រាជធានីភ្នំពេញ ៖អ្នកទោសម្នាក់ ឈ្មោះ សោម ឯក បានរត់គេចខ្លួនបាត់ បន្ទាប់ពីមន្ត្រីអនុរក្សពន្ធនាគារយករូប លោកទៅពិនិត្យជំងឺនៅមន្ទីរពេទ្យរុស្ស៊ី ។ នេះបើយោងតាមការផ្តល់ព័ត៌មាន ដោយលោកនាយឧត្តមសេនីយ៍ ចាន់ គឹមសេង អគ្គនាយកដ្ឋានពន្ធនាគារ ដែលត្រូវសារព័ត៌មានយកមកចុះផ្សាយនៅព្រឹកនេះ ។
លោក ចាន់ គឹមសេង បានបញ្ជាក់ថា ការរត់គេចខ្លួនរបស់អ្នកទោសនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១១យប់មិញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦។ អ្នកទោសឈ្មោះ សោម ឯក ខាងលើនេះ គឺជាប់ពាក់ព័ន្ធនឹងការដាក់បង្កៃគ្រាប់បែក នៅខាងមុខក្រសួង ការពារជាតិនាពេលកន្លងទៅ ។
គួរបញ្ជាក់ថា លោក សោម ឯក ត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារសរុបចំនួន៤៦ឆ្នាំ។ ក្នុងនោះករណីទី១ ពីបទបង្កើតចលនាកងទ័ពក្បាលខ្លា ដោយខុសច្បាប់ ដែលត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១៨ឆ្នាំ និងមួយករណីទៀត ពីបទបំផ្ទុះគ្រាប់ធ្វើភេវរកម្ម នៅមុខក្រសួងការពារជាតិ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០០៩ ដោយតុលាការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារចំនួន២៨ឆ្នាំ៕
ខេត្តកណ្តាល ៖លោក វិត ធារិទ្ធ ប្រធានរដ្ឋបាលជលផលខេត្តកណ្តាល ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីសំណុំរឿងរំលោភលើសេចក្តីទុកចិត្ត ដែលប្រព្រឹត្តនៅក្នុងភូមិព្រែកខ្សេវ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
គួរបញ្ជាក់ថា លោក វិត ធារិទ្ធ ធ្លាប់មានទំនាសដីធ្លីជាមួយប្រជាពលរដ្ឋនៅភូមិព្រែកខ្សេវ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល រហូតដល់អាជ្ញាធរបង្កើតគណៈកម្មការចម្រុះចុះទៅពិនិត្យដីទំនាស់នេះកាលពីរសៀលថ្ងៃទី១ខែតុលា ឆ្នាំ២០១៦ នៅចំណុចបឹងអួក ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
ពាក់ព័ន្ធករណីនេះ កាលពីពេលកន្លងទៅ ប្រជាពលរដ្ឋចំនួន៣ឃុំ គឺឃុំស្អាងភ្នំ ឃុំព្រែកគយ និងឃុំរការខ្ពស់ បានលើកគ្នាទៅតវ៉ានៅបរិវេណបឹងអួកដោយនិយាយថា លោក វិត ធារិទ្ធ បានរំលោភយកដីបឹងធម្មជាតិ ដែលជាបឹងបុរាណរបស់ពួកគាត់ធ្លាប់ប្រើប្រាស់ តាំងពីដើមមកជំនាន់ដូនតារបស់ពួកគាត់ជាលក្ខណៈគ្រួសារ ក្នុងការប្រកបរបរនេសាទ ទាញយកទឹកស្រោចស្រពស្រូវប្រាំង ឬផលដំណាំនានានៅរដូវប្រាំងកាប់អុសជាដើម។
ពលរដ្ឋបានចោទលោក វិត ធារិទ្ធ បានទន្ទ្រានពង្រីកកសិដ្ឋានចិញ្ចឹមត្រីបន្តិចម្តងៗ ធ្វើឲ្យដីបឹងរួមតូចៗទៅ ពីជាង១០ហិកតាមកនៅប្រហែលជា៧ទៅ៨ហិកតាប៉ុណ្ណោះ មិនត្រឹមតែប៉ុណ្ណោះទេ នៅរដូវប្រាំងក៏ដូចរដូវវស្សាដែរ បឹងនេះគោកមិនមានទឹកប្រើប្រាស់នោះទេ ព្រោះតែលោក វិត ធារិទ្ធិ បានលើកទំនប់បិតផ្លូវទឹកចូលរួចផងដែរ។
មន្ត្រីសាលាស្រុកស្អាងបានប្រាប់ថា ទំនាស់រវាងលោក វិត ធារិទ្ធ និងប្រជាពលរដ្ឋ ទាក់ទងដីធ្លីកើតមានយូរហើយ ហើយមិនទាន់ដោះស្រាយឲ្យបានចប់សព្វគ្រប់នៅឡើយ ព្រោះតែលោក វិត ធារិទ្ធ បានអះអាងថា ដីទាំងនោះលោកបានទិញពីប្រជាពលរដ្ឋ ខណដែលប្រជាពលរដ្ឋចោទថា បានរំលោភយកដីរដ្ឋនាំឲ្យប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋ ៕
បាល់ទាត់ ៖យោងតាមសេចក្តីរាយការណ៍ពីក្រុមហង្សក្រហម Liverpool បានឲ្យដឹងថា ក្រុមអាចនឹងផ្តល់កិច្ចសន្យាថ្មីដល់ខ្សែបម្រើសញ្ជាតិប្រេស៊ីលគឺកីឡាករ Philippe Coutinho បន្ទាប់មានក្រុមមួយចំនួនកំពុងតែចាប់អារម្មណ៍ទម្រង់លេងរបស់គេនោះ។
កីឡាករសញ្ជាតិប្រេស៊ីលវ័យ២៤ឆ្នាំរូបនេះ បច្ចុប្បន្ននេះកំពុងតែបង្ហាញនៅទម្រង់លេងបានយ៉ាងល្អនៅរដូវកាលនេះ ដែលធ្វើឲ្យគ្រូបង្វឹករបស់ក្រុមអ្នកមាន Barcelona ចំណាប់អារម្មណ៍យ៉ាងខ្លាំងហើយតែកំពុងរៀបចំកញ្ចប់ថវិកាដើម្បីតាមប្រមាញ់កីឡាកររូបនេះមកកាន់កីឡដ្ឋាន Nou Camp ។
ប៉ុន្តែទោះបីយ៉ាងនេះក្តី ក្រុម Liverpool អាចនឹងផ្តល់កិច្ចសន្យាថ្មីដល់ខ្សែបម្រើរូបនេះដើម្បីរារាំងការតាមចែចង់របស់ក្រុម Barcelona ដោយផ្តល់កិច្ចសន្យាថ្មីដែលប្រសើរជាងមុនដល់ Philippe និង Adam Lallana ផងដែរ៕
អាមេរិក ៖លោក ដូ ណាល់ត្រាំ បេក្ខជនប្រធានាធិបតី សហរដ្ឋអាមេរិក នៃគណបក្សសាធារណរដ្ឋ បានប្រកាសថា លោកសន្យាថានឹងចាប់លោកស្រី ហ៊ីលឡារី គ្លីនតុន ដាក់ពន្ធនាគារ បើសិនលោកជាប់ឆ្នោតជា ប្រធានាធិបតីអាមេរិក ។ លោកបញ្ជាក់ថា ការចាប់ខ្លួនលោកស្រី ហ៊ីលឡារីគ្លីនតុន នោះដោយសារតែលោកស្រី បានប្រើប្រាស់ Email ឯកជនរបស់ខ្លួន នៅអំឡុងពេលកាន់ដំណែង ជារដ្ឋមន្ត្រីក្រសួងការបរទេស។ នេះបើតាមការចុះផ្សាយដោយ Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងវេទិកាតស៊ូមតិជុំទី២ (Debate) នៅឯសាកលវិទ្យាល័យ Washington Saint-Louis នៃរដ្ឋ Missouri លោក ត្រាំ បានលើក ឡើងថា លោកនឹងតែងតាំងក្រុមរដ្ឋអាជ្ញាពិសេសមួយ ដើម្បីស៊ើបអង្កេតជុំវិញ ករណីលោកស្រី គ្លីនតុន ប្រើប្រាស់ Email ឯកជន ព្រោះថាវាបានធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខជាតិ អំឡុងពេលលោកស្រីនៅជា រដ្ឋ មន្ត្រីការបរទេសរបស់អតីតរដ្ឋបានលោក បារ៉ាក់ អូបាម៉ា អណត្តិទីមួយ ពីឆ្នាំ ២០០៩ ដល់២០១៣៕
រាជធានីភ្នំពេញ ៖គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន៥,០៤៧,៥៥៧នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តី ប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបានផ្សព្វផ្សាយនៅថ្ងៃនេះ៕
ខេត្តរតនគិរី ៖កម្លាំងចម្រុះស្រុកលំផាត់បានឃាត់រថយន្តដឹកឈើប្រណីតមួយគ្រឿងកាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦នៅត្រង់ចំណុចគល់ស្ពានស្រែកពក ស្ថិតនៅភូមិដីឡូត៏ ឃុំជ័យឧត្តមស្រុកលំផាត់ ខេត្តរតនគិរី។
កម្លាំងនគរបាលចម្រុះបានសហការត្រួតពិនិត្យអាវុធជាតិផ្ទុះលើដងផ្លូវជាតិលេខ៧៦ ចំណុចគល់ស្ពានស្រែពក បានឆែកឆេររថយន្ត១គ្រឿងម៉ាកសាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2x-4974 ដឹកឈើប្រណិតប្រភេទធ្នង់ មានចំនួន៣៤ដុំ។
ចំណែកម្ចាស់រថយន្តដឹកឈើខាងលើនេះកម្លាំងចម្រុះបានឃាត់ធ្វើការត្រួតពិនិត្យអ្នកបើកបរដឹងខ្លួនទាន់ចុះរត់គេចខ្លួនចូលព្រៃបាត់។
បច្ចុប្បន្ន នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ នគរបាលស្រុកលំផាត់បានប្រគល់រថយន្ត និងវត្ថុតាងទៅឲ្យសមត្ថកិច្ចជំនាញយកមកខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការតាមនីតិវិធីច្បាប់៕
ហៃទី ៖យោងតាមតួលេខបូកសរុបរបស់អាជ្ញាធរប្រចាំតំបន់បានបង្ហាញឲ្យឃើញថា មនុស្សចំនួន ១,០០០នាក់ ត្រូវបានសម្លាប់ដោយសារខ្យល់ព្យុះ Matthew នៅហៃទី ដែលជាប្រទេសដែលក្រីក្រជាងគេ នៅក្នុងទ្វីបអាមេរិកគិតត្រឹមព្រឹកថ្ងៃចន្ទនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ផ្សាយនាព្រឹកនេះ។
សារព័ត៌មានដដែលបន្តថា រដ្ឋាភិបាលក៏ដូចជាប្រជាជនរបស់ប្រទេសដែលខ្សត់ខ្សោយមួយនេះ កំពុងព្យាយាមប្រយុទ្ធតស៊ូជាមួយ ជំងឺអាសន្នរោគដែលកំពុងតែរាតត្បាតនៅទូទាំងប្រទេស ។ ទន្ទឹមនោះសាកសពមនុស្សដ៏ច្រើនកំពុងត្រូវបានបញ្ចុះផងដែរ។
គួរបញ្ជាក់ថា ព្យុះ Hurricane Matthew បានបកបក់មកលើប្រទេសហៃទី កាលពីថ្ងៃអង្គារសប្តាហ៍មុន ដោយមានកម្លាំងខ្យល់ដល់ទៅ ២៣០គីឡូម៉ែត្រក្នុងមួយនាំ នឹងបាននាំយកមកជាមួយ នូវភ្លៀងធ្លាក់ដ៏ជោគជាំទៀតផង៕
ខេត្តបន្ទាយមានជ័យ ៖យុវជនម្នាក់ដែលជាជនជាតិខ្មែរ រស់នៅខេត្តបន្ទាយមានជ័យ ត្រូវបានក្រុមតម្រួតថៃធ្វើការចាប់ខ្លួន នៅក្នុងទឹកដីថៃ ខណៈកំពុងធ្វើសកម្មភាពដឹកនាំគ្រឿងញៀនរាប់ម៉ឺនគ្រាប់ ឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងទឹកដីថៃ។
កិច្ចប្រតិបត្តិការធ្វើឡើងកាលពីថ្ងៃទី៨ ខែតុលាឆ្នាំ២០១៦ វេលាម៉ោង៤ល្ងាច តាមបណ្តោយខ្សែបន្ទាប់ព្រំដែនក្នុងទឹកដីថៃ ប្រមាណជា ១០ គីឡូម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែន នៅលើកំណាត់ផ្លូវកែវភិតផ្លយ ស្ថិតក្នុងភូមិ៦ឃុំខូកឡាន ស្រុកតាផាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ខណៈដែលកំលាំងតម្រួតកំពុងល្បាតតាមដងផ្លូវ។
សមត្ថកិច្ចបានរកឃើញគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន៤សុង ដែលក្នុង១សុង មានគ្រឿងញៀន៥ដុំ ហើយក្នុង១ដុំ មានថ្នាំញៀនចំនួន១០ កញ្ចប់ព៌ណខៀវ និងក្នុង១កញ្ចប់ មានថ្នាំញៀន ចំនួន២០០ គ្រាប់ សរុបចំនួន ៤០ ០០០ គ្រាប់ ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូម៉ាកវេវ ១គ្រឿងផងដែរ ។
ជនសង្ស័យដែលជាមុខសញ្ញាដឹកនាំគ្រឿងញៀនឆ្លងដែនខុសច្បាប់មានឈ្មោះ កៅ ហេង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្បែចំណុចអូរ៣ជាន់ ក្នុងខេត្តបន្ទាយមានជ័យ។
ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងអស់នេះគឺគេបានទទួលពីជនជាតិខ្មែរម្នាក់ដែលគេមិនបានស្គាល់ឈ្មោះ ដោយគេបានកំណត់អោយយកមកប្រគល់អោយជនជាតិថៃដែលគេនៅចាំទទួលក្បែរចំណុចខាងលើ ដោយទទួលបានប្រាក់កម្រៃ ចំនួន៥០ ០០០ បាត។
បច្ចុប្បន្នសមត្ថកិច្ចថៃបានបញ្ជូនខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងដ៏ច្រើនសន្ធឹកសន្ធាប់នេះទៅកាន់ស្នងការដ្ឋាន ខេត្តស្រះកែវ ហើយដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
រាជធានីភ្នំពេញ ៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ដោយសារភ្លៀងធ្លាក់ផ្ទួនៗ នៅតំបន់ សហគមន៍ ប្រឡាយស្ទឹងមានជ័យនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០៦នេះផ្ទះប្រជាពលរដ្ឋ៥១០គ្រួសារ បានរងការលិចលង់។
សេចក្តីរាយការណ៍បន្តថា ប្រឡាយស្ទឹងមានជ័យនេះទទួលទឹកហូរមកពីគ្រប់តំបន់ ដូចជាហូរមកពីផ្លូវ២០០៤ ពោចិនតុង និងបឹងក្រពើ ជាដើម ទើបរងនៅការលិចលង់យ៉ាងដូច្នេះ៕
ខេត្តព្រៃវែង ៖ប្ដីប្រពន្ធ អ្នករកសស៊ីលក់ខ្យង២នាក់ត្រូវឃាតករមិនស្គាល់មុខចាក់សម្លាប់ ខណៈដែលកំពុងដើររកខ្យងនៅវាលស្រែចោលកូនម្នាក់ និងចៅម្នាក់។ អំពើឃាតកម្មនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចវាលស្រែខាងលិច ភូមិព្រៃផ្តៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ចំងាយ៨៥០ម៉ែត្រ ខាងលិចផ្ទះជនរងគ្រោះ។
មន្ដ្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ប្រពន្ធឈ្មោះ កាក់ ប៊ុនថាន អាយុ៤៨ ឆ្នាំ រងរបួស៣កន្លែង (ស្នាមរបួសភ្នែកខាងស្ដាំ ជំរៅបុកចូលជ្រៅទៅក្នុងសាច់, របួសភ្នែកខាងឆ្វេង ជំរៅជ្រៅ ទៅក្នុងសាច់, ស្នាមបែកដាច់បបូមាត់ទាំង លើទាំងក្រោម) ប្ដីឈ្មោះ មាន យ៉ន អាយុ៤៣ឆ្នាំ រងរបួស៤កន្លែង (ស្នាមរបួសក្រោមប្រឡង់ ភ្នែកឆ្វេង មុតជ្រៅចូលក្នុងសាច់, ស្នាមរបួសដាច់ ត្រចៀកឆ្វេង, របួសក្នុងប្រឡង់ភ្នែកខាងស្ដាំចូលជ្រៅ, របួសចំក្រចៀកស្ដាំ)។
ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ ចេញទៅរកខ្យងនៅវាលស្រែ ម៉ោងប្រហែល៩ និង០០យប់ ហើយក៏ត្រូវជនមិនស្គាល់អត្តសញ្ញាណ សម្លាប់ទាំង២នាក់ នៅនឹងវាលស្រែតែម្ដង លុះព្រឹកឡើងទើបប្រជាពលរដ្ឋប្រទះឃើញ។ សមត្ថកិច្ចបានបញ្ជាក់ថា ឃាតកម្មមួយនេះជារឿងគំនុំ ហើយអាចពាក់ព័ន្ធជំលោះរឿងរកខ្យង ព្រោះតែ២នាក់ប្ដីប្រពន្ធនេះ គាត់ជាអ្នករកសស៊ីលក់ខ្យង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ យ៉ាងដុតដៃដុតជើង ដើម្បីវែកមុខឃាតករ យកមកផ្ទន្ដានទោសឲ្យខានតែបាន។
ក្រោយពីសមត្ថកិច្ចពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបាន ប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
អាមេរិក ៖យ៉ាងហោចណាស់មនុស្ស១៧នាក់បានស្លាប់ ខណៈមនុស្សជិត២លាននាក់គ្មានអគ្គិសនីប្រើប្រាស់ និងរាប់ពាន់នាក់ផ្សេងទៀតត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពដោយសារព្យុះ Hurricane Matthew ដែលជាព្យុះដ៏អាក្រក់បំផុត។
នៅរដ្ឋ North Carolina មានមនុស្ស៨នាក់បានស្លាប់បាត់បង់ជីវិត រដ្ឋ Florida មាន៥នាក់ រដ្ឋ Georgia ៣នាក់ និង១នាក់ នៅក្នុងរដ្ឋ North Carolina។ ចំណែកឯភិបាលរដ្ឋ North Carolina បានឱ្យដឹងថា មានប្រតិបត្តិការជួយសង្គ្រោះជាង ៨៧៧ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃសៅរ៍ឈានចូល ថ្ងៃអាទិត្យ ដោយក្នុងនោះមាន ៥០០ ប្រតិបត្តិការជួយសង្គ្រោះ ធ្វើឡើងនៅក្នុងតំបន់ Cumberland។ ទន្ទឹមនោះប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា ក៏បានប្រកាសដាក់រដ្ឋ Florida និង រដ្ឋ Georgia ក្នុងគ្រាមានអាសន្ន ដើម្បីជួយសម្រួលដល់ប្រតិបត្តិការជួយសង្គ្រោះផងដែរ។
គួរបញ្ជាក់ថា ព្យុះ Hurricane Matthew ដែលជាព្យុះដ៏អាក្រក់បំផុតប្រចាំទសវត្សរ៍បានសម្លាប់មនុស្សកើនឡើងដល់ជាង៩០០នាក់ហើយដែរនៅក្នុងប្រទេសហៃទី៕
រាជធានីភ្នំពេញ ៖កំលាំងផ្នែកយុត្តិធម៌ នគរបាលខណ្ឌទួលគោកសហការ ជាមួយកំលាំងកងអន្តរាគម ន៍ពិសេសនិងកំលាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានឃាត់ខ្លួនក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ក្រោយពីឆែកឆេរឃើញថ្នាំញៀនចំនួន២៤ថង់តូច។ ការឃាត់ខ្លួននេះធ្វើឡើងនាយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើង ក្រុមទី១០៦ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ បាន សុខគឿន ហៅ គឿន ភេទប្រុស អាយុ១១ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលមុខវត្តនាគវ័ន្ត ផ្លូវលេខ១៣២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ប្រភពដដែលបន្តថា គ្រាដែលកម្លាំងចុះល្បាតក៏ជួបប្រទះជនសង្ស័យ០១នាក់ជាអនិតិជនកំពុងឈរលក់គ្រឿងញៀន ក៏ធ្វើការឃាត់ខ្លួនជាក់ស្តែង និងឆែកត្រួតពិនិត្យខ្លួនរកឃើញក្រាមពណ៌សថ្លា ដែលសង្ស័យជា សារជាតិញៀនចំនួន២៤ថង់តូច។
ប្រភពបញ្ជាក់ថា វត្ថុតាងដែលបានចាប់យកមាន៖ក្រាមពណ៌សថ្លាដែលសង្ស័យជា សារជាតិញៀនចំនួន២៤ថង់តូច និង-ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាក Nokia ពណ៌ខ្មៅ និងម៉ាក Sony ពណ៌ស)។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បី សាកសួរតាមនីតិវិធី៕
ខេត្តបន្ទាយមានជ័យ ៖ដោយមានការឈឺចុកចាប់យ៉ាងខ្លាំងពេកប្អូនស្រីបានដើរត្រឡប់មកផ្ទះបណ្ដើរយំបណ្ដើរ បន្ទាប់ពីបងប្រុសបង្កើតរបស់នាងបានហៅទៅចម្ការក្បែរផ្ទះ រួចធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ។ហេតុការណ៍ចាប់រំលោភប្អូនស្រីបង្កើតខ្លួនឯងនេះកើតឡើងកាលពីវេលាម៉ោងកាលពីវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅភូមិរោលជ្រូក ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ។
លោកវរសេនីយ៍ត្រី មាស រិទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សន ហួយ ហៅភួយ ភេទប្រុស អាយុ២០ឆ្នាំ មានប្រពន្ធ និងកូនម្នាក់ រស់នៅកើតហេតុ ចំណែកក្មេងស្រីរងគ្រោះទើបតែមានអាយុ១០ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់ជនសង្ស័យ ។
លោកវរសេនីយ៍ត្រី មាស រិទ្ធី បន្តថា នៅវេលាកើតហេតុខាងលើ ជនសង្ស័យជាបងប្រុសបាននាំប្អូនស្រីបង្កើតរបស់ខ្លួនដែលទើបតែមានអាយុ១០ឆ្នាំទៅចម្ការចម្ងាយពីផ្ទះប្រហែល២០ម៉ែត្រ រួចធ្វើសកម្មភាពរំលោភរហូតបានសម្រេច ។ ក្រោយពីត្រូវបងប្រុសរំលោភរួចហើយ ដោយមានការឈឺចុកចាប់ខ្លាំងពេកក្មេងស្រីរងគ្រោះដើរមកផ្ទះបណ្ដើរយំបណ្ដើរ ដោយឃើញបែបនេះឈ្មោះ រិន ស្រអែម អាយុ២១ឆ្នាំ ត្រូវជាបងថ្លៃ និងជាប្រពន្ធសង្ស័យ ដែលកំពុងនៅក្រោមផ្ទះក៏ហៅសួរនាំ ហើយត្រូវក្មេងស្រីរងគ្រោះរៀបរាប់ប្រាប់ពីសកម្មភាពរបស់បងប្រុសដែលធ្វើមកលើនាងទាំងអស់ ។
លោកអធិការនគរបាលស្រុកព្រះនេត្រព្រះបញ្ជាក់ថា លុះដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ស្ត្រីជាប្រពន្ធបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច រហូតឈានដល់ចាប់ខ្លួនជនសង្ស័យតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា នៅថ្ងៃកើតហេតុ រូបគេស្រវឹងស្រាហើយក៏មានអារម្មណ៍ចង់រួមភេទ ពេលនោះក៏ហៅប្អូនស្រីបង្កើតរបស់ខ្លួនទៅចម្ការហើយក៏ធ្វើសកម្មភាពចាប់រំលោភតែម្តង ។
លោកវរសេនីយ៍ត្រី ភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បញ្ជាក់ថា ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ និងបណ្តឹងរបស់ឈ្មោះ រិន ស្រអែម ជាប្រពន្ធ រួមទាំងចម្លើយបំភ្លឺរបស់ក្មេងស្រីរងគ្រោះ ជនសង្ស័យឈ្មោះ សន ហួយ ហៅភួយ ត្រូវបានកម្លាំងការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះផងដែរ៕
ខេត្តរតនគិរី ៖ឈើសុក្រំ៦៧ដុំដែលក្រុមឈ្មួញដឹកមកគរទុកបម្រុងនាំទៅវៀតណាមតាមផ្លូវទឹកត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើផ្នែកបរកែវ សហការជាមួយកម្លាំងចម្រុះស្រុកអូរយ៉ាដាវចុះរឹបអូសកាលពីវេលាម៉ោង១២ និង៣០នាទី យប់ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះ ត្រង់ចំណុចច្រាំងទន្លេសេសាន្ត ស្ថិតក្នុងភូមិបាដល ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ លោក ឡេង យុគ ប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីកម្លាំងសម្ងាត់ថា មានគំនរឈើនោះ រូបលោកសុំយោបល់ថ្នាក់លើចុះបង្ក្រាប ទាំងយប់តែម្តង ដោយដកហូតបានឈើសុក្រំ៦៧ដុំ ហើយដឹកទៅរក្សាទុក នៅស្នាក់ការរដ្ឋបាលព្រៃឈើបរកែវ៕
រាជធានីភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន បានសរសេរសារបង្ហោះនៅលើ Facebook របស់សម្តេចថា នៅមុននេះបន្តិចថា ពេលនេះ រដ្ឋសភាដំណើរការអនុម័តច្បាប់ ជាធម្មតាហើយរដ្ឋសភាមិនមែន ជាចំណាប់ខ្មាំងរបស់ក្រុមណាទេ។ សម្តេចបានលើកឡើងថា «ទោះមាន់មិនរងាវ ក៏ព្រះអាទិត្យរះដែរ»។
សម្តេច ហ៊ុន សែន សរសេរថា ពេលនេះកំពុងប្រជុំរដ្ឋសភា ដែលជាដំណើការធម្មតានៃអង្គនីតិបញ្ញតិ។ ដោយរបៀបវារះច្រើនថ្ងៃនេះ ច្បាស់ជាបាយថ្ងៃត្រង់នៅរដ្ឋសភាទៀតហើយ ហើយការប្រជុំច្បាស់ជាអូសបន្លាយរហូតដល់ពេលល្ងាច។ ទោះមាន់មិនរងាវ ក៏ព្រះអាទិត្យនៅរះដដែលព្រោះមិនមែនជាចំណាប់ខ្មាំងរបស់ក្រុមណាមួយនោះទេ ។
សាររបស់សម្តេច ហ៊ុន សែន គឺជាការឆ្លើយតបភ្លាមៗ ចំពោះការបន្តធ្វើពហិកាមិនចូលប្រជុំសភារបស់ក្រុមអ្នកតំណាងរាស្ត្រ CNRP ដែលសភាបានដំណើរការប្រជុំនៅព្រឹកថ្ងៃសុក្រនេះ ។
សូមជំរាបថា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គលើកទី៧ សម្រាប់នីតិកាលទី៥នេះ ដោយមានរបៀបវារៈចំនួន៨ នឹងត្រូវពិភាក្សានិងអនុម័ត។ ប៉ុន្តែបក្សប្រឆាំង ដែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលសភានោះ បានផ្លាស់ប្តូរជំហររបស់ខ្លួនឯងវិញ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍