ខេត្តព្រៃវែង ៖តាមភ្នាក់ងារបានរាយការណ៍ថា នារសៀលម្សិលមិញ កម្លាំងនគរបាលខេត្តព្រៃវែង បានតាមទៅចាប់យុវជនម្នាក់ដល់ផ្ទះ ស្ថិតនៅស្រុកស៊ីធរកណ្តាល ខណៈដែលជនសង្ស័យរូបនោះបានបង្ហោះវីដេអូ ដាក់បណ្តាសារប្រមាថអាយុជីវិត សម្តេចតេជោ ហ៊ុន សែនតាម Facebook នៅប្រទេសថៃ ទីកន្លែងដែលរូបគេបានទៅធ្វើការនៅទីនោះ ។ ការឃាត់ខ្លួននេះ បានធ្វើឡើង តាមដីកាបង្គាប់បញ្ជាឲ្យចូលខ្លួនពី លោក សៀង សុខ តំណាងអាយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ ។
អភិបាលស្រុកស៊ីធរកណ្តាលបានបញ្ជាក់នៅលើ Facebook របស់លោកថា យុវជនរូបនេះមាន ឈ្មោះ សាម ភាព រស់នៅភូមិបឹងជ័រ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ហើយទើបត្រឡប់មកពីប្រទេសថៃកាលពីប៉ុន្មានថ្ងៃមុននេះ។
តាមប្រភពព័ត៌មានសមត្ថកិច្ចបាននាំខ្លួន យុវជនខាងលើពីស្នងការខេត្តព្រៃវែង មកសួរនាំបន្តនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់៕
រាជធានីភ្នំពេញ ៖គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន ៦,៤៩១,១៤៩នាក់ហើយ ស្មើជាង៦៧.១៧ភាគរយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប ខណៈដែលប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិចុះឈ្មោះបោះឆ្នោតមានចំនួនជាង៩.៦លាននាក់៕
រាជធានីភ្នំពេញ ៖បន្ទាប់ពីដំណើរការសវនាការនាព្រឹកថ្ងៃសុក្រនេះលើសំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលបដិសេធក្នុងការចូលខ្លួននោះតុលាការកំពូល បានសម្រេចថា សំណុំរឿងនេះ និងត្រូវប្រកាសសាលដីកាជាសាធារណៈ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
យ៉ាងណាក៏ដោយលោក កឹម សុខា ពុំបានបង្ហាញវត្តមានក្នុងសវនាការនោះទេ តែមេធាវីការពារក្ដី ពីររូប គឺ លោក ចាន់ ចេន និង លោក ផែង ហេង បានចូលរួម ដើម្បីតតាំងក្ដី ចំពោះការស្នើសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ ។
គួររំលឹកថា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ផ្តន្ទាទោស៥ខែនិងពិន័យជាប្រាក់ចំនួន៨សែនរៀល ក្រោមការចោទប្រកាន់ពីបទ បដិសេធក្នុងការចូលខ្លួន តែមេធាវីលោក កឹម សុខា បានប្តឹងទាស់ ៕
រាជធានីភ្នំពេញ ៖សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលសវនាការ លើសំណុំរឿងសូកប៉ាន់សាក្សីរបស់ លោក ស៊ាង ចែត មេឃុំគណបក្ស សម រង្ស៊ី ទៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះវិញ ខណៈដែលមន្ត្រីតុលាការបានអះអាងថា ការសម្រេចពន្យារពេលសវនាការ លើសំណុំរឿងលោក ស៊ាង ចែត ពេលនេះដោយសារតែតុលាការត្រូវការកោះហៅសាក្សីបន្ថែមទៀត។
សូមបញ្ជាក់ថា លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម កូតាមកពីគណបក្សសមរង្ស៊ីនោះ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយ ដែលអះអាងនៅក្នុងលិខិតចំហររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ដែលទាក់ទងរឿងអាស្រូវផ្លូវភេទជាមួយលោក កឹម សុខា៕
ភ្នំពេញ ៖ជនសង្ស័យជាក្រុមចោរប្លន់២នាក់ និងអ្នកទទួលផលចោរកម្ម២នាក់ទៀតត្រូវកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ និងខណ្ឌ សហការគ្នាជាមួយកម្លាំងអន្តរាគមន៍ពិសេសរាជធានីភ្នំពេញបង្ក្រាបបានភ្លាមៗជាបន្តបន្តបន្ទាប់ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦តាមបណ្តោយផ្លូវមេតុងភូមិភ្នាតសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
លោក ម៉ៅ សាវឿន នាយប៉ុស្តិ៍ស្ទឹងមានជ័យ បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ចិន ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរជាអ្នករត់ឌុប ស្នាក់នៅសង្កាត់ ដង្កោ ខណ្ឌដង្កោ ។
តាមប្រភពពត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យបានអោយដឹងថា ខណៈជនរងគ្រោះ រត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យថា មានគេប្លន់ម៉ូតូរបស់ គាត់ ម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅឆ្នាំ២០១៤ ពាក់ស្លាក់លេខភ្នំពេញ1CL2122 ដោយជនសង្ស័យទាំង២នាក់ខាងលើបានហៅម៉ូតូរបស់គាត់អោយឌុបពីរំវង់មូលចោមចៅដឹកទៅម្តុំស្ទឹងមានជ័យដោយក្នុងតំលៃ២ម៉ីុនរៀល ខណៈជិះមកដល់ជិតផ្សារត្រពាំងថ្លឹង ក៏ជនសង្ស័យទាំង២នាក់នោះបានអោយឈប់មួយភ្លេសចូលទៅយកខោអាវ ពេលយកខោអាវបានហើយ ក៏អោយជនរងគ្រោះឌុបបន្តមកស្ទឹងមានជ័យចំណុចកើតហេតុខាងលើ ក៏ជនសង្ស័យទាំង២នាក់ម្នាក់ជាអ្នកយកកាំបិតតាំងតោយកមកគំរាមកាប់នឹងម្នាក់ទៀត បានទាញយកសោរម៉ូតូ ភ្លាមៗនោះដែលជនរងគ្រោះគាត់ភ័យស្លុនស្លោពេកក៏រត់ចោលម៉ូតូ ហើយមកបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ រួចលោកមេប៉ុស្តិ៍ ម៉ៅ សាវឿន បានអោយនាយប៉ុស្តិ៍រង ឯម ភារី សហការជាមួយកម្លាំងអន្តរាគមន៍ពិសេសរាជធានីភ្នំពេញបានចេញរុករកមុខចោរកាប់ប្លន់យ៉ាងសកម្មនៅក្នុងខណ្ឌមានជ័យនេះទើបដឹងមុខសញ្ញាឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើយកទៅសួរនាំបន្តនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីរកបក្សពួកជាបន្តទៀត។
បើកតាមការសារភាពរបស់ជនសង្ស័យទាំង២នាក់នោះបានប្រាប់អោយដឹងថាខ្លួនពិតជាធ្វើសកម្មកាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះពិតមេនហើយខ្លួនបានធ្វើសកម្មនេះជាច្រើនដងហើយពេលដែលប្លន់បានហើយក៏យកទៅលក់អោយបុរស២នាក់មានឈ្មោះ ផាន់ សារ៉ាន់ ភេទប្រុស អាយុ៣១ ឆ្នាំកសិករ ស្នាក់នៅ ស្រុកកំណើតភូមិជើងកើប ឃុំជើងកែប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងម្នាក់ទៀតឈ្មោះ ម៉ៃ ស៊ីថា អាយុ២១ កសិករ មានស្រុកកំណើត ជាមួយជនសង្ស័យខាងលើ បន្ទាប់មកលោក នាយរងប៉ុស្តិ៍ឯម ភារីបានរាបចំធ្នាក់អោយជនទាំងពីរនាក់ ទូរសព្ទ័ហៅអ្នកទទួលទិញម៉ូតូនោះអោយមកយកម៉ូតូ១គ្រឿងទៀតហើយអ្នកទទួលផលចោរកម្មនោះបានណាត់ជនសង្ស័យជាចោរអោយយកមកអោយគេនៅម្តុំរោងចក្រស្រាបៀកម្ពុជាស្ថិតក្នុងខណ្ឌដង្កោរូយចលោកឯម ភារីបានរាយការណ៍ទៅលោកម៉េង វិមានតារ៉ាអធិការរងខណ្ឌមានជ័យទទួលព្រហ្មទណ្ឌដឹកនាំកំលាំងទៅរងចាំស្ទាក់ចាប់់អ្នកទទួលផលខាងលើបានទាំងយប់តែម្តង ។
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង៤នាក់ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូន់ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕
រាជធានីភ្នំពេញ ៖ទណ្ឌិតឈ្មោះ សោម ឯក ត្រូវបានសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារព្រៃសវិញហើយ បន្ទាប់ពីធ្វើការសាកសួរចប់សព្វគ្រប់ ។ ទណ្ឌិត សោម ឯក ដែលបានគេចខ្លួនកាលពីថ្ងៃទី៨ តុលា កន្លងមកនេះ ទីបំផុតក្នុងរយៈពេល១៨ថ្ងៃក្រោយការរត់គេចខ្លួន សោម ឯក ត្រូវបានចាប់ខ្លួនបាននៅលើកំពូលភ្នំគូលែន នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២៦ តុលា ហើយបញ្ចូនមកនាយកដ្ឋានប្រឆាំងភាវរ:កម្មក្រសួងមហាផ្ទៃ ដើម្បីសួរចម្លើយនៅព្រឹកថ្ងៃទី២៧ ខែតុលានេះ ។
តាមប្រភពព័ត៌មានខ្លះៗពីមន្ត្រីជិតដិតនឹងបេសកកម្មតាមប្រមាញ់សោម ឯក បានឱ្យដឹងថា ក្រោយពីរត់គេចខ្លួនចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតហៅមន្ទីរពេទ្យរុស្ស៊ី សោម ឯក បានធ្វើដំណើរទៅកាន់ខេត្តសៀមរាប និងស្នាក់នៅផ្ទះមិត្តភក្តិក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប រហូតដល់ថ្ងៃចាប់ខ្លួន ។
មុនការចាប់ខ្លួន តាមប្រភពបានទម្លាយឱ្យដឹងថា ទណ្ឌិតសោម ឯក បានជួលម៉ូតូឌុបជិះទៅលេងភ្នំគូលែនក្នុងតម្លៃ១៥ដុល្លារ ។ នៅវេលាម៉ោងប្រមាណជាង១០ព្រឹកថ្ងៃទី២៦ តុលា សោម ឯក ត្រូវបានចាប់ខ្លួននៅកន្លែងទឹកធ្លាក់លើខ្នងភ្នំគូលែន ក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ក្រោយការចាប់ខ្លួន សោម ឯក ត្រូវបាននាំភ្លាមៗមកកាន់ក្រសួងមហាផ្ទៃ ដែលការនាំខ្លួននោះធ្វើឡើងដោយប៉ូលិសនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនក្រសួងមហាផ្ទៃ ។
គួរបញ្ជាក់ថា ទណ្ឌិត សោម ឯក ហៅ ជា គឹមហ៊ួន ជាអតីតទាហានចូលបម្រើការនៅក្រសួងការពារជាតិតាំងពីឆ្នាំ១៩៧៩រហូតដល់ឆ្នាំ២០០៣ ។ សោម ឯក ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារសរុបចំនួន៤៦ឆ្នាំ ក្នុងនោះករណីទី១ពីបទបង្កើតចលនាកងទ័ពក្បាលខ្លាខុសច្បាប់ ដែលត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១៨ឆ្នាំ និងមួយករណីទៀតពីបទបំផ្ទុះគ្រាប់ធ្វើភេរវកម្មនៅមុខក្រសួងការពារជាតិកាលពីថ្ងៃទី៧ មករា ឆ្នាំ២០០៩ ដោយតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន២៨ឆ្នាំ៕
ខេត្តពោធិ៍សាត់ ៖ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធម ខណៈដែលទៅអង្គុយបត់ជើងធំលើស្ពានស្រាប់តែធ្លាក់ចូលទៅក្នុងស្ទឹងបណ្ដាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្ពានឆ្លងស្ទឹង ស្ថិតនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ក្មេងរងគ្រោះឈ្មោះ ព្រំ រាជ ភេទប្រុស អាយុ៣ឆ្នាំ ភេទប្រុស ជនជាតិ ខ្មែរ មានឪពុកឈ្មោះ ព្រំ អានុជ អាយុ៣១ឆ្នាំ ម្តាយឈ្មោះ នង ស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិកើតហេតុ ។
ម្តាយក្មេងប្រុសរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុកូនប្រុសរបស់គាត់បានទៅអង្គុយបត់ជើងធំនៅលើស្ពាន ដោយយូរពេកមិនឃើញកូនត្រឡប់មកវិញក៏ដើរទៅមើលតែមិនឃើញក៏នាំគ្នាដើររកនៅតែរកមិនឃើញទៀត បន្ទាប់មកដោយមានការសង្ស័យក៏នាំគ្នាចុះរាវរកក្នុងទឹកស្ទឹងទើបប្រទះឃើញកូនលង់ទឹកស្លាប់បាត់ទៅហើយ៕
ឥណ្ឌូនេស៊ី ៖ប្រជាពលរដ្ឋឥណ្ឌូនេស៊ី៥៣នាក់បានវិលត្រឡប់ចូលប្រទេសវិញ បន្ទាប់ពីពួកគេចូលរួមជាមួយពួករដ្ឋឥស្លាមនៅក្នុងប្រទេស៊ីរី ហើយពួកគេកំពុងរង់ចាំការជ្រើសរើសជាថ្មីទៀត។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារជាតិគ្រប់គ្រងភេរវកម្មឥណ្ឌូនេស៊ីចេញផ្សាយកាលថ្ងៃពុធម្សិលមិញ។
ប្រធានទីភ្នាក់ងារជាតិគ្រប់គ្រងភេរវកម្មលោកឧត្តមសេនីយ៍ Suhardi Alius ថ្លែងថា បច្ចុប្បន្នពលរដ្ឋឥណ្ឌូនេស៊ីកំពុងចូលរួមជាមួយពួកក្រុម IS នៅស៊ីរីចំនួន៥០០នាក់ ហើយក្នុងនោះ ប្រមាណ៧០នាក់បានស្លាប់និង៥៣នាក់បានវិលត្រឡប់ចូលប្រទេសវិញ។ លោកបង្ហាញក្តីបារម្ភថា វាអាចប៉ះដល់អនាគតប្រទេស។
លោក Suhardi ថ្លែងថា ក្រុមមនុស្សដែលងាយក្នុងការធ្លាក់ខ្លួនចូលជាមួយពួកក្រុម IS គឺពួកក្រុមអាយុពី១៥ទៅ៣០ឆ្នាំ ព្រោះក្រុមនេះសកម្មក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ខណៈបច្ចុប្បន្នក្រុម IS កំពុងស្វែងរកជ្រើសរើសសមាជិកតាមបណ្តាញទំនាក់ទំនងសង្គម៕
រាជធានីភ្នំពេញ ៖គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ម្សិលមិញនេះមានប្រជាពលរដ្ឋខ្មែរចំនួន៦,៤៤៣,៣៤៨នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត គ.ជ.ប៕
រាជធានីភ្នំពេញ ៖រថយន្តបែន២គ្រឿងបើកច្រាសទិសគ្នា ហើយបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម្នាក់របួស ជើងគៀបជាប់ក្នុងកាប៊ីនរថយន្ត ចំណែកអ្នកបើកបរម្ខាងទៀតរត់គេចខ្លួនបាត់។ ហេតុការណ៍កើតឡើងនៅម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះគៀបជាប់ក្នុងកាប៊ីន ឈ្មោះ ប៊ី ឃុន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ បើកបររថយន្តបែន ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3553 ដឹកថ្មពេញរថយន្ត មានទីលំនៅភូមិស្លែងឃុំរំពេរ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរម្នាក់ទៀត ជាព្រូរថយន្ត មានឈ្មោះ ជិន ស៊ីហា ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាក្មួយ រស់នៅភូមិ ឃុំជាមួយគ្នា មិនមានរបួស៕
បាល់ទាត់ ៖ក្រុមបិសាចក្រហម Manchester United បានឡើងទៅវគ្គ៨ក្រុមបន្តទៀតនៃពានរង្វាន់ EFL Cup ក្រោយពីយកឈ្នះលើក្រុមមេឃខៀវ Manchester City ដោយលទ្ធផល ១-០ នៅក្នុងកីឡាដ្ឋាន Old Trafford កាលពីយប់មិញនេះ។
ការប្រកួតនៅក្នុងទី១ ក្រុមទាំង២មានឱកាសវាយសម្រុកទៅតំបន់ប្រយុទ្ធរៀងៗខ្លួន ប៉ុន្តែមិនក្រុមណាអាចទម្លុះសំណាញ់ទីក្រុមណាបាននោះទេ ចប់តង់ទី១ Man Utd ០-០ Man City។
លុះចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះ Man Utd បានបើកការវាយសម្រុកនិងនាំមុខ ក្រុមភ្ញៀវ Man City មុន នៅនាទី៥៤ ដោយថ្វីជើងរបស់ កីឡាករ Mata ហើយលទ្ធផលនេះនៅរក្សារហូតដល់ចប់ការប្រកួត Man Utd ១-០ Man City។
លទ្ធផលគូផ្សេងទៀត៖ West Ham ឈ្នះ Chelsea ២-១, Southampton ឈ្នះ Sunderland ១-០។ នៅវគ្គ៨ក្រុមចុងក្រោយ Liverpool ប៉ះ Leeds United, Manchester United ប៉ះ West Ham, Arsenal ប៉ះ Southampton, Hull ប៉ះ Newcastle៕
ខេត្តកណ្តាល ៖ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយឃាត់ខ្លួនបន្ទាប់ពីបានចាប់រំលោភក្មេងស្រីអាយុ១០ម្នាក់បានសម្រេចរហូតដល់៣ដង នៅក្នុងភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីរំលោភនេះកើតឡើងនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ដែលជនល្មើសមានឈ្មោះ មុត ម៉ិច ភេទប្រុសអាយុ១៤ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្ដាល។ ចំណែក ជនរងគ្រោះ ឈ្មោះ ឆ.ស.ណ ភេទស្រីអាយុ១០ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។
សមត្ថកិច្ចបញ្ជាក់ថា ថ្ងៃកើតហេតុជនរងគ្រោះបានទៅលេងជិតផ្ទះជនល្មើស ពេលនោះជនល្មើសបានប្រើឲ្យយកអំបោស បោសផ្ទះឲ្យខ្លួននៅក្នុងផ្ទះ ពេលជនរងគ្រោះ យកអំបោសមកឲ្យដល់ក្នុងផ្ទះ ស្រាប់តែជនល្មើសបានចាប់ ទាញដៃជនរងគ្រោះចូលក្នុងបន្ទប់ ដោយយកដៃខ្ទប់មាត់ និងគម្រាមមិនឲ្យជនរងគ្រោះស្រែក ភ្លាមនោះជនល្មើស បានឲ្យជនរងគ្រោះដេកផ្ងាលើគ្រែពូក រួចជនល្មើស ក៍ធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើជនរងគ្រោះរហូតបានសំរេច។
ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនល្មើមកប៉ុស្តិ៍ ដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើជនរងគ្រោះចំនួន០៣លើក មកហើយទាំងលើកនេះ។
បច្ចុប្បន្នជនល្មើសបានបញ្ជូនមកអិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕
រាជធានីភ្នំពេញ ៖កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះម្សិលមិញក្រុមយុវជនគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយប្រឆាំងនឹង កញ្ញា កឹម មនោវិទ្យា ដែលកូនជាស្រីលោក កឹម សុខា ប្រធានស្តីទី ពាក់ព័ន្ធការរិះគន់ លោក សម រង្ស៉ី ប្រធានគណបក្សសង្គ្រោះជាតិ។
គួរបញ្ជាក់ថា កញ្ញា កឹម មនោវិទ្យា អនុប្រធានផ្នែកកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ បានរិះគន់ លោក សម រង្ស៉ី ជាបន្តបន្ទាប់ នៅរយៈពេល២សប្តាហ៍ក្រោយនេះ។ កញ្ញា កឹម មនោវិទ្យា បានរិះគន់លោក សម រង្ស៉ី ចំពោះការលើកឡើងដែលចង់ជាប់ពន្ធនាគារជំនួសសកម្មជន និងមន្ត្រីគណបក្សនៅកម្ពុជា។ ជាងនេះទៅទៀត កញ្ញា មនោវិទ្យា បានប្រកាសនៅលើបណ្តាញ Twitter ថា លោក សម រង្ស៉ី ដល់ពេលដែលត្រូវប្រកាសការនីរទេសរបស់ លោកហើយ ហើយថា ចំពោះរឿងនេះ លោក សម រង្ស៉ី ក៏ឈ្នះ ហើយគណបក្សប្រជាជនកម្ពុជា ក៏ឈ្នះ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍