All posts by មេគង្គ ប៉ុស្តិ៍

ក្រសួង​ហាម​លក់​ថ្នាំ​បំប៉ន​ផ្លូវភេទ Male extra

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុ​ជា បានចេញ​សេចក្ដីជូនដំណឹង ដោយ​ហាមប្រាម​ប្រជាពលរដ្ឋ​មិនឱ្យ​ប្រើប្រាស់​ឱសថ​បំប៉ន​ផ្លូវភេទ​បុរស​មួយ​ប្រភេទ​ឈ្មោះ Male extra ។​

​សេចក្តីជូនដំណឹង​បាន​លើកឡើងថា ថ្នាំ​បំប៉ន​សុខភាព​ផ្លូវភេទ Male extra ដែល​ផ្សព្វផ្សាយ​លក់​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គឺ​គ្មាន​ការចុះ​ព​ញ្ជិ​កា និង​គ្មាន​ច្បាប់​អនុញ្ញាត ពី​ក្រសួងសុខាភិបាល​ទេ​។​

​គួរ​ជម្រាបជូន​ផងដែរ​ថា កន្លងទៅនេះ នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឃើញ​មាន​ប្រកាស​ផ្សព្វផ្សាយ​ល់ក​ថ្នាំ​បំប៉ន​ផ្លូវភេទ​ជា​សាធារណៈ រួមមាន​ទាំង​ថ្នាំ​គ្រាប់ ប៉ូ​ម៉ា​ត ក្រែ​ម ស្ព្រា​យ ។ បញ្ហាសំខាន់  ​និងមិនគួរឲ្យទុកចិត្ត​នោះ​គឺ អ្នកលក់​មិន​ហ៊ាន​បង្ហាញ​អ​សយ​ដ្ឋា​នទី​តាំង​លក់​ឱសថ​នោះទេ ដោយ​គ្រាន់តែ​ប្រកាសថា មានការ​ដឹកជញ្ជូន​ដល់​កន្លែង​ដោយ​ឥតគិតថ្លៃ​៕

​

ការបំពុល​បរិស្ថាន​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិមាន Taj Mahal របស់ ឥណ្ឌា​

យោងតាម​អ្នកប្រវត្តិសាស្ត្រ និង​អ្នក​ម​គ្គុ​ទេស​ទេសចរ​ណ៏​ក្នុង​តំបន់ ដែល​កំពុង អំពាវនាវ​ដល់ រដ្ឋាភិបាល ឲ្យ​ការពារ និង​អនុវត្ត​ន៏​ការងារ​អភិរក្ស​ទីតាំង​វិមាន បាន​ឲ្យ​ដឹងថា វិមាន​ដ៏​ល្បី ឈ្មោះ​បំផុត​របស់​ប្រទេស​ឥណ្ឌា ជា​ថ្មកែវ​ព័ណ៌​ស គឺ​វិមាន Taj Mahal កំពុង ទទួលរង​ពី​ការបំពុល​បរិស្ថាន​យ៉ាងខ្លាំង​។ យោងតាម​បញ្ជី​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ឆ្នាំនេះ​បាន​ឲ្យ​ដឹងថា ការបំពុល​បរិ ស្ថាន ក្នុង​ក្រុង​អាក្រា បាន កើនឡើង​ខ្លាំង រយៈពេល​ជាង​៣០​ឆ្នាំ​មកនេះ ។ ទីក្រុង​ដែល​ស្ថិត នៅលើ​ខ្សែក្រវ៉ាត់ ឧស្សាហកម្ម គឺមាន​ចំណាត់ថ្នាក់​ទី​៨ ក្នុងការ​បំពុល បរិយាកាស ខ្លាំង បំផុត​លើ​ពិភពលោក ។

​វិមាន​មូ​ហ្គា​ល់ Mughal palace សតវត្ស​ន៏​ទៅ​១៧ ត្រូវបាន​សាងសង់ឡើង​ដោយ អ​ធិ​រាជ្យ សា​ចា​អាន ក្នុងការ​ចងចាំ​នៃ ម្ចាស់​ក្ស​ត្រី ជាទី​ស្រលាញ់​របស់​ព្រះអង្គ មុម​តា​យ ម៉ា​ហល ដែលមាន​មនុស្ស​រាប់លាន​នាក់ មក​ទស្សនា ជា​រៀងរាល់ឆ្នាំ រួមទាំង​គ្រួសារ​រាជវង្ស និង​តារាភាពយន្ត ។​ប៉ុន្តែ​អ្នក​ម​គ្គុ​ទេស ទេសចរ​ណ៏ និយាយថា ភ្ញៀវទេសចរ​ណ៏​បរទេស កំពុង​ធ្លាក់ចុះ ដោយសារតែ​ការបំពុល បរិស្ថាន ដែល​ធ្វើ​ឲ្យ​ជញ្ជាំង​វិមាន​ថេ​ម៉ា​ហល មាន​ព័ណ៌​លឿង ។

​មានការ​បំពុលបរិស្ថាន មកពី លូ​បង្ហូ​ទឹក ដែល​ធ្វើ​ឲ្យ​កើនឡើង​នូវ​សត្វល្អិត និង​ភាពកក្វក់​នៅ​ជុំវិញ​។ ការបញ្ចេញ ផ្សែង​ពី​យានយន្ត ដ៏​ច្រើន ដែល​ស្ទះ​ចរាចរ​ណ៏​លើ​ដងផ្លូវ ក៏​ជាការ​បង្ករ​បញ្ហា បំពុល បរិស្ថាន​ផងដែរ​៕

​

​ប្រធានាធិបតី កូរ៉េខាងត្បូង បាន​ទៅដល់​អាមេរិក ហើយ​!

ប្រធានាធិបតី កូរ៉េខាងត្បូង បាន​ទៅដល់ សហរដ្ឋអាមេរិក ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​សំខាន់​មួយ មុនពេល​សន្និសីទ​ពិសេស​រវាង​មេដឹកនាំ​ជា​គូរ​សត្រូវ​ប្រវត្តិសាស្ត្រ គឺ សហរដ្ឋអាមេរិក និង កូរ៉េខាងជើង ដែលមាន​គម្រោង​ធ្វើឡើង​នៅ​ថ្ងៃទី 12 ខែ មិថុនា ខាងមុខនេះ​។​

​ប្រធានាធិបតី កូរ៉េខាងត្បូង លោក មូ​ន ចេ​-​អ៊ី​ន ជួប​ជាមួយ​ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​អង្គារ ទី 22 ឧសភា​នេះ ក្នុង​ទីក្រុង វ៉ាស៊ីនតោន មុនពេល​លោក ដូ​ណា​ល់ ត្រាំ ជួប​ជាមួយ​លោក គីម ជុង​អ៊ុន នៅ​ថ្ងៃទី 12 ខែ មិថុនា ក្នុងប្រទេស សិង្ហ​បុរី ។

​ជំនួប​រវាង​មេដឹកនាំ​សម្ព័ន្ធមិត្ត​ទាំងពីរ ធ្វើឡើង​មួយថ្ងៃ​មុនពេល កូរ៉េខាងជើង រុះរើ​ទីកន្លែង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ដែល​បានកំណត់​ពេលវេលា​ធ្វើឡើង​នៅ​ថ្ងៃទី 23 ដល់​ថ្ងៃទី 25 ខែ មិថុនា ។ ការបំផ្លាញ​ទីកន្លែង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ រួមមាន ការបំផ្លាញ​ផ្លូវ​ក្រោម​ដី​ទាំងអស់ ក្នុង​តំបន់ ពុង​ចេ​-​រី ដោយ​ការ​បំផ្ទុះ​គ្រាប់ បំផ្លាញ​ទីតាំង​តាមដាន និង​អគារ​ផ្សេងៗ ដែល​ប្រើប្រាស់​ជា​ប៉ម​ត្រួតពិនិត្យ ។

​មុនពេល​ជួបគ្នា​ដោយផ្ទាល់​, លោក ដូ​ណា​ល់ ត្រាំ និង​លោក មូ​ន ចេ​-​អ៊ី​ន បាន​ជួបគ្នា​តាម​ទូរស័ព្ទ ដោយ​សន្ទនា​ផ្តោតទៅលើ​បញ្ហា​ប្រទេស កូរ៉េខាងជើង ពិសេស​កម្ម​ភាពជាក់លាក់​ទាំងឡាយ ដូចជា​ការរុះរើ​ទីកន្លែង​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​ជាដើម ។

​មេដឹកនាំ​ទាំងពីរ ព្រមព្រៀង​ទៅលើ​កិច្ច​ការរួម​ដែល​កាន់តែ​ជិតស្និត ពិសេស​កិច្ច​ការដែល​ត្រូវធ្វើ​មុនពេល​សន្និសីទ​ថ្ងៃទី 12 ខែមិថុនា ជាមួយ​លោក គីម ជុង​អ៊ុន ក្នុងប្រទេស សឹង្ហ​បុរី ដែលជា​ជំនួប​ដំបូង ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ​៕
​

ភ្លៀង​ធ្លាក់​ខ្លាំង និង​រអិល​បាក់​ដី សម្លាប់​មនុស្ស 5 នាក់​នៅ​ប្រទេស​ស្រីលង្កា​

ភ្លៀងខ្យល់​មូសុង នៅក្នុង​ប្រទេស​ស្រីលង្កា បានសម្លាប់​មនុស្ស យ៉ាងហោចណាស់ 5 នាក់ ដែល​ជំរុញ​ឱ្យ​អាជ្ញាធរ​ព្រមាន ពី​ការបាក់​ដី និង​ទឹកជំនន់ នៅក្នុង​តំបន់​ទំនាប បន្ទាប់ពី​ទឹកជំនន់​ហៀរ ឆ្លងកាត់​កោះ​មហាសមុទ្រ​ឥណ្ឌា​។​

មន្ត្រី​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ប្រទេស បាន​និយាយថា ក្នុងចំណោម​ជន រងគ្រោះ 5 នាក់ មាន 3 នាក់​បាន​ស្លាប់​ដោយសារ​ន្ទះ ម្នាក់​ដោយសារ​ការបាក់​ដី និង​ម្នាក់ទៀត ដោយសារ​ដើមឈើ​បាក់​សង្កត់​។​
​អ្នកនាំពាក្យ​របស់​មជ្ឈមណ្ឌល​នេះ បាន​និយាយថា ទឹកជំនន់​បាន​បង្ខំ​ឱ្យ​មានការ​ជន្លៀស ប្រជាជន​នៅក្នុង​តំបន់ ដែលមាន​ទន្លេរ​ជន់​ហូរហៀរ ខណៈ​សង្កាត់​ចំនួន 4 បាន​ព្រមាន អាសន្ន​ពណ៌​ក្រហម​” ចំពោះ​ការបាក់​ដី​ដែល​អាច​កើតមាន​។

ខែឧសភា ចាប់ផ្តើម​រដូវ​ខ្យល់មូសុង នៅ​ភាគខាងត្បូង​ប្រទេស​ស្រីលង្កា​។ ជាទូទៅ រយៈពេល​នេះ គឺជា​ពេលវេលា​មួយ​ដ៏​វែង​បំផុត​នៃ​រដូវ​សំណើម ហើយ​អូសបន្លាយ​រហូតដល់​ខែកញ្ញា​៕
​

លោក ​ត្រាំ មាន​ឆន្ទៈ​ក្នុងការ​ចាក​ចេញពី​ជំនួប​កំពូល​ជាមួយ​កូរ៉េខាងជើង

​អនុ​ប្រធានាធិបតី​អាមេរិក លោក ម៉ៃ ផេ​ន Mike Pence បាន​និយាយថា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ មានបំណង​ចាកចេញ​ពី​ជំនួប​កំពូល ដែល​មិន​ធ្លាប់មាន​ពីមុនមក ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន ដែល​គ្រោង​នឹងធ្វើ​ឡើង នៅ​ខែ​ក្រោយនេះ បន្ទាប់ពី​កូរ៉េខាងជើង​បាន គំរាម កិច្ចប្រជុំ​នេះ កាលពី​សប្តាហ៍​មុន​។​

​លោក Mike Pence បាន​ប្រាប់​សារព័ត៌មាន ហ្វ​ក ញ៉ូ​វ​ស៍ ថា ប្រទេស​កូរ៉េខាងជើង មិនគួរ​ព្យាយាម​ស្វែងរក​ការសម្របសម្រួល ពី​សហរដ្ឋអាមេរិក សម្រាប់​ការសន្យា​ដែល​ខ្លួន​មិនមាន​បំណង​ចង់​រក្សា នោះទេ​។​

​លោក Mike Pence បាន​និយាយថា វា​នឹង​ជា​កំហុស​ដ៏​ធំ​មួយ សម្រាប់​លោក​គីម ជុង​អ៊ុន ដែល​គិតថា​លោក អាច​លេងសើច​ជាមួយនឹង​លោក ដូ​ណា​ល់ ត្រាំ ។​

​នៅពេល​សួរថា​តើ លោក ត្រាំ នៅតែ​អាច​ដើរ​ចេញពី​ជំនួប​កំពូល ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី 12 ខែមិថុនា នៅ​ប្រទេស​សឹង្ហ​បុរី​បានដែរ​ឬ យ៉ាងណា លោក Mike Pence បាន​ឆ្លើ​ប​តប​នឹង​សំនួរ​នេះ​ថា លោក​សុំ​មិន​បញ្ចេញយោបល់​៕
​

ក​ម្អែ​ភ្នំភ្លើង​កោះ​ហា​វ៉ៃ គំរាមកំហែង​រោងចក្រ​អគ្គិសនី​

កំអែល​ភ្នំភ្លើង​ចេញពី​ភ្នំភ្លើង Kilauea គី​ឡា​អ៊ី ដែល​កំពុង​ផ្ទុះ នៅ​កោះ​ហា​វ៉ៃ បាន​ហូរ​ទៅកាន់ រោងចក្រ​ថាមពល ខ​ណះ​ដែល​កម្មករ​ប្រញាប់ប្រញាល់​នាំគ្នា​បិទទ្វារ​រោងចក្រ ដើម្បី ការពារ​ការ បញ្ចេញ ឧស្ម័ន​ពុល​ដែល​មិនអាច​គ្រប់គ្រង​បាន ។

វី​ដេរ​អូ​ថត​ពីលើ​អាកាស​បានបង្ហាញ ពី​ប្រភព​បញ្ចេញ​កំអែល​ភ្នំភ្លើង​ជាច្រើន ដែល​ចេញពី​រណ្ដៅ​និង​កំទេចកំទី​។ វា​ជា​គ្រោះថ្នាក់​ចុងក្រោយបង្អស់ ពី​ការផ្ទុះ​ភ្នំភ្លើង Kilauea ដែល​ភូ​គុ​ព្ភ​វិទូ​និយាយថា គឺជា​ព្រឹត្តិការណ៍​ដ៏​អាក្រក់​បំផុត​មួយ ក្នុង​រយះពេល​មួយ​សតវត្សរ៍ ពី​ភ្នំភ្លើង​សកម្ម​បំផុត​មួយ​នៅលើ​ពិភពលោក​។​

ចំងាយ​ប្រមាណ​ជិត​៥​គីឡូម៉ែត្រ នៅ​ខាងកើត​រោងចក្រ សារធាតុ​អាស៊ីត និង​ធូលី យ៉ាង​ក្រាស់ បាន​ហុយ​ទៅលើ​អាកាស ខ​ណះ​ដែល​កំអែល​ភ្នំភ្លើង បាន​ហូរ​ចូលក្នុង​មហាសមុទ្រ ។​

​ផេះ ដែលជា​បន្សំ​នៃ​កំអែល​ភ្នំភ្លើង គឺជា​ប្រតិកម្ម​ខ្លាំងក្លា​នៃ​ផ្សែង​ទឹក​អាស៊ីត​អ៊ីដ្រូសែន​ក្ល​រិច ចំហាយ​ទឹក និង កំអែល​ភ្នំភ្លើង ដែល​អាច​ឡើងដល់​កម្តៅ 1093 អង្សា​សេ ប្រតិកម្ម​ជាមួយ​ទឹកសមុទ្រ​៕​
​

សម្តេច​តេ​ជោ ប្រគល់​អំណោយ​រថយន្ត​១២​គ្រឿង ឲ្យ ស​.​ស​.​យ​.​ក និង​សមាគម​គ្រូពេទ្យ ស្ម័គ្រចិត្ត TYDA

​ភ្នំពេញ ៖ រថយន្ត​ថ្មី ប្រភេទ​ដឹកជញ្ជូន​ចំនួន​១២​គ្រឿង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ទទួលបាន​ពី​ក្រុមហ៊ុន​ដំឡើងរថយន្ត ដេ​ហាន អូ​តូ (​ខេ​ម​បូ​ឌា​) ត្រូវបាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ ប្រគល់​ជូនទៅ សភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ TYDA​។​

​នាឱកាស​នោះ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន នៅក្រោយ​ពិធី​ប្រគល់​-​ទទួល​រថយន្ត នា​ព្រឹក​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ​២០១៨​នេះ​ថា រថយន្ត​ចំនួន​១២​គ្រឿង​នេះ ត្រូវបាន​ក្រុមហ៊ុន ដេ​ហាន គ្រុប ផ្តល់ជូន សម្តេចនាយក​រដ្ឋមន្ត្រី ហើយ​សម្តេច​បានសម្រេច​ថា ដើម្បី​ឲ្យ​ការប្រើប្រាស់​នេះ បាន​ផលប្រយោជន៍​ជាទូទៅ​ដល់ កម្មករ និយោជិត ក៏ដូចជា​ប្រជាពលរដ្ឋ សម្តេច បានផ្តល់​រថយន្ត​មួយផ្នែក​ឱ្យ​ក្រសួង​ការងារ​យកទៅ​ចែក​បន្ត ដែល​ក្នុងនោះ រថយន្ត​ចំនួន​០៦​គ្រឿង ប្រគល់ជូន​ទៅឱ្យ​សភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​០៦​គ្រឿង​ទៀត ប្រគល់​ជូនទៅ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច តេ​ជោ ដែល​រថយន្ត​ទាំងអស់នេះ ក្រុមការងារ​នឹង​យកទៅ​ទុក​សម្រាប់​ដឹកជញ្ជូន​គ្រូពេទ្យ​ផង​និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ពិនិត្យ​និង​ព្យាបាល និង​ការប្រើប្រាស់​ទៅតាម​យន្តការ​ជាក់ស្តែង​។​

ជាមួយគ្នានេះ ឯកឧត្តម សុះ មុះ​សិន អនុប្រធាន​សភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា និង​លោក​វេជ្ជបណ្ឌិត ស៊ូ ស៊ីផា​ណា ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ ចំពោះ​ក្រុមហ៊ុន ពិសេស​សម្តេចនាយករ​ដ្ឋ​មន្ត្រី សម្រាប់​អំណោយ​ដ៏​ថ្លៃថ្លា​នេះ និង​សន្យាថា នឹង​យក​រថយន្ត ទាំងនេះ​ទៅប្រើ​ប្រាស់​ជា​ផលប្រយោជន៍​ទូទៅ សម្រាប់​ប្រជាពលរដ្ឋ និង កម្មករនិយោជិត​។

​លើសពីនេះ ប្រើប្រាស់​ជា​ផលប្រយោជន៍​សង្គម​ទាំងមូល ដោយ​មិន​ប្រកាន់ពូជសាសន៍ សាសនា ពណ៌​សម្បុរ ឬក៏​និន្នាការ​និ​យោ​បាយ ពោលគឺ​បើកទូលាយ ចំពោះ​ការប្រើប្រាស់​រថយន្ត ពិសេស​សម្រាប់​ប្រយោជន៍​សាធារណៈ ចូលរួមចំណែក​មួយរ​បស់​រដ្ឋាភិបាល នៅក្នុង​ការលើកកម្ពស់​ជីវភាព​រស់នៅ ក៏ដូចជា បញ្ហា​សុខភាព​សុ​មាល​ភាព​របស់​ប្រជាពលរដ្ឋ​ផងដែរ​៕
​

ប៉ូលិស​ដែល​ទះកំផ្លៀង​ស្ត្រី ត្រូវបាន​ដក​បញ្ឈរជើង​បណ្តោះអាសន្ន​

ភ្នំពេញ ៖ មន្ត្រីនគរបាល​ពាក់​ស័ក្តិ​២ ដែល​បាន​ប្រើ​ហិង្សា ទះកំផ្លៀង​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព និង​ជិះ​ម៉ូតូ​បញ្ច្រាសទិស ហើយ​ត្រូវបាន​គេ​ថត​វីដេអូ​បង្ហោះ​លើ Facebook រក​ការរិះគន់​យ៉ាងខ្លាំង​នោះ ពេលនេះ​ត្រូវបាន​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​ចាប់ខ្លួន​មកកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ហើយ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បាន​ឲ្យ​ដឹងថា ករណី​ដែល​មន្ត្រីនគរបាល​ទះកំផ្លៀង​ស្ត្រី​ម្នាក់​កាលពី​ថ្ងៃមិញ​នេះ លោក​បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​មកកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដាក់វិន័យ​ទៅតាម​ច្បាប់​របស់​នរគ​បាល​ជាតិ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ក៏បាន​សូមទោស​ដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ​របស់​នាង ហើយ​លោក​ក៏បាន​សូមទោស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ ចំពោះ​ទង្វើ​មិន​គប្បី​របស់​សមត្ថកិច្ច ដែលមាន​ឥរិយាបទ​មិន​សមរម្យ​ជា​មន្ត្រីរាជការ​បែបនេះ​។​

​សូមជម្រាបថា ករណី​ហិង្សា​នេះ បានកើត​ឡើង​នៅ​ម៉ោង​ប្រហែល​១១​ព្រឹក ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ​២៩៨ កែង​ផ្សារ​អូរ​ឡាំ​ពិ​ក ក្នុង​សង្កាត់ ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​មន្ត្រីនគរបាល​ដែល​ប្រើ​ហិង្សា​លើ​ស្ត្រី​ជា​គ្រូពេទ្យ​មានឈ្មោះ កៅ សំអុល អាយុ​៤៨​ឆ្នាំ ជា​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​១ ដោយបាន​ទះកំផ្លៀង​ទៅលើ​ស្ត្រី​រងគ្រោះ​ឈ្មោះ ឌី លី​ណា អាយុ​៣៧​ឆ្នាំ ស្នាក់នៅ​ខណ្ឌ​៧​មករា ខណៈដែល​កំពុង​ចាប់​ឃាត់​ម៉ូតូ មិន​គោរព​ច្បាប់​៕
​

សម្តេច ហេង សំរិន ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ ​រដ្ឋសភា​

ភ្នំពេញ ៖ ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយ​អង្គប្រជុំ​បានធ្វើការ​ពិភាក្សា និង​អនុម័ត​នូវ​របៀបវារៈ មួយចំនួន​ដូចខាងក្រោម ៖

១-​អង្គប្រជុំ​បានអនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី​ការបង្កើត​អង្គការ​សហប្រតិបត្តិកា​រ​ព្រៃឈើ​អាស៊ី ដល់​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ដោយ សហការ​ជាមួយ​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង ធនធានទឹក នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វិញ​។​

២- អង្គប្រជុំ​បានអនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តីពី សញ្ជាតិ ដល់​គណៈកម្មការ​មហា​ផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ដោយ​សហការ​ជាមួយ គណៈកម្មការ នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា វិញ​។​

៣- អង្គប្រជុំ​បានអនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ គណៈរដ្ឋមន្ត្រី ដល់​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ហើយ​ធ្វើ របាយការណ៍ ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វិញ​។​

៤- អង្គប្រជុំ​បានអនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៣ មាត្រា​២៣ មាត្រា​៣០ មាត្រា​៣៣ មាត្រា​៣៤ មាត្រា​៣៥ មាត្រា​៣៦ មាត្រា​៣៧ មាត្រា​៣៨ មាត្រា​៣៩ និង​មាត្រា​៤០ នៃ​ច្បាប់​ស្តីពី ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ដល់​គណៈកម្មការ

​សាធារណការ ដឹក​ជ​ញ្ជួ​ន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ហើយ​ធ្វើ​របាយការណ៍ ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ហើយ​ក្រៅពីនេះ​អង្គប្រជុំ​ក៏បាន​អនុម័ត​សេចក្តី សម្រេច​ស្តីពី​ក្រមសីលធម៌​របស់​តំណាងរាស្ត្រ​ផងដែរ​៕​

កម្ពុជា​-​ថៃ រួមគ្នា​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុ​ជាជាង​៣០​ម៉ឺន​នាក់ នៅ​ថៃ​

​ភ្នំពេញ ៖ ផ្អែកលើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង ព្រះរាជាណាចក្រ​ថៃ លើ​វិស័យ​ការងារ និង វិស័យ​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ ពិសេស​ស្ថិតក្នុង​រយៈពេល នៃ​កិច្ចសហប្រតិបត្តិការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា ភាគី​ទាំងពីរ​បានរួម​គ្នា​ផ្តល់​ភាពស្របច្បាប់​ជូន​ពលករ​កម្ពុជា​បាន​ជាង​៣០​ម៉ឺន​រួចហើយ ក្នុងចំណោម​ពលករ​ជាង​៤០​ម៉ឺន​នាក់ ដែល​កំពុង​បំរើកា​រងារ ដោយ​ខុសច្បាប់​នៅក្នុង​ប្រទេស​ថៃ​។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ នៅក្រោយ​ជំនួប​ពិភាក្សា​ការងារ ជាមួយ ឯកឧត្តម ប៉ាន់​យ៉ា​រ៉ា​ក់ ពល់​ទុប (Panyarak Poolthup) ឯកអគ្គរាជទូត​ថៃ ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា​នេះ​ថា ពលករ​កម្ពុជា ដែល​បំរើ​ការងារ​ដោយ​គ្មាន​ឯកសារ​ស្របច្បាប់ នៅក្នុង​ប្រទេស​ថៃ ពីមុនមក​នោះ ឥឡូវនេះ​បានទទួល​ភាពស្របច្បាប់​ជិត​អស់ហើយ និង​កំពុង​បន្តធ្វើ​កិច្ចការ​នេះ​ឱ្យបាន​រួចរាល់ នៅមុន​ដំណាច់ ខែ មិថុនា ខាងមុខនេះ​។​

​លោក រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀតថា កន្លងមក​កម្ពុជា បាន​បញ្ជូន​ក្រុមការងារ​អន្តរក្រសួង​ជាង​៣០០​នាក់ ទៅកាន់​មជ្ឈមណ្ឌល់​ចំនួន​៣ នៅ​ទីក្រុង​បាងកក ខេត្ត បុ​ទុម​ឋា​នី និង​ខេត្ត រ៉ាក់យ៉ង ប្រទេស​ថៃ ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ ជាមួយ​ភាគី​ថៃ ផ្តល់​ភាពស្របច្បាប់ ដល់​ពលករ​កម្ពុជា ដែល​មកដល់ពេលនេះ អាច​ចាត់ទុកថា​ទទួលបាន​លទ្ធផល​ជោគជ័យ​ហើយ ពោលគឺ​នៅ​សេ​សេ​សល់​ខ្លះ​កំពុង​បន្ត​និតិ​វិធី​ផ្តល់ជូន​។​

​យ៉ាងណា លោក រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ទៀតថា នៅ​ពាក់កណ្តាល​ខែមិថុនា​នេះ លោក នឹង​ដឹកនាំ​គណប្រតិភូ​ក្រសួង​ការងារ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ ដើម្បី​ពិនិត្យ​ចុងក្រោយ និង​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​។ ក្រៅពីនេះ​ក៏​ខិតខំ​ជម្រុញ​ល្បឿន នៃ​កិច្ចសហប្រតិបត្តិការ លើ វិស័យ អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ ក៏ដូចជា​វិស័យ​ដទៃទៀត ឱ្យបាន​ល្អ និង​មាន​ប្រសិទ្ធភាព​។​

​ទន្ទឹមគ្នា​នោះ លោក ឯកអគ្គរាជទូត​ថៃ ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​អបអរសាទរ ចំពោះ​ការបើក​ច្រកទ្វារ អន្តរជាតិ​ថ្មី របស់​កម្ពុជា នៅ​ខេត្តបាត់ដំបង ដើម្បី​រំលែក​ការធ្វើដំណើរ ដោយ​ស្របច្បាប់​របស់​ពលករ​កម្ពុជា ពី​ច្រក​ប៉ោយប៉ែត​ទៅតាម​ច្រក​ថ្មី​នេះ ស្របតាម​កិច្ចសហប្រតិបត្តិការ ដោយ​រលូន និង​ឈ្នះ​ឈ្នះ​ទៅវិញទៅមក​៕​

កិច្ចប្រជុំ​ក្រុមការងារ​អន្តរក្រសួង​ស្តីពី​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​

​ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ព្រឹក​ថ្ងៃទី​២២ ឧសភា​នេះ​បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង និង​អភិវឌ្ឍ​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ដើម្បី​រក​មធ្យោបាយ​ធ្វើអោយ​កាន់តែ​ប្រសើរឡើង នៅក្នុង​កិច្ចការ​អភិវឌ្ឍ​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​អោយ​ឆ្លើយតប​ទៅនឹង​ការវិវត្តន៍​របស់ សកលលោក និង​តំបន់​អាស៊ាន ដែល​កម្ពុជា​ក៏​ជា​សមាជិក​មួយ​របស់​អា​ស៊ាន និង​មាន​សក្តា​នុ ពល​ខ្ពស់​ក្នុង​វិស័យ​ទេសចរណ៍​។​

ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​លោក រដ្ឋមន្ត្រី ថោង ខុន បាន​គូសបញ្ជាក់ថា សកលលោក ក៏ ដូចជា​តំបន់​អាស៊ាន​កំពុងមាន​និន្នាការ​កើនឡើង​នៃ​វិស័យ​អេកូ​ទេសចរណ៍ ដោយ​វិស័យ​មួយ នេះ​បាន​ក្លាយជា​ផ្នែក​នៃ​ការរកចំណូល​មួយ​យ៉ាងសំខាន់​ក្នុង​ការចាក់​បញ្ចូល​ហិរញ្ញវត្ថុ​ទៅក្នុង សេដ្ឋកិច្ច​សហគមន៍ និង​សេដ្ឋកិច្ចជាតិ​។ លោក ​បាន​បន្ថែមថា ជា​ការពិត​ការអភិវឌ្ឍ​អេកូ ទេសចរណ៍​គឺ​វា​បាន​ផ្សាភ្ជាប់​ទៅនឹង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅតាម​សហគមន៍ និង​ជា​កិច្ច គាំពា​៌​ចំពោះ​បរិស្ថាន ដែល​យើង​ត្រូវតែ​ជម្រុញ​កិច្ចការ​នៃ​ការអភិវឌ្ឍ​អេកូ​ទេសចរណ៍​នេះ​ឲ្យ បាន​ខ្លាំងក្លា ស្របតាម​ការវិវត្តន៍​របស់​សកលលោក និង​តំបន់​។ ឯកឧត្តម​បាន​ណែនាំ​ឲ្យ​ផ្នែក ពាក់ព័ន្ធ​ទាំងអស់​សហការគ្នា​ឲ្យ​បាន​ជិតស្និទ្ធ និង​សកម្ម​បំផុត​ក្នុង​ការបំពេញ​កិច្ចការ​នេះ​ឲ្យ ទទួលបាន​ជោគជ័យ​។​

លោក អាំង សុវណ្ណ​រ័ត្ន ប្រធាន​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង និង​អភិវឌ្ឍ​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​បាន​ថ្លែងថា អ្វីៗ​ដែល​យើង​បានរៀបចំ និង​កំពុង អនុវត្តន៍​បច្ចុប្បន្ននេះ គឺ​ស្របតាម​កម្រិត​សកល និង​កម្រិត​តំបន់ ហើយ​ដើម្បី​ជម្រុញ​ឲ្យ​មានការ បង្កើត​សហគមន៍​ទេសចរណ៍ ឬ​សហគមន៍​អេកូ​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត​ចាំបាច់​ត្រូវ​មានការ ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ស្របតាម​ស្មារតី​នៃ​ច្បាប់​ដែល​ចែងថា អេកូ​ទេសចរណ៍ ក៏ ដូច​ជាការ​គ្រប់​គ្រប់គ្រង​អេកូ​ទេសចរណ៍​មូលដ្ឋាន គឺជា​ការទទួលខុសត្រូវ​រួម​នៅក្នុង​ការរៀបចំ និង​គ្រប់គ្រង​ដោយ​គ្រប់ភាគី​ពាក់ព័ន្ធ​៕
​

ភ្នំពេញ​-​ប៉េកាំង ចុះ​កិច្ចព្រមព្រៀង​ចង​សម្ព​ន្ធ័​មេត្រីភាព​

​ភ្នំពេញ ៖ រាជធានី​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋធានី​ប៉េកាំង​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បានសំរេច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​ទីក្រុង​សម្ព​ន្ធ័​មេត្រីភាព រវាង​ទីក្រុង​ទាំង​២​។​

​ពិធី​ចុះហត្ថលេខា​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨​នៅ​សាលា​រាជធានី​ភ្នំពេញ រវាង លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ​ឈី ជី​ង សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត ចិន ប្រចាំ​រដ្ឋធានី ប៉េកាំង និង​ជា​អគ្គនាយក​នៃ​នាយកដ្ឋាន​រណសិរ្ស​រួបរួម​នៃ​គណៈកម្មាធិការ​បក្ស​កុម្មុយនីស្ត ចិន​និង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​អ្នកមុខអ្នកការ​ជាច្រើនរូប​ទៀត​ដោយ​ភាព​ស្និត​ស្នាល​និង​មិត្តភាព​។​

​តាមរយៈ​អនុស្សារណៈ​មួយ​នេះ បានបញ្ជាក់​ពី​ការបោះ​ជំ​ហ៊ាន​ទៅមុខ​១​កម្រិត​ទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុងការ​ចងសម្ព័ន្ធភាព​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទីក្រុង​ប៉េកាំង ដែលជា​ទីក្រុង​ទី​៧​របស់​ប្រទេស​ចិន​ដែល​រាជធានី​ភ្នំពេញ​បាន​ចុះហត្ថលេខា​ចងសម្ព័ន្ធ​មេត្រី​។
​ការ​ចងសម្ព័ន្ធភាព ក្នុង​បំណង​ដើម្បី​ពង្រឹង​និង​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​ន៏​ទីក្រុង​អោយ​កាន់តែ​មានការ​វិវឌ្ឍន៍​រីកចំរើន​ស្របតាម​គោលនយោបាយ​នៃ​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​គ្រប់​ជ្រុងជ្រោយ​ដែល​ដាក់ចេញ​ដោយ​ប្រមុខ ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ គឺ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន និង​លោក ប្រធានាធិបតី ស៊ី ជិន​ពីង​។​

​នាឱកាស​នោះ លោក ឃួ​ង ស្រេង បាន​ថ្លែងថា​ផ្តើមចេញពី​ទំនាក់ទំនង​ការទូត​ដ៏​យូ​លង់​កត់សំគាល់ថា កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​២​កាន់តែ​មាន​ភាព​ស៊ី​ជំរៅ ស្អិតរ​មួ​ត​លើ​គ្រប់​វិស័យ​ចាប់តាំងពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រហូត​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ឆ្នាំ​២០១០ បន្ទាប់ពី​ជំនួប​រវាង​ថ្នាក់ដឹកនាំ​កំពូល​ទាំងពីរ​រួចមក​។​

​លោក អភិបាល​បន្តថា​សំរាប់​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បង្កើត​ទីក្រុង​សម្ព​ន្ធ័​មេត្រី​នាពេលនេះ ធ្វើឡើង​ក្នុង​ឆ្នាំ​មិត្តភាព​ខួប​លើក​ទី​៦០​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន​ដែល​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​១​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ក្នុង​កំរិត​រដ្ឋបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្នុងនោះ​រដ្ឋធានី​ប៉េកាំង បានក្លាយ​ជាទី​ក្រុង​សម្ព​ន្ធ័​មេត្រី​ទី​៧​របស់​រាជធានី​ភ្នំពេញ​ក្នុងចំណោម​ទីក្រុង​ក្នុងប្រទេស​ចិន​ដែល​បាន​ចុះហត្ថលេខា​ចង​សម្ព​ន្ធ័​មេត្រី​រួចហើយ​។

​ជាមួយគ្នា​នោះដែរ លោកជំទាវ ឈី ជី​ង បានចាត់ទុក​ចំណងមិត្តភាព​កម្ពុជា​-​ចិន​គឺជា​មិត្ត​ដ៏​ល្អ និង​ជា​ដៃគូ​រួមសុខទុក្ខ​ជាមួយគ្នា ជួយ​គ្នា​ទៅវិញទៅមក​អស់​រយៈពេល​៦០​ឆ្នាំ​មកហើយ​។​លោកជំទាវ​បញ្ជាក់ថា កន្លងមក ទីក្រុង​ប៉េកាំង​តែង​យកចិត្តទុកដាក់​ចំពោះ​រាជធានី​ភ្នំពេញ​។​ថ្ងៃនេះ​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​ទីក្រុង​ទាំង​២​ប៉េកាំង​-​ភ្នំពេញ​បាន​ចុះហត្ថលេខា​ចង​សម្ព​ន្ធ័​មេត្រី​ជាមួយគ្នា​គឺ​ឈាន​ចូលដល់​ដំណាក់កាល​អភិវឌ្ឍ​ន៏​ផ្លាស់ប្តូរ​បទពិសោធ​ន៏​ក្នុងការ​អភិវឌ្ឍ​ន៏​ទីក្រុង​ឱ្យ​កាន់តែ​រីកចំរើន​ថែមទៀត​។​

​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ បាន​បោះ​ចេញ​ជា​៣​ភាសារ គឺ​ខ្មែរ​.​ចិន​.​និង​អង់គ្លេស ហើយ​ភាគី​ទាំង​២​នឹង​អនុវត្ត​នូវ​គោល​ការ​ណ៏​នៃ​ភាពស្មើគ្នា​និង​ផល​ប្រ​យោ​ជ​ន៏​រួម​ទ្វេភាគី តាមរយៈ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ សេដ្ឋកិច្ច​វប្បធម៌​អប់រំ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​និង​បរិស្ថាន​ជាដើម​។ កិច្ចព្រមព្រៀង​នេះ​មាន​សុពលភាព​៥​ឆ្នាំ​គិត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​៕​

មន្ត្រី​កាំកុងត្រូល ពិនិត្យ​គុណភាព​ទំនិញ​នៅ​ផ្សារ​រកា​កោង​

​កណ្តាល ៖ សំដៅ​ពង្រឹង​សុវត្ថិភាព និង​គុណភាព​ម្ហូបចំណី​អាហារ​ដែល​កំពុង​ចរ​រាចរ​ណ៏​លើ​ទីផ្សារ ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកណ្តាល ដឹកនាំ​ដោយ​អ្នកស្រី សេក ស្រី​ម៉ៅ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត រួមជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​គណៈកម្មាការ​ផ្សារ បាន​ចុះ​ពិនិត្យ​គុណភាព​មុខទំនិញ​ដែល​កំពុង​ចរ​រាចរ​ណ៏ នៅក្នុង​ផ្សារ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

ក្នុង​ការចុះពិនិត្យ​គុណភាព​ទំនិញ មន្ត្រី​កាំកុងត្រូល និង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បានធ្វើការ​ពិនិត្យ​ទៅលើ​គុណភាព​អាហារ​កំប៉ុង និង ផលិតផល​ផ្សេងៗ​ដែលមាន​សភាព​ខួច​គុណភាព​កំពិទ និង​ហួសការ​បរិ​ច្ជេ​ទ​ដែល​កំពុង​ចរាចរណ៍​នៅលើ​ទីផ្សារ​ក្នុង​គោលបំណង​ធានា បាន​នូវ​សុវត្ថិភាព​ចំណីអាហារ​សំរាប់​ប្រជាពលរដ្ឋ​យកទៅ​ប្រើប្រាស់​ដោយ មិន​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគាត់​។ នៅក្នុង​ការត្រួតពិនិត្យ​ក្រុមការងារ​ពុំបាន​រកឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ខួច​គុណភាព​នោះទេ និង​បានធ្វើ​ការចែក និង​បិទ​ស្ទីក​ឃើ​ផ្សព្វផ្សាយ​អំពី​ផលិតផល​ទំនិញ​ដែល​ខួច​គុណភាព និង​ហួសការ​បរិ​ចេ្ជ​ទ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។​

អ្នកស្រី សេក ស្រី​ម៉ៅ អនុប្រធាន​សាខា​កាំកុងត្រូល បាន​ក្រើនរំលឹក​ដល់​អាជីវករ​ទាំងអស់​ត្រូវ​លក់​តែ​ផលិតផល​ដែលមាន សុវត្ថិភាព​មាន​កាលបរិច្ឆេទ​ត្រឹមត្រូវ ចៀសវាង​ប្រជាជន​ទិញយក​ទៅប្រើ​ប្រាស់​នាំអោយ​ប៉ះពាល់​ដល់​សុខភាព​កើត​ជម្ងឺ​ផ្សេងៗ​ធ្វើអោយ​ប្រជាជន​ត្រូវ​ចំណាយ​ថវិកា​មួយផ្នែកធំ​ដើម្បី​ព្យាបាល​ជម្ងឺ​ដែល​បង្កឡើង​ដោយ​ចំណី​មិនមាន​សុវត្ថិភាព ៕​

ធុរជន​កម្ពុជា ត្រៀមខ្លួន​ទទួល​វិនិយោគិន​ឥណ្ឌា​បន្ទាប់ពី​កិច្ចប្រជុំ India-CLMV

​ភ្នំពេញ ៖ ធុរជន​កម្ពុជា ជាច្រើន​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពាណិជ្ជកម្ម India-CLMV បានបង្ហាញ​ពី​ការត្រៀមខ្លួន​ទទួល​នូវ​វិនិយោគិន​ឥណ្ឌា​និង​ប្រទេស​បី​ផ្សេងទៀត​បន្ថែម ក្រោយពេល​កិច្ចប្រជុំ​នេះ​បានបញ្ចប់ ។

​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​បណ្ដា​ប្រទេស ឥណ្ឌា កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម បានចាប់ផ្ដើម​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២១ ឧសភា ២០១៨ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដោយ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​លើក​ទី​៥​នេះ ។​នៅក្នុង​ដំណើរការ​កិច្ចប្រជុំ​នេះដែរ គេ​ឃើញ​មាន​ធុរជន​មកពី​បណ្ដា​ប្រទេស​ទាំង​នោះបាន​ចូលរួម ជាពិសេស​នោះ ធុរជន​កម្ពុជា​ជាច្រើន​ក៏បាន​ចូលរួម​ដែរ ព្រមទាំង​បង្ហាញ​ពី​សុទិដ្ឋិនិយម ចំពោះ កិច្ចប្រជុំ​ពាណិជ្ជកម្ម​លើក​នេះ ហើយ​បាន​លើកឡើងថា នឹង​ត្រៀមខ្លួន​សម្រាប់​ទទួល​វិនិយោគិន​ពី​ប្រទេស​ឥណ្ឌា ក៏ដូចជា​ប្រទេស ទាំង​៣​ផ្សេងទៀត ។

​លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​មានប្រសាសន៍ថា ឥណ្ឌា​គឺជា​មហាអំណាច​សេដ្ឋកិច្ច​មួយ​នៅក្នុង​តំបន់ ហើយ​ឥណ្ឌា​ក៏​ជា​ប្រទេស​ដែលមាន​សក្ដានុពល​សេដ្ឋកិច្ច​មួយ សម្រាប់​អោយ​វិនិយោគិន​របស់​ទៅ​បណ្ដាក់ទុន​វិនិយោគ​នៅ​បណ្ដា​ប្រទេស​នានា​តាម​ដង​ទន្លេមេគង្គ​ដូចជា​ប្រទេស មី​យ៉ាន់​ម៉ា ឡាវ វៀតណាម និង​កម្ពុជា​ជាដើម ។

​លោក​ឧកញ៉ា​បន្តថា កម្ពុជា​បាន​ត្រៀម​រួចហើយ​ក្នុង​ការទទួល​ពួកគេ​មក​វិនិយោគ តួយ៉ាង​កម្ពុ​ជាមាន​ស្ថេរភាព​នយោបាយ កំណើនសេដ្ឋកិច្ច និង​ច្បាប់​វិនិយោគ​ក៏បាន​បើកទូលាយ​ចំពោះ​វិនិយោគិន​បរទេស​ផងដែរ ។

​លោក​ឧកញ៉ា វ៉ាន់ សូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​មានប្រសាសន៍​ផងដែរ​ថា នៅក្នុង​វិស័យ​កាត់ដេរ ឥណ្ឌា​ក៏​ជា​ប្រទេស​មាន​សក្ដានុពល​ខ្ពស់​មួយ​ផងដែរ ក្នុងនោះ​បច្ចុប្បន្ន​ឥណ្ឌា​ប្រទេស​អ្នកលក់​និង​អ្នកទិញ​ផលិតផល​ក្នុង​វិស័យ​វាយនភ័ណ្ឌ​សម្លៀកបំពាក់ ដូចនេះ​ឥណ្ឌា​អាច​នឹង​មក​វិនិយោគ​វិស័យនេះ នៅក្នុង​ប្រទេស​កម្ពុជា​ស្របពេល​កំលាំង​ពលកម្ម​យើង​នៅមានកម្រិត​ទាប​ជាងគេ​បន្តិច ។​

​លោក​ឧកញ៉ា​បន្តថា កាលពីមុន​វិស័យ​កាត់ដេរ ភាគច្រើន​គេ​វិនិយោគ​នៅក្នុង​ប្រទេស​ចិន តែ​ដោយសារតែ​ប្រទេស​ចិន​មាន​កម្លាំង​ពលកម្ម​ឡើងថ្លៃ វិនិយោគិន​បាន​ងាក​ទៅ​បណ្ដា​ប្រទេស​អាស៊ាន និង​ឥណ្ឌា ។ ចំណែក​ឥណ្ឌា បច្ចុប្បន្ននេះ​ជា​ប្រទេសមួយ​ដែល​ផលិត​វត្ថុធាតុដើម​ក្នុង​វិស័យ​កាត់ដេរ​ច្រើន ដូចនេះ​នៅ​ថ្ងៃ​អនាគត​កម្ពុជា អាច​នឹង​នាំ វត្ថុធាតុដើម​ក្នុង​វិស័យ​កាត់ដេរ​ពី​ប្រទេស​ឥណ្ឌា​ច្រើនជាង​ពី​ចិន តៃវ៉ាន់ វិញ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន បាន​មានប្រសាសន៍​អោយដឹងថា តាមរយៈ​វេទិកា​ធុរកិច្ច​នេះ ជា​ផែនការ​ចង្អុល​ផ្លូវ​យ៉ាងសំខាន់ សម្រាប់​ការអភិវឌ្ឍ សេដ្ឋកិច្ច​រវាង​ប្រទេស​ឥណ្ឌា និង​ប្រទេស CLMV ។​

​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​ពាណិជ្ជ​កម្មនេះ នឹង​ផ្ដល់នូវ​អត្ថប្រយោជន៍​និង​យុទ្ធសាស្ត្រ​ដល់​កម្ពុជា ជាច្រើន ក្រោម​កិច្ចសហប្រតិបត្តិការ​ស​មា​ហ​រណកម្ម​ក្នុង​តំបន់ លើ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ឧស្សាហកម្ម កសិកម្ម សុខាភិបាល ទេសចរណ៍ ដឹកជញ្ជូន អចលនទ្រព្យ អប់រំ​ព័ត៌មានវិទ្យា បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រវាង​ប្រទេស​ទាំង​៥ India-CLMV ៕​

ទំនាស់​ពាក្យសំដី​តិចតួច កូនប្រសារ កាប់​ឪពុកក្មេក​របួសធ្ងន់​

​កំពង់ចាម ៖ ជម្លោះ​ពាក្យសំដី​រវាង​ឪពុកក្មេក និង​កូនប្រសារ បាន​ក្លាយជា អំពើហិង្សា​ក្នុង​គ្រួសារ បង្កដោយ​កូនប្រសារ​កាប់​ឪពុកក្មេក​ចំនួន​៣​កាំបិត បណ្តាលអោយ​របួស​ជា​ទម្ងន់់ ចំណែក​ជនបង្ក​ត្រូវ​ស​ម្ត្ថ​កិច្ច​ចាប់ខ្លួន​។

​ប៉ូលីស​បានអោយដឹងថា នៅ​ថ្ងៃទី​20 ខែ​ឩ​សភា ឆ្នាំ​2018 វេលា​ម៉ោង 23 ៖ 30 កំលាំង​នគរបាល​ប៉ុស្តិ៍​សូ​ភាស បានទទួល​ព័ត៌មាន​ពី​ប្រជា​ការពារ​ភូមិ​ថា​: មាន​គេ​ប្រទះឃើញ​ឈ្មោះ មឿ​ន តុល ភេទ​ប្រុស អាយុ​43​ឆ្នាំ ជាតិខ្មែរ ទីលំនៅ​ភូមិ​អង្កោល សូ​ភាស ស្ទឹងត្រង់ កំពង់ចាម​បាន រងរបួស​ជា​ទំងន់​។ បន្ទាប់មក​កំលាំង នគរបាល​ប៉ុស្តិ៍ សូ​ភាស បាន ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើ​ឃាត់ខ្លួន ឈ្មោះ អេ​ត សុខ​លាង (​ជ​នស​ង្ស​យ័​) ភេទ​ប្រុស អាយុ​31​ឆ្នាំ ជាតិខ្មែរ​ទីលំនៅ ភូមិ​អង្កោល សូ​ភាស ស្ទឹងត្រង់ កំពង់ចាម ត្រូវជា​កូនប្រសារ​ចុង​របស់​ឈ្មោះ​មឿ​ន តុល (​ជនរងគ្រោះ​)​។

​តាម​ការបំភ្លឺ​របស់​ឈ្មោះ មឿ​ន តុល ថា​: នៅវេលា​ម៉ោង​19 ថ្ងៃទី​កើតហេតុ ខ្លួន បាន​ស្តីបន្ទោស អោយ ឈ្មោះ អេ​ត សុខ​លាង ជា​កូនប្រសារ​ចុង ហើយក៏​ប្រកែក​គ្នា បាន​បន្តិចបន្តួច ឈ្មោះ អេ​ត សុខ​លាង បាន​យក​ព្រនង់​ឫស្សី និង​កាំបិតប៉័ងតោ វាយ និង​កាប់​មកលើ​ខ្លួន បណ្តាលអោយមាន​របួស​ជា​ទម្ងន់ ហើយ​ត្រូវ​ក្រុមគ្រួសារ បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​៕ សុ ភ​ណ្ឌ័​