រាជធានីភ្នំពេញ ៖នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក (យប់១លើក) មិនបណ្តាលឲ្យមនុស្សស្លាប់នោះទេ គ្រាន់តែរងរបួសធ្ងន់៦នាក់និងរបួសស្រាល៥នាក់។ នេះបើរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដដែលបន្តថា គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៧គ្រឿង រួមមានម៉ូតូចំនួន៤គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង, យានផ្សេងៗ ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៣លើក, កត្តាយានយន្ត១លើក, មិនចេះបើកបរ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៧នាក់ (យប់៤នាក់)។
ជាមួយគ្នានេះនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះលទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន២,២៤៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,០៧៣គ្រឿង និងពិន័យសរុប ចំនួន១,១៧៣គ្រឿង៕
ខេត្តស្វាយរៀង ៖យុវជនម្នាក់គ្រាន់តែសុំឪពុកម្តាយទៅរកការងារធ្វើនៅភ្នំពេញឪពុកម្តាយមិនឲ្យទៅហើយថែមទាំងទិញគោទុកឲ្យមើល និងនៅចាំផ្ទះសោះដាច់ចិត្តចងកសម្លាប់ខ្លួននៅរោងម៉ាស៊ីនកិនស្រូវ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១០ និង៤២ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទួលច្រេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើសមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា យុវជនដែលចងកសម្លាប់ខ្លួនឯងនេះមានឈ្មោះ ចាន់ ពុទ្ធា អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិ ទួលច្រេស ឃុំពពែត ស្រុកស្វាយទាប។ ប្រភពបន្តទៀតថា ក្រោយពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋភ្លាមនោះសមត្ថកិច្ចក៏បានចុះមកដល់កន្លែងកើតហេតុ ដោយប្រទះឃើញ យុវជនខាងលើបានយកខ្សែជ័រពណ៌ខ្មៅ ចងជាប់ទៅនឹងរោងដាក់ម៉ាស៊ីនកិនស្រូវនៅខាងត្បូងផ្ទះចំងាយ១០ម៉ែត្រ។
ដោយឡែកក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មូលហេតុគឺគ្រាន់តែសុំឪពុកទៅភ្នំពេញរកការងារធ្វើតែឪពុកមិនឲ្យទៅ គឺឲ្យរូបគេនៅចាំផ្ទះដោយឪពុកទៅទិញគោជាមួយម្ដាយ អ្វីដែរសំខាន់នោះគឺខ្លាចកូនដើរខូចខិល។
ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចកិច្ចក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
រាជធានីភ្នំពេញ ៖សមត្ថកិច្ចខណ្ឌជ្រោយចង្វាបានឃាត់ខ្លួនក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់តាមពាក្យបណ្តឹងម្តាយក្មេងស្រីរងគ្រោះពីបទចាប់រំលោភកូនស្រីដែលមានវ័យត្រឹមតែ៥ឆ្នាំ រហូតបានសម្រេច។ ករណីរំលោភនេះបានកើតឡើងនៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៦ នៅចំណុចក្នុងរោងស្នាក់នៅការដ្ឋានសំណង់បុរីអង្គរភ្នំពេញ ផ្លូវជាតិលេខ៦ ក្រុម១២ ភូមិខ្ទរ សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
អធិការរងនគរបាលយុត្តិធម៌ខណ្ឌជ្រោយចង្វាលោក ឯក សេរីវធ បានឲ្យដឹងថា ក្មេងប្រុសបង្កឈ្មោះឃី ឌី អាយុ១៣ឆ្នាំ ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើជាមួយម្ដាយឈ្មោះហេង លី និងមានស្រុកកំណើតនៅវស្រុកកងមាស ខេត្តកំព ង់ចាម។ រីឯក្មេងស្រីរងគ្រោះមានឈ្មោះ ធ រត អាយុ៥ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ ជាមួយម្ដាយឈ្មោះ សេង ណារីន និងមានស្រុកកំណើតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
បើតាមស្ត្រីឈ្មោះសេង ណារីន ត្រូវជាម្ដាយរបស់ ក្មេងស្រីរងគ្រោះបានរៀបរាប់ពីដំ ណើររឿងប្រាប់សមត្ថកិច្ចថាគាត់បានចាកចេញពីស្រុកកំណើតមកធ្វើជាកម្មករជាមួយស្វាមីនៅក្នុងបុរីអង្គរភ្នំពេញរយះពេល១ឆ្នាំមកហើយ ដោយយកកូនស្រីរងគ្រោះមកស្នាក់នៅ ជាមួយនៅក្នុងរោងកម្មករដែលថៅកែសង់អោយ។ ជារៀងរាល់ថ្ងៃគាត់និងប្តីទៅធ្វើការបាត់ៗដោយទុកអោយកូនស្រីរងគ្រោះនៅចាំរោងម្នាក់ឯងហើយថ្ងៃនោះក៏កើតរឿងនេះតែម្តង៕
បាល់ទាត់ ៖ក្លិបបិសាចក្រហមអឺរ៉ុប AC Milan បានច្រានចោលនូវសំណើការដេញថ្លៃ៣០លានផោនពីសំណាក់ក្លិបតោខៀវ Chelsea ក្នុងការចង់បានកីឡាករ Alessio Romagnoli ។នេះបើយោងតាមទូរទស្សន៍របស់អ៊ីតាលី Sky ។
កីឡាករ Romagnoli ត្រូវបានគេប្រៀបធៀបដូចទៅនឹងកីឡា Alessandro Nesta ដែលបង្កើតភាពអស្ចារ្យនៅក្នុងក្របខណ្ឌ Serie A ហើយ Rossoneri បានចូលរួមជាមួយក្លិបមួយនេះកាលពីរដូវកាលមុនក្នុងតម្លៃ ២១ លានផោន។
ការបរាជ័យក្នុងការដាក់ដេញថ្លៃរបស់ក្លិបតោខៀវ Chelsea បែរជាមានការកើនឡើងលើកិច្ចព្រមព្រៀងសម្រាប់កីឡាករ Kalidou Koulibaly របស់ក្លិប Napoli ទៅវិញ ហើយ ឥឡូវនេះក្រុមតោខៀវបានប្រែទៅជាការយកចិត្តទុកដាក់របស់ពួកគេទៅយុវជនក្រោមអាយុ២១របស់អ៊ីតាលី បើទោះបីជាក្លឹប AC Milan នៅស្ទាក់ស្ទើរក្នុងការលក់កីឡាករវ័យក្មេង៕
រុស្ស៊ី ៖ប្រទេសរុស្ស៊ីឈប់ប្រើមូលដ្ឋានអាកាសរបស់អ៊ីរ៉ង់ដើម្បីបើកការវាយប្រហារតាមអាកាសលើប្រទេសស៊ីរីហើយ។ នេះបើតាមការលើកឡើងកាលពីថ្ងៃចន្ទរបស់អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ដែលមានរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ីរ៉ង់បានរិះគន់រដ្ឋាភិបាលក្រុងមូស្គូសម្រាប់អាកប្បកិរិយាមិនសមរម្យដោយសារតែការផ្សព្វផ្សយអំពីសកម្មភាពរបស់ពួកគេ។
ក្រុងមូស្គូដែលបានប្រើមូលដ្ឋានអាកាស Shahid Nojeh ដើម្បីចាក់សាំងយន្តហោះទម្លាក់គ្រាប់បែករបស់ខ្លួនវាយប្រហារប្រទេសស៊ីរីយ៉ាងហោចណាស់បីដងកាលពីសប្តាហ៍មុនបានបញ្ជាក់ថា យន្តហោះចម្បាំងរបស់រុស្ស៊ីទាំងអស់ដែលមានមូលដ្ឋាននៅប្រទេសអ៊ីរ៉ង់បានវិលត្រឡប់ទៅប្រទេសរុស្ស៊ីវិញហើយ។
សេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃចន្ទបាននិយាយថាដរាបណាអ៊ីរ៉ង់នៅតែយល់ព្រម រុស្ស៊ីនៅតែអាចប្រើមូលដ្ឋានអាកាសអ៊ីរ៉ង់ម្ដងទៀតដោយអាស្រ័យលើស្ថានភាពនៅក្នុងប្រទេសស៊ីរី។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Bahram Ghasemi ប្រាប់អ្នកកាសែតក្នុងទីក្រុងតេរ៉ង់ថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសស៊ីរីត្រូវបានផ្អាកជាបណ្តោះអាសន្នដោយផ្អែកលើការស្នើរសុំរបស់ប្រទេសរុស្ស៊ី។
កាលពីសប្តាហ៍មុន ប្រទេសរុស្ស៊ីបានប្រកាសថា ខ្លួនបានប្រើវាលយន្តហោះដែលស្ថិតនៅប្រហែល៥០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងរបស់អ៊ីរ៉ង់ Hamedan ។ ក្រុមមន្ត្រីអ៊ីរ៉ង់បានបញ្ជាក់អំពីវត្តមានរបស់រុស្ស៊ីនៅមួយថ្ងៃក្រោយមក។
សម្រាប់ប្រទេសអ៊ីរ៉ង់ ការអនុញ្ញាតឲ្យប្រទេសរុស្ស៊ីបើកការវាយប្រហារចេញពីខាងក្នុងប្រទេសនេះទំនងជាបង្កឲ្យមានការមិនពេញចិត្ត។ មនុស្សជាច្រើននៅតែចងចាំអំពីរបៀបដែលប្រទេសរុស្ស៊ីរួមជាមួយនឹងចក្រភពអង់គ្លេសបានឈ្លានពានហើយកាន់កាប់អ៊ីរ៉ង់អំឡុងសង្គ្រាមលោកលើកទីពីរដើម្បីការពារវិស័យប្រេងនិងខ្សែបណ្ដាញផ្គត់ផ្គង់។ ប៉ុន្តែខណៈពេលដែលអង់គ្លេសបានដកថយ ប្រទេសរុស្ស៊ីបានបដិសេធមិនព្រមចាកចេញដោយបង្កឲ្យមានការស្តីបន្ទោសជាអន្តរជាតិលើកដំបូងពីសំណាក់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលទើបចាប់កំណើតក្នុងឆ្នាំ១៩៤៦៕
រាជធានីភ្នំពេញ ៖នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាលបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៥ករណី ឃាត់មុខសញ្ញាជួញដូរ៩នាក់ ដកហូតមេតំហ្វេតាមីន (ice) ១១៧.៨១ក្រាម, ១កញ្ចប់ធំ និង២កញ្ចប់តូច, ហេរូអ៊ីន(heroine) ៩.១ក្រាម។
យោងតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិបញ្ជាក់ថា ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, ភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, កណ្ដាលបង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, ព្រះសីហនុ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងកំពង់ឆ្នាំង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕
រាជធានីភ្នំពេញ ៖កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ២នាក់) រងរបួសធ្ងន់ ៧នាក់ (ស្រី ១នាក់) និងរបួសស្រាល ២នាក់ (ស្រី ១នាក់) ។
យោងតាមនាយករដ្ឋាន នគរបាលចរាចរណ៍ បានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៤គ្រឿង រួមមាន ម៉ូតូ ចំនួន ៨គ្រឿង រថយន្តធុនតូច ចំនួន ២គ្រឿង រថយន្តធុនធំ ចំនួន ៣គ្រឿង យានផ្សេងៗ ចំនួន ១គ្រឿង និងអ្នកថ្មើរជើង ១នាក់ ។ មូលហេតុ ដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ២លើក (ស្លាប់ ២នាក់), ប្រជែងគ្រោះថ្នាក់ ២លើក (ស្លាប់ ២នាក់), បត់គ្រោះថ្នាក់ ២លើក និងមិនគោរពសិទ្ធិ ២លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៧នាក់ (យប់ ១នាក់) ។
ជាមួយគ្នានេះម្សិលមិញាលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២ ១៧៩គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៨៩៧គ្រឿង និងពិន័យសរុប ចំនួន ១ ២៨២គ្រឿង ៕
ដោយ៖ប៉ែនសុផល
បាត់ដំបង ៖កម្លាំងនគរបាលជំនាញស្រុកភ្នំព្រឹកដឹកនាំបញ្ជាផ្ទាល់ដលោយលោកវរៈសេនីយ៍ទោសុងសុភ័ក្ត្រអធិការនគរបាលស្រុកភ្នំព្រឹកនៃអធិការដ្ឋាននគរបាលបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពេជ្រចិន្តាបានចុះធ្វើកិច្ចប្រតិបត្តិការបង្ក្រាបករណីដួញដូរ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់មួយករណី នៅ ថ្ងៃទី២២ សីហា ២០១៦ វេលាម៉ោង១៤ និង១០នាទី នៅត្រង់ចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា និង ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះឈុន មេតា ហៅតឿភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ ភូមិ- ឃុំខាងលើ ដកហូតបានថ្នាំញៀនម្សៅក្រាមស ថ្លាចំនួន០៧កញ្ចប់ ដែលសង្ស័យថាជាសាធាតុញៀន ទូសព្ទ័ចំនួន០១គ្រឿង និងសំភារៈពាក់ព័ន្ធគ្រឿងញៀនមួយចំនួន ទៀត ។
បន្ទាប់បានសួរ ចម្លើយមកជនសង្ស័យខាងលើបានចង្អុលបង្ហាញបក្ខពួករបស់គេម្នាក់ទៀតនិងឈានដល់ការឃាត់ខ្លួននៅ ថ្ងៃទី២២ សីហា ២០១៦ វេលាម៉ោង១៥.៤៥នាទី នៅត្រង់ចំណុចភូមិអូរ ឃុំពេជ្រចិន្តា ខេត្តបាត់ដំបង ចាប់ឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ឈ្មោះ ស៊ិន ចាន់ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិ-ឃុំខាងលើព្រមទាំង ដកហូតបានគ្រាប់ថ្នាំមានរាងមូលសំប៉ែតពណ៍ស្លាទុំមានអក្សរ wy ចំនួន១០គ្រាប់ សង្ស័យថាជាសាធាតុញៀន។
ករណីខាងលើនេះ សមត្ថកិច្ចយើងបានកំពុងកសាងសំណុំឯកសារ និងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី ៕
ឥណ្ឌា ៖ប្រេសិតក្រុងកាប៊ុលប្រចាំទីក្រុងញូវដេលីបាននិយាយថា ឥណ្ឌានឹងបញ្ជូនអាវុធបន្ថែមទៀតទៅឲ្យអាហ្វហ្គានីស្ថានដើម្បីជួយប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធឥស្លាមបើទោះបីជា ប៉ាគីស្ថានមានការប្រុងប្រយ័ត្នអំពីកិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរនេះដែលស្ថិតនៅភាគខាងកើតនិងភាគខាងលិចរបស់ខ្លួនក៏ដោយ។
ឥណ្ឌាបានផ្តល់ជំនួយសេដ្ឋកិច្ចក្នុងចំនួនទឹកប្រាក់ជាង២ពាន់លានដុល្លារអាមេរិកទៅឲ្យអាហ្វហ្គានីស្ថានក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះប៉ុន្តែមានវិធានការកាន់តែច្រើនក្នុងការផ្តល់អាវុធក្នុងគោលបំណងជៀសវាងប្រតិកម្មមួយពីប្រទេសប៉ាគីស្ថានដែលចាត់ទុកអាហ្វហ្គានីស្ថានថាជាតំបន់ដ៏មានឥទ្ធិពលរបស់ខ្លួន។
បន្ទាប់ពីអូសបន្លាយពេលច្រើនឆ្នាំ កាលពីខែធ្នូមុន ទីក្រុងញូវដេលីបានប្រកាសពីការផ្គត់ផ្គង់ឧទ្ធម្ភាគចក្រប្រយុទ្ធចំនួនបួនគ្រឿងនៅក្នុងការផ្ទេរឧបករណ៍សាហាវដំបូងរបស់ឥណ្ឌាទៅឲ្យរដ្ឋាភិបាលក្រុងកាប៊ុលចាប់តាំងពីចលនាតាលីបង់ឥស្លាមត្រូវបានផ្តួលរំលំ។
ក្រុងកាប៊ុលបានដាក់ពង្រាយភ្លាមនៃឧទ្ធម្ភាគចក្រវាយប្រហាររបស់រុស្ស៊ីធុន Mi-25 ចំនួនបីគ្រឿងដើម្បីកម្ចាត់ពួកបះបោរហើយទីបួននឹងត្រូវបញ្ចូលនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
លោក Mohammad Abdali Shaida ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំប្រទេសឥណ្ឌាបានឲ្យដឹងថា សន្តិសុខក្នុងតំបន់កំពុងយ៉ាប់យ៉ឺនហើយកងកម្លាំងជាតិអាហ្វហ្គានីស្ថានត្រូវការគ្រឿងផ្គត់ផ្គង់យោធាជាចាំបាច់ដើម្បីទប់ទល់ជាមួយពួកតាលីបង់ រដ្ឋឥស្លាមនិងក្រុមសកម្មប្រយុទ្ធដទៃទៀត។
នៅថ្ងៃទី២៩ខែសីហា ប្រធានកងទ័ពអាហ្វហ្គានីស្ថានលោកឧត្តមសេនីយ៍ Qadam Shah Shahim ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់ទីក្រុងញូវដេលីដើម្បីដាក់បញ្ជីនៃគ្រឿងបរិក្ខាយោធាដែលគូរឡើងនៅក្នុងការពិគ្រោះយោបល់ជាមួយយោធាសហរដ្ឋអាមេរិក។ នេះបើតាមការលើកឡើងរបស់មន្ត្រីការពារជាតិឥណ្ឌា។
ឧបករណ៍ទាំងនោះរួមបញ្ចូលទាំងឧទ្ធម្ភាគចក្រ Mi-25 ជាច្រើនគ្រឿងទៀត ឧទ្ធម្ភាគចក្រទំហំតូចប្រើសម្រាប់ការដឹកជញ្ជូនកងទ័ពនិងការសង្គ្រោះបន្ទាន់និងគ្រឿងបន្លាស់សម្រាប់យន្តហោះរបស់រុស្ស៊ីដែលមានស្រាប់ក្នុងកងទ័ពអាកាសអាហ្វហ្គានីស្ថាន៕
រាជធានីភ្នំពេញ ៖ស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ(ខ្សោយបេះដូង)បានដេកស្លាប់បន្ទាប់ខ្លួនគេនិងប្តីនាំគ្នាផឹកស្រាថ្នាំអស់ជាច្រើលិត្រកាលពីប្រលប់រួចចូលដេកស្រាប់តែព្រលឹមឡើងឃើញស្លាប់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៥ និង០០នាទីទៀបភ្លឺថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅក្នុងផ្ទះលេខ៤៦៣ ក្រុមទី៤ ផ្លូវលំភូមិគង្គារ៍ផុស សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ស្ត្រីរងគ្រោះមានឈ្មោះ ភាព អាយុ២៧ឆ្នាំ ប្តីមានឈ្មោះ ទន់ កែ អាយុ៤៤ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅទីតាំងកើតហេតុខាងលើ ។
ប្រភពពីសាក្សីនៅក្បែកន្លែងកើតហេតុបានឲ្យដឹងថាកាលពីជិត១ឆ្នាំកន្លងមកនេះ បុរសជាប្តីត្រូវបានប្រពន្ធមុននាំកូន២នាក់ស្រីម្នាក់ ប្រុសម្នាក់ចុះចោល ព្រោះតែគាត់អស់ចិត្តនឹងប្តីមិនចេះរកស៊ីគឺគ្មានអ្វីក្រៅពីដើរផឹកស្រា ហើយស្រវឹងរករឿងគាត់ទៀត។ លុះបានប្រពន្ធថ្មី(ស្ត្រីរងគ្រោះ) បើគិតមកដល់សព្វថ្ងៃមានរយៈពេល៨ខែហើយ បុរសជាប្តីនៅមិនកែចរិកថែមទាំងនាំប្រពន្ធផឹកស្ទើរតែរាល់ថ្ងៃទៀត។ នៅយប់កើតហេតុម៉ោងប្រហែល៩ ម៉ោង១០ អ្នកទាំងពីរបានទិញស្រាថ្នាំផឹកក្នុងផ្ទះកើតហេតុក្រោយមកឬទាស់សំដីបន្តិចបន្តួច រួចនាំគ្នាដេកអស់ទៅលុះព្រឹកឡើងម៉ោងប្រហែ៥ និង០០នាទីទៀបភ្លឺថ្ងៃទី២៣ស្រាប់តែប្តីដឹងខ្លួនឡើងឃើញប្រពន្ធខ្លួនស្លាប់បាត់ទៅហើយ គាត់មិនស្ត្រីរងគ្រោះស្លាប់ពីពេលណាមកទេ។ ភ្លាមៗនោះដែរប្តីស្ត្រីរងគ្រោះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច្ច័យឃើញថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយជំងឺគាំងបេះដូង រួចក៏បានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋានជនរងគ្រោះ៕
ខេតបាត់ដំបង ៖ប្រភពពត៌មាននៅជុំវិញកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុវេលាម៉ោង៧.៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នាចំនុចផ្សារថ្មី ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង មានស្ត្រីវ័យជាង៣០ឆ្នាំម្នាក់បានមកសួរនាំនិងទិញត្រីងៀត ត្រីឆ្អើរ ពងត្រី ត្រីប្រម៉ាជាដើមដែលមានទាំងអស់ចំនួន៧មុខ ក្នុង១មុខទិញចំនួនកន្លះគីឡូក្រាម ខណៈជនរងគ្រោះរវល់មមាញឹកថ្លឹងត្រីនៅចំហៀងខាងស្តាំដៃ ភ្លេចនឹកឃើញកាបូបលុយដែលដាក់នៅខាងមុខខ្លួនជាហេតុធ្វើអោយជនដៃដល់មានឱកាសលួចយកតែម្តង។
ស្ត្រីជនរងគ្រោះមានឈ្មោះណក់ ភឿន អាយុ៤៥ឆ្នាំ រស់នៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងនិងខេត្តបាត់ដំបងបានរៀបរាប់ទាំងទឹកភ្នែកថា លោកស្រីកន្លងមកមិនដែលដាក់លុយតាមខ្លួនច្រើនដូចពេលនេះឡើយ ជាលុយសម្រាប់ទូរទាត់អោយថ្លៃត្រីទាំងអស់ចំនួន៣ ៦០០ ០០០លានរៀល ក្រវឹលមាស១គូរនិងខ្សែដៃប្លាកទីន១ខ្សែទម្ងន់៤ជីទៀតដែលលោកស្រីបានដាក់ក្នុងកាបូបបន្ទាប់ពីជិះម៉ូតូដួលពីល្ងាចហើយបានដាច់ខ្សែដៃនោះ។
លោកស្រីបន្តថា ខណះពេលដែលគាត់កំពុងរវល់ថ្លឹងត្រីយ៉ាងញាប់ដៃ ជនដៃដល់បានដើរចេញទៅបន្ទាប់ពីលួចលុយបានសម្រេច មិនយូរប៉ុន្មានរយះពេលប្រមាណជិត៥នាទីទើបគាត់លូកយកទូរសព្ទ័ដៃដែលដាក់ក្នុងកាបូបធំមកនិយាយស្រាប់តែបាត់មិនឃើញកាបូបតូចដែលដាក់លុយ ទើបមានការភ្ញាក់ផ្អើលឡើងតែម្តង។
នគរបាលការពារសន្តិសុខក្នុងផ្សារបានអោយដឹងថា ក្នុងរយះពេលកន្លះខែមកនេះក្នុងផ្សារមានករណីស្រដៀងគ្នាចំនួន៣លើកដែលជនដៃដល់បានធ្វើសកម្មភាពបានសម្រេចចន្លោះពេលដែលកម្លាំងដើរល្បាត៕
រាជធានីភ្នំពេញ ៖យោងតាមគណនី Facebook ផ្លូវការរបស់ក្រសួងអប់រំ បានបញ្ជាក់ថា «ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទីមួយនេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (គីមីវិទ្យា និងជីវវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (ភូមិវិទ្យា និងប្រវត្តិវិទ្យា) មានបេក្ខជនអវត្តមានសរុប១២០៧នាក់ ស្រី៥០១នាក់ ដោយឡែកមានបេក្ខជន មានបញ្ហាសុខភាពមួយចំនួន ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម»។
ចំពោះ ដំណើរការសំណេរសម្រាប់ព្រឹកថ្ងៃទីមួយ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ នៅតាមមណ្ឌលប្រឡងនីមួយៗ បានមានដំណើរការភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈកម្មការអនុរក្ស អ្នកសង្កេតការណ៍ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ដោយឡែក បេក្ខជនមានការគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។
បេក្ខជនប្រឡងបាក់ឌុបភាគច្រើនបានឲ្យដឹងថា នៅព្រឹកមិញសភាពការណ៍ស្ងប់ស្ងាត់ល្អ ហើយវិញ្ញាសារប្រឡងហាក់ដូចជាសមល្មមដែលបេក្ខជនអាចធ្វើបាន៕
ខេត្តកំពត ៖បុរសម្នាក់ត្រូវរថភ្លើងកិនដាច់ខាងឆ្វេង ខណៈដែលស្រវឹងទៅដេកគងលើដែកផ្លូវរថភ្លើងភ្លេចខ្លួន ក៏ត្រូវរថភ្លើងមកដល់កិនដាច់ជើងតែម្តង ដែលហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ចំណុចផ្លូវរថភ្លើង ត្រង់បង្គោលលេខ១០២ ស្ថិតក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ វ៉ែន សំណាង អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ បានផឹកស្រាស្រវឹង ហើយបានមកដេកនៅលើផ្លូវដែក ស្រាប់តែត្រូវរថភ្លើងចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅក្រុងភ្នំពេញ បានកិនដាច់ជើងខាងឆ្វេង រងរបួសធ្ងន់។
ក្រោយហេតុ អ្នកបើកបររថភ្លើងដឹងភ្លាម ក៏បានបញ្ឈប់រថភ្លើង ហើយជួយសង្គ្រោះ ដល់ជនរងគ្រោះ ឲ្យគេដឹកនាំយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតផងដែរ៕
អ៊ីស្រាអែល ៖កងទ័ព និងប៉ូលិសបាននិយាយថា ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីបបានបាញ់រ៉ុក្កែតមួយគ្រាប់ដែលធ្លាក់នៅក្នុងតំបន់ព្រំដែនអ៊ីស្រាអែល Sderot កាលពីថ្ងៃអាទិត្យហើយយន្តហោះនិងរថក្រោះអ៊ីស្រាអែលបានឆ្លើយតបវិញដោយបាញ់គ្រាប់ផ្លោងដាក់តំបន់ Beit Hanoun របស់ហ្គាហ្សា។
ប៉ូលិសបាននិយាយថា រ៉ុក្កែតនេះមិនបណ្តាលឲ្យមានមនុស្សរងរបួសឬខូចខាតអ្វីនោះទេក្នុងតំបន់ Sderot ដែលជាកន្លែងវាបានធ្លាក់ក្នុងតំបន់លំនៅដ្ឋាន។
ក្រោយមក ការវាយប្រហារផ្លូវអាកាសជាច្រើនលើកនៅពេលល្ងាចបានវាយប្រហារតំបន់ផ្សេងគ្នាយ៉ាងហោចណាស់៣០នៅតំបន់ហ្គាហ្សាស្ទ្រីបដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាសហើយមានមនុស្សពីរនាក់របួសស្រាល។ នេះបើតាមការលើកឡើងរបស់មន្ត្រីសុខាភិបាល ហ្គាហ្សា។
យោធាអ៊ីស្រាអែលនិយាយថា យន្តហោះបានវាយប្រហារគោលដៅនៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីបហើយបានបន្ថែមថា ចាប់តាំងពីដើមឆ្នាំនេះមក មានរ៉ុក្កែតរបស់ហ្គាហ្សាចំនួន១៤គ្រាប់បានធ្លាក់នៅអ៊ីស្រាអែល។
ក្រុមហាម៉ាសបានគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប និងបានគោរពបទឈប់បាញ់ជាមួយអ៊ីស្រាអែលចាប់តាំងពីសង្គ្រាមឆ្នាំ២០១៤មកប៉ុន្តែក្រុមប្រដាប់អាវុធតូចៗមួយចំនួននៃពួកជីហាដសាឡាហ្វីសបានផ្គើននឹងកិច្ចព្រមព្រៀងនេះហើយបន្តការវាយប្រហារគ្រាប់រ៉ុក្កែតម្តងម្កាលលើអ៊ីស្រាអែល ។
គួរបញ្ជាក់ថា ពលរដ្ឋប៉ាឡេស្ទីនជាង២.១០០នាក់ដែលភាគច្រើនជាជនស៊ីវិលត្រូវបានសម្លាប់ក្នុងអំឡុងជម្លោះតំបន់ហ្គាហ្សាឆ្នាំ២០១៤។ ទាហានអ៊ីស្រាអែល៦៧នាក់និងជនស៊ីវិលប្រាំមួយនាក់ក្នុងប្រទេសអ៊ីស្រាអែលត្រូវបានសម្លាប់ដោយគ្រាប់រ៉ុក្កែតនិងការវាយប្រហារដោយក្រុមហាម៉ាសឬក្រុមសកម្មប្រយុទ្ធដទៃទៀត៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍