All posts by មេគង្គ ប៉ុស្តិ៍

ភ្នំពេញ​-​ប៉ារីស រួមគ្នា​អភិវឌ្ឍន៍​តំបន់​ភាគខាងត្បូង​ភ្នំពេញ​ជា​តំបន់​បៃតង​

​ភ្នំពេញ ៖ ដើម្បី​ប្រែក្លាយ​តំបន់​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ អោយទៅជា​តំបន់​អភិវឌ្ឍ​បៃតង សាលា​រាជធានី​ភ្នំពេញ និង​សាលា​ក្រុងប៉ារីស ប្រទេស​បារាំង រួម​សហប្រតិបត្តិការ​ជាមួយគ្នា ក្នុងការ​ជម្រុញ នៃ​ការអភិវឌ្ឍន៍​តំបន់​នោះ អោយបាន​ចៀសផុត ពី​គ្រោះទឹកជំនន់​នា​រដូវ​ស្សា​។​

​ក្នុង​សិក្ខាសាលា ស្តីពី ការបង្ហាញ​លទ្ធផល និង​វឌ្ឍនភាព​គម្រោង​សហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​នគរូបនីយកម្ម រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សាលា​ក្រុងប៉ារីស នា​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​សាលា​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា ភាគខាងត្បូង​រាជធានី​ភ្នំពេញ គឺជា​ទំហំ នៃ​ការអភិវឌ្ឍន៍​ធំ​មួយ ដូច្នេះហើយ​បានជា​សាលាក្រុង​ប៉ារីស ដែលមាន​បទពិសោធន៍ នៃ​ការរៀបចំ​ទីក្រុង អោយមាន​ភាពស្រស់​បំព្រង និង​អោយ​តំបន់​នោះ ក្លាយជា​តំបន់​បៃតង ដែលមាន​បរិស្ថាន​ល្អ​។

លោក​អភិបាល​លើកឡើងថា រាជធានី​ភ្នំពេញ មានការ​អភិវឌ្ឍ​គ្រប់​វិស័យ ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​សាធារណៈ សំណង់​គ្រឹះស្ថាន អគារ​នានា ក្នុង​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​មានការ​អភិវឌ្ឍ​ឆ្លើយតប​នឹង​កំណើនប្រជាជន​ទីក្រុង ដែល​កើនឡើង​យ៉ាង​ឆាប់រហ័ស រហូតដល់​៣.២៥% ក្នុង​១​ឆ្នាំៗ​។ លោក​បន្តថា បច្ចុប្បន្ន​ចំនួន​ប្រជាជន​ទីក្រុង​ភ្នំពេញ បាន​កើនឡើង​រហូតដល់​១.៧​លាន​នាក់ គឺ​ប្រមាណ​ជាង​៥៦% នៃ​ប្រជាជន​ទីក្រុង ដែលជា​អ្នក​ចំណាកស្រុក ចូលមក​សិក្សា និង​ធ្វើការ​នៅក្នុង​ទីក្រុង ភ្នំពេញ​។​

​លោក​អភិបាល​ថ្លែង​ទៀតថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​ចេញ​នូវ​យន្តការ​៣ ទី​១​គឺ ភាពជា​ដៃគូ​រវាង​រដ្ឋបាល​រាជធានី​ជាមួយនឹង​វិស័យ​ឯកជន ទី​២ ភាពជា​ដៃគូ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាមួយ​ទីក្រុង​សម្ព័ន្ធមេត្រី និង​ទី​៣ ភាពជា​ដៃគូ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជាមួយ​សង្គម​ស៊ីវិល ដើម្បី​ចូលរួម​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដូចជា​ថ្នល់ ស្ពាន ប្រព័ន្ធ​ប្រឡាយ​-​លូ បណ្តាញ​ទឹកស្អាត បណ្តាញ​អគ្គិសនី​សាធារណៈ បណ្តាញ​ទូរគមនាគមន៍ ការកែលម្អ​សួនច្បារ​សាធារណៈ សំណង់​អគារ​ខ្ពស់ៗ ផ្លូវ​ក្រោម​ដី ស្ពាន​អាកាស និង​បន្ត​ពង្រីក​ផ្លូវ​មួយចំនួន ដើម្បី​ឆ្លើយតប​ទៅនឹង​លំហូរ​ចរាចរណ៍​នៃ​យានយន្ត អោយ​សោភ័ណភាព​កាន់តែ​ស្រស់​បំ​ពង្រ​ង និង​វិស័យ​បន្ថែមទៀត​។​

​អ្នកស្រី អេ​ឡូ​ឌី គុយ​អង់កា តំណាង​សាលាក្រុង​ប៉ារីស នៃ​សាធារណរដ្ឋ​ប៉ា​រាំង ថ្លែងថា ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​នៃ​ការអភិវឌ្ឍ​ទីក្រុង ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ជួបប្រទះ គឺមាន​ការងារ​ពីរ ត្រូវបាន​ដាក់អោយ​សិក្សា ទី​១ គឺ​ការរៀបចំ​ផែនការ​អភិវឌ្ឍ​តំបន់​ភាគខាងត្បូង​ក្រុងភ្នំពេញ ដែល​សព្វថ្ងៃ​កំពុងមាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង និង​ទី​២​ការពង្រឹង​ការរំដោះ​និង​ការគ្រប់គ្រង​ច្រាំង​មាត់​ទន្លេសាប ព្រម​ជាមួយនឹង​ពង្រីក​ទៅ​ភាគ​ខាងជើង​នៃ​តិ​រវិ​ថី​ព្រះស៊ីសុវត្ថិ​។​

​លោកស្រី​បន្តថា ដើម្បី​ធ្វើ​ការងារ​ខាងលើ​អោយបាន​ជោគជ័យ គឺមាន​វិធីសាស្ត្រ​មួយ​ត្រូវបាន​ស្នើឡើង​ជាពិសេស តាមរបៀប​វាស់វែង​ជាក់ស្តែង ទុកជា​មូលដ្ឋាន​ក្នុងការ​កែតម្រូវ​អោយ​ត្រូវ​នឹង តថភាព​ជាក់ស្តែង​ក្នុ​តំបន់​នោះ​។ វិធីសាស្ត្រ​នោះ​តម្រូវអោយ​យើង​ប្រើ​ទស្សនទាន​អន្តរ​វិស័យ និង​ពហុ​វិស័យ ដូច​មានការ​ងារ​រួម​ចម្រុះ ដែល​ទាមទារ​អោយ​អោយ​គ្រប់​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ធ្វើការ​ជាមួយគ្នា ជាអាទ៍ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម​ម​និង​សំណង់ មន្ទីរ​នានា​ទីចាត់ការ​ជំនាញ ខណ្ឌ សង្កាត់ និង​រដ្ឋបាល​ផ្សេងៗ ទៀត​របស់​រាជធានី​ភ្នំពេញ​៕

​

ជំនួប​ពិភាក្សា​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​អនុ​ប្រធានសភា​វៀតណាម​

​ភ្នំពេញ ៖ អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ប្រទេស​វៀតណាម ប្ដេជ្ញាចិត្ត​ថា​នឹង​ចែករំលែក​នូវ បទពិសោធន៍ ក្នុង​ការរៀបចំ​កិច្ចប្រជុំ​វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បីអោយ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ នា​ឆ្នាំ​២០១៩​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា​នេះ លោកជំទាវ ថុង ធី​ហ្វុ​ង (Thong Thi Phong) សមាជិក​ការិយាល័យ​នយោបាយ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​វៀតណាម បានបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​របស់​សភា​វៀតណាម ថា​នឹង​ជួយ​ចែករំលែក​នូវ​រាល់​បទពិសោធន៍​ទាំងឡាយ​ដែល​សភា​វៀតណាម​មាន​កន្លងមក ក្នុងនាម ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក ជូន​ដល់​ប្រទេស​កម្ពុជា សំដៅ​ធ្វើយ៉ាងណា​ឲ្យ​កម្ពុជា ទទួលបាន​ជោគជ័យ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​នេះ​នា​ឆ្នាំក្រោយ ក្នុងនាម​កម្ពុជា​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​២៧ ដែល ពិធី​ផ្ទេរតំណែង​ជា​ម្ចាស់ផ្ទះ ប្រធាន​កិច្ចប្រជុំ​វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក ពី​ប្រទេស​វៀតណាម​ជូន​ដល់​ប្រទេស​កម្ពុជា ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ។

​នេះ​បើតាម​ការបញ្ជាក់ របស់ លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្រោយពេល​បញ្ចប់​ជំនួប​ទ្វេភាគី​នេះ​។ នៅក្នុង​ជំនួប​ជាមួយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​នេះដែរ លោកជំទាវ ថុង ធី​ហ្វុ​ង ក៏បាន​ជំរាបជូន ពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកជំទាវ នៅ​កម្ពុជា​ពេលនេះ គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​សភា​និង​សភា​នៃ​ប្រទេស​ទាំងពីរ ក្នុងនោះ​លោកជំទាវ ក៏បាន​ជួប​ជាមួយ សម្តេច​ប្រធានរដ្ឋសភា និង អនុប្រធានរដ្ឋសភា​ក​ម្ពុ​ជា ផងដែរ​។

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ថ្លែងអំណរគុណ​លោកជំទាវ​ចំពោះ​ការប្ដេជ្ញាចិត្ត ក្នុងការ​ផ្ដល់​និង​ជួយ​ចែករំលែក​បទពិសោធន៍​ដល់​កម្ពុជា ដោយ​សម្តេច​បានស្នើ​សុំ​ឲ្យ​សភា​វៀតណាម​និង​សភា​កម្ពុជា បន្ត​សហការគ្នា​ធ្វើយ៉ាងណា​អោយ​កិច្ចប្រជុំ​វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំក្រោយ ទទួលបាន​ជោគជ័យ​។

​គួរកត់សំគាល់​ដែរ​ថា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​នេះ លោកជំទាវ ថុង ធី​ហ្វុ​ង បាន​សម្តែង​ការអបអរសាទរ សម្តេច​តេ​ជោ​ចំពោះ​រាល់​សមិទ្ធផល​ទាំងឡាយ ដែល​កម្ពុ​ជាមាន ជាពិសេស​ស្ថេរភាព​លើ​វិស័យសេដ្ឋកិច្ច និង​នយោបាយ ទាំង​ក្នុងប្រទេស​និង​លើ​ឆាក​អន្តរជាតិ​តែម្តង​។

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា រាល់​សមិទ្ធផល​ទាំងនេះ​មិនអាច​កាត់ផ្ដាច់​បាន ពី​ជំនួយ​របស់​វៀតណាម​ជួយ​ដល់​កម្ពុជា​នោះទេ ជាពិសេស ជំនួយ​ក្នុងការ​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ឆ្នាំ​1979 កន្លងមក​តែម្តង​៕
​

កិច្ចប្រជុំ​ពិភាក្សា​គម្រោង​រុះរើ​ហេដ្ឋារចនាសម្ព័ន្ធ​កំណាត់​ផ្លូវជាតិ​លេខ​៥ ព្រែក​ក្តាម​-​ធ្នា​ម្អម

​

​កណ្តាល ៖ ដើម្បី​ឲ្យ​ការពង្រីក​ផ្លូវជាតិ​លេខ​៥​ពី​ព្រែក​ក្តាម​ដល់​ធ្នា​ម្អម ទទួលបាន​ជោគជ័យ នា​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ នៅ​សាលា​ខេត្តកណ្ដាល បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការរុះរើ​ហេដ្ឋារចនាសម្ព័ន្ធ​លើដី និង​ក្រោម​ដី រួមមាន​បង្គោល​ខ្សែ​កាបិ៍​អុ​ប​ទិ​ក និង​បញ្ហា​ផ្សេងៗ ក្នុង​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​កំណត់​ផ្លូវជាតិ​លេខ​៥ ព្រែក​ក្តាម​ដល់​ធ្នា​ម្អម ក្រោម​អធិបតីភាព​ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ អភិបាលរង​ខេត្តកណ្ដាល និង​ឯកឧត្ដម លី ណា​រិ​ទឹ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​។

​លោក គង់ សោ​ភ័​ណ្ឌ អភិបាលរង​ខេត្តកណ្ដាល​បាន​មានប្រសាសន៍ ស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​សាងសង់​ផ្លូវ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​នានា ស្តីពី​ផលប៉ះពាល់​នៃ​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​៥​នេះ និង​សង​ផលប៉ះពាល់​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​បានកំណត់​។

​លោក​សំណូមពរ​ដល់​ក្រសួង​ពាក់ព័ន្ធ ត្រូវ​អនុវត្តតាម​អនុក្រឹត្យ​ស្តីពី ការគ្រប់គ្រង ដី​ចំណី​តាម​បណ្ដាញ​ផ្លូវជាតិ និង​ផ្លូវ​រថភ្លើង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លេខ​១៩៧ អនក្រ​,​បក​C ចុះ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០០៩ បាន​ចែងថា ដី​ចំណី​ផ្លូវត្រូវ​បានកំណត់​សំរាប់​ដំណើរការ​អភិវឌ្ឍ​ន៏​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ផ្លូវជាតិ​កំរិត​លេខ​១​ខ្ទង់ ចំណីផ្លូវ​មាន​ប្រវែង​៣០​ម៉ែត្រ ពី​សងខាង​អ័ក្ស​ផ្លូវ ដូច្នេះ​រាល់​ការសាងសង់​សំណង់​គ្រប់​ប្រភេទ​ត្រូ៏​វ​អនុវត្ត​ទៅតាម​អនុក្រឹត្យ​នេះ ដោយ​ទុក​គំលាត​យ៉ាងតិច​៣០​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវ​។ ដោយឡែក​ចំពោះ​ឧ​បករ​ណ៏​បំរើសេវា សា​ធារ​ណុំ​ផ្សេងៗ​ជាអាទិ៍ បង្គោល​ភ្លើង ប​ង្ឡោ​ល​ខ្សែ​ទូរស័ព្ទ ខ្សែ​កាបិ៍​អុ​ប​ទិ​ក ។​ល​។ ត្រូវដាក់​ឲ្យ​មាន​ចំងាយ​យ៉ាងតិច​២៨​ម៉ែត្រ​ពី​អ័ក្ស​ផ្លូវ​។​

​សូមបញ្ជាក់​ផងដែរ​ថា​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​៥​នេះ មាន​៤​គន្លោង ដែលមាន​ទំហំ​២៣​ម៉ែត្រ ដែល​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ត​ចំនួន​៣ គឺ​ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​៕
​

លោកនាយក​រដ្ឋមន្ត្រី អា​បេ បញ្ជាក់ថា ជប៉ុន​នៅតែ​គាំទ្រ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​

​ភ្នំពេញ ៖ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នៅវេលា​ម៉ោង​៤ ៖ ២០​នាទី​រសៀល ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ នេះ បាន​ចូលជួប​សម្ដែង​ការគួរ​សមលោក ស៊ីន​ហ្សូ អា​បេ (Shinzō Abe) នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន នា​ទីស្តីការ​នាយករដ្ឋមន្ត្រី​។​

​ក្នុងជំនួប​នេះ​នាយករដ្ឋមន្ត្រី​ជប៉ុន បាន​ស្វា​គម​ន៏​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តប​ទៅនឹង​ការអញ្ជើញ​របស់លោក​ក្នុងជំនួប​ផ្ទាល់​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១១ នៅ​ប្រទេស ម៉ុង​ហ្គោ​លី នាពេល​កន្លងមក ។ លោកនាយក​រដ្ឋមន្ត្រី អា​បេ ថ្លែងថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជប៉ុន​-​កម្ពុជា នឹង​ត្រូវបាន​ពង្រឹងពង្រីក​ថែមទៀត​។​

លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ក៏បាន​បញ្ជាក់​ជំហរ​យ៉ាងច្បាស់​លាស់​ថា ជប៉ុន​នៅតែ​បន្ត​គាំទ្រ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ហើយ​បាន​លើក​នូវ​យោបល់​មួយចំនួន​ដើម្បី​ឲ្យ​កម្ពុជា យកទៅ​ពិចារណា​ក្នុង​គោលបំណង​ធានា​ឲ្យ​ការបោះឆ្នោត​នា​ខែកក្កដា​ខាងមុខនេះ ប្រព្រឹត្ត​ទៅដោយ សេរី យុត្តិធម៌ និង​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​ប្រជាពលរដ្ឋ​។​

​សូម​រំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨ ដែលជា​ថ្ងៃទី​១ នៃ​ដំណើរ​ទស្សនកិច្ច របស់លោក ហ៊ុន ម៉ា​ណែ​ត នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្ដម​ស៊ី​ហ្សិ​គិ តា​គី​ហ្សា​គិ (Shigeki Takizaki) អគ្គនាយក​កិច្ចការ អាស៊ីអាគ្នេយ៍ និង​និរតី​នៃ​ក្រសួងការបរទេស​ជប៉ុន​។​

​ក្នុង​កិច្ចពិភាក្សា​នេះ លោក​បណ្ឌិត បាន​ជម្រាបជូន​អំពី​ស្ថានការណ៍​ពិតប្រាកដ​របស់​កម្ពុជា​ទាំង​ស្ថេរភាព និង​ការអភិវឌ្ឍន៍​នាពេល​បច្ចុប្បន្ននេះ ដែល​នាំ​ឲ្យ​មានការ​កើនឡើង​នូវ​ទំនុកចិត្ត​របស់​វិនិយោគិន ក្នុងនោះ​កំណើន​វិនិយោគិន​ជប៉ុន​ក៏​កាន់តែ​ច្រើនឡើង​ផងដែរ​។ ជាមួយគ្នានេះ​ឯកឧត្ដម​ស៊ី​ហ្សិ​គិ តា​គី​ហ្សា​គិ (Shigeki Takizaki) ក៏បាន​វាយតម្លៃ​ខ្ពស់​អំពី​កិច្ចទំនាក់ទំនង​រវាង​កម្ពុជា​-​ជប៉ុន និង​ការរីកចម្រើន​របស់​ក​ម្ពុ​ជានា​ពេល​បច្ចុប្បន្ននេះ​។

​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ លោក​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម​យ៉ា​ស៊ូ​ហ្ស៊ី អាកាស៊ី (Yasushi Akashi) អតីត​តំណាង​ពិសេស​របស់​អគ្គលេខាធិកា​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ជា​ប្រធាន​នៃ​អជ្ញាធរ​បណ្តោះអាសន្ន​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​(UNTAC)​។​​

ក្នុងជំនួប​នេះ លោក យ៉ា​ស៊ូ​ហ្ស៊ី អាកាស៊ី បាន​រំលឹក​ឡើងវិញ​នូវ​ការងារ​មួយចំនួន​ដែល​កើតមាន​ក្នុងដំណាក់កាល​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា​ក្នុងអំឡុង​ឆ្នាំ​១៩៩២-១៩៩៣ និង​ការលះបង់​ធំៗ​របស់​ប្រជាជន​កម្ពុជា ក៏ដូចជា​របស់​កងក​ម្លាំ​ង​រក្សា​សន្តិភាព​នៃ​អង្គការសហប្រជាជាតិ​ដើម្បី​ស្វែងរក​សន្តិភាព​ដ៏​លំបាក​ជូន​កម្ពុជា​នាពេលនោះ​។​

​ចំណែក​នៅពេល​ល្ងាច​ថ្ងៃ​ដដែល លោក កា​ហ្សូ​យូគី ណា​កា​ណេ (Kazuyuki Nakane) អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន បានរៀបចំ​អាហារ​ពេល​ល្ងាច​ដើម្បី​ពិភាក្សា​ការងារ និង​ស្វា​គម​ន៏​ដំណើរ​មកដល់ របស់លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត យ៉ាង​រាក់ទាក់​ស្និទ្ធស្នាល​៕
​

កម្ពុជា​ឆ្នាំនេះ អាច​នឹងមាន​ទឹកជំនន់​ធំ​

​ភ្នំពេញ ៖ តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​លើក​ទី​១ បាន​បង្ហាញថា កម្ពុជា​នៅក្នុង​ឆ្នាំ​២០១៨ នេះ ស្ថានភាព​ទឹកទន្លេ​មេគង្គ​នាពេល​បច្ចុប្បន្ន បង្ហាញ​ពី​កត្តា​អាកាសធាតុ និង​ការវិភាគ​លើ​ទំនាក់ទំនង​រវាង​កម្ពស់​ទឹក​អប្បបរមា និង​អតិបរមា នៅ​ស្ថានីយ​ជល​សាស្ត្រ​បាសាក់​-​ចតុមុខ ឆ្នាំ​២០១៨​នេះ ទឹក​អាច​នឹងមាន​កម្ពស់ ១០,០៥ ម៉ែត្រ ដែល​នេះ ចាត់ទុកជា​ប្រភេទ​ជំនន់​ធំ ។

​តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធាន និង​ឧតុនិយម បង្ហាញថា ទឹកទន្លេ​មេគង្គ​ក្នុង​ឆ្នាំ​២០១៨​នេះ មាន​កម្រិត​ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ ក្នុងនោះ​មាន​៖
– ទន្លេមេគង្គ​ស្ទឹងត្រែង​៖ ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ ពី​០,២៥​ម៉ែត្រ – ០,៦៣​ម៉ែត្រ​។​
– ទន្លេមេគង្គ​ក្រចេះ​៖ ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ ពី​០,៤៤​ម៉ែត្រ – ១,២៨​ម៉ែត្រ​។​
– ទន្លេមេគង្គ​កំពង់ចាម​៖ ក្នុង​ខែមករា ទាប​ជាង​មធ្យម​បន្តិចបន្តួច តែ​ចាប់ពី​ខែកុម្ភៈ​មក ទឹក​មាន​កម្រិត​ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ ដល់​ទៅ ០,៤៩ ម៉ែត្រ​។​
– ស្ថានីយ​ជលសា​ស្ត្រ​ទន្លេបាសាក់​-​ចតុមុខ​៖ ពី​ខែមករា ដល់​ពាក់កណ្តាល​ខែមីនា ទឹក​មាន​កម្រិត​ទាប​ជាង​មធ្យម​ពី ០,២២​ម៉ែត្រ – ០,៦៨​ម៉ែត្រ តែ​មកដល់​ខែមេសា​នេះ ទឹក​មាន​កម្រិត​ខ្ពស់ជាង​មធ្យម​វិញ រហូតដល់ ០,២២​ម៉ែត្រ ។​
-​ទឹក​ក្នុង​បឹង​ទន្លេសាប​៖ ស្ថានីយ​ជលសា​ស្ត្រ​ក្រគរ​-​កំពង់​លួង ពី​ខែមករា ដល់​ខែមីនា ទឹក​មាន​កម្រិត​ទាប​ជាង​មធ្យម​ប្រមាណ​ពី ០,១៣​ម៉ែត្រ – ០,៥៤​ម៉ែត្រ តែ​ចាប់ពី​ដើមខែ​មេសា ទឹក​មាន​កម្រិត​ប្រហាក់ប្រហែល​នឹង​មធ្យម​វិញ ៕
​

លោក សម សេរី មេដឹកនាំ​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ ត្រូវបាន​ចាប់ខ្លួន​នៅ​ប្រទេស​ថៃ​

​ភ្នំពេញ ៖ លោក សម សេរី មេដឹកនាំ​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ ត្រូវបាន​សមត្ថកិច្ច ថៃ ចាប់ខ្លួន នៅ​យប់​ថ្ងៃទី​២៥ ខែមេសា នេះ ខណៈដែល​មេដឹកនាំ​រូបនេះ​បាន​ចូលទៅ​បន្ត​ទិដ្ឋាការ​សុំ ស្នាក់នៅ​ក្នុងប្រទេស​ថៃ​បន្ថែមទៀត ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ នៅ​យប់​ថ្ងៃទី​២៥ ខែមេសា ក្រោយ​ពេលដែល​លោក សម សេរី ត្រូវបាន​ចាប់ខ្លួន ។​

គួររំលឹកថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ក្នុងឱកាស​អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ មេសា កន្លងទៅ​ថា “​យប់មិញ​ខ្ញុំ​បាន​បញ្ចេញ​ព័ត៌មាន​សម្ងាត់​មួយ ហើយ​ចៅហ្វាយក្រុង​ក៏​បានដឹង​រួចហើយ​ដែរ “ … អា​ក្បត់ជាតិ​ម្នាក់​ឈ្មោះ សម សេរី បាន​បញ្ជា​មក​កម្លាំង​វា​នៅ​ទីក្រុង​ភ្នំពេញ ឲ្យ​រៀបចំ​បង្ក​ឲ្យ​មានការ​រំខាន និង​សម្លេង​ផ្ទុះ​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត សៀមរាប មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ តែ​យើង​បាន​ក្តាប់​ព័ត៌មាន​នេះ​បាន​អស់ហើយ​។​
​វិទ្យុ​អាស៊ីសេរី បាន​ផ្សាយ​នៅ​យប់ ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨ នេះ ថា «​លោក សម សេរី បាន​ផ្ញើ​សារ​ចូលក្នុង​អ៉ី​មែ​ល​របស់​អាស៊ីសេរី​មុន​ការចាប់ខ្លួន​ថា សមត្ថកិច្ច​ថៃ​បាន​ឃាត់ខ្លួន​រូបលោក នៅក្នុង​ទីក្រុង បាងកក ខណៈដែល​លោក​កំពុង​ចូលទៅ​បន្ត​ទិដ្ឋាការ​ស្នាក់នៅ​ក្នុងប្រទេស​ថៃ ជាមួយ នោះ ក៏មាន មនុស្ស​ជំនិត​របស់លោក សម សេរី ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព ក៏បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លោក សម សេរី ត្រូវបាន​សមត្ថកិច្ច​ថៃ​បញ្ជូនទៅ​ឃុំខ្លួន នៅ​មន្ទីរឃុំឃាំង​មួយកន្លែង​នៅក្នុង​ទីក្រុង​បាងកក​ហើយ​»​។​

​សូមបញ្ជាក់ថា លោក សម សេរី គឺជា​ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណា​ម៉ាក​។ លោក​សម សេរី ក៏បាន​បង្កើត​រដ្ឋាភិបាល​ស្រមោល នៅក្រៅ​ប្រទេស​ផង ដែរ​។ សមាជិក នៃ​ចលនា​រណសិរ្ស​រំដោះជាតិ មួយចំនួន​ត្រូវបាន​ចាប់ខ្លួន​នៅ​ភ្នំពេញ ដោយ​ប្រព្រឹត្ត​បទល្មើស និង​បង្កចលាចល​នៅក្នុង​សង្គម មានដូចជា ១.​ឈ្មោះ ថាច់ បាន​។ ២.​ឈ្មោះ អាន វិចិត្រ​។ ៣.​ឈ្មោះ ផុន ប្រាក់​ផាប​។ ៤.​ឈ្មោះ វន វុ​ធ​។ អ្នក​ទាំង​៤ នៅ​ប្រទេស​ថៃ​។ ៥.​ឈ្មោះ សោម សុវណ្ណារ៉ា នៅ​កាណាដា និង​ទី​៦.​ឈ្មោះ សម សេរី ប្រធាន​រណសិរ្ស​រំដោះជាតិ ដែល​ត្រូវបាន​ចាប់ ខ្លួន​នៅក្នុង​ប្រទេស​ថៃ នាយ​ប់ ថ្ងៃទី​២៥ ខែមេសា នេះ ហើយ​សមត្ថកិច្ច​ភាគី​កម្ពុជា កំពុង​ពិភាក្សា​ជា មួយ​ភាគី​ថៃ ដើម្បី​រៀបចំ​ឯកសារ​បញ្ជូន​លោក សម សេរី មក​ភ្នំពេញ នាពេល​ឆាប់ៗ​នេះ​៕
​

ឡើងផ្ទះ​ប៉ុនប៉ង​ចាប់រំលោភ​កូនស្រី​អ្នកស្រុក​ទាំង​កណ្តាលយប់​

​ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ស្អាង​ធ្វើការ​ឃាត់ខ្លួន ក្រោយពី​បាន​ឡើងលើ​ផ្ទះ​ប្រជាពលរដ្ឋ​ប៉ុនប៉ង​ចាប់រំលោភ​លើ​កូនស្រី​គេ ទាំង​កណ្តាលយប់ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ​២០១៨
នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ស្ថិតក្នុង​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។​
​លោក​វរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង​បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ធួន សា​រ៉ា​យ ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់ ស្នាក់នៅ​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។

ចំណែក​ជនរងគ្រោះ​ឈ្មោះ ហ​.​ហ ភេទ​ស្រី អាយុ ១៩​ឆ្នាំ មុខរបរ​កម្មករ សព្វថ្ងៃ​រស់នៅ​ភូមិ ឃុំ កើតហេតុ ។ ជនរងគ្រោះ​មាន​ស្លាកស្នាម​ជាំ​ថ្ពាល់​ខាងស្តាំ ជាំ​ដើមដៃ​ខាងឆ្វេង ស្នាម​ជាំ​ក​ខាងស្តាំ និង​ស្នាម​រលាត់​។​

​លោក​អធិការ បាន​បន្ថែមថា នៅវេលា​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​ទ្បើងទៅលើ​ផ្ទះ​របស់​ជនរងគ្រោះ ហើយ​បាន​បើក​មុង​ចូល ចាប់​ច្រចា​ច់ក និង​ខ្ទប់មាត់ ថើប​លើ​ជនរងគ្រោះ ភ្លាមនោះ​ជនរងគ្រោះ​បាន​រើបំរះ និង​ខាំ​ដៃ​ជនសង្ស័យ ហើយ​ស្រែក​អោយ​ឪពុកម្តាយ​ជួយ ។ ក្រោយ​ឮ​សម្លេង​ស្រែក​អោយជួយ ឪពុកម្តាយ​ក៏​ស្ទុះ​ទៅ ឃើញ​ជនសង្ស័យ​ឈ្មោះ ធួន សា​រ៉ា​យ នៅក្នុង​មុង​របស់​កូន​ប្រាកដ​មែន ឃើញ​ដូច្នេះ ឪពុក ក៏បាន​តេ​មកប្តឹង​នគរបាល​ប៉ុស្តិ៍​ព្រែក​គយ ភ្លាមនោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​គយ សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក បាន​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​អធិការដ្ឋាន ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕
​

តុលាការ​កំពូល​សវនាកា​រ​រឿងក្តី​លោក កឹម សុខា ថ្ងៃទី​៧ ខែឧសភា​

​ភ្នំពេញ ៖ មន្ត្រី​តុលាការ​ថ្លែងថា នៅ​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨ ខាងមុខនេះ តុលាការ​កំពូល​នឹង​សវនាការ​រឿងក្តី​លោក​កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។​
​សវនាការ​នេះ​គឺ​បណ្តឹង​ប្រឆាំងនឹង​ដីកា​ពន្យារពេល​នៃ​ការឃុំខ្លួន​លោក​កឹម សុខា ដោយមាន​លោក​ឃឹម ប៉ុណ្ណ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​។​

​គួររំលឹកថា លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី​១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​។​

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​ហើយ​នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧ ព្រះរាជអាជ្ញា​៣​រូប​បាន​ទៅដល់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ដើម្បី​សាកសួរ​លោក កឹម សុខា​ដោយ​ការសាកសួរ​នោះ ក៏មាន​វត្តមាន​របស់​មេធាវី​ទាំង ៥​រូប របស់លោក កឹម សុខា ដែរ​៕
​

អ្នកបើករថយន្ត​លោក ឡាយ វណ្ណៈ ត្រូវ​តុលាការ​សាកសួរ​ជុំវិញ​ការស្លាប់​នារី ចេ​វ សុ​វ​ឌ្ឍ​នា​

​ភ្នំពេញ ៖ បន្ទាប់ពី​ឃុំខ្លួន​មួយរយៈ​ក្នុង​ពន្ធនាគារ​នៅ​ថ្ងៃទី​២៥ ខែ ឆ្នាំ​២០១៨​នេះ លោក​កូយ​សៅ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សាកសួរ​អ្នកបើករថយន្ត​លោក​ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ គឺ ជុំវិញ​អំពើ​ឃាតកម្ម​សម្លាប់​នារី ចេ​វ សុ​វ​ឌ្ឍ​នា ។ លទ្ធផល​នៃ​ការសាកសួរ​នេះ ពុំ​ត្រូវបាន​ទម្លាយ​ឱ្យដឹង​ទេ ដោយ​មន្ត្រី​តុលាការ​អះអាងថា​ជាការ​សម្ងាត់​នៃ​ការ​ស៊ើបសួរ​។​

​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៨ សម្រេច​ចេញ​ដីកាឃុំខ្លួន​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង បក្ខពួក​៣​នាក់​ទៀត ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ ព្រោះ​មិនជា​ប់​ពាក់ព័ន្ធ ។​

​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែងថា​អយ្យការ​បានសម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ទៅលើ​ឈ្មោះ ឡាយ វណ្ណៈ​និង​ឈ្មោះ ឡាយ ណា​រិ​ទ្ធ​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​ហើយ​ចោទប្រកាន់​ទៅលើ​ឈ្មោះ ម៉េ​ន សា​ម៉ៃ​និង​ឈ្មោះ​ជឹម​វុ​ធ​ពីបទ លាក់បាំង​តម្រុយ តាម​មាត្រា ៥៣២ នៃ​ក្រមព្រហ្មទណ្ឌ ។​

​ជនសង្ស័យ​ត្រូវ​ចោទ​ទាំង​៤​នាក់​រួមមាន​៖​ទី​១​លោក​ឡាយ​វណ្ណៈ​អតីត​អភិបាល​ខេត្តតាកែវ​, ទី​២ លោក ឡាយ ណា​រិ​ទ្ធ​ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក​ឡាយ​វណ្ណៈ​ទី​៣​ឈ្មោះ ម៉េ​ន សា​ម៉ៃ អ្នកបើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ​និង​ទី​៤ ឈ្មោះ ជឹម វុ​ធ ហៅ ថូត ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា​។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត​ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​មាន ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឱ្យ​លោក ឡាយ ណា​រិ​ទ្ធ​។​

​លោក ឡាយ វណ្ណៈ អាយុ​៤៥​ឆ្នាំ​និង​លោក​ឡាយ ណា​រិ​ទ្ធ​ឡាយ​ណា​រិ​ទ្ធ​អាយុ​៤៦​ឆ្នាំ ជាប់ចោទ​ប្រកាន់​ពីបទ​ឃាតកម្ម ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨​តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ឈ្មោះ ម៉េ​ន សា​ម៉ៃ​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង ឈ្មោះ ជឹម វុ​ធ​ហៅ​ថូត​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ ជាប់ចោទ​ប្រកាន់​ពីបទ​លាក់​បំបាំង​តម្រុយ​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល​ភូមិ​ផ្សារ​តា​កោ​សង្កាត់​រកា​ក្នុង​ក្រុង​ដូន​កែវ​ខេត្តតាកែវ​កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ តាម​មាត្រា​៥៣២​នៃ​ក្រមព្រហ្មទណ្ឌ ។​

​យោងតាម​ច្បាប់ក្រម​ព្រហ្មទណ្ឌ បាន​ចែងថា​៖
​មាត្រា​១៩៩៖ បទ​ឃាតកម្ម​៖ អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ដោយ​ប្រើ​អាវុធ ឬ​មិន​ប្រើ​អាវុធ ដោយ​គ្មាន​ស្ថាន​ទម្ងន់​ណាមួយ​ដូច​បានកំណត់​ក្នុង​មាត្រា​២០០(​បទ​ឃាតកម្ម​គិតទុក​ជាមុន​) ដល់​មាត្រា​២០៥ (​បទ​ឃាតកម្ម​ដោយមាន​ទារុណកម្ម​អំពើ​ឃោរឃៅ​ឬ​អំពើ​រំលោភ​សេពសន្ថវៈ​)​នៃ​ក្រ​នេះ គឺជា​ឃាតកម្ម​។ ឃាតកម្ម​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១០(​ដប់​)​ឆ្នាំ ទៅ​១៥(​ដប់​ប្រាំ​)​ឆ្នាំ​។​

​មាត្រា​៥៣២៖​បទ​លាក់​បំបាំង​តម្រុយ​៖​អំពើ​កែប្រែ​លុបបំបាត់ ឬ​លាក់​បំបាំង​តម្រុយ ឬ​ស្លាកស្នាម​នៅលើ​ទីកន្លែង​នៃ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម ក្នុង​គោលបំណង​ធ្វើជា​ឧបសគ្គ​ដល់​ការស្វែងរក​ឲ្យ​ឃើញ​នូវ​ការពិត​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគរ​ពី ១(​មួយ​)​ឆ្នាំ ទៅ​៣(​បី​)​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​២,០០០,០០០(​ពីរលាន​)​រៀល​ទៅ​៦,០០០,០០០(​ប្រាំមួយ​លាន​)​រៀល​៕
​

សម្តេច​តេ​ជោ ហ៊ុនសែន ប្រកាស​សង់ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ពី​ខេត្តក្រចេះ​ទៅ​ខេត្តកំពង់ធំ​ក្នុង​អាណត្តិ​ថ្មី

ក្រចេះ ៖ ដើម្បី​សម្រួលការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ​ពី​ខេត្តក្រចេះ​ទៅកាន់​ខេត្តកំពង់ធំ និង​ទៅកាន់​ខេត្តសៀមរាប សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានប្រកាសថា គម្រោង​ស្ពាន​ថ្មី​ឆ្លងកាត់​ទន្លេមេគង្គ ពី​ខេត្តក្រចេះ​ទៅ​ខេត្តកំពង់ធំ នឹងត្រូវ​លេច​ជា​រូបរាង នៅក្នុងពេល​មាន​វត្តមាន​របស់​សម្តេច​ជា​នាយករដ្ឋមន្ត្រី នៃ​អាណត្តិ​ថ្មី​ខាងមុខនេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បានប្រកាស នា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨​នេះ​ថា កម្ពុជា​ត្រូវការ​ស្ថាបនា​ស្ពាន​ថ្មី​មួយកន្លែង​ទៀត គឺ​ឆ្លងកាត់​ទន្លេមេគង្គ​ពី​ទី​រួម​ខេត្តក្រចេះ ទៅកាន់​ខេត្តកំពង់ធំ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ នៃ​ខេត្តក្រចេះ ខេត្តកំពង់ធំ និង​ទៅកាន់​ខេត្តសៀមរាប​។ ដោយ​នាពេល​បច្ចុប្បន្ន ការធ្វើដំណើរ​តាមផ្លូវ​គោគ​ពី​ទី​រួម​ខេត្តក្រចេះ ទៅកាន់​ខេត្តកំពង់ធំ មាន​ចម្ងាយ​រហូតដល់ ១២៩​គីឡូម៉ែត្រ​។

​សម្តេច​តេ​ជោ បាន​ថ្លែងថា គម្រោង​ស្ថាបនា​ស្ពាន​នេះ ត្រូវបាន​សិក្សា​រួចហើយ ដោយ​គម្រោង​នេះ​ត្រូវការ​ប្រើប្រាស់​ថវិកា​ជំនួយ​ហិរញ្ញប្បទាន ពី​រដ្ឋាភិបាល​ចិន​។ សម្តេច​បាន ប្រកាសថា គម្រោង​ស្ថាបនា​ស្ពាន​នេះ នឹងត្រូវ​បញ្ចប់​លេចចេញ​ជា​រូបរាង នៅក្នុងពេល​មាន​វត្តមាន​របស់​សម្តេច​ជា​នាយករដ្ឋមន្ត្រី ក្នុង​អាណត្តិ​ថ្មី​បន្តទៀត​។

​ការលើកឡើង​របស់​ស​ម្តេច​តេ​ជោ ដូចនេះ គឺ​នៅក្នុង ពិធី​សម្ពោធ​បើក​អោយប្រើ​ប្រាស់​ជា​ផ្លូវការ សាកលវិទ្យាល័យ​ក្រចេះ ស្ថិតនៅក្នុង​ទី​រួម​ខេត្តក្រចេះ ៖ « ខ្ញុំ​សូម​ឳ​កាស​នេះ​បញ្ជាក់ជូន​បង​ប្ងូ​ន​ខេត្តក្រចេះ និង​អគ្គរដ្ឋទូត​ចិន យើង​ត្រូវការ​ស្ពាន​មួយទៀត​ឆ្លងកាត់​ទន្លេមេគង្គ ពី​ទី​រួម​ខេត្តក្រចេះ​ទៅកាន់​ខេត្តកំពង់ធំ និង​សម្រួលការ​ធ្វើដំណើរ​ទៅដល់​ខេត្តសៀមរាប​…​វត្តមាន​របស់​ហ៊ុនសែន វត្តមាន​របស់​គណបក្ស​ប្រជាជន​ក្នុង​អាណត្តិ​បន្ត​នេះ នឹង​បញ្ចប់​គម្រោង​សាងសង់​ស្ពាន​នេះ​…»​។

​សូមបញ្ជាក់ថា គិតពី​ឆ្នាំ​២០០១ ដល់​២០១៧ រដ្ឋាភិបាល​ចិន បានផ្តល់​ហិរញ្ញប្បទាន ឥត​សំណង និង ឥណទាន​ឥត​ការប្រាក់ ជាង ៤២៩៧​លាន​ដុល្លារ​អាមេរិក សម្រាប់​កិច្ច​អភិវឌ្ឍ​ន៌​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស​កម្ពុជា​។

​ក្រៅពី​ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន រដ្ឋាភិបាល​ចិន​ក៏បាន ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​វិស័យ​អប់រំ​នៅ​កម្ពុជា​ផងដែរ ដោយ​គិត​ចាប់ពី​ឆ្នាំ​២០១៣ ដល់ ឆ្នាំ​២០១៨ មូលនិធិ​ចិន​ដើម្បី​សន្តិភាព និង​ការ​អិ​វ​ឌ្ឍ តាមរយៈ គម្រោង​មិត្តសម្លាញ់​អគារសិក្សា​ផ្លូវ​សូត្រ បាន​សាងសង់​អគារសិក្សា ចំនួន​១២​ខ្នង ស្មើនឹង​៨៧​បន្ទប់​។

​ដោយឡែក ក្នុង​គម្រោង​កែលម្អ​បរិស្ថាន​សាលារៀន និង​សម្ភារៈ​រូបវ័ន្ត ក្នុង​ឆ្នាំ​២០១៧-២០១៨ រដ្ឋាភិបាល​ចិន​បានផ្តល់ ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៤០​លាន​ដុល្លារ មក​កម្ពុជា​៕
​

ការចុះបញ្ជី​បក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នឹង​ចាប់ផ្ដើម​ចុងខែ​មេសា​នេះ

​ភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់​គណៈ​ក​ម្មា​ធិ​ករ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹង ថា ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ នឹងត្រូវ​ចាប់ផ្ដើម​នៅ​ចុងខែ​មេសា រហូតដល់​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ​២០១៨​ខាងមុខនេះ​។

​លោក នុត សុខុម អនុប្រធាន​គ​.​ជ​.​ប បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា នា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា​នេះ ថា ការចុះ​ប​ញ្ចី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ នឹងត្រូវ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ពោល​គឺមាន​រយៈពេល​១៥​ថ្ងៃ​។ ចំណែក​ការស្នើសុំ​ពាក្យ និង​ដាក់ពាក្យ​ការចុះ​ប​ញ្ចី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត គឺ​ធ្វើ​នៅ​ទីស្ដីការ​គ​.​ជ​.​ប​តែម្ដង​។

​លោក​អនុប្រធាន គ​.​ជ​.​ប បានបញ្ជាក់ ថា ដោយ​យោងតាម​មាត្រា​២៣​នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ គឺ​ដើម្បី​មាន​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ដ្រ​បាន ប្រជាពលរដ្ឋ​ម្នាក់ៗ​ត្រូវបំពេញ​លក្ខខណ្ឌ​ចំនួន​៥​ដូចជា​៖​ទី​១.​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​។ ទី​២.​មាន​អាយុ​២៥​ឆ្នាំ​ឡើងទៅ គិតដល់​ថ្ងៃ​បោះឆ្នោត​។ ទី​៣.​មាន​សិទ្ធិ​បោះឆ្នោត និង​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​។ ៤.​មាន​លំនៅដ្ឋាន ឬ​ទី​សំណាក់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ និង​ទី​៥.​មានការ​តែងតាំង​ពី​គណ​បក​ក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី​ឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​។​

​មន្ដ្រីជាន់ខ្ពស់​គ​.​ជ​.​ប លោក នុត សុខុម បានបញ្ជាក់​បន្ថែមទៀត ថា ចំពោះ​ការស្នើសុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត គ​.​ជ​.​ប​ត្រូវ​ពិនិត្យ​សម្រេច​ជូន​ក្នុង​រយៈពេល​យ៉ាងយូរ​៧​ថ្ងៃ បន្ទាប់ពី​បានទទួល​ពាក្យស្នើសុំ​។ ក្នុងករណី​ដែល​ពាក្យសុំ​ចុះបញ្ជី គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត ដែល​មិនបាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ទាំងនោះ គ​.​ជ​.​ប​នឹង​ចេញ​លិខិត​ជូនដំណឹង ទៅ​គណបក្សនយោបាយ​ដែល​បាន​ស្នើសុំ ដើម្បី​កែតម្រូវ ឬ​បំពេញ​ចំណុច​ខ្វះខាត​យ៉ាងយូរ​៧​ថ្ងៃ បន្ទាប់​ពីថ្ងៃ​ដែល​បានទទួល​លិខិត​ជូនដំណឹង​រួច​។

​សូម​ជម្រាប ថា កាលពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​កន្លងទៅនេះ មាន​គណបក្សនយោបាយ​ចំនួន​៨ បាន​ចូលរួម​ឈរឈ្មោះ​បោះឆ្នោត​។ ចំណែក​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​ខាងមុខនេះ បើ​យោងតាម​របាយការណ៍ ដែល​គ​.​ជ​.​ប ទទួលបាន​ពី​ក្រសួងមហាផ្ទៃ មកទល់នឹង​ពេលនេះ មាន​គណបក្សនយោបាយ ដែល​បាន​ចុះបញ្ជី​ផ្លូវការ​មាន​ចំនួន​៣៧​គណបក្ស​៕
​

កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ក្រមសីលធម៌​តំណាងរាស្ត្រ​

ភ្នំពេញ ៖ គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា សហការ​ជាមួយ​សមាគម​សមាជិកសភា កម្ពុជា និង​ការអភិវឌ្ឍ និង​មជ្ឈមណ្ឌល​សម្រាប់​ការសន្ទនា​មនុស្សធម៌ ព្រឹក​ថ្ងៃទី​២៥ មេសា​នេះ បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ក្រមសីលធម៌​តំណាងរាស្ត្រ ដោយ​មា​ការចូលរួម​ពី សមាជិក សមាជិកា​រដ្ឋសភា​ជាច្រើនរូប​។​

​លោក​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា​មាន ប្រសាសន៍ថា ក្នុង​ក្របខ័ណ្ឌ​សិទ្ធិ និង​សេរីភាព​នៃ​ការប្រតិបត្តិ​បេសកកម្ម​ក្នុង​នីតិកាល​របស់ខ្លួន តំណាងរាស្ត្រ​គ្រប់រូប ត្រូវគោរព​រដ្ឋធម្មនុញ្ញ ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ ច្បាប់​ស្តីពី​គណ បក្សនយោបាយ បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋ​សភា និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​ដូច​ខាង ក្រោម​៖
តំណាងរាស្ត្រ​ត្រូវមាន​ឆន្ទៈ​មោះមុត ប្តូរផ្តាច់ រួបរួមគ្នា​ពង្រឹង​ឯកភាព​ជាតិ​ផ្អែកលើ ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស គោរព​សិទ្ធិមនុស្ស និង​គោរព​ច្បាប់​ដោយ​ម៉ឺងម៉ាត់​,​ក្នុង ពេល​ប្រតិបត្តិការ​តាម​មុខតំណែង​របស់ខ្លួន តំណាងរាស្ត្រ​មិន​ត្រូ​ធ្វើ​សកម្មភាព​ណាមួយ​ទោះ ដោយផ្ទាល់​ក្តី ឬ​ដោយ​ប្រយោល​ក្តី នាំអោយ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ព្រះរាជា​ណា ចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ​,​តំណាងរាស្ត្រ​ត្រូវ​តម្កល់​ផលប្រយោជន៍​របស់​ប្រជា រាស្ត្រ ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​ជាធំ​,​នៅ​គ្រប់​កាលៈទេសៈ ត្រូវ​ទុក​ផលប្រយោជន៍​ទូទៅ ខ្ពស់ជាង​ផលប្រយោជន៍​បុគ្គល និង​បក្ខពួក​,​តំណាងរាស្ត្រ​មាន​សេរីភាព ឯករាជ្យភាព ក្នុងការ បំពេញ​មុខងារ​ក្នុង​នីតិកាល​របស់ខ្លួន ដោយ​មិន​ចំណុះ​ផ្នែក ហិរញ្ញវត្ថុ សំភារៈ និង​ស្មារតី ជាមួយ​បុគ្គល និង​មិន​ចំណុះ​បរទេស​ជាដើម​។​

ក្នុង​កិច្ចប្រជុំ​នេះ ក៏មាន​ការលើកឡើង​អំពី​កង្វះ​ការយល់ដឹង​ពី​ក្រមសីលធម៌​ជាទូទៅ​
​របស់​សមាជិកសភា​ក្នុង​បណ្តា​ប្រទេស​ជាច្រើន​នៅ​អាស៊ី​ថា មានការ​យល់ដឹង​តិចតួច​ពី​
​សញ្ញាណ​នៃ​ការប្រើ​ពាក្យ​ក្រមសីលធម៌​ដើម្បី​ពិពណ៌នា​អំពី​អ្វីដែល​តម្រូវអោយ​ប្រព្រឹត្ត អ្វីដែល កំណត់​ការប្រព្រឹត្ត ការប្រព្រឹត្ត​ដែល​អាច​ទទួលយក ឬ​ក្រម​ដែល​តម្រូវអោយ​ទទួលយក​សំរាប់ អោយ​អ្នកនយោបាយ​អនុវត្ត​ផងដែរ​៕
​

លោក ឡាយ វណ្ណៈ ត្រូវបាន​ដក​ចេញពី​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​

​ភ្នំពេញ ៖ លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ត្រូវបាន​សម្ដេច​វិបុល​សេនា​ភក្ដី​សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​សេចក្តីសម្រេច ដក​ចេញពី​សមាជិក​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​លោក​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​។​
​យោងតាម​សេចក្ដីសម្រេច របស់​សម្ដេច​វិបុល​សេនា​ភក្ដី​សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ ថា​”​ប្រការ​១.​បញ្ចេញ​លោក​ឡាយ វណ្ណៈ ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​”​។

​ប្រការ​២.​ខុទ្ទកាល័យ​គណៈ​ចាត់តាំង​នៃ​គណៈកម្មាធិការ​កណ្ដាល គណៈកម្មាធិការ​គណបក្ស​ខេត្តតាកែវ និង​លោក​ឡាយ វណ្ណៈ ត្រូវ​ប្រតិបត្តិ​តាម​សេចក្ដីសម្រេច​នេះ​។

​គួរ​រំលឹក ថា លោក​ឡាយ វណ្ណៈ និង​បងប្រុស​របស់លោក រួមទាំង​មនុស្ស​២​នាក់​ទៀត ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨ ក្រោម​ការចោទប្រកាន់​ឃាតកម្ម និង​លាក់បាំង​តម្រុយ ពាក់ព័ន្ធ​ករណី​ធ្វើឃាត​កម្ម​លើ​ស្ត្រី​ឈ្មោះ​ចេ​វ សុ​វ​ឌ្ឍ​នា ដែលជា​នារី​កំណាន់​របស់លោក​ឡាយ វណ្ណៈ​។

​ជន​ត្រូវ​ចោទ​ទាំង​៤​នាក់​ដែល​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​រួមមាន​៖​ទី​១.​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​, ទី​២.​លោក​ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស​លោក ឡាយ វណ្ណៈ​ទី​៣.​ឈ្មោះ​ម៉េ​ន សា​ម៉ៃ អ្នកបើក​ឡាន​ឲ្យ​លោក​ឡាយ វណ្ណៈ និង​ទី​៤.​ឈ្មោះ ជឹម វុ​ធ ហៅ ថូត ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា​។​

​លោក​ឡាយ វណ្ណៈ ត្រូវបាន​ដកដំណែង​មួយចំនួនទៀត​ផងដែរ ដែល​រួមមាន​៖​តំណែង​អភិបាលខេត្ត និង​ប្រធាន​គណបក្ស​ខេត្តតាកែវ​ផងដែរ​៕
​

លោក ស៊ុន ចាន់ថុល ព្រមាន​បិទ​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែល​ដឹក​លើស​ទម្ងន់​

​ភ្នំពេញ ៖ លោក​ទេសរដ្ឋមន្ដ្រី​ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​ព្រមាន​បិទ ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ណា ដែល​នៅតែ​បន្ត​ដឹកទំនិញ​លើស​ទំងន់​កំណត់ ដែល​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ទ្រុឌទ្រោម និង​ដូច​ខាត​។ ការ​ថ្លែង​ព្រមាន​របស់​ឯកឧត្ដម​ទេស​រដ្ឋមន្ដ្រី​ស៊ុន ចាន់ថុល ដូច្នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ បុគ្គលិក និង​កម្មករ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន កាលពី​រសៀល​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ទំ​ព័រ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​។

​ថ្លែង​ទៅកាន់​អង្គពិធី និង​ឆ្លើយតប​ទៅនឹង​កង្វល់​របស់​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ដែល​បាន​អះអាងថា​ការបង្ក្រាប​រថយន្ត​ផ្ទុកទំនិញ​លើស​ទំងន់​កម្រិត​កំណត់​មាន​លក្ខណៈ​ដូច​វែក​ចក លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា “​ដើម្បី​កុំ​ឲ្យ​ដូច​វែក​ចក គឺ​យើង​ត្រូវយក​ចក​ចេញ​ឲ្យ​អស់​” ពោលគឺ​ត្រូវ​ប្រើ​យន្តការ​ច្បាប់ និង​រក​ប្រភពដើម​ឱ្យឃើញ និង​បិទ​ក្រុមហ៊ុន​ណា​ដែល​មិន​គោរព​ច្បាប់​។

​លោក​ទេសរដ្ឋមន្ដ្រី បានបញ្ជាក់​ទៀត ថា ការត្រួតពិនិត្យ​យានយន្ត​ផ្ទុកទំនិញ​លើស​ទំងន់​កម្រិត​កំណត់ និង​ការកែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​យានយន្ត​ត្រូវតែ​បន្ត​អនុវត្ត​ឲ្យ​បានជា​ប្រចាំ​និង​ម៉ឺងម៉ាត់​បំផុត ព្រោះ​ថាបើ​រថយន្ត​តែមួយ​គ្រឿង​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ២០​តោន​គឺ​ស្មើនឹង​រថយន្ត​១​សែន​៦​ម៉ឺន​គ្រឿង​ធ្វើចរាចរ​នៅលើ​ផ្លូវ​នោះ ដែល​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ទ្រុឌទ្រោម និង​ដូច​ខាត​។ ករណីនេះ​ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ​រាប់រយ​លាន​ដុល្លារ​សម្រាប់​ជួសជុល​ផ្លូវ​ឡើងវិញ​ក្នុង​មួយឆ្នាំៗ​។​នៅក្នុង​ឱកាស​ដដែល​នេះ លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​ផ្ដាំផ្ញើ​ឲ្យ​មន្ត្រី​ទាំងអស់​រួបរួម​សា​គ្គី​សហការគ្នា​ឲ្យ បាន​រឹងមាំ ហើយ​សូមកុំ​ឲ្យ​មានការ​បែងចែក​ជា​ក្រុម ជា​បក្សពួក ពោលគឺ​មានតែ​ក្រុម​មួយគត់​គឺ ក្រុម​មហា​គ្រួសារ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដើម្បី​រួមគ្នា​កសាង​ជាតិ​មាតុ​ភូម​របស់​យើង​ឲ្យ​មានការ​រីកចម្រើន​តាម​ក្ដី​ស្រ​ម៉ៃ​របស់​យើង​ម្នាក់ៗ ដែល​ចង់ឃើញ​ប្រទេស​កម្ពុជា​រីកចម្រើន​ដូច​ប្រទេស​អភិវឌ្ឍន៍​ក្នុង​សកលលោក​៕
​

បុរស​ម្នាក់​ជិះ​កង់​ទៅ​ដាក់​អន្ទាក់​កណ្តុរ​ត្រូវបាន​រន្ទះ បាញ់​ស្លាប់​យ៉ាង ​អាណោចអាធម៌​

បាត់ដំបង : បុរស​ម្នាក់​ត្រូវបាន​រន្ទះបាញ់​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធម៌​នៅពេល​ជិះ​កង់​ទៅ​ដាក់​អន្ទាក់​កណ្តុ​រខ​ណះ​ដែល​មេឃ​កំពុង​ធ្លាក់ភ្លៀង​លាយឡំ​នឹង​ផ្គរ​រន្ទះ​ផង​នោះ​។

លោក​វរសេនីយ៍ទោ ផង់ សុភាព អធិការនគរបាល​ស្រុក​ថ្មគោល​បាន​ប្រាប់ថា​៖​ហេតុការណ៍​គ្រោះធម្មជាតិ​រន្ទះបាញ់​មនុស្ស​ស្លាប់​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១៨-១៥​នាទី ថ្ងៃទី​២៤ ខែមេសា​ឆ្នាំ​២០១៨ នៅ​ចំណុច​ប្រឡាយ​ស្វាយ​អា ស្ថិតក្នុង​ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ខ​ណះ​ដែល​ជនរងគ្រោះ​បាន​ជិះ​កង់​ចេញទៅ​ដាក់​អន្ទាក់​កណ្តុរ​នៅពេល​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​លាយឡំ​ផ្គរ​រន្ទះ​ផង​នោះ​។​
លោក​បន្តថា​៖​ជនរងគ្រោះ​ឈ្មោះ ទូច កាត់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ដល់ទី​កន្លែងកើតហេតុ​ពិនិត្យ​ទៅលើ​សាកសព​និង​បានប្រគល់​អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ សុផល​
​