All posts by មេគង្គ ប៉ុស្តិ៍

លោក អូន ព័ន្ធមុនីរ័ត្ន ប្រគល់​រថយន្ត​សង្គ្រោះបន្ទាន់​១​គ្រឿង ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​ល្វាឯម​

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា នេះ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ប្រចាំខេត្ត​កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ប្រចាំ​ស្រុក​ខ្សាច់កណ្ដាល និង​ស្រុក​ល្វាឯម បានប្រគល់ រថយន្ត​សង្គ្រោះបន្ទាន់​មួយគ្រឿង​ដែលជា​អំណោយ​ពី​សប្បុរសជន ជូន​ដល់​មន្ទីរពេទ្យបង្អែក ស្រុក​ល្វាឯម ខេត្តកណ្តាល ដើម្បី​ទុក​ប្រើប្រាស់​ក្នុងការ​ជួយសង្គ្រោះ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ​មានប្រសាសន៍ថា រថយន្ត​សង្គ្រោះបន្ទាន់​មួយគ្រឿង​នេះ គឺ​បានមកពី​ការជួយឧបត្ថម្ភ​ពី​បណ្តា​សប្បុរសជន​នានា ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់​ការ ផ្តល់​សេវា​សុខាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​នៅក្នុង​ស្រុក​ល្វាឯម ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ និង​បាន​គូសបញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​លើកកម្ពស់​វិស័យ​សុខាភិបាល ដើម្បី​ឆ្លើយ តប​ទៅនឹង​សេចក្តីត្រូវការ​របស់​ប្រជាជន ។​

​លោក​ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​ល្វាឯម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​
​ចំពោះ​លោក អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ដែល​តែងតែ​គិតគូរ​ពី​ការលំបាក និង សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ល្វាឯម និង​ប្តេជ្ញា​ប្រើប្រាស់​រថយន្ត​សង្គ្រោះ បន្ទាន់​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕

ភ្លៀង​ធ្លាក់​ខ្លាំង​វាយប្រហា​តំបន់​ជាច្រើន​នៅ​ប៉ែក​និរតី និង​ខាងកើត​ប្រទេស​ចិន​

​ចិន ៖ ភ្លៀង​ធ្លាក់​ខ្លាំង​នៅតែ​បន្ត បាន​វាយប្រហា​ទៅលើ​តំបន់​ជាច្រើន​នៅ​ប៉ែក​និរតី និង​ភាគ ខាងកើត​ប្រទេស​ចិន បង្ករ​ឲ្យ​មាន​ទឹកជំនន់ និង​បាក់​ដី ព្រមទាំង​កាត់ផ្តាច់​ផ្លូវ​ធ្វើចរាចរ​ណ៏ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​នេះ​។​

​ភ្លៀង​ធ្លាក់​ខ្លាំង​នៅតែ​បន្ត ដែល​បាន​ចាប់​ផ្តើ តាំងពី​ថ្ងៃ​សៅ បាន​បង្ករ​ឲ្យ​មាន​ទឹកជំនន់ ក្នុង​តំបន់ និង​ខេត្ត ជាច្រើន និង​បាន​កាត់ផ្តាច់​ការផ្គត់ផ្គង់​អគ្គី​ស នី ទូរ​គម​នា​គម​ន៏ និង​កាត់ផ្តាច់​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​។

​អាជ្ញាធរ​ក្នុង​តំបន់ បានរៀបចំ ផែនការ​ធ្វើការ​ឆ្លើយតប​បន្ទាន់ ដើម្បី​ដាក់ពង្រាយ​ក្រុម​សង្គ្រោះ ដើម្បី​ជន្លៀស ប្រជាជន ដែល​ទទួលរង​ការប៉ះពាល់ ទៅកាន់​កន្លែង​សុវត្ថិភាព ប៉ុន្តែ​មកទល់ពេលនេះ នៅ​មិនទាន់ មាន​របាយ​ការ​ណ៏​ស្តីពី ប្រជាជន​រងរបួស​ឬ​ស្លាប់​ឡើយ​។
​ស្ពាន​ជាច្រើន​កន្លែង​បាន​ជន​លិច យានយន្ត​ជាច្រើន​ជាប់​ក្នុង​ទីក្រុង នៅក្នុង​ខេត្ត​យន់​ណាន ប្រទេស​ចិន ខណៈ​ភ្លៀង​លាយ ឡំ​ដោយ​ព្យុះ បង្ករ​ឲ្យ​មានការ​បាក់​ដី និង​និង​ទឹកទន្លេ​ឡើង​ពេញប្រៀប​។

​ទឹកជំនន់​នេះ បាន​បង្ករ​ឲ្យ​មានការ​ខាតបង់​ដ៏​ខ្លាំង ដល់​កសិកម្ម​ក្នុង​តំបន់​។ នៅក្នុង​ខេត្ត​ស៊ី​ជាំ​ង ប្រទេស ចិន អាកាសធាតុ​ព្យុះភ្លៀង បាន​នាំមក​នូវ​ទឹកជំនន់ និង​បាន​ជន់​លិច​អគារ​ជាច្រើន នៅ​តំបន់​ទំនាប​។

​នាយកដ្ឋាន​ឧ​ត្តុ​និយម នៅ​ខេត្ត​ជាំ​ង​ស៊ូ​ប្រទេស​ចិន បានចេញ​សញ្ញា ប្រកាសអាសន្ន ព័ណ៌​ទឹកក្រូច សំរាប់​ភ្លៀង​លាយឡំ​ដោយ​ព្យុះ ។ ប្រជាជន​ចិន និយាយថា ទឹកជំនន់​មាន​ជម្រៅ​ដល់ មួយ​ម៉ែត្រ នៅ​តំបន់​មួយចំនួន ហើយ​រថយន្ត​និង​រថយន្តក្រុង បាន​ជាប់​នៅតាម​ផ្លូវ ដោយសារ​ទឹក​កាន់តែ​កើនឡើង​៕

មនុស្ស​ជាង​១៧០​នាក់​ត្រូវបាន​ជួញដូរ​នៅ​មី​យ៉ាន់​ម៉ា ក្នុង​ពាក់កណ្តាល​ឆ្នាំនេះ​

​មី​យ៉ាន់​ម៉ា ៖ យោងតាម​ព័ត៌មាន គ្លូ​ប​ល​ញូ​ឡាយ របស់​មី​យ៉ាន់​ម៉ា បាន​ដកស្រង់​សំដី ប៉ូលីស ប្រឆាំង​ការ​ជួញ​ដុ​រម​នុស្ស ដោយ​និយាយថា មនុស្ស​សរុប​ចំនួន ១៧៦ នាក់ ត្រូវបាន​ជួញដូរ​នៅក្នុង​ប្រទេស មី​យ៉ាន់​ម៉ា ក្នុង​រយៈពេល​ពាក់កណ្តាល ឆ្នាំនេះ ។

​ក្នុងចំណោម​ជនរងគ្រោះ មាន​ជាង​១០០​នាក់​ជា​ស្ត្រី ដែល​នៅក្នុង​រដ្ឋ សាន មាន​ករណី​ជួញដូរ ខ្ពស់ បន្ទាប់មក​គឺ​ទីក្រុង យ៉ាង​ហ្គោ​ន និង​តំបន់ ម៉ាន ដា​ឡាយ​។ ករណី​ទាំងអស់នេះ ជាប់​ពាក់ព័ន្ធ​ទៅនឹង ការរៀប​ការ​ដោយ បង្ខំ ពេស្យាចារ​ដោយ​បង្ខំ និង​ការ​កេង​បរវ័ញ្ច​ការងារ​។

​សភា​ប្រទេស​មី​យ៉ាន់​ម៉ា ត្រូវ បាន​រំពឹងថា និង​អនុម័ត​ច្បាប់​ប្រឆាំង​ការជួញដូរ នូវ​ច្បាប់​ដែល​បាន ពិនិត្យ​ឡើង វិញ ដោយ​ផ្អែកលើ ច្បាប់​ដែល​បានអនុម័ត​កាលពី​ខែ កញ្ញា ឆ្នាំ​២០០៥​។​

យោងតាម​ច្បាប់​ប្រឆាំង​ការជួញដូរ​មនុស្ស ឆ្នាំ​២០០៥ ជន​ណា​ដែល ជួញ ដូរ​ស្ត្រី និង​កុមារ និង​ត្រូវ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ ជា​អប្ប​បរិ​មា ១០​ឆ្នាំ​និង​ជា អតិបរិមា ជាប់ពន្ធនាគារ​មួយជីវិត​៕

ជប៉ុន ៖ អ្នកស្លាប់​កើន​ដល់​១១០ នាក់ និង​មួយចំនួន​កំពុង​បាត់​ខ្លួន

ជប៉ុន ៖ ធ្វើ​ឲ្យ​គ្រោះធម្មជាតិ​នេះ កំពុង​ក្លាយជា​មហន្តរាយ​ធម្មជាតិ​ធ្ងន់ធ្ងរ​បំផុត​មួយ​ក្នុងប្រទេស​ជប៉ុន​រយៈពេល​៣៥​ឆ្នាំ​កន្លងទៅនេះ ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ឥតឈប់ឈរ​រយៈពេល ៣ ថ្ងៃ រួមជាមួយ​នឹង​ព្យុះ​ដ៏​មាន​ឥទ្ធិពល ។

​លោកនាយក​រដ្ឋមន្ត្រី ហ្ស៊ី​ន​សូ អា​បេ បញ្ជា​ឲ្យ​ការិយាល័យ​ដោះស្រាយ​គ្រោះមហន្តរាយ​បង្កើន​ភ្នាក់ងារ​ជួយសង្គ្រោះ​នៅ​ទូទាំងប្រទេស ឲ្យ​ឡើងដល់ ៧៣០០០ នាក់​ដោយ​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា ពេលនេះ​ជា​ពេលវេលា​លំបាក​បំផុត ។ ទិន្នន័យ​បង្ហាញថា ខេត្ត​ចំនួន ៩ ជួបនឹង​ម​ហ​ន្តា​យ​នេះ ហើយ​ប្រជាជន​រាប់លាន​នាក់​ត្រូវបាន​ប្រកាស​ឲ្យ​ណែនាំ​ឲ្យ​ភៀសខ្លួន​ជាបន្ទាន់ ។

​សារព័ត៌មាន​ជប៉ុន​ផ្សាយ​ឲ្យ​ឃើញ​ទិដ្ឋភាព​នៃ​មហន្តរាយ​ក្នុង​តំបន់​ក្បែរ​ជើងភ្នំ ជា​កន្លែង​ដែល​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវបាន​ទឹក​លិច​ជិត​ដល់​ដំបូល ហើយ​សារព័ត៌មាន​មួយចំនួន​ផ្សាយ​ថា ចំនួន​អ្នកស្លាប់​កើនឡើង​យ៉ាង​ឆាប់រហ័ស ។​ភ្នាក់ងារ​អាកាសធាតុ​រាយការណ៍​ថា ភ្លៀង​ធ្លាក់​ខ្លាំង​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​សៅរ៍ ក្នុង​ខេត្ត កា​កូ​ស៊ី​ម៉ា អ៊ី​ហ៊ិ​មេ កូ​ហ្វូ និង ខេត្ត ជី​ហ្វូ ។

​ចំនួន​ជនរងគ្រោះ​នឹង​កើនឡើង ក្នុងពេលដែល​អាជ្ញាធរ​បន្ត​ស្វែងរក​មនុស្ស​បាត់​ខ្លួន​ជាង ៦០ នាក់ ។
​ស្ថានភាព​ទឹកជំនន់ និង​ការបាក់​ដី​កាន់តែ​អាក្រក់​ដោយសារ​ភ្លៀង​ខ្លាំង​រួមជាមួយ​នឹង​ព្យុះ​ទី​ហ្វុ​ង​ដ៏​មាន​ឥទ្ធិពល​បោកបក់​មកពី​មហាសមុទ្រ​ប៉ាស៊ីហ្វិក ៕

ក្មេង៣នាក់ទៀតត្រូវបាននាំចេញលើកទី៣ ពីរូងភ្នំថាមលួងដោយសុវត្ថិភាព

ថៃ ៖ ក្មេងៗ ចំនួន៣នាក់បន្ថែមទៀតត្រូវបាននាំចេញពីរូងភ្នំដោយជោគជ័យ នៅល្ងាច ថ្ងៃអង្គារ៏នេះ ក្នុងប្រតិបត្តិការលើកទីបី ដែលចំនួនក្មេងដែលត្រូវបាននាំចេញពីរូងភ្នំ បាន កើនដល់១១នាក់ គិតត្រឹមម៉ោង៥ និង៣០នាទីល្ងាចនេះ ហើយ កំពុងប្រតិ បត្តិការបន្តសំរាប់ ក្មេងប្រុសម្នាក់ទៀត និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ ដើម្បីសម្រេច ការ យកចេញដោយជោគជ័យ សំរាប់ប្រតិបត្តិការចុងក្រោយ។

សំឡេងអបអររបស់អ្នករង់ចាំនៅខាងក្រៅរូងភ្នំ រួមជាមួយនឹងការបញ្ជាក់របស់កងកម្លាំង NAVY SEAL បង្ហាញថា ក្មេងៗ ចំនួន៣នាក់ បន្ថែម ពិតជាត្រូវបានសង្រ្គោះ ។ ប្រតិបត្តិការទីបី ក្នុងការ នាំក្មេងចេញមានពេលវេលា លឿនជាងការរំពឹងទុក ។

អាជ្ញាធរថៃបានសម្រេចឲ្យអ្នកជំនាញមុជទឹក នាំយកក្មេងចេញចាប់តាំងពីថ្ងៃពីថ្ងៃអាទិត្យ បន្តបេសកកម្មរហូតដល់ថ្ងៃអង្គារ៏នេះ ព្រោះអ្នកជំនាញមុជទឹកស្គាល់ស្ថានភាពរូងភ្នំច្បាស់ ហើយពួកគេដឹងថាត្រូវដោះស្រាយបញ្ហាដោយរបៀបណា ។ ក្មេងៗត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ឈៀងរ៉ៃ ភ្លាមៗក្រោយចេញពីរូងភ្នំ ។

នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា លុបចោលទស្សនកិច្ចទៅកាន់ទីតាំងក្បែររូងភ្នំដោយសារចៀសវាងការរំខានដល់ប្រតិបត្តិការជួយសង្គ្រោះដែលស្ថិតក្នុងតំណាក់កាលសំខាន់បំផុត ហើយលោកឧត្តមសេនីស្ថិតនៅក្បែរក្នុងទីប្រជុំជនខេត្តឈៀងរ៉ៃ ។ កាលពីថ្ងៃ អាទិត្យ ក្មេងៗ៤នាក់ត្រូវបាននាំចេញពីរូងភ្នំដោយជោគជ័យ នៅក្នុងប្រតិបត្តិការទីមួយ ប្រើរយៈពេលជិត ៦ ម៉ោង ហើយ៤នាក់ទៀតបានយកចេញនៅល្ងាចថ្ងៃច័ន្ទ ហើយនៅល្ងាចថ្ងៃអង្គារ៏ក្មេងៗចំនួន ៣នាក់ទៀត ត្រូវបានយកចេញ ដែលជាការសម្រេចចិត្តរបស់អាជ្ញាធរ ថៃ ជ្រើសរើសយកជម្រើសទីពីរ គឺនាំចេញក្មេងៗទាំងពេលដែលទឹកក្នុងរូងភ្នំ និងបន្តការបូមទឹកចេញ ទោះជាអ្នកជំនាញអន្តរជាតិព្រមានថាប្រឈមនឹងគ្រោះថ្នាក់យ៉ាងណាក៏ដោយ ៕

ក្មេង​៤​នាក់​ទៀត​ត្រូវបាន​នាំ​ចេញពី​រូងភ្នំ​ថា​ម​លួង​ដោយ​សុវត្ថិភាព


​ថៃ ៖ ក្នុង​ប្រតិបត្តិ​ការលើក​ទី​ពីរ​
​ក្មេងៗ ៤​នាក់ បន្ថែមទៀត ត្រូវបាន​នាំចេញ​ពី​រូងភ្នំ​ថា​ម​លួង​ដោយ​ជោគជ័យ កាលពី​រសៀល​ថ្ងៃ ច័ន្ទ ម្សិលមិញ ក្នុង​ប្រតិបត្តិ​ការលើក​ទី​ពីរ ធ្វើ​ឲ្យ​ចំនួន​ក្មេងៗ​ដែល​ត្រូវបាន​សង្គ្រោះ​ឡើងដល់ ៨ នាក់ ចំណែក​មនុស្ស​៥​នាក់​ទៀត​ដែលមាន​ក្មេងៗ​៤​នាក់ និង​គ្រូបង្វឹក​របស់​ពួកគេ​ទំនងជា​ត្រូវបាន​សង្គ្រោះ​នៅថ្ងៃនេះ ប្រសិនបើ​ស្ថានភាព​អនុគ្រោះ ។

​ទោះជា​គេ​មិន​បានឃើញ​ក្មេងៗ​ច្បាស់​ប៉ុន្តែ​សំឡេង​អបអរ​របស់​អ្នក​រង់ចាំ​នៅ​ខាងក្រៅ​រូងភ្នំ រួមជាមួយ​នឹង​ការបញ្ជាក់​របស់​កងក​ម្លាំ​ង NAVY SEAL បង្ហាញថា ក្មេងៗ ៤ នាក់ ពិតជា​ត្រូវបាន​សង្គ្រោះ ។ NAVY SEAL បាន​ចុះផ្សាយ​ក្នុង​គេហ​ទ័​ព័រ​ថា ពេលនេះ​ក្មេងៗ​ដែល​ត្រូវបាន​នាំ​ចេញពី​រូង​មាន ៨ នាក់ ។ អ​តី​តៈ​អភិបាលខេត្ត ឈៀង​រ៉ៃ លោក ណា​រ៉ុង​សក្តិ ឧស្សា​ថា​ណា​ខន និង​ជា​ប្រធាន​ក្រុម​ប្រតិបត្តិការ​ជួយសង្គ្រោះ​និយាយថា ប្រតិបត្តិ​ការលើក​ទី​ពីរ​ចាប់ផ្ដើម​នៅ​ម៉ោង ១១ ព្រឹក ហើយ​ក្មេង​ដំបូង​បាន​ចេញពី​រូងភ្នំ​នៅ​ម៉ោង ៤.៣០​នាទី​ល្ងាច ក្មេង​ទ​ពីរ​នាំចេញ​នៅ​ម៉ោង ៦ និង​ទី ៣ នាំចេញ​នៅ​ម៉ោង ៧ ។ ប្រតិបត្តិ​ការលើក​ទី​ពីរ​ប្រើ​រយៈពេល​ជិត ៦ ម៉ោង ប៉ុន្តែ​ពេលវេលា​នេះ​លឿន​ជាង​ការរំពឹងទុក ។

​ចំណែក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក អនុពង្ស ផៅ​ចិន្តា និយាយថា អាជ្ញាធរ​សម្រេច​ឲ្យ​អ្នកជំនាញ​មុជទឹក​ដែល​នាំយក​ក្មេង​ចេញ​កាលពី​ថ្ងៃអាទិត្យ បន្ត​បេសកកម្ម​នោះ ព្រោះ​ពួកគេ​ស្គាល់​ស្ថានភាព​រូងភ្នំ​ច្បាស់ ហើយ​ពួកគេ​ដឹងថា​ត្រូវ​ដោះស្រាយ​បញ្ហា​ដោយ​របៀប​ណា ។ ក្មេងៗ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត ឈៀង​រ៉ៃ ភ្លាមៗ​ក្រោយ​ចេញពី​រូងភ្នំ ហើយ​បុគ្គលិក​ពេទ្យ​បញ្ជាក់ថា ពួកគេ​មិន​ប្រឈម​នឹង​គ្រោះថ្នាក់​សុខភាព​ឡើយ ។

​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា លុបចោល​ទស្សនកិច្ច​ទៅកាន់​ទីតាំង​ក្បែរ​រូងភ្នំ​ដោយសារ​ចៀសវាង​ការរំខាន​ដល់​ប្រតិបត្តិការ​ជួយសង្គ្រោះ​ដែល​ស្ថិតក្នុង​តំណាក់កាល​សំខាន់បំផុត ហើយ​លោក​ឧ​ត្ត​ម​សេនី​ស្ថិតនៅ​ក្បែរ​ក្នុង​ទីប្រជុំជន​ខេត្ត​ឈៀង​រ៉ៃ ។ កាលពី​ថ្ងៃ អាទិត្យ ក្មេងៗ​៤​នាក់​ត្រូវបាន​នាំ​ចេញពី​រូងភ្នំ​ដោយ​ជោគជ័យ នៅក្នុង​ប្រតិបត្តិការ​ទីមួយ ប្រើ​រយៈពេល​ជិត ៦ ម៉ោង ដែលជា​ការសម្រេចចិត្ត​របស់​អាជ្ញាធរ ថៃ ដែល​ជ្រើស​រើសយក​ជម្រើស​ទី​ពីរ គឺ​នាំចេញ​ក្មេងៗ​ទាំង​ពេលដែល​ទឹក​ពេញ​រូងភ្នំ ទោះជា​អ្នកជំនាញ​អន្តរជាតិ​ព្រមាន​ថា​ប្រឈម​នឹង​គ្រោះថ្នាក់​យ៉ាងណាក៏ដោយ ។
​ប្រតិបត្តិការ​ជួយសង្គ្រោះ ដែលមាន​រហ្សនាម​ថា Operation Labyrinth ចូលរួម​ដោយ​អ្នកជំនាញ​រូងភ្នំ​អន្តរជាតិ​១៣ នាក់ និង កងកម្លាំង NAVY SEAL ថៃ ៥ នាក់ ហើយ​ប្រតិបត្តិការ​នោះ​ចាប់ផ្ដើម​នៅ​ម៉ោង ១០​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ​៕

រឿងអាស្រូវ​របស់​មន្ត្រី​បរិស្ថាន​២ -៣​នាក់​នៅ​ខេត្តកំពង់ស្ពឺ កាន់តែ​ល្បី​

​កំពង់ស្ពឺ ៖ លោក ឯម សុគ​ន្ឋ ចាប់តាំងពី​ឡើងកាន់តំណែង​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ស្តីទី​ជាង​២​ខែ​មក ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹក​ផល និង​អនុផល ព្រៃឈើ​រអ៊ូរទាំ​ថា បាន​ប្រើ​កូនចៅ​អោយចេញ​ធ្វើ​សកម្មភាព​ជំរិត​ទារលុយ​ពី​អ្នកដឹកឈើ​មិន​ញញើត​ឡើយ បើទោះជា​ឈ្មួញ​ឈើ​ខ្លះ បាន​បង់លុយ​ទៅអោយ​លោក ទៅហើយ​ក្តី​។ នេះ​បើតាម​ការអះអាង​បញ្ជាក់ ពី​បុរស​រកស៊ី​ឈើ​ម្នាក់ នៅ​ស្រុក​ឱ​រ៉ា​ល់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​។​

​ប្រភព​នេះ បាន​រាយការណ៍​ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ លោក ហ៊ុល ម៉ា​រា និង​លោក ឈុន ឈា​ហេង និង​លោក ឆេ ដែល​គេ​ដឹង និង ស្គាល់​ថា ជាម​នុស្ស​ជំនិត​របស់លោក ឯម សុគ​ន្ឋ បានធ្វើ​សកម្មភាព ប្រដេញ​គោយន្ត​កន្ត្រៃ និង​រថយន្ត​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ នៅលើ​កំណាត់​ផ្លូវ ជាំ​កន្ទួត កៀប​យកលុយ​ដោយ​មិន​ខ្មាស់អៀន និង​មិន​ខ្លាច​ច្បាប់​ទំលាប់​ទាល់តែសោះ បើ​មិន​ទូរស័ព្ទ​ប្រាប់​គាត់​មុន ។ ប្រភប​ដដែល​បន្តថា ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​៥ កក្កដា ឆ្នាំ​២០១៨ កន្លងទៅនេះ មាន​គោយន្ត​កន្ត្រៃ ជាច្រើន​គ្រឿង​ដឹកឈើ​អារ​ប្រហែល ២​ម៉ែត្រគូប និង​រថយន្ត​ដឹកឈើ ១​គ្រឿង​នៅ​ចំណុច​ផ្លូវ តេ ត្រូវបាន​ក្រុម​លោក ហ៊ុល ម៉ា​រា និង​លោក ឈុន ឈា​ហេង និង​ឈ្មោះ ឆេ បាន​ប្រដេញ​តាម​ទារ​យកលុយ​ពី​ក្រុម​គោយន្ត​៣០០.០០០​រៀល ដោយឡែក រថយន្ត​ដឹកឈើ​មួយគ្រឿង ដែល​ចេញពី​ចំណុច ជាំ មកដល់​ចំណុច តេ ក្នុងស្រុក​ឱ​រ៉ា​ល់ ត្រូវបាន​ក្រុម​លោក ឆេ ឃាត់​ចាប់ និង​តម្រូវ​ឲ្យ​បង់លុយ​ឲ្យ​ចំនួន​៥០០​ដុល្លារ ក្នុង​មួយគ្រឿង បើ​មិន​បង់​ទេ នឹងត្រូវ​ចាប់​អូស​ឡាន​យកទៅ​ទុក​នៅ​ស្នាក់ការ​បរិស្ថាន​ខេត្ត​។

​ប្រភព​បាន​រាយការណ៍​បន្តថា កាលពីមុន លោក ហ៊ុល ម៉ា​រា​ ​មាន​ថា​នៈ​ជា​អនុប្រធាន​ការិយាល័យ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ចំណែក​លោក ឈុន ឈា​ហេង ប្រធាន​កម្រង រីឯ​លោក ឆេ ជា​មនុស្ស​ជំនិត​របស់​ប្រធានស្តីទី នៃ​មន្ទីរ​បរិស្ថាន​តែម្តង​។ អស់លោក​ទាំងនេះ ត្រូវ​អ្នកជួញដូរ​ឈើ​ស្គាល់​គាត់​ច្បាស់​គ្រប់ៗ​គ្នា អ្នកខ្លះ​ហៅ​គាត់​ថា មេៗ ថែម​ទៀតផង ដូច្នេះ​នៅ​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់​នេះ ទំនងជា​គាត់​ធំ​ជាង​លោក ខន សុខុន ដែលជា​នាយក​ដែន​ទៅទៀត​។​

​ប្រភព​ដដែល​បាន​រំលឹកថា ដោយឡែក លោក ឈុន ឈា​ហេង ជា​អតីត​នាយក​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក្រោយមក​ដោយសារ​មានរឿង​អាស្រូវ​ពុករលួយ​ច្រើនពេក ក៏ត្រូវ​ថ្នាក់លើ​ដក​ឲ្យ​ទៅ​នៅ​ក្រសួង​មួយរយៈ ស្រាប់តែ​ឥឡូវ គាត់​បានបង្ហាញ​មុខជា​ថ្មី​ក្នុងឋានៈ​ជា ប្រធាន​កម្រង គឺ​កាន់តែ​ធំ​ជាង​មុន ទៅទៀត អីចឹង​ហើយ ទើបបានជា​គាត់​សកម្ម​ខាង​ប្រដេញ​គោយន្ត​កន្ត្រៃ និង​រថយន្ត​ដឹកជញ្ជូន​ឈើ​យកលុយ​ទាំងយប់​ថ្ងៃ ជាមួយ​លោក ហ៊ុល ម៉ា​រា និង​លោក ឆេ ។​

​ប្រភព​រាយការណ៍​បន្ត​ទៀតថា លោក ទាំងបី​នាក់​នេះ គេ​សង្កេតឃើញ បញ្ចេញ​ខ្លាំង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤៤ ភូមិ​ជាំ ផ្លូវបំបែក​តេ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។​

​ប្រភពព័ត៌មាន​ស្និទ្ធ​នឹង​ក្រុម​ដឹកឈើ​បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៨ កន្ល​ទៅនេះ ក្រុម​លោក​ទាំង​បីនាក់ បាន​ស្វះស្វែង​ហៅ​ម្ចាស់​ឡាន​ដឹកឈើ​អោយទៅ​ជួប​ផ្ទាល់ ដើម្បី​ប្រគល់​លុយ​៥០០​ដុល្លារ សង​អោយ​វិញ​និង​ឲ្យ​ជួយ​លាក់​ការ ដើម្បី​ងាយស្រួល​ក្រុម​គេ​រាយការណ៍​ភូត​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​ប្រាប់​ទៅ​មេៗ​ថា មិនមាន​ករណី​ដូច​សេចក្តីរាយការណ៍​នោះទេ​។​

​មជ្ឈដ្ឋាន​ជាច្រើន​បាន​សម្តែង​ការរិះគន់​ធ្ងន់ៗ​ចំពោះ​ករណីនេះ និង​កំពុង​រង់ចាំ​តាមដាន​ព័ត៌មាន​នេះ​យ៉ាង​យកចិត្តទុកដាក់​។
​យ៉ាងណាក៏ដោយ នៅ​រសៀល​ថ្ងៃទី​៩ ខែកក្កដា នេះ មេគង្គ​ប៉ុស្តិ៍ មិនទាន់​អាច​សុំ​ការបកស្រាយ​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នេះ​បាន​នៅឡើយ​ទេ ការិយាល័យ​និពន្ធ​រង់ចាំ​ការពន្យល់​ជា​វិជ្ជមាន​ទាក់ទង​នឹង​ព័ត៌មាន​នេះ​៕

​គ​.​ជ​.​ប រៀបចំ​បង្ហាញ​គុណភាព​ទឹកខ្មៅ​ជ្រលក់ម្រាម​ដៃ នៅ​ថ្ងៃទី​១៧​កក្កដា​

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៧ ខែកក្កដា ខាងមុខនេះ គ ជ ប​ នឹងធ្វើ​ការបង្ហាញ​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​សម្រាប់​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដល់​តំណាង​គណបក្សនយោបាយនានា និង​អង្គការ សមាគមជាតិ និង​អន្តរជាតិ រួមទាំង​ភាគី​ពាក់ព័ន្ធ នៅ​សាលសន្និសីទ​សារព័ត៌មាន គ​.​ជ​.​ប​។ នេះ​បើតាម​ការជូនដំណឹងរ​បស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​បញ្ជាក់ថា ក្រុមហ៊ុន​ផលិត​ទឹកខ្មៅ​ជ្រលក់​ដៃ របស់​ឥណ្ឌា ក៏បាន​ឯកភាព​ព្រម​មក​ធ្វើការ​បង្ហាញ​ផ្ទា​ល់ពី​គុណភាព ដើម្បី​បញ្ជាក់ថា ទឹកខ្មៅ​នេះ មិន​ប៉ះពាល់​ដល់​សុខភាព​នោះទេ​។​ប៉ុន្តែ​ពេលវេលា​ជាក់លាក់​នៃ​ការ​មក​បញ្ជាក់​របស់​ក្រុមហ៊ុន​ឥណ្ឌា នៅ​មិនទាន់​កំណត់​នៅឡើយ​។​

​លោក​ថា ការបង្ហាញ​នេះ គឺ​ឲ្យ​តំណាង​គណបក្សនយោបាយ និង​អង្គការ​ជាតិ​-​អន្តរជាតិ សាកល្បង​ជ្រលក់ ដើម្បី​ឲ្យ​ដឹង​ពី​គុណភាព​នៃ​ទឹកខ្មៅ​ជ្រលក់​ដៃ​។​
​គ​.​ជ​.​ប ធ្លាប់បាន​បញ្ជាក់ថា ទឹកខ្មៅ​ចំនួន ៤៥.៩៣៤​ដប គឺ​នឹងត្រូវ​ទុក​សម្រាប់​ប្រើ​នៅតាម​ការិយាល័យ​បោះឆ្នោត​ជាង ២​ម៉ឺន​ការិយាល័យ​នៅ​ទូទាំងប្រទេស ហើយ​ក្នុង​១​ការិយាល័យ ប្រើ​ទឹកខ្មៅ​ចំនួន​២​ដប និង​ក្នុង​១​ដប​មាន​ចំណុះ ៧០​មី​លី​លីត្រ​។ ប៉ុន្តែ​ចំពោះ​តម្លៃ​មិនទាន់​បញ្ជាក់​នៅឡើយ​ទេ​។​

​សូមបញ្ជាក់ថា ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​សម្រាប់​បម្រើការ​បោះឆ្នោត​នា​ខែកក្កដា នេះ មាន​ចំនួន ៥១..០០០​ដប ដែល គ​.​ជ​.​ប បាន​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​ឥណ្ឌា​ឈ្មោះ Mysore paints and varnish limited និង​ត្រូវបាន​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា នៅ​ពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅនេះ​៕

ករណី​គ្រឿងញៀន​១២០​គ​.​ក្រ ប៉ូលិស​ចាប់​ថែម​៣​នាក់ និង​រឹបអូស​ថ្នាំញៀន​ជាង ២៦​គ​.​ក្រ ទៀត

​ភ្នំពេញ ៖ ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​បីនាក់​បន្ថែម​ទៀ់​ត ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​១២០​គីឡូក្រាម​។ ការចាប់ខ្លួន​មេក្លោង​ធំ​នេះ គឺ​បន្ទាប់ពី​ប៉ូលិស​បាន​ចាប់ខ្លួន​បក្ខពួក​ចំនួន​បីនាក់ និង​រឹបអូស​ថ្នាំញៀន​ចំនួន​១២០​គីឡូក្រាម ដឹក​តាម​រថយន្តក្រុង ដែល​នាំ​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ឆ្លងកាត់​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល (​ស្ទឹងត្រែង ) កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​។​

​មនុស្ស​ទាំងបី ត្រូវបាន​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​ទីតាំង​បី​ផ្សេងៗ​គ្នា នៅក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៦ ខែ​កក្ត​ដា ឆ្នាំ​២០១៨ និង​បាន​ដកហូត​ថ្នាំញៀន​ជាង​២៦​គីឡូក្រាម​ថែមទៀត​ផង​។
​ការ​ឈានដល់​ការចាប់ខ្លួន​មេក្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នេះ គឺ​ដោយមាន​ការបញ្ជា​ដឹកនាំ​ដោយផ្ទាល់​ពី​ល​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ និង​លោក​ឧ​ត្ត​ម​សេនី​យ៏​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​ខេត្តស្ទឹងត្រែង និង​លោក សៀង សុខ ព្រះរាជអាជ្ញារង​រាជធានី​ភ្នំពេញ ឲ្យ​កម្លាំង​ជំនាញ​បន្ត​ការស្រាវជ្រាវ​រកមុខ​សញ្ញា​ពាក់ព័ន្ធ និង​មេក្លោង​នៅ​ពី​ក្រោយខ្នង ករណី​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន ១២០​គីឡូក្រាម បង្ក្រាប​កាលពី​ថ្ងៃទី​២៦ មិថុនា ២០១៨ នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល (​ស្ទឹងត្រែង )​។​

​តាម​របាយការណ៍​រប​ស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៦ ខែកក្កដា វេលា​ម៉ោង​២:០៥​រសៀល កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បើក​កិច្ចប្រតិបត្តិការ ឈានទៅ​ចាប់ខ្លួនបាន​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ ៣​នាក់​បន្ថែមទៀត នៅ​បី​គោលដៅ​ផ្សេងគ្នា​ជា​បន្តបន្ទាប់​។ ទី​១.​ចំណុច​ជិត​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ,​ទី​២/.​ឆែកឆេរ​លំនៅដ្ឋាន​លេខ​១០ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​ទី​៣/.​ឆែកឆេរ​លំនៅដ្ឋាន​លេខ​១០៥ ផ្លូវ​លេខ​៦ ក្នុង​បុរី​ពិភពថ្មី សង្កាត់​ក​ន្ទោ​ត ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​ចំនួន​បីនាក់ មាន​១.​ឈ្មោះ សៀន ខួច កើត​ឆ្នាំ ១៩៨៦ ,២. យិន ម៉ាប់ ខ្មែរ កើត​ឆ្នាំ ១៩៩៤​និង​៣. សុខ សុ​ឡា កើត​ឆ្នាំ ១៩៩១​។​

​ចំណែក​វត្ថុតាង​ចាប់យក​គ្រឿងញៀន សរុប ២៦​គីឡូ​៨៦១.៦៧​ក្រាម ក្នុងនោះ ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE ) ទម្ងន់ ៤​គីឡូ​០០៣.៨៥​ក្រាម​និង​ថ្នាំញៀន​ប្រភេទ​កេ​តា​មីន​(Ketamine )២២,៨៥៧.៨២​ក្រាម​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៦ ខែមិថុនា​កន្លងទៅ កម្លាំង​ប៉ូលិសអន្តោប្រវេសន៍​ប៉ុស្តិ៍​ត្រពាំង​ក្រៀល​សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​ប្រចាំការ​នៅ​ច្រក​អន្តរជាតិ​ត្រពាំង​ក្រៀល និង​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​បង្ក្រាប​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ដោយ​ខុសច្បាប់​ពី​ឡាវ​មក​កម្ពុជា ដែល​ពួកឧក្រិដ្ឋជន​បាន​លាក់​នៅក្នុង​រថយន្តក្រុង ដឹក​ឆ្លងកាត់​តាម​ច្រក​អន្តរជាតិ​ត្រពាំង​ក្រៀល​។ ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​បីនាក់ នឹង​រឹបអូស​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វី​តា​មីន (ICE) ចំនួន​១២០​ដុំ ស្មើ​១២០​គីឡូក្រាម​៕

ជក់បារី​ពេល​បញ្ចូល​ហ្គាស​ឆេះ​រថយន្ត​ហាយ​លែ​ន​ឌ័​រ​១​គ្រឿង របួស​២​នាក់

​កំពង់ស្ពឺ ៖ យ៉ាងហោចណាស់​ក៏មាន​មនុស្ស​២​នាក់​បាន​រងរបួស និង​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ១​គ្រឿង​បាន ឆេះ​អស់​គ្មាន​សល់ ដោយសារតែ​អ្នកបើកបរ​រថយន្ត​នេះ ទាញ​បារី​អុជ​ជក់ ក្នុងពេល​ចាក់​បញ្ចូល​ហ្គាស​រថយន្ត​ក្នុង​ស្ថានីយ៍​តេ​លា​មួយកន្លែង បណ្តាលអោយ​ឆាបឆេះ​រាលដាល​ដល់​រថយន្ត​ខ្ទេច តែម្តង កាលពី​វេលា​ម៉ោង ៨ និង​១០​នាទី​ព្រឹក ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨ នៅមុខ​ស្ថា​នី​ប្រេង​តេ​លា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ ១៧ ទៅ​លេខ​១៨ ស្ថិតនៅ​ក្នុងភូមិ​ចំបក់​ក្អែរ ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

​តាម​សម្តី​របស់​មន្ត្រីនគរបាល​ស្រុក​បាន​និយាយ​អោយដឹងថា​មាន​ករណី​ផ្ទុះ​ឆេះ​រថយន្ត​ហាយ​ឡែ​ន​ឌ​រ័ ពេល ចូល​ចាក់​ហ្គាស​នៅ​ដេប៉ូ​តេ​លា ភូមិ​ចំបក់​ក្អែ ឃុំ​ទឹកល្អក់ ស្រុក​គងពិសី​មែន​។ នគរបាល​បន្តថា​ ​ម្ចាស់​រថយន្ត​មាន ឈ្មោះ​ម៉ៅ​សុខ​ហៀ​ង អាយុ​ជាង​២០​ឆ្នាំ បានរួម​ដំណើរ​ដោយ​ជនជាតិ​ចិន​ម្នាក់ទៀត មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹងថា​មាន​អាយុ​ជាង​៤០​ឆ្នាំ​ហើយ​។​

​តាម​សម្តី​របស់​ម្ចាស់​រថយន្ត​បាន​ប្រាប់​នគរបាល​អោយដឹងថា​នៅមុន​ពេល​កើតហេតុ​នោះ ពួកគេ​បាន​ជិះ​រថយន្ត​១​គ្រឿង ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​(Highlander)​បាន​ចូលមក​ចាក់​ហ្គាស​ក្នុង​ស្ថានីយ៍​ប្រេង​តេ​លា មួយកន្លែង​ពេល​កំពុងតែ​ចាក់​ហ្គាស​នោះ ស្រាប់តែ​ជនជាតិ​ចិន​បាន​យក​បារី​មក​ជក់​បណ្តាលអោយ​ឆាបឆេះ​បង្កអោយមាន​អណ្តាតភ្លើង​ឆេះ​រថយន្ត រង​ការខូចខាត និង​របួស​មនុស្ស​ទាំង​២​នាក់​តែម្តង​។​

​ការខូចខាត​ឆេះ​រថយន្ត​ហាយ​លិ​ន​ឌ័​រ​1​គ​ក្រឿង​នឹង​របួស​មនុស្ស​ស្រាល​2​នាក់​ប្រុស​ជនជាតិ​ចិន​1​នាក់​ ​ប្រើប្រាស់​ទឹក​1​ឡាន ទើប​រលត់ ចំណែក​អ្នករងរបួស​បាន​បញ្ជូន​ទៅ​ព្យាបាល រីឯ​រថយន្ត​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕

កម្មករ​រោងចក្រ​ដេរ​ស្បែកជើង នៅ​ស្រុក​ត្រាំកក់​ជាង​២០០​នាក់ ដួលសន្លប់​បន្តបន្ទាប់​

​ខេត្តតាកែវ ៖ ក្រុមកម្មករ​-​កម្មការិនី រោងចក្រ​ដេរ​ស្បែកជើង ប៊ុន​តឺ​ស ជាង​២០០​នាក់ ស្ថិតនៅ​ក្នុងភូមិ​ខ្លា​គ្រហឹម ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​ដួលសន្លប់​ជាប់​បន្តបន្ទាប់ នៅ​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ប្រាប់​អង្គភាព​ព័ត៌មាន Fresh News​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជាក់ថា សម្រាប់​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ដួលសន្លប់​បែបនេះ គឺ​ផ្តើមចេញពី​កម្មការិនី​ម្នាក់ បាន​គាប​ដៃ​ជាមួយ​ម៉ា​ស៊ី​ដេរ ពេលនោះ​ក៏​ស្រែក​ឡើង ស្រាប់តែ​កម្មករ​ផ្សេងទៀត​ឃើញ​ដូច្នេះ ក៏​ដួលសន្លប់​ជា​បន្តបន្ទាប់​តែម្តង​។​

​ជាមួយគ្នានេះ ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តតាកែវ លោក ម៉ឹង វី​រី​យ៉ា ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា ការដួលសន្លប់​របស់​កម្មករ បន្ទាប់ពី​មានកម្ម​ករ​ម្នាក់​ធ្វើការ​មាន​របួស​ត្រូវចំ​ដៃ​បែក​ឈាម ក៏​បណ្ដាល​កម្មក​ដទៃ​ភ័យ​ស្លន់ស្លោរ ដួលសន្លប់​ជា​បន្តបន្ទាប់​។​

​យ៉ាងណាក៏ដោយ បើតាម​លោកស្នងការ សម្រាប់​ជនរងគ្រោះ​ដែល​ដួលសន្លប់​ខាងលើនេះ ត្រូវបាន​កម្លាំង​នគរបាល​របស់លោក ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​អស់ហើយ​៕

​ស្ត្រី​ខ្មែរ​ស៊ីឈ្នួល​ពពោះ​ជំនួស​៣២​នាក់ ត្រូវដាក់​គ្រប់គ្រង​ក្នុង​មន្ទីរពេទ្យ​១៦​ឧសភា​

​ភ្នំពេញ ៖ ស្ត្រី​ខ្មែរ ៣២ នាក់​ដែល​ត្រូវបាន​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ចោទប្រកាន់​ពីបទ​ជួញដូរ​មនុស្ស​ដោយ​ឆ្លងដែន និង​អន្តរ​ការ​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ​កំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុង​មន្ទីរពេទ្យ ដើម្បី​ងាយស្រួល​តាមដាន​។

​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ​លោក សន កែវ ប្រាប់​អ្នកសារព័ត៌មាន​ថា ស្ត្រី​ខ្មែរ​ចំនួន ៣២ នាក់ ត្រូវបាន​សមត្ថកិច្ច​ស​ម្រេច​យកទៅដាក់​នៅ​មន្ទីរពេទ្យ​នគរបាល​១៦​ឧសភា ដើម្បី​ងាយស្រួល​តាមដាន​សុខភាព និង​គ្រប់គ្រង​។ ចំពោះ​ផែន​ការបន្ត​ទៅមុខទៀត ខ្ញុំ​មិនទាន់​ដឹង​នៅ​ឡោះ​យ​ទេ​។​

​សូម​រម្លឹកថា លោក កោ វណ្ឌី កាលពី​រសៀល​ថ្ងៃទី ២៩ ខែមិថុនា​ឆ្នាំ ២០១៨ ក៏បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន បុរស​ចិន​ម្នាក់​ឈ្មោះ LlU QlANG អាយុ​៤៩ ឆ្នាំ ជា​មេការ និង​ស្ត្រី​ខ្មែរ​ចំនួន ៤ នាក់​ទៀត​ដែលជា​មេការ​និង​ជា​អ្នកបកប្រែ​ពីបទ «​ជួញដូរ​មនុស្ស​ដោយ​ឆ្លងដែន​» និង​បទ «​អន្តរ​ការ​រវាង អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ​» យោងតាម​មាត្រា ១៦ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​យោងតាម​មាត្រា ៣៣២ នៃ​ក្រមព្រហ្មទណ្ឌ​ដូចគ្នានេះដែរ ។​

​សូមជម្រាបថា ពួកគេ​ទាំង​៥​នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នៅក្នុង​ប្រតិបត្តិការ​មួយ​កាលពី​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ​២០១៨ នៅក្នុង​ផ្ទះមួយ​នៅ​ខណ្ឌឫស្សីកែវ ពីបទ​បង្កើត​ភ្នាក់ងារ​ស៊ីឈ្នួល​ពពោះ​ជំនួស​យក​កូន​លក់​ឲ្យ​បរទេស ដោយ​ខុសច្បាប់ ហើយ​ក្នុងពេល​ចុះបង្ក្រាប​នោះ សមត្ថកិច្ច​ក៏បាន​រកឃើញ​ស្ត្រី​ចំនួន​៣២ នាក់ ខណៈ​ពួកគេ​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​មាន​ផ្ទៃពោះ ៕

រដ្ឋសភា​កម្ពុជា នីតិកាល​ទី​៥ ប្រកាស​បិទ​បញ្ចប់​អាណត្តិ​របស់ខ្លួន​

​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃទី​៩ កក្កដា នេះ បានប្រកាស​បិទ​បញ្ចប់​អាណត្តិ នីតិកាល​ទី​៥ របស់ខ្លួន ចាប់ពីពេលនេះ​តទៅ បន្ទាប់ពី​បាន​បំពេញការងារ​ពេញ​មួយ​អាណត្តិ​រយៈពេល​៥​ឆ្នាំ​របស់ខ្លួន ដោយបាន​សម្រេច​អនុ​ម័​ត្ត​លើ​សេចក្តីព្រៀងច្បាប់ និង​សេចក្តីស្នើច្បាប់​ចំនួន​១០៩​។​

​សូមជម្រាបថា រដ្ឋសភា​នីតិកាល​ទី​៥ បាន​បើក​សម័យប្រជុំ​ដំបូង​ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ចន្ទ ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៣​។ តំណាងរាស្ត្រ​បានធ្វើ​សច្ចាប្រណិធាន នៅ​ព្រះបរមរាជវាំង មុន​ចូលកាន់​តំណែង​នៅ​រសៀល​ថ្ងៃ​ដដែល​៕

​សូម​អាន​សេចក្តីជូនដំណឹង​របស់​រដ្ឋសភា​ខាងក្រោម ៖

តំណាង​កម្ពុជា​នៅ​បរទេស​ជួយ​ខ្មែរ​១៦​នាក់​ដែល​ចាញ់បោក​មេខ្យល់​

​ភ្នំពេញ ៖ ពលរដ្ឋ​ខ្មែរ ១៦​នាក់​ថ្មី ត្រូវបាន​ស្ថាន​តំណាង​កម្ពុជា​អន្តរាគមន៍​ជួយ​ឲ្យ​បាន​ត្រឡប់មក​កម្ពុជា​វិញ បន្ទាប់ពី​ពួកគេ​បាន​ចាញ់បោក​មេខ្យល់​នាំទៅ​បរទេស ក្នុង​ង​នោះ​មាន​ករណី រៀបការ​ជាមួយ​បរទេស​ចិន និង​ខ្លះទៀត​មិន​ទ្រាំទ្រ​ជាមួយ​ការងារ​ដ៏​លំបាក​ខ្លាំង​បាន​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួង​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នា​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​

​ខាងក្រោម​នេះ ចា​សេចក្ដីជូនដំណឹង​របស់​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្ដរជាតិ ៖

បញ្ជូន​ក្មេង​៤​នាក់​ដែល​បាន​រំដោះ​ចេញពី​រូងភ្នំ តាម​ឧទ្ធម្ភាគចក្រ​ទៅ​មន្ទីរពេទ្យ​ឈៀង​រ៉ៃ

​ថៃ ៖ ក្មេងប្រុស​៤​នាក់​ដំបូង​គេ ដែល​ត្រូវបាន​រំដោះ​ចេញពី​រូងភ្នំ​ថា​ម​លួង ដោយ​សុវត្ថិភាព​កាលពី​យប់ ថ្ងៃអាទិត្យ ទី​៨ កក្កដា ក្នង​នោះ​មាន​គ្រូ​ង្វឹ​ករ​បស់​ពួកគេ​ម្នាក់​ផង​ឈ្មោះ Ekapol Chantawong អាយុ ២៥ ឆ្នាំ​។ នេះ​បើតាម​លោក Narongsak Osotthanakorn បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​យប់​មិញ​ថា ក្មេងប្រុស​៤​នាក់​បួន​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ចេញ និង​បញ្ជូនទៅ​មន្ទីរពេទ្យ Prachanukroh ក្នុង​ខេត្ត Chiang Rai ។​

​ប្រភព​បន្តថា គ្រូបង្វឹក​នោះ ត្រូវបាន​គេ​រាយការណ៍​ថា ត្រូវបាន​នាំយក​ចេញ​ដំបូង​គេ ដោយសារតែ​គាត់​ស្ថិតក្នុង​ស្ថានភាព​ខ្យា​យ​ខ្លាំង ព្រោះតែ​គាត់​បាន​រំលែក​អាហារ​ឲ្យ​ទៅដល់​កូនសិស្ស​ទាំង​១២​នាក់ សុខចិត្ត​អត់​ខ្លួនឯង ខណៈ​កំពុង​ជាប់គាំង​នៅក្នុង​រូង​លិច​ទឹក​។ ចំណែក​ក្មេងប្រុស ៩​នាក់ ដែល​នៅ​ពុំទាន់​ជួយ​រំដោះ​ចេញ នៅតែ​ស្ថិតនៅ​កន្លែង​ដដែល ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ ពី​ឆ្នេរ Pataya ។

​យ៉ាងណាក៏ដោយ ប្រធាន​ប្រតិបត្តិ​ការសង្គ្រោះ ដើម្បី​ជម្លៀស​ក្មេងប្រុស​១២​នាក់ និង​គ្រូបង្វឹក​របស់​ពួកគេ​ម្នាក់ ចេញពី​រូងភ្នំ Tham Luang កាលពី​ថ្ងៃអាទិត្យ បានឱ្យដឹងថា ប្រតិបត្តិការ​នេះ​បានទទួល​ជោគជ័យ ប៉ុន្តែ​ភារកិច្ច​នេះ​នឹងមិន​ត្រូវបាន​បញ្ចប់​ទេ រហូត​ទាល់តែ​អ្នក​«​ចុងក្រោយ​» បាន​ចូល​មកដល់​ច្រកចូល​រូងភ្នំ​តែម្តង ។ ប្រតិ​ប​ត្ដិ​ការជួយ​សង្គ្រោះ​ត្រូវបាន​ផ្អាក​រហូតមកដល់​ថ្ងៃ​ច័ន្ទ​នេះ ខណៈពេលដែល​ធុង​ខ្យល់​ត្រូវបាន​ដាក់ជំនួស ដើម្បី​បន្ត​ប្រតិបត្តិ​ការរំដោះ​យក​ក្មេងៗ​ដែល​នៅសល់​៕

video_2018-07-09_11-02-06