រាជធានីភ្នំពេញ៖អគ្គិសនីកម្ពុជា EDC បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីបញ្ជាក់អំពីការផ្អាកការផ្គត់ផ្គង់អគ្គីសនី នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីអនុវត្តការងារជួសជុលផ្លាស់ប្តូរ ដំឡើងបរិក្ខារនិងរុះរើខ្សែបណ្តាញ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ៕

រាជធានីភ្នំពេញ៖ប្រភពពីមន្ត្រីប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបង្ហើបឲ្យដឹងថា ករណីចោលគ្រាប់បែកដៃនៅលើផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន កាលពីយប់ថ្ងៃទី០៦ កញ្ញានោះ មិនមែនជាករណីអំពើភេរវកម្មនោះទេ ប៉ុន្តែជាករណីគំនុំសេ្នហាជាមួយស្ត្រីជនជាតិវៀតណាមម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ។
សេចក្តីរាយការណ៍បានបន្តថា ក្រោយហេតុការណ៍នេះ សមត្ថកិច្ចបានបើកការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យបាន១០នាក់ជាបន្តបន្ទាប់ ប៉ុន្តែមានតែ០៥នាក់ប៉ុណ្ណោះពាក់ព័ន្ឋ ហើយនៅព្រឹកថ្ងៃទី២១ កញ្ញានេះ សមត្ថកិច្ចកំពុងសួរនាំជនសង្ស័យទាំង៥នាក់ដែលមិនទាន់ស្គាល់អត្តសញ្ញាណ នៅអគ្គស្នងការដ្ឋានគរបាលជាតិក្រសួងមហាផ្ទៃ៕

រាជធានីភ្នំពេញ៖យោងតាមការឲ្យដឹងរបស់មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ចាប់ពីខែតុលាទៅតំណាងរាស្ត្របក្សនេះ នឹងចូលរួមប្រជុំសភាពេញអង្គឡើងវិញ ក្រោមហេតុផលថាដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលកំពុងកើតមាន។
លោក សុន ឆ័យ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងឱកាសចុះសួរសុខទុក្ខអ្នកតំណាងរាស្ត្រ និងអ្នកគាំទ្រ CNRP ដែលកំពុងជាប់ពន្ធនាគារព្រៃសរ កាលពីព្រឹកថ្ងៃពុធនេះ ថា ថ្នាក់ដឹកនាំគណបក្សនេះកំពុងពិចារណាពីការចូលរួមប្រជុំសភា ចាប់ពីខែតុលាឡើងវិញ ដើម្បីស្វែងរកការពិភាក្សាដោយសន្តិវិធីជាមួយបក្សកាន់អំណាចដោះស្រាយបញ្ហាមួយចំនួន ដែលកំពុងកើតមានរវាងបក្សទាំងពីរ។ លោក សុន ឆ័យ បញ្ជាក់ថាគណបក្សនេះគ្រោងកោះហៅរដ្ឋមន្ត្រីចំនួន៤រូបសួរជុំវិញការបំពេញការងារមិនបានត្រឹមត្រូវ រួមមានក្រសួង សុខាភិបាល ក្រសួងយុត្តិធម៌ ក្រសួងការពារជាតិ និងក្រសួងកសិកម្ម។
លោក សុន ឆ័យ បញ្ជាក់ទៀតថារបៀបវារៈមួយចំនួនដែលគណបក្សប្រឆាំងលើកឡើង ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាទទួលយក សម្រាប់ធ្វើការពិភាក្សានៅពេលប្រជុំពេញអង្គ៕

រាជធានីភ្នំពេញ៖តុលាការកំពូល បានសម្រេចច្រានចោលបណ្តឹងសុំមោឃភាព នីតិវិធីរបស់លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាប់ចោទករណីក្លែងផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម។
លោក អ៊ុំ សំអាន ត្រូវជាប់ចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង បទញុះញង់ឲ្យមានការរើសអើង ពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និង ព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦៕

រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានប្រាប់អ្នកសារព័ត៌មានថា គិតមកដល់ពេលនេះ សមត្ថកិច្ចបានចាប់ខ្លួនមនុស្ស៥នាក់ហើយ ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែក នៅលើផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ។
អ្នកនាំពាក្យរូបនោះបាន បញ្ជាក់ថា ការចាប់ខ្លួនមនុស្ស៥នាក់នេះ បានធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃម្សិលមិញ និងថ្ងៃនេះ ហើយពេលនេះពួកគេកំពុងឃាត់ខ្លួននៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសួរនាំ ។ ប៉ុន្តែលោកអះអាងថា ករណីបោកគ្រាប់បែកនេះ គឺជារឿងគំនុំស្នេហា ជាមួយនារីរងគ្រោះជនជាតិវៀតណាម ហើយមិនមែនជាភេរវកម្មនោះទេ ៕

រាជធានីភ្នំពេញ៖លោក ស៊ុន ឆ័យ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង និងជាតំណាងរាស្ត្រ នៅថ្ងៃនេះ បានចេញមុខប្រកាសជាសាធារណថា ប្រសិនបើមានការ អនុញ្ញាត ឲ្យធានាលោកមេឃុំស៊ាង ចែតរបស់បក្សសង្គ្រោះជាតិ ឲ្យនៅក្រៅឃុំនោះ លោកនឹងយល់ព្រមភ្លាមៗ។
គួរម្លឹកថា មេឃុំ ស៊ាង ចែត របស់គណបក្សសង្គ្រោះជាតិ ត្រូវបាន ACU ចាប់ខ្លួនពីបទសូកប៉ាន់សាក្សី ទាក់ទងសំណុំរឿងលោក កឹម សុខា និងកញ្ញា ខុម ចាន់ដារ៉ាទី ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងពន្ធនាគារនៅឡើយ៕

រាជធានីភ្នំពេញ៖ក្នុងរយៈពេល២០ថ្ងៃនៃយុទ្ធនាការចុះឈ្មោះបោះឆ្នោតគិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះមានប្រជាពលរដ្ឋខ្មែរចំនួន ២,៨១៥,៣៤៧នាក់ហើយបានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមប្រកាសព័ត៌មានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិចុះឈ្មោះបោះឆ្នោតមានចំនួនជាង ៩.៦ លាននាក់៕

ហ្សាការតា៖យ៉ាងហោចណាស់មនុស្សចំនួន១០នាក់បានស្លាប់បាត់បងជីវិត និង៣០នាក់ផ្សេងទៀតរងបរួស ខណៈ៣នាក់បាត់ខ្លួន ក្នុងគ្រោះទឹកជំនន់ និងរអិលបាក់ដីវាយបប្រហារភាគខាងលិចប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាមសារព័ត៌មានស៊ិនហួរចេញផ្សាយនាព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦។
អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយធម្មជាតិលោក Sutopo Purwo Nugroho បានឲ្យដឹងថា ខេត្ត West Java ដែលនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី បានរងការវាយប្រហារដោយ គ្រោះទឹកជំនន់ និងការរអិលបាក់ដី តាំងពីយប់ថ្ងៃអង្គារម្សិលមិញ រហូតមកទល់នឹងព្រឹកថ្ងៃពុធនេះ ដោយបានបន្សល់ទុក មនុស្សស្លាប់ចំនួន១០នាក់ រងរបួស៣០នាក់ និងបីនាក់ផ្សេងទៀតបានបាត់ខ្លួន ខណៈជាច្រើននាក់ ត្រូវបានជម្លៀសខ្លួនចេញទៅកាន់ទីសុវត្ថិភាព។
លោកបញ្ជាក់ថា គ្រោះទឹកជំនន់កើតឡើងនៅម៉ោងប្រហែល ១ និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ (ម៉ោងក្នុងទីក្រុងហ្សាការតា) នៅតាមទីតាំងមួយចំនួនក្នុងសង្កាត់ Garut បន្ទាប់ពីទន្លេចំនួនពីរ នៅក្បែរនោះត្រូវបានជន់លិចដោយសារទឹកភ្លៀង ហើយមនុស្សចំនួន០៨នាក់បានបាត់បង់ជីវិត រួមជាមួយនឹងជនរងគ្រោះ៣០នាក់ទៀត បានទទួលរងរបួស និង ម្នាក់ទៀតបានបាត់ខ្លួនទៅតាមទឹកហូរ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី តែងទទួលរងការវាយប្រហារដោយ គ្រោះទឹកជំនន់និងការរអិលបាក់ដី ធ្ងន់ធ្ងរនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង៕

រាជធានីភ្នំពេញ៖ស្ត្រីម្នាក់ត្រូវជនសង្ស័យ២នាក់ភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ខណៈដែល ទៅទទួលប្តីចេញពីធ្វើការ ដែលករណីនេះកើតឡើងកាលពីវេលាម៉ោង០៧ និង៣០នាទីយប់ថ្ងៃទី២០ កញ្ញា ស្ថិតតាមបណ្តោយផ្លូវលំ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ ។
ស្ត្រីរងគ្រោះឈ្មោះ តេ ស្រ៊ី អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះលេខ៤២៦បេ ផ្លូវលំ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ម៉ូតូដែលចោរប្លន់ទៅម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FW-5638 ជាម៉ូតូរបស់កូនស្រីគាត់ឈ្មោះ ពៅ ស្រីនី អាយុ២៣ឆ្នាំ ធ្វើការរោងចក្រ ។ រីឯជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌូក មិនចាំពណ៌ និងស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមមិនចាំម៉ាក។
ស្ត្រីរងគ្រោះថា មុនពេលកើតហេតុ រូបគាត់យកម៉ូតូកូនស្រីជិះទៅយកប្តីនៅកន្លែងធ្វើការ ដោយជិះតាមផ្លូវលំ ក្នុងទិសដៅពីលិចទៅកើតសំដៅទៅផ្លូវជាតិលេខ៥ ខណៈមកវដល់ចំណុចផ្លូវស្ងាត់ក៏លិចមុខមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមកតាមពីក្រោយ បានស្រែកឱ្យគាត់ឈប់ តែគាត់មិនព្រមឈប់ ជនសង្ស័យបានជិះមកកាក់ពីមុខធាក់ផ្តួល និងបានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកភ្ជង់ហើយលើកម៉ូតូជិះគេចទៅបាត់តែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានត្រឡប់ទៅផ្ទះសិន ឱ្យបងប្អូនដឹកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលច្រាំងចំរេះទី១ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍៕

ខេត្តបន្ទាយមានជ័យ៖ព្រះសង្ឃចំនួន២៧អង្គ រួមទាំងក្មេងវត្តម្នាក់ត្រូវបានបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីមានអាការៈក្អួតចង្អោទន់ដៃទន់ជើង ក្រោយឆាន់ភេសជ្ជៈM១៥០ និងស្ករកៅស៊ូ។ ករណីនេះកើតឡើងនៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅវត្តបទុមស្រះឈូកភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ព្រះសង្ឃគង់ក្នុងវត្ត អស់កម្លាំងព្រោះតែពេលព្រឹកសូត្រមន្តនាឱកាសកាន់បិណ្ឌភ្ជុំបិណ្ឌ ហើយភេជ្ជៈM១៥០ និងស្កកៅស៊ូទាំងអស់នេះ គឺប្រជាពលរដ្ឋចំណុះជើងវត្ត បានយកមកប្រគេន។
បើតាមនគរបាលបានបញ្ជាក់ថា តាំងពីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ ព្រះសង្ឃដែលពុលបានធូរស្បើយ១៤អង្គហើយ៕


រាជធានីភ្នំពេញ៖កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានចាប់ឃាត់ខ្លួនមន្ត្រីយោធាម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងឈ្លោះគ្នា ហើយវ៉ៃប្រពន្ធ ព្រមទាំងវ៉ៃក្មួយប្រុសបែកមាត់ ព្រមទាំងផ្ទុះអាវុធ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
យោធាដែលឃាត់ខ្លួនឈ្មោះ ណោក កឿន អាយុ៤៥ឆ្នាំ មុខរបរជាមន្ត្រីយោធាភូមិភាគ៣ មានប្រពន្ធឈ្មោះ សយ ពៅ អាយុ៤២ឆ្នាំ មុខរបនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកក្មួយប្រុសដែលរងរបួសបែកមាត់មានឈ្មោះ លី ភារៈ អាយុ២០ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅកន្លែងកើតហេតុ ចំណែកក្មួយប្រុសម្នាក់ទៀតមិនស្គាល់ឈ្មោះ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសជាមន្ត្រីយោធាខាងលើតែងតែផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃ ហើយរករឿងប្រពន្ធ និងវាយធ្វើបាបស្ទើររាល់ថ្ងៃដែរ។ ប្រភពបន្តថា នៅថ្ងៃកើតហេតុ បុរសជាប្តីមកពីផឹកស្រាស្រវឹងឃើញកូនតូចម្នាក់កំពុងតែលេងកង្ហា ក៏បានឈ្លោះប្រកែកជាមួយប្រពន្ធ និងបានវាយប្រពន្ធមួយដៃ ពេលនោះក្មួយប្រុសថ្លៃម្នាក់ដែលស្នាក់នៅក្បែរនោះបានដើរចូលទៅបម្រុងជួយឃាត់កុំឲ្យឈ្លោះប្រកែកគ្នា តែមិនទាន់បានឃាត់ផងក៏ត្រូវឪពុកមាដែលជាមន្ត្រីយោធានោះគ្រាន់តែឃើញក្មួយថ្លៃដើរមកស្ទុះទៅប្រតាយប្រតប់បណ្តាលឲ្យក្មួយប្រុសបែកមាត់ ហើយក្មួយប្រុសម្នាក់បានដើរទៅជួយដែរ ក៏ត្រូវជនបង្ករត់ចូលទៅក្នុងបន្ទប់ដេកទាញកាំភ្លើងខ្លី១ដើមចេញមកក៏ត្រូវកូនស្រីច្បងម្នាក់ចាប់ប្រទាញប្រទង់ជាមួយឪពុកដើម្បីដោះបង់ចេញវិញទាំងកាំភ្លើងត្រូវឪពុកអាម៉េរួចជាស្រេចទៅហើយ បណ្តាលឲ្យប៉ះកៃកាំភ្លើងផ្ទុះឡើងលើនៅក្នុងបន្ទប់ដេក១គ្រាប់ តែ មិនមានរងរបួសទេ ធ្វើឲ្យមានការផ្អើលឆោឡោដល់នគរបាលប៉ុស្តិ៍ចោមចៅ និងអាវុធហត្ថចុះទៅដល់ផ្ទះកើតហេតុ ដើម្បីសួរនាំ និងបានឃាត់ខ្លួនជនបង្កយកទៅសួរនាំនៅអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ។
បន្ទាប់ពីកើតហេតុភ្លាមៗ ក្មួយប្រុសដែលរបួសបែកមាត់ត្រូវសាច់ញាតិដឹកយកទៅលាងរបួស រួចហើយត្រឡប់មកផ្ទះវិញដោយមិនបានដាក់ពាក្យបណ្តឹងទេ៕


រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះតុលាការកំពូលបើកសវនាការសំណុំរឿងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ដែលជាប់ចោទករណីក្លែងផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម។ កម្មវត្ថុនៃសវនាការនេះ គឺបណ្តឹងសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ។
លោក អ៊ុំ សំអាន ជាប់ចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើង ពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និង ព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦៕

សិល្បៈ៖កាលពីពេលថ្មីៗនេះ កញ្ញា សុខ ពិសី តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ បានឆេះដុំខ្លាំងពេលបានមើលវិដេអូក្នុងកម្មវិធី ពេញចិត្តឬអត់ របស់ទូរទស្សន៍ MYTV ខណៈពេលដែល មានប្អូនស្រីម្នាក់ លើកយកបទចម្រៀង កញ្ញា សុខ ពិសី មកប្រលងក្នុងកម្មវិធី។
ហើយភ្លាមៗស្រាប់តែកញ្ញា លី អ៊ីវ៉ាធីណា និយាយថា៖ “នេះបងនិយាយតាមត្រង់សំលេងរបស់ប្អូនច្រៀងពិរោះជាងម្ចាស់ដើមបន្តិច” ទើបធ្វើអោយ កញ្ញា សុខ ពិសី ឆេះដុំខ្លាំងតែម្តង។
ក្នុងការវាយបកទៅកាន់ កញ្ញា លី អ៊ីវ៉ាធីណា វិញគឺតារាចម្រៀង សុខ ពិសី ធ្វើការបង្ហោះវិដេអូរៀបរាប់ និងនិយាយចំៗថា តាមមុខមាត់និងការសម្តែង របស់កញ្ញា លី អ៊ីវ៉ាធីណា ពិតជាសមនឹងតួឈ្នានីស ហើយក៍មានបទពិសោធច្រើនផងដែរ។
គួរបញ្ជាក់ផងដែរថា សង្គ្រាមពាក្យសំដី រវាងតារាចម្រៀង សុខ ពិសី និង តារាចម្រៀង លី អ៊ីវ៉ាធីណា បង្កការភ្ញាក់ផ្អើលខ្លាំង នៅលើបណ្តាញសង្គម Facebook ហើយក៏មានការចែកចាយតៗគ្នាយ៉ាងច្រើន ផងដែរ៕

បាល់ទាត់៖អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United លោក Jose Mourinho គ្រោងនឹងធ្វើការកែទម្រង់លេងទ្រង់ទ្រាយធំមួយជាពិសេសអាចនឹងលក់ប្រធានក្រុម Wayne Rooney ចេញនារដូវក្តៅឆ្នាំ២០១៧នេះ ។នេះបើយោងតាមចេញផ្សាយរបស់កាសែត The Sun។
តាមប្រភពព័ត៌មានខាងលើបានអះអាងថា ដើម្បីលក់កីឡាករ Rooney ចេញបានស្រួលនោះលោក Mourinho សុខចិត្តដាក់តម្លៃផ្ទេរទាបបំផុត ។ ម្យ៉ាងទៀត គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ រូបនេះនឹងទិញកីឡាករខ្សែ ប្រយុទ្ធរបស់ក្លឹប Real Madride គឺកីឡាករសញ្ជាតិវែល Gareth Bale មកជំនួស Rooney វិញ ។
គ្រាន់តែបែកធ្លាយថាលោក Mourinho ចង់លក់ Rooney នោះមានក្លឹបបាល់ ទាត់ធំៗរបស់ប្រទេសចិន ដីគោក និង អាមេរិ ហ៊ានផ្តល់តម្លៃខ្លួន ខ្ពស់សម្រាប់ខ្សែប្រយុទ្ធរូបនេះ។ម្យ៉ាងទៀតម្ចាស់ក្លឹបចាស់របស់ Everton ក៏មានបំណងចង់បាន Rooney ត្រឡប់ចូលមកលេងវិញផងដែរ ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ Rooney នៅជាប់កុងត្រាជាមួយ Man Utd រយៈពេល ៣ ឆ្នាំទៀត ដោយទទួលបានប្រាក់រហូតទៅដល់៣០ ម៉ឺនផោន ក្នុងមួយសប្តាហ៍ឯណ្ណោះ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍