All posts by មេគង្គ ប៉ុស្តិ៍

នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ចាក​ចេញ ទៅ​ប៊ែ​ល​ហ្សិ​ក ទួ​ក​គី និង​ស្វី​ស​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​តាម​ទំព័រ​ហ្វេ​សបុ​កនា​ព្រឹក​ថ្ងៃនេះ​ថា នា​យប់​ថ្ងៃទី​១៦ ខែតុលា នេះ សម្តេច​នឹង​ចាក​ចេញពី​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​លើក​ទី​១២ នៅ​ប្រទេស​បែ​ល​ហ្សិ​ក មុននឹង​បន្តធ្វើ ទស្សនកិច្ច​នៅ​ប្រទេស​តួ​ក​គី និង​បន្ទាប់មកទៀត​នឹង​ទៅ ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។​

​ជាមួយនឹង​ការបញ្ជា​ក់នូវ​បេសកកម្ម​ក្រៅប្រទេស ៣​ប្រទេស​ជាប់ៗ​គ្នា​នេះ សម្តេច នាយករដ្ឋមន្ត្រី បានបញ្ជាក់​យ៉ាង ដូច្នេះ​ថា «​ក្រឡេកមើល​កម្មវិធី​ការងារ​នៅក្រៅ​ប្រទេស​លើក​នេះ​ពិតជា​មមារ​ញឹក​ស្ទើរតែ​រក​ពេលបាយ​មិនឃើញ ប្រជុំ​ផង ជំនួប​ទ្វេភាគី​ផង តែ​ខ្ញុំ​ពេញចិត្ត​នឹងធ្វើ​កិច្ចការ​នេះ ព្រោះ​ជា​ប្រយោជន៍​ជាតិ​យើង​។ ការងារ​មួយ​ដែល​ខ្ញុំ​មិនអាច​បោះបង់ ចោល​បាន គឺ​ជួប​បងប្អូន​ប្រជាជន និង​និ​សិ​ត្ស​ខ្មែរ​ដែល​កំពុង​រស់នៅ​និង រៀនសូត្រ​នៅ​អឹ​រ៉ុ​ប ដែល​បងប្អូន​កូនក្មួយ​កំពុង​រង់ចាំ​ខ្ញុំ នៅ​ទីនោះ​។

​សូមជម្រាបថា នា​វេលា​ម៉ោង ១២ និង ២០​នាទី ឈានចូល​ថ្ងៃទី ១៧ តុលា ២០១៨ សម្តេច​នឹង​ចាក​ចេញពី​កម្ពុជា ឆ្ពោះទៅកាន់​ប្រទេស​បែ​ល​ហ្សិ​ក ដែលជា​ទីកន្លែង​ត្រូវ​ប្រជុំ​អាស៊ី​អឺរ៉ុប​លើក​ទី​១២ ហើយ​បន្ទាប់ពី​ប្រជុំ​អាស៊ី​អឺរ៉ុប សម្តេច​នឹងធ្វើ​ទស្សនៈកិច្ច​នៅ​ប្រទេស​តួ​ក​គី ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី ២២ តុលា​។ ក្នុង​ថ្ងៃទី ២២ តុលា ដដែល​សម្តេច​នឹង ត្រូវ​ចេញពី​ប្រទេស​តួ​ក​គី មក ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ដើម្បី​ចូលរួម​សន្និសីទ​ស្តីពី​ពាណិជ្ជកម្ម នឹងមាន​គំរោង​ចាកចេញ ពី​ប្រទេស​ស្វី​ស​នៅ​យប់​ថ្ងៃទី ២៤ តុលា ដែល​នឹង​វិលត្រឡប់​មកដល់​កម្ពុជា​វិញ​នៅ​ថ្ងៃទី ២៥ តុលា ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី ស្តីពី​សេចក្តី​ពី​ការព្រាង ច្បាប់​ថវិកា​សម្រាប់​ការ គ្រប់គ្រង​ឆ្នាំ​២០១៩ នៅ​ព្រឹក​ថ្ងៃទី ២៦ តុលា ២០១៨៕​

ប្លន់​ហាង​ចិន​យកលុយ​រាប់ម៉ឺន​ដុល្លារ​នៅ​សង្កាត់​ផ្សារ​ថ្មី​១

​ភ្នំពេញ​៖ ក្រុមចោរប្លន់​ស្វាគមន៍​លោក ទៀង ច័ន្ទ​សារ ដែល​ទើប​ចូលកាន់​ដំណែង​ថ្មី​ជា​អធិការ​ខណ្ឌដូនពេញ ក្រុមចោរប្លន់​ទាំងនោះ​បានធ្វើ​សកម្មភាព ចូលទៅក្នុង​ហាង​លក់​ភេ​ជ្ជៈ “​ឈិន ស៊ីន​” ធ្វើ​សកម្មភាព​ភ្ជុង​ប្លន់​ដោយ​កាំបិត ហើយ​បាន​ប្រមូលប្រាក់​អស់​រាប់សិប​ម៉ឺន​ដុល្លា រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​។​

​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ បង្កអោយមាន​ការភ្ញាក់ផ្អើល​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៦៣ ទល់មុខ​ផ្សារ​សូរិយា ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ រហូតមកដល់​ពេលនេះ​សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​ដំរុយ​ពី​ជនល្មើស​ដែល​ធ្វើ​សកម្មភាព​ប្លន់​នោះ​នៅឡើយ​ទេ​។​

​ប្រភពព័ត៌មាន​ច្បាស់ការ​ពី​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ មាន​ជនសង្ស័យ​២​នាក់ បាន​ចូលទៅក្នុង​ហាង​ខាងលើ ហើយ​មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ចេញមក​វិញ​ដោយ​ប្រ​ញ៉េប​ប្រញាប់​ឡើង​រ៉ុ​ក​ម៉ក់​កង់​បី​បើក​ចេញទៅ​បាត់​។ ស្រាប់តែ​ភ្លាម​នោះគេ​បានឃើញ​ម្ចាស់​ហាង​រត់​ចេញមកក្រៅ​ស្រែក​ផ្អើល​ឆោ​រ​ឡោ ទើប​ដឹងថា​នេះ​ជា​ករណី​ចោរប្លន់​អស់​លុយ​រាប់សិប​ម៉ឺន​ដុល្លា​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​នៅ​មិនទាន់​កំណត់​មុខសញ្ញា​បាន​នៅឡើយ​ទេ​។ ចំណែក​ប្រជាពលរដ្ឋ និង​អជីវ​ករ​លក់ដូរ នៅក្នុង​ខណ្ឌដូនពេញ កំពុងតែ​មានការ​ភិតភ័យ ខ្លាច​ព្រោះ​ជនល្មើស​បានធ្វើ​សកម្មភាព​ប្លន់​ដោយ​មិន​ខ្លាចញញើត​សមត្ថកិច្ច​បន្តិច​ណា​ឡើយ​៕​

ជនជាតិ​ចិន​​ម្នាក់ស្លាប់ ក្នុង​គ្លីនិក​ព្យាបាល និង​សម្ភព ផេង វុទ្ធី នៅ​សង្កាត់​កា​កាប​ទី​២

​ភ្នំពេញ ៖ វេជ្ជបណ្ឌិត​ជនជាតិ​ចិន​២​នាក់​ប្តី​-​ប្រពន្ធ​ព្យាបាល ដែល​ទំនងជា​ខុស​បច្ចេកទេស បណ្តាល​ឲ្យ បុរស​ជនជាតិ​ចិន​ម្នាក់​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ហើយ​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​ជា​បណ្តោះ អាសន្ន​រង់ចាំ​ការដោះស្រាយ​ជាមួយ​ក្រុមគ្រួសារ​សព កាលពី​វេលា​ម៉ោង ៥​នឹង​៣០​នាទី​ល្ងាច ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ នៅ​មន្ទីរ​សំរាក​ព្យាបាល​និង​សម្ភព ផេង វុទ្ធី ដែល​ស្ថិតនៅ ផ្ទះ​លេខ​DD១០ ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​សព​ឈ្មោះ WANG ZHIQIANG អាយុ​៤៩​ឆ្នាំ មុខរបរ លក់​គ្រឿងក្លែម នៅ​កំបូល ជា​ជនជាតិ ចិន ស្នាក់នៅ​ផ្ទះសំណាក់​មិត្តភាព ក្បែរ​កន្លែងកើតហេតុ​ខាងលើ ។ ចំណែក​វេជ្ជបណ្ឌិត ជនជាតិ​ចិន​ជា​ម្ចាស់ ពេទ្យ​ឈ្មោះ LI XIA OYONG ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ ជា​វេជ្ជបណ្ឌិត មាន​សញ្ញាប័ត្រ​ត្រឹមត្រូវ​នៅ​ប្រទេស​ចិន ។

​តាម​ប្រភព​ពត៌មាន​ពី​គ្រូពេទ្យ ខាងលើ បាន​និយាយ​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​ដោយ​ឃើញ ជនរងគ្រោះ​(​សព​) បាន​ជិះ​រ៉ឺម៉ក​កង់​បី​មក មន្ទីរពេទ្យ​របស់គាត់ ហើយ ដោយ​ជនរងគ្រោះ គាត់ មាន​អាកា​រៈ​ក្តៅខ្លួន​ខ្លាំង ឈឺ សន្លាក់ដៃ សន្លាក់ជើង ហើយ​ភ្លាមៗ​នោះ​គ្រូពេទ្យ​ខាងលើ​បាន​ពិនិត្យ​ជនរងគ្រោះ ដោយមាន​កំដៅ​ក្តៅខ្លួន​ខ្លាំង ហើយ​គាត់​បាន​ពិនិត្យ​ទៅ ដោយ ដឹងថា ជនរងគ្រោះ​មាន​ជំងឺ គ្រុនឈាម បន្ទាប់មក គ្រូពេទ្យ​ខាងលើ បានដាក់ សេរ៉ូម​ឲ្យ​អ្នក​ជម្ងឺ បាន​មួយ​ប្លោក ជនរងគ្រោះ​មាន​អា​ការៈធម្មតា ហើយ​បានដាក់ សេរ៉ូម​មួយ​កំប្លោក ទៀត ជា​ប្រភេទ​ថ្នាំ​ផ្សេង តែ​ព្យាបាល​ដដែល​បាន​ពាក់កណ្តាល ជនរងគ្រោះ ខាងលើ ស្រាប់​តែមាន មុខ​អា​ការៈខុសប្លែក​ពី ធម្មតា ស្លេកស្លាំង ហើយ​គ្រូពេទ្យ​និង​ប្រពន្ធ បានគាស់​មាត់​ជនរងគ្រោះ​ដើម្បី​ប​ញ្ជូ​ល​ខ្យល់​អុកស៊ីហ្សែន​ហើយ​ធ្វើ​ចលនា ដើមទ្រូង លុះ​មួយ សន្ទុះ​ក្រោយមក ជនរងគ្រោះ​ខាងលើ បាន​ដាច់ខ្យល់​ស្លាប់​បាត់ទៅ ។

​ហើយ​បើតាម ស្ត្រី ម្នាក់​ជា​អ្នកបកប្រែ​បានអោយដឹងថា ជនរងគ្រោះ​(​សព​)​ដោយ​ដឹងថា ឈឺ​ហើយ​មក មន្ទីរពេទ្យ​ព្រមទាំង ម្ចាស់ផ្ទះ សំណាក់​ខាងលើ បាននាំគ្នា​មក​មើល ជនរងគ្រោះ​នៅ​មន្ទីរពេទ្យ​ខាងលើ តែ​មកដល់ ជនរងគ្រោះ បាន​ស្លាប់បាត់​ជីវិត​ទៅហើយ ហើយ​បាន​ទាក់ទង​ទៅ កូនប្រុស​របស់ សព ដែលមាន​ឈ្មោះ​wang gi long វ៉ង​ជី​ឡុង​ភេទ​ប្រុស​អាយុ ២៦ ឆ្នាំ​មុខរបរ​ជួយ​លក់​គ្រឿងខ្លែម​ឪពុក​នៅ​ម្តុំ​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​អោយមក​កន្លែងកើតហេតុ​ហើយ​ប្តឹង​សមត្ថកិច្ច​អន្តរាគមន៍​ផងដែរ​។

​បើតាម​សំដី សមត្ថកិច្ច​នឹង​មន្ត្រី​យ​សុខាភិបាល​បានអោយដឹងថា សម្ភព នឹង​សំរាក​ព្យាបាល ផេង វុទ្ធី ខាងលើ ដោយ​មិនមាន​ផាសុកភាព​និង​ខ្វះ អនាម័យ​យ៉ាងខ្លាំង ព្រោះ​នៅក្នុង បន្ទប់​ពិនិត្យ​និង​ពិសោធន៍ សំបូរ​ទៅដោយ កន្ទុយបារី ដោយ​មិនមាន​អនាម័យ​ទៀតផង​។

​ក្រោយមក​សមត្ថកិច្ច​បា​ន​នាំខ្លួន​លោកគ្រូ​ពេទ្យ​និង​ប្រពន្ធ​យកទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ខណ្ឌ​ពោ​ធិ៏​រងចាំ​បញ្ជូនបន្ត​ទៅតាម​និតិ​វិធី​នៃ​ច្បាប់​។ ចំណែក​សាកសព​ខាង​កុសល​វិ​ច្ឆ័​យ​បាន​យកទៅ​ក្លាស្សេ​ទុក​នៅ​វត្ត​ស្ទឹងមានជ័យ​រងចាំ​សាច់ញាតិ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

​

​ទ័ព​មួក​ខៀវ​កម្ពុ​ជាជាង​២០០​នាក់ នឹង​ទៅ​អាហ្វ្រិក​កណ្តាល នា​ចុងខែ​វិច្ឆិកា

ភ្នំពេញ ៖ កម្ពុជា នឹង​បញ្ជូន​កងកម្លាំង​មួក​ខៀវ​ជាង​២០០​នាក់ បន្ថែមទៀត​ក្នុង​បេសកកម្ម​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ទៅកាន់​ប្រទេស​អាហ្វ្រិក​កណ្តាល នា​អំឡុង​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨ នេះ ដើម្បី​ផ្លាស់​ជើង​កងវិស្វកម្ម​ចាស់​ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ទីនោះ​។​

​កញ្ញា កុសល ម៉ា​លីន​ដា អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសំអាត គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ បានបញ្ជាក់​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ថា ការបញ្ជូន​កងទ័ព​មួក​ខៀវ​ទៅកាន់​ប្រទេស​អាហ្វ្រិក​កណ្តាល ក្រោយពី​មានការ​ស្នើសុំ​របស់​អង្គការសហប្រជាជាតិ​៕

​

រយៈពេល​១៤​ថ្ងៃ​មាន​ពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ជិត ១៦​ម៉ឺន​នាក់

​ភ្នំពេញ ៖ សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ​បានឱ្យដឹងថា រយៈពេល​១៤​ថ្ងៃ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​ថ្មី​ចំនួន​១៥៩.៤៤៥​នាក់ ហើយ​ប្រជាពលរដ្ឋ​ដែល​បាន​លុប​ចេញពី​បញ្ជី​មាន​ចំនួន ២៧.៤៤៩​នាក់ ចំណែក ប្រជា ពលរដ្ឋ​ដែល​បានកែតម្រូវ​ទិន្នន័យ​មាន​ចំនួន​១.១៤៦​នាក់​។​

​គ​.​ជ​.​ប ក៏បាន​ក្រើនរំឭក​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ចុះឈ្មោះ​បោះឆ្នោត ឬ​ចង់​កែតម្រូវ​ទិន្នន័យ​ណាមួយ នៅក្នុង​បញ្ជី​បោះឆ្នោត ត្រូវ​មក​ដោះស្រាយ​ការងារ​នេះ ឱ្យបាន​រួសរាន់ ពីព្រោះ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨​នេះ នៅសល់​រយៈពេល​តែ​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។

​ខាងក្រោម​នេះ ជា​សេចក្ដីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប​ ៖

​

​

​ចាប់រំលោភ​កូនស្រី​ចុង​បានសម្រេច​៦​លើក ទើប​ប្រពន្ធ​តាម​ទាន់​

​ខេត្តក្រចេះ ៖ បុរស​វ័យ​៣៣​ឆ្នាំ​ម្នាក់ (​ប្តី​ចុង​) ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាមៗ តាម​បណ្តឹង​របស់​ស្ត្រី​ជា​ប្រពន្ធ​ក្នុងករណី​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​ប្តី​មុន​អា​យិ​១២​ឆ្នាំ បានសម្រេច​រហូតដល់​ទៅ ៦​លើក ទើប​ប្រពន្ធ​តាម​ទាន់​នៅ​កណ្តាល​ស្រែ​។​

​បុរស​ដែល​រំលោភ​កូនស្រី​ចុង​នេះ ឈ្មោះ ហុក ណា​រ៉េត ហៅ​តឿ អាយុ​៣៣​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​។ ចំណែក​កូនស្រី​រងគ្រោះ ឈ្មោះ អ ត អាយុ​១២​ឆ្នាំ រស់នៅ​ជាមួយគ្នា​។​

​តាម​ដើមបណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ បាន​រៀបរាប់ថា ក្រោយពី​បាន​លែងលះ​ជាមួយ​ប្តី​មុន​គាត់ មានកូន​ស្រី​ម្នាក់ (​ជនរងគ្រោះ​) ហើយ​មក​យក​ជនសង្ស័យ​ធ្វើជា​ប្តី រស់នៅ​ជាមួយគ្នា មានកូន​ប្រុស​ម្នាក់ទៀត រាល់ថ្ងៃ​ប្រកប របរ​ដើរ​ស៊ីឈ្នួល​ច្រូតស្រូវ​ឲ្យ​គេ ។ លុះ​នៅវេលា​ម៉ោង ១០​និង ៣០​នាទី ព្រឹក ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៨ បានមក​ទាន់​ករណី​ចាប់រំលោភ​លើ​កូនស្រី​គាត់ នៅត្រង់ចំណុច​ស្រែ​ល្អក់ ក្នុងភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ទើប​បែកការណ៍ ហើយ​បាន​យក​រឿងនេះ​ទៅប្តឹង​ដល់​ប៉ូលីស​ឲ្យ​ចាប់ខ្លួន​បុរស​ជា​ប្តី នៅ​ថ្ងៃទី​១៤ ខែតុលា នេះ​តែម្តង​។​

​តាម​ការសារភាព​ពី​ជនសង្ស័យ​បាន​ឲ្យ​ដឹងថា ខ្លួន​ចាប់រំលោភ​កូនស្រី​បានសម្រេច​ជា​បន្តបន្ទាប់ ពេល​ប្រពន្ធ​មិន​នៅផ្ទះ​ចំនួន​៥​លើក និង​លើក​ទី​៦ ចុង​ក្រៅ​ត្រូវ​ប្រពន្ធ​ទៅ​ទាន់​នៅឯ​ស្រែ​។​

​សមត្ថកិច្ច​បាន​នាំខ្លួន​បុរស​ខាងលើ ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​នគរបាល ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​ចាត់ការ​បន្ត​តាមច្បាប់​៕

​

កម្ពុជា បញ្ជូន​ជនជាតិ​ចិន​ប្រព្រឹត្ត​បទល្មើស​៩១​នាក់ ទៅ​ប្រទេស​ចិន​វិញ​

​ភ្នំពេញ ៖ ជនជាតិ​ចិន​ចំនួន​៩១​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​២១​នាក់ ត្រូវបាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ រួមសហការ​ជាមួយ​សមត្ថកិច្ច​ប្រទេស​ចិន ចាប់បញ្ជូន​ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​ដើម​វិញ នា​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​រកឃើញថា ជនជាតិ​ចិន​ទាំងនោះ​ចូលមក​ស្នាក់នៅ​ដោយ​ខុសច្បាប់ និង​មួយចំនួនទៀត​ប្រព្រឹត្ត​បទល្មើស រក​ស៊ី​ដោយ​ខុសច្បាប់ ហើយ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​ចាប់ខ្លួនបាន​កន្លងមក ។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ ក្រោម​ការចាត់ចែង​ដោយ​កម្លាំង​នគរបាល នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដែល​ធ្វើឡើង​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បន្ទាប់ពី​ជនជាតិ​ចិន​ទាំងនោះ ប្រព្រឹត្ត​បទល្មើស មករក​ស៊ី​នៅ​កម្ពុជា​ដោយ​ខុសច្បាប់ ជំរឹត​ទារប្រាក់ ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន កាលពីពេល​ថ្មីៗ​នេះ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ថ្លែងប្រាប់​ក្រុម​អ្នកយកព័ត៌មាន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា ជនជាតិ​ចិន​ទាំង​៩១​នាក់ ស្រី​២១​នាក់ ដែល​ត្រូវ​បណ្តេញចេញ​នៅថ្ងៃនេះ គឺ​ពួកគេ​ជាប់​ពាក់ព័ន្ធ​ករណី គម្រាមកំហែង ជំរឹត​ទារប្រាក់ ប្រព្រឹត្ត​បទល្មើស​ផ្ទុយ​ពី​ច្បាប់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ត្រូវបាន សមត្ថកិច្ច​ជំនាញ​បង្ក្រាប​ចាប់ខ្លួន​កន្លងមក​នៅក្នុង​ខេត្តកំពត ។​

​លោក​ប្រធាន​នាយកដ្ឋាន​បញ្ជាក់ថា យើង​បាន​សហការគ្នាជាមួយ​ស​ម​ត្ថ​កិច្ច​ចិន​ក្នុងការ បញ្ជូន​ជនល្មើស​ឲ្យ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ស្របតាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង ជាមួយ​ប្រទេស​ទាំងពីរ តាម​ជើងយន្តហោះ របស់​ប្រទេស​ចិន នា​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ សរុប​ចំនួន​៩១​នាក់ ស្រី​២១​នាក់ ៕ ដោយ ៖ សា​វី​

​

កម្ពុជា នឹងធ្វើ​​សមយុទ្ធលំហាត់​សង្គ្រោះ​ពេល​យន្តហោះ​ជួប​ឧបទ្ទវហេតុ​ផ្សេងៗ

​ភ្នំពេញ ៖ កម្ពុជា នឹង​រៀបចំ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ដើម្បី​ធ្វើ​លំ​ហាត់​សង្គ្រោះ ក្នុងករណី​យន្តហោះ​ជួប​ឧបទ្ទវហេតុ​ផ្សេងៗ នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ កងកេង ខេត្ត​ព្រះសីហនុ​។ ជាមួយនេះ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​អំពាវនាវ​សូមកុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ និង​ភ័នច្រឡំ​ទៅនឹង​សភាពការណ៍​អសន្តិសុខ​។

​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​បញ្ជាក់ថា អាកាសចរ​ស៊ីវិល និង​សហការ​ជាមួយ​អាជ្ញាធរខេត្ត​ព្រះសីហនុ នឹង​រៀបចំ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​លើក​ទី​២ ដើម្បី​សង្គ្រោះ​យន្តហោះ​ពេល​មាន​ជួប​ឧបទ្ទវហេតុ នៅ​ព្រលានយន្តហោះ​អន្តរជាតិ (​កងកេង​) ខេត្ត​ព្រះសីហនុ ។ ការរៀបចំ​ធ្វើ​សមយុទ្ធ​ជា​ទ្រង់ទ្រាយ​ធំ​នេះ អាកាសចរណ៍​ស៊ីវិល​សំណូមពរ​ឲ្យ​គ្រប់​ស្ថាប័ន អង្គភាព​ជំនាញ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ចូលរួម​សហការគ្នា ដើម្បី​ជួយសង្គ្រោះ​ក្នុងករណី​កើតមាន​ឧបទ្ទវហេតុ​យន្តហោះ​ធ្លាក់​ជាយថាហេតុ​។

​សូមជម្រាបថា ក្នុង​លំ​ហាត់​សមយុទ្ធ​នេះ នឹងមាន​សកម្មភាព​ដូចជា​ការចេញដំណើរ​រ​បស់​រថយន្ត​ពេទ្យ​សង្គ្រោះ​មាន​បន្លឺសម្លេង​ស៊ី​រ៉ែ​ន​ខ្លាំង ពី​គ្រប់​មន្ទីរពេទ្យ​រដ្ឋ គ្លីនិក​ឯកជន មណ្ឌល​សុខភាព និង​ពី​គ្រប់​ទីបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ ដែលមាន​ទីតាំងនៅ​ជិត​កន្លែងកើតហេតុ​, ការចេញដំណើរ​របស់​រថយន្ត​កងទ័ព​ដឹកជញ្ជូន​កម្លាំង​សង្គ្រោះ និង​សកម្មភាព​ដឹកជញ្ជូន​ជនរងគ្រោះ (​សិប្បនិម្មិត​) ទៅកាន់​គោលដៅ​សង្គ្រោះ​..​។​ល​។​
​ដោយសារ មាន​សកម្មភាព​ដូចនេះ អាជ្ញាធរ បានប្រកាស​អំពាវនាវ សូមកុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល ឬ​យល់ច្រឡំ​ចំពោះ​ព្រឹត្តិការណ៍​សមយុទ្ធ​នេះ​៕ ដោយ ៖ ភិ​រ៉ា​ន​

ទំនាស់​ក្នុងពេល​ផឹកស៊ី កាប់​ស្លាប់​បុរស​៣​នាក់ ឳ​ពុក និង​កូន នៅ​ស្រុក​បាធាយ​

​ខេត្តកំពង់ចាម ៖ បុរស​៣​នាក់​ដែល​ត្រូវជា​ឳ​ពុក និង​កូន ត្រូវបាន​បុរស​ម្នា​ក់កាប់​ស្លាប់​ជា​បន្តបន្ទាប់ ដោយសារ​ទាស់​ពាក្យសំដី​ពេល​ផឹកស៊ី​ជុំគ្នា​នៅក្នុង​ផ្ទះ​របស់​ជនដៃដល់ កាលពី​វេលា​ម៉ោង​១៧ និង​៣០​នាទី ព្រលប់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ថ្មកែវ ឃុំ​ត្រប់ ស្រុក​បាធាយ ខេត្តកំពង់ចាម​។​

​តាម​របាយការណ៍​សម​ត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា ជនដៃដល់​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​ភ្លាមៗ នៅក្រោយពេល​កើតហេតុ មានឈ្មោះ ឯម ភឿង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មកែវ ឃុំ​ត្រប់ ស្រុក​បាធាយ ខេត្តកំពង់ចាម (​កន្លែងកើតហេតុ​) រួម​នឹង​វត្ថុតាង​កាំបិត​ខ្វែវ​មួយ ។ ចំណែក ជនរងគ្រោះ រួមមាន​ទី​១ ឈ្មោះ នី ណុន ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ​។ ទី​២ ឈ្មោះ ណុន ឆ​វ័ន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ និង​ទី​៣ ឈ្មោះ ណុន វី ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ជាមួយ គ្នា​នឹង​ជនសង្ស័យ​ដែរ​។​

​តាម​ព័ត៌មាន​ដែល​ទទួលបាន​ពី​សមត្ថកិច្ច​ ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនដៃដល់​ឈ្មោះ ឯម ភឿង និង​ជនរងគ្រោះ​ឈ្មោះ ណុន វី បាន​ផឹកស៊ី​ជាមួយគ្នា​នៅ​នឹង​ផ្ទះ​ឈ្មោះ ឯម ភឿង ។ មួយសន្ទុះ​ក្រោយមក ក៏មាន​ទំនាស់​ពាក្យសំដី តែមិនដឹងថាបណ្តាលមកពីរឿងហេតុអ្វីនោះទេ ហើយ​ឈ្មោះ ឯម ភឿង ក៏​ស្ទុះ​ចូលទៅក្នុង​ផ្ទះ​យក​កា​បិត​ខ្វែវ​របស់ខ្លួន​មក​កាប់​ឈ្មោះ ណុន វី បណ្តាល​ឲ្យ​រងរបួស តែ​តិចតួច​ទេ​។ ភ្លាមនោះ​ជនរងគ្រោះ​ឈ្មោះ ណុន វី ក៏​និយាយថា មិន​អី​ទេ​ប៉ុណ្ណឹង ហើយក៏​ដើរចេញ​ទៅផ្ទះ​របស់ខ្លួន​បាត់​។​

​ប្រភព​ដដែល​បន្តថា មួយសន្ទុះ​ក្រោយមក​ក្រុម​ជនរងគ្រោះ​ឈ្មោះ ណុន វី ក៏​ត្រឡប់មកវិញ​រួម​និង ឈ្មោះ នី ណុន និង​ឈ្មោះ ណុន ឆ​វ័ន ដែល​ត្រូវជា​ឪពុក និង​ប្អូន​របស់ខ្លួន​ មក​ផ្ទះ​ឈ្មោះ ឯម ភឿង ម្តងទៀត ដោយមាន​កាន់​ពូថៅ និង​ដំបង​ជាប់​នឹង​ដៃ​មកជា​មួយ​ផង​។ ពេលនោះ​ការឈ្លោះប្រកែក​បាន​ផ្ទុះឡើង ហើយ​ឈ្មោះ ឯម ភឿង ក៏​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​អ្នក​ទាំងបី​បណ្តាល​ឲ្យ​រងរបួស​ដេក​ដួល ហើយ​ស្លាប់​នៅ​ហ្នឹ​កន្លែងកើតហេតុ​ចំនួន​ពីរ​នាក់ គឺ​ឈ្មោះ នី ណុន និង​ឈ្មោះ ណុន ឆ​វ័ន ចំណែក​ឈ្មោះ ណុន វី បាន​ស្លាប់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​ស្រុក​បាធាយ​។​

​ជនសង្ស័យ​ឈ្មោះ ឯម ភឿង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល និង​បាន​បំពេញ​សំណុំ​ឯកសារ ដើម្បី​បញ្ជូន​បន្តទៅ​តុលាការ​តាម​នីតិវិធី​៕

​

៩​ខែ​នេះ កម្ពុ​ជាមាន​ជំងឺផ្តាសាយបក្សី A (H1N1) ចំនួន​៤​ករណី​

​ភ្នំពេញ ៖ ក្នុង​រយៈ ពេល​៩​ខែ ឆ្នាំ​២០១៨ កម្ពុ​ជាមាន​​ជំងឺឆ្លង​ផ្តាសាយ​បក្សី A (H1N1) ចំនួន​៤​ករ​ណី គឺ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី ព្រៃវែង ត្បូងឃ្មុំ និង​រាជធានី​ភ្នំពេញ ដែល​ក្នុងនេះ​មាន​សត្វ​មាន់ និង​ទា​បាន​ងាប់ និង​បាន​កម្ទេចចោល ដោយមាន​កិច្ចសហការ​ទាន់ពេលវេលា​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងសុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​រងគ្រោះ​រួមមាន ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​តាម​កសិដ្ឋាន និង​លំនៅដ្ឋាន ការផ្សព្វផ្សាយ​អប់រំ ការបិទ និង​ចែក ប័ណ្ណ​ផ្សព្វផ្សាយ អំពី​ការការពារ​ជំងឺផ្តាសាយបក្សី​ផងដែរ​។ នេះ​បើតាម​ក​ការបញ្ជាក់ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​គូសបញ្ជាក់ថា វិធានការ​ដើម្បី​ការពារ​ជំងឺគ្រុនឈាម ត្រូវបាន​ក្រសួងសុខាភិបាល ដាក់ចេញ​ចាប់​តាំងពីដើម ឆ្នាំ​២០១៨ មក ដោយសារ​ឆ្នាំនេះ​ជាវ​ដ្ត​នៃ​ការផ្ទុះ​ជំងឺ​រាតត្បាត នឹង​កើតមាន​ទៅលើ​មនុស្ស​គ្រប់​វ័យ និង​តម្រូវ​ឲ្យ​មាន​កិច្ចសហការ​ទាំង​ក្នុង​គ្រួសារ និង​សហគមន៍​ក្នុងការ​កំចាត់​ដង្កូវទឹក មូស​ខ្លា តាមរយៈ​ការបំបាត់​ចោល​នូវ​វត្ថុ​ដែល​អាច​ដក់​ទឹក និង​ការដាក់​ថ្នាំ អា​បេ​ត នៅតាម​អាង និង​ពាងទឹក​ក្នុង​គ្រួសារ​នីមួយៗ ដែល​ក្នុងនោះ ក្រសួងសុខាភិបាល​បានធ្វើការ​ចែកចាយ​ថ្នាំ អា​បេ​ត ទៅតាម​បណ្តា​ខេត្ត​ទូទាំងប្រទេស​ចំនួន ៣៥០​តោន និង​ថ្នាំ​បាញ់​មូស​ចំនួន ៥.៦០៩​លីត្រ​។​

ក្នុង​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ អត្រា​ឈឺ​ដោយ​ជំងឺ គ្រុន​ឈាមមាន ៧.១២៣ ករណី និង​ការទទួល​រងគ្រោះ​ដល់​ស្លាប់​ចំនួន​១១​នាក់​៕
​

រដ្ឋបាល​រាជធានី បើក​ប្រកួត​រចនា​ម៉ូត​ខ្លោង​របារ​កាត់​ទទឹងផ្លូវ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​ពី​ការរៀបចំ​ការប្រកួតរ​ច​នា​ម៉ូត​ខ្លោង​របារ​កាត់​ទទឹងផ្លូវ ដើម្បី​ដាក់តាំង​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៨ ត្រូវ​នឹង​ថ្ងៃទី​២១ ២២ និង​២៣ ខែវិច្ឆិកា ខាងមុខនេះ​។​

​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ឲ្យ​ដឹងថា កា​រៀបចំ​ការប្រកួត​នេះ ធ្វើឡើង​ដើម្បី​ផ្តល់ឱកាស​ឱ្យ​អ្នកជំនាញ​ខាង​រចនា​ទាំងអស់ ជាពិសេស​និស្សិត​នៃ​សកលវិទ្យា ល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​ចូលរួមចំណែក​បង្ហាញ​ស្នាដៃ​របស់ខ្លួន ដែល​ចាប់ផ្តើម​ទទួល​រូបភាព ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​។​

​អាជ្ញាធរ​បន្តថា ខ្លោង​ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​តាមរយៈ​ការ​ចុច Like នឹង​ទទួល បាន​រង្វាន់​លើកទឹកចិត្ត ហើយនឹង​ត្រូវដាក់​ដំឡើង​នៅតាម​ទីតាំង ចំនួន​៤ រួមមាន មុខ​វិមានឯករាជ្យ​, រមណីយដ្ឋាន​វត្តភ្នំ​, ខាងលិច​រង្វង់​មូល​សម្ដេច​ជួន​ណាត និង​ចំណុច​សួន​ព្រះ​គ​ន្លុ​ង​៕
​

កម្ពុជា យល់ព្រម​ឲ្យ​អាមេរិក​បន្ត​រុករក​អដ្ឋ​ធាតុ​ទាហាន​បាត់​ខ្លួន ឡើងវិញ

​ភ្នំពេញ ៖ សម្តេចនាយក​រដ្ឋមន្ដ្រី​តេ​ជោ ហ៊ុន សែន យល់ព្រម​ឲ្យ​អាមេរិក​បន្ត​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​បាត់​ខ្លួន​នៅ​កម្ពុជា​ឡើងវិញ​។

​បើតាម​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចុះ​ថ្ងៃទី​១២ ខែតុលា ផ្ញើជូន​សមាជិក​ព្រឺទ្ធសភា​អាមេរិក និង​តំណាងរាស្ត្រ​អាមេរិក បាន​ពន្យល់ថា ការសម្រេច​នេះ ជាការ​ឆ្លើយតប​ក្នុង​ស្មារតី​«​មេត្តា ករុណា​» ចំពោះ​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក និង​តំណាងរាស្ត្រ​អាមេរិក ព្រមទាំង​អង្គការ​ពាក់ព័ន្ធ​ដទៃទៀត​នៅ​សហរដ្ឋអាមេរិក​។​

​សូមជម្រាបថា ក្នុងអំឡុង​សង្គ្រាម​នៅ​កម្ពុជា មាន​ទាហាន​អាមេរិក​ចំនួន ៩០​នាក់ ដែល​បាន បាត់​ខ្លួន​នៅ​កម្ពុជា ហើយ​រហូត​មកទល់ពេលនេះ នៅសល់​អដ្ឋិធាតុ​ទាហាន​អាមេរិក​៤៩​នាក់​ទៀត ដែល​មិនទាន់​រកឃើញ​នៅឡើយ​៕

កូរ៉េខាងត្បូង​ផ្តល់​កម្ចី​ជាង​៦៦​លាន​ដុល្លារ​បង្កើត​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល

​ភ្នំពេញ ៖ រដ្ឋាភិបាល​កូរ៉េខាងត្បូង បានផ្តល់​កម្ចី​ចំនួន ៦៦,៥៧​លាន​ដុល្លារ ដើម្បី​បង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិទ្យាសាស្ត្រ​សុខាភិបាល នៃ​សាកលវិទ្យាល័យ​កម្ពុជា​(UHS) តាមរយៈ​មូលនិធិ​កិច្ច សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច (EDCF)​។

​សេចក្តីប្រកាស​ដដែល​ប​ញ្ជា​ក់ថា គម្រោង​នេះ មានបំណង​គាំពារ​បុគ្គលិក​សុខាភិបាល​ប្រកប ដោយ​វិជ្ជាជីវៈ ដែលមាន​គុណភាព​អប់រំ​ខ្ពស់ ព្រមទាំង​ផ្តល់​សេវា​សុខភាព​ស្តង់ដារ​ខ្ពស់ ដោយ​បង្កើត​មន្ទីរពេទ្យ​បង្រៀន​មាន​២០០​គ្រែ ជាមួយនឹង​ឧបករណ៍​វេជ្ជសាស្ត្រ និង​ប្រព័ន្ធ​ព័ត៌មាន​សុខាភិបាល​ល្អៗ​។​

​សូមជម្រាបថា ចាប់តាំងពី​ឆ្នាំ​២០០១ មក រដ្ឋាភិបាល​កូរ៉េខាងត្បូង បានផ្តល់​ប្រាក់កម្ចី​សរុប​ចំនួន ៧៦៦​លាន​ដុល្លារ អាមេរិក ក្នុង​កម្ចី EDCF នេះ ដើម្បី​គាំទ្រ​ដល់​គម្រោង​ចំនួន​២២ នៅកម្ពុជា​៕

នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប នៅ​ប៊ែ​ល​ហ្ស៊ិ​ក ក្នុង​សប្តាហ៍​នេះ

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM)​លើក​ទី​១២​ដែល​រៀបចំ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ពីថ្ងៃ​ទី​១៨​ដល់​ថ្ងៃទី​១៩ ខែតុលា​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​(ASEM) លើក​ទី​១២ នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ​«​អឺរ៉ុប និង​អាស៊ី​៖ ដៃគូ​សកល​សម្រាប់​បញ្ហា​ប្រឈម​សកល​» ក្នុង​បំណង​ពង្រឹង​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​តំបន់​អាស៊ី និង​អឺរ៉ុប​។​

​ក្នុងឱកាស​ស្នាក់នៅ​ប្រទេស​បែលហ្ស៊ិក សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា នឹងមាន​ជំនួប​ទ្វេភាគី​ជា​ច្រើ​ដូចជា ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​រុស្ស៊ី​, នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ហុង​ហ្គ្រី​,​នាយករដ្ឋមន្ត្រី​ន័​រ វេស​, នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឆែក និង​ក៏មាន​ការជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហគម​ន៍​ខ្មែរ និង​សិស្ស និស្សិត​ខ្មែរ ដែល​កំពុង​រស់នៅ និង​សិក្សា​នៅ​ប្រទេស​បែលហ្ស៊ិក​ផងដែរ​៕

កម្ពុជា រៀបចំ​ព្រះ​រាជពិធី​រំឭក​ខួប​៦​ឆ្នាំ នៃ​ការ​សោយ​ទិវង្គត​អតីតព្រះមហាក្សត្រ​

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ នេះ កម្ពុជា បាន​ប្រារព្ធ​ខួប​៦​ឆ្នាំ នៃ​ការយាង​សោយ​ទិវង្គត របស់​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​នរោត្តម ស៊ី​ហ​នុ ព្រះ​បរម​រតន​កោដ្ឋ​។ ព្រះរាជ​ពិធី​នេះ បាន ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង ៧​កន្លះ​ព្រឹក តទៅ នា​សួនច្បារ​ខាងកើត វិមានឯករាជ្យ​។

​បើតាម​ផែនការ​ណែនាំ ក្រសួងព្រះបរមរាជវាំង ត្រូវ​រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ ករុណា «​ព្រះ​បរម​រតន​កោដ្ឋ​» តាម​ប្រពៃណីជាតិ និង​សាសនា​។ ចំណែក​នៅតាម​វត្ត​អារាម​នានា​នៅ ទូទាំងប្រទេស ត្រូវ​រៀបចំ​ព្រះរាជ​ពិធី​គោរព និង​ឧទ្ទិស​ថ្វាយ​ព្រះរាជ​កុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ «​ព្រះ​បរម​រតន​កោដ្ឋ​» និង​ដាក់តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍ របស់​ព្រះករុណា​ផងដែរ​។

​ដោយឡែក វិទ្យុ ទូរទស្សន៍​ជាតិ និង​ឯកជន ត្រូវ​ផ្សព្វផ្សាយ​អំពី​ព្រះរាជ​ជីវប្រវត្តិ ព្រះរាជ​សកម្មភាព និង​ស្នា​ព្រះហស្ត​របស់​ព្រះករុណា «​ព្រះ​បរម​រតន​កោដ្ឋ​»​ឲ្យ​បាន​ទូលំទូលាយ​៕