រាជធានីភ្នំពេញ៖កាលពីម្សិលមិញនាយកខុទ្ធកាល័យ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញលិខិតមួយច្បាប់ ដោយបដិសេធទាំងស្រុងនូវអត្ថបទ ដោយដែលចុះផ្សាយដោយគេហទំព័រ VOD ដែលមានចំណងជើងថា សកម្មជនដីធ្លី ទទូចឲ្យរាជរដ្ឋាភិបាលដោះលែង សកម្មជនសិទ្ធិមនុស្ស តាមការសន្យា៕

អ៊ីរ៉ាក់៖មេបញ្ជាការកងទ័ពអ៊ីរ៉ាក់ទទួលបន្ទុកសមរភូមិប្រយុទ្ធនឹងក្រុមភេរវកម្មបានប្រកាសថា គេបានរំដោះទីក្រុងម៉ូស៊ូលភាគខាងកើត (ត្រើយខាងឆ្វេងនៃទន្លេខ្លា) បានទាំងស្រុងមកវិញហើយ ពីដៃក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។
មេបញ្ជាការរូបនេះបន្តថា នេះគឺជាលទ្ធផលនៃការតស៊ូប្រយុទ្ធយ៉ាងលំបាករបស់កងទ័ពអ៊ីរ៉ាក់ដោយមានជំនួយពីកងកម្លាំងគួដ និងអ្នកជំនាញការអាមេរិកតទល់ជាមួយនិងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ដែលបានគ្រប់គ្រងម៉ូស៊ូលតាំងតែពីខែមុថិនា ២០១៤មក។ លោកបបញ្ជាក់ថា មូលដ្ឋានធំៗនៅភាគខាងកើតម៉ូស៊ូល ចាប់ពីពេលនេះទៅ គឺស្ថិតនៅក្រោមការកាន់កាប់របស់កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់។ ជាមួយនឹងជោគជ័យពាក់កណ្តាលក្នុងដំណាក់កាលនេះទាំងកងទ័ពអាមេរិកទាំងកងទ័ពអ៊ីរ៉ាក់បន្តរក្សាក្តីសង្ឃឹម ថានឹងយកឈ្នះលើក្រុមជីហាតក្នុងពេលដ៏ឆាប់ខាងមុខ។
គួរបញ្ជាក់ថា ទីក្រុងម៉ូស៊ូលត្រូវចែកជាពីរម្ខាងខាងលិចស្ថិតក្នុងការគ្រប់គ្រងរបស់ក្រុមជីហាតជ្រុលនិយមនេះដដែល ម្ខាងខាងកើតដោយមានទន្លេខ្លាហូរកាត់ពីជើងទៅត្បូង៕

ម៉ាលី៖យោធានៅក្នុងរង្វង់បេសកកម្មរបស់ អ.ស.ប.នៅម៉ាលីបាននិយាយថា យ៉ាងតិចណាស់មនុស្ស៤០នាក់បានស្លាប់ ខណៈដែលមនុស្សច្រើនាក់ផ្សេងទៀតរងរបួសត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅក្រុង GAO ដែលការពារយាមល្បាតដោយកងយោធា ក្នុងហេតុការណ៍វាយប្រហារភេរវកម្មអត្តឃាតមួយនៅក្រុង GAO ដែលស្ថិតនៅ ភាគខាងជើងប្រទេសម៉ាលីកាលពីម្សិលមិញ។
ទីក្រុង GAO គឺជាទីក្រុងដ៏សំខាន់មួយនៅភាគខាងជើងប្រទេសម៉ាលីដែលមានចម្ងាយមិនដល់ ៥០០ ម៉ែត្រផងពីព្រលានយន្តហោះ។ ភេរវជនអត្តឃាតដែលបើកបររថយន្តមួយគ្រឿងត្រឡប់ចូលទៅក្នុងបន្ទាយ បានបំផ្ទុះគ្រាប់បែកនៅក្នុងរថយន្ត និងបានបណ្តាលឲ្យឮសូរសំឡេងផ្ទុះយ៉ាងខ្លាំងក្លាបំផុត។
ទោះជាយ៉ាងណាអំពើភេរវកម្ម នេះនៅពុំទាន់មានខាងចលនាណាមួយប្រកាសថា ជាស្នាដៃរបស់ខ្លួននៅឡើយទេ។ ក៏ប៉ុន្តែការមន្ទិលសង្ស័យខ្លាំងកាន់តែបែរតម្រង់ទៅលើក្រុមអ៊ីស្លាមជីហាតនៃអង្គការរដ្ឋអ៊ីស្លាមហើយ៕

ខេត្តព្រះសីហនុ៖មន្ត្រីកាំកុងត្រូលមកពីនាយដ្ឋានកាំកុងត្រូល និងសាខាខេត្តព្រះសីហនុធ្វើតេស្តរកសារធាតុគីមីលើចំណីអាហារតាមបណ្តាទីផ្សាធំៗនៅក្នុងខេត្តព្រះសីហនុមានដូចជាផ្សារវាលរេញក្នុងស្រុកព្រៃនប់ និងផ្សារលើក្រុងព្រះសីហនុ។ ការត្រួតពុនុត្យនេះធ្វើឡើងរយៈពេល០២ថ្ងៃ គឺថ្ងៃទី១៧ និងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ដោយប្រើរថយន្តពិសោធន៍ចល័ត។
យោងតាមការធ្វើតេស្តបានរកឃើញថា ម្ហូបអាហារមួយចំនួនដូចជាស្ពៃជូរមានដាក់សារធាតុគីមីបូរ៉ាក់ និងនៅក្នុងម្ហូបអាហារគ្រឿងសមុទ្រមានសារធាតុគីមីហ្វ័រម៉ុល ហើយមន្ត្រីកាំកុងត្រូលបានដកហូតម្ហូបអាហារមានសារធាតុគីមីទាំងនោះទៅកំទេចចោល ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ៕



ម៉ូស្គូ៖នេះជាលើកដំបូងហើយដែលកងកម្លាំងទ័ពអាកាសរុស្ស៊ី និងតួកគីរួមគ្នាវាយកម្ទេចគោលដៅប្រមាណជា៣៦ នៃទីតាំងរបស់ក្រុម ISIS ក្នុងខេត្ត Aleppo ប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik។
ឧត្ដមសេនីយ៍រុស្ស៊ី លោក Sergei Rudskoy បានបញ្ជាក់ថា៖ «យន្ដហោះចម្បាំង៩គ្រឿងមកពីកងកម្លាំងទ័ព អាកាសរុស្ស៊ី ក្នុងនោះរួមមានទាំងយន្ដហោះ ចម្បាំងធុន Su-24M ចំនួន៤គ្រឿង Su-25 ៤គ្រឿង និងយន្ដហោះទម្លាក់គ្រាប់បែក Su-34 ព្រមទាំងយន្ដហោះចម្បាំង នៃកងកម្លាំងទ័ពអាកាសតួកគី ដែលមានដូចជា ប្រភេទយន្ដហោះចម្បាំង ធុន F-16 ៤គ្រឿង និង F-4 ៤គ្រឿង បានចូលរួមនៅក្នុងប្រតិបតិ្តការយោធាវាយប្រហារតាម ផ្លូវអាកាសរួមគ្នាប្រឆាំងនឹងក្រុម ISIS ដោយមានការយល់ព្រមពីអាជ្ញាធរស៊ីរីផងដែរ»។
គួរបញ្ជាក់ថា នេះគឺជាលើកទីមួយដែលរុស្ស៊ី និងតួកគី ដឹកនាំប្រតិបត្តិការយោធារួមគ្នាប្រឆាំងនឹងក្រុមភេរវករ តាមរយៈការសម្របសម្រួលពីរដ្ឋាភិបាលស៊ីរី ហើយការ វាយប្រហារនេះទៀតសោតធ្វើឡើងនៅតំបន់ជាយក្រុង al-Bab នៃខេត្ត Aleppo៕

រាជធានីភ្នំពេញ៖ប្រធានគណបក្សខ្មែររួបរួមជាតិបានអះអាងថា គណបក្សរបស់លោកមិនមែនជាគណបក្សប្រឆាំង ឬបំបែកសំឡេងគណបក្សដទៃដូចការចោទប្រកាន់របស់អ្នកនយោបាយមួយចំនួននោះទេ ។
លោក ញ៉ឹក ប៊ុនឆៃ ប្រធានគណបក្សរួបរួមជាតិ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់ មានសិទ្ធដើម្បីបង្កើតបក្សនយោបាយ ក្នុងការឈរឲ្យប្រជាពលរដ្ឋលោកបោះឆ្នោតជូន ។ ដូច្នេះការលើកឡើងថា គណបក្សលោកបង្កើតគ្រាន់តែបំបែកសម្លេងគណបក្សដទៃនោះគឺខុសហើយ ហើយនៅកម្ពុជាយើងច្រើនតែ លាបពណ៍គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍នយោបាយបក្សរបស់ខ្លួន ឬបុគ្គលរបស់ខ្លួន ដែលលាបពណ៌យ៉ាងនេះយ៉ាងនោះ ។
លោកក៏បានបញ្ជាក់ដែរថា គណបក្សរបស់លោក មិនមានជំហរជាបក្សប្រឆាំងទេ ព្រោះនយោបាយយើងខ្ញុំ នយោបាយកណ្ដាលអព្យាក្រឹតមួយដែលមិន យកអ្នកណា បក្សណា ខ្មែរណា ជាសត្រូវ គឺមិនយកបរទេសណា មានផ្ដាច់មុខមួយជំហៀង ហើយត្រូវយកមួយជំហៀងទៀតធ្វើសត្រូវ ព្រោះនយោបាយនេះ ជានយោបាយមួយ ដែលយើងឆ្លងកាត់ ធ្លាប់មានបទពិសោធន៍រួចហើយផងដែរ ៕

ភ្នំពេញ៖កម្លាំងផ្នែកនគរបាល យុត្តិធម៌សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹកបានចុះបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់ខុសច្បាប់ដោយបានឃាត់ខ្លួនជនសង្ស័យ៦នាក់រួមទាំងថ្នាំញៀន៣៦កញ្ចប់។ ចុះបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១៩ និង០០នាទី ត្រង់ចំណុចផ្ទះជួលបូរីសន្តិភាព២ ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ទី០១ឈ្មោះ ហួន សុខមុន្នី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ(ជួញដូរ)។ ទី០២ឈ្មោះ ឡាច ឋានៈ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ត្រយឹង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី០៣ឈ្មោះ ឆេង ចំណាប់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី០៤ឈ្មោះ ឡាច ឋានី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ត្រយឹង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី០៥ឈ្មោះ ប៉ាត ធី ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ត្រយឹង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ(ជួញដូរ)។ ទី០៦ឈ្មោះ ផាត ភាព ភេទស្រី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ត្រយឹង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ទី០១.ក្រាមសថ្លាចំនួន៣៦កញ្ចប់ថង់តូច ទី០២.ម៉ូតូវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AF-5864 ចំនួន០១គ្រឿង ,ទី០៣ម៉ូតូវ៉េស្ប៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BW-2737 ចំនួន០១គ្រឿង ,ទី០៤សម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន៕


វ៉ាស៊ីនតោន៖តាមប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា អាមេរិកនឹងចំណាយទឹកប្រាក់រហូតដល់៩០លានដុល្លារ សម្រាប់រៀបចំពិធីស្បថចូលកាន់តំណែង ប្រធានាធិបតីរបស់លោក ដូណាល់ត្រាំ នៅថ្ងៃទី២០ ខែមករានេះ ខណដែលការចំណាយទឹកប្រាក់នោះគឺកើនឡើងទ្វេរជាពី បើប្រៀបធៀបពីធីស្បថចូលកាន់តំណែងរបស់លោក បារ៉ាក់ អូបាម៉ា។
គណៈកម្មការរៀបចំកម្មវិធីឡើងកាន់តំណែងជាផ្លូវការរបស់លោក ដូណាល់ ត្រាំ បានកំណត់ថាទឹកប្រាក់ចំនួន ១លានដុល្លារអាមេរិកសម្រាប់ការបរិច្ចាគពីកិច្ចសហប្រតិបត្តិការ និងគ្មានការកំណត់សម្រាប់បុគ្គល ហើយសម្រាប់ ទឹកប្រាក់ ៩០លានដុល្លារ ដែលក្នុងចំណាយ ដើម្បីរៀបចំពិធីឡើងកាន់តំណែង របស់លោកដូណាល់ ត្រាំ គឺមានទំហំច្រើនជាងព្រឹត្តិការណ៍ឡើងកាន់តំណែងរបស់លោក បារ៉ាក់ អូបាម៉ា ដល់ទៅពីរដងឯណោះ៕

រាជធានីភ្នំពេញ៖អ្នកគ្រប់គ្រងទូទៅនៃផលិតកម្មថោន លោក អ៊ា វឌ្ឍនា ត្រូវបានគេរាយការណ៍ថា បានទទួលមរណភាពហើយ នៅឯមន្ទីរពេទ្យមួយប្រទេសបារាំង ដោយសារមានជំងឺ បែកទឹកប្រមាត់ ក្រោយបញ្ជូនពីប្រទេសថៃទៅព្យាបាលនៅប្រទេសបារាំង។
លោក Ros Kong ដែលគេស្គាល់ថា ជាមិត្តភ័ក្ររួមអាជីពជាមួយលោក អ៊ា វឌ្ឍនា បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក ថា «ពិតជាសោកស្ដាយខ្លាំងណាស់ សូមវិញ្ញាណក្ខន្ធបងបានទៅដល់ឋានសុគតិភព» អមដោយរូបភាពលោក អ៊ា វឌ្ឍនា នៅឯមន្ទីរពេទ្យប្រទេសបារាំង។ លោក Ros Kong បានបញ្ជាក់ថា ដំណឹងមរណភាពនេះ លោកទទួលបានពីបងប្អូនជីដូន១ នៅឯប្រទេសបារាំង៕


ខេត្តសៀមរាប៖ជនពិការម្នាក់ដែល មានជីវភាពក្រលំបាក ហើយរ៉ាប់រងចិញ្ចឹមកូន៧នាក់ និងកំពុងប្រកបរបរលក់ដូរភេសជ្ជៈតាមរ៉ឺម៉កនៅក្នុងក្រុងសៀមរាប បានព្រមានចាក់សាំងដុតសម្លាប់ខ្លួន ប្រសិនជាអាជ្ញាធរជាតិអប្សរា មិនព្រមប្រគល់ឥវ៉ាន់ឲ្យគាត់វិញដើម្បីបន្តលក់ដូរ។
តាមរយៈវីដេអូក្លីបដែលគេចែករំលែកតគ្នាតាមហ្វេសប៊ុកកាលពីម្សិលមិញ បានបង្ហាញវីឌីអូរយៈពេលជាង១០នាទីពីសកម្មភាពបុរសវ័យជាង៥០ឆ្នាំម្នាក់បានយករ៉ឺម៉ករបស់គាត់ ធុងទឹកកក និងកៅអីខ្លះដាក់បិទផ្លូវ៦០ នៅក្នុងក្រុងសៀមរាបជាការតវ៉ា ព្រោះលោកខឹងសម្បារចំពោះមន្ត្រីអាជ្ញាធរអប្សរា ដែលបានដកយកឥវ៉ាន់របស់ខ្លួន។
នៅក្នុងវីដេអូនោះ បុរសពិការបាននិយាយថា អត់លើកកម្ពស់សិទ្ធិជនពិការ ខ្ញុំចាក់សាំងដូចខ្លួនចោលកន្លែងនេះឥឡូវហ្នឹង ដុតចោល ព្រោះអីអត់ឲ្យយើងលក់យើងត្រូវស្លាប់ មិនមែនដូចសម្តេច ហ៊ុន សែន ថាលើកសិទ្ធិជនពិការយើងយកសិទ្ធិទេ មិនមែនទេ ប៉ុន្តែ វាប្រមាថយើងម្តងហើយម្តងទៀត។
ជនពិការូបនោះក៏បានអំពាវនាវសុំឲ្យសម្តេចនាយករដ្ឋមន្ត្រីជួយដល់រូបគាត់ ក៏ដូចជាការលើកស្ទូយដល់ជីវភាពជនពិការ ផងដោយគាត់ថ្លែងបញ្ជាក់ថា ខ្ញុំចង់ឲ្យសម្តេច ហ៊ុន សែន អន្តរាគមន៍ កុំឲ្យធ្វើបាបខ្ញុំទៀត យើងជនពិការ យើងអត់សុំទាន យើងអត់លួច យើងរកស៊ីតាមយុត្តិធម៌របស់យើង យួរកាហ្វេលក់នៅមុខអង្គរ រឿងក្នុងអង្គរយើងអត់ចូលទេ លក់តែខាងក្រៅហេតុអីរករឿងយើងទៀត ។ គាត់បញ្ជាក់បន្ថែមថា រូបគាត់ត្រូវគ្រាប់មីន ពិការភ្នែកម្ខាងងងឹតទាំងស្រុង ហើយភ្នែកម្ខាងទៀតមើលឃើញតិចតួច ។ ចំណែកប្រាក់ខែ២០ទៅ៣០ម៉ឺនរៀលលោកមិនអាចរស់បានទេ។
ជនពិការអ្នកលក់ឥវ៉ាន់រូបនោះត្រូវគេដឹងថា គ្រួសារគាត់បានជួលផ្ទះនៅក្បែរព្រលានយន្តហោះក្នុងក្រុងសៀមរាប ។ ប៉ុន្តែក្រុមមន្ត្រីនិយាយថា បុរសពិការម្នាក់នេះ ធ្លាប់ត្រូវបានហៅណែនាំច្រើនដងហើយ ថា កុំលក់នៅកន្លែងហាមឃាត់ តែគាត់មិនព្រមស្តាប់៕

រាជធានីភ្នំពេញ៖ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញ៉ឹក ប៊ុនឆៃ បានសម្រេចចាប់ដៃគូជាមួយលោកបណ្ឌិត ហ៊ាង រិទ្ធិ ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរ ដើម្បីបង្កើនកម្លាំងនយោបាយឆ្ពោះទៅការបោះឆ្នោតនាពេលខាងមុខ។ ផ្តើមពីនោះគណបក្សទាំង២បានចុះហត្ថលេខាលើ MOU នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ ស្តីពីកិច្ច សហប្រតិបត្តិការជាសម្ព័ន្ធជាមួយគ្នាដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារសាន់វ៉េ។
មន្ត្រីគណបក្សបានបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការនេះ ជាលិខិតតូបករបើកផ្លូវ ឲ្យគណបក្សទាំងពីរ អាចបង្កើតឡើងនូវក្រុមការងារ បច្ចេកទេសចម្រុះគណបក្ស ដើម្បីរៀបចំយន្តការ ដ៏មានប្រសិទ្ធិភាពក្នុងការ ជួយគ្នាទៅវិញទៅមក សំដៅប្រមូលផ្តុំសំឡេងគាំទ្រដល់គណបក្សទាំងពីរ ឲ្យមានលទ្ធភាពរួមចំណែក បម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ៕

មូស្គូ៖ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានព្រមានថា អាមេរិកអាចនឹងផ្ទុះបដិវត្តន៍ Maidam ដូចនៅប្រទេសអ៊ុយក្រែន ប្រសិនបើបាតុកម្មនៅតែបន្តធ្វើប្រឆាំងភាពស្របច្បាប់ នៃប្រធានាធិបតីជាប់ឆ្នោតថ្មី ដូណាល់ត្រាំ មិនឲ្យចូលកាន់តំណែងបាននាពេលខាងមុខឆាប់ៗនេះ ។ នេះបើយោងតាមការ ចុះផ្សាយបន្តដោយសារព័ត៌មាន Sputnik នៅយប់ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងឱកាសនៃជំនួបជាមួយប្រធានាធិបតី នៃប្រទេស ម៉ូដាវី លោក ពូទីន បានកត់សម្គាល់ថា បច្ចុប្បន្ននៅសហរដ្ឋអាមេរិក ជម្លោះផ្នែកនយោបាយនៅតែបន្តកើតមាន បើទោះជាការបោះឆ្នោតបានបញ្ចប់ ហើយលទ្ធផលបង្ហាញយ៉ាងច្បាស់ថា លោកត្រាំ ជាឈ្នះក៏ដោយ ។ លោកបញ្ជាក់ថា ជម្លោះនយោបាយនេះមានវត្ថុបំណងសំខាន់ៗមួយចំនួន ដូចជា៖ ទីមួយគឺការបំផ្លាញភាពស្របច្បាប់របស់ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ដូណាល់ ត្រាំ ក៏ប៉ុន្តែការធ្វើបែបនេះដើម្បីរារាំងលោកត្រាំ អាចនឹងនាំឱ្យសហរដ្ឋអាមេរិកធ្លាក់ចូលក្នុងរណ្ដៅបដិវត្តន៍ Maïdan ។ ចំណែកឯ វត្ថុបំណងទី២ គឺចង់រារាំងកុំឱ្យលោកត្រាំ អនុវត្តតាមពាក្យសន្យារបស់លោក នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ជុំវិញគោលនយោបាយក្នុងនិង ក្រៅប្រទេស៕

បាល់ទាត់៖ខ្សែបម្រើកំពូលល្បឿន Antonio Valencia បានយល់ព្រមបន្តកិច្ចសន្យាថ្មី១ឆ្នាំទៀត ជាមួយនិងក្រុមបិសាចក្រហម Manchester United ហើយ។នេះបើយោងតាមការេចញរបស់ BBC កាលពីម្សិលមិញនេះ។
កីឡាករសញ្ជាតិអេក្វាឌ័វ័យ៣១ឆ្នាំរូបនេះ បានយល់ព្រមបន្តកិច្ចសន្យាថ្មី១ឆ្នាំទៀតបន្ទាប់ពីក្រុមបានផ្ដល់ដល់ខ្សែបម្រើ Marouane Fellani ១ឆ្នាំដូចគ្នា នេះគឺមានន័យថា កីឡាករទាំង២ និងបន្តលេងនៅក្នុងកីឡាដ្ឋាន Old Trafford រហូតដល់ ឆ្នាំ២០១៨។ Valencia បានបង្ហាញខ្លួនបាន២៣ប្រកួត គិតត្រឹមថ្ងៃនេះ ក្រោយមដឹកនាំរបស់ លោក Jose Mourinho ។
គួរបញ្ជាក់ថា Valencia បានមករួមរស់នៅកីឡដ្ឋាន Old Trafford ពីក្លិប Wigan Athletic កាលពីឆ្នាំ២០០៩៕

ខេត្តប៉ៃលិន៖អាជ្ញាធរមីនកម្ពុជា បានសម្រេចផ្អាកជាបណ្តោះអាសន្នការដោះមីននៅតំបន់ដែលផ្ទុះបណ្តាលឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់ ដើម្បីធ្វើការស៊ើបអង្កេតរកមូលហេតុពិតដែលបណ្តាលឲ្យផ្ទុះមីនសម្លាប់ មនុស្សនោះ។
សូមជម្រាបថា រយៈពេល៤ថ្ងៃចុងក្រោយនេះ ករណីផ្ទះមីនបានកើតឡើង២ករណី បណ្តាលឲ្យបុគ្គលិកដោះមីន របស់អង្គការក្រៅរដ្ឋាភិបាលចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិត និងម្នាក់រងរបួសធ្ងន់។ ករណីផ្ទុះមីននេះ កើតឡើង នៅតំបន់អតីតសមរភូមិសង្គ្រាមក្តៅ រវាងកងទ័ពរដ្ឋាភិបាលកម្ពុជា និងកងទ័ពខ្មែរក្រហម នៅទឹកដីខេត្តប៉ៃលិន។
លោកទេសរដ្ឋមន្ត្រី សិរី កុសល អុនប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានណែនាំឲ្យអង្គការដែលប្រតិបត្តិការ លើការដោះមីននៅតំបន់នោះ បង្កើតការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ព្រោះតំបន់នោះជា សមរភូមិស្មុគស្មាញ ដែលទាមទារនូវការប្រើប្រាស់ឧបករណ៍ទំនើប និងគ្រឿងចក្រផងដែរ។
លោក សេរីកុល បានបញ្ជាក់ថា អាជ្ញាធរមីន ក៏នឹងពង្រឹងសតិអារម្មណ៍ ក្រុមដោះមីនឡើងវិញ បង្កើនការប្រុងប្រយត្ន័ ប្តូរក្រុមចាស់ទៅក្រោយសំរាកមួយរយៈ ពង្រឹងស្មារតី បច្ចេកទេស ពិនិត្យដោះស្រាយការធ្វើបុណ្យតាមប្រពៃណី រួមទាំងគោលនយោបាយដល់គ្រួសារសពផងដែរ ។ លើសពីនេះអាជ្ញាធរមីន នឹងពិនិត្យដាក់ក្រុមថ្មី មកជំនួសក្រុមចាស់ ដែលមានឧបទ្ទវហេតុ និង ចុងក្រោយបូកសរុប ធ្វើការសន្និដ្ឋាន និងចេញសេចក្តីថ្លែងការណ៍ ក្រោយបានរាយការណ៍ ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី ជ្រាបនិងសំរេចជាមុន៕

បាល់ទាត់៖ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេច ហ៊ុន សែន ឬពាន Hun Sen Cup ឆ្នាំ២០១៧ នឹងចាប់ផ្ដើមប្រកួតដំណាក់កាលទី១ នៅរសៀលថ្ងៃទី១៨ ខែមករានេះហើយ ដោយមាន ៤ប្រកួតត្រូវជួបគ្នាលើទីលានផ្សេងៗគ្នា ដើម្បីសន្សំពិន្ទុឆ្ពោះទៅវគ្គបន្ដ ។ សម្រាប់កម្មវិធីបើកឆាកនេះ រួមមានពូល B គឺក្រុមខេត្តព្រៃវែង ធ្វើម្ចាស់ផ្ទះទទួលខេត្តកណ្ដាល, ពូល D ខេត្តប៉ៃលិន បើកកីឡដ្ឋានខេត្តទទួលខេត្តកំពង់ឆ្នាំង និងពូលC មាន ២ប្រកួត គឺខេត្តកំពង់ធំ ស្វាគមន៍ខេត្តឧត្តរមានជ័យ និងក្រុមម្ចាស់ផ្ទះខេត្តសៀមរាប ត្រូវជួបក្រុមជាយដែនខេត្តព្រះវិហារ ។
គួរបញ្ជាក់ថា ពាន Hun Sen Cup រដូវកាលថ្មីនេះ គឺបែងចែកការប្រកួតជា ៥ដំណាក់កាលខុសប្លែកពីឆ្នាំមុនៗ ដោយសារសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបន្ថែមសមាជិកលីគលំដាប់ទី២ ចំនួន ៩ក្រុមបន្ថែមពីលើសមាជិកលីគកំពូលកម្ពុជាចំនួន ១០ក្រុមទៀត ដែលធ្វើឲ្យរយៈពេលនៃការប្រកួតកាន់តែយូ ដោយគ្រោងនឹងបញ្ចប់នៅដើមខែតុលា ឆ្នាំ២០១៧ខាងមុខឯណោះ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍