ប៉ាគីស្ថាន៖ភ្នាក់ងារព័ត៌មានស៊ិនហួរបានចេញផ្សាយនារសៀលថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះថា អគ្គិភ័យដ៏សន្ធោសន្ធៅឆាបឆេះសណ្ឋាគារមួយកន្លែងក្នុងទីក្រុង Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថាននាព្រឹកព្រលឹមថ្ងៃចន្ទនេះ ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១១នាក់បានស្លាប់បាត់បង់ជីវិត និង៧០នាក់ផ្សេងទៀតរងរបួស។
អគ្គនាយកផ្នែកវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ Jinnah លោកស្រី Seemi Jamali បានឲ្យដឹងថា សាកសពមនុស្សទាំង១១នាក់បានរក្សាទុកនៅកន្លែងតម្កល់សាកសពរបស់មន្ទីរពេទ្យ ដើម្បីត្រៀមប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅក្រោយពេលដែលឆ្លងកាត់ការកំណត់អត្តសញ្ញាណហើយរួចរាល់។ លោកស្រី Jamali បានបញ្ជាក់ថា នៅក្នុងចំណោមអ្នកដែលស្លាប់រួមមានស្ត្រី០៤នាក់ ហើយអ្នកដែលរងរបួសក៏មានជនបរទេសនៅក្នុងនោះផងដែរ ប៉ុន្តែសញ្ជាតិរបស់ពួកគេពុំត្រូវបានបង្ហើបឲ្យដឹងឡើយ។
ទោះបីយ៉ាងណាលោកបន្ថែមថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងជាបន្តបន្ទាប់ទៀត គ្រាដែលអ្នកដែល រងរបួសចំនួន៣០នាក់ កំពុងស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរខ្លាំង៕

បាល់ទាត់៖យោងតាមសេចក្តីប្រកាសរបស់ប្រធានក្លឹបឲ្យដឹងថា សហព័ន្ធបាល់ទាត់ទ្វីបអាមេរិកខាងត្បូងហៅកាត់ថា CONMEBOL បានសម្រេចចិត្តផ្ដល់កិត្តិយសជាជើងឯក Copa Sudamericana សម្រាប់ឆ្នាំ២០១៦ ដល់ Chapecoense បើទោះជាមិនបានប្រកួតវគ្គផ្ដាច់ព្រ័ត្រដោយសារធ្លាក់យន្តហោះក៏ដោយ។
សហព័ន្ធបាល់ទាត់ទ្វីបអាមេរិកខាងត្បូងបានយល់ព្រុមតាមសំណើររបស់ក្រុម Atletico Nacional និងដើម្បីផ្ដល់ជាកិត្តិយសដល់កីឡាករ១៩នាក់ដែលស្លាប់បាត់បង់ជីវិតជាមួយជនរងគ្រោះដទៃទៀតសរុប៧១នាក់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅកូឡុំប៊ី។
គួរបញ្ជាក់ថា ក្រៅពីពាន Copa Sudamericana ក្រុមប្រេស៊ីលខាងលើក៏ទទួលប្រាក់រង្វាន់ជើងឯកចំនួន២លានដុល្លារផងដែរ ប៉ុន្តែលោក Ivan Tozzo ដែលជាប្រធានក្លឹប មិនទាន់ដឹងថា តើនឹងមានធ្វើពិធីប្រគល់ពានឬក៏អត់នោះទេ៕

ខេត្តកំពង់ធំ៖បុរសវយ័ចំណាស់ម្នាក់អះអាងថា ខ្លួនជាកម្មករមើលថែចំការឈើគ្រញូងជាង១០០ហិកតារបស់ព្រះមហាក្សត្រខ្មែរ ដែលស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលព្រះមហាក្សត្រខ្មែរ កម្ពុជា យាងមកដាំកាលឆ្នាំ២០១៥នោះបានត្អូញត្អែរថា ពួកគាត់ប្រមាណ១០នាក់ដែលមើលថែចំការ គ្រញូងនោះមិនទទួលបានប្រាក់ខែច្រើនខែមកហើយ, ហើយបានបង្ខំចិត្តលក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីទិញម្ហូបអាហារសម្រាប់ទ្រទ្រង់ជីវភាពប្រចាថ្ងៃ។
បុរសរូបនោះបញ្ជាក់បន្ថែមថា អស់រយៈជាច្រើនខែមកហើយ គឺខាងមេព្រៃមិនបានបើប្រាក់ខែឱ្យធ្វើឱ្យពួកគាត់ជាកម្មករជាង១០នាក់ ដែលមើលថែដើមក្រញូងទាំងអស់នោះទេ ។ ដូច្នេះពួកគាត់បង្ខំចិត្តយកម៉ូតូ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ទៅលក់ឬប្រចាំយកលុយ សម្រាប់ទិញអង្ករ និងម្ហូបអាហារសម្រាប់ធ្វើការនៅក្នុងចំការឈើគ្រញូងនោះ។
ប្រសិនបើពិតដូចបុរសខាងលើបញ្ជាក់មែននោះ យើងអំពាវនាវដល់លោកមេព្រៃខេត្ត ដែលទទួលបន្ទុកកិច្ចការនេះ មេត្តាបើកភ្នែកមើលការលំបាករបស់ពួកគាត់ផង ព្រោះគាត់ចំណាយកម្លាំង ដើម្បីមើលថែចំការឈើក្រញូងរបស់ព្រះមហាក្សត្រ រក្សាទុក ដើម្បីមនុស្សស្រកក្រោយៗ ទៀត ក្នុងពេលដែលឈើក្រញូងនៅកម្ពុជាវិនាសហិនហោចអស់ទៅហើយនោះ៕


រាជធានីភ្នំពេញ៖អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃច័ន្ទនេះថា លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នឹងចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋសភា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ បន្ទាប់ពីលោកទទួលបានការលើកលែងទោសពីព្រះមហាក្សត្រខ្មែរ កាលពីថ្មីៗនេះ៕

រាជធានីភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ បានប្រកាសសាលក្រមផ្តន្ទាទោសលោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ។
ការប្រកាសសាលក្រមដែលគ្មានសំអាងហេតុនេះធ្វើឡើងដោយលោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ចំពោះមុខលោក ស៊ាង ចែត និងមេធាវីការពារក្ដីផងដែរ៕

អាមេរិក៖សារព័ត៌មានប៊ីប៊ីស៊ីបានផ្សាយថា មនុស្ស៣៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ឆេះក្លឹបកំសាន្តមួយកន្លែងនៅក្នុង ទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកកាលពីយប់ថ្ងៃសៅរ៍កន្លងទៅ។
អាជ្ញាធរអាមេរិកបានឱ្យដឹងថា មនុស្សចន្លោះពី៥០ ដល់១០០នាក់ ត្រូវបានគេអះអាង ស្ថិតនៅក្នុងក្លឹបកំសាន្តនេះ នៅអំឡុងពេល មានអគ្គិភ័យកើតឡើង។
គួរបញ្ជាក់ថា មូលហេតុនៃអគ្គិភ័យនេះ ពុំទាន់ត្រូវបានគេបញ្ជាក់ឱ្យបានច្បាស់នៅឡើយទេ ក៏ប៉ុន្តែបើតាមក្រុមអ្នកពន្លត់អគ្គិភ័យ ក្លឹបកំសាន្តខាងលើពុំមាន បំពាក់ប្រព័ន្ធសញ្ញាប្រកាសអាសន្នពេលមានភ្លើងឆេះនោះទេ ហើយពេលពួកគេទៅដល់ក៏បានពុំបានលឺសញ្ញាអាសន្នណាមួយដែរ។ ចំណែកឯ ប៉ូលិសបាននិយាយថា ចំនួនអ្នកស្លាប់អាច នឹងកើតឡើងបន្ថែមទៀត ស្របពេលអាជ្ញាកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន៕

អ៊ីតាលី៖លោក Matteo Renzi នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលីបានប្រកាសលាលែងពីតំណែង បន្ទាប់ពីលោកបានចាញ់ក្នុងការបោះឆ្នោតប្រជាមតិស្ដីពីវិសោតធនកម្មរដ្ឋធម្មនុញ្ញ ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ។
ការបោះឆ្នោតប្រជាមតិបានចាប់ផ្ដើមប្រព្រឹត្តទៅនៅម៉ោង៧ព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅក្នុងទីក្រុង រ៉ូម) ដោយមានប្រជាជនអ៊ីតាលីប្រមាណជា៥១លាននាក់បោះឆ្នោតសម្រេចថា គួរ ឬមិនគួរ ធ្វើវិសោតធនកម្ម រដ្ឋធម្មនុញ្ញតាមសំណើរបស់លោក Matteo Renzi នាយករដ្ឋមន្ត្រីអ៊ីតាលី ដើម្បីកាត់បន្ថយអំណាច និងតួនាទីរបស់ព្រឹទ្ធសភាជាន់ខ្ពស់ និងប្រមូលអំណាចមួយចំនួនពីអាជ្ញាធរនៅក្នុងតំបន់នីមួយៗមកវិញ។
ជុំវិញការបោះឆ្នោតប្រជាមតិនេះដែរ អ្នកជំនាញទីផ្សារហិរញ្ញវត្ថុ និងអ្នកនយោបាយអឺរ៉ុបកំពុងមានការព្រួយបារម្ភ ដោយខ្លាចក្រែងថា ជ័យជំនះរបស់ក្រុមបក្សប្រឆាំង ដែលជំទាស់នឹងការធ្វើវិសោតធនកម្មរដ្ឋធម្មនុញ្ញនេះអាចនឹង ធ្វើឱ្យមានអស្ថេរនយោបាយ ឬក៏ភាពចលាចលដល់វិស័យធនាគារ ព្រមទាំងជម្រុញឱ្យតំបន់ចាយប្រាក់អឺរ៉ូធា្លក់ចូលក្នុងវិបត្តិថ្មីមួយ៕

ខេត្តសៀមរាប៖នៅវេលាម៉ោង៦ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ មានករណីអគ្គិភ័យឆាបឆេះផ្ទះសំណាក់ «ហ្គោឌិនវិឡិសន៍» មួយកន្លែងស្ថិតនៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះបានបានរលត់វិញនៅវេលាម៉ោង៨ព្រឹក បន្ទាប់ពីមានអន្តរាគមន៍ របស់រថយន្តពន្លត់អគ្គិភ័យ៨គ្រឿង ក្នុងនោះរថយន្ត៤គ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្ត និង៤គ្រឿងទៀតរបស់អាវុធហត្ថខេត្ត។សមត្ថកិច្ចបន្តថា ករណីគ្រោះអគ្គិភ័យនេះបំផ្លាញ និងប៉ះពាល់ដល់ផ្ទះ២ខ្នង ដែលមួយខ្នងជាផ្ទះសំណាក់ «ហ្គោឌិនវិឡិសន៍» និងមួយខ្នងទៀត ជាផ្ទះដែលជាប់ពីក្រោយផ្ទះសំណាក់ ខណៈដែលកូនរបស់ម្ចាស់ផ្ទះសំណាក់ ម្នាក់រងរបួសផងដែរ។
ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុ ដែលនាំឲ្យកើតមានគ្រោះអគ្គិភ័យនេះ នៅឡើយនោះទេ៕

រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦នេះ ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីពិភាក្សានិងឱ្យយោបល់ទៅលើសេចក្តីព្រាងច្បាប់ ថវិកាជាតិឆ្នាំ២០១៧ រួមជាមួយនឹងរបៀបវារៈមួយចំនួនទៀត។
របៀបវារៈនៃកិច្ចប្រជុំនេះ រួមមានដូចខាងក្រោម៖ ១. ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភានីតិកាលទី៣។ ២. ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៣ ព្រឹទ្ធភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមពៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ទៅក្នុងរបៀបវរៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភានីតិកាលទី៣៕

រាជធានីភ្នំពេញ៖តាមការគ្រោងទុកសំណុំរឿង លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសម រង្ស៊ី ពាក់ព័ន្ធនឹងករណីសូកប៉ាន់សាក្សី សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ។
លោក ស៊ាង ចែត ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី ដើម្បីកុំឱ្យនិយាយការពិតប្រាប់សមត្ថកិច្ច ពាក់ព័ន្ធរឿងសញ្ចារកម្ម ដែលកើតចេញពីរឿងអាស្រូវរបស់ លោក កឹម សុខា និង កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។
យោងតាមលិខិតចំហរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ បានអះអាងថា លោក ស៊ាង ចែត បានយកលុយ៥០០ដុល្លារទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យគាត់ជួយប្រាប់រូបនាង កុំឱ្យនិយាយការពិត ប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងរវាងនាង និងលោក កឹម សុខា។
គួរបញ្ជាក់ថា លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម កូតាមកពីគណបក្សសមរង្ស៊ីនោះ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦៕

ញូហ្សើឡេន៖នាយករដ្ឋមន្ត្រីនៃប្រទេស New Zealand លោក John Key បានប្រកាសចុះចេញពីតំណែងបន្ទាប់ពីកាន់អំណាចអស់រយៈពេល៨ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ។
សារព័ត៌មាន New Zealand បានរាយការណ៍ថា ការលែងលាពីតំណែងរបស់លោក គឺធ្វើឡើងតាមការស្នើសុំពីភរិយារបស់លោក គឺលោកស្រី Bronagh ។ ជាមួយគ្នានេះលោក John Key បានថ្លែងថា ភ្លាមៗបន្ទាប់ពីលាលែងលោកគ្មានផែនការនាពេលអនាគតជាបន្ទាន់នោះទេ តែលោកប្រាប់អ្នកកាសែតថា លោកនឹងនៅតែក្នុងសភា៕

ខេត្តកំពង់ចាម៖បុរសម្នាក់ធ្វើការស្រាវជ្រាវស៊ើបសួររហូតដល់ធ្វើការឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ជនសង្ស័យរូបនេះបានប្រើល្បិចធ្វើជាមកជួយប្រពន្ធ ហើយក៏ជះទឹកអាស៊ីតលើប្រពន្ធរបស់ខ្លួនរងរបួសត្រូវបានគេដឹកទៅយកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សេង ប៊ុនណាត អាយុ៤២ឆ្នាំ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរ ដើម្បីចាត់ការតាមនីតិវិធី ប៉ុន្តែរហូតដល់ព្រឹកថ្ងៃទី២ ខែវិច្ឆិកា នេះ ម្តាយរបស់ជនសង្ស័យបានសុំអង្វរស្ត្រីរងគ្រោះដែលជាកូនប្រសាដើម្បីធ្វើការដកពាក្យបណ្តឹង។
គួរបញ្ជាក់ថា ករណីជះទឹកអាស៊ីតលើជនរងគ្រោះដែលមានឈ្មោះ នង់ សុខឡេង អាយុ៣៩ឆ្នាំ កើតឡើងកាលពីវេលាប្រហែលម៉ោង៥ទៀបភ្លឺថ្ងៃទី១ធ្នូ ស្ថិតភូមិទី១០ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម៕


ខេត្តព្រះសីហនុ៖មនុស្ស៣នាក់បានរងរបួសធ្ងន់ស្រាល គ្រាដែលគ្នាដុតកាំជ្រួចលេង នៅចំណុចឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ ស្រាប់តែផ្ទុះ ដែលហេតុការណ៍នេះកើតឡើងនៅម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះ នៅចំណុចឆ្នេរអូរឈើទាល តូបលេខ៩១១។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ហ៊ុន ច្រឹន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅស្រុកឈូក ខេត្តកំពត របួសបែកក្រដាស់ត្រចៀក, ជនរងគ្រោះ ទី២ឈ្មោះ ហ៊ុន ហ៊ន ភេទប្រុស អាយុ៣៣ឆ្នាំ រងរបួសស្រាល និងជនរងគ្រោះទី៣ឈ្មោះ អន ម៉ាន់ដាណី អាយុ៣ រស់នៅរាជធានីភ្នំពេញ រងរបួសធ្ងន់។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ៕



មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍