All posts by មេគង្គ ប៉ុស្តិ៍

សម្តេច ហ៊ុន សែន សុំ​ធ្វើជា​ប្រធាន​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​វិញ បើ​CPP​ឈ្នះឆ្នោត​ទៀត

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើងថា បើសិនជា​គណបក្ស​ប្រជាជន​បន្ត​ឈ្នះឆ្នោត នៅ​អាណត្តិ​ក្រោយ​នោះ សម្តេច នឹង​ស្នើ​ធ្វើជា​ប្រធាន​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​វិញ​ម្តង គឺ​នៅ​បន្ទាប់ពី​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរជាតិ​សំខាន់ៗ ចំនួន​២ នៅក្នុង​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នេះ គឺ​កម្ពុជា​នឹង​ធ្វើជា​ប្រធាន​កិច្ចប្រជុំ អាស៊ី​-​អឺរ៉ុប នៅ​ឆ្នាំ​២០២០ និង​ធ្វើជា​ប្រធាន​អាស៊ាន​ជា​លើក​ទី​៣ នៅ​ឆ្នាំ​២០២២ ខាងមុខនេះ​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​បែបនេះ នៅក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង​១​ពាន់​នាក់ ពី​ប្រទេស​ហុង​គ្រី បារាំង និង​អាល្លឺម៉ង់ កាលពី​យប់​ថ្ងៃទី​១៩ ខែតុលា កន្លងទៅ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក​៕

សហភាព​អន្តរ​សភា​ចេញ​សេចក្តីសម្រេច​ស្នើឱ្យ​ដោះលែង​លោក កឹម សុខា​

​វ៉ាស៊ីនតោន ៖ សហភាព​អន្តរ​សភា (IPU) ស្នើសុំ​ជាថ្មី​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក កឹម សុខា ​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ទម្លាក់ចោល​ការចោទប្រកាន់​នានា​ព្រមទាំង​អនុញ្ញាតឱ្យ​លោក​បានមក​ដឹកនាំ​គណបក្ស​ឡើងវិញ​។ នេះ​បើតាម​ចេញ​សេចក្តីសម្រេច​មួយ​របស់​សហភាព​អន្តរ​សភា (IPU) ដែល​ចេញ ឆ្នាំ​២០១៨ នេះ​។​

​ប្រភពព័ត៌មាន​ពី វី​អី​អេ បាន​ផ្សាយ​ថា សេចក្តីសម្រេច​ដែល​ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក៏បាន​ច្រាន​ចោលការ​ដកយក​អាសនៈ​សភា​ទាំង​៥៥​របស់​អតីតគណបក្ស​សង្គ្រោះ​ជាតិ​ហើយ​ហាម​អតីត​អ្នកតំណាងរាស្ត្រ​ទាំងនោះ​មិនឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ថា​ជា​«​ការដើរ​ផ្ទុយ​ទាំងស្រុង​នឹង​សិទ្ធិ​បុគ្គល​និង​សមូហភាព​ក្នុងការ​ចូលរួម​បំពេញ​កិច្ចការ​សាធារណៈ​និង​សិទ្ធិ​ទទួលបាន​ការកាត់ក្តី​ដោយ​យុ​ត្តិ​ធ​ម៌‍​»​។​

​សហភាព​អន្តរ​សភា​បាន​បើក​ការប្រជុំ​ពីថ្ងៃ​ទី​១៤ ដល់​១៨ ខែតុលា នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​ហើយក៏​មានការ​ចូលរួម​ពី​ប្រតិភូ​សភា​របស់​កម្ពុជា ផងដែរ​។​

​ប្រតិភូ​កម្ពុជា​បាន​ប្រាប់​ដល់​សហភាព​អន្តរ​សភា​ថា បើ​អតីតសមាជិក​ក្រុមប្រឆាំង​«​នៅ​ស្ងាត់​ស្ងៀ​ម‍​»​គឺ​ពួកគេ​អាច​នឹងធ្វើ​នយោបាយ​បាន​វិញ​ក្នុង​រយៈពេល​បួន​ឆ្នាំ​ទៀត​ពេលដែល​បំរាម​បាន​ផុត​ប៉ុន្តែ​ក្នុង​ពេលនេះ​គឺ​ពួកគេ​ត្រូវតែ​ទទួល​តាម​ការសម្រេចរ​បស់​តុលាកា​រ‍​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្តីសម្រេច​ដែលមាន​១២​ចំណុច​នេះ​។​

​តុលាការ​កំពូល​បានសម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​អតីត​គណបក្សប្រឆាំង​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧ បន្ទាប់ពី​បាន​ចាប់ខ្លួន​លោក កឹម សុខា ដាក់ពន្ធនាគារ​ដោយ​ចោទ​ពីបទ​ឃុបឃិត​ជាមួយនឹង​បរទេស​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។​

​ប៉ុន្តែ​សេចក្តីសម្រេច​របស់​សហ​ភាព​អន្តរ​សភា​បាន​ហៅ​ការចោទប្រកាន់ និង​ឯកសារ​វីដេអូ ប្រើប្រាស់​ដាក់បន្ទុក​នោះ​ថា «​គ្មានអ្វី​ដែលជា​បទល្មើស​ព្រហ្មទណ្ឌ​ទាល់តែ​ស‍ោះ​»​ហើយ​ថា​លោក​កឹម សុខា​ក៏​មិនបាន​ញុះ​ញ៉​ង់​ឱ្យមាន​អំពើហិង្សា​អ្វី​ទេ​។ សហភាព​អន្តរ​សភា​ក៏បាន​ច្រានចោល​វីដេអូ​នោះ​។​

​គណៈប្រតិភូ​សភា​កម្ពុជា​បាន​សម្តែង​ការ «​ខក​ចិ​ត្ត‍​» ចំពោះ​សេចក្តីសម្រេច​នោះ​ហើយ​ចោទថា​គណៈកម្មាធិការ​សិទ្ធិមនុស្ស​សហភាព​អន្តរ​សភា​ផ្អែក​ការសម្រេចចិត្ត​របស់​ពួកគេ​«​ហាក់​ពុំបាន​ធ្វើការ​គិតគូ​ពិចារណា​ឱ្យបាន​ម៉ត់ចត់​ឡើយ​»​។​

​សេចក្តីថ្លែងការណ៍​រប​ស់​គណៈប្រតិភូ​កម្ពុជា​ដែល​ចេញ​កាលពី​ថ្ងៃទី​១៨ តុលា នោះ ដែរ បាន​បន្ថែមថា គណៈកម្មាធិការ​បាន​ផ្អែកលើ​ប្រភពព័ត៌មាន​ដែលមាន​លក្ខណៈ​នយោបាយ​ពី​ភាគី​ម្ខាង​ហើយ​«​លាប​ពណ៌​ប្រទេស​កម្ពុជា​ឱ្យ​ខ្មៅ​ង​ងឹ​ត‍​»​។​

​លោក​កឹម សុខា​នៅ​បន្ត​ជាប់ឃុំ​នៅក្នុង​លំនៅដ្ឋាន​នៅឡើយ​ហើយ​ការស្នើសុំ​ជួប​លោក​ដោយ​ប្រតិភូ​សហភាព​អន្តរ​សភា​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​បដិសេធ​ជា​បន្តបន្ទាប់​៕

សម្តេច ហ៊ុន សែន ថ្លែងថា EBA គង់តែ​បាត់បង់​នៅពេល​កម្ពុជា​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ខ្ពស់

​ភ្នំពេញ ៖ សម្តេច ហ៊ុន សែន ថ្លែង​កាលពី​យប់​ថ្ងៃទី​១៩ ខែតុលា នាទី​ក្រុង​ប្រ៊ុ​ច​សែ​ល ថា «EBA គង់តែ​បាត់បង់​ពី​កម្ពុជា នៅពេល​កម្ពុជា​បានក្លាយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ខ្ពស់​» ។ បច្ចុប្បន្ន​សម្តេច​កំពុងធ្វើការ​ជាមួយ​ប្រទេស និង​ស្ថាប័ន​អន្តរជាតិ​ចំនួន​២ ដើម្បី​បន្ត​ផ្តល់​កម្ចី ក្នុង​អត្រា​ការប្រាក់​អនុគ្រោះ​រយៈពេល​១០​ឆ្នាំ និង​មានលទ្ធភាព​សង​រយៈពេល​៤០​ឆ្នាំ​។​

​ការ​ថ្លែង​បែបនេះ បាន​ធ្វើឡើង​ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជាង​១​ពាន់​នាក់ ពី​ប្រទេស​ហុង​គ្រី បារាំង និង​អាល្លឺម៉ង់ កាលពី​យប់​ថ្ងៃទី​១៩ ខែតុលា នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក ។​

​សម្តេច​នាយ​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្តថា សម្តេច​បានធ្វើការ​មួយ​ជំហាន​ជាមួយ​ជប៉ុន និង​ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីឱ្យ​ភាគី​ទាំងនេះ បន្ត​ផ្តល់​អត្រា​ការប្រាក់​អនុគ្រោះ​រយៈពេល​១០​ឆ្នាំ ហើយ​លទ្ធភាព​សង​រយៈ​ពេល​៤០​ឆ្នាំ ។​
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​រូបនេះ​ក៏បាន​អះអាងថា កម្ពុជា​មិនទាន់​បាត់បង់​អ្វី​ទាំងអស់ ចំពោះ​ការអនុគ្រោះ​ពន្ធ​ទំនិញ​ពី​សហភាព​អឺរ៉ុប ។ បញ្ហា​នេះ ត្រូវបាន​គេ​យក​ធ្វើជា​សង្គ្រាមចិត្តសាស្ត្រ​វាយប្រហារ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​បន្តថា កម្ពុជា​នៅមាន​លទ្ធភាព​ខ្ពស់​ក្នុង​ការខ្ចី​ថវិកា​ពី​បរទេស ប៉ុន្តែ​កម្ពុជា​កំណត់ត្រា​កម្ចី​បរទេស​ត្រឹម ២៣​ភាគរយ ប៉ុណ្ណោះ ធៀប​ជាមួយ​ចំណូល​សេដ្ឋកិច្ចជាតិ ពោលគឺ​កម្ពុជា​មានលទ្ធភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​របស់ខ្លួន លើ​បញ្ហា​ផ្សេងៗ​ជាច្រើន មិនមែន​សុទ្ធតែ​ពឹង​លើ​បំណុល​បរទេស​នោះទេ​៕


​ទឹកភ្លៀង​ហូរ​គំហុក​ពី​ភ្នំ​គិរី​រម្យ បណ្តាល​ឲ្យ​បាក់​ទំនប់​មួយ​ខ្សែ​នៅ​ស្រុក​ភ្នំស្រួច

​ខេត្តកំពង់ស្ពឺ ៖ កាលពី​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ នេះ អាជ្ញាធរ​ស្រុក​ភ្នំស្រួច បាន​និយាយ​ឲ្យ​ដឹងថា នៅ​អំឡុង​ម៉ោង ៩​និង​២០​នាទី ព្រឹក​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង នៅលើ​ភ្នំ​គិរី​រម្យ ហើយ​ទឹកបាន​ហូរ​ធ្លាក់ យ៉ាង​កំ​ហុគ​បណ្តាលអោយ​បាក់​ទំនប់​មួយ​ខ្សែ​ចំនួន ១២​ម៉ែត្រ​បណ្តោយ​១២០​ម៉ែត្រ​ស្ថិត នៅ​ចំណុច​ភូមិ​ចំបក់ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​អាជ្ញាធរ​ស្រុក​បាន​បន្តទៀតថា ហើយ​បន្ទាប់ពី​ធ្វើការ​រាយការណ៍​ទៅ​អាជ្ញាធរខេត្ត​ភ្លាមៗ​នោះ​មាន​សេចក្តីរាយការណ៍​បន្ទាន់​ថា មាន​ក្មេងៗ​ដែល​ឃ្វាលគោ នៅ​ទីនោះ​ចំនួន​១០​នាក់ បាន​រត់គេច​ចេញពី​ចំណុចកើតហេតុ ខ្លះ​ឡើងដើមឈើ​តោង​មែកឈើ ប៉ុន្តែ​មិនមាន​គ្រោះថ្នាក់​ក្មេងៗ​ទាំងអស់​នោះឡើយ ហើយ ក្នុងនោះ​ក៏មាន​ភ្ញៀវទេសចរ ជា​ជនបរទេស​ចំនួន​៣​នាក់ ស្រី​២​នាក់​ផងដែរ​នៅក្នុង​ហេតុការណ៍​នោះ តែ​ពេលនេះ​បាន​ត្រឡប់មកវិញ​ដោយ​សុវត្ថិភាព​អស់ហើយ​។​

​ហើយ​ភ្លាមៗ​នោះ​ផងដែរ លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក៏ បាន​បញ្ជា​ឲ្យ​គ្រប់​ជំនាញ ចុះជួយ​បន្ទាន់ ដើម្បី​ស្វែងរក​ក្រុម​ក្មេង​ទាំង​១០​នាក់ ព្រមជាមួយ​ជនបរទេស​ផងដែរ តែ​រសៀល​ថ្ងៃនេះ ពួកគេ​បាន​រួច​ផុតពី​គ្រោះថ្នាក់​វិញ​អស់ហើយ​។​
​ក្រុម​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា ករណី​បាក់​ទំនប់​នេះ មូលហេតុ​ដោយសា​តែ​កាលពី​យប់​មាន​ភ្លៀង​ខ្លាំង ដែលជា​ហេតុ​បណ្តាល​ឲ្យ​ទឹក​ហូរ​ធ្លាក់ចុះ​យ៉ាងគំហុក​មកពី​លើ​ភ្នំ​គិរី​រម្យ ដែល​ទំនប់​មិនអាច​ការពារ​បាន​បណ្តា​ល​ឲ្យ​បាក់​តែម្តងទៅ​។ ពេលនោះ​លោក អភិបាលខេត្ត អភិបាលស្រុក និង​មន្ត្រី​តាម​បណ្តាល​មន្ទីរ​ជុំវិញ​ខេត្ត រួម​ដំណើរ​ផងដែរ​នោះ បាន​ចុះទៅពិនិត្យ និង​ទប់ស្កាត់​ទំនប់​នោះ​ដើម្បី​កុំអោយ​បាក់​បន្តទៅទៀត​៕

​វិស័យ​អចលនទ្រព្យ​ឆ្នាំ​២០១៨ រំពឹងថា កើន​ច្រើនជាង​២០​លាន​ដុល្លារ​

ភ្នំពេញ ៖ បន្ទាប់ពី​ទទួលបាន​ការគាំទ្រ និង​ជោគជ័យ​ទៅលើ​ការ​ព្រឹត្តិការណ៍​តាំងពិព័រណ៍ អចលនទ្រព្យ ចំនួន​2 លើក​រួចមកហើយ​នោះ ក្រុមហ៊ុន​គេហទំព័រ​អចលនទ្រព្យ www.realestate.com.kh ក៏បាន​បើក ពិព័រណ៍​អចលនទ្រព្យ​នេះ​ម្តងទៀត នៅ​ឆ្នាំ ២០១៨ ដោយ​រំពឹងថា ព្រឹត្តិការ​ណ៌​នេះ​នឹង​អាច​ជំរុញ ដល់​ការលក់​អចលនទ្រព្យ បាន​ច្រើនជាង ២០​លាន ដុល្លារ​អាមេរិក​។​

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨ នេះ នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល លោក ថម​ម៉ាស អ៊ូ​ស​អូ​លី​វ៉ាន (Thomas O’s ullivan) នាយក​គ្រប់គ្រង ក្រុមហ៊ុន​គេហទំព័រ​អចលនទ្រព្យ www.realestate.com.kh បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​តាំងពិព័រណ៍​អចលនទ្រព្យ​ដ៏​ធំ​ក្នុង ឆ្នាំ​២០១៨ បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ដោយ​រលូន ដោយមាន​ការចូលរួម​គាំទ្រ​ពី​អ្នកវិនិយោគ​វិស័យ​អចលនទ្រព្យ ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​មកពី​ក្រៅ​ស្រុក​សរុប​ជាង​៥០​ក្រុមហ៊ុន ក្នុងនោះ​មាន​ទាំង​ក្រុមហ៊ុន​វិនិយោគ​វិស័យ​ខុន​ដូ អា​ផាត​មិន និង​បុរី​រួម​ជាមួយនិង​ស្ថាប័ន គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផងដែរ​។

​តាម​ការលើកឡើង​រប​ស់ លោក Thomas O’s ullivan ក៏បាន​រំលឹក​ដែរ​ថា កាលពី​ឆ្នាំ​២០១៧ តាមរយៈ​ព្រឹត្តិការណ៍​នៃ​ការ​តាំងពី​ពិព័រណ៍​អចលនទ្រព្យ​នេះ បណ្តា​ក្រុមហ៊ុន​អចលនទ្រព្យ ដែល​ចូលរួម បានដាក់​តាំង​បង្ហាញ​គម្រោង​វិនិយោគ​របស់ខ្លួន​ដល់​អតិថិជន ដោយ​សកម្មភាព​ទាំង​នោះបាន​ជម្រុញ​ដល់​ការ​លក់បាន​រហូតដល់​ជាង 20 លាន​ដុល្លារ​អាមេរិក​។

​ដោយឡែក សម្រាប់​ព្រឹត្តិការណ៍​ពិព័រណ៍​ប្រចាំឆ្នាំ​២០១៨ នេះ ក៏​រំពឹង​ដែរ​ថា នឹង​ទទួលបាន​ការចាប់អារម្មណ៍ និង​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ ខណៈដែល​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្នកំពុង​តែមាន​ភាព​ពុះកញ្ជ្រោល​យ៉ាងខ្លាំង ជាពិសេស​ការចាប់​អារ​ម្ម​ណ៌​ពី​សំណាក់​ជនជាតិ​បរទេស​ក្នុងនោះ វិនិយោគិន​ចិន ឈរ​នៅ​លំដាប់​កំពូល ។

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​តាំងពិព័រណ៍​អចលនទ្រព្យ​ប្រចាំឆ្នាំ​២០១៨ ដែល​រៀបចំឡើង​ដោយ ក្រុមហ៊ុន​គេហទំព័រ​អចលនទ្រព្យ www.realestate.com.kh ឆ្នាំ​២០១៨ នេះ បានរៀបចំ​ធ្វើ​ចំនួន​២​ថ្ងៃ គឺ​ថ្ងៃទី​១៩-២០ តុលា​នេះ នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល ដែល​អនុញ្ញាតអោយ​សាធារណៈជន​ចូលរួម​ទស្សនា​ដោយ​សេរី​៕

ស្លាប់​៣​នាក់​​ទៀតហើយ ពុល​ស្រាស​ក្នុងពេល​កំដរ​បុណ្យសព​នៅ​ស្រុក​សំបូរ​

​ខេត្តក្រចេះ ៖ គិត​ត្រឹម​រសៀល​ថ្ងៃទី​២០ ខែតុលា នេះ មាន​ប្រជាពលរដ្ឋ​ចំនួន ៦​នាក់​ហើយ បាន​ស្លាប់​ដោយ​ក្នុងនោះ​ប្រជាពលរដ្ឋ​ចំនួន បីនាក់ បាន​ស្លាប់​កាលពី​ថ្ងៃទី​១៩ ខែតុលា និង​ប្រជាពលរដ្ឋ​ចំនួន​បីនាក់​ទៀត បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ នេះ និង​សរុប​ជាង ៧០​នាក់ បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ក្នុងនោះ​បានអនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​មាន​ចំនួន​៤២​នាក់ ដោយ​សារបាន​ធូរស្រាល និង​ជាង​៣០​នាក់​ទៀត នៅ​មិនទាន់​អនុញ្ញាត​ឲ្យ​ចេញ​នៅឡើយ​ទេ​។​

​សមត្ថកិច្ច​បាន​បញ្ចាក់​ថា អ្នកភូមិ​៣​នាក់​ក្នុងនោះ​មាន​ពីរ​នាក់ ប្តី​និង​ប្រព​ន្ឋ រស់​នៅលើ​កោះ​ដុ​ព័រ ក្នុងភូមិ​ជើង ពោត ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ បាន​ស្លាប់​ជា​បន្តបន្ទាប់​មិនអាច​សង្គ្រោះ​ទាន់ និង​អ្នកភូមិ​ជាង ២០​នាក់​ផ្សេងទៀត ក៏បាន​ជួប​អាការ​ធ្ងន់ធ្ងរ និង​កំពុងតែ​ចាត់​បញ្ជូនមក​ស​ង្ក្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត បន្ទាប់ពី​ជនរងគ្រោះ​ទាំងនោះ បាន​ផឹកស្រា ស កំដរ​ក្នុង​ពិធី​បុណ្យសព​មួយ​នៅក្នុង​ភូមិ ។​

​ការផ្ទុះ​បាតុភាព​ពុល​ស្រា ស កំពុងតែ​រី​រាលដាល​ចេញពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ក្នុង​រយៈពេល​ប៉ុន្មាន ថ្ងៃ​ជាប់​គ្នា​នេះ គិត​ត្រឹម​រសៀល​ថ្ងៃទី​២០ ខែតុលា នេះ គឺមាន​ពលរដ្ឋ​ប្រុស​ស្រី រស់នៅ​ក្នុងភូមិ ផ្សេងគ្នា ក្នុងស្រុក​សំបូរ សរុប​ចំនួន​៦​នាក់​ហើយ​ដែល​បាន​ស្លាប់ ដោយ​សង្ស័យ​ពុល​ស្រា ស​។ ចំណែក មន្ទីរជំនាញ​ពាក់​ព័​ន្ឋ នៅ​មិនទាន់​រក​មូលហេតុ​ពិតប្រាកដ​ណាមួយ​បង្ហាញថា ការស្លាប់​របស់​ពលរ​ដ្ឋ​រងគ្រោះ​ទាំងនោះ និង​អ្នកមាន​អា​ការៈពុល​ជាច្រើន​នាក់​ទៀត ដោយសារ​ស្រា ស ឬ​យ៉ាងណា​នោះទេ បានត្រឹមតែ​ដាក់​ការសន្និដ្ឋាន​ក្រៅផ្លូវការ​ទៅលើ​ស្រា ស ប៉ុណ្ណោះ​។​

​សូមជម្រាបថា ប្រៀបធៀប​អា​ការៈពុល​របស់​អ្នកភូមិ​រស់នៅ​លើ​កោះ​ដុ​ព័រ ក្នុងភូមិ​ជើង​ពោត ឃុំ​កោះ​ខ្ញែរ គឺ​មិន​ខុសគ្នា​ទៅនឹង​អា​ការៈពុល​របស់​អ្នកភូមិ រស់នៅក្នុង​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ គឺមាន​អកា​រៈ ណែន​ដើមទ្រូង ស្រវាំងភ្នែក ទន់​ដៃជើង និង​បាន​ស្លាប់​ជា​បន្តបន្ទាប់​ដោយ​មិន​អាចជួយ​សង្គ្រោះបាន​។​

​អធិការរង​នគរបាល​ស្រុក​សំបូរ លោក​វរៈសេនីយ៍ទោ នួន សារិន បានឱ្យដឹងថា កាលពី​ល្ងាច​ថ្ងៃទី ១៩ ខែតុលា កន្លងទៅនេះ ពលរដ្ឋ​ចំនួន ៣​នាក់​ផ្សេងទៀត​បាន​ស្លាប់​ជា​បន្តបន្ទាប់​គ្នា ក្នុងនោះ​មាន​ពីរ​នាក់​ប្តី​ប្រព​ន្ឋ និង​ពលរដ្ឋ​២១​នាក់​ផ្សេងទៀត បាន​រង​អា​ការៈពុល បន្ទាប់ពី​ជនរងគ្រោះ​ទាំងនោះ បានទទួល​ទាន​ស្រា ស ក្នុង​ចូលរួម​កំដរ​ពិធី​បុណ្យសព មួយ​នៅក្នុង​ភូមិ​ខាងលើ​។

​អ្នកភូមិ​ទាំង​៣​នាក់ ដែល​បាន​ស្លាប់​ដោយ​អាជ្ញាធរ​សន្និដ្ឋានថា បណ្តាលមកពី​ពុល​ស្រា ស នោះ ១.​ឈ្មោះ ទូច ម៉ុ​ល ជា​ប្តី អាយុ​៣៦​ឆ្នាំ ២.​ឈ្មោះ រស់ ញៀន អាយុ​៤៦​ឆ្នាំ ជា​ប្រព​ន្ឋ និង​ទី​៣​ឈ្មោះ តឹក ថា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ។ ជនរងគ្រោះ​បាន​ស្លាប់​ពេល​បញ្ជូនមក​សង្គ្រោះ​។​

​ក្រោយ​ការសន្និដ្ឋាន​របស់​អាជ្ញា​ធរ ដែលថា ការស្លាប់​របស់​អ្នកភូមិ​បណ្តាលមកពី​ពុល​ស្រា ស នេះ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក បាន​ចុះទៅពិនិត្យ និង​បាន​ដកហូត​សំណាក​វត្ថុតាង ស្រា ស ជាច្រើន​ប៊ីដុង យកទៅ​រក្សាទុក និង​បានប្រកាស​ផ្សព្វផ្សាយ​មិនឱ្យ​ពលរដ្ឋ​ក្នុងភូមិ​ឱ្យទទួល​ទាន​ស្រា ស បន្តទៀត​នោះទេ​។​
​លោក ឈ្នាង សុ​វុត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ លោក​បាន​បញ្ជាក់ថា តាម​មការ​សន្និដ្ឋាន​បឋម គឺ​ប្រជាពលរដ្ឋ​បានទទួល​ស្រាស​។ ជាមួយគ្នានេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ឈប់​ទទួលទាន​ស្រាស ដើ​ម្បុះ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​៕

​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ប្រណាំងទូក ង ខេត្តបន្ទាយមានជ័យ នៅ​ខែវិច្ឆិកា នេះ​

គណៈកម្មាធិការ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​១៩​ខែតុលា ឆ្នាំ​២០១៨ បាន​បើក​កិច្ចប្រជុំ​ត្រៀមលក្ខណៈ​រៀប​ចំការ​ប្រណាំងទូក​-​ង​ថ្នាក់​ខេត្ត ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ថ្ងៃទី​១៤-១៥​ខែវិច្ឆិកា​ខាងមុខនេះ ។ កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ ឯកឧត្ដម សួន បវរ អភិបាល​នៃ​គណៈ អភិបាលខេត្ត ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ មន្ទីរ​ពាក់ព័ន្ធ អភិបាលក្រុង​-​ស្រុក បាន​ចូលរួម នា​សាលា​ប្រជុំ តូច របស់​សាលាខេត្ត​បន្ទាយមានជ័យ ។​

​ដោយយោង​ទៅតាម​លិខិត​របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ស្តីពី​ការត្រៀម​រៀបចំ​ទូក និង គណៈកម្មការ​គ្រប់​គ្រង់​ទូក​ដើម្បី​ចូលរួម​ប្រណាំង ក្នុងឱកាស​អបអរសាទ​រ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០១៨ ។ ដោយ​ក្នុងនោះ​រដ្ឋបាលខេត្ត បន្ទាយមានជ័យ ក៏​នឹង​រៀបចំ ឲ្យ​មានការ​ប្រណាំងទូក នៅ​ថ្ងៃទី​១៤-១៥ ខែវិច្ឆិកា ខាងមុខ នៅ​បរិវេណ​សាកល​វិទ្យា ល័យ មានជ័យ ខេត្តបន្ទាយមានជ័យ ដែល​ស្ថិតនៅ​ភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ អមដោយ កីឡាប្រដាល់ ការប្រគុំ​តន្ត្រីសម័យ មហោស្រព​ប្រឡង​ចម្រៀង​បុ​រា​ណ្យ​-​សម័យ និង​ការ តាំង​ពិ​ពណ៌​ភូមិ​១ ផលិតផល​១ ដែល​ប្រារព្ធ​ធ្វើ​មុន​ថ្ងៃ​ប្រណាំងទូក​ថ្នាក់ជាតិ​នាពេលខាងមុខ ហើយ សម្រាប់​ឆ្នាំ​២០១៨​នេះ​គឺ​ការរៀបចំ​លក្ខណៈ​ធំ​ជាង​ឆ្នាំ​២០១៧ ដោយមាន​ការរៀបចំ​វេទិការ​យ៉ាង ស្រស់ ស្អាត​មាន​ទីតាំង​ងាយស្រួល​សម្រាប់​បងប្អូន​ដែល​ចូល​រូ​ម​ទស្សនា​មាន​ភាពងាយស្រួល ។​

​ក្នុងឱកាស​នោះ ឯកឧត្តម សួន បវរ ក៏បាន​មានប្រសាសន៍​ជម្រុញ​ឲ្យ គណៈកម្មការ​គ្រប់ គ្រង់ ទូក ទាំងអស់ ត្រូវធ្វើ​ការរៀបចំ​កែលំអ រៀបចំ​តុបតែង​ទូក​របស់ខ្លួន​ឲ្យ​បាន​ស្អាត ហ្វឹកហាត់​ចាប់ពី​ពេល នេះ​តទៅ​ពិសេស​ចំណុះ​ទូក​នីមួយៗ​ត្រូវមាន​ការកំណត់​ចំនួន​ឲ្យ​បានច្បាស់លាស់​ដើម្បី​ត្រៀមលក្ខណៈ ចូលរួម​ប្រកួត​នៅ​ថ្ងៃទី​១៤-១៥ ខែវិច្ឆិកា​ខាងមុខ ដោយ​ចំរាញ​យក​ទូក​ដែលមាន​ចំណាក់​ថ្នាក់​ល្អ ដើម្បី បន្ត​យកទៅ​ប្រកួត​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២១-២៣ ខែវិច្ឆិកា​ខាងមុខនេះ ក្នុងឱកាស​អបអរសាទ​រ ព្រះ​រាជពិធី​អុំទូក អកអំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ ។ ជាមួយគ្នា​នោះ​ឯកឧត្តម​អភិបាលខេត្ត ក៏​ស្នើរ​សុំ​ឲ្យ​កងកម្លាំង​ពាក់ព័ន្ធ​ត្រូវធ្វើ​យ៉ាងណា​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ជូន​ប្រជា​ពល រដ្ឋ ដែល​មកលេង​កំសាន្ត​ឲ្យ​បានល្អ​ប្រសើរ ក្នុង​រយៈពេល​នៃ​ការប្រណាំង​ទូក​នេះ ។

​គូរ​ជម្រាប់​ថា​៖ នាពេល​រាត្រី​នៃ​ការ​ប្រណាំងទូក​-​ង​ខេត្តបន្ទាយមានជ័យ ក៏​មានការ​បណ្តែត ប្រទីប របស់​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត នៅ​មាត់​ស្ទឹង​សិរីសោភ័ណ បរិវេណ​ស្ពានថ្ម​ថ្មី ស្ថិតនៅ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ចាប់ពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ រួម​នឹង មានការ​តាំង​ពិ​ពណ៌​ភូមិ​១ ផលិតផល​១ នា​បរិវេន​សួន​មានជ័យ​ផងដែរ ។ សម្រាប់​ទូក​ដែល​បាន​ចូលរួម​ប្រកួត​មាន​ចំនួន​២២​ទូក​ក្នុងនោះ​រួមមាន​៖ ទូក​ចំណុះ​៦០​នាក់​ឡើង មាន ២​ទូក / ក​ចំណុះ​៤៥​នាក់ មាន​២​ទូក / ទូក​ចំណុះ​២២​នាក់ មាន​១១​ទូក​-​ទូក​ចំណុះ​៥​នាក់ មាន​៥​ទូក និង​ទូក​ចំណុះ​២​នាក់ មាន​២​ទូក ៕

សម្តេច ហ៊ុន សែន ទៅដល់​តួ​ក​គី​ហើយ បន្ទាប់ពី​បញ្ចប់​កិ​ច​ប្រជុំ​កំពូល​នៅ​ប៊ែ​ល​ហ្ស៊ិ​ក​

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា នេះ បាន ទៅកាន់​ទីក្រុង​អី​ស្តា​ន​ប៊ុល សាធារណរដ្ឋ​តួ​ក​គី ហើយ បន្ទាប់ពី​បញ្ចប់​ដំណើរ នៃ​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១២ នៅ​ទីក្រុង​ប្រ៊​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សី​ក ។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​ដំណើរ​ចាក​ចេញពី​អាកាសយាន​អន្តជាតិ អ៊ិ​ច​សេ​គុយ​ជេ​ត (Execujet) ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ក្នុង​ដំណើរ​នៃ​ការអញ្ជើញ​បន្ត​បំពេញ​ទស្សនកិច្ច​ការងារ ទៅកាន់​ទីក្រុង​អី​ស្តា​ន​ប៊ុល សាធារណរដ្ឋ​តួ​ក​គី ជាទី​ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ត្រូវបាន​អញ្ជើញ​ចូលរួម​ក្នុងជំនួប​កំពូល​ទ្វេភាគី ជាមួយ​ឯកឧត្តម រ៉េ​ជីប ថា​យ​យ៉ី​ប អែ​ដូ​ហ្គា​ន (Recep Tayyip Erdogan) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​តួ​ក​គី ឯកឧត្តម ប៊ី​ណា​លី យី​ឌឺ​រី​ម (Binary Yidirim) ប្រធានរដ្ឋសភា និង​ជា​អតីត​នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​តួ​ក​គី​។

​យន្តហោះ​ពិសេស​បានធ្វើការ​ចុះចត​ប្រកបដោយ​សុ​វត្តិភាព នៅ​អាកាសយានដ្ឋាន​អន្តរជាតិ អា​តា​ទួ​ក ទីក្រុង​អី​ស្តា​ន​ប៊ុល កាលពី​វេលា​ម៉ោង ១២ និង ១០​នាទី ម៉ោង​នៅ​ទីក្រុង​អី​ស្តា​ន​ប៊ុល សាធារណរដ្ឋ​តួ​ក​គី ត្រូវ​នឹង​ម៉ោង ១៦​និង​១០​នាទី ម៉ោង​នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​។

​វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់ ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រ៉ា​ក់​ទាក់​បំផុត ពី​ឯកឧត្តម​អភិបាលក្រុង​អី​ស្តា​ន​ប៊ុល ប្រមុខ​យោធា​តួ​ក​គី អគ្គនាយក​នៃ​ក្រសួងការបរទេស​តួ​ក​គី និង​លោកជំទាវ​ឯកអគ្គរាជទូត​តួ​ក​គី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ឯកឧត្តម លោកជំទាវ ជា​ឥស្សរជន​ជាន់ខ្ពស់​រដ្ឋាភិបាល​តួ​ក​គី និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​តួ​ក​គី​ជាច្រើនរូប​ផងដែរ​៕

៩​ខែ​ដើម​ឆ្នាំនេះ កម្ពុជា​ប្រមូល​ពន្ធអាករ​គ្រប់​ប្រភេទ​បាន​ចំនួន ១.៦៩១លាន​ដុល្លារ

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានបញ្ជាក់​នៅ​ថ្ងៃទី​១៨ ខែតុលា នេះ​ថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៨ នេះ បាន​ប្រមូល​ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ​សរុប​ចំនួន ១.៦៩១​លាន​ដុល្លារ កើនឡើង ១៧,៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០១៧​។

​ទំហំ​ប្រាក់​ពន្ធ​ដែល​ប្រមូលបាន ១.៦៩១​លាន​ដុល្លារ នេះ គឺ​ស្មើនឹង​ជិត ៨៨​ភាគរយ នៃ​ផែនការ​ប្រមូល​ពន្ធអាក​រ​ប្រចាំ​ឆ្នាំនេះ​។ ដោយឡែក ចំពោះ​ខែកញ្ញា នេះ រដ្ឋាភិបាល​រក​ចំណូល​ពន្ធ​បាន​ចំនួន ១៨៨ លាន​ដុល្លារ កើនឡើង ៤២​ភាគរយ​នៃ​ផែនការ​។​

​សួ​មេំ​លឹក​ថា កាលពី​ឆ្នាំ​២០១៧ កន្លងទៅ ការប្រមូល​ចំណូល​ពន្ធអាករ​សម្រេច​បាន ១.៩៣៨​លាន​ដុល្លារ​អាមេរិក កើនឡើង ៣០​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦៕

ក្រសួង​ប្រកាស​ស៊ើបអង្កេត​ករណី ទាសភាព​ដោយ​ការចង​បំណុល នៅតាម​សិប្បកម្មឡឥដ្ឋ​

​ភ្នំពេញ ៖ ក្រសួង​ការងារ នឹង​ចុះទៅ​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ករណី​«​ទាសភាព​សម័យ​ទំនើប​»​នៅតាម សិប្បកម្ម​ឡឥដ្ឋ តាមរយៈ​ការចង​ដោយ​បំណុល ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​ពី​សកល​វិទ្យាល័យ Royal Holloway មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​។​

​នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បន្ទាប់ពី​មាន​របាយការណ៍​មួយ​របស់​ក្រុម​អ្នកស្រាវជ្រាវ​នេះ មាន​ចំណងជើង​ថា​«​ឥដ្ឋ​ឈាម​» ដោយបាន​បង្ហាញថា ភាព​រីកចម្រើន​ខ្លាំង​នៃ​វិស័យ​សំណង់​របស់​ប្រទេស​កម្ពុជា បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ជាច្រើន​គ្រួសារ ធ្លាក់ចូល​ទៅក្នុង​ទាសភាព​សម័យ​ទំនើប​ក្នុង​សិប្បកម្ម ឡឥដ្ឋ តាមរយៈ​ការចង​ដោយ​បំណុល​។​

លោក រដ្ឋមន្ត្រី អ៊ិត សំហេង បាន​បញ្ជាក់ថា កាលពី​សប្តាហ៍​មុន ក្រសួង​ការងារ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ព្រមាន​ផាកពិន័យ និង​ចាត់វិធានការ​តឹងរ៉ឹង​តាមផ្លូវ​ច្បាប់ ចំពោះ​ការប្រើប្រាស់​ពលកម្ម​កុមារ​នៅក្នុង​ឧស្សាហកម្ម​ឡឥដ្ឋ និង​ទម្រង់​កេងប្រវ័ញ្ច​ដទៃៗ​ទៀត​ជាមួយនឹង​ការចង​ដោយ​បំណុល​។

​លោក ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក បាន​ថ្លែងថា «​ការដែល​ក្រសួង​ការងារ​ចាប់​ផ្តើមធ្វើ​នេះ វា​ហាក់ដូចជា​គាត់​ទើបតែ​ភ្ញាក់ពីដេក ហើយ​យើង​គិតថា​វា​គួរ​ឲ្យ​សោកស្តាយ​កន្លង បើ​រាជរដ្ឋាភិបាល​និង​ក្រសួង​យកចិត្តទុកដាក់​តាំងពី​ដើម​មក​ពលរដ្ឋ​កម្ពុជា​អាច​នឹង​មិនមាន​ភាពរ​ង​គ្រោះ​ដោយសារតែ​រឿងនេះ​»​។​

​លោក​ថា ការពិត​ក្រសួង​ត្រូវ​ស៊ើបអង្កេត​តាំងពី​យូរ​មកហើយ បន្ទាប់ពី​សង្គម​ស៊ីវិល​បានធ្វើ​របាយការណ៍​ជា​បន្តបន្ទាប់​អំពី​បញ្ហា​នៅ​ឡឥដ្ឋ ដែល​បាន​បង្ក​គ្រោះថ្នាក់​ដល់​កុមារ និង​កម្មករ​៕

ពុល​ស្រាស​ទៀតហើយ​នៅ​ស្រុក​សំបូរ ស្លាប់​៣​នាក់ និង​ជាង​៣០​នាក់​​កំពុង​សង្គ្រោះ​

​ខេត្តក្រចេះ ៖ នៅ​ព្រលប់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ មាន​ករី​ពុល​ស្រា ស បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​៣ នាក់ បាន​ស្លាប់​ភ្លាមៗ និង​ជាង​៣០​នាក់​ផ្សេងទៀត ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ជា​បន្តបន្ទាប់​។

​សមត្ថកិច្ច​ឲ្យ​ដឹងថា ករណីនេះ​កើតឡើង​នៅ​ភូមិ​ដំ​រ៉ែ ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្តក្រចេះ ក្រោយ​ពេលដែល​ពលរដ្ឋ​រស់នៅ​ភូមិ​ខាងលើ​បាន​សម្រាក​ពី​ការ​ច្រូតស្រូវ​រួច ហើយ​នាំគ្នា​ហូបចុក និង​ផឹកស្រា ស ។​ក្នុងចំណោម​អ្នកស្លាប់​៣​នាក់ មាន​បុរស​២​នាក់ និង​ស្ត្រី​ម្នាក់ ដោយបាន​ដាច់ខ្យល់ ស្លាប់​ក្នុង​សភាព ណែន​ដើមទ្រូង ថប់ដង្ហើម និង​បាន​ដាច់ខ្យល់​ស្លាប់​ជា​បន្តបន្ទាប់ ក្រោយពី​នាំទៅ សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​ខេត្ត​។​

​សមត្ថកិច្ច​បញ្ជាក់ថា ហេតុការណ៍​ដែល​សង្ស័យ​ពុល​ស្រា ស នេះ អាជ្ញាធរ​ក៏បាន​ឃាត់ខ្លួន​ម្ចាស់ ទី តាំង​ផលិត​ស្រា ស មួយកន្លែង​នៅក្នុង​ភូមិ​នោះ​ដើម្បី​សាកសួរ ប៉ុន្តែ​មិនទាន់មាន​របាយការណ៍ ជាក់ លាក់​នៅឡើយ​ទេ​៕

ក្មេងប្រុស​អាយុ​ជាង​១​ខួប ប្រកាច់​ស្លាប់ក្រោយពេល​ហូប​នំ​កញ្ចប់ និង​​ផឹកទឹកក្រូច​ដប​ជ័រ

​ព្រះវិហារ ៖ ក្មេងប្រុស​ម្នាក់​មាន​អាយុ ១​ខួប​កន្លះ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ក្រោយពេល​ហូប​នំ កញ្ចប់ រួច​ផឹកទឹក​ក្រូច​ដប​ជ័រ​អស់​១​ដប ហើយ​រត់​លេង​បាន​ប្រមាណ​៣០​នាទី ក៏​កើតមាន​អាកា​រៈ ទន់​ដៃ ទន់​ជើង ដួល​ប្រកាច់​បែកពពុះមាត់ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ មិនអាច​ជួយ​ទាន់​សង្គ្រោះបាន បាន​ស្លាប់បាត់​ជីវិត កាលពី​រសៀល ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​។

ក្មេងរងគ្រោះ​ឈ្មោះ ហៃ វ៉ាន់​ឆាយ ភេទ​ប្រុស អាយុ​១៨​ខែ រស់នៅ​ភូមិ​ស្រយង់ជើង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ ។

​ម្តាយ​ក្មេងរងគ្រោះ​បាន​ប្រាប់ថា កូន​របស់គាត់​បាន​ហូប​នំ​កញ្ចប់​ម៉ាក cookie crème ប្រភេទ សូកូឡា​អស់​៤​កញ្ចប់ និង​ផឹកទឹក​ក្រូច​ដប​ជ័រ ម៉ាក sanumpueng អស់​១​ដប ហូប​រួច​វា​បាន​រត់​លេង​ប្រហែល​៣០​នាទី​ក្រោយមក ស្រាប់តែ​បែកពពុះមាត់​ទន់​ខ្លួន ក៏​នាំយកទៅ​ម​ណ្ឌ​លុខ​ភាព​កោះ​កេរ តែ​កូន​គាត់​បាន​ស្លាប់​តាមផ្លូវ មុនពេល​ទៅដល់​មន្ទីរ​ពេទ្យ​ទៅទៀត​។​

​ក្រោយពេល​កើតមាន​ករណីនេះ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែង និង​បាន​ត្រួតពិនិត្យ ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ និង​ប្រគល់​សាកសព​ជូន​អាណាព្យាបាល​ដើម្បី​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​៕

ក្មេងស្រីក្នុងគ្រួសារក្រីក្រ២នាក់ ត្រូវគេសម្លាប់ញាត់ដាក់ក្នុងហឹបឈើ

ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រី២នាក់ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងផ្ទះឈើមួយកន្លែង នៅភូមិថ្មី ឃុំផ្សា ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នំាង កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នេះ។

នគរបាលមូលដ្ឋានបានអោយដឹងថា ក្មេងស្រីទាំង២នាក់ មានឪពុកឈ្មោះ ប្រាក់ ជា អាយុ៣៤ឆ្នាំ ទៅធ្វើការនៅប្រទេសថៃ កាលពី៣-៤ថ្ងៃ មុនពេលកើតហេតុ ចំណែកម្តាយឈ្មោះ ជន នីតា អាយុ៣៤ឆ្នាំ ទៅធ្វើការនៅភ្នំពេញ ទុកកូននៅតែ២នាក់ ដោយផ្ញើ មីង មា នៅជិតខាង អោយជួយមើលថែទាំ។ នៅពេលកើតហេតុ ដោយបាត់ក្មេងស្រីទាំង២ ឪពុកមារបស់ក្មេងស្រី ឈ្មោះ ភី វុទ្ឋី ក៍តាមដើររក ហើយស្រាប់តែប្រទះឃើញក្មេងរងគ្រោះទំាងពីរនាក់ស្លាប់ក្នុងហឹបឈើមួយនៅលើផ្ទះ។ សមត្ថកិច្ចសង្ស័យថា ជាករណី រំលោភហើយសម្លាប់បំបិទមាត់។

ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីស្វែងរកឃាតក រីឯសាកសពបានប្រគល់ឲ្យសាច់ញាតិរៀបចំធ្វើពិធីបុណ្យតាមគន្លងប្រពៃណីសាសនា៕

សម្តេច ហ៊ុន សែន ៖ មិនចង់ឃើញសហភាពអឺរ៉ុបប្រព្រឹត្ត កំហុសជាលើកទី៣ ទេ

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានថ្លែងក្នុងជំនួបជាមួយក្រុមធុរកិច្ច អាស៊ាន- សហភាពអឺរ៉ុប នៅទីក្រុងប៊្រុចស៊ែល ប្រទេសប៊ែលហ្ស៊ិក ថា«សម្តេច មិនចង់ឃើញ ប្រទេសប្រជា ធិបតេយ្យនៅអឺរ៉ុប ដែលប្រព្រឹត្តនូវកំហុសជាលើកទី៣ ពោលគឺកំហុសលើក ទី១ ប្រទេសប្រជាធិប តេយ្យ នៅអឺរ៉ុប បានគាំទ្រនូវរដ្ឋប្រហារយោធាក្នុងប្រទេសកម្ពុជាកាលពីទស វត្ស ៧០។កំហុសទី២ គាំទ្រដល់របបខ្មែរក្រហមជាង ១ទសវត្ស ពិសេសគាំទ្រខ្មែរក្រហមនៅអង្គការ សហប្រជាជាតិ និង កំហុសទី៣ បើទោះបីជាស្ថិតក្នុងដំណាក់កាលពិភាក្សាលើសេចក្តីថ្លែងការណ៍ឬក្លាយទៅជាការពិតនោះ វានឹងក្លាយទៅជាកំហុសទី៣ របស់ប្រទេសប្រជាធិបតេយ្យនៅសហភាពអឺរ៉ុបសម្រាប់កម្ពុជា។

សម្តេចតេជោក៏បានស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន អឺរ៉ុប ស្តីពីសភាពការណ៍ពិតរបស់កម្ពុជា និងបានចាត់ទុកសេចក្តីថ្លែងការណ៍នោះថា មានលក្ខណៈត្រឹមត្រូវដែលក្រុមប្រឹក្សាអឺរ៉ុប ត្រូវតែស្តាប់នូវសម្លេងពីក្រុមធុរកិច្ច និងក្រុមសង្គមស៊ីវិល ជាដើម៕

ឃាត់ខ្លួន​ស្ត្រី​២​នាក់ ករណី​នាំ​គ្រឿងញៀន​ជិត ១​គ​.​ក្រ​. ឆ្លងដែន​ទៅ​អូស្ត្រាលី

​ ​ភ្នំពេញ ៖ សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចុះបង្ក្រាប​ឃាត់ខ្លួន​ស្ត្រី​២​នាក់ ខណៈ​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់ ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​អូស្ត្រាលី នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ផ្ញើ​បញ្ញើ នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ ទី​១៥ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៦​និង​៥០​នាទី ។​

ជនសង្ស័យ​ទី ១/ ឈ្មោះ ចាន់ ដា​រ៉ា ភេទ​ស្រី ឆ្នាំ​កំណើត​១៩៩១ ជា​ជនជាតិខ្មែរ ទី​២ ឈ្មោះ TAM HIU TING ភេទ​ស្រី ឆ្នាំ​កំណើត ១៩៦៣ ជា​ជនជាតិ​វៀតណាម សញ្ជាតិ​ចិន​កុង​កុង ។ ចាប់បាន​យក​វត្ថុតាង មាន​គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៩៦១,៩០​ក្រាម ដែល​លាក់​បង្កប់​ក្នុង​ជញ្ជាំង​កេស​ក្រដាស ៕