ខេត្តកំពត ៖សមត្ថកិច្ចចម្រុះបានចាប់ខ្លួនមន្ត្រីនគរបាលខេត្តកំពតម្នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនដ៏ធំ ខណដែលការចាប់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ព្រមទាំងដកហូតបានគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ ។
មន្ត្រីនគរបាលគ្រឿងញៀនខេត្ត បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ទូច សុមុទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពត ដែលប្រចាំការនៅច្រកទ្វារទ្វេភាគីតន់ហន់ ដោយកម្លាំងដកហូតបានថ្នាំញៀនមួយចំនួនធំ៕
រាជធានីភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យមេធាវីដាក់ពាក្យប្តឹងលោក សម រង្ស៊ី មួយករណីទៀតពីបទបរិហាកេរ្តិ៍ជាសាធារណ ទាក់ទង លោក សម រង្ស៊ី ចោទប្រកាន់ថា សម្តេច ហ៊ុន សែន សូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា ឲ្យធ្វើសកម្មភាពបំបែកបំបាក់គណបក្សសង្គ្រោះជាតិ។
លោក គី តិច មេធាវីការពារក្តីរបស់សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ពាក្យបណ្តឹងនិងដាក់ទៅតុលាការ នៅថ្ងៃនេះ ដោយទាមទារឲ្យលោក សម រង្ស៊ី សងជំងឺចិត្តប្រមាណមួយលានដុល្លារ។
សូមជំរាបថា ការសម្រេចដាក់ពាក្យប្តឹងលោក សម រង្ស៊ី ធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី បានចោទប្រកាន់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា បានសូកប៉ាន់លុយ ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា ដើម្បីឱ្យធ្វើបាតុកម្មប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ ។ ការចោទប្រកាន់បែបនេះធ្វើឡើងក្នុងឱកាសលោក សម រង្ស៊ី ជួបសំណេះសំណាលជាមួយអ្នកគាំទ្របក្សប្រឆាំងនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្មីៗនេះ៕
រាជធានីភ្នំពេញ ៖អតីតសកម្មជនគណបក្សសង្គ្រោះជាតិ កញ្ញា ធី សុវណ្ណថា បានសម្រេចដាក់ពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ទៅកាន់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ។ នេះបើយោងតាមពាក្យបណ្តឹងរបស់នាយិកាយុវជនកិច្ចការសង្គម ដែលដាក់ចូលទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៧ មករា ២០១៧នេះ ។
ការសម្រេចដាក់ពាក្យប្តឹងរបស់ ធី សុវណ្ណថា នាពេលនេះបានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី កាលពីថ្ងៃទី១៤ មករា ក្នុងពិធីសំណេះសំណាលជាមួយអ្នកគាំទ្រនៅប្រទេសបារាំងបានលើកឡើងដោយចោទថា សម្តេចតេជោនាយករដ្ឋមន្ត្រីបានសូកកញ្ញាចំនួន១លានដុល្លារ ដើម្បីឱ្យនាងធ្វើបាតុកម្មប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ។
នៅក្នុងពាក្យបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា បានរៀបរាប់ថា ប្តឹងទាមទារឲ្យលោក សម រង្ស៊ី សងសំណងជំងឺចិត្តជាប្រាក់សរុបចំនួន២៥០,០០០ដុល្លារ ឬម្ភៃប្រាំដុល្លារអាមេរិក ដើម្បីកញ្ញាយកប្រាក់សំណងនេះជូនទៅអង្គការដើម្បីធ្វើកិច្ចការមនុស្សធម៌៕
ខេត្តបន្ទាយមានជ័យ ៖អាជ្ញាធរថៃបានចាប់ផ្សឹក និងបញ្ជូនព្រះសង្ឃខ្មែរចំនួន៨អង្គទៅកាន់អង្គភាពជំនាញនៃប្រទេសថៃ ដោយចោទប្រកាន់ពីបទលបចូលប្រទេសថៃ ដោយខុសច្បាប់ ព្រមទាំងបានប្រព្រឹត្តល្បែងស៊ីសង ខណៈដែលព្រះសង្ឃទាំងអស់ កំពុងវាទវង់លេងល្បែងស៊ីសងនៅក្នុងព្រៃ។
សមត្ថកិច្ចកម្ពុជា បានឱ្យដឹងថា នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ប្រជាពលរដ្ឋថៃប្រទះឃើញព្រះសង្ឃជាច្រើនអង្គកំពុងនិមន្តបិណ្ឌបាត និងមានការសង្ស័យជាព្រះសង្ឃក្លែងក្លាយ ស្ថិតនៅត្រង់ចំណុចផ្លូវលួងផែង សង្កាត់ឡតក្រាក់បាំង ក្នុងខេត្តសមុទ្រប្រាកាន ជិតទីក្រុងបាងកកប្រទេសថៃ ហើយបានរាយការណ៍ ទៅអាជ្ញាធរថៃដើម្បីសាកសួរ និងឃាត់ខ្លួន ។
ព្រះសង្ឃត្រូវបានសមត្ថកិច្ចថៃចាប់ទី១ ឈ្មោះ ឯម រឿង, ទី២ ឈ្មោះ ឆាន់ ស៊ីណា ,ទី៣ ឈ្មោះ ឆាន់ កៀត, ទី៤ ឈ្មោះ ស៊ឹម សារៈ ,ទី៥ឈ្មោះ ង៉ែត ផ្លយ, ទី៦ ឈ្មោះ ឆាត់ កុត ,ទី៧ ឈ្មោះ ឈួន ប៊ុនរិទ្ធ, និងទី៨ ឈ្មោះ ក្រេង ចិត្រា ដ ។
បច្ចុប្បន្ននេះ អាជ្ញាធរថៃបាននាំព្រះសង្ឃទាំងអស់ ទៅប្រគល់អោយអង្គភាពធម្មការថៃ ដើម្បីធ្វើការផ្សឹក និងបញ្ជូនខ្លួន ទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕
រាជធានីភ្នំពេញ ៖វប្បធម៌សន្ទនា ដែលរៀបចំផ្គូរផ្គងដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី អាចនឹងត្រូវបញ្ចប់ម្តងទៀត ប្រសិនបើពុំមានជំនួបរវាងសម្តេចក្រឡាហោម ស ខេង និងលោក កឹម សុខា នាពេលខាងមុខនោះទេ ។ ទន្ទឹមនោះអ្នកនាំពាក្យរដ្ឋសភាបានប្រាប់សារព័ត៌មានក្នុងស្រុកថា ការជួបគ្នារវាងសម្តេចក្រឡាហោម ស ខេង និង លោក កឹម សុខា ដែលភាគីទាំងពីរកំណត់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នោះត្រូវបានលើកពេលហើយ ។ ហើយការលើកពេលនោះពុំមានកំណត់នោះទេ ។
ទាក់ទិនករណីនេះ លោក ខៀវ សុភ័គ នាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានអះអាងថា ការដែលសម្តេចក្រឡាហោម ស ខេង សម្រេចលើកពេលជួបចរចាជាមួយ លោក កឹម សុខា ដោយមិនកំណត់នោះ គឺសម្តេចទុកពេលឱ្យរដ្ឋសភាធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា មាត្រា៤៨ថ្មី(បី) ជាមុនសិន ។
គួរម្លឹកថា តាមគម្រោងប្រធានថ្នាក់ដឹកនាំតំណាងនៃគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោជាតិ គ្រោងនឹងជួប ពិភាក្សាគ្នានៅព្រឹក ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា ។ ទន្ទឹមនោះកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ក្រុមថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សទាំងពីរ បានផ្ញើលិខិតដាក់របៀបវារៈជូនគ្នាទៅវិញទៅមក រហូតដល់ថ្ងៃទី១៦ ខែមករា ម្សិលមិញនេះ ថ្នាក់ដឹកនាំតំណាងរាស្ត្រភាគច្រើន បានកំណត់ពេលជួបគ្នានៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ដើម្បីពិភាក្សាលើរបៀបវារៈដែលមានការព្រមព្រៀងគ្នា។ លោក កឹម សុខា ប្រធានថ្នាក់ដឹកនាំក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង ក៏បានព្យាយាមលើកយកបញ្ហានៅដែន សមត្ថកិច្ចរបស់តុលាការ ដើម្បីជជែកជាមួយសម្តេចក្រឡាហោម ប៉ុន្តែរបៀបវារៈនេះត្រូវបានទាត់ចោលទៅវិញ។
យ៉ាងណាក៏ដោយ កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ ចេញពីទីក្រុង Zurich ប្រទេសស្វីលថា បើយន្តការដែលទើបបង្កើតឡើងតាមរយៈ ប្រការ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ពិបាកក្នុងការធ្វើការរួមទាំងប៉ុនប៉ងចរចាដោះលែងអ្នកទោស ដែលបំពានដល់អំណាចតុលាការផងនោះ សម្តេចស្នើឲ្យធ្វើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាដើម្បីលុបចោល «ប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្ត្រ ។
សូមបញ្ជាក់ថា ប្រសិនការធ្វើវិសោធនកម្មបានដោយជោគជ័យនោះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នឹងត្រូវបានបាត់បង់តួនាទី ជាប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្ត្រគណប្សសង្គ្រោះជាតិ ដែលទើបនឹងទទួលបានកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ ។
យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគកំពុងមើលឃើញថា បញ្ហាវប្បធម៌សន្ទនាអាចនឹងត្រូវបញ្ចប់ប្រសិនបើក្រុមលោក កឹម សុខា ជំទាស់ទៅនឹងការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងប្រការ ៤៨ ថ្មី ខណដែលបក្សប្រឆាំងនោះតែទាមទារឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្សមន្ត្រី គ.ជ.ប រួមទាំងអ្នកគាំទ្រ ។
ប្រសិនបើបញ្ចប់វប្បធម៌សន្ទនាមែននោះ គឺជាលើកទី២ ហើយដែលវប្បធម៌នេះ ត្រូវបានបិទទ្វារ ហើយរាល់ការបិទទ្វារម្តងៗ កម្តៅនយោបាយក៏ផ្ទុះឡើងភ្លាមៗផងដែរ៕
បាល់ទាត់ ៖ក្លិប Bayern Munich បានប្រកាសថាខ្សែបំរើស្លាបសញ្ចាតិហូឡង់កិឡាករ Arjen Robben បានយល់ព្រមបន្តកុងត្រាថ្មីរយៈពេល១២ខែបន្ថែមជាមួយក្លិបនេះ។
កីឡាករវ័យ៣២ឆ្នាំរូបនេះ កិច្ចសន្យារបស់គេនិងផុតកំណត់ នៅចុងបញ្ចប់នៃរដូវកាលនេះប៉ុន្តែឥឡូវនេះគាត់បានប្តេជ្ញាចិត្តដើម្បីបន្តនៅជាមួយម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga រហូតដល់ខែមិថុនាឆ្នាំ ២០១៨ ។
Robben បានថ្លែងប្រាប់នៅលើគេហទំព័រផ្លូវការរបស់ក្លិបថា”ខ្ញុំសប្បាយចិត្តដែលខ្ញុំនឹងចូលប្រកួតនៅឆ្នាំមួយផ្សេងទៀតនៅក្លឹប Bayern”។”ក្លឹបនេះគឺជាផ្នែកមួយដែលល្អបំផុតនៅក្នុងពិភព ។ ខ្ញុំចង់បន្តការលេងនៅកំរិតកំពូលនិងឈ្នះពានរង្វាន់ជាច្រើនដូចជាអាចធ្វើទៅបាន»។
គួរបញ្ជាក់ថា Robben ស៊ុតបញ្ចូលទីបានចំនួន៦គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៤ប្រកួត សម្រាប់ក្លិបនេះក្នុងរដូវកាលនេះនិងបានបន្តចូលរួមជាមួយមិត្តរួមក្រុមកីឡាករ Franck Ribery, Robert Lewandowski និង Rafinha បន្ទាប់ពីលោកបានយល់ព្រមលើលក្ខខណ្ឌថ្មី៕
ដោយ៖ប៉ែន សុផល
បាត់ដំបង ៖ប្រជាពលរដ្ឋចំនួន៦០នាក់រស់នៅក្នុងសង្កាត់អូរចារក្រុងបាត់ដំបងបានផ្ទុះការតវ៉ា ខណះដែលលោក ប៉ង់ ចាន់សុយុទ្ធារាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តចុះអនុវត្តសាលក្រមសំណុំរឿងរដ្ឋប្បវេណី។
ហេតុការណ៍ផ្ទុះការតវ៉ាខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែមករាឆ្នាំ២០១៧នៅចំណុចលើដីទំនាស់ស្ថិតក្នុងភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង និងបន្តហែរក្បួនមកកាន់សាលាសង្កាត់អូរចារខណះដែលលោក ប៉ង់ ចាន់សុយុទ្ធារា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបងចុះអនុវត្តសាលក្រមសំណុំរឿងរដ្ឋប្បវេណីលេខ ១៥០ (ជ) ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ របស់លោក យាប់ មេត្តាចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង។ ដែលខ្លឹមសារបង្គាប់ឲ្យចុងចម្លើយឈ្មោះថ្លាងលឹមម៉ុងជាតំណាងសាលាបឋមសិក្សា ហ៊ុន សែនអូរចារត្រូវធ្វើនិតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធនៃដីដែលមានប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុលេខ០២០៣០៩០១-០៥៩៦មកឲ្យដើមចោទឈ្មោះ សៅ ប៊ុនទិត្យ ដោយមូលហេតុរំលាយកិច្ចសន្យាខ្ចីដីនិងបង្គាប់ឲ្យចុងចម្លើយប្រគល់ដីដែលមានប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុលេខ ០២០៣០៩០១-០៥៩៦ មកឲ្យដើមចោទវិញ ។
-ប្រជាពលរដ្ឋប្រមាណ៦០នាក់ បានមកប្រមូលផ្តុំគ្នាទាមទារដីអតីតសាលាមត្តេយ្យអូរចារទំហំ ៤០x៤០ម៉ែត្រធ្វើជាទ្រព្យសម្បត្តិរដ្ឋរួមដោយសំអាងថាដីនេះកន្លងមកគឺបានសង់ជាសាលាសំរាប់ក្មេងៗរៀនមិនមែនជាកម្មសិទ្ធិរបស់នណាម្នាក់នោះទេហើយបើសិនជារដ្ឋត្រូវការយកទៅធ្វើជាសាលារៀនឬជាមណ្ឌលសុខភាពពួកគាត់យល់ព្រមតែបើសិនយកទៅអោយបុគ្គលឈ្មោះសៅប៊ុនទិត្យគឺពួកគាត់ប្រឆាំងដាច់ខាត។
ចំណែកលោកសៅ ប៊ុនទិត្យ ជាដើមចោទបាននិយាយប្រាប់អ្នកយកព័ត៌មានថាដីទំហំ៤០x៤០ម៉ែត្រដែលលោកទាមទាយកនេះគឺជាដីរបស់យាយលោកដែលបានសរសេរលិខិតបណ្តាំទុកអោយដោយដីនេះកន្លងមកក្នុងឆ្នាំ១៩៨៦ត្រូវបានលោកកឹម ឆងជាមេឃុំបានខ្ចីដីដែលមានភិនភាគខាងលើដើម្បីសាងសង់សាលាមត្តេយ្យអូរចារដោយមានកិច្ចសន្យាខ្ចីរយះពេល១៥ឆ្នាំ។រហូតមកដល់ពេលនេះការខ្ចីដីមានរយះពេលជាង៣១ឆ្នាំដោយឃើញថាដីបច្ចុប្បន្ននេះទំនេរ ហើយសាលារៀនគ្មានដំណើរការអគារមានសភាពបាក់បែកអស់ហើយលោកជាមន្ត្រីនគរបាលស្នាក់នៅក្នុងប៉ុស្តិ៍ពុំមានដីនៅដោយមានសមាជិកច្រើនលោកក៍បានដាក់ពាក្យបណ្តឹងមកតុលាការស្នើសុំចេញសាលាក្រមយកដីមកវិញ។
លោក កឹម ឆង ជាមេឃុំបានប្រាប់ផងដែរថាដីទំហំ៤០x៤០ម៉ែត្រលោកពិតជាបានខ្ចីពីលោកយាយពៅ ឱក ពិតប្រាកដមែនកាលពីឆ្នាំ១៩៨៤ដោយមានកិច្ចសន្យាខ្ចីរយះពេល១៥ឆ្នាំដើម្បីយកមកសាងសង់ជាសាលាមត្តេយ្យសំរាប់អោយក្មេងៗបានរៀនសូត្រ៕
ខេត្តមណ្ឌលគិរី ៖នៅវេលាល្ងាចម៉ោងប្រមាណ០៤ និង៣០នាទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ប្រជាពលរដ្ឋបានប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សមួយនៅក្នុងព្រៃលើដីប្រលានយន្តហោះនៅចំកណ្តាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ។
ការភ្ញាក់ផ្អើលដ៏រន្ធត់នេះបានប្រទះឃើញដោយប្រជាពលរដ្ឋដែលនិយមហាត់ប្រាណនៅពេលល្ងាច។ តែបើតាមប្រភពមន្ត្រីរាជការ ប្រជាពលរដ្ឋដែលនិយមចូលចិត្តហាត់ប្រាណនៅពេលល្ងាចឬពេលព្រឹកប្រលឹមជិតភ្លឺនៅបរិវេណដីប្រលានយន្តហោះកណ្តាលក្រុងសែនមនោរម្យបានបញ្ជាក់ថា គាត់បានធំក្លិនស្អុយនេះយូរថ្ងៃមកហើយក៍ប៉ុន្តែគាត់គិតស្មានថាជាក្លិនស្អុយកាកសំណល់សំរាមដែលអ្នកម៉ៅការសំរាមយកមកចាក់ចោលឬក៍មានសត្វឆ្កែឬសត្វផ្សេងៗងាប់ទើបពួកគាត់មិនចាប់អារម្មណ៍ ។
ប៉ុន្តែទើបមកដល់វេលាល្ងាចម៉ោងប្រមាណ០៤ និង៣០នាទីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះទើបមានការភ្ញាក់ផ្អើលដោយប្រជាពលរដ្ឋប្រទះឃើញគ្រោងឆ្អឹងសព្វមនុស្សដែលក្នុងរូបភាពមានខ្សែចំណងចងជើងឡើងលើក្បាលសំយ៉ុងចុះក្រោម បន្សល់ទុកនៅកន្លែងកើតហេតុអាវវែង ស្បែកជើង លុយ គ្រោងឆ្អឹង និងខ្សែចំណងចងភ្ជាប់នឹងដើមឈើ។
តាមការសន្និដ្ឋានជាបឋមសមត្ថកិច្ចបានឲ្យដឹងថា អាចជាអំពើរឃាតកម្មនៅកន្លែងផ្សេង ហើយយកមក
ផ្លុងចោលបំភ្លៃភស្តុតាងនៅទីកន្លែងនេះ។ ទោះបីយ៉ាងណាសមត្ថកិច្ចកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីស្រាវជ្រាវរកសាច់ញាតិ និងឃាតករមកផ្ទន្តទាទោសទតាមច្បាប់ ហើយក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋណាដែលបាត់បង់សមាជិកគ្រូសារមកពិនិត្យមើលលើគ្រោឆ្អឹងក្រែងបានជាការងាយស្រួលដល់ការកំណត់ និងការងាយស្រួលដល់សមត្ថកិច្ដដើម្បីវែកមុខឃាតករ៕
បាល់ទាត់ ៖អតីតអ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Louis van Gaal បានប្រកាសចូលនិវត្តន៍ពីអាជីពជាគ្រូបង្វឹកបាល់ទាត់ហើយ។
គ្រូបង្វឹកសញ្ជាតិហូឡង់វ័យ៦៥ឆ្នាំរូបនេះ សម្រេចចិត្តបញ្ចប់អាជីពខាងលើបន្ទាប់ពីធ្លាប់ប្រលូកនៅក្នុងវិស័យបាល់ទាត់អស់ពេលជាង២៦ឆ្នាំ មកហើយនោះ ហើយលើកចុងក្រោយបំផុតគឺលោកត្រូវ Man Utd បណ្ដេញចេញពីតំណែងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីដឹកនាំក្រុមលើកពាន FA Cup កាលពីខែឧសភា ឆ្នាំ២០១៦។
លោក van Gaal បានថ្លែងប្រាប់ De Telegraaf ថា “ខ្ញុំគិតថាគួរតែដល់ពេលឈប់ពីអាជីពបាល់ទាត់ ហើយខ្ញុំនឹងមិនត្រឡប់ទៅដឹកនាំក្លឹបណាទៀតទេ”។យ៉ាងណាមិញ VanGaal បានក្លាយជាអ្នកដឹកនាំទទួលបានជោគជ័យក្នុងពិភពបាល់ទាត់ធ្លាប់ឈ្នះពានជាច្រើនជាមួយ Ajax, Barcelona, Bayern Munich, AZ និង Manchester United៕
រាជធានីភ្នំពេញ ៖នៅម៉ោង២ និង០០រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះសាលាឧទ្ធរណ៍នឹងយកសំណុំរឿងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ប្រើប្រាស់ Like ក្លែងក្លាយនៅលើទំព័រ Facebook ដើម្បីបង្កើនប្រជាប្រិយភាពនោះមកជំនុំជម្រះ។ សវនាការនេះធ្វើឡើងបន្ទាប់ពីមានបណ្តឹងពីមេធាវីរបស់ លោក សម រង្ស៊ី។
គួរបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញបានសម្រេចប្រកាសសាលក្រមនៃសំណុំរឿងនេះ ដោយពិន័យប្រាក់លោក សម រង្ស៉ី ១០លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តទៅជនរងគ្រោះ១៥លានរៀល ដល់លោក សោម សឿន ដែលជាម្ចាស់បណ្តឹង ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ប៉ុន្តែត្រូវបានមេធាវីរបស់ លោក សម រង្ស៊ី ដាក់ពាក្យប្តឹងជំទាស់៕
រាជធានីភ្នំពេញ ៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយយកផ្លែឡាមមកអារ.កប្រពន្ធ ព្រោះតែខឹងសុំប្រពន្ធត្រូវរ៉ូវគ្នាវិញមកព្រម។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ៤១អា ផ្លូវលេខ៤១០ សង្កាត់បឹងត្របែក ខណ្ឌចំណការមន រាជធានីភ្នំពេញ។
ស្ត្រីជាប្រពន្ធមានឈ្មោះ ស៊ូ សោភា អាយុ៤០ឆ្នាំ មុខរបរធ្វើការតាមផ្ទះ ចំណែកឯបុរសជាប្តីមានឈ្មោះ បូ សម្បត្តិ អាយុ៤២ឆ្នាំ មុខរបរកម្មកសំណង់ ហើយអ្នកទាំង២បានលែងលះគ្នាជាង២ខែមកហើយ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះមកធ្វើតាមផ្ទះរបស់គេដូចសព្វដង លុះដល់វេលាកើតហេតុស្ត្រីរងគ្រោះបានបើកផ្ទះ ដើម្បីឲ្យកូនម្ចាស់ផ្ទះចូល ស្រាប់តែបុរសជាប្តីបានស្ទុះមកកៀកស្ត្រីរងគ្រោះ ហើយយកផ្លែឡាមមកបំរុងអារ.កសម្លាប់ តែស្ត្រីរងគ្រោះគេចទាន់ក៏ បណ្តាលឲ្យរបួសត្រចៀក និងដៃតែម្តង។ ភ្លាមៗនោះស្ត្រីរងគ្រោះបានស្រែកឆោឡោធ្វើឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង។
បុរសជាប្តីបានសារភាពថា ខ្លួនយកផ្លែឡាមមកអារ.កប្រពន្ធបែបនេះ ព្រោះខឹងសុំប្រពន្ធត្រូវគ្នាវិញមិនព្រម ទើបធ្វើបែបនេះតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ៕
កៀហ្ស៊ីស៊ីស្ថាន ៖ចំនួនអ្នកស្លាប់កើនដល់៣៧នាក់ហើយក្នុងឧបទ្ទេវហេតុធ្លាក់យន្តហោះដឹកទំនិញរបស់ប្រទេសតួកគីក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន។ នេះបើយោងតាមសេចកី្តរាយការណ៍ចុងក្រោយពីប្រទេសកៀហ្ស៊ីស៊ីស្ថាន។
អ្នកស្លាប់កំពុងតែកើនឡើងជាលំដាប់ ឯអ្នករបួសជាច្រើនត្រូវបានជញ្ជួនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ការធ្លាក់យន្តហោះដឹកទំនិញនេះ បានធ្វើអោយភូមិមួយក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថានរងការបំផ្លាញស្ទើរតែទាំងស្រុង។
ផ្ទះសំបែងរបស់ប្រជាជនជាច្រើនត្រូវបានបំផ្លាញដោយសារការធ្លាក់យន្តហោះដឹកទំនិញនេះ។ ខាងអាជ្ញាធរផ្នែកអាកាសចរណ៍កំពុងបើកការស៊ើបអង្កេតជាបន្ទាន់លើរឿងហេតុនេះ ដើម្បីរកមូលហេតុនៃការធ្លាក់យន្តហោះដឹកទំនិញរបស់ប្រទេសតួកគីនេះ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍