All posts by មេគង្គ ប៉ុស្តិ៍

ទៅ​ឆក់​ត្រី បែរជា​ឆក់​ខ្លួនឯង​ស្លាប់ នៅ​ស្រុក​បាធាយ​

​កំពង់ចាម ៖ បុរស​ម្នាក់​បាន​ដេកស្លាប់​កើយ​លើ​ភ្លឺស្រែ​ក្បែរ​ភូមិ បន្ទាប់ពី​ចេញ​បាត់​ពី​ផ្ទះ​ទៅ​ឆក់​ត្រី​។ សមត្ថកិច្ច​អះអាងថា ការស្លាប់​នេះ អាច​បណ្តាលមកពី​បុរស​នោះ ខ្វះ​ការប្រុងប្រយ័ត្ន នាំ​ឲ្យ​ឆក់​ខ្លួនឯង​ស្លាប់​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី 07-8-2018 វេលា​ម៉ោង 8,00​នាទី​ព្រឹក នៅ​ចំណុច​វាល​ខាងត្បូង​ភូមិ​កំ​ប៉ាល ឃុំ​សណ្តែក ស្រុក​បាធាយ ចំងាយ​500 ម​. បាន​ប្រទះឃើញ​សាកសព​បុរស​ខាងលើ ដេកស្លាប់​គង​លើ​ភ្លឺស្រែ​មានទឹក​ដោយមាន​ឧបករណ៍​ឆក់​ត្រី​មួយ​សំរាប់​នៅជាប់​នឹង​ខ្លួន ។

​ប្រភព​ដដែល​បន្តថា ជនរងគ្រោះ​ឈ្មោះ ចែម រិ​ទ្ធ អាយុ​38​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កំ​ប៉ាល ឃុំ​សណ្តែក ស្រុក​បាធាយ បាន​ចេញពីផ្ទះ​បំណង​ទៅ​ឆក់​ត្រី​នៅតាម​វាលស្រែ កាលពី​យប់​ថ្ងៃទី​06-8-2018 នៅ​ចំណុចកើតហេតុ​ខាងលើ ហើយក៍​ត្រូវ​ឧបករណ៍​ឆក់​ត្រី​ឆក់​ខ្លួនឯង​ស្លាប់​តែម្តង​។​

ការពិនិត្យ​សាកសព ផ្នែក​ក្បាល ក ដងខ្លួន និង​អវៈយវៈ ពុំមាន​ស្លាកស្នាម ដែល​គួរ​ឲ្យ​សង្ស័យ​លើ​ករណី​ឃាតកម្ម​នោះឡើយ ប៉ុន្តែ​នៅលើ​បាត ដៃ​ខាងស្តាំ មាន​ស្នាម​ខ្លោច ដែល​អាចសន្និដ្ឋាន ថា​ឈ្មោះ ចែម រិ​ទ្ធ គឺ​ពិតជា​ស្លាប់ ដោយសារ​ឧបករណ៍​ឆក់​ត្រី​របស់​ខ្លួនឯង​ឆក់​ឆេះ​ខ្លោច​បាតដៃ​ប្រាកដ​មែន​។ ក្រោយពី​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​រួចមក សមត្ថកិច្ច​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ដើម្បី​យកមក​ធ្វើបុណ្យ​នៅឯ​គេហដ្ឋាន តាម​គន្លង​ប្រពៃណី​៕ ប​.​សុផល​

ស្រុក​ចំនួន​៤​នៅ​ខេត្តព្រៃវែង​កំពុង​ជួប​គ្រោះរាំងស្ងួត​

​ភ្នំពេញ ៖ គណៈកម្មការ​គ្រោះមហន្តរាយ​ខេត្តព្រៃវែង បានបង្ហាញ​ឲ្យ​ដឹង​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨ នេះ​ថា គិត​មកដល់​ត្រឹម​ដើមខែ​សីហា​នេះ ទឹកជំនន់​បាន​បង្ក​ផលប៉ះពាល់​ទៅលើ​ស្រុក​ចំនួន​៦​ក្នុង​ខេត្តព្រៃវែង ដែល​ធ្វើឱ្យ​ផ្លូវ សាលារៀន ផ្ទះសម្បែង​  និងស្រុក​ចំនួន​៤ ក្នុងខេត្តនេះ កំពុង​ជួបប្រទះ​គ្រោះរាំងស្ងួត ធ្វើ​ឲ្យ​ស្រែ​ស្រូវ​របស់​ប្រជាកសិករ សរុប​ចំនួន​១២.៥៧៣​ហិកតា ប្រឈម​នឹង​ការ​ស្វិត​ងាប់ ដោយសារ​ខ្វះ​ទឹក​។​

​ក្នុងស្រុក​ចំនួន​៤ នៅ​ខេត្តព្រៃវែង ដែល​កំពុង​រងគ្រោះ​នោះ​មាន គឺ​ស្រុក​កំពង់ត្របែក ស្រុក​ស្វាយ​អ​ន្ទ​រ ស្រុក​ព្រះស្តេច និង​ស្រុក​បាភ្នំ​។​

ចំណែក​ស្រុក​ដែល​រង​ផល​ប៉​​ពាល់​ដោយ​ទឹកជំនន់​រួមមាន ៖

-​ ​ស្រុក​ពាម​រក៍ ប៉ះពាល់​ចំនួន ៨​ឃុំ​
-​ ​ស្រុក​ស៊ីធរ​កណ្តាល ប៉ះពាល់ ១០​ឃុំ​
-​ ​ស្រុក​ព្រះស្តេច ប៉ះពាល់ ១​ឃុំ​
-​ ​ស្រុក​កំចាយមារ ប៉ះពាល់ ៤​ឃុំ​
-​ ​ស្រុក​ពារាំង ប៉ះពាល់ ៥​ឃុំ និង​
-​ ​ស្រុក​ពោ​ធ៌​រៀង ប៉ះពាល់ ៤​ឃុំ​
​ក្នុងនោះ ទឹកបាន​លិច​ចូល​ក្រោមផ្ទះ​អ្នកស្រុក​ចំនួន ៤៥៨​ខ្នង ប៉ះពាល់​ផ្លូវ​ប្រវែង ២៨៥៦៦​ម៉ែត្រ លិច​ចូល​សាលារៀន​ចំនួន ១១​កន្លែង មណ្ឌល​សុខភាព ១​កន្លែង វត្ត ១​កន្លែង និង​ប៉ះពាល់​ស្រូវ​ចំនួន​៦៧១៣៥​ហិកតា រួមជាមួយ​ដំណាំ​ផ្សេងៗ​ចំនួន​១៧​ហិកតា​។​
​បច្ចុប្បន្ននេះ​អាជ្ញាធរខេត្ត បាន​សហការ​ជាមួយ​អង្គភាព​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ចុះជួយ​អន្តរាគមន៍​បូមទឹក​ជួយសង្គ្រោះ​ស្រូវ​ទាំងអស់នោះ​ជា​បណ្ដើៗ​៕

ទារ​សំណង​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មិនបាន បាញ់​បុរស​ម្លា​ក់​ស្លាប់

​បាត់ដំបង ៖ បុរស​ម្នាក់​បាន​ស្លាប់​ក្នុងចំណោម​គ្នា​បីនាក់ ដោយសារ​ទាស់​ពាក្យសំដី​ក្នុង​គ្រោះ ថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ដឹក​ទឹកកក និង​រថយន្ត​ហា​លេន​ឌ័​រ ហើយ​ត្រូវ​ភាគី​រថយន្ត ហា​លេន ឌ័​រ ដក​កាំភ្លើង​បាញ់សម្លាប់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង​។​

​សាក្សី​ឲ្យ​ដឹងថា ករណី​បាញ់សម្លាប់​នេះ ដោយសារ​ភាគី​ទាំងពីរ​មានទំនាស់​ពាក្យសម្ដី រឿង​ប៉ះពារ​ខូចខាត​រថយន្ត ហើយ​ភាគី​ជនដៃដល់​បាន​ទារ​សំណង​ថ្លៃ​ខូច​រថយន្ត តែ​ជនរងគ្រោះ ខាង​រថយន្ត​ដឹក​ទឹកកក​ប្រកែក​មិន​សង ទើប​ជនដៃដល់​បាន​ទាញ​កាំភ្លើងខ្លី បាញ់​អ្នក​បើកឡាន​ដឹក​ទឹកកក​ស្លាប់​ម្នាក់​។ រហូតមកដល់​ថ្ងៃទី​៧ ខែសីហា នេះ សមត្ថកិច្ច​មិនទាន់​ចាប់បាន​ឃាតក​ដៃដល់ ដែលមាន​គ្នីគ្នា​២​នាក់​នោះ នៅឡើយ​ទេ​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ២២ នៅ​ចំណុច​វាល​អន្ទង់ស ភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ មាន​ករណី​មនុស្សឃាត​មួយ បង្កដោយ​ជនសង្ស័យ​ចំនួន ២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ បើករថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ មិន​ចាំ​ស្លាក​លេខ ១​គ្រឿង មក​ឈប់​មុខ​រថយន្ត​ដឹក​ទឹកកក ១​គ្រឿង​។​ដោយសារ​រថយន្ត​ទាំងពីរ​បាន​បុក​ប៉ះទង្គិច​គ្នា ហើយ​ការជជែក​ដោះស្រាយ​មិន​ចុះសម្រុង ក៏បាន​បង្ក​ជា​អំពើហិង្សា​ដោយ​អាវុធ និង​បណ្ត​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅនឹងកន្លែង​តែម្តង​។​

​លោក​វរសេនីយ៍ឯក ប៉ាន់ វ៉ាន់​នី អធិការនគរបាល​ស្រុក​បាណន់ បាន​ឲ្យ​ដឹងថា ភាគី​ជនរងគ្រោះ​មាន​គ្នា ៣​នាក់ ជិះ​រថយន្ត​ដឹក​ទឹកកក គឺ​ទី​១.​ឈ្មោះ ពេជ្រ ភិ​សា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជា​អ្នកបើកបរ (​ស្លាប់​) ទី​២.​ឈ្មោះ ហេង ឡិច ភេទ​ប្រុស អាយុ ២០​ឆ្នាំ និង​៣.​ឈ្មោះ ប៊ូ ច​ន្ធី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​។ អ្នក​ទាំងបី​មាន​ទីលំនៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់​។​​ចំណែក​ភាគី​ជនសង្ស័យ​បាន​ប្រើ​កាំភ្លើងខ្លី បាញ់​សំដៅ​ជនរងគ្រោះ​ដែល​កំពុង​អង្គុយ នៅលើ​ឡាន បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់ នៅតាម​ផ្លូវ​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​លោក​វរសេនីយ៍ឯក បានបញ្ជាក់​ទៀតថា មូលហេតុ​នៃ​ករណីនេះ គឺ​បណ្តាលមកពី​ភាគី​ទាំង​ពីរបាន​ទាស់​ពាក្យសម្ដី​នឹង​គ្នា ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ បើករថយន្ត​ប៉ះគ្នា ហើយ​ជនសង្ស័យ​ភាគី​រថយន្ត​ហា​លេន​ឌ័​រ ជំរុញ​ឲ្យ​ភាគី​រថយន្ត​ដឹក​ទឹកកក សង​ថ្លៃ​ខូចខាត តែ​ត្រូវ​ជនរងគ្រោះ​ប្រកែក​មិន​ព្រម​សង ដោយ​ទាមទារ​យក​ត្រូវ​រៀងៗ​ខ្លួន ធ្វើ​ឲ្យ​ភាគី​រថយន្ត​ហា​លេន​ឌ័​រ ខឹងសម្បារ​ក៏​ទាញ​កាំភ្លើង​បាញ់​សំដៅលើ​ជនរងគ្រោះ​តែម្តង​។ បន្ទាប់ពី​បាញ់​រួច ជនសង្ស័យ បាន​បើករថយន្ត​គេចខ្លួនបាត់​។​

​ករណីនេះ សមត្ថកិច្ច​ជំនាញ កំពុង​ត្រួតពិនិត្យ​កន្លែងកើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​ជនសង្ស័យ ដើម្បី​នាំមក​ចាត់​ការបន្ត​តាម​នីតិវិធី​៕ សុផល​

ជនបរទេស​២​នាក់​ត្រូវ​ចោរឆក់​ខ្សែករ​មិនបាន​សម្រេច​នៅ​ទឹក​នៅ​ខណ្ឌចំការមន​

​ភ្នំពេញ​៖ នៅពេល​អាហារ​ថ្ងៃត្រង់​រួម​សមត្ថកិច្ច​កំពុងតែ​លង់លក់​នឹង​ដំណេក ក្រុម​ដៃ​ស្អិត​បាន​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​ចេញ​ឆក់​ខ្សែករ​ជនជាតិ​បរទេស​២​នាក់​តែ​មិនបាន​សម្រេច ហេតុការណ៍​នេះ​បាន​បង្កអោយមាន​ការណ៍​ផ្អើល​ឆោ​រ​ឡោ កាលពី​វេលា​ម៉ោង​1​និង​៤៥​នាទី​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៦៣​កែង​នឹង​ផ្លូវ​៩២៩​ទល់មុខ​សកល​វិ​ទ្យ​ល័យ​ធនធានមនុស្ស ដែល​ស្ថិតក្នុង​សង្កាត់​អូ​ឡាំ​ពិ​ច ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

​ជនបរទេស​ដែល​ត្រូវ​ក្រុម​ដៃ​ស្អិត​ធ្វើ​សកម្មភាព​ឆក់​ខ្សែក​នោះ​មាន​គ្នា​២​នាក់ (​ប្តី​ប្រពន្ធ​) ខ្សែ​កមាស​។ ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង​មិន​ចាំ​ម៉ាក​។

​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយដឹងថា មុនពេល​កើតហេតុ ជនបរទេស​ប្រុស​ស្រី​ទាំង​២​នាក់​បានធ្វើ​ដំណើរ​ចេញពី​ហាង​លក់​អីវ៉ាន់​មួយកន្លែង ពេលដែល​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ ម្នាក់​ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​ធ្វើ​ស​កមម​ភាព​ឆក់​ខ្សែករ​នោះ​ដាច់​ធ្លាក់​ជ្រុះ តែ​មិនបាន​សម្រេច​ទេ ទើប​ព្យាយាម​ជិះ​រត់គេចខ្លួន ទាំង​២​ម៉ូតូ​បាត់ស្រមោល​។

​នៅពេល​មាន​ហេតុការណ៍​នេះ​ប្រជាពលរដ្ឋ​មិនបាន​ឃើញ​វត្តមាន​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ចំណុច​នេះ​ទេ ។​

​សូម​បញ្ចា​ក់ថា រាល់ពេល​ដែលមាន​ករ​ណី ឆក់ ប្លន់ លួច មិនដែល​ឃើញ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​អូ​ឡាំ​ពិ​ច​ចាប់បាន​ម្តងណា​ទេ ឃើញតែ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់អោយ​សមត្ថកិច្ច ដើម្បីអោយ​យក​ស្នាដៃ​តែ​ប៉ុន​ណ្ណោះ​។

​ក្រោយពេល​កើតហេតុ ជនបរទេស​ទាំង​២​នាក់​ប្តី​ប្រពន្ធ​មិនបាន​ទៅ​ដាក់​ពាក្យបណ្តឹង​ទេ គឺ​បាន​យក​ខ្សែក​ទៅវិញ រួច​បន្តដំណើរ​ទៅមុខទៀត​ទាំង​ទឹកមុខ​ភ័យខ្លាច​៕​

ឪពុក​ក្មេងស្រី​នៅតែ​ថា កូនស្រី​គាត់​ត្រូវគេ​ចាប់​បង្ខាំង តែ​សមត្ថកិច្ច​ថា គ្មាន​

​ភ្នំពេញ ៖ ក្រោយពេល​លេច​ឭ​ពត៍​មាន​ផ្សព្វផ្សាយ​ថា​មាន​ករណី​ជន​មិន​ស្គាល់មុខ​មួយក្រុម​បាន​ចាប់​យុវតី​សិស្ស​វិទ្យា​ល​យ័​ទួល​អំពិល​កាលពី​រសៀល​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៨​ស្ថិតនៅ​ផ្លូវ​៥០​ម៉ែត្រ​ភូមិ​ពាម​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​ដែល​បាន​អះអាង​ពី​ឪពុក​បង្កើត​របស់​យុវតី​រងគ្រោះ​ខាងលើ​តាម​ការរៀបរាប់​ពី​កូនស្រី​របស់គាត់​។​
​បន្ទាប់ពី​ទទួលបាន​ពត៍​មាន​ថា​មាន​ករណី​ចាប់​បង្ខាំង​ក្មេងស្រី​ជាង​១០​នាក់​យកទៅ​លាក់ទុក​ក្នុងផ្ទះ​មួយកន្លែង​នៅ​ខណ្ឌចំការមន
​ក្រសួងមហាផ្ទៃ​សហការ​ណ៏​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​និង​កម្លាំង​អាវុធហត្ថ​បាន​បើក​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត​

​និង​បាន​ប្រមូល​ពាក្យបណ្តឹង​តាម​បណ្តា​ប៉ុស្តិនគរបាល​រដ្ឋបាល​ទាំង​២៥​ខេត្ត​ក្រុង​ពុំមាន​បានទទួល​បណ្តឹង​ពី​អ​ណា​ព្យាបាល​ក្មេងស្រី​១០​នាក់​ផ្សេងទៀត​ដែល​បាន​បាត់​កូន​របស់ខ្លួន​នោះទេ​ដូច្នេះ​ការនិយាយ​របស់​យុវតី​ស៊ុម​ណាវិន​ដែលថា​មាន​យុវតី​ជាង​១០​នាក់​ដែល​ជន​មិន​ស្គាល់មុខ​បង្ខាំង​ទុក​យកទៅលក់​នោះ​ដូចជា​រៀង​ប្រឌិត​ដើម្បី​ឆ្លើយ​យករួចខ្លួន​ពី​ឪពុកម្តាយ​របស់​នាង​ដែល​ខ្លួន​បាន​បាត់​ពី​ផ្ទះ​អស់​រយះពេល​៣​ថ្ងៃ​ក្រែង​ឪពុកម្តាយ​រករឿង​ទើប​នាង​ឆ្លើយ​ដូច្នេះ​។​

​តែ​ទោះជា​យ៉ាងណា​ឪពុក​យុវតី​ខាងលើ​នោះ​នៅតែ​អះអាងថា​កូន​គាត់​ត្រូវគេ​ចាប់​ញាត់​ចូល​រថយន្ត​ដឹក​យកទៅ​បង្ខាំង​ទុក​ជាមួយ​ក្មេងស្រី​១០​នាក់​ផ្សេង​ទៀតហើយ​នៅ​ព្រឹក​មិញ​នេះ​រូបគាត់​ក៏បាន​នាំ​សមត្ថកិច្ច​ទៅ​ចង្អុល​ចំនុច​ដែល​ពួក​ជនសង្ស័យ​ចាប់​កូន​របស់គាត់​។​

​ទោះជា​យ៉ាងណា​ថា​រឿងនេះ​ជាការ​ពិត​ឬ​ជាការ​ប្រឌិត​នោះ​សមត្ថកិច្ច​នៅតែ​បន្ត​រការ​ស្រាវ​រងចាំ​យុវតី​ខាងលើ​ចេញពី​មន្ទីរពេទ្យ​សិន​ដោយសារតែ​ពេលនេះ​នាង​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រោះ​អាកា​រះ​របស់​យុវតី​រងគ្រោះ​នេះ​ពុំទាន់​បាន​ធូ​ស្បើយ​នៅឡើយ​នោះទេ​។​

ការនាំចេញ​អង្ករ​របស់​កម្ពុជា បន្ត​ធ្លាក់ចុះ​៦​ភាគរយ រយៈពេល​៧​ខែ​ដើម​ឆ្នាំនេះ​

​ភ្នំពេញ ៖ តាម​ទិន្នន័យ​ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០១៨ ការនាំចេញ​អង្ករ​របស់​កម្ពុជា នៅតែ​បន្ត​ធ្លាក់ចុះ​ជាង​៦​ភាគរយ
​ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន និង​កំពុង​ប្រឹងប្រែង​ជំរុញ​ផលិតភាព​ដើម្បី​ធានា​តម្លៃ​ស្រូវ​អង្ករ តាមរយៈ​ការត្រៀម​កញ្ចប់​ថវិកា​ប្រមាណ​៥០​លាន​ដុល្លារ​អាមេរិក​ក្នុងឆ្នាំនេះ រួម​និង​ការបង្កើត​ឃ្លាំង​ស្តុក​ស្រូវ​អង្ករ​យ៉ាងណាក្តី​។​

​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ បានបង្ហាញ​របាយការណ៍​ថា ការនាំចេញ​អង្ករ​របស់​កម្ពុជា នៅក្នុង​ខែ​កក្ត​ដា ឆ្នាំ​២០១៨ កន្លងទៅនេះ មាន​ចំនួន ២​ម៉ឺន​៥​ពាន់ ៥៤៣​តោន គឺ​ធ្លាក់ចុះ ៧.១​ភាគរយ ធៀប​នឹង​ខែ​កក្ត​ដា ឆ្នាំ​២០១៧​។ បើ​គិត​សរុប​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០១៨ វិញ កម្ពុជា​បាន​នាំចេញ​អង្ករ​ចេញ​ចំនួន ២៩​ម៉ឺន ៧​ពាន់ ៨០​តោន ដែល​តួលេខ​នេះ​បញ្ជាក់ថា នៅតែ​បន្ដ​ធ្លាក់ចុះ​ក្នុង​អត្រា ៦,៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧ ដែលមាន​ចំនួន ៣១​ម៉ឺន ៥​ពាន់ ៩១៦​តោន ។

​របាយការណ៍​ដដែល​ប​ង្ហា​ញ​ថា ក្នុង​រយៈពេល​៧​ខែ គិត​ចាប់ពី​ខែមករា​ដល់​ខែកក្កដា​ឆ្នាំ​២០១៨ គឺ​មានតែ​ខែមករា និង​ខែមិថុនា ដែល​ទិន្នន័យ​នាំចេញ​អង្ករ​មាន​សញ្ញា​វិជ្ជមាន​។ ក្នុង​ចំនួន​សរុប​នៃ​អង្ករ​នាំចេញ​រយៈពេល​៧​ខែ​នេះ ប្រភេទ​អង្ករ​ក្រអូប មាន​ច្រើនជាងគេ​រហូតដល់​៧៣.៣៥​ភាគរយ ប្រភេទ​អង្ក​រស​គ្រាប់​វែង មាន​២០.១៧​ភាគរយ និង​ប្រភេទ​អង្ករ​ចំហុយ​គ្រាប់​វែង មាន ៦.៤៨​ភាគរយ​។

​ក្នុងចំណោម​អង្ករ​ដែល​នាំចេញ​ទៅកាន់​ប្រទេស​ចំនួន​៥៩ គឺ​ប្រទេស​ចិន នៅតែ​ជាទី​ផ្សារ​ទី​១​នាំចូល​អង្ករ​របស់​ក​ម្ពុ​ជា បន្ទាប់​គឺ​ប្រទេស​បារាំង និង ប្រទេស​ម៉ាឡេស៊ី​។ ចំពោះ​ការធ្លាក់​តួលេខ​នៃ​ការនាំចេញ​អង្ករ​រយៈពេល​៧​ខែ​នេះដែរ ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ មើលឃើញថា ដោយសារតែ​វិស័យ​ឯកជន​ខ្វះ​ស្រូវ​កិន​ជា​អង្ករ សម្រាប់ធ្វើ​ការនាំចេញ និង​ដោយសារ​រោង​ម៉ាស៊ីនកិនស្រូវ​មិនអាច​ទិញស្រូវ​ស្ដុក​ទុក​បាន​ពេញ​១​ឆ្នាំ​។ ហើយ​កត្តា​ដែល​មិនមាន​ស្រូវ​ស្ដុក​ក្នុង​ការនាំចេញ​ទៀតសោត គឺ​ស្រប​ពេលដែល​ស្រូវស្រាល​កំពុង​ចាប់ផ្តើម​ប្រមូល​ផល​។

​បើតាម​ការលើកឡើងរ​បស់​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ក្នុងស្រុក​ភាគច្រើន យល់ឃើញថា ទោះបីជា​កម្ពុជា​ទទួលបាន​កូតា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន កើនឡើង​ដល់ ៣០​ម៉ឺន​តោន នៅ​ឆ្នាំនេះ​ក្តី ប៉ុន្តែ​បញ្ហា​ឃ្លាំង​ស្ដុក​ស្រូវ ឡស​ម្ងួ​ត និង​បញ្ហា​ហិរញ្ញប្បទាន នៅតែ​ជា​ឧបសគ្គ​សម្រាប់​ការសម្រេចបាន​តាម​ទិសដៅ​កំណត់​របស់​កម្ពុជា​ក្នុងការ​នាំចេញ​អង្ករ​អោយបាន​មួយ​លាន​តោន​ក្នុង​មួយឆ្នាំ​។
​កាល ពី​ឆ្នាំ​២០១៧ បរិមាណ​អង្ករ​នាំចេញ​ក្នុង​ក្របខណ្ឌ​នៃ​ច្រកចេញ​-​ចូល​តែមួយ​សម្រេចបាន​ចំនួន​ត្រឹម​ជាង​៦៣​ម៉ឺន​៥៦៩៧​តោន​។

​គួរ​កត់សំគាល់ថា នៅ​ដើមខែ​សីហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានរៀបចំ​ឃ្លាំង​ស្តុក​ស្រូវ អោយបាន​គ្រប់គ្រាន់ ខណៈដែល កម្ពុ​ជាមាន​អតិរេក​ស្រូវ​ច្រើនជាង​៥​លាន​តោន ដែល​គិត​ជា​អង្ករ​ស្មើនឹង​ជាង​៣​លាន​តោន រួម​និង​បង្កើន​ឥណទាន​ជា​ទុន​បង្វិល​រហូតដល់​៥០​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​មាន​កញ្ចប់​ថវិកា ពិសេស​របស់​រដ្ឋ​ចំនួន​៤៣​លាន​ដុល្លារ​រួម​និង​មូលនិធិ​ផ្ទាល់​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ​ចំនួន​៧​លាន​ដុល្លារ ដើម្បី​ផ្តល់​ទៅ​ឲ្យ​រោង​ម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន​កែច្នៃ និង​នាំចេញ​អង្ករ និង​មជ្ឈមណ្ឌល ឬ​អ្នកប្រមូល​ទិញស្រូវ សម្រាប់​ប្រមូល​ទិញស្រូវ​នា​រដូវ​ប្រមូល​ផល​នាពេលខាងមុខ ដើម្បី​ទប់ស្កាត់​កុំអោយ​តម្លៃ​ស្រូវ​របស់​កសិករ​មានកា​រ​ធ្លាក់ចុះ​ទាប​ជាង​ទីផ្សារ​៕​

សមត្ថកិច្ច​បង្ហាញ​ផលិតផល​ក្លែងក្លាយ ៤​ករណី​ទម្ងន់​ប្រមាណ​៨៨​តោន​

​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ច័ន្ទ ទី​៦ សីហា នេះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផ​លិ​ផល​ក្លែងក្លាយ ក្រសួង​
​មហាផ្ទៃ បានបង្ហាញ​ពី​ស្នាដៃ​របស់ខ្លួន ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ផលិតផល​ក្លែងក្លាយ ចំនួន ៤​ករណី រួមមាន ការបង្ក្រាប​សិប្បកម្ម​ផលិត​កាហ្វេ​ក្លែងក្លាយ​,​ការបង្ក្រាប​ទីតាំង​ផលិត សាច់​ប៉ា​តេ​មិន​អនុលោម​តាមច្បាប់​,​ការបង្ក្រាប​សិប្បកម្ម​ផលិត​ម្រេច និង​កាហ្វេ មិន​អនុលោម តាមច្បាប់ និង​ករណី​នាំចូល ផលិត វេច​ខ្ចប់​ខុសច្បាប់​លើ​ផលិតផល​ទឹក​សុទ្ធ​ម៉ាក ហ្ស​ង់ អា​ម៉​ង់ ទឹក​សុទ្ធ​ម៉ាក អេ​វី​យ៉ង់ ស្រា​បៀរ​ម៉ាក កូ​រ៉ូ​ណា រួម​នឹង​ផលិតផល​មួយចំនួនទៀត​ដែលមាន​ទម្ងន់ សរុប​ប្រមាណ ៨៨​តោន​។​

​ថ្លែង​នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផ​លិ​ផល​ក្លែងក្លាយ នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់ ណា បាន​គូសបញ្ជាក់ថា នេះ​ជា​ជោគជ័យ​ជា​បន្តបន្ទាប់​របស់​សម​ត្ថ​កិច្ច ក្នុងការ​បង្ក្រាប​ទៅ លើ​ក្រុម​ជន​ដែល​បាន​ផលិត និង​នាំចូល​ផលិតផល​ក្លែងក្លាយ ដែល​ផលិតផល​ទាំងនេះ​វា​នាំ ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ ហើយ​ថា​សមត្ថកិច្ច​នឹងមិន​ប​ន្ធូ​រ​ដៃ​ឲ្យ​ជនល្មើស ឡើយ​៕​

ក្រុមហ៊ុន​ចិន បើក​គម្រោង​វិនិយោគ​ដំណាំ​ចេក​សម្រាប់​នាំចេញ​តម្លៃ​ជាង​៣២​លាន​ដុល្លារ

​ខេត្តកំពត ៖ គម្រោង​វិនិយោគ​ដំណាំ​ចេក​សម្រាប់​នាំចេញ​តម្លៃ​ជាង​៣២​លាន​ដុល្លារ ត្រូវបាន​សម្រេច​អនុម័ត​ជា​ផ្លូវការ​ហើយ កាលពី​សប្តាហ៍​មុន តាមរយៈ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ជា​តំណាង​ភាគី​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន មាន​ទីតាំងនៅ​ក្នុងស្រុក​ឈូក ខេត្តកំពត​។ នេះ​បើតាម​ការប្រកាស​ឥ្យ​ដឹង​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅថា CDC បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ចេញ​នូវ​«​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​» ដល់​ក្រុមហ៊ុន LONGMATE AGRICULTURE CO.,LTD. របស់​ចិន ដែលមាន​ទឹកប្រាក់​វិនិយោគ​ជាង​៣២​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ចេក និង​វេច​ខ្ចប់​កសិផល​សម្រាប់​ធ្វើកា​រ​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏បាន​បង្ហាញ​អោយ ពី​ទីតាំង​ដែល​ត្រូវ​បង្កើតជា​កសិដ្ឋាន​ដាំ​ដំណាំ​ចេក និង​វេច​ខ្ចប់​សម្រាប់​ការនាំចេញ​នេះដែរ គឺ​ស្ថិតនៅ​ភូមិ​ដុំ​ផ្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ដែល​ផ្តល់​កន្លែងធ្វើការ​ងារ​បា​ន​ចំនួន​ប្រមាណ​៥៧០​កន្លែង​។

​គួរ​បញ្ជាក់ថា ពូជ​ដំណាំ​ចេក​ដែល​ក្រុមហ៊ុន​ចិន​វិនិយោគ​នេះ ជា​ប្រភេទ​ពូជ​ចេក​ថ្មី ដែល​អាច​ផ្តល់​ផល​ចាប់ពី 60​ទៅ​73​តោន ក្នុង​មួយ​ហិកតា​ក្នុង​មួយឆ្នាំ និង​អាច​ប្រមូល​ផល​បាន​3​ដង​ក្នុង​2​ឆ្នាំ ។ បើតាម​អគ្គនាយកដ្ឋាន​កសិកម្ម បញ្ជាក់ថា យ៉ាងហោចណាស់ ត្រូវការ​ពេល ២-៣ ខែ​ទៀត​ទើប​ដំណើរ​ការនាំចេញ​ចេក​ទៅ​ប្រទេស​ចិន​អាច​សម្រេចបាន​ដោយ​កម្ពុជា​ត្រូវ​រៀបចំ​បែបបទ​មួយចំនួន​ទាក់ទង​នឹង​លក្ខខណ្ឌ​តម្រូវ​ឲ្យ​មានការ​ត្រួតពិនិត្យ​ភូតគាម​អនាម័យ ជាដើម​។ ការត្រួតពិនិត្យ​ភូតគាម​អនាម័យ មាន​គោលបំណង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ឆ្លង​នូវ​សមាសភាព​ចង្រៃ ភូតគាម​អនាម័យ និង​សមាសភាព​ចង្រៃ​ដែល​បង្ក​គ្រោះថ្នាក់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត តាម​គ្រប់​មធ្យោបាយ​ដើម្បី​ការពារ​អាយុជីវិត​មនុស្ស សត្វ និង​ផលិតផល​កសិកម្ម និង​ជីវសាស្ត្រ​ចម្រុះ​។

​សូមជម្រាបថា បច្ចុប្បន្ននេះ កម្ពុ​ជាមាន​កសិដ្ឋាន​ដំណាំ​ចេក​ធំៗ​ចំនួន​៣ លើ​ផ្ទៃដី​ប្រមាណ​ជិត ៥​ពាន់​ហិកតា នៅក្នុង​ខេត្ត​ចំនួន​បី គឺ​ខេត្តរតនគិរី ខេត្តក្រចេះ និង​ខេត្តកំពត ដែល​កំពុង​ដាំចេក​អំបូង​លឿង សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​៕​

រឿង​បោះឆ្នោត សម្តេច​តេ​ជោ បបួល​លោក សម រង្ស៊ី ស្បថ​ដាក់​ជីវិត

​ភ្នំពេញ ៖ បន្ទាប់ពី​ប្រកាស​លទ្ធផល​នៃ​ការ​បោ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ក្រុមប្រឆាំង​បាន​ចោទប្រកាន់​ជា​បន្តបន្ទាប់​ថា លទ្ធផល​ការបោះឆ្នោត​មិន​ពិត និង​មានការ​បន្លំ​។ ឆ្លើយតប​នឹង​បញ្ហា​នេះ សម្តេច​តេ​ជោ ហ៊ុនសែន បាន​ប្រើ​ជំរើស​ដោយ​បបួល​អ្នក​ដែល​និយាយ​នោះ អោយ​ស្បថ ដាក់​ជិវិត​។​

​ថ្លែង​នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី​៦ ខែសីហា​នេះ សម្តេច​តេ​ជោ ហ៊ុនសែន បាន​បបួល​អ្នកប្រឆាំង ដែល​បាន​និយាយថា​លទ្ធផល​បោះឆ្នោតជាតិ​ឆ្នាំ​២០១៨​នេះ មានការ​បន្លំ និង​បង្ខិតបង្ខំ​ប្រជាពលរដ្ឋ​នោះ អោយ​ហ៊ាន​ស្បថ​ដល់​ដាក់​ជិវិត បើសិនជា​ការនិយាយរ​បស់​ខ្លួន​នោះ​ពិតមែន​។ សម្តេច​តេ​ជោ បាន​ថ្លែង​បញ្ជាក់ថា សម្តេច​ក៏​ហ៊ាន​ស្បថ​ដូចគ្នានេះដែរ ដោយ​ចាត់ទុក​ការ​បបួល​អោយ​ស្បថ​នេះ គឺជា​ជម្រើស​ចុងក្រោយ​មួយ កុំអោយ​នៅតែមាន​អ្នក​និយាយ​បំប៉ោង​រឿង​បោះឆ្នោត​នេះ​។ ការ​បបួល​ស្បថ​ដល់​ដាក់​ជិវិត​ដូចនេះ គឺ​ក្រោយ​ពេលដែល លោក សម រង្សី បាន​និយាយ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក ដោយ​ចោទថា លទ្ធផល​បោះឆ្នោតជាតិ​ឆ្នាំ​២០១៨​ដែលមាន​អ្នកចូលរួម​បោះឆ្នោត​ជាង​៨២​ភាគរយ មានការ​បន្លំ និង​មានការ​បង្ខិតបង្ខំ​ប្រជាពលរដ្ឋ​ជាដើម ។

សម្តេច​ថ្លែងថា សាសនា​អ្វី​ក៏ដោយ មុន​ចូលកាន់​តំណែង​គឺ​ត្រូវ​ចូល​ស្បថ​ជាមុន ! រឿង​ស្បថ​នេះ ចង់​ស្នើថា ពួកអ្នកឯង​ហ៊ាន​ស្បថ​អោយ​រន្ទះបាញ់ រឺ​អោយ​ងាប់តៃហោង​អត់ បើ​អ្នកឯង​និយាយថា ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវបាន​គេ​បំ​ផិត​បំភ័យ និង​បង្ខំ អោយ​បោះឆ្នោត​កន្លងទៅ​។ ខ្ញូំ​ហ៊ាន​ស្បថ​អោយ​ងាប់​តាម​អ្វីដែល​យមរាជ​កំណត់ បើសិន​ខ្ញូំ​និយាយ​មិន​ពិត តែ​ពួកអ្នកឯង​ហ៊ាន​ស្បថ​ដែរ​អត់ ទោះ​ស្បថ​ដោយផ្ទាល់ រឺ​តាម​ហ្វេ​ស​ប៊ុ​ក​ក៏ដោយ ?ការ​បបួល​ស្បថ​នេះ គឺជា​ជំរើស​នៅសល់តែ​មួយគត់ បើ​អ្ន​កងង​នៅតែ​បំភ្លៃ​ការពិត​។

​ដើម្បី​បញ្ជាក់​អោយ​កាន់តែច្បាស់​ចំពោះ​ដំណើរការ​នៃ​រាជរដ្ឋាភិបាល​ថ្មី​ស្របច្បាប់ ក្នុង​អាណត្តិ​ទី​៦ រួម​និង​ការបំភ្លឺ​លើ​បញ្ហា​មួយចំនួន កុំអោយ​មានការ​ភ័ន្តច្រឡំ​ទៀត​នោះ សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​ប្រកាសថា នឹងធ្វើ​សេចក្តី​ថ្លែង​ការ​ណ៌​មួយ​នៅ​អង្គការសហប្រជាជាតិ ក្រោយ​ពេលដែល​បង្កើត​រា​ជ​រដ្ឋាភិបាល​ថ្មី​រួចរាល់​។ ខ្ញុំ​ចង់​ប្រាប់​សារ​ទៅ​អ្នកខ្លះ​អោយបាន​ភ្លឺភ្នែក​… ខ្ញុំ​នឹង​ទៅ​អង្គការសហប្រជាជាតិ​ក្នុង​សហរដ្ឋអាមេរិក និង​ទៅកាន់​អឺរ៉ុប ដែល​នៅក្បែរ​តុលាការអន្តរជាតិ ដើម្បី​ថ្លែង​ការ​ណ៌​បំភ្លឺថា គ្មាន​ការទូត​ណាមួយ​ដកចេញ​ពី​កម្ពុជា​ទេ ហើយក៏​គ្មាន​ការហាមឃាត់​រឺ​ការចាប់ខ្លួន​ខ្ញុំ​នោះទេ​។​

​ទន្ទឹមនេះ សម្តេច​តេ​ជោ សង្ឃឹមថា នឹង​អាច​រៀបចំ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​រួចរាល់​ក្នុង​ចុងខែ​សីហា​រឺ​ដើមខែ​កញ្ញា មុន​កាលកំណត់ បើសិនជា​មិនមាន ការប៉ះពាល​ដល់​ផ្នែក​ច្បាប់​នោះទេ ដោយ​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា បញ្ជី​សមាជិក​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ថ្មី​នេះ មាន​ចំនួន​តែ​៣០​នាក់ ដោយ​មិន​រាប់បញ្ចូល​ថ្នាក់​រដ្ឋលេខាធិការ​ទេ ហើយក៏​ត្រូវបាន​រៀបចំ​ក្នុង​ដៃ​ជាស្រេច​ទៅហើយ រង់ចាំតែ​បញ្ជូនទៅ​រដ្ឋសភា​ប៉ុណ្ណោះ ៕​

យុវតី​ម្នាក់​ក្នុងចំណោម​ជាង​១០​នាក់ បាន​រត់​រួច​ពី​ការចាប់​បង្ខាំង​ទុក​

​ភ្នំពេញ ៖ យុវតី​សិស្ស​វិទ្យា​ល​យ័​ទួល​អំពិល​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់មុខ​បាន​ចាប់​ញាត់​ចូល​រថយន្ត​ដឹកយក​ទៅ​បង្ខាំង​ទុក​នៅ​ភូមិ​គ្រិះ​មួយកន្លែង​មិន​ចាំទី​តាំង​។​

​បើតាម​ការរៀបរាប់​ពី​ឪពុក​បង្កើត​យុវតី​រងគ្រោះ​បាន​បង្ហើប​អោយដឹងថា កូនស្រី​របស់គាត់​មានឈ្មោះ​ស៊ុម​ណាវិន​អាយុ​១៨ ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យា​ល​យ័​ទួល​អំពិល ស្នាក់នៅ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ចេញពី ផ្ទះ​ជិះ ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥​សេរី​ឆ្នាំ​២០១៣ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BO 9927​ទៅ​រៀន​គួរ​កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង ៣​និង​០០ នាទី​រសៀល​។​

​លុះ​នៅវេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃទី​៤ ខែសីហា ក៏បាន​ទទួល ទូរ​សព្ទ័​ពី​កូនស្រី​គាត់​និយាយ​បានតែ​២​ទៅ​៣​មាត់​ស្រែក​អោយ​គាត់​ជួយ​ស្រាប់តែ​ទូរ​សព្ទ័​បាន​កាត់ផ្តាច់​ប្រព​ន្ធ័​តេ​ទៅវិញ តេ លែង​ចូល​តែម្តង​។​

រូបគាត់​ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិនគរបាល​ព្រៃ​ស និង​អាវុធហត្ថ​ខណ្ឌចំការមន អោយជួយ​អន្តរា​គម​ន៏​។​
​ស្រាប់តែ​នៅវេលា​ម៉ោង​៦​យប់​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៨​រូបគាត់​ក៏បាន​ទទួល​ទូរ​សព្ទ័​រោ​ទ៏​ស្រាប់តែ​ឮ​សម្លេង​កូនស្រី​របស់​តេ​មក​ថាអោយ​គាត់​មក​ទទួល​នាង​នៅ​ប៉ុស្តិនគរបាល​បឹង​កេងកង​២​រូបគាត់​មាន​អារ​ម្ម​ណ៏​ត្រេកអរ​យ៉ាងខ្លាំង​ហើយ​ក៏បាន​ចេញទៅ​ដឹក​កូនស្រី​របស់គាត់​ត្រលប់មក​ផ្ទះ​វិញ​ខណៈដែល​បាន​ជួប​កូនស្រី​គាត់​បានឃើញ​សភាព​កូន​គាត់​ទន់ខ្សោយ​និយាយ​លែង​ចង់​រួច​ដោយមាន​អាកា​រះ​អស់កំលាំង​ទន់ខ្សោយ​សូម្បី​អង្គុយ​ស្ទើ​តែ​មិន​ចង់​កើត​។​

​ពេលដែល​គាត់​សួរថា មានរឿង​អី​កើតឡើង កូន​បាន​ឆ្លើយថា នាង​ត្រូវ​ជន​មិន​ស្គាល់មុខ​ចាប់​ញាត់​ចូល​រថយន្ត​ហើយ​យកមក​បង្ខាំង​ទុក​ក្នុងផ្ទះ​មួយកន្លែង​ដែល​នាង​មិន​ចាំ​កន្លែង​នៅ​ខណ្ឌចំការមន​ហើយ​ក៏មាន​យុវតី​ជាង​១០​នាក់​ដែរ​ដែល​កំពុងតែ​ឋិត​នៅ​ក្នុងការ​បង្ខាំង​ទុក​ជាមួយនិង​នាង​ដែរ​។​

​ដោយ​យុវតី​ខាងលើនេះ​មានសំណាង​បាន​រត់​គេចផុត​ចេញមក​រួច​តែម្នាក់ឯង​ហើយ​ក៏បាន​ស្រែក​អោយគេ​ជួយ​។​

​ខណៈ​នេះ​ទាំង​កម្លាំង​អាវុធហត្ថ​និង​កម្លាំង​នគរបាល​កំពុងតែ​បើក​ការស្រាវជ្រាវ​និង​ស៊ើបអង្កេត​ដើម្បី​រំដោះ​ក្មេងស្រី​ចំនួន​ជាង​១០​នាក់​ទៀត​ដែល​កំពុងតែ​បង្ខាំង​ទុក​បង្អត់បាយ​បង្អត់ទឹក​និង​ស្វែងរក​ចាប់​ឧក្រិដ្ឋជន​ខាងលើ​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​នាពេល​ឆាប់ៗ​ខាងមុខនេះ ៕​

ប៉ូលិស​ម្នាក់​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ក្នុង​បន្ទប់​អូ​តែ​ល និង​ខារ៉ាអូខេ កូ​ឡូ​សូ

​ភ្នំពេញ ៖ មន្ត្រីនគរបាល​ពាក់​ស័ក្តិ​៤ កន្លះ ម្នាក់​បាន​យក​កាំភ្លើង បាញ់សម្លាប់​ខ្លួនឯង​នៅក្នុង​បន្ទប់​សណ្ឋាគារ និង​ខារ៉ាអូខេ​កូ​ឡូ​សូ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្ន​ញ​ពេញ​បង្ក​ការភ្ញាក់ផ្អើល​នៅ​រសៀល​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨​។ រហូតមកដល់​រសៀល​ថ្ង​ស​ដដែល សមត្ថកិច្ច​នៅ​មិន​បញ្ជាក់​ពី​មូលហេតុ​ពិត​នៃ​ការស្លាប់​នៅឡើយ​ទេ​។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ជា​មន្ត្រីនគរបាល​មាន​ពាក់​ស័ក្តិ​៤​កន្លះ ហើយ​ករណីនេះ នៅ​មិនទាន់​ដឹង​ច្បាស់​ថា ជា​ករណី​ឃាតកម្ម ឬ​បាញ់​សម្លាប់ខ្លួន ឯង​នោះទេ ប៉ុន្តែ​តាម​ការសន្និដ្ឋាន​ជំហាន​ដំបូង​គឺជា​ករណី​អត្តឃាត​ដោយ​ប្រើ​កាំភ្លើងខ្លី​K54​។​នេះ​បើ​យោងតាម​សមត្ថកិច្ច​មូលដ្ឋាន​ដែល​បាន​ចុះ​ពិនិត្យ​កន្លែងកើតហេតុ​។

​បើតាម​ការបំភ្លឺ​ពី​បុគ្គលិក​សណ្ឋាគារ​ថា ម្សិលមិញ​ជនរងគ្រោះ បាន​ចូល​សម្រាក​នៅ​សណ្ឋាគារ​មួយ​យប់​លុះដល់​ម៉ោង​ប្រមាណ​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១​សីហា​ឆ្នាំ ២០១៨​នេះ បុគ្គលិក​បាន​គោះទ្វារ​បន្ទប់​យ៉ាងយូរ​ព្រោះ​មិនឃើញ​ចេញមករ​កបាយ​ទឹកតែ​មិន​បើក​ក៏​សម្រេចចិត្ត​គាស់​គន្លឹះទ្វារ​ក៏​បានឃើញ​ជនរងគ្រោះ​ដេកស្លាប់​នៅលើ​ពូក​មិនដឹង​តាំងពី​ពេលណា​នោះទេ រួច​ក៏​ប្តឹង​សមត្ថកិច្ច​ចុះមក​ពិន​ត្យ​កន្លែងកើតហេតុ​តែម្តង​ជនរងគ្រោះ​ឈ្មោះ ម៉ុ​ន រតនៈ​ឧ​ត្ត​ម អាយុ ២៦​ឆ្នាំ​ជា​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ ឋានន្តរស័ក្តិ​វរសេនីយទោ​។

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ​​ស្រាវជ្រាវរកមូលហេតុ​ថាជា​ករណី​អ្វី​៕


បុរស​កូន​ឧ​ត្ត​ម​សេនីយ៍​ម្នាក់​ញៀន​ថ្នាំ​រត់​ចូល​រថភ្លើង កិន​ដាច់​ខ្លួន​ជា​ពីរ​កំណាត់​

​ភ្នំពេញ ៖ បុរស​ញៀន​ថ្នាំ​ម្នាក់ បាន​រត់​ចូល រថភ្លើង បណ្តាលអោយ​កិន ចំ​ដងខ្លួន ដាច់​ជា​ពីរ​កំណាត់ ស្លាប់​យ៉ាង​អាណោចអាធម៌​នៅ​កន្លែង ។​

​ហេតុការណ៍​នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ២​និង​២០​នាទី​រសៀល​ថ្ងៃទី​១ សីហា ឆ្នាំ ២០១៨ នៅ​ចំណុច ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​។​
បុរស ដែល​ធ្វើអត្តឃាត​នោះ​ឈ្មោះ ស៊ន សុ​វឌ្ឍន​កា អាយុ ៣៨​ឆ្នាំ មាន​លំនៅ ផ្ទះ​លេខ ៧៤ ផ្លូវ​លេខ​៣១៧ ក្នុង​បឹងកក់​ទី​២ ខណ្ឌទួលគោក ដែល​គេ​ស្គាល់​ថា ជា​កូន ឧ​ត្ត​ម​សេនីយ៍ នគរបាល​ម្នាក់ និង​ជា​មនុ​ស្សញៀន​ថ្នាំ ។​

តាម​សាក្សី​នៅ​កន្លែងកើតហេតុ បានអោយដឹងថា នៅ​មុនពេល​កើតហេតុ ខ​ណះ​ពេលដែល​រថភ្លើង វី​អា​ភី ដឹក​ភ្ញៀវ​ទេសចរណ៍ ធ្វើដំណើរ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ស្រាប់តែ​បុរស​ម្នាក់​នោះ ស្ទុះ​រត់ចេញ​ពីក្នុងផ្ទះ ម្តាយ ធម៌ ចូល​រថភ្លើង កិន​ស្លាប់​តែម្តង ។​

តាម​ប្អូន ធម៌ បានអោយដឹងថា នៅវេលា​ម៉ោង​ប្រមាណ​៤​ទៀបភ្លឺ ឈ្មោះ កា​បានធ្វើ​ដំណើរ ទៅផ្ទះ​របស់ខ្លួន ទាំង​ភិន​ភ័យ​មាន​យូ​ស្រា​បៀរ និង​និយាយ​ប្រាប់ថា ខ្លួន​បាន​រត់​ចេញពី​ផ្ទះសំណាក់ នៅ​ម្តុំ​ភ្នំពេញ​ថ្មី ដោយ ឪពុកម្តាយ​ដេញចាប់​យកទៅដាក់​មណ្ឌល ដោយ​ខ្លួន មិន​ចង់ទៅ​ទេ​វេទនាណាស់ ។​
តាម​ប្អូន ធម៌​បាន​អោយដឹងទៀតថា នៅ​មុនពេល​កើតហេតុ បងធម៌​ឈ្មោះ​កា កំពុងតែ​ដេក ។ នៅពេល​រថភ្លើង មក​ទន្ទឹម ក៍បាន បាន​រត់​ចេញទៅ​ចូល​រថភ្លើង​ហើយ ត្រូវ​រថភ្លើង កិន​ដាច់​ជា​ពី​កំណាត់ ។​

តាម​នគរបាល​អោយដឹងថា បុរស រូបនោះ ជា​កូន ប្រុស លោក ឧ​ត្ត​ម​សេនីយ៍ នគរបាល​នៅ​ក្រសួងមហាផ្ទៃ​ម្នាក់ ដែល​ញៀន​ថ្នាំ​ប្រមាណ​ជាង​១០​ឆ្នាំ មកហើយ​និង​ត្រូវ​ឪពុកម្តាយ​ចាប់យក​ដាក់​មណ្ឌល​កែប្រែ ជាច្រើនលើក​មកហើយ ។​
សព​ត្រូវបាន ក្រុមគ្រួសារ នាំយកទៅ​តំកល់​នៅ​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

កម្ពុជា​រក​ចំណូល​ជិត​៧០​លាន​ដុល្លារ​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ រយៈពេល​៧​ខែ


​ភ្នំពេញ ៖ ៧​ខែ​ដើមឆ្នាំ​២០១៨ នេះ កម្ពុជា​ទទួលបាន​ចំណូល​សរុប ៦៩,៦៦​លាន​ដុល្លារ ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ឱ្យ​ភ្ញៀវទេសចរ​បរទេស​ចំនួន​ជាង ១,៥៤​លាន​នាក់​។ ចំណូល​នេះ បាន​កើនឡើង ១៥,៣៦% និង​ចំនួន​ភ្ញៀវ​ទិញ​សំបុត្រ កើនឡើង ៨,៩៧% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​។ ថវិកា​ចំណូល​នេះ ត្រូវបាន​រំលែក​ចូលរួម​បរិច្ចាគ​ជាង​៣​លាន​ដុល្លារ​អាមេរិក ទៅក្នុង​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​នេះ​បើតាម​របាយការណ៍​រប​ស់​គ្រឹះស្ថាន​អង្គរ ចេញផ្សាយ​នៅ​ថ្ងៃទី​១ សីហា ២០១៨​នេះ​។​

​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨ នេះ គ្រឹះស្ថាន​អង្គរ បានចេញ​របាយការណ៍​ថ្មី ដែល​បង្ហាញថា ក្នុង​ខែកក្កដា កន្លងមក ចំណូល​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​ជិត​៨​លាន​២​សែន​ដុល្លារ​អាមេរិក តែ​តួលេខ​នេះ​បង្ហាញថា មានការ​ធ្លាក់ចុះ ០,៣៨​ភាគរយ បើ​ធៀប​នឹង​ខែកក្កដា ឆ្នាំមុន​។ ប៉ុន្តែ​បើ​គិតពី​ចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​ទិញ​បណ្ណ​វិញ មាន​ជាង​១៨​ម៉ឺន​៥​ពាន់​នាក់ គឺ​កើន​១,៧៥​ភាគរយ ។ ក្នុង​ចំនួន​ប្រាក់ចំណូល​សរុប​ក្នុង​ខែកក្កដា​នេះ គ្រឹះស្ថាន​អង្គរ បាន​ឧបត្ថម្ភ​ថវិកា​ចូលក្នុង​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុ​ផ្ផា ចំនួន​ជាង​៣៧​ម៉ឺន​ដុល្លារ​។ របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ ក៏បាន​បង្ហាញ​ពី​ប្រាក់ចំណូល​សរុប​ពី​ការលក់​សំបុត្រ រយៈ​៧​ខែ ឆ្នាំ​២០១៨ ផងដែរ គឺមាន​ចំនួន​៦៩,៦៦​លាន​ដុល្លារ​អាមេរិក គឺ​កើនឡើង​ប្រមាណ​១៥,៣៦​ភាគរយ ធៀប​នឹង​ឆ្នាំមុន​។

ចំណែក​ចំនួន​ភ្ញៀវទេសចរ​ទិញ​បណ្ណ​ចូល​ទស្សនា​រមណី​យ៌​ដ្ឋា​ន​អង្គរ ក្នុង​រយៈពេល​៧​ខែ​នេះ ក៏មាន​ការកើនឡើង​ប្រមាណ​៩​ភាគរយ គឺមាន​ចំនួន​សរុប ជាង​១៥​ម៉ឺន​៤​ពាន់​នាក់​។ ប្រាក់ចំណូល​សរុប​រយៈ​ពេល​៧​ខែ​នេះ គ្រឹះស្ថាន​អង្គរ បាន​បរិច្ចាគ​ថវិកា​ចូលទៅ​មូល​និ​ធី​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន​ជាង​៣​លាន​៨​ម៉ឺន​ដុល្លារ​អាមេរិក​។

​សូមបញ្ជាក់ថា តម្លៃ​សំបុត្រ​សម្រាប់​ភ្ញៀវទេសចរ​បរទេស ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ រយៈពេល​មួយថ្ងៃ មានតម្លៃ ៣៧​ដុល្លារ រយៈពេល​៣​ថ្ងៃ​មានតម្លៃ​៦២​ដុល្លារ និង រយៈពេល​មួយអាទិត្យ មានតម្លៃ ៧២​ដុល្លារ​។

​បើតាម​ការលើកឡើងរ​បស់ លោ​កម ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បញ្ជាក់ថា ក្រៅពី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ ក្នុង​តំបន់​អង្គរ ខេត្តសៀមរាប ក៏បាន​រៀបចំ​សេវា​បដិសណ្ឋារកិច្ច និង​សេវា​ទេសចរណ៍​នានា​ជាច្រើន​ទៀតផង​ដែរ ក្នុងនោះ មាន​សណ្ឋាគារ ចំនួន​២២០​កន្លែង អា​ផាត​ម៉ិ​ន​៩​កន្លែង ផ្ទះសំណាក់​២៩៦​កន្លែង ភោជនីយដ្ឋាន​១៧១​កន្លែង ហាង​ម៉ាស្សា ៥០​កន្លែង ភ្នាក់ងារទេសចរណ៍ ២៨៨​សាខា ម​គ្គុ​ទេស​ទេសចរណ៍ ៤៨៣៤​នាក់ រមណីយដ្ឋាន​៣៥​កន្លែង និង​មធ្យោបាយ​ដឹកជញ្ជូន សរុប​៦២៣​គ្រឿង រួមមាន​ដូចជា តាក់ស៊ី ម៉ូតូឌុប និង​កាណូត ដែល​ត្រូវបាន​ចងក្រង​ជា​សមាគម​។ ការរីកចម្រើន​ក្នុង​វិស័យ​ទេសចរណ៍​នេះ បានផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប្រមាណ ២៨​ម៉ឺន​នាក់ ក្នុងនោះ មាន​ប្រជាពលរដ្ឋ​បម្រើការ​រងារ​ផ្ទាល់​ក្នុង​វិស័យ​ទេសចរ​ណ៌​ផ្ទាល់ ប្រមាណ​៨​ម៉ឺន​នាក់ និង​ដោយ​ប្រយោល​ប្រមាណ​២០​ម៉ឺន​នាក់​៕

ពលករ​ខ្មែរ​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​រថយន្តបុក​ស្លាប់​នៅ​ប្រទេស​ថៃ​

​ថៃ ៖ ពលករ​ខ្មែរ​ចំនួន​២​នាក់​ត្រូវជា​ប្តី ប្រពន្ធ នឹង​គ្នា​បាន​ចូលទៅ​រស់​នៅឯ​ប្រទេស​ថៃ​បាន​ជួបនឹង​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​អោយស្លាប់​ទាំង​២​នាក់​ខណៈដែល​ពួកគេ​ទាំង​២​នាក់ កំពុង​ជិះ​ម៉ូតូ ស្រាប់តែ​រថយន្ត​បង្ក​បាន​រេ​ចង្កូត​មក​បុក​តែម្តង​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦ និង ៣០ នាទី ល្ងាច ថ្ងៃទី​៣១​ខែកក្កដា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវលំ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៨ និង​៩​ត្រង់ចំណុច​ផ្លូវ​ចូលទៅ​ក្រុមហ៊ុន​ណាំ​ហេង ស្ថិតក្នុង​ឃុំ កុ​ខាំ​ចាន ស្រុក​ប្រាក់​យុទ្ធ​បាទ ខេត្ត​សារៈ​បុរី​ប្រទេស​ថៃ ។​យោងតាម​ការចុះផ្សាយរ​បស់​ការ​សែត​ក្នុង​ស្រុកថៃ​ថា​មុន​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​អ៊ី​ស៊ុយ​ស៊ុយ​ឌី​មេក​ព៌​ណ​ខ្មៅ​ពាក់​ស្លាក​លេខ​ឈៀង​រ៉ា​យ ២៦១០ បាន​រេ​ទៅបុក​នឹង​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​វេ​វ​ធុន សេ​១០០​ពាក់​ស្លាក​លេខ បុរី​រ៉ាំ ១៩៤០ ធ្វើអោយ​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ស្លាប់​ទាំង​២​នាក់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​ដោយ​ប្រភព​មួយចំនួន​បាន​និយាយថា​ពួកគេ​ទាំង​២​នាក់ ជា​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ចូលទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ដោយ​ស្របច្បាប់​និង​ត្រូវជា​ប្តី ប្រពន្ធ នឹង​គ្នា​ប៉ុន្តែ​ពុំមាន​ប្រភព​ណាមួយ​អះអាងថា​ជា​អ្នករស់នៅ​ក្នុង​ខេត្ត​ណា នៃ​ប្រទេស​កម្ពុជា​ឡើយ​ដែល​ពួកគេ​ទាំងពីរ​នាក់​មានឈ្មោះ ឈឿ​ប ម៉ៅ អាយុ​៣៧​ឆ្នាំ ( ជា​ប្តី ) រីឯ​ប្រពន្ធ ឈ្មោះ​ជឿន ចាន់​ណែ​ត អាយុ​២២​ឆ្នាំ ។

បច្ចុប្បន្ន​សមត្ថកិច្ច​ថៃ​បាន​រក្សា​សព​ដើម្បី​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​សាច់ញាតិ​ក្នុងការ​បញ្ជូន​សព​មក​កាន់​ប្រទេស​កម្ពុជា​វិញ ៕

ទុនគ្រឹះស្ថាន​ធនាគារ​នៅ​កម្ពុជា​ជាង​៣១​ពាន់​លាន​ដុល្លាររួមចំណែក​ក្នុង​សេដ្ឋកិច្ច​រដ្ឋ

​ភ្នំពេញ ៖ ស្រប​ពេលដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា កំពុង​ជំរុ្ញ​គោលនយោបាយ​ប្រើប្រាស់​រូបិយប័ណ្ណ​ប្រាក់រៀល​សម្រាប់​ប្រើប្រាស់​ក្នុង ប្រតិបត្តិការ​ហិរញ្ញវត្ថុ​នៅតាម​គ្រឹះស្ថាន​ធនាគា​នោះ វិស័យ​ធនាគារ​នៅ​កម្ពុជា ក៏មាន​ការរីកចម្រើន​គួរអោយកត់សម្គាល់ ដោយ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨ ទ្រព្យសកម្ម​សរុប​រប​ស់​គ្រឹះស្ថាន​ធនាគារ​ក្នុងប្រទេស​កម្ពុជា មាន​កំណើន​ជាង​១៦% ស្មើនឹង​ប្រមាណ​៣១​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈដែល ដើមទុន​សរុប​របស់​គ្រឹះស្ថាន​ធនាគារ​ទូទាំងប្រទេស​មា​ន​កំណើន ដល់​៣​ពាន់​៧​រយ​លាន​ដុល្លារ​។

​យោងតាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ទំហំ​ឥណទាន​នៃ​វិស័យ​ធនាគារ​បាន​កើនឡើង​ដល់​៧០,៦​ទ្រី​លាន​រៀល ស្មើនឹង​១៧​ពាន់​៦៥០​លាន​អាមេរិក ចំណែក​កំណើន​មូលនិធិ​កម្ចី​កើនឡើង​ប្រមាណ​៣៣% កើនឡើង​ដល់​៦,៦​ទ្រី​លាន​រៀល ស្មើនឹង ១​ពាន់​៦៥០​លាន​ដុល្លារ និង​កំណើន​ប្រាក់​បញ្ញើ​កើន​ដល់​ប្រមាណ ២១,៥% ដល់​៧៧,៨៨​ទ្រី​លាន​រៀល ស្មើនឹង​១៩​ពាន់​៤៧០​លាន​ដុល្លារ​។ របាយការណ៍​របស់​ធ​នាគារ​ជាតិ​នៃ​កម្ពុជា បង្ហាញថា គ្រឹះស្ថាន​ធនាគារ បាន​ពង្រីក​ការផ្តល់សេវា​ឱ្យ​កាន់តែ​ទូលំទូលាយ តាមរយៈ​ការពង្រីក​សាខា​រហូតដល់​៨៦២​សាខា ដែលមាន​ម៉ា​ស៊ី​ដក​ប្រាក់​និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ​(ATM)​កើន​ដល់​១​ពាន់​៥៩៣​ម៉ាស៊ីន​។

​រីឯ​ការប្រើប្រាស់​ប័ណ្ណឥណទាន ក៏មាន​ការកើនឡើង ប្រមាណ​៣៦,៦% ដល់​ចំនួន​៨​ម៉ឺន​៨៥៣៣ ប័ណ្ណ ខណៈដែល​ការប្រើ​ប័ណ្ណ​ឥណ​ព​ន្ឋ កើន​១៦,៤% ដល់​១​លាន​៩​សែន​ប័ណ្ណ​។ គួ​កត់សំគាល់ថា ការប្រើប្រាស់​ឥណទាន​របស់​គ្រឹះស្ថាន​ធនាគារ ជា​ប្រភព​ទុន​យ៉ាងសំខាន់ ដែល​គាំទ្រ​ដល់​ការបង្កើត និង​ពង្រីក​អាជីវកម្ម ក្នុងនោះ វិស័យ​ផ្សេងៗ ដែល​កំពុង​ប្រើប្រាស់​ឥណទាន រួមមាន ការលក់​រាយ​១៧,៤% ការលក់​បោះ​ដុំ​កើន ១១,៧% កសិកម្ម រុក្ខាប្រមាញ់​នេសាទ​កើន ៩,៤% សំណង់​កើន ៩,៥% ការឱ្យ​ខ្ចី​ទិញ​ផ្ទះ​ជា​កម្ម​សិទ្ឋិ​ផ្ទាល់ខ្លួន ៩,៤% សេវាកម្ម​មិនមែនរ​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត ៧,១% កម្មន្តសាល ៥.៩% ការជួញដូរ​អចលនទ្រព្យ ៦,៣% សណ្ឋាគារ​និង​ភោជនីយដ្ឋាន​៤,៥% និង​វិស័យ​ផ្សេងៗ​១៨%​។

​សូមបញ្ជាក់ថា គិត​ត្រឹម​ដំណាច់​ឆមាស​ទី​១ ឆ្នាំ​២០១៨ នៅក្នុង​ប្រទេស​កម្ពុជា មាន​ធនាគារពាណិជ្ជ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ចំនួន​៤០​ធនាគារ​។ ធនាគារ​ឯកទេស​ចំនួន​១៥ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សរុប​ចំនួន ៧០​គ្រឹះស្ថាន​៕