ខេត្តកណ្តាល៖មនុស្ស៤នាក់បានស្លាប់បាត់បងជីវិត និងម្នាក់ទៀតរងរបួសស្រាលដោយសារស្រវឹងស្រាបើកបររថយន្តត្រឡប់មកផ្ទះវិញ បន្ទាប់ពីផឹកស៊ីនៅក្រុងតាខ្មៅ ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២២ និង៥០នាទីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ២១B នៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាងខេត្តកណ្តាល។
ប្រភពព័ត៌មានបានឲ្យដឹងថា មានរថយន្ត១គ្រឿង ម៉ាកឡិចស៊ីស RX300 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AN:1856 បើកបរក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយនឹងរបងផ្ទះប្រជាជន ហើយជ្រុលទៅបុកបង្គោលភ្លើងចំនួន២ដើមបណ្តាលអោយបង្គោលបាក់ រីឯរថយន្តក្រឡាប់តែម្តង។ ប្រភពបន្តថា រថយន្តនេះបើកបរដោយឈ្មោះ ភិន សុភ័ស្ត ហៅញ៉ាញ់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករអគ្គិសនីស្រុកស្អាង ទីលំនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) រួមដំណើរមានគ្នា៤នាក់ ៖ ទី១: ឈ្មោះ គង់ សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអាជីវករ(លក់កាហ្វេ) ទីលំនៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ)។ ទី២: ឈ្មោះ ស្រេង សេងហៀង ហៅមាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងថតរូប ទីលំនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ)។ ទី៣: ឈ្មោះ នាង បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់តាមផ្លូវពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ)។ ទី៤ ឈ្មោះ ពៅ ធរ ភេទប្រុស អាយុ២៨ឆ្នាំទីលំនៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាងខេត្តកណ្តាល រងរបួសស្រាល ត្រូវបានប្រពន្ធដឹកយកទៅផ្ទះភ្លាមៗ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីនេះធ្វើឲ្យខូចខាតរថយន្ត១គ្រឿងធ្ងន់ បាក់បង្គោលភ្លើងចំនួន២ដើម និងរបងផ្ទះប្រជាពលរដ្ឋមួយចំនួន។ បច្ចុប្បន្នសពបានពិនិត្យរួចរាល់ហើយបានប្រគល់អោយគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន។ ចំណែកវត្ថុតាងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង៕


បាងកក៖រដ្ឋាភិបាលយោធាថៃបាននិងកំពុងរៀបចំបង្កើតច្បាប់ថ្មីមួយដើម្បីជួយថែរក្សាការពារព្រះពុទ្ធសាសនា ដោយសារប្រទេសនេះយល់ថា ពុទ្ធសាសនាជាសរសរទ្រូងយ៉ាងសំខាន់ក្នុងការទ្រទ្រង់សង្គម។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការស្នើច្បាប់នេះឡើងបន្ទាប់ មានបញ្ហាចម្រូងចម្រាស់ជុំវិញវិស័យពុទ្ធសាសនា ដែលប្រទេសនេះពលរដ្ឋ៩៥% ប្រតិបត្តិតាមព្រះពុទ្ធសាសនា ហើយភាគច្រើននៃអ្នកទាំងនោះបានប្រឆាំងនិងការអនុវត្តច្បាប់របស់រដ្ឋាភិបាលយោធាដែលឡើងកាន់អំណាចតាមរដ្ឋប្រហារ កាលពីឆ្នាំ២០១៤ អនុវត្តន៍លើព្រះពុទ្ធសាសនា។
ច្បាប់នេះនឹងផ្តល់សិទ្ធិឲ្យព្រះសង្ឃជាអ្នកជ្រើសរើសក្រុមប្រឹក្សាគណៈសង្ឃ គឺមានសមាសភាព៣អង្គក្នុងចំណោម២៧អាសនៈនៃគណៈកម្មាធិការ ចំណែកសមាសភាពផ្សេងទៀតមាន នាយករដ្ឋមន្ត្រី អគ្គមេបញ្ជាការនគរបាល និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផ្សេងទៀតដែលមានជំនាញខាងពុទ្ធសាសនា។
បើតាមប្រភពមន្ត្រីរដ្ឋាភិបាលដែលមិនបង្ហាញឈ្មោះបានថ្លែងថា នៅក្នុងច្បាប់ថ្មីនោះនឹងបង្កើតជាគណៈកម្មាធិការរៀបចំគោលនយោបាយ គាំទ្រ និងការពារព្រះពុទ្ធសាសនាដែលអាចមានការបំពានបាន។ ប៉ុន្តែការរៀបចំបង្កើតច្បាប់ថ្មីនេះមិនទាន់មានការផ្សព្វផ្សាយជាសាធារណៈនៅឡើយ។
ទោះបីយ៉ាងណាព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យព្រះពុទ្ធសាសនា Mahamakut ព្រះតេជគុណ Metha Winairos មានថេរដិកាថា ច្បាប់ថ្មីនោះមិនជួយគាំទ្រដល់ព្រះសង្ឃទេ គឺជាការដាក់សម្ពាធលើព្រះសង្ឃទៅវិញ ដែលមានចេតនាបង្ខំព្រះសង្ឃ ឲ្យគោរព និង ស្ថិតនៅក្រោមបង្គាប់បញ្ជារបស់រដ្ឋាភិបាល ដែលនេះមិនមែនជារឿងល្អទេ៕

អាមេរិក៖ដោយអនុវត្តន៍តាមការសន្យាពេលឃោសបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល ត្រាំ កាលពីម្សិលមិញបានចុះហត្ថលេខាបញ្ចប់គោលនយោបាយប្រឆាំងការប្រើប្រាស់ធ្យូងថ្ម និងច្បាប់បញ្ញត្តិផ្សេងៗទៀត ពាក់ព័ន្ធបរិស្ថាន ដែលបង្កើតឡើងក្នុងរដ្ឋាភិបាលអាណត្តិមុនលោកបារ៉ាក់អូបាម៉ា។
ក្នុងបទបញ្ជានោះលោកត្រាំ បានបញ្ជាឲ្យដកបំរាមដែលលោក អូបាម៉ាដាក់ ហើយលោកប្រកាសអនុញ្ញាតឲ្យកម្មករធ្វើការងារជីកយកធ្យូងថ្មវិញបានធម្មតា។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
បទបញ្ជាថ្មីរបស់លោក ត្រាំនេះនាំឲ្យការពារបរិស្ថាន និងការអភិវឌ្ឍមួយចំនួនលើកឡើងថា ជាជំហានឆ្ពោះទៅរកចំណុចមានគ្រោះថ្នាក់ធ្ងន់ធ្ងរ៕

រាជធានីភ្នំពេញ៖តាមព័ត៌មានទទួលបានក្រសួងមហាផ្ទៃរក្សាគោលជំហរដដែលគឺស្នើឲ្យគណបក្សសង្គ្រោះជាតិគោរពតាមលក្ខន្តិកៈរបស់ខ្លួនត្រង់មាត្រា៤៧ និងស្នើឲ្យដកសារនយោបាយ«ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»ចេញ ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ក៏បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា គណបក្សលោកចង់ ឲ្យក្រសួង មហាផ្ទៃ ប្រាប់ត្រង់ៗចំៗ តែម្ដងថាគោលនយោបាយ អាទិភាព៥ ចំណុចរបស់ខ្លួនខុសត្រង់ណា ត្រូវកែត្រង់ ចំណុចណា ព្រោះក្រសួងមហាផ្ទៃ ជាអាណាព្យាបាលគណបក្ស នយោបាយទាំងអស់
គួរបញ្ជាក់ថា កាលពីម្សិលមិញរវាងតំណាងក្រសួងមហាផ្ទៃ និងគណបក្សសង្គ្រោះជាតិ (CNRP) បានជួបពិភាក្សាគ្នាជិត២ម៉ោង ទាក់ទងបញ្ហាសមាជរបស់គណបក្សសង្គ្រោះជាតិ ដែលក្រសួងមហាផ្ទៃថា ខុសទៅនឹងលក្ខន្តិកៈគណបក្ស៕

ខេត្តបន្ទាយមានជ័យ៖ពលករស្របច្បាប់បានសម្រុកទៅថៃ ដើម្បីរកការងារធ្វើតាមរយៈក្រុមហ៊ុនផ្សេងៗតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានច្រើនកុះករនៅព្រឹកថ្ងៃទី២៨ ខែមីនា គឺខុសពីបណ្តាឆ្នាំមុនៗដែលជិតដល់បុណ្យចូលឆ្នាំថ្មីមានតែអ្នកត្រឡប់ពីថៃមកវិញ ។
ពលករជាង៤០០នាក់ មកពីគ្រប់ខេត្តតាមរយៈក្រុមហ៊ុន២គឺ ក្រុមហ៊ុនSMS និងក្រុមហ៊ុនBSO បានមកដល់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទាំងព្រឹក ដោយធ្វើដំណើរតាមរថយន្តតូចធំដែលមើលទៅហាក់ដូចជាគគ្រឹកគគ្រេងណាស់ ។
តំណាងក្រុមហ៊ុនSMS ប្រាប់ថា ពលករតាមរយៈក្រុមហ៊ុនខ្លួនមានចំនួន១០៨នាក់ត្រូវទៅធ្វើការនៅខេត្តលពបូរីប្រទេសថៃរោងចក្រផលិតសាច់ក្រក ។ ដោយឡែកតំណាងក្រុមហ៊ុន BSO លោកសួន សាម៉េន ប្រាប់ថា ពលករក្រុមហ៊ុនគាត់មកពីគ្រប់២៥រាជធានី-ខេត្ត មានចំនួន៣៣៥នាក់ ត្រូវទៅធ្វើការផ្នែកសំណង់នៅខេត្តសាមុទ្រប្រាកាន និងខ្លងតឺយ ក្រុងបាងកក ។
លោក សួន សាម៉េន បន្តថា ពលករក្រុមហ៊ុនរបស់គាត់ ភាគច្រើនកន្លងមកធ្លាប់ទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ លុះពួកគេជួបផលលំបាកក៏នាំគ្នាត្រឡប់មស្រុកវិញហើយសុំធ្វើបែបបទស្របច្បាប់តាមរយៈក្រុមហ៊ុនរបស់គាត់ ចូលទៅធ្វើការលើទឹកដីថៃវិញ។
តំណាងក្រុមហ៊ុនSMS និយាយថា ពលករដែលត្រូវទៅធ្វើការលើទឹកដីថៃ ក្នុងថ្ងៃនេះមានយ៉ាងតិច៨០០នាក់ ព្រោះពលករមួយចំនួនទៀតអាចចេញតាមរយៈក្រុមហ៊ុនផ្សេងៗ ។ ពេលសាកសួរពីមូលហេតុនៃការធ្វើចំណាកស្រុក ក្រុមពលករនិយាយថា ដោយសារការងារក្នុងស្រុកបានប្រាក់កម្រៃទាបជាងប្រទេសជិតខាង ម្យ៉ាងការងារក៏ពិបាករកទៀត ។
ដោយឡែក គ្រួសារមួយមិនប្រាប់ពីអត្តសញ្ញាណ ដែលប្តីជាអ្នករត់ម៉ូតូឌុបនៅក្រុងប៉ោយប៉ែត ហើយទៅថៃទាំងប្តីទាំងប្រពន្ធនិយាយថា ការរកស៊ីក្នុងស្រុកបច្ចុប្បន្នពិបាកណាស់សម្រាប់អ្នកខ្វះដើមទុនដូចជាពួកគាត់ ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុនៗឲ្យតែជិតដល់ពិធីបុណ្យជាតិធំដូចជាពិធីបុណ្យចូលឆ្នាំថ្មីជាដើម ពលករប្រុសស្រីតែងតែនាំគ្នាសម្រុកចេញពីថៃមកកម្ពុជាវិញ ដើម្បីជួបជុំសាច់ញាតិ។ ផ្ទុយទៅវិញ ឆ្នាំនេះជិតដល់ពិធីបុណ្យចូលឆ្នាំថ្មីខ្មែរទៅហើយ បែរជាគេសង្កេតឃើញពលករខ្មែរនាំគ្នាធ្វើចំណាកស្រុកទៅប្រទេថៃទៅវិញ៕


រាជធានីភ្នំពេញ៖មេបញ្ជាការយោធភូមិភាគទី៧ ក្រសួងការពារប្រទេសនៃ សាធារណរដ្ឋសង្គម និយម វៀតណាម ឧត្តមសេនីយ៍ទោ វ៉ មិញលឿង បានជូនពរឲ្យប្រទេសកម្ពុជា រៀបចំដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ទទួលបានជោគជ័យ។ លោក វ៉ មិញលឿង ក៏បានថ្លែងនូវការកោតសរសើរ ចំពោះការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋសភា ដែលបាន ធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍនិងរីកចម្រើនលើគ្រប់វិស័យកាន់តែខ្លាំងជាងមុន។
នេះបើយោងតាមការឲ្យដឹងពី លោក កែវ ពិសិដ្ឋ នាយកខុទ្ធកាល័យសម្តេច ហេង សំរិន ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួប ពិភាក្សា ការងារ រវាងសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងឧត្តមសេនីយ៍ទោ វ៉ មិញលឿង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ៕

សុខភាព៖តាមការស្រាវជ្រាវបានឲ្យដឹងថា ស្លឹកគ្រៃជាឱសថអាចព្យាបាលជំងឺនោមទាស់បានពូកែសក្តិសិទ្ធដែលយើងទាំងអស់នឹកស្មានមិនដល់។
* គ្រឿងផ្សំ៖ ខ្ជាយ១ដុំតូច ខ្ទឹមក្រហម១ដុំ រំដេង១ដុំតូច ស្លឹកគ្រៃ១គល់ ស្លឹកក្រូចសើច១ចឹប ស្លឹកក្រូចឆ្មា១ចឹប ជីរអង្កាម១ចឹប
* របៀបធ្វើ៖ យកគ្រឿងផ្សំទាំងអស់លាងទឹកឱ្យស្អាត។ ដាក់វាក្នុងទឹកមួយកំសៀវ (១ លីត្រ) ដាំឱ្យពុះជាការស្រេច។
* របៀបប្រើ៖ ពិសា១កំសៀវឱ្យអស់ក្នុងរយៈពេល ១ ថ្ងៃ ប៉ុន្តែហាមដាំវាឡើងវិញ។ ដាំទឹកនេះពិសា ៧ ថ្ងៃ លោកអ្នកនឹងចាប់ផ្តើមនោមបានស្រួលឡើងវិញដូចធម្មតា៕

អ៊ីរ៉ាក់៖ក្រុមចម្រុះដឹកនាំដោយអាមេរិកប្រឆាំងនឹងពួកជីហាដបានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនប្រហែលជាមានចំណែកនៅក្នុងការស្លាប់ និងរបួសជនស៊ីវិលនៅភាគខាងលិចទីក្រុង Mosul ខណៈដែលអង្គការសហប្រជាជាតិនិងអង្គការលើកលែងទោសអន្តរជាតិបានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីការពារជនស៊ីវិល។
ជនស៊ីវិលរាប់សែននាក់នៅតែជាប់នៅខាងក្នុងភាគខាងលិចទីក្រុង Mosul ដោយសារតែការប្រយុទ្ធគ្នារវាងក្រុមរដ្ឋឥស្លាមនិងកងកម្លាំងអ៊ីរ៉ាក់ដែលគាំទ្រដោយការវាយប្រហាររបស់ក្រុមចម្រុះនៅក្នុងសមរភូមិដើម្បីដណ្តើមយកតំបន់នេះពីក្រុមជីហាដមកវិញ។
សម្រាប់ភាគខាងលិចទីក្រុង Mosul ដំណាក់កាលនៃការប្រយុទ្ធគ្នានេះបានបង្កជាគ្រោះថ្នាក់ដល់ជនស៊ីវិលខ្លាំងជាងនៅកន្លែងណាទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ាក់។
លោកឧត្តមសេនីយ៍ឯក Stephen Townsend មេបញ្ជាការនៃប្រតិបត្ដិការដឹកនាំដោយអាមេរិកប្រឆាំងក្រុម IS បានប្រាប់អ្នកកាសែតតាមទូរស័ព្ទពីទីក្រុងបាដាដថា “យើងប្រហែលជាមានចំណែកនៅក្នុងការស្លាប់និងរបួសអ្នកទាំងនោះ”។ លោកបានលើកឡើងបែបនេះដោយសំដៅទៅជនស៊ីវិលស្លាប់និងរបួសដោយការទម្លាក់គ្រាប់នៅភាគខាងលិចទីក្រុង Mosul ។
លោកបានបន្តទៀតថា “ប្រសិនបើអ្នកគ្មានទោសទាំងនោះត្រូវបានសម្លាប់មែននោះ វាគឺជាឧបទ្ទវហេតុដោយអចេតនានៃសង្គ្រាម”។
កាលពីមុន ក្រុមចម្រុះបាននិយាយថា ខ្លួនបានបើកការវាយប្រហារមួយនៅថ្ងៃទី១៧ខែមីនានៅក្នុងតំបន់មួយនៃភាគខាងលិចទីក្រុង Mosul ដែលនៅទីនោះមានសេចក្តីរាយការណ៍អំពីការស្លាប់និងរបួសជនស៊ីវិលនិងថា ខ្លួនបានបើកការស៊ើបអង្កេតមួយរួចទៅហើយ។
ស្របពេលជាមួយគ្នានោះ ប្រទេសអ៊ីរ៉ាក់ក៏កំពុងធ្វើការស៊ើបអង្កេតផងដែរលើការស្លាប់ជនស៊ីវិលនៅភាគខាងលិចទីក្រុង Mosul ប៉ុន្តែបានព្យាយាមដាក់ការស្តីបន្ទោសលើក្រុម IS ។
អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សលោកស្រី Ravina Shamdasani បានឲ្យដឹងកាលពីថ្ងៃអង្គារថា ជនស៊ីវិលជាង៣០០នាក់ត្រូវបានសម្លាប់នៅភាគខាងលិចទីក្រុង Mosul ចាប់តាំងពីថ្ងៃទី១៧ខែកុម្ភៈមក។
គួរបញ្ជាក់ថា ក្រុម IS បានកំណត់គោលដៅលើជនស៊ីវិលនិងបានប្រើប្រាស់ពួកគេធ្វើជាខែលមនុស្សខណៈដែលការវាយប្រហារដោយកងកម្លាំងប្រឆាំង IS ក៏បានបណ្តាលឲ្យជនស៊ីវិលស្លាប់ផងដែរ៕

រាជធានីភ្នំពេញ៖ឃាតករបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមគឺ អឿត អាង ហៅ «ជួប សម្លាប់» បានអះអាងនៅថ្ងៃនេះថា គាត់នៅមិនទាន់សម្រេចចិត្តប្តឹងទៅឧទ្ធរណ៍នៅឡើយទេ ។ នេះបើយោងតាមការឲ្យដឹងពីមេធាវីការពារជនជាប់ចោទ។ ការផ្តល់ព័ត៌មានខាងលើនេះ បន្ទាប់ពីលោក យុង ផានិត មេធាវីជនជាប់ចោទចូលសួរសុខទុក្ខ និងពិភាក្សាជាមួយ ជួប សម្លាប់ នៅពន្ធនាគារកាលពីព្រឹកមិញ។
ឃាតករ ជួប សម្លាប់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធឃាតកម្មលើ លោកបណ្ឌិត កែម ឡី នៅក្នុងស្តាម៉ាតបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ លោក ជួប សម្លាប់ ត្រូវបានតុលាការក្រុងភ្នំពេញ ចោទប្រកាន់ចំនួន២បទល្លើសរួមមាន៖ បទឃាតកម្មគិតទុកជាមុន និងបទរក្សាទុកអាវុធខុសច្បាប់៕

រាជធានីភ្នំពេញ៖នារសៀលនេះមន្ត្រី CNRP យ៉ាងតិច៥រូប នឹងជួបពិភាក្សាជាមួយតំណាងក្រសួងហាផ្ទៃ ទាក់ទងការធ្វើសមាជវិសាមញ្ញ បោះឆ្នោតជ្រើសរើស ប្រធាន និងអនុប្រធាន ចំនួន៣រូប ដែលក្រសួងមហាផ្ទៃអះអាងថា ផ្ទុយទៅនឹងលក្ខន្តិកៈ របស់គណបក្ស ដែលបានតម្កល់ទុក នៅក្រសួងមហាផ្ទៃ ។
តំណាងក្រសួងមហាផ្ទៃ មានលោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ លោកឈឹម កាន ប្រធាននាយកដ្ឋានកិច្ចការ សមាគម និងគណបក្សនយោបាយ និងមន្ត្រីមួយចំនួនទៀត។ ចំណែកសមាសភាព ខាងគណបក្សសង្គ្រោះជាតិ មានដូចជាៈ លោកយ៉ែម បុញ្ញឫទ្ធិ លោកអេង ឆៃអ៊ាង លោកថាច់ សេដ្ឋា លោកផែង ហេង និងលោកស្រី ម៉េង សុធារី ៕

រាជធានីភ្នំពេញ៖ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរក្នុងប្រទេសស្វីស។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យគន្ធបុប្ផា នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។
គេហទំព័រហ្វេសប៊ុកមន្ទីរពេទ្យគន្ធរបុប្ជាបានបញ្ជាក់ថា បច្ចុប្បន្នស្ថាបនិក មន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner មិនអាចបន្តសកម្មភាពដឹកនាំ មន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជា បានទៀតនោះទេ ខណៈលោកបានបម្រើការងារ ក្នុងមន្ទីរពេទ្យសង្គ្រោះកុមារកម្ពុជា មួយនេះ អស់រយៈពេល២៥ឆ្នាំហើយ។ ឥឡូវនេះលោកមានអាយុ ៧០ឆ្នាំ និងកំពុងមានជំងឺជាទម្ងន់ មិនអាចដឹកនាំមន្ទីរពេទ្យគន្ធបុប្ផា បានទៀតទេ៕

ភ្នំពេញ៖បុរសម្នាក់បានអះអាងថា ខ្លួនជាមន្ត្រីនគរបាលហើយត្រូវប្អូនថ្លៃរបស់ខ្លួនមិនខ្លាចថែមទាំងបានកាប់និងខាំរូបគាត់បណ្តាលឱ្យរងរបួសកដៃទាំសងខាងនិងមានស្នាមខាំក្រោមដោះខាងស្តាំរួចរត់មកប្តឹងនគរបានប៉ុស្តិ៍ចោមចៅឱ្យជួយអន្តរាគមន៍។ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២៨ខែមីនាឆ្នាំ២០១៧ស្ថិនៅក្នុងភូមិព្រៃល្វាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
បុរសដែលអះអាងថាខ្លួនជាមន្ត្រីនគរបាលហើយត្រូវប្អូនថ្លៃកាប់និងខាំនោះមានឈ្មោះវ៉ាន់ ចាន់រ៉ាវុធ អាយុ៣៤ឆ្នាំមុខរបរជាមន្ត្រីនគរបាលស្នាក់នៅភូមិព្រៃល្វាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ចំណែកបុរសជាប្អូនថ្លៃមានឈ្មោះឈុន លាងហេងហៅផែនអាយុ៣៣ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិកើតហេតុខាងលើ។
បុរសរងគ្រោះបានឱ្យដឹងថានៅមុនពេលកើតហេតុគាត់បានចូលបន្ទប់ទឹកងូតទឹកលុះមួយសន្ទុះក្រោយមកក៏ស្រាប់តែប្អូនថ្លៃរូបនោះកាន់កាំបិតតាំងតោចូលទៅកាប់និងខាំរូបគាត់តែដោយសាគាត់មានកំលាំងមាំមួនគេចនិងបានរើបម្រាស់ទាន់ពេលវេលាទើបមិនបណ្តាលឱ្យស្លាប់ដោយគ្រាន់តែរងរបួសកដៃទាំងពីរនិងគល់ដោះខាងស្ដាំដោយមុខកាំបិតនិងធ្មេញដែលប្អូនថ្លៃកាប់និងខាំប៉ុណ្ណោះ។
ជនរងគ្រោះបន្តថា ជនបង្កមិនសូវត្រូវជាមួយបងប្អូននោះទេជាក់ស្តែងរូបគាត់និងជនសង្ស័យជាប្អូនថ្លៃធ្លាប់បានប្តឹងផ្តល់គ្នាម្តងដែរកាលពីមុនតែរឿងនេះកន្លងទៅយូហើយ។ប៉ុន្តែក្រោយមកបានត្រូវគ្នាវិញនិងមិនដែលមានទំនាស់និងគំនុំជាមួយគាត់ទៀតឡើយ តែមិនដឹងជាយ៉ាងម៉េចទេបែរជា យកកាំបិតកាប់គាត់ ពេលកំពុងនៅក្នុងបន្ទប់ទឹកហើយពេលគាត់ប្រវាយប្រតប់វិញក៏ត្រូវជននោះខាំជាប់គល់ដោះទៀតរហូតគាត់ច្របាច់កទើបជននោះលែងខាំហើយរត់គេចខ្លួនបាត់តែម្ដង។
ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាបណ្តឹងនៅប៉ុស្តិ៍ចោមចៅដើម្បីឱ្យសមត្ថកិចជួយអន្តរាគមន៍ចាត់ការតាមផ្លូវច្បាប់៕



រាជធានីភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីម្សិលមិញបានសេចក្តីប្រកាសព័ត៌មានជុំវិញការឃាត់ខ្លួនក្រឡាបញ្ជីមួយរូប នៅតុលាការខេត្តបន្ទាយមានជ័យ ឈ្មោះ ហង្ស សាមឿន (អតីតក្រឡាបញ្ជីនៅតុលាការខេត្តកោះកុង-រាជធានីភ្នំពេញ)។
គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះ ហង្ស សាមឿន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ACU ឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ នៅខេត្តបន្ទាយមានជ័យ សង្ស័យជាប់ពាក់ព័ន្ធពុករលួយ៕


ដោយ៖វិធិន
ក្រចេះ៖ជនរងគ្រោះម្នាក់បានស្លាប់ក្នុងចំណោមពីរនាក់ បន្ទាប់ពីពួកអ្នកទាំងពីរនោះបាននាំគ្នាទៅអាឈើនៅក្នងតំបន់ព្រៃឡង់ ដោយសារតែដើមឈើបាក់រលំសង្កត់ចំ រត់គេចពុំទាន់ ក្នុងនោះបុរសម្នាក់អាយុថ្លៃបានរួចផុតជីវិត ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះដែលស្លាប់ដោយសារការកាប់ឈើសុក្រមឃ្លុំខាងលើឈ្មោះ ម៉េង ឈុនលេង ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិស្ពានក្តា ឧបសម្ព័ន្ធភូមទន្សោងធ្លាក់ ឃុំ កំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កាលពីវេលាម៉ោង ៣:៤០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ។ បន្ទាប់ពីត្រូវបានឈើបាក់សង្កត់ ជនរងគ្រោះត្រូវបានយកមកដល់ផ្ទះ ទើបស្លាប់ ព្រោះតែអាការៈត្រូវរបួសធ្ងន់ធ្ងរនិងមិនបានយកមកព្យាបាលជួយសង្គ្រោះនៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា។
ប្រភពព៌ត័មាន បានអះអាងថា ជនរងគ្រោះដែលស្លាប់បាត់បងជីវិតទៅកាប់ឈើគ្នាពីរនាក់ នៅតាមតំបន់ភូមិសាស្ត្រខាងលើ ដើម្បីរកប្រាក់បន្តិចបន្តួចមកផ្គត់ផ្គងគ្រួសារ ខណៈដែលគ្រួសាររបស់គាត់មានបញ្ហាជីវភាពក្រីក្រលំបាក ត្រូវទទួលបន្ទុកចិញ្ចឹមកូនតូច២នាក់ មានអាយុ៧ឆ្នាំនិង១០ឆ្នាំ ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅភូមិសាស្ត្រខាងលើមួយភាគធំរស់ពឹងការស្រែធ្វើប្រវាស់មេឃ និងមួយចំនួនទៀតមិនដឹងរកមុខរបរអ្វីចញ្ចឹមគ្រួសារ មានតែចូលព្រៃកាប់ឈើស៊ីឈ្នួល ដើម្បីបានប្រាក់ចិញ្ចឹមជីវិតនិងផ្គត់ផ្គង់ក្នុជីវភាពគ្រួសារ តែប៉ុណ្ណោះ ព្រោះកសិផលដែលធ្វើបានគ្មានទីផ្សារលក់ ដោយពឹងតែទូកប្រហុកខ្មែរឥស្លាមប៉ុណ្ណោះ៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍