញចេញពីរថយន្ដក្រុង និងបញ្ជូនទៅកាន់មន្ទីពេទ្យ។
ពាក់ព័ន្ធករណីនេះផងដែរអាជ្ញាធរឥណ្ឌាបាននិយាយថា នឹងបើកការស៊ើបអង្កេតបន្តទៀត៕

សិង្ហបុរី៖សិង្ហបុរី និងឥណ្ឌាបានចុះហត្ថលេខាបន្តលើកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការជាថ្មីរយៈពេល៥ឆ្នាំទៀត ដោយឥណ្ឌាអនុញ្ញាតកងកម្លាំងសាធារណៈរដ្ឋសិង្ហបុរី បន្តចូលរួមការបណ្តុះបណ្តាលយោធា ជាមួយកងកម្លាំងទ័ពអាកាសរបស់ឥណ្ឌានៅ Kalaikunda។
ក្រសួងការពារជាតិរបស់សិង្ហបុរី ថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចព្រមព្រៀងទ្វេរភាគីនេះ ជាការពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល បន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរបៀបនេះកាលពីឆ្នាំ២០០៧ដល់ឆ្នាំ២០១២ម្តងរួចមកហើយ។
គួរបញ្ជាក់ថា ការពិនិត្យ និង បន្តកិច្ចព្រមព្រាងនេះ ចុះហត្ថលេខា ដោយភាគីសិង្ហបុរីគឺលោក Chan Yeng Kit អគ្គលេខាធិការអចិន្ត្រៃយ៍ នៃក្រសួងការពារជាតិ ចំណែកភាគីឥណ្ឌាចុះហត្ថលេខាដោយលោក Mohan Kumar អគ្គលេខាធិការក្រសួងការពារជាតិ៕

ខេត្តក្រចេះ៖សមត្ថកិច្ចនគរបាលស្រុកព្រែកប្រសព្វបានចាប់ខ្លួនជនដៃដល់ម្នាក់ជាប្តីដែលប្រើអំពើហិង្សាក្នុងគ្រួសារដោយទាញកាំបិតវែង (កង៉ុក) កាប់ទៅលើប្រពន្ធជាច្រើនកាំបិតបណ្តាលឲ្យដាច់កំភួនដៃស្តាំនិងកំភួនជើងស្តាំរបួសយ៉ាងធ្ងន់ធ្ងរត្រូវអ្នកភូមិជួយដឹកយកទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ។ រឿងរ៉ាវដែលកើតឡើងក្នុងគ្រួសារមួយនោះនៅភូមិជ្រោយស្នែងក្របីលើ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។
មន្ត្រីនគរបាលស្រុកព្រែកប្រសព្វបានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ម៉េង ពៅ អាយុ៤៥ឆ្នាំ។ ចំណែកស្ត្រីជាប្រពន្ធរងគ្រោះឈ្មោះ ឆាយ ចាន់បូ អាយុ៣៦ឆ្នាំ អ្នកទាំងពីររស់នៅភូមិជ្រោយស្នែងក្របីលើ ឃុំកំពង់គរ។ មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀតថា ការឈានដល់ប្រើអំពើហិង្សាដោយប្តីទាញកាំបិតកាប់ប្រពន្ធឲ្យរងរបួសធ្ងន់ធ្ងរបែបនេះគឺមូលហេតុមកពីប្តីប្រពន្ធនោះសុទ្ធតែជាអ្នកស្រវឹងស្រាជោកដូចគ្នា ហើយបានទាស់សម្តីគ្នាក៏កើតរឿងបែបនេះតែម្តង។
ក្រោយពីកើតហេតុសមត្ថកិច្ចបានដកហូតវត្ថុតាងកាំបិតកាង៉ុកប្រវែងជិតមួយម៉ែត្រ និងបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តក្រចេះដើម្បីចាត់ការបន្តតាមនីតិវិធី៕



រាជធានីភ្នំពេញ៖សន្និសីទសារព័ត៌មានការដោះស្រាយបណ្តឹងតវ៉ាបណ្តឹងជំទាស់ពាក់ព័ន្ធនឹងការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ គ.ជ.ប បានឲ្យដឹងថា ស្ថាប័ននេះបានទទួលពាក្យបណ្តឹងពីគ្រប់មជ្ឈដ្ឋានចំនួន១២៨បណ្តឹង ហើយក្នុងចំណោមបណ្តឹង។
ទន្ទឹមនោះក្រុមប្រឹក្សាជំនុំជម្រះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ក៏បានសម្រេច រក្សាទុកឈ្មោះអ្នកបោះឆ្នោតទាំង២០០នាក់ក្នុងបញ្ជីបោះឆ្នោតដំបូងដដែល៕


បាល់ទាត់៖ប្រធានក្លិប Lyon លោក Jean-Michel Aula បានបញ្ជាក់ថា ក្លិបបានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាជាមួយក្រុម Manchester United ក្នុងការនាំយកខ្សែប្រយុទ្ធ Memphis Depay លើកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍ហើយ។ នេះបើតាមប្រភពពី BBC រាយការណ៍កាលពីថ្ងៃពុធម្សិលមិញនេះ។
កីឡាករសញ្ជាតិហូឡង់រូបនេះ បានប្រាប់លោក Jose Mourinho ថារូបគេបានសម្រេចចិត្តចាកចេញពីកីឡដ្ឋាន Old Trafford ក្នុងខែនេះប្រសិនបើការផ្តល់ជូននូវតម្លៃខ្លួនសមរម្យក្រោយពីមិនសូវជោគជ័យនៅរដូវកាលនេះ។
ការព្រមព្រៀងគ្នានេះកើតឡើងបន្ទាប់ពីបិសាចក្រហមបានច្រានចោលសំណើ២លើករួចមកហើយពីសំណាក់ក្រុមជើងឯក French Ligue 1 ២សម័យ ដោយលើកទី១ឲ្យថ្លៃ១១លានផោននិងឡើងរហូតដល់១៦លានផោន។
គួរបញ្ជាក់ថា Depay បានផ្ទេរចេញពី PSV មកកាន់ Old Trafford កាលពីខែឧសភា ឆ្នាំ២០១៥ ក្នុងតម្លៃ៣១លានផោន និងគិតមកដល់ពេលនេះស៊ុតកីឡាករវ័យ២២ឆ្នាំទាត់បញ្ចូលទី៧គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន៥៣ប្រកួត៕

ខេត្តស្វាយរៀង៖កាលពីរសៀលម្សិលមិញមានករណីផ្ទុះឆេះរថយន្ដក្រុងមួយគ្រឿង នៅតាមបណ្ដោយផ្លូវជាតិលេខ១ ទល់មុខនឹងសាកលវិទ្យាល័យស្វាយរៀង ស្ថិតក្នុងសង្កាត់ចេក ក្រុងស្វាយរៀង ។ ប៉ុន្តែមិនបណ្តាលឲ្យអ្នកណាម្នាក់រងគ្រោះនោះទេ ដោយសារតែអ្នកជិះលើរថយន្តក្រុងនោះ បានរត់ចុះទាន់ពេលវេលា ។
យ៉ាងណាក៏ដោយ បន្ទាប់ពីផ្ទុះឆេះរថយន្តខ្ទេចទើបសមត្ថកិច្ចបានធ្វើការឆែកឆេរជនបរទេសដែលជិះលើរថយន្តឆេះនោះ ហើយបានរកឃើញថា ក្នុងចំណោមជនបរទេសដែលជិះលើរថយន្តទាំង១៩នាក់ ហើយមានស្ត្រី៩នាក់ គឺមានតែជនបរទេស៣នាក់ប៉ុណ្ណោះដែលមានលិខិតឆ្លងដែនត្រឹមត្រូវ ។ ចំណែក១៦នាក់ទៀតពុំមានលិខិតស្នាមអ្វីទាំងអស់ ។
មន្ត្រីនគរបាលឲ្យដឹងថា ក្រោយពិនិត្យឃើញថា ជនបរទេសទាំង១៦នាក់ ដែលគ្មានលិខិតឆ្លងដែននិងលិខិតស្នាមផ្លូវច្បាប់ត្រឹមត្រូវនោះ សមត្ថកិច្ចបាននាំពួកគេទៅការិយាល័យអន្តោប្រវេស្តន៍នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីសួរនាំ និងអនុវត្តតាមនិតិវិធី ។
សូមជម្រាបថា ជនបរទេសទាំង១៩នាក់នោះរួមមាន ជនជាតិម៉ាឡេស៊ី២នាក់, ហ្វីលីពីន១នាក់ ( ស្រី ) , វៀតណាម៧នាក់ (ស្រី) ឥណ្ឌូណេសី៩នាក់ (ស្រី១នាក់) ក្នុងនោះមានលិខិតឆ្លងដែនតែ៣នាក់ប៉ុណ្ណោះ ៕



រាជធានីភ្នំពេញ៖ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ជ្រើសរើសនិស្សិតកម្ពុជា ដើម្បីទៅសិក្សាថ្នាក់ អាហារូបករណ៍ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និង Non-degree Programme សិក្សានៅតាមសាកលវិទ្យាល័យនានា ក្នុងប្រទេសហុងគ្រី ចាប់ពីខែកញ្ញា ឆ្នាំ២០១៧ តទៅ។
ក្រសួងអប់រំបានឲ្យដឹងថា កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ ដោយសិស្សនិស្សិតអាច ដាក់ពាក្យតាម online តាមគេហទំព័រ៖ www.stipendiumhungaricum.hu៕


រាជធានីភ្នំពេញ៖មន្ដ្រីនគរបាលម្នាក់នៅខេត្តកំពតដែលចែកចាយគ្រឿងញៀននោះត្រូវបានក្រសួងមហាផ្ទៃសម្រេចបណ្តេញចេញពីក្របខ័ណ្ឌ ហើយនេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលបានផ្សព្វផ្សាយកាលពីម្សិលមិញ។
ក្នុងសេចក្ដីប្រកាស បញ្ជាក់ថា ព្រិន្ទបាលទោ ស៊ា សុខបញ្ញា អត្តលេខ៧៦៣៦០ មន្ដ្រីនៃស្នងការដ្ឋាននគរបាលខេត្តកំពត ដោយរូបភាពដកហូតឋានន្ដរស័ក្ដិ និងបណ្ដេញចេញផុតពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។ មូលហេតុ ជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍