បាល់ទាត់ ៖ក្រុមអេស្ប៉ាញ Atletico Madrid បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ហើយបើទោះចាញ់ Bayern Munich ២-១ យប់មិញនៅ Allianz Arena ក៏ដោយ ព្រោះជើងទី១ពួកគេបានឈ្នះក្នុងដី ១-០។
បើគិតគ្រាប់បាល់សរុប ២-២ តែតាមប្រព័ន្ធ Aggregate ក្រុមAtletico Madrid ជាអ្នកឡើង ដោយសារពួកគេអាចរកគ្រាប់បាល់បានក្រៅដី។
គួរបញ្ជាក់ថា Atletico Madrid ឡើងវគ្គផ្ដាច់ព្រ័ត្រនៅទីក្រុង Milan ថ្ងៃទី ២៨ ខែ ឧសភា ដោយរងចាំជួប Manchester City ឬ Real Madrid ដែលត្រូវប្រកួតយប់នេះ៕
សុខភាព ៖រដ្ឋបាលឱសថ និងចំណីអាហាររបស់អាមេរិកហៅកាត់ថា FDA បានធ្វើការស្រាវជ្រាវ និងរកឃើញថា កត្តាផ្សំដោយសារធាតុនៅក្នុងអ៊ីមភ្លែន (Implant) ដែលប្រើប្រាស់ក្នុងការវះកាត់ពង្រីកដើមទ្រូង អាចជាប់ពាក់ព័ន្ធទៅនឹងការបង្កទៅជាជំងឺមហារីកសុដន់ប្រភេទ ALCL ដែលជាប្រភេទជំងឺមហារីកដ៏កម្រកើតឡើងក្នុងប្រព័ន្ធការពារ សព៌ាង្គកាយរបស់យើង។
ជាទូទៅគ្រប់អ៊ីមភ្លែនដែលអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ការវះកាត់ ពង្រីកដើមទ្រូងសុទ្ធតែត្រូវបានឆ្លងការពិសោធត្រឹមត្រូវលើផ្នែក សារធាតុរាវផ្ទុកនៅក្នុងនោះ និងសម្បក ឬថង់របស់វា។ សម្បក ឬថង់ជាស្រោមសារធាតុរាវ ដែលមានផ្ទុកសារធាតុម្យ៉ាងស្វិតសម្រាប់ការពារនូវការបែកធ្លាយ។
ដោយឡែកសារធាតុបំពេញជា ស៊ីលីកូន (Silicone) នៅក្នុងថង់វិញអាចមានផលវិបាកច្រើន កាលណាវាបែកធ្លាយចេញមកក្រៅ។ ការបែកធ្លាយ ឬការចាក់បញ្ជូលស៊ីលីកូនរាវដោយផ្ទាល់ចូលទៅក្នុងសាច់អាចបណ្តាល ឲ្យមានការរលាកធ្ងន់ធ្ងរដល់កោសិកាជុំវិញ ព្រមទាំងបណ្តាលឲ្យមានការឈឺចាប់យ៉ាងខ្លាំង។ ផលវិបាកជាច្រើននៃការបែកស្រោមស៊ីលីកូន និងការចាក់បញ្ចូលស៊ីលីកូនរាវ រួមមានការស្ទះសរសៃឈាមសួតដោយសារតំណក់ស៊ីលីកូនហូរចូលក្នុង សរសៃឈាម និងអាចបណ្តាលឲ្យអ្នកជំងឺស្លាប់។
សម្រាប់ប្រទេសយើង ស៊ីលីកូនរាវត្រូវបានមនុស្សមួយចំនួនលួចប្រើប្រាស់ ដោយសារតែពួកគេមិនមានចំណេះដឹងពីផលវិបាករបស់វា និងទទួលបានការផ្តល់ព័ត៌មានមិនពិត ឬលាក់បាំងព័ត៌មានស្តីអំពីការប្រើប្រាស់ស៊ីលីកូនពីសំណាក់គ្រូ ពេទ្យ ឬអ្នកប្រកបរបរកែសម្ផស្សមួយចំនួន។ បងប្អួនស្ត្រីខ្មែរយើងមួយចំនួនសុខចិត្តទទួលយកនូវការចាក់ បញ្ជូលស៊ីលីកូន ទៅក្នុងទ្រូង ឬកន្លែងផ្សេងៗទៀតនៃរាង្គកាយដោយមិនដឹងថា គាត់នឹងត្រូវប្រឈមមុខជាមួយបញ្ហាសុខភាពជាច្រើននៅថ្ងៃមុខឡើយ។
ជាការសរុបមកវិញ ការវះកាត់ពង្រីកដើមទ្រូងដោយប្រើប្រាស់នូវ អ៊ីមភ្លែន ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ត្រឹមត្រូវ ជាវិធីសាស្ត្រដើម្បីធ្វើការកែប្រែនូវបញ្ហាដើមទ្រូងតូចពី កំណើត ឬបញ្ហាដើមទ្រូងមិនស្មើគ្នាក្រោយពេលគ្រោះថ្នាក់ ឬការវះកាត់ផ្សេងៗ៕
រាជធានីភ្នំពេញ ៖បុរសជនជាតិវ័យ៦១ឆ្នាំម្នាក់បានអង្គុយស្លាប់លើកៅអីខណះពេលអង្គុយហូបវីហ្សានិងកាហ្វេនៅក្នុងម៉ាតកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងម៉ាតស្ថានីតេលា ផ្លូវ៦៨ក្រុមទី៤ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ WARNER PAUL ANTHONY BRITISH CITIZEN ភេទប្រុសអាយុ៦១ឆ្នាំ ជនជាតិអង់គ្លេស ស្នាក់នៅបន្ទប់ផ្ទះជួលលេខ១៥២ផ្លូវ៩០៧ក្រុម៤ភូមិទួលសង្កែសង្កាត់ទួលសង្កែនៅជាប់កន្លែងកើតហេតុ និងកាន់លិខិតឆ្លងដែនលេខ៧០៧៧៤៦១១៧ ។
សមត្ថកិច្ចបន្តថានៅមុនកើតហេតុវេលាម៉ោងប្រហែល៨ និង០០នាទី ព្រឹកថ្ងៃ០៤ ខែឧសភា ឆ្នាំ២០១៦ ជនរងគ្រោះបានចេញមកពីបន្ទប់ជួលចូលមកអង្គុយក្នុងម៉ាតដើម្បី ហូបចំណីអាហារដូចសព្វដងនិង បាននិយាយរៀបរាប់ប្រាប់លោក វ័ង ឆេងហៃ ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវជាកូនម្ចាស់ម៉ាតថាខ្លួនគេមានអការៈឈឺក្បាលរួចជនរងគ្រោះក៏ហៅទឹកសុទ្ធមួយដបនិងនំភីហ្សាមួយអង្គុយហូប ស្រាប់តែមកដល់ម៉ោងប្រហែល១០៖៣០នាទី លោកបានឃើញជនរងគ្រោះអង្គុយលើកៅដោយស្ងាត់ស្ងៀមខណះនោះគាត់ដើរមកសួរនាំស្រាប់តែឃើញសភាពមិនស្រួលក៍ទូរសព្ទ័ហៅរថយន្តពេទ្យមកខណះពេលមកដល់ពេទ្យថាជនរងគ្រោះស្លាប់បាត់ហើយ។ភ្លាមនោះដែរម្ចាស់ទីតាំងក៍រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងការិយាល័យបច្ចេកទេសបានសហការណ៍ជាមួយការិយាល័យជនបរទេស ស្ថានទូតបានចុះមកដល់ទីកន្លែងដើម្បីធ្វើកោសលវិច្ច័យពិនិត្យសាកសពដោយអនុវត្តន៍តាមវិធានការជំនាញរួចដឹកយកទៅតំកល់ទុកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត ៕
បាល់ទាត់ ៖យោងតាមចុះផ្សាយរបស់គេហទំព័រ L’Equipe នៅថ្ងៃពុធនេះបានឲ្យដឹងថា ក្រុម Borussia Dortmund អាចនឹងបញ្ចប់ការចុះហត្ថលរខាក្នុងការនាំយកខ្សែប្រយុទ្ធជួលមុខរបស់ Rennes កីឡាករ Ousmane Dembele នារដូវកាលក្រោយនេះ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ១៨ឆ្នាំរូបនេះ គ្រោងនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំហើយនិងផ្លាស់មកកាន់ក្របខ័ណ្ឌ Bundesliga របស់ក្លិបអាល្លឺម៉ង់ ក្នុងទំហ៊ុំទឺកប្រាក់ពី១៥ដល់២០លានផោន ក្នុងមួយរដូវកាល។
គួរបញ្ជាក់ថា Dembele បានបង្ហាញខ្លួនលើកដំបូងសម្រាប់ក្រុម Rennes ក្នុងខែវិឆ្ឆិកាហើយបានស៊ុតបញ្ចូលទីចំនួន១២គ្រាប់ ក្នុងការបង្ហាញ២៥លើក៕
ហ្វីលីពីន ៖យោងតាមសារព័ត៌មាន Bangkok Post បានផ្សាយថា ក្រុមឧទ្ទាមបំបែកខ្លួននៅក្នុងប្រទេសហ្វីលីពីនបានបញ្ចេញសារព្រមានសម្លាប់ចំណាប់ខ្មាំង៣នាក់ទៀតកាលពីម្សិលមិញ បន្ទាប់ពីពួកគេបានកាត់ក្បាលចំណាប់ខ្មាំងមួយរូបកាលពីជាង១សប្ដាហ៍មុន។
ប្រភពដដែលបន្តថា មនុស្ស៣នាក់ក្នុងនោះមានជនជាតិកាណាដា ជនជាតិន័រវេ និងហ្វីលីពីនបានអំពាវនាវរកការជួយសង្គ្រោះពីប្រទេសហ្វីលីពីន និងរដ្ឋាភិបាលកាដាណា តាមរយៈវីដេអូមួយដែលត្រូវបានគេបង្ហោះចូលប្រព័ន្ធ YouTube កាលពីម្សិលមិញ។
គួរបញ្ជាក់ថា ក្រុមអាប៊ូសាយយ៉ាស់ដែលមានមូលដ្ឋាននៅភាគខាងត្បូងហ្វីលីពីនបានប្រកាសកាលពីសប្ដាហ៍មុនថា ពួកគេបានសម្លាប់ចំណាប់ខ្មាំងជនជាតិកាណាដាម្នាក់ឈ្មោះ John Ridsdel នៅពេលឱសានវាទបានកន្លងផុតទៅកាលពីថ្ងៃទី២៥ខែមេសាកន្លងមកនេះ៕
រាជធានីភ្នំពេញ ៖ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាវាយប្លន់គំរាមយកលុយ និងរបស់របរមានតំលៃយ៉ាងសកម្មពីប្រជាពលរដ្ឋត្រូវសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឃាត់ខ្លួន។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យលោក យឹម សារ៉ាន់ បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើមានឈ្មោះ ទ្រី សឿន អាយុ៣៤ ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ លោកអធិការបន្តថា នៅមុនពេលកើតហេតុ កំលាំងប៉ុស្តិ៍ចោមចៅបានជិះម៉ូតូចេញល្បាតការពារក្នុងភូមិសាស្ត្រងាយរងគ្រោះ ខណៈមកដល់ចំណុចខាងលិចរបររោងចក្រកាណាឌីយ៉ាក៏ប្រទះឃើញជនសង្ស័យដែលជាមុខសញ្ញាចាស់ និងជាជនសង្ស័យដែលប្រជាពលរដ្ឋធ្លាប់ដាក់ពាក្យបណ្តឹងពីមុនមក កំលាំងក៏ចាប់ឃាត់ខ្លួនតែម្តង រួចបញ្ជូនខ្លួនមកកាន់នគរបាលប៉ុស្តិ៍ចោមចៅធ្វើការសាកសួរ។
ក្រោយការសាកសួរជនសង្ស័យខាងលើបានសារភាពថាខ្លួនធ្លាប់ធ្វើសកម្មភាពបានជាង៣០ដងមកហើយ តែមិននឹកស្មានថាត្រូវសមត្ថកិច្ចចាប់បានទាំងរបៀបនេសោះ។ បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានបញ្ជូនខ្លួនមកឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕
បាល់ទាត់ ៖ខ្សែប្រយុទ្ធ Jamie Vardy របស់ក្លឹបកញ្ជ្រោងពក្រៃ Leicester បានជាប់ឆ្នោតជាកីឡាករឆ្នើមប្រចាំឆ្នាំ២០១៦នៅអង់គ្លេសដោយសមាគមអ្នកសរសេរព័ត៌មានកីឡាករបាល់ទាត់ (FWA)។ Vardy បាននិយាយថា “វាជាកិត្តិយសធំធេងណាស់ដែលទទួលបានពានដ៏ថ្លៃថ្លានេះហើយមានឈ្មោះក្នុងបញ្ជីអ្នកទទួលពានដែលរួមទាំងកីឡាករឆ្នើមៗមួយចំនួនទៀត។
Vardy ទទួលបានសំឡេងគាំទ្រច្រើនជាងគេក្នុងចំណោមអ្នកកាសែត២៩០នាក់គឺនាំមុខមិត្តរួមក្រុម Riyad Mahrez និងកីឡាករ N`Golo Kante។ ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះរកបាន២៤គ្រាប់សម្រាប់ក្លឹប Leicester និងប្រទេសអង់គ្លេសនៅរដូវកាលនេះ ហើយ Leicester កាន់តែខិតទៅរកការគ្រងតំណែងជើងឯកក្របខណ្ឌព្រីមីញ៉េលីក។
Vardy នឹងទទួលពានកិត្តិយស FWA នេះដែលបានចាប់ផ្តើមផ្តល់ជូនកី ឡាករតាំងពីឆ្នាំ១៩៤៨ នៅកម្មវិធីជប់លៀងអាហារពេលល្ងាចមួយក្នុងទីក្រុង ឡុងដ៍នៅថ្ងៃទី១២ខែឧសភា។ កីឡាករដទៃទៀតដែលទទួលបានសំឡេងគាំទ្រពីសមាជិក FWA មានដូចជាខ្សែប្រយុទ្ធ Harry Kane របស់ Tottenham ខ្សែ បម្រើ Dimitri Payet របស់ក្លឹប West Ham ខ្សែប្រយុទ្ធ Sergio Aguero និង Kevin De Bruyne របស់ City និងខ្សែបម្រើ Dele Alli របស់ Spurs៕
វ៉ាស៊ីនតោន ៖អង្គការសុខភាព Pan អាមេរិក (PAHO) ឲ្យដឹងថា ប្រជាជន ប្រមាណ ៥០០លាននាក់ កំពុងតែប្រឈមមុខនឹងការរីករាលដាលនៃ វីរុស Zika ដែលអាចបង្ក ឲ្យទារកកើតមកមានក្បាលតូចខ្លាំងខុសពីធម្មតា។
ទីភ្នាក់ងារស៊ិនហួរ នៅព្រឹកនេះ បានរាយការណ៍ថា ប្រធានគ្រប់គ្រងផ្នែកមួយរបស់អង្គការ PAHO លោក Sylvain Aldighieri បានថ្លែងថា «វាមានសារសំខាន់ណាស់ ក្នុងការកត់ចំណាំថាប្រទេសទាំងអស់ ដែលត្រូវបានរាយការណ៍ កន្លងមកនេះ មានផ្ទុះនូវវីរុសគ្រុនឈាម កាលពីបណ្តាឆ្នាំកន្លងទៅ។ ប៉ុន្តែរយៈពេល ១៥ឆ្នាំ មកហើយដែលវីរុស Zika បានកើតមានឡើងនិង គម្រាមកំហែងមនុស្សកាន់តែសាហាវ»។
ជាក់ស្តែងពេលនេះ វីរុសខាងលើ បានរីកសាយភាយពីតំបន់អាមេរិកកណ្តាល ទៅកាន់អាមេរិក ឡាទីន ដែលមានបណ្តាប្រទេសមួយចំនួនកំពុងប្រឈមមុខដូចជា ភាគខាងជើងអាហ្សង់ទីន និង បណ្តាប្រទេសនៃសមុទ្រការីបៀនផងដែរ។ វាជាដែនដីដ៏ធំខ្លាំងណាស់ សម្រាប់ការរីករាលដាល ហើយសរុបនៅទ្វីបអាមេរិកទាំងមូល គឺប្រទេសនិងតំបន់ ៣៧ហើយដែលបានឆ្លងវីរុស Zika នេះ៕
រាជធានីភ្នំពេញ ៖ប្រសិនបើមិនមានការប្រែប្រួលទេនោះ នៅរសៀលម៉ោង១៖០០នាទីនេះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាព្រឆាំងអំពើពុករលួយនិងឆ្លើយតបចំពោះការរិះគន់ពីសាធារណមតិជាតិនិងអន្តរជាតិ ជុំវិញការចាប់ខ្លួនមន្ត្រីសង្គមស៊ីវិលនិងមន្ត្រី គជប លើសំណុំរឿងលោក កឹម សុខា និងកញ្ញាស្រីមុំ នៅលើកញ្ចក់ទូរទស្សន៍ PNN។
សូមជម្រាបថា បន្ទាប់ពីមានការចាប់ខ្លួនមន្ត្រីអង្គការ អាដហុក ៤រូបនិងមន្ត្រីគជបមួយរូប ដោយACU និងតុលាការ សាធារណមតិជាតិនិងអន្តរជាតិ បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើរាជរដ្ឋាភិបាលកម្ពុជា ដោយចោទថា បានប្រើអង្គភាពប្រឆាំងអំពើពុករលួយនិងប្រព័ន្ធតុលាការ ដើម្បីគាប់សង្កត់ការបញ្ចេញមតិ និងយាយី ដល់មន្ត្រីសង្គមស៊ីវិលរួមទាំងមន្ត្រីសិទ្ធិមនុស្សអន្តរជាតិ៕
រាជធានីភ្នំពេញ ៖តំណាងរាស្ត្រ CNRP ត្រូវបានគេរាយការណ៍ថា បានកោះប្រជុំជាបន្ទាន់មួយនៅព្រឹកថ្ងៃពុធនេះ នៅទីស្នាក់ការកណ្តាលសង្កាត់ចាក់អង្រែលើ ដើម្បីពិភាក្សាអំពី ស្ថានភាពនយោបាយ នាពេលបច្ចុប្បន្ន ហើយក៏ផ្តោតលើ របាយការណ៍ពីគណៈអភិបាល នៃគណបក្ស ការចូលរួមបេសកកម្មរដ្ឋសភា និង ព្រឹទ្ធសភា និងវិសោធនកម្មវិធានផ្ទៃក្នុង CNRP ផងដែរ៕
រាជធានីភ្នំពេញ ៖យ៉ាងហោចណាស់ក៏មានរថយន្តទំនើបៗ ចំនួន៦គ្រឿងដែលត្រូវកម្លាំងគយចល័ត បានប្រតិបត្តិការចាប់បាននៅថ្ងៃទី០៣ ខែឧសភានេះ នៅតាមគោលដៅ និងទីតាំងខុសៗគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
រថយន្តស៊េរីទំនើបៗដែលចាប់បាន រួមមាន ម៉ាក AUDI មួយគ្រឿង, Lexus ៣គ្រឿង និង Land Cruiser ២គ្រឿង។ យ៉ាងណាក៏ដោយ យើងសង្កេតឃើញថា ការចាប់បានរថយន្តគេចពន្ធស៊េរីទំនើបនៅថ្ងៃនេះ នៅតែមានចំនួនដ៏ច្រើនដដែល៕
តួកគី ៖សភាជាតិនៃប្រទេសតួកគី បានបើកកិច្ចប្រជុំដ៏ក្តៅគគុកមួយ ស្តីពីការអនុម័តលើសេចក្តីព្រាងច្បាប់ ដែលអាចដកអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រណាក៏ដោយ ដើម្បីទទួលការកាត់ទោសតាមច្បាប់ នៅពេលមានការប្រព្រឹត្តខុសច្បាប់ណាមួយ ក៏ប៉ុន្តែកិច្ចពិភាក្សា នោះបានឈានទៅរកការវាយតប់គ្នា យ៉ាងអាណាធិបតេយ្យទៅវិញ។ នេះបើតាមការផ្សាយរបស់ Sky News ចេញផ្សាយនៅយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦។
តាមពិតទៅកិច្ចពិភាក្សានោះ បានធ្វើឡើងតាំងពីថ្ងៃទី០២ ខែមេសា ដើមសប្តាហ៍នេះម្ល៉េះ ប៉ុន្តែវីដេអូ ស្តីពីការវាយតប់គ្នាដ៏គួរឲ្យអាម៉ាស់ របស់តំណាងរាស្ត្រនៃគណបក្សប្រឆាំង និងបក្សកាន់ អំណាចនៅក្នុងសភា ដែលជាស្ថាប័នប្រិក្សាច្បាប់កំពូល របស់រដ្ឋតួកគីនោះ ទើបតែត្រូវបានបែកធ្លាយកាលពីប៉ុន្មានម៉ោងមុននេះប៉ុណ្ណោះ៕
ខេត្តឧត្តរមានជ័យ ៖ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសាររន្ទះបាញ់ ចំណែក៤នាក់ទៀតរងរបួសនិងខូចខាតផ្ទះចំនួន៨១ខ្នង ដោយសារភ្លៀងលាយឡំ ខ្យល់កន្ត្រាក់យ៉ាងខ្លាំំង នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ល្ងាចមិញនេះ ធ្វើត្រូវខូចខាតអង់តែនវិទ្យុ ដែលបានបន្សល់ពីរបបកម្ពុជាប្រជាធិបតេយ្យ ផ្ទះតាម៉ុកជាសារមន្ទីរ របើកព្រំដំបូលផ្ទះបងប្អូនប្រជាពលរដ្ឋ និងរលំបាក់មែកឈើជាច្រើនដើមផងដែរ៕
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៦លើក ក្នុងនោះយប់១២លើក បណ្តាលឲ្យមនុស្សស្លាប់៩នាក់ រងរបួសធ្ងន់ ១២នាក់ (ស្រី៣នាក់) និងរបួសស្រាល ១០នាក់ (ប្រុស) នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២៧គ្រឿង រួមមានម៉ូតូចំនួន១៨គ្រឿង, រថយន្តធុនតូច៩គ្រឿង រថយន្តធុនធំ៦គ្រឿង, រថយន្តធុនធំ១គ្រឿង, យានផ្សេងៗ២គ្រឿង, ថ្មើរជើង៣នាក់ ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៩លើក (ស្លាប់៦នាក់), ស្រវឹង១លើក, មិនប្រកាន់ស្តាំ១លើក, ប្រជែងគ្រោះថ្នាក់៣លើក (ស្លាប់២នាក់) , មិនគោរពសិទ្ធិ១លើក(ស្លាប់ម្នាក់), បត់គ្រោះថ្នាក់ ១លើក ក្នុងនោះ មិនពាក់មួកពេលគ្រោះថ្នាក់១៦នាក់ យប់១២នាក់។
ជាមួយគ្នានេះ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅថ្ងៃម្សិលមិញ សម្ថកិច្ចនគរបាលចរាចរណ៍បានរកឃើញ មធ្យោបាយល្មើស ៥,៧៦០ គ្រឿង, អប់រំ ២,៦១៩ គ្រឿង, ពិន័យ ៣,១៤១ គ្រឿង៕
ខេត្តត្ប្ងូងឃ្មុំ ៖ស្ត្រីម្នាក់បានបានស្លាប់នៅពេលក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម បន្ទាប់ពីលេបថ្នាំសម្លាប់ខ្លួនដោយសារខឹងម្តាយ និងម្តាយមីងមិនព្រមឲ្យរៀបការជាមួយបុរសម្នាក់ដែលនាងស្រឡាញ់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១៨ និង០០នាទីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ នៅភូមិត្រពាំងឫស្សី ឃុំរកាពប្រាំ ស្រុក-ខេត្តត្បូងឃ្មុំ ។ ស្ត្រីម្នាក់រងគ្រោះ ឈ្មោះ អឿន ស្រីម៉ាច អាយុ២៥ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។
តាមការអះអាងរបស់ក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានសុំម្តាយ និងម្តាយមីង រៀបការជាមួយបុរសម្នាក់ដែលនាងស្រឡាញ់ តែម្តាយនិងម្តាយមីង បានបដិសេធន៍ថា ពួកគាត់មិន ទៅចូលរួមពិធីការនោះទេ ស្រាប់តែជនរងគ្រោះខឹងហើយឆ្លើយតបវិញថា បើមិនទៅនាងលេបថ្នាំសម្លាប់ខ្លួនហើយ ពេលនោះម្តាយក៍បានតបវិញថា បើកូនលេបថ្នាំម្តាយចងកសម្លាប់ខ្លួនដែរ។ ភ្លាមនោះស្រាប់តែកូនរត់ចូលបន្ទប់ ចំណែកម្តាយក៏រត់ទៅចងក ប៉ុន្តែត្រូវម្តាយមីងនិងអ្នកជិតខាងជួយម្តាយទាន់ពេល។ បន្ទាប់ពីជួយម្តាយហើយ សាច់ញាត្តិនិងអ្នកជិតខាង មកជួយជនរងគ្រោះទៀត តែជួយមិនបាន ជនរងគ្រោះក៏បានស្លាប់នៅមន្ទរពេទ្យទៅ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ នគរបាលស្រុកត្បូងឃ្មុំ សហការជាមួយគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ធ្វើការត្រួតពិនិត្យសាកសព ឃើញថាជនរងគ្រោះពិតជាធ្វើអត្តឃាតដោយលេបថ្នាំពិតមែន រួចក៏ប្រគល់សពជូនគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍